km:atthakatha:sut:kn:dhp:sut.kn.dhp.009_att

ធម្មបទគាថា ទី ៩-១០ អដ្ឋកថា៖ "៧. រឿងព្រះទេវទត្ត"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ៩-១០ អំពី​ទេវទត្ត​ ដែល​​ធ្លាប់​​ស្លៀក​​​ចីវរ​​ក្លែង​​ខ្លួន ​កាល​​ពី​​មុន​ មក​បរ​​ដំរី។​​

sut kn dhp 009 att បាលី cs-km: sut.kn.dhp.009_att តិបិដក៖ sut.kn.dhp.009 PTS: ?

ធម្មបទគាថា ទី ៩-១០ អដ្ឋកថា

«៧. រឿងព្រះទេវទត្ត»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

៧. រឿងព្រះទេវទត្ត

៧. ទេវទត្តវត្ថុ

ទ. ១៥០ ព្រះសាស្តាកាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការបានសំពត់កាសាវៈ ដែលបុគ្គលនាំមកអំពីដែនគន្ធារៈចំពោះព្រះទេវទត្ត ក្នុងក្រុងរាជគ្រឹះ ត្រាស់ព្រះធម្មទេសនានេះថា អនិក្កសាវោ (មានកិលេសដូចទឹកចត់នៅមិនទាន់ដកចេញ) ជាដើម។

សេចក្តីពិស្តារថា សម័យមួយ ព្រះអគ្គសាវ័កទាំងពីរនាំបរិវាររបស់ខ្លួន មួយអង្គ ៥០០ រូប ទូលលាព្រះសាស្តា ចេញចាកវត្តជនពនទៅកាន់ក្រុងរាជគ្រឹះ។ អ្នកក្រុងរាជគ្រឹះ រួមជាក្រុម មានគ្នា ២ នាក់ខ្លះ ៣ នាក់ខ្លះ ច្រើននាក់ខ្លះ ថ្វាយអគន្តុកទាន1) អស់មួយថ្ងៃ ព្រះសារីបុត្រកាលនឹងធ្វើអនុមោទនា សំដែងធម៌យ៉ាងនេះថា ឧបាសក និងឧបាសិកាទាំងឡាយ ទាយកម្នាក់ថ្វាយទានដោយខ្លួនឯង (តែ) មិនបបួលអ្នកដទៃទាយកនោះរមែង បានភោគៈសម្បត្តិ ក្នុងទីដែលខ្លួនកើតហើយៗ (តែ) មិន បានបរិវារសម្បត្តិ ឯទាយកខ្លួនឯង បបួលអ្នកដទៃ ចំណែកខ្លួនឯងមិនថ្វាយទ. ១៥១ ទាយកនោះ រមែងបានបរិវារសម្បត្តិក្នុងទីដែលខ្លួនកើតហើយៗ (តែ) មិន បានភោគសម្បត្តិ ចំណែកទាយកម្នាក់ទៀត សូម្បីខ្លួនឯងក៏មិនថ្វាយ និងមិនបបួលសូម្បីអ្នកដទៃ ទាយកនេះ រមែងមិនបានសូម្បីវត្ថុត្រឹមតែបាយចុង អង្ករល្មមឆ្អែតពោះ រមែងជាមនុស្សអនាថា រកបច្ច័យមិនបានក្នុងទីដែលខ្លួន កើតហើយៗ។ ទាយកម្នាក់ទាំងខ្លួនឯងក៏ថ្វាយ ទាំងបបួលអ្នកដទៃ ទាយកនោះ រមែងបានទាំងភោគសម្បត្តិ ទាំងបរិវារសម្បត្តិ អស់រយអត្តភាពខ្លះពាន់អត្ថភាពខ្លះ សែនអត្តភាពខ្លះ ក្នុងទីដែលខ្លួនកើតហើយៗ។ បុរសជាបណ្ឌិតម្នាក់ ស្តាប់ព្រះធម្មទេសនានោះហើយ គិតថា “បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះធម្មទេសនានេះគួរអស្ចារ្យណាស់ លោកម្ចាស់សារីបុត្រពោលហេតុនៃសេចក្តីសុខ យើងគួរធ្វើកម្មដែលញ៉ាំងសម្បត្តិទាំងពីរនេះឲ្យសម្រេច” ដូច្នេះ ទើបនិមន្តព្រះថេរៈថា “លោកម្ចាស់ ព្រឹកនេះ សូមនិមន្តលោកម្ចាស់ ទទួលភិក្ខារបស់ខ្ញុំផងចុះ”។ ព្រះថេរៈសួរថា “លោកត្រូវការភិក្ខុប៉ុន្មានឧបាសក”។ ឧបាសកសួរវិញថា “ភិក្ខុដែលបរិវាររបស់លោកម្ចាស់មានប៉ុន្មាន។ ព្រះថេរៈបានឆ្លើយថា “មានប្រមាណមួយពាន់រូប ឧបាសក”។

ទ. ១៥២ ឧបាសកឆ្លើយថា “បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ព្រមទាំងភិក្ខុទាំងអស់អង្គ ប្រោសទទួលភិក្ខា (របស់ខ្ញុំ)”។ ព្រះថេរៈទទួលនិមន្តហើយ។ ឧបាសកត្រាច់ទៅតាមផ្លូវនគរ បបួលដោយពាក្យថា ពុកម៉ែ ទាំងឡាយ ខ្ញុំនិមន្តភិក្ខុមួយពាន់រូប លោកទាំងឡាយនឹងអាចថ្វាយភិក្ខាដល់ភិក្ខុចំនួនប៉ុនណា លោកទាំងឡាយនឹង អាចថ្វាយភិក្ខាដល់ភិក្ខុមានចំនួនប៉ុណ្ណោះ។ ពួកមនុស្សពោលដោយល្មមសមគួរ (ដល់កម្លាំង) រៀងៗខ្លួនថា ពួកខ្ញុំនឹងថ្វាយដល់ភិក្ខុ ១០ រូប ពួកខ្ញុំ ២០ រូប ពួកខ្ញុំ ១០០ រូប។ ឧបាសកពោលថា បើដូច្នោះ យើងទាំងឡាយនឹងប្រជុំរួមគ្នាក្នុងទីកន្លែងមួយ សូមលោកគ្រប់ៗ គ្នានាំវត្ថុផ្សេងៗ មានប្រេង ល្ង អង្ករ ទឹកដោះថ្លា ទឹកអំពៅជាដើម មករួមគ្នា ហើយឲ្យនាំមករួមទុកក្នុងទីកន្លែងមួយ។ គ្រានោះ កុដុម្ពីក៍ម្នាក់ឲ្យសំពត់កាសាវៈដែលនាំមកពីដែនគន្ធារៈដែលមានតំលៃមួយសែនដល់ឧបាសកនោះ ហើយប្រាប់ថា បើវត្ថុទាន (វត្ថុសម្រាប់ធ្វើបុណ្យ) របស់លោកមិនទាន់គ្រប់ លោកគប្បីចំណាយសំពត់នេះបន្ថែមឲ្យគ្រប់គ្រាន់ចុះ បើវត្ថុទានរបស់លោកគ្រប់គ្រាន់ហើយ លោកទ. ១៥៣ គប្បីថ្វាយ (សំពត់ផ្ទាំងនេះ) ដល់ភិក្ខុរូបណាតាមដែលលោកប្រាថ្នា។ ក្នុងកាលនោះ ទានវត្ថុគ្រប់យ៉ាងរបស់ឧបាសកនោះគ្រប់ល្មម អ្វីៗ ឈ្មោះថាខ្វះខាតរមែងមិនមាន។ ឧបាសកនោះទើបសួរមនុស្សទាំងឡាយថា សំពត់ កាសាវៈដ៏ប្រសើរកាត់ថ្លៃមិនបានផ្ទាំងនេះ ដែលកុដុម្ពីក៍ម្នាក់ពោលយ៉ាងនេះហើយប្រគល់ឲ្យ ទានវត្ថុ (របស់ពួកយើង) ក៏គ្រប់គ្រាន់ល្មមហើយ យើងទាំងឡាយនឹងថ្វាយសំពត់កាសាវៈផ្ទាំងនេះដល់ភិក្ខុរូបណាហ្ន៎។ ជនពួកខ្លះពោលថា “ថ្វាយដល់ព្រះសារីបុត្រ”។ ពួកខ្លះពោលថា “ព្រះថេរៈដែលមកក្នុងវេលាសន្ទូងចាស់ ហើយក៏ទៅ ព្រះទេវទត្តជាសំឡាញ់ក្នុងការងារជាមង្គល និងអព្វមង្គលទាំងឡាយរបស់ពួកយើង តាំងនៅជានិច្ច ដូចជាឆ្នាំងទឹកធំ (ពាងទឹក) ពួកយើងនឹងថ្វាយផ្ទាំងសំពត់នោះដល់លោក”។ សូម្បីកាលពាក្យប្រព្រឹត្តទៅច្រើនផ្លូវ (យ៉ាងនោះ) ពួកដែលពោលថា “គួរថ្វាយដល់ព្រះទេវទត្ត” មានចំនួនច្រើនជាង។ ដូច្នោះ ពួកគេទើបបានថ្វាយសំពត់កាសាវៈនោះដល់ព្រះទេវទត្ត។ ព្រះទេវទត្តកាត់សំពត់នោះហើយដេរ ជ្រលក់ ស្លៀកដណ្តប់ត្រាច់ទៅ។ ពួកមនុស្សឃើញលោកហើយ ទើបទ. ១៥៤ និយាយគ្នាថា “សំពត់ផ្ទាំងនេះមិនសមគួរដល់ព្រះទេវទត្តទេ សមគួរដល់ព្រះសារីបុត្រ ព្រះទេវទត្តស្លៀកដណ្តប់សំពត់ដែលមិនសមគួរដល់ខ្លួន ត្រាច់ទៅ។

គ្រានោះ ភិក្ខុអ្នកនៅទិសផ្សេងមួយរូប2) (ចេញ) ចាកក្រុងរាជគ្រឹះទៅកាន់ក្រុងសាវត្ថី ថ្វាយបង្គំព្រះសាស្តាហើយ ជាអ្នកដែលព្រះសាស្តាទ្រង់ធ្វើបដិសណ្ឋារៈ ត្រាស់សួរដល់ការនៅជាសុខរបស់ព្រះអគ្គសាវ័កទាំងពីរហើយ ទើបក្រាបទូលរឿងនោះទាំងអស់តាំងអំពីដើម។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុ ទេវទត្តនោះប្រើសំពត់ដែលមិនសមគួរដល់ខ្លួន មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន គេក៏ប្រើហើយដូចគ្នា“ ហើយទ្រង់នាំអតីតនិទានមក (ត្រាស់ថា)៖

គ្រាមុនព្រះទេវទត្តជាព្រានដំរី

ក្នុងអតីតកាល កាលស្តេចព្រហ្មទត្តគ្រប់គ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ព្រានដំរីអ្នកនគរពារាណសីម្នាក់ សម្លាប់ដំរីហើយ នាំភ្លុក ស្បែកទ. ១៥៥ ពោះវៀនធំ និងសាច់ មកលក់ចិញ្ចឹមជីវិត។ គ្រានោះដំរីច្រើនពាន់ ដើររកអាហារនៅក្នុងព្រៃមួយកន្លែង ជួបព្រះបច្ចេកពុទ្ធច្រើនអង្គ តាំងពីនោះមកកាលទៅ ក៏លុតជង្គង់ក្រាបចុះ3) ក្នុងកាលដែលឆ្លងកាត់ទៅមក (គ្រប់គ្រា)ទើបឆ្លងទៅ។ ថ្ងៃមួយ ព្រានដំរី ឃើញអាការនោះហើយគិតថា “យើងចាប់ដំរីទាំងនេះបានដោយលំបាក ក៏ក្នុងកាលឆ្លងកាត់ទៅ និងមក ដំរីទាំងនេះរមែងជួបព្រះបច្ចេកពុទ្ធទាំងឡាយ ដំរីឃើញអ្វីហ្ន៎ទើបគោរព” កំណត់បានថា“ឃើញសំពត់កាសាវៈ” ដូច្នេះ បានគិតថា “ឥឡូវនេះ សូម្បីយើងគួរបានសំពត់កាសាវៈ” កាលព្រះបច្ចេកពុទ្ធមួយអង្គចុះកាន់ជាតស្រះ4)ស្រង់ទឹក ដាក់សំពត់កាសាវៈទាំងឡាយលើមាត់ច្រាំង (ព្រាន) ទើបលួចយកចីវរមួយផ្ទាំងអង្គុយដណ្តប់គ្របជិតខ្លួនក្បែរមាត់ផ្លូវ ដែលដំរីទាំងនោះទៅមក។ ពួកដំរីឃើញគេហើយ ទើបគោរពដោយសំគាល់ថាជាព្រះបច្ចេកពុទ្ធ។ ហើយក៏ឆ្លងទៅ។ ព្រានដំរីនោះ ពួយលំពែងទៅត្រូវដំរីខាងក្រោយគេឲ្យស្លាប់ ហើយកាន់យកចំណែកផ្សេងៗ មានភ្លុកជាដើម ចំណែកដ៏សេសកប់ក្នុងដែនដីទ. ១៥៦ ហើយទៅ។ ក្នុងកាលកន្លងមក ព្រះពោធិសត្វចាប់បដិសន្ធិក្នុងកំណើតដំរី បានជាប្រធានដំរី ជាមេហ្វូង។ ក្នុងកាលនោះ ព្រានដំរីនោះក៏គង់ធ្វើយ៉ាងនោះ។ ព្រះមហាបុរសឈររង់ចាំការទៅនៃបរិស័ទរបស់ខ្លួន ទើបសួរថា “ដំរីទាំងនេះទៅណា ទើបសល់តិចទៅៗ” កាលពួកដំរីទាំងនោះឆ្លើយថា “មិនដឹងទេ” ទើបគិតថា “ដំរីទាំងឡាយទៅណាមិនប្រាប់យើង(មុន) ប្រហែលមានអន្តរាយ” នឹកសង្ស័យថា “អន្តរាយគប្បីមានពី សម្នាក់បុរសដែលអង្គុយឃ្លុំសំពត់កាសាវៈក្នុងទីកន្លែងមួយ” ដើម្បីនឹងចាប់បុរសនោះ ទើបបញ្ជាដំរីទាំងអស់ឲ្យទៅខាងមុខមុន ចំណែកខ្លួនមកខាងក្រោយ។ ព្រានដំរីនោះ កាលដំរីដ៏សេសគោរពហើយដើរទៅ ឃើញព្រះមហាបុរសកំពុងដើរមកដល់ ក៏លាត់ចីវរពួយលំពែងទៅ។ ព្រះមហាបុរសតាំងសតិដើរចូល ហើយត្រឡប់ថយទៅខាងក្រោយ គេចពីលំពែង ទើបរត់ចូលទៅដើម្បីចាប់ព្រានដំរី ដោយសំគាល់ថា “មនុស្សនេះឯងឲ្យដំរីពួកយើងវិនាស”។ ព្រានដំរីនោះក៏គេចឯបនឹងដើមឈើមួយដើម។ ពេលនោះព្រះមហាបុរស យកប្រមោយចាប់ព្រានរួបនឹងដើមឈើ ដោយតាំងចិត្តថាទ. ១៥៧ ចាប់បោកនឹងផែនដី (លុះ) ឃើញសំពត់កាសាវៈដែលគេនាំចេញមក ទើបមិនបោក ដោយគិតឃើញថា “បើយើងប្រទូសរ៉ាយ ក្នុងបុរសនេះសោតឈ្មោះថា សេចក្តីអៀនខ្មាសក្នុងព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រពច្រើនពាន់អង្គ ក៏ឈ្មោះថា យើងជាអ្នកបំផ្លាញហើយ” ទើបសួរថា «ញាតិរបស់យើងប្រមាណប៉ុណ្ណេះ អ្នកធ្វើឲ្យវិនាសឬ”។ ព្រានដំរីទទួលសារភាពថា “បាទ នាយ”។ ព្រះមហាបុរសពោលថា “ព្រោះហេតុអ្វី អ្នកទើបធ្វើកម្មដ៏អាក្រក់យ៉ាងនេះ អ្នកដណ្តប់សំពត់ដែលមិនសមគួរដល់ខ្លួន ដែលសមគួរចំពោះតែលោកអ្នកប្រាសចាករាគៈទាំងឡាយ កាលធ្វើបាបកម្មបែបនេះ ឈ្មោះថា ធ្វើកម្មដ៏អាក្រក់” លុះពោលយ៉ាងនេះហើយ កាលនិងញាំញីឲ្យខ្លាំងឡើង ទើបពោលគាថានេះថា៖

អនិក្កសាវោ កាសាវំ យោ វត្ថំ បរិទហេស្សតិ អបេតោ ទមសច្ចេន ន សោ កាសាវមហេតិ។ យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតា ឧបេតោ ទមសច្ចេន សវេ កាសាវមហេតិ។

ទ. ១៥៨ អ្នកណា នៅមានទឹកចត់ គឺ រាគទិក្កិលេស (ក្នុងសន្តាន) ជាអ្នកបោះបង់ការទូន្មាននូវឥន្រ្ទិយ និងសច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវៈ អ្នកនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈឡើយ។

លុះតែអ្នណា មានទឹកចត់ គឺ រាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយ និងសច្ចៈអ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់នូវសំពត់កាសាវៈបាន។

ដូច្នេះហើយពោលថា “អ្នកធ្វើកម្មដែលមិនសមគួរ” ហើយក៏លែងគេទៅ។

ព្រះសាស្គាលុះទ្រង់នាំព្រះធម្មទេសនានេះមក (សំដែង) ហើយ ទ្រង់សរុបជាតកថា “ព្រានដំរីក្នុងកាលនោះ បានជាទេវទត្ត (ក្នុងកាលឥឡូវនេះ) ដំរីដ៏ប្រសើរជាអ្នកញាំញីព្រានដំរីនោះ គឺ តថាគតនេះឯង” ហើយត្រាស់ថា “ម្នាលភិក្ខុ មិនមែនតែក្នុងកាលនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុននោះទ. ១៥៩ ទេវទត្តក៏ប្រើសំពត់មិនសមគួរដល់ខ្លួនដូចគ្នា” ហើយបានភាសិតព្រះគាថាទាំងនេះថា៖

យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតោ ឧបេតោ ទម សច្ចេន ស វេ កាសាវមរហតិ។

លុះតែអ្នកណា មានទឹកចត់ គឺ រាគាទិក្កិលេស ខ្ជាក់ ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយ និងសច្ចៈអ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់នូវសំពត់កាសាវៈបាន។

សេចក្តីនេះ បណ្ឌិតគប្បីសំដែងដោយឆទូន្តជាតក ដូច្នេះឯង។

អធិប្បាយគាថា

ក្នុងបទទាំងនោះ បទថា អនិក្កសាវោ (មានកិលេសដូចទឹកចត់ដែលនៅមិនទាន់ខ្ជាក់ចេញ) បានដល់ មានកិលេសដូចទឹកចត់ ព្រោះកិលេសដូចទឹកចត់ទាំងឡាយ មានកាមរាគៈជាដើម។ បទថា បរិទហេស្សតិ (និងទ. ១៦០ ស្លៀកដណ្តប់) បានដល់ នឹងប្រើប្រាស់ដោយអំណាចនៃការស្លៀកដណ្តប់ និងការក្រាល។ ព្រះបាលីថា “បរិទហិស្សតិ” ក៏មាន។ បទថា អបេតោ ទមសច្ចេន (ប្រាសចាកទមៈ និងសច្ចៈ) បានដល់ ប្រាសចាកការទូន្មានឥន្រ្ទិយ និងវចីសច្ចៈដែលជាចំណែកបរមត្ថសច្ចៈ អធិប្បាយថា ឫសគល់។ បទថា ន សោ (អ្នកនោះរមែងមិនគួរ) ជាដើម បានដល់ បុគ្គលនោះគឺ បុគ្គលបែបនោះ រមែងមិនគួរស្លៀកដណ្តប់សំពត់កាសាវៈ។

បទថា វន្តកសាវស្ស (អ្នកមានកិលេសដូចទឹកចត់ខ្ជាក់ចេញហើយ) បានដល់ គប្បីជាអ្នកមានកិលេសដូចទឹកចត់ដែលខ្ជាក់ចេញហើយ គឺមានកិលេសដូចទឹកចត់ដែលខ្ជាក់ចេញហើយ បានដល់ មានកិលេសដូចទឹកចត់ដែលខ្ជាក់អស់ហើយ ដោយមគ្គ ៤។ បទថា សីលេសុ (តាំងមាំល្អ) បានដល់ ជាអ្នកតាំងមាំដោយល្អ គឺ តាំងនៅដោយល្អ។ បទថា ឧបេតោ (ប្រកប) បានដល់ ប្រកបដោយការទូន្មានឥន្រ្ទិយ និងវចីសច្ចៈមានប្រការដូចពោលមកហើយ។ បទថា ស វេ (អ្នកនោះឯង) ជាដើម បានដល់បុគ្គលនោះ គឺ បុគ្គលបែបនោះ រមែងសមគួរ (ស្លៀកដណ្តប់) សំពត់ទ. ១៦១ កាសាវនោះ។

ក្នុងកាលចប់គាថា ភិក្ខុអ្នកនៅក្នុងទិសផ្សេងៗ នោះ ក៏បានសម្រេចជាព្រះសោតាបន្ន។ ជនសូម្បីពួកដទៃមានចំនួនច្រើន សម្រេចអរិយផលទាំងឡាយ មានសោតបត្តិផលជាដើម។ ទេសនាបានសម្រេចប្រយោជន៍ដល់មហាជន ដូច្នេះឯង។

ចប់ រឿងព្រះទេវទត្ត។

 

លេខយោង

1)
ទានដែលថ្វាយដល់ភិក្ខុអ្នកមកថ្មី គឺ អ្នកជាភ្ញៀវ។
2)
ភិក្ខុអ្នកនៅក្រុងផ្សេង។
3)
កិរិយារបស់ដំរីដែលធ្វើសេចក្តីគោរព ត្រូវជាមួយពាក្យថា សំពះ។
4)
ជាតស្រះ ស្រះដែលមិនមាននរណាជីក។
km/atthakatha/sut/kn/dhp/sut.kn.dhp.009_att.txt · ពេលកែចុងក្រោយ: 2024/08/31 11:18 និពន្ឋដោយ Johann