km:atthakatha:sut:kn:dhp:sut.kn.dhp.028_att

ធម្មបទគាថា ទី ២៨ អដ្ឋកថា៖ "៥. រឿងព្រះមហាកស្សបត្ថេរ"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ២៨ អំពី​​​ព្រះមហាកស្សបត្ថេរ សម្លឹងមើលសត្វ​​ដែល​កំពុង​ស្លាប់ និង​ដែល​កំពុង​កើត​ក្នុង​ទី​ទាំង​ឡាយ។

sut kn dhp 028 att បាលី cs-km: sut.kn.dhp.028_att តិបិដក៖ sut.kn.dhp.028 PTS: ?

ធម្មបទគាថា ទី ២៨ អដ្ឋកថា

«៥. រឿងព្រះមហាកស្សបត្ថេរ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

៥. រឿងព្រះមហាកស្សបត្ថេរ

៥. មហាកស្សបត្ថេរវត្ថុ

ទ. ៤៩៧ ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះមហាកស្សបៈ ត្រាស់ព្រះធម្មទេសនានេះថា បមាទំ អប្បមាទេន “… សេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ” ដូច្នេះជាដើម។

សេចក្តីពិស្តារថា ថ្ងៃមួយ ព្រះថេរៈគង់នៅក្នុងបិប្ផលិគុហា ត្រាច់ទៅបិណ្ឌបាត ខាងក្រោយភត្តគង់ចម្រើនអាលោកកសិណ ពិចារណាមើលសត្វ ទាំងឡាយដែលប្រមាទ និងមិនប្រមាទ ដែលកំពុងស្លាប់ និងដែលកំពុងកើតក្នុងទីទាំងឡាយ មានទឹក ផែនដី និងភ្នំជាដើម ដោយទិព្វចក្ខុ។ ព្រះសាស្តាទ្រង់ប្រថាប់នៅក្នុងវត្តជតពននោះឯង ទ្រង់ពិចារណាមើលដោយ ទិព្វចក្ខុថា “ថ្ងៃនេះ កស្សបៈបុត្តរបស់តថាគត នៅដោយវិហារធម៌អ្វីហ្ន៎” ទ្រង់ជ្រាបថា “កំពុងពិចារណាមើលនូវចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ទើបត្រាស់ថា “ដែលឈ្មោះថា ការចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ប្រសិនបើពុទ្ធញ្ញាណមិនកំណត់ហើយ នរណាៗ ក៏មិនអាចនឹងធ្វើការកំណត់ ដឹងសត្វទាំងឡាយដែលបដិសន្ធិក្នុងផ្ទៃនៃមាតា ដែលមាតាបិតាមិនទាន់បានដឹង ក៏ចុតិ ហើយបានការដឹងចុតិ និងបដិសន្ធិរបស់សត្វទាំងនោះ មិនមែនទ. ៤៩៨ វិស័យរបស់អ្នកទេ ម្នាលកស្សបៈ វិស័យរបស់អ្នកមានប្រមាណតិច ឯការដឹង ការឃើញសត្វទាំងឡាយដែលកំពុងចុតិ និងបដិសន្ធិដោយប្រការទាំងពួងនោះ ជាវិស័យរបស់ព្រះពុទ្ធទាំងឡាយប៉ុណ្ណោះ” ដូច្នេះហើយទ្រង់ផ្សាយ ព្រះរស្មីទៅ ហាក់ដូចជាទ្រង់ប្រថាប់នៅក្នុងទីចំពោះមុខ ហើយត្រាស់ព្រះគាថានេះថា៖

បមាទ អប្បមាទេន យទា នុទតិ បណ្ឌិតោ បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនី បជំ បព្វតដ្ឋោវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ។

កាលណា បណ្ឌិតបន្ទោរបង់នូវសេចក្តីប្រមាទ ដោយ សេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ ប្រាសាទ គឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញនូវ សត្វដែលមានសោក ធីរជន តែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើល ពួកជនដែលនៅលើផែនដី ដូច្នេះឯង។

អធិប្បាយគាថា

ទ. ៤៩៩

បណ្តាបទទាំងនោះ បទថា នុទតិ (បន្ទោបង់) ជាដើម សេចក្តីថា កាលណាបណ្ឌិតចម្រើន កពូននូវអប្បមាទលក្ខណៈ មិនឲ្យឱកាសដល់សេចក្តីប្រមាទ ឈ្មោះថា បន្ទោបង់ គឺរមែងបណ្តេញបង់នូវសេចក្តីប្រមាទនោះ ដោយកម្លាំងនៃសេចក្តីមិនប្រមាទ ដូចទឹកថ្មីដែលហូរចូលកាន់ស្រះបោក្ខរណី ញ៉ាំងទឹកចាស់ឲ្យខ្ចាត់ចេញហើយ មិនឲ្យឱកាសដល់ទឹកចាស់នោះ រមែងច្រានចេញ គឺរមែងញ៉ាំងទឹកចាស់នោះឲ្យហូរចេញទៅ ដោយទីបំផុតនៃខ្លួន ដូច្នេះ។ កាលនោះ បណ្ឌិតនោះ មានសេចក្តីប្រមាទដែលបន្ទោបង់ហើយ បំពេញបដិបទាដ៏សមគួរដល់សេចក្តីមិនប្រមាទនោះ ឡើងកាន់បញ្ញាដូចជាប្រាសាទ ពោលគឺ ទិព្វចក្ខុដ៏បរិសុទ្ធ ព្រោះអត្ថថា ជាធម្មជាតិដ៏ខ្ពង់ខ្ពស់ក្រៃលែង ដោយបដិបទានោះ ដូចបុគ្គលឡើងកាន់ប្រាសាទតាមកាំជណ្តើរដូច្នោះ ដែលឈ្មោះថា អ្នកមិនមានសេចក្តីសោកសៅ ព្រោះភាពជាអ្នកលះបង់នូវកូនសរ គឺសេចក្តីសោកចេញបានហើយ រមែងពិចារណាឃើញ គឺរមែងក្រឡេកឃើញនូវប្រជា គឺ ពពួកសត្វដែលមាននូវសេចក្តីសោក ព្រោះជាអ្នកលះបង់នូវកូនសរ គឺសេចក្តីសោកមិនទាន់បាន ដែលកំពុង ទ. ៥០០ ចុតិ និងបដិសន្ធិដោយទិព្វចក្ខុ។

សួរថា ដូចអ្វី?

ឆ្លើយថា ដូចបុគ្គលដែលឈរនៅលើកំពូលភ្នំ រមែងក្រឡេកឃើញ បុគ្គលដែលឈរនៅលើផែនដីបាន ដូច្នោះ (បព្វតដ្ឋោវ ភុម្មដ្ឋេ) អធិប្បាយ ថា បុគ្គលដែលឈរនៅលើកំពូលភ្នំ រមែងមើលឃើញបុគ្គលដែលឈរនៅលើផែនដីបាន ឬបុគ្គលដែលឈរនៅខាងលើប្រាសាទជាន់លើ រមែងមើលឃើញបុគ្គល ដែលឈរនៅក្នុងបរិវេណនៃប្រាសាទបាន ដោយមិនលំបាកយ៉ាងណា អ្នកប្រាជ្ញ គឺបណ្ឌិត បានដល់ព្រះមហាខីណាស្រពរូបនោះ ក៏រមែងពិចារណាឃើញបុគ្គលពាលទាំងឡាយ ដែលមានពូជ គឺវដ្តមិនទាន់ បានកាត់ផ្តាច់កំពុងចុតិ និងបដិសន្ធិ ដោយមិនលំបាកដូច្នោះ។

កាលចប់គាថា ជនជាច្រើន បានធ្វើឲ្យជាក់ច្បាស់ហើយនូវអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម។

ចប់ រឿងព្រះមហាកស្សបត្ថេរ។

 

លេខយោង

km/atthakatha/sut/kn/dhp/sut.kn.dhp.028_att.txt · ពេលកែចុងក្រោយ: 2024/09/19 06:12 និពន្ឋដោយ Johann