km:atthakatha:sut:kn:dhp:sut.kn.dhp.026_att

ធម្មបទគាថា ទី ២៦-២៧ អដ្ឋកថា៖ "៤. រឿងនក្ខត្តប្ញក្សរបស់ពាល"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ២៦ និង ២៧ អំពី​​មនុស្ស​ល្ងី​ល្ងើ​ ដែល​​ចូល​​រួម​​ពិធី​​ស្រដៀង​​គ្នា​​ពិធី​​ហាឡូវីន។

sut kn dhp 026-027 att បាលី cs-km: sut.kn.dhp.026_att តិបិដក៖ sut.kn.dhp.026 027 PTS: ?

ធម្មបទគាថា ទី ២៦-២៧ អដ្ឋកថា

«៤. រឿងនក្ខត្តប្ញក្សរបស់ពាល»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

៤. រឿងនក្ខត្តប្ញក្សរបស់ពាល

៤. ពាលនក្ខត្តសង្ឃុដ្ឋវត្ថុ

ទ. ៤៩២ ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនក្ខត្តឫក្សរបស់ ជនពាល ត្រាស់ព្រះធម្មទេសនានេះថា “បមាទមនុយុញ្ជន្តិ” ដូច្នេះជាដើម។

សេចក្តីពិស្តារថា បានស្តាប់មកក្នុងសម័យមួយគេវាយគងប្រកាស នក្ខត្តឫក្សរបស់ជនពាលក្នុងនគរសាវត្ថី។ ក្នុងនក្ខត្តឫក្សនោះ ពួកជនពាល ដែលអប្បឥតបញ្ញា យកផេះ និងអាចម៍គោលាបរាងកាយ ដើរពាលវាចារបស់ជនអសប្បុរសរហូតអស់ ៧ថ្ងៃ ឃើញនរណាៗ ជាញាតិក៏ដោយ ជាសម្លាញ់ក៏ដោយ ជាបព្វជិតក៏ដោយ ឈ្មោះថា មាននូវសេចក្តីអៀនខ្មាសមិនមាន ឈរពាលវាចារបស់អសប្បុរសទៀបទ្វារផ្ទះអ្នកស្រុក។ មនុស្ស ទាំងឡាយ មិនអាចស្តាប់អសប្បុរិសវាទរបស់ពួកជនពាលនោះបាន ទើបបញ្ជូនទ្រព្យទៅឲ្យកន្លះបាទខ្លះ ១បាទខ្លះ ១កហាបណៈខ្លះ តាមកម្លាំងរបស់ខ្លួន ពួកជនពាលកាន់យកទ្រព្យដែលបានហើយ ត្រង់ទ្វារនៃផ្ទះរបស់មនុស្សទាំងនោះហើយ ទើបចៀសចេញទៅ។ ក៏ក្នុងកាលនោះ ក្នុងក្រុងសាវត្ថី មានព្រះអរិយសាវកប្រមាណ ៥កោដិ។ ព្រះអរិយសាវកទាំងនោះ បញ្ជូនដំណឹងទៅថ្វាយព្រះសាស្តាថា “បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានទ. ៤៩៣ ព្រះភាគព្រមទាំងភិក្ខុសង្ឃ ស្ដេចកុំចូលទៅកាន់ព្រះនគរ សូមប្រថាប់នៅ តែក្នុងព្រះវិហារអស់ ៧ថ្ងៃ” ក៏ក្នុងកាល ៧ថ្ងៃនោះ លោកទាំងនោះបាន ចាត់ចែងយាគូ និងភត្តជាដើម បញ្ជូនទៅកាន់វិហារដើម្បីកិក្ខុសង្ឃ សូម្បី ខ្លួនឯងក៏មិនចេញអំពីផ្ទះដែរ។ ក៏ក្នុងកាលពាលនក្ខត្តឫក្សចប់ហើយ ក្នុង ថ្ងៃទី៨ អរិយសាវកទាំងនោះ និមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធាន យាងស្តេចចូលទៅកាន់ព្រះនគរថ្វាយមហាទាន អង្គុយក្នុងទីដ៏សមគួរមួយ ហើយ ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ៧ថ្ងៃរបស់ពួកខ្ញុំព្រះអង្គកន្លងទៅបានដោយលំបាកណាស់ កាលពួកខ្ញុំព្រះអង្គ បានឮនូវវាចាមិនមែនរបស់ សប្បុរសនៃពួកជនពាល ត្រចៀកទាំង២ ហាក់ដូចជាដល់នូវអាការបែកធ្លាយ នរណាៗ ក៏មិនមានសេចក្តីអៀនខ្មាសនឹងនរណាៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គទើបមិនយាងព្រះអង្គស្តេចចូលកាន់ព្រះនគរ សូម្បីពួកខ្ញុំព្រះអង្គ ក៏មិនអាចចេញអំពីផ្ទះបានដែរ។ ព្រះសាស្តា ទ្រង់ព្រះសណ្តាប់ នូវពាក្យរបស់អរិយសាវកទាំងនោះហើយ ត្រាស់ថា “កិរិយារបស់ពួកបុគ្គល ដែលអប្បឥតបញ្ញា រមែងដូច្នេះឯង ចំណែកបុគ្គលអ្នកមានបញ្ញាទាំងឡាយ រក្សានូវសេចក្តីមិនប្រមាទទុក ដូចជាទ្រព្យដ៏មានខ្លឹមសារ រមែងសម្រេចនូវទ. ៤៩៤ សម្បត្តិ គឺ អមតមហានិព្វាន“ ដូច្នេះ ទើបទ្រង់បានត្រាស់ព្រះគាថាទាំងនេះថា៖

បមាទ មនុយុញ្ជន្តិ ពាលា ទុម្មេធិនោ ជនា អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ។ មា បមាទ មនុយុញ្ចេថ មា កាមរតិសន្ថវំ អប្បមត្តោ ហិ ឈាយន្តោ បប្បាតិ វិបុលំ សុខំ។

ពួកជនពាលអបឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិនប្រមាទដូចទ្រព្យដ៏ប្រសើរ។ អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗនូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗនូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ត្បិតបុគ្គលមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបាននូវសេចក្តីសុខដ៏ទូលាយ។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា ពាលា (ពួកជនពាល) បានដល់ អ្នកប្រកបដោយភាពជាជនពាល គឺអ្នកដែលមិនស្គាល់ប្រយោជន៍ក្នុងលោកនេះទ. ៤៩៥ និងលោកខាងមុខ។

បទថា ទុម្មេធិនោ (អ្នកមានបញ្ញាថោកទាប) គឺ ឥតបញ្ញា។ ពួកជនពាលនោះ កាលមិនឃើញទោសក្នុងសេចក្តីប្រមាទ រមែងប្រកបរឿយៗ នូវសេចក្តីប្រមាទ គឺ រមែងញ៉ាំងកាលឲ្យកន្លងទៅដោយសេចក្តីប្រមាទ។ បទថា មេធាវី (អ្នកមានបញ្ញា) ជាដើម សេចក្តីថា ចំណែកបណ្ឌិតដែលប្រកបដោយបញ្ញាដ៏រុងរឿងក្នុងធម៌ រមែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចទ្រព្យ គឺ រតនៈ៧ ប្រការដ៏ប្រសើរ គឺដ៏ខ្ពង់ខ្ពស់ ដែលជាប់តមកអំពី វង្សត្រកូល អធិប្បាយថា ដូចជនទាំងឡាយ កាលឃើញអានិសង្សក្នុងទ្រព្យថា “យើងទាំងឡាយអាស្រ័យទ្រព្យដ៏ខ្ពង់ខ្ពស់ ទើបដល់នូវសម្បត្តិ គឺ កាមគុណ ទើបធ្វើផ្លូវជាទីទៅកាន់បរលោកឲ្យបរិសុទ្ធបាន” រមែងរក្សាទ្រព្យនោះទុក យ៉ាងណាមិញ សូម្បីបណ្ឌិតក៏ដូច្នោះ កាលឃើញអានិសង្សនៃសេចក្តី មិនប្រមាទថា “បុគ្គលអ្នកមិនប្រមាទហើយ រមែងបានចំពោះនូវឈានទាំងឡាយ មានបឋមឈានជាដើម រមែងសម្រេចលោកុត្តរធម៌ មានមគ្គ និងផល ជាដើម រមែងញ៉ាំងវិជ្ជា ៣ (និង) អភិញ្ញា ៦1) ឲ្យដល់ព្រមបាន” រមែងរក្សាទ. ៤៩៦ សេចក្តីមិនប្រមាទទុក ដូចជារក្សាទ្រព្យដ៏ប្រសើរ។ បទថា មា បមាទំ (កុំតាមប្រកប) សេចក្តីប្រមាទ សេចក្តីថា ព្រោះហេតុនោះ អ្នកទាំងឡាយចូរកុំតាមប្រកបរឿយៗ នូវសេចក្តីប្រមាទ គឺកុំញ៉ាំងកាលវេលាឲ្យកន្លងទៅ ដោយសេចក្តីប្រមាទ។ បទថា មា កាមរតិសន្ថវំ (កុំតាមប្រកបសេចក្តីស្និទ្ធស្នាល ដោយសេចក្តីត្រេកអរក្នុងកាម) សេចក្តីថា ចូរកុំប្រកបគឺកុំគិត បានដល់កុំបានចំពោះសូម្បីនូវសេចក្តីស្និទ្ធស្នាលដោយអំណាចនៃ តណ្ហា ពោលគឺ សេចក្តីត្រេកអរក្នុងវត្ថុកាម និងកិលេសកាម។ បទថា អប្ប មត្តោ ហិ(ព្រោះថាបុគ្គលមិនប្រមាទហើយ) ជាដើម សេចក្តីថា ព្រោះថា បុគ្គលអ្នកមិនប្រមាទហើយ ដោយភាពជាអ្នកមានសតិតាំងមាំ ខំសង្កេតពិនិត្យ រមែងសម្រេចនិព្វានសុខដ៏ទូលំទូលាយ គឺ ដ៏ឱឡា។

ក្នុងកាលចប់គាថា ជនជាច្រើនបានជាអរិយបុគ្គលមានសោតាបន្នជាដើម ធម្មទេសនាបានជាប្រយោជន៍ដល់មហាជន ដូច្នេះឯង។

ចប់ រឿងនក្ខត្តប្ញក្សរបស់ពាល។

 

លេខយោង

1)
ឥទ្ធិវិធី សម្តែងឫទ្ធិបាន, ទិព្វសោត ត្រចៀកទិព្វ, ចេតោបរិយញ្ញាណ កំណត់ដឹងចិត្តអ្នកដទៃ, បុព្វេនិវាសានុស្សតិ រឭកជាតិបាន, ទិព្វចក្ខុ ភ្នែកទិព្វ, អាសវក្ខយញ្ញាណ ញាណធ្វើអាសវៈឲ្យអស់ទៅ, រួមជាអភិញ្ញា ៦។ ៣ ខាងចុង ហៅថា វិជ្ជា៣ ក៏បាន។
km/atthakatha/sut/kn/dhp/sut.kn.dhp.026_att.txt · ពេលកែចុងក្រោយ: 2024/09/19 06:12 និពន្ឋដោយ Johann