km:atthakatha:sut:kn:dhp:sut.kn.dhp.019_att

ធម្មបទគាថា ទី ១៩-២០ អដ្ឋកថា៖ "១៤. រឿងភិក្ខុ ២ ​រូបជាសំឡាញ់នឹងគ្នា"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ១៩-២០ អំពី​​​ភាព​ខុស​គ្នា​រវាងព្រះសង្ឃ ដែល​បាន​រៀន​ច្រើន មិន​ទាន់ប្រតិបត្តិ និង​ព្រះសង្ឃ​ដែល​បានរៀន​តិច តែ​អនុវត្ត។

sut kn dhp 019 020 att បាលី cs-km: sut.kn.dhp.019_att តិបិដក៖ sut.kn.dhp.019 PTS: ?

ធម្មបទគាថា ទី ១៩-២០ អដ្ឋកថា

«១៤. រឿងភិក្ខុ ២ ​រូបជាសំឡាញ់នឹងគ្នា»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

១៤. រឿងភិក្ខុ ២ ​រូបជាសំឡាញ់នឹងគ្នា

១៤. ទ្វេសហាយកភិក្ខុវត្ថុ

ទ. ២៩៩ ព្រះសាស្តាកាលប្រថាប់នៅក្នុងវត្តជតពន ទ្រង់ប្រារព្ធភិក្ខុ ២ រូប ជាសំឡាញ់នឹងគ្នា ទើបត្រាស់ធម្មទេសនានេះថា ពហុម្បិ ចេ សហតំ ភាសមានោ (ប្រសិនបើ នរជនពោលព្រះពុទ្ធវចនៈដែលមានប្រយោជន៍ សូម្បីច្រើន) ជាដើម។

សេចក្តីពិស្តារ កុលបុត្រ ២ នាក់ អ្នកក្រុងសាវត្តី ជាសំឡាញ់នឹងគ្នា ទៅកាន់វិហារ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ ក៏លះបង់កាមទាំងឡាយ បួសថ្វាយជីវិតក្នុងសាសនារបស់ព្រះសាស្តា នៅក្នុង សំណាក់ព្រះអាចារ្យ និងព្រះឧបជ្ឈាយ៍រហូត ៥ឆ្នាំហើយ ចូលទៅគាល់ព្រះសាស្តា ទូលសួរដល់ធុរៈក្នុងព្រះសាសនា បានស្តាប់វិបស្សនាធុរៈ និងគន្ថធុរៈដោយពិស្តារ មួយអង្គក្រាបទូលមុនថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបួសហើយក្នុងកាលខ្លួនចាស់ មិនអាចនឹងបំពេញគន្ថធុរៈបាន តែនឹងបំពេញវិបស្សនាធុរៈ” ដូច្នេះហើយ ទូលសូមព្រះសាស្ដាត្រាស់វិបស្សនា រហូតដល់ព្រះអរហត្ត ទើបព្យាយាមរហូតដល់សម្រេចព្រះអរហត្ត ព្រមទាំងទ. ៣០០ បដិសម្ភិទាទាំងឡាយ។ ចំណែកភិក្ខុក្រៅពីនេះ គិតគ្នាថា “យើងនឹងបំពេញ គន្ថធុរៈ” ដូច្នេះ ទើបរៀនព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដក ដោយលំដាប់ គោលធម៌ សូត្រសរភញ្ញក្នុងទីដែលខ្លួនទៅហើយៗ ដើរប្រាប់ធម៌ដល់ភិក្ខុ ៥០០ រូប បានជាអាចារ្យរបស់គណៈធំ ១៨ គណៈ។ ភិក្ខុទាំងឡាយរៀន ព្រះកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តាហើយ ទៅកាន់ទីនៅរបស់ព្រះថេរៈមួយ អង្គទៀត (អង្គដែលបំពេញវិបស្សនា) តាំងនៅក្នុងឱវាទរបស់លោក ក៏សម្រេចព្រះអរហត្តហើយ នមស្ការព្រះថេរៈពោលថា “ខ្ញុំទាំងឡាយបំណង នឹងគាល់ព្រះសាស្តា”។ ព្រះថេរៈពោលថា “ទៅចុះ អ្នកមានអាយុ អ្នក ទាំងឡាយចូរថ្វាយបង្គំព្រះសាស្តា នមស្ការព្រះមហាថេរៈទាំង ៨០ អង្គ តាមពាក្យរបស់យើង ចូរប្រាប់ព្រះថេរៈ ដែលជាសំឡាញ់របស់យើងថា “លោកអាចារ្យរបស់ខ្ញុំទាំងឡាយ សូមនមស្ការលោកម្ចាស់” ដូច្នេះហើយ បញ្ជូនទៅ។ ភិក្ខុទាំងនោះទៅកាន់វិហារ ថ្វាយបង្គំព្រះសាស្តា និងនមស្ការព្រះអសីតិមហាសាវ័កហើយ ក៏ទៅកាន់សំណាក់ព្រះគន្ថិកត្ថេរ ពោលថា “លោកម្ចាស់ លោកអាចារ្យរបស់ពួកខ្ញុំសូមថ្វាយបង្គំលោកម្ចាស់ ទៀបព្រះទ. ៣០១ បាទ”។ ក៏កាលព្រះថេរៈសួរថា “អាចារ្យរបស់ពួកលោកជានរណា”។ ភិក្ខុទាំងនោះពោលថា “ជាសំឡាញ់របស់លោកម្ចាស់”។ កាលព្រះថេរៈ (វិបស្សនាភិក្ខុ) បញ្ជូនដំណឹងសួរសុខទុក្ខយ៉ាងនេះរឿយៗ ភិក្ខុនោះ (គន្ថិកៈ) អត់ទ្រាំបានក្នុងកាលតិចតួច ក្រោយមកមិនអាចអត់ទ្រាំបាន ពេលដែល ពួកអាគន្តុកភិក្ខុពោលថា “លោកអាចារ្យរបស់ពួកខ្ញុំសូមនមស្ការលោកម្ចាស់ ដូច្នេះទើបពោលថា “អាចារ្យរបស់ពួកលោកនោះជានរណា” កាលភិក្ខុទាំងឡាយប្រាប់ថា “ភិក្ខុជាសំឡាញ់របស់លោកម្ចាស់”។ ទើបពោលថា “ហេតុអ្វី ក៏ពួកលោករៀនក្នុងសំណាក់របស់ភិក្ខុនោះ”។ បណ្តានិកាយ មាន ទីឃនិកាយជាដើម និកាយណាមួយ ឬបណ្តាបិដកទាំង ៣ បិដកណាមួយ ឬ” ដូច្នេះ ហើយគិតថា “សំឡាញ់របស់យើងរមែងមិនចេះគាថាសូម្បីប្រកបដោយ ៤ បាទ សមាទានបង្សុកូលចូលព្រៃ តាំងតែអំពីកាលបួសហើយ នៅមានអន្តេវាសិកច្រើនទៀតហ្ន៎ ក្នុងកាលដែលលោកមក យើងគួរសួរបញ្ហាខ្លះមើល។ ក្នុងកាលតមក ព្រះថេរៈ (វិបស្សកៈ) បានមកគាល់ព្រះសាស្តា ទុកដាក់បាត្រចីវរក្នុងសំណាក់របស់ព្រះថេរៈដែលជាសំឡាញ់ហើយ ក៏ទៅទ. ៣០២ ថ្វាយបង្គំព្រះសាស្តា និងនមស្ការព្រះអសីតិមហាសាវ័ក ហើយក៏ត្រឡប់ មកទីនៅរបស់ព្រះថេរៈជាសំឡាញ់។ លំដាប់នោះ ព្រះគន្ថិកត្ថេរឲ្យភិក្ខុ ទាំងឡាយធ្វើវត្តដល់លោកហើយ ក៏កាន់យកអាសនៈមានប្រមាណស្មើគ្នា អង្គុយដោយតាំងចិត្តថា នឹងសួរបញ្ហា។ ខណៈនោះ ព្រះសាស្តាទ្រង់ ជ្រាបថា គន្ថិកភិក្ខុនេះ បៀតបៀនបុត្ររបស់តថាគតមួយរូបនេះហើយ នឹងទៅកើតក្នុងនរក។ ដោយទ្រង់មេត្តាក្នុងភិក្ខុនោះ ក៏ទ្រង់ស្ដេចចារិកទៅក្នុងវិហារ ស្ដេចដល់ស្ថានទីដែលភិក្ខុទាំងពីរអង្គុយហើយ ទ្រង់ប្រថាប់គង់ លើពុទ្ធាសនៈដែលភិក្ខុទាំងឡាយរៀបចំហើយ។ ពិតណាស់ ភិក្ខុទាំងឡាយកាលនឹងអង្គុយក្នុងទីនោះៗ ក៏បានរៀបចំអាសនៈសម្រាប់ព្រះពុទ្ធមុន ទើបអង្គុយ។ ព្រោះហេតុនោះ ព្រះសាស្តាទើបប្រថាប់គង់លើពុទ្ធាសនៈ ដែលព្រះគត្ថិកភិក្ខុនោះចាត់ចែងទុកដោយប្រក្រតីនោះឯង។ លុះទ្រង់ប្រថាប់គង់ហើយ ទើបត្រាស់សួរបញ្ហាក្នុងបឋមឈានចំពោះគន្ថិកភិក្ខុ កាលលោក ទូលឆ្លើយមិនបាន ទើបត្រាស់សួរបញ្ហាក្នុងរូបសមាបត្តិ និងអរូបសម្បត្តិ ទាំងប្រាំបី តាំងអំពីទុតិយឈានជាដើមទៅ។ គន្ថិកភិក្ខុក៏មិនអាចទូលឆ្លើយទ. ៣០៣ បានសូម្បីត្រឹមតែមួយបញ្ហា។ ព្រះវិបស្សកត្ថេរ ទូលឆ្លើយបញ្ហានោះបាន ទាំងអស់។ ពេលនោះ ព្រះសាស្តាត្រាស់សួរបញ្ហាក្នុងសោតាបត្តិមគ្គ ចំពោះលោក ព្រះគន្ថិកភិក្ខុក៏មិនអាចទូលឆ្លើយបាន។ ទើបត្រាស់សួរ ចំពោះព្រះខីណាសវត្ថេរ។ ព្រះថេរៈក៏ទូលឆ្លើយបាន។ ព្រះសាស្តាទ្រង់ អនុមោទនាថា សាធុៗ ហើយត្រាស់សួរបញ្ហាសូម្បីក្នុងមគ្គដ៏សេសទាំងឡាយតាមលំដាប់។ ព្រះគន្ថិកត្ថេរក៏មិនអាចឆ្លើយបញ្ហាដែលត្រាស់សួរ ហើយនោះៗ បាន។ ព្រះសាស្តាបានប្រទានសាធុការដល់ព្រះខីណាស្រពនោះ ក្នុងឋានៈទាំងបួន។ ទេវតាទាំងឡាយតាំងអំពីភុម្មទេវតារហូតដល់ ព្រហ្មលោក នាគ និងគ្រុឌ បានឮ សាធុការនោះហើយ ក៏បានឲ្យសាធុការ តាម។ ពួកអន្តេវាសិក និងពួកសិទ្ធិវិហារិករបស់ព្រះគន្ថិកត្ថេរ បានឮ សាធុការនោះហើយ លើកទោសរបស់ព្រះសាស្តាថា ព្រះសាស្តាទ្រង់ធ្វើកម្មអ្វីនេះ ព្រះអង្គបានប្រទានសាធុការដល់ព្រះមហល្លកត្ថេរ (ព្រះថេរៈ ចាស់) ដែលមិនដឹងអ្វីៗ ក្នុងឋានៈទាំងបួន ចំណែកលោកអាចារ្យរបស់ពួកយើង ជាអ្នកទ្រទ្រង់នូវព្រះបរិយត្តិធម៌ទុកបានទាំងអស់ ជាប្រធានភិក្ខុទ. ៣០៤ ប្រមាណ ៥០០ រូប ព្រះអង្គទ្រង់មិនបានធ្វើសូម្បីត្រឹមតែការសរសើរ។ លំដាប់នោះ ព្រះសាស្តាត្រាស់សួរភិក្ខុទាំងនោះថា “ម្នាលភិក្ខុទាំងឡាយ ពួកអ្នកពោលអ្វី” កាលភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះហើយ ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ អាចារ្យរបស់ពួកអ្នកដូចគ្នានឹងអ្នករក្សាគោទាំងឡាយ ដើម្បីថ្លៃឈ្នួលក្នុងសាសនារបស់តថាគត ចំណែកបុត្ររបស់តថាគត ដូចជាម្ចាស់ ជាអ្នកបរិភោគបញ្ចគោរស1) តាមពេញចិត្ត”។ ដូច្នេះ ទើបទ្រង់ភាសិតព្រះគាថាទាំងនេះថា៖

ពហុម្បិ ចេ សហិតំ ភាសមានោ ន តក្ករោ ហោតិ នរោ បមត្តោ គោបោវ គាវោ គណយំ បរេសំ ន ភាគវា សាមញ្ញស្ស ហោតិ។

បើនរជន ពោលព្រះពុទ្ធវចនៈដែលមានប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទហើយ មិនធ្វើតាមព្រះពុទ្ធវចនៈនោះ គេរមែងទ. ៣០៥ ជាអ្នកមិនមានចំណែកនៃសាមញ្ញផលឡើយ ដូចជាអ្នករក្សាគោ រាប់គោទាំងឡាយប្រគល់ឲ្យអ្នកដទៃ រមែងជាអ្នកមិនមានចំណែកនៃបញ្ចគោរស ដូច្នោះ។

អប្បម្បិ ចេ សហិតំ ភាសមានោ ធម្មស្ស ហោតិ អនុធម្មចារី រាគញ្ច ទោសញ្ច បហាយ មោហំ សម្មប្បជានោ សុវិមុត្តចិត្តោ អនុបាទិយានោ ឥធ វា ហុរំ វា ស ភាគវា សាមញ្ញស្ស ហោតិ។

បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តធម៌សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្តីសៅហ្មង មិនមានសេចក្តីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកមានចំណែក ទ. ៣០៦ នៃសាមញ្ញផល។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា សហិតំ (ដែលមានប្រយោជន៍) នេះជា ឈ្មោះនៃព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដក នរជនចូលទៅរកអាចារ្យទាំងឡាយ រៀនព្រះពុទ្ធវចនៈនោះហើយ ពោល គឺប្រាប់ បានដល់ ការសំដែងនូវ ព្រះពុទ្ធវចនៈសូម្បីច្រើនដល់ជនពួកដទៃ (តែ) ជាអ្នកមិនធ្វើកិច្ចដែលការបុគ្គលស្តាប់ធម៌នោះហើយនឹងគប្បីធ្វើមិនបាន គឺមិនញ៉ាំងការធ្វើទុកក្នុងចិត្តឲ្យប្រព្រឹត្តទៅដោយអំណាចនៃត្រៃលក្ខណៈ មានអនិច្ចលក្ខណៈជាដើម សូម្បីខណៈត្រឹមតែមាន់ទទះស្លាប នរជននោះ រមែងជាអ្នកមានចំណែក នៃផលត្រឹមតែការធ្វើវត្តបដិបត្តិ អំពីសំណាក់នៃអន្តេវាសិកទាំងឡាយតែម្យ៉ាង គឺ ជាអ្នកមិនមានចំណែកនៃគុណរបស់សមណៈ ដូចជាអ្នករក្សាគោ រក្សាគោទាំងឡាយដើម្បីថ្ងៃឈ្នួលប្រចាំថ្ងៃ ដេញ (គោ) ទៅអំពីព្រឹក វេលាល្ងាច រាប់ (គោ) ប្រគល់ឲ្យម្ចាស់គេ ទទួលយកត្រឹមតែតម្លៃចាយវាយប្រចាំថ្ងៃ តែមិនបានដើម្បីបរិភោគបញ្ចគោរសតាមការពេញចិត្ត ដូច្នោះឯង។ ឧបមា ទ. ៣០៧ ថា ម្ចាស់របស់គោម្នាក់ រមែងបរិភោគបញ្ចគោរសនៃគោទាំងឡាយ ដែលនាយគោបាលប្រគល់ឲ្យហើយ យ៉ាងណា ការបុគ្គលទាំងឡាយស្តាប់ធម៌ ដែលនរជននោះពោលហើយ បដិបត្តិតាមនរជននោះទូន្មានហើយ ក៏ដូច្នោះ ពួកខ្លះសម្រេចបឋមឈានជាដើម ពួកខ្លះចម្រើនវិបស្សនាហើយសម្រេចមគ្គ និងផល ក៏ចាត់ថា ជាអ្នកមានចំណែកនៃគុណរបស់សមណៈ ដូចពួកម្ចាស់ គោ រមែងជាអ្នកមានចំណែកនៃបញ្ចគោរស ដូច្នោះ។ ព្រះសាស្តាត្រាស់ គាថាទី ១ ដោយអំណាចនៃភិក្ខុអ្នកបរិបូណ៌ដោយសីល អ្នកមានសុត្តៈច្រើន (តែ) មានប្រក្រតីនៅដោយសេចក្តីប្រមាទ មិនប្រព្រឹត្តក្នុងការធ្វើទុកក្នុងចិត្ត ដោយឧបាយត្រឹមត្រូវដោយអំណាចនៃត្រៃលក្ខណៈ មានអនិច្ចលក្ខណៈជាដើម ទ្រង់មិនបានត្រាស់ដល់ភិក្ខុអ្នកទ្រុស្តសីល ដោយប្រការដូច្នេះ។

ចំណែកគាថាទី ២ ព្រះអង្គត្រាស់ដោយអំណាចនៃការបុគ្គល សូម្បីជាអ្នកមានសុតៈតិច (តែ) ធ្វើកម្មក្នុងការធ្វើទុកក្នុងចិត្តដោយឧបាយត្រឹមត្រូវ។ ក្នុងបទទាំងនោះ បទថា អប្បម្បិ ចេ (ប្រសិនបើ… សូម្បីតិច) សេចក្តីថា តិច គឺ សូម្បីត្រឹមតែ ១ វគ្គ ឬ ២ វគ្គ។ បទថា ធម្មស្សទ. ៣០៨ ហោតិ អនុធម្មចារី (អ្នកមានប្រក្រតីប្រព្រឹត្តធម៌សមគួរដល់ធម៌) ជាដើម សេចក្តីថា នរជនដឹងអត្ថ ដឹងធម៌ហើយ រមែងប្រព្រឹត្តធម៌ដែលសមគួរដល់ លោកុត្តរធម៌ ៩ គឺ ប្រភេទនៃធម៌ មានបារិសុទ្ធិសីល ៤ ធុតង្គគុណ និង អសុភកម្មដ្ឋានជាដើម ដែលរាប់ថា ជាវត្តបដិបត្តិចំណែកខាងដើម រមែងជាអ្នកឈ្មោះថា មានប្រក្រតីប្រព្រឹត្តធម៌សមគួរដល់ធម៌ គឺ រមែងប្រព្រឹត្ត សង្ឃឹមដល់ការចាក់ធ្លុះថា “យើងនឹងចាក់ធ្លុះក្នុងថ្ងៃនេះ យើងនឹងចាក់ធ្លុះ ក្នុងថ្ងៃនេះឯង”។ នរជននោះ លះរាគៈ ទោសៈ និងមោហៈ ដោយវត្តបដិបត្តិត្រឹមត្រូវនេះហើយ កំណត់ដឹងធម៌ដែលគួរកំណត់ដឹងដោយល្អ គឺដោយហេតុ ដោយន័យ មានចិត្តរួចផុតស្រឡះល្អហើយដោយអំណាចនៃ តទង្គវិមុត្តិ វិក្ខម្ភនវិមុត្តិ សមុច្ឆេទវិមុត្តិ បដិបស្សទ្ធិវិមុត្តិ និងនិស្សរណវិមុត្តិ អស់ការប្រកាន់មាំក្នុងលោកនេះ ឬក្នុងលោកដទៃ គឺ មិនចូលដល់ ការប្រកាន់ខន្ធ អាយតនៈ និងធាតុទាំងឡាយ ដែលរាប់បញ្ចូលក្នុងលោកនេះ និងលោកដទៃ ឬដែលជាខាងក្នុង និងខាងក្រៅ ដោយឧបាទាន2) ៤ ឈ្មោះថា ជាមហាខីណាស្រព រមែងជាអ្នកមានចំណែកនៃគុណរបស់សមណៈ ទ. ៣០៩ គឺ ផល ដែលមកហើយដោយអំណាចនៃគុណរបស់សមណៈ ពោលគឺ មគ្គ និងនៃគុណរបស់សមណៈ គឺ គំនរនៃអសេកូធម៌3) ៤។ ព្រះសាស្តាទ្រង់ រួបរួមកំពូលនៃព្រះទេសនាដោយព្រះអរហត្ថ ដូចមេជាងកាន់យកកំពូលនៃផ្ទះ ដោយកំពូលកែវ ដូច្នោះឯង។

ក្នុងកាលចប់ព្រះគាថា ជនដ៏ច្រើនបានជាអរិយបុគ្គល មានព្រះសោតាបន្នជាដើម។ ទេសនាមានប្រយោជន៍ដល់មហាជនដូច្នេះឯង។

ចប់ រឿងភិក្ខុ ២ ​រូបជាសំឡាញ់នឹងគ្នា។

ចប់យមកវគ្គវណ្ណនា វគ្គទី១

ក្នុងវគ្គនេះ រួមមាន១៤ រឿង៖

១. រឿងព្រះចក្ខុបាលត្ថេរៈ
៣. រឿងព្រះតិស្សត្ថេរៈ
៥. រឿងភិក្ខុក្រុងកោសម្ពី
៧. រឿងព្រះទេវទត្ត
៩. រឿងព្រះនន្ទត្ថេរៈ
១១. រឿងធម្មិកឧបាសក
១៣. រឿងនាងសុមនាទេវី

២. រឿងមដ្ឋកុណ្ឌលី
៤. រឿងនាងកាឡយក្ខិណី
៦. រឿងចុល្លកាល-មហាកាល
៨. រឿងសញ្ជ័យ
១០.រឿងនាយចន្ទស្វករិកៈ
១២. រឿងទេវទត្ត
១៤. រឿងភិក្ខុជាសំឡាញ់ ២រូប

ចប់ យមកវគ្គ។

 

លេខយោង

1)
បញ្ចគោរស ៥ យ៉ាង ទឹកដោះស្រស់, ទឹកដោះជូរ, ទឹកដោះចម្អិនមួយរំពុះ, ទឹកដោះថ្លា, ទឹកដោះឆាប់។
2)
បានដល់ កាមុបាទាន (ការប្រកាន់ក្នុងកាម ១), ទិដ្ឋុបាទាន (ការប្រកាន់ដោយទិដ្ឋិ ១), សីលព្វតុបាទាន (ការប្រកាន់ក្នុងសីលវត្ថុ ១). អត្ថវាទុបាទាន (ការប្រកាន់ក្នុងវាទៈថាខ្លួន ១)។
3)
បានដល់ សីលក្ខន្ធ គុណ គី សីល ១), សមាធិក្ខន្ធ (គុណគី សមាធិ ១) បញ្ញាក្ខន្ធ (គុណគីបញ្ហា ១), វិមុត្តិក្ខន្ធ (គុណ គីវិមុត្តិ ១) វិមុត្តិញ្ញាណទស្សនក្ខន្ធ (គុណគឺវិមុត្តិញ្ញាណទស្សនៈ ១)។
km/atthakatha/sut/kn/dhp/sut.kn.dhp.019_att.txt · ពេលកែចុងក្រោយ: 2024/09/10 06:51 និពន្ឋដោយ Johann