រឿងទាក់ទងនឹង ធម្មបទគាថា ទី ៣៥ អំពីឧបាសិកា មាតិកៈមាតា ដែលបានក្លាយជាអនាគាមិបុគ្គល ហើយអាចអានចិត្តបាន ធ្វើឲ្យភិក្ខុមួយរូបភ័យ។
sut kn dhp 035 att បាលី cs-km: sut.kn.dhp.035_att តិបិដក៖ sut.kn.dhp.035 PTS: ?
ធម្មបទគាថា ទី ៣៥ អដ្ឋកថា
«រឿងភិក្ខុមួយរូប»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុមរៀបរៀងព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
២. អញ្ញតរភិក្ខុវត្ថុថុ
ទ. ៥៥៤ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះថា ទុន្និគ្គហស្ស លហុនោ (ដែលសង្កត់សង្កិនបាន លំបាក ជាធម្មជាតិលឿនរហ័ស) ជាដើម។
បានឮថា មានស្រុកមួយដែលមានមនុស្សរស់នៅកកកុញ ឈ្មោះ មាតិកគ្រាម ក្បែរជើងភ្នំ ក្នុងដែនរបស់ព្រះបាទកោសល។ ថ្ងៃមួយ មានភិក្ខុប្រមាណ ៦០ រូប ទូលអារាធនាព្រះមានព្រះភាគឲ្យទ្រង់ត្រាស់ប្រាប់ព្រះកម្មដ្ឋានដរាបដល់ព្រះអរហត្ត ហើយបានទៅកាន់ស្រុកនោះ ដើម្បីបិណ្ឌបាត។ លំដាប់នោះ មេស្រុកឈ្មោះមាតិកៈណា មាតារបស់មេស្រុកនោះ ឃើញ ភិក្ខុទាំងនោះហើយ និមន្តឲ្យគង់ក្នុងផ្ទះ អង្កៀសដោយបាយ យាគូ និងភត្ត ដែលមានរសឆ្ងាញ់ផ្សេងៗ ហើយសួរថា “លោកម្ចាស់ទាំងឡាយ បំណង នឹងទៅកាន់ទីណា?” ភិក្ខុទាំងនោះប្រាប់ថា “ពួកអាត្មា មានបំណងនឹងទៅ កាន់ទីដែលសប្បាយ មហាឧបាសិកា”។ នាងជ្រាបថា លោកម្ចាស់ទាំងឡាយ ប្រហែលជាស្វែងរកទីនៅ សម្រាប់ចាំវស្សា ទើបក្រាបចុះជិតព្រះបាទហើយទ. ៥៥៥ ពោលថា “បើលោកម្ចាស់ទាំងឡាយនៅក្នុងទីនេះអស់៣ខែសោត នាងខ្ញុំនឹងដល់សរណៈ ៣ សីល ៥ (និង) ធ្វើឧបោសថកម្ម”។ ភិក្ខុទាំងឡាយ ប្រឹក្សាគ្នាថា “យើងទាំងឡាយ កាលអាស្រ័យឧបាសិកានេះ នឹងមិនមាន សេចក្តីលំបាកដោយភិក្ខា នឹងអាចធ្វើការរលាស់ចេញចាកភពបាន” ដូច្នេះ ទើបទទួលពាក្យនិមន្ត។ នាងបានជម្រះវិហារត្រង់ទីនៅប្រគេនដល់ភិក្ខុទាំងនោះ។ ភិក្ខុទាំងនោះ កាលនៅក្នុងទីនោះ ថ្ងៃមួយបានប្រជុំគ្នា ហើយដាស់តឿនគ្នានឹងគ្នាថា អ្នកមានអាយុ ពួកយើងមិនគួរប្រព្រឹត្តក្នុងសេចក្តីប្រមាទឡើយ ព្រោះថា មហានរក ៨ រណ្តៅ មានទ្វារបើករង់ចាំពួកយើង ដូចជាផ្ទះរបស់ខ្លួន។ ក៏ពួកយើងបានរៀនព្រះកម្មដ្ឋានក្នុងសំណាក់របស់ព្រះពុទ្ធ ដែលទ្រង់នៅព្រះជន្ម ហើយទើបមក។ ក៏ធម្មតាព្រះពុទ្ធទាំងឡាយ ដែល នរណាៗ ជាអ្នកអួតអាង សូម្បីត្រាច់ទៅតាមស្នាមព្រះបាទ ក៏មិនអាចឲ្យទ្រង់ប្រោសប្រាណបាន(តែ) បុគ្គលអ្នកមានអធ្យាស្រ័យជាប្រក្រតីប៉ុណ្ណោះ ទើបឲ្យទ្រង់ប្រោសប្រាណបាន លោកទាំងឡាយ ចូរជាអ្នកមិនប្រមាទចុះ ពួកយើងមិនគួរឈរ មិនគួរអង្គុយនៅក្នុងកន្លែងមួយ ២រូប តែថាក្នុងកាលទ. ៥៥៦ ជាទីទំនុកបម្រុងព្រះថេរៈ ក្នុងវេលាល្ងាចនោះឯង និងក្នុងកាលភិក្ខាចាវេលាព្រឹកប៉ុណ្ណោះ ពួកយើងនឹងរួមគ្នា (តែ) ក្នុងកាលដ៏សេសមិនគួរនៅរួមគ្នា ២រូបឡើយ។ ម្យ៉ាងទៀត កាលភិក្ខុអ្នកមិនសប្បាយ មកវាយរគាំង ត្រង់កណ្តាលវិហារហើយ ពួកយើងទើបមកតាមសញ្ញានៃរគាំង ធ្វើថ្នាំឲ្យដល់ភិក្ខុនោះ។
កាលភិក្ខុទាំងនោះធ្វើកតិកាគ្នាយ៉ាងនេះ ថ្ងៃមួយឧបាសិកានោះឲ្យបុគ្គលកាន់ភេសជ្ជៈទាំងឡាយ មានទឹកដោះថ្លា និងទឹកអំពៅជាដើម ដែលជនទាំងឡាយមានទាសៈ និងកម្មករជាដើមហែហមហើយ ទៅកាន់វិហារនោះក្នុងវេលាល្ងាច មិនឃើញភិក្ខុទាំងឡាយក្នុងវិហារ ទើបសួរពួកបុរសថា “លោកម្ចាស់ទាំងឡាយទៅក្នុងទីណា?” កាលពួកគេប្រាប់ថា “ម៉ែម្ចាស់ លោកម្ចាស់ទាំងឡាយ នីងជាអ្នកគង់ក្នុងទីស្នាក់នៅ ពេលយប់ និងពេលថ្ងៃរៀងៗខ្លួន(ប៉ុណ្ណោះ)”។ ទើបពោលថា “ខ្ញុំធ្វើយ៉ាងណា ទើបបានជួបលោកម្ចាស់ទាំងនោះ?” លំដាប់នោះ មនុស្សទាំងឡាយ ដឹងកតិកាវត្តរបស់ ភិក្ខុសង្ឃ ទើបប្រាប់ចំពោះឧបាសិកានោះថា “ម៉ែម្ចាស់ លោកម្ចាស់នឹងប្រជុំទ. ៥៥៧ គ្នាក្នុងកាលដែលវាយរគាំង”។ នាងទើបឲ្យវាយរគាំង។ ភិក្ខុទាំងឡាយបានឮសំឡេងរគាំងហើយ ចេញចាកទីនៅរៀងៗខ្លួន ដោយសំគាល់ថា មានភិក្ខុរូបខ្លះ នឹងមិនសប្បាយ ទើបមកប្រជុំគ្នាក្នុងកណ្តាលវិហារ។ ភិក្ខុឈ្មោះថា និមន្តមកក្នុងផ្លូវតែមួយជាមួយគ្នាសូម្បី ២រូប រមែងមិនមាន។ ឧបាសិកា ឃើញភិក្ខុមួយរូបៗប៉ុណ្ណោះ និមន្តមកពីទីកន្លែងមួយៗ ទើបគិតថា “ប្រហែល ជាលោកម្ចាស់បុត្ររបស់យើងនឹងមានការឈ្លោះគ្នាទេដឹង ដូច្នេះទើបសំពះ ភិក្ខុសង្ឃហើយសួរថា “លោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ទាំងឡាយមានការឈ្លោះគ្នាឬ?”
ភិក្ខុទាំងឡាយ ពួកអាត្មាមិនមានការឈ្លោះគ្នាទេ មហាឧបាសិកា។
ឧបាសិកា៖ “លោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់មិនមានការឈ្លោះគ្នាទេ ហេតុអ្វីលោកម្ចាស់ទាំងឡាយ ទើបមិនមកដោយការរួមគ្នា ដូចកាលមកកាន់ផ្ទះរបស់នាងខ្ញុំ(ត្រឡប់ជា) មកតែមួយអង្គៗ អំពីទីកន្លែងមួយៗ?”។
ភិក្ខុ៖ “មហាឧបាសិកា ពួកអាត្មាអង្គុយធ្វើសមណធម៌ក្នុងទីកន្លែងរៀងៗខ្លួន”។
ទ. ៥៥៨ ឧបាសិកា៖ លោកម្ចាស់ទាំងឡាយ ឈ្មោះថា សមណធម៌ គឺអ្វី។
ភិក្ខុ៖ “មហាឧបាសិកា ពួកខ្ញុំធ្វើការស្វាយធ្យាយអាការ ៣២ ប្រការ1) ផ្តើមតាំងពីការអស់ទៅ និងសូន្យទៅក្នុងអត្តភាពនេះ”។
ឧបាសិកា៖ “លោកម្ចាស់ ការស្វាធ្យាយអាការ៣២ និងផ្តើមតាំងពីការអស់ទៅ សូន្យទៅក្នុងអត្ថភាពនេះ រមែងសមគួរដល់ពួកលោកម្ចាស់ ប៉ុណ្ណោះ ឬរមែងសមគួរដល់ពួកនាងខ្ញុំផងដែរ?”។
ភិក្ខុ៖ “មហាឧបាសិកា ធម៌នេះ ព្រះមានព្រះភាគទ្រង់មិនបានហាមដល់នរណាៗឡើយ”។
ឧបាសិកា៖ “បើដូច្នោះ សូមលោកម្ចាស់អនុគ្រោះឲ្យអាការ ៣២ និងសូមប្រាប់អំពីការពិចារណានូវការអស់ទៅ និងសូន្យទៅក្នុងអត្តភាពរនេះ ដល់ខាងខ្ញុំផង”។
ពួកភិក្ខុពោលថា “មហាឧបាសិកា បើដូច្នោះ នាងចូររៀនចុះ” ហើយទ. ៥៥៩ ក៏ឲ្យរៀនទាំងអស់ តាំងអំពីនោះមក ឧបាសិកានោះក៏បានធ្វើការស្វាធ្យាយអាការ៣២ ពិចារណាការអស់ទៅ និងសូន្យទៅក្នុងខ្លួន ក៏បានលុះមគ្គ៣ ផល៣ មុនភិក្ខុទាំងនោះឯង។ បដិសម្ភិទា៤ និងលោកិយអភិញ្ញា បានមកដល់ឧបាសិកានោះដោយមគ្គនោះឯង នាងចេញចាកសុខដែលកើតអំពីមគ្គ និងផលហើយ មើលដោយទិព្វចក្ខុពិចារណាថា លោកម្ចាស់ជាបុត្ររបស់យើងសម្រេចធម៌នេះ ក្នុងកាលណាហ្ន៎ហើយពិចារណាថា «លោកម្ចាស់ទាំងនេះ នៅមានរាគៈ ទោសៈ មោហៈ លោកម្វាស់ទាំងនេះ មិនមានគុណធម៌សូម្បីត្រឹមតែឈាន និងវិបស្សនាឡើយ ឧបនិស្ស័យនៃព្រះអរហត្តរបស់លោកម្ចាស់ដែលជាបុត្ររបស់យើង មានឬមិនមាន ឃើញថា «មាន» ដូច្មេះទើបពិចារណាសេនាសនៈជាទីសប្បាយ នឹងមាន ឬមិនមានហ្ន៎ សូម្បីឃើញសេនាសនៈជាទីសប្បាយមានហើយ ទើបពិចារណាថា លោកម្ចាស់ទាំងឡាយរបស់យើងមិនទាន់បានបុគ្គលជាទីសប្បាយ ឬហ្ន៎ ក៏ឃើញថា អាហារទ. ៥៦០ ដែលជាទីសប្បាយនៅមិនទាន់មានដល់លោក”។ តអំពីនោះ ក៏ចាត់ចែង បាយយាគូមានច្រើនយ៉ាង របស់ទំពារជាអនេកប្បការ និងភោជនមានរស ផ្សេងៗ ដ៏ច្រើន និមន្តភិក្ខុទាំងឡាយឲ្យគង់ ហើយថ្វាយទឹកទក្ខិណោទក2) ដោយពាក្យថា “បពិត្រលោកដ៏ចម្រើន លោកម្ចាស់ពេញចិត្តក្នុងវត្ថុណា១ សូមទទួលវត្ថុនោះៗ ចុះ”។ ភិក្ខុទាំងនោះទទួលយកវត្ថុទាំងឡាយ មានបាយ យាគូជាដើម ហើយឆាន់តាមសេចក្តីពេញចិត្ត។ កាលភិក្ខុទាំងនោះបាន អាហារជាទីសប្បាយ ចិត្តក៏ជាធម្មជាតិមានអារម្មណ៍តែមួយ។ ពួកលោក មានចិត្តតាំងស៊ប់ក្នុងវិបស្សនា តមកកាលមិនយូរ ក៏បានសម្រេចព្រះអរហត្ត ព្រមដោយបដិសម្ភិទាទាំងឡាយ ហើយគិតថា “ឱហ្ន៎! មហាឧបាសិកា ជាទីពឹងរបស់ពួកយើង បើពួកយើងមិនបានអាហារដែលជាទីសប្បាយទេ ការចាក់ធ្លុះមគ្គ និងផលនឹងមិនមានដល់ពួកយើងដោយពិត”។ ឥឡូវនេះ ពួកយើងនៅចាំវស្សា បវារណាហើយ នឹងទៅកាន់សំណាក់របស់ព្រះសាស្តា។ ពួកលោកលាឧបាសិកាថា “ពួកអាត្មាប្រាថ្នានឹងគាល់ព្រះសាស្តា”។ មហាទ. ៥៦១ ឧបាសិកាពោលថា “សាធុ លោកម្ចាស់ទាំងឡាយ” ហើយតាមជូនដំណើរ ភិក្ខុទាំងនោះ ពោលពាក្យដែលជាទីស្រឡាញ់ដ៏ច្រើនថា “សូមលោកម្ចាស់ ទាំងឡាយគប្បី (មក) សួរសុខទុក្ខនាងខ្ញុំផង ដូច្នេះជាដើម ទើបត្រឡប់វិញ”។ ចំណែកភិក្ខុទាំងនោះដល់ក្រុងសាវត្ថីហើយ ថ្វាយបង្គំ ព្រះសាស្តា រួចគង់ក្នុងទីដ៏សមគួរមួយ ភិក្ខុដែលព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ (សេរីយន្តមានចក្រ ៤ មានទ្វារ ៩) ពួកអ្នកអត់ធន់បានដែរឬ ពួកអ្នកល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានទេឬ មួយទៀត ពួកអ្នកមិនលំបាក ដោយការបិណ្ឌបាតទេឬ” ទើបក្រាបទូលថា “ល្មមអត់ធន់បាន ព្រះអង្គ ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានព្រះអង្គ ម្យ៉ាងទៀតខ្ញុំព្រះអង្គទាំងឡាយ មិនបានលំបាកដោយការបិណ្ឌបាតឡើយ ព្រោះថា ឧបាសិកាម្នាក់ ឈ្មោះ មាតិកមាតា ជ្រាបវារៈចិត្តរបស់ពួកខ្ញុំព្រះអង្គ កាលពួកខ្ញុំព្រះអង្គគិតយ៉ាងណា មហាឧបាសិកានឹងចាត់ចែងអាហារឈ្មោះនេះ ដើម្បីពួកខ្ញុំព្រះអង្គ។ (នាង) ក៏បានចាត់ចែងអាហារថ្វាយតាមដែលពួកខ្ញុំព្រះអង្គគិតហើយ។ ដូច្នេះ ហើយក៏ពោលសរសើរគុណរបស់មហាឧបាសិកានោះ”។
ទ. ៥៦២ ភិក្ខុមួយរូប ស្តាប់ពាក្យសរសើរគុណរបស់មហាឧបាសិកានោះហើយ ជាអ្នកប្រាថ្នានឹងទៅកាន់ទីនោះ រៀនកម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តាហើយ ទូលលាព្រះសាស្តាថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងទៅកាន់ស្រុកនោះ” ហើយចេញអំពីវត្តជេតពន ដល់ស្រុកនោះតាមលំដាប់ ក្នុងថ្ងៃដែល ខ្លួនចូលទៅកាន់វិហារ គិតថា “បានឮដំណឹងថា ឧបាសិកានេះ រមែងដឹងហេតុ ដែលបុគ្គលដទៃគិតហើយៗ ក៏យើងហត់នឿយហើយតាមផ្លូវ មិនអាចនឹង សម្អាតវិហារបាន យ៉ាងណា ឧបាសិកានេះ នឹងបញ្ជូនមនុស្សអ្នកសម្អាតវិហារមកដើម្បីយើង”។ ឧបាសិកាអង្គុយក្នុងផ្ទះនោះឯង បានពិចារណាដឹងសេចក្តីនោះហើយ ទើបបញ្ជូនមនុស្សឲ្យទៅ ដោយពាក្យថា “អ្នកចូរទៅ សម្អាតវិហារហើយទើបមក”។ ចំណែកភិក្ខុនោះប្រាថ្នាឆាន់ទឹក ទើបគិតថា ធ្វើដូចម្តេចឧបាសិកានេះនឹងគប្បីធ្វើទឹកផឹក លាយដោយស្ករបញ្ជូនមកឲ្យយើង។ ឧបាសិកា ក៏បានបញ្ជូនទឹកនោះទៅប្រគេន។ លោកគិតទៀតថា “សូមឧបាសិកា ចូរបញ្ជូនបាយយាភូមានរសឆ្ងាញ់ និងសម្លមកដើម្បីយើងក្នុងថ្ងៃស្អែកនេះ អំពីព្រលឹមចុះ”។ ឧបាសិកាក៏បានធ្វើយ៉ាងនោះ។
ទ. ៥៦៣ ភិក្ខុនោះឆាន់បាយយាគូហើយគិតថា “ធ្វើម្តេចហ្ន៎ ឧបាសិកាគប្បីបញ្ជូននូវ របស់ទំពារបែបនេះមកដើម្បីយើង”។ ឧបាសិកាក៏បានបញ្ជូនរបស់ទំពារ សូម្បីនោះទៅហើយ លោកគិតថា “ឧបាសិកានេះ បញ្ជូនវត្ថុដែលយើងគិតហើយគ្រប់ៗ វត្ថុមក យើងប្រាថ្នានឹងជួបឧបាសិកានោះ ធ្វើដូចម្តេច នាង គប្បីឲ្យអ្នកកាន់ភេសជ្ជៈ មានរសដ៏សេសផ្សេងៗ ដើម្បីយើង មកដោយខ្លួនឯងហ្ន៎”។ ឧបាសិកាគិតថា “ភិក្ខុអ្នកជាបុត្ររបស់យើងប្រាថ្នានឹងឃើញយើង សង្ឃឹមការទៅរបស់យើង” ដូច្នេះ ទើបឲ្យមនុស្សកាន់ភេសជ្ជៈទៅកាន់វិហារ ហើយបានថ្វាយដល់ភិក្ខុនោះ។ ភិក្ខុនោះធ្វើភត្តកិច្ចស្រេចហើយ សួរថា “មហាឧបាសិកា នាងឬ ឈ្មោះថា មាតិកមាតា”។
ឧបាសិកា៖ “ត្រូវហើយ លោកម្ចាស់”។
ភិក្ខុ៖ “ឧបាសិកា នាងដឹងចិត្តរបស់អ្នកដទៃឬ”។
ឧបាសិកា៖ “សួរខ្ញុំធ្វើអ្វី លោកម្ចាស់”។
ភិក្ខុ៖ “នាងបានដឹងគ្រប់ៗ វត្ថុដែលអាគ្នាគិតហើយ ព្រោះដូច្នោះ អាត្មាទើបសួរនាង”។
ទ. ៥៦៤ ឧបាសិកា៖ “លោកកូន ភិក្ខុដែលដឹងចិត្តរបស់អ្នកដទៃក៏មានច្រើន”។
ភិក្ខុ៖ “អាត្មាមិនបានសួរដល់អ្នកដទៃទេ សួរចំពោះឧបាសិកា”។
សូម្បីយ៉ាងនោះ ឧបាសិកាក៏មិនបានឆ្លើយ (ត្រង់ៗ) ថា ខាងខ្ញុំដឹង ចិត្តរបស់អ្នកដទៃ (ត្រឡប់ជា) ពោលថា «លោកកូនអើយ ធម្មតាអ្នកដឹង ចិត្តរបស់អ្នកដទៃ រមែងធ្វើយ៉ាងនោះបាន”។ ភិក្ខុនោះគិតថា “កម្មនេះធ្ងន់ ណាស់ ធម្មតាបុថុជ្ជនរមែងគិតដល់អារម្មណ៍ដែលស្អាតខ្លះ មិនស្អាតខ្លះ បើយើងគិតវត្ថុដែលមិនសមគួរហើយនោះសោត ឧបាសិកានេះគប្បីញ៉ាំងយើង ឲ្យដល់នៅប្រការដែលប្លែក ដូចចាប់ចោរត្រង់កណ្តាលនៃផ្នួងសក់ ដូច្នោះ យើងគួរចៀសចេញអំពីទីនេះ” ហើយពោលថា “ឧបាសិកា អាត្មាលានឹងទៅ ហើយ”។
ឧបាសិកា៖ “លោកម្ចាស់ និមន្តទៅណា”។
ភិក្ខុ៖ ”អាត្មានឹងទៅកាន់សំណាក់របស់ព្រះសាស្តា ឧបាសិកា”។
ឧបាសិកា៖ “សូមលោកម្ចាស់ ចូរនៅក្នុងទីនេះសិនចុះ”។
ភិក្ខុនោះពោលថា “អាត្មាមិននៅទេ នឹងត្រូវទៅហើយ” ហើយបានទ. ៥៦៥ ដើរចេញ (អំពីទីនោះ) ទៅកាន់សំណាក់របស់ព្រះសាស្តា។
លំដាប់នោះ ព្រះសាស្តាត្រាស់សួរលោកថា “ភិក្ខុ អ្នកនៅក្នុងទីនោះ មិនបានឬ”។
ភិក្ខុ៖ “ដូច្នោះហើយ ព្រះអង្គ ខ្ញុំព្រះអង្គមិនអាចនៅក្នុងទីនោះបាន”។
ព្រះសាស្តា៖ “ព្រោះហេតុអ្វី ភិក្ខុ”។
ភិក្ខុ៖ “បពិត្រព្រះអង្គដ៏ចម្រើន (ព្រោះថា) ឧបាសិកានោះរមែងដឹង រឿងដែលអ្នកដទៃគិតហើយគ្រប់ប្រការ ខ្ញុំព្រះអង្គគិតថា “ក៏ធម្មតា បុថុជ្ជន រមែងគិតអារម្មណ៍ដែលល្អខ្លះ មិនល្អខ្លះ បើយើងគិតវត្ថុខ្លះដែលមិនសម គួរហើយសោត ឧបាសិកានោះ ក៏នឹងញ៉ាំងយើងដល់នៅប្រការដែលប្លែក ដូចចាប់ចោរត្រង់កណ្តាលនៃផ្នួងសក់ដូច្នោះ ដូច្នេះហើយទើបបានមក”។
ព្រះសាស្តា៖ “ម្នាលភិក្ខុ អ្នកគួរនៅក្នុងទីនោះឯង”។
ភិក្ខុ៖ “ខ្ញុំព្រះអង្គមិនអាចទេ ខ្ញុំព្រះអង្គនៅក្នុងទីនោះមិនបានទេ”។
ព្រះសាស្តា៖ “ម្នាលភិក្ខុ បើដូច្នោះ អ្នកអាចរក្សាវត្ថុតែមួយប៉ុណ្ណោះ បានទេ”។
ទ. ៥៦៦ ភិក្ខុ៖ “រក្សាអ្វីទៅ ព្រះអង្គ”។
ព្រះសាស្តាត្រាស់ថា «អ្នកចូររក្សាចិត្តរបស់អ្នកនោះឯង ធម្មតាចិត្តនេះ បុគ្គលរក្សាបានដោយលំបាក អ្នកចូរហាមចិត្តរបស់អ្នកទុកឲ្យបាន កុំគិតដល់អារម្មណ៍អ្វីៗ យ៉ាងដទៃ ធម្មតាចិត្តដែលបុគ្គលហាមឃាត់បានដោយ លំបាក ដូច្នេះ ទើបទ្រង់ត្រាស់ព្រះគាថានេះថា៖
ខុទ្ឋិត្គហស្ស លហុនា យត្ថ កាមនិបាតិនោ ចិត្តស្ស ទមថោ សាធុ ចិត្តំ ទត្តំ សុខាវហំ។
ការទូន្មានចិត្តដែលសង្កត់សង្កិន បានដោយលំបាក ជាធម្មជាតិរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (ព្រោះថា) ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ។
បណ្ឌិតគប្បីជ្រាបវិគ្រោះក្នុងព្រះគាថានេះ (ដូចតទៅនេះ) ធម្មតាចិត្ត នេះ ដែលបុគ្គលរមែងសង្កត់សង្កិនបានដោយលំបាក ព្រោះដូច្នោះ ទើបទ. ៥៦៧ ឈ្មោះថា សង្កត់សង្កិនបានលំបាក។ ចិត្តនេះ រមែងកើត និងរលត់រហ័ស ព្រោះដូច្នោះ ទើបឈ្មោះថា រហ័ស។ ចិត្តនោះ ដែលសង្កត់សង្កិនបាន លំបាក (ទុន្និគ្គហស្ស) ជាធម្មជាតិរហ័ស (លហុនោ)។ បទថា យត្ថ កាមនិបាតិនោ (មានប្រក្រតីធ្លាក់ទៅក្នុងអារម្មណ៍តាមសេចក្តីប្រាថ្នា) សេចក្តីថា ធ្លាក់ទៅក្នុងអារម្មណ៍ណាមួយនោះឯង។ ពិតហើយ ចិត្តនេះរមែងមិនដឹងឋានៈដែលសមគួរ ឬឋានៈដែលមិនសមគួរ រមែងមិនពិចារណាមើល ជាតិ មិនពិចារណារមើលត្រកូល មិនពិចារណារមើលវ័យ រមែងធ្លាក់ទៅ ក្នុងអារម្មណ៍ដែលខ្លួនប្រាថ្នាតែម្យ៉ាង។ ព្រោះរហតុនោះ ព្រះមានព្រះភាគ ទើបត្រាស់ថា “ធ្លាក់ទៅក្នុងអារម្មណ៍តាមសេចក្តីប្រាថ្នា”។ ការហ្វឹកហាត់ ចិត្តបែបនោះ ជាការល្អ គឺ ចិត្តដែលបុគ្គលហ្វឹកហាត់ដោយអរិយមគ្គ ៤ បានដល់ ចិត្ត ដែលបុគ្គលធ្វើហើយដោយប្រការដែលចិត្តអស់អំណាចបាន ជាការល្អ។ ព្រោះហេតុអ្វី? ព្រោះថា ចិត្តនេះ ដែលបុគ្គលហ្វឹកហាត់ហើយ រមែងជាហេតុនាំមកនូវសេចក្តីសុខ គឺថា ចិត្តដែលបុគ្គលហ្វឹកហាត់ហើយ បានដល់ ធ្វើឲ្យអស់អំណាច រមែងនាំមកនូវសេចក្តីសុខដែលកើតឡើងអំពីទ. ៥៦៨ អរិយផល និងសុខ គឺ ព្រះនិព្វានដែលជាបរមត្ថ។
ក្នុងកាលចប់ទេសនា បរិស័ទដែលមកប្រជុំគ្នាដ៏ច្រើន ក៏បានសម្រេច ជាអរិយបុគ្គល មានសោតាបន្នជាដើម។ ព្រះធម៌ទេសនាសម្រេចប្រយោជន៍ ដល់មហាជនហើយ ដូច្នេះ។
ព្រះសាស្តា លុះប្រទានឱវាទនេះដល់ភិក្ខុនោះហើយ ទើបទ្រង់បញ្ជូន ទៅដោយព្រះតម្រាស់ថា “ទៅចុះភិក្ខុ អ្នកកុំគិតអ្វីយ៉ាងដទៃ ចូរនៅក្នុងទីនោះ ចុះ”។ ភិក្ខុនោះបានព្រះឱវាទអំពីសំណាក់របស់ព្រះសាស្តាហើយ ទើបទៅ (នៅ) ក្នុងទីនោះ មិនបានគិតអ្វីៗ ដែលចិត្តនាំឲ្យគិតក្នុងខាងក្រៅឡើយ។ ចំណែកមហាឧបាសិកា កាលពិចារណាដោយទិព្វចក្ខុ ក៏បានឃើញព្រះថេរៈ ហើយកំណត់ (ដីង) ដោយញាណរបស់ខ្លួនថា “ឥឡូវនេះ ភិក្ខុជាបុត្ររបស់ យើងបានអាចារ្យឲ្យឱវាទហើយ ទើបត្រឡប់មកវិញ ក៏បានចាត់ចែងអាហារ ដែលជាទីសប្បាយប្រគេនដល់ព្រះថេរៈនោះ ព្រះថេរៈបានភាជនដែលជាទីសប្បាយហើយ ក្នុងរវាង ២-៣ ថ្ងៃប៉ុណ្ណោះ ក៏បានសម្រេចព្រះអរហត្តទ. ៥៦៩ នៅដោយសេចក្តីសុខដែលកើតពីមគ្គ និងផល គិតថា “គួរអស្ចារ្យហ្ន៎ មហាឧបាសិកា បានជាទីពឹងរបស់យើងហើយ យើងអាស្រ័យមហាឧបាសិការនេះ ទើបដល់នូវការរលាស់ចេញចាកភពបាន ហើយពិចារណាថា មហាឧបាសិកា នេះ បានជាទីពឹងរបស់យើងតែក្នុងអត្ថភាពនេះ ឬក៏កាលយើងត្រាច់រង្កាត់ ក្នុងសង្សារវដ្ត មហាឧបាសិកានេះធ្លាប់ជាទីពឹងក្នុងអត្តភាពដទៃៗ ដែរ”។ ទើបតាមរឭកទៅរហូត ៩៩ អត្តភាព។ សូម្បីមហាឧបាសិកានោះ ក៏បាន ជាបាទបរិចារិកា (ភរិយា) របស់ព្រះថេរៈក្នុងអត្តភាពទី ៩៩ ជាអ្នកមាន ចិត្តប្រតិព័ទ្ធក្នុងបុរសដទៃ ទើបឲ្យសម្លាប់ព្រះថេរៈនោះ។ ព្រះថេរៈលុះ ឃើញទោសរបស់មហាឧបាសិកានោះត្រឹមតែប៉ុណ្ណេះហើយ ទើបគិតថា “គួរ ឲ្យសង្វេគ មហាឧបាសិកានេះបានធ្វើកម្មធ្ងន់មកហើយ។ ចំណែកឧបាសិកា អង្គុយក្នុងផ្ទះនោះឯង ពិចារណាថា “កិច្ចនៃបព្វជិតរបស់ភិក្ខុដែលជាបុត្រ យើង ដល់ទីបំផុតហើយឬនៅហ្ន៎” ជ្រាបថា ព្រះថេរៈនោះសម្រេចព្រះអរហត្ត ហើយ ទើបពិចារណាតទៅទៀត ក៏ជ្រាបថា “ភិក្ខុអ្នកជាបុត្ររបស់យើង សម្រេចព្រះអរហត្តហើយ គិតថា គួរជ្រះថ្លាណាស់ ឧបាសិកានេះបានជាទីទ. ៥៧០ ពឹងរបស់យើងដ៏សំខាន់ ដូច្នេះ ហើយពិចារណា (តទៅទៀត) ថា សូម្បី ក្នុងអតីតកាល ឧបាសិកានេះបានធ្លាប់ជាទីពឹងរបស់យើង ឬមិនធ្លាប់ទេ”។ តាមរឭកទៅរហូត ៩៩ អគ្គភាព តែយើងបានឃុបឃិតជាមួយបុរសដទៃ សម្លាប់ព្រះថេរៈនោះក្នុងអត្តភាពទី ៩៩ ព្រះថេរៈនេះបានឃើញទោសមាន ប្រមាណប៉ុណ្ណេះរបស់យើងហើយ គិតថា គួរឲ្យសង្វេគ ឧបាសិកាបានធ្វើ កម្មធ្ងន់ហើយ។ ខាងពិចារណា (តទៅទៀត) ថា “យើងកាលត្រាច់រង្គាត់ ទៅក្នុងសង្សារវដ្ត យើងធ្លាប់បានធ្វើឧបការៈដល់ភិក្ខុដែលជាបុត្រនេះ ឬ មិនធ្លាប់ហ្ន៎” បានរឭកដល់អត្ថភាពទី ១០០ ក៏ជ្រាបថា ក្នុងអគ្គភាពទី ១០០ យើងជាបាទបរិចារិកានៃព្រះថេរៈនោះ បានឲ្យជីវិតជាទានក្នុងទីដែលត្រូវ សម្លាប់មួយកន្លែង គួរអស្ចារ្យណាស់ហ្ន៎ យើងធ្វើឧបការច្រើនដល់ភិក្ខុដែលជាបុត្ររបស់យើង អង្គុយនៅក្នុងផ្ទះនោះឯង ពោលថា “សូមលោកម្ចាស់ ពិចារណាមើលឲ្យក្រៃលែងឡើងចុះ”។ ព្រះថេរៈនោះ បានស្តាប់សំឡេង (របស់ឧបាសិកានោះ) ដោយសោតធាតុដែលជាទិព្វហើយ រឭកដល់អត្តភាពទី ១០០ ក៏ឃើញថា ឧបាសិកានោះ បានឲ្យជីវិតដល់ខ្លួនក្នុងទ. ៥៧១ អត្តភាពទី ១០០ ទើបគិតថា “គួរអស្ចារ្យ ឧបាសិកានេះធ្លាប់ធ្វើឧបការៈដល់យើង ដូច្នេះ ហើយមានចិត្តរីករាយពោលបញ្ហាក្នុងមគ្ក ៤ ផល ៤ ក្នុងទីនោះឯងដល់ឧបាសិកា លោកបានបរិនិព្វានហើយ ដោយនិព្វានធាតុដែលជាអនុបាទិសេស”។
ចប់ រឿងភិក្ខុមួយរូប