km:atthakatha:sut:kn:dhp:sut.kn.dhp.006_att

ធម្មបទគាថា ទី ៦ អដ្ឋកថា៖ "៥. រឿងភិក្ខុអ្នកក្រុងកោសម្ពី"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ៦ អំពី​​​រឿង​ដ៏ល្បីល្បាញ​ ពីដំរី និង​ស្វា ផ្តល់​សេវាកម្ម និង​ប្រគេន​ទឹកឃ្មុំ​ដល់​ព្រះពុទ្ធ ដែល​បាន​ចាក​ចេញ​ពី​ព្រះសង្ឃ ហើយចូល​ទៅ​ក្នុង​ព្រៃ ដោយ​សារ​តែ​ជម្លោះ​របស់​ពួកសង្ឃ មិន​បាន​ដោះ​ស្រាយទេ។

sut kn dhp 006 att បាលី cs-km: sut.kn.dhp.006_att តិបិដក៖ sut.kn.dhp.006 PTS: ?

ធម្មបទគាថា ទី ៦ អដ្ឋកថា

«៥. រឿងភិក្ខុអ្នកក្រុងកោសម្ពី»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

៥. រឿងភិក្ខុអ្នកក្រុងកោសម្ពី

៥. កោសម្ពកវត្ថុ

ទ. ១០៦ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួកអ្នកស្រុកកោសម្ពី ត្រាស់ព្រះធម្មទេសនានេះថា បរេ ន ច វិជានន្តិ ពួកជនដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួន ជាដើម។

សេចក្តីពិស្តារថា ភិក្ខុ២រូប គឺ ព្រះវិន័យធរ១រូប ព្រះធម្មកថិក១រូប មានបរិវារមួយរូបៗ ៥០០។ ថ្ងៃមួយ ក្នុងភិក្ខុ ២រូបនោះ ព្រះធម្មកថិក បានបន្សល់ទឹកទុកក្នងភាជនៈ ត្រង់ទ្វារបង្គន់ហើយចេញមក។ ក្រោយមក ព្រះវិន័យធរ ចូលទៅត្រង់ទ្វារបង្គន់នោះ ឃើញទឹកនោះ ចេញមកសួរ ព្រះធម្មកថិកថា “អ្នកមានអាយុលោកបន្សល់ទឹកនេះឬ”។

ធម្ម.៖ ករុណា លោកមានអាយុ។

វិ.៖ ក៏លោកមិនដឹងថាអាបត្តិ ព្រោះការបន្សល់ទឹកទុកទេឬ។

ធម្ម.៖ ករុណា ខ្ញុំមិនដីង។

វិ.៖ មិនដឹងក៏ហីចុះ អ្នកមានអាយុ នេះជាអាបត្តិក្នុងប្រការនេះ។

ទ. ១០៧ ធម្ម.៖ បើដូច្នោះ ខ្ញុំនឹងសំដែងអាបត្តិនោះចេញ។

វិ.៖ អ្នកមានអាយុ បើសេចក្តីនោះលោកមិនពេញចិត្តធ្វើ ព្រោះការមិនមានសតិ មិនជាអាបត្តិ។

ព្រះធម្មកថិកនោះយល់ថា អាបត្តិ មិនមែនជាអាបត្តិ។ ចំណែក ព្រះវិន័យធរ បានប្រាប់ដល់ពួកនិស្សិតរបស់ខ្លួនថា “ព្រះធម្មកថិករូបនោះ សូម្បីត្រូវអាបត្តិក៏មិនដឹង”។ ពួកនិស្សិត របស់ព្រះវិន័យធរនោះ ឃើញពួក និស្សិត របស់ព្រះធម្មកថិកនោះហើយ បានពោលថា “ព្រះឧបជ្ឈាយ៍ របស់ពួកលោក សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹងថាជាអាបត្តិ”។ ពួកនិស្សិត របស់ព្រះធម្មកថិកនោះ បានប្រាប់ដល់ព្រះឧបជ្ឈាយ៍របស់ខ្លួន។ ព្រះធម្ម កថិកនោះពោលយ៉ាងនេះថា “ព្រះវិន័យធររូបនេះ កាលមុននិយាយថា មិនជាអាបត្តិ តែឥឡូវនេះនិយាយថា ជាអាបត្តិ ព្រះវិន័យធរនោះ និយាយ មុសា”។ ពួកនិស្សិត របស់ព្រះធម្មកថិកនោះបានពោលថា “ព្រះឧបជ្ឈាយ៍ របស់ពួកលោកនិយាយមុសា”។ ពួកនិស្សិត របស់ព្រះវិន័យធរ និងរបស់ព្រះធម្មកថិកនោះ ធ្វើការទាស់ទែងគ្នានឹងគ្នាឲ្យចម្រើនឡើង ដោយប្រការទ. ១០៨ យ៉ាងនេះ។ ក្រោយមក ព្រះវិន័យធរបានឱកាស ទើបបានធ្វើឧក្ខេបនីយកម្ម (កម្មដែលសង្ឃគប្បីធ្វើដល់ភិក្ខុដែលសង្ឃហាមការគប់រក) ដល់ ព្រះធម្មកថិក ព្រោះទោសដែលមិនឃើញអាបត្តិ។ ក្នុងកាលនោះ សូម្បីពួកឧបដ្ឋាកដែលថ្វាយបច្ច័យបួនដល់ភិក្ខុ ២រូបនោះ ក៏បានចែកជា ២ចំណែក។ ពួកភិក្ខុនីអ្នកទទួលឱវាទក្តី ពួកអារក្ខទេវតាក្តី1) ពួកអាកាសទេវតាក្តី2) ដែលជាសំឡាញ់របស់អារក្ខទេវតាទាំងនោះក្តី ពួកបុថុជ្ជន ទាំងអស់រហូតដល់ព្រហ្មលោកក្តី ក៏បែកជា ២ចំណែក។ សភាពកាលាហលកឹកកងមានសំឡេងតែមួយ ប្រព្រឹត្តទៅរហូតដល់អកនិដ្ឋភព។

ព្រះសាស្ដាត្រាស់ទូន្មានឱ្យសាមគ្គីគ្នា

គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះសាស្តា ក្រាបទូលការឃើញ របស់ពួកភិក្ខុអ្នកលើកវត្តថា “ព្រះធម្មកថិករូបនេះ ត្រូវសង្ឃលើកវត្តហើយ ដោយកម្មដែលត្រូវតាមធម៌នោះឯង” និងការដែលឃើញរបស់ពួកភិក្ខុអ្នក ប្រព្រឹត្តតាមធម្មកថិកអ្នកដែលត្រូវសង្ឃលើកវត្តហើយថា “ព្រះឧបជ្ឈាយ៍ទ. ១០៩ របស់ពួកយើងត្រូវសង្ឃលើកវត្តហើយ ដោយកម្មមិនត្រូវតាមធម៌” និងដែលពួកភិក្ខុអ្នកប្រព្រឹត្តតាមទាំងនោះ សូម្បីត្រូវពួកភិក្ខុលើកវត្តហាមហើយ ក៏ចូលដៃដើរតាមព្រះធម្មកថិកនោះ។ ព្រះមានព្រះភាគទ្រង់បញ្ជូន ឱវាទទៅថា “ន័យថា ម្នាលភិក្ខុទាំងឡាយ ចូរព្រមព្រៀងគ្នា” សូម្បី ២ដង ទ្រង់ជ្រាបថា “បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងឡាយនឹងមិនប្រាថ្នាជាអ្នក ព្រមព្រៀងគ្នាទេ” ក្នុងលើកទី៣ ទ្រង់ជ្រាបថា “ភិក្ខុសង្ឃបែកគ្នាហើយ ភិក្ខុសង្ឃបែកគ្នាហើយ” ទើបស្តេចទៅកាន់សំណាក់របស់ភិក្ខុទាំងឡាយនោះ ត្រាស់ទោសក្នុងការលើកវត្តរបស់ពួកភិក្ខុអ្នកលើកវត្ត និងទោសក្នុង ការមិនឃើញអាបត្តិរបស់ពួកភិក្ខុក្រៅពីនេះ ទើបទ្រង់អនុញ្ញាតសង្ឃកម្មទាំងឡាយ មានឧបោសថជាដើមក្នុងសីមាជាមួយគ្នា ត្រង់ឃោសិតារាមនោះឯង ដល់ភិក្ខុទាំងឡាយទៀត ហើយទ្រង់បញ្ញត្តិ វត្តក្នុងរោងឆាន់ថា “ម្នាលភិក្ខុទាំងឡាយ គប្បីអង្គុយក្នុងជួរមានអាសនៈមួយៗ ក្នុងចន្លោះៗ3) ដូច្នេះជាដើម” ដល់ភិក្ខុទាំងឡាយដែលកើតការបែកបាក់គ្នាក្នុងទីទាំងឡាយទ. ១១០ មានរោងឆាន់ជាដើម ហើយទ្រង់ស្តាប់ថា “សូម្បីម្តងនេះ ភិក្ខុទាំងឡាយក៏ទៅតែមានការបែកបាក់គ្នា” ទើបស្តេចយាងទៅកាន់រោងឆាន់ជាដើមនោះ ហើយត្រាស់ហាមថា “កុំឡើយភិក្ខុ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកកុំមានការបែកបាក់គ្នា” ជាដើម ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា ការបែកបាក់គ្នា ការឈ្លោះគ្នា ការមិនចុះសម្រុងគ្នា និងការវិវាទគ្នានោះ រមែងធ្វើសេចក្តីវិនាសឲ្យដោយពិត សូម្បីនាងបក្សីនកលដ្ឋុកិកា4) អាស្រ័យ ការឈ្លោះគ្នា អាចធ្វើស្តេចដំរីឲ្យដល់នូវសេចក្តីស្លាប់បាន” ហើយត្រាស់ លដ្ឋុកិកជាតក5) ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ សូមពួកអ្នកចូល ព្រមព្រៀមគ្នាចុះ កុំវិវាទគ្នាឡើយ ព្រោះថា សូម្បីសត្វចាបទាំងឡាយច្រើនពាន់ អាស្រ័យការវិវាទគ្នា ក៏បានដល់នូវការអស់ជីវិត” ហើយទ្រង់ត្រាស់ វដ្ឋកជាតក។6)

លុះពួកភិក្ខុទាំងនោះមិនជឿ មិនស្តាប់ព្រះតម្រាស់សូម្បីយ៉ាងនេះទ. ១១១ កាលភិក្ខុអ្នកជាធម្មវាទីរូបណាមួយ មិនប្រាថ្នាឲ្យព្រះតថាគតទ្រង់លំបាក ក៏ ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគទ្រង់ជាម្ចាស់នៃធម៌ ទ្រង់រង់ចាំសិន បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគទ្រង់ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបដោយធម៌ជាគ្រឿងនៅជាសុខក្នុងទិដ្ឋធម៌ចុះ ពួកខ្ញុំព្រះអង្គនឹងប្រាកដ (បានទទួលផល) ព្រោះការបែកបាក់ ការឈ្លោះ ការមិនចុះសម្រុង និងការវិវាទគ្នានោះ”។ ព្រះមានព្រះភាគត្រាស់ ដល់រឿងដែលព្រះបាទទីឃីតិកោសលរាជ ត្រូវព្រះបាទព្រហ្មទត្តដណ្តើមយករាជសម្បត្តិ បន្លំខ្លួនមិនឲ្យអ្នកណាដឹងថាជាស្ដេច ហើយចាប់ផ្តាច់ព្រះជន្ម និងព្រះបាទព្រហ្មទត្ត និងទីឃាវុកុមារទាំងនោះព្រមព្រៀងគ្នា ផ្តើមពីកាល ទីឃាវុកុមារថ្វាយព្រះជន្មរបស់ព្រះអង្គវិញ ថា “ម្នាលភិក្ខុទាំងឡាយ រឿងនេះធ្លាប់មានមកហើយ ក្នុងក្រុងពារាណសី មានព្រះរាជាក្រុងកាសី (មួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រហ្មទត្ត” ដូច្នេះជាដើម សូម្បីត្រាស់ទូន្មានថា “ម្នាលភិក្ខុទាំងឡាយ សេចក្តីអត់ធន់ និងសេចក្តីស្ងប់ស្ងៀមបែបនោះ មានហើយដល់ព្រះរាជាទាំងនោះ អ្នកមានអាជ្ញាកាន់ទុកហើយ អ្នកមានសស្ត្រាទ. ១១២ កាន់ទុកហើយ សភាពដែលអ្នកទាំងឡាយបួសហើយក្នុងធម្មវិន័យ ដែលពោលល្អយ៉ាងនេះ គួរជាអ្នកអត់ធន់ ជាអ្នកស្ងប់ស្ងៀម និងគប្បីប្រព្រឹត្ត ស្អាតក្នុងធម្មវិន័យនេះឯង” ដូច្នេះ ក៏មិនអាចនឹងធ្វើភិក្ខុទាំងឡាយឲ្យព្រមព្រៀងគ្នាបានឡើយ។

ព្រះអង្គទ្រង់នឿយណាយព្រះទ័យ ព្រោះការនៅក្នុងសភាពច្របូក ច្របល់នោះ ទ្រង់មានព្រះតម្រិះថា “ឥឡូវនេះ តថាគតនៅដោយការច្របូក ច្របល់រមែងលំបាក ទាំងភិក្ខុពួកនេះមិនតាមពាក្យរបស់តថាគត បើដូច្នោះ តថាគតគប្បីចៀសចេញពីពួកភិក្ខុទាំងនេះនៅតែម្នាក់ឯង” ដូច្នេះ ស្ដេចត្រាច់ បិណ្ឌបាតក្នុងក្រុងកោសម្ពី មិនត្រាស់ប្រាប់ដល់ព្រះភិក្ខុសង្ឃ ទ្រង់ប្រដាប់បាត្រ និងចីវរបស់ព្រះអង្គ ស្តេចយាងទៅពាលកលោណការាមតែមួយ ព្រះអង្គឯង ត្រាស់ឯកចារិកវត្ត (វត្តបដិបត្តិរបស់ភិក្ខុអ្នកនៅម្នាក់ឯង) ដល់ព្រះភគុថេរៈត្រង់ពាលកលាណការាមនោះហើយ ត្រាស់អានិសង្សនៃការសាមគ្គីដល់កុលបុត្រ ៣នាក់ ត្រង់មិគទាយវ័ន7) ឈ្មោះបាចីនវង្សៈ ហើយទ. ១១៣ ស្តេចយាងទៅតាមផ្លូវស្រុកបារិលេយ្យកៈ។ ដូចបានស្ដាប់មក គ្រានោះព្រះមានព្រះភាគទ្រង់អាស្រ័យស្រុកបារិលេយ្យកៈ ដែលបានដំរីបារិលេយ្យកៈឧបដ្ឋាក ស្តេចចាំវស្សាតង់ទៅជាសុខត្រង់គល់ដើមសាលព្រឹក្សធំ ក្នុងដងព្រៃរក្ខិតវ័ន។

ចំណែកពួកឧបាសកឧបាសិកា អ្នកនៅក្នុងស្រុកកោសម្ពី ទៅកាន់វិហារមិនឃើញព្រះសាស្តា ទើបសួរថា លោកម្ចាស់ដ៏ចម្រើន ព្រះសាស្តាស្តេចទៅទីណា។ ភិក្ខុទាំងឡាយនោះពោលថា ព្រះអង្គស្ដេចទៅកាន់ព្រៃ បារិលេយ្យកៈហើយ។

ខបា.៖ ព្រោះហេតុអ្វី លោកម្ចាស់។

ភិ.៖ ព្រះអង្គទ្រង់ព្យាយាម នឹងធ្វើពួកយើងឲ្យព្រមព្រៀងគ្នា តែពួកយើងមិនព្រមព្រៀងគ្នា។

ខបា.៖ បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ទាំងឡាយបួសក្នុងសំណាក់របស់ព្រះសាស្តាហើយ សូម្បីព្រះអង្គទ្រង់សមានសាមគ្គីហើយ ក៏មិនបានជាអ្នកសាមគ្គីគ្នាទៀតឬ។

ទ. ១១៤ ក.៖ យ៉ាងនោះហើយ អ្នកមានអាយុ។

ពួកមនុស្សគិតគ្នាថា “ភិក្ខុពួកនេះ បួសក្នុងសំណាក់របស់ព្រះសាស្តាហើយ កាលព្រះអង្គទ្រង់សមានសាមគ្គី ក៏មិនអាចសាមគ្គីគ្នាបាន ពួកយើងមិនបានឃើញព្រះសាស្តា ព្រោះអាស្រ័យពួកភិក្ខុទាំងនេះ ពួកយើងនឹងមិនថ្វាយអាសនៈ នឹងមិនធ្វើសាមីចិកម្ម មានការសំពះជាដើមដល់ពួកភិក្ខុពួកនេះ” ដូច្នេះ ចាប់តាំងពីនោះមក ក៏មិនធ្វើសូម្បីតែសាមីចិកម្មដល់ ភិក្ខុពួកនោះ។ ភិក្ខុទាំងឡាយស្គមស្គាំងព្រោះមានអាហារតិច ត្រឹមតែពីរ បីថ្ងៃប៉ុណ្ណោះ ក៏ជាអ្នកត្រង់ សំដែងទោសដែលកន្លងល្មើសដល់គ្នានីងគ្នា ភិក្ខុផ្សេងទៀតក៏សូមទោស ហើយពោលថា “ឧបាសកឧបាសិកាទាំងឡាយ ពួកយើងសាមគ្គីគ្នាហើយ ចំណែកពួកលោក សូមឲ្យជាដូចដើមដល់ពួកយើង”។

ឧបា.៖ លោកម្ចាស់ដ៏ចម្រើន ពួកលោកទូលសូមទោសព្រះសាស្តាហើយឬ។

ភិក្ខុ.៖ មិនទាន់បានចូលសូមទោសនៅឡើយទេ អ្នកមានអាយុ។

ទ. ១១៥ ឧបា.៖ បើដូច្នោះ សូមពួកលោកចូរទូលសូមទោសព្រះសាស្តា ចំណែកពួកខ្ញុំម្ចាស់នឹងជាដូចដើមចំពោះលោកម្ចាស់វិញ ក្នុងកាលពួកលោកម្ចាស់ទូលសូមទោសព្រះសាស្តាហើយ។

ភិក្ខុទាំងឡាយ មិនអាចទៅកាន់សំណាក់របស់ព្រះសាស្តាបាន ព្រោះនៅក្នុងវស្សា ព្រោះក្នុងវស្សានោះទៅដោយលំបាក។

ដំរីបារិលេយ្យកៈឧបដ្ឋាកព្រះសាស្តា

ចំណែកព្រះសាស្តា ទ្រង់បានដំរីនោះឧបដ្ឋាកហើយ ប្រថាប់គង់នៅជាសុខ។ ឯដំរីនោះ លះបង់ហ្វូងចូលទៅកាន់ដងព្រៃនោះ ដើម្បីត្រូវការនៅជាសុខ។ ព្រះធម្មសង្គាហកាចារ្យពោលទុកយ៉ាងណា។ លោកពោល ទុកថា (គ្រានោះ សេចក្តីត្រិះរិះបានមានដល់ស្តេចដំរីនោះថា) “យើងនៅ ច្របូកច្របល់ដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ទំពាស៊ីនូវស្មៅដែលមានចុងរិចហើយ និងពួកគេរង់ចាំស៊ីមែកឈើ ដែលយើងកាច់ឲ្យ និងយើងផឹកទឹកដែលល្អក់ កាលយើងចុះ និងឡើងពីកំពង់ ពួកដំរីញី ដែលខ្លួនប្រឡាក់ដោយភក់មកត្រដុសនឹងកាយយើង” បើដូច្នោះ យើងនឹងទ. ១១៦ ចៀសចេញពីពួក នៅតែម្នាក់ឯង។ គ្រានោះឯង ស្តេចដំរីនោះគេចចេញចាកហ្វូងដំរី ចូលទៅនៅស្រុកបារិលេយ្យកៈ នាដងព្រៃរក្ខិតវ័ន ក្រោមដើមសាលព្រឹក្សធំ ត្រង់កន្លែងដែលព្រះមានព្រះភាគស្ដេចប្រថាប់នៅ លុះចូលទៅហើយ ថ្វាយបង្គំព្រះមានព្រះភាគ ក្រឡេកមើលមិនឃើញមានវត្ថុអ្វីៗដទៃ ទើបឈូសពង្រាបត្រង់គល់សាលព្រឹក្សដោយជើង ឲ្យរាបរយ យកប្រមោយចាប់មែកឈើបោសសំអាត តាំងពីនោះមក ស្ដេចដំរីនោះយក ប្រមោយចាប់ឆ្នាំងដងទឹកឆាន់ ទឹកប្រើមកតម្កល់ទុក កាលទ្រង់ព្រះបំណង (ដោយទឹកក្តៅ ក៏ចាត់ចែងទឹកក្តៅថ្វាយ។ ស្តេចដំរី នោះចាត់ចែងទឹកក្តៅ បានយ៉ាងណា។ ស្តេចដំរីនោះយកប្រមោយចាប់ឈើស្ងួតមកកួតឲ្យមានភ្លើង ដាក់ឧសឲ្យជាភ្នក់ភ្លើង ដុតសិលាក្នុងគំនរភ្លើងនោះ ហើយប្រមៀល ដុំសិលានោះដោយកំណាត់ឈើ ទម្លាក់ចុះក្នុងត្រពាំងតូច ដែលបានកំណត់ទុក តមក ក៏យកប្រមោយជ្រលក់ចុះទៅដឹងថា ទឹកក្តៅហើយ ទើបទៅថ្វាយបង្គំព្រះសាស្តា។ ព្រះសាស្តាត្រាស់ថា «បារិលេយ្យកៈ អ្នកដាំទឹក ហើយឬ” ដូច្នេះ ទើបបានស្តេចយាងទៅស្រង់ក្នុងទីនោះ។ ក្នុងកាលនោះទ. ១១៧ ស្តេចដំរីនោះនាំផ្លែឈើផ្សេងៗ មកថ្វាយចំពោះព្រះសាស្តា។ ក៏កាលព្រះសាស្តាស្ដេចចូលកាន់ស្រុកដើម្បីបិណ្ឌបាត្រ ស្តេចដំរីនោះកាន់បាត្រ ចីវរ របស់ព្រះសាស្តាទុកលើ (ខ្នង) តាមព្រះសាស្តាទៅ។ ព្រះសាស្ដាស្ដេច យាងទៅដល់ដែននៃស្រុកហើយត្រាស់ថា “បារិលេយ្យកៈ តាំងពីនេះ អ្នកមិនអាចទៅបានទេ អ្នកចូរយកបាត្រចីវររបស់តថាគតមក” ហើយឲ្យស្តេច ដំរីនោះយកបាត្រចីវរមកថ្វាយ ស្តេចយាងចូលកាន់ស្រុកដើម្បីបិណ្ឌបាត្រ។ ចំណែកស្តេចដំរីនោះ ឈរនៅទីនោះឯងរហូតដល់ព្រះសាស្តា ស្តេចយាងចេញមក ក្នុងវេលាដែលព្រះសាស្តាស្ដេចយាងចេញមក ធ្វើការក្រោកទទួល ហើយកាន់បាត្រចីវរ ដូចន័យមុននោះឯង (នាំទៅ) ដាក់ចុះត្រង់ទីប្រថាប់ ហើយសំដែងវត្ត បក់ថ្វាយដោយមែកឈើ។ ការពារអន្តរាយអំពីសត្វកាចក្នុងរាត្រី ស្តេចដំរីនោះយកប្រមោយចាប់កំណាត់ឈើធំ ត្រាច់ទៅក្នុងចន្លោះៗ នៃដងព្រៃរហូតដល់អរុណរះឡើង ដោយតាំងចិត្តថា “យើងនឹងរក្សាព្រះសាស្តា”។ បានឮថា ដងព្រៃនោះឈ្មោះថា រក្ខិតវ័នសណ្ឌៈ តាំងពីកាលនោះមក។ ពេលអរុណរះឡើងហើយ ស្តេចដំរីនោះ ធ្វើវត្តទាំងទ. ១១៨ ពួងដោយឧបាយនោះឯង តាំងពីការថ្វាយទឹកលប់ព្រះភ័ក្ត្រ។

គ្រានោះ ស្វាមួយបានឃើញដំរីនោះខ្នះខ្នែង ធ្វើអភិសមាចារវត្ត (គឺ ការបដិបត្តិ) ចំពោះព្រះសាស្តាហើយគិតថា “សូម្បីយើងក៏នឹងធ្វើអ្វីៗ ថ្វាយខ្លះ” ត្រាច់ទៅអស់មួយថ្ងៃ ឃើញសំបុកឃ្មុំត្រង់មែកឈើមិនមានមេ ក៏កាច់មែកឈើ ហើយនាំសំបុកឃ្មុំព្រមទាំងមែកឈើទៅកាន់សំណាក់ព្រះសាស្តា បានក្តិចស្លឹកចេកទ្រាប់ថ្វាយ។ ព្រះសាស្តាទ្រង់ទទួលហើយ។ ពានរក្រឡេកឃើញ បានគិតថា “ព្រះសាស្តាទ្រង់ធ្វើការសោយឬទេ” ឃើញព្រះសាស្តាទ្រង់ទទួលហើយគង់ស្ងៀម គិតថា “មានហេតុអ្វីហ្ន៎” ទើបចាប់ចុងមែកឈើត្រឡប់មើល ឃើញកូនឃ្មុំហើយ ទើបថ្នមៗ នាំកូនឃ្មុំ ទាំងនោះចេញ ទើបបានថ្វាយជាថ្មី។ ព្រះសាស្តាទ្រង់សោយហើយ។ ពានរនោះមានចិត្តរីករាយ បានចាប់មែកឈើនោះៗ ឈររាំ។ ក្នុងកាលនោះ មែកឈើដែលពានរនោះចាប់ហើយក្តី មែកឈើដែលពានរនោះជាន់ លើហើយក្តី ក៏បានបាក់។ ពានរនោះធ្លាក់ចុះត្រង់ចុងដង្កត់មួយ ត្រូវចុង ដង្កត់មុតជាប់ ទាំងចិត្តកំពុងជ្រះថ្លាក៏ធ្វើកាលកិរិយាទៅ បានទៅកើតនៅទ. ១១៩ ក្នុងវិមានមាសកម្ពស់ ៣០យោជន៍ ក្នុងភពតាវតិង្ស មានទេពអប្សរជាបរិវារមួយពាន់។

ព្រះសាស្តា ដែលបានស្តេចដំរីឧបដ្ឋាក ប្រថាប់នៅក្នុងដងព្រៃរក្ខិតវ័ននោះ ក៏បានប្រាកដក្នុងជម្ពូទ្វីបទាំងមូល។ ត្រកូលធំៗ ជាដើមយ៉ាងនេះ គឺ លោកសេដ្ឋីអនាថបិណ្ឌិកៈ និងនាងវិសាខាមហាឧបាសិកា បានបញ្ជូន ដំណឹងពីនគរសាវត្ថីទៅដល់ព្រះអានន្ទត្ថេរថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ ចូរសំដែងព្រះសាស្តាដល់ពួកខ្ញុំព្រះអង្គ។ ចំណែកភិក្ខុ ៥០០រូប អ្នកនៅក្នុងទិស ចេញវស្សាហើយចូលទៅរកព្រះអានន្ទត្រូវ អង្វរសូមថា “អានន្ទដ៏មានអាយុ ធម្មីកថាចំពោះព្រះភ័ក្ត្រព្រះមានព្រះភាគ ខ្ញុំទាំងឡាយខានបានស្តាប់យូរមកហើយ អានន្ទដ៏មានអាយុ សូមឱកាស ខ្ញុំទាំងឡាយ គប្បីបានស្តាប់ធម្មីកថាក្នុងទីចំពោះព្រះភ័ក្ត្រព្រះមានព្រះភាគផងចុះ។ ព្រះថេរៈនាំភិក្ខុទាំងនោះទៅក្នុងទីនោះ ហើយគិតថា “ការចូលទៅកាន់សំណាក់ព្រះតថាគត ស្តេចទៅមួយព្រះអង្គឯងរហូតត្រៃមាស ព្រមជាមួយភិក្ខុមានប្រមាណប៉ុណ្ណេះ មិនសមគួរ” ដូច្នេះ ទើបនាំភិក្ខុទាំងនោះឲ្យទ. ១២០ ចាំនៅខាងក្រៅ ហើយចូលទៅគាល់ព្រះសាស្តាតែមួយអង្គឯងប៉ុណ្ណោះ។ ស្តេចដំរីបារិលេយ្យកៈ ឃើញព្រះអានន្ទត្ថេរហើយ ចាប់កំណាត់ឈើរត់ ទៅរក។ ព្រះសាស្ដា ទត្តឃើញហើយ ត្រាស់ថា “ឈប់បារិលេយ្យកៈ កុំឃាត់ឡើយ ភិក្ខុនោះជាពុទ្ធុបដ្ឋាក”។ ស្តេចដំរីបារិលេយ្យកៈ ទម្លាក់កំណាត់ឈើចោលនៅក្នុងទីនោះឯង ហើយបានសម្តែងអាការអើពើ ដល់ការទទួលបាត្រចីវរ។ ព្រះថេរៈមិនបានឲ្យទេ។ ស្តេចដំរីគិតថា “បើភិក្ខុរូបនេះ មានវត្តដែលបានរៀនហើយ លោកនឹងមិនដាក់បរិក្ខាររបស់ខ្លួនទុក លើផែនសិលា ទីប្រថាប់របស់ព្រះសាស្ដាឡើយ”។ ព្រះថេរៈបានដាក់បាត្រ ចីវរទុកលើផ្ទៃដីហើយ។ ពិតហើយ បុគ្គលអ្នកដល់ព្រមហើយដោយវត្ត រមែងមិនដាក់បរិក្ខាររបស់ខ្លួនទុកលើទីអង្គុយ ឬលើទីដេករបស់គ្រូ។ ស្ដេច ដំរីឃើញអាការនោះ ក៏មានចិត្តជ្រះថ្លា។ ព្រះថេរៈ អភិវាទព្រះសាស្តាហើយ អង្គុយនៅក្នុងទីដ៏សមគួរមួយ។ ព្រះសាស្តាត្រាស់សួរថា អានន្ទ អ្នកមកតែម្នាក់ឯងទេឬ ទ្រង់ស្តាប់ថា ព្រះថេរៈមកព្រមជាមួយភិក្ខុ ៥០០ ហើយត្រាស់ថា ក៏ភិក្ខុទាំងនោះនៅទីណា កាលព្រះថេរៈទូលថា ខ្ញុំ ទ. ១២១ ព្រះអង្គមិនជ្រាបទឹកព្រះទ័យរបស់ព្រះអង្គ ទើបឲ្យភិក្ខុទាំងឡាយឈប់ចាំខាងក្រៅ ហើយចូលមកតែម្នាក់ឯង។ ត្រាស់ថា ហៅភិក្ខុទាំងឡាយមកចុះ។ ព្រះថេរៈបានធ្វើតាមព្រះតម្រាស់ហើយ។ ភិក្ខុទាំងនោះមកថ្វាយបង្គំព្រះសាស្តា ហើយអង្គុយទៅក្នុងទីដ៏សមគួរមួយ។ ព្រះសាស្តាទ្រង់ធ្វើ បដិសណ្ឋារៈទទួលភិក្ខុទាំងឡាយហើយ កាលភិក្ខុទាំងនោះទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគព្រះអង្គទ្រង់ប្រកបដោយសុខមាលជាតិ និងជាក្សត្រិយសុខមាលជាតិ ព្រះអង្គស្ដេចប្រថាប់ឈរ និងប្រថាប់គង់ មួយព្រះអង្គឯងអស់ត្រៃមាស ធ្វើកិច្ចដែលធ្វើបានដោយលំបាក អ្នកធ្វើវត្ត តូចធំក្តី អ្នកថ្វាយទឹកលប់ព្រះភ័ក្ត្រក្តី សូម្បីតែម្នាក់ក៏មិនមានឡើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងពួងរបស់តថាគត ស្តេចដំរីបារិ លេយ្យកៈធ្វើហើយ ក៏បុគ្គលដែលបានមិត្តបែបនេះ នៅជាមួយគ្នាគួរហើយ កាលមិនបានមិត្ត (បែបនេះ) ភាពជាអ្នកត្រាច់ទៅតែម្នាក់ឯងប៉ុណ្ណោះប្រសើរជាង ហើយបានភាសិត ៣គាថា ក្នុងនាគវគ្គទាំងនេះថា៖

បើបុគ្គលបានសំឡាញ់អ្នកមានបញ្ញារក្សាខ្លួន មានបញ្ញាទ. ១២២ ជាគ្រឿងចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោជន៍ឲ្យសម្រេច ទុកជាអ្នកត្រាច់ទៅជាមួយគ្នាសោត (បុគ្គលអ្នក បានសំឡាញ់បែបនោះ) គួរមានចិត្តត្រេកអរ មានសតិ គ្របសង្កត់អន្តរាយ ដែលធ្លាប់បៀតបៀនជុំវិញទាំងពួងបាន ហើយត្រាច់ទៅជាមួយសំឡាញ់នោះ បើបុគ្គលមិនបាន សំឡាញ់អ្នកមានបញ្ញារក្សាខ្លួន មានបញ្ហាជាគ្រឿងចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោជន៍ឲ្យសម្រេច ទុកជា ត្រាច់ទៅជាមួយគ្នាសោត បុគ្គលនោះគួរតែត្រាច់ទៅតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះដែនដែលព្រះអង្គទ្រង់ឈ្នះ ហើយ ស្ដេចនៅតែម្នាក់ឯង (និង) ដូចស្ដេចដំរីឈ្មោះថា មាតង្គៈ ត្រាច់ទៅក្នុងព្រៃតែម្នាក់ឯង ការត្រាច់ទៅតែម្នាក់ឯងប្រសើរជាង (ព្រោះថា) ភាពជាមិត្តមិនមានក្នុងជនពាល បុគ្គលមិនបានសំឡាញ់បែបនោះ គួរមានសេចក្តីខ្វល់ខ្វាយតិច ត្រាច់ទៅតែម្នាក់ឯង និងមិនគួរធ្វើបាបទាំងទ. ១២៣ ឡាយ ដូចស្ដេចដំរីឈ្មោះមាតង្គៈ ដែលមានសេចក្តីខ្វល់ខ្វាយតិច ត្រាច់ទៅក្នុងព្រៃតែម្នាក់ឯង មិនបានធ្វើបាប។

ក្នុងកាលចប់គាថា ភិក្ខុទាំង ៥០០ រូប ក៏តាំងនៅក្នុងព្រះអរហត្ត។ ព្រះអានន្ទត្ថេរ ក្រាបទូលដំណឹងដែលត្រកូលធំៗ មានអនាថបិណ្ឌិកសេដ្ឋី ជាដើមបញ្ជូនមកហើយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន អរិយសាវក ៥ កោដិ មានអនាថបិណ្ឌិកសេដ្ឋីជាប្រធាន រង់ចាំការស្តេចយាងរបស់ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា បើដូច្នោះ អ្នកចូរទទួលបាត្រចីវរ ហើយឲ្យព្រះថេរៈទទួលបាត្រចីវរ ស្តេចក៏យាងចេញទៅ។ ស្តេចដំរីបានទៅឈរឃាំងផ្លូវ។ ភិក្ខុទាំងឡាយឃើញដូច្នោះ ក៏ទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចដំរីធ្វើអ្វី។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំរីប្រាថ្នានឹងថ្វាយភិក្ខារដល់អ្នកទាំងឡាយ ក៏ស្តេចដំរីនេះបានធ្វើឧបការៈដល់តថាគតអស់កាលដ៏យូរ ការធ្វើចិត្តរបស់ស្តេចដំរីនេះឲ្យទាស់ មិនគួរឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រឡប់ទៅចុះ។ ព្រះសាស្តាទ្រង់នាំភិក្ខុទាំងឡាយស្តេចយាងត្រឡប់ហើយ។ ចំណែកស្តេចដំរីទ. ១២៤ ក៏ចូលទៅកាន់ដងព្រៃ ប្រមូលផ្លែឈើផ្សេងៗ មានផ្លែខ្នុរ និងផ្លែចេកជាដើមមក ធ្វើឲ្យជាគំនរទុកក្នុងពេលអរុណរះឡើង បានថ្វាយដល់ភិក្ខុ ទាំងឡាយ។ ភិក្ខុ ៥០០រូប មិនអាចឆាន់ផ្លែឈើទាំងឡាយអស់បាន។ ក្នុងកាលសម្រេចភត្តកិច្ច ព្រះសាស្តា ទ្រង់ប្រដាប់បាត្រ និងចីវរ ហើយស្ដេចចេញទៅ។ ស្តេចដំរីដើរជែងទៅមុខតាមចន្លោះផ្លូវនៃភិក្ខុទាំងឡាយ បាន ឈរចំពោះព្រះភ័ក្ត្រព្រះសាស្តា។ ភិក្ខុទាំងឡាយឃើញដូច្នោះ ទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចដំរីធ្វើអ្វី។

ព្រះសាស្តា៖ ម្នាលភិក្ខុទាំងឡាយ (ស្តេចដំរីនេះនឹងជូនពួកអ្នកទៅ តែអង្វរឲ្យតថាគតត្រឡប់។

ភិក្ខុ៖ យ៉ាងនោះឬ ព្រះអង្គ។

ព្រះសាស្តា៖ យ៉ាងនោះឯង ភិក្ខុទាំងឡាយ។

លំដាប់នោះ ព្រះសាស្តាត្រាស់នឹងដំរីនោះថា បារិលេយ្យកៈ នេះជាការទៅមិនត្រឡប់របស់តថាគត ឈានក្តី វិបស្សនាក្តី មគ្គ និងផលក្តី រមែងមិនមានដល់អ្នកដោយអត្ថភាពនេះ អ្នកនៅទីនេះចុះ។ ស្តេចដំរីបានទ. ១២៥ ស្តាប់ព្រះតម្រាស់ដូច្នោះហើយ បានស៊កប្រមោយចូលមាត់ស្រែកយំ ដើរតាមអំពីខាងក្រោយៗ។ ក៏ស្ដេចដំរីនោះ កាលយាងព្រះសាស្តាត្រឡប់ មិនបាន ក៏បដិបត្តិដោយអាការនោះឯងរហូតអស់ជីវិត។ ឯព្រះសាស្តា ស្តេចយាងដល់ដែននៃស្រុកនោះហើយ ត្រាស់ថា បារិលេយ្យកៈ ចាប់អំពីទីនេះទៅ មិនមែនជាដែនរបស់អ្នកឡើយ ជាទីនៅរបស់ពួកមនុស្ស មានអន្តរាយបៀបបៀតដោយជុំវិញ អ្នកចូរឈប់ត្រង់នេះចុះ។ ដំរីនោះឈរ យំនៅក្នុងទីនោះឯង កាលព្រះសាស្តាទ្រង់ផុតពីគន្លងចក្ខុទៅ ស្តេចដំរីក៏បែកបេះដូងស្លាប់ បានទៅកើតនៅក្នុងកណ្តាលនាងទេពអប្សរមួយពាន់ ក្នុងវិមានមាសកម្ពស់ ៣០យោជន៍ ក្នុងភពតាវតឹង្ស ព្រោះសេចក្តីជ្រះថ្លា ក្នុងព្រះសាស្តា។ ទេវបុត្រនោះមានឈ្មោះថា បារិលេយ្យកៈទេវបុត្រ។ ចំណែកព្រះសាស្តា ស្តេចយាងដល់វត្តជេតពនហើយដោយលំដាប់។

ភិក្ខុអ្នកក្រុងកោសម្ពីទូលសូមទោសព្រះសាស្តា

ភិក្ខុអ្នកស្រុកកោសម្ពីស្តាប់ថា បានឮថា ព្រះសាស្ដាស្តេចយាងដល់ ក្រុងសាវត្ថីហើយ បានទៅកាន់ក្នុងទីនោះ ដើម្បីនិងក្រាបទូលសូមខមាទោសទ. ១២៦ ព្រះសាស្តា។ ស្ដេចកោសលស្តាប់ថា បានឮថា ពួកភិក្ខុអ្នកក្រុងកោសម្ពី ជាអ្នកបង្កការបាក់បែកគ្នាទាំងនោះមក ទើបចូលទៅគាល់ព្រះសាស្តា ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនព្រមឲ្យភិក្ខុទាំងនោះចូលមកកាន់ដែន របស់ខ្ញុំព្រះអង្គឡើយ។ ព្រះសាស្តាត្រាស់តបថា មហារាជ ភិក្ខុទាំងនោះជាអ្នកមានសីល តែមិនកាន់យកពាក្យរបស់តថាគត ព្រោះវិវាទគ្នា នឹងគ្នាប៉ុណ្ណោះ ឥឡូវនេះភិក្ខុទាំងឡាយមកដើម្បីសូមខមាទោសតថាគត មហារាជ សូមភិក្ខុទាំងនេះចូលមកចុះ។ ចំណែកអនាថបិណ្ឌិកសេដ្ឋីទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គក៏មិនព្រមឲ្យភិក្ខុទាំងនោះចូលមកកាន់វិហារ ក៏ត្រូវព្រះសាស្តាទ្រង់ហាមយ៉ាងនោះដូចគ្នា។ បានអង្គុយហើយ។ ក៏កាលភិក្ខុទាំងនោះដល់ក្រុងសាវត្ថីតាមលំដាប់ហើយ ព្រះមានព្រះភាគត្រាស់បង្គាប់ឲ្យប្រទានសេនាសនៈនៅក្នុងទីសមគួរមួយ ធ្វើឲ្យជាទីស្ងាត់ដល់ភិក្ខុទាំងឡាយ។ ភិក្ខុពួកដទៃមិនអង្គុយ មិនឈរ រួមជាមួយ ភិក្ខុពួកនោះ។ ពួកជនដែលមកហើយ ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ឯណាពួកភិក្ខុអ្នកក្រុងកោសម្ពី ដែលឈ្លោះទាស់ទែងគ្នាទ. ១២៧ នោះ។ ព្រះសាស្តាទ្រង់ត្រាស់ថា “ភិក្ខុពួកនោះ”។ ភិក្ខុអ្នកក្រុងកោសម្ពី ទាំងនោះត្រូវពួកជនអ្នកមកហើយ ចង្អុលថា បានឮថា នុ៎ះពួកភិក្ខុអ្នកក្រុងកោសម្ពីដែលឈ្លោះទាស់ទែងគ្នា មិនអាចងើបសីសៈឡើង ព្រោះសេចក្តីអៀនខ្មាស ក្រាបចុះទៀបបាទមូលនៃព្រះមានព្រះភាគ ទូលសូមខមាទោស ព្រះមានព្រះភាគហើយ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយធ្វើកម្មធ្ងន់ហើយ ឈ្មោះថា អ្នកទាំងឡាយសូម្បីបួសហើយក្នុងសំណាក់របស់ព្រះពុទ្ធដូចតថាគត កាលតថាគតសមានសាមគ្គី មិនធ្វើ (តាម) ពាក្យរបស់តថាគត ចំណែកបណ្ឌិតដែលមាននៅក្នុងកាលមុន មិនស្តាប់ឱវាទរបស់មាតា និងបិតាអ្នកត្រូវទោសប្រហារជីវិត កាលមាតាបិតា ទោះសូម្បីត្រូវប្រហារជីវិត ក៏មិនកន្លងឱវាទនោះ ខាងក្រោយមក បានគ្រងរាជសម្បត្តិក្នុងដែន២ ទើបត្រាស់ទីឃាវុកុមារជាតក ម្តងទៀត ហើយត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ សូម្បីព្រះជនក និងព្រះជននី ត្រូវផ្តាច់ព្រះជន្មយ៉ាងនោះ ក៏មិនកន្លងឱវាទរបស់ព្រះជនក និងព្រះជននី ទាំងនោះឡើយ ក្រោយមកបានធីតារបស់ព្រះបាទព្រហ្មទត្ត គ្រប់គ្រងរាជក្នុងទ. ១២៨ ដែនកាសី និងដែនកោសលទាំងពីរ ចំណែកពួកអ្នកទាំងឡាយមិនធ្វើតាម ពាក្យរបស់តថាគត ធ្វើកម្មធ្ងន់” ទើបត្រាស់ព្រះគាថានេះថា៖

បរេ ន ច វិជានន្តិ មយមេត្ថ យមាម្ហសេ យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា។

ជនទាំងឡាយដទៃ (ក្រៅពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយនឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់ អំពីជនទាំងឡាយនោះ។

អធិប្បាយគាថា

ក្នុងបទទាំងនោះ បទថា បរេ (ជនពួកដទៃ) ជាដើម សេចក្តីថា ពួកជនអ្នកធ្វើការឈ្លោះទាស់ទែង វៀរបណ្ឌិតទាំងឡាយចេញ គឺ បុគ្គល ដទៃក្រៅអំពីបណ្ឌិតនោះ ឈ្មោះថា ជនពួកដទៃ។ ជនពួកដទៃនោះ ធ្វើទ. ១២៩ សេចក្តីខ្វល់ខ្វាយក្នុងជំនុំសង្ឃនោះ រមែងមិនដឹងថា យើងទាំងឡាយរមែងលំបាក គឺ វិនាស បានដល់ចូលទៅកាន់ទីជិត គឺសំណាក់មច្ចុជានិច្ច។ បទថា យេ ច តត្ថ វិជានន្តិ (ចំណែកជនពួកណាក្នុងសង្ឃនោះ រមែងដឹងច្បាស់) សេចក្តីថា ជនពួកណាដែលជាបណ្ឌិតក្នុងសង្ឃនោះ រមែងដឹង ថា យើងទាំងឡាយទៅកាន់ទីជិតមច្ចុ។ បទថា តតោ សម្មន្តិ មេធគា (សេចក្តីឈ្លោះទាស់ទែងគ្នានឹងគ្នា រមែងស្ងប់ ព្រោះការបដិបត្តិរបស់ជនពួកនោះ) សេចក្តីថា ជនទាំងនោះដឹងយ៉ាងនេះហើយ ញ៉ាំងការធ្វើទុកក្នុង ចិត្តដោយឧបាយដ៏ប្រពៃឲ្យកើតឡើង រមែងបដិបត្តិដើម្បីសេចក្តីស្ងប់ គឺ ការទាស់ទែងគ្នានោះ គឺ ការឈ្លោះគ្នា កាលដូច្នោះ ការឈ្មោះគ្នាទាំងនោះរមែងស្ងប់ ព្រោះការបដិបត្តិនោះ របស់បណ្ឌិតទាំងនោះ។ ម្យ៉ាងទៀត គប្បីជ្រាបអធិប្បាយក្នុងព្រះគាថានេះថា បទថា បរេ ច (ក៏ជនពួកដទៃ) ជាដើម សេចក្តីថា ជនទាំងឡាយ សូម្បីយើង (តថាគត) ពោលទូន្មាន ក្នុងកាលមុនថា “ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូលកុំធ្វើការវិវាទគ្នា នឹងគ្នាឡើយ” ដូច្នេះជាដើម ក៏មិនកាន់យក ព្រោះមិនទទួលឱវាទរបស់ទ. ១៣០ តថាគត ឈ្មោះថា ជនពួកដទៃ។ ជនពួកដទៃនោះ រមែងមិនដឹងថា យើងទាំងឡាយប្រកាន់ខុសដោយអំណាចអគតិ មានឆន្ទាគតិជាដើម រមែងលំបាក បានដល់ ព្យាយាមដើម្បីសេចក្តីចម្រើននៃហេតុដែលធ្វើឲ្យវិនាស មានការ បាក់បែកគ្នាជាដើម ក្នុងជំនុំសង្ឃនេះ។ តែឥឡូវនេះ បុរសជាបណ្ឌិត ពួកណាក្នុងចំណោមនៃអ្នកទាំងឡាយក្នុងសង្ឃនោះ កាលពិចារណាដោយប្រពៃហើយ ក៏ដឹងច្បាស់ថា “កាលមុនយើងទាំងឡាយព្យាយាម ដោយអំណាចអគតិ មានឆន្ទាគតិជាដើម បដិបត្តិមិនប្រពៃ ទីនោះ ការប្រកាន់នោះ គឺ ការវិវាទគ្នាក្នុងកាលឥឡូវនេះ រមែងស្ងប់ ព្រោះអាស្រ័យបុរស ជាបណ្ឌិតទាំងនោះ ដែលមានក្នុងនៃសំណាក់បណ្ឌិតទាំងឡាយនោះឯង។

ក្នុងកាលចប់ព្រះគាថា ភិក្ខុដែលប្រជុំគ្នាបានតាំងនៅក្នុងអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើមនោះឯង។

ចប់ រឿងភិក្ខុអ្នកក្រុងកោសម្ពី។

 

លេខយោង

1)
ទេវតាអ្នកគ្រប់គ្រងថែរក្សា។
2)
ទេវតាអ្នកស្ថិតនៅក្នងអាកាស។
3)
អង្គុយជាជួរ ទុកចន្លោះឲ្យភិក្ខុដទៃជ្រៀតចូលអង្គុយបានមួយរូបៗ ក្នុងចន្លោះ។
4)
សត្វចាបចៀបកប្បាស
5)
ខុទ្ទនិកាយ ជាតក ឯកនិបាត តទដ្ឋកថា។
6)
ខុទ្ទកនិកាយ ជាតក ឯកនិបាត កូរដាសមោទមានជាតក។
7)
ព្រៃដែលប្រទានឲ្យពួកម្រឺគអាស្រ័យនៅ ព្រៃប្រភេទនេះ នរណាក៏ធ្វើអន្តរាយដល់ពួកសត្វមិនបាន។
km/atthakatha/sut/kn/dhp/sut.kn.dhp.006_att.txt · ពេលកែចុងក្រោយ: 2024/08/31 07:06 និពន្ឋដោយ Johann