km:atthakatha:sut:kn:dhp:sut.kn.dhp.003_att

ធម្មបទគាថា ទី ៣-៤ អដ្ឋកថា៖ "៣. រឿង​ព្រះ​តិស្សត្ថេរៈ"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ៣-៤ អំពី​ភិក្ខុ​​ពីរ​​អ្នក ដែល​​ឈ្លោះ​​គ្នា​រ​វាង​​ការ​គួរ និង​​រឿង​មោទនភាព។ ការ​​ខ្វះ​​ការ​​អភ័យទោស​ អាច​​មាន​​ឥទ្ធិពល​​ដល់​​ស្រុក​​ទាំង​មូល​បាន។

sut kn dhp 003 att បាលី cs-km: sut.kn.dhp.003_att តិបិដក៖ sut.kn.dhp.003 PTS: ?

ធម្មបទគាថា ទី ៣-៤ អដ្ឋកថា

«៣. រឿង​ព្រះ​តិស្សត្ថេរៈ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

៣. រឿង​ព្រះ​តិស្សត្ថេរៈ

៣. តិស្សត្ថេរវត្ថុ

ទ. ៧៤ គប្បីជ្រាបវិនិច្ឆ័យក្នុង រឿងព្រះតិស្សត្ថេរៈ ដូចតទៅនេះ៖

ព្រះសាស្តាកាលប្រថាប់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះតិស្សត្ថេរៈ ត្រាស់ព្រះធម្មទេសនានេះថា អក្កោធិ មំ អវធិ មំ (ជនឯណោះបានជេរអញ ជនឯណោះបានវាយអញ) ជាដើម។

បានឮថា ព្រះតិស្សត្ថេរនោះ ជាឱរសរបស់ព្រះបិតុច្ឆារបស់ព្រះមានព្រះភាគ បួសក្នុងកាលខ្លួនចាស់ បរិភោគលាភសក្ការៈដែលកើតឡើង ហើយក្នុងព្រះពុទ្ធសាសនា មានរាងកាយធំធាត់ មានចីវរដណ្តប់រៀបរយហើយ1) ដោយច្រើនអង្គុយនៅក្នុងរោងឆាន់កណ្តាលវិហារ។ ភិក្ខុអាគន្តុកៈ ទាំងឡាយមកហើយ កាលត្រូវការនឹងគាល់ព្រះតថាគត ទៅកាន់សំណាក់របស់លោក ដោយសំគាល់ថា លោកជាព្រះថេរៈមានវស្សាចាស់ ដូច្នេះ ហើយសួរដោយការអើពើដល់វត្ត2) សួរដោយការអើពើដល់កិច្ចគួរធ្វើ មានការគក់ច្របាច់ជើងជាដើម។ លោកអង្គុយស្ងៀម។ លំដាប់នោះ ភិក្ខុទ. ៧៥ កំលោះមួយរូបសួរលោកថា លោកម្ចាស់មានវស្សាប៉ុន្មានហើយ។ កាលលោកឆ្លើយ លោកមិនឆ្លើយថា “ខ្ញុំមិនទាន់បានវស្សាទ ខ្ញុំបួសហើយក្នុង កាលដែលខ្លួនចាស់” តែពោលថា “អ្នកដ៏មានអាយុ ទូន្មានលំបាក លោកមិនស្គាល់ប្រមាណ លោកឃើញព្រះថេរៈអ្នកធំប៉ុណ្ណេះហើយ មិនធ្វើវត្ត សូម្បីតែសាមីចិកម្ម កាលវត្តដែលព្រះថេរៈទាំងនេះសួរដោយអើពើ លោកនៅស្ងៀម សូម្បីត្រឹមតែការរង្កៀសក៏មិនមានដល់លោក” ដូច្នេះ ទើបផ្ទាត់ម្រាមដៃ (ដោយការរុកគួន)។ លោកធ្វើខន្តិយមានះឲ្យកើតឡើងហើយ សួរថា ពួកលោកមកកាន់សំណាក់នរណា កាលអាគន្តុកភិក្ខុទាំងនោះឆ្លើយថា មកកាន់សំណាក់របស់ព្រះសាស្តា ទើបពោលថា ក៏ពួកលោកស្គាល់ ខ្ញុំថាជានរណា។ ខ្ញុំនឹងកាត់មូល (កាត់ភាពសមណៈ) របស់លោកចេញឲ្យបាន ដូច្នេះហើយយំ ជាទុក្ខ ទាស់ចិត្តបានទៅកាន់សំណាក់របស់ព្រះសាស្តា។ លំដាប់នោះ ព្រះសាស្តាត្រាស់សួរលោកថា តិស្សៈ មានអ្វីកើតឡើងទើបអ្នកមានទុក្ខ ទាស់ចិត្តមានទឹកភ្នែកស្រោចមុខ យំមក ដូច្នេះ។ ចំណែកភិក្ខុទាំងនោះ (គឺពួកភិក្ខុអាគន្តុកៈ) គិតថា ភិក្ខុនេះគង់ទ. ៧៦ ទៅធ្វើកម្មអាក្រក់អ្វីៗ ទើបទៅជាមួយព្រះតិស្សត្ថេរនោះ ថ្វាយបង្គំព្រះសាស្តាហើយ បានអង្គុយនៅក្នុងទីដ៏សមគួរមួយ។ ព្រះតិស្សត្ថេរនោះ ដែលព្រះសាស្តាត្រាស់សួរហើយ បានក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងនោះជេរខ្ញុំព្រះអង្គ។

ព្រះសាស្តា៖ ក៏អ្នកអង្គុយក្នុងទីណា។

តិស្សភិក្ខុ៖ ត្រង់រោងឆាន់កណ្តាលវិហារ ព្រះអង្គ។

ព្រះសាស្តា៖ ភិក្ខុទាំងនេះមក អ្នកបានឃើញឬ។

តិស្សភិក្ខុ៖ ឃើញព្រះអង្គ។

ព្រះសាស្តា៖ អ្នកបានក្រោកឡើងធ្វើការទទួលរាក់ទាក់ទេ។

តិស្សភិក្ខុ៖ មិនបានធ្វើទេ ព្រះអង្គ។

ព្រះសាស្តា៖ អ្នកបានសួរដោយការអើពើ ដល់ការទទួលបរិក្ខាររបស់ភិក្ខុទាំងនេះទេ។

តិស្សភិក្ខុ៖ ខ្ញុំព្រះអង្គមិនបានសួររដោយអើពើទេ ព្រះអង្គ។ ព្រះសាស្តា អ្នកបានសួរដោយអើពើដល់ធម្មទំនៀម ឬទឹកផឹកទេ។

ទ. ៧៧ តិស្សភិក្ខុ៖ ខ្ញុំព្រះអង្គមិនបានសួរដោយអើពើទេ ព្រះអង្គ។

ព្រះសាស្តា៖ អ្នកនាំអាសនៈមក ហើយធ្វើការគក់ច្របាច់ជើងឲ្យទេ។

តិស្សភិក្ខុ៖ មិនបានធ្វើទេ ព្រះអង្គ។

ព្រះសាស្តា៖ ម្នាលតិស្សៈ វត្តទាំងពួងនោះ អ្នកគួរធ្វើដល់ភិក្ខុចាស់ កាលអ្នកមិនបានធ្វើវត្តទាំងពួងនោះ អង្គុយនៅក្នុងកណ្តាលវិហារ មិនសមគួរ ទោសរបស់អ្នកមាន អ្នកចូរសូមខមាទោសភិក្ខុទាំងឡាយនោះចុះ។

តិស្សភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុនេះបានជេរខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គមិនសូមខមាទោសលោកទេ។

ព្រះសាស្តា៖ ម្នាលតិស្សៈ អ្នកកុំធ្វើយ៉ាងនេះឡើយ ទោសរបស់អ្នកមាន អ្នកចូរសូមខមាទោសភិក្ខុទាំងនោះចុះ។

តិស្សភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនសូមខមាទោសភិក្ខុទាំងនេះទេ។

លំដាប់នោះ ព្រះសាស្តាកាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះតិស្សត្ថេរនេះ ជាមនុស្សទូន្មានលំបាក ដូច្នេះហើយទ. ៧៨ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តិស្សភិក្ខុនេះ មិនមែនជាអ្នកទូន្មានដោយលំបាកក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ក្នុងកាលមុខ តិស្សភិក្ខុនេះក៏ជាអ្នក ទូន្មានលំបាកដូចគ្នា កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ជ្រាបសេចក្តីដែលលោកជាបុគ្គលទូន្មានបានដោយក្រ តែក្នុងកាលឥឡូវនេះប៉ុណ្ណោះ លោកបានធ្វើអ្វីទុកក្នុងកាលអតីត ដូច្នេះទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរស្តាប់ ទើបទ្រង់នាំរឿងអតីតកាលមក។

បុព្វកម្មរបស់ព្រះតិស្សត្ថេរៈ

ក្នុងអតីតកាលកាល ព្រះរាជាក្រុងពារាណសី សោយរាជសម្បត្តិនៅក្នុងក្រុងពារាណសី តាបសឈ្មោះទេវលៈ នៅក្នុងហិមវន្តប្រទេស ៨ខែ ប្រាថ្នានឹងចូលទៅអាស្រ័យព្រះនគរ ៤ខែដើម្បីត្រូវការរសជូរ និងប្រៃ ទើបចេញចាកហិមវន្តប្រទេស ជួបអ្នករក្សាទ្វារនគរ បានសួរថាពួកបព្វជិតមកដល់នគរនេះហើយ រមែងស្នាក់នៅទីណា។ គេទាំងឡាយប្រាប់ ថាត្រង់រោងស្មូនឆ្នាំង លោកម្ចាស់។ លោកក៏ទៅកាន់រោងស្មូនឆ្នាំងទ. ៧៩ ហើយឈរទ្រង់ទ្វារ ពោលថា បើលោកមិនមានការចង្អៀតចង្អល់ ខ្ញុំសូមស្នាក់នៅក្នុងរោងនេះត្រឹមមួយរាត្រីបានឬទេ។ នាយស្មូនឆ្នាំងពោលថា ពេលយប់ កិច្ចរបស់ខ្ញុំក្នុងរោងមិនមាន រោងជារោងធំ និមន្តលោកម្ចាស់នៅតាមសប្បាយចុះ ដូច្នេះហើយប្រគល់រោងថ្វាយ។ កាលលោកចូលទៅអង្គុយហើយ តាបសដទៃម្នាក់ទៀត ឈ្មោះនារទៈ មកពីហិមវន្តប្រទេស បានសូមស្នាក់នៅមួយរាត្រីពីនាយស្មូនឆ្នាំង។ នាយស្មូនឆ្នាំងគិតថា តាបស ដែលមកមុន លោកពេញចិត្តនឹងនៅជាមួយតាបសនេះឬទេហ្ន៎ (ក៏មិនជ្រាប) យើងនឹងដោះខ្លួនចេញ ដូច្នេះហើយ ទើបពោលថា បើលោកម្ចាស់ដែលចូលទៅមុនពេញចិត្តសោត លោកម្ចាស់ចូរស្នាក់នៅតាមសេចក្តីពេញ ចិត្តរបស់តាបសនោះចុះ។ នារទតាបសនោះ ចូលទៅរកលោកហើយ ពោលថា “លោកអាចារ្យ បើលោកមិនចង្អៀតចង្អល់ទេ ខ្ញុំសូមស្នាក់នៅក្នុងរោងនេះមួយរាត្រីផង” កាលលោកពោលថា “រោងជារោងធំ លោក ចូរចូលទៅនៅត្រង់ចំណែកម្ខាងចុះ” ដូច្នេះ ទើបចូលទៅអង្គុយត្រង់ចំណែក ម្ខាងទៀតនៃតាបសដែលចូលទៅនៅមុន។ តាបសសូម្បីទាំងពីរនាក់ ក៏ទ. ៨០ និយាយប្រាស្រ័យនូវពាក្យគួរឲ្យរឭកដល់គ្នានឹងគ្នាហើយ ក្នុងវេលាដេក នារទតាបសកំណត់ទីដេកនៃទេវលតាបស និងទ្វារហើយទើបដេក ចំណែក ទេវលតាបសនោះ កាលនឹងដេក រកមិនបានកន្លែងដេក ទើបដេកទទឹង ត្រង់កណ្តាលទ្វារ។ នារទតាបស កាលចេញទៅក្នុងរាត្រី បានជាន់ជដា របស់លោក។ ទេវលតាបសពោលថា “នរណាជាន់យើង នារទតាបស ពោលថា “លោកអាចារ្យ ខ្ញុំ។ ទេវលតាបសពោលថា “ជដិលរកាង លោកមកអំពីព្រៃហើយ ជាន់ត្រង់ជដារបស់យើង”។ នារទតាបសឆ្លើយថា “លោកអាចារ្យ ខ្ញុំមិនដឹងថាលោកដេកត្រង់ទីនេះទេ សូមលោកអត់ទោសឲ្យខ្ញុំផងចុះ កាលលោកកំពុងនិយាយនោះឯង លោកក៏ចេញទៅ ខាងក្រៅទៅ។ ទេវលតាបសនេះគិតថា “តាបសនេះ កាលគេមកវិញនឹងគប្បីជាន់យើង” ដូច្នេះហើយ ទើបដេកត្រឡប់សីសៈទៅផ្លូវខាងជើង។ ចំណែកនារទតាបស កាលនឹងចេញទៅ គិតថា “កាលដំបូង យើងបានខុសហើយ ក្នុងលោកអាចារ្យ ឥឡូវនេះ យើងនឹងចូលទៅតាមផ្លូវខាងជើងរបស់លោក” ដូច្នេះកាលមក បានជាន់ត្រង់ករបស់ទេវលតាបសទ. ៨១ កាលលោកពោលថា “នេះនរណា” ទើបពោលថា “លោកអាចារ្យ គឺខ្ញុំ” កាលលោកពោលថា “ជដិលកោង មុនដំបូងលោកជាន់ត្រង់ជដារបស់យើង ហើយឥឡូវនេះ ជាន់ត្រង់កយើងទៀត យើងនឹងធ្វើឲ្យលោកវិនាស នារទតាបសពោលថា “លោកអាចារ្យ ទោសរបស់ខ្ញុំមិនមានទេ ខ្ញុំមិនដឹងថា លោកដេកយ៉ាងនេះ ខ្ញុំចូលមកដោយគិតថា សូម្បីដំបូងកំហុសរបស់យើងមាន ឥឡូវនេះយើងនឹងចូលទៅដោយផ្លូវខាងជើងលោក ដូច្នេះ សូមលោកអត់ទោសដល់ខ្ញុំផងចុះ”។ ទេវលតាបសពោលថា “ជដិលកោង យើងនឹងធ្វើឲ្យលោកវិនាស”។ នារទតាបសពាលថា “លោកអាចារ្យ លោកកុំធ្វើយ៉ាងនេះឡើយ”។

ទេវលតាបស មិនអើពើក្នុងពាក្យរបស់នារទតាបសនោះ បានដាក់បណ្តាសា នារទតាបសនោះ (ដោយគាថា) ថា៖

ព្រះអាទិត្យ មានរស្មីទាំង ១.០០០ មានតេជះទាំង ១០០ មានប្រក្រតីកម្ចាត់សេចក្តីងងឹត ពេលព្រះអាទិត្យរះឡើង មកក្នុងវេលាព្រឹក សូមសីសៈរបស់លោកបែកជា ៧ភាគ។

ទ. ៨២ នារទតាបសពោលថា “លោកអាចារ្យ ទោសរបស់ខ្ញុំមិនមានទេ កាលខ្ញុំកំពុងនិយាយ លោកបានផ្តាសាហើយ ទោសរបស់នរណាមាន សូមសីសៈរបស់អ្នកនោះចូរបែក អ្នកមិនមានទោស ចូរកុំបែក” ដូច្នេះហើយបានផ្តាសា (ដោយគាថា) ថា៖

ព្រះអាទិត្យ មានរស្មីទាំង ១.០០០ មានតេជៈទាំង ១០០ មានប្រក្រតីកម្ចាត់សេចក្តីងងឹត ពេលព្រះអាទិត្យរះឡើង មកក្នុងវេលាព្រឹក សូមសីសៈរបស់លោកបែកជា ៧ភាគ។

ក៏នារទតាបសនោះ មានអានុភាពច្រើន តាមរឭកជាតិបាន ៨០កប្ប គឺ ក្នុងអតីតកាល ៤០កប្ប ក្នុងអនាគតកាល ៤០កប្ប ព្រោះដូច្នោះ លោកគិតថា ពាក្យបណ្តាសាធ្លាក់ទៅខាងលើនៃនរណាហ្ន៎ កាលពិចារណាទៅ ក៏ជ្រាបថា នឹងធ្លាក់ទៅលើទេវលតាបស ដូច្នេះ អាស្រ័យសេចក្តីករុណាក្នុងតាបសនោះ ទើបបានឃាត់អរុណមិនឲ្យរះឡើងដោយ កម្លាំងឫទ្ធី។

អ្នកនគរ កាលអរុណមិនរះឡើង ក៏នាំគ្នាទៅកាន់ទ្វារព្រះរាជវាំងទ. ៨៣ ហើយទូលលំអុកថា “បពិត្រព្រះសម្មតិទេព កាលព្រះអង្គទ្រង់គ្រប់គ្រងរាជសម្បត្តិ ហេតុអ្វីអរុណមិនរះឡើង សូមព្រះអង្គទ្រង់ព្រះករុណាប្រោស ឲ្យអរុណរះឡើង ដើម្បីខ្ញុំព្រះអង្គទាំងឡាយផង” ព្រះរាជាទ្រង់ពិចារណា ចរិយានុវត្ត មានកាយកម្មជាដើមរបស់ព្រះអង្គ ទ្រង់មិនបានឃើញការមិនសមគួរអ្វីៗ ទើបទ្រង់ត្រិះរិះថា “មានហេតុអ្វីហ្ន៎” ទ្រង់ពិចារណាថា “ច្បាស់ ជាមានការវិវាទរបស់ពួកបព្វជិត” ដូច្នេះ ទើបត្រាស់សួរថា “ពួកបព្វជិត មានក្នុងនគរនេះខ្លះទេ”។ កាលមានអ្នកក្រាបទូលថា “កាលល្ងាចថ្ងៃម្សិលមិញ មានពួកបព្វជិតមកកាន់រោងនាយស្មូនឆ្នាំង ព្រះអង្គ”។ ព្រះរាជា ហែហមដោយរាជបុរសកាន់គប់ភ្លើងនាំស្ដេចទៅកាន់ទីនោះ ក្នុងទីនោះឯង ទ្រង់អភិវាទព្រះនារទតាបសហើយ ប្រថាប់នៅក្នុងទីដ៏សមគួរមួយ ហើយសួរថា៖

លោកម្ចាស់នារទៈ ការងារទាំងឡាយរបស់ពួកជនជម្ពូទ្វីប រមែងប្រព្រឹត្តទៅមិនបាន លោកកើតងងឹតហើយព្រោះហេតុអ្វី លោកម្ចាស់ដែលខ្ញុំសួរហើយ សូមមេត្តាប្រាប់ហេតុនោះទ. ៨៤ ដល់ខ្ញុំផងចុះ។

នារទតាបសនិយាយរឿងទាំងពួងថ្វាយស្ដេចហើយ ថ្វាយព្រះពរថា

អាត្មាភាព ដែលតាបសនេះដាក់បណ្តាសាហើយ ព្រោះហេតុនេះ ពេលនោះ អាត្មាភាពទើបបានដាក់បណ្តាសាខ្លះថា ទោសរបស់ខ្ញុំមិនមាន ទោសរបស់នរណាមាន ពាក្យបណ្តាសាចូរធ្លាក់លើនៃអ្នកនោះចុះ លុះបានដាក់ បណ្តាសាហើយ ទើបគិតថា ពាក្យបណ្តាសានីងធ្លាក់ទៅលើនៃនរណាហ្ម៎ កាលពិចារណាទៅ ក៏ឃើញថា ក្នុងវេលាដែលព្រះអាទិត្យរះឡើង សីសៈ របស់ទេវលតាបសនឹងបែកចេញជា ៧ភាគ ខ្ញុំអាស្រ័យសេចក្តីករុណាក្នុង លោកនោះ ទើបមិនឲ្យព្រះអាទិត្យរះឡើង។

ព្រះរាជា៖ ធ្វើយ៉ាងណា អន្តរាយនឹងមិនកើតមានដល់តាបសនោះ។

នារទៈ៖ បើតាបសសូមខមាទោសអាត្មាភាព អន្តរាយនឹងមិនគប្បីមាន។

ព្រះរាជា៖ បើដូច្នោះ លោកម្ចាស់ (ទេវលតាបស) ចូរសូមខមាទោស នារទតាបសចុះ។

ទ. ៨៥ ទេវល៖ ជដិលនេះជាន់អាត្មាភាពត្រង់ជដា និងត្រង់ក អាត្មាមិនសូមខមាទោសជដិលកោងនោះទេ។

ព្រះរាជា៖ លោកម្ចាស់ ចូរសូមខមាទោសចុះ លោកម្ចាស់កុំធ្វើយ៉ាងនេះឡើយ។

ទេវលតាបសទូលថា “អាត្មាភាព មិនព្រមសូមទោស សូម្បីកាល” ព្រះរាជាត្រាស់ថា “សីសៈរបស់លោកនឹងបែកជា ៧ភាគ” ក៏នៅតែមិនព្រមសូមទោសនោះឯង។ លំដាប់នោះ ព្រះរាជាត្រាស់ជាមួយតាបសនោះថា “លោកមិនព្រមសូមទោស តាមសេចក្តីពេញចិត្តរបស់ខ្លួនចុះ”។ ដូច្នេះ ទើបត្រាស់បង្គាប់ឲ្យរាជបុរសចាប់ទេវលតាបសនោះត្រង់ដៃ ត្រង់ជើង ត្រង់ពោះ ត្រង់ក ក៏ឲ្យក្រាបចុះទៀបជើងនារទតាបស។ នារទតាបសពោលថា “លោកអាចារ្យ សូមលោកក្រោកឡើងចុះ ខ្ញុំព្រមលើកទោសឲ្យដល់លោក” ហើយព្រះពរថា “មហាបពិត្រ តាបសនេះមិនបានសូមទោសអាត្មាដោយចិត្តស្មោះ មានស្រះនៅទីជិតនេះមួយកន្លែង សូមព្រះអង្គត្រាស់បង្គាប់ឲ្យតាសបនោះឈរទូលដុំដីស្អិត មុជទឹកក្នុងស្រះនោះត្រឹម ក”។ ព្រះទ. ៨៦ រាជាត្រាស់បង្គាប់ឲ្យធ្វើយ៉ាងនោះ។ នារទតាបសដាស់តឿន ទេវលតាបស ហើយពោលថា “លោកអាចារ្យ ពេលដែលខ្ញុំស្រាយឫទ្ធិ៍ហើយ កាលព្រះអាទិត្យបញ្ចេញពន្លឺ លោកគប្បីនៅស្ងៀមក្នុងស្រះទឹកនោះ ហើយផុសឡើងដោយទីដទៃ”។ ដុំដីស្ថិតនៅលើសីសៈរបស់ទេវលតាបសនោះ ស្មើគ្នានឹងរស្មីនៃព្រះអាទិត្យពាល់ត្រូវប៉ុណ្ណោះ ក៏បែកជា ៧ភាគចេញពីគ្នា។ ទេវលតាបសនោះ ឱនមុខចុះចៀសចេញទៅទីដទៃទៅ។

ពៀរមិនរម្ងាប់ដោយការចងពៀរ

ព្រះសាស្តា កាលទ្រង់នាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះរាជាក្នុងកាលនោះបានជាអានន្ទ ទេវលតាបស បានជាតិស្សភិក្ខុ នារទតាបសបានជាតថាគតនោះឯង សូម្បីក្នុងកាលនោះ តិស្សភិក្ខុ ក៏ជាអ្នកប្រដៅក្រ ដូច្នេះ”។ ហើយត្រាស់ឲ្យហៅតិស្សត្ថេរៈថា “តិស្សៈ ក៏កាលភិក្ខុគិតថា យើងត្រូវអ្នកឯណោះជេរហើយ ត្រូវអ្នកឯណោះប្រហារហើយ ត្រូវអ្នកឯណោះឈ្នះហើយ អ្នកឯណោះបានលួចវត្ថុរបស់យើងទៅហើយ ដូច្នេះ ឈ្មោះថាពៀររមែងមិនរម្ងាប់បាន តែកាលភិក្ខុ

ទ. ៨៧ មិនចូលទៅចងទុកយ៉ាងនោះឯង ពៀររមែងរម្ងាប់បាន” ដូច្នេះ ទើបទ្រង់ភាសិតព្រះគាថាទាំងនេះថា៖

អក្កោច្ឆិ មំ អវធិ មំ អជិនី មំ អហាសិ មេ យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ។ អក្កោច្ឆិ មំ អវធិ ម៉ អជិនិ មំ អហាសិ មេ យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ។

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ
អ្នកឯណោះបានផ្ចាញ់អញ អ្នកឯណោះ បានលួចទ្រព្យ
របស់អញទៅហើយ បើអ្នកណាចងសេចក្តីក្រោធបែប
នោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ មិនរម្ងាប់ឡើយ។
ចំណែកជនពួកណា មិនបានចងសេចក្តីក្រោធនោះទុកថា
អ្នកឯណោះបានជេរអញ អ្នកឯណោះបានវាយអញ
អ្នកឯណោះ បានឈ្នះអញ អ្នកឯណោះ បានលួចទ្រព្យរបស់
អញទៅហើយ ពៀររបស់ជននោះ រមែងរម្ងាប់បាន។

អធិប្បាយគាថា

ទ. ៨៨

បណ្តាបទទាំងនោះ បទថា អក្កោច្ឆិ (បានជេរ) គឺ បានជេរហើយ។ បទថា អវធិ (បានវាយ) គឺ ធ្វើបាបរាងកាយហើយ។ បទថា អជិនិ (បានឈ្នះ) គឺ បានឈ្នះយើងដោយការអាងសាក្សីកោងខ្លះ ដោយការពោល ប្រកែកខ្លះ ដោយការធ្វើឲ្យក្រៃលែងជាងការធ្វើខ្លះ។ បទថា អហាសិ (បានលួចទ្រព្យអញ) គឺ ជនឯណោះបានលួចទ្រព្យ គឺ បណ្តាវត្ថុទាំងឡាយ មានសំពត់ជាដើម ទ្រព្យណាមួយរបស់យើង។ បទថា យេ ច តំ (ក៏ ជនពួកណា “ចូលទៅចង” សេចក្តីក្រោធនោះ) ជាដើម សេចក្តីថា ជនពួកណាមួយ គឺ ទេវតា ឬមនុស្ស គ្រហស្ថ ឬបព្វជិត ចូលទៅចងសេចក្តីក្រោធនោះ មានវត្ថុជាដើមថា ជនឯណោះបានជេរយើង ដូច្នេះ ដូចពួកអ្នកបររទេះចងនឹមរទេះដោយកូនកំព្រា និងដូចពួកអ្នកនេសាទចងវត្ថុមានត្រីស្អុយជាដើមដោយវត្ថុមានស្បូវភ្លាំងជាដើម ពៀររបស់ពួកគេដែលកើត ឡើងហើយមួយគ្រា រមែងមិនរម្ងាប់ គឺថា រមែងមិនស្ងប់បាន។ បទថា យេ ច តំ នូបនយ្ហន្តិ (ចំណែកជនពួកណាមិនចូលទៅចងសេចក្តីក្រោធទ. ៨៩ ទុក) សេចក្តីថា ជនពួកណាមិនចូលទៅចងសេចក្តីក្រោធនោះ គឺ មានពាក្យជេរជាដើមជាទីតាំង ដោយអំណាចការមិនរឭកដល់ និងការមិនធ្វើ ទុកក្នុងចិត្តខ្លះ ដោយអំណាចការពិចារណារឃើញកម្ម យ៉ាងនេះថា “នរណាៗ ដែលមិនមានទោសបាន សូម្បីខ្លួនឯងក៏គង់នឹងជេរហើយក្នុងភពមុខ គង់នឹងប្រហារហើយ (ក្នុងភពមុន) គង់និងអាងសាក្សីកោងឈ្នះហើយ (ក្នុងភពមុន) ទ្រព្យរបស់អ្វីៗ របស់នរណាៗ ដែលខ្លួនឯងគង់នឹងសង្កត់សង្កិនយកហើយ (ក្នុងភពមុន) ព្រោះដូច្នោះ លោកសូម្បីជាបុគ្គលមិនមានទោស ក្នុងបច្ចុប្បន្ន) ក៏បានទទួលផលដែលមិនគួរប្រាថ្នា មានការរជរជាដើម”។ ពៀរ របស់ជននោះ សូម្បីកើតហើយព្រោះសេចក្តីប្រមាទ រមែងស្ងប់បានដោយការមិនចងសេចក្តី (ក្រាធ) នេះ ដូចភ្លើងមិនមានឧស កើតឡើងហើយក៏រលត់ទៅ ដូច្នេះឯង។

ក្នុងកាលចប់ទេសនា ភិក្ខុមួយសែនបានសម្រេចអរិយផលទាំងឡាយមានសោតាបត្តិផលជាដើម។ ព្រះធម្មទេសនាបានជាកថា មានប្រយោជន៍ដល់មហាជនហើយ។ ព្រះតិស្សត្ថេរ សូម្បីជាមនុស្សទូន្មានលំបាក ក៏ក្លាយទ. ៩០ ជាមនុស្សទូន្មានបានដោយងាយ។

ចប់ រឿង​ព្រះ​តិស្សត្ថេរៈ។

 

លេខយោង

1)
អកោដិតប្បច្ចារកោដិតេហិ ប្រែថា វាយហើយ និងវាយចំពោះហើយ។
2)
ការសំដែងវត្ត។
km/atthakatha/sut/kn/dhp/sut.kn.dhp.003_att.txt · ពេលកែចុងក្រោយ: 2024/08/31 06:50 និពន្ឋដោយ Johann