km:atthakatha:sut:kn:dhp:sut.kn.dhp.032_att

ធម្មបទគាថា ទី ៣២ អដ្ឋកថា៖ "៩. រឿងនិគមវាសិតិស្សត្ថេរ"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ៣២ អំពី​​ភិក្ខុ​​ដែល​​ត្រូវ​​គេ​​រិះគន់ ព្រោះ​​មិន​​ដែល​​ចូល​រួម​​បុណ្យ​​ណា​មួយ។

sut kn dhp 032 att បាលី cs-km: sut.kn.dhp.032_att តិបិដក៖ sut.kn.dhp.032 PTS: ?

ធម្មបទគាថា ទី ៣២ អដ្ឋកថា

«៩. រឿងនិគមវាសិតិស្សត្ថេរ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

ធម្មបទគាថា ទី ៣២ អដ្ឋកថា៖ "៩. រឿងនិគមវាសិតិស្សត្ថេរ"

៩. រឿងនិគមវាសិតិស្សត្ថេរ

៩. និគមវាសិតិស្សត្ថេរវត្ថុ

ទ. ៥៤២ ព្រះសាស្តា កាលប្រជាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះនិគម វាសិតិស្សត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អប្បមាទរតោ (ត្រេកអរហើយ ក្នុងសេចក្តីមិនប្រមាទ) ដូច្នេះជាដើម។

សេចក្តីពិស្តារថា កុលបុត្តម្នាក់ កើតមកហើយចម្រើនវ័យក្នុងស្រុកមួយ ដែលនៅមិនឆ្ងាយពីក្រុងសាវត្ថី បព្វជ្ជាហើយបានឧបសម្បទាក្នុងព្រះសាសនារបស់ព្រះសាស្តា ប្រាកដនាមថា “ព្រះនិគមតិស្សត្ថេរ ជាអ្នកមាន សេចក្តីប្រាថ្នាតិច សន្តោស ត្រេកអរតែក្នុងវត្ថុដែលខ្លួនមាន ស្ងប់ស្ងាត់ ប្រារព្ធនូវសេចក្តីព្យាយាម“។ ព្រះថេរៈរមែងត្រាច់ទៅដើម្បីបិណ្ឌបាតតែក្នុងស្រុករបស់ញាតិជានិច្ច។ កាលជនទាំងឡាយ មានអនាថបិណ្ឌិកសេដ្ឋី ជាដើម ធ្វើនូវមហាទានក្តី កាលព្រះបាទបសេនទិកោសលទ្រង់បំពេញនូវ អសទិសទានក្តី ក៏មិនព្រមមកកាន់ក្រុងសាវត្ថី។ ពួកភិក្ខុក៏សន្ទនាគ្នាថា “ព្រះនិគមតិស្សត្ថេរនេះ ក្រោកឡើងហើយ ក្រោកឡើងព្រមហើយ ក៏ច្រឡូកច្រឡំ ជាប់ជំពាក់ដោយពួកញាតិ កាលជនទាំងឡាយមានអនាថបិណ្ឌិកសេដ្ឋី ជាដើម ធ្វើមហាទានក្តី កាលព្រះបាទបសេនទិកោសលបំពេញអសទិស ទានក្តី ក៏លោកមិនមក“ ដូច្នេះ ក៏ក្រាបទូលរឿងនោះដល់ព្រះសាស្តា។

ទ. ៥៤៣ ព្រះសាស្តា ត្រាស់ឲ្យហៅព្រះថេរៈមកហើយ ត្រាស់សួរថា “ម្នាលភិក្ខុ បានឮថា អ្នកធ្វើយ៉ាងនោះពិតមែនឬ?“ កាលព្រះថេរៈក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនមាននូវការច្រឡូកច្រឡំ ឬជាប់ជំពាក់ ទៅដោយពួកញាតិទេ ខ្ញុំព្រះអង្គអាស្រ័យពួកមនុស្សដែលជាញាតិទាំងនោះ រមែងបាននូវអាហារល្មមនឹងលេបចូលបាន ខ្ញុំព្រះអង្គគិតថា “កាលយើងបាន អាហារដែលសៅហ្មងក្តី ប្រណីតក្តី ដែលល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានហើយ ប្រយោជន៍អ្វីដោយការស្វែងរកនូវអាហារដទៃទៀត? ដូច្នេះហើយ ទើបមិនមកកាន់ក្រុងសាវត្ថី បពិត្រព្រះអង្គដ៏ចម្រើន ដែលឈ្មោះថា ការច្រឡូកច្រឡំដោយពួកញាតិ ឬការជាប់ជំពាក់នឹងពួកញាតិរមែងមិនមានដល់ខ្ញុំព្រះអង្គឡើយ។ សូម្បីតាមប្រក្រតី (ព្រះអង្គ) ក៏ទ្រង់ជ្រាបអធ្យាស្រ័យ របស់ព្រះថេរៈ ទើបទ្រង់បានប្រទានសាធុការថា “ម្នាលភិក្ខុ ប្រពៃហើយៗ“ ដូច្នេះ ទើបត្រាស់ថា “ម្នាលភិក្ខុ ក៏ការដែលអ្នកបានអាចារ្យប្រាកដដូចជា តថាគតហើយ បានជាអ្នកប្រាថ្នាតិចដោយហេតុឯណា ហេតុនោះ មិនទាន់ជាអស្ចារ្យនៅឡើយទេ ព្រោះថាដែលឈ្មោះថា ភាពជាអ្នកប្រាថ្នាតិចនេះ ជាបែបផែនរបស់តថាគត ជាទំនៀមរបស់តថាគត“ ដូច្នេះកាលភិក្ខុទាំងឡាយទូលអារាធនាហើយ ទ្រង់នាំអតីតនិទានមកសម្តែងថា៖

ទ. ៥៤៤ ក្នុងអតីតកាល សត្វសេកច្រើនពាន់ក្បាល នៅក្នុងព្រៃនៃដើមល្វាមួយដើម ទៀបឆ្នេរស្ទឹងគង្គាក្នុងហិមវន្តប្រទេស។ បណ្តាសត្វសេកទាំងនោះ សត្វសេកមួយជាស្ដេចនៃស្រុកទាំងនោះ នាកាលផ្លែទាំងឡាយនៃដើមឈើ ដែលខ្លួននៅអាស្រ័យនោះអស់ហើយ ក៏ចឹកស៊ីពន្លក ស្លឹក ឬសំបកដែលនៅសល់ ផឹកទឹកក្នុងស្ទឹងគង្គា ជាសត្វមានសេចក្តីប្រាថ្នាតិច ជាសត្វដែល ត្រេកអរចំពោះតែវត្ថុដែលខ្លួនមាន រមែងមិនត្រាច់ទៅកាន់ទីដទៃឡើយ ដោយអំណាចគុណ គឺ សេចក្តីប្រាថ្នាតិច និងសេចក្តីសន្តោសរបស់ស្ដេចសេកនោះ ពិភពរបស់សក្កទេវរាជក៏បានកម្រើកញាប់ញ័រ។ សក្កទេវរាជទ្រង់ រំពឹងមើល ទ្រង់ឃើញហេតុនោះហើយ ទ្រង់ (បណ្តាល) ឲ្យដើមឈើទោះ ស្ងួតដោយអានុភាពរបស់ខ្លួន ដើម្បីល្បងមើលនូវស្ដេចសេកនោះ។ ដើមឈើនោះបាក់ធ្លាក់ចុះហើយ សល់នៅតែដង្កត់ប៉ុណ្ណោះ មានប្រហោងតូច និងប្រហោងធំ។ កាលខ្យល់បក់មកប៉ះត្រូវ បានបញ្ចេញសំឡេងដូចត្រូវគេគោះហើយ។ លំអិតទាំងឡាយ ហុយចេញតាមប្រហោងឈើទាំងនោះ។ ស្ដេចសេកផឹកស៊ីលំអិតទាំងនោះ ហើយផឹកទឹកក្នុងស្ទឹងគង្គា មិនទៅកាន់ទីដទៃ មិនអើពើចំពោះខ្យល់ និងកំដៅថ្ងៃ ទំនៅលើទីបំផុតនៃដង្គត់ឈើ ល្វានោះ សក្កទេវរាជទ្រង់ជ្រាបចំពោះស្តេចសេកនោះ ជាសត្វមានសេចក្តីទ. ៥៤៥ ប្រាថ្នាតិច ទ្រង់ព្រះតម្រិះថា “យើងនឹងឲ្យស្ដេចសេកនោះ ពោលនូវគុណនៃមិត្តធម៌ ហើយឲ្យពរដល់ស្ដេចសេកនោះធ្វើ (បណ្តាល) ដើមល្វាឲ្យមានផ្លែមិនឈប់” ដូច្នេះទើប (និម្មិត) ខ្លួនព្រះអង្គជាស្ដេចហង្សមួយនាំនាង អសុរកញ្ញាដែលមាននាមថា សុជាតា អំពីខាងមុខ ស្តេចទៅកាន់ព្រៃនៃឈើ ល្វានោះ ទំនៅហ្នឹងមែកនៃដើមឈើមួយដើមមិនឆ្ងាយអំពីទីនោះ កាលនឹងត្រាស់សន្ទនាជាមួយស្ដេចសេកនោះ ត្រាស់គាថានេះថា៖

សន្តិ រុក្ខា ហរិតបត្តា ទុមានេកផលា ពហូ កស្មា នុ សុក្ខេ កោលាបេ សុវស្ស និរតា មនោ។

ដើមឈើទាំងឡាយច្រើនណាស់ ដែលមានស្លឹកខៀវ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះ មានចិត្តរីករាយជានិច្ច តែនឹងដង្កត់ឈើពុកស្ងួត។

សុវជាតកទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារ តាមន័យដែលពោលមក ហើយក្នុងនវកនិបាតនោះចុះ។ ប៉ុន្តែការកើតឡើងនៃរឿងប៉ុណ្ណោះ ក្នុងនវកនិបាត និងក្នុងទីនេះផ្សេងគ្នា ពាក្យដ៏សេសដូចគ្នាទាំងអស់។

ព្រះសាស្តា លុះទ្រង់បាននាំព្រះធម្មទេសនានេះហើយ ទ្រង់ត្រាស់ថា “សក្កទេវរាជក្នុងកាលណោះ បានមកជាអានន្ទ ស្តេចសេកក្នុងកាលណោះទ. ៥៤៦ គឺ តថាគតនេះឯង” ដូច្នេះទើបត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ យ៉ាងហ្នឹងហើយដែលឈ្មោះថា ភាពជាអ្នកមានសេចក្តីប្រាថ្នាតិច នេះជាបែបផែន ជាទំនៀមរបស់តថាគត ការដែលនិគមវាសីតិស្សបុត្ររបស់តថាគត បានអាចារ្យដូចជាតថាគត ហើយជាអ្នកមាននូវសេចក្តីប្រាថ្នាតិច មិនគួរអស្ចារ្យណាស់ណាទេ ធម្មតាភិក្ខុគប្បីជាអ្នកមានសេចក្តីប្រាថ្នាតិច ឲ្យដូចជានិគមវាសីតិស្សភិក្ខុ ព្រោះថាភិក្ខុបែបនោះ ជាអ្នកមិនគួរសាបសូន្យចាកមគ្គ និងផល រមែងឋិតនៅក្នុងទីជិតនៃព្រះនិព្វានដោយពិត” ដូច្នេះទើបត្រាស់ព្រះគាថានេះថា៖

អប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សិ វា អភព្វោ បរិហានាយ និព្វានស្សេវ សន្តិកេ

ភិក្ខុអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាក គុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។

អធិប្បាយគាថា

បណ្ដាបទទាំងនោះ បទថា អភរព្វោ បរិហានាយ (មិនសាបសូន្យ) សេចក្តីថា ភិក្ខុបែបនោះ ជាអ្នកមិនគួរដើម្បីនឹងសាបសូន្យចាកធម៌ គឺ សមថៈទ. ៥៤៧ និងវិបស្សនា ឬចាកមគ្គ និងផល គឺ រមែងមិនវិនាសចាកគុណធម៌ដែលខ្លួនបានដល់ហើយ នឹងមិនមែនមិនបាននូវគុណធម៍ដែលខ្លួនមិនទាន់បានទេ។ បទថា និព្វានស្សេវ សន្តិកេ (ក្នុងទីជិតព្រះនិព្វាន) សេចក្តីថា ឋិតនៅក្នុង ពិជិតនៃកិលេសបរិនិព្វាន (ការរលត់កិលេស) ផង អនុបាទិសេសនិព្វាន (ការរំលត់បញ្ចក្ខន្ធ) ផង។

ក្នុងកាលចប់ព្រះគាថា ព្រះនិគមវាសីតិស្សត្ថេរ សម្រេចព្រះអរហត្ថ ព្រមទាំងបដិសម្តីទាទាំងឡាយ ជនដទៃជាច្រើនក៏បានសម្រេចជាអរិយបុគ្គល មានសោតាបន្នជាដើម។ ព្រះធម៌ទេសនាមានផលច្រើនដល់មហាជន ដូច្នេះឯង។

ចប់ រឿងនិគមវាសិតិស្សត្ថេរ។

ចប់ អប្បមាទវគ្គវណ្ណនា វគ្គទី ២

ក្នុងវគ្គនេះរួមមាន ៩ រឿង

១. រឿងព្រះនាងសាមាវតី
៣. រឿងព្រះចូឡបន្ថកៈ
៥. រឿងព្រះមហាកស្សបៈ
៧. រឿងសក្កទេវរាជ
៩. រឿងព្រះតិស្សត្ថេរៈមានប្រក្រតីនៅក្នុងនិកម

២. រឿងកុម្ភឃោសកៈ
៤. រឿងពាលនក្ខត្តឫក្ស
៦. រឿងភិក្ខុជាសំឡាញ់ ២រូប
៨. រឿងភិក្ខុមួយរូប

 

លេខយោង

km/atthakatha/sut/kn/dhp/sut.kn.dhp.032_att.txt · ពេលកែចុងក្រោយ: 2024/09/27 05:13 និពន្ឋដោយ Johann