km:atthakatha:sut:kn:dhp:sut.kn.dhp.002_att

ធម្មបទគាថា ទី ២ អដ្ឋកថា៖ "២. រឿង​​មដ្ឋកុណ្ឌលី"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ២ អំពី​កូន​ប្រុស​ម្នាក់​ដែល​មិន​បាន​ទទួល​ជំនួយ​ច្រើន​ពី​ឪពុក​គាត់ ដែល​មាន​ចិត្ត​រឹងរូស។ មុន​ពេល​កូន​ប្រុស​ស្លាប់ បាន​ជួប​ព្រះពុទ្ធ​ដោយ​សទ្ធា ហើយ​បាន​ទៅ​កើត​នៅ​ស្ថានសួគ៌។ ទោះ​បី​ជា​ទេវៈ ក៏​បាន​ដាស់​តឿន​ឪពុក​ខ្លួន​ឲ្យ​មាន​សេចក្ដី​ល្អ​ដែរ។ មែន​ហើយ ទោះ​បី​ជា​មិន​អាច​និយាយ ឬ​ផ្លាស់​ទី​បាន​ទៀត ក៏​ដោយ ចិត្ត​សទ្ធា នឹងនាំ​អ្នក​ទៅ​កាន់​ស្ថានសួគ៌​បាន។

sut kn dhp 002 att បាលី cs-km: sut.kn.dhp.002_att តិបិដក៖ sut.kn.dhp.002 PTS: ?

ធម្មបទគាថា ទី ២ អដ្ឋកថា

«២. រឿង​​មដ្ឋកុណ្ឌលី»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

២. រឿង​ព្រះ​មដ្ឋកុណ្ឌលី

២. មដ្ឋកុណ្ឌលីវត្ថុ

ទ. ៤៩ ចំណែកព្រះគាថាទីពីរថា៖

មនោ បុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្ធេតិ ឆាយាវ អនុបាយិនី។

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្តី ធ្វើក្តី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខរមែងជាប់ តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ។

ឯព្រះគាថាទីពីរថា មនោបុព្វង្គមា ធម្មា (មានចិត្តដល់មុន)1)

ជាដើម ព្រះមានព្រះភាគ ទ្រង់ប្រារព្ធមដ្ឋកុណ្ឌលីមាណព ទើបត្រាស់នូវ ភាសិតនេះក្នុងក្រុងសាវត្ថីនោះឯង។

បានស្តាប់មក ក្នុងក្រុងសាវត្ថី មានព្រាហ្មណ៍ម្នាក់ឈ្មោះ អទិន្នទ. ៥០ បុព្វកៈ។ គេមិនធ្លាប់ឲ្យវត្ថុអ្វីៗ ដល់នរណាៗ ព្រោះដូច្នោះ ប្រជុំជនទើបបានដាក់ឈ្មោះគេថា អទិន្នបុព្វកៈ។ គេមានបុត្រម្នាក់ជាទីស្រឡាញ់ពេញចិត្ត ក្រោយមកគេប្រាថ្នានឹងធ្វើគ្រឿងប្រដាប់ឲ្យបុត្រ គិតថា “បើយើង ជួលជាងមាស ក៏នឹងត្រូវឲ្យថ្ងៃឈ្នួល” ដូច្នេះទើបដុតមាសដំធ្វើជាក្រវិល ររលាងៗ ស្រេចហើយ បានឲ្យ (ដល់បុត្ររបស់ខ្លួន)។ ព្រោះដូច្នោះ បុត្ររបស់គេទើបបានប្រាកដឈ្មោះថា មដ្ឋកុណ្ឌលី។ ក្នុងវេលាបុត្រនោះអាយុ បាន១៦ឆ្នាំ កើតរោគស្គមលឿង។ មាតាក្រឡេកឃើញបុត្រហើយ ទើបនិយាយចំពោះព្រាហ្មណ៍ (ជាស្វាមី) ថា “ព្រាហ្មណ៍រោគកើតឡើងហើយ ដល់បុត្ររបស់លោក សូមលោករកពេទ្យមករក្សាគេផងចុះ”។ ព្រាហ្មណ៍ ឆ្លើយថា “នាងដ៏ចម្រើន បើយើងរកពេទ្យមក យើងនឹងត្រូវឲ្យឈ្នួលដល់គេ” នាងមិនមើលនូវការអស់ទ្រព្យរបស់យើង (ខ្លះទេឬ)”។ នាងព្រាហ្មណី សួរថា “បើដូច្នេះ លោកនឹងធ្វើយ៉ាងណា ព្រាហ្មណ៍” ព្រាហ្មណ៍ឆ្លើយថា “ទ្រព្យរបស់យើងនឹងមិនអស់ទៅបានយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ ព្រាហ្មណ៍នោះទៅកាន់សំណាក់ពួកពេទ្យហើយ សួរថា “ពួកលោកដាក់ថ្នាំទ. ៥១ ប្រភេទណាដល់មនុស្សដែលកើតរោគប្រភេទឯណោះ”។ លំដាប់នោះ ពួកពេទ្យក៏ប្រាប់ថ្នាំចំណែកសំបកឈើជាដើមដល់គេ។ គេ (ទៅ)ស្ទោះសំបកឈើជាដើម ដែលពួកពេទ្យប្រាប់នោះ មកធ្វើថ្នាំឲ្យដល់បុត្រ។ កាលព្រាហ្មណ៍ធ្វើដូច្នោះ រោគបានកម្រើកខ្លាំងជាងមុន (រហូត) គេដល់នូវភាព មិនមាននរណាព្យាបាលបាន។ ព្រាហ្មណ៍ដឹងថា បុត្រទុព្វលហើយ ទើបរកពេទ្យម្នាក់មក។ ពេទ្យនោះ មកពិនិត្យមើលហើយទើបនិយាយ(គេច)ថា ខ្ញុំនៅមានកិច្ច លោកចូររកពេទ្យដទៃមកឲ្យរក្សាចុះ ដូច្នេះហើយប្រាប់ ដល់ព្រាហ្មណ៍នោះ ក៏លាទៅ។ ព្រាហ្មណ៍វេលាថា បុត្ររបស់ខ្លួននឹងស្លាប់ បានគិតថា “ពួកជនដែលមក ដើម្បីត្រូវការនឹងសួរសុខទុក្ខបុត្រនេះ នឹងឃើញទ្រព្យសម្បត្តិខាងក្នុងផ្ទះ យើងនឹងយកគេទៅដាក់ខាងក្រៅដូច្នេះ ទើបនាំយកបុត្រចេញមក ឲ្យដេកត្រង់រានហាលផ្ទះខាងក្រៅ។

ព្រះពុទ្ធប្រមើលមើលឧបនិស្ស័យរបស់មដ្ឋកុណ្ឌលី

ក្នុងវេលាបច្ចុសម័យ (គឺវេលាជិតភ្លឺ) ថ្ងៃនោះ ព្រះមានព្រះភាគស្តេចចេញអំពីព្រះមហាករុណាសមាបត្តិ ទ្រង់ប្រមើលមើលលោក ដោយទ. ៥២ ពុទ្ធចក្ខុ មើលពួកសត្វដែលជាផៅពង្ស ដែលព្រះអង្គគួរណែនាំបាន ដែលមានកុសលសន្សំទុកមកហើយ មានសេចក្តីប្រាថ្នាក្នុងព្រះពុទ្ធពីអតីត ទាំងឡាយ។ ទ្រង់បានផ្សាយសំណាញ់ គឺញាណទៅក្នុងម៉ឺនចក្រវាឡ។ មដ្ឋកុណ្ឌលីមាណពប្រាកដហើយ នៅក្នុងសំណាញ់ គឺព្រះញាណនោះ ដោយអាការដែលដេកត្រង់របៀងខាងក្រៅផ្ទះនោះ។ ព្រះសាស្តាទ្រង់ទតឃើញគេហើយ ទ្រង់ជ្រាបថា ព្រាហ្មណ៍ដែលជាបិតា នាំគេមកខាងក្រៅផ្ទះ ហើយឲ្យដេកក្នុងទីនោះ ទ្រង់ត្រិះរិះថា “នឹងមានប្រយោជន៍ខ្លះ ឬមិនមានហ្ន៎ ដោយបច្ច័យដែលតថាគតទៅក្នុងទីនោះ” ទ្រង់កំពុងរំពឹងមើល ទ្រង់បានឃើញហេតុនេះថា មាណពនេះ នឹងធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគត ធ្វើកាលៈហើយ នឹងកើតក្នុងវិមានមាសកម្ពស់ប្រមាណ ៣០យោជន៍ ក្នុងតាវតឹង្សទេវលោក មាននាងអប្សរជាបរិវារមួយពាន់ ចំណែកព្រាហ្មណ៍នឹងធ្វើឈាបនកិច្ចសរីរៈនោះ យំនៅក្នុងព្រៃបច្ឆា ទេវបុត្រនឹងប្រមើលមើល អគ្គភាពខ្លួន កម្ពស់ប្រមាណ ៣គាវុធ (១២យោជន៍) ប្រដាប់ដោយទ. ៥៣ គ្រឿងអលង្ការ ដែលប្រើរទេះ ៦០គ្រឿងផ្ទុក មាននាងអប្សរជាបរិវារ មួយពាន់ គិតថា សិរីសម្បត្តិនេះ យើងបានដោយកម្មអ្វីហ្ន៎ ដូច្នេះហើយ ពិចារណាមើល ក៏ជ្រាបថា បានដោយចិត្តជ្រះថ្លាក្នុងតថាគត គិតថា “បិតា យើងមិនឲ្យពេទ្យផ្សំថ្នាំដល់យើង ព្រោះខ្លាចទ្រព្យនឹងអស់ទៅ ឥឡូវនេះ ទៅយំទៅព្រៃបច្ឆា យើងនឹងធ្វើគេឲ្យដល់ប្រការដែលប្លែក” ដូច្នេះ ដោយ សេចក្តីអន់ចិត្តក្នុងបិតា ទើបនិម្មិតខ្លួនដូចមដ្ឋកុណ្ឌលីមាណព មកអង្គុយ យំនៅក្នុងទីជិតព្រៃបច្ឆា ពេលនោះ ព្រាហ្មណ៍នឹងសួរគេថា អ្នកជានរណា គេនឹងឆ្លើយថា ខ្ញុំជាមដ្ឋកុណ្ឌលីមាណព បុត្ររបស់លោក ព្រាហ្មណ៍សូរថា លោកទៅកើតក្នុងភពណា? ទេវបុត្រឆ្លើយថា ក្នុងភពតាវគីង្ស កាលព្រាហ្មណ៍សួរថា ព្រោះធ្វើកម្មអ្វី? គេនឹងប្រាប់ថា កើតព្រោះចិត្តជ្រះថ្លា ក្នុងព្រះតថាគត។ ព្រាហ្មណ៍នឹងសួរតថាគតថា “ដែលឈ្មោះថា ការធ្វើ ចិត្តឲ្យជ្រះថ្លាក្នុងព្រះអង្គ (ប៉ុណ្ណោះ) ហើយទៅក្នុងស្ថានសួគ៌ មានឬ?” ពេលនោះ តថាគតនឹងតបថា “មិនមាននរណា អាចនឹងកំណត់ដោយការរាប់បានថា មានប្រមាណប៉ុណ្ណេះរយ ឬពាន់ ឬសែនឡើយ ដូច្នេះហើយទ. ៥៤ និងពោលគាថាក្នុងធម្មបទ ក្នុងកាលចប់គាថា ការត្រាស់ដឹងធម៌នីងមាន ដល់សត្វប្រមាណ ៨៤.០០០។ មដ្ឋកុណ្ឌលីទេវបុត្រនីងបានជាព្រះសាតាបន្ន អទិន្នបុព្វកព្រាហ្មណ៍ក៏ដូចគ្នា អាស្រ័យកុលបុត្រនេះ ការបូជាធម៌ ដ៏ច្រើននឹងមានដោយប្រការដូច្នេះ។ កាលទ្រង់ជ្រាបហើយ លុះភ្លឺច្បាស់ហើយ ទ្រង់ធ្វើការបដិបត្តិ (ជម្រះ) ព្រះសរីរៈស្រេចហើយ មានភិក្ខុពួកធំហែហមហើយ ស្តេចចូលទៅកាន់ក្រុងសាវត្ថីដើម្បីបិណ្ឌបាត ស្ដេចដល់ទ្វារផ្ទះរបស់ព្រាហ្មណ៍តាមលំដាប់។

ក្នុងខណៈនោះ មដ្ឋកុណ្ឌលីមាណព កំពុងដេកបែរមុខទៅខាងក្នុងផ្ទះ ព្រះសាស្តាទ្រង់ជ្រាបថា មិនឃើញព្រះអង្គ ទើបបានបញ្ចេញព្រះស្មើ ទៅប៉ះនឹងម្ខាងនៃជញ្ជាំង។ មាណពគិតថា នេះពន្លឺអ្វី ទើបដេកផ្ងារត្រឡប់មក ឃើញព្រះសាស្តា ហើយគិតថា យើងអាស្រ័យបិតាជាជនអន្ធពាល ទើបមិនបានចូលទៅគាល់ព្រះពុទ្ធ ធ្វើសេចក្តីខ្វល់ខ្វាយដោយកាយ ឬថ្វាយទាន ឬស្តាប់ធម៌ ឥឡូវនេះ សូម្បីដៃទាំងពីររបស់យើង ក៏លើកសំពះមិនបាន កិច្ចដែលគួរធ្វើយ៉ាងដទៃមិនមាន ដូច្នេះ ហើយបានធ្វើចិត្តប៉ុណ្ណោះទ. ៥៥ ឲ្យជ្រះថ្លា។ ព្រះសាស្តាទ្រង់ព្រះតម្រិះថា “ល្មមដោយការដែលមាណពនេះ ធ្វើចិត្តឲ្យជ្រះថ្លាប្រមាណប៉ុណ្ណោះ ហើយក៏ស្តេចចៀសចេញទៅ។ កាលព្រះតថាគតស្ដេចបាត់ពីក្រខ្សែភ្នែកទៅ មាណពដែលមានចិត្តជ្រះថ្លា ធ្វើកាលៈហើយ ដូចជាដេកលក់ហើយភ្ញាក់ឡើងវិញ ទៅកើតក្នុងវិមានមាស កម្ពស់ប្រមាណ ៣០យោជន៍ ក្នុងទេវលោក។ ចំណែកព្រាហ្មណ៍ធ្វើ ឈាបនកិច្ចសរីរៈមាពណនោះហើយ មានតែការយំជាខាងមុខ ទៅកាន់ទីព្រៃ បច្ឆារាល់ៗថ្ងៃ យំរៀបរាប់ថា “កូនប្រុសតែមួយរបស់ពុកនៅទីណា កូនប្រុសតែមួយរបស់ពុកនៅទីណា”។

សូម្បីទេវបុត្រ កាលក្រឡេកមើលសម្បត្តិរបស់ខ្លួនហើយ គិតថា “សម្បត្តិនេះ យើងបានមកដោយកម្មអ្វី កាលពិចារណាទៅក៏ដឹងថា បានដោយចិត្តដែលជ្រះថ្លាក្នុងព្រះសាស្តា” ដូច្នេះហើយ ទើបគិតតទៅទៀតថា ព្រាហ្មណ៍នេះ ក្នុងកាលដែលយើងមិនសប្បាយ មិនបានរកពេទ្យមក ព្យាបាលឡើយ ឥឡូវនេះ បែរជាទៅយំស្រែកនៅព្រៃបច្ឆា យើងគួរធ្វើ គេឲ្យដល់នូវសេចក្តីប្លែក ដូច្នេះ ទើបនិម្មិតខ្លួនដូចជាមដ្ឋកុណ្ឌលីមាណពទ. ៥៦ មកហើយ បានឱបដៃយំនៅក្នុងទីដែលមិនឆ្ងាយពីបច្ឆា។ ព្រាហ្មណ៍ឃើញគេហើយ ទើបគិតថាយើងយំ ព្រោះសោកដល់បុត្រដែលស្លាប់ ឯមាណពនោះ យំត្រូវការអ្វីហ្ន៎ យើងនឹងសួរគេមើល ដូច្នេះកាលនឹងសួរ បានពោលគាថានេះថា៖

លោកតុបតែងហើយ ដូចមដ្ឋកុណ្ឌលី មានភារៈ គឺ របៀបផ្កាឈើ មានខ្លួនផ្សាយដោយច័ន្ទលឿង ឱបដៃទាំងពីរយំនៅក្នុងព្រៃបច្ឆា លោកមានទុក្ខអ្វីឬ?

មាណពពោលថា៖

ផ្ទះរថធ្វើដោយមាស ដ៏ផូរផង់កើតឡើងហើយ ដល់ខ្ញុំ ខ្ញុំរកគូនៃកង់នោះមិនបាន ខ្ញុំនឹងអស់ជីវិត ព្រោះសេចក្តីទុក្ខនោះ។

ពេលនោះ ព្រាហ្មណ៍បាននិយាយនឹងគេថា៖

ម្នាលមាពណដ៏ចម្រើន គូកង់នោះ នឹងធ្វើដោយ មាសក្តី ធ្វើដោយកែវក្តី ធ្វើដោយលោហៈក្តី ធ្វើដោយទ. ៥៧ ប្រាក់ក្តី អ្នកចូរប្រាប់ខ្ញុំចុះ ខ្ញុំនឹងធានាឲ្យអ្នកបាននូវ គូកង់នោះ។

មាណពបានស្តាប់ពាក្យនោះ គិតថា ព្រាហ្មណ៍នេះ មិនធ្វើថ្នាំឲ្យដល់បុត្រ លុះមកឃើញយើងរូបរាងស្រដៀងបុត្រ ឈរយំ ទើបនិយាយថា យើងនឹងធ្វើកង់រទេះ ដែលធ្វើដោយមាសជាដើមឲ្យ ណ្ហើយចុះ យើងផ្ចាញ់ផ្ចាលគេ ដូច្នេះ ទើបពោលថា លោកនឹងធ្វើគូនៃកង់ឲ្យដល់ខ្ញុំធំប៉ុនណា កាលព្រាហ្មណ៍នោះពោលថា លោកនឹងត្រូវការប៉ុនណា ទើបប្រាប់ថា៖

ខ្ញុំត្រូវការព្រះច័ន្ទ និងព្រះអាទិត្យទាំងពីរដួង លោក ដែលខ្ញុំសូមហើយ មេត្តាឲ្យព្រះច័ន្ទ និងព្រះអាទិត្យទាំងពីរ នោះដល់ខ្ញុំចុះ។

មាណពនោះពោលដដែលៗ ដល់គេថា ព្រះច័ន្ទ និងព្រះអាទិត្យបញ្ចេញពន្លឺជាគូគ្នា ក្នុងវិថីទាំងពីរ រថរបស់ខ្ញុំធ្វើដោយមាស រមែងស្អាតសមជាមួយទ. ៥៨ គូនៃកង់នោះ។

លំដាប់នោះ ព្រាហ្មណ៍និយាយជាមួយគេថា៖

មាណព លោកប្រាថ្នារបស់ដែលមិនគួរប្រាថ្នា ជា មនុស្សល្ងង់មែនពិត ខ្ញុំយល់ថា សូម្បីលោកស្លាប់ទៅក៏មិនបានព្រះច័ន្ទ និងព្រះអាទិត្យទាំងពីរឡើយ។

លំដាប់នោះ មាណពទើបនិយាយនឹងព្រាហ្មណ៍នោះថា ក៏បុគ្គល ដែលយំដើម្បីត្រូវការវត្ថុដែលប្រាកដ ជាមនុស្សល្ងង់ ឬថា បុគ្គលដែល យំដើម្បីត្រូវការវត្ថុដែលមិនប្រាកដ ជាមនុស្សល្ងង់ ដូច្នេះ ទើបពោលជាគាថាថា៖

សូម្បីការទៅ និងការមករបស់ព្រះច័ន្ទ និងព្រះអាទិត្យក៏ប្រាកដ ធាតុ គឺវណ្ណៈនៃព្រះច័ន្ទ និងព្រះអាទិត្យ ក៏ប្រាកដនៅក្នុងវិថីទាំងពីរ (ចំណែក) ជនដែលធ្វើកាលៈ លះលោកនេះទៅហើយ នរណាក៏មើលមិនឃើញ បណ្តាយើងទាំងពីរ អ្នកយំនៅក្នុងទីនេះ នរណាជាមនុស្សល្ងង់ ទ. ៥៩ ជាង។

ព្រាហ្មណ៍ស្តាប់ពាក្យនោះហើយ កំណត់បានថា មាណពនេះនិយាយ នេះត្រូវ ទើបពោលថា៖

ម្នាលមាណព លោកនិយាយពិតហើយ បណ្តាយើងទាំងពីរនាក់យំ (ក្នុងទីនេះ) ខ្ញុំជាមនុស្សល្ងង់ជាង ខ្ញុំប្រាថ្នាបានបុត្រដែលស្លាប់ហើយឲ្យត្រឡប់មក ដូចជា ទារកយំប្រាថ្នាបានព្រះច័ន្ទ។

ដូច្នេះហើយ ក៏ជាអ្នកបាត់សេចក្តីសោក ព្រោះពាក្យរបស់មាណពនោះ កាលនឹងធ្វើសេចក្តីសរសើរមាណព បានពោលគាថាទាំងនេះថា៖

លោកមកស្រោចខ្ញុំដែលជាអ្នកក្តៅខ្លាំង ដូចបុគ្គល លត់ភ្លើងដែលឆេះដោយទឹក ខ្ញុំរមែងញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងពួងឲ្យរលត់បាន លោកបន្ទោបង់សេចក្តីសោកព្រោះបុត្ររបស់ខ្ញុំ ដែលសេចក្តីសោកគ្របសង្កត់ហើយ បានដកនូវកូនសរ គឺសេចក្តីសោកដែលមុត

ទ. ៦០ ហឫទ័យខ្ញុំចេញបាន ខ្ញុំនោះជាអ្នកមានកូនសរដែលលោកដកចេញហើយ ជាអ្នកត្រជាក់ស្ងប់ហើយ ម្នាលមាណព ខ្ញុំវិនាសសេចក្តីសោក វិនាសការយំស្រែក ព្រោះបានស្តាប់ពាក្យរបស់លោក។

ខណៈនោះ ព្រាហ្មណ៍កាលនឹងសូរគេថា លោកឈ្មោះអ្វី? ទើបពោលថា៖

លោកជាទេវតា ឬគន្ធព្វ ឬថាជាស្តេចបរិន្ទទសក្កទេវរាជ លោកឈ្មោះអ្វី ឬជាបុត្ររបស់នរណា ខ្ញុំនឹង ស្គាល់លោកបានដូចម្តេច?

លំដាប់នោះ មាណពប្រាប់ដល់គេថា៖ លោកដុតបុត្រណា ក្នុងបច្ឆាដោយខ្លួនឯងហើយ រមែងយំរៀបរាប់ដល់បុត្រណា បុត្រអ្នកនោះ គឺ ខ្ញុំដែល ធ្វើកុសលធម៌ហើយ ដល់ភាពជាមិត្ររបស់ពួកត្រៃទស (ទេវតា)។

ទ. ៦១ ព្រាហ្មណ៍បានពោលថា៖

កាលលោកឲ្យទានតិច ឬច្រើនក្នុងផ្ទះរបស់ខ្លួន ឬរក្សាឧបោសថកម្ម ដូច្នោះ ខ្ញុំមិនដែលឃើញ លោកទៅទេវលោកបានព្រោះកម្មអ្វី។

មាណព ពោលថា៖

ខ្ញុំមានរោគ ជាទុក្ខ ឈឺចុកចាប់ មានកាយរសាប់ រសល់ នៅក្នុងផ្ទះរបស់ខ្លួន បានឃើញព្រះពុទ្ធទ្រង់ប្រាសចាកធូលី គឺកិលេស ឆ្លងសេចក្តីសង្ស័យចេញបាន ស្តេចទៅល្អហើយ មានព្រះបញ្ញាមិនអន់ថយ ខ្ញុំនោះ មានចិត្តរីករាយហើយ មានចិត្តជ្រះថ្លាហើយ បានថ្វាយអញ្ជលី ចំពោះព្រះតថាគត ខ្ញុំបានធ្វើកុសលកម្មនោះឯង ទើបបានដល់ភាពជាមិត្ររបស់ពួកត្រៃទស (ទេវតា)។ កាលមាណពនោះ កំពុងនិយាយរៀបរាប់នោះឯង សរីរៈទាំងអស់ របស់ព្រាហ្មណ៍ ក៏ពេញហើយដោយបីតិ។ គេកាលនឹងប្រកាសបីតិនោះ

ទ. ៦២ ទើបពោលថា៖

គួរអស្ចារ្យហ្ន៎ គួរចម្លែកហ្ន៎ វិបាកនៃការធ្វើអញ្ជលីនេះ ប្រព្រឹត្តទៅបានដូច្នេះ សូម្បីខ្ញុំមានចិត្តរីករាយហើយ មានចិត្តជ្រះថ្លាហើយ ដល់ព្រះពុទ្ធថា ជាសរណៈក្នុង ថ្ងៃនេះឯង។

លំដាប់នោះ មាណពបានពោលនឹងគេថា៖

លោកចូរជាអ្នកមានចិត្តជ្រះថ្លាចុះ ដល់ព្រះពុទ្ធ ទាំង ព្រះធម៌ ទាំងសង្ឃ ថាជាសរណៈក្នុងថ្ងៃនេះឯង លោក

ចូរជាអ្នកមានចិត្តជ្រះថ្លាយ៉ាងនោះឯង សមាទានសិក្ខាបទ ៥ កុំឲ្យដាច់ធ្លុះធ្លាយ ចូរប្រញាប់វៀរចាកបាណាតិបាត (ការសម្លាប់សត្វ) ចូរវៀររបស់ដែលម្ចាស់គេមិនបានឲ្យក្នុងលោក ចូរកុំផឹកទឹកស្រវឹង ចូរកុំនិយាយកុហក និងចូរជាអ្នកពេញចិត្តក្នុងភរិយារបស់ខ្លួន។ គេទទួលថា “សាធុ” បានពោលភាសិតគាថាទាំងនេះថា៖

ទ. ៦៣ យក្ស2) លោកជាអ្នកប្រាថ្នាប្រយោជន៍ដល់ខ្ញុំ ទេវតា លោកជាអ្នកប្រាថ្នាវត្ថុដែលចម្រើនដល់ខ្ញុំ ខ្ញុំនឹងធ្វើ (តាម) ពាក្យរបស់លោក លោកជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាសរណៈផង ខ្ញុំសូមដល់នូវព្រះធម៌ ដែលមិនមានវត្ថុដទៃ ក្រៃលែងជាងជាសរណៈផង ខ្ញុំសូមដល់នូវព្រះសង្ឃរបស់ ព្រះពុទ្ធដែលជាអគ្គបុគ្គល ដូចជាទេវតាថា ជាសរណៈផង ខ្ញុំនឹងប្រញាប់វៀរចាកបាណាតិបាត វៀរកាន់យករបស់ដែល ម្ចាស់របស់គេមិនបានឲ្យក្នុងលោក មិនផឹកទឹកស្រវឹង មិននិយាយកុហក និងជាអ្នកពេញចិត្តក្នុងភរិយារបស់ខ្លួន។ លំដាប់នោះ ទេវតាពោលនឹងគេថា ព្រាហ្មណ៍ ទ្រព្យក្នុងផ្ទះរបស់លោកមានច្រើន លោកចូរចូលទៅគាល់ព្រះសាស្តា ហើយថ្វាយទាន ចូរស្តាប់ធម៌ ចូរសួរធម៌ដូច្នេះ ហើយក៏អន្តរធានទៅក្នុងទីនោះឯង។ទ. ៦៤

ព្រាហ្មណ៍ថ្វាយទានដល់ព្រះពុទ្ធ

ចំណែកព្រាហ្មណ៍ទៅផ្ទះហើយ ហៅនាងព្រាហ្មណីមកនិយាយថា នាងដ៏ចម្រើន ខ្ញុំនឹងនិមន្តព្រះសមណគោតមហើយទូលសួរបញ្ហា ឯងចូរធ្វើ (ត្រៀម) សក្ការៈ ដូច្នេះ បានទៅកាន់វិហារមិនថ្វាយបង្គំព្រះសាស្តាឡើយ មិនធ្វើបដិសណ្ឋារៈ ឈរនៅក្នុងទីដ៏សមគួរមួយ ហើយក្រាបទូលថា ព្រះគោតមដ៏ចម្រើន សូមព្រះអង្គព្រមទាំងភិក្ខុសង្ឃ ទ្រង់ទទួលកត្តាហាររបស់ខ្ញុំព្រះអង្គដើម្បីសោយក្នុងថ្ងៃនេះ។ ព្រះសាស្តាទ្រង់ទទួលហើយ។ គេបានជ្រាបថា ព្រះសាស្តាទ្រង់ទទួលហើយ ទើបប្រញាប់ត្រឡប់មកផ្ទះ ប្រើមនុស្សឲ្យតាក់តែងខាទនីយៈ ភោជនីយាហារទុកក្នុងផ្ទះរបស់ខ្លួន។ ព្រះសាស្តា មានពួកភិក្ខុសង្ឃហែហមហើយ ស្តេចយាងទៅកាន់ផ្ទះរបស់ ព្រាហ្មណ៍នោះ ប្រថាប់គង់លើអាសនៈដែលគេក្រាលទុក។ ព្រាហ្មណ៍ អង្គាសហើយដោយគោរព។ មហាជនក៏បានប្រជុំគ្នា។ បានឮថា កាលព្រះតថាគតដែលព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិនិមន្តហើយ ពួកជន ២ ពួក ក៏មកប្រជុំគ្នា គឺពួកជនជាមិច្ឆាទិដ្ឋិ ប្រជុំគ្នាដោយតាំងចិត្តថា ថ្ងៃនេះពួកយើងទ. ៦៥ និងមើលព្រះសមណគោតម ដែលត្រូវព្រាហ្មណ៍បៀតបៀនដោយការសួរបញ្ហា។ ពួកជនជាសម្មាទិដ្ឋិ ក៏ប្រជុំគ្នាដោយតាំងចិត្តថា ថ្ងៃនេះពួកយើងនឹងមើលពុទ្ធវិស័យ ពុទ្ធលីលា។ លំដាប់នោះ ព្រាហ្មណ៍ចូលទៅ គាល់ព្រះតថាគត ដែលទ្រង់ធ្វើភត្តកិច្ចស្រេចហើយ អង្គុយលើអាសនៈទាប បានទូលសួរបញ្ហាថា ព្រះគោតមដ៏ចម្រើន មានឬ ដែលឈ្មោះថា ពួកជនដែលមិនបានថ្វាយទានដល់ព្រះអង្គ មិនបានបូជាព្រះអង្គ មិនបាន ស្តាប់ធម៌ មិនបានរក្សាឧបោសថឡើយ បានទៅកើតក្នុងស្ថានសួគ៌ ដោយត្រឹមតែធ្វើចិត្តឲ្យជ្រះថ្លាតែម្យ៉ាងប៉ុណ្ណោះ។ ព្រះសាស្តាត្រាស់ថា ព្រាហ្មណ៍ ហេតុណាលោកមកសួរតថាគត ការដែលខ្លួនធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគត ហើយកើតក្នុងស្ថានសួគ៌ ដែលមដ្ឋកុណ្ឌលីបុត្ររបស់លោកប្រាប់ដល់លោក ហើយមិនមែនឬ។ ព្រាហ្មណ៍សួរថា ក្នុងកាលណា ព្រះគោតមដ៏ចម្រើន។ ព្រះសាស្តាត្រាស់ថា ថ្ងៃនេះ លោកទៅកាន់ព្រៃខ្មោចយំរៀបរាប់ ឃើញមាណពម្នាក់ឱបដៃយំនៅក្នុងទីមិនឆ្ងាយ ហើយសួរថាលោកតាក់តែងហើយដូចមដ្ឋកុណ្ឌលី មានភារៈ គឺទ. ៦៦ របៀបផ្កាឈើ មានខ្លួនផ្សាយដោយច័ន្ទលឿង។

ដូច្នេះជាដើម មិនមែនឬ។ កាលទ្រង់ប្រកាសពាក្យដែលជនទាំងពីរពោល ជាមួយគ្នាហើយ ទ្រង់បានត្រាស់រឿងមដ្ឋកុណ្ឌលីទាំងអស់។ ព្រោះដូច្នោះ រឿងមដ្ឋកុណ្ឌលីនោះ ទើបបានឈ្មោះថា ជាពុទ្ធភាសិត។ កាលព្រះសាស្តាត្រាស់រឿងមដ្ឋកុណ្ឌលីនោះហើយ ទើបត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកសត្វដែលធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគតហើយ ទៅកើតក្នុងស្ថានសួគ៌ រាប់ថា មានមួយរយ ឬពីររយក៏ទេ ដោយពិត ពួកសត្វដែលធ្វើចិត្តឲ្យជ្រះថ្លា ក្នុងតថាគត ហើយទៅកើតក្នុងស្ថានសួគ៌ មានចំនួនរាប់មិនបានឡើយ។ មហាជនក៏កើតសេចក្តីសង្ស័យហើយ។ លំដាប់នោះ ព្រះសាស្តាទ្រង់ជ្រាបដល់មហាជនទាំងនោះនៅមានសេចក្តីសង្ស័យ ទ្រង់បានអធិដ្ឋានថា សូមមដ្ឋកុណ្ឌលីទេវបុត្រ ចូរមកព្រមទាំងវិមាន។ ទេវបុត្រមានអត្ថភាពដែលប្រដាប់ហើយដោយគ្រឿងអភរណៈទិព្វ កម្ពស់ប្រមាណ ៣ គាវុត មក ហើយ ចុះចាកវិមាន ថ្វាយបង្គំព្រះសាស្តា ហើយបានឈរនៅក្នុងទីដ៏សមគួរមួយ។ លំដាប់នោះ ព្រះសាស្តាត្រាស់សួរទេវបុត្រនោះថា លោកធ្វើទ. ៦៧ កម្មអ្វី ទើបបានសម្បត្តិនេះ ទ្រង់បានត្រាស់ព្រះគាថាថា៖

ទេវតា លោកមានកាយស្រស់ល្អក្រៃលែង ឈរធ្វើទិស ទាំងពួងឲ្យភ្លឺស្វាង ដូចផ្កាយព្រឹក ទេវតា យើងសូមសួរ លោកដែលមានអានុភាពច្រើន (កាល) លោកនៅជា មនុស្ស បានធ្វើបុណ្យអ្វីទុក។

ទេវបុត្រក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សម្បត្តិនេះ ខ្ញុំព្រះអង្គបានហើយ ព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គ។ ព្រះសាស្តាត្រាស់ថា សម្បត្តិនេះ លោកបានហើយ ព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងតថាគតឬ។ ទេវតាក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើនពិតមែន។ មហាជនក្រឡេក មើលទេវបុត្រហើយ បានប្រកាសសេចក្តីត្រេកអរថា ខែបា! ពុទ្ធគុណគួរ អស្ចារ្យពិតហ្ន៎ បុត្ររបស់អទិន្នបុពួកព្រាហ្មណ៍មិនបានធ្វើបុណ្យអ្វីៗ យ៉ាងដទៃ ញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះតថាគតហើយ បានសម្បត្តិបែបនេះ។

ចិត្តជាធំក្នុងកម្មគ្រប់យ៉ាង

លំដាប់នោះ ព្រះសាស្តាត្រាស់ដល់មហាជនទាំងនោះថា ក្នុងការទ. ៦៨ ធ្វើកម្មដែលជាកុសល និងអកុសល ចិត្តមានសភាពដល់មុន ចិត្តជាធំ ព្រោះថា កម្មដែលធ្វើដោយចិត្តផូរផង់ហើយ រមែងមិនលះបុគ្គលដែលទៅ កាន់ទេវលោក មនុស្សលោក ដូចស្រមោលដូច្នោះ។ លុះត្រាស់រឿងនេះចប់ហើយ ទ្រង់ជាធម្មរាជា ត្រាស់ព្រះគាថានេះបន្តអនុសន្ធិ ដូចជាព្រះរាជាប្រថាប់ព្រះរាជសាសន៍ ដែលមានដីស្ថិតប្រចាំទុកហើយដោយព្រះរាជលញ្ជករថា៖

មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសនន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្ធេតិ ឆាយាវ អនុបាយិនី។

ធម៌ទាំងឡាយ មានចិត្តដល់មុន មានចិត្តជាធំ សម្រេច3) ហើយដោយចិត្ត បើបុគ្គលមានចិត្តផូរផង់ហើយ ពោលក្តី ធ្វើក្តី សេចក្តីសុខរមែងទៅតាមគេព្រោះហេតុនោះ ដូចស្រមោលអន្ទោលតាមប្រាណដូច្នោះ។

ទ. ៦៩

អធិប្បាយគាថា

ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៤4) សូម្បីទាំងអស់ហៅថា ចិត្តក្នុង ព្រះគាថានោះ ដោយមិនលាយឡំគ្នាសូម្បីក៏ពិត តែកាលនិយមកំណត់ កំណត់ចុះ ក្នុងពាក្យនេះ រមែងមានបានដល់ចិត្តជាកាមាវចរកុសល ៨ដួង ក៏កាលពោលដោយអំណាចវត្ថុ រមែងបានដល់ចិត្ត ដែលសហគតៈ ដោយសោមនស្សប្រកបដោយញាណ អំពីកាមាវចរកុសលចិត្ត ៨ដួង នោះ។ បទថា បុព្វង្គមា (មានសភាពដល់មុន) បានដល់ ប្រកបដោយ ចិត្តនោះ ដែលជាធម្មជាតិដល់មុន។ ខន្ធ៣ មានវេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធជាដើម ឈ្មោះថា ធម្មា (ធម៌ទាំងឡាយ)។ ពិតហើយ ចិត្ត មានសភាពដល់មុន អរូបខន្ធទាំង ៣ មានវេទនាខន្ធជាដើមនោះ ដោយ អត្ថថា ជាបច្ច័យ ជាគ្រឿងឲ្យកើតឡើង ព្រោះហេតុនោះ ខន្ធទាំង ៣ប្រការនោះ ទើបឈ្មោះថា មនោបុព្វង្គមា (មានចិត្តដល់មុន)។ ដូចពោលថា កាលទាយកជាច្រើនកំពុងធ្វើបុណ្យរួមគ្នា មានថ្វាយបាត្រ និងចីវរជាដើមដល់ភិក្ខុសង្ឃពួកធំក្តី មានការបូជា ស្តាប់ធម៌ តាំងប្រទីប និងទ. ៧០ ធ្វើសក្ការៈដោយកម្រងផ្កាដ៏ឧឡារិកជាដើមក្តី កាលមានអ្នកពោលថា នរណា ជាប្រធានរបស់ទាយកទាំងនោះ។ ទាយកណាជាបច្ច័យរបស់ពួកគេ គឺ ពួកគេអាស្រ័យទាយកណា ទើបធ្វើបុណ្យទាំងនោះបាន ទាយកនោះឈ្មោះ តិស្សៈក្តី ឈ្មោះបុស្សៈក្តី ប្រជុំជនរមែងហៅថា ជាប្រធានរបស់ពួកគេ យ៉ាងណា ពាក្យឧបមេយ្យដែលជាគ្រឿងឲ្យយល់អត្ថដល់ព្រមនេះ បណ្ឌិត គប្បីជ្រាបដូច្នោះ។ ចិត្តឈ្មោះថា មានការដល់មុនធម៌ទាំងនោះ ដោយ អត្ថថា ជាបច្ច័យ ជាគ្រឿងឲ្យកើតឡើងដោយប្រការដូច្នេះ ហេតុនោះ ធម៌ទាំងនេះ ទើបឈ្មោះថា មានចិត្តដល់មុន។ ពិតហើយ ធម៌ពួកនេះ កាលចិត្តមិនកើតឡើង រមែងមិនអាចនឹងកើតឡើងបាន ចំណែកចិត្ត កាលចេតសិកធម៌ពួកខ្លះ សូម្បីមិនកើតឡើង ក៏កើតឡើងបាន។ ចិត្ត ឈ្មោះថា ជាធំជាងធម៌ទាំងនេះ ដោយអំណាចជាអធិបតី ព្រោះដូច្នោះ ធម៌ទាំងនេះទើបឈ្មោះថា មនោសេដ្ឋា (មានចិត្តជាធំ)។ ដូចពោលថា បុរស ជាអធិបតីនៃប្រជុំជន មានគណៈជាដើម ក៏ហៅថា ជាធំនៃគណៈ ជាធំ នៃកងទ័ព យ៉ាងណា ចិត្តក៏ជាធំសូម្បីនៃធម៌ទាំងនោះ ព្រោះហេតុនោះទ. ៧១ ធម៌ទាំងនេះទើបមានឈ្មោះថា មានចិត្តជាធំ ដូច្នោះ។ ម្យ៉ាងទៀត វត្ថុទាំងឡាយនោះៗ សម្រេចហើយដោយវត្ថុមានមាសជាដើម ក៏ឈ្មោះថា សម្រេចហើយដោយមាសជាដើម យ៉ាងណា សូម្បីធម៌ទាំងនោះ ក៏បានឈ្មោះថា មនោមយា (សម្រេចហើយដោយចិត្ត) ព្រោះជារបស់សម្រេចហើយអំពីចិត្ត ដូច្នោះ។ បទថា បសន្នេន (ផូរផង់ហើយ) បានដល់ ផូរផង់ហើយដោយគុណទាំងឡាយ មានការមិនសម្លឹងរំពៃជាដើម។ បទថា ភាសតិ វា ករោតិ វា (និយាយក្តី ធ្វើក្តី) សេចក្តីថា បុគ្គលមាន ចិត្តបែបនេះ កាលនឹងនិយាយ រមែងនិយាយតែវិចីសុចរិត ៤ យ៉ាង កាលនឹងធ្វើ រមែងធ្វើតែកាយសុចរិត ៣យ៉ាង កាលមិននិយាយ កាលមិនធ្វើ រមែងធ្វើតែមនោសុចរិត ៣យ៉ាង ឲ្យបរិបូណ៍ ព្រោះខ្លួនមានចិត្ត ផូរផង់ហើយដោយគុណទាំងឡាយ មានការមិនសម្លឹងរំពៃជាដើមនោះ។ កុសលកម្មបថ ១០របស់គេ រមែងដល់នូវសេចក្តីបរិបូណ៍ ដោយប្រការយ៉ាងនេះ។ បទថា តតោ នំ សុខមន្វេតិ (សេចក្តីសុខរមែងជាប់តាម គេព្រោះហេតុនោះ) បានដល់ សេចក្តីសុខរមែងជាប់តាមបុគ្គលនោះទៅទ. ៧២ ព្រោះសុចរិត ៣យ៉ាងនោះ។ កុសលទាំង ៣ភូមិ5) ព្រះមានព្រះភាគ ទ្រង់បំណងហើយក្នុងទីនេះ ព្រោះហេតុនោះ បណ្ឌិតគប្បីជ្រាបអធិប្បាយ ថា សេចក្តីសុខដែលជាផល ដែលប្រព្រឹត្តទៅតាមផ្លូវកាយ និងប្រព្រឹត្ត ទៅតាមផ្លូវចិត្ត (ដោយបរិយាយនេះ) ថា សេចក្តីសុខដែលមានកាយជា ទីតាំងខ្លះ សេចក្តីសុខមានចិត្តក្រៅពីនេះជាទីតាំងខ្លះ រមែងជាប់ទៅតាម គឺថា រមែងមិនលះបង់បុគ្គលនោះ ដែលកើតហើយក្នុងសុគតិភពក្តី តាំង ទៅហើយក្នុងទីដែលសោយសុខក្នុងសុគតិក្តី ព្រោះអានុភាពនៃសុចរិតដែល ប្រព្រឹត្តទៅក្នុងភូមិ ៣។ ដូចអ្វី។ ដូចស្រមោលអន្ទោលតាមប្រាណ ឆាយាវ អនុបាយិនី។ អធិប្បាយថា ធម្មតាស្រមោលជារបស់ជាប់តាម សរីរៈ កាលសរីរៈដើរទៅ វាក៏ដើរទៅ កាលសរីរៈឈប់ វាក៏ឈប់ កាលសរីរៈអង្គុយ វាក៏អង្គុយ មិនមាននរណាអាចពាលចំពោះស្រមោលនោះ ដោយពាក្យដ៏ល្អិតក្តី ដោយពាក្យគ្រោតគ្រាតក្តីថា “ឯងចូរត្រឡប់ទៅ” ឬ វាយ ហើយឲ្យត្រឡប់ទៅបាន ព្រោះហេតុអ្វី? ព្រោះស្រមោលជារបស់ទ. ៧៣ ជាប់ដោយសរីរៈ យ៉ាងណា សេចក្តីសុខដែលប្រព្រឹត្តទៅតាមផ្លូវកាយ និងប្រព្រឹត្តទៅតាមផ្លូវចិត្ត ផ្សេងដោយសុខ មានកាមាវចរសុខជាដើម ដែលមានកុសល នៃកុសលកម្មបថទាំង ១០នេះ ដែលបុគ្គលប្រព្រឹត្តច្រើន ហើយ និងប្រព្រឹត្តល្អហើយ ជាឫសគល់ រមែងមិនលះបង់ (បុគ្គលនោះ) ក្នុងទីដែលគេទៅហើយ ដូចស្រមោលជាប់តាមខ្លួន ក៏ដូច្នោះដែរ។

ក្នុងកាលចប់គាថា ការត្រាស់ដឹងធម៌ បានមានហើយដល់ពួកសត្វ ៨៤.០០០ មដ្ឋកុណ្ឌលីទេវបុត្រ តាំងនៅហើយក្នុងសោតាបត្តិផល អទិន្នបុព្វកព្រាហ្មណ៍ក៏ដូចគ្នា។ គេបានបូជាទ្រព្យសម្បត្តិដ៏ច្រើននោះទុកក្នុងព្រះ សាសនាហើយនោះឯង។

ចប់ រឿង​មដ្ឋកុណ្ឌលី។

 

លេខយោង

1)
បិដកប្រែថា ប្រធាន
2)
ពាក្យនេះក្នុងទីដទៃសំដៅដល់បុគ្គលកាច តែក្នុងទីនេះសំដៅដល់បុគ្គលគួរបូជា
3)
ប្រែសេចក្តីតាមអដ្ឋកថា។
4)
គឺ កាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ លោកុត្តរភូមិ ១។
5)
គឺ កាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ១។
km/atthakatha/sut/kn/dhp/sut.kn.dhp.002_att.txt · ពេលកែចុងក្រោយ: 2024/08/31 06:46 និពន្ឋដោយ Johann