រឿងទាក់ទងនឹង ធម្មបទគាថា ទី ១៨ អំពីកូនស្រីពៅរុបស់អនាថបិណ្ឌិកសេដ្ឋី ដែលបានផលខ្ពស់ជាងឪពុក មុនពេលនាងបានស្លាប់។
sut kn dhp 018 att បាលី cs-km: sut.kn.dhp.018_att តិបិដក៖ sut.kn.dhp.018 PTS: ?
ធម្មបទគាថា ទី ១៨ អដ្ឋកថា
«១៣. រឿងនាងសុមនាទេវី»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុមរៀបរៀងព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
១៣. សុមនាទេវីវត្ថុ
ទ. ២៩២ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងសុមនាទេវី ត្រាស់ព្រះធម្មទេសនានេះថា
ឥធ នន្ទតិ បេច នន្ទតិ (រមែង ត្រេកអរក្នុងលោកនេះ ១ ត្រេកអរក្នុងលោកខាងមុខ ១) ជាដើម។
សេចក្តីពិស្តារថា ភិក្ខុសង្ឃពីរពាន់អង្គ រមែងឆាន់ក្នុងផ្ទះរបស់ អនាថបិណ្ឌិកសេដ្ឋីក្នុងក្រុងសាវត្ថីរាល់ៗ ថ្ងៃ ក្នុងផ្ទះរបស់នាងវិសាខាមហាឧបាសិកាក៏ដូច្នោះ។ ក៏បុគ្គលណាៗ ក្នុងក្រុងសាវត្ថី ជាអ្នកប្រាថ្នានឹងថ្វាយទាន បុគ្គលនោះៗ ត្រូវសូមឱកាសអំពីលោកទាំងពីរនោះមុន ទើបធ្វើបាន។ ព្រោះហេតុអ្វី។ ព្រោះអ្នកដទៃៗ សួរថា “លោកអនាថបិណ្ឌិកសេដ្ឋី ឬនាងវិសាខាមកកាន់រោងទានរបស់អ្នកហើយឬ”។ កាលគេឆ្លើយ ថា “មិនបានមក” រមែងតិះដៀលសូម្បីទានដែលបុគ្គលលះបង់ទ្រព្យទាំងសែនហើយធ្វើ ថា “នេះឈ្មោះថាទានអ្វី”។ ព្រោះថា លោកទាំងពីរនោះ រមែងជាអ្នកដឹងនូវសេចក្តីពេញចិត្តរបស់ភិក្ខុសង្ឃ និងកិច្ចដែលសមគួរដល់ ភិក្ខុសង្ឃ។ កាលលោកទាំងពីរនោះនៅហើយ ពួកភិក្ខុសង្ឃឆាន់បានតាមទ. ២៩៣ ការពេញចិត្ត។ ព្រោះដូច្នោះ គ្រប់ៗមនុស្សដែលប្រាថ្នានឹងថ្វាយទាន ទើបអញ្ជើញលោកទាំងពីរនោះទៅ។ លោកទាំងពីរនោះ រមែងមិនបានដើម្បី នឹងអង្គាសភិក្ខុសង្ឃទាំងឡាយក្នុងផ្ទះរបស់ខ្លួន ព្រោះហេតុនោះ នាងវិសាខា កាលពិចារណាថា “នរណាហ្ន៎ នឹងតាំងនៅក្នុងតំណែងរបស់យើង អង្គាសភិក្ខុសង្ឃ ឃើញធីតារបស់បុត្រហើយ ទើបតាំងគេទុកក្នុងតំណែងរបស់ខ្លួន។ នាងអង្គាសភិក្ខុសង្ឃក្នុងផ្ទះរបស់នាងវិសាខានោះឯង។ ចំណែក លោកអនាថបិណ្ឌិកសេដ្ឋី ក៏តាំងធីតាធំឈ្មោះមហាសុទ្ទា។ ក៏នាងមហាសុភទ្ទានោះ ធ្វើការខ្វល់ខ្វាយដល់ភិក្ខុសង្ឃទាំងឡាយ (និង) ស្តាប់ធម៌បានជា ព្រះសោតាបន្ន ហើយបានទៅកាន់ត្រកូលនៃស្វាមី។ បន្ទាប់នោះ លោកសេដ្ឋីទើបតាំងនាងចុល្លសុភទ្ទា (ជំនួស)។ សូម្បីខាងចុល្លសុភទ្ទាក៏ធ្វើយ៉ាងនោះដូចគ្នា ជាសោតាបន្នហើយ ក៏ទៅកាន់ត្រកូលនៃស្វាមី។ លំដាប់នោះ លោកសេដ្ឋីទើបតាំងធីតាតូចនាមថា សុមនាទេវី (ជំនួស)។ ឯនាងសុមនាទេវី ស្តាប់ធម៌ហើយ សម្រេចជាសកទាគាមិផល នៅជាកុមារិកា (វ័យក្រមុំ) នៅឡើយ ក៏រសាប់រសល់ដោយសេចក្តីមិនសប្បាយ បរិភោគអាហារមិនបានទ. ២៩៤ មានបំណងចង់ឃើញបិតា ទើបឲ្យអញ្ជើញបិតាមក។ លោកសេដ្ឋីពេលបានឃើញបាយរបស់ធីតាក្នុងរោងទានមួយកន្លែង ក៏មករក ហើយសួរថា “កូនកើតអ្វីឬ សុមនា”។ ធីតាឆ្លើយប្រាប់បិតាថា “មិនមានអ្វីទេ ប្អូនប្រុស”
បិតា៖ កូនរវីយរវាយឬ។
សុមនា៖ មិនរវីរវាយទេ ប្អូនប្រុស។
បិតា៖ កូនភ័យខ្លាចឬ។
សុមនា៖ មិនភ័យខ្លាចទេ ប្អូនប្រុស។
នាងសុមនាទេវីពោលបានត្រឹមតែប៉ុណ្ណោះ ក៏បានស្លាប់ទៅ លោកសេដ្ឋីនោះ សូម្បីជាព្រះសោតាបន្ន ក៏មិនអាចនឹងរារាំងសេចក្តីសោកដែលកើតឡើងព្រោះធីតា បានឲ្យធ្វើការបញ្ចុះសពរបស់ធីតាស្រេចហើយ ដើរយំទៅកាន់សំណាក់ព្រះសាស្តា កាលព្រះអង្គត្រាស់ថា “គហបតី ហេតុអ្វី លោកទើបមានទុក្ខ ខូចចិត្ត មានមុខជោគដោយទឹកភ្នែក ដើរយំ ដូច្នេះ“ ទើបក្រាបទូលថា សុមនាទេវីកូនរបស់ខ្ញុំព្រះអង្គ ស្លាប់ហើយព្រះអង្គ។
ព្រះសាស្តា៖ បើដូច្នោះ ហេតុអ្វីលោកទើបសោក សេចក្តីស្លាប់រមែងទ. ២៩៥ ប្រព្រឹត្តទៅដោយពិតដល់សព្វសត្វ មិនមែនឬ។
អនាថ៖ ខ្ញុំព្រះអង្គដឹង ព្រះអង្គ តែធីតារបស់ខ្ញុំព្រះអង្គដល់ព្រម ដោយហិរិ និងឱតប្បៈបែបនេះ ក្នុងវេលាជិតស្លាប់ នាងមិនអាចគ្រប់គ្រងសតិទុកបាន និយាយរវើរវាយហើយស្លាប់ ព្រោះហេតុនោះ ទោមនស្សដ៏ខ្លាំង ទើបកើតឡើងដល់ខ្ញុំព្រះអង្គ។
ព្រះសាស្តា៖ មហាសេដ្ឋី ក៏នាងនិយាយអ្វីខ្លះ។
អនាថ៖ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសួរនាងថា “មានរឿងអ្វីឬ សុមនាកូន ពេលនោះនាងក៏ពោលចំពោះខ្ញុំព្រះអង្គថា “អ្វី ប្អូនប្រុស” តអំពីនោះ ខ្ញុំព្រះអង្គពោលថា “កូនរវើរវាយឬ នាងឆ្លើយថា “មិនរវើរវាយទេ ប្អូនប្រុស”។ កាលខ្ញុំព្រះអង្គសួរថា “កូនភ័យខ្លាចឬ” នាងឆ្លើយថា “មិនភ័យខ្លាចទេ ប្អូនប្រុស”។ ពេលពោលបានប៉ុណ្ណេះ ក៏ស្លាប់ទៅ។
លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋីថា “មហាសេដ្ឋី ធីតារបស់លោក មិនបានរវើរវាយទេ”។
ទ. ២៩៦ អនាថ៖ បើដូច្នោះ ហេតុអ្វីនាងទើបពោលយ៉ាងនេះ ព្រះអង្គ។
ព្រះសាស្តា៖ ព្រោះលោកជាប្អូនរបស់នាងពិតៗ (ទើបនាងនិយាយ ដូច្នោះចំពោះលោក) គហបតី ក៏ធីតារបស់លោកធំជាងលោកដោយមគ្គ និងផល ព្រោះលោកត្រឹមតែជាសោតាបន្ន ចំណែកធីតារបស់លោកជា សកទាគាមិនី ព្រោះនាងជាធំដោយមគ្គ និងផល នាងទើបពោលដូច្នោះ ចំពោះលោក។
អនាថ៖ ដូច្នោះឬ ព្រះអង្គ។
ព្រះសាស្តា៖ ដូច្នោះឯង គហបតី។
អនាថ៖ ពេលនេះនាងកើតទីណា ព្រះអង្គ។
កាលព្រះសាស្តាត្រាស់ថា “ក្នុងភពតុសិត គហបតី” លោកសេដ្ឋី ទើបក្រាបទូលថា ធីតារបស់ខ្ញុំព្រះអង្គ រីករាយហើយក្នុងពពួកញាតិក្នុង លោកនេះ សូម្បីទៅអំពីលោកនេះ ក៏កើតក្នុងទីដែលគួររីករាយដូចគ្នាឬ ព្រះអង្គ។ ពេលនោះ ព្រះសាស្តាត្រាស់ចំពោះសេដ្ឋីនោះថា “យ៉ាងនោះឯងគហបតី ធម្មតាបុគ្គលមិនប្រមាទ ជាគ្រហស្ថក្តី ជាបព្វជិតក្តី រមែងទ. ២៩៧ រីករាយក្នុងលោកនេះ និងលោកខាងមុខដោយពិត” ទើបទ្រង់ត្រាស់គាថា នេះថា៖
ឥធ នន្ទតិ បេច្ច នន្ទតិ កតបុញ្ញោ ឧភយត្ថ នន្ទតិ បុញ្ញំ មេ កតន្តិ នន្ទតិ ភិយ្យោ នន្ទតិ សុគតី គតោ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរក្នុងលោកទាំងពីរ គឺ ត្រេកអរក្នុងលោកនេះ ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះរមែងត្រេកអរ ដោយគិតឃើញថា បុណ្យ អញបានធ្វើទុកហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង។
បណ្តាបទទាំងនោះ បទថា ឥធ (ក្នុងលោកនេះ) សេចក្តីថា រមែងត្រេកអរក្នុងលោក ដោយសេចក្តីត្រេកអរព្រោះកម្ម។ បទថាបេច្ច (ស្លាប់ទៅហើយ) (សេចក្តីថា រមែងត្រេកអរក្នុងលោកខាងមុខ ដោយសេចក្តី ត្រេកអរព្រោះវិបាក។ បទថា កតបុញ្ញោ (ធ្វើបុណ្យទុកហើយ) គឺ អ្នកទ. ២៩៨ ដែលធ្វើបុណ្យមានប្រការផ្សេងៗ។ បទថា ឧភយត្ថ (ក្នុងលោកទាំងពីរ) សេចក្តីថា រមែងត្រេកអរក្នុងលោកនេះ ដោយគិតថា “កុសលយើងបាន ធ្វើទុកហើយ បាបយើងមិនបានធ្វើ”។ កាលសោយវិបាក ឈ្មោះថា រមែងត្រេកអរក្នុងលោកខាងមុខ។ ពីរបទថា បុញ្ញំ មេ (បុណ្យយើងបានធ្វើ ទុកហើយ) សេចក្តីថា ក៏កាលត្រេកអរក្នុងលោកនេះ ឈ្មោះថា រមែងត្រេកអរ អាស្រ័យហេតុព្រោះសេចក្តីត្រេកអរក្នងកម្ម ដោយហេតុត្រឹមតែ សោមនស្សប៉ុណ្ណោះ ថា “បុណ្យយើងធ្វើទុកហើយ”។ បទថា ភិយ្យោ (ក្រៃលែងឡើង) ជាដើម សេចក្តីថា ក៏គេទៅកាន់សុគតិហើយ កាលសោយទិព្វសម្បត្តិ រហូត ៤៧ កោដិឆ្នាំខ្លះ ៦ លានឆ្នាំខ្លះ រមែងឈ្មោះ ថាត្រេកអរយ៉ាងក្រៃលែងក្នុងតុសិតសួគ៌ ដោយសេចក្តីត្រេកអរ ព្រោះវិបាក។
ក្នុងកាលចប់គាថា ជនជាច្រើនបានជាអរិយបុគ្គល មានសោតាបន្ន ជាដើម។ ព្រះធម្មទេសនាបានជាប្រយោជន៍ដល់មហាជន ដូច្នេះឯង។
ចប់ រឿងនាងសុមនាទេវី។