រឿងទាក់ទងនឹង ធម្មបទគាថា ទី ១៦ អំពីពេលចុងក្រោយ នៃអនាគាមី ធម្មិកឧបាសក។
sut kn dhp 016 att បាលី cs-km: sut.kn.dhp.016_att តិបិដក៖ sut.kn.dhp.016 PTS: ?
ធម្មបទគាថា ទី ១៦ អដ្ឋកថា
«១១. រឿងធម្មិកឧបាសក»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុមរៀបរៀងព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
១១. ធម្មិកឧបាសកវត្ថុ
ទ. ២៥១ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធធម្មិកឧបាសក ត្រាស់ព្រះគាថានេះថា ឥធ មោទតិ បេច្ច មោទតិ (រមែងរីករាយ ក្នុងលោកនេះ រមែងរីករាយក្នុងលោកខាងមុខ) ជាដើម។
បានឮថា ក្នុងក្រុងសាវត្ថី មានឧបាសកអ្នកបដិបត្តិធម៌ប្រមាណ ៥០០ នាក់។ បណ្តាឧបាសកទាំងនោះ ម្នាក់ៗ មានឧបាសកជាបរិវារ ៥០០ នាក់។ ឧបាសកជាប្រធាននៃឧបាសកទាំងនោះមានបុត្រ ៧ នាក់ ធីតា ៧ នាក់។ បណ្តាបុត្រ និងធីតាទាំងនោះ។ ម្នាក់ៗ មានសលាកយាគូ សលាកភត្ត បក្ខិកភត្ត សង្ឃភត្ត ឧបោសថិកភត្ត អាគន្តុកភត្ត វស្សាវាសិកភត្ត ដូចគ្នា។ ជនសូម្បីទាំងនោះ ក៏បានឈ្មោះថា អនុជាតបុត្រ ដូចគ្នាទាំងអស់។ (ដែលថា) សលាកយាគូជាដើម ១៦ គឺ របស់បុត្រ១៤ នាក់ របស់ភរិយាមួយ របស់ឧបាសកមួយ រមែងប្រព្រឹត្តទៅដោយ ប្រការដូច្នេះ។ គេព្រមទាំងបុត្រ និងភរិយា ក៏ជាអ្នកមានសីល មានកល្យាណធម៌ មានសេចក្តីត្រេកអរក្នុងការចែកខាន ដោយប្រការដូច្នេះ។
ទ. ២៥២ តមកក្នុងសម័យមួយ រោគកើតឡើងដល់គេ។ អាយុសង្ខារវិនាសដោយ ជុំវិញហើយ គេប្រាថ្នានឹងស្តាប់ធម៌ ទើបបញ្ជូន (មនុស្ស) ទៅកាន់សម្នាក់ ព្រះសាស្តា ដោយក្រាបទូលថា “សូមព្រះអង្គអនុគ្រោះបញ្ជូនភិក្ខុ ៨ រូប ឬ ១៦ រូប ប្រោសដល់ខ្ញុំព្រះអង្គផង”។ ព្រះសាស្តាទ្រង់បញ្ជូនភិក្ខុទៅ។ ភិក្ខុទាំងនោះទៅហើយ គង់លើអាសនៈដែលតាក់តែងទុក ជុំវិញគ្រែរបស់គេ ឧបាសកពោលថា “បពិត្រលោកម្ចាស់ដ៏ចម្រើន ការឃើញលោកម្ចាស់ទាំងឡាយ របស់ខ្ញុំព្រះករុណាបានដោយលំបាក ព្រោះខ្ញុំព្រះករុណាជាអ្នកទុព្វល សូមលោកម្ចាស់ទាំងឡាយមេត្តាស្វាធ្យាយព្រះសូត្រណាមួយប្រោស ខ្ញុំព្រះករុណាផង។ ភិក្ខុទាំងឡាយទើបសួរថា “លោកបំណងនឹងស្តាប់ សូត្រណាបាសក។ គេពោលថា “សតិប្បដ្ឋានសូត្រ ដែលព្រះពុទ្ធ គ្រប់ព្រះអង្គទ្រង់មិនលះបង់”។ ទើបផ្តើមសូត្រព្រះសូត្រព្រះថា “ឯកាយនោ អយំ ភិក្ខវេ មគ្គោ សត្តានំ វិសុទ្ធិយា” ជាដើម (ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះជាផ្លូវឯកដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ)។ ខណៈនោះ រថ ៦ គ្រឿង ប្រដាប់ដោយអលង្ការគ្រប់យ៉ាង ទឹមដោយសេះសិទ្ធពមួយទ. ២៥៣ ពាន់ ទំហំប្រមាណ ១៥០ យោជន៍ មកអំពីទេវលោក ៦ ជាន់។ ទេវតា ឈរនៅលើរថទាំងនោះ ក៏ពោលថា “ខ្ញុំនឹងនាំទៅកាន់ទេវលោករបស់ខ្ញុំ ខ្ញុំនឹងនាំទៅកាន់ទេវលោករបស់ខ្ញុំ លោកដ៏ចម្រើន សូមកើតក្នុងទីនេះៗ ដើម្បីសេចក្តីរីករាយក្នុងទេវលោករបស់ខ្ញុំ ដូចបុគ្គលទម្លាយភាជនៈដី ហើយកាន់យកភាជនៈមាស”។ ឧបាសកមិនប្រាថ្នានឹងឲ្យសេចក្ដីអន្តរាយ ដល់ការស្តាប់ធម៌ ទើបពោលថា “លោកទាំងឡាយ ចូររង់ចាំសិន ចូររង់ចាំសិន”។ ភិក្ខុទាំងឡាយក៏ឈប់ ដោយយល់ថា “ឧបាសកនិយាយជាមួយ ពួកយើង”។ លំដាប់នោះ បុត្រ និងធីតារបស់គេគិតថា “បិតារបស់ពួកយើង ពីមុនជាអ្នកមិនឆ្អែតដោយការស្តាប់ធម៌ តែឥឡូវនេះ ឲ្យនិមន្តភិក្ខុ មកស្វាធ្យាយ ហើយហាមដោយខ្លួនឯង ឈ្មោះថា សត្វដែលមិនខ្លាចចំពោះមរណៈមិនមាន” ដូច្នេះ ហើយក៏យំ”។ ពួកភិក្ខុប្រឹក្សាគ្នាថា “ឥឡូវនេះមិនមែនជាឱកាសទេ” ទើបក្រោកចាកអាសនៈចៀសចេញទៅ។ ឧបាសក ញ៉ាំងវេលាតិចតួចឲ្យកន្លងទៅ ត្រឡប់បានសតិ សួរកូនៗ ថា “ព្រោះហេតុអ្វី ពួកកូនទើបយំ”។ ពួកបុត្រទើបពោលថា “ពុក ពុកឲ្យនិមន្តភិក្ខុមកហើយទ. ២៥៤ ស្តាប់ធម៌ ស្រាប់តែហាមដោយខ្លួនឯងដូច្នោះ ពួកខ្ញុំទើបគិតថា (ឈ្មោះថា សត្វដែលមិនខ្លាចចំពោះមរណៈ រមែងមិនមាន ដូច្នេះទើបនាំគ្នាយំ”។
ឧបាសក៖ លោកម្ចាស់ទាំងឡាយ ទៅណាហើយ។
បុត្រ៖ ពុក លោកម្ចាស់ទាំងឡាយ លោកនិយាយគ្នាថា “មិនមែន ជាឱកាស” ក៏ក្រោកចាកអាសនៈចេញទៅហើយ។
ឧបាសក៖ ពុកមិនបាននិយាយនឹងលោកម្ចាស់ទេ។
បុត្រ៖ បើដូច្នោះ ពុកនិយាយជាមួយនរណា។
ឧបាសក៖ ទេវតាប្រដាប់រថ ៦ គ្រឿង នាំមកអំពីទេវលោក ៦ ជាន់ ស្ថិតក្នុងអាកាស ហើយបន្លឺសំឡេងថា “សូមលោកចូរត្រេកអរក្នុងទេវលោករបស់ខ្ញុំ សូមលោកចូរត្រេកអរក្នុងទេវលោករបស់ខ្ញុំ ពុកនិយាយនឹង ទេវតាទាំងនោះឯង។
បុត្រ៖ ពុក រថនៅទីណា ពួកខ្ញុំមិនឃើញ។
ឧបាសក៖ តើកម្រងផ្កាដើម្បីពុកមានទេ។
បុត្រ៖ មាន ពុក។
ទ. ២៥៥ ឧបាសក៖ ទេវលោកជាន់ណា គួរជាទីមនោរម្យ។
បុត្រ៖ តុសិតពិភព ដែលជាទីប្រថាប់នៅរបស់ព្រះពោធិសត្វគ្រប់ព្រះអង្គ របស់ព្រះពុទ្ធមាតា និងព្រះពុទ្ធបិតា ជាទីមនោរម្យ ពុក។
ឧបាសក៖ បើដូច្នោះ ពួកកូនចូរពោលថា សូមកម្រងផ្កាចូរជាប់ ត្រង់រថដែលមកអំពីស្ថានតុសិត ដូច្នេះ ហើយបោះកម្រងផ្កាទៅចុះ។
បុត្រទាំងនោះបានបោះទៅហើយ។ កម្រងផ្កានោះបានព្យួរជាប់ត្រង់ នឹមនៃរថក្នុងអាកាស។ មហាជនឃើញតែកម្រងផ្កានោះ មិនឃើញរថ។ ឧបាសកនិយាយថា “អ្នកទាំងឡាយឃើញកម្រងផ្កានោះទេ” កាលបុត្រឆ្លើយ ថា “ឃើញ” ទើបពោលថា “កម្រងផ្កានេះព្យួរត្រង់រថដែលមកអំពីតុសិត យើងនឹងទៅកាន់ស្ថានតុសិត ពួកអ្នកកុំទុក្ខសោកឡើយ បើពួកអ្នកមានសេចក្តីប្រាថ្នាទៅកាន់សំណាក់របស់យើង ក៏ចូរធ្វើបុណ្យទាំងឡាយតាម ទំនងដែលយើងធ្វើហើយចុះ” ដូច្នេះ ហើយធ្វើកាលកិរិយា តាំងនៅលើរថដែលមកពីស្ថានតុសិត។ អត្តភាពរបស់គេខ្ពស់ប្រមាណ ៣ គាវុត ប្រដាប់ដោយអលង្ការ មានទម្ងន់ប្រមាណ ៦០ រទេះ កើតនៅក្នុងទីនោះទ. ២៥៦ ឯងមួយរំពេច មានស្រីទេពអប្សរមួយពាន់ហែហមហើយ វិមានកែវប្រមាណ ២៥ យោជន៍ប្រាកដហើយ។ ព្រះសាស្តាត្រាស់សួរភិក្ខុទាំងនោះ ដែលមកដល់វិហារហើយដោយលំដាប់ថា “ម្នាលភិក្ខុទាំងឡាយ ឧបាសកបាន ស្តាប់ទេសនាហើយឬ”។
ភិក្ខុ៖ ស្តាប់ហើយព្រះអង្គ តែឧបាសក បានហាមនៅក្នុងចន្លោះនោះ ថា “សូមលោករង់ចាំសិន” លំដាប់នោះ បុត្រ និងធីតារបស់ឧបាសកទាំងនោះ ក៏នាំគ្នាយំ ពួកខ្ញុំព្រះអង្គប្រឹក្សាគ្នាថា ឥឡូវនេះមិនមែនជាឱកាស ទើបក្រោកចាកអាសនៈចេញមក។
ព្រះសាស្តា៖ ម្នាលភិក្ខុទាំងឡាយ ឧបាសកនោះមិនបានពោលចំពោះពួកអ្នកទេ ក៏ទេវតាប្រដាប់ដោយរថ ៦ គ្រឿង នាំមកពីទេវលោក ៦ ជាន់ អញ្ជើញឧបាសកនោះ ឯឧបាសកនោះមិនប្រាថ្នានឹងធ្វើឲ្យអន្តរាយដល់ការស្តាប់ធម៌ ទើបពោលចំពោះទេវតាទាំងនោះ។
ភិក្ខុ៖ យ៉ាងនោះឬ ព្រះអង្គ។
ព្រះសាស្តា៖ យ៉ាងនោះឯង ភិក្ខុទាំងឡាយ។
ទ. ២៥៧ ភិក្ខុ៖ ឥឡូវនេះ គេកើតហើយក្នុងទីណា ព្រះអង្គ។
ព្រះសាស្តា៖ ក្នុងភពតុសិតហើយ ភិក្ខុទាំងឡាយ។
ភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកនោះ រីករាយហើយក្នុង កណ្តាលញាតិក្នុងលោកនេះហើយ ក៏កើតក្នុងឋានៈដែលជាទីរីករាយនោះ ទៀតឬ។
ព្រះសាស្តាត្រាស់ថា “យ៉ាងនោះហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលមិនប្រមាទទាំងឡាយ សូម្បីគ្រហស្ថក្តី ជាបព្វជិតក្តី រមែងរីករាយ ក្នុងទីទាំងពួងតែម្យ៉ាង” ដូច្នេះ ទើបត្រាស់គាថានេះថា៖
ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧភយត្ថ មោទតិ សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុទ្ធិមត្តនោ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួន។
បណ្ដាបទទាំងនោះ បទថា កតបុញ្ញោ (អ្នកធ្វើបុណ្យទុកហើយ) ជាដើម សេចក្តីថា បុគ្គលអ្នកធ្វើកុសលមានប្រការផ្សេងៗ រមែងរីករាយ ដោយសេចក្តីរីករាយ ព្រោះកម្មក្នុងលោកនេះថា “កម្មអាក្រក់យើងមិនបានធ្វើឡើយ កម្មល្អយើងបានធ្វើហើយ” ស្លាប់ទៅ រមែងរីករាយដោយសេចក្តីរីករាយព្រោះវិបាក ឈ្មោះថា រមែងរីករាយក្នុងលោកទាំងពីរ យ៉ាងនេះ។ បទថា កម្មវិសុទ្ធិ (សេចក្តីបរិសុទ្ធនៃកម្ម) ជាដើម សេចក្តីថា សូម្បីធម្មិកឧបាសកឃើញកម្មដែលបរិសុទ្ធ គឺ ការដល់ព្រមនៃបុញ្ញកម្មរបស់ខ្លួនមុននឹងស្លាប់ រមែងរីករាយក្នុងលោកនេះ ស្លាប់ហើយក៏រមែងរីករាយ គឺ រមែងរីករាយដោយពិតសូម្បីក្នុងលោកខាងមុខ។
ក្នុងកាលចប់គាថា ជនដ៏ច្រើនបានជាអរិយបុគ្គល មានសោតាបន្នជាដើម។ ព្រះធម្មទេសនាបានជាប្រយោជន៍ដល់មហាជន ដូច្នេះឯង។
ចប់ រឿងធម្មិកឧបាសក។