km:atthakatha:sut:kn:dhp:sut.kn.dhp.007_att

ធម្មបទគាថា ទី ៧-៨ អដ្ឋកថា៖ "៦. រឿងចូឡកាឡ និងមហាកាឡ"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ៧-៨ អំពី​​​បងប្អូន​ពីរ​អ្នកដែល​បាន​ក្លាយ​ជា​ព្រះសង្ឃ។ ម្នាក់​ខ្ជិល និង​ទន់​ខ្សោយ ហើយ​​ប្រពន្ធ​របស់​គាត់ ត្រូវ​បាន​ទាញ​គាត់​ត្រឡប់​ទៅ​ជីវិត​ធម្មតា​វិញ។ ទី​ពីរ​​បាន​​ធ្វើ​​កិច្ចការ​​របស់​​គាត់ ​ហើយ​​បាន​មាន​​ភាព​​ខ្ជាប់​ខ្ជួន។

sut kn dhp 007 att បាលី cs-km: sut.kn.dhp.007_att តិបិដក៖ sut.kn.dhp.007 PTS: ?

ធម្មបទគាថា ទី ៧-៨ អដ្ឋកថា

«៦. រឿងចូឡកាឡ និងមហាកាឡ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

៦. រឿងចូឡកាឡ និងមហាកាឡ

៦. មហាកាឡត្ថេរវត្ថុ

ទ. ១៣១ ព្រះសាស្តា កាលស្តេចចូលទៅអាស្រ័យសេតព្យនគរ ប្រថាប់នៅ ក្នុងដងព្រៃធ្នង់ ទ្រង់ប្រារព្ធចុល្លកាល និងមហាកាលត្រាស់ព្រះធម្មទេសនា នេះថា សុភានុបស្សី វិហរន្តំ (អ្នកតាមឃើញអារម្មណ៍ថាស្អាត) ជាដើម។

សេចក្តីពិស្តារថា កុដុម្ពីក៍1) អ្នកស្រុកសេតព្យនគរ ៣នាក់បងប្អូន គឺ ចុល្លកាល១ មជ្ឈមកាល១ មហាកាល១។ ក្នុងបងប្អូន៣នាក់នោះ បងប្រុសជាមួយប្អូនប្រុសពៅ ត្រាច់ទៅក្នុងទិសទាំងឡាយ ផ្ទុកទំនិញមកដោយរទេះ ៥០០រទេះ។ មជ្ឈមកាលលក់ទំនិញដែលបង និងប្អូន ទាំងពីរនាំមក។ តមកសម័យមួយ បងប្អូនទាំងពីរនោះ ដឹកទំនិញផ្សេងៗ ដោយរទេះ ៥០០ រទេះ ទៅកាន់ក្រុងសាវត្ថី (ឈប់សម្រាក) រទេះទាំងឡាយ ក្នុងរវាងក្រុងសាវត្ថី និងវត្តជេតពន។

ក្នុងបងប្អូនទាំងពីរនាក់នោះ មហាកាលឃើញអរិយសាវ័កទាំងឡាយ អ្នកក្រុងសាវត្ថី កាន់យកកម្រងផ្កា និងរបស់ក្រអូបជាដើម ទៅដើម្បីស្តាប់ទ. ១៣២ ធម៌ក្នុងវេលាល្ងាច ទើបសួរថា ជនទាំងនេះនាំគ្នាទៅណា។ បានស្តាប់ពាក្យទាំងនោះ គិតថា សូម្បីយើងក៏នឹងទៅ។ ហៅប្អូនប្រុសមក ហើយប្រាប់ថា “ប្អូន ឯងកុំប្រមាទក្នុងរទេះទាំងឡាយ ចំណែកយើងនឹងទៅស្តាប់ ធម៌” ហើយទៅថ្វាយបង្គំព្រះតថាគត អង្គុយខាងក្រោយបរិស័ទ។ ថ្ងៃនោះ ព្រះសាស្តា កាលនឹងត្រាស់អនុបុព្វកថាតាមអធ្យាស្រ័យរបស់មហាកាលនោះ ទើបត្រាស់អំពីទោសនៃការស្វែងរកដែលថោកទាប និងសេចក្តីសៅហ្មងនៃកាមទាំងឡាយដោយបរិយាយដ៏ច្រើន ដោយអំណាចនៃសូត្រ មានទុក្ខក្ខន្ធសូត្រជាដើម។ មហាកាលបានស្តាប់ព្រះធម្មទេសនានោះហើយ គិតថា “ន័យថា មនុស្សយើងនឹងត្រូវលះបង់វត្ថុទាំងពួងហើយទៅ ភោគៈ (និង) ញាតិទាំងឡាយរមែងមិនជាប់តាមបុគ្គលអ្នកទៅបរលោកឡើយ យើងត្រូវការអ្វីដោយការនៅគ្រប់គ្រងផ្ទះ យើងនឹងបួស” កាលមហាជនថ្វាយបង្គំចៀសចេញទៅហើយ ទូលសូមបព្វជាចំពោះព្រះសាស្តា ព្រះសាស្តាត្រាស់ថា មនុស្សដែលអ្នកគួរលាណាៗ មានដែរឬ។ ទូលថា “ខ្ញុំព្រះអង្គមាន ប្អូនប្រុស” ព្រះអង្គត្រាស់ថា “បើដូច្នោះ អ្នកចូរលាគេសិនចុះ” ទូលទទួលទ. ១៣៣ ថា ករុណាព្រះអង្គ។ ត្រឡប់មកផ្ទះ ហើយប្រាប់ប្អូនប្រុសថា “ប្អូន អ្នកចូរគ្រប់គ្រងសម្បត្តិទាំងអស់នេះចុះ”។ ចុល្លកាលពោលថា “ក៏បង ទៅណា”។ មហាកាលឆ្លើយថា “បងនឹងបួសក្នុងសម្នាក់ព្រះសាស្តា”។ គេអង្វរ បងនោះដោយប្រការផ្សេងៗ ក៏មិនអាចឲ្យត្រឡប់ចិត្តបាន ទើបពោលថា “ល្អហើយបង សូមបងធ្វើតាមអធ្យាស្រ័យចុះ“។ មហាកាលទៅបួស ក្នុងសំណាក់របស់ព្រះសាស្ដាហើយ។ ចំណែកចុល្លកាល ក៏ (ទៅ) បួស ដោយតាំងចិត្តថា “យើងនឹងដឹកនាំបងប្រុសឲ្យស័ក“។ ក្នុងកាលតមក មហាកាលបាឧបសម្បទាហើយ ចូលទៅគាល់ព្រះសាស្តា ទូលសួរដល់ធុរៈ ក្នុងព្រះសាសនា កាលព្រះសាស្តាត្រាស់ប្រាប់ធុរៈ ២យ៉ាងហើយ ទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនអាចបំពេញគន្ថធុរៈបាន ព្រោះ ខ្ញុំព្រះអង្គបួសក្នុងកាលជាមនុស្សចាស់ តែនឹងបំពេញវិបស្សនាធុរៈឲ្យបរិបូរ“ ទូលសូមឲ្យព្រះអង្គត្រាស់ប្រាប់សោសានិកធុតង្គរហូតដល់ព្រះអរហត្ត លុះ កន្លងបឋមយាម កាលជនទាំងឡាយដេកលក់គ្រប់គ្នាហើយ ទៅកាន់ព្រៃចោលខ្មោច វេលាអរុណជិតរះ កាលជនទាំងឡាយនៅមិនទាន់ក្រោកឡើងទ. ១៣៤ (ភ្ញាក់) ក៏ត្រឡប់មកកាន់វិហារវិញ។

គ្រានោះ ស្ត្រីម្នាក់ជាអ្នករកស៊ីរៀបចំខ្មោច ឈ្មោះកាឡី អ្នកចាំ ព្រៃខ្មោច ឃើញទីឈរ ទីអង្គុយ និងទីចង្ក្រមរបស់ព្រះថេរៈ បានគិតថា “នរណាហ្ន៎ មកក្នុងទីនេះ យើងនឹងឃ្លាំចាំចាប់” កាលមិនអាចចាប់បាន ថ្ងៃមួយ ទើបតាំងប្រទីបទុកត្រង់ខ្ទមជិតព្រៃខ្មោច នាំបុត្រធីតាទៅលាក់ក្នុងទីម្ខាង ឃើញព្រះថេរៈដើរមកក្នុងមជ្ឈឹមយាម ទើបទៅថ្វាយបង្គំ ហើយទូលថា «បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ជាអ្នកស្នាក់នៅក្នុងទី របស់ពួកខ្ញុំនេះឬ”។

មហាកាល៖ អើ ឧបាសិកា។

ស្ត្រី៖ បពិត្រលោកម្ចាស់ដ៏ចម្រើន ធម្មតាអ្នកនៅក្នុងព្រៃខ្មោចទាំងឡាយ រៀនរបៀប (មុន) ទើបគួរ។

ព្រះថេរៈមិនពោលថា “ក៏អាត្មានឹងប្រព្រឹត្តក្នុងរបៀបដែលញោម ប្រាប់ធ្វើអ្វី” ត្រឡប់ជាពោលថា “ធ្វើយ៉ាងណាទើបគួរ ឧបាសិកា”។

ស្ត្រី៖ លោកម្ចាស់ដ៏ចម្រើន ធម្មតាអ្នកនៅក្នុងព្រៃខ្មោចទាំងឡាយទ. ១៣៥ គួរដឹងច្បាស់នូវការដែលខ្លួននៅក្នុងព្រៃខ្មោចដល់អ្នកចាំព្រៃខ្មោច ព្រះមហាថេរៈនៅក្នុងវិហារ និងម្ចាស់ផ្ទះ។

មហាកាល៖ ព្រោះហេតុអ្វី។

ស្ត្រី៖ ព្រោះពួកចោរធ្វើកម្ម (ប្លន់គេ) ហើយ ត្រូវពួកម្ចាស់របស់ទ្រព្យដេញតាមស្នាមជើងទៅ ទើបលះបង់ចោលគណៈ (របស់) ទុកក្នុងព្រៃខ្មោចហើយគេចចេញទៅ ហេតុនោះ ពួកមនុស្សក៏ (ប្រចោម) ធ្វើ អន្តរាយដល់អ្នកនៅក្នុងព្រៃខ្មោច តែកាលបានប្រាប់សេចក្តីដល់ជនទាំងនោះហើយ ជនទាំងនោះនឹងជួយការពារអន្តរាយបាន ដោយពោលធានាថា ពួកខ្ញុំ ជ្រាបរឿងដែលលោកម្ចាស់ដ៏ចម្រើននៅក្នុងទីនេះ អស់កាលប្រមាណប៉ុណ្ណេះ លោកម្ចាស់មិនមែនជាចោរ ព្រោះដូច្នោះ គួរប្រាប់ដល់គេទាំងនោះ។

មហាកាល៖ កិច្ចដទៃអ្វី ដែលខ្ញុំគួរធ្វើ។

ស្ត្រី៖ លោកម្ចាស់ ធម្មតាភិក្ខុដែលនៅក្នុងព្រៃខ្មោច ត្រូវវៀរវត្ថុទាំងឡាយ មានត្រី សាច់ ម្សៅ ល្ងរ និងទឹកអំពៅជាដើមចេញ មិនគួរទ. ១៣៦ ធ្វើវត្តពេលថ្ងៃ មិនគួរជាអ្នកខ្ជិលច្រអូស គួរប្រារព្ធរសេចក្តីព្យាយាម គួរជាអ្នកមិនអួតអាង មិនមានមាយា ជាអ្នកមានអធ្យាស្រ័យល្អ វេលាល្ងាច កាលជនត្រឡប់ទៅវិញអស់ហើយ គប្បីមកពីវិហារ វេលាអរុណរះ កាលពួកមនុស្សគ្រប់គ្នាមិនទាន់ក្រោក (ភ្ញាក់ពីដេក) នៅឡើយ គប្បីចូលកាន់ វិហារ លោកម្ចាស់ដ៏ចម្រើន បើភិក្ខុជាអ្នកនៅក្នុងទីនេះដោយអាការយ៉ាងនេះសោត និងអាចញ៉ាំងកិច្ចបព្វជិតឲ្យដល់ទីបំផុតបាន បើពួកមនុស្សនាំ សពមកចោល ខ្ញុំម្ចាស់នឹងលើកឡើងកាន់ផ្ទះកំពូលដែលក្រាលដោយសំពត់កម្ពល2) ធ្វើសក្ការៈដោយវត្ថុទាំងឡាយ មានរបស់ក្រអូប និងផ្កាកម្រង ជាដើម និងធ្វើការដុតសាកសព ប្រសិនបើភិក្ខុជាអ្នកមិនអាចញ៉ាំងកិច្ច នៃបព្វជិតឲ្យដល់ទីបំផុតបានទេ ខាងខ្ញុំនឹងលើកឡើងកាន់ជើងថ្ករ ហើយបង្កាត់ ភ្លើងដុត យកទម្ពក់ទាញ (សាកសព) ថ្ពក់ទាញមកទុកខាងក្រៅ ចិញ្ច្រាំ ដោយពូថៅ ជ្រៀកឲ្យជាបន្ទះតូចធំហើយដាក់ក្នុងភ្លើង សំដែងដល់លោក(ម្ចាស់) ហើយទើបដុត។ ពេលនោះ ព្រះថេរៈប្រាប់នាងកាឡីនោះថាទ. ១៣៧ “ល្អហើយ នាងដ៏ចម្រើន ក៏នាងឃើញរូបារម្មណ៍ណាមួយហើយ ចូរប្រាប់ដល់អាត្មា”។ នាងកាឡីទទួលថា “បានលោកម្ចាស់”។ ព្រះថេរៈ ធ្វើសមណធម៌នៅក្នុងព្រៃខ្មោចតាមអធ្យាស្រ័យរបស់ខ្លួន។ ចំណែកព្រះចុល្លកាល ដេកក្រោកៗ ពិចារណាដល់ឃរាវាស គិតដល់បុត្រ និងភរិយា គិតថា “បងប្រុសរបស់យើងនេះ ធ្វើកម្មធ្ងន់ក្រៃលែង”។

លំដាប់នោះ កុលធីតាម្នាក់ បានស្លាប់ក្នុងវេលាល្ងាច នៅមិនទាន់ ស្លេកស្លាំង ព្រោះព្យាធិកម្រើកឡើងក្នុងគ្រាមួយរំពេចនោះ។ ពួកញាតិហែ សពកុលធីតានោះទៅកាន់ព្រៃខ្មោចក្នុងវេលាល្ងាច ព្រមទាំងគ្រឿងដុតផ្សេងៗ មានឧស និងប្រេងជាដើម ឲ្យឈ្នួលដល់ស្ត្រីដុតសពដោយប្រាប់ថា នាងចូរចាត់ចែងការដុតសពនេះ” ហើយប្រគល់ (សព) ឲ្យ ទើបនាំគ្នាចេញទៅ។ នាងផ្លាស់សំពត់ដណ្តប់របស់កុលធីតានោះចេញហើយ ឃើញសរីរៈ ដែលទើបតែស្លាប់ភ្លាមៗ សែនប្រណីត មានពណ៌ដូចមាស ទើបគិតថា“អារម្មណ៍នេះគួរនឹងសំដែងដល់លោកម្ចាស់ហើយ” ហើយទៅសំពះព្រះថេរៈ ពោលថា “លោកម្ចាស់ អារម្មណ៍បែបនេះមានហើយ សូមលោកម្ចាស់គប្បីទ. ១៣៨ (ទៅ) ពិចារណាចុះ”។ ព្រះថេរៈទទួលថា “ចម្រើនពរ” ដូច្នេះ ហើយទៅ ឲ្យទាញសំពត់ដណ្តប់ចេញ ពិចារណាតាំងអំពីចុងជើងដល់ចុងសក់ ហើយនិយាយថា “រូបនេះប្រណីតក្រៃលែង មានពណ៌ដូចជាមាស នាងគប្បីដាក់ រូបនេះក្នុងភ្លើង ក្នុងកាលដែលរូបនោះត្រូវអណ្តាតភ្លើងធំនេះហើយ គប្បី ប្រាប់ដល់អាត្មា” ក៏ទៅកាន់ទីដែលខ្លួននៅវិញ ហើយអង្គុយ។ នាងធ្វើយ៉ាងនោះ ហើយប្រាប់ដល់ព្រះថេរៈ។ ព្រះថេរៈទៅពិចារណា។ ក្នុងទី ដែលអណ្តាតភ្លើងពាល់ត្រូវហើយ ពណ៌នៃសរីរៈប្រាកដដូចជាមេគោដាង។ ជើងទាំងពីរពត់ខ្វៀនខ្វង់សំយុងចុះ ដៃទាំងពីរក្តាប់ចូល ថ្ងាសមានស្បែក របកចេញ។ ព្រះថេរៈពិចារណាថា “សរីរៈនេះជាធម្មជាតិធ្វើមិនឲ្យអស់ សេចក្តីស្រើបស្រាលដល់បុគ្គលដែលមើលត្រឹមតែម្តង តែឥឡូវនេះ ដល់នូវការអស់ទៅ សូន្យទៅហើយ ព្រះថេរៈត្រឡប់ទៅកាន់ទីនៅក្នុងវេលាយប់ អង្គុយពិចារណាដល់ការអស់ទៅ និងការសូន្យទៅ ពោលគាថាថា៖

សង្ខារទាំងឡាយមិនទៀងហ្ន៎ មានការកើតឡើង និងវិនាស ទៅវិញជាធម្មតា លុះកើតឡើងហើយរមែងរលត់ទៅ ការទ. ១៣៩ ស្ងប់នៃសង្ខារទាំងនោះជាសុខ។

ចម្រើនវិបស្សនា បានសម្រេចព្រះអរហត្ត ព្រមដោយបដិសម្ភិទា។

កាលលោកសម្រេចព្រះអរហត្តហើយ ព្រះសាស្តាមានភិក្ខុសង្ឃហែហម ស្តេចចារិកទៅកាន់សេគព្យនគរ ស្តេចចូលទៅកានព្រៃធ្នង់។ ពួកភរិយារបស់ព្រះចុល្លកាល ឮដំណឹងថា ព្រះសាស្ដាស្ដេចយាងមកដល់ហើយ គិតថា “ពួកយើងនឹង (ជួយគ្នា) ចាប់ស្វាមីរបស់ពួកយើង ដូច្នេះ ហើយបញ្ជូន (មនុស្ស) ឲ្យទៅទូលនិមន្តព្រះសាស្តា។ ក៏ក្នុងស្ថានទីដែលព្រះពុទ្ធ ទាំងឡាយទ្រង់មិនធ្លាប់ជ្រាប គប្បីមានភិក្ខុមួយរូបអ្នកប្រាប់ការក្រាលអាសនៈ ត្រូវទៅមុន។ ក៏អាសនៈសម្រាប់ព្រះពុទ្ធទាំងឡាយ គប្បីឲ្យក្រាលក្នុងទី ពាក់កណ្តាល អាសនៈសម្រាប់ព្រះសារីបុត្រគប្បីឲ្យក្រាលខាងស្តាំ អាសនៈ សម្រាប់មហាមោគ្គល្លានគប្បីឲ្យក្រាលខាងឆ្វេង នៃអាសនៈរបស់ព្រះពុទ្ធ អាសនៈសម្រាប់ភិក្ខុសង្ឃ គប្បីឲ្យក្រាលទាំងពីរខាងបន្ទាប់អំពីទីនោះទៅ ព្រោះដូច្នោះ ព្រះមហាកាលថេរៈនៅក្នុងទីស្លៀកដណ្តប់ចីវរ ក៏ប្រាប់ព្រះចុល្លកាលថា “អ្នកចូរទៅមុនប្រាប់ការក្រាលអាសនៈ” ពួកជនក្នុងផ្ទះធ្វើការទ. ១៤០ សើចចំអកឲ្យលោក តាំងពីកាលដែលពួកគេឃើញលោក (បន្លំ) ក្រាលអាសនៈទាបក្នុងទីរបស់ព្រះសង្ឃត្ថេរៈ ក្រាលអាសនៈខ្ពស់ក្នុងទីរបស់ព្រះ សង្ឃនវកៈ។3) ព្រះចុល្លកាលប្រាប់ថា “ពួកនាងកុំធ្វើយ៉ាងនោះ ចូរក្រាល អាសនៈខ្ពស់ក្នុងខាងដើម ក្រាលអាសនៈទាបក្នុងទីខាងចុង”។ ពួកស្រីៗ ទាំងនោះធ្វើដូចមិនបានឮពាក្យរបស់លោក ពោលថា “លោកម្ចាស់ចាំបាច់ធ្វើអ្វី នាទីក្រាលអាសនៈមិនសមគួរដល់លោកម្ចាស់ឬ លោកម្ចាស់លា នរណាបួស នរណាអនុញ្ញាតឲ្យលោកបួស មកក្នុងទីនេះធ្វើអ្វី” ហើយនាំគ្នាចាប់ស្បង់ និងចីវរទាញចេញ ហើយឲ្យស្លៀកដណ្តប់សំពត់ស ពាក់ ផ្កាកម្រងលើសីសៈ បញ្ជូនទៅដោយពាក្យថា “លោកចូរទៅនាំព្រះសាស្តាមក ពួកខ្ញុំនឹងក្រាលអាសនៈ”។ ព្រះចុល្លកាលតាំងនៅក្នុងភាវៈនៃភិក្ខុ អស់កាលមិនយូរប៉ុន្មាន មិនទាន់មានវស្សានៅឡើយ ក៏សឹក ទើបមិនខ្មាសអៀន ព្រោះដូច្នោះ គេទើបមិនមានសេចក្តីរង្កៀសដោយកិរិយានោះ ទៅថ្វាយបង្គំព្រះសាស្តា នាំភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានមក។ ក៏ក្នុងកាលទ. ១៤១ កាលស្រេចភត្តកិច្ចរបស់ភិក្ខុសង្ឃ ពួកភរិយារបស់ព្រះមហាកាល គិតគ្នាថា “ស្រីៗ ទាំងនេះរួមគ្នាចាប់ស្វាមីរបស់ខ្លួន (ចុល្លកាល) បាន ពួកយើង នឹងចាប់ស្វាមីរបស់ពួកយើង (មហាកាល) ដែរ”។ ទើបនិមន្តព្រះសាស្តា ដើម្បីប្រយោជន៍ដល់ការសោយកត្តាហារក្នុងថ្ងៃស្អែក។ ក៏ក្នុងកាលនោះ ភិក្ខុអង្គដទៃបានទៅ (ប្រាប់) ឲ្យក្រាលអាសនៈ។ ស្រីទាំងនោះមិនបានឱកាសក្នុងខណៈនោះ និមន្តព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានឲ្យគង់ ហើយថ្វាយភិក្ខា។ ក៏ចុល្លកាលមានភរិយា ២ នាក់ មជ្ឈិមកាលមានភរិយា ៤ នាក់ មហាកាលមានភរិយា ៨ នាក់ ចំណែកភិក្ខុទាំងឡាយអ្នកប្រាថ្នា ធ្វើភត្តកិច្ច បានគង់ធ្វើភត្តកិច្ចហើយ ភិក្ខុដែលប្រាថ្នាទៅខាងក្រៅ ក៏បានក្រោកទៅហើយ ចំណែកព្រះសាស្តាប្រថាប់គង់ ទ្រង់ធ្វើភត្ថកិច្ច។ ក្នុងកាលស្រេចភត្តកិច្ចរបស់ព្រះអង្គ ស្រីទាំងនោះទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ព្រះមហាកាលធ្វើអនុមោទនាដល់ពួកខ្ញុំព្រះអង្គហើយ ទើបនឹងទៅ សូមព្រះអង្គស្ដេចយាងទៅមុនចុះ”។ ព្រះសាស្តាត្រាស់ថា “ល្អហើយ” ស្ដេចទ្រង់យាងត្រឡប់ទៅ។ កាលដល់ទ្វារស្រុក ភិក្ខុសង្ឃក៏លើកទោសទ. ១៤២ ថា “ហេតុអ្វី ព្រះសាស្តាទ្រង់ទើបធ្វើដូច្នេះ ព្រះអង្គទ្រង់ជ្រាបហើយទើប ទ្រង់ធ្វើ ឬទ្រង់មិនជ្រាបទើបទ្រង់ធ្វើ កាលម្សិលមិញ អន្តរាយនៃបព្វជ្ជា កើតឡើងដល់ចុល្លកាល ព្រោះការទៅមុន ថ្ងៃនេះ អន្តរាយរមែងមិនមាន ព្រោះភិក្ខុដទៃនិមន្តទៅមុន ឥឡូវនេះ ព្រះសាស្តាទ្រង់ត្រាស់ឲ្យព្រះមហាកាល នៅ ហើយស្តេចមក ក៏ភិក្ខុអ្នកមានសីល ដល់ព្រមហើយដោយអាចារៈ ស្រីទាំងនោះនឹងធ្វើអន្តរាយនៃបព្វជ្ជាដល់ព្រះមហាកាលនោះបាន ឬទេហ្ន៎ ព្រះសាស្តាទ្រង់ស្តាប់ពាក្យរបស់ភិក្ខុទាំងនោះហើយ ទ្រង់ស្ដេចត្រឡប់មក ប្រថាប់ឈរ ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពួកអ្នកពិភាក្សារឿងអ្វី” ភិក្ខុទាំងនោះទូលសេចក្តីនោះហើយ។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុ ទាំងឡាយ ក៏ពួកអ្នកសំគាល់មហាកាលដូចចុល្លកាលឬ”។ ភិក្ខុទាំងឡាយ ក្រាបទូលថា “យ៉ាងនោះហើយ ព្រះអង្គ ព្រោះចុល្លកាលនោះ មានភរិយា ២នាក់ (ចំណែក) ព្រះមហាកាលមានដល់ ៨នាក់ លោកត្រូវភរិយា ទាំង៨ រួមគ្នាចាប់ទុកហើយនឹងធ្វើអ្វីបាន ព្រះអង្គ”។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ពួកអ្នកកុំពោលយ៉ាងនោះឡើយ ចុល្លកាលដេកទ. ១៤៣ ក្រោកៗ ច្រើនទៅដោយអារម្មណ៍ថាស្អាត ដូចជាដើមឈើមួយដើមដែល មានកម្លាំងខ្សោយ (ដុះ) នៅតាមមាត់ជ្រោះ ចំណែកមហាកាលបុត្ររបស់ តថាកត តាមឃើញអារម្មណ៍ថាមិនស្អាត ជាអ្នកមិនរវើរវាយឡើយ ដូចភ្នំថ្មតាន់” ហើយបានត្រាស់គាថានេះថា៖

សុភានុបស្សី វិហរន្តំ ឥន្ទ្រីយេសុ អសំវុតំ ភោជនម្ហិ អមត្តញ្ញុំ កុសីតំ ហីនវិរិយំ តំ វេ បសហតី មារោ វាតោ រុក្ខំវ ទុព្វលំ។ អសុភានុបស្សី វិហរន្តំ ឥន្ទ្រីយេសុ អសំវុតំ ភោជនម្ហិ ច មត្តញ្ញុំ សទ្ធំ អារទ្ធវិរិយំ តំ វេ នប្បសហតី មារោ វាតោ សេលំវនបព្វតំ។

បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុង ឥន្រ្ទិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមារ រមែងគ្របសង្កត់បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វលដូច្នោះ។

ទ. ១៤៤ ឯបុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួម ប្រពៃក្នុងឥន្រ្ទិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារព្ធព្យាយាម កិលេសមារតែងគ្របសង្កត់បុគ្គល នោះមិនបាន ដូចខ្យល់គ្របសង្កត់ភ្នំថ្មតាន់មិនបានដូច្នោះ។

អធិប្បាយគាថា

ក្នុងបទទាំងនោះ បទថា សុភានុបស្សី (អ្នកតាមឃើញអារម្មណ៍ ថាល្អ) បានដល់ អ្នកតាមពិចារណាឃើញអារម្មណ៍ថាស្អាត អធិប្បាយថា អ្នកបណ្តោយចិត្តទៅក្នុងអារម្មណ៍ដែលគួរប្រាថ្នា។ ក៏បុគ្គលណា កាល កាន់យកដោយនិមិត្ត4) ដោយអនុព្យញ្ជនៈ5) រមែងសម្គាល់ថា មាត់ទាំងឡាយស្អាត សម្គាល់ថាម្រាមដៃទាំងឡាយស្អាត សម្គាល់ថាដៃទាំងពីរ ជើងទាំងពីរ ស្មងទាំងពីរ ភ្លៅទាំងពីរ ចង្កេះ ពោះ ដោះទាំងពីរ ក បបូរមាត់ ធ្មេញទាំងឡាយ មាត់ ច្រមុះ ភ្នែកទាំងពីរ ត្រចៀកទាំងពីរ ចិញ្ចើមទាំងពីរ ថ្ងាស សក់ទាំងឡាយល្អស្អាត។ សម្គាល់ថាសក់ រោមទ. ១៤៥ ក្រចក ធ្មេញ ស្បែក ស្អាត (ឬ) សម្គាល់ថា ពណ៌សម្បុរស្អាត ទ្រង់ទ្រាយ ស្អាត បុគ្គលនេះ ឈ្មោះថា តាមឃើញអារម្មណ៍ថាស្អាត។ បុគ្គលតាម ឃើញអារម្មណ៍ថាស្អាត យ៉ាងនោះនុ៎ះឯង។ បទថា ឥន្ទ្រិយេសុ (ក្នុង ឥន្រ្ទិយទាំងឡាយ) បានដល់ ក្នុងឥន្រ្ទិយ6) ៦ មានចក្ខុជាដើម។ បទថា អសំវុតំ (មិនសង្រួម) បានដល់ អ្នកមិនរក្សាទ្វារទាំងឡាយ មានចក្ខុទ្វារជាដើម។ បទថា អមត្តញ្ញុំ (មិនដឹងប្រមាណ) (សេចក្តីថា ឈ្មោះថា បុគ្គលមិនដឹងប្រមាណក្នុងភោជន ព្រោះមិនដឹងប្រមាណនេះ គឺប្រមាណក្នុងការស្វែងរក ប្រមាណក្នុងការទទួល ប្រមាណក្នុងការបរិភោគ។ ន័យម្យ៉ាងទៀត ឈ្មោះថា អ្នកមិនដឹងប្រមាណ ព្រោះមិនដឹងប្រមាណសូម្បី នេះគឺ ប្រមាណក្នុងការពិចារណា ប្រមាណក្នុងការលះបង់ គឺមិនដឹងថា ភោជននេះប្រកបដោយធម៌ នេះមិនប្រកបដោយធម៌។ បទថា កុសីតំ (ខ្ជិលច្រអូស) បានដល់ ឈ្មោះថា អ្នកខ្ជិលច្រអូស ព្រោះជាអ្នកធ្លាក់ទៅ ក្នុងអំណាចកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹង្សាវិតក្កៈ។ បទថា ហីនទ. ១៤៦ វិរិយំ (មានសេចក្តីព្យាយាមធូរថយ) បានដល់ អ្នកមិនមានសេចក្តីព្យាយាម គឺ អ្នកវៀរចាកការធ្វើសេចក្តីព្យាយាមក្នុងឥរិយាបថទាំងបួន។

បទថា បសហតិ (បៀតបៀន) បានដល់ រមែងគ្របសង្កត់ គឺ ញាំញី។ បទថា វាតោ រុក្ខំវ ទុព្វលំ (ដូចខ្យល់ដែលគ្របសង្កត់ដើមឈើ ទុព្វលដូច្នោះ) បានដល់ ដូចខ្យល់មានកម្លាំងខ្លាំងបៀតបៀនដើមឈើដែល ទុព្វល កើតត្រង់មាត់ជ្រោះ។ សេចក្តីថា ខ្យល់នោះធ្វើចំណែកផ្សេងៗ មានផ្កា ផ្លែ ស្លឹកជាដើមរបស់ដើមនោះឲ្យរលំចុះខ្លះ បាក់មែកតូចខ្លះ បាក់ មែកធំខ្លះ សណ្តកទាំងដើមព្រមទាំងឫសខ្លះ ធ្វើឲ្យឫសឡើងទៅខាងលើ មែកចុះក្រោមខ្លះ យ៉ាងណា មារ គឺ កិលេស ដែលកើតក្នុងខាងក្នុង រមែងបៀតបៀនបុគ្គលអ្នកឃើញបែបនោះបាន ក៏ដូចគ្នា គឺ កិលេសមារ ធ្វើឲ្យត្រូវអាបត្តិតូចៗ ដូចខ្យល់មានកម្លាំងខ្លាំង បក់ចំណែកផ្សេងៗ មានផ្កា ផ្លែ ស្លឹកជាដើមរបស់ដើមឈើ ដែលមានកម្លាំងទុព្វលឲ្យរលំចុះខ្លះ ធ្វើឲ្យត្រូវអាបត្តិ មាននិស្សគ្គិយៈជាដើម ដូចខ្យល់មានកម្លាំងខ្លាំង ធ្វើការ បំបាក់មែកតូចៗ ខ្លះ ធ្វើឲ្យត្រូវអាបត្តិសង្ឃាទិសេស ១៣ ដូចខ្យល់មានទ. ១៤៧ កម្លាំងខ្លាំង ធ្វើការកាច់បំបាក់មែកធំៗ ខ្លះ ធ្វើឲ្យត្រូវអាបត្តិបារាជិក នាំចេញចាកសាសនាដែលព្រះមានព្រះភាគត្រាស់សួរហើយ ឲ្យដល់នូវភាពជា គ្រហស្ថត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ដូចខ្យល់មានកម្លាំងខ្លាំង ដក (ដើមឈើ ធ្វើឲ្យរលំចុះក្រោម មានឫសឡើងខាងលើ មានមែកចុះខាងក្រោមខ្លះ។ អធិប្បាយថា កិលេសមារ រមែងធ្វើបុគ្គលបែបនោះឲ្យប្រព្រឹត្តទៅក្នុងអំណាចរបស់ខ្លួន។

បទថា អសុភានុបស្សី (អ្នកតាមរឃើញអារម្មណ៍ថាមិនល្អ) បានដល់អ្នកឃើញអារម្មណ៍យ៉ាងណាមួយ ក្នុងអារម្មណ៍ដែលមិនស្អាត ១០ យ៉ាង7)ថា មិនស្អាត គឺ ប្រកបមនសិការដោយភាពជារបស់បដិកូល បានដល់ឃើញសក់ទាំងឡាយមិនស្អាត ឃើញរោម ក្រចក ធ្មេញ ស្បែក ពណ៌សម្បុរ ទ្រង់ទ្រាយ ជារបស់មិនស្អាត។ បទថា ឥន្ទ្រិយេសុ (ក្នុងទ. ១៤៨ ឥន្រ្ទិយទាំងឡាយ) បានដល់ ក្នុងឥន្រ្ទិយ៦។ បទថា សុសំវុតំ (សង្រួមល្អ) បានដល់ ជាអ្នកវៀរចាកការកាន់យកនិមិត្តជាដើម គឺ ជាអ្នកមានទ្វារ ដែលបិទហើយ។ ឈ្មោះថា ភោជនម្ហិ ច មត្តញ្ញុំ (ដឹងប្រមាណក្នុងភោជន) ព្រោះផ្ទុយជាមួយបុគ្គលមិនដឹងប្រមាណ។ បទថា សទ្ធំ (មានសទ្ធា) បានដល់ អ្នកប្រកបដោយលោកិយសទ្ធា មានការជឿកម្ម និងផលរបស់កម្ម ជាលក្ខណៈ និងប្រកបដោយលោកុត្តរសទ្ធា គឺ សេចក្តីជ្រះថ្លាដែលមិនញាប់ញ័រក្នុងវត្ថុ៣។8) បទថា អារទ្ធវិរិយំ (និងការប្រារព្ធព្យាយាម) បានដល់ អ្នកផ្គងសេចក្តីព្យាយាម គឺ អ្នកមានសេចក្តីព្យាយាមបរិបូណ៌។ បទថា តំ វេ (នោះឯង) បានដល់ បុគ្គលនោះ គឺ ឃើញយ៉ាងនោះ។ អធិប្បាយថា ខ្យល់មានកម្លាំងខ្សោយ បក់ស្រាលៗ រមែងមិនអាចធ្វើថ្ម តាន់ឲ្យញាប់ញ័របាន យ៉ាងណា កិលេសមារ ដែលមានកម្លាំងខ្សោយ សូម្បីកើតឡើងក្នុងខាងក្នុង រមែងបៀតបៀន (បុគ្គលនោះ) មិនបាន គឺ មិនអាចឲ្យញាប់ញ័រ កម្រើក រលំដួលបានដូច្នោះ។

ទ. ១៤៩ ពួកស្រីៗ ទាំងនោះឯង ដែលជាភរិយាចាស់របស់ព្រះមហាកាល ព័ទ្ធព្រះថេរៈហើយ ពោលពាក្យជាដើមថា “លោក លានរណាបួស ឥឡូវនេះ លោកនឹងជាគ្រហស្ថ ឬមិនជាគ្រហស្ថ ហើយត្រូវការនឹងដោះសំពត់ កាសាយៈទាំងឡាយ (របស់ព្រះថេរៈ) ចេញ។ ព្រះថេរៈកំណត់អាការ របស់ស្រីៗ ទាំងនោះបានហើយ ក្រោកចាកអាសនៈដែលអង្គុយ ហើយហោះ ឡើងដោយឫទ្ធី ទម្លាយដំបូលផ្ទះកំពូល ទៅតាមផ្លូវអាកាស។ ក្នុងកាល ព្រះសាស្តាត្រាស់ព្រះគាថាចប់ ក៏សរសើរព្រះសរីរៈដែលមានវណ្ណៈដូចជា មាសរបស់ព្រះសាស្តា ចុះមក ថ្វាយបង្គំព្រះយុគលបាទរបស់ព្រះតថាគតហើយ។

ក្នុងកាលចប់គាថា ភិក្ខុអ្នកប្រជុំគ្នាតាំងនៅក្នុងអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម។

ចប់ រឿងចូឡកាឡ និងមហាកាឡេ។

 

លេខយោង

1)
កុដុម្ពីក៍ គឺ អ្នកស្តុកស្តម្ភ អ្នកបានទ្រព្យសម្បត្តិច្រើន អ្នកគ្រប់គ្រងផ្ទះ ម្ចាស់ផ្ទះ អ្នកមើលការងារ។
2)
សំពត់ធ្វើដោយរោមសត្វ។
3)
អ្នកបួសថ្មីក្នុងសង្ឃ សេចក្តីថា អ្នកបានវស្សាតិចជាងភិក្ខុគ្រប់រូបក្នុងពួកនោះ។
4)
កាន់យកចំណែកទាំងអស់។
5)
កាន់យកជាចំណែកមួយៗ ដូចជា សក់ស្អាត ក្រចកស្អាតជាដើម។
6)
ចក្ខុន្រ្ទិយ សោតិន្រ្ទិយ ឃានិន្ទ្រិយ ជីវ្ហិន្រ្ទិយ កាយិន្រ្ទិយ មនិន្រ្ទិយ។
7)
អារម្មណ៍ដែលមិនស្អាតមាន ១០ គឺ ១. ឧទ្ធុមាតកអសុភ អសុភដែលហើមប៉ោង
២. វិនីលកអសុភ អសុភដែលមានពណ៌ខៀវ
៣. វិបុព្វកអសុភ អសុភមានខ្ទុះហូរចេញ
៤. វិច្ឆិទូកអសុភ អសុភដែលដាច់ចេញពីគ្នាៗ
៥. វិក្ខាយិតកអសុភ អសុភដែលសត្វហែកស៊ី
៦. វិក្ខិត្តកអសុភ អសុភដែលដាច់ពាក់កណ្តាល
៧. ហតវិក្ខិត្តកអសុភ អសុភដែលដាច់រាត់រាយ
៨. លោហិតកអសុក អសុភមានឈាមហូរចេញ
៩. បុឡុវកអសុភ អសុភដែលពួកដង្កូវរូងជញ្ជក់
១០. អដ្ឋិកអសុភ អសុភដែលមានតែរាងឆ្អឹង។
8)
វត្ថុ៣ គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
km/atthakatha/sut/kn/dhp/sut.kn.dhp.007_att.txt · ពេលកែចុងក្រោយ: 2024/08/31 07:14 និពន្ឋដោយ Johann