km:atthakatha:sut:kn:dhp:sut.kn.dhp.015_att

ធម្មបទគាថា ទី ១៥ អដ្ឋកថា៖ "១០. រឿងចុន្ទសូករិក"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ១៥ អំពី​ចុន្ទសូករិក ដែល​​ចិញ្ចឹម​​ជីវិត​​ត្រូវ​​រង​​ទុក្ខ​​ដោយ​​ជ្រូក។​​

sut kn dhp 015 att បាលី cs-km: sut.kn.dhp.015_att តិបិដក៖ sut.kn.dhp.015 PTS: ?

ធម្មបទគាថា ទី ១៥ អដ្ឋកថា

«១០. រឿងចុន្ទសូករិក»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

១០. រឿងចុន្ទសូករិក

១០. ចុន្ទសូករិកវត្ថុ

ទ. ២៤៤ ព្រះសាស្តាកាលប្រថាប់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធបុរសឈ្មោះ ចុន្ទសូករិក ត្រាស់ព្រះធម្មទេសនានេះថា ឥធ សោចតិ បេច្ច សោចតិ (រមែងសោកសៅក្នុងលោកនេះ ១ ក្នុងលោកខាងមុខ ១) ជាដើម។

បានឮថា នាយចុន្ទសូករិកនោះ សម្លាប់ជ្រូកទាំងឡាយបរិភោគខ្លះ លក់ខ្លះ ចិញ្ចឹមជីវិតអស់ ៥៥ ឆ្នាំ។ ក្នុងវេលាស្រូវថ្លៃ គេដឹកស្រូវ ដោយរទេះទៅកាន់ជនបទ ដូរជាមួយកូនជ្រូកដោយស្រូវនោះប្រមាណ ១ នាឡិខ្លះ ២ នាឡិខ្លះ ដាក់ពេញរទេះហើយត្រឡប់មក ព័ទ្ធទីកន្លែងមួយ ដូចជាទ្រុងខាងក្រោយទីនៅ ហើយដាំបន្លែនៅក្នុងទីនោះឯងដើម្បីកូនជ្រូកទាំងនោះ កាលកូនជ្រូកទាំងនោះស៊ីបន្លែផ្សេងៗ រូបរាងក៏ធាត់ធំឡើង (គេ) មានបំណងនឹងសម្លាប់ជ្រូកមួយណា ក៏សម្លាប់ជ្រូកនោះ ក្នុងទីសម្លាប់ វាយដោយដំបង ៤ ជ្រុង ដើម្បីឲ្យសាច់ជ្រូករីកប៉ោងឡើង ដឹងថាសាច់រីកប៉ោងឡើងហើយ ក៏ទាញបើកមាត់ស៊កកំណាត់ឈើចូលទៅក្នុងចន្លោះធ្មេញ ចាក់ទឹកដ៏ក្តៅដាំពុះ ចូលទៅក្នុងមាត់ដោយនាឡិលោហៈ ទឹកក្តៅនោះចូលទ. ២៤៥ ទៅក្នុងពោះ នាំឧច្ចារៈចេញមកតាមទ្វារធំ ឧច្ចារៈតិចតួចនៅមានសល់ត្រឹមណា រមែងចេញមកដូចជាទឹកល្អក់ត្រឹមនោះ កាលពោះស្អាតហើយ ទើបចេញមកជាទឹកថ្លា ទើបចាក់ទឹកដែលនៅសល់ខាងលើខ្នងជ្រកនោះ ទឹកនោះបាននាំយកស្បែកដែលខ្មៅៗចេញ។ បន្ទាប់ពីនោះ ទើបរោលរោម ដោយគប់ភ្លើងស្មៅ ហើយកាត់ក្បាលដោយកាំបិតដ៏មុត ត្រងឈាមដែល ហូរចេញដោយភាជនៈ ច្របាច់សាច់នឹងឈាមចូលគ្នាចំអិន ហើយអង្គុយ បរិភោគជាមួយបុត្រ និងភរិយា និងលក់ចំណែកដ៏សេស។ កាលគេ ចិញ្ចឹមជីវិតដោយទំនងនោះឯង វេលាបានកន្លងទៅ ៥៥ ឆ្នាំ។ កាលព្រះតថាគតប្រថាប់នៅក្នុងវិហារជិត ទីនោះ ការបូជាដោយផ្កាឈើត្រឹម តែមួយក្តាប់ក្តី ការថ្វាយភិក្ខាត្រឹមតែមួយវែកក្តី ធ្វើបុណ្យដទៃតិចតួចក្តី ក៏មិនមានសូម្បីត្រឹមតែម្តង។ គ្រានេះ រោគកើតឡើងក្នុងរាងកាយរបស់គេ។ កំដៅក្នុងអវិចីមហានរកក៏ប្រាកដដល់គេទាំងដែលនៅរស់។ ដែលឈ្មោះថា សភាពក្តៅក្នុងអវិចី រមែងក្ដៅរហូតទម្លាយគ្រាប់ភ្នែករបស់អ្នក ឈរមើលក្នុងទីប្រមាណ ១០០ យោជន៍បាន។ សមដូចព្រះមានព្រះភាគទ. ២៤៦ គ្រាស់ទុកដូច្នេះថា៖

សភាពក្តៅក្នុងអវិចី ផ្សាយទៅរហូត ១០០ យោជន៍ ដោយជុំវិញ តាំងនៅគ្រប់កាល។

ម្យ៉ាងទៀត ព្រោះហេតុកំដៅនោះក្នុងអវិចីនោះ មានប្រមាណក្រៃលែងជាងកំដៅរបស់ភ្លើងដោយប្រក្រតី ទើបព្រះនាគសេនត្ថេរ ពោលឧបមាទុកថា “មហាបពិត្រ សូម្បីថ្មប្រមាណប៉ុនផ្ទះកំពូល ដែលបុគ្គលបោះទៅ ក្នុងរណ្តៅនរក រមែងដល់នូវការរលាយមួយរំពេច យ៉ាងណា ចំណែកសត្វដែលកើតនៅក្នុងនរកនោះ ហាក់ដូចជានៅក្នុងគភ៌មាតា ព្រោះកម្លាំងនៃកម្ម រមែងបែកធ្លាយទៅដូច្នោះមិនបាន។ កំដៅនោះ ប្រាកដដល់នាយចុន្ទសូករិកនោះហើយ អាការដែលសមគួរដល់កម្មក៏កើតឡើង។ គេស្រែក មានសំឡេងដូចជ្រូក បម្រះននៀលលូនក្នុងកណ្តាលផ្ទះនោះឯង ទៅកាន់ទិសខាងកើតខ្លះ ទៅកាន់ទិសខាងលិចខ្លះ។ លំដាប់នោះ ពួកមនុស្សក្នុង ផ្ទះរបស់គេ ចាប់គេទុកហើយបិទមាត់។ ធម្មតាផលនៃកម្មដែលនរណាៗ មិនអាចនឹងហាមបាន។ គេស្រែកយំម្តងទៅខាងនេះ ម្តងទៅខាងនោះ។

ទ. ២៤៧ មនុស្សនៅជុំវិញ ៧ ខ្នងផ្ទះ រមែងមិនអាចដេកលក់បាន។ មួយទៀត មនុស្សនៅក្នុងផ្ទះទាំងអស់ កាលមិនអាចហាមការចេញទៅខាងក្រៅរបស់គេ ដែលត្រូវមរណភ័យគ្របសង្កត់បាន ទើបបិទទ្វារផ្ទះ នៅរក្សាខាងក្រៅផ្ទះ ដោយប្រការដែលគេនៅខាងក្នុង មិនអាចនឹងដើរទៅខាងក្រៅបាន។ សូម្បីនាយចុន្ទសូករិកៈ ដើរស្រែកទៅខាងនេះខ្លះ ទៅខាងនោះខ្លះ ខាងក្នុងផ្ទះនោះឯង ព្រោះប្រសព្វការក្តៅដូចនៅក្នុងនរក។ គេដើរទៅយ៉ាងនោះ អស់ ៧ ថ្ងៃ ក្នុងថ្ងៃទី ៨ ក៏បានស្លាប់ទៅ ហើយកើតក្នុងអវិចីនរក។ អវិចីនរកនោះ បណ្ឌិតគប្បីពណ៌នាតាមទេវទូតសូត្រចុះ។ ពួកភិក្ខុដើរ ទៅតាមផ្លូវត្រង់ទ្វារផ្ទះរបស់គេ បានឮសំឡេងនោះហើយ ក៏មានការសម្គាល់ថា គេចិញ្ចឹមជ្រូក ទៅកាន់វិហារ អង្គុយក្នុងសំណាក់ព្រះសាស្តា ហើយក្រាបទូលយ៉ាងនេះថា “បពិត្រព្រះអង្គដ៏ចម្រើន កាលជ្រូកទាំងឡាយដែលចុន្ទសូករិកៈបិទទ្វារផ្ទះសម្លាប់ ថ្ងៃនេះជាទីថ្ងៃទី ៧ មង្គលកិរិយាណា ៗ នឹងមានក្នុងផ្ទះរបស់គេ បពិត្រព្រះអង្គដ៏ចម្រើន មេត្តាចិត្ត ឬសេចក្តីករុណា សូម្បីត្រឹមតែម្យ៉ាងរបស់គេដែលជាអ្នកសម្លាប់ជ្រូកទាំងឡាយ មិនធ្លាប់មានទ. ២៤៨ ឡើយ”។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ គេសម្លាប់ជ្រូក ត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះក៏មិនមែន ដែលផលដ៏សមគួរដល់កម្មកើតឡើង ហើយដល់គេ សភាពក្តៅក្នុងអវិចីមហានរករមែងប្រាកដដល់គេ ទាំងនៅមានជីវិតនោះឯង ព្រោះសេចក្តីក្តៅនោះ គេក៏ស្រែកដូចជាជ្រូក ដើរចុះឡើង ខាងក្នុងនិវេសន៍អស់ ៧ ថ្ងៃហើយ ថ្ងៃនេះបានស្លាប់ ហើយទៅកើតក្នុងអវិចី”។ កាលពួកភិក្ខុក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន គេសៅហ្មង យ៉ាងនេះក្នុងលោកនេះហើយ នៅទៅកើតក្នុងឋានៈដែលជាកន្លែងសៅហ្មង ដូចគ្នាទៀតឬ”។ ទ្រង់ត្រាស់ថា “យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ដែល ឈ្មោះថា អ្នកប្រមាទហើយ ជាគ្រហស្ថក្តី បព្វជិតក្តី រមែងសៅហ្មងក្នុង លោកទាំងពីរដោយពិត”។ ហើយត្រាស់ព្រះគាថានេះ៖

ឥធ សោចតិ បេច្ច សោចតិ បាបការី ឧភយត្ថ សោចតិ សោ សោចតិ សោ វិហញ្ញតិ ទិស្វា កម្មកិលិដ្ឋមត្តនោ។

បុគ្គលអ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺ សោកស្តាយក្នុងលោកនេះ ១ ក្នុងលោកខាងមុខ ១ បុគ្គលទ. ២៤៩ នោះ រមែងសោកស្តាយ ក្តៅក្រហាយ ព្រោះឃើញអំពើ សៅហ្មងរបស់ខ្លួន។

អធិប្បាយគាថា

បណ្ដាបទទាំងនោះ បទថា បាបការី (អ្នកធ្វើបាបជាប្រក្រតី) មានសេចក្តីថា បុគ្គលអ្នកធ្វើបាបមានប្រការផ្សេងៗ រមែងសោកសៅក្នុងលោកនេះ ក្នុងសម័យជិតស្លាប់ ក៏គិតតែម្យ៉ាងថា “កម្មល្អយើងមិនបានធ្វើទុក កម្មអាក្រក់យើងធ្វើទុកហើយ” នេះជាសេចក្តីសោកសៅព្រោះកម្មរបស់គេ ក៏កាលគេសោយផលហើយ ឈ្មោះថា ស្លាប់ទៅហើយ រមែងសោកសៅ នេះជាសេចក្តីសោកសៅ ព្រោះវិបាកក្នុងលោកខាងមុខរបស់គេ គេរមែង សោកសៅក្នុងលោកទាំងពីរយ៉ាងនេះឯង។ ព្រោះហេតុនោះឯង សូម្បី នាយចុន្ទសូករិកៈនោះ ឈ្មោះថា រមែងសោកសៅទាំងមានជីវិតរស់នៅនៅឡើយ។ បទថា ទិស្វា កម្មកិលិដ្ឋមត្តនោ (ឃើញកម្មសៅហ្មងរបស់ខ្លួន) សេចក្តីថា គេឃើញកម្មសៅហ្មងរបស់ខ្លួនហើយ រមែងសោកសៅ ត្អូញត្អែរ រៀបរាប់ដោយប្រការផ្សេងៗ ឈ្មោះថារមែងក្តៅក្រហាយ គឺទ. ២៥០ រមែងលំបាក។

ក្នុងកាលចប់ព្រះគាថា ភិក្ខុដ៏ច្រើនបានសម្រេចជាសោតាបន្នជាដើមហើយ ព្រះទេសនាមានប្រយោជន៍ដល់មហាជនដោយប្រការដូច្នេះឯង។

ចប់ រឿងចុន្ទសូករិក។

 

លេខយោង

km/atthakatha/sut/kn/dhp/sut.kn.dhp.015_att.txt · ពេលកែចុងក្រោយ: 2024/09/15 10:01 និពន្ឋដោយ Johann