➥ — —
ព័ត៌មានខាងលើគឺសម្រាប់បង្ហាញនៅលើទំព័រដែលមានពាក្យដែលមិនមាននៅក្នុងវចនានុក្រម។
សម្រាប់ព័ត៌មានបន្ថែមអំពីវចនានុក្រម សូមមើល សន្ទស្សន៍និងសេចក្តីផ្តើម.
➥ វ៖ ព្យញ្ជនៈទី ២៩ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៤ ក្នុងសេសវគ្គឬអវគ្គ, ជាទន្តោដ្ឋជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់, ជាឃោសៈខាងអវគ្គ; មានបែបវេយ្យាករណ៍ឲ្យផ្លាស់ជា ព បានតាមគួរដល់ការប្រកប, ដូចជា
ទសវិធ > ទសពិធ, បវិត្រ > បពិត្រ, វណ៌ > ពណ៌, អត្តភាវ> អត្តភាព ជាដើម។ តួ វ នេះខ្មែរប្រើសំឡេងជាពីរ គឺ វ និង វ៉ ទាំងមានសំឡេងដោយអំណាចព្យញ្ជនៈអឃោស សង្កត់ឲ្យជា វ៉ ផង ដូចជា កង្វារ, តង្វាយ, សង្វាត ជាដើម។ សំ.បា. អានថា វៈ ឬ វ៉:។
នាមសព្ទ៖ យានមួយប្រភេទ មានគ្រែ, ដងស្នែង, ដំបូល សម្រាប់ឥស្សរជនថ្នាក់ខ្ពស់ជិះ មានមនុស្សសែង
គង់លើ-វ, ជិះវ (មានប្រើច្រើនតែក្នុងសម័យពីដើម); រ.ស. ព្រះវ វធម្មតា; (ព្រះសិវិកា ឬ ព្រះទីន័ងសិវិកាវមានក្បាច់រចនាវិចិត្រ)។
➥ វៈ! ឧទានសព្ទ៖ ពាក្យសម្រាប់ក្មេងដែលពួនចាំគ្នាលុះឃើញក្មេងឯទៀតមកដល់ជិតក៏ស្រែកពញ្ញាក់លេង ឬសម្រាប់ប្រឡែងលេងនឹងកូនក្មេងតូច, ចួនកាលថា វូមវៈ! ឬ វូមវៈអឺ!
➥ វក នាមសព្ទ៖ ឈ្មោះឆ្នាំទី ៩ (ស្វា)
ឆ្នាំវកជាឆ្នាំទី ៩ ក្នុងចំនួនឆ្នាំទាំង ១២ មានឆ្នាំជូតជាខាងដើមបង្អស់ ឆ្នាំកុរជាខាងចុងបំផុត។
➥ វ៉ក! កិរិយាសព្ទ៖ ជា ឧ. ចូរអុំសាប់ឲ្យញាប់ឡើង! ឬស្រែកបន្លឺថា ចូរចែវសាប់ឲ្យញាប់ឡើង!; ពាក្យសម្រាប់អ្នកទំក្បាលទូកអុំឬទូកចែវប្រណាំងស្រែកប្រាប់ពួកអ្នកអុំ ឬពួកអ្នកចែវសាប់ឲ្យញាប់ ដើម្បីឲ្យទូកស្ទុះលឿនឡើង។ ព.ផ្ទ. មួយយ៉ូមួយ!។
ឧទានសព្ទ៖ សម្រែកក្អែក ក្អែកយំវ៉កៗ។
សូរចង្អោរឬក្អួត
ចង្អោរវ៉ក។
➥ វក់ កិរិយាសព្ទ៖ ច្របល់សព្វអន្លើ វក់ស្ករត្នោតឲ្យរឹង (ច្រើនប្រើ វឹត ជាង)។
វរចិត្តខ្លាំង; រឹតឆ្កួត វក់ចិត្ត; វក់ឆ្កួត។
ងប់ចិត្តប្រព្រឹត្តលង់ក្នុងអំពើឥតប្រយោជន៍ វក់កញ្ឆា, វក់ស្រា, វក់ល្បែង, វក់ដើរលេងយប់។
ខំប្រឹងហួសកំណត់ឥតឈប់សម្រាក វក់ធ្វើការ, វក់រៀន។
➥ {វក់} វក់វី៖ ឬ វីវក់ វិលចុះវិលឡើងដដែលៗដូចគេវី
ដើរវក់វីច្រើនសាច្រើនត្រឡប់។ ធ្វើការវក់វី ឬ –វីវក់ ធ្វើការច្របូកច្របល់ ច្រើនមុខ នេះផងនោះផង។ ប្រើវក់វី ប្រើឲ្យធ្វើការច្របូកច្របល់ហួសប្រមាណ។ ល។
➥ វក្កំ៖ (វ័ក-ក័ង) នាមសព្ទ៖ (បា. < វក្ក; សំ. វ្ឫក្ក) តម្រងបស្សាវ: គឺអាការ:មួយប្រភេទ ក្នុងខ្លួនមនុស្ស មានសណ្ឋានជាសាច់ពីរដុំ ទ្រង់ទ្រាយស្រដៀងនឹងផ្លែស្វាយសម្រាប់ជ្រាបទឹកចូលទៅ ហើយជ្រាបហូរចុះមក ដក់ក្នុងក្រពះបស្សាវៈ (សព្ទនេះ តាមទម្លាប់រៀងមកតែងប្រែថា «ទាច», ប៉ុន្តែបើតាមពិត ទាច ជាឈ្មោះរោគធំពោះមួយប្រភេទ, មិនមែនជាឈ្មោះរបស់អាការ:ទេដឹង?) សម្រាប់ប្រើជា រ.ស. ព្រះវក្កំ។
➥ វគ្គ៖ (វ័ក) នាមសព្ទ៖ (បា.; សំ. វគ៌) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា
វគ្គអក្សរ, សេចក្ដីច្រើនវគ្គ។
➥ {វគ្គ} វគ្គក្ខរៈ៖ (វ័ក-គ័ក-ខ:រ៉:; បា. វគ្គក្ខរ < វគ្គ + អក្ខរ) អក្សរក្នុងវគ្គ គឺព្យញ្ជនៈ ២៥ តួ តាំងពី ក ដល់ ម ចែកជាវគ្គមាន ៥ គឺ វគ្គក, វគ្គច, វគ្គដ, វគ្គត, វគ្គប; តាំងពី យ រៀងទៅហៅថា អក្សរសេសវគ្គ ឬ អក្សរអវគ្គ (ព. វ)។
➥ {វគ្គ} វគ្គវោត៖ ឬ វោតវគ្គ (វ័ក–) វគ្គនិងវោត ឬ វោតនិងវគ្គ : និយាយមានវោតវគ្គ និយាយតាមដំណើរសេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្ដាប់ងាយយល់ (មើលក្នុងពាក្យ វោត ផង)។
➥ {វគ្គ} វគ្គសន្និបាត៖ (វ័ក-គ: សន់-និបាត ឬ –ស:ម៉ោ-ស) ដំណើរភ្ជុំពួក; ការប្រជុំគ្នា។
➥ {វគ្គ} វគ្គសមោសរ៖ មើលក្នុងពាក្យ វគ្គសន្និបាត។
➥ វគ្គន្តៈ៖ (វ័ក-គ័ន-ត:) នាមសព្ទ៖ (បា. < វគ្គ + អន្ត « ទីបំផុត, ចុង ») ទីបំផុតវគ្គ, ចុងវគ្គ; អក្សរចុងវគ្គ គឺព្យញ្ជនៈ ៥ តួ
ង, ញ, ណ, ន, ម; ហៅ វគ្គន្តក្ខរៈ ក៏បាន (បា. < វគ្គ + អន្ត + អក្ខរ; ព.វ.)។ ល។
➥ វង គុណសព្ទ៖ ថ្លៃ, មាសថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ (ច្រើនប្រើចំពោះស្រ្តីជាងបុរស) ស្រីវង, កែវវងស្រីថ្លៃ, កែវថ្លៃ។
ប្រើហៅសារិកាកែវក៏បាន
អាវងអើយ! (–អ្ហើយ ឬ –ង៉ើយ)។
នាមសព្ទ៖ ថ្លៃ, មាសថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ (ច្រើនប្រើចំពោះស្រ្តីជាងបុរស) ស្រីវង, កែវវងស្រីថ្លៃ, កែវថ្លៃ។
ប្រើហៅសារិកាកែវក៏បាន
អាវងអើយ! (–អ្ហើយ ឬ –ង៉ើយ)។
➥ វង់ កិរិយាសព្ទ៖ ធ្វើឲ្យជារង្វង់, ធ្វើឲ្យមានមណ្ឌលមូល, គូសវាសឲ្យមូល
វង់ភ្នែកក្ងោក វង់ឲ្យមានសណ្ឋានមូលប៉ុនភ្នែកក្ងោក។
នាមសព្ទ៖ មណ្ឌលមូល, ទីមានមណ្ឌលមូល, អ្វីៗដែលមានមណ្ឌលមូល; ក្រុមមនុស្សដែលប្រជុំគ្នាជាមណ្ឌលមូល; ប្រជុំកិច្ចការ; ក្រុមភ្លេង, ក្រុមល្បែង ជាដើម
វង់ការ ប្រជុំមុខការ, ដំណើរការ។
នាមសព្ទ៖ ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគូសដីជាវង់មូល, ជង់លុយបន្តុបលើគ្នាដាក់ត្រង់ទីកណ្ដាលវង់, បើចោលដោយមេសំណមូលផ្ដួលលុយនោះឲ្យខ្ទាតខ្លះចេញក្រៅវង់ ទុកថាជាឈ្នះ
ពួកក្មេងលេងវង់ (មានតែក្នុងពីដើម, ក្នុងសម័យបច្ចុប្បន្ន មិនមានទេ …)។
➥ {វង់} វង់ចិញ្ចៀន៖ មណ្ឌលចិញ្ចៀន: ចិញ្ចៀនមួយវង់ ចិញ្ចៀនមួយ។
➥ {វង់} ភ្លេងមួយវង់៖ ភ្លេងមួយពួកឬមួយក្រុម។
➥ {វង់} ល្បែងមួយវង់៖ ល្បែងមួយក្រុម។
➥ វង់ក្រចក នាមសព្ទ៖ ឈ្មោះវណ្ណយុត្តមួយគូមានសណ្ឋានកោងខុបបញ្ឈរ () នេះ, ដើមកំណើតនៅប្រទេសអឺរ៉ុប (បារ. ប៉ារ៉ង់តែស Parenthèse), សម្រាប់ប្រើបិទរាំងសេចក្ដីដែលមានដំណើរដោយឡែក … ; ជាវណ្ណយុត្ត, ក្នុងសម័យនេះ, ផ្សាយចេញទួទៅក្នុងសាកលលោក។
កិរិយាសព្ទ៖ សរសេរវណ្ណយុត្ត () នេះ
វង់ក្រចកទៅ!, ចុះវង់ក្រចកទៅ!
➥ វង់ព្រះអាទិត្យ នាមសព្ទ៖ ឈ្មោះប្រទាលមួយប្រភេទសន្ដានត្រាវ តែធាងនិងស្លឹកតូចជាង, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល
ប្រទាលវង់ព្រះអាទិត្យ គេច្រើនដាំក្នុងផើងសម្រាប់ប្រើជាគ្រឿងតាំង។
➥ វង្កត៖ (វង់កត់) នាមសព្ទ៖ (បា.) ឈ្មោះភ្នំមួយក្នុងពួកភ្នំហិមពាន្ត
ភ្នំវង្កត (ភ្នំមានសណ្ឋានវៀច); ហៅ វង្កតបព៌ត ឬ វង្កតគិរី ឬហៅតាមទម្លាប់ថា គិរីវង្កត ក៏បាន (មាននិយាយក្នុងវេស្សន្ដរជាតក)។
➥ វង្វាន់ បរិវារសព្ទ៖ ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ វង្វេង ថា
វង្វេងវង្វាន់ វង្វេងភ័ន្តស្មារតីឬភ័ន្តគំនិត, វង្វេងងេងងោង : ចាស់វង្វេងវង្វាន់។
➥ វង្វេង កិរិយាសព្ទ៖ ភ្លេចឬភ័ន្តស្មារតី, ភ័ន្តផ្លូវ; ភ័ន្តដំណើរគ្នា; ច្រឡំចាំពុំបាន; ស្រវឹងចិត្តជ្រប់
វង្វេងកាម ស្រវឹងកាមគុណ។
➥ {វង្វេង} វង្វេងគ្នា៖ បែកមិនចួបគ្នាក្នុងវេលាដើរដំណើរ ព្រោះភ័ន្តច្រឡំផ្លូវ។
➥ {វង្វេង} វង្វេងចិត្ត៖ ភ័ន្តចិត្ត។
➥ {វង្វេង} វង្វេងជាតិ៖ ភ័ន្តកំណើតទៅកើតតាមយថាកម្ម ខុសបំណង។
➥ {វង្វេង} វង្វេងផ្លូវ៖ ភ័ន្តច្រឡំផ្លូវ ខុសបំណងដែលត្រូវទៅ។
➥ {វង្វេង} វង្វេងស្មារតី៖ ភ័ន្តស្មារតីចាំៗភ្លេចៗ ឬបាត់ៗឃើញៗ។ ល។
➥ វង្ស៖ (វង់; បើជាបទសមាស.អ.ថ. វ័ង-ស: ឬវង់ស:) នាមសព្ទ៖ (បា. វំស; សំ. វំឝ) ពូជ, ជំបួរ, ជួរ, ក្រសែ, របា, ត្រកូល, តំណត្រកូល; ជាតិ។ ឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ។ ល។
➥ {វង្ស} វង្សប្រមុខ៖ មើលក្នុងពាក្យ វង្សនាថ។
➥ {វង្ស} វង្សវឌ្ឍនៈ៖ ឬ វង្សវ័ឌ្ឍន៍ សេចក្ដីចម្រើនរបស់ត្រកូល។
➥ {វង្ស} វង្សសមាចារ៖ ប្រពៃណី ឬទំនៀមល្អរបស់ត្រកូល។
➥ {វង្ស} វង្សស្ថិតិ៖ ការតាំងនៅនៃវង្ស។ ល។
➥ {វង្ស} វង្សានុវង្ស៖ (< វង្ស + អនុវង្ស) វង្សតៗតាមលំដាប់មក។
➥ {វង្ស} វង្សាវលី៖ ដូចគ្នានឹង ពង្សាវលី។ ល។ បើរៀងពីខាងចុងសព្ទដទៃ អ.ថ. វង់, ដូចជា : ខត្តិយវង្ស វង្សក្សត្រិយ៍។
➥ វង្សាអគ្គរាជ៖ (វង់សាអ័ក-គ:រាជ) នាមសព្ទ៖ (បា.សំ.; បា. < វំស «វង្ស» + អគ្គ «ប្រសើរ, លើសលែង, ចម្បង» + រាជ «ស្ដេច»; តាមរបៀបវេយ្យាករណ៍គួររៀងជា អគ្គរាជវង្ស ឬ –វង្សា «វង្សស្ដេចជាចម្បង») ឋានន្តររបស់សេនាបតីសម្រាប់ទោ ខាងក្រសួងយុត្តិធម៌ក្នុងកម្ពុជរដ្ឋ ក្នុងសម័យណាដែលមានក្សត្រិយ៍ឧភយោរាជ; សម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការក្រសួងនុះដែរ
អ្នកឧកញ៉ាវង្សាអគ្គរាជ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
➥ វចនៈ៖ (វ:ច:ន៉:) នាមសព្ទ៖ (សំ.បា. វចន) ពាក្យ, សម្ដី។ ប្រភេទពាក្យប្រាប់ចំនួនតិចច្រើនដែលកំណត់តាមបែបវេយ្យាករណ៍, សម្រាប់ភាសាបាលីមាន ២ យ៉ាងគឺ ឯកវចនៈ ប្រាប់ដំណើរថា មានតែមួយ ឬប្រាប់ដំណើរដែលប្រមូលចំនួនច្រើនរួបរួមតែមួយ បើធៀបនឹងភាសាខ្មែរដូចពាក្យថា មហាជន, ប្រជុំជន, ក្រុមយោធា, ក្រុមជំនុំ, ហ្វូងសត្វ ជាដើម; ពហុវចនៈ ប្រាប់ចំនួនពីត្រឹមពីរឡើងទៅ, ធៀបនឹងភាសាខ្មែរ ដូចពាក្យថា សត្វទាំងឡាយ, អស់លោក-អ្នក, អស់ទាំងទ្រព្យរបស់, យើង, យើងខ្ញុំ ជាដើម; សម្រាប់ភាសាសំស្រ្កឹតមាន ៣ យ៉ាង, ពីរយ៉ាងមានឈ្មោះដូចខាងលើដែរ, មួយយ៉ាងថែមទៀត ហៅ ទ្វិវចនៈ ប្រើប្រាប់ចំនួនត្រឹមតែពីរគត់, ឯប៉ែកខាង ពហុវចនៈ ប្រើប្រាប់ចំនួនតាំងពីត្រឹមបីឡើងទៅ; សម្រាប់ភាសាខ្មែរក៏ប្រើអនុលោមតាមភាសាទាំងពីរខាងលើនេះដែរ ប៉ុន្តែមានរបៀបមិនទៀងទាត់ទេ។
➥ {វចនៈ} វចនករ៖ –ការ, –ការក, –ការី (វ:ច:ន៉: –) អ្នកធ្វើតាមពាក្យ គឺអ្នកយកពាក្យ, អ្នកស្ដាប់បង្គាប់ (បើស្រ្តីជា វចនការិកា, –ការិនី)។
➥ {វចនៈ} វចនគារវៈ៖ ឬ (–គោរព) (វ:ច:ន៉:គារ:វ: ឬ –រប់; សំ. វចន + គៅរវ) ការគោរពសម្ដី គឺការជឿកាន់តាមពាក្យប្រដៅ។
➥ {វចនៈ} វចនានុរូប៖ (វ:ច:ន៉ា–; សំ.បា. < វចន + អនុរូប «តាមសមគួរ») តាមសមគួរដល់ពាក្យ; ការអនុលោមតាមពាក្យ។
➥ {វចនៈ} វចនាលង្ការ៖ (វ:ច:ន៉ាលុ័ង-កា; បា. < វចន + អលង្ការ «គ្រឿងប្រដាប់») គ្រឿងប្រដាប់ពាក្យ គឺសម្ដីសម្រាប់ប្រើកែមស៊ែមឲ្យស្រួលស្ដាប់; និបាតសព្ទសម្រាប់ប្រើជាគ្រឿងប្រដាប់រំលេចពាក្យឲ្យស្រួលស្ដាប់។
➥ {វចនៈ} វចនាវសាន៖ (វៈចៈន៉ាវៈ–; បា. < វចន + អវសាន «ទីបំផុត, ទីចប់») ទីបំផុតឬទីបញ្ចប់សម្ដី, ចុងពាក្យ, ចុងសម្ដី។ ល។
➥ វចនាធិប្បាយ៖ (វ:ច:ន៉ាធិប-បាយ) នាមសព្ទ៖ (បា. វចន + អធិប្បាយ; សំ. វចន + អភិប្រាយ > វចនាភិប្រាយ) អធិប្បាយពាក្យ គឺសេចក្ដីពន្យល់អំពីពាក្យនីមួយៗ ឲ្យឃើញច្បាស់លាស់; អភិធាន។
➥ វចនានុក្រម៖ (វ:ច:ន៉ានុក្រំ) នាមសព្ទ៖ (សំ. វចន + អនុ «តាម» + ក្រម « លំដាប់ »; បា. វចន + អនុ + កម > វចនានុក្កម) លំដាប់ពាក្យ, លំដាប់ពាក្យដែលរៀបរៀងតាមរបៀបមុនក្រោយ។ ឈ្មោះសៀវភៅនេះឯង
សៀវភៅវចនានុក្រមខ្មែរ។ វេវ. បទានុក្រម, លិបិក្រម, អក្ខរានុក្រម, អភិធាន, អភិធានសព្ទ, វចនាធិប្បាយ, សព្វវចនាធិប្បាយ។
➥ {វចី} វចីទុច្ចរិត៖ (–ទុច-ច:រ៉ិត) ការប្រព្រឹត្តអាក្រក់ដោយវាចា។
➥ {វចី} វចីបណាម៖ (–ប៉:–) ឬ –ប្រណាម ការបង្អោនវាចា គឺការបញ្ចេញវាចាសរសើរគុណដែលគួរគោរព ឬការគោរពដោយសម្ដី។
➥ {វចី} វចីបរមមិត្ត៖ ឬ (–មិត្រ) (–ប៉:រ៉:ម៉:មិត) មិត្រដែលបានតែមាត់, ដែលល្អតែមាត់។
➥ {វចី} វចីសមាចារ៖ (–ស:ម៉ាចា) ការប្រព្រឹត្តរៀបរយដោយវាចា, ការប្រើសម្ដីសុភាពរាបទាប, ការប្រើវាចាស្មោះស្មើ។
➥ {វច្ច} វច្ចទ្វារ៖ ឬ (–មគ្គ) (វ័ច-ច:ទ្វា ឬ –ម័ក) ទ្វារឬផ្លូវវច្ច: (ទ្វារឧច្ចារ:, ទ្វារធំ, ទ្វារបាត)។ ល។
➥ វជិរៈ៖ (វ:ជិរ:) នាមសព្ទ៖ (បា. វជិរ; សំ. វជ្រ) ពេជ្រ; កាំរន្ទះ; ខ្សែរស្មីផ្លេកបន្ទោរ; …។ អាវុធរបស់ព្រះឥន្ទ្រ (ពួកជាងតាំងពីព្រេងនាយរៀងមក គូរឬឆ្លាក់ធ្វើជារូបមានទ្រង់ទ្រាយស្រដៀងនឹងផ្កាចំប៉ីរីក ឬចួនកាលធ្វើជារូបខ្សែរស្មីផ្លេកបន្ទោរ, មានដងខ្លីដូចដងព្រះខ័ឌ្គ)។ គុ. រឹងស្រួយ; មានលំអ។
➥ {វជិរៈ} វជិរហត្ថ៖ (–ហ័ត; បា.; សំ. វជ្រហស្ដ ឬ វជិរាវុធ បា. < វជិរ + អាវុធ; សំ. វជ្រាយុធ < វជ្រ + អាយុធ) អ្នកដែលមានដៃកាន់វជីរ ឬអ្នកដែលមានវជីរជាអាវុធ (ព្រះឥន្រ្ទ)។
➥ វជីរ៖ (វ:ជី) នាមសព្ទ៖ មើលក្នុងពាក្យ វជិរៈ។
នាមសព្ទ៖ ពាក្យប្រើក្លាយមកពី វជិរៈ មើលក្នុងពាក្យ នុះ) កែវវជីរ, ត្បូងវជីរ, ពេជ្រ, ត្បូងពេជ្រ។
➥ វជីរ៖ (វ:ជី) នាមសព្ទ៖ មើលក្នុងពាក្យ វជិរៈ។
នាមសព្ទ៖ ពាក្យប្រើក្លាយមកពី វជិរៈ មើលក្នុងពាក្យ នុះ) កែវវជីរ, ត្បូងវជីរ, ពេជ្រ, ត្បូងពេជ្រ។
➥ វជ្ជទស្សិនី៖ មើលក្នុងពាក្យ វជ្ជទស្សី។
➥ វជ្ជទស្សី៖ (វ័ច-ជ:ទ័ស-សី) គុណសព្ទ៖ (បា.; សំ. វជ៌្យទរ្ឝិន៑) ដែលឃើញទោសគេជាប្រក្រតី; អ្នកដែលឃើញតែទោសគេ (បើស្រ្តីជា វជ្ជទស្សិនី)។
នាមសព្ទ៖ (បា.; សំ. វជ៌្យទរ្ឝិន៑) ដែលឃើញទោសគេជាប្រក្រតី; អ្នកដែលឃើញតែទោសគេ (បើស្រ្តីជា វជ្ជទស្សិនី)។
➥ វញ្ចនាការ៖ (វ័ញ-ច:ន៉ាកា) នាមសព្ទ៖ (បា.) អាការបញ្ឆោត; អាការបោក, អាការបោកប្រាស់ ធ្វើកលល្បិចដោយវញ្ចនាការ។
វញ្ចនាការនៃពួកយោធា អាការនៃកលល្បិចរបស់ពួកទាហានក្នុងសង្គ្រាម, កលបញ្ឆោតនៃពួកទាហាន។ ច្បាំងឈ្នះបច្ចាមិត្តដោយវញ្ចនាការ តយុទ្ធឈ្នះសត្រូវដោយអាការប្រើល្បិចបញ្ឆោត។ ល។ (មើលក្នុងពាក្យ ប្រវ័ញ្ច កិ. និង ប្រវ័ញ្ចន៍ ន. ទៀតផង)។
➥ វញ្ឈៈ៖ (វ័ញ-ឈ:) គុណសព្ទ៖ (បា. វញ្ឈ; សំ. ពន្ធ្យ) ដែលមិនមានកូន (អា); ដែលមិនមានផល, ឥតប្រយោជន៍; ដែលឥតផ្លែ។ ប្រើជាបទសមាស
វញ្ឈកម្ម ការងារឥតផល, អំពើឥតប្រយោជន៍។ វញ្ឈព្រឹក្ស ឈើដែលឥតផ្លែ (ឈើអា ឬឈើឈ្មោល)។ ល។
➥ វដ្ដ៖ (វ័ត-ដ:) គុណសព្ទ៖ (បា. វដ្ដ; សំ. វ្ឫត្ត) ដែលវិល; មូល, ដែលជាវង់មូល។ ន. ការវិលទៅមក; ដំណើរវិលកើតវិលស្លាប់; វង់មូល; តម្លៃសម្រាប់ចាយប្រើស្បៀង។
➥ {វដ្ដ} វដ្ដសង្សារ៖ (បា. –សំសារ) ដំណើរអន្ទោលវិលកើតវិលស្លាប់។
➥ {វឌ្ឍកី} វឌ្ឍកីកម្ម៖ (បា. វឌ្ឍកិ–) ការជាងឈើ, ការងាររបស់ជាងឈើ។
➥ {វឌ្ឍកី} វឌ្ឍកីហត្ថ៖ (បា. វឌ្ឍកិ–) ហត្ថជាងឈើ, ហត្ថខ្នាត។ ល។
➥ វឌ្ឍន៖ (វ័ត-ឍ:ន:) នាមសព្ទ៖ (បា. វឌ្ឍន; សំ. វទ៌្ធន ឬ វធ៌ន) សេចក្ដីចម្រើន; ការលូតលាស់; ដំណើរដុះដាល; ដំណើរកើតកាលវាលគុម្ព។ ព.ផ្ទ. ហាយន ឬ ហាយនៈ។
➥ វណរោគ៖ (វ:ណ:រោក) នាមសព្ទ៖ (បា. វណ «ដំបៅ» + រោគ «ជំងឺ»; សំ. វ្រណ + រោគ) រោគពិការអាការៈខាងក្នុង មានសួត, ថ្លើម, ក្រពះ ជាដើម; រោគរបេង
វណរោគ ជាជំងឺរឹងត្អឹង ពេទ្យរក្សាបានដោយកម្រ។
➥ វណិជ្ជា៖ (វ:និច-ជា) នាមសព្ទ៖ (បា.; សំ. វណិជ្យា) ការលក់ដូរ, ជំនួញ (មើលក្នុងពាក្យ ពាណិជ្ជ ឬ ពាណិជ្យ ផង)។
➥ វ័ណ្ដ៖ (វាន់) កិរិយាសព្ទ៖ (សំ. វណ្ដ; បា. វណ្ដ, វណ្ឌ «ចងព័ទ្ធ; បែង; ចែក…») ចងព័ទ្ធ, រុំព័ទ្ធ, ព័ទ្ធព័ន្ធ, ព័ទ្ធជុំវិញ; ស្លៀកឬដណ្ដប់ព័ទ្ធប៉ឹង (ច្រើនសរសេរ វ័ណ្ឌ ជាង)
វ័ណ្ឌសំពត់ដូចព្នង។
នាមសព្ទ៖ (សំ. វណ្ដ; បា. វណ្ដ, វណ្ឌ) ភាគ, ចំណែក; ការចងព័ទ្ធ; ទង; កួរ។ កណ្ដាប់ព័ទ្ធជុំវិញ (ច្រើនសរសេរ វ័ណ្ឌ ជាង)
វ័ណ្ឌថាំង, វ័ណ្ឌធុង, ដែកវ័ណ្ឌផាឌិប (សរសេរជា វណ្ដ ឬ វ័ណ្ឌ ក៏បាន)។
➥ {វ័ណ្ដ} វ័ណ្ឌកន្ទប៖ ស្លៀកកន្ទបប្រផុតប្រផើយ។
➥ {វ័ណ្ដ} វ័ណ្ឌលោន៖ (ស. លោន អ.ថ. ល៉ូន «ត្រងិល; ត្រងោល ») ស្លៀកបិទបាំងជិតតែពីខាងមុខ។ ល។ (សរសេរជា វណ្ដ ឬ វណ្ឌ ក៏បាន, តាមទម្លាប់ប្រើ; សរសេរក្លាយជា វាន់ ក៏មាន ប៉ុន្តែបើពេញចិត្ត គួរឈប់សរសេរ វាន់ ព្រោះឃ្លាតឆ្ងាយពីប្រភពនៃពាក្យ)។
➥ វណ្ណ៖ (វ័ន-ណ:) នាមសព្ទ៖ (បា. វណ្ណ; សំ. វណ៌) អក្សរ។
នាមសព្ទ៖ (បា. វណ្ណ; សំ. វណ៌) ព័ណ៌, សម្បុរ; ពន្លឺ, រស្មី; ភេទ; ថ្នាក់វង្ស, ពូជ, ពូជពង្ស (របស់មនុស្ស)។ តាមលទ្ធិព្រាហ្មណ៍ ចែកពូជរបស់មនុស្សជា ៤ ថ្នាក់ ទី១- ព្រាហ្មណៈ ថា (ដើមកំណើតដំបូងបំផុត) កើតអំពីព្រះឱស្ឋរបស់ព្រហ្ម (ព្រហ្មតម្រូវឲ្យជាម្ចាស់សាសនា មានមុខការខាងបង្រៀនប្រៀនប្រដៅវេទមន្តវិជ្ជាផ្សេងៗ); ទី២- ក្សត្រិយៈ ឬ ខត្តិយៈ កើតអំពីព្រះពាហារបស់ព្រហ្ម (មានមុខការខាងគ្រប់គ្រងរក្សាប្រទេស); ទី៣- វៃស្យៈ ឬ វេស្សៈ កើតអំពីព្រះឧរុរបស់ព្រហ្ម (មានមុខការខាងធ្វើកិច្ចការខ្ពង់ខ្ពស់ចុះរងពីក្សត្រិយៈមក ឬកិច្ចការធម្មតា); ទី៤- សូទ្រៈ ឬ សុទ្ទៈ កើតអំពីព្រះបាទរបស់ព្រហ្ម (មានមុខការខាងស៊ីឈ្នួលឬការថយថោកផ្សេងៗ)។ មានបញ្ញតិ្តឲ្យស្លៀកដណ្ដប់សំពត់ព័ណ៌ផ្សេងគ្នាគឺ ព្រាហ្មណៈ ត្រូវប្រើសំពត់ព័ណ៌ស, ក្សត្រិយៈ ប្រើសំពត់ព័ណ៌ក្រហម, វៃស្យៈ ប្រើព័ណ៌លឿង, សូទ្រៈ ប្រើព័ណ៌ខ្មៅ; ដោយហេតុនេះទើបហៅពូជរបស់មនុស្សទាំង ៤ ថ្នាក់នុះថា វណ្ណៈ ឬ វណ៌ៈ គឺហៅដោយសំដៅព័ណ៌សំពត់ស្លៀកដណ្ដប់នុះឯង។ វណ្ណៈទាំង៤នេះហៅតាមអដ្ឋកថាជា កុលវគ្គ «ពួកត្រកូល» ដូច្នេះវិញក៏បាន។ លុះចំណេរកាលយូរមកពាក្យថា វណ្ណៈ ឬ វណ៌ៈ នេះ ពួកអ្នកប្រាជ្ញខាងអក្សរសាស្រ្តកំណត់ឲ្យប្រែថា «ភេទ; ថ្នាក់វង្ស, ពូជ, ពូជពង្ស (របស់មនុស្ស)«។ បវេណីក្នុងកម្ពុជរដ្ឋ លើកថ្នាក់វង្ស ក្សត្រិយ៍ ជាទី១, បារគូបុរោហិត (ដែលសន្មតថាព្រាហ្មណ៍) ជាទី២, វៃស្យៈ (ពូជព្រៃងារ) ជាទី៣, សូទ្រៈ (ពូជអ្នកងារ) ជាទី៤ (តែឥឡូវពូជសូទ្រៈលើកលែងមិនឲ្យមាន, រាប់បញ្ចូលជាប្រជាជនស្មើមុខគ្នាជាមួយនឹងវៃស្យៈទាំងអស់); ឯព័ណ៌សំពត់ស្លៀកដណ្ដប់មិនមានបញ្ញតិ្ត, មានកំណត់ឲ្យប្រើសំពត់ព័ណ៌ផ្សេងគ្នាតែក្នុងព្រះរាជពិធីធំម្ដងៗ, ចំពោះតែក្សត្រិយ៍និងមន្ត្រី, ប្រើតាមថ្នាក់ទាំង៤សម្រាប់គឺ ១-សម្រាប់ឯក (សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ) ប្រើសំពត់ព័ណ៌ក្រហម; ២- សម្រាប់ទោ (សម្រាប់ក្សត្រិយ៍ឧភយោរាជ) ប្រើព័ណ៌បៃតង; ៣- សម្រាប់ត្រី (សម្រាប់ក្សត្រិយ៍ឧបរាជឬឧបយុវរាជ) ប្រើព័ណ៌ស្វាយ; ៤- សម្រាប់ចត្វា (សម្រាប់សម្ដេចព្រះវររាជជននី) ប្រើព័ណ៌ខៀវ។ ព័ណ៌ផ្លិតសមណស័ក្ដិសម្រាប់បព្វជិតជារាជាគណៈឋានានុក្រមក៏ប្រើព័ណ៌តាមលំដាប់ថ្នាក់ទាំង ៤ សម្រាប់នុះដែរគឺ សម្រាប់ឯក ផ្លិតព័ណ៌ក្រហម; សម្រាប់ទោ ផ្លិតព័ណ៌បៃតង; សម្រាប់ត្រី ផ្លិតព័ណ៌ស្វាយ; សម្រាប់ចត្វា ផ្លិតព័ណ៌ខៀវ។
នាមសព្ទ៖ (បា.; សំ. វណ៌) លម្អ; គុណ; សេចក្ដីសរសើរ, ពាក្យសរសើរ; ពាក្យពណ៌នាកេរ្តិ៍ឈ្មោះល្អ; រូបរាង; បែប, បែបយ៉ាង; ការកំណត់ហេតុ; លក្ខណៈ; …។
➥ {វណ្ណ} វណ្ណកូបិកា៖ (–ប៉ិ–) ដបទឹកសរសេរ (ដបទឹកខ្មៅ)។
➥ {វណ្ណ} វណ្ណតូលិកា៖ ប៉ាកកៃ; ស្លាបប៉ាកកា។
➥ {វណ្ណ} វណ្ណតូលិកាទណ្ឌ៖ (–ទ័ន) ដងប៉ាកកៃ; ដងប៉ាកកា។
➥ {វណ្ណ} វណ្ណព្រឹត្ត៖ ឆន្ទ, កាព្យ : ឆន្ទវណ្ណព្រឹត្ត។
➥ {វណ្ណ} វណ្ណវិបរិយាយ៖ ឬ វណ៌វិបយ៌ាយ (វ័ន-ណ:វិប៉:រ៉ិយ៉ាយឬវ័រ-ណ:វិបុ័រ-យ៉ាយ) ការលើកតួអក្សរត្រឡប់យកដើមជាចុងឬចុងជាដើម, ដូចជា : មសក ជា មកស «មូស' ជាដើម (ព.វ.បា. សំ.)។ ល។
វណ្ណ- សព្ទនេះ ប្រើរួមចូលជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា ៖
➥ {វណ្ណ} វណ្ណមត្ត៖ ឬ (–មាត្រ) (វ័ន-ណៈម៉ាត់ ឬ –មាត) ដែលមានត្រឹមតែសម្បុរ; ដែលបានតែព័ណ៌ឥតក្លិន : ផ្កាវណ្ណមត្ត ឬ –មាត្រ; ដែលមានត្រឹមតែពូជពង្សឧត្តម តែឥតចំណេះវិជ្ជា ឬខ្សត់ទ្រព្យ ឬក៏ឥតគេរាប់ : មនុស្សវណ្ណមត្ត ឬ –មាត្រ (បើស្រ្តីជា វណ្ណមត្តា ឬ –មាត្រា)។
➥ {វណ្ណ} វណ្ណវ័ត៖ ឬ (–វន្ត) (វ័ន-ណ:វាត់ ឬ –វាន់) មានសម្បុរ (ល្អ); មានពូជពង្ស (បើស្រ្តីជា វណ្ណវតី ឬ –វន្តី)។
➥ {វណ្ណ} វណ្ណសង្ករ៖ (វ័ន-ណ:ស័ង-ក:រ៉: ឬ –សង់-ក) សេចក្ដីរង្កៀសចំពោះពូជពង្ស; ការលាយច្រឡំពូជពង្ស; ការលាយចម្រុះព័ណ៌។
➥ {វណ្ណ} វណ្ណសណ្ឋាន៖ សម្បុរនិងទ្រងទ្រាយ : មានវណ្ណសណ្ឋានផ្សេងគ្នា។
➥ {វណ្ណ} វណ្ណសម្បត្តិ៖ (–សំប័ត) ការបរិបូរដោយសម្បុរ។
➥ {វណ្ណ} វណ្ណសេដ្ឋ៖ ឬ វណ៌ស្រេស្ឋ (វ័ន-ណ: សេត ឬ វ័រ-ណ:ស្រេស) ដែលប្រសើរព្រោះពូជពង្ស (ព្រាហ្មណ៍ឬក្សត្រិយ៍); បើស្រ្តីជា វណ្ណសេដ្ឋា ឬ វណ៌ស្រេស្ឋា … (ព្រាហ្មណី ឬ ក្សត្រិយានី)។ វណ្ណសំសគ្គៈ (វ័ន-ណ: ស័ងស័ក-គ:) ការច្រឡំពូជពង្ស, ការលាយពូជពង្ស; ការកាត់ពូជពង្សដែលទីទៃពីគ្នា : កូនវណ្ណសំសគ្គៈ។ ល។
ប្រើផ្សំជាមួយនឹងសព្ទដទៃ ៖
➥ {វណ្ណ} វណ្ណប្បភេទ៖ (វ័ន-ណ័ប-ប៉ៈភេត) ដំណើរផ្សេងបែបគ្នា, បែបទីទៃពីគ្នា; …។
➥ វណ្ណនា៖ (វ័ន-ណៈ–) នាមសព្ទ៖ (បា.; សំ. វណ៌នា) ពាក្យពណ៌នា, ពាក្យពន្យល់, សេចក្ដីអធិប្បាយ, អដ្ឋកថា, ការសរសេរ។
➥ វណ្ណយុត្ត៖ (វ័ន-ណៈយុត) នាមសព្ទ៖ (បា.ស.; សំ. វណ៌យុក្ត ឬ –យុក្ដិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ; វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន ១៨ យ៉ាងគឺ ១- វិសជ៌នី ឬ វិសគ៌ៈ ឬក៏រះមុខ (ះ); ២- មូសិកទន្ត ឬ ធ្មេញកណ្ដុរ (៉); ៣- ត្រីសព្ទ (៊); ៤- ទណ្ឌឃាត ឬ បដិសេធ (៍); ៥- របាទ ឬ រេផៈ (៌); ៦- រស្សសញ្ញា ឬ បន្តក់ (់); ៧- សំយោគសញ្ញា (័); ៨- លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ); ៩- លេខអស្ដា (៏); ១០- កាកបាទ ឬ ជើងក្អែក (+); ១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙); ១២- របះ (។); ១៣- របះចប់ ឬ របះបរិយោសាន (៕); ១៤- គោមូត្រ (៚); ១៥- រ៉ាត់ ឬ គាប (}); ១៦- រជ្ជុសញ្ញា (–); ១៧- មច្ឆណ្ឌសញ្ញា ឬ ពងត្រី (…) ; ១៨- បេយ្យាល (។ បេ។) ឬ (។ ល។); ជា ១៩ យ៉ាងនឹង យុគលពិន្ទុ នេះ (:) ដែលទើបនឹងបង្កើតថ្មី សម្រាប់ប្រើចុចសម្រួលពាក្យឲ្យងាយថា, ដូចជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម។ ក្នុងវចនានុក្រមនេះ មានប្រើវណ្ណយុត្តរបស់អឺរ៉ុបផង គឺ ., ; :? ! = < > » » () សម្រួលតាមសម័យនិយម (ដែលក្នុងសម័យបច្ចុប្បន្នបានឲ្យឈ្មោះជា សំ.បា. ឬជាខ្មែរអស់ហើយ)។
➥ វណ្ណយុត្តិ នាមសព្ទ៖ មើលក្នុងពាក្យ វណ្ណយុត្ត។
➥ វត្ត៖ (វាត់) នាមសព្ទ៖ (បា.; សំ. វត៌) ប្រព្រឹត្តិ, ការប្រព្រឹត្ត, សេចក្ដីប្រតិបត្តិ; មុខការ, កិច្ច ដែលគួរធ្វើ; នាទី; ការកាន់សីលធម៌; សេចក្ដីគោរព; ទំនៀម, សណ្ដាប់ធ្នាប់
មនុស្សមានវត្តល្អ មនុស្សមានសេចក្ដីប្រតិបត្តិល្អ; សិស្សធ្វើវត្ត ឬ យកវត្តគ្រូ សិស្សធ្វើសេចក្ដីគោរពចំពោះគ្រូ។
នាមសព្ទ៖ ទីដែលមានវត្តប្រតិបត្តិ (?); អាវាសឬអារាមជាទីនៅអាស្រ័យរបស់ពួកសមណៈ ឲ្យកូននៅវត្ត ឲ្យកូនទៅនៅរៀនអក្សរឯវត្ត។
សាលាវត្ត សាលាសម្រាប់ប្រជុំធ្វើបុណ្យក្នុងវត្ត; សាលារៀនក្នុងវត្ត។ ល។ បុរាណហៅថា ក្ដី
ឲ្យកូនទៅនៅក្ដី។
➥ {វត្ត} វត្តប្រតិបត្តិ៖ (វ័ត-ប្រៈតិប័ត) ការប្រតិបត្តិតាមកិច្ចដែលគួរធ្វើ។
➥ {វត្ត} វត្តប្បដិវត្ត៖ (វ័ត-ត័ប-ប៉ៈដិវ័ត) វត្តប្រតិបត្តិតូចនិងធំ។
➥ {វត្ត} វត្តសមាទាន៖ (–សៈម៉ា–) ការកាន់វត្តប្រតិបត្តិ។
➥ {វត្ត} វត្តសម្បន្ន៖ (–សំ-ប័ន) ដែលបរិបូរដោយវត្តប្រតិបត្តិ; បើស្រ្តីជា វត្តសម្បន្នា (–ស័ម-ប័ន-ន៉ា)។ ល។
➥ វត្តមានកាល៖ (វ័ត-តៈម៉ាន៉ៈ—) នាមសព្ទ៖ (បា.; សំ. វត៌–) បច្ចុប្បន្នកាល (ព័ត៌មានកាល)។
➥ វត្តមានា៖ (វ័ត-តៈ—) នាមសព្ទ៖ (បា.; សំ. វត៌–) ឈ្មោះវិភត្តិអាខ្យាតថ្នាក់ទី១ប្រាប់បច្ចុប្បន្នកាល
វិភត្តិវត្តមានា (ព.វ.បា. សំ.)។
➥ {វត្ថ} វត្ថកោដ្ឋាគារ៖ (បា. < វត្ថ + កោដ្ឋ «ឃ្លាំង; ជង្រុក» + អគារ «ផ្ទះ») ឃ្លាំងសំពត់។
➥ {វត្ថ} វត្ថបរិភោគ៖ ឬ វត្ថភោគ ការប្រើប្រាស់សំពត់ (ការស្លៀកដណ្ដប់)។
➥ {វត្ថ} វត្ថាលង្ការ៖ (វ័ត-ថាលុ័ង-កា; បា. < វត្ថ + អលង្ការ) សំពត់និងអលង្ការ (គ្រឿងប្រដាប់ខ្លួន)។ ល។
➥ វត្ថពន្ធ៖ (វ័ត-ថ្ពន់) នាមសព្ទ៖ (បា.ស.; បា. < វត្ថ «សំពត់» + ពន្ធ «ចង, ក្រវាត់») សំពត់សម្រាប់ក្រវាត់ ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, មាន ២ យ៉ាងគឺ វត្ថពន្ធចង្កេះ សម្រាប់ក្រវាត់ត្រង់ចង្កេះ ដើម្បីរក្សាបរិមណ្ឌលស្បង់, បាលីហៅថា កាយពន្ធន មាន ២ បែបគឺ សូករន្តកៈ ធ្វើដោយផ្ទាំងសំពត់តូចវែង មានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក, បដិកៈ ធ្វើដោយចេសសូត្រឬអំបោះត្បាញចាក់ស្រែះជាបន្ទះ មានខ្សែក្រងត្រង់ខាងចុងទាំងពីរល្មមក្រវាត់បាន (វត្ថពន្ធចង្កេះ ទាំងពីរបែបនេះមានតាំងពីក្នុងពុទ្ធកាលតរៀងមក, មានពុទ្ធប្បញ្ញត្តិ ឲ្យពួកបព្វជិតក្រវាត់ក្នុងវេលាដែលនឹងចូលទៅក្នុងភូមិ, ឯវេលាក្រៅពីនេះមិនមានកំណត់); វត្ថពន្ធទ្រូង បាលីហៅ ឧរពន្ធន សម្រាប់ក្រវាត់ត្រង់ខាងក្រោមដោះលើផ្នត់សង្ឃាដី ដែលពាក់ពាតលើស្មាខាងឆ្វេងពីលើចីពរដែលគ្រង ដើម្បីរក្សាបរិមណ្ឌលចីពរនិងសង្ឃាដីកុំឲ្យធ្លាក់រយីករយាក (ប្រើក្នុងវេលាពាក់ផ្នត់សង្ឃាដីពាតលើឧត្ដរាសង្គៈ); វត្ថពន្ធទ្រូងនេះកើតមានក្នុងសម័យខាងក្រោយពុទ្ធកាល ស្រករគ្នានឹងសំពត់អង្ស័ក; វត្ថពន្ធទ្រូងនិងអង្ស័កទាំងពីរមុខនេះជាបរិក្ខារចោឡៈ គឺជាគ្រឿងបរិក្ខាររាយរង, ត្រូវការប្រើប្រាស់ក៏បាន មិនបាច់ប្រើក៏បាន ប្រហែលគ្នានឹងគ្រឿងបរិក្ខារតូចៗ ដូចយ៉ាងកន្សែងជូតមុខជាដើមនោះដែរ មានក៏បាន មិនបាច់មានក៏បាន (ព.វិ. ពុ.)។
➥ វត្ថិ៖ (វ័ត-ថិ) នាមសព្ទ៖ (បា.; សំ. វស្តិ) ក្រពះបស្សាវៈ; (រ.ស.)
ព្រះវត្ថិ (មើលក្នុងពាក្យ វក្កំ ផង)។
➥ វត្ថុ៖ (វ័ត-ថុ) នាមសព្ទ៖ (បា.; សំ. វស្តុ, សំ. ក្ល. ពស្តុ; ប្រើឃ្លាតក្លាយមកជា ភ័ស្តុ) របស់ជាទីតាំង; លំនៅ; ទី; ទីដី; ចម្ការ; ទ្រព្យ; អីវ៉ាន់; រឿង; រឿងនិទាន; ហេតុ; ដើមហេតុ; ដំណើរសេចក្ដី; ខ្លឹម, ខ្លឹមសារ; គុណសម្បត្តិ; ព្រះរត្នត្រ័យ។ ល។
ខ្ញុំមកដៃទទេ ឥតមានវត្ថុអ្វីផ្ញើអ្នកទេ!។
➥ {វត្ថុ} វត្ថុទេវតា៖ ទេវតាដែលអាស្រ័យនៅនាផ្ទះលំនៅ ឬនៅទីដីចម្ការច្បារដំណាំរបស់មនុស្ស។
➥ {វត្ថុ} វត្ថុសម្បទា៖ (–ស័ម-ប៉ៈ–) ការគ្រប់គ្រាន់ដោយគុណសម្បត្តិ។
➥ {វត្ថុ} វត្ថុស្វាធ្យាយ៖ ការរៀនទន្ទេញចំណាំឲ្យស្គាល់វត្ថុផ្សេងៗ (មើលក្នុងពាក្យ ស្វាធ្យាយ ផង)។ ល។
➥ វត្សរ៍៖ (វ័ត) នាមសព្ទ៖ (បា. សំវច្ឆរ; សំ. សំវត្សរ, ឬលុប សំ នៅត្រឹមតែ វត្សរ) ឆ្នាំ
បៀវត្សរ៍ ប្រាក់រង្វាន់ឆ្នាំ; សតវត្សរ៍ កាលកំណត់មួយជុំរយឆ្នាំ, មួយខួបរយឆ្នាំ; ដប់សតវត្សរ៍ ជាមួយពាន់ឆ្នាំ។
➥ វទ័ន៖ (វៈទ័ន) នាមសព្ទ៖ (សំ.បា. វទន) ការនិយាយ; ពាក្យ; ធ្មេញ; មាត់ (ព.កា.)
ប្រយ័ត្នវទ័ន កុំពោលរួសរាន់ ដោយឥតគំនិត មុននឹងនិយាយ ត្រូវមានការគិត ការឥតគំនិត រមែងភ្លាំងភ្លាត់។ ដូចត្រីកំភ្លាញ មានក្ដីលិចលាញ ស្លាប់ខ្លួនព្រោះមាត់ កក្អិចឥតស្រាក គេទៅជញ្ជាត់ ព្រោះតែវាមាត់ ភ្លាត់ខ្លួនចូលឆ្នាំង។
➥ វទញ្ញូ៖ (វៈទ័ញ-ញូ) នាមសព្ទ៖ (បា; សំ. វទន្យ) អ្នកដឹងក្នុងការនិយាយស្ដី; អ្នកចេះនិយាយស្ដីគួរដល់ការ; អ្នកដែលមានចិត្តទូលាយ; មនុស្សចិត្តបុណ្យ; អ្នកដែលដឹងក្នុងការឱបអរសាទរ (ទាំងបុរសទាំងស្រ្តី)។ (ព.កា.)
អ្នកវទញ្ញូ អាចជាគំរូ ឲ្យគេធ្វើតាម សម្ដីទៀងទាត់ មិនភ្លាំងភ្លាត់ភ្លាម ទើបបានមាននាម ថាប្រាជ្ញវោហារ។
➥ វ័ធ កិរិយាសព្ទ៖ (បា. វធ < ហន ' បៀតបៀន; សម្លាប់ ») ដួសឆ្កឹះខ្លាំងដោយចុងស្នែង
ក្របីវ័ធ (សរសេរជា វាត់ ក៏មាន; គួរប្រើ វ័ធ នេះវិញ ត្រឹមត្រង់តាមប្រភពដើម)។
➥ វធូ៖ (វៈ–) នាមសព្ទ៖ (សំ.បា.) ស្រ្តីមានគូស្រករ, ស្រ្តីក្រមុំដែលទើបមានស្វាមី; ស្ត្រីដែលមាតាបិតាក្មេកកំពុងសង្កេតឫកមារយាទ។ (ព.កា.)
វធូជាស្រី ខ្លួនទើបមានប្ដី ត្រូវផ្គង់ចរិយា ប្រយ័ត្នទាស់ឆ្គង គន្លងមាត្រា មាតាបិតា អរមិនតិចឡើយ។
➥ វន៖ (វៈនៈ) នាមសព្ទ៖ (សំ.បា. វន) ព្រៃ។ ទឹក; ទីនៅ, ទីអាស្រ័យ; ផ្ទះ; ភូមិលំនៅ; …។ ប្រើផ្សំជាមួយនឹងសព្ទដទៃ ៖
➥ {វន} វនមូលផលាផល៖ (វនៈមូលៈផៈល៉ាផល់) មើមដំឡូងនិងផ្លែឈើតូចធំក្នុងព្រៃ។
➥ {វន} វនវប្បកម្ម៖ (– វ៉ាប់-ប៉ៈ–) ការដាំឈើព្រៃ, វិទ្យាសាស្រ្តខាងការបណ្ដុះនិងការថែរក្សាដើមឈើ។
➥ វនរ័ត៖ (វៈនៈ–) នាមសព្ទ៖ (បា. < វន «ព្រៃ» + រត «ដែលត្រេកអរ ឬអ្នកត្រេកអរ») អ្នកត្រេកអរក្នុងព្រៃ ឬអ្នកពេញចិត្តនៅតែក្នុងព្រៃ។
ឋានន្តរជាសមណស័ក្ដិទីរាជាគណៈសម្រាប់ឯកក្នុងកម្ពុជរដ្ឋ ដែលព្រះមហាក្សត្រិយ៍ក្នុងបុរាណសម័យទ្រង់តាំងព្រះមហាថេរអង្គណាមួយ ដែលជាអ្នកប្រាជ្ញខាងពួកអរញ្ញវាសី; លុះចំណេរកាលតៗរៀងមក ទោះបីព្រះថេរៈដែលជាគាមវាសីក៏អាចទទួលឋានន្តរនេះបាន តាមដោយព្រះមហាក្សត្រិយ៍ទ្រង់សព្វព្រះរាជហឫទ័យតាំង ហៅថា ព្រះវនរ័ត ចួនកាលឡើងដល់ទី សម្ដេច ក៏មាន
សម្ដេចព្រះវនរ័ត (ធៀបគ្នានឹងឋានន្តរស័ក្ដិនៃសេនាបតីសម្រាប់ឯកខាងអាណាចក្រទីចក្រីកុញ្ជរាធិបតី)។ សមណស័ក្តិនេះតាមប្រវត្តិក្នុងប្រទេសសៀមសរសេរជា វនរ័តន៍ ឬ –រ័ត្ន «ព្រៃកែវ», ជាឋានន្តរដែលព្រះមហាក្សត្រិយ៍ពីព្រេងនាយ ទ្រង់តាំងព្រះមហាថេរអង្គមួយជាលង្កាវង្សគង់នៅក្នុងវត្តព្រៃកែវក្នុងប្រទេសសៀម។
➥ វនស្បតិ៖ (វៈន័ស-ស្ប៉ៈ–) នាមសព្ទ៖ (សំ. វនស្បតិ; បា. វនប្បតិ «ឈើជាម្ចាស់នៃព្រៃ») ឈើធំទាំងពួងឬឈើជាចម្បងជាងដើមឈើឯទៀតៗ ក្នុងព្រៃមួយៗ។
មានន័យមួយផ្សេងថា ឈើដែលបញ្ចេញផ្កាជារូបផ្លែមកតែម្ដង
ខ្នុរ, ល្វា, ល្វាដី … ជាវនស្បតិ ឬ វនស្បតិព្រឹក្ស (ប្រើជា វនប្បតិ ឬ វនប្បតិព្រឹក្ស ក៏បាន)។
➥ វនិព្វក៖ (វៈនិប-ពៈកៈ ឬ –ពក) នាមសព្ទ៖ (បា.; សំ. វនីក, វនីបក, វនីយក) ស្មូម; ស្មូមអ្នកពោលពណ៌នាសរសើរគុណរបស់អ្នកឲ្យឬសរសើរផលទានជាមុនរួចទើបសូមទាន ឬក៏ពោលសរសើរ, ពោលពាក្យឲ្យពរ ក្នុងកាលដែលគេឲ្យទានមកខ្លួនរួចហើយ (សរសេរជា វណិព្វក ក៏បាន)។
➥ វន្ត៖ (វាន់) ពាក្យនេះជា បច្ច័យតទ្ធិត (បា. វន្តុ > វន្ត) ប្រែថា «មាន» សម្រាប់ចុះផ្សំពីខាងចុងសព្ទបាលី ច្រើនតែជាអរូបនាម ដែលមានស្រៈ អ, អា នៅទីបំផុត ខាងចុង, ដូចជា ៖
➥ {វន្ត} សីលវន្ត៖ អ្នកមានសីល។ ល។ បើស្រ្តីជា –វន្តី ឬ –វតី ដូចជា គុណវន្តី ឬគុណវតី ស្រ្តីអ្នកមានគុណជាដើម។ កាលបើចុះ វន្ត នេះផ្សំជាមួយនឹងនាមសព្ទយ៉ាងនេះហើយប្រើជា គុ. ឬ ន. ក៏បាន។
➥ វន្ទន្ត៖ (វ័ន-ទ័ន) កិរិយាសព្ទ៖ (សំ.បា.) កំពុងថ្វាយបង្គំ, សំពះ, គំនាប់; បើស្រ្តីជា វន្ទន្តី (ព.កា.)
វន្ទន្តវន្ទន្តី បញ្ចេញវចី សរសើរគុណព្រះ- ត្រ័យរត្នទាំងបី សិរីតេជះ សូមឲ្យបានឈ្នះ មោហ៍មារទាំងឡាយ។
➥ វន្ទា៖ (វ័ន-ទា) កិរិយាសព្ទ៖ (បា. វន្ទ) ថ្វាយបង្គំ, សំពះ, គំនាប់ (ព.កា.)
សូមថ្វាយវន្ទា ឆ្ពោះព្រះភគវា សម្មាសម្ពុទ្ធ អង្គព្រះអរហន្ត ព្រះទ័យបរិសុទ្ធ ប្រសើរបំផុត ឥតមានប្រៀបបាន។
➥ វន្ទីយ៍៖ (វ័ន-ទី) កិរិយាសព្ទ៖ (បា.គុ. «ដែលគួរវន្ទា, គួរអភិវាទ») ថ្វាយបង្គំ, សំពះ, គំនាប់ (ព.កា.)
ខ្ញុំសូមវន្ទីយ៍ ឆ្ពោះព្រះមុនី បរមសាស្ដា ជាគ្រូនៃមនុស្ស និងពួកទេព្តា ព្រះនាមសត្ថា- ទេវមនុស្ស។
➥ វន្ទីយបុគ្គល៖ (វ័ន-ទីយៈបុក-គល់) នាមសព្ទ៖ (បា.) បុគ្គលដែលគួរគេអភិវាទ
មាតាបិតាជាវន្ទីយបុគ្គល របស់បុត្រធីតា។ ព.ផ្ទ. អវន្ទីយបុគ្គល។
➥ វ៉ប កិរិយាវិសេសន៍៖ ដែលទន់ខ្លប ឬដែលទន់រលាស់ខ្លបៗ
ក្ដារទន់វ៉ប; ដងរ៉ែករលាស់វ៉បៗ។ វេវ. ខ្លប។
គុណសព្ទ៖ ដែលទន់ខ្លប ឬដែលទន់រលាស់ខ្លបៗ
ក្ដារទន់វ៉ប; ដងរ៉ែករលាស់វ៉បៗ។ វេវ. ខ្លប។
➥ វប្ប៖ (វ័ប-ប៉ៈ) នាមសព្ទ៖ (បា. ឬ សំ.) ការសាប, ព្រោះ, សាបព្រោះ, បណ្ដុះពូជ; ច្រាំង, ត្រើយ។ ល។ ប្រើផ្សំនឹងសព្ទដទៃ ៖
➥ {វប្ប} វប្បកម្ម៖ ឬ វប្បកិច្ច, វប្រក្រឹត្យ ការឬរបរសាបព្រោះ។
➥ {វប្ប} វប្បក្ខេត្ត៖ ឬ វប្រក្សេត្រ (―ខែត ឬ ―ក្សែត) ថ្នាល; ស្រែពង្រោះ។
➥ {វប្ប} វប្បធម៌៖ (វ៉ាប់-ប៉ៈ–) ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗជាដើម។
➥ {វប្ប} វប្បរដូវ៖ ឬ (វប្រ)–រដូវសាបព្រោះ។ ល។ (ព.កា.) : ហៃមាសកូនឪ វប្បរដូវ ចូលដល់មកហើយ ចូរខំខ្នះខ្នែង កុំធ្វើកន្តើយ រដូវហ្នឹងហើយ បង្កើតធនធាន។ …
➥ វម្មិត៖ (វ័ម-មិត) នាមសព្ទ៖ (បា. < វម្ម «ក្រោះ» + ឥ-ត «ដែលពាក់»; សំ. < វម៌ + ឥ - ត) ទាហានពាក់ក្រោះ
ទាហានវម្មិត។ (ព.កា.) : រេហ៍ពលវមិ្មត លើកចូលទៅជិត កងទ័ពខាងខ្មាំង រុកចូលគឃ្លើន ផ្គើនដោយកម្លាំង ចូលលុកប្រឆាំង តតាំងយកជ័យ។
➥ វយ៖ (វៈយៈ) នាមសព្ទ៖ (បា. វយ; សំ. វយស) អាយុ, កំណត់អាយុ; ដំណើរសូន្យទៅខាងក្រោយលឿនកើនទៅខាងមុខ (នៃអាយុ)
វ័យក្មេង, វ័យកំលោះក្រមុំ, វ័យចាស់។
➥ {វយ} វយានុរូប៖ (បា. < វយ + អនុរូប) កិ.វិ. តាមសមគួរដល់វ័យ, សមរម្យតាមវ័យ : តែងខ្លួនតាមវយានុរូប។ (ព.កា.) : ក្នុងវ័យទាំងបី គួរធ្វើអ្វីៗ កុំឲ្យឃ្លាតក្លាយ ខុសចាករយៈ នៃវ័យទាំងឡាយ ទាស់ខុសនាយអាយ គួរស្ដាយពន់ពេក។ …
➥ វយវឌ្ឍនាការ៖ (វៈយៈវ័ត-ឍៈនាកា) នាមសព្ទ៖ (បា. វយ + វឌ្ឍន + អាការ) អាការចម្រើនតាមលំដាប់វ័យ គឺតាំងពីប្រសូតមករហូតដល់ចម្រើនធំខ្លួនរៀងទៅដល់ចាស់
លុះព្រះសិទ្ធត្ថៈ-គោតម ទ្រង់មានវយវឌ្ឍនាការបានព្រះជន្ម ១៦ ឆ្នាំ ព្រះបាទស្រីសុទ្ធោទនជាព្រះវរបិតា ក៏ទ្រង់ផ្ទេររាជសម្បត្តិដល់ព្រះរាជបុត្រ … (ប្រថមសម្ពោធិកថា ត្រង់សិទ្ធត្ថរាជាភិសេក)។ ព.កា. ថា : បុត្រមានវយវឌ្ឍនាការ គ្រូបាអាចារ្យគួរពោលក្រើន មាតាបិតាឲ្យក្រវើន រកក្ដីចម្រើនឲ្យកូនខ្លួន។ …
➥ វយ័ស្យ៖ (វៈយ័ស) គុណសព្ទ៖ (សំ. វយស្យ) មានអាយុ។
គុណសព្ទ៖ មើលក្នុងពាក្យ វយស្យ គុ.។
នាមសព្ទ៖ អ្នកមានអាយុស្មើគ្នាឬស្រករគ្នា; សំឡាញ់ស្និទ្ធ, ភឿន, ក្លើ (បើស្រ្តីជា វយស្យា ឬ វយ័ស្យា)។
នាមសព្ទ៖ មើលក្នុងពាក្យ វស្យ។
➥ វរ កិរិយាសព្ទ៖ ទាស់ការ, ទាស់ទំនង; នាំឲ្យមានរវល់ឥតប្រយោជន៍; នាំឲ្យទាស់ដំណើរ។ វរហើយ! ទាស់ហើយ!។ កុំវរ! កុំរវល់! នាំវរ នាំរវល់; វរវឹក ឬ វឹកវរ ច្របូកច្របល់; ធ្វើឲ្យច្រឡំបល់, ឲ្យទាស់ការ។ វរវឹកទទឹងស្ងួត (ព.ប្រ.) ច្របូកច្របល់ដូចគេយករបស់ទទឹកដាក់លាយនឹងរបស់ស្ងួត (ព.សា.) វរវឹកទទឹកស្ងួតអស់ទៅហើយ!
គុណសព្ទ៖ (សំ.បា. វរ) ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម,…។ ន. ពរ (មើលក្នុងពាក្យ ព្រះ ផង)។ ប្រើផ្សំនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា ៖
➥ {វរ} វរមន្រ្តី៖ មន្រ្តីប្រសើរ; ខ្មែរប្រើជាថ្នាក់ឋានន្តរនៃមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល, នៅត្រង់ចន្លោះថ្នាក់អនុមន្រ្តីនិងឧត្តមមន្រ្តី។
➥ {វរ} វរសេនិយ៖ ឬ វរសេនីយ៍ (វៈរៈសេន៉ី): វរសេនីយ៍ត្រី ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ បន្ទាប់ពីវរសេនីយ៍ទោ។
➥ {វរ} វរសេនីយ៍ទោ៖ ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៅត្រង់ចន្លោះវរសេនីយ៍ត្រីនិងវរសេនីយ៍ឯក។
➥ {វរ} វរសេនីយ៍ឯក៖ ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់, ខ្ពស់ផុតក្នុងថ្នាក់វរសេនីយ៍។
➥ វរុណ នាមសព្ទ៖ (សំ.) នាមទេវតាជាម្ចាស់ទឹកឬម្ចាស់សមុទ្រ, ចួនកាលហៅថា សិន្ធុបតី; ឬនាមទេវតាអ្នកបង្អុរភ្លៀង; ខ្មែរច្រើនហៅ ព្រះពិរុណ សំដៅចំពោះនាមទេវតាអ្នកបង្អុរភ្លៀងនុះដែរ ឬសំដៅសេចក្ដីថា «ភ្លៀង; ទឹក; មហាសមុទ្រ» (មើលក្នុងពាក្យ ពិរុណ និង ពិរុណសាស្រ្ត ផង)។ ឈ្មោះនៃតាបសទ្រុស្តសីលម្នាក់ ជាអ្នកផ្ដើមបង្កើតសុរាដំបូងបំផុតជាមួយនឹងព្រានព្រៃឈ្មោះ សុរៈ (មើលក្នុងពាក្យ វារុណី និង សុរា ផង)។
➥ {វរ័្មន} ជយវរ្ម័ន៖ (ជៈយៈ–) អាវក្រោះមានជ័យ; អ្នកពាក់ក្រោះមានជ័យ។ ព្រះបរមនាម ឬ គោរមនៃព្រះបរមនាមរបស់ព្រះមហាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋសម័យមហានគរ (សម័យនគរធំ)
ព្រះបាទជយវរ្ម័នទី៧ …។
➥ វល់ គុណសព្ទ៖ (សំ. វល 'បិទបាំង; ព័ទ្ធជុំវិញ; វិលក្រឡឹងជុំវិញ «) ដែលហូរឬបក់កួចវិលត្រឡប់ ទឹកវល់, ខ្យល់វល់។
ដែលទញ់តុះឬទញ់ទាល់គិតមិនលេច គំនិតវល់, ប្រាជ្ញាវល់។
ដែលមានសូរឮថប់ៗក្នុងច្រមុះមិនសូវច្បាស់
សំឡេងវល់។
➥ វល័យ៖ (វៈល៉ៃ) នាមសព្ទ៖ (សំ.បា. វលយ) កង; កងដៃឬកងជើង
វល័យមាស។ (ព.កា.) : នាងនាដពាក់វល័យ មុខប៉ប្រៃចេញកែក្រាយ អ្នកមើលរាំទាំងឡាយ សឹងសប្បាយរីករាយក្រៃ។
➥ វលាហក៖ (វៈលាហៈកៈ) នាមសព្ទ៖ (សំ.បា.) មេឃ; ពពក, ពពកខាប់; ភ្លៀង។ ទេវតាអ្នកបណ្ដាលឲ្យកើតភ្លៀង, ឲ្យកើតខ្យល់។
➥ វលី៖ (វៈ–) នាមសព្ទ៖ (សំ.បា. វលិ ឬ វលី) ស្បែកដែលជ្រិតជ្រីវ ដែលជ្រួញ; ផ្នត់; ផ្នត់ពោះ; ផ្នត់ថ្ងាស (ព. កា)
យាយតាទាំងទ្វី មុខមានវលី ជរាណាស់ហើយ ពុំសមបីបើ ធ្វើឫកតោះតើយ ខ្លួនចាស់ម្ល៉ឹងហើយ គួរមានសង្វេគ។
➥ វលីមុខ៖ (វៈលីមុក) នាមសព្ទ៖ (សំ.បា. វលិ– ឬ វលី–) ស្វា។ (ព.កា.) : រីសត្វវលីមុខ ស៊ុកគ្រលុកបែបសម្បើម ចេះតែញាក់ចិញ្ចើម មុខពព្រើមដូចឥតទុក្ខ។
➥ វល្លភៈ៖ (វ័ល-លៈភៈ) គុណសព្ទ៖ (សំ.បា. វល្លភ) ដែលស្និទ្ធ, ស្និទ្ធស្នាល, ជិតដិត; ដែលគាប់គួរ; ដែលជាទីស្រឡាញ់អស់ពីចិត្ត។
➥ {វល្លភៈ} វល្លភមិត្ត៖ ឬ (–មិត្រ) មិត្រយ៉ាងស្និទ្ធ, មិត្រទំនុកទុកចិត្តស្មើខ្លួនមួយ។ ល។
➥ វល្លិ៖ (វ័ល) នាមសព្ទ៖ (សំ.បា. វល្លី) លតា។ វល្លិជាតិ ឬ វល្លី– (វ័ល-លិ-ជាត ឬ វ័ល-លី–) លតាជាតិទួទៅ
បោចវល្លិធ្វើចំណង។
➥ វសនដ្ឋាន៖ (វៈសៈន៉ាត់-ឋាន) នាមសព្ទ៖ (បា.; សំ. ―ស្ថាន) ទីនៅ, លំនៅ, ផ្ទះ; ភូមិលំនៅ (ប្រើជា វាសនដ្ឋាន ក៏បាន)។ មើលក្នុងពាក្យ លំនៅ ថែមទៀតផង។
➥ វសន្តតិលក៖ (វៈស័ន-តៈតិល៉ៈកៈ) នាមសព្ទ៖ (សំ.បា.) ឈ្មោះឆន្ទមួយប្រភេទ ក្នុងមួយបាទ (មួយឃ្លា) មាន ១៤ អក្សរ កំណត់ដោយអក្សរទី ១, ២, ៤, ៨, ១១, ១៣, ១៤ ជាគរុ, អក្សរ ៧ តួក្រៅពីនេះជាលហុ (បួនបាទជាមួយគាថា); សម្រាប់ប្រើខាងភាសាសំស្រ្កឹតនិងបាលីឬប្រើខាងភាសាខ្មែរក៏បាន តែពិបាកតែងណាស់ (មេឆន្ទនេះថា វុត្តាវសន្តតិលកា តកជា ជគា គោ)។
➥ វសន្តតិលការ៖ (វៈស័ន-តៈតិល៉ៈកា) នាមសព្ទ៖ មើលក្នុងពាក្យ វសន្តតិលក។
➥ វសន្តរដូវ៖ (វៈសន់-តៈរដូវ) នាមសព្ទ៖ (សំ. វសន្ត + ឫតុ; បា. វសន្ត + ឧតុ > វសន្តោតុ) រដូវឈើជ្រុះលាស់ស្លឹក ឬរដូវឈើលាស់ស្លឹកបញ្ចេញផ្កា, មាន ២ ខែ, រាប់ពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃ ១៥ កើតខែពិសាខ, មាន ៥៩ ថ្ងៃ (គួរកុំច្រឡំ វសន្ត និង វស្សាន, កុំសរសេរ វស្សន្ត–។ មើលក្នុងពាក្យ រតូវ ឬ រដូវ ន. ផង)។
➥ វសល៖ (វៈសល់) នាមសព្ទ៖ (បា. វសល; សំ. វ្ឫឞល) មនុស្សជាតិទាប; មនុស្សជាតិសូទ្រៈ; មនុស្សជួជាតិ (ហៅ វសលជាតិ ឬ វសលមនុស្សក៏បាន); បើស្រី្តជា វសលី (សំ. វ្ឫឞលី) ស្រ្តីជាតិទាប; ស្រ្តីជាតិសូទ្រៈ (វសលី នេះ ជាពាក្យអាសគ្រាម, បា. ច្រើនប្រើជា អាលបនៈ ថា វសលិ ជាសម្ដីពុំសមគួរសោះឡើយ…)។
➥ វសវត្តី៖ (វៈសៈវ័ត-តី ឬ –ដី) នាមសព្ទ៖ (បា.) ទេវបុត្តមារ (សំ. វៃវស្វត «ព្រះយមរាជ; ផ្កាយសៅរ៍; ទេវបុត្តមារ »)។ អ្នកញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន, អ្នកវាតអំណាច (សំ. ហៅ វឝវរ្តិន៑ ក៏បាន)។
➥ វស្សកាល៖ (វ័ស-សៈ–) នាមសព្ទ៖ (បា. វស្ស + កាល ឬ សមយ) កាលឬសម័យមានភ្លៀង, រដូវភ្លៀង (វស្សានកាល ឬ –រដូវ)។
➥ {វស្សា} ចំណេញវស្សា៖ សម័យដែលពួកបព្វជិតពុទ្ធសាសនិកចេញវស្សាហើយ គឺកាលជាខាងចុងនៃវស្សានរដូវ។
➥ {វស្សា} សំពត់ចំណាំវស្សា៖ សំពត់ដែលទាយកប្រគេនភិក្ខុសាមណេរអ្នកនៅចាំវស្សារួចហើយ។ ល។
➥ វស្សានរដូវ នាមសព្ទ៖ មើលក្នុងពាក្យ វស្សានៈ។
➥ វស្សូបនាយិកា៖ (វ័ស-សូប៉ៈន៉ា–) នាមសព្ទ៖ (បា. < វស្ស «ភ្លៀង, រដូវភ្លៀង» + ឧបនាយិកា 'តិថីដែលបង្អោនចូលមក») ថ្ងៃជិតចូលវស្សា (ព.វិ. ពុ.)។
➥ វា បុសសព្វនាម៖ គេ; ពាក្យសម្រាប់និយាយជាជំនួសឈ្មោះមនុស្សក្មេងជាង ឬមនុស្សថ្នាក់តូចទាបជាង ឬក៏សត្វតិរច្ឆាន, វត្ថុ, ធម្មជាតិ, … ផ្សេងៗ
ហាមពួកក្មេងកុំឲ្យវាលេងទឹក; កូនខ្ញុំវាឈឺ; កូនគោវាយំរកមេវា; ការុងវាតូចច្រកអង្ករមិនអស់; គំនិតវារាក់។ ល។
➥ វ៉ា បុសសព្វនាម៖ នាង; ពាក្យលំអុតសម្រាប់និយាយជាជំនួសឈ្មោះកូនក្មេងក្នុងទីចំពោះមុខ
អាវ៉ា ឯងទៅណា? មេវ៉ាហុចប្រអប់នុ៎ះឲ្យមីងបន្តិច! (ប្រើតាមទម្លាប់និយាយដោយស្រុកភូមិ)។
ឧទានសព្ទ៖ សូរកូនខ្ចីយំ, …។
បរិវារសព្ទ៖ ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ វត្ត ថា
វត្តវ៉ា, ទៅវត្តទៅវ៉ា។
➥ វាកចិរពស្ដ្រ៖ (វាកៈចិរៈព័ស ឬ –ពស់) នាមសព្ទ៖ (បា. វាកចិរ + សំ. វស្ដ្រ, វ > ព) សំពត់សំបកឈើ; សំពត់ធ្មៃ។
➥ វាក្យ៖ (–ក្យៈ) នាមសព្ទ៖ (សំ.បា.) ពាក្យ, សម្ដី; វោហារ; ប្រយោគ។ ប្រយោគមួយៗដែលមានសេចក្ដីគ្រប់គ្រាន់, ដូចជា : គេខំប្រឹងរៀនចំណេះដើម្បីប្រយោជន៍ឲ្យកើតទ្រព្យសម្បត្តិ (ព.វ.)។
➥ {វាក្យ} វាក្យបរិវត្តន៍៖ (–ក្យ៉ៈប៉ៈរ៉ិវ័ត) ការប្រែពាក្យ គឺការប្រែពីភាសាមួយទៅមួយ។
➥ {វាក្យ} វាក្យសព្ទ៖ សព្ទគឺពាក្យ, ប្រជុំពាក្យសម្រាប់ប្រើក្នុងភាសានីមួយៗ, មេពាក្យដែលប្រើក្នុងវិជ្ជានីមួយៗ : ចេះវាក្យសព្ទ, រៀនវាក្យសព្ទ។
➥ {វាក្យ} វាក្យសម្ពន្ធ៖ (–សំ-ព័ន) សម្ពន្ធនៃពាក្យ, ការចងក្រងពាក្យ; ផ្នែកវេយ្យាករណ៍និយាយពីមុខការនាទី និងរបៀបនៃពាក្យពេចន៍ក្នុងប្រយោគនីមួយៗ។
➥ {វាក្យ} វាក្យាវង្ស៖ (–ក្យ៉ាង-សៈ ឬ –ក្យ៉ាង; < វាក្យ + អំស «ចំណែក») ចំណែកប្រយោគ គឺសង្កាត់ពាក្យដែលមានសេចក្ដីមិនទាន់គ្រប់គ្រាន់, ដូចជា : ផ្ទះរបស់ខ្ញុំ; ស្រុកកើតជំងឺ (ព.វ.)។
➥ {វាក្យ} វាក្យារម្ភ៖ (–ក្យ៉ារុ័ម-ភៈ ឬ —រ៉ំ; < វាក្យ + អារម្ភ «ផ្ដើម») ការផ្ដើមពាក្យ។ និបាតសព្ទសម្រាប់ផ្ដើមពាក្យ, ដូចជា : ក៏, ឯ, ក៏ឯ; ចំណែកឯ,… (ព.វ.)។ ល។
➥ វាគារ នាមសព្ទ៖ (សំ.) ការខុសញ្ញា, ដំណើរខុសប្ដេជ្ញា, ការបង់ពាក្យសត្យ។ អ្នកបំភ្លាត់ពាក្យប្ដេជ្ញា, អ្នកបង់ពាក្យសត្យ, អ្នកនិយាយមិនទៀងទាត់។
➥ វាគុរិក នាមសព្ទ៖ (សំ.បា.) អ្នកចិញ្ចឹមជីវិតដោយការដាក់វាគុរា; ព្រានអ្នកដាក់វាគុរា; បើស្រ្តីជា វាគុរិកា។
➥ វាគ្មិន គុណសព្ទ៖ (សំ.) ដែលប៉ិននិយាយ, ដែលចេះនិយាយពីរោះ។
នាមសព្ទ៖ អ្នកឈ្លាសសម្ដី; អ្នកមានសម្ដីថ្វីមាត់, អ្នកពូកែសម្ដី
សូមលោកថ្លែងការណ៍ចុះ ព្រោះលោកជាវាគ្មិនមានល្បីណាស់។
➥ វ៉ាង កិរិយាសព្ទ៖ (សំ. វាង្មយ < វាច៑ «សម្ដី» + មយ «ដែលប្រកបដោយ» =ដែលប៉ិនសម្ដី; អ្នកបានសម្ដី) វាតសម្ដី, ប្រើសម្ដីគ្របលើគេ; វាតអំណាចលើ; ហួងហែង; ហែហៃ
វ៉ាងសម្ដី; វ៉ាងអំណាច; វ៉ាងទី។
➥ វ៉ាងមុខ កិរិយាសព្ទ៖ (សំ. វាង្មុខ « ការផ្សាយសម្ដី; អារម្ភកថា, ឧបន្យាសកថា») ពោលពាក្យវាតមុខវាតអំណាច; វាតអំណាចយកមុខ
វ៉ាងមុខឲ្យដាច់ម្នាក់ឯង។
➥ វាងវៃ គុណសព្ទ៖ ដែលមានប្រាជ្ញាវាងកេលកុងទាំងរហ័សផងទៀត គឺដែលឈ្លាសវៃ, ដែលដឹងផ្លូវដឹងឧបាយ
ប្រាជ្ញាវាងវៃ, គំនិត–, មនុស្ស– (គូរកុំច្រឡំប្រើជា វៀងវៃ ព្រោះខុសទេ)។
➥ វាច កិរិយាសព្ទ៖ កាយរាចរាយឲ្យស្ដើង, ឲ្យស្មើ
វាចស្រូវ, វាចគ្រាប់សណ្ដែក។ វាចវី ឬ វីវាច ចាប់វាចវីចុះវីឡើង។
➥ វាចក៖ (–ចៈកៈ ឬ –ចក់) នាមសព្ទ៖ (សំ.បា.) អ្នកប្រាប់, អ្នកនិយាយ។ (សំ. វាច្យ) ពាក្យប្រាប់នាទីឬដំណើររបស់កិរិយាក្នុងវេយ្យាករណ៍មាន កត្តុវាចក ជាដើម …។
➥ វាចសិក៖ (–ចៈសិ-កៈ ឬ –សិក) គុណសព្ទ៖ (បា.) ដែលប្រព្រឹត្តទៅខាងវាចា, ដែលទាក់ទងខាងប៉ែកសម្ដី
អំពើវាចសិក។ វាចសិកកម្ម (–ចៈសិ-កៈក័ម) អំពើដែលកើតព្រោះសម្ដី។
➥ {វាចា} វាចានុរក្ខី៖ អ្នករក្សាវាចា គឺអ្នករក្សាប្រយ័ត្នមាត់មិននិយាយឲ្យភ្លាត់ទៅរកខាងការខុស (បើស្រ្តីជា វាចានុរក្ខិនី)។
➥ {វាចា} វាចាបេយ្យភាព៖ (–ប៉ៃយ៉ៈភាប) ភាព ឬដំណើរនៃសម្ដីទន់ផ្អែម គួរឲ្យពេញចិត្តចង់ស្ដាប់ចង់ឮ។
➥ {វាចា} ទុព្ភាសិតវាចា៖ (ទុប-ភាសិតៈ–) សម្ដីអាក្រក់, សម្ដីខុស។
➥ {វាចា} សប្បុរិសវាចា៖ (ស័ប-ប៉ុ-រ៉ិ-សៈ–ឬ ស័ប-ភិ–) សម្ដីរបស់សប្បុរស, សម្ដីអ្នកត្រឹមត្រូវ។
➥ {វាចា} សព្ភិវាចា៖ មើលក្នុងពាក្យ សប្បុរិសវាចា។
➥ {វាចា} សុភាសិតវាចា៖ (–សិតៈ–) សម្ដីល្អ, សម្ដីត្រូវ។
➥ {វាចា} អសប្បុរិសវាចា៖ (អៈស័ប-ប៉ុ-រ៉ិសៈ– ឬ អៈស័ប-ភិ–) សម្ដីរបស់អសប្បុរស, សម្ដីមនុស្សមិនត្រឹមត្រូវ។ ល។
➥ {វាចា} អសព្ភិវាចា៖ មើលក្នុងពាក្យ អសប្បុរិសវាចា។
➥ វាចាល៖ (វា-ចាល) គុណសព្ទ៖ (សំ.បា.) ដែលហៃនិយាយ; មនុស្សជាងពាក្យ; មនុស្សអ្នកនិយាយតាមតែរួចពីមាត់
មនុស្សវាចាល។
នាមសព្ទ៖ (សំ.បា.) ដែលហៃនិយាយ; មនុស្សជាងពាក្យ; មនុស្សអ្នកនិយាយតាមតែរួចពីមាត់
មនុស្សវាចាល។
➥ វាចាសិលិដ្ឋ៖ (–សិ-លិត) នាមសព្ទ៖ (បា.) ការថែមពាក្យឬការរៀងសម្ដី ដើម្បីឲ្យស្រួលអាន ឲ្យស្រួលថា ដូចជា ត្រឹមតែបីយប់ប៉ុណ្ណោះ គេនិយាយថា ពីរបីយប់
ខ្ញុំទៅស្រុកកំណើតខ្ញុំពីរបីយប់; ឲ្យខ្ញុំខ្ចីអាវពាក់បួនប្រាំថ្ងៃសិន។ ហៅ ព្យញ្ជនសិលិដ្ឋ (ព្យញ់-ជៈនៈសិ-លិត) ក៏បាន ប្រែថា «ការថែមឬរៀងព្យញ្ជនៈឲ្យស្រួលមាត់ថា «។
➥ វាចិកហារក៖ (–ចិ-កៈហារៈកៈ ឬ –រ៉ក់) នាមសព្ទ៖ ឬ –ហារី (សំ.បា. ហារក ឬ សំ. –ហារិន៑ អ្នកនាំដំណឹង; អ្នកនាំសំបុត្រ, បុរសអ្នករត់សំបុត្រ (បើស្រ្តីជា វាចិកហារិកា ឬ វាចិកហារិនី)។
➥ វាចិកហារិកា៖ មើលក្នុងពាក្យ វាចិកហារក ឬ វាចិកហារី។
➥ វាចិកហារិនី៖ មើលក្នុងពាក្យ វាចិកហារក ឬ វាចិកហារី។
➥ វាណវារ៖ (–ណៈវារៈ ឬ –វា) នាមសព្ទ៖ (សំ.) គ្រឿងរាំងកូនសរ, រាំងព្រួញ; អាវក្រោះ សម្រាប់ការពារសស្រ្តាវុធ។
➥ វាណិជ្ជកម្ម៖ មើលក្នុងពាក្យ ពាណិជ្ជកម្ម។
➥ វាណិជ្ជការ៖ មើលក្នុងពាក្យ ពាណិជ្ជការ។
➥ វាត៖ (វាត) កិរិយាសព្ទ៖ (សំ. វាឍ «ច្រើន, ដែលមានច្រើន»; ទូលាយ») ធ្វើឲ្យទូលាយ, ឲ្យធំ; ផ្សាយអំណាច វាតដី, វាតទី; វាតមុខ; វាតងារ; វាតអំណាច។
កកាយទឹកចូលដោយច្រវាដើម្បីឲ្យទូកងាកចេញឬងាកចូល
វាតទូកចូល។
នាមសព្ទ៖ (សំ.បា.) ខ្យល់; អាកាស; ខ្យល់ក្នុងសព៌ាង្គកាយ។
➥ {វាត} វាតមណ្ឌលិកា៖ (វាតៈម័ន-ឌៈលិ-កា) ខ្យល់កំបុតត្បូង គឺខ្យល់ដែលបក់ប្រមូលកួចមូលឡើងលើ ដោយកម្លាំងនៃឧណ្ហភាព។
➥ វាត់ កិរិយាសព្ទ៖ រលាស់ចុងឡើង វាត់សន្ទូច។
រលាស់ចុងផ្ងុប ឬរលាស់ចេញ
វាត់ដោយរំពាត់, វាយវាត់, វាត់មួយជើង។
គុណសព្ទ៖ ដែលរលាស់ឡើងបាន
សន្ទូចវាត់, អន្ទាក់វាត់។ (មើលក្នុងពាក្យ វ័ធ)។
➥ វាត្យា នាមសព្ទ៖ (សំ.) ព្យុះ; ខ្យល់កំបុតត្បូង (ព.កា.)
វាត្យាបោកបក់ កញ្ឆលកញ្ឆក់ រំលំគ្រឹហា ភិតភ័យរចល់ ខ្វាយខ្វល់រាល់គ្នា វិនាសទ្រព្យា ពុំជាបើបី។
➥ {វាទ} វាទប្បដិវាទ៖ (–ទ័ប-ប៉ៈដិវាត ឬ –ប្រៈតិ–) ពាក្យពោលតបតទៅរកពាក្យ, ការប្រកែកគ្នាទៅវិញទៅមក។
➥ {វាទ} វាទប្រតិវាទ៖ មើលក្នុងពាក្យ វាទប្បដិវាទ។
➥ {វាទ} វាទានុវាទ៖ (< វាទ + អនុវាទ) ការពោលបណ្ដោយតាមគ្នា, ពាក្យចាក់បណ្ដោយ; ពាក្យប្រកាន់និងពាក្យដោះ។ ព.កា. ថា
វាទានុវាទ ច្រើនតែឃ្លៀងឃ្លាត ពុំសូវទៀងទាត់ ពាក្យខ្លះក៏ត្រូវ ពាក្យខ្លះក៏ភ្លាត់ ព្រោះមាត់និងមាត់ ប្រឆាំងតគ្នា។ ល។
➥ វាទអាទិ៍៖ (វាត-អាត) កិរិយាសព្ទ៖ (សំ.បា. វាទ «ពាក្យ, ពាក្យពោល »; អាទិ ឬ អាទ្យ «ជាដើម, ខាងដើម») ផ្ដើមនិយាយ ឬតាំងនិយាយមុនគេយកមុខ, យកអំណាច, យកប្រយោជន៍
ខ្ញុំឥតវាទអាទិ៍យកអ្វីទេ (សរសេរជា វាតអាទិ ឬ –អាទ្យ ក៏បាន, សំដៅសេចក្ដីថា «ផ្ដើមវាតយកមុខ, យកអំណាច, យកប្រយោជន៍»)។
➥ វាទ្យភណ្ឌ៖ (–ទ្យៈភ័ន) នាមសព្ទ៖ (សំ. វាទ្យ + ភាណ្ឌ) គ្រឿងតន្ត្រី; គ្រឿងតន្ត្រីមួយវង់ (មើលក្នុងពាក្យ ពាទ្យ ផង)។
➥ វានៈ នាមសព្ទ៖ (សំ.បា. វាន) គ្រឿងចាក់ស្រែះ, គ្រឿងក្រងភ្ជាប់; តណ្ហា (ធម្មជាតឬស្ថានដែលចេញផុតចាកតណ្ហាជាគ្រឿងចាក់ស្រែះ ហៅថា និព្វាន < និ + វាន; ឬ និវ៌ាណ < និស៑ + វាន, និស៑ > និរ៑, ន > ណ)។
➥ វានរេន្ទ្រ៖ មើលក្នុងពាក្យ ពានរេន្ទ្រ ឬ ពានរេស។
➥ វានរេស៖ មើលក្នុងពាក្យ វានរេន្ទ្រ។
➥ វ៉ាន់ស៊ុយ នាមសព្ទ៖ (ចិ. អ្វានស៊ុយ ឬ អួនស៊ុយ) ឈ្មោះដំណាំតិណជាតិ មានក្លិនក្រអូបឆួល ប្រើជាគ្រឿងផ្សំជាជំនួយម្ហូបមុខខ្លះ ឬបបរគ្រឿងឲ្យមានរសឆ្ងាញ់, មាន ២ ប្រភេទគឺ មួយប្រភេទស្លឹកល្អិតទន់ស្រួយ, មួយប្រភេទទៀតស្លឹកធំទ្រវែងសាច់ស្វិតបន្តិច (ទាំង ២ ប្រភេទនេះដើមកំណើតមកពីប្រទេសចិន)
ហាន់វ៉ាន់ស៊ុយជ្រក់ត្រីស្ងោរ។
➥ វ៉ាប់ ឧទានសព្ទ៖ សូរឮដោយត្របាក់
ត្រីឆ្ដោត្របាក់នុយវ៉ាប់។
កិរិយាវិសេសន៍៖ ដែលចាប់ដោយប្រញាប់
ចាប់ជំងឺវ៉ាប់។
➥ {វាបី} មហាវាបី៖ បឹងធំ។ ព.កា. ថា
កម្ពុជរដ្ឋ មាននគរវត្ត ប្រាសាទសិលា មានទន្លេសាប ធំធេងមហិមា ដែលជាមហាវាបីនៃរដ្ឋ។ ចុល្លវាបី ប្លែកៗច្រើនក្រៃ ជាទីវិវឌ្ឍន៍ ដោយជាតិមច្ឆា នានាច្រើនក្ដាត់ ជាទ្រព្យសម្បត្តិ នៃកម្ពុជា។
➥ វាមលូរ៖ (–មៈលូ) នាមសព្ទ៖ (សំ.) ដំបូក (ព.កា.)
រីវាមលូរ កើតមាននៅយូរ សឹងមានប្រយោជន៍ យកដីធ្វើជី ដំណាំដំណោច មានផលមិនហោច ចម្រើនធនធាន។
➥ វាយ៖ (ព.សា. វ៉ៃ) កិរិយាសព្ទ៖ ប្រហារដោយបហរណវត្ថុឥតមុខមុត មានរំពាត់, ដំបងជាដើម វាយដោយរំពាត់, វាយមួយដំបង។
សំពងឲ្យមុតលិចចុះ វាយដែកគោល។
សំពងបញ្ចូលឲ្យណែនតឹង វាយរនុកក្រោល។
ទួង, គោះ ឬដំឲ្យលាន់ឮសូរសព្ទ វាយស្គរធំ, វាយរគាំង, វាយគង។
យកសេចក្ដីឬលម្អិតសេចក្ដីឲ្យជាក់ប្រាកដ វាយសេចក្ដីមិនបែក។
តថ្លៃ វាយថ្លៃទំនិញ។
ច្បាំងគ្នា, ច្បាំងដណ្ដើមយកស្រុក វាយកងទ័ពបច្ចាមិត្ត, វាយយកស្រុក។
នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទ ដើមសាច់ជ្រាក សម្បុរលាយ-សលាយក្រហម ខណ្ឌជាសង្កាត់ៗ, ផ្លែតូចៗ វេលាទុំឡើងសម្បុរក្រហម ប្រើជាអាហារបាន។
➥ {វាយ} វាយដំច្រំធាក់៖ វាយសំពងរឿយៗ ទាំងធាក់តន្រ្តំផ្ទួនៗផង។ ព.ប្រ. វាយកន្ទុយភ្នែក ញាក់ចុងភ្នែកឲ្យសញ្ញាគ្នា។ វាយចុងសម្ដី បញ្ចេញចុងសម្ដីមានសេចក្ដីប្លែក គួរឲ្យសង្ស័យ។ ល។ ព.ទ.បុ. វាយទឹកកម្ចាយត្រី កំចោករោកកម្ចាត់កម្ចាយឲ្យបែកខ្ញែកឬឲ្យបែកកន្ធែកចេញពីគ្នា។ វាយពាងព្រហក់បំបែក ឬ វាយបំបែកពាងព្រហក់របស់ឯង កម្ចាយសេចក្ដីកំបាំងក្នុងផ្ទះឬក្នុងក្រុមរបស់ខ្លួនឲ្យលេចឮខ្ចរខ្ចាយស្អុយកេ្តរ្តិ៍ឈ្មោះសាយសុស។
➥ វារ កិរិយាសព្ទ៖ លូនដោយប្រវា កូនតូចទើបចេះវារ, ស្រមោចវាររសាវ។
បោះទងចេញ ឬបោះទងតោងចាប់
ល្ពៅវារ, ត្រឡាចវារឡើងទ្រើង, ម្លូរវារតាមជន្លង់។
➥ វារៈ នាមសព្ទ៖ (សំ.បា. វារ) ថ្ងៃ (ក្នុងសប្ដាហ៍); វេលា; វេន, ឱកាស ក្នុងវារៈនេះ…។
ការរារាំង, ការពារ; ការណាត់ ឬមត់គ្នា, ការបិទ, ខ្ទប់, គ្រប; គម្រប; …។
➥ វារជើង គុណសព្ទ៖ (ព.ប្រ.) ដែលដួលរាបទៅលើដី ចាប់ឫសរសេមរសាមមិនបែកគម្ព (និយាយតែពីធញ្ញជាតិនិងតិណជាតិ)
ស្រូវវារជើង។
➥ វារវលាសិនី៖ (–រៈ–) នាមសព្ទ៖ (សំ.) ស្រីពេស្យា។
➥ {វារិ} វារិពិន្ទុ៖ តំណក់ទឹក។
➥ {វារិ} វារិយន្រ្ត៖ (–យន់) គ្រឿងស្រូបទឹក, ស្នប់ទឹក; ម៉ាស៊ីនទឹក (?)។
➥ វារុណី៖ (–នី) នាមសព្ទ៖ (សំ.បា.) សុរា; ទឹកស្រវឹងគ្រប់យ៉ាង; ហៅតាមនាមតាបសទ្រុស្ដសីលម្នាក់ឈ្មោះ វរុណៈ ដែលជាគូដៃគ្នានឹងព្រានព្រៃម្នាក់ឈ្មោះ សុរៈ ជាអ្នកផ្ដើមបង្កើតសុរាជាដំបូងបំផុត (ហៅ ពារុណី ក៏បាន)។ មើលក្នុងពាក្យ សុរា ផង។ ទិសបស្ចិម; ឈ្មោះពួកនក្សត្រ ទី ២៥។
➥ វារេណវាក្យ៖ (–ណៈវាក) នាមសព្ទ៖ (សំ. វារេណ «ផ្ទួនៗ, ដដែលៗ» + វាក្យ «ពាក្យ, សម្ដី») សម្ដីផ្ទួនៗ ដដែលៗ, សម្ដីច្រំដែល។
➥ វាល នាមសព្ទ៖ ទីដែលស្រឡះឥតមានព្រៃ, ឥតមានអ្វីបាំង; លំហ
វាលស្រែ, ដាក់អីវ៉ាន់ចោលកណ្ដាលវាល។ វាលកាល វាលស្រឡះស្អាតធេង។ វាលវង់ វាលមានមណ្ឌលមូលសម្រាប់បរសេះប្រណាំង។ ព.ប្រ. វាលខ្លួន ស្រឡះខ្លួនឥតទីពឹង, ឥតពំនាក់។ ល។
➥ វាលៈ៖ (–លៈ) នាមសព្ទ៖ (សំ.បា.) សក់, សរសៃសក់; រោមសត្វ, សក់កន្ទុយសត្វចតុប្បាទប្រភេទខ្លះ យ៉ាងដូចគោ, សេះនិងចាមរីជាដើម។
➥ {វាលៈ} វាលគ្គមត្ត៖ (–ល័ក–គៈម៉ាត់) ត្រឹមតែចុងសក់, ប៉ុនចុងសក់។
➥ {វាលៈ} វាលធិ៖ (–លៈធិ) សរីរប្រទេសទ្រទ្រង់នូវសក់កន្ទុយ គឺដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះ មាន គោ, ក្របី, សេះ, ចាមរី ជាដើម។
➥ វាល់ កិរិយាសព្ទ៖ ដាក់ក្នុងរង្វាល់, ធ្វើឲ្យត្រឹមត្រូវតាមរង្វាល់, ដាក់ឬច្រកឲ្យពេញរង្វាល់ វាល់ស្រូវ។
សរសេរវាល់បន្ទាត់ សរសេរលៃបន្ទាត់ឲ្យស្មើគ្នានឹងច្បាប់ដើម។
➥ វ៉ាលិស នាមសព្ទ៖ (បារ. Valise; អ៊ីតាលី Valigia) ហិបតូចស្រាល ធ្វើដោយស្បែកសម្លាប់ ឬធ្វើដោយសំពត់សាច់ក្រាស់ជាដើម មានដៃយួរបាន សម្រាប់ដាក់អីវ៉ាន់ស្រាលៗ មានសម្លៀកបំពាក់ជាដើម
វ៉ាលិសស្បែក។
➥ វាលុកចេតិយ៖ មើលក្នុងពាក្យ ពាលុកចេតិយ។
➥ វាល្មីកៈ៖ (វាល-មី-កៈ) នាមសព្ទ៖ (សំ.) ឈ្មោះកវីម្នាក់ជាអ្នកតែងមហាកាព្យ ថ្លែងរឿងរាមាយណៈជាភាសាសំស្រ្កឹត (ហៅ វល្មីកិ ក៏បាន; ប្រើក្លាយជា វាលមីកិ តាមលំនាំបាលីភាសាក៏មាន)។
➥ វាស កិរិយាសព្ទ៖ ធ្វើឲ្យមានលំនាំ, ឲ្យមានរាង, ឲ្យមានទ្រង់, ឲ្យមានបែប; គូសឬគូសព្រាង វាសក្បាច់, គូរវាស, វាសវង់។
លើកដៃឬជើងផាត់ចេញឬចូល វាសដៃ, វាសជើង។
➥ វាសនដ្ឋាន៖ (–សៈន៉ាត់-ឋាន) នាមសព្ទ៖ (បា.; សំ. –ស្ថាន) ទីនៅ, លំនៅ, ផ្ទះ; ភូមិលំនៅ (ប្រើជា វសនដ្ឋាន ក៏បាន)។
➥ វាសនា៖ (វាស-ស្នា) នាមសព្ទ៖ (សំ.បា.) ចរិយា ឬចរិតដែលអប់រំសន្សំទុកឬកប់ទុកក្នុងចិត្ត, ចរិយាដែលថ្នឹកស៊ប់ស៊ាំជាប់ជាទម្លាប់កែប្រែឬកម្ចាត់ចោលពុំបាន; បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគ មនុស្សមានវាសនាខុសគ្នា។
ពាក្យនេះខ្មែរច្រើនប្រើសំដៅសេចក្ដីថា «សំណាង, ព្រេងសំណាង, ភ័ព្វព្រេង; បុណ្យភ័ព្យ «
មានវាសនាល្អ, វាសនាអាក្រក់ (សរសេរក្លាយជា វាស្នា តាមសូរសំនៀងនិយាយក៏មាន សម្រាប់ប្រើក្នុងកាព្យក៏មាន)។
➥ {វាសរ} វាសរសង្គាភិវាទ៖ (សំ. < វាសរសង្គ + អភិវាទ) ការពោលពាក្យគំនាប់គ្នាទៅវិញទៅមកក្នុងវេលាព្រឹក, ដូចជា
សុភស្តេប្រភាត! ឬ –ប្រភាតកាល! (សុភ័ស-ស្តេ–) » វេលាព្រឹកដ៏ល្អ (ចូរមាន) ដល់អ្នក! » ឬថា : អរុណសុវត្ថិ! ឬ អរុណសួស្ដី! «សួស្ដីក្នុងវេលាព្រឹក!» ជាដើម។
➥ វាសរសង្គាភិវាទ៖ មើលក្នុងពាក្យ វាសរ។
➥ វាសិត គុណសព្ទ៖ (សំ.បា.) ដែលអប់ឲ្យចាប់ក្លិនហើយ។
នាមសព្ទ៖ របស់ដែលអប់ឲ្យជាប់ក្លិនហើយ។ វាសិតចិត្ត (–តៈ–) ចិត្តដែលបានអប់រំសន្សំសេចក្ដីល្អឬអាក្រក់ស៊ប់ស៊ាំ។
➥ វាហិនី នាមសព្ទ៖ (សំ.បា.) កងទ័ពជើងគោក; តាមរបៀបក្នុងបុរាណសម័យថា កងទ័ពជើងគោកដែលមានដំរី ៨១, រថឬរទេះបន្ទុក ៨១, ទាហានសេះព្រមទាំងសេះ ២៤៣, ទាហានថ្មើរជើង ៤០៥ នាក់ ហៅថា កងទ័ពមួយវាហិនី; លុះចំណេរកាលតៗមក ទោះបីកងទ័ពជើងគោកបែបណាក៏ដោយដែលរៀបជាក្បួនទ័ពមួយក្រុមល្មមច្បាំងតនឹងបច្ចាមិត្តបាន ក៏ហៅ កងទ័ពមួយវាហិនី ដែរ។
➥ វាឡគ្គាហិនី៖ មើលក្នុងពាក្យ វាឡគ្គាហី។
➥ វាឡគ្គាហី៖ (–ឡ័ក-គា–) នាមសព្ទ៖ (បា.; សំ. វ្យាលគ្រាហិន៑) អ្នកពូកែចាប់សត្វសាហាវ; ហ្មពស់, អាលម្ពាយ (បើស្រ្តីជា វាឡគ្គាហិនី)។
➥ វាឡសត្វ៖ (–ឡៈស័ត) នាមសព្ទ៖ (បា.សំ.; បា. វាឡ + សត្ត; សំ. វ្យាល + សត្វ) សត្វកាច, សាហាវ
សីហៈ, ខ្លា, ពស់, … ជាវាឡសត្វ។
➥ វិកតិ៖ (–កៈតិ) នាមសព្ទ៖ (បា. វិកតិ; សំ. វិក្ឫតិ) ការធ្វើប្លែក; ការធ្វើឲ្យផ្សេងគ្នា; អ្វីៗដែលចម្លែក; បែប, បែបយ៉ាង; គ្រឿង។
➥ {វិកតិ} ទន្តវិក័តិ៖ (ទ័ន-តៈ–) របស់ដែលរំលេចដោយភ្លុក, គ្រឿងប្រកបភ្លុក។
➥ {វិកតិ} បុប្ផវិក័តិ៖ (–បុប-ផៈ–) ផ្កាផ្សេងៗ ដែលយកមកដាក់ចម្រុះរំលេច។
➥ {វិកតិ} មាលាវិក័តិ៖ មាលាដែលរំលេចផ្កាផ្សេងៗ។ ល។
➥ {វិកតិ} គិហិវិក័តិ៖ របស់ដែលគ្រហស្ថប្រើប្រាស់ ឬ របស់សម្រាប់គ្រហស្ថប្រើប្រាស់ តាមផ្ទះលំនៅ។ ព.ផ្ទ. សង្ឃិក ឬ សង្ឃិកៈ (ព.វិ. ពុ.)។
➥ វិកតិកត្តា៖ (–កៈតិ-ក័ត-តា) នាមសព្ទ៖ (បា.) ពាក្យក្នុងវេយ្យាករណ៍មាននាទីឬដំណើរស្មើគ្នានឹងពាក្យដែលសម្រេចអំពើ, ប្រើពាក្យថា «ជា–» ឬ «ដែលជា–» នាំមុខនាមសព្ទ
អ្នកប្រាជ្ញជាបុគ្គលមានខន្តី; សេះជាសត្វខ្លាំងលុបមាត្រ; ដែកជាលោហធាតុមានប្រយោជន៍ច្រើន។ ខ្មែរប្រើពាក្យថា ទោះជា ក៏បាន : ទោះជាវត្ថុអ្វីក៏ដោយ។
➥ វិកតិកម្ម៖ (–កៈតិ-ក័ម) នាមសព្ទ៖ (បា.) ពាក្យក្នុងវេយ្យាករណ៍មាននាទីឬដំណើរស្មើគ្នានឹងពាក្យដែលជាអំពើ, ប្រើពាក្យថា «ជា–» ឬ «ដែលជា–» ជាគ្រឿងសម្គាល់
កុំលេងបៀ ដែលជាល្បែងនាំឲ្យហិនហោចទ្រព្យធនខូចកេរ្តិ៍ឈ្មោះ។
➥ វិកតិកា៖ (–កៈតិ–) នាមសព្ទ៖ (បា.) អាសនៈដែលធ្លាក់ឬគូរវិចិត្រដោយរូបពាឡម្រឹគមានរូបសីហៈនិងរូបខ្លាធំជាដើម
គ្រែវិកតិកា, កៅអីវិកតិកា។
➥ វិកតិកាសនៈ៖ (–កៈតិកាសៈន៉ៈ) នាមសព្ទ៖ (បា. វិកតិកា + អាសន) ដូចគ្នានឹង វិកតិកា ដែរ។
➥ វិកត្ថនៈ៖ (–ក័ត-ថៈន៉ៈ) នាមសព្ទ៖ (សំ.បា. វិកត្ថន ឬ វិកត្ថា) ការពោលអួត; អំនួត; សម្ដីអួតអាង; ការនិយាយលើកកម្ពស់; សម្ដីលើកកម្ពស់; ការនិយាយបញ្ជោរ; សម្ដីលើកជើង
វិកត្ថាបញ្ជោរ។ ព.កា. ថា : វិកត្ថាជាវាចាពុំគួរស្ដាប់ បើឮប្រញាប់ដើរចេញភ្លាម បង្អង់ស្ដាប់យូរច្រើនទាក់ទាម ឮភ្លាមត្រូវចៀសភ្លែតឲ្យឆ្ងាយ។
➥ វិកប្ប៖ (–ក័ប-ប៉ៈ ឬ –ក័ប) កិរិយាសព្ទ៖ (បា; សំ. វិកល្ប) ផ្ញើទុក, ផ្ញើអីវ៉ាន់ទុកនឹងគេ វិកប្បចីវរ ផ្ញើចីវរទុកនឹងគេ : ភិក្ខុវិកប្បអតិរេកចីវរទុកនឹងភិក្ខុផងគ្នា (ព.វិ. ពុ.)។
ពិចារណា; ប៉ង, ផ្គងគំនិតទុក; កំណត់ទុក, កត់សម្គាល់; ពោល, ពណ៌នា; រៀបចំ, រៀបបម្រុង; តាក់តែង; ជ្រើសរើស; នឹកសង្ស័យ; ឲ្យ; …។
នាមសព្ទ៖ ការពិចារណា; បំណង; …។
➥ វិកប្បសន្ធាន៖ (–ក័ប-ប៉ៈ–) នាមសព្ទ៖ (បា. វិកប្ប »កំណត់« + សន្ធាន «ការបន្ត, តំណ») និបាតសព្ទប្រាប់សេចក្ដីកំណត់ សម្រាប់ប្រើបន្ថែមតំណសេចក្ដីដោយឡែកក្នុងប្រយោគនីមួយ ដូចជា
ឬ, ឬក៏; ឬថា; ពុំនោះ, បើពុំនោះ, ពុំនោះសោត ជាដើម (ព.វ.)។ មើលក្នុងពាក្យ វិកប្ប និង សន្ធាន ផង។
➥ វិកល៖ (–កៈល៉ៈ ឬ –កល់) គុណសព្ទ៖ (សំ.បា.) ដែលខ្វះខាត, មិនគ្រប់គ្រាន់; ពិការ
មនុស្សវិកល; វិកលភ្នែកម្ខាង (ខ្វាក់ម្ខាង); វិកលចក្ខុ ឬ ចក្ខុវិកល ខ្វាក់ភ្នែក; វិកលចរិត ខូចចរិត (ភ្លីភ្លើ, ឆ្កួត)។ ល។
នាមសព្ទ៖ ដំណើរខ្វះខាត; ដំណើរពិការ។
➥ វិកល្យ៖ (–កល់) នាមសព្ទ៖ (សំ.បា.) ភាវៈខ្វះខាត; ការមិនគ្រប់គ្រាន់; ដំណើរពិការ (ប្រើជា វិកលភាព ក៏បាន)។
➥ {វិកសិត} វិកសិតចិត្ត៖ (–កៈសិ-តៈ–) ព.ប្រ. ចិត្តរីក (ដូចផ្កា)។
➥ {វិកសិត} វិកសិតបទុម៖ (–ប៉ៈទុំ) ផ្កាឈូករីក។
➥ {វិកសិត} វិកសិតបុប្ផា៖ ឬ (–បុស្ប) (–បុប-ផា ឬ –បុស) ផ្ការីក។
➥ វិការ៖ (–ការៈ ឬ –កា) នាមសព្ទ៖ (សំ.បា.) ការធ្វើប្លែកចាកប្រក្រតីដើម; ការផ្លាស់ប្រែ; ការផ្លាស់រូប, ផ្លាស់ទំនង; ការប្រែប្រួលចាកភាពប្រក្រតី, ការប្រែប្រួលខុសធម្មតា; ដំណើរពិការ; រោគ។
➥ {វិការ} កាយវិការ៖ ការប្រែប្រួលកាយ; ការកម្រើកកាយ (មានលើកដៃ, លើកជើងជាដើម)។ ល។ (មើលក្នុងពាក្យ ពិការ ផង)។
➥ វិកាល នាមសព្ទ៖ (សំ.បា.) កាលខុស (តាមវិន័យពុទ្ធសាសនា រាប់តាំងពីត្រឹមព្រះអាទិត្យជ្រេពីត្រង់ទៅទល់នឹងអរុណរះ)
វេលាវិកាល។
➥ វិក្កយបត្រ៖ (វិក-កៈយ៉ៈ-បាត់) នាមសព្ទ៖ (បា. < វិក្កយ «ការលក់ទំនិញ» + សំ. បត្រ «ក្រដាស, សន្លឹកក្រដាស») សំបុត្ររាយមុខទំនិញ ដែលបានលក់, តារាងរាយរាប់មុខអីវ៉ាន់ដែលលក់ ព្រមទាំងតម្លៃអីវ៉ាន់នោះៗដែលអ្នកលក់ត្រូវទារយកពីអ្នកទិញ
សងថ្លៃទំនិញតាមចំនួនដែលចុះក្នុងវិក្កយបត្រ (ប្រើជា វិក្រយបត្រ (វិក-ក្រៈយ៉ៈ–) ក៏បាន)។
➥ វិក្កយសាលា៖ (វិក-កៈយ៉ៈសាល៉ា) នាមសព្ទ៖ (បា. < វិក្កយ «ការលក់ទំនិញ» + សាលា «រោង» ឬ – + អគារ «ផ្ទះ, រោង»; សំ. វិក្រយ–) រោងឬផ្ទះលក់ទំនិញ, ផ្ទះលក់ដូរ, ផ្ទះផ្សារ, ហាង។
➥ វិក្កយាគារ៖ (វិក-កៈយ៉ាគា) នាមសព្ទ៖ មើលក្នុងពាក្យ វិក្កយសាលា ន.។
➥ វិក្កយិក៖ (វិក-កៈ–) នាមសព្ទ៖ (បា. ឬ សំ.) អ្នកលក់ទំនិញ, អ្នកលក់ដូរ (បើស្រ្តីជា វិក្កយិកា ឬ វិក្រយិកា)។
➥ {វិក្កាយិក} វិក្កាយិកភណ្ឌ៖ (វិក-កា-យិកៈ-ភ័ន) របស់ដែលត្រូវលក់, អីវ៉ាន់សម្រាប់លក់, ទំនិញ។
➥ {វិក្កាយិក} វិក្កាយិកវត្ថុ៖ ឬ (–ព័ស្តុ) (–ព័ស) វត្ថុដែលត្រូវលក់, អីវ៉ាន់សម្រាប់លក់។ ល។
➥ {វិក្កាយិក} វិក្រាយិកពស្តុ៖ មើលក្នុងពាក្យ វិក្កាយិកវត្ថុ។
➥ វិក្ខិត្តចិត្ត៖ (វិក-ខិត-តៈចិត) នាមសព្ទ៖ (បា.; សំ. វិក្សិក្ដចិត្ត) ចិត្តរាយមាយ, សាត់អណ្ដែត, រសេមរសាម
រៀនសូត្រដោយវិក្ខិត្តចិត្ត។
➥ វិក្ខិត្តចិត្ដ គុណសព្ទ៖ ដែលមានចិត្តរាយមាយ
មនុស្សវិក្ខិត្តចិត្ត។
➥ វក្ខេប៖ (វិក-ខេ-ប៉ៈ ឬ –ខែប) នាមសព្ទ៖ (បា.; សំ. វិក្សេប) ការបោះ, ពួយ, គ្រវែង, បន្សាត់, បង្ហើរ; ការរំអុកឲ្យ; ការនាំឲ្យអំពល់, ឲ្យខ្វល់ចិត្ត; សេចក្ដីងឿងឆ្ងល់។
➥ {វក្ខេប} វិក្ខេបចិត្ត៖ (វិក-ខេ-ប៉ៈចិត) ចិត្តខ្វល់; ចិត្តរាយមាយ, រសេមរសាមទៅតាមតែប្រទះ (មើលក្នុងពាក្យ វិក្ខិត្តចិត្ត ផង)។
➥ វិក្រម៖ (វិក-ក្រៈម៉ៈ ឬ –ក្រំ) នាមសព្ទ៖ (សំ.; បា. វិក្កម) ការឈានទៅ, ជំហាន, ដំណើរបោះជំហានទៅ, ការដើរ, ការទៅ; ការកម្រើកឃ្លាតចាកទី; ផ្លូវ; បែបយ៉ាង; កម្លាំងក្លាហាន; សេចក្ដីរឹងប៉ឹង; អំណាច; ជម្នះ។
➥ វិក្រយគ្រឹះ៖ (វិក-ក្រៈយ៉ៈ–) ដូចគ្នានឹង វិក្កយសាលា ឬ វិក្កយាគារ ដែរ។
➥ វិក្រយសាលា៖ មើលក្នុងពាក្យ វិក្រយគ្រឹះ។
➥ វិក្រយាគារ៖ (វិក-ក្រៈយ៉ាគា) ដូចគ្នានឹង វិក្កយាគារ ដែរ។
➥ វិក្រយានុស័យ៖ (វិក-ក្រៈយ៉ា–) នាមសព្ទ៖ (សំ. វិក្រយានុឝយ) ការលើកលែងលក់ទំនិញ, ការឈប់ធ្វើជំនួញ។
➥ វិក្រាន្ដ៖ (វិក-ក្រាន-តៈ ឬ –ក្រាន) គុណសព្ទ៖ (សំ.; បា. វិក្កន្ត) ដែលក្លាហាន, ក្លាខ្លាំង, អង់អាច, ឥតញញើត។
➥ { វិក្រាន្ដ} វិក្រាន្តយុទ្ធ៖ ឬ (–សង្គ្រាម) (វិក-ក្រាន-តៈ–) ចម្បាំងយ៉ាងខ្លាំង, យ៉ាងសម្បើម។
➥ {វិក្រិយា} វិក្រិយាភាព៖ ភាពនៃការផ្លាស់ប្រែ, …។
➥ វិគ្គហ៖ (វិក-គៈហៈ) នាមសព្ទ៖ (បា. វិគ្គហ; សំ. វិគ្រហ) ភាគ, ចំណែក; រូប, រូបរាង, សរីរៈ, ខ្លួនប្រាណ; សេចក្ដីពិស្ដារ; សេចក្ដីពន្យល់; ការប្រកាន់ខុសគ្នា, ដំណើរជជែកដណ្ដើមយកឈ្នះ, ការជជែកទាស់ដំណើរគ្នា, ជម្លោះ។ ព.វ. លំនាំសេចក្ដីដែលញែកចេញឲ្យច្បាស់លាស់សិន ហើយបំប្រួញឲ្យខ្លីជាសព្ទមួយៗ, ដូចជា
អំណោយ មកពីវិគ្គហៈថា»អ្វីដែលត្រូវគេឲ្យ « ឬ «អ្វីមួយដែលគេបានឲ្យរួចហើយ»; សំណូក < អ្វីមួយដែលគេសូកឬដែលបានមកព្រោះគេសូក។ ចងវិគ្គហៈឬលើកវិគ្គហៈ ញែកឲ្យឃើញសេចក្ដីអធិប្បាយរបស់សព្ទ (ហៅ ចងវិគ្រោះ ឬ លើកវិគ្រោះ ក៏បាន)។
➥ វិឃាតភាព៖ (–តៈភាប) នាមសព្ទ៖ (សំ.បា. វិឃាត ឬ –ភាវ) ដំណើរទើសទែង; ការទទឹងទាស់; ការខ្ទាំងខ្ទប់; ការប៉ះទង្គិច, ទង្គុកទង្គិច; សេចក្ដីចង្អៀតចង្អល់ចិត្ត; ការទម្លាយ; ការធ្វើឲ្យវិនាស, ការបំផ្លាញ; ការប្រហារ (មើលក្នុងពាក្យ ពិឃាដ ឬ ពិឃាត ទៀតផង)។