km:atthakatha:sut:kn:dhp:sut.kn.dhp.011_att

ធម្មបទគាថា ទី ១១-១២ អដ្ឋកថា៖ "៨. រឿងព្រះសារិបុត្តត្ថេរ (រឿងសញ្ជ័យ)"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ១១-១២ អំពី​​។

sut kn dhp 011 att បាលី cs-km: sut.kn.dhp.011_att តិបិដក៖ sut.kn.dhp.011 PTS: ?

ធម្មបទគាថា ទី ១១-១២ អដ្ឋកថា

«៨. រឿងព្រះសារិបុត្តត្ថេរ (រឿងសញ្ជ័យ)»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

ធម្មបទគាថា ទី ១១-១២ អដ្ឋកថា៖ "រឿងព្រះសារិបុត្តត្ថេរ"

៨. រឿងព្រះសារិបុត្តត្ថេរ (រឿងសញ្ជ័យ)

៨. សារិបុត្តត្ថេរវត្ថុ

ទ. ១៦២ ព្រះសាស្តា កាលប្រថាប់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការមិនមករបស់សញ្ជ័យ (បរិព្វាជក) ដែលព្រះអគ្គសាវ័កទាំងពីរក្រាបទូលហើយ ត្រាស់ធម្មទេសនានេះថា អសារេ សារមតិ (មានប្រក្រតីដឹងក្នុងវត្ថុដែលមិនជាសារៈថា ជាសារៈ) ជាដើម។ អនុបុព្វិកថាក្នុងរឿងសញ្ជ័យនោះ មានដូចតទៅនេះ៖

សេចក្ដីពិស្តារថា ក្នុងទីបំផុតនៃ ៤ អសង្ខេយ្យមួយសែនកប្ប រាប់ថយក្រោយពីកប្បនេះទៅ ព្រះសាស្តារបស់យើងទាំងឡាយ ជាព្រាហ្មណ៍កុមារ នាមថា សុមេធៈ ក្នុងអាមរវតីនគរ ដល់នូវការសម្រេចសិល្បៈគ្រប់យ៉ាង កាលមាតាបិតាធ្វើមរណកាលទៅ ក៏បរិច្ចាគទ្រព្យរាប់បានដោយច្រើនកោដិ បួសជាឥសីនៅក្នុងព្រៃហិមពាន្តប្រទេស ធ្វើឈាន និងអភិញ្ញាឲ្យកើតឡើង ទៅតាមអាកាស ឃើញមនុស្សត្រាយផ្លូវ ដើម្បីប្រយោជន៍ស្ដេចយាង ចាកសុទស្សនវិហារ ចូលទៅកាន់អមរវតីនគរ នៃព្រះទសពលទ្រង់ព្រះនាមថា ទីបង្ករ សូម្បីខ្លួនឯងក៏កាន់យក (ត្រាយផ្លូវ) ក្នុងទីមួយទ. ១៦៣ កន្លែង ទីនោះនៅមិនទាន់សម្រេច ក្រាលស្បែកខ្លាពណ៌លឿងលើភក់ល្បាប់ដេកសន្ធឹងខ្លួន ធ្វើជាស្ពានដើម្បីព្រះសាស្តាស្ដេចមក ដោយបំណងថា សូមព្រះសាស្តាព្រមទាំងព្រះសង្ឃសាវ័ក ទ្រង់កុំប្រលាក់ភក់ ចូរទ្រង់ជាន់លើយើង ហើយស្ដេចយាងចុះ។ពេលព្រះសាស្តាទតព្រះនេត្រហើយ ក៏ទ្រង់ព្យាករណ៍ថា បុគ្គលនេះជាពុទ្ធង្កូរ1) នឹងជាព្រះពុទ្ធមួយព្រះអង្គ ទ្រង់ព្រះនាមថាគោតម ក្នុងទីបំផុត ៤ អសង្ខេយ្យ មួយសែនកប្ប ក្នុងការជាអនាគត។ ក្នុងសម័យតមកនៃព្រះសាស្ដាព្រះអង្គនោះក៏បានទទួលព្យាករណ៍ក្នុងសំណាក់ព្រះពុទ្ធ ២៣ ព្រះអង្គ ដែលស្ដេចឧប្បត្តិឡើង ញ៉ាំងលោកឲ្យភ្លឺស្វាងទាំងនេះគឺ៖

១ ព្រះកោឌញ្ញៈ ២ ព្រះសុមង្គលៈ ៣ ព្រះសូមនៈ
៤ ព្រះរេវតៈ ៥ ព្រះសោភិតៈ ៦ ព្រះអនោមទស្សី
៧ ព្រះបទុមៈ ៨ ព្រះនារទៈ ៩ ព្រះបទុមត្តរៈ
១០ ព្រះសុមេធៈ ១១ ព្រះសុជាតៈ ១២ ព្រះបិយទស្សី\\ទ. ១៦៤ ១៣ ព្រះអត្ថទស្សី ១៤ ព្រះធម្មទស្សី ១៥ ព្រះសិទ្ធត្ថៈ
១៦ ព្រះតិស្សៈ ១៧ ព្រះបុស្សៈ ១៨ ព្រះវិបស្សី
១៩ ព្រះសិខី ២០ ព្រះវេសភូ ២១ ព្រះកកុសន្ធៈ
២២ ព្រះកោនាគមនៈ ២៣ ព្រះកស្សបៈ

ទ្រង់បំពេញបារមីគ្រប់ ៣០ គឺបារមី ១០ ឧបបារមី ១០ បរមត្ថបារមី ១០ កាលតាំងនៅក្នុងអត្ថភាពជាព្រះវេស្សន្តរ ឲ្យមហាទានធ្វើផែនដីឲ្យញាប់ញ័រ ៧ ដង ទ្រង់បរិច្ចាគព្រះឱរស និងព្រះជាយា ក្នុងទីបំផុតនៃព្រះជន្មាយុ ទ្រង់ក៏ឧប្បត្តិក្នុងសួគ៌ជាន់តុសិត តាំងនៅក្នុងតុសិតសួគ៌នោះរហូតអស់ព្រះជន្មាយុ កាលទេវតាក្នុងមួយម៉ឺនចក្រវាឡប្រជុំគ្នាអារាធនាថា៖

បពិត្រព្រះមហាវីរៈ កាលនេះ ជាកាលរបស់ព្រះអង្គ សូមព្រះអង្គចូរស្ដេចឧប្បត្តិក្នុងព្រះគភ៌ព្រះមាតា ត្រាស់ដឹងអមតបទ ញ៉ាំងលោកនេះ និងទេវលោកឲ្យឆ្លងផង។

ទ្រង់ពិចារណានូវឋានៈធំៗ ដែលគួរពិចារណា2) ៥ ស្ដេចចុតិចាក

ទ. ១៦៥ តុសិតសួគ៌នោះហើយ ទ្រង់ចាប់បដិសន្ធិក្នុងសក្យរាជត្រកូល ដែលព្រះញាតិវង្សបម្រើហើយដោយមហាសម្បត្តិក្នុងសក្យរាជត្រកូលនោះ ទ្រង់ដល់ការចម្រើនវ័យដោយលំដាប់ សោយសិរីរាជ្យសម្បត្តិក្នុងប្រាសាទទាំងបី ដែលសមគួរដល់រដូវទាំងបី ដូចសោយសិរីសម្បត្តិក្នុងទេវលោក។

ក្នុងសម័យដែលស្ដេចទៅដើម្បីប្រពាតព្រះឧទ្យាន ទ្រង់ឃើញទេវទូត ៣ គឺមនុស្សចាស់ មនុស្សឈឺ និងមនុស្សស្លាប់ ដោយលំដាប់ ទ្រង់កើតសេចក្ដីសង្វែក ស្ដេចក៏យើងត្រឡប់មកវិញ។ ក្នុងវារៈទី ៤ ទ្រង់ឃើញបុព្វជិត ទ្រង់មានការពេញព្រះទ័យក្នុងការបុព្វជ្ជាឲ្យកើតឡើងថា ការបុព្វជ្ជាជាការល្អ ស្ដេចទៅកាន់ព្រះឧទ្យាន ញ៉ាំងថ្ងៃឲ្យអស់នៅក្នុងព្រះឧទ្យាននោះ ប្រថាប់អង្គុយក្បែរមាត់ស្រះបោក្ខរណីដែលជាមង្គល ដែលវិស្សុកម្មទេវបុត្រក្លែងភេទជាជាងកាត់សក់ មកតាក់តែងព្រះអង្គថ្វាយ ទ្រង់ដឹងដំណឹងប្រសូត្ររបស់ព្រះរាហុលកុមារ ទ្រង់ជ្រាបដល់ការស្រឡាញ់ក្នុងព្រះឱរសមានកម្លាំង ទ្រង់ត្រិះរិះថា «យើងនឹងកាត់គ្រឿងចងនេះ មិនឲ្យជាគ្រឿងចង (យើង) បាន» វេលាល្ងាចស្ដេចចូលទៅកាន់ព្រះនគរ ទ្រង់ស្ដាប់គាថានេះដែលទ. ១៦៦ ព្រះធីតារបស់ស្ដេចពូព្រះនាមថាកេសាគោតមី ភាសិតថា៖

ព្រះរាជកុមារនេះ ជាព្រះរាជឱរសនៃព្រះជននីណា ព្រះជនកណា និងជាព្រះស្វាមីរបស់ព្រះនាងណា ព្រះជននី និងព្រះជនកនោះៗ រលត់ត្រជាក់ចិត្តដោយពិតហើយ។

ទ្រង់ព្រះតម្រិះថា យើង ដែលព្រះនាងកេសាគតមីនេះ (សូត្រ) ឲ្យបានឮនិព្វុតបទហើយ ទើបដោះកែវមុក្តាហារពីព្រះក បញ្ជូនទៅប្រទានឲ្យព្រះនាង ហើយស្ដេចចុះទៅកាន់ទីនៅរបស់ព្រះអង្គ ប្រថាប់អង្គុយលើក្រឡាបន្ទុំដ៏មានសិរី ទតឃើញប្រការដែលចម្លែករបស់ពួកស្រីរបាំ ដែលដល់នូវការលក់ហើយ ទ្រង់ក៏មានព្រះទ័យនឿយណាយ ទើបដាស់នាយឆន្នៈឲ្យក្រោកឡើង ឲ្យនាំសេះកណ្ឋកៈ (កន្ថកៈ) មក ស្ដេចឡើងជិះសេះកណ្ឋកៈ មាននាយឆន្នៈជាសម្លាញ់ មានទេវតាក្នុងមួយម៉ឺនចក្រវាឡហែហមហើយស្ដេចចេញមហាភិនេស្រ្កមណ៍ ទ្រង់បុព្វជ្ជាត្រង់មាត់ច្រាំងស្ទឹងអនោមា ស្ដេចទៅដល់ក្នុងរាជគ្រឹះដោយលំដាប់ ស្ដេចយាងបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនោះ ប្រថាប់គង់ត្រង់ញកភ្នំបណ្ឌវៈ ដែលព្រះចៅផែនដីមគធៈទ្រង់ថ្វាយទ. ១៦៧ ដោយរាជ្យសម្បត្តិ ទ្រង់បដិសេធការថ្វាយនោះ ទ្រង់ឲ្យប្ដេជ្ញាដល់ព្រះរាជា ដើម្បីប្រយោជន៍ដល់ការបានសម្រេចព្រះសព្វញ្ញុតញ្ញាណ ហើយក៏ស្ដេចយាងមកកាន់ដែនរបស់ព្រះអង្គ ស្ដេចចូលទៅរកអាឡារតាបស និងឧទ្ទកតាបស ទ្រង់មិនពេញព្រះទ័យក្នុងគុណវិសេស ដែលទ្រង់បានសម្រេចក្នុងសំណាក់របស់តាបសទាំងពីរនោះ ទ្រង់តាំងសេចក្ដីព្យាយាមធំ ៦ ឆ្នាំ ក្នុងថ្ងៃវិសាខបុណ្ណមី ពេលព្រឹកសើចបាយបាយាស ដែលនាងសុជាតាថ្វាយហើយ ទ្រង់បណ្ដែតថាសមាសក្នុងស្ទឹងនេរញ្ជនា ឱ្យចំណែកនៃថ្ងៃ កន្លងទៅដោយសមាបត្តិផ្សេងៗ ក្នុងព្រៃមហាវ័ន ក្បែរមាត់ស្ទឹងនេរញ្ជនា វេលាល្ងាចទ្រង់ទទួលស្បូវភ្លាំងដោយនាយសោត្ថិយថ្វាយ មានព្រះគុណ ដែលស្ដេចកាឡនាគរាជសរសើរហើយ ស្ដេចឆ្ពោះទៅកាន់ដើមពោធិ ទ្រង់ក្រាលស្បូវភ្លាំងហើយ ធ្វើប្ដេជ្ញាថា យើងនឹងមិនទម្លាយភ្នែននេះ រហូតវេលាដែលចិត្តរបស់យើងមិនទាន់រួចផុតចាកអាសវៈទាំងឡាយ ដោយការមិនប្រកាន់មាំនោះ ប្រថាប់គង់ពត់ភ្នែនមានព្រះភ័ក្រ្តឆ្ពោះទៅកាន់ទិសបូព៌ា កាលព្រះអាទិត្យមិនទាន់អស្ដង្គត ទ្រង់កម្ចាត់មារ និងពលមារ ទ្រង់បានសម្រេចបុព្វេនិវាទ. ១៦៨ សញ្ញាណ3) ក្នុងបឋមយាម សម្រេចចុតូបបាតញ្ញាណ4) ញ៉ាំងព្រះញាណចុះក្នុងបច្ចយាការក្នុងទីបំផុតបច្ឆិមយាម ក្នុងវេលាអរុណរះឡើងទ្រង់ចាក់ធ្លុះសព្វញ្ញុតញ្ញាណ ដែលប្រដាប់ដូចគុណគ្រប់យ៉ាង មានទសពលញ្ញាណ និងចតុវេសារជ្ជញ្ញាណជាអាទិ៍ ទ្រង់ញ៉ាំងកាលឲ្យកន្លងទៅត្រង់គល់ពោធិព្រឹក្សអស់ ៧ សប្តាហ៍។ ក្នុងសប្តាហ៍ទី 8 ប្រថាប់គង់ត្រង់គល់ឈើអអជបាលនិគ្រោធ ទ្រង់ដល់ភាពជាអ្នកខ្វល់ខ្វាយតិច ដោយពិចារណាឃើញថា ធម៌មានសភាពជ្រាលជ្រៅ ដែលស្ដេចសហម្បតីព្រហ្ម មានព្រហ្មមួយម៉ឺនជាបរិវារអារាធនាទ្រង់សម្ដែងធម៌ ទ្រង់ពិចារណាមើលសត្វលោកដោយពុទ្ធចក្ខុហើយ ទ្រង់ទទួលការអរាធនារបស់ព្រហ្ម ទ្រង់មានព្រះតម្រិះថា តថាគតគប្បីសំដែងធម៌ដល់នរណា ជាមនុស្សដំបូង។ កាលទ្រង់ពិចារណា ជ្រាបថា អាឡារៈតាបស និងឧទ្ទកៈតាបស ធ្វើកាលៈហើយ ទ្រង់ត្រឡប់រឭកដល់ឧបការៈច្រើនរបស់ភិក្ខុបញ្ចាវគ្គិយៈ ស្ដេចក្រោកចាកអាសនៈយាងទៅកាន់កាសីបុរី ក្នុងរវាងផ្លូវ បានសន្ទនាជាមួយទ. ១៦៩ ឧបការជីវក ក្នុងថ្ងៃអាសាឡ្ហបុណ្ណមី ស្ដេចដល់ទីនៅរបស់ភិក្ខុបញ្ចវគ្គីយ ក្នុងព្រៃឥសិបនមិគទាយវ័ន ទ្រង់ញ៉ាំងភិក្ខុបញ្ចវគ្គិយទាំងនោះ ដែលស្រែកហៅព្រះអង្គ ដោយពាក្យដែលមិនសមគួរ ឱ្យភ្ញាក់រឭកហើយ កាលនឹងញ៉ាំងព្រហ្ម 18 កោដិ មានព្រះអញ្ញាកោណ្ឌញ្ញៈជាប្រធាន អោយផឹកទឹកអមតៈ ទើបទ្រង់សម្ដែងព្រះធម្មចក្ក ទ្រង់មានធម្មចក្លដ៏បវរឱ្យប្រព្រឹត្តទៅហើយ។ ក្នុងតិថីទី ៥ នៃបក្ខ ទ្រង់ញ៉ាំងភិក្ខុទាំងអស់នោះ ឱ្យតាំងនៅក្នុងព្រះអរហត្ត ក្នុងថ្ងៃជាមួយគ្នានោះ ទ្រង់ឃើញការដល់ព្រមនៃឧបនិស្ស័យរបស់យសកុលបុត្រហើយ ត្រាស់ហៅគេដែរនឿយណាយនិងផ្ទះ ចេញមកក្នុងពេលយប់ថា មកទីនេះចុះ យស ធ្វើគេឲ្យសម្រេចសោតាបត្តិផលក្នុងវេលាយប់នោះឯង ក្នុងវេលាអរុណរះឡើង ឲ្យបានសម្រេចព្រះអរហត្ត ទ្រង់ញ៉ាំងសំឡាញ់របស់យសកុលបុត្រនោះ សូម្បីពួកដទៃ ៥៤ នាក់ទៀត ឲ្យបុព្វជ្ចាជាឯភិក្ខុឧបសម្បទា ហើយឲ្យបានសម្រេចព្រះអរហត្ត។ទ. ១៧០

ព្រះសាស្ដាទ្រង់បញ្ជូនសាវ័កឲ្យប្រកាសព្រះសាសនា

ព្រះអរហន្ត ៦១ អង្គ កើតឡើងក្នុងលោក ដោយប្រការយ៉ាងនេះហើយ ព្រះសាស្ដាស្ដេចចាំវស្សាបវារណាហើយ ទ្រង់បញ្ជូនភិក្ខុ ៦០ អង្គ ទៅក្នុងទិសទាំងឡាយដោយព្រះពុទ្ធតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកចូលចារិកទៅចុះ ដូច្នេះជាដើម ចំណែកព្រះអង្គស្ដេចទៅ កាន់ឧរុវេលាប្រទេស ក្នុងរវាងផ្លូវទ្រង់បានណែនាំភទ្ទវគ្គិយកុមារ ៣០ នាក់នៅឯព្រៃកប្បាសិកវ័ន (ព្រៃកប្បាស) បណ្ដាភទ្ទវគ្គិយកុមារ ៣០ នាក់នោះ យ៉ាងទាបបំផុតត្រឹមសោតាបត្ន ខ្ពស់ជាងគេបង្អស់ បានជាព្រះអនាគាមី។ ព្រះពុទ្ធ ទ្រង់ឲ្យភទ្ទវគ្គិយទាំងអស់នោះបុព្វជ្ជាដោយភាពជាឯហិភិក្ខុនោះឯង ហើយទ្រង់បញ្ជូនទៅក្នុងទិសទាំងឡាយ ចំណែកព្រះអង្គ ស្ដេចយាងទៅកាន់ឧរុវេលាប្រទេស ទ្រង់សម្ដែងបដិហារិយ៍ ៣៥០០ យ៉ាងណែនាំជដិល ៣ នាក់បងប្អូន មានឧរុវេលកស្សបៈជាដើម ដែលមានជដិលមានមួយពាន់នាក់ជាបរិវារ ឲ្យបុព្វជ្ជាដោយភាពជាឯហិភិក្ខុនោះឯង ទើបបានឲ្យប្រជុំគ្នាត្រង់គយាសីសៈប្រទេស ឲ្យតាំងនៅក្នុងព្រះអរហត្តដោយអាទិត្តបរិយាយទេសនាទ. ១៧១ មានព្រះអរហន្តមួយពាន់អង្គហែរហម ស្ដេចយាងទៅកាន់ឧទ្យានលដ្ធិវ័នជិតក្រុងរាជគ្រឹះ ដោយទ្រង់ព្រះរាជតម្រិះថា នឹងដោះប្ដេជ្ញាដែលទ្រង់ថ្វាយទុកដល់ព្រះបាទពិម្ពិសាល ត្រាស់ព្រះធម្មកថាដ៏ពិរោះដល់ព្រះរាជា ដែលទ្រង់ទទួលដំណឹងថា ជ្រាបថា ព្រះសាស្តាស្ដេចយាងមកហើយ ស្ដេចក៏មកគាល់ព្រមទាំងព្រាហ្មណ៍ និងគហបតី ១២ នហុត5) ញ៉ាំងព្រះរាជា និងព្រាហ្មណ៍ និងគហបតី ១១ នហុតទៀត ឲ្យតាំងនៅក្នុងសោតាបត្តិផល ១ នហុតទៀត ឲ្យតាំងនៅក្នុងសរណៈ ៣។ ស្អែកឡើងស្ដេចសក្កទេរាជដែលទ្រងក្លែងភេទជាមាណពសរសើរហើយ ស្ដេចចូលកាន់ក្រុងរាជគ្រឹះ ទ្រង់ធ្វើភត្តកិច្ចក្នុងព្រះរាជនិសន៍ ទ្រង់ទទួលវេឡុវនារាម6) ប្រថាប់នៅក្នុងវេឡុវនារាមនោះឯង។ ព្រះសារីបុត្រនិងព្រះមហាមោគ្គលាន ចូលទៅគាល់ព្រះអង្គក្នុងវេឡុវនារាមនោះ។ អនុបុព្វិកថាក្នុងរឿងព្រះសារីបុត្រនិងព្រះមហាមោគ្គលាននោះ ដូចតទៅ៖ទ. ១៧២

ប្រវត្តិព្រះសារីបុត្រ និងព្រះមហាមោគ្គលាន

សេចក្ដីពិស្ដារថា ការព្រះពុទ្ធទ្រង់មិនទាន់បានឧប្បត្តិឡើងហើយនោះឯង។ មានស្រុកព្រាហ្មណ៍ ២ ត្រកូលគឺឧបតិស្សគ្រាម ១ និងកោលិតគ្រាម ១ ក្នុងទីមិនឆ្ងាយអំពីក្រុងរាជគ្រឹះ។ ក្នុងស្រុក ២នោះ ក្នុងថ្ងៃដែលនាងព្រាហ្មណីឈ្មោះសារី ក្នុងឧបតិស្សគ្រាមតាំងគភ៌ សូម្បីនាងព្រាហ្មណីមនុស្សឈ្មោះមោគ្គលី ក្នុងកោលិតគ្រាមក៏តាំងគភ៌។ បានឮថា ក្មេងទាំងពីរនោះដល់វ័យចម្រើនហើយក៏បានដល់ការសម្រេចនូវសិល្បៈ ត្រកូលទាំងពីរនោះ បានជាសំឡាញ់ជាប់ទំនាក់ទំនងនឹងគ្នារហូតអស់ ៧ ជួរត្រកូលមកហើយ។ ព្រាហ្មណ៍ជាស្វាមី បានឲ្យពិធីរក្សាគភ៌ដល់ព្រាហ្មណីទាំងពីរនោះ ក្នុងថ្ងៃមួយជាមួយគ្នានោះឯង។ ដោយកាលកន្លងទៅ ១០ ខែនាងព្រាហ្មណីទាំងពីរនោះក៏ប្រសូត្របុត្រ។ ក្នុងថ្ងៃដាក់ឈ្មោះ ពួកញាតិតាំងឈ្មោះបុត្ររបស់នាងសារីព្រាហ្មណីថា ឧបតិស្សៈ ព្រោះជាបុត្ររបស់ត្រកូលម្ចាស់ស្រុក ក្នុងតំបន់ឧបតិស្សគ្រាម តាំងឈ្មោះរបស់មោគ្គលីព្រាហ្មណីថា កោលិតៈ ព្រោះជាបុត្រនៃត្រកូលម្ចាស់ស្រុក ក្នុងតំបន់កោលិតគ្រាម។ ក្មេងទាំងពីរនោះ ដល់វ័យចម្រើនហើយ ក៏បានដល់ការសម្រេចនូវសិល្បៈទ. ១៧៣ គ្រប់យ៉ាង។ ក្នុងវេលាទៅកាន់ស្ទឹង ឬសួន ដើម្បីនឹងលេង ឧបតិស្ស មាណពមានសង្រែកមាស ៥០០ ជាគ្រឿងហែហម កោលិតមាណព មានរថទឹមដោយសេះអាជានេយ្យ ៥០០ ជាគ្រឿងហែហម ជនទាំងពីរមានមាណពជាបរិវារម្នាក់ ៥០០។ ក៏ក្នុងក្រុងរាជគ្រឹះ មានមហោស្រពរាល់ៗឆ្នាំ។ ពួកញាតិបានយកគ្រែតម្រួតគ្នាដើម្បីកុមារទាំងពីរនោះ នៅក្នុងទីជាមួយគ្នានោះឯង។ សូម្បីកុមារទាំងពីរ ក៏អង្គុយមើលមហោស្រពជាមួយគ្នា រមែងសើចក្នុងឋានៈដែលគួរសើច រមែងដល់នៅការសង្វេគក្នុងឋានៈដែលគួរ សង្វេគ រមែងឲ្យរង្វាន់ក្នុងឋានៈដែលគួរឲ្យរង្វាន់។ ថ្ងៃមួយកាលកុមារទាំងពីរនាក់នោះមើលមហោស្រពតាមទំនងនេះ ការសើចក្នុងឋានៈដែលគួរសើច ឬការសង្វេគក្នុងឋានៈដែលគួរសង្វេគ ឬការឲ្យរង្វាន់ក្នុងឋានៈដែលគួរឲ្យរង្វាន់ មិនបានមានដូចក្នុងថ្ងៃមុនៗ ព្រោះញាណដល់នូវភាពចាស់ក្លាហើយ។ ក៏ជនទាំងពីរនាក់គិតគ្នាយ៉ាងនេះថា នឹងមានអ្វីដែលគួរមើលក្នុងទីនេះ ជនសូម្បីទាំងនេះ កាលនៅមិនទាន់ដល់ ១០០ ឆ្នាំ ក៏នឹងដល់នូវការបញ្ញត្តិមិនបាន ក៏យើងទាំងពីរនាក់គួរស្វែងរកធម៌ទ. ១៧៤ ជាគ្រឿងរួចផុតដ៏ឯក ដូច្នេះ ហើយ កាន់យកជាអារម្មណ៍ ក៏អង្គុយចុះ។ លំដាប់នោះ កោលិតៈនិយាយចំពោះឧបតិស្សៈថា ឧបតិស្សៈសំឡាញ់ ដូចម្ដេចលោកទើបមិនសើច សប្បាយដូចក្នុងថ្ងៃមុនៗ ថ្ងៃនេះ លោកមានចិត្តមិន រីករាយ លោកកំណត់អ្វីបានឬ។ ឧបតិស្សៈពោលថា កោលិតៈសំឡាញ់ យើងអង្គុយគិតដល់ហេតុនេះថា ក្នុងការមើលមនុស្សទាំងនេះ រកសារៈមិនបាន ការមើលនេះមិនមានប្រយោជន៍ យើងគួរស្វែងរកមោក្ខធម៌ដើម្បីខ្លួន ឯលោក ព្រោះហេតុអ្វីមិនរីករាយ។ សូម្បីកោតិតៈនោះ ក៏ប្រាប់យ៉ាងនោះដូចគ្នា។ លំដាប់នោះ ឧបតិស្សៈជ្រាបសេចក្ដីដល់កោលិតៈនោះ មានអធ្យាស្រ័យដូចគ្នានឹងខ្លួន ទើបពោលថា សំឡាញ់អើយ យើងទាំងពីរគិតល្អហើយ ក៏យើងគួរស្វែងរកមោក្ខធម៌ ធម្មតាអ្នកស្វែងរក ត្រូវតែបានបព្វជ្ជាភេទសិនទើបគួរ យើងទាំងពីរនឹងបព្វជ្ជាក្នុងសំណាក់អ្នកណាហ្ន៎។

ព្រះអស្សជិសម្ដែងបេះដូងព្រះសាសនា

ក៏សម័យនោះឯង សញ្ជ័យបរិព្វាជកអាស្រ័យនៅក្នុងក្រុងរាជគ្រឹះទ. ១៧៥ ជាមួយបរិព្វាជកបរិស័ទពួកធំ។ ឧបតិស្សៈ និងកោលិតៈ ទាំងពីរនាក់នោះ សន្យាគ្នាថា យើងនឹងបួសក្នុងសំណាក់សញ្ជ័យនោះ បញ្ជូនមាណព ៥០០ ទៅ ដោយពាក្យថា អ្នកទាំងឡាយចូលយកសង្រែក និងរថទៅចុះ។ ព្រមដោយមាណព ៥00 បួសហើយក្នុងសំណាក់របស់សញ្ជ័យ។ តាំងពីគេទាំងពីរនាក់បួសហើយ សញ្ជ័យក៏បានដល់នូវការប្រសើរដោយលាភ និងយសដ៏លើសលប់។ ទាំងពីរនាក់រៀនចប់លទ្ធិសម័យរបស់សញ្ជ័យគ្រប់យ៉ាង តែពីរបីថ្ងៃប៉ុណ្ណោះ ទើបសួរថា លោកអាចារ្យ លទ្ធិដែលលោកដឹង មានត្រឹមប៉ុណ្ណេះ ឬមានក្រៃលែងជាងនេះទៀត។ កាលសញ្ជ័យឆ្លើយថា មានត្រឹមតែប៉ុណ្ណេះ អ្នកទាំងពីររៀនចប់អស់ហើយ គេទាំងពីរទើបគិតគ្នាថា បើដូច្នេះ ការប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់របស់លោកនេះក៏មិនមានប្រយោជន៍ យើងទាំងពីរចេញមកដើម្បីស្វែងរកមោក្ខធម៌ មោក្ខធម៌នេះ យើងមិនអាចឲ្យកើតឡើងបានក្នុងសំណាក់របស់លោក ជម្ពូទ្វីបនេះធំណាស់ យើងនឹងទៅកាន់គាម និគម ជនបទនិងរាជធានី គង់នឹងបានអាចារ្យអ្នកស្វែងរកមោក្ខធម៌មិនខានឡើយ តាំងពីនោះ នរណានិយាយទ. ១៧៦ ក្នុងទីណាៗថា សមណព្រាហ្មណ៍ជាបណ្ឌិត មានគេទាំងពីររមែងទៅធ្វើសាកច្ឆាក្នុងទីនោះៗ។ បញ្ហាដែលគេទាំងពីរសួរទៅ អាចារ្យពួកដទៃមិនអាចឆ្លើយតបបាន តែគេទាំងពីរនាក់រមែងឆ្លើយបញ្ហារបស់អាចារ្យទាំងនោះបាន។ គេសាកសួរទូទាំងជម្ពូទ្វីបយ៉ាងនោះហើយ ត្រឡប់មកកាន់ទីនៅរបស់ខ្លួន ទើបធ្វើកតិកាគ្នាថា កោលិតៈសំឡាញ់ ក្នុងយើងទាំងពីរនាក់ អ្នកណាបានសម្រេចអមតធម៌មុន អ្នកនោះចូលប្រាប់ (ដល់គ្នា)។

កាលគេទាំងពីរនាក់ធ្វើកតិកាគ្នាយ៉ាងនេះហើយ ព្រះសាស្តាស្ដេចយាងដល់ក្រុងរាជគ្រឹះដោយលំដាប់ ដូចបានពោលហើយ ទ្រង់ទទួលវេឡុវ័នហើយ ប្រថាប់នៅក្នុងវេឡុវ័ន។ ក្នុងកាលនៅព្រះអស្សជិថេរៈ ក្នុងចំនួនព្រះបញ្ចវគ្គិយ ចំណោមព្រះអរហន្ត ៦១ អង្គ ដែលព្រះសាស្តាទ្រង់បញ្ជូនទៅដើម្បីប្រកាសគុណព្រះរតនត្រ័យ ដោយព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកចូរចារិកទៅដើម្បីប្រយោជន៍ដល់ជនដ៏ច្រើនចុះ បានត្រឡប់មកនៅក្រុងរាជគ្រឹះហើយ។ ក្នុងថ្ងៃស្អែកនោះ ក៏ប្រដាប់បាត្រ និងចីវរទៅកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាតអំពីព្រឹក។ សម័យនោះ ឧបតិស្សៈទ. ១៧៧ បរិព្វាជក ធ្វើភត្តកិច្ចអំពីព្រឹករួចហើយ ទៅកាន់អារាមរបស់បរិព្វាជក ជួបព្រះថេរៈ ទើបគិតថា អ្នកបួសបែបនេះយើងមិនធ្លាប់បានជួប ភិក្ខុរូបនេះគង់នឹងជាមនុស្សម្នាក់ក្នុងបណ្ដាអ្នកដែលជាព្រះអរហន្ត ឬជាអ្នកបានសម្រេចព្រះអរហត្តមគ្គក្នុងលោក យ៉ាងណាហ្ន៎ យើងគប្បីចូលទៅរកភិក្ខុនេះ ហើយសួរថា លោកអ្នកមានអាយុ លោកបួសឧទ្ទិសចំពោះអ្នកណា អ្នកណាជាសាស្តារបស់លោក ឬថា លោកពេញចិត្តក្នុងធម៌របស់អ្នកណា។ ពេលនោះបរិវិតក្កៈនេះ បានមានដល់គេថា កាលនេះមិនមែនជាការគួរសួរបញ្ហាចំពោះភិក្ខុនេះទេ ភិក្ខុនេះកំពុងចូលទៅកាន់ចន្លោះស្រុកដើម្បីត្រាច់បិណ្ឌបាត បើដូច្នេះ យើងកាលស្វែងរកមោក្ខធម៌ ដែលជាអ្នកត្រូវការនឹងដឹង គួរជាប់តាមភិក្ខុរូបនេះអំពីខាងក្រោយៗ។ គេឃើញព្រះថេរៈបានបិណ្ឌបាតហើយ ទៅកាន់ឱកាសកន្លែងមួយ ហើយជ្រាបសេចក្ដី ដែលព្រះថេរៈនោះប្រាថ្នានឹងអង្គុយ ទើបបានចាត់ចែងតាំងរបស់បរិព្វាជកសម្រាប់ថ្វាយខ្លួន។ សូម្បីក្នុងវេលាដែលលោកឆាន់ស្រេចហើយ ក៏បានថ្វាយទឹកក្នុងកុណ្ឌោរបស់ខ្លួនដល់ព្រះថេរៈ លុះធ្វើអាចរិយវត្តយ៉ាងនេះហើយទ. ១៧៨ ទើបធ្វើបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ជាមួយព្រះថេរៈ ដែលឆាន់ស្រេចហើយផ្ដើមសួរយ៉ាងនេះថា លោកមានអាយុ ឥន្ទ្រិយរបស់លោកផូរផង់ណាស់ ពណ៌សម្បុរបរិសុទ្ធផូរផង់ លោកអ្នកមានអាយុ លោកបួសឧទ្ទិសចំពោះអ្នកណា អ្នកណាជាសាស្ដារបស់លោក ឬលោកពេញចិត្តក្នុងធម៌របស់អ្នកណា។ ព្រះថេរៈគិតថា បណ្ដាបរិព្វាជកទាំងនេះ រមែងជាអ្នកបដិបក្ខចំពោះព្រះសាស្តា យើងនឹងសម្ដែងធម៌ដ៏មានជម្រៅក្នុងសាសនាដល់បរិព្វាជកនេះ កាលនឹងសំដែងការដែលខ្លួនបួសថ្មី ទើបពោលថា អ្នកមានអាយុ យើងនេះឯងជាអ្នកបួសថ្មី បួសហើយមិនយូរ ទើបតែមកកាន់ធម៌វិន័យនេះ យើងមិនអាចសម្ដែងធម៌ដោយពិស្តារបានទេ។ បរិព្វាជកឆ្លើយថា ខ្ញុំឈ្មោះឧបតិស្សៈ សូមលោកម្ចាស់ចូរពោលតិច ឬច្រើនតាមសេចក្ដីដែលអាចចុះ ប្រការនោះ ជាភារៈរបស់ខ្ញុំដើម្បីចាក់ធ្លុះដោយរយន័យ ពាន់ន័យ ហើយពោលថា៖

នឹងច្រើន ឬតិចក៏ដោយ សូមលោកម្ចាស់ចូរពោលចុះ ចូរប្រាប់ដល់ខ្ញុំត្រឹមតែសេចក្ដីប៉ុណ្ណោះ ខ្ញុំត្រូវការសេចក្ដី និងធ្វើព្យញ្ជនៈទ. ១៧៩ ឱ្យច្រើនទៅធ្វើអ្វី កាលគេនិយាយយ៉ាងនេះហើយ ព្រះថេរៈទើបពោលគាថាថា ៖ ធម៌ពួកណា មានហេតុជាដែនកើត ព្រះតថាគតត្រាស់ហេតុនៃធម៌ទាំងនោះ និងហេតុនៃការរលត់នៃធម៌ទាំងនោះ ព្រះមហាសមណៈមានប្រក្រតីត្រាស់យ៉ាងនេះ។

សំឡាញ់ពីរនាក់សម្រេចព្រះសោតាបន្ន

បរិព្វាជកស្ដាប់ត្រឹមតែ ២ បទខាងដើមប៉ុណ្ណេះ ក៏តាំងនៅក្នុងសោតាបត្តិផល ដល់ព្រមដោយពាន់ន័យ ព្រះថេរៈញ៉ាំង ២ បទក្រោយនេះឲ្យចប់ស្រេចក្នុងវេលាដែលគេជាព្រះសោតាបន្នហើយ។ គេជាព្រះសោតាបន្នហើយ កាលគុណវិសេសជាន់ខ្ពស់នៅមិនទាន់ប្រព្រឹត្តទៅ ក៏ឃាត់ថា ហេតុក្នុងវត្ថុនេះនឹងមាន ទើបសួរព្រះថេរៈថា លោកម្ចាស់ លោកមិនចាំបរិយាយធម្មទេសនាឲ្យក្រែលែងឡើងទេ ត្រឹមតែប៉ុណ្ណេះក៏ល្មម ព្រះសាស្ដារបស់ពួកយើងប្រថាប់នៅទីណា។ ព្រះថេរៈឆ្លើយថា ប្រថាប់នៅក្នុងវត្តវេឡុវ័ន អ្នកមានអាយុ គេសួរថា លោកម្ចាស់ដល់ចម្រើន បើដូច្នេះ សូមទ. ១៨០ លោកម្ចាស់និមន្តទៅមុនចុះ ខ្ញុំមានមិត្តម្នាក់ទៀត ហើយខ្ញុំទាំងពីរបានធ្វើកតិកាចំពោះគ្នានឹងគ្នាទុកថា អ្នកណាសម្រេចអមតធម៌មុន អ្នកនោះចូលប្រាប់គ្នា ខ្ញុំដោះប្ដេជ្ញានោះហើយ នឹងនាំសំឡាញ់ទៅកាន់សំណាក់របស់ព្រះសាស្ដាតាមដែលលោកម្ចាស់ទៅហើយនោះឯង ហើយក្រាបចុះទៀបព្រះបាទទាំងពីររបស់ព្រះថេរៈថ្វាយបង្គំដោយបញ្ចង្គប្រតិស្ថាន7) ធ្វើប្រទក្សិណ ៣ ជុំ និមន្តព្រះថេរៈទៅហើយ បានបែរមុខទៅកាន់អារាមរបស់បរិព្វាជកឃើញ។ កោលិតៈបរិព្វាជកឃើញគេមកអំពីចម្ងាយ គិតថា ថ្ងៃនេះសមុបុរមុខសំឡាញ់របស់យើងមិនដូចថ្ងៃដទៃៗ គេគង់បានសម្រេចអមតៈដោយពិត ទើបសួរដល់ការសម្រេចអមតៈ។ សូម្បីឧបតិស្សកៈបរិព្វាជកនោះ ក៏ទទួលថា អើ អ្នកមានអាយុ អមតៈយើងបានសម្រេចហើយ បានពោលភាសិតនោះឯង ដល់កាលិតៈបរិព្វាជកនោះ។ ក្នុងកាលចប់គាថា កាលិតាក៏តាំងនៅក្នុងសោតាបត្តិផល ហើយពោលថា សំឡាញ់ ដឹងថាព្រះសាស្ដាទ. ១៨១ របស់ពួកយើងប្រថាប់នៅទីណា។ ឧបតិស្សៈពោលថា ឮថា ប្រថាប់នៅក្នុងវត្តវេឡុវ័ន សំឡាញ់ ដំណឹងនេះ ព្រះអស្សជិជាអាចារ្យរបស់យើងបានប្រាប់។ កោលិតៈពោលថា សំឡាញ់ បើដូច្នេះ យើងទៅសម្គាល់ព្រះសាស្តាចុះ។ ក៏បណ្ដាព្រះសារីបុត្រថេរៈនេះ រមែងជាអ្នកបូជាអាចារ្យសូម្បីគ្រប់កាលវេលា ព្រោះដូច្នេះ ទើបពោលចំពោសំឡាញ់យ៉ាងនេះថា សំឡាញ់ យើងនឹងប្រាប់អមតៈដែលយើងទាំងពីរបានសម្រេច ដល់សញ្ជ័យបរិព្វាជកដែលជាអាចារ្យរបស់យើងខ្លះ លោកដឹងហើយក៏នឹងចាក់ធ្លុះ កាលបានចាក់ធ្លុះ ជឿពួកយើងហើយ នឹងទៅកាន់សំណាក់របស់ព្រះសាស្តា ស្ដាប់ទេសនារបស់ពុទ្ធបុគ្គល (ព្រះពុទ្ធ) ទាំងឡាយហើយ នឹងធ្វើការចាក់ធ្លុះនូវមគ្គ នឹងផល។ លំដាប់នោះ អ្នកទាំងពីរក៏បានទៅកាន់សំណាក់សញ្ជ័យ។ សញ្ជ័យពេលឃើញគេមកដល់ សួរថា បា ទាំងពីរ ពួកអ្នកបាននរណាសម្ដែងផ្លូវអមតៈហើយឬ។ សម្លាញ់ទាំងពីរឆ្លើយថា បានហើយ លោកអាចារ្យ ព្រះពុទ្ធស្ដេចឧប្បត្តិឡើងហើយក្នុងលោក ព្រះធម៌ក៏ឧប្បត្តិឡើងហើយ ព្រះសង្ឃក៏ឧប្បត្តិឡើងហើយ លោកអាចារ្យប្រព្រឹត្តទ. ១៨២ ធម៌ទទេ គ្មានសារៈ សូមលោកមកចុះ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះសាស្ដា។

សញ្ជ័យ៖ អ្នកទាំងពីរទៅចុះ ខ្ញុំមិនទៅទេ។

ឧប-កោ៖ ព្រោះហេតុអ្វី។

សញ្ជ័យ. យើងធ្លាប់ជាអាចារ្យរបស់មហាជនហើយ ការនៅជាអន្តេវាសិករបស់យើងនោះ ដូចជាការរញ្ជួយនៃទឹកក្នុងពាងយើង យើងមិនអាចនៅជាអន្តេវាសិកបានទេ។

ឧប-កោ៖ កុំធ្វើយ៉ាងនេះឡើយ លោកអាចារ្យ។

សញ្ជ័យ៖ ល្ហើយចុះ បា! នាំគ្នាទៅចុះ យើងមិនអាចទៅបាន។

ឧប-កោ៖ លោកអាចារ្យ តាំងពីកាលនៃព្រះពុទ្ធស្ដេចឧប្បត្តិឡើងក្នុងលោក មហាជនកាន់យករបស់ក្រអូប កម្រងផ្កាជាដើម ទៅបូជាព្រះអង្គប៉ុណ្ណោះ សូម្បីខ្ញុំទាំងពីរក៏នឹងទៅក្នុងទីនោះដូចគ្នា លោកអាចារ្យនឹងធ្វើអ្វី។

សញ្ជ័យ៖ អ្នកទាំងពីរ ក្នុងលោកនេះ មានមនុស្សល្ងង់ច្រើន ឬមានទ. ១៨៣ មនុស្សឆ្លាតច្រើន។

ឧប-កោ៖ មនុស្សល្ងង់ច្រើនជាង លោកអាចារ្យ មនុស្សដែលឆ្លាតមានត្រឹមតែតិចតួច។

សញ្ជ័យ៖ អ្នកទាំងពីរ បើដូច្នោះ ពួកអ្នកឆ្លាតៗ នឹងទៅកាន់សំណាក់ព្រះគោតម ពួកមនុស្សល្ងង់ៗ នឹងមកកាន់សំណាក់យើង បា! ទៅជាមួយគ្នាចុះ យើងមិនទៅទេ។

សំឡាញ់ទាំងពីរនោះ ទើបពោលថា លោកអាចារ្យ លោកប្រាកដហើយឬ ហើយក៏ចៀសចេញទៅ។ កាលសំឡាញ់ទាំងពីរនោះទៅ។ បរិស័ទរបស់សញ្ជ័យក៏បែកគ្នា។ ខណៈនោះអារាមនៅទទេ។ សញ្ជើញនោះឃើញអារាមទទេហើយ ក៏ក្អួតចេញឈាមក្ដៅៗ។ ក្នុង បរិព្វាជក ៥០០ នាក់ ដែលទៅជាមួយសម្លាញ់ទាំងពីរនោះ បរិស័ទ ២៥០ នាក់ ត្រឡប់មកវិញដើម្បីសញ្ជ័យ។ សម្លាញ់ទាំងពីរនាក់បានទៅកាន់វត្តវេឡុវ័ន ព្រមទាំងបរិព្វាជក ២៥០ នាក់ ដែលជាអន្តេវាសិករបស់ខ្លួន។

ព្រះសាស្ដាប្រថាប់គង់សំដែងធម៌ក្នុងកណ្ដាលបរិស័ទ ៤ ទតឃើញទ. ១៨៤ បរិព្វាជកទាំងនោះអំពីចំងាយហើយ ត្រាស់ហៅភិក្ខុទាំងឡាយ ដោយព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំឡាញ់ទាំងពីរនាក់នោះកំពុងមក គឺកាលិតៈ និងឧបាតិស្សៈ ទាំងពីរនាក់នោះឯង ជាគូនៃសាវ័កដ៏ប្រសើររបស់កថាគត។ សំឡាញ់ទាំងពីរថ្វាយបង្គំព្រះសាស្ដាហើយ អង្គុយនៅក្នុងទីដ៏សមគួរមួយ។ គេទាំងពីរបានក្រាបទូលពាក្យនេះចំពោះព្រះមានព្រះភាគថា ខ្ញុំព្រះអង្គគប្បីបានបព្វជ្ជា គប្បីបានឧបសម្បទាក្នុងសំណាក់របស់ព្រះមានប្រភាគផងចុះ ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា អ្នកទាំងឡាយ ចូរជាភិក្ខុចុះ ធម៌តថាគតសម្ដែងល្អហើយ ចូរប្រព្រឹត្តព្រហ្មចារ្យដើម្បីធ្វើនូវទីបំផុតនៃទុកដោយប្រពៃចុះ។ ជនទាំងអស់ បានជាអ្នកទ្រទ្រង់បាត្រចីវរដែលសម្រេចដោយឫទ្ធិ៍ ដូចព្រះថេរៈមានវស្សា ១០០។ គ្រានោះ ព្រះសាស្ដាទ្រង់បរិយាយព្រះធម្មទេសនា ដោយអំណាចចរិយានៃបរិស័ទរបស់សំឡាញ់ទាំងពីរនោះ។ វៀរព្រះអង្គសាវ័កទាំងពីរចេញ ជនដ៏សេស ក៏សម្រេចព្រះអរហត្តហើយ។ក៏កិច្ចដោយមគ្គជាន់ខ្ពស់របស់ព្រះអង្គសាវ័កទាំងពីរ មិនបានសម្រេចឡើយ។ ព្រោះហេតុអ្វី។ ព្រោះសាវ័កបារមីជាទ. ១៨៥ របស់ធំ។ តមកក្នុងថ្ងៃទី ៧ អំពីថ្ងៃដែលបួសហើយ ព្រះមហាមោគ្គលានត្ថេរ ចូលទៅអាស្រ័យក្នុងកល្លវាលៈ ក្នុងដែនមគធៈ កាលថីនមិទ្ធៈគ្របសង្កត់លោក ដែលព្រះសាស្តាទ្រង់ឲ្យសង្វេគហើយ ក៏បន្ទោបង់ថីនមិទ្ធៈបាន។ ក្នុងកាលកំពុងស្ដាប់ព្រះធាតុកម្មដ្ឋាន ដែលព្រះសាស្តាប្រទានហើយ បានញ៉ាំងកិច្ចក្នុងមគ្គ ៣ ខាងលើឲ្យសម្រេច។ សម្រេចនូវទីបំផុតនៃសាវកបារមីញាណហើយ។ ចំណែកព្រះសារីបុត្រ កន្លងទៅបានកន្លះខែអំពីថ្ងៃបួស ចូលទៅអាស្រ័យក្នុងក្រុងរាជគ្រឹះនោះឯង ត្រង់ល្អាងភ្នំសូករខាតា ជាមួយព្រះសាស្ដា កាលព្រះសាស្តាទ្រង់សម្ដែងវេទនាបរិគ្គហសូត្រ ដល់ទីឃនខបរិព្វាជកដែលជាក្មួយរបស់ខ្លួន បញ្ជូនញៀនទៅតាម ក្រសែនៃព្រះសូត្រ ក៏បានសម្រេចទីបំផុតនៃសាវ័កបារមីញាណ ដូចជាអ្នកបរិភោគភត្ត ដែលអ្នកដទៃដួសឲ្យ។ ក៏ព្រះសារីបុត្រជាអ្នកមានបញ្ញាច្រើនមែនឬ បើដូច្នេះ ព្រោះហេតុអ្វី? ទើបសម្រេចសាវ័កបារមីក្រោយព្រះមោគ្គលាន។ ព្រោះមានការបរិកម្មច្រើន។ ដូចឧបមាថា ពួកមនុស្សទុគ៌ត ប្រាថ្នានឹងទៅកាន់ទីណាៗ ក៏ចេញទៅបានរហ័ស ចំណែកព្រះរាជា ត្រូវបានត្រៀមទ. ១៨៦ ច្រើន មានការត្រៀមសេះព្រះរាជពាហនៈជាដើម។ ទើបគួរ យ៉ាងណាឧបមេយ្យនេះ ក៏គប្បីជ្រាបដូច្នេះ។ ក៏ក្នុងវេលាថ្ងៃត្រង់នោះឯង ព្រះសាស្តាទ្រង់ប្រជុំសាវ័កត្រង់វត្តវេឡុវ័ន ប្រទានតំណែងព្រះអង្គសាវ័កដល់ព្រះថេរៈទាំងពីរ ហើយទ្រង់សម្ដែងព្រះបាតិមោក្ខ។

ព្រះភិក្ខុតិះដៀលព្រះសាស្ដា

ពួកភិក្ខុអ្នកតិះដៀលពោលថា ព្រះសាស្ដាប្រទានតំណែង ដល់ភិក្ខុទាំងឡាយ ដោយយល់មុខ ធម្មតាព្រះអង្គកាលនឹងប្រទានតំណែងអគ្គសាវ័ក គួរប្រទានដល់បញ្ចវគ្គិយអ្នកបួសមុន បើមិនយល់ដល់បញ្ចវគ្គិយទាំងនោះ ក៏គួរប្រទានដល់ភិក្ខុ ៥៥ រូប មានព្រះយសថេរៈជាប្រធាន។ កាលមិនមើលដល់ភិក្ខុទាំងនោះ ក៏គួរប្រទានដល់ពួកភទ្ទវគ្គិយ កាលមិនមើលដល់ពួកព្រះភទ្ទវគ្គិយទាំងនេះ ក៏គួរប្រទានដល់ភិក្ខុ ៣ នាក់បងប្អូន មានព្រះឧរុវេលកស្សបៈជាដើម តែព្រះសាស្តាទ្រង់លះភិក្ខុទាំងនោះ មានប្រមាណប៉ុណ្ណេះ។ ការនឹងប្រទានដំណែងអគ្គសាវ័ក ក៏ទ្រង់យល់ដល់មុខ ប្រទានដល់អ្នកបួសក្រោយគេបង្អស់។ទ. ១៨៧

បុព្វកម្មរបស់ព្រះអញ្ញាកោណ្ឌញ្ញៈ

ព្រះសាស្ដាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកនិយាយគ្នាពីអ្វី។ កាលភិក្ខុទាំងនោះក្រាបទូលថា រឿងដូច្នេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានយល់ដោយមុខ ហើយឲ្យតំណែងដល់ភិក្ខុបូសថ្មី តែតថាគតឲ្យតំណែងតាមដែលបុគ្គលម្នាក់ៗ ប្រាថ្នាហើយនោះឯង ដល់ភិក្ខុទាំងនេះ ក៏អញ្ញាកោណ្ឌញ្ញៈ កាលថ្វាយទានជាប់ទាក់ទងដោយស្រូវដ៏ប្រសើរ ៩ ដង ដល់ពេលធ្វើស្រែមួយរដូវ ក៏មិនបានប្រាថ្នាតំណែងអគ្គសាវ័ក តែបានប្រាថ្នាដើម្បីចាក់ធ្លុះព្រះអរហត្ត ដែលជាធម៌ដ៏ប្រសើរមុនសាវ័កទាំងអស់ប៉ុណ្ណោះ។ ភិក្ខុទាំងឡាយទូលថា កាលណាព្រះអង្គ។ ព្រះសាស្ដាទ្រង់សួរថា ពួកអ្នកនឹងស្ដាប់ឬ ភិក្ខុទាំងនោះទូលទទួលថាស្ដាប់ព្រះអង្គ។

ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រាប់អំពីកប្បនេះថយទៅក្រោយ ៩១ កប្ប ព្រះមានព្រះភាគទ្រង់ព្រះនាមថាវិបស្សី ស្ដេចឧប្បត្តិទៅឡើងហើយក្នុងលោក។ ក្នុងកាលនោះ មានកុដុម្ពិក៍ ២ នាក់បងទ. ១៨៨ ប្អូន គឺ មហាកាល និងចុល្លកាល ឲ្យព្រោះស្រូវសាលីទុកជាច្រើន។ តមកថ្ងៃមួយចុល្លកាលទៅស្រែស្រូវសាលី ហែរស្រូវសាលីកំពុងផើមមួយដើម ហើយភ្លក់មើល។ ដឹងថារស់ឆ្ងាញ់។ គេប្រាថ្នានឹងថ្វាយសាលីគព្ភទាន8) ដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាន។ ទើបចូលទៅរកបងប្រុសហើយពោលថា បង ខ្ញុំនឹងបកស្រូវសាលីដើមណាផើម ធ្វើជារបស់គួរដល់ព្រះពុទ្ធទាំងឡាយ ហើយថ្វាយទាន។ បងប្រុសពោលថា អ្នកនិយាយអ្វី ការដែលបកស្រូវសាលីកំពុងផើមធ្វើទាន មិនធ្លាប់មានទេក្នុងអតីត និងមិនមានក្នុងអនាគត អ្នកកុំធ្វើស្រូវសាលីឲ្យវិនាសឡើយ។ គេក៏អង្វរហើយ អង្វរទៀត។ គ្រានោះ បងប្រុសទើបនិយាយចំពោះគេថា បើដូច្នេះ អ្នកត្រូវបែងជា ២ ចំណែក កុំប៉ះពាល់ចំណែករបស់យើង ចូរធ្វើចំណែកដែលអ្នកប្រាថ្នា ក្នុងស្រែដែលជាចំណែករបស់ខ្លួនចុះ។ គេទទួលថា ល្អហើយ ទើបបែងចែកគ្នា ហើយបានជួបមនុស្សជាច្រើនឲ្យបកស្រូវសាលីដែលផើម ឲ្យកិនជាទឹកដោះរហូតដល់ខាប់ ផ្សំជាមួយទឹកទ. ១៨៩ ដោះ ទឹកឃ្មុំ និងស្ករត្នោត ថ្វាយទានដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ក្នុងការសម្រេចភត្តកិច្ច ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទានដ៏ប្រសើររបស់ខ្ញុំព្រះអង្គនេះ ចូរប្រព្រឹត្តទៅដើម្បីដល់ការចាក់ធ្លុះធម៌ដ៏ប្រសើរ មុនសាវ័កទាំងពួង។ ព្រះសាស្ដាត្រាស់ថា ចូរជាយ៉ាងនោះចុះ ហើយទ្រង់បានធ្វើការអនុមោទនា។ គេទៅស្រែដើរមើល ឃើញស្រែដុះពេញដោយគួរស្រូវសាលី ដូចគេចងទុកជាជួរៗ ក្នុងស្រែទាំងអស់ បានបីតិ ៤ យ៉ាង ហើយគិតថា ជាលាភរបស់យើងហ្ន៎ ដល់រដូវអំបុក បានថ្វាយទានដ៏ប្រសើរដោយអំបុក បានថ្វាយទានទាក់ទងដោយសន្ទូងដ៏ប្រសើរព្រមជាមួយពួកអ្នកស្រុកទាំងឡាយ រដូវច្រូតបានថ្វាយទានដ៏ប្រសើរក្នុងការច្រូត ក្នុងការធ្វើជាកណ្ដាប់បានថ្វាយទានដ៏ប្រសើរក្នុងការធ្វើកណ្ដាប់ ក្នុងកាលជញ្ជូនកណ្ដាប់ដាក់លាន ក៏បានថ្វាយទានដ៏ប្រសើរក្នុងកាលនោះដែរ ក្នុងកាលបែនបោកបញ្ជាន់ ក៏បានថ្វាយទានដ៏ប្រសើរ ក្នុងការនាំស្រូវទុកក្នុងជម្រក បានថ្វាយទានដ៏ប្រសើរ រួមជា ៩ ដង ក្នុងរដូវស្រែតែម្ដង ដោយប្រការដូច្នេះ។ ទីស្រែដែលគេកាន់យកហើយ បានដុះស្រូវពេញដូចទ. ១៩០ ដើម គ្រប់ៗគ្រា។ ស្រូវបានដុះលូតលាស់សម្បូរណ៍ឡើងយ៉ាងក្រៃលែង។ ឈ្មោះថា ធម៌នេះរមែងរក្សានូវអ្នកដែលរក្សាខ្លួន។ សមដូចដែលព្រះមានព្រះភាគត្រាស់ទុកថា ៖

ធម៌នោះឯង រមែងរក្សាអ្នកដែលមានប្រក្រតីប្រព្រឹត្តធម៌ ធម៌ដែលប្រព្រឹត្តល្អហើយរមែងនាំសុខមកឱ្យ នេះជាអានិសង្សក្នុងធម៌ដែលគេប្រព្រឹត្តល្អ អ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងមិនទៅកាន់ទុក្ខគតិ។

អញ្ញាកោណ្ឌញ្ញៈប្រាថ្នាដើម្បីចាក់ធ្លុះធម៌ដ៏ប្រសើរមុនគេ ទើបបានថ្វាយទានដ៏ប្រសើរ ៩ ដង ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាម វិបស្សីដោយប្រការនេះឯង។ មួយទៀត សូម្បីក្នុងការនៃព្រះពុទ្ធព្រះនាមថាបទុមុត្តរៈ ក្នុងហង្សវតីនគរ ក្នុងទីបំផុត ១សែនកប្បអំពីកប្បនេះទៅ គេថ្វាយមហាទាន ៧ ថ្ងៃ ក្រាបចុះទៀបព្រះបាទមូលរបស់ព្រះមានព្រះភាគអង្គនោះ តាំងប្រាថ្នា ដើម្បីចាក់ធ្លុះធម៌ដល់ប្រសើរមុន (គេ) ដូចគ្នា។ តថាគតបានឲ្យផលដែលអញ្ញាកោណ្ឌញ្ញៈនេះ ប្រាថ្នាហើយតែម្យ៉ាង ដោយប្រការទ. ១៩១ ដូច្នេះ។ តថាគតមិនបានឃើញ ដោយយល់មុខហើយឲ្យតំណែងទេ។ 

បុព្វកម្មរបស់ជន ៥៥ នាក់ មានយសកុលបុត្តជាដើម

ភិក្ខុទាំងឡាយសួរថា ជន ៥៥ នាក់ មានយសកុលបុត្រជាប្រធាន ធ្វើកម្មអ្វីទុក្ខ ព្រះអង្គ។ ព្រះសាស្ដាត្រាស់ថា សូម្បីជូន ៥៥ នាក់ នោះប្រាថ្នាព្រះអរហត្តក្នុងសំណាក់ព្រះពុទ្ធមួយព្រះអង្គ ធ្វើកម្មដែលជាបុណ្យទុកច្រើនហើយ ក្រោយមក កាលព្រះពុទ្ឌទ្រង់មិនទាន់ឧប្បត្តិឡើង ជាសំឡាញ់គ្នា ធ្វើបុណ្យរួមគ្នា ដើរចាត់ចែងសពមនុស្សគ្មានទីពឹង ថ្ងៃមួយ ពួកគេជួបស្ត្រីស្លាប់ទាំងមានគភ៌ បានព្រមព្រៀងគ្នាថា នឹងដុត ទើបនាំទៅព្រៃខ្មោច។ ក្នុងពួកជនទាំងនោះ ក៏ទុកឲ្យស្នាក់នៅក្នុងព្រៃខ្មោច ៥ នាក់ ដោយប្រាប់ថា ពួកអ្នកចូរដុត អ្នកដ៏សេសចូលទៅស្រុកវិញ។ យសយកលើសូលចាក់សពនោះ ប្រែត្រឡប់ទៅត្រឡប់មក ក៏បាននៅអាសុភសញ្ញា។ គេសំដែងដល់សំឡាញ់ ៤ នាក់ទៀតថា លោកដ៏ចម្រើន ពួកលោកចូរមើលសពនេះ មានស្បែកត្រូវភ្លើងកម្ចាត់ហើយក្នុងទីនោះៗ ដូចជាគោដាង មិនស្អាតនស្អុយ គួរខ្ពើម ជនទាំង ៤ នាក់នោះ ក៏បាននូវទ. ១៩២ អាសុភសញ្ញាក្នុងសពនោះ។ គេទាំង ៥ នាក់ ទៅស្រុកប្រាប់ដល់សំឡាញ់ដ៏សេស។ ចំណែកយសមាណពទៅផ្ទះហើយ បានប្រាប់ដល់មាតាបិតា និងភរិយា។ មនុស្សទាំងអស់នោះ ក៏ចម្រើនបានអាសុភសញ្ញា។ នេះជាបុព្វកម្មរបស់មនុស្ស ៥៥ នាក់ ដែលមានយសកុលបុត្រជាប្រធាន។ ព្រោះដូច្នោះ ការសម្គាល់ក្នុងផ្ទះដែលច្រើនដោយស្ត្រីនោះ ដូចជាខ្មោចព្រៃ ទើបកើតមានដល់យសមាណព។ ដោយការដល់ព្រមនៃឧបនិស្ស័យនោះ ការសម្រេចគុណនូវវិសេសទើបកើតឡើងដល់ពួកគេទាំងនោះ។ ជនទាំងនេះ បានទទួលផលដែលខ្លួនប្រាថ្នាហើយ ដោយប្រការដូច្នេះ។ តថាគត មិនបានយល់ដោយមុខ ហើយឲ្យតំណែងនោះទេ។

បុព្វកម្មរបស់ភទ្ទវគ្គិយ ៣០ នាក់

ភិក្ខុទាំងឡាយក្រាបទូលថា ក៏ព្រះភទ្ទវគ្គិយដែលជាសំឡាញ់នឹងគ្នា បានធ្វើកម្មអ្វីទុកដែរ ព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីពួកភទ្ទវគ្គិយនោះ ក៏ប្រាថ្នាព្រះអរហត្តក្នុងសំណាក់នៃព្រះពុទ្ធក្នុងការមុន ហើយធ្វើបុណ្យ ខាងក្រោយមក កាលព្រះពុទ្ធមិនទាន់ឧប្បត្តិឡើងក្នុងទ. ១៩៣ លោក ជាអ្នកលេង ៣០ នាក់ ស្ដាប់តុណ្ឌិលោវាទសូត្រហើយ បានរក្សាសីល ៥ អស់ ៦០. ០០០ ឆ្នាំ។ សូម្បីភទ្ទវគ្គិយទាំងនេះ ក៏បានផលដែរខ្លួនប្រាថ្នាហើយៗ ដូចគ្នា ដោយប្រការយ៉ាងនេះ តថាគតមិនបានយល់មុខ ហើយឲ្យតំណែងទេ។

បុព្វកម្មរបស់ជដិល ៣ នាក់

ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក៏កស្សបៈ ៣នាក់បងប្អូន មានឧរុវេលកស្សបៈជាដើម ធ្វើកម្មអ្វីទុក្ខ។ ព្រះអង្គត្រាស់ថា គេប្រាថ្នាជាព្រះអរហត្តដូចគ្នា ធ្វើបុណ្យហើយ។ ក៏ក្នុង ៩២ កប្បអំពីកប្បនេះទៅ ព្រះពុទ្ធ ២ព្រះអង្គ គឺព្រះតិស្សៈ ១ ព្រះផុស្សៈ9) ១ ស្ដេចឧប្បត្តិទៅហើយ។ ព្រះរាជាព្រះនាមថា មហិន្ទៈបានជាព្រះបិតារបស់ព្រះពុទ្ធទ្រង់ព្រះនាមថា ផុស្សៈ។ ក៏កាលព្រះអង្គទ្រង់បានសម្រេចសម្មាសម្ពោធិញ្ញាណហើយ ព្រះឱរសតូចរបស់ព្រះរាជា បានជាព្រះអគ្គសាវ័កទី១ បុត្របុរោហិត បានជាអគ្គសាវ័កទី ២។ ព្រះរាជាស្ដេចទៅកាន់សំណាក់ទ. ១៩៤ ព្រះសាស្តា ទ្រង់ពិនិត្យមើលជនទាំងនោះថា រាជឱរសអង្គច្បងរបស់យើងជាព្រះពុទ្ធ រាជឱរសតូចជាអគ្គសាវ័កទី១ បុត្របុរោហិតជាអគ្គសាវ័កទី២ ទ្រង់បន្លឺឧទាន ៣ ដងថា ព្រះពុទ្ធជារបស់ខ្ញុំប៉ុណ្ណោះ ព្រះធម៌ជារបស់ខ្ញុំប៉ុណ្ណោះ ព្រះសង្ឃជារបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំសូមនមស្ការដល់ព្រះមានប្រភាគទ្រង់ជាព្រះអរហន្ត ត្រាស់ដឹងប្រពៃដោយព្រះអង្គឯង ហើយក្រាបចុះទៀបព្រះបាទមូលរបស់ព្រះសាស្តា ទ្រង់ទទួលប្ដេជ្ញាថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ដូចជាវេលាដែលខ្ញុំព្រះអង្គអង្គុយលក់ ក្នុងទីបំផុតអាយុប្រមាណ ៩ ម៉ឺនឆ្នាំ សូមព្រះអង្គស្ដេចកុំទៅកាន់ទ្វារផ្ទះរបស់ជនពួកដទៃ សូមទ្រង់ទទួលបច្ច័យ ៤ របស់ខ្ញុំព្រះអង្គ អស់វេលាដែលខ្ញុំព្រះអង្គនៅមានជីវិត ហើយទ្រង់បានធ្វើជាពុទ្ធុប្បដ្ឋាកជាប្រចាំ។ ម្យ៉ាងទៀត ព្រះរាជាទ្រង់មានព្រះរាជឱរសដទៃ ៣ ព្រះអង្គទៀត។ បណ្ដាព្រះរាជឱរស ៣ ព្រះអង្គនោះ ព្រះអង្គបងមានបរិវារ ៥០០ ព្រះអង្គកណ្ដាលមាន ៣០០ ព្រះអង្គតូចមាន ២០០។ ព្រះរាជឱរស ៣ ព្រះអង្គនោះ ទូលសូមឱកាសចំពោះបិតាថា សូម្បីខ្ញុំព្រះអង្គទាំងឡាយ នឹងនិមន្តម្ចាស់បងសោយ សូម្បីទូលអង្វរទ. ១៩៥ រឿយៗ ក៏មិនបាន កាលបច្ចន្តជនបទកម្រើក ត្រូវបញ្ជូនទៅដើម្បីប្រយោជន៍រម្ងាប់បច្ចន្តជនបទនោះ បង្ក្រាបបច្ចន្តជនបទឲ្យស្ងប់ស្ងាត់ហើយ មកកាន់សំណាក់បិតា។ គ្រានោះ ព្រះបិតាទ្រង់ឱបឱរសទាំងបីនោះ ថើបត្រង់សីសៈ ត្រាស់ថា បា! ទាំងឡាយ បិតាឲ្យពរដល់ពួកបុត្រ។ ព្រះឱរសទាំងបីនោះទូលថា ព្រះករុណា ព្រះអង្គ បង្អោនទទួលព្រះពរ។ ដោយកាលកន្លងទៅពីរបីថ្ងៃ បិតាត្រាស់ទៀតថា បា! ទាំងឡាយ ពួកបុត្រនឹងទទួលពរចុះ ក្រាបទូលថា បពិត្រព្រះអង្គ សេចក្ដីប្រាថ្នាដោយវត្ថុអ្វីៗដទៃ របស់ខ្ញុំព្រះអង្គមិនមានទេ តែឥឡូវនេះ ខ្ញុំព្រះអង្គនឹងនិមន្តម្ចាស់បងសោយ សូមព្រះអង្គប្រោសមេត្តាព្រះរាជទានពរនេះដល់ខ្ញុំព្រះអង្គចុះ។

ព្រះរាជា៖ ឲ្យមិនបានទេ បា!។

ព្រះរាជឱរស៖ ការមិនព្រះរាជទានរហូត ក៏សូមព្រះរាជទានត្រឹមតែ ៧ ឆ្នាំ។

ព្រះរាជា៖ ឲ្យមិនបានទេ។

ព្រះឱរស៖ បើដូច្នោះ សូមព្រះរាជទានត្រឹម ៦ ឆ្នាំ ៥ ឆ្នាំ ៤ទ. ១៩៦ ឆ្នាំ ៣ ឆ្នាំ ២ ឆ្នាំ ១ ឆ្នាំ ៧ ខែ ៦ ខែ ៥ ខែ ៤ ខែ ៣ ខែ។

ព្រះរាជា៖ ឲ្យមិនបានទេ បា!។

ព្រះឱរស៖ បើដូច្នោះ សូមទ្រង់ព្រះរាជទានត្រឹមតែ ៣ ខែ ដល់ខ្ញុំព្រះអង្គទាំងឡាយ ម្នាក់មួយខែៗ។

ព្រះរាជា៖ ប្រពៃហើយ បា! បើដូច្នោះ បុត្រចូរនិមន្តព្រះមានព្រះភាគសោយ ៣ ខែចុះ។

ព្រះរាជបុត្រទាំង ៣ អង្គនោះ មាននាយឃ្លាំងម្នាក់ និងអ្នកចាត់ចែងកិច្ចការម្នាក់។ អ្នកទាំងពីរនោះ មានបុរស១២ នហុតជាបរិវារ។ ព្រះរាជរដ្ឋទាំងបី ត្រាស់បង្គាប់ឲ្យហើយមនុស្សទាំងពីរនោះមក ហើយត្រាស់ថា យើងទាំងបីនឹងទទួលសីល ១០ ស្លៀកដណ្ដប់សំពត់កាសាវៈ ២ ផ្ទាំង នៅរួមជាមួយព្រះសាស្តារហូតអស់ត្រៃមាសនេះ ពួកអ្នកគប្បីប្រើប្រាស់តម្លៃមានប្រមាណប៉ុណ្ណេះ ញ៉ាំរបស់ទំពារ និងរបស់បរិភោគគ្រប់យ៉ាងឲ្យប្រព្រឹត្តទូទៅដោយភិក្ខុ ៩ ម៉ឺនរូប និងអ្នកបម្រើយើងមួយពាន់អ្នកផង ព្រោះតាំងពីនេះទៅ ពួកយើងនឹងមិននិយាយអ្វីៗ។ ព្រះរាជឱរសទ. ១៩៧ ទាំងបីនោះ នាំបុរសជាបរិវារមួយពាន់សមាទានសីល ១០ ស្លៀកដណ្ដប់សំពត់កាសាវៈ នៅក្នុងវិហារ។ នាយឃ្លាំង និងអ្នកចាត់ចែងកិច្ចការងាររួមគ្នាបើកស្បៀងតាមវារៈៗ ពីឃ្លាំងទាំងឡាយរបស់ព្រះរាជបុត្រ បងប្អូនទាំងបីថ្វាយទាន។

បរិភោគអាហារដែលគេឧទ្ទិសចំពោះភិក្ខុសង្ឃ ស្លាប់ទៅកើតជាប្រេត

ក៏បុត្ររបស់ពួកអ្នកបម្រើការងារ យំទារបបរ និងភត្តជាដើម។ ពួកអ្នកបម្រើការងារទាំងនោះ កាលភិក្ខុសង្ឃមិនទាន់មក ក៏ឲ្យវត្ថុមានបបរ និងភត្តជាដើមដល់បុត្រទាំងនោះ។ ក្នុងវេលាដែលភិក្ខុសង្ឃឆាន់ស្រេចហើយ មិនដែលមានរបស់អ្វីសេសសល់ឡើយ។ ក្នុងកាលតមក ពួកអ្នកបម្រើការងារទាំងនោះនិយាយអាងថា យើងនឹងឲ្យដល់ពួកក្មេងតូចៗ ហើយក៏យកទៅបរិភោគខ្លួនឯង ឃើញអាហារដែលពេញចិត្ត ក៏មិនអាចអត់ទ្រាំបាន។ ក៏ពួកគេបានមានប្រមាណ ប្រាំបីម៉ឺនបួនពាន់នាក់។ ពួកគេបរិភោគអាហារដែលសម្រាប់ថ្វាយព្រះសង្ឃ ព្រោះកាយ (បែកធ្លាយ) បានទៅកើតក្នុងទ. ១៩៨ បេត្តវិស័យ ចំណែកព្រះរាជឱរសទាំង ៣ នាក់បងប្អូន ព្រមដោយបុរសមួយពាន់ ធ្វើកាលៈហើយ កើតក្នុងទេវលោក ចុតិពីទេវលោក ទៅកាន់ទេវលោក ញ៉ាំងកាលឲ្យអស់ទៅ ៩២ កប្ប។ ព្រះរាជឱរសទាំង ៣ នាក់បងប្អូននោះ ប្រាថ្នាព្រះអរហត្ត បានធ្វើកល្យាណកម្មក្នុងការនោះ ដោយប្រការដូច្នេះ។ ជដិល ៣ នាក់ បងប្អូននោះបាន ទទួលផលតែខ្លួនប្រាថ្នាហើយ ដូចគ្នា។ តថាគតមិនយល់ដល់មុខ ហើយឲ្យតំណែងឡើយ។

ចំណែកអ្នកចាត់ចែងកិច្ចការរបស់រាជឱរសទាំង ៣អង្គនោះ ក្នុងកាលនោះ បានមកជាព្រះបាទពិម្ពិសារ នាយឃ្លាំង បានមកជាវិសាខាឧបាសក។ ពួកអ្នកបម្រើការងាររបស់អ្នកទាំងពីរនោះ ក្នុងកាលនោះ កើតហើយក្នុងពួកប្រេត ត្រាច់រង្គាត់ទៅដោយអំណាចសុគតិ និងទុគ្គតិ ក្នុងកប្បនេះ កើតជាប្រេតនោះឯងអស់ ៤ ពុទ្ធន្តរ។ ប្រេតទាំងនោះចូលគាល់ព្រះមានព្រះភាគព្រះនាមថា កក្កុសន្ធៈ ដែលទ្រង់ព្រះជន្មាយុ ៤ ម៉ឺនឆ្នាំ ស្ដេចឧប្បត្តិឡើងមុនព្រះពុទ្ធគ្រប់ព្រះអង្គក្នុងកប្បនេះ ទូលថា សូមព្រះអង្គមេត្តាប្រោស ប្រាប់កាលដែលត្រូវបានអាហារដល់ខ្ញុំព្រះអង្គទាំងឡាយ។ទ. ១៩៩

ព្រះមានព្រះភាគត្រាស់ថា ពួកម្ចាស់មិនទាន់បានក្នុងកាលរបស់តថាគតទេ តែខាងក្រោយនៃតថាគត កាលមហាបឋវីដុះឡើងប្រមាណ ១ យោជន៍ ព្រះពុទ្ធព្រះនាមថា កោនាគមនៈ នឹងឧបឡើង ពួកអ្នកគប្បីទូលសួរព្រះអង្គចុះ។ ប្រេតទាំងនោះ ញ៉ាំងកាលមានប្រមាណប៉ុណ្ណោះឲ្យអស់ទៅ។ កាលព្រះពុទ្ធទ្រង់ព្រះនាមថា កោនាគមនៈ ស្ដេចឧប្បត្តិឡើងហើយ ទើបបានទូលសួរព្រះអង្គ សូម្បីព្រះពុទ្ធអង្គនោះ ក៏ដល់ថា ពួកអ្នកនឹងមិនទាន់បានក្នុងកាលរបស់តថាគត តែខាងក្រោយនៃតថាគត កាលមហាបឋវី។ដុះឡើងប្រមាណបាន ១ យោជន៍ ព្រះពុទ្ធទ្រង់ព្រះនាមថា កស្សបៈ ទ្រង់ឧប្បត្តិឡើង ពួកអ្នកគប្បីទូលសួរព្រះអង្គចុះ។ ប្រេតទាំងនោះនក៏ញ៉ាំងកាលមានប្រមាណប៉ុណ្ណោះឲ្យអស់ទៅហើយ កាលព្រះពុទ្ធព្រះនាមថា កស្សបៈ ស្ដេចឧប្បត្តិឡើងហើយក្នុងលោក ទើបទូលសួរព្រះអង្គ។ សូម្បីព្រះពុទ្ធអង្គនោះ ក៏ត្រាស់ថា ពួកអ្នកនឹងមិនទាន់បានក្នុងកាលរបស់តថាគតតែក្រោយនៃតថាគត កាលមហាបឋវីដុះឡើងប្រមាណបាន ១ យោជន៍ ព្រះពុទ្ធព្រះនាមថា គោតម ស្ដេចនឹងឧប្បត្តិឡើង ក្នុងកាលនោះ ញាតិទ. ២០០ របស់ពួកអ្នកនឹងជាព្រះរាជា ព្រះនាមថា ពិម្ពិសារ ព្រះរាជាពិម្ពិសារនោះថ្វាយទានដល់ព្រះសាស្ដាហើយ នឹងឲ្យចំណែកកុសលទានដល់ពួកអ្នក ពួកអ្នកនឹងបាន (អាហារ) ក្នុងគ្រានោះ។ ពុទ្ធន្តរមួយ បានប្រាកដដល់ប្រេតទាំងនោះដូចជាថ្ងៃស្អែក។ ប្រេតទាំងនោះ កាលព្រះតថាគតស្ដេចឧប្បត្តិឡើងហើយ កាលព្រះបាទពិម្ណិសារថ្វាយទានក្នុងថ្ងៃដំបូង ក្នុងចំណែករាត្រី បញ្ចេញសំឡេងយំគួរឲ្យខ្លាច សម្ដែងខ្លួនដល់ព្រះរាជា។ លុះព្រឹកឡើងស្ដេចមកកាន់វត្តវេឡុវ័ន ក្រាបទូលរឿងនោះដល់ព្រះតថាគត។ ព្រះសាស្តាត្រាស់ថា មហាបពិត្រ ក្នុងទីបំផុត ៩២ កប្ប រាប់ថយអំពីកប្បនេះទៅ ក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមថា ផុស្សៈ ពួកប្រេតនោះ ជាញាតិរបស់ព្រះអង្គ បរិភោគអាហារដែលគេថ្វាយដល់ភិក្ខុសង្ឃ កើតក្នុងបេត្តលោកនេះ ហើយត្រាច់រង្គាត់ទៅមក បានទូលសួរព្រះពុទ្ធច្រើនព្រះអង្គ ដែលស្ដេចឧប្បត្តិឡើង មានព្រះពុទ្ធព្រះនាម កក្កុសន្ធៈជាអាទិ៍ ដែលព្រះពុទ្ធទាំងនោះត្រាស់ប្រាប់ពាក្យនេះៗ ហើយសង្ឃឹមដល់ទានរបស់ព្រះអង្គរហូតអស់កាលប៉ុណ្ណេះ ថ្ងៃនេះ កាលព្រះអង្គថ្វាយទានហើយ ពួកគេមិនបានទទួលទ. ២០១ ចំណែកបុណ្យ ទើបបានធ្វើយ៉ាងនេះ។ ព្រះរាជាទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ក៏កាលខ្ញុំព្រះអង្គថ្វាយទានសូម្បីក្នុងកាលឥឡូវនេះ ប្រេតទាំងនោះនឹងបានទទួលឬ។ ព្រះសាស្ដា ព្រះសាស្ដា លុះត្រាស់រឿងរបស់ជដិលដ ៣ នាក់បងប្អូនហើយ ទ្រង់នាំព្រះធម្មទេសនាសូម្បីនេះមក ដោយប្រការដូច្នេះ។ ត្រាស់ថា បាន មហាបពិត្ត។ ព្រះរាជាទ្រង់និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ថ្វាយមហាទានក្នុងថ្ងៃស្អែក ហើយបានព្រះរាជទានចំណែកបុណ្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមបាយ និងទឹកដែលជាទិព្វ ចូរសម្រេចដោយពួកប្រេតទាំងនោះអំពីមហាទាននេះ។ លុះព្រឹកឡើង ប្រេតទាំងនោះអាក្រាតកាយ សម្ដែងខ្លួន។ ហើយព្រះរាជាទូលសួរថា ថ្ងៃនេះប្រេតទាំងនោះអាក្រាតកាយ សំដែងខ្លួន ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា មហាបពិត្រ ព្រះអង្គមិនបានថ្វាយសំពត់។ ព្រឹកឡើង ព្រះរាជាទ្រង់ថ្វាយសំពត់ចីវរទាំងឡាយដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ទ្រង់ឧទ្ទិសចំណែកបុណ្យថា សូមសំពត់ជាទិព្វទាំងឡាយ ចូរមានសម្រេចដល់ប្រេតទាំងនោះ អំពីចីវរទាននេះចុះ។ ក្នុងខណៈនោះឯង សំពត់ទិព្វ ក៏កើតឡើងដល់ប្រេតទាំងនោះ។ ព្រះសាស្ដា កាលទ្រង់អនុមោទនា ទ្រង់បានធ្វើការអនុមោទនាដោយ តិរោកុឌ្ឌសូត្រថា «តិរោកុឌ្ឌេសុ តិដ្ឋន្តិ»ទ. ២០២ ជាអាទិ៍។ ក្នុងទីបំផុតការអនុមោទនា ធម្មាភិសម័យ បានមានដល់សត្វ ៨៤ ០០០ នាក់។

បុព្វកម្មរបស់ព្រះអគ្គសាវ័កទាំងពីរ

ភិក្ខុទាំងឡាយទូលសួរថា ក៏ព្រះអគ្គសាវ័កទាំងពីរ បានធ្វើកម្មអ្វីទុក ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា អគ្គសាវ័កទាំងពីរធ្វើសេចក្ដីប្រាថ្នា ដើម្បីជាព្រះអគ្គសាវ័ក។ ពិតហើយ ក្នុងទីបំផុតមួយអសង្ខេយ្យក្រៃលែងដោយសែនកប្ប រាប់អំពីនេះទៅ សារីបុត្រកើតនៅក្នុងត្រកូលព្រាហ្មណ៍ មហាសាល មាននាមថា សរទមាណប។ មោគ្គលាន កើតក្នុងត្រកូលគហបតីមហាសាល មាននាមថា សិរីវឌ្ឍកុដុម្ពីក៍។ មាណពទាំងពីរនោះបានជាសម្លាញ់លេងធូលីរួមគ្នា។ សរទមាណប កាលបិតាស្លាប់ទៅ ក៏បានគ្រប់គ្រងទ្រព្យដ៏ច្រើនដែលជាមត៌ករបស់ត្រកូល ថ្ងៃមួយនៅក្នុងទីស្ងាត់គិតថា យើងរមែងដឹងអត្តភាពតែក្នុងលោកនេះប៉ុណ្ណោះ មិនដឹងអត្តភាពក្នុងលោកខាងមុខទេ ធម្មតាសេចក្ដីស្លាប់របស់សត្វដែលកើតហើយទាំងឡាយទ. ២០៣ ជារបស់មិនទៀង យើងគប្បីបួសជាបព្វជិត ធ្វើការស្វែងរកមោក្ខធម៌។ សរទមាណបនោះ ចូលទៅរកសំឡាញ់ហើយនិយាយថា សិរីវឌ្ឍសំឡាញ់ ខ្ញុំនឹងបួសស្វែងរកមោក្ខធម៌ លោកអាចបួសជាមួយយើង ឬមិនអាច។ សិរីវឌ្ឍឆ្លើយថា ខ្ញុំមិនអាចទេសំឡាញ់ លោកបួសម្នាក់ឯងចុះ។ សរទមាណបនោះគិតថា ធម្មតាអ្នកទៅកាន់បរលោក នាំសំឡាញ់ ឬញាតិមិត្តទៅជាមួយមិនបាន កម្មតែខ្លួនធ្វើហើយរមែងជាបស់ខ្លួនឯង។ តពីនោះ សរទមាណបទើបឲ្យបើកឃ្លាំងកែវ ហើយឲ្យមហាទានដល់មនុស្សកំព្រា អ្នកដើរផ្លូវ ស្មូមយាចកទាំងឡាយ ចូលទៅកាន់ជើងភ្នំ ហើយបួសជាឥសី។ ជនទាំងឡាយបួសតាមសរទនោះដោយអាការយ៉ាងនេះ គឺ ១ នាក់ ២ នាក់ ៣ នាក់ រហូតមានជដិលប្រមាណ ៧៤ ០០០ នាក់។ សរទជដិលនោះ ញ៉ាំងអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតហើយ និងបានប្រាប់កសិណបរិកម្មជដិលទាំងនោះ។ សូម្បីជដិលទាំងនោះ ក៏ញ៉ាំងអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតឡើងដែរ។ ក្នុងសម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមថា អនោមទស្សី ស្ដេចឧប្បត្តិឡើងហើយក្នុងលោក ព្រះនគរទ. ២០៤ មានឈ្មោះថា ចន្ទវតី ក្សត្រិយព្រះនាមថា យសវន្ត ជាព្រះបិតា ព្រះទេវី ព្រះនាមថា យសោធរា ជាព្រះមាតា ដើមអង្រ្កងជាទីត្រាស់ដឹង ព្រះអគ្គសាវ័កទាំងពីរ ឈ្មោះ និសភៈ ១ ឈ្មោះ អនោមៈ ១ ឧបដ្ឋាកឈ្មោះ វរុណៈ អគ្គសាវិកាទាំងពីរ ឈ្មោះ សុន្ទរា ១ សុមនា ១ ព្រះជន្មាយុ មួយសែនឆ្នាំ ព្រះសរីរៈកម្ពស់ ៥៨ ហត្ថ ព្រះរស្មីនៃសរីរៈផ្សាយទៅរហូត ១២ យោជន៍ ភិក្ខុមួយសែនអង្គជាបរិវារ។ ថ្ងៃមួយ ក្នុងវេលាជិតភ្លឺ ព្រះ ពុទ្ធអនោមទស្សី ស្តេចចេញចាកមហាករុណាសមាបត្តិ ទ្រង់ពិចារណាមើល សត្វលោក ទតឃើញសរទតាបសហើយ ទ្រង់ព្រះតម្រិះថា “ព្រោះតថាគត ទៅកាន់សំណាក់សរទតាបសក្នុងថ្ងៃនេះជាបច្ច័យ ព្រះធម្មទេសនានឹងមានគុណធំ ឯសរទតាបសនោះ នឹងប្រាថ្នាតំណែងជាព្រះអគ្គសាវ័ក សិរីវឌ្ឍ កុដុម្ពីក៍ដែលជាសំឡាញ់តាបសនោះ នឹងប្រាថ្នាតាំងតំណែងអគ្គសាវ័កទី ២ ក្នុងពេលចប់ទេសនា ជដិលប្រាំពីរម៉ឺនបួនពាន់ជាបរិវាររបស់តាបសនោះ នឹងសម្រេចព្រះអរហត្ត តថាគតគួរទៅក្នុងទីនោះ” ដូច្នេះ ហើយទ្រង់ប្រដាប់ បាត្រ និងចីវររបស់ព្រះអង្គ មិនត្រាស់ហៅភិក្ខុដទៃៗ ស្តេចយាងទៅមួយទ. ២០៥ ព្រះអង្គឯងដូចស្តេចរាជសីហ៍ កាលអន្តេវាសិកទាំងឡាយរបស់សរទតាបស ទៅរកផ្លែឈើ ទ្រង់អធិដ្ឋានថា “សូមសរទតាបសចូរជ្រាបថា តថាគតជា ព្រះពុទ្ធ” កាលសរទតាបសឃើញហើយនោះឯង ស្ដេចចុះចាកអាកាស ប្រថាប់ឈរលើផែនដី។ សរទតាបសឃើញព្រះពុទ្ធានុភាព និងសេចក្តី សម្រេចនៃព្រះសរីរៈ ស្វាធ្យាយមន្តសម្រាប់ទាយលក្ខណៈ ក៏ជ្រាបបានថា បុគ្គលប្រកបដោយលក្ខណៈទាំងនេះ បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ កាលចេញបួស រមែងបានជាព្រះសព្វញ្ញូពុទ្ធ ជាអ្នកមានកិលេស ជាគ្រឿងប្រក់បាំងបើកហើយក្នុងលោក បុរសនេះ ជាព្រះពុទ្ធដោយមិនមានសង្ស័យ ទើបធ្វើការក្រោកទទួល ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ថាន បានចាត់អាសនៈថ្វាយហើយ។ ព្រះមានព្រះភាគប្រថាប់គង់លើអាសនៈដែលចាត់ចែងទុក។ សូម្បីសរទតាបស ក៏កាន់យកអាសនៈដ៏សមគួរដល់ខ្លួន ហើយអង្គុយក្នុងទីដ៏សមគួរមួយ។ ក្នុងសម័យនោះ ជដិលប្រាំពីរម៉ឺនបួនពាន់នាក់ យកផលាផលទាំងឡាយដ៏ប្រណីតៗ ដែលមានឱជា មកដល់សំណាក់អាចារ្យ ហើយក្រឡេកមើលអាសនៈដែលព្រះពុទ្ធទ្រង់ប្រថាប់ និងទ. ២០៦ អាចារ្យរបស់ខ្លួន ទើបនិយាយថា “លោកអាចារ្យ ពួកខ្ញុំត្រាច់ទៅដោយ តាំងចិត្តថា ក្នុងលោកនេះអ្នកដែលធំជាងលោកអាចារ្យ រមែងមិនមាន ក៏បុរសនេះ ជាអ្នកធំជាងលោកអាចារ្យឬ”។ សរទតាបសឆ្លើយថា បា! ទាំងឡាយ ពួកអ្នកនិយាយអ្វី ពួកអ្នកប្រាថ្នាធ្វើភ្នំសិនេរុដែលមានកម្ពស់ ប្រាំមួយលានប្រាំបីសែនយោជន៍ ឲ្យស្មើនឹងគ្រាប់ស្ពៃ (ដូច្នេះឬ) អ្នកទាំងឡាយ ពួកអ្នកកុំធ្វើការប្រៀបធៀបយើងជាមួយព្រះសព្វញ្ញូពុទ្ធឡើយ។ គ្រា នោះតាបសទាំងនោះគិតថា បើបុរសនេះជាអ្នកតូចសោត លោកអាចារ្យ របស់ពួកយើងគង់មិនយកវត្ថុបែបនេះមកឧបមា បុរសនេះនឹងធំប៉ុណ្ណាហ្ន៎ ដូច្នេះ ទាំងអស់គ្នាទើបក្រាបចុះទៀបព្រះបាទទាំងពីរ ថ្វាយបង្គំដោយសិរសា។ គ្រានោះ អាចារ្យពោលចំពោះតាបសទាំងនោះថា អ្នកទាំងឡាយ ទេយ្យធម៌ដែលសមគួរដល់ព្រះពុទ្ធទាំងឡាយរបស់យើងមិនមាន ឯព្រះសាស្តា ក៏ស្តេចយាងមកក្នុងទីនេះក្នុងវេលាភិក្ខា ពួកយើងនឹងថ្វាយទេយ្យធម៌តាម ដែលអាច តាមកម្លាំង ពួកអ្នកចូរនាំផលាផលដ៏ប្រណីតដែលមានមក លុះឲ្យនាំមកហើយ ក៏បានលាងដៃទាំងពីរ លើកតម្កល់ទុកក្នុងបាត្ររបស់ព្រះទ. ២០៧ តថាគតដោយខ្លួនឯង។ កាលព្រះសាស្តាទ្រង់ទទួលផលាផល ទេវតាទាំងឡាយក៏ដាក់ឱជាជាទិព្វចុះ។ តាបសនោះ បានត្រងទឹកថ្វាយដោយខ្លួនឯង។ តអំពីនោះ កាលព្រះសាស្តាប្រថាប់គង់ធ្វើភត្តកិច្ចហើយ តាបសនោះ ហៅអន្តេវាសិកទាំងអស់មក ហើយពោលសារណីយកថាក្នុងទីជិត ព្រះសាស្តា។ ព្រះសាស្តាទ្រង់ព្រះតម្រិះថា សូមអគ្គសាវ័កទាំងពីរ ចូរមកព្រមដោយភិក្ខុសង្ឃ។ ព្រះអគ្គសាវ័កទាំងពីរនោះជ្រាបព្រះតម្រិះរបស់ ព្រះសាស្តាហើយ មានព្រះខីណាស្រពមួយសែនអង្គជាបរិវារ មកថ្វាយបង្គំព្រះសាស្តា នឹងបានឈរនៅក្នុងទីដ៏សមគួរ។ លំដាប់នោះ សរទតាបស ហៅអន្តេវាសិកទាំងឡាយមក ពោលថា អ្នកទាំងឡាយ សូម្បីអាសនៈដែល ព្រះពុទ្ធប្រថាប់គង់ក៏នៅទាប ឯអាសនៈសម្រាប់សមណៈមួយសែនក៏មិនមាន ពួកអ្នកគួរធ្វើពុទ្ធសក្ការៈឲ្យឱឡាក្នុងថ្ងៃនេះ ចូរនាំផ្កាឈើទាំងឡាយ ដល់ព្រមដោយពណ៌ និងក្លិនមកអំពីជើងភ្នំ។ វេលាដែលនិយាយដូចជាយឺតយូរ តែវិស័យរបស់អ្នកមានឫទ្ធិ៍បុគ្គលមិនគួរគិត ព្រោះដូច្នោះដោយកាលត្រឹមតែមួយរំពេចប៉ុណ្ណោះ។ តាបសទាំងនោះ នាំផ្កាឈើទាំងឡាយទ. ២០៨ ដែលដល់ព្រមដោយពណ៌ និងក្លិនមកហើយ តាក់តែងអាសនៈផ្កាសម្រាប់ ព្រះពុទ្ធទាំងឡាយ ប្រមាណកម្ពស់ ១ យោជន៍ សម្រាប់ព្រះអគ្គសាវ័ក ទាំងពីរប្រមាណ ៣ គាវុត10) សម្រាប់ភិក្ខុដ៏សេសមានប្រមាណផ្សេងៗគ្នា មានប្រមាណកន្លះយោជន៍11) ជាដើម សម្រាប់ភិក្ខុបួសថ្មីក្នុងសង្ឃមាន ប្រមាណ ១ ឧសភៈ12) នរណាៗមិនគប្បីគិតថា ក្នុងអាស្រមបទតែមួយ នឹងតាក់តែងអាសនៈធំតូចដល់ម្លឹងបានយ៉ាងណា ព្រោះថានេះជាវិស័យរបស់ឫទ្ធិ៍ កាលតាក់តែងអាសនៈស្ដេចហើយយ៉ាងនោះ សរទតាបសឈរ ផ្គងអញ្ជលីឆ្ពោះព្រះភ័ក្ត្រព្រះតថាគត ហើយក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គស្ដេចឡើងកាន់អាសនៈផ្កានេះ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ខ្ញុំព្រះអង្គអស់រាត្រីយូរ”។ ព្រោះដូច្នោះ ព្រះបុរាណាចារ្យ ទើបពោលទុកថា ៖

សរទតាបសយកផ្កាឈើផ្សេងៗ និងរបស់ក្រអូបរួមគ្នា តាក់តែងអាសនៈផ្កាឈើ ហើយបានក្រាបទូលពាក្យនេះថាទ. ២០៩ បពិត្រព្រះវីរៈ អាសនៈដែលខ្ញុំព្រះអង្គតាក់តែងហើយនេះ សមគួរដល់ព្រះអង្គ ព្រះអង្គកាលនឹងញ៉ាំងចិត្ត របស់ខ្ញុំ ព្រះអង្គឲ្យជ្រះថ្លា សូមទ្រង់ប្រថាប់គង់លើអាសនៈផ្កា ព្រះពុទ្ធទ្រង់បានញ៉ាំងចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យជ្រះថ្លាហើយ ញ៉ាំងលោកនេះព្រមទាំងទេវលោកឲ្យរីករាយហើយ ទើប ប្រថាប់លើអាសនៈផ្ការហូត ៧យប់ ៧ថ្ងៃ។

កាលព្រះសាស្តាប្រថាប់គង់ហើយ ព្រះអគ្គសាវ័កទាំងពីរ និងភិក្ខុសង្ឃដ៏សេស ក៏គង់លើអាសនៈដែលសមគួររៀងៗខ្លួន។ សរទតាបស បានកាន់ឆ័ត្រផ្កាដ៏ធំ ឈរបាំងព្រះសីសៈរបស់ព្រះតថាគត។ ព្រះសាស្តា ទ្រង់អធិដ្ឋានថា “សូមសក្ការៈនេះ របស់ជដិលចូរមានផលច្រើន ដូច្នេះ ហើយទ្រង់ចូលនិរោធសមាបត្តិ»។ អគ្គសាវ័កទាំងពីរក្តី ភិក្ខុដ៏សេសក្តីបានជ្រាបថា ព្រះសាស្តាទ្រង់ចូលសមាបត្តិហើយ ក៏ចូលសមាបត្តិ។ កាលព្រះតថាគតប្រថាប់គង់ចូលនិរោធសមាបត្តិអស់ ៧ថ្ងៃ ពួកអន្តេវាសិក កាលដល់វេលាភិក្ខា ក៏បរិភោគមូលផលាផលក្នុងព្រៃនោះ ហើយឈរផ្គងទ. ២១០ អញ្ជលីចំពោះពុទ្ធបុគ្គលទាំងឡាយ រហូតកាលដ៏សេស។ ចំណែកសរទតាបស មិនបានសូម្បីចូលទៅកាន់ភិក្ខា បាំងឆ័ត្រផ្កានៅមួយកន្លែង ឲ្យវេលាកន្លងទៅដោយបីតិ និងសុខរហូតអស់ ៧ថ្ងៃ។ ព្រះសាស្តាស្ដេចចេញចាកនិរោធសមាបត្តិហើយ ត្រាស់ហៅនិសភត្ថេរ អគ្គសាវ័កស្តាំដែលគង់ ជិតព្រះហស្ថខាងស្តាំ ត្រាស់ថា “និសភៈ អ្នកចូរធ្វើអនុមោទនាអាសនៈ ផ្កាដល់តាបសទាំងឡាយអ្នកធ្វើសក្ការៈនេះចុះ”។ ព្រះថេរៈមានចិត្តរីករាយ ដូចជាមេទ័ពធំប្រសព្វលាភធំអំពីសំណាក់ស្តេចចក្រពត្តិ តាំងនៅក្នុងសាវ័ក បារមីញាណ រីករាយអនុមោទនាអាសនៈផ្កាហើយ។ ក្នុងទីបំផុតទេសនា របស់ព្រះទិសភៈនោះ ព្រះសាស្តាត្រាស់ហៅព្រះអគ្គសាវ័កទី ២ ត្រាស់ថា “ភិក្ខុ សូម្បីអ្នកក៏ចូរសំដែងធម៌”។ ព្រះអនោមត្ថេរ ពិចារណាព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដក ពោលធម៌ហើយ។ ដោយទេសនារបស់ព្រះអគ្គសាវ័កទាំងពីរ ការត្រាស់ដឹងក៏មិនបានមានសូម្បីដល់តាបសមួយរូប។ គ្រានោះ ព្រះសាស្តាទ្រង់តាំងនៅក្នុងពុទ្ធវិស័យមិនមានប្រមាណ ទ្រង់ផ្តើមព្រះធម្មទេសនា។ ក្នុងកាលចប់ធម្មទេសនា ជដិលប្រាំពីរម៉ឺនបួនពាន់នាក់ វៀរទ. ២១១ សរទតាបសចេញ ក៏បានសម្រេចព្រះអរហត្ថ។ ព្រះសាស្តាទ្រង់ដាក់ព្រះហស្ថត្រាស់ថា “អ្នកទាំងឡាយ ចូរជាភិក្ខុចុះ”។ ក្នុងរំពេចនោះឯងសក់ និងពុកមាត់របស់ជដិលទាំងនោះ បានអន្តរធានអស់ទៅ។ បរិក្ខារ ៨ បាន ប្រាកដដល់កាយព្រមគ្នា។ ព្រោះហេតុអ្វី សរទតាបសទើបមិនបានសម្រេច ព្រះអរហត្ត។ ព្រោះមានចិត្តរាយមាយ។ បានឮថា ផ្តើមតាំងពីកាល ដែលសរទតាបសនោះ ស្តាប់ធម៌ទេសនារបស់ព្រះអគ្គសាវ័កដែលគង់លើ អាសនៈទី ២ នៃពុទ្ធបុគ្គលទាំងឡាយ តាំងនៅក្នុងសាវ័កបារមីញាណ សំដែងធម៌ហើយ កើតការគិតថា “ឱហ្ន៎! សូម្បីយើងក៏គប្បីបានទទួលធុរៈ ដែលព្រះសាវ័ករូបនេះ បានទទួលក្នុងសាសនារបស់ព្រះពុទ្ធ ដែលស្តេចនឹងឧប្បត្តិក្នុងអនាគត។ ដោយបរិវិតក្កៈនោះ សរទតាបសនោះទើបមិនអាចចាក់ធ្លុះមគ្គ និងផលបាន។ ក៏លោកឈរថ្វាយការបាំងម្លប់ព្រះតថាគត ក្នុងទីចំពោះព្រះភ័ក្ត្រ ទើបក្រាបទូលថា “ព្រះអង្គដ៏ចម្រើន ភិក្ខុដែលគង់លើអាសនៈក្នុងលំដាប់នៃព្រះអង្គ មានឈ្មោះថាជានរណា ក្នុងសាសនារបស់ព្រះអង្គ”។ ព្រះសាស្តាត្រាស់ថា “ភិក្ខុ ជាអ្នកញ៉ាំងធម្មចក្កដែលទ. ២១២ តថាគតឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន សម្រេចទីបំផុតនៃសាវ័ក បារមីញាណ ចាក់ឆ្លុះដោយបញ្ញា ១៦ យ៉ាង តាំងនៅ ភិក្ខុនេះឈ្មោះថា ជាអគ្គសាវ័កក្នុងសាសនារបស់តថាគត។ តាបសក៏បានធ្វើសេចក្តីប្រាថ្នា ថា “បពិត្រព្រះអង្គ ដោយផលនៃសក្ការៈដែលខ្ញុំព្រះអង្គឈរបាំងឆ័ត្រផ្កា រហូត ៧ ថ្ងៃនេះ ខ្ញុំព្រះអង្គមិនបានប្រាថ្នាជាសក្កទេវរាជ ឬជាព្រាហ្មណ៍ដទៃណាទេ តែខ្ញុំព្រះអង្គ គប្បីបានជាអគ្គសាវ័ករបស់ព្រះពុទ្ធមួយព្រះអង្គ ក្នុងអនាគតដូចព្រះនិសភរត្ថេរផងចុះ”។ ព្រះសាស្តាទ្រង់បញ្ជូនព្រះអនាគតង្សញ្ញាណ ពិចារណាថា “សេចក្តីប្រាថ្នារបស់បុរសនេះ នឹងសម្រេចឬហ្ន៎ ទ្រង់បានជ្រាបថា កន្លងទៅ ១ អសង្ខេយ្យ ក្រៃលែងមួយសែនកប្ប និងបានសម្រេច លុះទ្រង់ជ្រាបហើយ ទើបត្រាស់ចំពោះសរទតាបសថា “ការប្រាថ្នារបស់អ្នក នឹងមិនឥតប្រយោជន៍ឡើយ ក៏ក្នុងអនាគតកន្លងទៅ មួយអសង្ខេយ្យ និងមួយសែនកប្ប ព្រះពុទ្ធព្រះនាមថា គោតម ស្តេចនឹងឧប្បត្តិ ឡើងក្នុងលោក ព្រះមាតារបស់ព្រះអង្គ មានព្រះនាមថា មហាមាយាទេវី ព្រះបិតារបស់ព្រះអង្គព្រះនាមថា សុទ្ធោទនមហារាជ ព្រះឱរសមានព្រះនាមទ. ២១៣ ថា រាហុល ពុទ្ធុប្បដ្ឋាកមាននាមថា អានន្ទ ព្រះសាវ័កទី ២ មាននាមថា មោគ្គល្លាន ចំណែកខ្លួនអ្នកនឹងជាព្រះអគ្គសាវ័ករបស់ព្រះអង្គ នាមថា ធម្ម សេនាបតីសារីបុត្រ”។ លុះទ្រង់ព្យាករណ៍ តាបសយ៉ាងនោះហើយ ទ្រង់ត្រាស់ធម្មកថា មានភិក្ខុសង្ឃហែហម ហោះទៅហើយ។

ចំណែកសរទតាបស ទៅកាន់សំណាក់របស់ព្រះថេរៈដែលជាអន្តវាសិក ហើយបញ្ជូនតំណឹងទៅដល់សិរីវឌ្ឍកុដុម្ពីក៍ជាសំឡញ់ថា “លោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ទាំងឡាយចូរប្រាប់ដល់សំឡាញ់របស់ខ្ញុំថា “សរទតាបស ដែលជាសំឡាញ់របស់លោក បានប្រាថ្នាតំណែងព្រះអគ្គសាវ័កក្នុងសាសនារបស់ព្រះពុទ្ធព្រះនាមថា គោតម ដែលទ្រង់នឹងឧប្បត្តិឡើងក្នុងអនាគត ទៀបបាទមូលរបស់ព្រះមានព្រះភាគព្រះនាម អនោមទស្សីហើយ លោកចូរប្រាថ្នាតំណែងព្រះអគ្គសាវ័កទី ២ ចុះ។ ក៏ក្នុងគ្រាពោល យ៉ាងនេះហើយ បានធ្វើដំណើរទៅមុនព្រះថេរៈទាំងឡាយ បានឈរនៅត្រង់មាត់ទ្វារផ្ទះរបស់សិរីវឌ្ឍ។ សិរីវឌ្ឍពោលថា “យូរណាស់ហើយ លោកម្ចាស់របស់យើងទើបមក” ហើយនិមន្តឲ្យគង់លើអាសនៈ ខ្លួនអង្គុយលើទ. ២១៤ អាសនៈទាបជាង ផ្តើមសួរថា “ហេតុអ្វី អន្តេវាសិកបរិស័ទរបស់លោកម្ចាស់បាត់ទៅណាអស់ហើយ”។

សរទៈ៖ សំឡាញ់ ព្រះអនោមទស្សីស្ដេចយាងមកកាន់អាស្រមរបស់ខ្ញុំទាំងឡាយ ពួកខ្ញុំធ្វើសក្ការៈចំពោះព្រះអង្គតាមកម្លាំងរបស់ខ្លួន ព្រះសាស្តា ទ្រង់សំដែងធម៌ប្រោសពួកខ្ញុំគ្រប់ៗគ្នា ក្នុងកាលចប់ទេសនា វៀវតែខ្ញុំចេញ ដ៏សេសសម្រេចព្រះអរហត្តហើយបួស ខ្ញុំឃើញព្រះនិសភត្ថេរ អគ្គសាវ័ក របស់ព្រះសាស្តា ទើបបានប្រាថ្នាតំណែងអគ្គសាវ័កក្នុងសាសនារបស់ព្រះ ពុទ្ធគោតម ដែលព្រះអង្គនឹងឧប្បត្តិឡើងក្នុងអនាគត សូម្បីលោកក៏ចូរប្រាថ្នា តំណែងសាវ័កទី ២ ក្នុងសាសនារបស់ព្រះអង្គចុះ។

សិរីវឌ្ឍ៖ ខ្ញុំមិនមានការស្និទ្ធស្នាលនឹងព្រះពុទ្ធទាំងឡាយឡើយ។

សរទេៈ៖ រឿងដែលនឹងទូលចំពោះព្រះអង្គជាភារៈរបស់ខ្ញុំ ឯលោក ចូរត្រៀមសក្ការៈធំទុកចុះ។

សិរីវឌ្ឍស្ដាប់ពាក្យរបស់សរទតាបសនោះហើយ ឲ្យចាត់ចែងធ្វើស្ថានទីប្រមាណ ៨ ករីសៈ13) ដូចលានហ្លួងត្រង់ទ្វារផ្ទះរបស់ខ្លួនឲ្យមានថ្ងៃរាបទ. ២១៥ រស្មី កៀរខ្សាច់ អោយផ្កាឈើ មានលាជជាទី ៥ ឲ្យធ្វើមណ្ឌបប្រក់ដោយ គ្មានឧប្បលខៀវ តុបតែងពុទ្ធាសនៈ ចាត់ចែងអាសនៈសូម្បីដល់ភិក្ខុដ៏សេស ត្រៀមសក្ការៈ និងគ្រឿងទទួលជាច្រើន ទើបបានឲ្យសញ្ញាដល់សរទតាបស ដើម្បីក្រាបទូលនិមន្តព្រះពុទ្ធទាំងឡាយ។ ព្រះតាបសបាននាំភិក្ខុសង្ឃមាន ព្រះពុទ្ធជាប្រធាន ទៅកាន់ទីនៅរបស់សិរីវឌ្ឍកុដុម្ពីក៍នោះឯង។ ចំណែក សិរីវឌ្ឍកុដុម្ពីក៍ ធ្វើការទទួលរាក់ទាក់ ទទួលបាត្រអំពីព្រះហស្ថរបស់ព្រះតថាគត និមន្តស្ដេចឲ្យចូលទៅកាន់មណ្ឌប ថ្វាយទឹកទក្ខិណាទកដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ដែលប្រថាប់គង់លើអាសនៈដែលចាត់ចែងទុក អង្កៀសដោយភោជនដ៏ប្រណីត ក្នុងវលាស្រេចភត្តកិច្ច និមន្តព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទ្រង់ស្លៀកដណ្តប់សំពត់ដែលមានតំលៃច្រើន បាន ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីរីករាយនេះមិនបានប្រព្រឹត្ត ទៅដើម្បីប្រយោជន៍ដល់តំណែងមានប្រមាណតិចតួចឡើយ សូមព្រះអង្គទ្រង់ធ្វើសេចក្ដីអនុគ្រោះដោយទំនងនេះរហូត ៧ ថ្ងៃ”។ ព្រះសាស្តាទ្រង់ទទួលទ. ២១៦ ហើយ។ គេញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដោយទំនងនោះ រហូតអស់ ៧ ថ្ងៃ ថ្វាយបង្គំព្រះមានព្រះភាគហើយ ឈរផ្គងអញ្ជលី ក្រាបទូលថា “បពិត្រ ព្រះអង្គដ៏ចម្រើន សរទតាបសសំឡាញ់របស់ខ្ញុំព្រះអង្គប្រាថ្នាថា យើងគប្បី ជាអគ្គសាវ័ករបស់ព្រះសាស្តាព្រះអង្គណា ខ្ញុំព្រះអង្គគប្បីជាអគ្គសាវ័កទី ២ របស់ព្រះសាស្តាអង្គនោះដូចគ្នា”។ ព្រះសាស្តាទ្រង់ពិចារណាដល់ អនាគតកាល ទ្រង់ឃើញភាវៈ គឺ សេចក្តីសម្រេចនៃសេចក្តីប្រាថ្នារបស់គេ ទើបទ្រង់ព្យាករណ៍ថា “តាំងអំពីនេះទៅ ១ អសង្ខេយ្យ និងមួយសែនកប្ប សូម្បីអ្នកក៏នឹងជាព្រះសាវ័កទី ២ របស់ព្រះពុទ្ធគោតម”។ សិរីវឌ្ឍស្តាប់ ពាក្យព្យាករណ៍របស់ព្រះពុទ្ធហើយ ក៏រីករាយក្រៃលែង។ ភិក្ខុទាំងឡាយ នេះជាមានសេចក្តីប្រាថ្នា ដែលបុត្ររបស់យើងប្រាថ្នាហើយក្នុងកាលនោះ អគ្គសាវ័កទាំងពីរនោះ បានតំណែងតាមដែលខ្លួនប្រាថ្នាហើយនោះៗឯង តថាគតមិនបានយល់ដល់មុខ ហើយឲ្យតំណែងឡើយ។

កាលព្រះសាស្តាត្រាស់ព្រះពុទ្ធវចនៈយ៉ាងនេះហើយ ព្រះអគ្គសាវ័ក ទាំងពីរថ្វាយបង្គំព្រះមានព្រះភាគ ទូលសួររឿងដែលជាបច្ចុប្បន្ន (ដែលកើតទ. ២១៧ ឡើងចំពោះមុខ) ទាំងអស់ថា “បពិត្រព្រះអង្គដ៏ចម្រើន (គ្រា) ខ្ញុំព្រះអង្គ នៅជាអ្នកគ្រប់គ្រងផ្ទះ ទៅមើលមហោស្រពលើកំពូលភ្នំ” ដូច្នេះជាដើម រហូតដល់ការចាក់ឆ្លុះសោតាបត្តិផល អំពីសំណាក់ព្រះអស្សជិត្ថេរ ហើយក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងពីរនាក់ទៅកាន់សម្នាក់ របស់លោកអាចារ្យសញ្ជ័យ ប្រាថ្នានឹងធ្វើលោកឲ្យមកកាន់បាទមូលរបស់ព្រះអង្គ ដោយដឹងថា លទ្ធិរបស់លោកមិនមានសារៈ ហើយពោលអានិសង្ឃក្នុងការមកកាន់ទីនេះ អាចារ្យសញ្ជ័យឆ្លើយថា ឥឡូវនេះឈ្មោះថា ការនៅជាអន្តេវាសិករបស់យើង រមែងដូចជាការកម្រើកនៃទឹកក្នុងពាង យើង មិនអាចនៅជាអន្តេវាសិកបានឡើយ កាលខ្ញុំព្រះអង្គប្រាប់ថា លោកអាចារ្យ (វេលានេះ មហាជនកាន់យកវត្ថុ មានរបស់ក្រអូប និងផ្កាកម្រងជាដើមទៅបូជាចំពោះព្រះសាស្តា លោកនឹងទៅយ៉ាងណា ឆ្លើយថា ក៏ក្នុងលោកនេះ មនុស្សឆ្លាតច្រើន ឬមនុស្សល្ងង់ច្រើន កាលខ្ញុំព្រះអង្គឆ្លើយថា មនុស្សល្ងង់ច្រើន ក៏ពោលថា បើដូច្នោះ មនុស្សឆ្លាតៗ នឹងទៅកាន់សំណាក់របស់ ព្រះសមណរតាគម ពួកមនុស្សល្ងង់នឹងមកកាន់សំណាក់របស់យើង លោកទ. ២១៨ ទាំងពីរទៅចុះ មិនប្រាថ្នានឹងមកទេ ព្រះអង្គ។ ព្រះសាស្តាទ្រង់ស្តាប់ពាក្យ នេះហើយ ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ សញ្ជ័យប្រកាន់វត្ថុដែលមិនមានសារៈ ថាមានសារៈ និងវត្ថុដែលមានសារៈ ថាមិនមានសារៈទៅវិញ ព្រោះខ្លួនជាមិច្ឆាទិដ្ឋិ ចំណែកអ្នកទាំងឡាយ ដឹងវត្ថុដែលជាសារៈ ថាជា សារៈ និងវត្តដែលមិនមែនជាសារៈ ជាមិនមែនជាសារៈ លះបង់វត្ថុដែល មិនមានសារៈចេញ កាន់យកវត្ថុដែលមានសារៈប៉ុណ្ណោះ ព្រោះខ្លួនបណ្ឌិត ហើយទ្រង់ត្រាស់ភាសិតព្រះគាថាទាំងនេះថា៖

អសារេ សារមតិនោ សារេ ចាសារទស្សិនោ តេ សារំ នាធិគច្ឆន្តិ មិច្ឆាសង្កប្បគោចរា។ សារញ្ច សារគោ ញត្វា អសារញ្ចនអសារតោ តេ សារំ អធិគច្ឆន្តិ សម្មាសង្កប្បគោចរា។

ជនទាំងឡាយ ដែលយល់ឃើញ ក្នុងធម៌មានខ្លឹមថាជាធម៌ មិនបានខ្លឹមផង ជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិន បាននូវធម៌ដែលមានខ្លឹមឡើយ។ ជនទាំងឡាយ ដែលយល់ទ. ២១៩ ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញ នូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹម ជាអ្នកមានគម្រិះត្រូវ ជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម។

អធិប្បាយគាថា

បណ្ដាបទទាំងនោះ បទថា អសារេ សារមតិនោ (មានប្រក្រតីដឹង ក្នុងវត្តដែលមិនជាសារៈ ថាជាសារៈ) សេចក្តីថា សភាពនេះ គឺ បច្ច័យ ៤ មិច្ឆាទិដ្ឋិមានវត្ថុ ១០ ធម្មទេសនាដែលជាឧបនិស្ស័យនៃមិច្ឆាទិដ្ឋិនោះ ឈ្មោះថា វត្ថុដែលមិនមានសារៈ អធិប្បាយថា អ្នកមានប្រក្រតីឃើញវត្ថុ ដែលមិនជាសារៈនោះ “ថាជាសារៈ”។ បទថា សារេ ចាសារទស្សិនោ (ឃើញក្នុងវត្ថុដែលជាសារៈ ថាមិនជាសារៈ) សេចក្តីថា សភាពនេះ គឺ សម្មាទិដ្ឋិមានវត្ថុ ១០ ធម្មទេសនាដែលឧបនិស្ស័យនៃសម្មាទិដ្ឋិនោះ ឈ្មោះថា វត្ថុដែលជាសារៈ អធិប្បាយថា អ្នកមានប្រក្រតីរឃើញក្នុងវត្ថុដែលជាសារៈនោះ ថាជាវត្ថុមិនជាសារៈ “ថានេះមិនជាសារៈ”។ បទថា គេ សារី (ជនទាំងនោះ… វត្ថុដែលជាសារៈ ជាដើម សេចក្តីថា ជនទាំងនោះ គឺទ. ២២០ ជនអ្នកប្រកាន់មិច្ឆាទិដ្ឋិនោះឯង ជាអ្នកមានការត្រិះរិះខុសជាគោចរ ដោយអំណាចនៃវិតក្កៈទាំងឡាយ មានកាមវិតក្កៈជាដើម រមែងមិនលុះក្នុងសីលសារៈ សមាធិសារៈ បញ្ញាសារៈ វិមុត្តិសារៈ វិមុត្តិញាណទស្សនសារៈ និងព្រះនិព្វានដែលជាបរមត្ថសារៈ។

បទថា សារញ្ច (វត្ថុដែលជាសារៈ) សេចក្តីថា ដឹងសារៈ មានសីលសារៈជាដើមនោះៗឯងថា “នេះឈ្មោះថាសារៈ” និងដឹងវត្ថុដែលមិនជាសារៈ មានប្រការដូចដែលពោលហើយថា “នេះមិនជាសារៈ”។ បទថា តេ សារំ (ជនទាំងនោះ… វត្ថុដែលជាសារៈ) ជាដើម សេចក្តីថា ជនទាំងនោះ គឺ បណ្ឌិតអ្នកមានសម្មាទស្សនៈយ៉ាងនោះ ជាអ្នកមានការត្រិះរិះត្រូវជាគោចរ ដោយអំណាចសេចក្តីត្រិះរិះទាំងឡាយ មានការត្រិះរិះចេញចាកកាមជាដើម រមែងលុះក្នុងវត្ថុដែលជាសារៈ មានប្រការដូចដែល ពោលហើយនោះឯង។

ក្នុងកាលចប់ព្រះគាថា ជនដ៏ច្រើនសម្រេចអរិយផលទាំងឡាយ មា សោតាបត្តិផលជាដើម។ ទេសនាបានជាប្រយោជន៍ដល់ជន ដែលប្រជុំគ្នាទ. ២២១ ហើយនោះឯង។

ចប់ រឿងព្រះសារិបុត្តត្ថេរត។

 

លេខយោង

1)
ជាពូជពង្ស ខ្សែស្រឡាយ នៃព្រះពុទ្ធ
2)
ឋានៈធំដែលគួរជ្រើសរើស ៥ គឺ ១.កាល ២.ប្រទេស ៣.ទ្វីប ៤.ត្រកូល ៤.មាតា។
3)
ញាណក្នុងការរឭកជាតិបាន
4)
ញាណក្នុងការកំណត់ចុតិ និងឧប្បត្តិ ក្នុងមជ្ឈិមយាម
5)
នហុត= ១០០០០ នាក់
6)
ជាមូលហេតុនៃការថ្វាយវត្តក្នុងព្រះពុទ្ធសាសនា ក្នុងកាលតៗ មក
7)
បញ្ចង្គប្រតិស្ថាន បានដល់ ការតាំងទុកចំពោះអវយវៈ ៥ គឺក្បាល១ ដៃទាំងពីរ និងជើងទាំងពីរ ក្រាបដល់ដែនដី
8)
ទានអំពីស្រូវសាលីដែលកំពង់ផើម
9)
ខុ. ពុទ្ធវង្ស ក្នុងទីនោះប្រាកដនាមថា បុស្សៈ និងព្រះបិតាព្រះនាមថា ជយសេន
10)
មួយគាវុតស្មើ ១០០ ខ្សែ
11)
មួយយោជន៍ស្មើ ៤ គាវុត
12)
មួយឧសភៈស្មើ ២៥ ព្យាម
13)
ករីសៈជាមាត្រាមួយប្រភេទ ១ ករីសៈ = ១២៤ ហស្ថ ឬ ១ ខ្សែ ១១ ព្យាម ១ ហត្ថ។
km/atthakatha/sut/kn/dhp/sut.kn.dhp.011_att.txt · ពេលកែចុងក្រោយ: 2024/09/15 10:01 និពន្ឋដោយ Johann