ថ្វាយបង្គំព្រះអង្គ_/\_
ខ្ញុំកូណាសូមប្រគេន អត្ថបទធម៌ Acariya Than-30-59
ដូចខាងក្រោម:
ដល់នូវសភាពទ្រុឌទ្រោមជាបណ្តើរៗ ១ និងលុះទៅក្នុងអំណាចនៃសេចក្តី
ស្លាប់អសារឥតការ ១ ។ រូប ១ ដុំនោះ ជាសំបុកនៃរោគគ្រប់ជំពូក ។
ជម្ងឺផ្សេងៗរមែងបៀតបៀនរូបនោះ ញុំាងសត្វឲ្យកើតទុក្ខវេទនាជៀស
មិនផុត ។ សេចក្តីនឿយណាយក្នុងរូប សេចក្តីប្រាថ្នាដោះដៃចេញអំពីរូប
ក៏កើតមានឡើងក្នុងសន្តាន ។
បញ្ញាឃើញទុក្ខទោសនៃរូប ជា អាទីនវញាណ ។ សេចក្តីនឿយណាយ
ក្នុងរូប ជា និព្វិទាញាណ ។ ប្រាថ្នាដោះដៃចេញអំពីរួប ជាមុញ្ចិតុកម្យតា
ញាណ ។ ញាណទាំងអម្បាលនេះចាត់ជា កង្ខាវិតរណវិសុទ្ធិ ដដែល
ពីព្រោះអស់សេចក្តីសង្ស័យ អំពីថាតើសារសំខាន់របស់រូបកាយជាយ៉ាងណា ។
បុ. ខ្ញុំស្តាប់បានហើយ ។ បានសេចក្តីថានេះជាលើកទី ៣ ដែលបុគ្គល
ប្រតិបត្តិវិបស្សនាកម្មដ្ឋាន បានមួយចំណែកទៀត រីឯលទ្ធផល គឺកើតបាន
នូវ អាទិនវញាណ និពិ្វទាញាណ និងមុញ្ចិតុកម្យតាញាណ ។ តើបន្ទាប់ពី
នេះ គប្បីប្រតិបត្តិអ្វីទៀត ?
វិ. បន្ទាប់ពីនេះ គប្បីចំរើន អនិច្ចានុបស្សនា ឲ្យទូលាយជាងមុន ដរាប
ដល់បញ្ញាកើតឡើងឃើញថាគ្មានផ្លូវជ្រើសរើសដទៃ ក្រៅអំពីព្យាយាម
----23----
ចំរើនអនិច្ចានុបស្សនា តទៅទៀតទេ ។
បុ. សូមមេត្តា អធិប្បាយបន្តិចទៀតមើល៍ ។
វិ. ដែលថា ចំរើនអនិច្ចានុបស្សនាឲ្យទូលាយជាងមុននោះ គឺព្យាយាម
សង្កេតឃើញអនិច្ចលក្ខណនៃជីវិតរស់នៅរាល់ៗថ្ងៃ ។ យើងមិនអាចរស់
នៅដោយផ្តាច់ទំនាក់ទំនងពីធម្មជាតិមានជីវិត និង ឥតជីវិត យ៉ាងដាច់
ស្រឡះតែឯងបានទេ ។ បលិពោធគ្រប់បែបយ៉ាង រមែងកើតមានព្រោះ
ហេតុនៃទំនាក់ទំនងនោះ ទោះបីត្រាច់ទៅកាន់ប្រទេសផ្សេង ឬ ទៅនៅ
ក្នុងព្រៃក្តី ក៏ត្រូវនាំយករូបកាយនេះជាប់ទៅជាមួយផងដែរ ។ អាស្រ័យ
ឃើញទំនងនេះ បញ្ញាក៏កើតឡើង ដឹងច្បាស់ថាមិនមានផ្លូវណាគួរជ្រើស
រើសក្រៅពីបន្តកិច្ចចំរើនអនិច្ចានុបស្សនា តទៅទៀតទេ ។ បញ្ញាឃើញ
ដូច្នេះចាត់ជា មគ្គាមគ្គញាណទស្សនវិសុទ្ធ ។
វិ. លុះក្នុងកាលបន្ទាប់មកទៀត តើលោកប្រតិបត្តិអ្វីខ្លះ ?
បុ. បន្ទាប់មក លោកព្យាយាមអប់រំចិត្តឲ្យថ្នឹកក្នុងការពិចារណាអនិច្ចលក្ខណៈ
នៃរូប ហើយស្វះស្វែងចំរើនសមាធិចិត្ត ដោយមានប្រាថ្នាអោយអស់
លោភៈ ទោសៈ មោហៈ ពីក្នុងវិសន្តាន ។
----24----
លុះចំណេរឯខាងក្រោយ សេចក្តីថ្នឹកចិត្តពិចារណាអនិច្ចលក្ខណនៃរូប
ក៏កើតឡើង សេចក្តីធុញទ្រាន់ និង សេចក្តីអបអរក្នុងរូបទាំងឡាយក៏
វិនាសទៅព្រោះ ឧបេក្ខាសមាធិចិត្ត ។ សេចក្តីចាក់បណ្តោយតាមកម្លាំង
ឧបេក្ខាសមាធិចិត្តដែលប្រព្រឹត្តទៅក៏កើតឡើងដែរ ។
សេចក្តីថ្នឹកចិត្តពិចារណាអនិច្ចលក្ខណៈនៃរូប ជាបដិសង្ខារញាណ ។ លែង
ធុញទ្រាន់ និងលែងអបអរក្នុងរូបទាំងឡាយ ជា សង្ខារូបេក្ខាញាណ ។
ចាក់បណ្តោយតាមឧបេក្ខាសមាធិចិត្ត ជា អនុលោមញាណ ។ ញាណទាំង
អម្បាលនេះ ចាត់ជាបដិបទាញាណទស្សនវិសុទ្ធ ដោយចំពោះ ។
បុ. ខ្ញុំស្តាប់បានហើយ ។ បានសេចក្តីថានេះជាលើកទី ៤ ដែលបុគ្គល
ប្រតិបត្តិវិបស្សនាកម្មដ្ឋានបានសំរេច រីឯលទ្ធផល គឺកើតបាននូវ បដិសង្ខារ
ញាណ សង្ខារូបេក្ខាញាណ និងអនុលោមញាណ ។
វិ. បន្ទាប់ពីនេះ មិនមានកិច្ចថ្មីគួរប្រតិបត្តិ ក្រៅអំពីរក្សាសន្សំសង្ខារូបេក្ខា
ញាណ និងអនុលោមញាណ តែប៉ុណ្ណោះ ល្គឹកណាដែល សោតាបត្តិមគ្គ
មិនទាន់កើតឡើង ។
----25----
បើបុគ្គលមានសជាតិបញ្ញាខ្លាំងក្លា សង្ខារូបេក្ខាញាណ ក៏មានកម្លាំង
ខ្លាំងក្លា ឯអនុលោមញាណក៏កើតឡើងរហ័សត្រឹមតែ ២ ខណៈ ក៏ល្មម
គ្រប់គ្រាន់ឲ្យសោតាបត្តិមគ្គ កើតឡើងបានក្នុងកាលសម័យដែលបុគ្គល
កំពុងពិចារណាអនិច្ចលក្ខណនៃរូប ។
បើបុគ្គលមានសជាតិបញ្ញាមិនខ្លាំងក្លាទេ សង្ខារូបេក្ខាញាណក៏មិនមាន
កម្លាំងខ្លាំងក្លា ឯអនុលោមញាណក៏កើតឡើងត្រឹម បរិកម្ម ១ ខណៈ
ក៏រលត់ទៅវិញ ក្នុងកាលសម័យដែលបុគ្គលកំពុងពិចារណាអនិច្ចលក្ខណ
នៃរូប ។ បុគ្គលនោះគប្បីរក្សាសន្សំសង្ខារូបេក្ខាញាណ និង អនុលោម
ញាណ ដែលមានកម្លាំងខ្សោយនោះ ដរាបដល់អស់ថេរវេលា ជាថ្ងៃ
ខែ ឆ្នាំ ទំរាំដល់អនុលោមញាណកើតគ្រប់គ្រាន់បាន ៣ ខណៈ គឺ បរិកម្ម
ឧបចារ និងអនុលោម ទើបសោតាមគ្គកើតឡើង ។ ហើយសោតា
បត្តិផលក៏កើតក្នងខណៈបន្ទាប់ ។
បុគ្គលអ្នកឃើញ សោតាបត្តិមគ្គ បានឈ្មោះថា សោតាបត្តិផលបុគ្គល
ឬ ហៅថា សោតាបន្ន ។ សេចក្តីឃើញមគ្គផលបែបអរិយដូច្នេះ ចាត់ជា
ញាណទស្សនវិសុទ្ធិ ។
បុ. តើចិត្តដែលឃើញសោតាបត្តិមគ្គនោះ ប្រព្រឹត្តទៅយ៉ាងដូម្តេច ?
----26----
វិ. ចិត្ត ដែលឃើញសោតាបត្តិមគ្គនោះ ប្រព្រឹត្តទៅក្នុងមនោទ្វារ អស់ ៥
ខណៈ ។ ខណៈចិត្តនីមួយៗហៅថា ជវនចិត្ត ។ ជវនចិត្ត បានសេចក្តីថា
ចិត្តស្ទុះទៅកាន់អារម្មណ៍ ។ ជវនចិត្ត ទាំង ៥ ខណៈនោះបានឈ្មោះយ៉ាង
ដូច្នេះ :
ជវនចិត្ត ទី ១ ឈ្មោះ បរិកម្មជវន
ជវនចិត្ត ទី ២ ឈ្មោះ ឧបចារជវន
ជវនចិត្ត ទី ៣ ឈ្មោះ អនុលោមជវន
ជវនចិត្ត ទី ៤ ឈ្មោះ គោត្រភូជវន
ជវនចិត្ត ទី ៥ ឈ្មោះ មគ្គជវន
តអំពីមគ្គជវនទៅ ផលជវនក៏កើតឡើង ២ ខណៈទៀត ។ ចំពោះបុគ្គល
ដែលមានសជាតិបញ្ញាខ្លាំងក្លា បរិកម្មជវនមិនកើតឡើងទេ បានសេចក្តី
ថា អនុលោមញាណរបស់លោកកើតតែ ២ ខណៈ គឺឧបចារជវន ១ និង
អនុលោមជវន ១ ឯផលជវនកើតកើនឡើងរហូតដល់ ៣ ខណៈ ។
បុ. សូមមេត្តា អធិប្បាយបន្តិចទៀតមើល៍ ។
វិ. បរិកម្មជវន គឺខណៈចិត្តដែលស្ទុះដោយឯកឯងទៅកាន់អនិច្ចលក្ខណ
នៃរូប ព្រោះហេតុនៃសេចក្តីថ្នឹករបស់ចិត្ត ។ ឧបចារជវន គឺខណៈចិត្តដែល
----27----
អែបជាប់ក្នុងអនិច្ចលក្ខណនោះ ព្រោះហេតុនៃឧបចារសមាធិចិត្ត ។
អនុលោមជវន គឺ ខណៈចិត្តដែលហូរទៅតាមឧបចារជវន ដោយមិនភ្ញាក់
ផ្អើល ទោះបីអារម្មណ៍អនិច្ចលក្ខណនោះហៀបតែនឹងរលត់ទៅក៏ដោយ
ព្រោះហេតុប្រាថ្នាមុតដើម្បីលះកិលេស ។ ( សូមបញ្ជាក់ថា កាលណា
អារម្មណ៍ជិតនឹងរលត់ ចិត្តមែងភ្ញាក់ផ្អើលស្ទុះទៅរកអារម្មណ៍សារជាថ្មី
ទៀត ) ។ គោត្រភូជវន គឺខណៈចិត្តដែលស្ទុះទៅរកអារម្មណ៍ព្រះនិព្វាន
ក្នុងអរិយគោត្រ ជំនួសអារម្មណ៍អនិច្ចលក្ខណក្នុងបុថុជ្ជនគោត្រ ។
មគ្គជវន គឺខណៈចិត្តដែលយកបានព្រះនិព្វានជាអារម្មណ៍ ។ អារម្មណ៍
ព្រះនិព្វាននេះឈ្មោះថា អនិមិត្តវិមោក្ខ ។
បុ. សូមមេត្តាបំភ្លឺសេចក្តី អំពីអនិមិត្តវិមោក្ខ ផងមើល៍ ។
វិ. អនិមិត្តវិមោក្ខ បានសេចក្តីថារួចផុតស្រឡះដោយមិនមាននិមិត្តអំពី
សំយោជន៣ ប្រការ គឺ សក្កាយទិដ្ឋិ ១ វិច្ចិកិច្ឆា ១ និង សីលព្វត្ត
បរាមាស ១ ។ លោកធម៌ឯណា ដែលមានមូលដ្ឋានចេញពី សក្កាយទិដ្ឋិ
វិចិកិច្ឆា និងសីលពត្វបរាមាស លោកធម៌នោះមិនអាចញុំាងសោតាបន្ន
ឲ្យមានកង្វល់ដោយសារបានឡើយ ពីព្រោះលោកមានអនិមិត្ត ជាអារម្មណ៍
ក្នុងសំយោជននោះ ។
----28----
បុ. សូមមេត្តា លើកឧទាហរណ៍មើលមើល៍ ។
វិ. ឧទាហរណ៍ទី ១ : បុថុជ្ជនទាំងឡាយ តែងសំគាល់យកបច្ច័យ ៤
មកតាក់តែងឲ្យកើតសេចក្តីថ្កុំថ្កើងដល់ខ្លួន ព្រោះហេតុជាប់ស្អិតដោយ
សក្កាយទិដ្ឋិ ចំណែកឯសោតាបន្នវិញ លោកមិនមាននិមិត្តដូច្នោះឡើយ
ព្រមទាំងមិនបានបូលរកកំហុសទៀតផង ។
ឧទាហរណ៍ទី ២ : បុថុជ្ជនទាំងឡាយ តែងមានចិត្តរេចុះរេឡើង
តាមគំនិតរបស់ខ្លួន និងទ្រឹស្តីផ្សេងៗក្នុងជីវិត ព្រោះហេតុជាប់ស្អិតដោយ
វិចិកិច្ឆា ចំណែកឯសោតាបន្នវិញ លោកមិនមាននិមិត្តដូច្នោះឡើយ ប៉ុន្តែ
លោកមាន កម្មស្សគតាញាណ និងព្រះរតនត្រ័យជាទីពឹងក្នុងជីវិត ។
ឧទាហរណ៍ទី ៣ : បុថុជ្ជនទាំងឡាំយតែងប្រកាន់ខ្ជាប់នូវរបៀបរបប
និងទំលាប់របស់ខ្លួនជាត្រីមុខ ព្រោះហេតុជាប់ស្អិតដោយ សីលព្វត្ត
បរាមាស ចំណែកសោតាបន្នវិញ លោកមិនមាននិមិត្តដូច្នោះឡើយ
ប៉ុន្តែលោកអនុវត្តកិច្ចទៅតាមដំណើររបស់កិច្ចនោះៗ ។
បុ. ខ្ញុំស្តាប់បានហើយ ។ ខ្ញុំនៅមានសេចក្តីសង្ស័យបន្តិចត្រង់វិបស្សនាញាណ
----29----
ទាំង ១០ ដែលបានកើតឡើងដល់សោតាបត្តិមគ្គបុគ្គល ។ តើសោតា
បត្តិមគ្គបុគ្គលគ្រប់រូប សុទ្ធតែមានវិបស្សនាញាណទាំង ១០ ដូចអធិ
ប្បាយរួចហើយនោះ ឬ ?
វិ. សោតាបត្តិមគ្គបុគ្គលរូបខ្លះ មានវិបស្សនាញាណត្រឹមតែ ៦ ប៉ុណ្ណោះគឺ
ឧទយព្វញាណ ១ ភង្គញាណ ១ អាទីនវញាណ ១ និព្វិទាញាណ ១
បដិសង្ខារញាណ ១ និងសង្ខារូបេក្ខាញាណ ១ ពីព្រោះកម្លាំងសជាតិ
បញ្ញារបស់លោកអាចចាត់ទុកជាថ្នាក់កណ្តាល ។
ចំណែករូបខ្លះវិញទៀត មានត្រឹមតែសង្ខារូបេក្ខាញាណមួយមុខប៉ុណ្ណោះ
ពីព្រោះកំលាំងសជាតិបញ្ញារបស់លោក អាចទុកជាថ្នាក់ខ្ពស់បំផុត ។
បុ. ខ្ញុំអស់សង្ស័យហើយ ។ សោតាបន្នជាអរិយបុគ្គលទី ១ ក្នុងព្រះពុទ្ធសាសនា ។
តើអរិយបុគ្គលទី ២ មានឈ្មោះថាម៉េច ?
វិ. អរិយបុគ្គលទី ២ មានឈ្មោះថា សកទាគាមិបុគ្គល ។
បុ. តើសកទាគាមិបុគ្គល មានអារម្មណ៍ព្រះនិព្វានដូម្តេចដែរ ?
វិ. សកទាគាមិបុគ្គល មានអនិមិត្តជាអារម្មណ៍ដូចសោតាបន្នដែរ ប៉ុន្តែចិត្ត
----30----
របស់លោកមានកង្វល់តិចជាង ពីព្រោះកាលលោកនៅកំពុងចំរើនវិបស្ស
នា លោកកាន់យកអនិច្ចលក្ខណនៃវេទនាជាអារម្មណ៍ ។
បុ. បានសេចក្តីថា វេទនាក៏មិនទៀងទាត់ដែរ... ។
វិ. មែនហើយ ។ លោកពិចារណាឃើញកិរិយាមិនទៀងទាត់របស់ ទោ
មនស្សវេទនា និងសោមនស្សវេទនា ក្នុងការដែលវេទនានោះៗកើត
ឡើង ។ ទោមនស្សវេទនា គឺសេចក្តីដឹងខ្លួនថា លំបាកចិត្ត រីឯសោមនស្ស
វេទនា គឺសេចក្តីដឹងខ្លួនថា សប្បាយចិត្ត ។
បុ. តើវិធីចំរើនអនិច្ចានុបស្សនានោះ ជាយ៉ាងដូម្តេច ?
វិ. វិធីចំរើនមានរបៀបប្រហាក់ប្រហែលគ្នា នឹងសោតាបត្តិមគ្គបុគ្គលលោក
ចំរើន ។ ខុសគ្នាត្រង់ថា កាលសកទាគាមិបុគ្គលពិចារណារកបច្ច័យ
ដែលឲ្យកើតវេទនានោះ លោកពិចារណារកបដិច្ចសមុប្បាទធម៌ទាំងមូល
តែម្តង ។
បុ. សូមមេត្តា អធិប្បាយអំពីបដិច្ចសមុប្បាទធម៌ បន្តិចមើល៍ ។
វិ. បដិច្ចសមុប្បាទធម៌ ជាធម៌ផ្តល់កំណើតដល់ជាតិ ។ ជាតិ គឺសេចក្តី
កើតឡើងនៃ ខន្ធ៥ អាយតន ៦ ធាតុ ៦ នាមរូប និងកាយចិត្ត ។
----31----
ជាតិ ជាបច្ច័យឲ្យកើតទុក្ខមាន ជរា មរណៈ សោក បរិទេវទុក្ខ ទោមនស្ស
និងឧបាយាស ។ រីឯបច្ច័យឲ្យកើតជាតិនោះមាន ១០ គឺ អវិជ្ជា សង្ខារ
វិញ្ញាណ នាមរូប សឡាយតន ផស្ស វេទនា តណ្ហា ឧបាទាន និងភព ។
បុ. តើលោកពិចារណា បដិច្ចសមុប្បាទធម៌ ទាំងមូលតាមបែបណា ?
វិ. លោកពិចារណាតាមបែបជាខណៈចិត្ត ។ លោកបែងចែកអង្គទាំង ១២
នៃបដិច្ចសមុប្បាទធម៌ ជា ៣ ក្រុមយ៉ាងដូច្នេះ :
ក្រុមទី ១ មានអង្គ ៣ គឺ អវិជ្ជា សង្ខារ និងវិញ្ញាណ។
ក្រុមទី ២ មានអង្គ ៧ គឺ នាមរូប សឡាយតន ផស្ស វេទនា តណ្ហា
ឧបាទាន និងភព ។
ក្រុមទី ៣ មានអង្គ ២ គឺ ជាតិ និងទុក្ខ ។
ក្រុមនីមួយៗ ប្រព្រឹត្តទៅអស់ ១៧ ខណៈចិត្តក្នុងចន្លោះពេលបេះដូង
កំរើក២ដង ។ សូមបញ្ជាក់ថា ខណៈចិត្តនោះ គឺដឹងតាមព្រះពុទ្ធអង្គ
សាវកកំណត់ដឹងមិនទាន់ទេ ។
ដូច្នេះ បដិច្ចសមុប្បាទប្រព្រឹត្តទៅ ១ ជុំត្រូវស៊ីពេលអស់ ១៧
ខណៈចិត្ត ៣ ដងត្រូវជា ៥១ ខណៈចិត្ត ។ ក្រុមទី១ ចាត់ជា អតីត ១៧
----32----
ខណៈចិត្តនៃកាយចិត្តអតីត ។ ក្រុមទី២ ចាត់ជាបច្ចុប្បន្នខណៈចិត្ត នៃ
កាយចិត្តបច្ចុប្បន្ន ។ ក្រុមទី៣ ចាត់ជាអនាគត ១៧ ខណៈចិត្តនៃកាយ
ចិត្ត អនាគត ។
បុ. សេចក្តីនេះល្អិតពេកណាស់ ។ ខ្ញុំមិនទាន់ឃើញបច្ច័យ ដែលឲ្យកើត
វេទនា ។ សូមមេត្តាអធិប្បាយបន្តិចមើល៍ ។
វិ. វេទនា ជានាមធម៌ ។ វេទនាកើតក្នុងកាយចិត្ត ។ វេទនាមិនទៀង
វេទនាឯណាកើតក្នុងអតីត វេទនានោះរលត់ហើយក្នុងអតីត ។ វេទនាឯ
ណាកើតក្នុងបច្ចុប្បន្ន វេទនានោះកំពុងរលត់ក្នុងបច្ចុប្បន្ន ។ វេទនាឯណា
កើតក្នុងអនាគត វេទនានោះនឹងរលត់ក្នុងអនាគត ។ ឆ្លងតាមសេចក្តី
ឃើញដូច្នេះ លោកស្រង់យកបច្ច័យនៃវេទនាពីក្នុងក្រុមទាំង ៣ នៃបដិច្ច
សមុប្បាទធម៌បាន ៥ បច្ច័យគឺ : អវិជ្ជា ១ តណ្ហា ១ ឧបាទាន ១ ភព ១
និងវិញ្ញាណ ១ ។
បុ. ហេតុអ្វីក៏លោកស្រង់យកតែបច្ច័យធម៌ ៥ មកពិចារណា ?
វិ. ពីព្រោះក្នុងបច្ច័យធម៌ ៥ នោះមានបច្ច័យ ៣ ដែលគប្បីលះបង់បាន
គឺ អវិជ្ជា តណ្ហា និងឧបាទាន ។ ចំណែកបច្ច័យធម៌ ២ ទៀតគឺ ភព និង
វិញ្ញាណ មិនគប្បីលះបង់បានទាំងស្រុងឡើយ ។
----33----
ភព គឺ កម្មភព និងឧបបត្តិភព ។ ក្នុងកម្មភព គប្បីលះបង់នូអកុសល
កម្ម រីឯក្នុង ឧបបត្តិភព មិនគប្បីបណ្តោយឲ្យកើតក្នុងទីកន្លែងដែលមាន
ទុក្ខ ។
វិញ្ញាណ គឺជា អព្យាកតចិត្ត ។ វិញ្ញាណ មានតួនាទីមួយចំណែក
គឺសោយអកុសលវិបាកនៃកម្ម ដែលបុគ្គលប្រុងទុកកុំឲ្យមានអកុសល
កម្មឲ្យផលទៅក្នុងអនាគតកាល ។
បុ. ខ្ញុំស្តាប់បានហើយ ។ ឃើញថា សកទាគាមិមគ្គបុគ្គល ពិចារណារក
បច្ច័យនៃវេទនាក្នុងបដិច្ចសមុប្បាទធម៌ទាំងមូល ។ កាលណាវិសុទ្ធិទាំង ៧
កើតក្នុងសន្តានលោកហើយ កាលនោះលោកនឹងបានទៅជា សកទា
គាមិផលបុគ្គល ។
តើអរិយបុគ្គលទី ៣ មានឈ្មោះថាដូម្តេច ?
វិ. អរិយបុគ្គលទី ៣ មានឈ្មោះថា អនាគាមិបុគ្គល ។
បុ. តើអនាគាមិបុគ្គល មានអារម្មណ៍ព្រះនិព្វានដូម្តេចដែរ ?
វិ. អនាគាមិបុគ្គល មានអារម្មណ៍ព្រះនិព្វានឈ្មោះ អប្បណិហិត ។
អប្បណិហិត បានសេចក្តីថាមិនមានអ្វីជាគ្រឿងដំកល់នូវទុក្ខ ។
----34----
បុ. សូមមេត្តា អធិប្បាយបន្តិចទៀតមើល៍ ។
វិ. អធិប្បាយថា អារម្មណ៍ទាំងឡាយណាដែលបុថុជ្ជនមាន ព្រោះហេតុ
ជាប់ស្អិតក្នុងសំយោជន ៥ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វត្តបរា
មាស ១ កាមឆន្ទៈ ១ និងបដិឃ ១ អារម្មណ៍ទាំងឡាយនោះមិនអាច
ដំកល់ទុក្ខក្នុងចិត្តរបស់អនាគាមិបុគ្គលបានឡើយ ។ ឬពោលម្យ៉ាងទៀតថា
ចិត្តរបស់អនាគាមិបុគ្គល រលត់បាត់ស្រេចហើយជាមួយនឹងសំយោជន ៥ ។
បុ. តើអនាគាមិបុគ្គល បានឃើញសមញ្ញលក្ខណមួយណានៃសភាវធម៌
បានជាចិត្តរបស់លោក រលត់បាត់ជាមួយនឹងសំយោជន ៥ ?
វិ. លោកបានឃើញ ទុក្ខលក្ខណនៃចិត្ត ។ សេចក្តីឃើញនេះជា ទិដ្ឋិវិសុទ្ធិ ។
បុ. តើ ទុក្ខ បានសេចក្តីដូម្តេច ?
វិ. ទុក្ខ បានសេចក្តីថា ប្រព្រឹត្តទៅដោយលំបាកទ្រាំ ។ សភាវណាដែល
កើតមាន សភាវនោះរមែងប្រព្រឹត្តទៅដោយលំបាកទ្រាំ ពីព្រោះសភាវ
នោះត្រូវតែកើតមានឡើង ។ សភាវណា ដែលមិនកើតមាន សភាវនោះ
រមែងប្រព្រឹត្តទៅដោយលំបាកទ្រាំ ពីព្រោះសភាវនោះត្រូវតែរលត់ទៅ
វិញ ។
----35----
ដូច្នេះ ទោះបីសភាវនោះៗកើតមានក្តី រលត់ទៅវិញក្តី សភាវនោះៗ
រមែងប្រព្រឹត្តទៅដោយលំបាកទ្រាំទាំងអស់ ។ ហេតុនេះ ប្រសិនបើគិត
ខុសថា សភាវនោះៗជាតួយើង សេចក្តីនេះគឺ " យើងហ្នឹង " មុខជា
ប្រព្រឹត្តទៅដោយលំបាកទ្រាំហើយ ។
ដូច្នេះ ទុក្ខជាផលរបស់សេចក្តីមិនទៀងទាត់ ពីព្រោះមិនទៀងទាត់
មានន័យថា ជួនកាលក៏កើតមាន ជួនកាលក៏មិនកើតមាន ។ ឧទាហរណ៍:
ចិត្តមិនទៀង ចិត្តឯណាមិនទៀង ចិត្តនោះជាទុក្ខ ។
បុ. សូមមេត្តា អធិប្បាយអំពីចិត្ត បន្តិចមើល៍ ។
វិ. ចិត្តជាធម្មជាតិរួមគ្នានៃ វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ។ ចិត្តមាន
វេទនា និងសញ្ញា ជាគ្រឿងតាក់តែងឲ្យកើត និងមានអារម្មណ៍ជា
អាហារ ។ ចិត្តមានចេតសិក ( សង្ខារ ៥០ ) កើតរួមជាមួយដើម្បីជំរុញ
កម្លាំងឲ្យចិត្តខ្លាំង ។
កាលណា អកុសលចេតសិក កើតរួមជាមួយចិត្តណា ចិត្តនោះក៏ក្លាយ
ទៅជា អកុសលចិត្ត ។
កាលណា សោភណចេតសិក កើតរួមជាមួយចិត្តណា ចិត្តនោះក៏ក្លាយ
ទៅជា កុសលចិត្ត ។
កាលណា សព្វចិត្តសាធារណចេតសិក កើតរួមជាមួយចិត្តណា ចិត្តនោះ
----36----
ក៏ក្លាយទៅជា អព្យាក្រឹតចិត្ត ដែលលោកដាក់ឈ្មោះហៅថា វិញ្ញាណ ។
ដូច្នេះ សភាវរួមនៃ វេទនា សញ្ញា សង្ខារ និង វិញ្ញាណ គឺជា ចិត្ត ។
បុ. តើអនាគាមិមគ្គបុគ្គល ចំរើនទុក្ខានុបស្សនា យ៉ាងដូម្តេច ?
វិ. ចំរើនទុក្ខានុបស្សនា បានសេចក្តីថា ឃើញរឿយៗតាមកិរិយាប្រព្រឹត្ត
ទៅជាទុក្ខរបស់ចិត្ត ។ ដំបូងលោកឃើញកិរិយាមិនទៀង ២ យ៉ាងរបស់
ចិត្ត ។ មិនទៀងម្យ៉ាង គឺចិត្តកើតឡើងហើយរមែងរលត់ទៅវិញ
មិនទៀងម្យ៉ាងទៀត គឺចិត្តប្រព្រឹត្តទៅម្តងមានទុក្ខ ម្តងមានសុខ ។
បន្ទាប់មកទើបលោកឃើញថា កិរិយាមិនទៀងនោះរបស់ចិត្ត រមែងជាប់
ដោយកិរិយាជាទុក្ខរបស់ចិត្ត ។ បានសេចក្តីថា ចិត្តឯណាមិនទៀង
ចិត្តនោះជាទុក្ខ ។
បុ. អម្បាញមិញ បានវិសជ្ជនាថា ចិត្តមិនទៀងទាត់ គឺចិត្តប្រព្រឹត្តទៅ ម្តងមាន
ទុក្ខ ម្តងមានសុខ ។ ស្រាប់តែទាញយកសេចក្តីថា កិរិយាមិនទៀងរបស់
ចិត្តរមែងមានកិរិយាជាទុក្ខតែម្យ៉ាង មិនមានកិរិយាជាសុខសោះ ។
ប្រការនេះខ្ញុំស្តាប់មិនទាន់បានទេ សូមមេត្តាបំភ្លឺសេចក្តីផងមើល៍ ។
វិ. ចំងល់នេះ ពន្ធ័សេចក្តីគ្នាហើយ ។ ចិត្តជាទុក្ខនោះ សំដៅយកសេចក្តីថា
----37----
តួចិត្តនោះប្រព្រឹត្តទៅដោយលំបាកទ្រាំ ទោះបីចិត្តនោះប្រព្រឹត្តទៅព្រម
ជាមួយសេចក្តីសុខក៏ដោយ ក៏ចិត្តនោះទ្រាំតាំងនៅមិនយូរប៉ុន្មានជាមួយ
នឹងសេចក្តីសុខនោះឡើយ ហើយក៏រលត់ទៅ ។ ដូច្នេះទុក្ខជាលក្ខណ
គ្រឿងសំគាល់របស់ចិត្ត ពុំសំដៅយកកិច្ចរបស់ចិត្តដែលសោយផលបាប
ទើបមាន ទុក្ខ ឬ សោយផលបុណ្យទើបមានសុខនោះឡើយ ។
តើសេចក្តីនេះ ល្មមស្តាប់បានហើយឬនៅ ?
បុ. ខ្ញុំស្តាប់បានហើយ ។ តើអនាគាមិមគ្គបុគ្គល ប្រតិបត្តិអ្វីខ្លះ ?
វិ. លោកចំរើន ទុក្ខានុបស្សនា ដើម្បីបន្ទោរបង់នូវសុខសញ្ញា ។
បុ. សូមមេត្តាអធិប្បាយបន្តិចមើល៍ ។
វិ. អនាគាមិមគ្គបុគ្គល រមែងឃើញរឿយៗនូវទុក្ខលក្ខណរបស់ចិត្ត ។ ចិត្ត
ជាធម្មជាតិកើតពីវេទនា និងសញ្ញា ប្រកបព្រមហើយដោយសង្ខារ
( ចេតសិក ) និងវិញ្ញាណ ។ រី វេទនា សញ្ញា សង្ខារ វិញ្ញាណនោះ
កាលកើតឡើងក៏អាស្រ័យមានរូបកាយកើតព្រមគ្នាផងដែរ មិនអាចលះ
បង់គ្នីគ្នាបានឡើយ ។ ព្រោះហេតុនោះទើបលោករំលឹកដល់ រូបមិនទៀង
----38----
រូបឯណាមិនទៀង រូបនោះជាទុក្ខ ។ វេទនាមិនទៀង វេទនាឯណាមិន
ទៀង វេទនាឯណាមិនទៀង វេទនានោះជាទុក្ខ ។ សញ្ញាមិនទៀង សញ្ញាឯណាមិនទៀង
សញ្ញានោះជាទុក្ខ ។ សង្ខារមិនទៀង សង្ខារឯណាមិនទៀង សង្ខារនោះ
ជាទុក្ខ ។ វិញ្ញាណមិនទៀង វិញ្ញាណឯណាមិនទៀង វិញ្ញាណនោះ
ជាទុក្ខ ។
បុ. ព្រោះហេតុតែឃើញ ទុក្ខលក្ខណនៃចិត្តដែលអាស្រ័យជាមួយកាយ
បែបនេះ ទើបលោកបន្ទោរបង់នូវសុខសញ្ញាបាន មែនឬ ?
វិ. មែនហើយ ។ ព្រោះហេតុតែលោកពិចារណាឃើញផងដែរថា សេចក្តី
សុខដែលបុថុជ្ជនទទួលត្រេកអរនោះ គឺជាអមិសសុខ មិនមែនជាកំពូល
សេចក្តីសុខ គឺសេចក្តីស្ងប់នោះទេ ។ អាស្រ័យពិចារណាឃើញថែមទៀត
បែបនេះ សុខសញ្ញាក៏ថយចុះទៅជាលំដាប់ ។ រីឯអារម្មណ៍ក្នុងកាម
ទាំងឡាយក៏មិនសម្បូរដូចកាលពីមុន ។
បុ. បន្ទាប់ពីនេះ តើលោកពិចារណាធម៌អ្វីទៀតដែរ ?
វិ. លោកពិចារណានូវទុក្ខសច្ច ដែលតែងតែបៀតបៀន ចិត្ត និងកាយ ។
----39----
ចិត្ត និងកាយ ដែលកើតឡើងដោយបដិច្ចសមុប្បាទធម៌នោះ ជារបស់
មិនមានខ្លឹមសារ ។ ទុក្ខលំបាកចិត្តកាយដែលបុគ្គលលំបាកទ្រាំនោះ មិនគឺ
អ្វីដទៃក្រៅអំពីភាពកើតរលត់នៃសភាវធម៌ ជាអនេកខណៈក្នុងអនិដ្ឋា
រម្មណ៍ ។ រយះពេលដែលទុក្ខលំបាកប្រព្រឹត្តទៅយូរ ឬឆាប់ អាស្រ័យ
ដោយរយះពេលដែលអនិដ្ឋារម្មណ៍តាំងនៅយូរ ឬ ឆាប់ ។ អនិដ្ឋារម្មណ៍
តាំងនៅយូរ ឬ ឆាប់ អាស្រ័យដោយកិលេសមានកម្លាំងខ្លាំង ឬ ខ្សោយ
។ អនិដ្ឋារម្មណ៍អស់អំណាចមិនអាចគ្របសង្កត់ចិត្តបាន អាស្រ័យចិត្ត
មិនមានកិលេស ។ ដូច្នេះ កាលណាចិត្តលែងសៅហ្មងដោយ លោភ
ទោស មោហ កាលនោះ អនិដ្ឋារម្មណ៍ ក៏មិនមានកាលយូរ ឬឆាប់
ទៀតឡើយ ទោះបីអនិដ្ឋារម្មណ៍នោះមានច្រើនក្តី មានតិចក្តី ក៏អនិដ្ឋា
រម្មណ៍នោះៗមិនញុំាងចិត្តឲ្យកើតទុក្ខបានឡើយ ។
បុ. បន្ទាប់ពីឃើញបែបនេះ តើលោកប្រតិបត្តិធម៌អ្វីទៀត ?
វិ. បន្ទាប់ពីឃើញបែបនេះ លោកក៏ចំរើនទុក្ខានុបស្សនាបន្តទៅទៀត
ដរាបចិត្តថ្នឹករអិលទៅក្នុងទុក្ខលក្ខណ ដោយមានប្រាថ្នាឲ្យអស់ លោភ
ទោស មោហ ពីក្នុងសន្តាន ។-
----40----
បុ. ខ្ញុំយល់ទំនងដែលអនាគាមិមគ្គបុគ្គល លោកប្រតិបត្តិធម៌ហើយ ។
លុះវិសុទ្ធទាំង ៧ កើតក្នុងសន្តានលោកហើយ លោកនឹងបានទៅជា
អនាគាមិផលបុគ្គល ។
តើអារម្មណ៍ព្រះនិព្វានរបស់អនាគាមិបុគ្គល មានឈ្មោះដូម្តេច ?
វិ. អារម្មណ៍ព្រះនិព្វាននោះឈ្មោះថា អប្បណិហិតវិមោក្ខ ។ គឺជា
អារម្មណ៍រួចផុតស្រឡះ ដោយមិនមានគ្រឿងតំកល់ទុកនូវទុក្ខ ដែល
ប្រកបជាមួយសំយោជន ៥ ប្រការ ។
បុ. ខ្ញុំស្តាប់បានហើយ ។ តើអរិយបុគ្គលទី ៤ មានឈ្មោះថាដូម្តេច ?
វិ. អរិយបុគ្គលទី ៤ មានឈ្មោះថាព្រះអរហន្ត ។
បុ. តើព្រះអរហន្ត មានអារម្មណ៍ព្រះនិព្វានដូម្តេចដែរ ?
វិ. ព្រះអរហន្ត មាន " សុញ្ញត " ជាអារម្មណ៍ ។ សុញ្ញត បានសេចក្តីថា
មិនមានអ្នកខ្វល់ខ្វាយ ឬថា មិនមានអ្នកកើតទុក្ខ ។
បុ. សូមមេត្តា អធិប្បាយបន្តិចមើល៍ ។
វិ. អធិប្បាយថា អារម្មណ៍ទាំងឡាយណាដែលបុថុជ្ជនមាន ព្រោះហេតុជាប់
-----41----
ស្អិតក្នុងសំយោជន ១០ គឺ: សក្កាយទិដិ្ឋ ១ វិចិកិច្ឆា ១ សីលព្វត្តបរាមាស
១ កាមឆន្ទ ១ បដិឃ ១ រូបរាគ ១ អរូបរាគ ១ មានៈ ១ ឧទ្ធច្ច ១
និងអវិជ្ជា ១ អារម្មណ៍ទាំងឡាយនោះ មិនអាចញុំាងចិត្តរបស់ព្រះ
អរហន្តឲ្យខ្វល់ខ្វាយបានឡើយ ។ ឬ ពោលម្យ៉ាងទៀតថា ចិត្តរបស់ព្រះ
អរហន្តរលត់បាត់ស្រេចហើយជាមួយនឹងសំយោជន ១០ ។
បុ. តើព្រះអរហន្តបានឃើញសាមញ្ញលក្ខណមួយណានៃសភាវធម៌ បានជា
ចិត្តរបស់លោករលត់បានជាមួយនឹងសំយោជន ១០ ?
វិ. លោកបានឃើញអនត្តលក្ខណនៃ ធម្ម ។ សេចក្តីឃើញនេះជា ទិដ្ឋិ
វិសុទ្ធ ។
បុ. តើអនត្តលក្ខណៈ មានន័យថាម៉េច ?
វិ. អនត្តលក្ខណៈ មានន័យថា គ្រឿងសំគាល់របស់ធម្ម គឺមិនមែនជា
តួខ្លួន ។ បានសេចក្តីថា ធម្ម ជាធម្មពិតៗ ធម្មមិនមែនជាតួខ្លួនទេ ។
រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែនជា តួខ្លួន ។ តួខ្លួនមិនមាន
ក្នុង រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ទេ ។ តួខ្លួននោះមិនផ្សេងអំពី
----42----
រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឡើយ ។ រីឯធម្មទាំងឡាយ
ក៏មិនមែនជាតួខ្លួនដែរ ។ ដែលធ្លាប់ពោលថា " ខ្លួនយើងៗ " នោះគឺពោល
ភាសាសម្មតិ ដែលមានបង្កប់ទុកនូវសេចក្តីប្រកាន់មាំនូវខន្ធ ៥ ។
បុ. តើ ធម្ម គឺជាអ្វី ?
វិ. ធម្ម គឺអារម្មណ៍ទាំងឡាយដែលកើតជាមួយចិត្ត ។ ធម្មនោះមាន ៦ គឺ
បសាទរូប ១ សុខុម ១ ចិត្ត ១ ចេតសិក ១ បញ្ញាត្តិ ១ និងនិព្វាន ១ ។
បុ. តើអរហត្តមគ្គបុគ្គល ចំរើនអនត្តានុបស្សនា យ៉ាងដូម្តេច ?
វិ. ចំរើនអនត្តានុបស្សនា បានសេចក្តីថា ឃើញរឿយៗនូវអារម្មណ៍ដែល
កើតជាមួយចិត្ត ថាមិនមែនជាតួខ្លួន ។ បានសេចក្តីថា ឃើញរឿយៗ
នូវបសាទរូប សុខុមរូប ចិត្ត ចេតសិក បញ្ញត្តិ អនិមិត្តវិមោក្ខ អប្បណិ
ហិតវិមោក្ខ ថាមិនមែនជាតួខ្លួន ។
បុ. តើចិត្ត អាចយកចិត្តជាអារម្មណ៍បានដែរ ឬទេ ?
វិ. ចិត្តជាធម្ម ដូច្នេះចិត្តអាចយកចិត្តជាអារម្មណ៍បាន ។
បុ. សូមមេត្តាលើកឧទាហរណ៍មើល មើល៍ ។
----43----
វិ. ឧទាហរណ៍: ចិត្តគិតថា ចិត្តមិនទៀង ចិត្តឯណាមិនទៀង ចិត្តនោះ
ជាទុក្ខ ចិត្តឯណាជាទុក្ខចិត្តនោះមិនមែនជាតួខ្លួន ។ សូមរលឹកឃើញថា
ចិត្តជាសភាវរួមនៃ វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ។ ដូច្នេះចិត្ត
ក៏អាចគិតបានដែរថា វេទនាមិនទៀង វេទនាឯណាមិនទៀង វេទនា
នោះជាទុក្ខ វេទនាឯណាជាទុក្ខ វេទនានោះមិនមែនតួខ្លួន ។ លុះចិត្ត
គិតឃើញច្បាស់ហើយ ។ សេចក្តីឃើញច្បាស់នោះជាវិបស្សនាបញ្ញា ។
បុ. ខ្ញុំស្តាប់បានហើយ តើគប្បីឃើញរឿយៗ នូវគ្រប់ធម្មទាំង ៦ នោះឬ ?
វិ. គប្បីឃើញរឿយៗនូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាមិនមែន
ជាតួខ្លួន ។ សេចក្តីយល់ច្រលំលើ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ
ថាជា តួខ្លួននោះ គឺយល់ច្រឡំក្នុងសម័យកាលដែលរូប វេទនា សញ្ញា
សង្ខារ វិញ្ញាណ នោះបានក្លាយទៅជាអារម្មណ៍របស់ចិត្ត ។ ដូចជាយល់ថា
ខ្លួនអាត្មាអញនេះបានសុខជាដើម ក៏គឺព្រោះតែក្នុងសម័យកាលដែលចិត្ត
មានសុខវេទនាជាអារម្មណ៍ ។ មួយទៀត ដូចជាយល់ថា ខ្លួនអាត្មាអញ
នេះពូកែរើសយកបានតែវត្ថុល្អៗ ក៏គឺព្រោះតែក្នុងសម័យកាលដែល
----44----
ចិត្តមានសញ្ញាជាអារម្មណ៍ ។ មួយទៀត ដូចជាយល់ថា ខ្លួនអាត្មាអញ
នេះជាអ្នកមេគំនិតចេះគិតគូរ ក៏គឺព្រោះតែក្នុងសម័យកាលដែលចិត្តមាន
សង្ខារ ( ចេតសិក ) ជាអារម្មណ៍ ។ល។ សេចក្តីពិត គឺពុំមែនជាតួខ្លួនឡើយ
ប៉ុន្តែ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯណោះទេ ដែលជាតួអង្គពិតៗ ។
បុ. តើសេចក្តីយល់ច្រឡំថាជាតួខ្លួននោះ មានទោសកំហុសយ៉ាងដូម្តេច ?
វិ. កាលណាយល់ច្រឡំថាជាតួខ្លួន កាលនោះក៏ប្រកាន់មាំថា តួខ្លួនជា
ម្ចាស់របស់ ( កម្មសិទ្ធិ ) ជានិច្ចឥតងាករេ ។ ដូចជាប្រកាន់ចាំក្នុងលើក
ដំបូងថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាតួខ្លួន លុះដល់លើកក្រោយ
ក៏ប្រកាន់មាំថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះជារបស់ខ្លួនថែម
ទៀត ។ សេចក្តីប្រកាន់មាំបែបនេះ ជាកំហុសរបស់បុថុជ្ជនទូទៅ រីឯ
លទ្ធផលគឺបានមកវិញនូវទុក្ខលំបាកកាយចិត្តឥតស្រាកស្រាន្ត កាលណា
រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះប្រាសចាកបាត់ពីតួខ្កួនទៅព្រោះ
សាមញ្ញលក្ខណ ។
បុ. តើគប្បីធ្វើយ៉ាងណា ទើបឈប់យល់ច្រឡំថាជាតួខ្លួន ?
----45----
វិ. គប្បីចំរើន អនត្តានុបស្សនា ដើម្បីបន្ទោរបង់នូវ អត្តសញ្ញា ។
បុ. សូមមេត្តា អធិប្បាយបន្តទៀតមើល៍ ។
វិ. ចំរើន អនត្តានុបស្សនា លើកនេះ គឺស្រាវយកអនិច្ចលក្ខណ និង
ទុក្ខលក្ខណ ជាសេចក្តីផ្តើម ។
រូបមិនទៀង រូបឯណាមិនទៀងរូបនោះជាទុក្ខ រូបឯណាជាទុក្ខ
រូបនោះមិនមែនតួខ្លួន រូបឯណាមិនមែនតួខ្លួនរូបនោះមិនមែនជារបស់
យើង រូបឯណាមិនមែនជារបសយើង រូបនោះមិនមែនយើង ។
វេទនាមិនទៀង វេទនាឯណាមិនទៀងវេទនានោះជាទុក្ខ វេទនា
ឯណាជាទុក្ខវេទនានោះមិនមែនតួខ្លួន វេទនាឯណាមិនមែនតួខ្លួន
វេទនានោះមិនមែនរបស់យើង វេទនាឯណាមិនមែនរបស់យើងវេទនា
នោះមិនមែនយើង ។
សញ្ញាមិនទៀង សញ្ញាឯណាមិនទៀងសញ្ញានោះជាទុក្ខ សញ្ញា
ឯណាជាទុក្ខសញ្ញានោះមិនមែនតួខ្លួន សញ្ញាឯណាមិនមែនតួខ្លួនសញ្ញា
នោះមិនមែនរបស់យើង សញ្ញាឯណាមិនមែនរបស់យើងសញ្ញានោះ
មិនមែនយើង ។
សង្ខារមិនទៀង សង្ខារឯណាមិនទៀងសង្ខារនោះជាទុក្ខ សង្ខារ
----46----
ឯណាជាទុក្ខសង្ខារនោះមិនមែនតួខ្លួន សង្ខារឯណាមិនមែនតួខ្លួនសង្ខារ
នោះមិនមែនរបស់យើង សង្ខារឯណាមិនមែនរបស់យើងសង្ខារនោះ
មិនមែនយើង ។
វិញ្ញាណមិនទៀង វិញ្ញាណឯណាមិនទៀងវិញ្ញាណនោះជាទុក្ខ
វិញ្ញាណឯណាជាទុក្ខវិញ្ញាណនោះមិនមែនតួខ្លួន វិញ្ញាណឯណាមិនមែន
តួខ្លួនវិញ្ញាណនោះមិនមែនរបស់យើង វិញ្ញាណឯណាមិនមែនរបស់
យើងវិញ្ញាណនោះមិនមែនយើង ។
កាលចំរើន អនត្តានុបស្សនារឿយៗ យ៉ាងដូច្នេះ អត្តសញ្ញារមែងថយចុះ
ជាលំដាប់ ។
បុ. សូមមេត្តា បំភ្លឺសេចក្តីអំពី " រូបឯណាជាទុក្ខ រូបនោះមិនមែនតួខ្លួន "
មើលមើល៍ ។
វិ. សូមរំលឹកឃើញឡើងវិញថា ទុក្ខគឺសភាវដែលប្រព្រឹត្តទៅដោយលំ
បាកទ្រាំ ឯអនត្តា គឺមិនមែនជាតួខ្លួន មិនមែនជាម្ចាស់របស់ ។
គប្បីផ្គងវិចារ បញ្រ្ចាសទៅវិញថា បើជាតួខ្លួនមែន ហេតុម្តេចក៏ឃាត់
សភាវដែលប្រព្រឹត្តទៅដោយលំបាកទ្រាំនោះ មិនបានទាល់តែសោះ ។
ឬ ពោលម្យ៉ាងទៀតថា បើជាតួខ្លួនមែន បើជាម្ចាស់របស់មែន ហេតុម្តេច
----47----
ក៏ទុក្ខនៅតែកើតមានយ៉ាងដូច្នេះ ម្តេចក៏មិនបញ្ជាឲ្យយកតែសេចក្តីសុខ
ម្យ៉ាងបានហើយ ទៅយកថ្វីសព្វបើទុក្ខដែលពិបាកទ្រាំ ?
ការពិត ទុក្ខំ និងអនត្តានោះ ជាលក្ខណដែលមាននៅប្រចាំជាធម្មតា
របស់ខន្ធ ៥ ហ្នឹងឯង ដែលបុគ្គលមិនអាចត្រួតត្រា បញ្ជាលើបានឡើយ ។
ហេតុនេះ រូបឯណាជាទុក្ខ រូបនោះមិនមែនជាតួខ្លួន មែនប្រាកដហើយ ។
បុ. ខ្ញុំយល់ទំនង ដែលអរហត្តមគ្គបុគ្គល លោកពិចារណាធម៌ហើយ ។ លុះ
វិសុទ្ធិទាំង ៧ កើតក្នុងសន្តានលោកកាលណា កាលណោះលោកនឹងបាន
ទៅជា ព្រះអរហន្ត ។
តើអារម្មណ៍ព្រះនិព្វានរបស់លោក មានឈ្មោះដូម្តេច ?
វិ. អារម្មណ៍ព្រះនិព្វាននោះឈ្មោះថា សុញ្ញតវិមោក្ខ ។ គឺជាអារម្មណ៍រួច
ផុតស្រឡះ ដោយមិនមានតួខ្លួនជាអ្នកកើតទុក្ខ ។
បុ. តាមសេចក្តីវិសជ្ជនាកន្លងមក ឃើញថាព្រះអរហន្ត លះបានសំយោជន
១០ ប្រការប៉ុន្តែមិនលឺពោលថាលោកបានលះកិលេសប្រភេទណាទេ ។
តើសេចក្តីនេះជាយ៉ាងដូម្តេច ?
----48----
វិ. សំយោជន សំដៅដល់គ្រឿងបង្វិលសត្វឲ្យប្រព្រឹត្តទៅក្នុងវដ្តសង្សារ ។
ឯកិលេស សំដៅដល់គ្រឿងបង្វិលវដ្តសង្សារតែម្តង ។ វដ្តសង្សារគឺសេចក្តី
វិលវល់នៃ កម្ម វិបាក និងកិលេស ។ ដូច្នេះបើចិត្ត មិនមានសំយោជន
ហើយ ចិត្តក៏មិនមានអ្វីសំរាប់បង្វិលសត្វឲ្យប្រព្រឹត្តក្នុងកម្មវិបាក និង
កិលេសដែរ ។ បញ្រ្ចាសទៅវិញ បើចិត្តមិនមានកិលេសទេ ចិត្តក៏មិនមាន
អ្វីសំរាប់បង្វិលនូវកម្ម វិបាក និងកិលេស ទុកឲ្យសត្វវិលវល់បានដូចគ្នា ។
ហេតុនេះ កាលបើសំយោជនរលត់អស់ពីក្នុងសន្តានហើយ កិលេសក៏
កើតមិនបានផងដែរ ព្រោះហេតុនោះ ទើបពុំបានពោលអំពីរឿងលះ
កិលេសនោះៗ ។ សូមបញ្ជាក់ថាព្រះអរហន្ត ដែលសំរេចបានពីកិច្ចចំរើន
វិបស្សនាកម្មដ្ឋានតែម្យ៉ាង រមែងលះនូវកិលេសគឺអវិជ្ជា ជាប្រធាន ។
លោកបានឈ្មោះថា សុខវិបស្សកៈ ។
បុ. តើព្រះអរហន្ត សុក្ខវិបស្សកៈ លោកធ្វើកិច្ចអ្វី ?
វិ. សំនួរនេះ ជ្រុលហួសហើយ ។
បុ. ខ្ញុំសូមខមាទោស ។
វិ. សូមសប្បុរសទាំងឡាយ សន្តោសផងចុះ ។
វិបស្សនាកម្មដ្ឋាន ចប់ដោយសង្ខេប
----49----
បុច្ឆា វិបស្សនា អំពី អដ្ឋង្គិកមគ្គ
បុ. ឧបាសកឧបាសិកា មានប្រាថ្នានឹងប្រតិបត្តិធម៌តាមធម៌ ។ តើវិសុទ្ធិមគ្គ
ណាមួយ ដែលគួរប្រតិបត្តិដល់ទីរំលត់ទុក្ខ ?
វិ. វិសុទ្ធិមគ្គ គឺ អដ្ឋង្គិកមគ្គ ។
បុ. សាធុ ! តើអដ្ឋង្គិកមគ្គ បានសេចក្តីថាដូម្តេច ?
វិ. អដ្ឋង្គិកមគ្គ បានសេចក្តីថា ផ្លូវប្រតិបត្តិធម៌មានអង្គ ៨ ដែលឧបាសក
ឧបាសិកា គប្បីប្រព្រឹត្តតាមដោយសេចក្តីគោរព ហើយនឹងបានឃើញ
អរិយមគ្គ អរិយផល ។
បុ. សូមមេត្តារាប់អង្គទាំង ៨ នោះមើល៍ ។
វិ. អង្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្ប ១ សម្មាវាចា ១
សម្មាកម្មន្ត ១ សម្មាអាជីវ ១ សម្មាវាយាម ១ សម្មាសតិ ១ និង
សម្មាសមាធិ ១ ។
បុ. ខ្ញុំចង់សិក្សាអង្គទាំង ៨ នោះឲ្យបានចេះសិន រួចសឹមខ្ញុំប្រព្រឹត្តតាមឯ
ខាងក្រោយ ។ តើគិតបែបនេះជាសមគួរ ឬមិនសមគួរទេ ?
វិ. សមគួរហើយ ។ គប្បីសិក្សា ឲ្យបានចេះជាមុនសិន សឹមប្រព្រឹត្តតាម
សេចក្តីចេះឯខាងក្រោយ ។
----50----
បុ. ឥឡូវ សូមមេត្តាអធិប្បាយអំពី សម្មាទិដ្ឋិ មើល៍ ។
វិ. សម្មាទិដ្ឋិ បានសេចក្តីថា ដឹងនូវសេចក្តីពិត ៤ យ៉ាងដែលប្រកបក្នុង
កាយ ចិត្ត ។
ទុក្ខ តែងកើតមានក្នុង កាយ ចិត្ត គឺ បុគ្គលគប្បីកំណត់ដឹង នេះជា
សេចក្តីពិតទី ១ ។
តណ្ហា ជាហេតុឲ្យកើតទុក្ខក្នុង កាយ ចិត្ត គឺបុគ្គលគប្បីលះបង់នេះជា
សេចក្តីពិតទី ២ ។
សេចក្តីរលត់ទុក្ខក្នុង កាយ ចិត្ត គឺបុគ្គលអ្នកប្រតិបត្តិគប្បីធ្វើឲ្យជាក់
ច្បាស់នេះជា សេចក្តីពិតទី ៣ ។
ផ្លូវប្រតិបត្តិ ដើម្បីរំលត់ទុក្ខ ក្នុង កាយ ចិត្ត គឺបុគ្គលគប្បីចំរើននេះជា
សេចក្តីពិតទី ៤ ។
សេចក្តីពិតទាំង ៤ យ៉ាងនេះ ពិតមែនតែបុថុជ្ជនមិនអាចដឹងជាក់ច្បាស់
ប៉ុន្តែក៏មានទំនងឲ្យដឹងបាន តាមរយះនៃការប្រព្រឹត្តទៅរបស់ កាយ ចិត្ត
រៀងរាល់ថ្ងៃ ។
បុ. តើសេចក្តីពិត ៤ យ៉ាងនោះមានទំនងឲ្យបុគ្គលបានដឹងយ៉ាងដូម្តេច ?
វិ. សូមសង្កេតមើល កាយ ចិត្ត ដែលប្រព្រឹត្តទៅ ។ កាលណាដឹងថាខ្លួនលំបាក
ទ្រាំក្នុង កាយ ចិត្ត បុគ្គលគប្បីកំណត់ដឹងថា នុះហើយជាទុក្ខ ។ កាលណា
----51----
ចង់បានអ្វីប្រកបដោយសេចក្តីអន្ទះអន្ទែងក្នុងកាយចិត្ត ព្រោះអ្វីនោះមិន
សំរេចដូចបំណង បុគ្គលគប្បីកំណត់ដឹងថា នុះហើយជាតណ្ហា ។ កាល
ណាប្រកបការងារនឿយហត់អស់កម្លាំង ហើយប្រាសដេកលង់លក់ទៅ
លុះភ្ញាក់ឡើង បុគ្គលគប្បីរលឹកដឹងថា ទុក្ខបានរលត់ទៅឯងៗក្នុងកាយ
ចិត្ត កាលពីក្នុងវេលាដេកលក់ ។ រីឯកិច្ចប្រកបការងារនឿយហត់នោះ
បុគ្គលគប្បីយកទំនងថា ជាផ្លូវនាំទុក្ខឲ្យរលត់ទៅឯងៗ ដោយមិនបាន
ប្រតិបត្តិធម៌ ។
សេចក្តីដឹងតាមទំនងយ៉ាងនេះ អាចញុំាងសទ្ធារបស់ឧបាសកឧបាសិកាឲ្យមាន
កម្លាំងជឿជាក់ក្នុង ទុក្ខសច្ច សមុទយសច្ច និរោធសច្ច និងមគ្គសច្ច ។
បុ. តើអ្នកដេកលក់បានដឹងសេចក្តីរំលត់ទុក្ខ ឬ ?
វិ. អ្នកដេកលក់ស៊ប់មិនបានដឹងអ្វីទេ ។ សេចក្តីនោះគ្រាន់តែជាទំនងឲ្យ
ដឹងថា សេចក្តីរលត់ទុក្ខនោះមានមែនពិត ប៉ុន្តែមិនជាក់ច្បាស់ដល់អ្នក
ដេកលក់ឡើយ រីឯចំពោះអ្នកដឹងខ្លួនវិញ ដែលជាអ្នកប្រតិបត្តិធម៌ដោយ
គោរព គឺគេគប្បីធ្វើឲ្យជាក់ច្បាស់បានក្នុងពេលដឹងខ្លួន ។
បុ. តើកិច្ចប្រកបការងារនឿយហត់អស់កម្លាំង នោះជាផ្លូវនាំទៅកាន់សេចក្តី
----52----