រឿងទាក់ទងនឹង ធម្មបទគាថា ទី ១៧ អំពី។
sut kn dhp 017 att បាលី cs-km: sut.kn.dhp.017_att តិបិដក៖ sut.kn.dhp.017 PTS: ?
ធម្មបទគាថា ទី ១៧ អដ្ឋកថា
«១២. រឿងព្រះទេវទត្ត»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុមរៀបរៀងព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
១២. ទេវទត្តវត្ថុ
ទ. ២៥៩ ព្រះសាស្តាប្រថាប់នៅក្នុងព្រះជេតពន ទ្រង់ប្រារព្ធព្រះទេវទត្ត ត្រាស់ ព្រះធម្មទេសនានេះថា ឥធ តប្បតិ បេច្ច តប្បតិ (ក្តៅក្រហាយក្នុងលោកនេះ ១ ក្តៅក្រហាយក្នុងលោកខាងមុខ ១) ជាដើម។
រឿងព្រះទេវទត្ត ព្រះសាស្តាត្រាស់ជាតកទាំងអស់ ដែលទ្រង់ប្រារព្ធ ព្រះទេវទត្តឲ្យពិស្តារ តាំងពីវេលាបួសរហូតដល់ផែនដីស្រូប។ ក៏សេចក្តី សង្ខេបនៅក្នុងរឿងព្រះទេវទត្តនេះ មានដូចតទៅនេះ៖
កាលព្រះសាស្តាទ្រង់អាស្រ័យនិគមឈ្មោះអនុបិយៈ នៃមល្លក្សត្រិយ៍ ប្រថាប់នៅក្នុងអនុបិយអម្ពវ័ននោះឯង ក្នុងថ្ងៃទទួលព្រះលក្ខណៈនៃព្រះតថាគតនោះ ត្រកូលព្រះញាតិប្រាំបីម៉ឺនប្រគល់ព្រះឱរសប្រាំបីម៉ឺនឲ្យ ដោយ ពាក្យថា “សិទ្ធត្ថកុមារ ជាព្រះរាជាក្តី ជាព្រះពុទ្ធក្តី នឹងមានក្សត្រិយ៍ជា បរិវារត្រាច់ទៅ”។ កាលព្រះឱរសទាំងនោះបួសហើយដោយច្រើន ពួកញាតិឃើញសក្យៈ ៦ ព្រះអង្គនេះ គឺ ភទ្ទិយរាជា អនុរុទ្ធៈ អានន្ទៈ កគុកិម្ពិលៈ ទេវទត្ត នៅមិនទាន់បានបួស ទើបសន្ទនាគ្នាថា “ពួកយើងនឹងឲ្យទ. ២៦០ កូនៗ របស់ខ្លួនបួស សក្យៈទាំង ៦ នេះ ប្រហែលជាមិនមែនព្រះញាតិ ទេដឹង ព្រោះដូច្នោះ ទើបទ្រង់មិនបួស”។ គ្រានោះ មហានាមសក្យៈចូល ទៅរកព្រះអនុរុទ្ធ ត្រាស់ថា “ប្អូន! អ្នកចេញបួសអំពីត្រកូលរបស់យើងនៅមិនទាន់មាន ប្អូននឹងបួស ឬថា បងនឹងបួស”។ ព្រះអនុរុទ្ធកុមារនោះ ជាក្សត្រិយ៍សុខុមាល មានភោគៈបរិបូណ៍ សូម្បីពាក្យថា “មិនមាន” ក៏ ព្រះអង្គមិនធ្លាប់បានឮ។ ពិតហើយ ថ្ងៃមួយកាលក្សត្រិយ៍ ៦ ព្រះអង្គនោះ ទ្រទ្រង់លេងកីឡាកូនខ្លុប (លេងឃ្លី) ព្រះអនុរុទ្ធទ្រង់បរាជ័យដោយនំ ហើយបញ្ជូន (មនុស្ស) ទៅដើម្បីត្រូវការនំ។ គ្រានោះ ព្រះមាតារបស់ទ្រង់ចាត់ចែងនំបញ្ជូនទៅឲ្យ។ ក្សត្រីយ៍ទាំង ៦ សោយហើយ ក៏ទ្រង់លេងតទៅទៀត។ ព្រះអនុរុទ្ធនោះឯងជាអ្នកចាញ់។ ចំណែកព្រះមាតាទ្រង់បញ្ជូនមនុស្សឲ្យនាំនំទៅអស់ ៣ ដង ក្នុងវារៈទី ៤ បញ្ជូនទៅថា “នំ មិនមាន”។ ព្រះកុមារទ្រង់សម្គាល់ថា “នំសូម្បីនេះនឹងជានំមួយប្រភេទ (នំមិនមាន) ព្រោះមិនធ្លាប់ទ្រង់បានឮពាក្យថា “មិនមាន”។ ទើបបញ្ជូន មនុស្សទៅថា “ចូរនាំនំមិនមាននោះឯងមកចុះ”។ ចំណែកព្រះមាតារបស់ទ. ២៦១ លោក កាលគេទូលថា “បពិត្រព្រះនាងម្ចាស់ សូមព្រះនាងម្ចាស់ចូរប្រទាន នំមិនមាន” ទើបទ្រង់ព្រះតម្រិះថា “កូនរបស់យើង មិនធ្លាប់បានឮពាក្យថា មិនមាន តែយើងនឹងឲ្យដឹងសេចក្តីនោះដោយឧបាយនេះ” ទើបទ្រង់បិទថាស មាសទទេ ដោយថាស មាសដទៃ ហើយបញ្ជូនទៅ។ ពួកទេវតាដែលរក្សា ព្រះនគរគិតថា “ព្រះអនុរុទ្ធសក្យៈបានថ្វាយភត្ត ដែលជាចំណែកខ្លួនដល់ ព្រះបច្ចេកពុទ្ធនាមថា ឧបរិដ្ឋ ក្នុងកាលដែលខ្លួនជានាយអន្នភារៈ ទ្រង់ធ្វើសេចក្តីប្រាថ្នាទុកថា សូមកុំឲ្យខ្ញុំបានឮពាក្យថា មិនមាន កុំឲ្យស្គាល់ទីកើតនៃភោជនៈ ប្រសិនបើ ព្រះអនុរុទ្ធនេះទ្រង់នឹងឃើញថាសទទេសាត ពួក យើងក៏នឹងមិនបានចូលទៅកាន់ទេវសមាគម ទាំងសីសៈរបស់ពួកយើងក៏ នឹងគប្បីបែកជា ៧ ភាគ”។ ពេលនោះ ទើបបានធ្វើថាសនោះ ឲ្យពេញដោយនំទិព្វល្មម ពេលគេដាក់ថាសនោះចុះត្រង់កន្លែងលេងឃ្លីហើយ បើកឡើង ក្លិននំក៏ផ្សាយត្រឡប់ទៅទូទាំងព្រះនគរ។ ដុំនំល្មមក្សត្រីយ៍ទាំង ៦ ចាប់ដាក់ចូលក្នុងព្រះឱស្ឋប៉ុណ្ណោះ ក៏ផ្សព្វផ្សាយទូទាំងបសាទដែលទទួលរសទាំង ៧.០០០។ ព្រះកុមារនោះទ្រង់ត្រិះរិះថា “យើងមិនជាទីស្រឡាញ់ទ. ២៦២ របស់ព្រះមាតាឬ បានជាព្រះមាតា ទ្រង់មិនរៀបចំនំឈ្មោះមិនមាននេះ ប្រទានដល់យើងអស់កាលវេលាប៉ុណ្ណេះ ចាប់ពីពេលនេះទៅ យើងនឹងមិនបរិភោគនំដទៃ” ដូច្នេះ ហើយស្ដេចទៅកាន់ព្រះដំណាក់ ទូលសួរព្រះមាតាថា ម៉ែ ខ្ញុំជាទីស្រឡាញ់របស់ម៉ែ ឬមិនមែនជាទីស្រឡាញ់។
មាតា. កូន កូនជាទីស្រឡាញ់ក្រៃលែងរបស់ម៉ែ ដូចភ្នែករបស់មនុស្សតែម្ខាង និងដូចជាបេះដូង (របស់ម៉ែ) ដូច្នោះ។
អនុរុទ្ធ. បើដូច្នោះ ហេតុអ្វី ម៉ែទើបមិនចាត់ចែងនំមិនមាន ប្រទានដល់កូន រហូតអស់វេលាប៉ុណ្ណោះ។
ព្រះនាងត្រាស់សួរព្រះកុមារដែលជិតស្និទ្ធថា “នំអ្វីៗ មាននៅក្នុងថាសឬ កូន” គេទូលថា “បពិត្រអ្នកម៉ែ ថាសពេញព្រៀបដោយនំ ឈ្មោះថា នំបែបនេះ ខ្ញុំព្រះអង្គក៏មិនធ្លាប់ឃើញ”។ ព្រះនាងទ្រង់ព្រះតម្រិះថា “បុត្ររបស់យើងជាអ្នកមានបុណ្យ មានអភិនិហារបានធ្វើទុកហើយ ទេវតាទាំងឡាយប្រាកដជា ដាក់នំពេញថាសទើបបញ្ជូនទៅ”។ លំដាប់នោះ ព្រះឱរស ទើបទូលព្រះមាតាថា “មាតា តាំងអំពីនេះទៅ ខ្ញុំព្រះអង្គមិនសោយនំដទៃទ. ២៦៣ សូមមាតាតាក់តែងតែនំមិនមានតែម្យ៉ាង”។ តាំងអំពីនោះមក កាលព្រះកុមារនោះទូលថា “ខ្ញុំព្រះអង្គត្រូវការសោយនំ” សូម្បីព្រះនាងក៏ទ្រង់គ្រប ថាសទទេនោះឯងដោយថាសដទៃ បញ្ជូនទៅឲ្យព្រះកុមារនោះ។ ទេវតា ទាំងឡាយដាក់នំទិព្វថ្វាយព្រះកុមារនោះរហូត ក្នុងវេលាដែលលោកនៅជា ឃរាវាស។
ព្រះកុមារនោះ កាលទ្រង់មិនជ្រាបសូម្បីពាក្យមានប្រមាណប៉ុណ្ណេះ នឹងទ្រង់ជ្រាបដល់ការបួសបានដូចម្តេច ព្រោះដូច្នោះ ព្រះកុមារទើបទូល សួរថាព្រះគាថា ថា “ការបួសនេះដូចម្តេច“ កាលព្រះមហានាមត្រាស់ថា “អ្នកបួស ត្រូវកោរសក់ និងពុកមាត់ ត្រូវស្លៀកដណ្តប់សំពត់កាសាយៈ ត្រូវដេកលើកម្រាលដោយឈើ ឬលើគ្រែដែលក្រងដោយផ្តៅ ដើរបិណ្ឌបាត នេះឈ្មោះថា ការបួស” ទើបទូលថា “ម្ចាស់បង ខ្ញុំជាសុខុមាលជាតិ ខ្ញុំ មិនអាចបួសបានទេ”។ ព្រះមហានាមត្រាស់ថា “ប្អូន បើដូច្នោះ ប្អូនចូររៀនការងាររបស់ឃរាវាសចុះ”។ ក៏ក្នុងយើងទាំងពីរ បើមិនបួសនរណាម្នាក់ មិនសមគួរឡើយ។ ខណៈនោះ អនុរុទ្ធកុមារ ទូលសួរម្ចាស់បងថាទ. ២៦៤ ឈ្មោះថា “ការងារនេះយ៉ាងណា” កុលបុត្រអ្នកមិនដឹងសូម្បីស្ថានទីកើត នៃភត្ត នឹងដឹងការងារបានដូចម្តេច។ ក៏ថ្ងៃមួយ ការសន្ទនាកើតឡើងដល់ ក្សត្រិយ៍ ៣ អង្គថា “ឈ្មោះថា ភត្តកើតឡើងពីទីណា កិម្ពិលកុមារទូលថា “កើតឡើងក្នុងជង្រុកស្រូវ”។ គ្រានោះ ភទ្ទិយកុមារត្រាស់ជំទាស់ កិម្ពិលកុមារនោះថា “លោកមិនជ្រាបការកើតឡើងនៃភត្តទេ ឈ្មោះថា ភត្ត រមែងកើតឡើងត្រង់ឆ្នាំងបាយ”។ អនុរុទ្ធត្រាស់ជំទាស់ថា “លោកទាំងពីរ ក៏នៅមិនទ្រង់ជ្រាប ធម្មតា ភត្តរមែងកើតឡើងក្នុងថាសមាសប្រមាណមួយ ហត្ថក្តាប់។ បានឮថា បណ្តាក្សត្រ ៣ ព្រះអង្គនោះ ថ្ងៃមួយ កិម្ពិលកុមារទ្រង់ឃើញគេដឹកស្រូវចេញពីជង្រុក ទ្រង់យល់ថា “ស្រូវទាំងនេះកើត ឡើងហើយក្នុងជង្រុកនោះឯង។ ចំណែកព្រះភទ្ទិយកុមារ ថ្ងៃមួយ ទ្រង់ឃើញគេដួសភត្តចេញអំពីឆ្នាំងបាយ ក៏យល់ថា “ភត្តនេះកើតឡើងក្នុងឆ្នាំងបាយនោះឯង”។ ចំណែកអនុរុទ្ធកុមារ ទ្រង់មិនធ្លាប់ឃើញអ្នកបុកស្រូវ អ្នកចាំបាយ ឬអ្នកដួសបាយ ទ្រង់ឃើញ តែបាយដែលគេដួសហើយតាំងទុកចំពោះព្រះភ័ក្ត្រប៉ុណ្ណោះ។ ទ្រង់ទើបយល់ថា “ភត្តកើតក្នុងថាស ក្នុងទ. ២៦៥ វេលាដែលត្រូវការបរិភោគ”។ ក្សត្រទាំង ៣ ព្រះអង្គនោះ ទ្រង់មិនជ្រាបសូម្បីទីកើតនៃភត្ត ដោយប្រការដូច្នេះ។ ព្រោះដូច្នោះ អនុរុទ្ធកុមារនេះ ទើបទូលសួរថា ឈ្មោះថា “ការងារនេះដូចម្តេច”។ លុះទ្រង់បាន ស្តាប់កិច្ចការដែលឃរាវាសនឹងគប្បីធ្វើជាប្រចាំក្នុងឆ្នាំ មានជាអាទិ៍ថា ជាដំបូង ត្រូវឲ្យភ្ជួរស្រែ ទើបត្រាស់ថា “កាលណា ទីបំផុតនៃការងារទាំងឡាយ ទើបនឹងប្រាកដ កាលណាខ្ញុំព្រះអង្គនឹងមានសេចក្តីខ្វល់ខ្វាយតិច ហើយ ប្រើប្រាសភោគៈបានហ្ន៎” កាលព្រះមហានាមត្រាស់ប្រាប់ការមិនមានទីបំផុត នៃការងារទាំងឡាយហើយ ក៏បានទូលថា “បើដូច្នោះ សូមម្ចាស់បងទ្រង់ គ្រប់គ្រងឃរាវាសចុះ ខ្ញុំមិនត្រូវការដោយឃរាវាសទេ” ដូច្នេះ ទើបចូលគាល់ព្រះមាតា ក្រាបទូលថា “ព្រះមាតា សូមព្រះមាតាអនុញ្ញាតខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គនឹងបួស កាលព្រះនាងទ្រង់ហាមដល់ ២ ដង ហើយត្រាស់ថា “បើព្រះភទ្ទិយៈ សំឡាញ់របស់កូនបួស កូនចូលបួសជាមួយព្រះអង្គ ចុះ” ទើបចូលទៅជួបព្រះភទ្ទិយៈនោះ ត្រាស់ថា “សំឡាញ់ ការបួសរបស់ ខ្ញុំជាប់ដោយព្រះអង្គ។ ហើយបានញ៉ាំងភទ្ទិយៈនោះឲ្យទ្រង់ត្រេកអរដោយទ. ២៦៦ ប្រការផ្សេងៗ ក្នុងថ្ងៃទី ៧ ទ្រង់ទទួលប្តេជ្ញាដើម្បីប្រយោជន៍នឹងបួសជាមួយ ព្រះអង្គ។
តពីនោះ ក្សត្រទាំងប្រាំមួយអង្គនេះ គឺ ភទ្ទិយសក្យរាជ អនុរុទ្ធ អានន្ទ ភគុ កិម្ពិលៈ និងទេវទត្ត គម្រប់ ៧ ទាំងឧបាលីនាយភូសាមាលា ទ្រង់សោយមហាសម្បត្តិអស់ ៧ ថ្ងៃ ដូចទេវតាសោយទិព្វសម្បត្តិ ហើយ ស្តេចចេញទៅដោយចតុរង្គនីសេនា ហាក់ដូចជាស្តេចទៅកាន់ឧទ្យាន ដល់ព្រំដែនក្សត្រអង្គដទៃ ទ្រង់បញ្ជូនកងទ័ពទាំងអស់ឲ្យត្រឡប់ ដោយព្រះរាជអាជ្ញា ហើយស្តេចចូលកាន់ដែនក្សត្រដទៃ។ ក្នុង ៧ នាក់នោះ ក្សត្រ ៦ ព្រះអង្គ ទ្រង់ដោះអាភរណៈរៀងៗខ្លួន វិចជាបង្វិច ហើយត្រាស់បង្គាប់ថា “នែឧបាលី សូមអ្នកត្រឡប់ទៅវិញចុះ ទ្រព្យទាំងនេះ ល្មមចិញ្ចឹមជីវិតរបស់អ្នកបាន” ហើយទ្រង់ក៏ប្រទានដល់គេ។ ឧបាលីយំខ្សឹកខ្សួលក្រាបជិតព្រះបាទរបស់ក្សត្រទាំង ៦ អង្គនោះ កាលមិនអាចកន្លងអាជ្ញារបស់ ក្សត្រទាំងនោះ ទើបក្រោកឡើង កាន់បង្វិចនោះត្រឡប់ទៅ។ ក្នុងកាល នៃជនទាំងនោះបែកគ្នាជា ២ ពួក ព្រៃក៏ហាក់ដូចជាដល់នូវការយំ ផែនដីទ. ២៦៧ ហាក់ដូចជាមានអាការញាប់ញ័រ។ ចំណែកឧបាលីនាយភូសាមាលាទៅបានបន្តិចក៏ត្រឡប់វិញ គិតយ៉ាងនេះថា “ពួកសក្យៈនឹងប្រទូសជាមួយយើង ហើយគប្បីសម្លាប់យើង ដោយទ្រង់យល់ថា “កុមារទាំងឡាយមុខជាត្រូវ មនុស្សនេះផ្តាច់ព្រះជន្មហើយ” ដូច្នេះក៏បាន ព្រោះធម្មតាថា “សក្យៈទាំងនោះ ទ្រង់លះបង់សម្បត្តិបែបនេះ លះបង់អាករណៈដែលមិនអាចកាត់ថ្លៃបាន ទាំងនេះចេញ ដូចស្ដោះទឹកមាត់ចោលហើយបួស ចាំបាច់ពោលថ្មី ដល់យើង” លុះគិត (ដូច្នេះ) ទើបស្រាយបន្តិចចេញ យកអាភរណៈទាំងនោះព្យួរទុកលើដើមឈើ ហើយពោលថា “អ្នកមានសេចក្តីត្រូវការទាំងឡាយ ចូរកាន់យកចុះ” ហើយទៅកាន់សំណាក់របស់សក្យកុមារទាំងនោះ ត្រូវសក្យកុមារទាំងនោះសួរថា “អ្នកត្រឡប់មកធ្វើអ្វី” ក៏ក្រាបទូលសេចក្តីនោះ។ លំដាប់នោះ សក្យកុមារទាំងនោះ ទ្រង់នាំគេទៅកាន់សំណាក់ របស់ព្រះសាស្តា ថ្វាយបង្គំព្រះមានព្រះភាគហើយ ក្រាបទូលថា “បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ឈ្មោះថា ជាពួកសក្យៈ មានការប្រកាន់ខ្លួនជាប្រចាំ (សន្តាន) បុគ្គលនេះជាអ្នកបម្រើរបស់ពួកខ្ញុំព្រះអង្គអស់ទ. ២៦៨ រាត្រីយូរ សូមព្រះអង្គប្រោសឲ្យបុគ្គលនេះបួសមុន ខ្ញុំព្រះអង្គទាំងឡាយនឹង ធ្វើសាមីចិកម្ម មានការអភិវាទជាដើមដល់គេ ការប្រកាន់ខ្លួនរបស់ខ្ញុំព្រះអង្គនឹងអស់ទៅដោយអាការយ៉ាងនេះ” ហើយឲ្យឧបាលីនោះបួសមុន ក្រោយមកទើបទ្រង់បួស។ បណ្តាសក្យៈភិក្ខុ ៦ រូបនោះ ព្រះភទ្ទិយៈបានជា ព្រះអរហន្តតវិជ្ជា1) ក្នុងចន្លោះវស្សានោះឯង។ ព្រះអនុរុទ្ធជាអ្នកមាន ទិព្វចក្ខុ ក្រោយមកលោកស្តាប់មហាបុរិសវិតក្កសូត្រ ក៏បានសម្រេចជា ព្រះអរហន្ត។ ព្រះអានន្ទ បានតាំងនៅក្នុងសោតាបត្តិផល។ ព្រះភគុ និងព្រះកិម្ពិលៈ ក្រោយមកចម្រើនវិបស្សនាសម្រេច ក៏បានជាព្រះអរហន្ត។ ព្រះទេវទត្តសម្រេចឫទ្ធីដែលជារបស់បុថុជ្ជន។
ក្នុងកាលតមក កាលព្រះសាស្តាប្រថាប់នៅក្នុងក្រុងកោសម្តី លាភ និងសក្ការៈដ៏ច្រើន កើតឡើងដល់ព្រះតថាគតព្រមទាំងព្រះសង្ឃសាវ័ក។ មនុស្សទាំងឡាយក្នុងក្រុងកោសម្ពីនោះ យកសំពត់ និងភេសជ្ជៈជាដើម ចូលទៅកាន់វិហារ ហើយសួរគ្នាថា “ព្រះសាស្តាប្រថាប់នៅក្នុងទីណា ព្រះទ. ២៦៩ សារីបុត្រនៅក្នុងទីណា ព្រះមហាមោគ្គល្លាននៅក្នុងទីណា ព្រះមហាកស្សបៈ នៅក្នុងទីណា ព្រះភទ្ទិយៈនៅទីណា ព្រះអនុរុទ្ធនៅទីណា ព្រះអានន្ទនៅទីណា ព្រះភគុនៅទីណា ព្រះកិម្ពិលៈនៅទីណា ហើយដើរមើលទីអង្គុយ នៃព្រះអសីតិមហាសាវ័ក។ មានអ្នកសួរថា “ព្រះទេវទត្តគង់ ឬឈរទីណា ដូច្នេះ មិនមាន”។ ព្រះទេវទត្ត ទើបគិតថា យើងបួសជាមួយសក្យៈ ទាំងនេះដូចគ្នា សូម្បីសក្យៈទាំងនេះ ជាខត្តិយបព្វជិត សូម្បីយើងក៏ជា ខត្តិយបព្វជិត ពួកមនុស្សនាំលាភ និងសក្ការៈស្វែងរកលោកទាំងនេះ អ្នកដែលសួរដល់ឈ្មោះរបស់យើងមិនមាន យើងនឹងសេពគប់ជាមួយនរណាហ្ន៎ គប្បីញ៉ាំងនរណាឲ្យជ្រះថ្លា ហើយញ៉ាំងលាភ និងសក្ការៈឲ្យកើតឡើងដល់យើងបាន។ ពេលនោះ សេចក្តីសម្រេចចិត្តកើតមានដល់លោកថា ព្រះបាទពិម្ពិសារនេះព្រមទាំងបរិវារ ១១ នហុត ទ្រង់តាំងនៅក្នុងសោតាបត្តិផលហើយ ដោយការឃើញជាលើកដំបូងនោះឯង យើងមិនអាចសេពគប់ ជាមួយព្រះរាជានោះបានឡើយ សូម្បីជាមួយព្រះបាទកោសល យើងក៏មិនអាចនឹងសេពគប់បាន ចំណែកព្រះបាទអជាសត្រូវកុមារ ជាព្រះឱរសរបស់ទ. ២៧០ ព្រះរាជា (ព្រះបាទពិម្ពិសារ) នេះឯង មិនទាន់ដឹងគុណ និងទោសរបស់នរណាៗ យើងនឹងសេពគប់ជាមួយព្រះកុមារនោះ។ ព្រះទេវទត្ត ចេញពី ក្រុងកោសម្ពីទៅកាន់ក្រុងរាជគ្រឹះ និម្មិតភេទជាកុមារតូច រុំអសិរពិស ៤ ក្បាល ត្រង់ដៃ និងជើងទាំងបួន និងរុំត្រង់ក រុំធ្វើជាមកុដលើសីសៈ ធ្វើជាខ្សែឆៀងស្មា (សង្វារ) ចុះពីអាកាស ដោយសង្វារពស់នេះ អង្គុយលើភ្លៅរបស់អជាសត្រូវកុមារ កាលព្រះកុមារនោះទ្រង់ភ័យខ្លាចហើយ ត្រាស់ថា “លោកជានរណា” ទើបថ្វាយព្រះពរថា អាត្មា គឺ “ទេវទត្ត” ដើម្បីនឹង បន្ទោបង់សេចក្តីភ័យខ្លាចរបស់ព្រះកុមារ ក៏ត្រឡប់អត្ភភាពនោះវិញ ជាភិក្ខុទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ ឈរនៅខាងមុខ ញ៉ាំងព្រះកុមារនោះឲ្យជ្រះថ្លា ហើយញ៉ាំងលោភ និងសក្ការៈឲ្យកើតឡើង។
ព្រះទេវទត្តនោះ ត្រូវលាភ និងសក្ការៈគ្របសង្កត់ហើយ ក៏ញ៉ាំង ការគិតដ៏លាមកឲ្យកើតឡើងថា “យើងនឹងគ្រប់គ្រងភិក្ខុសង្ឃ” ដូច្នេះ ទើបវិនាសចាកឫទ្ធី ព្រមដោយចិត្តុប្បាទនោះ ថ្វាយបង្គំព្រះសាស្តា ដែលទ្រង់ទ. ២៧១ កំពុងសំដែងធម៌ដល់បរិស័ទព្រមទាំងព្រះរាជាក្នុងព្រះវេឡុវ័នវិហារ ក្រោកចាកអាសនៈហើយ ផ្គងអញ្ជលីក្រាបទូលថា “បពិត្រព្រះអង្គ (វេលានេះ ព្រះមានព្រះភាគទ្រង់ជរាដល់វ័យចាស់ហើយ សូមព្រះមានព្រះភាគទ្រង់ជា អ្នកមានសេចក្តីខ្វល់ខ្វាយតិច ប្រកបរឿយៗ នូវធម៌ជាគ្រឿងនៅសប្បាយ ក្នុងទិដ្ឋធម៌ចុះ ខ្ញុំព្រះអង្គនឹងរក្សាភិក្ខុសង្ឃ សូមព្រះអង្គប្រោសប្រគល់ភិក្ខុសង្ឃដល់ខ្ញុំព្រះអង្គចុះ” ដូច្នេះ ត្រូវព្រះសាស្តាទ្រង់រារាំងដោយខេឡាសិកវាទ2) ទ្រង់ហាមហើយ លោកមិនពេញចិត្ត បានចងអាឃាតនេះក្នុងព្រះតថាគតជាលើកដំបូង ហើយចៀសចេញទៅ។ គ្រានោះព្រះមានព្រះភាគ ត្រាស់ឲ្យធ្វើបកាសនីយកម្ម3) ក្នុងក្រុងរាជគ្រឹះដល់លោក។ លោកគិតថា “ឥឡូវនេះយើងត្រូវព្រះសមណគោតមកម្ចាត់ចេញហើយ យើងនឹងធ្វើសេចក្តីវិនាសដល់ព្រះសមណគោតមនោះ” ដូច្នេះ ទើបទៅគាល់ព្រះបាទ អជាសត្រូវកុមារ ទូលថា “ព្រះកុមារ កាលមុនមនុស្សទាំងឡាយមានអាយុវែង ឥឡូវនេះមានអាយុខ្លី ឯព្រះអង្គគប្បីចូលទីវង្គតតាំងពីព្រះរាជកុមារទ. ២៧២ នោះជាឋានៈរបស់ព្រះរាជកុមារ បើដូច្នោះ ព្រះអង្គគួរសម្រេចទោសព្រះបិតា ហើយតាំងជាព្រះរាជាចុះ អាត្មាសម្រេចទោសព្រះមានព្រះភាគហើយ នឹងធ្វើជាព្រះពុទ្ធ” កាលព្រះកុមារនោះតាំងនៅក្នុងរាជសម្បត្តិហើយ បាន តែងតាំងបុរសទាំងឡាយដើម្បីសម្លាប់ព្រះតថាគត លុះបុរសទាំងនោះសម្រេច សោតាបត្តិផលត្រឡប់ទៅហើយ គេទើបបានឡើងភ្នំគិជ្ឈកូដដោយខ្លួនឯង ប្រមៀលថ្ម ដោយតាំងចិត្តថា “យើងនឹងផ្តាច់ព្រះជន្មព្រះសមណគោតម” បានធ្វើកម្ម គឺ ញ៉ាំងព្រះលោហិតឲ្យពុរពងឡើង កាលមិនអាចសម្លាប់ ដោយឧបាយសូម្បីនេះ ទើបឲ្យលែងដំរីនាឡាគិរីទៀត។ កាលដំរីនោះ កំពុងដើរមក ព្រះអានន្ទត្ថេរព្រមលះបង់ជីវិតរបស់ខ្លួន ថ្វាយព្រះសាស្តា បានឈរឃាំងអំពីខាងមុខ។ ព្រះសាស្តាទ្រង់ទូន្មានដំរីហើយ ស្តេចចេញចាកព្រះនគរមកកាន់វិហារ សោយមហាទាន ដែលពួកឧបាសកឧបាសិកា ច្រើនពាន់នាំមកហើយ ទ្រង់សំដែងអនុបុព្វកថាប្រោសអ្នកក្រុងរាជគ្រឹះរាប់បាន ១៨ កោដិ ដែលប្រជុំគ្នាក្នុងថ្ងៃនោះ។ ធម្មាភិសម័យ កើតមានដល់សត្វ ៨៤.០០០ នាក់។ ព្រះមានព្រះភាគទ្រង់ស្តាប់កថាពណ៌នាគុណរបស់ទ. ២៧៣ ព្រះថេរៈថា “អស្ចារ្យណាស់ហ្ន៎ ព្រះអានន្ទមានគុណច្រើន កាលស្តេចដំរីនោះមកហើយ ហ៊ានលះបង់ជីវិតរបស់ខ្លួនឈរឃាំងអំពីខាងមុខព្រះសាស្តា” ដូច្នេះទើបទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ក្នុងកាលមុន អានន្ទនេះក៏ហ៊ានលះបង់ជីវិតដើម្បីប្រយោជន៍ ដល់តថាគតដូចគ្នា” កាលភិក្ខុទាំងឡាយក្រាបទូលអង្វរហើយ ទើបត្រាស់ ចុល្លហង្សជាតក មហាហង្សជាតក និងកក្កដកជាតក។
កម្មសូម្បីរបស់ទេវទត្ត ព្រោះញ៉ាំងព្រះអជាសត្រូវកុមារឲ្យសម្រេច ទោសរបស់ព្រះរាជា (សម្លាប់ព្រះបិតា) ចេញក្តី ព្រោះតែងតាំងនាយខ្មាន់ធ្នូក្តី ព្រោះប្រមៀលថ្មក្តី មិនបានប្រាកដដូចការបញ្ជូនដំរីនាឡាគិរីឡើយ។ គ្រានោះឯង មហាជនបានប្រជុំគ្នាឡើងថា “សូម្បីព្រះរាជា ក៏ព្រះទេវទត្តនោះឯង ជាអ្នកឲ្យសម្រេចទោសហើយ សូម្បីនាយខ្មាន់ធ្នូក៏ព្រោះព្រះទេវខេត្តនោះតែងតាំងឡើង សូម្បីសិលាក៏ព្រះទេវទត្តប្រមៀលចុះដូចគ្នា និងឥឡូវនេះ លោកបានឲ្យលែងដំរីនាឡាគិរី ព្រះរាជាទ្រង់សេពគប់មនុស្សលាមកបែបនេះ”។ ព្រះរាជាទ្រង់ស្តាប់ពាក្យរបស់មហាជនហើយ ទើបឲ្យទ. ២៧៤ នាំសម្រាប់ ៥០០ រទេះមក ស្ដេចមិនបានទៅកាន់ទីឧបដ្ឋាករបស់ព្រះទេវទត្ត នោះទៀតទេ។ ពួកអ្នកនគរក៏មិនបានថ្វាយសូម្បីវត្តត្រឹមតែភិក្ខាដល់លោក ដែលចូលទៅកាន់ត្រកូល។ ព្រះទេវទត្តនោះវិនាសចាកលាភ និងសក្ការៈ ហើយប្រាថ្នានឹងផ្តាច់ជីវិតដោយការកុហក ទើបចូលទៅគាល់ព្រះសាស្តា ទូលសូមវត្ថុ ៥ ប្រការ ដែលព្រះមានព្រះភាគទ្រង់ហាមថា “កុំឡើយ ទេវទត្ត អ្នកណាប្រាថ្នា អ្នកនោះក៏ចុះនៅព្រៃចុះ” ដូច្នេះ ហើយពោលថា “អ្នកមានអាយុពាក្យរបស់នរណានឹងត្រឹមត្រូវ របស់ព្រះតថាគត ឬរបស់ខ្ញុំ ក៏ខ្ញុំពោលដោយអំណាចវត្តបដិបត្តិដ៏ឧក្រិដ្ឋយ៉ាងនេះថា បពិត្រព្រះអង្គ សូម ព្រះអង្គប្រទានឱកាស សូមភិក្ខុទាំងឡាយចូរអ្នកនៅព្រៃ ត្រាច់បិណ្ឌបាត ជាវត្ត ទ្រទ្រង់សំពត់បង្សុកូល នៅក្រោមគល់ឈើ កុំគប្បីឆាន់ត្រី និងសាច់អស់មួយជីវិត។ អ្នកណាប្រាថ្នានឹងរួចផុតចាកទុក្ខ អ្នកនោះចូលមកជាមួយយើង” ដូច្នេះ ហើយក៏ចៀសចេញទៅ។ ភិក្ខុពួកខ្លះបួសថ្មី មានការដឹងតិចតួច បានស្តាប់ពាក្យរបស់ព្រះទេវទត្តនោះហើយ បបួលគ្នាថា “ព្រះទេវទត្តនិយាយត្រូវ” ពួកយើងនឹងទៅជាមួយព្រះទេវទត្តនោះ។
ទ. ២៧៥ ដូច្នេះ ហើយក៏បានសមាគមជាមួយលោក។ ព្រះទេវទត្តនោះ ព្រមដោយភិក្ខុ ៥០០ រូប ញ៉ាំងជនអ្នកជ្រះថ្លាក្នុងរបស់សៅហ្មង ឲ្យព្រមទទួលដោយ វត្ថុ ៤ ប្រការនោះ ដើរសូម (បច្ច័យ) ក្នុងត្រកូលមកបរិភោគ ព្យាយាម ដើម្បីបំបែកសង្ឃហើយ។ លោកដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ថា “ទេវទត្ត បានឮថា អ្នកព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីទម្លាយចក្រ ពិតមែនឬ”។ ទូលថា “ពិតមែន ព្រះមានព្រះភាគ” សូម្បីព្រះអង្គទ្រង់ឲ្យ ឱវាទដោយព្រះពុទ្ធវចនៈមានជាអាទិ៍ថា “ទេវទត្ត ការបំបែកសង្ឃ មានទោសច្រើន” ក៏មិនជឿ មិនកាន់យកព្រះវាចារបស់ព្រះសាស្តា ហើយគេចចេញទៅ ជួបព្រះអានន្ទដែលកំពុងត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ទើបពោលថា “អានន្ទដ៏មានអាយុ តាំងពីថ្ងៃនេះទៅជាដើម ខ្ញុំនឹងធ្វើឧបោសថ និងធ្វើសង្ឃកម្ម វៀរចាកព្រះមានព្រះភាគ វៀរចាកភិក្ខុសង្ឃ”។ ព្រះថេរៈ ទូលសេចក្តីនោះដល់ព្រះមានព្រះភាគ។ ព្រះសាស្តាទ្រង់ជ្រាបសេចក្តីនោះហើយ ទ្រង់កើតធម្មសង្វេគ ទ្រង់បរិវិតក្កៈថា “ទេវទត្តធ្វើកម្មជាហេតុឲ្យខ្លួនឆេះក្នុងអវិចីដែលទាក់ទងដល់សេចក្តីវិនាសដល់សត្វលោកទាំងទេវទ. ២៧៦ លោកដូច្នេះ ទើបទ្រង់ត្រាស់ព្រះគាថានេះថា៖
កម្មទាំងឡាយដែលមិនល្អ និងមិនជាប្រយោជន៍ដល់ខ្លួន ធ្វើបានងាយ កម្មឯណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ធ្វើបានលំបាកក្រៃលែង។
ទ្រង់បន្លឺព្រះឧទាននេះទៀតថា៖
កម្មល្អមនុស្សល្អធ្វើបានដោយងាយ កម្មល្អមនុស្សអាក្រក់ ធ្វើបានដោយលំបាក កម្មអាក្រក់ មនុស្សអាក្រក់ធ្វើបាន ដោយងាយ កម្មអាក្រក់ព្រះអរិយទាំងឡាយធ្វើបានលំបាក។
គ្រានោះឯង ព្រះទេវទត្តគង់នៅក្នុងទីដ៏សមគួរមួយព្រមដោយបរិស័ទ របស់ខ្លួន ក្នុងថ្ងៃឧបោសថ ពោលថា “វត្ថុ ៤ ប្រការទាំងនេះ រមែងពេញចិត្តដល់អ្នកណា អ្នកនោះចូរចាប់ស្លាក” កាលពួកភិក្ខុវជ្ជីបុត្រ ៥០០ រូប អ្នកបួសថ្មី នៅមិនទាន់ដឹងធម៌វិន័យដែលព្រះមានព្រះភាគទ្រង់បញ្ញត្តិ ទូទៅ ក៏នាំគ្នាចាប់ស្លាក ក៏បានបំបែកសង្ឃហើយ បាននាំភិក្ខុទាំងនោះទៅ កាន់គយាសីសៈប្រទេស។ ព្រះសាស្តាទ្រង់ស្តាប់ការដែលទេវទត្តនោះទៅទ. ២៧៧ ទីនោះហើយ ទើបទ្រង់បញ្ជូនព្រះអគ្គសាវ័កទាំងពីរទៅដើម្បីប្រយោជន៍នាំ ភិក្ខុទាំងនោះមកវិញ។ ព្រះអគ្គសាវ័កទាំងពីរទៅកាន់ទីនោះហើយ ពោលទូន្មានដោយពាក្យទូន្មានដែលជាអាទេសនាបាដិហារ្យ និងឥទ្ធិបាដិហារ្យ ញ៉ាំងភិក្ខុទាំងនោះឲ្យផឹកអមតធម៌ហើយ បាននាំមកតាមផ្លូវអាកាស។ ចំណែក ព្រះកោកាលិកៈពោលថា “ទេវទត្តដ៏មានអាយុ ក្រោកឡើង ព្រះសារីបុត្រ និងព្រះមោគ្គល្លាន នាំយកភិក្ខុទាំងនេះទៅអស់ហើយ ខ្ញុំប្រាប់លោកហើយ មិនមែនឬថា អ្នកមានអាយុ លោកកុំទុកចិត្តព្រះសារីបុត្រ និងព្រះមោគ្គ ល្ខោន (ព្រោះ) ព្រះសារីបុត្រ និងព្រះមោគ្គល្លានមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក” ដូច្នេះ ហើយយកជង្គង់បុកត្រង់ ដើមទ្រូង (ព្រះទេវទត្ត)។ លោហិតក្តៅៗ បានផុលចេញអំពីមាត់របស់ព្រះទេវទត្តក្នុងទីនោះឯង។
ចំណែកពួកភិក្ខុ ឃើញព្រះសារីបុត្រមានភិក្ខុសង្ឃហែហមមកតាម ផ្លូវអាកាសហើយ បានក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្រទ. ២៧៨ ក្នុងវេលាទៅមានខ្លួនជាគម្រប់ ២ ប៉ុណ្ណោះ ឥឡូវនេះ មានបរិវារជាច្រើន មកជាមួយ អស្ចារ្យហ្ន៎។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន កាលលោកកើតក្នុងកំណើតសត្វតិរច្ឆាន បុត្ររបស់យើង មកកាន់សំណាក់របស់យើង ក៏រមែងអស្ចារ្យដូចគ្នា” ដូច្នេះ ហើយបានត្រាស់ជាតកនេះថា៖
សេចក្តីចម្រើន រមែងមានដល់អ្នកមានសីលទាំងឡាយ អ្នកប្រព្រឹត្តបដិសណ្ឋារៈ អ្នកចូរមើលម្រឹគឈ្មោះលក្ខណៈដែលពួកញាតិហែហមមកហើយ អ្នកចូរមើលម្រឹគឈ្មោះកាលៈនេះ ដែលវិនាសចាកញាតិទាំងឡាយ។
ដូច្នេះជាដើម កាលពួកភិក្ខុក្រាបទូលទៀតថា “បពិត្រព្រះអង្គដ៏ចម្រើន បានជ្រាបថា ព្រះទេវទត្តឲ្យអគ្គសាវ័ក ២ អង្គនោះ គង់សងខាង ហើយពោលថា យើងនឹងសំដែងធម៌ដោយពុទ្ធលីលា ធ្វើកិរិយាតាមព្រះអង្គ”។ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តនេះក៏ព្យាយាមធ្វើត្រាប់តាមតថាគតដែរ តែមិនទ. ២៧៩ អាច ដូច្នេះ ទើបបានត្រាស់នទីចរកាកជាតក ថា៖
អើ វីរកៈ អ្នករមែងឃើញបក្សីឈ្មោះសវិដ្ឋកៈ ដែលស្រែកយំមានសំឡេងពីរោះ មានសម្រងកដូចជាសត្វក្ងោក ដែលជាស្វាមីរបស់ខ្ញុំទេ បក្សីសវិដ្ឋកៈ ធ្វើត្រាប់តាមបក្សីដែលត្រាច់ទៅបានទាំងក្នុងទឹក និងលើគោក ស៊ីត្រីស្រស់ជានិច្ចនោះ ត្រូវសារាយព័ទ្ធស្លាប់ហើយ។
ដូច្នេះជាដើម សូម្បីក្នុងថ្ងៃដទៃៗទៀត ទ្រង់ប្រារព្ធកថានោះដូចគ្នា ត្រាស់ជាតកទាំងឡាយជាដើមយ៉ាងនេះថា៖
សត្វត្រសេះនេះ កាលនឹងចោះនូវដើមឈើទាំងឡាយ បាន ត្រាច់ទៅហើយហ្ន៎ ត្រង់ដើមឈើដែលមានមែកជាឈើងាប់ មិនមានខ្លឹម ក្រោយមកត្រាច់ទៅដល់ដើមឈើដែលមានខ្លឹម ហើយក៏បានទម្លាយនូវក្បាលហើយ។
និងថា៖
ខួរឆ្អឹងរបស់អ្នកធ្លាយចេញផង អំបែងក្បាលរបស់អ្នក ដែលទ. ២៨០ ដំរីជាន់ហើយ គ្រោងឆ្អឹងគ្រប់ចំណែករបស់អ្នកដែលដំរី កាច់បំបាក់ហើយ គ្រានេះអ្នកនៅមានមុខស្រស់អ្វីទៀត សំឡាញ់។
ទ្រង់ប្រារព្ធកថាថា “ទេវទត្តជាបុគ្គលអកតញ្ញូ” ទើបត្រាស់ជាតក ទាំងឡាយមានជាអាទិ៍ទៀតថា៖
ខ្ញុំបានធ្វើកិច្ចឲ្យដល់អ្នករហូតអស់កម្លាំងរបស់ខ្ញុំដែលមានហើយ បពិត្រមឺគរាជ ខ្ញុំសូមនមស្ការចំពោះលោក តើខ្ញុំ នឹងបានអ្វីៗខ្លះទេ។ ប្រការដែលអ្នកនៅក្នុងចន្លោះនៃធ្មេញរបស់យើង ដែលមានលោហិតជាភក្សា ធ្វើកម្មដ៏អាក្រក់ជានិច្ច ក៏នៅជាអ្នករស់បាន នេះជាលាភរបស់អ្នកហើយ។
ទ្រង់ប្រារព្ធការតោងឡើង ដើម្បីនឹងសម្លាប់ (ព្រះអង្គ) របស់ព្រះទេវទត្ត នោះទៀត ក៏ត្រាស់ជាតកទាំងឡាយជាដើមថា៖
ម្នាលដើមចំបក់ ប្រការដែលអ្នកជម្រះផ្លែមកនេះ យើងទ. ២៨១ ដឹងហើយ យើងនឹងទៅនៅដើមចំបក់ដទៃ ព្រោះថាផ្លែ របស់អ្នក យើងមិនពេញចិត្ត។
កថានៅប្រព្រឹត្តទៅទៀតថា “ព្រះទេវទត្តវិនាសចាកផល ២ ប្រការ គឺ ចាកលាភ និងសក្ការៈប្រការមួយ ចាកសាមញ្ញផលប្រការមួយ ព្រះមានព្រះភាគត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏វិនាសហើយដូចគ្នា” ដូច្នេះ ទើបទ្រង់ត្រាស់ ជាតកទាំងឡាយថា៖
ភ្នែកទាំងពីរបែកហើយ សំពត់ក៏វិនាសហើយ ទាំងមិត្រ អ្នកស្រុកក៏ទាស់ទែងគ្នា ប្តី និងប្រពន្ធទាំងពីរនោះ មាន ការងារវិនាសហើយទាំងពីរផ្លូវ គឺ ទាំងផ្លូវទឹក ទាំងផ្លូវគោក។
ព្រះសាស្តា កាលប្រថាប់នៅក្នុងក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធព្រះទេវទត្ត ត្រាស់ជាតកដ៏ច្រើនដោយប្រការយ៉ាងនេះហើយ ស្តេចយាង (ចេញ) ចាកក្រុងរាជគ្រឹះទៅកាន់ក្រុងសាវត្ថី ប្រថាប់នៅក្នុងព្រះជេតពនមហាវិហារ។
ចំណែកព្រះទេវទត្តនោះឯង មានជំងឺអស់ ៩ ខែ ក្នុងគ្រាចុងក្រោយ ប្រាថ្នានឹងគាល់ព្រះសាស្តា ទើបប្រាប់ពួកសាវ័ករបស់ខ្លួនថា “យើងប្រាថ្នា នឹងទៅគាល់ព្រះសាស្តា អ្នកទាំងឡាយចូរសំដែងព្រះសាស្តាដល់យើងចុះ”។ កាលសាវ័កទាំងនោះឆ្លើយថា “លោកម្ចាស់ក្នុងពេលដែលអាច លោកម្ចាស់ បានប្រព្រឹត្តជាអ្នកមានពៀរជាមួយព្រះសាស្តា ខ្ញុំទាំងឡាយនាំលោកម្ចាស់ ទៅក្នុងទីដែលព្រះសាស្តាប្រថាប់មិនបានទេ” ព្រះទេវទត្តក៏ពោលថា “អ្នកទាំងឡាយកុំឲ្យខ្ញុំវិនាសឡើយ ខ្ញុំចងអាឃាតក្នុងព្រះសាស្តា (ក៏ពិត) តែ ចំពោះព្រះសាស្តាមិនមានអាឃាតនឹងខ្ញុំឡើយ សូម្បីត្រឹមតែចុងសក់”។ ពិតហើយ ព្រះមានព្រះភាគអង្គនោះ៖
ទ្រង់មានព្រះទ័យស្មើក្នុងបុគ្គលទូទៅ គឺ ក្នុងនាយខ្មាន់ធ្នូ ក្នុងព្រះទេវទត្ត ក្នុងចោរអង្គុលិមាល ក្នុងដំរីធនបាល និង ក្នុងព្រះរាហុល។
ព្រោះដូច្នោះ ព្រះទេវទត្តទើបអង្វរហើយអង្វរទៀតថា “សូមអ្នកទាំងឡាយ ទ. ២៨៣ ចូរសម្តែងព្រះមានព្រះភាគដល់ខ្ញុំ”។ ពេលនោះ សាវ័កទាំងនោះទើបនាំ ព្រះទេវទត្តចេញទៅដោយគ្រែស្នែងតូច។ ភិក្ខុទាំងឡាយ បានឮដំណឹង ការមករបស់ព្រះទេវទត្តនោះ ទើបក្រាបទូលព្រះសាស្តាថា បពិត្រព្រះអង្គ ដ៏ចម្រើន ឮដំណឹងថា ព្រះទេវទត្តមកដើម្បីត្រូវការនឹងគាល់ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ទេវទត្តមិនបានឃើញតថាគត ដោយអត្តភាពនេះ”។ ន័យថា ព្រះទេវទត្ត រមែងមិនបានឃើញព្រះពុទ្ធទៀត ផ្តើមតាំងពីកាលដែលសូមវត្ថុ ៥ ប្រការម្លេះ។ ពួកភិក្ខុក្រាបទូលថា “ព្រះទេវទត្តមកដល់ទីនោះ និងទីនោះហើយ ព្រះអង្គ។
ព្រះសាស្តា៖ ទេវទត្តចូរធ្វើវត្ថុដែលខ្លួនប្រាថ្នាចុះ (តែយ៉ាងណា) គេក៏នឹងមិនបានឃើញតថាគត។
ភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន ព្រះទេវទត្តមកដល់ទីប្រមាណមួយ យោជន៍អំពីទីនេះហើយ (និងទូលតៗ ទៅទៀតថា) មកដល់កន្លះយោជន៍ហើយ មួយគាវុធហើយ មកដល់ទីជិតស្រះបោក្ខរណីហើយ ព្រះអង្គ។
ព្រះសាស្តា៖ សូម្បីទេវទត្តនឹងចូលមកខាងក្នុងព្រះជេតពន ក៏មិនទ. ២៨៤ បានឃើញតថាគតដែរ។
ពួកសាវ័កនាំព្រះទេវទត្តមក ដាក់គ្រែស្នែងចុះត្រង់មាត់ស្រះបោក្ខរណី ជិតវត្តជេតពនហើយ ក៏ចុះទៅដើម្បីងូតទឹកក្នុងស្រះបោក្ខរណី។ សូម្បី ព្រះទេវទត្តនោះឯង ក៏ក្រោកចាកគ្រែហើយអង្គុយដាក់ជើងទាំងពីរលើផែនដី ជើងទាំងពីរនោះក៏លិចចុះក្នុងផែនដី។ លោកបានលិចចុះក្នុងផែនដីដោយ លំដាប់ ត្រឹមកជើង ត្រឹមក្រៅ ត្រឹមចង្កេះ ត្រឹមដោះរហូតដល់ក ក្នុងវេលា ដែលឆ្អឹងចង្កាដល់ផែនដី បានពោលគាថានេះថា៖
ខ្ញុំព្រះអង្គសូមដល់ព្រះពុទ្ធអង្គនោះ ព្រះអង្គជាបុគ្គល ដ៏ប្រសើរ ជាទេវតាក្រៃលែងជាងទេវតា ជាសារថីហ្វឹក ហាត់នរជន មានព្រះចក្ខុដោយជុំវិញ មានព្រះលក្ខណៈតែមួយកើតពីបុណ្យទាំងរយ ថាជាទីពឹង ព្រមដោយឆ្អឹងទាំងនេះ និងខ្យល់ដង្ហើមចេញចូល។
ន័យថា ព្រះតថាគតទ្រង់ឃើញឋានៈនេះឯង ទើបទ្រង់ព្រះមេត្តាឲ្យ ព្រះទេវទត្តបួស។ ប្រសិនបើព្រះទេវទត្តនោះ មិនបានបួសទេ ហើយនៅទ. ២៨៥ ជាគ្រហស្ថ នឹងបានធ្វើកម្មធ្ងន់ (ច្រើនជាងនេះ) នឹងមិនអាចធ្វើបច្ច័យនៃ ការអស់ភពបាន លុះបួសហើយ សូម្បីធ្វើកម្មធ្ងន់ក៏ពិត តែនឹងអាចធ្វើបច្ច័យ នៃការអស់ភពបាន ព្រោះដូច្នោះ ព្រះសាស្តាទើបអនុញ្ញាតឲ្យលោកបួសហើយ។ ពិតហើយ ព្រះទេវទត្តនោះ នឹងជាព្រះបច្ចេកពុទ្ធមាននាមថា អដ្ឋិស្សរៈ ក្នុងទីបំផុតនៃសែនកប្បអំពីកប្បនេះ។ ព្រះទេវទត្តនោះលិចចុះ ក្នុងដីហើយកើតក្នុងអវិចី លោកជាអ្នកកម្រើកមិនបាន ត្រូវភ្លើងឆេះ ព្រោះជាអ្នកធ្វើខុសក្នុងព្រះពុទ្ធដែលទ្រង់មិនញាប់ញ័រ។ សរីរៈរបស់លោកមានកម្ពស់ប្រមាណ ១០០ យោជន៍ កើតក្នុងរណ្តៅអវិចី ដែលមានប្រមាណ ៣០០ យោជន៍ សីសៈកប់ចូលទៅកាន់ផែនដែកក្នុងខាងលើរហូតដល់គុម្ពត្រចៀក។ ជើងទាំងពីរលិចចុះក្នុងផែនដែកចុះទៅខាងក្រោមរហូតដល់កជើង លំពែងដែកមានប្រមាណប៉ុនដើមត្នោតធំ ចេញអំពីជញ្ជាំងខាងក្រោយ ចាក់ទម្លុះខ្នងឆ្ងាយមកខាងទ្រូង ដោតជាប់ជញ្ជាំងខាងមុខ លំពែងមួយទៀត ចេញអំពីជញ្ជាំងខាងស្តាំ ចាក់ទម្លុះពីខាងស្តាំធ្លាយចេញខាងឆ្វេង ដោត ជាប់ជញ្ជាំងខាងឆ្វេង លំពែងមួយទៀត ចេញពីផ្ទៃខាងលើ ចាក់ទម្លុះត្រង់ទ. ២៨៦ ក្បាលធ្លុះទៅចំណែកខាងក្រោម ដោតចុះទៅក្នុងផែនដែក។ ព្រះទេវទត្ត នោះមិនអាចកម្រើកបាន ត្រូវភ្លើងឆេះក្នុងអវិចីនោះ ដោយប្រការដូច្នេះ។
ភិក្ខុទាំងឡាយសន្ទនាគ្នាថា “ព្រះទេវទត្តដល់ឋានៈប្រមាណប៉ុណ្ណេះ មិនទាន់បានគាល់ព្រះសាស្តា ផែនដីក៏ស្រូបទៅហើយ”។ ព្រះសាស្តាទ្រង់ ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ទេវទត្តប្រព្រឹត្តខុសក្នុងតថាគត ផែនដី ស្រូបទៅ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុខ គេក៏ត្រូវ ផែនដីស្រូបហើយ ដូចគ្នា” ទើបទ្រង់សំដែងរឿងកាលដែលបុរសវរង្វងផ្លូវ ដែលព្រះអង្គស្រោចស្រង់ហើយ លើកដាក់លើខ្នងរបស់ខ្លួននាំឲ្យដល់ទីក្សេម ត្រឡប់ជាមកកាត់អស់ភ្លុក ៣ ដង យ៉ាងនេះ គឺ ត្រង់ចុង ត្រង់កណ្តាល ត្រង់គល់ ក្នុងវារៈទី ៣ កាលកន្លងផុតគន្លងចក្ខុនៃមហាបុរសហើយ ក៏ត្រូវផែនដីស្រូប ក្នុងកាលព្រះអង្គជាស្តេចដំរី ទើបត្រាស់ជាតកនេះជាដើមថា៖
ប្រសិនបើនឹងឲ្យផែនដីទាំងអស់ដល់បុគ្គលអកតញ្ញូ អ្នក សម្លឹងទោសជានិច្ច ក៏មិនញ៉ាំងគេឲ្យត្រេកអរបានឡើយ។
ទ. ២៨៧ កាលកថាតាំងឡើងហើយដូច្នោះទៀត ទ្រង់ទើបត្រាស់ខន្តិវាទិជាតក ដើម្បីទ្រង់សំដែងដល់ព្រះទេវទត្តនោះ កាលនៅជាព្រះបាទកលាពុ ប្រព្រឹត្តខុសក្នុងព្រះអង្គដែលជាទន្តិវាទីតាបស ហើយក៏ត្រូវផែនដីស្រូប និងត្រាស់ ចុល្លធម្មបាលជាតក ដើម្បីទ្រង់ចំពោះព្រះទេវទត្តនោះ កាលជាព្រះបាទមហាបតាបៈ ប្រព្រឹត្តខុសក្នុងព្រះអង្គដែលជាចុល្លធម្មបាល ក៏ត្រូវផែនដីស្រូប។
ក៏កាលព្រះទេវទត្តលិចចុះក្នុងផែនដីហើយ មហាជនរីករាយត្រេកអរ ឲ្យលើកទង់ជ័យ ទង់បដា និងដើមចេក តាំងឆ្នាំងទឹកដែលពេញហើយ លេងមហោស្រពធំ ដោយប្រារព្ធថា “ជាលាភរបស់ពួកយើងហ្ន៎”។ ពួក ភិក្ខុក្រាបទូលសេចក្តីដល់ព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ កាលព្រះទេវទត្តស្លាប់ហើយ មហាជនត្រេកអរមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ត្រេកអរហើយដូចគ្នា។ ដើម្បីទ្រង់សំដែងដល់មហាជនដែលជាអ្នកត្រេកអរ ក្នុងកាល ជាព្រះរាជាព្រះនាមថា បិង្គលៈ ក្នុងក្រុងពារាណសីដែលកាចសាហាវ មិនទ. ២៨៨ ជាទីស្រឡាញ់របស់ជនទូទៅចូលទិវង្គតហើយ ទើបត្រាស់បិង្គលជាតកនេះ ជាដើមថា៖
ព្រះពោធិសត្វពោលសួរថា
ជនទាំងអស់ ដែលព្រះបាទបិង្គលៈបៀតបៀនហើយ កាល ស្តេចចូលទិវង្គតហើយ ជនទាំងឡាយរមែងសោយបីតិ ព្រះបាទបិង្គលៈមានព្រះនេត្រមិនខ្មៅ បានជាទីស្រឡាញ់របស់អ្នក ឬ នែ៎នាយទ្វារបាល ហេតុអ្វី អ្នកទើបយំ។
នាយទ្វារបាលពោលតបថា
ព្រះរាជា មានព្រះនេត្រមិនខ្មៅ មិនជាទីស្រឡាញ់របស់ខ្ញុំទេ ខ្ញុំខ្លាចការត្រឡប់មករបស់ព្រះរាជានោះ ព្រោះថា ព្រះរាជាអង្គនោះ ស្តេចទៅកាន់ទីនោះហើយ គប្បីបៀតបៀនមច្ចុរាជ មច្ចុរាជនោះត្រូវបៀតបៀនហើយ គប្បីនាំព្រះអង្គត្រឡប់មកទីនេះម្តងទៀត។
ភិក្ខុទាំងឡាយ ទូលសួរព្រះសាស្តាថា “បពិត្រព្រះអង្គដ៏ចម្រើនទ. ២៨៩ ឥឡូវនេះ ព្រះទេវទត្តកើតហើយនៅក្នុងទីណា”។ ព្រះសាស្តាត្រាស់ថា “ក្នុងអវិចីមហានរក ភិក្ខុទាំងឡាយ”។ ភិក្ខុទាំងនោះក្រាបទូលថា “ព្រះទេវទត្តប្រព្រឹត្តក្តៅក្រហាយក្នុងលោកនេះហើយ ក៏ទៅកើតក្នុងទីដែលក្តៅ ក្រហាយនោះឯងទៀតឬ។ ព្រះសាស្តាត្រាស់ថា “យ៉ាងនោះឯង ភិក្ខុទាំងឡាយ ជនទាំងឡាយ ទោះជាបព្វជិតក្តី ជាគ្រហស្ថក្តី មានប្រក្រតីនៅដោយសេចក្តីប្រមាទ រមែងក្តៅក្រហាយក្នុងលោកទាំងពីរតែម្យ៉ាង ដូច្នេះទើប ត្រាស់គាថានេះថា៖
ឥធ តប្បតិ បេច្ច តប្បតិ បាបការី ឧភយត្ថ តប្បតិ បាបំ មេ កតន្តិ តប្បតិ ភិយ្យោ តប្បតិ ទុគ្គតិ៍ គតោ។
បុគ្គលអ្នកធ្វើអំពីបាប តែងក្តៅក្រហាយក្នុងលោកទាំងពីរ គឺ ក្តៅក្រហាយក្នុងលោកនេះ ១ ក្តៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្តៅក្រហាយដោយគិតឃើញថា បាបអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្តៅក្រហាយដ៏ក្រៃលែង។
បណ្តាបទទាំងនោះ ពីរបទថា ឥធ តប្បតិ (រមែងក្តៅក្រហាយក្នុង លោកនេះ) សេចក្តីថា រមែងក្តៅក្រហាយក្នុងលោកនេះ ព្រោះហេតុត្រឹម តែទោមនស្ស ដោយសេចក្តីក្តៅក្រហាយព្រោះកម្ម។ បទថា បេច្ច (លះ លោកនេះហើយ) សេចក្តីថា ចំណែកក្នុងលោកខាងមុខ រមែងក្តៅក្រហាយ ព្រោះទុក្ខក្នុងអបាយដែលលំបាកដ៏ក្រៃលែង។ ដោយសេចក្តីក្តៅក្រហាយ ព្រោះវិបាក។ បទថា បាបការី (អ្នកធ្វើបាបជាប្រក្រតី) (សេចក្តីថា អ្នកធ្វើបាបមានប្រការផ្សេងៗ។ បទថា ឧកយត្ថ(ទាំងពីរ) សេចក្តីថា ឈ្មោះថារមែងក្តៅក្រហាយក្នុងលោកទាំងពីរ ដោយសេចក្តីក្តៅក្រហាយ មានប្រការដូចពោលហើយនេះឯង។ ពីរបទថា បាបំ មេ (កម្មអាក្រក់យើង បានធ្វើទុកហើយ) សេចក្តីថា ក៏បុគ្គលមានប្រក្រតីធ្វើអាក្រក់នោះ កាលក្តៅក្រហាយ ដោយសេចក្តីក្តៅក្រហាយព្រោះកម្ម ឈ្មោះថា រមែងក្តៅក្រហាយ ដោយគិតថា “កម្មអាក្រក់យើងបានធ្វើទុកហើយ” ប្រការនោះ ជាសេចក្តីក្តៅក្រហាយមានប្រមាណតិចតួច តែកាលក្តៅក្រហាយ ដោយទ. ២៩១ សេចក្តីក្តៅក្រហាយព្រោះវិបាក ទៅកាន់ទុគ្គតិហើយ គឺ រមែងក្តៅក្រហាយ ដ៏លើសលុប ព្រោះសេចក្តីក្តៅក្រហាយដ៏គ្រោតគ្រាតក្រៃលែង។
ក្នុងកាលចប់ព្រះគាថា ជនដ៏ច្រើនបានជាព្រះអរិយបុគ្គល មានព្រះសោតាបន្នជាដើមហើយ។ ព្រះទេសនាមានប្រយោជន៍ដល់មហាជនដូច្នេះ។
ចប់ រឿងព្រះទេវទត្ត។