User Tools

Site Tools


Translations of this page?:
km:dictionary:ជួន_ណាត_ស

មាតិកា

វចនានុក្រម ជួន ណាត [ស]

— —

និវេទនិ

ព័ត៌មាន​ខាង​លើ​គឺ​សម្រាប់​បង្ហាញ​នៅ​លើ​ទំព័រ​ដែល​មាន​ពាក្យ​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វចនានុក្រម សូម​មើល សន្ទស្សន៍​និង​សេចក្តី​ផ្តើម.

ថេនថ៍

[ស]

៖ ព្យញ្ជនៈ ទី ៣០ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៥ ក្នុងសេសវគ្គ ឬ អវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ។ តាមរបៀបព្យញ្ជនៈសម្រាប់ប្រើក្នុងភាសាសំស្ក្រឹតក្នុងសេសវគ្គ រៀងអក្សរ ឝ (ស-គ) ជាតាលុជៈ ត្រង់ទី ៥, ឞ (ស-ប) ជាមុទ្ធជៈត្រង់ទី ៦, ស (ស-ល) ជាទន្តជៈ ត្រង់ទី ៧ (រៀងជា យ រ ល វ ឝ ឞ ស) តួ ស នេះមានសំឡេង ជាពីរគឺ ស និង ស៊។ សំ.បា.អ.ថ. ស : ជាអឃោសៈ។

គុណសព្ទ៖ ដែលមានសម្បុរដូចសំឡីកប្បាស
ព័ណ៌ស, សំពត់ស។ សក្បុស សណាស់។ សត្រសុស សម៉ដ្ឋប៉ផូរ, សផូរផង់។ សក្លឹង សស្អាត។ សស្គុស សត្រសោល, សបរិសុទ្ធ។ សស្ងាច សភ្លឺមើលទៅឃើញស្ងាច។ ល។

កិរិយាសព្ទ៖ ចាក់បុះព្រាវដោយស្ន សត្រី។
ព.ប្រ. សរកឲ្យឃើញ សង្កេតរកព្រាវៗ ដោយស្មានៗ ឲ្យឃើញ។

កិរិយាសព្ទ៖ សម្ដែងអាការឲ្យឃើញច្បាស់, បញ្ចេញបែបឲ្យឃើញជាក់ សសេចក្ដី, សហេតុ។
ហែកកេរិ៍្ត សកេរិ៍្ត ឬ សកេរិ៍្តសគល់។
ព.ទ.បុ. សម្ដីសជាតិ មារយាទសត្រកូល សំនៀងភាសា សប្រាប់ឲ្យគេស្គាល់ជាតិឫកពាមារយាទ សម្រាប់ឲ្យគេស្គាល់ពូជត្រកូល។

សក

សក កិរិយាសព្ទ៖ បកសំបក, យកសំបកចេញ, ធ្វើឲ្យរសក សកសំបក, សកអំពៅ។
ធ្វើឲ្យស្បែកចាស់ឬសំបកចាស់របូតចេញឯង តាមកាលកំណត់ គឺផ្លាស់ស្បែកឬសំបកចាស់ចេញ
ពស់សកសំណក, ក្ដាមសក, ពស់, ក្ដាម, ម្រើមព្រះ, បង្កួយ,… ហៅថា សត្វចាស់សក។

សក់

សក់ នាមសព្ទ៖ អាការៈមួយប្រភេទ ជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ : កាត់សក់, សិតសក់, បួងសក់, កោរសក់, សក់សេះ។

សក់ក

{សក់} សក់ក៖ រោមរឹងសរសៃថ្លោសៗ ដុះលើដងកសេះ (ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វា)។

សក់កណ្ដាញ់

{សក់} សក់កណ្ដាញ់៖ សក់ដែលក្រញាញ់ចាក់ស្រែះ ជាប់បេះមិនចេញដូចគេព្រលាំងជ័រ។

សក់ក្រញាញ់

{សក់} សក់ក្រញាញ់៖ សក់រួញរេញមិនរាប។

សក់គោលិទ្ធ

{សក់} សក់គោលិទ្ធ៖ (ព.ប្រ.) សក់បាក់ក្រាបរាបលើសាច់ក្បាលវៀចប៉ាន់ប៉ែវដោយអន្លើ។

សក់ពោត

{សក់} សក់ពោត៖ (ព.ប្រ.) សរសៃល្អិតៗ ទន់ល្មៃដែលកើតមាននៅខាងចុងផ្លែពោត មានសណ្ឋានស្រដៀងនឹងសរសៃសក់។

សក់ព្រៃ

{សក់} សក់ព្រៃ៖ សក់កំណើតដែលដុះលើក្បាលកូនខ្ចីតាំងពីនៅក្នុងផ្ទៃមាតាមក : មង្គលកោរសក់ព្រៃ។

សក់រួញអង្គាដី

{សក់} សក់រួញអង្គាដី៖ (ព.ប្រ.) សក់ស្លូតដែលរួញរមួលខ្ពស់ខ្លះទាបខ្លះ។

សក់ស្លូត

{សក់} សក់ស្លូត៖ (ព.ប្រ.) សក់មិនរួញមិនក្រញាញ់ មិនរបះរបើង។ ល។

ស៊ក

ស៊ក កិរិយាសព្ទ៖ ប្រហកបញ្ចូល; ដាក់សៀតឬបញ្រ្ជកឲ្យជាប់នៅ ឬក៏ឲ្យទើរនៅ ស៊កបន្លួញក្នុងដំណាប់, ស៊ករនុកទ្វារ, ស៊កក្រដាសក្រោមពូក។
ព.ប្រ. លូកសម្ដី សបសម្ដីឲ្យទាល់
ស៊កតែ ១ ម៉ាត់ទៅបាត់មាត់ដូចគេចុក។

ស៊ករូប

{ស៊ក} ស៊ករូប៖ (សព្ទអារក្ស) ចូលរូបឬគ្របរូប, ជាន់រូប (ខ្មោចចូល)
អស់លោកស៊ករូប។

ស-ក

ស-ក៖ (ស-ក) នាមសព្ទ៖ ឈ្មោះកុកមួយប្រភេទ មានកសម្បុរ-ស កុកស-ក។
អ្នកស្រុកខ្លះហៅ កុកគ្រោង, ខ្លះហៅ កុកកន្ដ្រុំ, ខ្លះហៅត្រឹមតែ កន្ត្រុំ។ មើលក្នុងពាក្យ ពាក្យកំព្រា ទៀតផង។

ស័ក

ស័ក នាមសព្ទ៖ (សំ. ឝក) កាល, សម័យ, យុគ; ការរាប់លំដាប់ឆ្នាំ; ពួកជនជាតំណវង្សដែលជាប់ទាក់ទងដោយក្សត្រិយ៍សកៈ ឬ សាលិវាហនៈ (មើលក្នុងពាក្យ សករាជ ផង)។

ខ្មែរប្រើពាក្យនេះចំពោះតែការរាប់លំដាប់ឆ្នាំ តាំងពីស័កទី ១ ដល់ស័កទី ១០ ត្រឡប់សាមករាប់ពីស័កទី ១ វិញ គឺរាប់ថា
ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធស័ក; ដូចជា ឆ្នាំថោះឯកស័ក។ ល។ ឆ្នាំជូតសំរឹទ្ធិស័ក; ឆ្នាំឆ្លូវឯកស័ក, …។

សក់ក័ន្ដ

សក់ក័ន្ដ៖ (–កាន់) នាមសព្ទ៖ ការកាត់សក់។ សៀមសរសេរជា ឝកក័ន្ដ (សុក-កាន់), ឝក (សុក) «សក់» ជាពាក្យខ្មែរ + ក័ន្ដ < បា. កន្ត, សំ. កាន្ត «កាត់» = កាត់សក់ សំដៅសេចក្ដីថា «កាត់ជុក ឬកាត់កំប៉ោយ»; លុះចំណេរតមកប្រើក្លាយជា សុក័ន្ត ឬ សុកាន្ត «កាត់ដោយប្រពៃ» ជួនប្រើជា សោក័ន្ត ឬ សោកាន្ត ក៏មាន, សំដៅសេចក្ដីថា «ការកាត់ជុក ឬការកាត់កំប៉ោយ» ដែរ, ហៅថា កេសាក័ន្ដ ក៏មាន, ហៅចំពោះតែការកាត់ជុក ព្រះរាជកុមារឬព្រះរាជកុមារី ក្នុងព្រះរាជពិធី, ពាក្យធម្មតាហៅកោរជុក, រាប់ជាការមង្គលមួយប្រភេទ សម្រាប់ប្រទេសខ្មែរ។

សក់កាន្ត

សក់កាន្ត៖ (–កាន) (មើលក្នុងពាក្យ សក់ក័ន្ដ)។

សក់កន្ទុយ

សក់កន្ទុយ នាមសព្ទ៖ សរសៃឬរោមវែងៗ មានសណ្ឋានដូចសរសៃសក់, ដែលដុះនៅចុងដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះដូច គោ, ក្របី, សេះនិងចាមរីជាដើម
សក់កន្ទុយគោ (មើលក្នុងពាក្យ វាលៈ ផង)។

សកកាល

សកកាល៖ (សៈកៈ–) នាមសព្ទ៖ (បា.; សំ. ឝក–) សករាជ (ម. ប្រ., ច្រ. ប្រ. សករាជ ជាង)។

សកញ៉ក

សកញ៉ក គុណសព្ទ៖ ដែលស្គមប្រដក់ទាំងមានឫកពាមើកៗផង
ស្គមសកញ៉ក, រាងសកម្ញ៉ក, ដំណើរសកញ៉ក។

សកដមគ្គ

សកដមគ្គ៖ (សៈកៈដៈម័ក) នាមសព្ទ៖ (បា.; សំ. –មាគ៌) ផ្លូវរទេះ, ផ្លូវធ្លា។ ហៅ សកដមាគ៌ា ក៏បាន។

សកដមាគ៌ា

សកដមាគ៌ា៖ មើលក្នុងពាក្យ សកដមគ្គ

សកដ្ឋាននាសិកជៈ

សកដ្ឋាននាសិកជៈ៖ (សៈក័ត-ឋាន៉ៈនាសិកៈជៈ) នាមសព្ទ៖ (បា.) ព្យញ្ជនៈជាវគ្គន្តៈ ៥ តួគឺ ង, ញ, ណ, ន, ម មានសូរសំឡេងកើតតាមឋានរបស់ខ្លួននិងត្រង់ច្រមុះផង; ហៅថាទ្វិដ្ឋានជៈ «អក្សរមានសូរសំឡេងកើតក្នុងឋានពីរ» ក៏បាន (ព.វ.)។

សកត្ថ

សកត្ថ៖ (សៈក័ត-ថៈ ឬ សៈក័ត) នាមសព្ទ៖ (បា.; សំ. ស្វក + អថ៌) អត្ថរបស់ខ្លួន គឺសព្ទដែលមានអក្សរឬពាក្យដទៃរៀងភ្ជាប់ពីខាងចុង គ្រាន់តែផ្សំមកឲ្យស្រួលមាត់ ឥតមានសំដៅសេចក្ដីថាអ្វីឡើយ យកសេចក្ដីតែសព្ទដែលភ្ជាប់ពីខាងដើមនោះប៉ុណ្ណោះ (ព.វ.សំ. បា.។ មើលក្នុងពាក្យ កម្មាយតនៈ, សិប្បាយតនៈ ក្នុងពាក្យ អាយតនៈ ផង)។

សកទាគាមិ

សកទាគាមិ៖ (សៈកៈ–មិ) នាមសព្ទ៖ (បា.) ឈ្មោះមគ្គនិងផលជាលោកុត្តរធម៌ របស់អរិយបុគ្គលអ្នកត្រឡប់មកកើតក្នុងលោកនេះម្ដងទៀតជាកំណត់; ហៅថា សកទាគាមិមគ្គ, សកទាគាមិផល (ព.ពុ.។ មើលក្នុងពាក្យ សកទាគាមី ផង)។ ប្រើជា សកិទា– ដូច្នេះវិញ ក៏មាន។

សកទាគាមិនី

សកទាគាមិនី៖ មើលក្នុងពាក្យ សកទាគាមី

សកទាគាមី

សកទាគាមី៖ (សៈកៈ–) នាមសព្ទ៖ (បា. < សកឹ + អាគាមី; សំ. សក្ឫត៑ឝក្ឫត៑ + អាគាមិន៑, ត៑ > ទ៑=សក្ឫទាគាមិន៑ «អ្នកមកម្ដងទៀត») អរិយបុគ្គលដែលសម្រេចលោកុត្តរផលថ្នាក់ទី ២ (ក្នុងថ្នាក់ផលទាំង៤); អរិយបុគ្គលថ្នាក់នេះ តែងវិលត្រឡប់មកកើតក្នុងមនុស្សលោកនេះម្ដងទៀតជាកំណត់។ បើស្រ្តីជា សកទាគាមិនី (ព.ពុ.។ មើលក្នុងពាក្យ មគ្គ និង ផលចិត្ត ផង)។

សកនិរុត្តិ

សកនិរុត្តិ៖ មើលក្នុងពាក្យ សកាយនិរុត្តិ

សកភាសា

សកភាសា៖ (សៈកៈ–) នាមសព្ទ៖ (បា.; សំ. ស្វកភាឞ) ភាសារបស់ខ្លួន, សម្ដីសម្រាប់ជាតិ។

សកម្ញ៉ក

សកម្ញ៉ក៖ មើលក្នុងពាក្យ សកញ៉ក

សកម្ម

សកម្ម៖ (សៈកាំ) គុណសព្ទ៖ (បា.) ដែលប្រកបដោយកម្ម, ដែលប្រព្រឹត្តទៅមួយអន្លើដោយកម្ម; ដែលទាក់ទងដោយការងារ, ដែលនៅមិនស្ងៀម, ដែលចេះតែមានដំណើររវើករសិបជានិច្ច (បារ. Actif)។

សកម្មកិរិយា

សកម្មកិរិយា៖ (សៈក័ម-ម៉ៈកិរ៉ិយ៉ា) នាមសព្ទ៖ (បា.; សំ. សកម៌ក្រិយា) កិរិយាសព្ទប្រកបដោយកម្ម គឺកិរិយាសព្ទដែលកាលណានិយាយ ត្រូវស្រែកហៅអំពើដែលត្រូវធ្វើមកផង, ដូចជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម
ធ្វើការ, ស៊ីបាយ, ទទួលសំបុត្រ, វាយស្គរ, បិទទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជាកម្ម «អំពើ» របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែលជា សកម្មកិរិយា; ហៅថា សកម្មធាតុ ក៏បាន (ព.វ.)។ ព.ផ្ទ. អកម្មកិរិយា។

សកម្មធាតុ

សកម្មធាតុ៖ (សៈក័ម-ម៉ៈធាត) នាមសព្ទ៖ (បា.; សំ. សកម៌–) ធាតុ គឺមូលឬឫសដើមរបស់កិរិយាសព្ទប្រកបដោយកម្ម, កាលណានិយាយ ត្រូវដាក់ពាក្យជាអំពើដែលត្រូវធ្វើមកផង (ដូចគ្នានឹង សកម្មកិរិយា ដែរ។ ព.វ.)។ ព.ផ្ទ. អកម្មធាតុ។

សកម្មភាព

សកម្មភាព៖ (សៈកាំម៉ៈភាប) នាមសព្ទ៖ (បា. –ភាវ) ភាពដែលប្រកបដោយកម្ម; ដំណើរដែលមានកិច្ចការប្រព្រឹត្តទៅជានិច្ច, ការកម្រើករវើកឥតឈប់ឈរ, ការបំពេញមុខការងារផ្សេងៗ, …
ធ្វើសកម្មភាព, បំពេញសកម្មភាព (បារ. Activité)។

សកម្មាកម្មកិរិយា

សកម្មាកម្មកិរិយា៖ (សៈក័ម-ម៉ាក័ម-ម៉ៈកិរ៉ិយ៉ា) នាមសព្ទ៖ (បា.) ព.វ. កិរិយាសព្ទរូបតែមួយដដែលជាសកម្មក៏បានជាអកម្មក៏បាន, ប្រកប ជាសកម្ម សព្វថ្ងៃឯងប្រកបនូវការរបរអ្វី? (ប្រកបការរបរអ្វី?) – ខ្ញុំបាទប្រកបនូវកសិកម្ម (ប្រកបការស្រែចម្ការ)។ ល។
ប្រកប ជាអកម្ម
សូមអ្នករាល់គ្នាប្រកបដោយ សុខភាពនិងវឌ្ឍនភាពជានិច្ចនិរន្តរ៍!។ ល។ (មើលក្នុងពាក្យ សកម្មកិរិយា និង អកម្មកិរិយា ទៀតផង)។

សករណីយ

សករណីយ៖ (សៈកៈរ៉ៈណី) នាមសព្ទ៖ (បា.) អ្នកដែលមានកិច្ចការត្រូវធ្វើ, អ្នកដែលជាប់ជំពាក់ដោយកិច្ចការ ឬដែលកំពុងមានកិច្ចការ
មនុស្សសករណីយ។ បើស្រ្តីជា សករណីយា។

សករណីយា

សករណីយា៖ (សៈកៈរ៉ៈណីយ៉ា) មើលពាក្យ សករណីយ។

សករាជ

សករាជ៖ (ស័ក-ក្រាច) នាមសព្ទ៖ (សំ. ឝក «កាល, សម័យ, យុគ;… «រាជន៑ ឬ រាជ «ស្ដេច») ការរាប់ថ្ងៃខែឆ្នាំឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ (មើលក្នុងពាក្យ ពុទ្ធសករាជ ផង)។ ពាក្យថា សករាជ (ឬ ស័ក) នេះកើតឡើងអំពីជនមួយពួក ហៅថាពួក តាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា, កាលពុទ្ធសករាជ ៦២១ ឆ្នាំ, ជនពួកនេះបានលុកលុយចូលមកវាតអំណាចក្នុងប្រទេសឥណ្ឌា ប៉ែកខាងលិច បានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនមានព្រះនាមថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏តាំងការរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះជា ស័ក (ឝក) ឬ សករាជ (ឝក–), ដែលចំណេរតមក ហៅថា មហាសករាជ ជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ។ ក្នុងព្រះរាជពង្សាវតារខ្មែរថា ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុមាលា) បានតាំងមហាសករាជ ១ ក្នុងកាលពុទ្ធសករាជ ៦២១; ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ ១១៨៣ (មើលក្នុងពាក្យ ស័ក ផង)។

សកល

សកល៖ (–កៈល៉ៈ) កិរិយាវិសេសន៍៖ (សំ. ឝកល; បា. សកល) ដែលទួទៅ; ទាំងអស់, ទាំងមូល, ទាំងគ្រប់ ចំណេះសាកល ចំណេះដែលទួទៅក្នុងលោក។

គុណសព្ទ៖ (សំ. ឝកល; បា. សកល) ដែលទួទៅ; ទាំងអស់, ទាំងមូល, ទាំងគ្រប់ ចំណេះសាកល ចំណេះដែលទួទៅក្នុងលោក។

ទាំងសកល

{សកល} ទាំងសកល៖ ឬ ទាំងសាកលិ ពេញទួទៅទាំងអស់។

បែបសកល

{សកល} បែបសកល៖ បែប ឬ បែបបទដែលប្រើត្រូវគ្នាក្នុងលោកទាំងមូល។

ភ្លេងសាកល

{សកល} ភ្លេងសាកល៖ ភ្លេងដែលមានលំនាំត្រូវគ្នាក្នុងលោកទាំងមូល។

របស់សាកល

{សកល} របស់សាកល៖ របស់ដែលមានទួទៅក្នុងលោកទាំងមូល។

ល្បែងសាកល

{សកល} ល្បែងសាកល៖ ល្បែងដែលមានបែបត្រូវគ្នាក្នុងលោកទាំងមូល; ស្រែកប្រកាសជាសាកល។ ល។

បើរួមជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ.ថ. សៈ ឬ សា-កៈល៉ៈ, ដូចជា ៖

សកលគ្រាម

{សកល} សកលគ្រាម៖ ស្រុកទាំងមូល, ពេញទាំងស្រុក, អស់ទាំងស្រុក។

សកលជនបទ

{សកល} សកលជនបទ៖ ជនបទទាំងមូល។

សកលជម្ពូទ្វីប

{សកល} សកលជម្ពូទ្វីប៖ ជម្ពូទ្វីបទាំងមូល, ពេញទាំងជម្ពូទ្វីប។

សកលទិន

{សកល} សកលទិន៖ ថ្ងៃទាំងមូល, ពេញមួយថ្ងៃ។

សកលទ្វីប

{សកល} សកលទ្វីប៖ ទ្វីបទាំងអស់, គ្រប់ទ្វីប។

សកលលោក

{សកល} សកលលោក៖ ឬ (សាកល–) លោកទាំងមូល, ពេញទាំងលោក។

សាកលវិជ្ជា

{សកល} សាកលវិជ្ជា៖ ឬ (–វិទ្យា) វិជ្ជាសាកល។ ល។

សកវាទ៍

សកវាទ៍៖ (សៈកៈវ៉ា) នាមសព្ទ៖ (បា. សកវាទ «វាទៈ របស់ខ្លួន, ពំនោលខាងខ្លួន»; សំ. ស្វក + វាទ) សម្ដីខាងចំណែកខ្លួន (មើលក្នុងពាក្យ សកវាទី ផង)។ ខ្មែរប្រើពាក្យ សកវាទ៍ នេះជាឈ្មោះបទចម្រៀងឆ្លើយឆ្លងមានចេញពាក្យផ្ដើមថា សៈ កៈ វ៉ា ជាដរាប, សម្រាប់ច្រៀងក្នុងព្រះរាជពិធីចុះផែនៅថ្ងៃ ១៤, ១៥ កើតនិងថ្ងៃ ១ រោច ខែកត្ដិក ក្នុងវេលាយប់
ច្រៀងសកវាទ៍, បទសកវាទ៍ (សរសេរជា សកវាទិ៍ ក៏បាន, អ.ថ. សៈកៈវ៉ា ដែរ)។

សកវាទិ៍

សកវាទិ៍៖ មើលក្នុងពាក្យ សកវាទ៍

សកវាទិនី

សកវាទិនី៖ មើលក្នុងពាក្យ សកវាទី

សកវាទី

សកវាទី៖ (សៈកៈវា–) នាមសព្ទ៖ (បា.; សំ. ស្វកវាទិន៑) អ្នកពោលពាក្យខាងចំណែកខ្លួនឯង គឺអ្នកចោទសួរ, អ្នកដណ្ដឹង; បើស្ត្រីជា សកវាទិនី; ជាគូគ្នានឹង បរវាទី, បរវាទិនី អ្នកពោលពាក្យខាងចំណែកអ្នកដទៃ គឺអ្នកឆ្លើយដោះ, អ្នកដោះស្រាយ; អ្នកឆ្លើយទាស់។

ស៊កសៀត

ស៊កសៀត កិរិយាសព្ទ៖ (ស. ស្ច់ស្យើត អ.ថ. សសៀត) ញុះញង់, និយាយអុជអាល, និយាយញុះឲ្យគេបែកបាក់គ្នា។ ជ្រៀតជ្រែក ឬសបសម្ដីឲ្យទាល់នៅស្ងៀម។ ពាក្យស៊កសៀត ពាក្យញុះញង់; ពាក្យសបឲ្យទាល់។

សក់សេះ

សក់សេះ នាមសព្ទ៖ (ព.ប្រ.) ឈ្មោះប្រទាលមួយប្រភេទ (ពួកទាល់, ពួកធ្មៅ) មានផ្កាចេញជាសរសៃល្អិតៗ វែងៗ បែកសាងញ៉ាង (ស្រដៀងនឹងសក់សេះ), មើមប្រើធ្វើជាម្សៅសម្រាប់ធ្វើនំបាន នំម្សៅសក់សេះ។
ឈ្មោះស្មៅមួយប្រភេទផ្កាបែកចេញជាសរសៃល្អិតៗវែងៗរីកសាងញ៉ាង (ស្រដៀងនឹងសក់សេះ)
ស្មៅសក់សេះ (អ្នកស្រុកខ្លះហៅ ស្មៅសាងញ៉ាង)។

សក់ស្វាយ

សក់ស្វាយ នាមសព្ទ៖ រោមវែងៗដុះជាកញ្ចុំពីលើប្រជុំស្មាសេះ។

សក់ឡក់

សក់ឡក់ កិរិយាវិសេសន៍៖ ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម សម្ដីសក់ឡក់, មនុស្សសក់ឡក់, កិរិយាសក់ឡក់។ ព.កា. ថា : ដូចពួកពាលសកឡក់ ចិត្តអាក្រក់ធ្វើលីកលាន យល់ធម៌ដំបូន្មាន ចិត្តពុំចូលពុំចង់ស្ដាប់។
សាស្ដ្រាច្បាប់វិធូរបណ្ឌិត។ ពាក្យកាព្យធៀបថា
មនុស្សសក់ឡក់ មារយាទអាក្រក់ ប្រាសចាកអៀនខ្មាស គន់ឯឫកពា ខ្ជីខ្ជាផ្ដេសផ្ដាស ច្រឡេសច្រឡាស ច្រឡោងខាមក្រៃ។

គុណសព្ទ៖ ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម សម្ដីសក់ឡក់, មនុស្សសក់ឡក់, កិរិយាសក់ឡក់។ ព.កា. ថា : ដូចពួកពាលសកឡក់ ចិត្តអាក្រក់ធ្វើលីកលាន យល់ធម៌ដំបូន្មាន ចិត្តពុំចូលពុំចង់ស្ដាប់។
សាស្ដ្រាច្បាប់វិធូរបណ្ឌិត។ ពាក្យកាព្យធៀបថា
មនុស្សសក់ឡក់ មារយាទអាក្រក់ ប្រាសចាកអៀនខ្មាស គន់ឯឫកពា ខ្ជីខ្ជាផ្ដេសផ្ដាស ច្រឡេសច្រឡាស ច្រឡោងខាមក្រៃ។

សកអំពៅ

សកអំពៅ នាមសព្ទ៖ (ព.ប្រ.) សសរឈើដែលចាំងជាជ្រុងៗ (ស្រដៀងនឹងដើមអំពៅដែលលួសសកសំបកហើយ), សសរមិនលុបជ្រុង
សសរសកអំពៅ។ (មើលក្នុងពាក្យ សសរ ទៀតផង។)

សកាយទិដ្ឋិ

សកាយទិដ្ឋិ៖ (សៈកាយ៉ៈទិត-ឋិ) នាមសព្ទ៖ (បា.) ទិដ្ឋិដែលប្រកាន់ថាបញ្ចក្ខន្ធជារបស់ផងខ្លួន
សកាយទិដ្ឋិនេះ ជាសំយោជនធម៌ថ្នាក់ទាប សោតាបន្នបុគ្គលលះ ទិដ្ឋិនេះបាន ឥតមានការប្រែប្រួលឡើយ (ព.ពុ.)។

សកាយនិរុត្តិ

សកាយនិរុត្តិ៖ (សៈកាយ៉ៈនិរុត-តិ ឬ –និរុត) នាមសព្ទ៖ (បា.; សំ. –និរុក្តិ) និរុត្តិរបស់ខ្លួន, និរុត្តិរៀងខ្លួន គឺភាសាសម្ដីរបស់មនុស្សរាល់ជាតិក្នុងសកលលោក ដែលមានសូរសព្ទផ្សេងគ្នា ថាអ្វី ហៅអ្វីផ្សេងៗពីគ្នា; ទោះបីសម្ដីនោះជាសំស្រ្តឹត ឬជាបាលីដែលមានអត្ថន័យត្រូវគ្នាតែមួយ ក៏អានឮសូរសព្ទផ្សេងគ្នាខ្លះៗដែរ, ដូចជាបាលីថា បញ្ច (ប្រាំ) នេះ ជនជាតិខ្លះអានថា បុ័ញ-ចៈ, ខ្លះថា បុ័ន-ចៈ, ខ្លះថា បុ័ញ-ចឺៈ, ខ្លះថា ប៉េញ-សៈ, ខ្លះថា ប៉ោញ-ចៀៈ, ខ្លះថា ប៉ោង-ចៀៈ; យ៉ាងនេះហៅថា សកាយនិរុត្តិ ឬ សកនិរុត្តិ ក៏បាន ព្រោះអានតាមដំណើរអណ្ដាតដែលរលាស់ថាកើតរៀងរាល់ខ្លួននៃជនជាតិនីមួយៗក្នុងសកលលោក។ ក្នុងវិនយបិដកខុទ្ទកវត្ថុក្ខន្ធក មានចែងថា ព្រះសក្យមុនីសម្ពុទ្ធទ្រង់អនុញ្ញាតថា ឲ្យភិក្ខុទាំងឡាយអានបាលីពុទ្ធវចនៈតាមសកាយនិរុត្តិចុះ (ព្រោះព្រះអង្គជ្រាបច្បាស់ថា នឹងបង្គាប់ឬដាក់កម្រិត ឬក៏បង្ខំពួកភិក្ខុ ដែលមានជាតិផ្សេងៗគ្នារាល់ប្រទេសឲ្យអានបាលីពុទ្ធវចនៈថាឲ្យមានសំឡេងត្រូវគ្នាតែបែបមួយពុំកើតឡើយ ដ្បិតមានការកម្រើកអណ្ដាតរលាស់ថាចេញវចីភេទឮផ្សេងគ្នា តាមធម្មតារបស់មនុស្សរាល់ជាតិក្នងលោកទាំងមូល)។ មើលក្នុងពាក្យ និរុត្តិ ទៀតផង។

សកុណជាតិ

សកុណជាតិ៖ (សៈកុ-ណៈជាត) នាមសព្ទ៖ (បា.; សំ. ឝកុន–) ជាតិបក្សី, បក្សីទួទៅ
ហ្វូងសកុណជាតិ។

សកុណណ្ឌ

សកុណណ្ឌ៖ (សៈកុ-ណន់) នាមសព្ទ៖ (បា. < សកុណ «បក្សី» + អណ្ឌ «ស៊ុត»; សំ. ឝកុន + អណ្ឌ > ឝកុនាណ្ឌ) ពងសត្វស្លាប, ស៊ុតបក្សី (ព. ខ្ព. ឬ ព.កា.)
ព្រះពុទ្ធត្រាស់ថា រាជបុត្រា ព្រះនាមពោធី ពុំមានបុត្រសោះ ព្រោះកម្មអំពី ជាតិមុនដែលស៊ី សកុណណ្ឌនាកោះ។ (រឿងព្រះអង្គម្ចាស់ពោធិរាជ ព្រះរាជបុត្រព្រះបាទពិម្ពិសារ)។

សក្ក

សក្ក៖ (ស័ក-កៈ) នាមសព្ទ៖ (បា. សក្ក; សំ. ឝក្យ) ពួកសាក្យៈ, សាក្យរាជ; ព្រះសក្យមុនីគោតម។ (សំ. ឝក្រ) ព្រះឥន្ទ្រ។

សក្កជនបទ

{សក្ក} សក្កជនបទ៖ ឬ សក្ករដ្ឋ ជនបទឬខេត្តដែនរបស់ពួកសាក្យៈ, ដែនជាជាតិភូមិរបស់ព្រះសក្យមុនីសម្ពុទ្ធ។

សក្កទេវរាជ

{សក្ក} សក្កទេវរាជ៖ ព្រះឥន្រ្ទាធិរាជ។ ល។

សក្កៈ

សក្កៈ៖ (ស័ក-កៈ) (មើលក្នុងពាក្យ សក្ក)។

សក្កដភាសា

សក្កដភាសា៖ (ស័ក-កៈដៈ–) នាមសព្ទ៖ (បា.) ភាសាសំស្រ្កឹត។

សក្ការ

សក្ការ៖ (ស័ក-ការ៉ៈ) នាមសព្ទ៖ (បា. សក្ការ; សំ. សត្ការ) ការធ្វើគោរព, សេចក្ដីគោរព, ការធ្វើបដិសណ្ឋារៈដោយគោរព; តង្វាយ, ជំនូន, គ្រឿងបូជា ធ្វើសក្ការៈ, មានគ្រឿងសក្ការៈ។

សក្ការបូជា

{សក្ការ} សក្ការបូជា៖ គ្រឿងបូជាដោយគោរព, គ្រឿងបូជាដ៏ផ្ចិតផ្ចង់។

សក្ការភាជនៈ

{សក្ការ} សក្ការភាជនៈ៖ ឬ (–ភាជន៍) ភាជនៈដាក់គ្រឿងសក្ការៈ។ ល។

សក្ការៈ

សក្ការៈ៖ (ស័ក-ការ៉ៈ) (មើលក្នុងពាក្យ សក្ការ)។

សក្ការសម្មាន

សក្ការសម្មាន៖ (ស័ក-ការ៉ៈ ស័ម-ម៉ាន) នាមសព្ទ៖ (បា.) សក្ការៈនិងសេចក្ដីរាប់អាន, សក្ការៈនិងសេចក្ដីគួរសម ធ្វើសក្ការសម្មាន។
ព.កា. ថា : សក្ការសម្មាន នាំឲ្យបានគ្នាជាមិត្រ នរណាបានប្រព្រឹត្ត ពិតជានឹងមានមិត្រច្រើន។ ចងមិត្រដោយការឲ្យ ឲ្យញយៗមិត្រក៏កើន ក្ដីសុខក្ដីចម្រើន តែងមានច្រើនព្រោះការឲ្យ។

សក្ខរា

សក្ខរា៖ (ស័ក-ខៈរ៉ា) នាមសព្ទ៖ (បា.; សំ. ឝករា) ក្រួស; ស្ករក្រាម ឬស្ករតាំងស៊ិន។

សក្ខរាបាន

{សក្ខរា} សក្ខរាបាន៖ ឬ សក្ខរបាន ទឹកដែលលាយដោយស្ករក្រាម។

សក្ខី

សក្ខី៖ (ស័ក-ខី) នាមសព្ទ៖ (បា.; សំ. សាក្សិន៑) សាក្សី (ស្ម, បន្ទាល់)។

សក្ខីភាព

{សក្ខី} សក្ខីភាព៖ ដំណើរជាសាក្សី។

សក្ខីភូត

{សក្ខី} សក្ខីភូត៖ ដែលជាសាក្សី។ ស្ត្រីជា សក្ខីភូតា។

សក្ដា

សក្ដា៖ (ជើង ដ; ស័ក-ក្ដា) គុណសព្ទ៖ (សំ. ឝក្ដ) ដែលអាច, អង់អាច, ដែលមានអំណាច, ក្លាហាន; មានកម្លាំង; មានព្យាយាមរឹងប៉ឹង; ពូកែ, ខ្លាំងពូកែ; ជំនាញ; ដែលប៉ិនធន់ទ្រាំ។ ប្រើជា ន. ក៏បាន
មានសក្ដា, ដោយសក្ដា។

សក្ដាតេជ

{សក្ដា} សក្ដាតេជ៖ ឬ (–តេជះ) (–ដែច ឬ –ដេជះ) តេជះដ៏អង់អាច, ដ៏ក្លាហាន។

សក្ដានុភាព

{សក្ដា} សក្ដានុភាព៖ (សំ. សក្ដ + អានុភាវ) អានុភាពដ៏អង់អាច,…។ ព.កា. ថា : សក្ដាខ្ពង់ខ្ពស់ ប៉ុន្តែគ្មានយស ពុំស្មើប្រជា ដែលគេគ្មានស័ក្ដិ គេមានមេត្តា សទ្ធាជ្រះថ្លា ទេព្ដាស្រឡាញ់។ កាព្យច្បាប់ រាជនេតិ នៃព្រះរាជសម្ភារថា : ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្ដា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឲ្យមើលងាយ។

សក្ដិ

សក្ដិ៖ (ស័ក) នាមសព្ទ៖ (សំ. ឝក្ដិ; បា. សត្ដិ) អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; កម្លាំង; ព្យាយាម; រឹងប៉ឹង; ការខ្លាំងពូកែ; ការជំនាញ; សេចក្ដីធន់, ការប៉ិនធន់ទ្រាំ; លំពែង អ្នកមានស័ក្ដិ, ស័ក្ដិតូច, ស័ក្ដិធំ, ស័ក្ដិស្មើគ្នា។
ឥស្សរិយាភរណៈដែលប៉ាក់ដោយចេសមាសឬចេសប្រាក់ជាដើម សម្រាប់ដាក់ភ្ជាប់នឹងអាវរបស់មន្ត្រី សម្គាល់ឲ្យដឹងថ្នាក់ធំតូច
ពាក់ស័ក្ដិ, ស័ក្ដិមាស, ស័ក្ដិប្រាក់, ស័ក្ដិ១, ស័ក្ដិ ២, …។

សក្ដិត្រ័យ

{សក្ដិ} សក្ដិត្រ័យ៖ (ស័ក-ក្ដិ-ត្រៃ) ប្រជុំ ៣ នៃស័ក្ដិ ឬ អង្គ ៣ នៃរាជស័ក្ដិគឺ ព្រះរាជា, អមាត្យមន្ត្រី, ពលស័ក្ដិ (ពលរដ្ឋដែលមានកេរ្តិ៍ឈ្មោះ)។

សក្ដិធរ

{សក្ដិ} សក្ដិធរ៖ (ស័ក-ក្ដិ-ធ) អ្នកទ្រទ្រង់ស័ក្ដិ (អ្នកមានស័ក្ដិ); អ្នកកាន់លំពែង។ ស័ក្ដិ ៩ ហ៊ូពាន់ (មើលក្នុងពាក្យ ហ៊ូពាន់)។

ស័ក្ដិយស

{សក្ដិ} ស័ក្ដិយស៖ (–យស់) អំណាចនិងបរិវារ, ទ្រព្យសម្បត្ដិ, កេរ្ដិ៍ឈ្មោះល្អ, សេចក្ដីរាប់អាននៃអ្នកដទៃ (និយាយថា យសស័ក្ដិ ក៏បាន «បរិវារនិងអំណាច» ឬ «អំណាចលើបរិវារ»)។

ស័ក្ដិសម

{សក្ដិ} ស័ក្ដិសម៖ (–សំ) សមដោយអំណាច។

សមស័ក្ដិ

{សក្ដិ} សមស័ក្ដិ៖ (សំ–) អំណាចដ៏សមរម្យ ឬ អំណាចស្មើគ្នា។ ព.បុ. ថា : ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា។ ល។

ស័ក្ដិ

ស័ក្ដិ៖ (ស័ក) (មើលក្នុងពាក្យ សក្ដិ)។

ស័ក្ដិសិទ្ធ

ស័ក្ដិសិទ្ធ៖ (ស័ក-សិត) នាមសព្ទ៖ (សំ. ឝក្ដិ + សិទ្ធិ «សេចក្ដីសម្រេច») ការសម្រេចដោយអំណាច។ គុ. ដែលមានអំណាច ឬដែលអាចឲ្យសម្រេចប្រយោជន៍បាន, ដែលវិសេសវិសាល; ដែលពូកែឆុតឆាប់, ដែលខ្លាំងពូកែ : របស់ស័ក្ដិសិទ្ធិ, មន្តស័ក្ដិសិទ្ធិ, ថ្នាំស័ក្ដិសិទ្ធិ។ ប្រើជា កិ.វិ. ផងក៏បាន : ធ្វើឲ្យឃើញស័ក្ដិសិទ្ធិ ធ្វើឲ្យឃើញជាក់ស្ដែង, ឲ្យឃើញប្រាកដ។

សក្យ

សក្យ៖ (ស័ក-ក្យ៉ៈ) នាមសព្ទ៖ (បា. សក្ក ឬ ប្រើជា សក្យ ក៏មាន; សំ. ឝាក្យ) ជនពួកមួយនៅក្នុងដែនសក្កៈ (ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ ពួកសក្យ, ជាតិសាក្យ (សម័យសព្វថ្ងៃនេះហៅ នេប៉ាល៉េស៍ «អ្នកប្រទេសនេប៉ាល់»)។
ព.ទ.បុ. រឹងដូចសាក្យ ឬ រឹងមើលតែសាក្យ រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ។

សក្យជនបទ

{សក្យ} សក្យជនបទ៖ (–រដ្ឋ) ឬ (សាក្យ–) ជនបទឬដែនរបស់ពួកសាក្យ «ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្ដុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Népal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandū កដ្ឋមណ្ឌូ; នេប៉ាល ប្រែថា «ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់»; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា «ក្រុងមានសុទ្ធតែផ្ទះឈើ» ដ្បិតក្រុងនេះកាលដែលគេចាប់ផ្ដើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ…។

សក្យត្រកូល

{សក្យ} សក្យត្រកូល៖ ឬ (សាក្យ–) ត្រកូលសាក្យ។

សក្យបុត្តិយ៍

{សក្យ} សក្យបុត្តិយ៍៖ ឬ សាក្យបុត្រិយ៍ (–បុត) បព្វជិតជាកូនចៅឬជាពួជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក): ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍។

សក្យមុនី

{សក្យ} សក្យមុនី៖ ឬ (សាក្យ–) អ្នកប្រាជ្ញរបស់ពួកសាក្យ (ព្រះសមណគោតមបរមគ្រូ)។

សក្យរដ្ឋ

{សក្យ} សក្យរដ្ឋ៖ ដែនសក្យៈ។

សក្យរាជ

{សក្យ} សក្យរាជ៖ ឬ (សាក្យ–) (–រាច) ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ (ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី) សក្យវង្ស ឬ សាក្យ– វង្សរបស់សាក្យ។ ខ្មែរប្រើពាក្យនេះជាឋានន្ដរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស (ធៀបនឹងឋានន្តរមន្ត្រីខាងអាណាចក្រទីឲកញ៉ាស្រីធម្មាធិរាជ… សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិកានៃក្រសួងវាំង)។

សក្យសីហៈ

{សក្យ} សក្យសីហៈ៖ ឬ សាក្យសិង្ហ (ព.ប្រ.) សីហៈ ឬ សិង្ហរបស់ពួកសាក្យ (ព្រះសក្យមុនី)។ ព.កា. ថា
ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ។

សក្យ–

សក្យ–៖ មើលក្នុងពាក្យ សក្យសាក្យ

សក្លាត

សក្លាត៖ (សៈក្លាត) នាមសព្ទ៖ (ស. ប្រើជា ស័កហ្លាត អ.ថ. ស័ក-កៈ ហ្លាត; ឥណ្ឌា Sakalet) សំពត់កម្ពល គឺសំពត់ធ្វើដោយរោមសត្វ មានសាច់ក្រាស់ជិត ប្រើធន់បានយូរ, មានច្រើនបែប
អាវសក្លាតខ្មៅ។

សខិលភាស

សខិលភាស៖ (សៈខិល៉ៈ–) គុណសព្ទ៖ (បា.) ដែលមានវាចានាំឲ្យបានជាសំឡាញ់, នាំឲ្យកើតមិត្តភាព; ដែលមានសម្ដីឱបអរសាទរ
មនុស្សសខិលភាស ឬ សខិលសម្ភាស។

នាមសព្ទ៖ អ្នកដែលពោលពាក្យសុភាពឱបអរសាទរ (ប្រើជា សខិលភាសី ឬ –សម្ភាសី ក៏បាន; បើស្ត្រីជា សខិលភាសិនី ឬ –សម្ភាសិនី)។

សខិលភាសា

សខិលភាសា៖ (សៈខិល៉ៈ–) នាមសព្ទ៖ (បា.) សម្ដីដែលនាំឲ្យបានជាសំឡាញ់, ដែលនាំឲ្យកើតមិត្តភាព; សម្ដីឱបអរសាទរ
មនុស្សគួរប្រើសខិលសម្ភាសាទៅវិញទៅមករកគ្នា។

សខិលភាសី

សខិលភាសី៖ មើលក្នុងពាក្យ សខិលភាសសខិលសម្ភាស

សខិលភាសិនី

សខិលសម្ភាស

សខិលសម្ភាស៖ (សៈខិល៉ៈ–) (មើលក្នុងពាក្យ សខិលភាស)។

សខិលសម្ភាសា

សខិលសម្ភាសា៖ (សៈខិល៉ៈ–) (មើលក្នុងពាក្យ សខិលភាសា)។

សខិលសម្ភាសិនី

សខិលសម្ភាសិនី៖ មើលក្នុងពាក្យ សខិលភាសិនី

សខិលសម្ភាសី

សខិលសម្ភាសី៖ មើលក្នុងពាក្យ សខិលភាសី

សគារវកថា

សគារវកថា៖ (សៈគារៈវៈកៈ–) នាមសព្ទ៖ (បា.) សម្ដីដែលប្រកបដោយសេចក្ដីគោរព (សម្ដីគោរព)
មនុស្សគួរប្រើសគារវកថាជានិច្ចទៅរកបុគ្គលដែលគួរគោរព។

សគុណ

សគុណ៖ (សៈគុន) គុណសព្ទ៖ (បា.) ដែលប្រកបដោយគុណ, ដែលមានគុណ, មានបំណាច់ មនុស្សសគុណ, របស់សគុណ, ប្រាក់សគុណ។

នាមសព្ទ៖ មនុស្សឬអ្វីៗដែលមានគុណ, ដែលជាបំណាច់, ជារង្វាន់ : ឲ្យប្រាក់ ២០ រៀលជាសគុណ។ (ព.ផ្ទ. និរគុណ)។

សគោត្ត

សគោត្ត៖ (សៈគោត) គុណសព្ទ៖ (បា. ឬ សំ.) ដែលជាប់ជាញាតិនឹងគ្នា : មនុស្សសគោត្ត។

នាមសព្ទ៖ ញាតិឆ្ងាយ។

សគោត្រ

សគោត្រ៖ មើលក្នុងពាក្យ សគោត្ត

សគ្គ

សគ្គ៖ (ស័ក-គៈ) នាមសព្ទ៖ (បា.; សំ. ស្វគ៌) ឋានសួគ៌។

សគ្គកថា

{សគ្គ} សគ្គកថា៖ សម្ដីសម្ដែងអំពីឋានសួគ៌, ពាក្យទេសនាប្រកាសអំពីឋានសួគ៌។

សគ្គគាមី

{សគ្គ} សគ្គគាមី៖ អ្នកដែលនឹងបានទៅកើតឯឋានសួគ៌ (បើស្ត្រីជា សគ្គគាមិនី)។

សគ្គមគ្គ

{សគ្គ} សគ្គមគ្គ៖ ផ្លូវទៅឋានសួគ៌ (ផ្លូវសួគ៌)។

សគ្គមោក្ខ

{សគ្គ} សគ្គមោក្ខ៖ សួគ៌និងនិពា្វន។

សគ្គមោក្ខមគ្គ

{សគ្គ} សគ្គមោក្ខមគ្គ៖ (–មោក-ខៈ–) ផ្លូវសួគ៌និងនិពា្វន។

សគ្គវាសី

{សគ្គ} សគ្គវាសី៖ អ្នកនៅក្នុងឋានសួគ៌ (ទេវតាទួទៅ); បើស្ត្រីជា សគ្គវាសិនី ស្រីដែលកើតក្នុងឋានសួគ៌ (ស្រីសួគ៌)។ ល។

សង

សង កិរិយាសព្ទ៖ ឲ្យតម្លៃរបស់ដែលទិញឬដែលខ្ចីគេមកឬចេញថ្លៃឲ្យគេជាជំនួសរបស់ដែលខូច ដែលវិនាសព្រោះខ្លួន សងបំណុល, សងថ្លៃស្រូវគេ។
ហូរវិលត្រឡប់ឡើងវិញព្រោះមានទីទើសម្ខាង ទឹកហូរសង។
ធ្វើការតបឲ្យគេវិញ ព្រោះគេបានធ្វើឲ្យខ្លួនមុនរួចហើយ សងដៃគេ ឬ សងវេរគេ (មើលក្នុងពាក្យ វេរ ន. ផង)។
ឲ្យប្រាក់ឬឲ្យរបស់ទៅគេ ឲ្យគេបាត់ឈឺចិត្ត សងជំងឺចិត្ត។
សបសម្ដីទៅវិញ សងសម្ដី។ ល។

សង់

សង់ កិរិយាសព្ទ៖ ប្រជុំគ្រឿងទព្វសម្ភារៈធ្វើឲ្យកើតបានជាលំនៅ សង់ផ្ទះ, សង់សាលា, សង់រោង។
ធ្វើស្ពាន
សង់ស្ពាន។

ស៊ង

ស៊ង នាមសព្ទ៖ ទីដែលហ៊ុមព្រួលបញ្ចូលត្រី, បង្ខាំងត្រី ចាប់ត្រីក្នុងស៊ង។
ច្រកឬប្រហប់មានសណ្ឋានជាទ្វារជ្រលមឬជ្រៅ
ចូលតាមស៊ង។

នាមសព្ទ៖ កញ្ចប់ធ្វើដោយស្លឹកចេកស្រស់ជាដើមមានសណ្ឋានជ្រលមមានស្រទាប់ហូតទាញចេញបាន សម្រាប់ដាក់ស្លាបារី ស៊ងស្លា, មាន ២ បែបគឺ ស៊ងតូច ស៊ងដាក់ម្លូបៀកនិងស្លាចំណិត, ថ្នាំឬមានបារីផង; ស៊ងធំ ស៊ងដាក់ស្លឹកម្លូព្រមទាំងកំបោរ, ស្លាជ្វា, ស្លា, ថ្នាំ។
ចួនធ្វើដោយមាស ប្រាក់, ស្ពាន់ មានសណ្ឋានជ្រលមដែរ តែឥតស្រទាប់ឬថតហូតទេ សម្រាប់ដាក់ម្លូឬបារី
ស៊ងមាស, ស៊ងប្រាក់, ស៊ងស្ពាន់។

សងខាង

សងខាង នាមសព្ទ៖ (ស. ស្ចងខាង អ.ថ. សងខាង់) ពីរខាង
ភ្នែកទាំងសងខាង, សងខាងផ្លូវ, សុខចិត្តទាំងសងខាង។

សង់ខ្យា

សង់ខ្យា នាមសព្ទ៖ (ស. ស័ងខយា អ.ថ. –ខៈយ៉ា) ឈ្មោះនំមួយប្រភេទ ធ្វើដោយស៊ុតទាលាយស្ករ
នំសង់ខ្យា, សង់ខ្យាល្ពៅ។

ស័ងខ្យា

ស័ងខ្យា៖ មើលក្នុងពាក្យ សង់ខ្យា

សង់គោល

សង់គោល កិរិយាវិសេសន៍៖ ដួលឬរលំខ្លាំង; បោល, រត់, ស្ទុះពេញទំហឹង
ដួលសង់គោល, បោលសង់គោល។

សង់ជ្រោង

សង់ជ្រោង កិរិយាវិសេសន៍៖ ដែលដួលមិនរលំ ព្រោះទប់ដោយដៃនិងជើងជ្រែងចំកោងខ្លួន ដូចជាជ្រោងឲ្យនៅនឹងបាន
ដួលសង់ជ្រោង។

សង់ទីម៉ែត្រ

សង់ទីម៉ែត្រ នាមសព្ទ៖ (បារ. –ម៉ែត្រិ៍ Centimétre) មាត្រារង្វាស់ប្រវែង ១០ មិល្លីម៉ែត្រ
មួយរយសង់ទីម៉ែត្រជា១ម៉ែត្រ; ពីរម៉ែត្រ៣០សង់ទីម៉ែត្រ (២ ម. ៣០)។

សង់ទ្រយុង

សង់ទ្រយុង កិរិយាវិសេសន៍៖ ដែលធ្លាក់ឬដួលចំហុងក្បាលចុះក្រោម
ធ្លាក់សង់ទ្រយុង។

សង់ផ្ទះ

សង់ផ្ទះ គុណសព្ទ៖ (ព.ប្រ.) ដែលឈឺជាប់ជានិច្ចតាំងនៅយូរ, ដែលឈឺតត្រំតត្រើយមើលមិនជា
ជំងឺសង់ផ្ទះ, រោគសង់ផ្ទះ។

សងសឹក

សងសឹក កិរិយាសព្ទ៖ ធ្វើអាក្រក់តបទៅរកវិញ, បំផ្លាញតបទៅវិញ, ចងពៀរតប
ម្ល៉េះហើយសងសឹកឲ្យត្រាតែបាន! (ព.កា.) : ទីឃាវុកុមារ មុនមានការគិតសងសឹក ក្រោយមកបានភ្នកនឹក ដល់បណ្ដាំនៃបិតា។ ព្រះបាទព្រហ្មទត្ដ ក៏ពុំភ្លាត់បង់ជន្មា ព្រោះការស្រាយវេរា នៃទីឃាវុបណ្ឌិត។ ល។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្ត ក្នុងទីឃាវុជាតក)។

សង់សឿ

សង់សឿ នាមសព្ទ៖ ឈ្មោះពស់ឥតពិសមួយប្រភេទ ពួកពស់ព្រៃ តែសម្បុរខ្នងខ្មៅរលើប ក្រឡាស្រកាពីត្រឹមពាក់កណ្ដាលខ្លួនទៅក្បាលដូចក្រឡាស្រកាពស់វែកដំបូក ពីពាក់កណ្ដាលខ្លួនទៅចុងកន្ទុយដូចពស់ព្រៃ មាត្រធំជាងពស់ព្រៃ លូនលឿនភ្លែត
ពស់សង់សឿច្រើននៅក្នុងព្រៃទួល។ មានពាក្យចាស់ទុំបរម្បរានិយាយថា បើប្រទះពស់មានពិសឲ្យថា សង់សឿៗ…, ថាពស់នោះនឹងទៅជាស្លូតមិនហ៊ានចឹកក្នុងវេលានោះ។

សង៉ា

សង៉ា៖ (សៈ–) គុណសព្ទ៖ (ស. សង់ា អ.ថ. សៈង៉ា «ដែលជាទីគួរកោតក្រែង, ជាទីគួរគោរពរាប់អាន; ដែលគួរកោត, គួរស្ងើច) ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់, សង្ហា
រូបឆោមសង៉ា (ម. ប្រ., ច្រ. ប្រ. សង្ហា ជាង)។ សង៉ារាសី សង្ហារាសី (រាសីរុងរឿង)។

សង្កត់

សង្កត់៖ (សង់-កត់) កិរិយាសព្ទ៖ (បា. សង្កដ; សំ. សំកដសង្កដ ប្រើជា គុ. ឬ ន. «ចង្អៀត, ដែលញាត់ញៀត, ដែលប្រគរលើគ្នា; ផ្លូវឬច្រកចង្អៀត») ដាក់ទម្ងន់ពីលើ ដើម្បីឲ្យពៀច, ឲ្យរាប, ឲ្យទ្រោម ឬកុំឲ្យកម្រើក, កុំឲ្យហើប, កុំឲ្យរើរួច : សង្កត់ឲ្យរាប, អង្គុយសង្កត់ពីលើ។ ចាប់ផ្ញុចមិនឲ្យរើរួច សង្កត់ក។
ព.ប្រ. គំរាម, ដាក់កំហិតឬបង្ខំឲ្យខាងតែបាន សង្កត់កយកប្រាក់។
ទប់ចិត្តមិនឲ្យកក្រើក សង្កត់ចិត្ត, ខំអត់សង្កត់ចិត្ត។
លឿនបន្តិចជាងគ្នា ឬមានក្បាលបន្តិចជាងគេ ទូក-ង ខាងស្ដាំសង្កត់ទូក-ងខាងឆ្វេង; គោម្ខាងដើរសង្កត់គោម្ខាង។
រកស៊ីមានបានជាងគេ, មានទ្រព្យច្រើនជាងអ្នកស្រុកជាមួយ មានទ្រព្យសង្កត់អ្នកស្រុក។
ស្ដីនិយាយគ្របលើ សង្កត់មិនឲ្យហើបមាត់រួច។
សូត្របាលី ឬសូត្រពាក្យសម្រាយប្រើខ្យល់ធ្ងន់ៗដាច់ៗត្រង់អក្សរតម្រួត (សូត្រសំយោគ) សូត្រធម៌សង្កត់, សូត្រសេចក្ដីសង្កត់ត្រង់ពាក្យធ្ងន់ៗច្បាស់លាស់ (មើលក្នុងពាក្យ សង្កេត ផង)។
សង្កត់សង្កិន សង្កត់ដូចជាកិនរឿយៗឲ្យល្អិតខ្ទេចខ្ទី, បង្រ្គបលើ; បៀតបៀនយកប្រយោជន៍
និយាយសង្កត់សង្កិន; សង្កត់សង្កិនយកប្រាក់; សង្កត់សង្កិនរាស្ដ្រ។ ល។

នាមសព្ទ៖ រស្សសញ្ញា ឬបន្តក់ (់) នេះ ដូចជា ក + ង់ > កង់, គ + ត់ > គត់, ចា+ ប់ > ចាប់, ដ + ក់ > ដក់។ ល។ (មើលក្នុងពាក្យ វណ្ណយុត្តវណ្ណយុត្តិ ទៀតផង)។

សង្កត់សង្កិន

សង្កត់សង្កិន៖ មើលក្នុងពាក្យ សង្កត់ កិ.។

សង្កថា

សង្កថា៖ (សង់-កៈ–) នាមសព្ទ៖ (សំ.បា.) ពាក្យសន្ទនា, ការសន្ទនាគ្នា; ការថ្លែងសេចក្ដីមាត់ទទេ
ធ្វើសង្កថារកគ្នាទៅវិញទៅមក។

សង្កប្ប

សង្កប្ប៖ (សង់-ក័ប ឬ –ក័ប-ប៉ៈ) នាមសព្ទ៖ (បា.; សំ. សំកល្ប) សេចក្ដីត្រិះរិះ, តម្រិះ។

សង្កប្បគោចរ

{សង្កប្ប} សង្កប្បគោចរ៖ (សង់-ក័ប-ប៉ៈគោ-ច) អារម្មណ៍ឬដំណើរគំនិតដែលត្រិះរិះ។

មិច្ឆាសង្កប្ប

សម្មាសង្កប្ប

{សង្កប្ប} សម្មាសង្កប្ប៖ តម្រិះត្រូវ។ ល។

សង្ករ

សង្ករ៖ (សង់-កៈរ៉ៈ ឬ –ក) នាមសព្ទ៖ (សំ.បា.) ការច្របូកច្របល់, ច្រឡូកច្រឡំ, ច្រឡំបល់; ដំណើរសាន់វ៉ាន់; សេចក្ដីខ្វល់ខ្លាំង។

សង្ករការណ៍

{សង្ករ} សង្ករការណ៍៖ (សង់-កៈរ៉ៈកា) ហេតុ ឬដំណើរដែលនាំឲ្យច្របូកច្របល់,…។

សង្ករភាព

{សង្ករ} សង្ករភាព៖ (សង់កៈរ៉ៈភាប) ភាវៈច្របូកច្របល់។ ល។

សង្កល

សង្កល៖ (សង់-កៈល៉ៈ ឬ –កល់) នាមសព្ទ៖ (សំ.) គណៈ, ពួក, ក្រុម, បន, ហ្វូង; ការបូកឲ្យឃើញចំនួន, ការថែមចំនួនឲ្យច្រើនឡើង
ធ្វើសង្កលឲ្យឃើញចំនួន។

សង្កល់

សង្កល់ នាមសព្ទ៖ ឈ្មោះអណ្ដើកមួយប្រភេទ មាត្រធំសម្បុរខៀវក្រមៅ
អណ្ដើកសង្កល់។

ស័ង្កសី

ស័ង្កសី៖ (ស័ងកៈសី) នាមសព្ទ៖ (បារ. ហ័្សង្ក Zinc មកពីពាក្យ អល្លឺម៉ង់ដ៍; ស. ស័ងកៈសី អ.ថ. ស័ងកៈស៊ី) លោហធាតុសុទ្ធមួយប្រភេទ សម្បុរ-សដូចសំណសាច់រឹង, ប្រើការបានច្រើនបែប
ថាំងស័ង្កសី, រោងប្រក់ស័ង្កសី (ហៅ ស័ង្គសី ក៏មាន)។

សង្កា

សង្កា៖ (សង់-កា) នាមសព្ទ៖ (បា.; សំ. ឝង្កា) សេចក្ដីសង្ស័យ; សេចក្ដីខ្លាចក្រែង; ការប្រុងប្រយ័ត្ន, ការប្រុងប្រយ័ត្ន, ក្រែងខុសទាស់, ក្រែងមិនសម្រេចដូចបំណង មានសង្កា។
ខ្មែរប្រើសំដៅសេចក្ដីថា «សន្យា, ប្ដេជ្ញា» ក៏មាន ធ្វើសង្កាទៅវិញទៅមក។
ប្រើជា កិ. ក៏បាន
សង្កាពាក្យ, ត្រូវសង្កាគ្នាឲ្យប្រាកដប្រជា។

សង្កាត់

សង្កាត់ នាមសព្ទ៖ ប៉ែក, ឡែក, ផ្នែក, ខណ្ឌ
សង្កាត់ពាក្យ, សង្កាត់សេចក្ដី, មានជួរមានសង្កាត់, ដាក់ដោយសង្កាត់; ឈរជាសង្កាត់ៗ; ចៅសង្កាត់។

សង្ការ

សង្ការ៖ (សង់-កា) នាមសព្ទ៖ (សំ. សំស្ការ; បា. សង្ខារ) សង្ខារ;…។ ខ្មែរប្រើសំដៅសេចក្ដីថា «ការលើកសពធ្វើឈាបនកិច្ច, ការគាស់ខ្មោចដុត, ការលើកខ្មោចស្រោចឆ្អឹង» និយាយបានតែជាមួយនឹងពាក្យថា «លើកសព»
លើកសពសង្ការ (លើកសពសង្ខារ); បើឲ្យត្រឹមត្រូវ គួរនិយាយថា លើកសពសំស្ការ។

នាមសព្ទ៖ (បា.; សំ. សំករសង្ការ) សំរាម។

សង្ការកូដ

{សង្ការ} សង្ការកូដ៖ (សង់ការ៉ៈកូត) គំនរ ឬពំនូកសំរាម។

សង្ការច្ឆទ្ទក

{សង្ការ} សង្ការច្ឆទ្ទក៖ (សង់ការ៉័ច-ឆ័ត-ទៈកៈ ឬ –ទក់) អ្នកចាក់សំរាម, អ្នកស៊ីឈ្នួលចាក់សំរាម; បើស្រ្តីជា សង្ការច្ឆទ្ទិកា។

សង្ការដ្ឋាន

{សង្ការ} សង្ការដ្ឋាន៖ ឬ សង្ការធាន (សង់ការ៉័ត-ឋានឬ –រ៉ៈធាន) កន្លែងចាក់សំរាម។
កាព្យធៀបពុទ្ធភាសិតថា : ឧប្បលបទុម ដើមតូចដើមធំ ផ្ការីកក៏មាន ដែលដុះនៅក្នុង សង្ការធាន ផ្កានោះពុំបាន ច្រឡំនឹងគល់។ សុមេធកុលបុត្ត មានប្រាជ្ញាមុត ឈ្លាសធ្លុះយង់យល់ កើតក្នុងត្រកូល ងងឹតងងល់ រែងជាបុគ្គល ភ្លឺស្វាងខុសគេ។

សង្ការី

សង្ការី៖ (សង់-ការ៉ី) នាមសព្ទ៖ (សំ.) ស្រ្តីដែលទើបរៀបការហើយថ្មីៗ; កញ្ញាដែលអន់ល្អហើយ, ក្រមុំចាស់ឬចាស់ក្រមុំ
នាងសង្ការី។

សង្កាស

សង្កាស គុណសព្ទ៖ (បា.; សំ. ឝំកាសសង្កាស) ដែលដូចគ្នា, ដែលស្មើគ្នា; ដែលប៉ុនគ្នា។

សង្កាសភណ្ឌ

{សង្កាស} សង្កាសភណ្ឌ៖ ឬ (–វត្ថុ) (សង់-កាសៈភ័ន ឬ –វ័ត-ថុ) របស់ឬវត្ថុដូចគ្នា, ប៉ុនគ្នា។

សង្កាសរូប

{សង្កាស} សង្កាសរូប៖ ឬ (–សណ្ឋាន) រូបឬទ្រង់ទ្រាយដូចគ្នា, ប៉ុនគ្នា, ប្រហែលគ្នា។ ល។

សង្កិណ្ណ

សង្កិណ្ណ៖ (សង់កិន-ណៈ) នាមសព្ទ៖ (បា.; សំ. សង្កីណ៌) ដែលចង្អៀតថ្តែ, ដែលញៀតញាត់, ណែនណាន់, តាន់តាប់; ដែលលាយគ្នា, ច្របូកច្របល់គ្នា។

សង្កិណ្ណគ្រឹះ

{សង្កិណ្ណ} សង្កិណ្ណគ្រឹះ៖ ផ្ទះដែលចង្អៀតថ្តែថ្តុក។

សង្កិណ្ណជាតិ

{សង្កិណ្ណ} សង្កិណ្ណជាតិ៖ ជាតិលាយ (ជាតិកាត់); មនុស្សដែលមានជាតិលាយ (មនុស្សកាត់ជាតិ)។

សង្កិណ្ណដ្ឋាន

{សង្កិណ្ណ} សង្កិណ្ណដ្ឋាន៖ ទីចង្អៀត, សម្ពាធដ្ឋាន។

សង្កិណ្ណបុត្រ

{សង្កិណ្ណ} សង្កិណ្ណបុត្រ៖ ឬ (–បុត្រី) បុត្រឬបុត្រីលាយជាតិ (កូនកាត់)។ ល។

សង្កិន

សង្កិន កិរិយាសព្ទ៖ កិនហើយកិនទៀត, កិនរឿយៗ : សង្កិនឲ្យល្អិតម៉ដ្ឋ។ ព.ប្រ. សង្កេត, ពិនិត្យ, ឈ្លេចឈ្លី ឲ្យឃើញជាក់ ឲ្យឃើញពិត : សង្កិនរក, សង្កិនឲ្យឆ្លើយ, សួរសង្កិន។

សង្កត់សង្កិន

{សង្កិន} សង្កត់សង្កិន៖ (មើលក្នុងពាក្យ សង្កត់ កិ.)។

សង្កេតសង្កិន

{សង្កិន} សង្កេតសង្កិន៖ សង្កេតឈ្លេចឈ្លីឲ្យឃើញពិត។

សង្កិម

សង្កិម នាមសព្ទ៖ ឈ្មោះសំពត់សូត្រ ត្បាញលើកជាផ្កាល្អិតៗផ្សេងៗ ព័ណ៌ភ្លឺរលើប, កំណើតមកពីប្រទេសក្រៅ
សំពត់សង្កិម, ត្បូងខ្នើយសង្កិម។

សង្កិលេស

សង្កិលេស៖ (សង់-កិល៉ែស) នាមសព្ទ៖ (បា.; សំ. សំក្លេឝ) គ្រឿងសៅហ្មង, គ្រឿងសៅហ្មងចិត្ត; មន្ទិល; គ្រឿងនាំឲ្យអួអាប់, ឲ្យស្រអាប់
រាគៈ, ទោសៈ, មោហៈ … ជាសង្កិលេសរបស់ចិត្ត; ពពក, ផ្សែង, ធូលី … ជាសង្កិលេសរបស់ព្រះអាទិត្យព្រះចន្ទ្រ។

សង្កិលេសិក

សង្កិលេសិក៖ (សង់-កិល៉េ-សិ-កៈ ឬ –សិក) គុណសព្ទ៖ (បា.; សំ. សំក្លេឝិក) ដែលសៅហ្មង; ដែលជាមន្ទិល; ដែលនាំឲ្យអួអាប់, ឲ្យស្រអាប់។

សង្កិលេសិកចិត្ត

{សង្កិលេសិក} សង្កិលេសិកចិត្ត៖ ចិត្តដែលមានសៅហ្មង។

សង្កិលេសិកធម៌

សង្កិលេសិកសន្ដាន

{សង្កិលេសិក} សង្កិលេសិកសន្ដាន៖ (–សន់-ដាន) សន្ដានសៅហ្មង, សន្ដានចិត្តមិនបរិសុទ្ធ។ ល។

សង្កឹម

សង្កឹម៖ មើលក្នុងពាក្យ សង្កិម

សង្កួត

សង្កួត កិរិយាសព្ទ៖ កួតរឿយៗ; ត្រដុសរឿយៗ, ធ្វើឲ្យកកិតរឿយៗ
សង្កួតកាំបិត។ ថ្មសង្កួត, ឈើ–, ស្បែក–, ថ្ម, ឈើ, ស្បែក សម្រាប់សង្កួតកាំបិតជាដើម។

សង្កើច

សង្កើច នាមសព្ទ៖ សុខុមសត្វមួយប្រភេទ ជាពួកសំសេទជសត្ត កើតនៅទីដេកទីអង្គុយ មានក្លិនធុំឆួលខ្មោះ, ខាំជញ្ជក់ឈាមមនុស្សជាអាហារ
សង្កើចខាំណាស់ដេកមិនបានទេ!; ពាក្យបណ្ដៅថា អាសាំងកខ្លី យប់ៗចង់ស្រី ប្រុសវាក៏ចង់ (តើគឺអ្វី? –សង្កើច; ថាត្រូវហើយ!)។

សង្កើសង្កាញ់

សង្កើសង្កាញ់ កិរិយាសព្ទ៖ ស្រៀវស្រាញក្ដៅមុខក្ដៅមាត់រកកល់គ្រុន
កាលណាបើសង្កើសង្កាញ់ត្រូវរកថ្នាំលេប ឬផឹកភ្លាមទៅ កុំបង្អង់ទុកឲ្យដល់ទៅចាប់គ្រុនទាន់។

សង្កៀត

សង្កៀត កិរិយាសព្ទ៖ ប៉ះត្រដុសត្បៀតគ្នា លាន់ឮសូរង៉េតង៉តៗឬក្រតៗ ជាដើម
ដើមឫស្សីសង្កៀតគ្នា, ដេកសង្កៀតធ្មេញ។

សង្កៀរ

សង្កៀរ កិរិយាសព្ទ៖ រអាឬរអាមខ្លាំង
សង្កៀរធ្មេញ, សង្កៀរជើង, សង្កៀរសាច់។ គុណសព្ទ៖ រអាឬរអាមខ្លាំង
សង្កៀរធ្មេញ, សង្កៀរជើង, សង្កៀរសាច់។

សង្កៀរចិត្ត

{សង្កៀរ} សង្កៀរចិត្ត៖ រអាចិត្ត, ជ្រេញចិត្ត, ទ្រាន់ចិត្តខ្លាំង។

សង្កៀរត្រចៀក

{សង្កៀរ} សង្កៀរត្រចៀក៖ រអាមឬខ្ទ័រត្រចៀក គឺឮសូរសព្ទខ្លាំងជិតត្រចៀក ឬឮសម្ដីពុំគួរគាប់ នាំឲ្យខ្ទ័រឬរអាមស្រោតប្រសាទ។

សង្កេត

សង្កេត នាមសព្ទ៖ (សំ.បា.) ការកំណត់, ការមត់គ្នា, ណាត់គ្នា, ប្ដេជ្ញាគ្នា; ការយល់ព្រមជាមួយ; សញ្ញា; ការពិនិត្យឲ្យឃើញច្បាស់
ធ្វើតាមសង្កេត។ ខ្មែរច្រើនប្រើជា កិ. សំដៅសេចក្ដីថា «ពិនិត្យ, ចំណាំ, គ្នេរគ្នាន់, រំពឹងមើល ឲ្យឃើញជាក់»: ត្រូវសង្កេតមើលសិន; បានសង្កេតឃើញសព្វគ្រប់ហើយ។ សូត្របាលីពិនិត្យតាមអក្ខរប្បភេទ : សូត្រធម៌សង្កេត (មើលក្នុងពាក្យ សង្កត់ កិ. ផង។

បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. សង់កេតៈ; ដូចជា ៖

សង្កេតកម្ម

{សង្កេត} សង្កេតកម្ម៖ ការឲ្យសញ្ញា។

សង្កេតការណ៍

{សង្កេត} សង្កេតការណ៍៖ ហេតុដែលគួរឲ្យសង្កេត, ហេតុនៃការពិនិត្យមើល។

សង្កេតភាព

{សង្កេត} សង្កេតភាព៖ ដំណើរសង្កេត។

សង្កេតលក្ខណៈ

{សង្កេត} សង្កេតលក្ខណៈ៖ លក្ខណៈនៃការពិនិត្យមើល។

សង្កេតវិធី

{សង្កេត} សង្កេតវិធី៖ បែបនៃការពិនិត្យមើល។ ល។

សង្កែ

សង្កែ នាមសព្ទ៖ ឈ្មោះឈើអសារជាតិមួយប្រភេទ សាច់សរឹង, អ្នកស្រុកកណ្ដាលស្ទឹងពេញចិត្តដាំតាមភ្លឺស្រែ, ជ្រុះស្លឹកមកនាំឲ្យដីស្រែចម្រើនជីជាតិល្អ, ជាឈើងាយកើត ទោះកាប់ក្របែលដើមទុកឲ្យនៅតែគល់ ក៏អាចឆាប់ដុះជាលំពង់លូតលាស់ចម្រើនឡើងទៀតបាន, គេប្រើការបន្ទំល័ក្តក៏បាន ធ្វើជាឧសដុតក៏បាន ស្លឹកប្រើការមូរបារីក៏បាន, ជាឈើមានប្រយោជន៍ គួរប្រជាពលរដ្ឋគ្រប់ស្រុកពេញចិត្តដាំតាមភ្លឺស្រែរាល់គ្នា ឬដាំធ្វើជារបងភូមិរបងចម្ការផងក៏ស្រួលណាស់, បើឧស្សាហ៍កាប់កាត់សម្រួលរឿយៗ មិនចម្រើនម្លប់ដល់ទៅបោកស្រូវ ឬបោកដំណាំឲ្យអន់ឡើយ។

នាមសព្ទ៖ ឈ្មោះស្រុកមួយក្នុងខេត្តបាត់ដំបង។

សង្កែភ្លើង

សង្កែភ្លើង នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទ សណ្ឋានស្លឹកស្រដៀងនឹងស្លឹកឳជ្រឹង, គេច្រើនប្រើសំបកធ្វើជាថ្នាំរម្ងាប់រោគបានច្រើនយ៉ាង តាមគួរដល់ការផ្សំប្រើតាមតម្រាគ្រូថ្នាំបុរាណ។

សង្កោចន

សង្កោចន៖ (សង់កោចៈន៉ៈ) នាមសព្ទ៖ (សំ.បា. សង្កោចន) ដំណើរជ្រួញ, ជ្រីវ; ការចងចិញ្ចើម; ដំណើរជូរមុខ, ដំណើរធ្វើមុខក្រញូវ។ សង្កោចនភាព (–ចៈន៉ៈភាប) ភាពជូរមុខ, ភាពក្រញូវមុខ
សម្ដែងសង្កោចនភាពរកគ្នា។

សង្កោចនាការ

{សង្កោចន} សង្កោចនាការ៖ (–ចៈន៉ាកា; សំ.បា. < សង្កោចន + អាការ) អាការជូរមុខ, អាការក្រញូវមុខ
ទទួលភ្ញៀវដោយសង្កោចនាការ។ ល។

សង្កោចន៍

សង្កោចន៍៖ (សង់កោច) (មើលក្នុងពាក្យ សង្កោចន)។

សង្កោប

សង្កោប៖ (សង់កោប៉ៈ) នាមសព្ទ៖ (សំ.បា.) ការកម្រើក; ការកក្រើកចិត្ត, សេចក្ដីក្រោធ។

សង្កោបការណ៍

{សង្កោប} សង្កោបការណ៍៖ (–ប៉ៈ–) ហេតុនៃកំហឹង, ហេតុដែលបណ្ដាលឲ្យខឹង។

សង្កោបមូល

{សង្កោប} សង្កោបមូល៖ (–ប៉ៈ–) មូល, ដើមហេតុ, ប្រភពនៃកំហឹង; ដើមទងដែលនាំបណ្ដាលឲ្យក្រោធ។ ល។

សង្ក្រាន្ត

សង្ក្រាន្ត៖ (សង់ក្រាន) នាមសព្ទ៖ (សំ. សង្ក្រាន្តិ) ដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី), ពិធីចូលឆ្នាំថ្មី (សង្ក្រាន្តមានបីថ្ងៃគឺ ថ្ងៃទី ១ ជា ថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជា ពារកណ្ដាល ឬ ហៅថា វ័នបត (ថ្ងៃខ្វាក់), ថ្ងៃទី ៣ ជា ពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង
ថ្ងៃសង្រ្កាន្ដ, ពិធីសង្រ្កាន្ដ។

ត្រស្តិសង្រ្កាន្ដ

{សង្ក្រាន្ត} ត្រស្តិសង្រ្កាន្ដ៖ ពិធីត្រស្តិនិងសង្រ្កាន្ដដែលក្សត្រិយ៍ពីបុរាណរួមគ្នាក្នុងកាលតែមួយ។

សង្ក្រាន្តិ

សង្ក្រាន្តិ៖ មើលក្នុងពាក្យ សង្ក្រាន្ត

ស័ង្ខ

ស័ង្ខ៖ (សាំង) នាមសព្ទ៖ (បា. សង្ខ; សំ. ឝង្ខ) ខ្យងសមុទ្រមួយបែប គូទស្រួច មានស្នាមវិលស្រួច សម្បុរ-ស, សម្រាប់ពួកបារគូផ្លុំ ឬសម្រាប់ដងទឹកស័ក្ដិសិទ្ធិស្រោចក្នុងព្រះរាជពិធីជាដើម ពួកបារគូផ្លុំស័ង្ខ, ស្រោចទឹកក្លស់ទឹកស័ង្ខថ្វាយ។
ឈ្មោះសារាយសមុទ្រមួយប្រភេទដើមល្អិតល្វន់សម្បុរ-ស
សារាយស័ង្ខ (ហៅ សារាយអំបោះ ក៏បាន)។

សង្ខកុដ្ឋិ

សង្ខកុដ្ឋិ៖ (សង់ខៈកុត-ឋិ ឬ –កុត) នាមសព្ទ៖ (បា.; សំ. ឝង្ខកុឞ្ឋិ) ឃ្លង់ល្ពៅ។ រ.ស. ឬ ព. ខ្ព.។

សង្ខតធម៌

សង្ខតធម៌៖ (សង់ខៈតៈធ័រ) នាមសព្ទ៖ (បា. សង្ខតធម្ម; សំ. សំស្ក្ឫត + ធម៌) ធម៌ដែលបច្ច័យប្រជុំតាក់តែង, សង្ខារ ឬសង្ខារធម៌
សាកលលោកជាសង្ខតធម៌។ ព.ផ្ទ. អសង្ខតធម៌។

សង្ខារ

សង្ខារ៖ (សង់-ខា) នាមសព្ទ៖ (បា.; សំ. សំស្ការ) ការតាក់តែង, គ្រឿងប្រកបឬតាក់តែង; គ្រឿងប្រុង; ភ្ជុំ, ប្រមូលផ្សំ; សព៌ាង្គកាយ; ជីវិត; គំនិត; អ្វីៗទាំងពួងក្នុងលោក; …។

សង្ខារក្ខន្ធ

{សង្ខារ} សង្ខារក្ខន្ធ៖ (–រុ័ក-ខ័ន) គំនរឬកងនៃគំនិត (ដែលរាប់ជាខន្ធទី ៤ ក្នុងខន្ធទាំង ៥)។

សង្ខារទុក្ខ

{សង្ខារ} សង្ខារទុក្ខ៖ (–រ៉ៈទុក) សេចក្ដីព្រួយលំបាករបស់ជីវិតឬព្រោះជីវិត។

សង្ខារធម៌

{សង្ខារ} សង្ខារធម៌៖ (–រ៉ៈ ធ័រ) ធម៌គឺសង្ខារឬសង្ខារដែលរាប់ថាធម្មតា។

សង្ខារនិរោធ

{សង្ខារ} សង្ខារនិរោធ៖ (–រ៉ៈនិរោត) ដំណើររលត់សង្ខារ, ដំណើរលែងមានសង្ខារតទៅទៀត។

សង្ខារបច្ច័យ

{សង្ខារ} សង្ខារបច្ច័យ៖ ឬ (–រប្បច្ច័យ) (–រ៉ៈ ឬ រុ័ប-បុ័ច-ចៃ) ធម៌ដែលជាបច្ច័យឲ្យកើតវិញ្ញាណ។

សង្ខារបធាន

{សង្ខារ} សង្ខារបធាន៖ ឬ (–រប្បធាន) (–រ៉ៈឬរុ័ប-ប៉ៈ–) ការតាំងនៅមាំរបស់សង្ខារ។

សង្ខារលោក

{សង្ខារ} សង្ខារលោក៖ (–រ៉ៈ–) លោកគឺសង្ខារ, លោកដែលទុកថាជាសង្ខារ; សេចក្ដីចម្រើននិងសេចក្ដីវិនាស។

សង្ខារុបេក្ខា

{សង្ខារ} សង្ខារុបេក្ខា៖ (–ប៉េក-ខា; បា. < សង្ខារ + ឧបេក្ខា) ដំណើរជើយព្រងើយចំពោះអ្វីៗទាំងពួង។ ល។

កាយសង្ខារ

{សង្ខារ} កាយសង្ខារ៖ (–យ៉ៈ សង់ខា) ខ្យល់ដកដង្ហើមចេញចូល។

ចិត្តសង្ខារ

{សង្ខារ} ចិត្តសង្ខារ៖ (ចិត-តៈសង់ខា) សញ្ញានិងវេទនា។

ជីវិតសង្ខារ

{សង្ខារ} ជីវិតសង្ខារ៖ (–តៈសង់ខា) អាយុ, ភ្លើងធាតុនិងបដិសន្ធិវិញ្ញាណ។

វចីសង្ខារ

{សង្ខារ} វចីសង្ខារ៖ (វៈចីសង់ខា) វិតក្កៈ និង វិចារៈ (ព.ពុ. ទាំងអស់)។ ល។

សង្ខិត្ត

សង្ខិត្ត៖ (សង់ខិត-តៈ ឬ សង់ខិត) កិរិយាសព្ទ៖ (បា.; សំ. សំក្សិប្ត) បំប្រួញឲ្យខ្លី; បង្រួញ; ស្លេះទុក; ដែលរួញ, រួញរា; សង្ខេប
រឿងនេះត្រូវសង្ខិត្តទុកសិន; រឿងសង្ខិត្ត។ គុណសព្ទ៖ (បា.; សំ. សំក្សិប្ត) បំប្រួញឲ្យខ្លី; បង្រួញ; ស្លេះទុក; ដែលរួញ, រួញរា; សង្ខេប
រឿងនេះត្រូវសង្ខិត្តទុកសិន; រឿងសង្ខិត្ត។

សង្ខិតកថា

{សង្ខិត្ត} សង្ខិតកថា៖ (សង់ខិត-តៈកៈថា) ពាក្យសង្ខេប។

សង្ខិត្តចិត្ត

{សង្ខិត្ត} សង្ខិត្តចិត្ត៖ ចិត្តរួញ, ចិត្តរួញរា។

សង្ខិត្តន័យ

{សង្ខិត្ត} សង្ខិត្តន័យ៖ ន័យសង្ខេប។ ល។

សង្ខុញ

សង្ខុញ កិរិយាសព្ទ៖ ជំរុញ, រុញដោយប្រញាប់ឲ្យជ្រុលឬឲ្យលឿនទៅមុខ; បង្ខំខ្លាំងឲ្យទាន់ចិត្ត, បន្ទាន់ចិត្ត
សង្ខុញឲ្យទាន់ការ, សង្ខុញដាក់; សួរសង្ខុញ, ទារសង្ខុញ, សង្ខុញចូល។

សង្ខេប

សង្ខេប៖ (សង់ខែប) នាមសព្ទ៖ (បា.; សំ. សំក្សេប) សេចក្ដីបំប្រួញ, សេចក្ដីយ៉ : និយាយដោយសង្ខេប។ ខ្មែរប្រើជា កិ. ក៏មាន «បំប្រួញ»: យើងត្រូវសង្ខេបសេចក្ដីនេះត្រឹមប៉ុណ្ណេះសិន។ ប្រើជា គុ ក៏បាន «ដែលបំប្រួញ»: រឿងសង្ខេប។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. សង់ខេប៉ៈ, ដូចជា : សង្ខេបកថា, សង្ខេបន័យ, សង្ខេបបទ, សង្ខេបវត្ថុ, ពាក្យ, ន័យ, បទ, រឿងសង្ខេប។ ល។

សង្ខោភ

សង្ខោភ៖ (សង់ខោភៈ ឬ សង់-ខោប) នាមសព្ទ៖ (បា.; សំ. សំក្សោភ) ការកម្រើក, សេចក្ដីរំជួល, ញាប់ញ័រ។

សង្ខោភការណ៍

{សង្ខោភ} សង្ខោភការណ៍៖ ហេតុដែលនាំបណ្ដាលឲ្យមានសេចក្ដីរំជួល។ ប្រើដូចជា គុ. ក៏បាន : សង្ខោភចិត្ត ចិត្តដែលរំជួល។ ល។

សង្ខ្យា

សង្ខ្យា៖ (សង់-ខ្យា) មើលពាក្យ សំខ្យា។

សង្ខ្យានុគ្រោះ

សង្គតិ

សង្គតិ៖ (សង់គៈតិ) នាមសព្ទ៖ (សំ.បា.) ការរាប់រកគ្នា, ការរាប់អានគ្នា, ការរួបរួមគំនិតគ្នា; ការចួបប្រសព្វគ្នា; សេចក្ដីស្មោះស្មើទៅវិញទៅមករកគ្នា; ការប្រជុំ, ការចួបជុំគ្នា; សមាគម។ សង្គតិភាព ភាពនៃសង្គតិ។

សង្គម

សង្គម៖ (សង់-គំ ឬ –គៈមៈ) នាមសព្ទ៖ (សំ.បា.) ការជួបជុំគ្នា, ការប្រជុំគ្នា; ការរាប់រកគ្នា, ការប្រមូលរួបរួមផ្ដុំមនុស្ស ឬសត្វ
សង្គមមនុស្ស, សង្គមសត្វ។ វេវ. សង្គតិ។

សង្គមកិច្ច

{សង្គម} សង្គមកិច្ច៖ (សង់គៈមៈកិច ឬ សង់គំ-មៈ–) កិច្ចការក្នុងសង្គម ឬរបស់សង្គម; កិច្ចការដែលធ្វើឡើងដើម្បីជួយយឹតយោងសង្គមមនុស្សឲ្យបានសុខចម្រើន។

ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយកាន់កាប់មុខការដូចពោលខាងលើនេះ
ក្រសួងសង្គមកិច្ច។ សង្គមដ្ឋាន, –មាល, –សភា, –សាលា ទីឬរោងសម្រាប់ប្រជុំ។

សង្គមភាព

{សង្គម} សង្គមភាព៖ ភាពនៃសង្គម។ ល។

សង្គមរាស្ត្រនិយម

សង្គមរាស្ត្រនិយម៖ (សង់-គំរាស-និយំ) នាមសព្ទ៖ (សំ.ស.) ពាក្យសំស្រ្កឹតសន្មត មានអត្ថន័យថា សង្គមនិយមរាស្ត្រប្រជាពលរដ្ឋទួទៅទាំងប្រទេស ប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភព រួបរួមគ្នាដោយលទ្ធិតែមួយ ដូចគេវេញខ្សែបញ្ចូលធ្លុងគ្នា មិនឲ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ។ ល។ សង្គមរាស្ត្រនិយម នេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជា ឯករាជ្យ អព្យាក្រឹត្យ សង្គមនិយមព្រះពុទ្ធសាសនា ដ៏បរិសុទ្ធស្អាត។ ល។ សង្គមនេះកើតមានប្រាកដឡើងក្នុងកាល ព.ស. ២៤៩៩ គ.ស. ១៩៥៥ ដោយ សម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គជាព្រះអគ្គមហាប្រធាន ដែលព្រះរាជរដ្ឋាភិបាល (រាល់រយៈកាល) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស។ ចាប់ដើមតាំងពី សង្គមរាស្ត្រនិយម នេះកើតមានឡើង ប្រទេសកម្ពុជាក៏មានការលូតលាស់ចម្រើនកើតកើនរាល់ទិវារាត្រី ប្រជាពលរដ្ឋប្រកបដោយសួស្ដីសិរីសុខស្ងប់ជាមួយនឹងកិរិយា ស្វាមីភ័ក្ដិ ឥតរអាក់រអួល វឌ្ឍនាការក៏ចេះតែប្រព្រឹត្តទៅដោយស្រួលជឿនលឿនទៅមុខគគុក ឥតថយក្រោយ សូម្បីមួយជំហានឡើយ។ ល។

ព.កា. អនុស្សាវរីយ៍ជាទីរលឹកនឹកគោរពចំពោះ សង្គមរាស្ត្រនិយម ថា
រាជការសង្គម រដ្ឋរាស្ត្រនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្ត្រទាំងអស់គ្នា បានសុខចម្រើន! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្ត្រនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ- ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ!រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប!។ ល។

សង្គហៈ

សង្គហៈ៖ (សង់គៈហៈ) នាមសព្ទ៖ (បា. សង្គហ; សំ. សំគ្រហ) សេចក្ដីឬការសង្រ្គោះ; ការកាន់យកឬស្រង់សេចក្ដីយកដោយសង្ខេប។

សង្គហកម្ម

{សង្គហៈ} សង្គហកម្ម ៖ ការធ្វើសេចក្ដីសង្រ្គោះ។

សង្គហការណ៍

{សង្គហៈ} សង្គហការណ៍៖ ហេតុឬដំណើរនៃសេចក្ដីសង្គ្រោះ។

សង្គហធម៌

{សង្គហៈ} សង្គហធម៌៖ ធម៌សង្រ្គោះ, ធម៌សម្រាប់សង្រ្គោះគ្នា។

សង្គហភាព

{សង្គហៈ} សង្គហភាព៖ ភាពនៃសេចក្ដីសង្រ្គោះ។

សង្គហវត្ថុ

{សង្គហៈ} សង្គហវត្ថុ៖ ទីតាំងឬអង្គនៃសេចក្ដីសង្រ្គោះ, មាន៤ប្រភេទគឺ ការឲ្យទេយ្យវត្ថុ, ការពោលវាចាគួរឲ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់គ្នា, ការតាំងខ្លួនស្មើៗ (មើលក្នុងពាក្យ រាជ ផង)។ ល។

សង្គាយនា

សង្គាយនា៖ (សង់គាយៈ–) នាមសព្ទ៖ (បា. សង្គាយន) ការប្រជុំសូត្រឲ្យត្រូវគ្នាតាមបែបមួយ, ការប្រជុំផ្ទៀងធម៌ឬច្បាប់ឲ្យត្រឹមត្រូវសព្វគ្រប់តាមបែបដើម; ការប្រជុំផ្ទៀងព្រះត្រៃបិដកពុទ្ធវចនៈឲ្យត្រឹមត្រង់ មិនឲ្យល្អៀងឃ្លៀងឃ឵ួតចាកបែបដើម លើកសង្គាយនា, ធ្វើសង្គាយនា, បឋមសង្គាយនា, ទុតិយសង្គាយនា, តតិយសង្គាយនា (ព.ពុ.)។ ល។
សូម្បីនិមន្តធម្មកថិក ២ រូប ឬ ៣ រូប ទេសន៍ចោទឆ្លើយយ៉ាងសង្ខេប មានតំណាលរឿងសង្គាយនាពីព្រេងនាយតាមពុទ្ធសាសនប្រវត្តិ, ខ្មែរក៏ហៅ សង្គាយនា ដែរ
និមន្តលោកទេសន៍សង្គាយនា, សង្គាយនាបង្ហើយបុណ្យ (ព.ពុ.)។ វេវ. សង្គីតិ។

សង្គាហក

សង្គាហក៖ (សង់-គាហៈកៈ ឬ –ហក់) នាមសព្ទ៖ (បា.) អ្នកសង្គាយនា។ វេវ. សង្គីតិក។

សង្គាហកាចារ្យ

{សង្គាហក} សង្គាហកាចារ្យ៖ (< សង្គាហក + អាចាយ៌ អាចារ្យអ្នកសង្គាយនា (សង្គីតិកាចារ្យ)។

សង្គាហកត្ថេរ

{សង្គាហក} សង្គាហកត្ថេរ៖ ព្រះថេរៈអ្នកសង្គាយនា (សង្គីតិកត្ថេរ)។

សង្គីតិ

សង្គីតិ៖ (សង់គី-តិ) នាមសព្ទ៖ (បា.) សង្គាយនា។

សង្គីតិកថា

{សង្គីតិ} សង្គីតិកថា៖ ពាក្យសង្គាយនា, ពាក្យដែលមានក្នុងសង្គាយនា។

សង្គីតិការណ៍

{សង្គីតិ} សង្គីតិការណ៍៖ ហេតុដែលនាំឲ្យធ្វើសង្គាយនា។

សង្គីតិកាល

{សង្គីតិ} សង្គីតិកាល៖ ឬ –សម័យ កាលឬសម័យដែលធ្វើសង្គាយនា។

សង្គីតិនិទាន

{សង្គីតិ} សង្គីតិនិទាន៖ ឬ –ប្រវត្តិ រឿងតំណាលអំពីសង្គាយនា។ ល។

សង្គីតិក

សង្គីតិក៖ (សង់គី-តិ-កៈ ឬ –តិក) នាមសព្ទ៖ (បា.) អ្នកសង្គាយនា។ វេវ. សង្គាហក។

សង្គីតិកាចារ្យ

សង្គីតិកត្ថេរ

{សង្គីតិក} សង្គីតិកត្ថេរ៖ សង្គាហកត្ថេរ (ព.ពុ.)។

សង្គ្រាជ

សង្គ្រាជ៖ (សង់គ្រាច) នាមសព្ទ៖ លោកចៅអធិការវត្ត
លោកសង្គ្រាជ, តាំងសង្គ្រាជ (ព.សា. យារក្លាយមកពីពាក្យ សង្ឃរាជ «ស្ដេចសង្ឃ»); ប្រហែលជាកាលពីព្រេងនាយ ហៅដោយប្រៀបធៀបទេ, លុះយូរៗមក ក៏ក្លាយជាពាក្យសាមញ្ញទៅ (?)។

សង្គ្រាម

សង្គ្រាម៖ (សង់គ្រាម) នាមសព្ទ៖ (សំ.; បា. សង្គាម) ចម្បាំង, ទ័ព, សឹក ស្រុកកើកសង្រ្គាម។

សង្គ្រាមជ័យ

{សង្គ្រាម} សង្គ្រាមជ័យ៖ ជ័យរបស់សង្គ្រាម, ការឈ្នះចម្បាំង (ការច្បាំងឈ្នះ)។

សង្គ្រាមយោធា

{សង្គ្រាម} សង្គ្រាមយោធា៖ (សង់គ្រាមៈ–) ពួកទាហានដែលចូលកាន់សង្គ្រាម, ពួកទាហានដែលកំពុងតយុទ្ធ។

សង្គ្រាមសីរ្ស

{សង្គ្រាម} សង្គ្រាមសីរ្ស៖ (សង់គ្រាមៈ-សេ; សំ. សង្គ្រាម + ឝីឞ៌) ក្បាលទ័ព, ទ័ពស្រួច; ទីជាប្រធាននៃទ័ព, សមរភូមិសំខាន់។ ល។

សង្គ្រុប

សង្គ្រុប កិរិយាសព្ទ៖ ស្ទុះទៅសង្កត់, ស្ទុះទៅគ្របជាប់
ឆ្មាសង្គ្រុបកណ្ដុរ។

សង្គ្រោះ

សង្គ្រោះ នាមសព្ទ៖ (សំ. សំគ្រហសង្គ្រហ, ហ > ះ បាន; បា. សង្គហ) ការទំនុកបម្រុង, ការជួយឲ្យបានសុខស្រួល ចិញ្ចឹមរក្សាដោយសង្គ្រោះ, ឲ្យប្រាក់ដោយសង្គ្រោះ។
ខ្មែរច្រើនប្រើជា កិ. «ទំនុកបម្រុង, ផ្ចុងផ្ដើម, ស្រោចស្រង់, ជួយឲ្យបានសុខស្រួល» មាតាបិតាសង្គ្រោះបុត្រធីតា, អ្នកធំសង្គ្រោះអ្នកតូច។
រាប់បញ្ចូល, រួមចូល
ធម៌នេះសង្គ្រោះចូលក្នុងព្រះអភិធម្ម (កុំសរសេរ សង្រ្គោះហ៍ ព្រោះ ហ > ះ ហើយ)។

សង្គ្រះ

សង្គ្រះ កិរិយាសព្ទ៖ (សំ. សំគ្រហសង្រ្គហ, ហ > ះ បាន) ពិគ្រោះគ្នា, ប្រឹក្សាគ្នា, ជជែកដេញដោលគ្នារកខុសរកត្រូវ
សង្គ្រះគ្នាឲ្យឃើញខុសត្រូវ (ម. ប្រ.)។

សង្ឃ

សង្ឃ៖ (សង់) នាមសព្ទ៖ (សំ.បា., ប្រើជា សំឃ ក៏បាន (អ.ថ. ស័ង-ឃៈ) ពួក; ប្រជុំ; បន; ហ្វូង។ តាមលិទ្ធិពុទ្ធសាសនាសំដៅចំពោះពួកភិក្ខុតាំងពី ៤ រូបឡើងទៅ ជំនុំសង្ឃ, របស់សង្ឃ, អាជ្ញាសង្ឃ, សង្ឃព្រមព្រៀងគ្នា។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. សង់ឃៈ, ដូចជា៖

សង្ឃកតិកា

{សង្ឃ} សង្ឃកតិកា៖ (–កៈ–) ប្ដេជ្ញារបស់សង្ឃ។

សង្ឃកម្ម

{សង្ឃ} សង្ឃកម្ម៖ ការរបស់សង្ឃដែលប្រជុំគ្នាធ្វើក្នុងសីមា។

សង្ឃករណីយកិច្ច

{សង្ឃ} សង្ឃករណីយកិច្ច៖ កិច្ចដែលសង្ឃត្រូវធ្វើ (មានការជួសជុលសេនាសនៈជាដើម)។

សង្ឃការី

{សង្ឃ} សង្ឃការី៖ (តាមទម្លាប់ អ.ថ. សង់ខ្រី) អ្នកធ្វើការសង្ឃ; ខ្មែរហៅក្រុមអ្នករាជការក្នុងព្រះរាជវាំងមួយក្រុម មានមុខការខាងចាត់ការសង្ឃដែលទាក់ទងដោយកិច្ច មានព្រះរាជនិមន្តជាដើម។

សង្ឃកិច្ច

{សង្ឃ} សង្ឃកិច្ច៖ កិច្ចការផ្សេងៗរបស់សង្ឃ។

សង្ឃគតទាន

{សង្ឃ} សង្ឃគតទាន៖ (សង់ឃ. គៈតៈ–) ទានដែលបង្អោនទៅចំពោះសង្ឃ គឺទានដែលទាយកប្រគេនចំពោះសង្ឃ (ព.ផ្ទ. បុគ្គលិកទាន)។

សង្ឃគារវតា

{សង្ឃ} សង្ឃគារវតា៖ (–រៈវៈ–) សេចក្ដីគោរពចំពោះសង្ឃ។

សង្ឃគុណ

{សង្ឃ} សង្ឃគុណ៖ គុណព្រះសង្ឃ គឺវត្តប្រតិបត្តិឬសណ្ដាប់ធ្នាប់ល្អវិសេសរបស់ព្រះអរិយសង្ឃ។

សង្ឃដីកា

{សង្ឃ} សង្ឃគុណ៖ ដីការបស់សង្ឃ; ដីការបស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាមណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួន ទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ (ប្រើតាមសម័យនិយមរបស់ប្រទេស)។

សង្ឃត្ថេរ

{សង្ឃ} សង្ឃត្ថេរ៖ ឬ –រៈ ភិក្ខុដែលជាថេរៈក្នុងជំនុំសង្ឃ។

សង្ឃទាន

{សង្ឃ} សង្ឃទាន៖ ទានដែលទាយកប្រគេនចំពោះសង្ឃ (ព.ផ្ទ. បុគ្គលិកទាន)។

សង្ឃទាសៈ

{សង្ឃ} សង្ឃទាន៖ ឬ សង្ឃទាសី បុរស ឬស្ត្រីដែលប្ដេជ្ញាប្រគល់ខ្លួនជាអ្នកធ្វើការបម្រើសង្ឃហាក់ដូចជាទាសៈ ឬទាសី។

សង្ឃទូត

{សង្ឃ} សង្ឃទូត៖ បម្រើរបស់សង្ឃ, តំណាងសង្ឃ។

សង្ឃនវក

{សង្ឃ} សង្ឃនវក៖ (–នៈវៈកៈ ឬ –នៈវក់) ភិក្ខុថ្មីក្នុងសង្ឃ គឺភិក្ខុដែលទើបនឹងបួសថ្មីក្នុងជំនុំសង្ឃមួយពួកៗ។

សង្ឃនាយក

{សង្ឃ} សង្ឃនាយក៖ (–យក់) មហាថេរដែលជាអ្នកដឹកនាំសង្ឃ គឺព្រះថេរៈធំដែលជាអ្នកត្រួតត្រាលើសង្ឃទួទៅក្នុងរដ្ឋមួយៗ។

សង្ឃបញ្ជា

{សង្ឃ} សង្ឃបញ្ជា៖ ពាក្យបង្គាប់ឬពាក្យផ្ដាំផ្ញើរបស់សង្ឃ។

សង្ឃបរិនាយក

{សង្ឃ} សង្ឃបរិនាយក៖ (–ប៉ៈរ៉ិនាយក) ព្រះថេរៈដែលជាអ្នកត្រួតត្រាលើសង្ឃមួយពួកៗ។

សង្ឃបរិភោគ

{សង្ឃ} សង្ឃបរិភោគ៖ ការប្រើប្រាស់របស់ក្នុងអំណាចសង្ឃ (ព.ផ្ទ. បុគ្គលបរិភោគ)។

សង្ឃបាមោក្ខ

{សង្ឃ} សង្ឃបាមោក្ខ៖ (–ប៉ាម៉ោក) ព្រះថេរៈដែលជាប្រធានឬជាមេរបស់សង្ឃ, មេក្រុមក្នុងវត្តមួយៗ ឬមេគណក្នុងខែត្រមួយៗ។

សង្ឃបិតា

{សង្ឃ} សង្ឃបិតា៖ ព្រះមហាថេរដែលទុកដូចជាបិតារបស់សង្ឃ។

សង្ឃបូជា

{សង្ឃ} សង្ឃបូជា៖ បូជាចំពោះសង្ឃ។

ព្រះសង្ឃប្រកាស

{សង្ឃ} ព្រះសង្ឃប្រកាស៖ ឬ ព្រះសង្ឃរាជប្រកាស សេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃនាយក ឬសេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃរាជ។

សង្ឃប្រណាម

{សង្ឃ} សង្ឃប្រណាម៖ ការបង្អោនកាយវាចាចិត្តថ្វាយបង្គំចំពោះសង្ឃគុណ។

សង្ឃភត្ត

{សង្ឃ} សង្ឃភត្ត៖ ភត្តដែលទាយកប្រគេនចំពោះសង្ឃ។

សង្ឃភេទ

{សង្ឃ} សង្ឃភេទ៖ ការបំបែកសង្ឃ (ដោយពេញតាមលក្ខណៈវិន័យ)។

សង្ឃភេទកៈ

{សង្ឃ} សង្ឃភេទកៈ៖ ភិក្ខុអ្នកបំបែកសង្ឃ។

សង្ឃមណ្ឌល

{សង្ឃ} សង្ឃមណ្ឌល៖ ជំនុំសង្ឃ; ភិក្ខុសង្ឃក្នុងប្រទេសឬដែននីមួយ។

សង្ឃមាមកៈ

{សង្ឃ} សង្ឃមាមកៈ៖ អ្នករាប់អានសង្ឃថាជារបស់ខ្លួន (អ្នកប្តេជ្ញាយកសង្ឃរតនៈ ជាសរណៈ); បើស្រ្តីជា សង្ឃមាមិកា។

សង្ឃរតនៈ

{សង្ឃ} សង្ឃរតនៈ៖ ឬ សង្ឃរ័ត្ន រតនៈ គឺសង្ឃ, សង្ឃដែលទុកដូចជារតនៈ។

សង្ឃរាជ

{សង្ឃ} សង្ឃរាជ៖ ឬ សង្ឃរាជា ស្ដេចសង្ឃ។

សង្ឃរាជី

{សង្ឃ} សង្ឃរាជី៖ ការប្រេះឆារបស់សង្ឃ, ដំណើរមោះមៃរបស់សង្ឃ។

សង្ឃវង្ស

{សង្ឃ} សង្ឃវង្ស៖ វង្សរបស់សង្ឃ។ ខ្មែរប្រើពាក្យនេះជាសមណស័ក្តិទីបាឡាត់ខាងស្ដាំជាឋានានុក្រមសម្រាប់សម្ដេចព្រះមហាសង្ឃរាជ
ព្រះបាឡាត់សង្ឃវង្ស ជាគូគ្នានឹង ព្រះបាឡាត់សង្ឃរក្ខ (បាឡាត់ខាងឆ្វេង)។

សង្ឃសម្មតិ

{សង្ឃ} សង្ឃសម្មតិ៖ (–ស័ម-ម៉ៈតិ) សន្មតិរបស់សង្ឃ។

សង្ឃសាមគ្គី

{សង្ឃ} សង្ឃសាមគ្គី៖ សេចក្ដីព្រមព្រៀងឬស្រុះស្រួលរបស់សង្ឃ; សេចក្ដីព្រមព្រៀងរបស់ពួកក្រុម។

សង្ឃាណត្តិ

{សង្ឃ} សង្ឃាណត្តិ៖ (បា. < សង្ឃ + អាណត្តិ) សេចក្ដីបង្គាប់ឬពាក្យផ្ដាំផ្ញើរបស់សង្ឃ។

សង្ឃានុស្សតិ

{សង្ឃ} សង្ឃានុស្សតិ៖ (បា. < សង្ឃ + អនុស្សតិ) សេចក្ដីរឭកដល់សង្ឃគុណ។

សង្ឃុបដ្ឋាក

{សង្ឃ} សង្ឃុបដ្ឋាក៖ (សង់-ឃុបុ័ត-ឋាក; បា. < សង្ឃ + ឧបដ្ឋាក) អ្នកបម្រើឬទំនុកបម្រុងសង្ឃ; បើស្ត្រីជា សង្ឃុបដ្ឋាយិកា (បា. < សង្ឃ + ឧបដ្ឋាយិកា)។ ល។

សង្ឃ–

សង្ឃ–៖ (ម. ក្នុង ព. សង្ឃ)។

សង្ឃក

សង្ឃក៖ (សង់-ឃក) កិរិយាសព្ទ៖ ស្រែកគំហកបង្រ្គបលើ, ស្រែកសន្ធាប់ខ្លាំង
សង្ឃកដាក់, សង្ឃកឲ្យ; ខ្លាសង្ឃក; ស្រែកសង្ឃក។

សង្ឃ័រ

សង្ឃ័រ នាមសព្ទ៖ ឈើតូចមួយប្រភេទ មានបន្លាខុបៗ ផ្លែតូចៗវេលាទុំ ឡើងសម្បុរក្រមៅ មានរសជូរអែម បរិភោគបាន
ផ្លែសង្ឃ័រទុំ គេអាចទុកបានយូរថ្ងៃ។

សង្ឃរា

សង្ឃរា៖ មើលក្នុងពាក្យ ព្យុះ

សង្ឃា

សង្ឃា នាមសព្ទ៖ ឈើតូចមួយប្រភេទ ពួកសង្ឃ័រ ស្លឹកនិងផ្លែទ្រើសៗជាងសង្ឃ័រ ផ្លែទុំមានរសជូរអែម បរិភោគបាន។

សង្ឃា–

សង្ឃា–៖ (ម. ក្នុង ព. សង្ឃ)។

សង្ឃាដី

សង្ឃាដី៖ (តាមទម្លាប់ សង់ឃ្ដី, ជើង ដ) នាមសព្ទ៖ (បា. សង្ឃាដិ) សំពត់ឃ្នាបឬសំពត់សម្រាប់ពាក់ពាត គឺសំពត់ដែលដេរគួបគ្នាជាពីរជាន់ឬបួនជាន់ មានផ្ទាំង ខ្ទង់ សង្កាត់ដូចគ្នានឹងឧត្តរាសង្គៈដែរ, ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, សម្រាប់ប្រើឃ្លុំការពាររងា, សម្រាប់បត់ជាផ្នត់ពាក់ពាតលើឧត្តរាសង្គៈក្នុងកាលធ្វើសង្ឃកម្ម ឬបត់ប្រើជាកម្រាលសិងមួយដងមួយកាលក៏បាន
ភិក្ខុតម្រួតសង្ឃាដីជាមួយនឹងឧត្តរាសង្គៈឃ្លុំចូលទៅក្នុងភូមិ; ភិក្ខុពាក់សង្ឃាដីធ្វើឧបោសថកម្ម (ព.ពុ.)។

សង្ឃាត

សង្ឃាត នាមសព្ទ៖ (សំ.បា.) ពួក, បន; ហ្វូង; ប្រជុំ; ឃ្នាប។ ឈ្មោះឋាននរកធំមួយ ហៅ សង្ឃាតនរក។

សង្ឃាតនាវា

{សង្ឃាត} សង្ឃាតនាវា៖ ឬ នាវាសង្ឃាត ទូកឃ្នាប ឬទូកខ្នាន គឺទូកពីរដែលគាបអមគ្នា។

សង្ឃិក

សង្ឃិក គុណសព្ទ៖ (បា.) ដែលជារបស់សង្ឃ។ ព.ផ្ទ. បុគ្គលិក។

សង្ឃិកបរិភោគ

{សង្ឃិក} សង្ឃិកបរិភោគ៖ (–កៈ–) ការប្រើប្រាស់របស់សង្ឃក្នុងកិច្ចការឬក្នុងអំណាចសង្ឃ (ព.វិ.)។ ព.ផ្ទ. បុគ្គលិកបរិភោគ។

សង្ឃិកភណ្ឌ

{សង្ឃិក} សង្ឃិកភណ្ឌ៖ ឬ –រត្ថុ (–កៈ–) ទ្រព្យឬវត្ថុជារបស់សង្ឃ (ព.ពុ.)។ ល។

សង្ឃឹក

សង្ឃឹក នាមសព្ទ៖ ពាក្យប្រើក្លាយមកពី សង្ឃិក «ជារបស់សង្ឃ», ជាឈ្មោះប្រដាប់មួយប្រភេទ, មានជើង៤, មានដង២, មានរនាប, មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខ បម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន សង្ឃឹករណ្ដាប់អង្គកថិន; គ្រឿងបរិក្ខារមួយសង្ឃឹក។
ប្រើក្លាយមកទៀត, សូម្បីប្រដាប់ធ្វើដោយកំណាត់ដើមចេកនិងស្រទបចេក មានទ្រង់ទ្រាយស្រដៀងគ្នានុះដែរ សម្រាប់ដាក់គ្រឿងសំណែនបណ្ដែតតាមខ្សែទឹក ឬសែងទៅដាក់លើគោកឲ្យពួកបិសាច ក៏ហៅ សង្ឃឹក ដែរ, គេធ្វើក្នុងកាលដែលស្រុកកើតជំងឺអហិវាតជាដើម
ស្រុកកើតជំងឺ អ្នកស្រុកនាំគ្នាជូនសង្ឃឹក (មើលក្នុងពាក្យ សង្ឃិក ផង)។

សង្ឃឹម

សង្ឃឹម កិរិយាសព្ទ៖ នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន សង្ឃឹមថាមុខជានឹងបាន; ម្ដាយសង្ឃឹមកូន។
ព.កា. ថា : ម្ដាយសង្ឃឹមកូន បងនឹងប្អូនទាំងពីរប្រាណ ថាមុខជានឹងបាន ថែរក្សាមាតាចាស់។ ឥឡូវខុសបំណង បែរជារងឯកម្មក្រាស់ លំបាកពន់ពេកណាស់ ព្រោះកម្មចាស់របស់ខ្លួន។ ប្រើជា ន. ផងក៏បាន : មានសង្ឃឹម, អស់សង្ឃឹម។

សង្ឃុ–

សង្ឃុ–៖ (ម. ក្នុង ព. សង្ឃ)។

សង្ឃុដ្ឋសព្ទ

សង្ឃុដ្ឋសព្ទ៖ (សង់ឃុត-ឋៈ ស័ប) នាមសព្ទ៖ (បា. សង្ឃុដ្ឋ + សទ្ទ; សំ. សំឃុឞ្ដ + ឝព្ទ) សូរគឹកកង, សូរកងរំពង, សូរទ្រហឹងអឺងកង។ (ព.កា.)
សង្ឃុដ្ឋសព្ទ ទ្រហឹងអឺងអាប់ តើសូរសព្ទអ្វី ចូររត់ទៅសួរ ឲ្យដឹងសេចក្ដី ទោះការណ៍អ្វីៗ ចូរវិលវិញឆាប់។

សង្ឃ្រាជ

សង្ឃ្រាជ៖ មើលក្នុងពាក្យ សង្គ្រាជ

សង្រួបសង្រួម

សង្រួបសង្រួម កិរិយាសព្ទ៖ ធ្វើឲ្យរួបរួមគ្នា, នាំឲ្យសះជានឹងគ្នា
សង្រួបសង្រួមឲ្យជានឹងគ្នា។

សង្រួម

សង្រួម កិរិយាសព្ទ៖ (សំ.បា. សំវរ; ស. ប្រើជា សាំរ្វម អ.ថ. –រួម) បិទ, ប្រយ័ត្នមិនឲ្យអារម្មណ៍អាក្រក់ចូលមកបាន; ប្រយ័ត្នមិនឲ្យអារម្មណ៍ដែលកើតតាមទ្វារភ្នែក, ត្រចៀក, ច្រមុះ អណ្ដាត, កាយ, ចិត្ត ក្លាយទៅជាអភិជ្ឈាទោមនស្ស
បព្វជិតត្រូវសង្រួមឥន្រ្ទិយ ឲ្យស្រគត់ស្រគំ; ការសង្រួមឥន្រ្ទិយជាគុណនាំឲ្យបានសុខស្រួលជានិច្ច (ប្រើជា សំរួម ក៏មានខ្លះ)។

សង្រេង

សង្រេង៖ (សង់រ៉េង) កិរិយាសព្ទ៖ កើតទុក្ខដល់រីងខ្លួន
សង្រេងចិត្ត, កើតទុក្ខសង្រេង។ សង្រេងសង្រៃ (មើលក្នុងពាក្យ សង្រៃ)។

សង្រែក

សង្រែក៖ (សង់រ៉ែក) នាមសព្ទ៖ ប្រដាប់សម្រាប់ច្រកអ្វីៗរែក ដាក់ល្អីក្នុងសង្រែក។
ប្រដាប់សម្រាប់តម្កល់អ្វីៗ ព្យួរឬយួរ សង្រែកព្យួរឆ្នាំង។
ស្នាមឬលំអានជាខ្សែមានសណ្ឋានស្រដៀងនឹងសង្រែក សង្រែកក្បាល, សង្រែកបាត្រដែក។
ឬស ឬទងមានសណ្ឋានស្រដៀងនឹងសង្រែក ឫសសង្រែក។

កាច់សង្រែក

{សង្រែក} កាច់សង្រែក៖ ធ្វើសង្រែក។

លើកសង្រែក

{សង្រែក} លើកសង្រែក៖ លើកគ្រឿងបំណន់ដាក់ក្នុងសង្រែកព្យួរ (ធ្វើតាមជំនឿរបស់អ្នកត្រូវការ)។

សង្រៃ

សង្រៃ៖ (សង់រ៉ៃ) បរិវារសព្ទ៖ ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សង្រេង ថា
សង្រេងសង្រៃ, សង្រេងខ្លាំង, សង្រេងពេកក្រៃ, សង្រេងដល់រីងរៃ។

សង្វរ

សង្វរ៖ (សង់ ឬ ស័ង-វ៉ៈរ៉ៈ, ឬ –វ៉) នាមសព្ទ៖ (សំ.បា. សំវរ) ការសង្រួម មានសង្វរ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ស័ងវ៉ៈរ៉ៈ, ច្រ. ប្រ. សំវរ ជាង: សំវរសុទ្ធិ បរិសុទ្ធិព្រោះការសង្រួម។

ឥន្រ្ទិយសំវរ

{សង្វរ} ឥន្រ្ទិយសំវរ៖ (ឥន-ទ្រិយៈស័ង-វ៉ៈរ៉ៈ ឬ –វ៉) ការសង្រួមឥន្រិ្ទយ។ ល។

សង្វាត

សង្វាត៖ (សង់វ៉ាត) កិរិយាសព្ទ៖ ខំប្រឹងខ្លាំង, ខ្មីឃ្មាត, ស្រវាស្រទេញ សង្វាតធ្វើការ, សង្វាតរៀន។
សង្វាតឱហាត ឬ ឱហាតសង្វាត ខំប្រឹងដោយព្យាយាមមិនដាច់។ ព.កា. ច្បាប់ក្រមថា
កុំធ្វើរាយមាយ នឹងគ្រូបាធ្យាយ ទុកស្មើអម្ចាស់ សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់ នាំញាតិទាំងឡាយ។

សង្វារ

សង្វារ៖ (សង់វ៉ា) នាមសព្ទ៖ (ស. ស័ងវាល អ.ថ. –វ៉ាន) ខ្សែវិចិត្រមួយបែប សម្រាប់ពាក់ឆៀង ប្រើជាគ្រឿងប្រដាប់កាយ
ពាក់សង្វារ។

សង្វាស

សង្វាស៖ (សង់ ឬ ស័ង-វ៉ាស) នាមសព្ទ៖ (សំ.បា. សំវាស) ការនៅរួមគ្នា, ការនៅជាមួយគ្នា; ការរួមបវេណី មានសង្វាសស្មើគ្នា; រួមសង្វាស។
បើដាក់រួមភ្ជាប់ជាមួយនឹងសព្ទដទៃ ច្រើនប្រើ សំវាស ជាង សំវាសត្ថេនកៈ (ស័ងវ៉ាស័ត-ថេន៉ៈកៈ) ការលួចសង្វាសគឺសាមណេរដែលបួសត្រឹមត្រូវតាមច្បាប់ ហើយក្លែងខ្លួនជាភិក្ខុចូលធ្វើកិច្ចផ្សេងៗស្មើគ្នានឹងពួកភិក្ខុ (មើលក្នុងពាក្យ ថេយ្យសំវាសកៈ, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង)។

សង្វិត

សង្វិត៖ (សង់វ៉ិត) គុណសព្ទ៖ ដែលស្វិត ឬអ្វីៗដែលស្វិត
ស្លឹកសង្វិត, ដោះសង្វិត, ពោះសង្វិត។

នាមសព្ទ៖ ដែលស្វិត ឬអ្វីៗដែលស្វិត
ស្លឹកសង្វិត, ដោះសង្វិត, ពោះសង្វិត។

សង្វិល

សង្វិល៖ (សង់វ៉ិល) គុណសព្ទ៖ ដែលមានមាត្រតូចស្ដើង រាងសង្វិល, តូចសង្វិល។
សង្វិលវ៉ិល សង្វិលក្រៃពេក
រាងសង្វិលវ៉ិល។

សង្វៀន

សង្វៀន នាមសព្ទ៖ (សំ. ស័ងវ្យើន អ.ថ. –វៀន) ទីដែលបាំងព័ទ្ធជុំវិញដូចជាក្រោល សម្រាប់បញ្ជល់មាន់ជាដើម
សង្វៀនមាន់, មេសង្វៀន។

សង្វេគ

សង្វេគ៖ (សង់ ឬ ស័ង-វេក ឬ-វ៉ែក) នាមសព្ទ៖ (សំ.បា. សំវេគ) សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក កើតសង្វេគ មានសង្វេគ។
ខ្មែរប្រើជា កិ. ក៏មាន : គួរឲ្យសង្វេគ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនប្រើ សំវេគ ជាង អ.ថ. ស័ងវេគៈ, ដូចជា : សំវេគភាព ភាពនៃសង្វេគ។ សំវេគសមុដ្ឋាន ហេតុដែលនាបណ្ដាលឲ្យកើតសង្វេគ។ ល។

សង្វែង

សង្វែង៖ (សង់វ៉ែង) នាមសព្ទ៖ កាលឬទីដែលវែង, ដែលអង្វែង, ដែលឆ្ងាយក្រៃពេក; ច្រើននិយាយថា ដាច់សង្វែង គឺដាច់ឆ្ងាយឬឃ្លាតឆ្ងាយក្រៃពេក
ផ្លូវឆ្ងាយដាច់សង្វែង។

សង្វោយ

សង្វោយ៖ (សង់វ៉ោយ) នាមសព្ទ៖ គ្រឿងសោយ, ព្រះស្ងោយ, សំណែន (ហៅចំពោះតែអាហារដែលបូជាទេវតា)
សង្វោយទេវតា (សម្រាប់ក្សត្រិយ៍, បុរាណហៅ ព្រះស្វោយ; សម័យបច្ចុប្បន្នហៅ ព្រះស្ងោយ)។

សង្ស័យ

សង្ស័យ៖ (សង់សៃ) នាមសព្ទ៖ (បា. សំសយ; សំ. សំឝយ) សេចក្ដីឆ្ងល់, ដំណើរងឿងឆ្ងល់, ដំណើរមិនអស់មិនហើយក្នុងចិត្ត : មានសង្ស័យ, អស់សង្ស័យ។ ខ្មែរប្រើជា កិ. ផងក៏បាន «ឆ្ងល់, ងឿងឆ្ងល់, មិនអស់មិនហើយក្នុងចិត្ត»: ខ្ញុំសង្ស័យណាស់; កុំសង្ស័យឡើយ។

សង្សារ

សង្សារ៖ (សង់សា) នាមសព្ទ៖ (សំ.បា. សំសារ) ដំណើរអន្ទោលទៅមក, ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនស្រាក សង្សាររបស់ពួកពាល វែងឆ្ងាយឥតអ្វីប្រៀប។
ខ្មែរប្រើសំដៅសេចក្ដីថា «ស្រី្តជាគូកំសត់; ស្រ្តីជាសហាយស្មន់» ក៏មាន : ស្រីនុ៎ះជាសង្សាររបស់គេ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. សង់-សារ៉ៈ, ដូចជា ៖

សង្សារចក្រ

{សង្សារ} សង្សារចក្រ៖ ដំណើរអន្ទោលកើតស្លាប់ៗកើតវិញដូចជាកង់។

សង្សារទុក្ខ

{សង្សារ} សង្សារទុក្ខ៖ ទុក្ខក្នុងសង្សារ, ទុក្ខព្រោះដំណើរអន្ទោលកើតស្លាប់។

សង្សារទោស

{សង្សារ} សង្សារទោស៖ ទោសក្នុងសង្សារ, ទោសសម្រាប់សង្សារ។

សង្សារព័ន្ធន៍

{សង្សារ} សង្សារព័ន្ធន៍៖ (–ព័ន) ចំណងគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ដែលទុកដូចជាចំណង។

សង្សារភព

{សង្សារ} សង្សារភព៖ ភពសម្រាប់អន្ទោលកើតស្លាប់។

សង្សារភ័យ

{សង្សារ} សង្សារភ័យ៖ ភ័យអំពីដំណើរអន្ទោលកើតស្លាប់។

សង្សារម្ខោក្ខ

{សង្សារ} សង្សារម្ខោក្ខ៖ ឬ –វិមោក្ខ ការរួចចាកដំណើរអន្ទោលកើតស្លាប់ (ការបានសម្រេចអរហន្តផល)។

សង្សារលោក

{សង្សារ} សង្សារលោក៖ លោកគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ ទុកថាជាលោក (មួយយ៉ាង)។

សង្សារវដ្ដ

{សង្សារ} សង្សារវដ្ដ៖ ដំណើរវិលកើតវិលស្លាប់។

សង្សារសមុទ្ទ

{សង្សារ} សង្សារសមុទ្ទ៖ ឬ –សាគរ ដំណើរអន្ទោលកើតស្លាប់ឆ្ងាយទូលាយធំធេងដូចសមុទ្ទ។ ល។

សង្ហរ

សង្ហរ៖ (សង់-ហ) កិរិយាសព្ទ៖ (សំ.បា. សំហរ) នាំ, ដឹកនាំ; បណ្ដាល, បណ្ដាលឲ្យឃើញឬឲ្យយល់, បញ្ចូលចិត្ត, នាំចិត្ត
ទេវតាសង្ហរឲ្យយល់។

សង្ហរណ៍

សង្ហរណ៍៖ (សង់-ហ) នាមសព្ទ៖ (សំ.បា. សំហរណ) ការនាំ, ការដឹកនាំ; ដំណើរបណ្ដាលឲ្យឃើញឬឲ្យយល់, ដំណើរបញ្ចូលចិត្ត, នាំចិត្ត
សង្ហរណ៍របស់ទេវតា។

សង្ហា

សង្ហា៖ (សង់-ហា) គុណសព្ទ៖ ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់ រូបឆោមសង្ហា, តែងខ្លួនយ៉ាងសង្ហា (មើលក្នុងពាក្យ សង៉ា ផង)។
សង្ហារាសី រាសីរុងរឿង
មានសង្ហារាសី។

សង្ហារ

សង្ហារ៖ (សង់-ហា) នាមសព្ទ៖ (សំ.បា. សំហារ) ការនាំយក; ការបំប្រួញ, សង្ខេប; ការរួបរួម; ការទម្លាយបង់; ការបំផ្លាញ, ការបំបាត់បង់, ការផ្ដាច់ផ្ដិល។ ខ្មែរច្រើនប្រើជា កិ. សំដៅសេចក្ដីថា «បំផ្លាញ, បំបាត់បង់, ផ្ដាច់ផ្ដិល, សម្លាប់»: សង្ហារជីវិត ផ្ដាច់ផ្ដិលជីវិត។

នាមសព្ទ៖ (រ.ស.) ត្រាសម្រាប់ក្សត្យិយ៍, ត្រាផែនដី, ព្រះលញ្ឆករ
បោះព្រះសង្ហារ។

សង្ហារិម

សង្ហារិម៖ (សង់ហា-រិម ឬ ស័ងហារិមៈ) គុណសព្ទ៖ (បា. សំហារិម) ដែលនាំយក ឬដែលលើកយកទៅមកបាន, ដែលអាចធ្វើឲ្យកក្រើក ឬឲ្យឃ្លាតចាកទីបាន ចាន, ផ្តិល, តុ, កៅអី, ទូ,… ជាសង្ហារិម។
ព.ផ្ទ. អសង្ហារិម ឬ អសំហារិម។

សង្ហារិមភណ្ឌ

{សង្ហារិម} សង្ហារិមភណ្ឌ៖ –វត្ថុ ឬ សំហារិម– ទ្រព្យ, របស់ឬវត្ថុជាសង្ហារិម។

សង្អន់

សង្អន់ គុណសព្ទ៖ ដែលអន់ក្ដៅ, ដែលនៅក្ដៅបន្តិចៗ
ទឹកក្ដៅសង្អន់; ច្រើននិយាយផ្ទួនថា ក្ដៅសង្អន់ៗ។

សង្អារ

សង្អារ នាមសព្ទ៖ សុខុមសត្វពួកស្រមោច, សម្បុរខ្មៅមានទ្រនិចនៅត្រង់គូទ, ទិចឈឺក្ដៅពើត, ចេះរូងដីធ្វើជារន្ធនៅដោយពួកៗ។ ព.ទ.បុ. ក្ដិចសង្អារបញ្ជល់ ញុះឲ្យឈ្លោះគ្នា (ដូចគេក្ដិចគូទសង្អារក្ដោបដៃផ្លុំ ហើយដាក់ឲ្យខាំគ្នា)។

សចិត្តកៈ

សចិត្តកៈ៖ (សៈចិត-តៈកៈ) គុណសព្ទ៖ (បា. សចិត្តក) ដែលប្រកបដោយចិត្ត, ដែលក្លែងធ្វើ។

សចិត្តកកម្ម

{សចិត្តកៈ} សចិត្តកកម្ម៖ អំពើក្លែង, ការក្លែងធ្វើ។

សចិត្តកទោស

សចិត្តកាបត្តិ

{សចិត្តកៈ} សចិត្តកាបត្តិ៖ (បា. < សចិត្តក + អាបត្តិ) អាបត្តិដែលភិក្ខុត្រូវព្រោះក្លែងធ្វើ។ ល។

សច្ច

សច្ច៖ (ស័ច) នាមសព្ទ៖ (បា. សច្ច; សំ. សត្យ) សេចក្ដីពិត; ដំណើរទៀង, ទៀងត្រង់; ដំណើរទៀងត្រង់; ការណ៍មែន, ប្រាកដ; អរិយមគ្គ; ព្រះនិព្វាន; កាន់សច្ចៈ កាន់សេចក្ដីពិត; ពាក្យសច្ច ឬ — សត្យ ពាក្យពិត; មានសច្ចៈ មានសេចក្ដីទៀងត្រង់។ គុ. ដែលទៀង, ទៀងទាត់, ទៀងត្រង់, ពិត, ប្រាកដ, មែន។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ស័ច-ចៈ, ដូចជា ៖

សច្ចការ

{សច្ច} សច្ចការ៖ (សំ. សត្យំការ) ការធ្វើសេចក្ដីពិត; ការពោលពាក្យពិត; ការធ្វើសញ្ញាពិតដល់គ្នានិងគ្នា : ធ្វើសច្ចការ។

សច្ចការី

{សច្ច} សច្ចការី៖ អ្នកធ្វើសច្ចៈ; បើស្ត្រីជា សច្ចការិនី។

សច្ចកាល

{សច្ច} សច្ចកាល៖ កាលពិត គឺពេលដែលត្រូវនិយាយឬត្រូវប្រកាសសេចក្ដីពិត (វេវ. ភូតកាល): ពេលនេះ ជាសច្ចកាលជាភូតកាលរបស់យើង។

សច្ចកិរិយា

{សច្ច} សច្ចកិរិយា៖ ការធ្វើសច្ចៈ, ការប្រកាសពាក្យសច្ចៈ។

សច្ចញ្ញាណ

{សច្ច} សច្ចញ្ញាណ៖ (ស័ច-ច័ញ-ញាន) ការដឹងសេចក្ដីពិត។ ប្រាជ្ញាដែលដឹងអរិយសច្ចច្បាស់ (ព.ពុ.)។

សច្ចបាន

{សច្ច} សច្ចបាន៖ ការផឹកទឹកសំបថដើម្បីឲ្យជឿចិត្តគ្នា (យ៉ាងដូចផឹកទឹកប៉ាយហួយជាដើម): ធ្វើសច្ចបាន។

សច្ចបារមី

{សច្ច} សច្ចបារមី៖ បារមីដែលមានសច្ចៈជាទីតាំង (មើលក្នុងពាក្យ ទសបារមី ផង)។

សច្ចប្បណិធាន

{សច្ច} សច្ចប្បណិធាន៖ (ស័ច-ច័ប-ប៉ៈ–) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង : ធ្វើសច្ចប្បណិធាន (ច្រើននិយាយថា សច្ចាប្រណិធាន ជាង)។

សច្ចវាចា

{សច្ច} សច្ចវាចា៖ ពាក្យពិត។

សច្ចវាទី

{សច្ច} សច្ចវាទី៖ អ្នកពោលតែពាក្យពិត : មនុស្សនុ៎ះជាសច្ចវាទី (បើស្ត្រីជា សច្ចវាទិនី)។

សច្ចានុមតិ

{សច្ច} សច្ចានុមតិ៖ (– មៈតិ ឬ –មុ័ត) ការយល់ស្របតាមសេចក្ដីពិត; សេចក្ដីអះអាងបញ្ជាក់ថែមតាមយថាភាពនូវអំពើឬពាក្យសន្យាដែលបានធ្វើរួចហើយ : សច្ចានុមតិនៃរដ្ឋសភា។

សច្ចាប័ន

{សច្ច} សច្ចាប័ន៖ ឬ សត្យាប័ន (–បាន់) ដូចគា្ននឹង សច្ចការ។ ល។

សច្ចៈ

សច្ចៈ៖ (ស័ច-ចៈ) (មើលក្នុងពាក្យ សច្ច ន.)។

សច្ច–

សច្ច–៖ (ម. ក្នុង ព. សច្ច ឬ សច្ចៈ)។

សច្ចា

សច្ចា៖ (ស័ច-ចា) កិរិយាសព្ទ៖ (ក្លាយមកពីពាក្យ សច្ច) ប្រកាសពាក្យសច្ច; សំបូងសង្រូង, ប្រតិស្ឋអធិស្ឋាន
សច្ចាចំពោះព្រះភក្រ្តព្រះពុទ្ធរូប …។

សច្ចា–

សច្ចា–៖ (ម. ក្នុង ព. សច្ច ឬ សច្ចៈ)។

សច្ចាធិដ្ឋាន

សច្ចាធិដ្ឋាន៖ (ស័ច-ចាធិន-ឋាន) នាមសព្ទ៖ (បា. < សច្ច + អធិដ្ឋាន; សំ. សត្យ + អធិឞ្ឋន) ការតាំងចិត្តទៀងទាត់; ការតាំងប្រកាសពាក្យសច្ច
ធ្វើសច្ចាធិដ្ឋាន (ប្រើជា សត្យាធិដ្ឋាន ក៏បាន)។

សច្ចាប្រណិធាន

សច្ចាប្រណិធាន៖ (ស័ច-ចាប្រៈ–) នាមសព្ទ៖ (បា. សច្ច + បណិធាន; សំ. សត្យ + ប្រណិធាន) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង; ការប្រកាសពាក្យសំបថ
ធ្វើសច្ចាប្រណិធាន (មើលក្នុងពាក្យ សច្ចប្បណិធាន ក្នុង សច្ចសច្ចៈ ផង)។

សច្ចំ

សច្ចំ៖ (ស័ច-ច័ង) កិរិយាវិសេសន៍៖ (បា.; សំ. សត្យំសត្យម៑) ទៀង, ពិត, ប្រាកដ, មែន, មែនហើយ។ ខ្មែរប្រើជា ន. សេចក្ដីពិត, ការប្រាកដ, ទៀង, មែន : មានសច្ចំ, កាន់សច្ចំ។ ឬប្រើជា គុ. ដែលទៀង, ពិត, ប្រាកដមែន : ពាក្យសច្ចំ, មនុស្សសច្ចំ, អ្នកសច្ចំ។

និបាតសព្ទ៖ (បា.; សំ. សត្យំសត្យម៑) ទៀង, ពិត, ប្រាកដ, មែន, មែនហើយ។ ខ្មែរប្រើជា ន. សេចក្ដីពិត, ការប្រាកដ, ទៀង, មែន : មានសច្ចំ, កាន់សច្ចំ។ ឬប្រើជា គុ. ដែលទៀង, ពិត, ប្រាកដមែន : ពាក្យសច្ចំ, មនុស្សសច្ចំ, អ្នកសច្ចំ។

សច្ឆន្ទ

សច្ឆន្ទ៖ (ស័ច-ឆ័ន) គុណសព្ទ៖ (បា.; សំ. ស្វច្ឆន្ទ) ដែលមានសេចក្ដីពេញចិត្តចំពោះអំពើរបស់ខ្លួន, ដែលជាអធិបតីលើខ្លួនឯង
មនុស្សសច្ឆន្ទ។

សច្ឆិកិរិយា

សច្ឆិកិរិយា៖ (ស័ច-ឆិ-កិរ៉ិយ៉ា) នាមសព្ទ៖ (បា.; សំ. សាក្សាត៑ «ជាក់ច្បាស់» + ក្រិយា) ការធ្វើឲ្យជាក់ច្បាស់, ឲ្យប្រាកដ; ការធ្វើឲ្យស្អាត, ឲ្យត្រឹមត្រូវ, ការប្រតិស្ឋអធិដ្ឋានសំបូងសង្រូងរំលឹកដល់គុណបុណ្យ
ភ្លើងព្រៃឆេះរាលមកជិតផ្ទះណាស់ទៅហើយ, ដោយអានុភាពនៃសច្ឆិកិរិយារបស់ជីដូនខ្ញុំ, ក៏ស្រាប់តែរលត់អស់ភ្លាមទៅដូចភ្លើងត្រូវទឹក។

សជន

សជន៖ (សៈជន់) នាមសព្ទ៖ (បា.; សំ. ស្វជន) ជនរបស់ខ្លួន គឺជនជាញាតិ (ប្រើជា ស្វជន តាម សំ. វិញក៏បាន)។

សជី

សជី៖ (សៈ–) នាមសព្ទ៖ (ស. ផ៍ាជី អ.ថ. ហ្វាឈី) ប្រដាប់ឬគ្រឿងគ្រប មានរាងក្រឡូមតូចស្រួចលើ ធំក្រោម សម្រាប់គ្របភាជនៈដាក់ភោជនាហារ ឬគ្របផ្តិលទឹក
សជីថាស, សជីផ្តិល។

សជីព

សជីព៖ (សៈជីប) នាមសព្ទ៖ (សំ.បា. សជីវ) អមាត្យ; មន្រ្តីជំនិតព្រះអង្គ, រាជូបដ្ឋាក។

សជ្ឈ

សជ្ឈ៖ (ស័ច-ឈៈ) នាមសព្ទ៖ (បា.) ប្រាក់។

សជ្ឈការ

{សជ្ឈ} សជ្ឈការ៖ (–ការី) ឬ សជ្ឈុ– អ្នកធ្វើប្រាក់, អ្នកធ្វើគ្រឿងប្រាក់ (ជាងប្រាក់); បើស្ត្រីជា –ការិកា ឬ –ការិនី។

សជ្ឈភណ្ឌ

{សជ្ឈ} សជ្ឈភណ្ឌ៖ ឬ សជ្ឈុ– គ្រឿងប្រាក់។

សជ្ឈម័យ

{សជ្ឈ} សជ្ឈម័យ៖ ឬ សជ្ឈុ– ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ
ប្រអប់សជ្ឈុម័យ ប្រអប់ប្រាក់។ ល។

សជ្ឈាយនកម្ម

សជ្ឈាយនកម្ម៖ (ស័ច-ឈាយៈនៈក័ម) នាមសព្ទ៖ (បា. សជ្ឈាយន; សំ. ស្វធ្យាយន) ការស្វាធ្យាយន៍, ការរៀនទន្ទេញ, ការសូត្រឮៗ
ធ្វើសជ្ឈាយនកម្ម។

សជ្ឈុ

សជ្ឈុ៖ (ស័ច-ឈុ) (មើលក្នុងពាក្យ សជ្ឈ)។

សញ្ចរ

សញ្ចរ៖ (ស័ញ-ច) នាមសព្ទ៖ (សំ.បា.) ការត្រាច់ចរ, ការត្រាច់ទៅមក; ផ្លូវចង្អៀត; ច្រករហក។ កិ. ដើរត្រាច់ចរ, ដើរប្លើកចុះប្លើកឡើង; ដើរស្វែងរកប្រយោជន៍ស្ងាត់ៗ (របស់ស្រីពេស្យាជាដើម): ពួកពេស្យាសញ្ចររកបុរស; ពួកចោរសញ្ចររកលួច។

សញ្ចរដ្ឋាន

{សញ្ចរ} សញ្ចរដ្ឋាន៖ ឬ (–ស្ថាន) (ស័ញចៈរុ័ត-ឋាន ឬ –រុ័ស-ស្ថាន) ទីសញ្ចរ។

សញ្ចររោគ

{សញ្ចរ} សញ្ចររោគ៖ (ស័ញ-ចៈរ៉ៈ–) រោគដែលកើតដោយឆ្លងអំពីស្រីអ្នកសញ្ចរ (រោគស្ត្រី)។ ល។

សញ្ចារ

សញ្ចារ៖ (ស័ញ-ចា) នាមសព្ទ៖ (សំ.បា.) ការត្រាច់ចរទៅមក; ការដើរលេងមិនមានកំណត់ទី ធ្វើសញ្ចារមួយថ្ងៃទាល់ល្ងាច។
ផ្លូវចង្អៀត; ច្រករហក
ដើរតាមសញ្ចារ។

សញ្ចារិកា

សញ្ចារិកា៖ (ស័ញ-ចារ៉ិកា) នាមសព្ទ៖ (សំ.បា.) ស្រីអ្នកនាំការ, មេអណ្ដើក, ស្រីដែលជាមេនៃពួកពេស្យា។ វេវ. ទូតី។

សញ្ជប់

សញ្ជប់ កិរិយាសព្ទ៖ ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ
កើតទុក្ខសញ្ជប់, អង្គុយសញ្ជប់។ សញ្ជប់សញ្ជឹង ឬ សញ្ជឹងសញ្ជប់, សញ្ជប់ទ្រឹងទ្រមឹងទ្រមើយ។

កិរិយាវិសេសន៍៖ ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ
កើតទុក្ខសញ្ជប់, អង្គុយសញ្ជប់។ សញ្ជប់សញ្ជឹង ឬ សញ្ជឹងសញ្ជប់, សញ្ជប់ទ្រឹងទ្រមឹងទ្រមើយ។

សញ្ជ័យ

សញ្ជ័យ៖ (ស័ញ-ជៃ) នាមសព្ទ៖ (សំ.បា. សញ្ជយ) ការឈ្នះស្រេចបាច់; ការប្រាបសត្រូវបាន; អ្នកដែលឈ្នះសត្រូវឬដែលប្រាបសត្រូវបាន។ ព្រះនាមព្រះវរបិតានៃព្រះវេស្សន្ដរ (ក្នុងវេស្សន្ដរជាតក), ច្រើនហៅ ព្រះបាទស្រីសញ្ជ័យ «ព្រះបាទសញ្ជ័យមានស្រីសួស្ដី»។

សញ្ជាត

សញ្ជាត៖ (ស័ញ-ជាត) គុណសព្ទ៖ (សំ.បា.) ដែលកើតឯង, ដែលដុះឯង, ដែលកើតតាមធម្មតា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ស័ញ-ជាតៈ, ដូចជា សញ្ជាតព្រឹក្ស ឈើដែលដុះឯង។
សញ្ជាតវត្ថុ អ្វីៗដែលកើតតាមធម្មតា។

សញ្ជាតស្រះ

{សញ្ជាត} សញ្ជាតស្រះ៖ (បា. –សរ; សំ. –សរស៑) ស្រះឬត្រពាំងដែលកើតឯង គឺកើតដោយសារទឹកហូរច្រោះជាដើម (មិនមែនកើតដោយជីក)។ ល។

សញ្ជាតិ

សញ្ជាតិ៖ (ស័ញ-ជា-តិ ឬ — ជាត) នាមសព្ទ៖ (សំ.បា.) ការកើតឯង, ការដុះឯង, ការកើតតាមធម្មតា ប្រព្រឹត្តទៅតាមសញ្ជាតិ។
កន្លែងដែលកើត, ស្រុកកំណើត : មានសញ្ជាតិផ្សេងគ្នា។ ឫសគល់កំណើត, ដើមកំណើត, ដើមចម
របស់នេះមានសញ្ជាតិមកអំពីអ្វី?។

សញ្ជាតិញ្ញាណ

{សញ្ជាតិ} សញ្ជាតិញ្ញាណ៖ (ស័ញ-ជា-តិញ-ញាន) សេចក្ដីដឹងដែលកើតតាមធម្មតាខ្លួនឯង។ ល។

សញ្ជីព

សញ្ជីព៖ (ស័ញ-ជីព) នាមសព្ទ៖ (បា.) ឈ្មោះឋាននរកធំមួយ
ឋានសញ្ជីព; ច្រើនហៅ សញ្ជីពនរក (ព.ពុ.)។

សញ្ជីវ័ន

សញ្ជីវ័ន៖ (ស័ញ-ជី–) នាមសព្ទ៖ (សំ.បា. សញ្ជីវន) ការមានជីវិតរស់នៅ។ ការបន្តអាយុ, ការចម្រើនអាយុ
ថ្នាំសញ្ជីវ័ន (ថ្នាំចម្រើនអាយុ); ហៅ សញ្ជីវនកម្ម «ការធ្វើឲ្យមានអាយុតទៅទៀត» ក៏បាន : ធ្វើសញ្ជីវនកម្ម; សញ្ជីវនកម្មតាមវិធីអនាម័យ។

សញ្ជីវនកម្ម

សញ្ជីវនកម្ម៖ (ស័ញ-ជីវៈនៈក័ម) នាមសព្ទ៖ (បា.មើលក្នុងពាក្យ សញ្ជីវ័ន)។

សញ្ជឹង

សញ្ជឹង កិរិយាសព្ទ៖ ទ្រឹងជញ្ជឹងគិតដោយអាការក្រៀមក្រំ
អង្គុយសញ្ជឹងធ្មឹងម្នាក់ឯង (មើលក្នុងពាក្យ សញ្ជប់ផង)។

កិរិយាវិសេសន៍៖ ទ្រឹងជញ្ជឹងគិតដោយអាការក្រៀមក្រំ
អង្គុយសញ្ជឹងធ្មឹងម្នាក់ឯង (មើលក្នុងពាក្យ សញ្ជប់ផង)។

សញ្ឈា

សញ្ឈា៖ (ស័ញ-ឈា) នាមសព្ទ៖ (បា.; សំ. សំធ្យា) វេលាព្រះអាទិត្យអស្ដង្គត, ពេលថ្ងៃលិច
ពេលសញ្ឈា, លុះដល់សន្ធ្យា ហៅ សន្ធ្យាកាល ក៏បាន (ច្រ. ប្រ. ក្នុង ព.កា.) វេវ. សន្ធិប្រកាស។

សញ្ញា

សញ្ញា៖ (ស័ញ-ញ៉ា) នាមសព្ទ៖ (បា.; សំ. សំជ្ញា) សេចក្ដីសម្គាល់, ការចំណាំ, ការចងចាំបាន សញ្ញាជាធម្មជាតិមួយជាជំនួយចិត្តឲ្យចំណាំអ្វីៗបាន។
នាម, អសាធារណនាម ក្រុងភ្នំពេញ, ក្រុង ជាសញ្ញី ឬជាសាធារណនាម, ភ្នំពេញ ជាសញ្ញា ឬជាអសាធារណនាម (ព.វ.)។
ដំណើរសម្ដែងអាការជាគ្រឿងសម្គាល់ឲ្យដឹងគ្នា មិចភ្នែកឲ្យសញ្ញាគ្នា។
ខ្មែរប្រើសំដៅសេចក្ដីថា «ការធ្វើសេចក្ដីប្ដេជ្ញា, ការសន្យាគ្នា, ខសន្យា» ក៏បាន : ធ្វើសញ្ញាយល់ព្រមទៅវិញទៅមក; សំបុត្រសញ្ញា។

សញ្ញាខន្ធ

{សញ្ញា} សញ្ញាខន្ធ៖ ពួកឬកងសញ្ញាដែលរាប់ថាជាខន្ធមួយក្នុងខន្ធទាំង ៥ (ព.អ.)។

សញ្ញាចេតសិក

{សញ្ញា} សញ្ញាចេតសិក៖ សញ្ញាដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក ៥២ (ព.អ.)។

សញ្ញានិរោធ

{សញ្ញា} សញ្ញានិរោធ៖ ដំណើររលត់សញ្ញា, សេចក្ដីរលត់ការចងចាំ។

សញ្ញាប័ដ

{សញ្ញា} សញ្ញាប័ដ៖ (–បាត់) ដំបារ, ផ្ទាំង, បន្ទះ (ស្ពាន់, ឈើ ឬប្រាក់, មាស, …) ដែលមានអក្សរកត់ត្រាសេចក្ដីជាគ្រឿងសម្គាល់មុខការ ឬសម្គាល់ជាត្រាតាំង។

សញ្ញាបត្រ

{សញ្ញា} សញ្ញាបត្រ៖ ឬ (–ប័ត្រ) (–បាត់) ក្រដាសកំណត់ហេតុសម្គាល់ចំណេះវិជ្ជា ចេញជាត្រាតាំងឲ្យជាព័ស្ដុតាងដល់អ្នករៀនដែលប្រឡងជាប់ មានអំណាចត្រូវទទួលយក (តាមលក្ខណប្បញ្ញត្តិ)
សញ្ញាបត្រប្រថមវិទ្យា, សញ្ញាបត្រឧត្ដមវិជ្ជា។

សញ្ញាវិបត្ដិ

{សញ្ញា} សញ្ញាវិបត្ដិ៖ (–បាត់) ការភ្លាត់សញ្ញា។

សញ្ញាវិបរិត

{សញ្ញា} សញ្ញាវិបរិត៖ ការប្រែប្រួលសញ្ញា។

សញ្ញាវិបល្លាស

{សញ្ញា} សញ្ញាវិបល្លាស៖ (–បុ័ល-ល៉ាស) ដូចគ្នានឹង សញ្ញាវិបត្តិ, សញ្ញាវិបរិត ដែរ (មើលក្នុងពាក្យ វិបល្លាស ផង)។

សញ្ញាវិមោក្ខ

{សញ្ញា} សញ្ញាវិមោក្ខ៖ ការរួចឬផុតចាកសញ្ញា; ការរួចឬផុតព្រោះសញ្ញា។

សញ្ញាវិសេសនៈ

{សញ្ញា} សញ្ញាវិសេសនៈ៖ (–សៈន៉ៈ) សព្ទជាវិសេសនៈរបស់អសាធារណនាម (ព.វ.)។ ល។

សញ្ញា–

សញ្ញា–៖ (ម. ក្នុង ព. សញ្ញា)។

សញ្ញាណ

សញ្ញាណ៖ (ស័ញ-ញ៉ាន) នាមសព្ទ៖ (បា.; សំ. សំជ្ញាន) សេចក្ដីដឹងជាក់, ការយល់ច្បាស់, សេចក្ដីចូលចិត្តស៊ប់; គ្រឿងសម្គាល់, អ្វីៗដែលប្រើជាគ្រឿងសម្គាល់កិច្ចការនីមួយ; យីហោ។

សញ្ញាណប័ដ

{សញ្ញាណ} សញ្ញាណប័ដ៖ (ស័ញ-ញ៉ាណៈបាត់) ដំបារឬបន្ទះស្ពាន់ជាដើម ដែលឆ្លាក់ឬសរសេរអក្សរជាគ្រឿងសម្គាល់ការអ្វីមួយ, ដែលធ្លាក់ឬសរសេរយីហោ (មើលក្នុងពាក្យ សមញ្ញាប័ដ ក្នុងពាក្យ សមញ្ញា ផង)។

សញ្ញី

សញ្ញី៖ (ស័ញ-ញី ឬ –ញ៉ី) គុណសព្ទ៖ (បា.; សំ. សំជ្ញិន៑) ដែលមានសេចក្ដីសម្គាល់, មានការចំណាំ, …។ ពាក្យប្រើក្នុងវេយ្យាករណ៍ សំដៅចំពោះសព្ទដែលជាសាធារណនាម, ដូចជា
ក្រុងភ្នំពេញ; ក្រុង ជាសញ្ញី, ភ្នំពេញ ជាសញ្ញា (មើលក្នុងពាក្យ សញ្ញា ផង)។

សញ្ញោជន

សញ្ញោជន៖ មើលក្នុងពាក្យ សំយោជន

សញ្ញោជនៈ

សញ្ញោជនៈ៖ មើលក្នុងពាក្យ សំយោជន

សដាយុស

សដាយុស៖ (សៈ–) នាមសព្ទ៖ (សំ. ជដាយុជដាយុស៑ «បក្សីមានជដា, មានកំប៉ោយ») ឈ្មោះបក្សីធំមួយ មាននិយាយក្នុងរឿងរាមកេរ្តិ៍
ក្រុងរាពណ៍ប្រហារសដាយុស (ប្រហែលជាកាលពីព្រេងនាយយូរហើយ ខ្មែរហៅក្លាយតាមសំនៀងលាវទេដឹង (?) ព្រោះលាវអានអក្សរ ជ ជាសំឡេងអក្សរ ស; បើឲ្យត្រង់តាមពាក្យដើម ត្រូវហៅ ជដាយុស)។

សដូវ

សដូវ៖ (សៈ–) នាមសព្ទ៖ (បា. សត្តុ; សំ. ឝក្តុ) អាហារធ្វើដោយប្រអួលផង់ឬម្សៅស្ងួត សម្រាប់ទុកបរិភោគបានយូរ; មាន ២ យ៉ាងគឺ សដូវដុំ ធ្វើឲ្យជាដុំៗ, សដូវផង់ ធ្វើឲ្យនៅផង់រាយៗ; ប្រើជាស្បៀងក្នុងវេលាដើរផ្លូវឆ្ងាយដាច់ស្រយាល ឬប្រើក្នុងវេលារត់លូនគេចចៀសពីមុខទ័ព
សដូវខៅតាក សដូវនិងបាយក្រៀម។

សឌាង្គ

សឌាង្គ៖ (សៈឌាង) នាមសព្ទ៖ (សំ. ឞឌាង្គ < ឞឞ៑ «៦» > ឞឌ៑ + អង្គ «អង្គ, ចំណែក»; បា. ឆឡង្គ < ឆ «៦» ចុះ ឡ អាគម > ឆឡ + អង្គ) ចំណែក ៦ របស់រាងកាយ គឺ ដៃ ២, ជើង ២, ក្បាល ១, ដងខ្លួន ១
សឌាង្គជាអវយវៈសំខាន់របស់មនុស្ស។ វេទាង្គ; …។

សណ្ដ

សណ្ដ៖ (សន់-ដ) នាមសព្ទ៖ ហាម, កណ្ដាប់មាត់, រឹមដែលដាក់បន្សាបថែមឲ្យកើនចំណុះឬកើនបន្ទុកជាងប្រក្រតីដើម លើកសណ្ដទូក, ចងសណ្ដតៅ។
ព.ប្រ. ចងសណ្ដ ឬ ដាក់សណ្ដ, ថែមសណ្ដ និយាយបំផ្លើសឬពន្លើសហួសពីហេតុពិត។

ត្រូវសណ្ដ

{សណ្ដ} ត្រូវសណ្ដ៖ ត្រូវគេបញ្ជោរក៏ឡើងជំនោរ។

លើកសណ្ដ

{សណ្ដ} លើកសណ្ដ៖ និយាយលើកជើងឬនិយាយបញ្ជោរ។

ដីសណ្ដ

{សណ្ដ} ដីសណ្ដ៖ គឺដីត្រីកោណដែលលូកចូលទៅក្នុងសមុទ្រ។

សណ្ដក

សណ្ដក កិរិយាសព្ទ៖ ដកឬរដកឃ្លាតតែមិនទាន់របូតផុត ពន្លួញសណ្ដកពីដំណាប់។
ថយចុះឬស្រកចុះជាងប្រក្រតី ទឹកស្រកសណ្ដកពីមាត់ច្រាំង។
ឃ្លាតឆ្អឹងសន្លាក់ សណ្ដកដៃ។
ស្រកសាច់ឬចុះសាច់
នឿយសណ្ដកសាច់។

សណ្ដង់

សណ្ដង់ នាមសព្ទ៖ ក្បាលទងផ្លែឈើចំពូកខ្លះ ត្រង់ដែលតពីទងទៅជាប់នឹងសាច់ផ្លែ
សណ្ដង់ផ្លែស្វាយ, សណ្ដង់ផ្លែខ្នុរ។

សណ្ដា

សណ្ដា នាមសព្ទ៖ ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកវល្លិដំឡូងជ្រូក ច្រើនដុះនៅក្នុងព្រៃដែលមានទីដីខ្ពស់, ផ្លែមូលៗតូចៗ, ស្លឹកនិងផ្លែខ្ចីមានរសជូរ ប្រើជាបន្លែឬអន្លក់បាន វល្លិសណ្ដា, សម្លម្ជូស្លឹកសណ្ដា។
ឈ្មោះឈើមួយប្រភេទ សំបកជាស្រទាប់ៗមានសរសៃ ប្រើការវេញធ្វើជាខ្សែបាន
ដើមសណ្ដា។

សណ្ដាន់

សណ្ដាន់ នាមសព្ទ៖ (ស. មះដ័ន អ.ថ. ម៉ៈដាន់) ឈើរនាមមួយប្រភេទ ស្លឹកនិងផ្លែមានរសជូរ សម្រាប់ប្រើធ្វើជាម្ជូរស្ល ឬផ្លែដែលចិតហាលឲ្យក្រៀមប្រើជាម្ជូរជ្រក់ក៏បាន
សម្លស្លឹកសណ្ដាន់, សម្លម្ជូរសណ្ដាន់, បង្កងស្ងោរជ្រក់ម្ជូរសណ្ដាន់ក្រៀម។ មានពាក្យទំនៀមចាស់ថា ស្លត្រីប្រាកុំចោលម្ជូរសណ្ដាន់។

សណ្ដាប

សណ្ដាប កិរិយាវិសេសន៍៖ (សំ.បា. សន្តាប «ក្ដៅខ្លាំង; កម្ដៅខ្លាំង») ដែលខំប្រឹងពេញកម្លាំងឬពេញទំហឹងបែកញើសដាប
ខំដើរសណ្ដាប; រត់សណ្ដាប; ធ្វើការនឿយសណ្ដាប។

សណ្ដាប់

សណ្ដាប់ នាមសព្ទ៖ ទម្លាប់ដែលកើតមានដោយបានស្ដាប់ឮតៗមក; ទំនៀម; បែប, បែបបទ
ធ្វើតាមសណ្ដាប់បុរាណពីព្រេងនាយ, សណ្ដាប់មាតាបិតា; សណ្ដាប់ស្រុក, សណ្ដាប់ប្រទេស។

កិរិយាសព្ទ៖ (រ.ស.) ស្ដាប់ (ស្ដេចស្ដាប់)
ទ្រង់ព្រះសណ្ដាប់ គឺទ្រង់ស្ដាប់។

សណ្ដាប់ធ្នាប់

សណ្ដាប់ធ្នាប់ នាមសព្ទ៖ ចារិត, ឫកចារិត, បែបបទ មានសណ្ដាប់ធ្នាប់ល្អ។
របប, របៀបរបប
មនុស្សឥតសណ្ដាប់ធ្នាប់; ទុកដាក់របស់មានសណ្ដាប់ធ្នាប់ គឺទុកដាក់តាមរបៀប។

សណ្ដាយ

សណ្ដាយ គុណសព្ទ៖ ដែលយាររយាក ដោះសណ្ដាយ។
សណ្ដាយម្ខាង យារម្ខាងជាង។

នាមសព្ទ៖ ឈ្មោះត្រីឥតស្រកាមួយប្រភេទ ខ្លួនវែង រាងសំប៉ែត រង្វះមាត់ធំ ត្រីសណ្ដាយ។
ឈ្មោះត្រប់មួយប្រភេទផ្លែធំរាងមូលទ្រវែង ប្រើការជាបន្លែ, ជាអន្លក់
ត្រប់សណ្ដាយ (អ្នកស្រុកខ្លះហៅត្រប់វែង)។ ព្នៅសណ្ដាយ (មើលក្នុងពាក្យ សណ្ដាយ គុ.)។

ព្នៅសណ្ដាយ

{សណ្ដាយ} ព្នៅសណ្ដាយ៖ (ព.ប្រ.) ផ្លែព្នៅធំទ្រវែង ស្រដៀងនឹងដោះសណ្ដាយ។ ល។

សណ្ដូក

សណ្ដូក កិរិយាសព្ទ៖ លាតលាត្រង់ស្ដូក
សណ្ដូកជើង។ ព.ផ្ទ. អង្កុញ, បង្រួញ។

សណ្ដូន

សណ្ដូន កិរិយាសព្ទ៖ ទម្លាក់ចុងខ្សែឬពួរដែលចងវត្ថុធ្ងន់ឲ្យធ្លាក់ចុះស្រឹមទៅក្នុងទឹកចាប់ឬចងចុងខ្សែឬចុងពួរម្ខាងឲ្យនៅមិនឲ្យលិច ឬឲ្យលិចទាំងអស់ក៏មាន
ចងដុំឥដ្ឋសណ្ដូនស្ទង់ជម្រៅទឹក; មនុស្សឥតមេត្តា ចងដុំថ្មសណ្ដូនឆ្កែពន្លិចទឹក។

សណ្ដែក

សណ្ដែក នាមសព្ទ៖ ដំណាំលតាជាតិដែលដាំយកផ្លែ, យកគ្រាប់ ប្រើជាអាហារឬស្លជាប្រេងក៏បានខ្លះ,… ជារបរមានប្រយោជន៍សំខាន់មួយយ៉ាងដល់មនុស្សគ្រប់ប្រទេស; សណ្ដែកមានច្រើនប្រភេទគឺ សណ្ដែកកង់, សណ្ដែកទ្រើង, សណ្ដែកបាយ, សណ្ដែកព្នង, សណ្ដែករាជមាស, សណ្ដែកសៀង, សណ្ដែកអង្គុយ។ ល។ សណ្ដែកបណ្ដុះ លំពង់សណ្ដែកបាយ ដែលកើតពីគេត្រាំគ្រាប់បណ្ដុះក្នុងក្អម ឬកប់ក្នុងដីខ្សាច់ឲ្យដុះលូតវែងៗ ប្រើជាបន្លែ, ជារបោយ, ជាអន្លក់។

សណ្ដែកដី

សណ្ដែកដី នាមសព្ទ៖ សណ្ដែកមួយប្រភេទ ដាំយកមើមប្រើការបានច្រើនយ៉ាង, ជារបរសំខាន់មួយក្នុងកម្ពុជរដ្ឋ
សណ្ដែកដីលីង, តំណាប់សណ្ដែកដី។

សណ្ដោង

សណ្ដោង កិរិយាសព្ទ៖ ទាញអូសគ្រឿងចងបន្តោងឲ្យអណ្ដែត ឬឲ្យលឿនដោយតាមគ្នា កប៉ាល់សណ្ដោងទូក, រថសណ្ដោងរថ។
ទៅទាំងសណ្ដោង ទៅទាំងហ្វូងឬទាំងគ្រួ។ មួយសណ្ដោងផាល (ព.ប្រ.) មួយត្រក, មួយហ្វូង, មួយពួក, ដែលជាប់រសោងតាមគ្នា
កូនមួយសណ្ដោងជាល (ព.សា.)។

សណ្ដំ

សណ្ដំ កិរិយាសព្ទ៖ ធ្វើឲ្យដេកលក់លង់ដោយអំណាចឫទ្ធិឬមន្តអាគម ឬក៏ដោយកម្លាំងថ្នាំ
ទេវតាសណ្ដំឲ្យដេកលក់ (ច្រើនប្រើតែក្នុងរឿងព្រេង)។

សណ្ឋាគារ

សណ្ឋាគារ នាមសព្ទ៖ (បា.; សំ. សំស្ថាគារ) ផ្ទះឬរោងសម្រាប់ទទួលភ្ញៀវ, ផ្ទះរាជការសម្រាប់ទទួលភ្ញៀវ មកពីចម្ងាយ ឬមកពីនានាប្រទេស; សាលារៀនយុទ្ធសាស្រ្ត
សណ្ឋាគារសម្រាប់ក្រុង (សរសេរ សន្ថាគារ ក៏មាន; ហៅ សណ្ឋាគារដ្ឋាន ឬ សន្ថា– ក៏បាន)។

សណ្ឋាន

សណ្ឋាន នាមសព្ទ៖ (បា.; សំ. សំស្ថាន) ទ្រង់, ទ្រង់ទ្រាយ, រូប, រូបរាង, រាងរៅ, ភាព, បែបភាព
មានសណ្ឋានសមរម្យ, មានសណ្ឋានស្រដៀងគ្នា។

សណ្ឋិត

សណ្ឋិត កិរិយាសព្ទ៖ (បា.; សំ. សំស្ថិត) ឋិតនៅស៊ប់, តាំងស៊ប់, ឈរ; ឈប់។ រ.ស. ទ្រង់សណ្ឋិត ឬ ទ្រង់ព្រះសណ្ឋិត ទ្រង់ឈរ ឬទ្រង់ឈប់។ សព្ទអារក្សថា «ចូលរូប, ជាន់រូប, គ្របរូប»
អស់លោកមកសណ្ឋិត, គ្រូមកសណ្ឋិត។

សណ្ឌច្ឆាយព្រឹក្យ

សណ្ឌច្ឆាយព្រឹក្យ៖ (សន់-ឌ័ច-ឆាយ៉ៈព្រឹក) នាមសព្ទ៖ (សំ. – + វ្ឫក្ស; បា. – + រុក្ខ) ដើមឈើដែលមានម្លប់ត្រឈៃ
ជ្រកក្រោមសណ្ឌច្ឆាយព្រឹក្យ។

សណ្ឌាស

សណ្ឌាស នាមសព្ទ៖ (បា.; សំ. សណ្ឌិស, សន្ទំឝ, សន្ទំឝក) ចន្ទាស
កាន់សណ្ឌាសដកពុកចង្កា។

សណ្ហ

សណ្ហ៖ (សន់-ហៈ) គុណសព្ទ៖ (បា.; សំ. ឝ្លក្ស្ណ) ល្អិត; សុភាព។ សណ្ហវាចា សម្ដីសុភាព។ សណ្ហវាទី អ្នកមានសម្ដីសុភាព, អ្នកដែលនិយាយសម្ដីសុភាពជាប្រក្រតី (បើស្ត្រីជា សណ្ហវាទិនី)។ សណ្ហសុខុម ល្អិតសុខុម
សម្ដីសណ្ហសុខុម។ ល។

សត

សត៖ (សៈតៈ) បកតិសំខ្យា៖ (បា.; សំ. ឝត) ចំនួនរយ, រយ (១០០) គុ. ច្រើន (ជា អនេកត្ថសំខ្យា)។ សតទិន ឬ សតពារ, សតវារៈ មួយរយថ្ងៃ : បុណ្យសតទិន បុណ្យមួយរយថ្ងៃ គឺបុណ្យដែលគេធ្វើឧទ្ទិសផលចំពោះបុគ្គល ដែលទទួលមរណភាពទៅហើយ គ្រប់មួយរយថ្ងៃ (ហៅ បុណ្យសតិមទិន ឬ បុណ្យសតិមពារ, សតិមវារៈ «បុណ្យគម្រប់មួយរយថ្ងៃ» ក៏បាន)។ សតបត្ត, –បត្រ ឬ –ប័ត្រ (–បាត់) ផ្កាដែលមានត្របកឬស្រទាប់ច្រើន; ជាឈ្មោះផ្កាឈូកមួយប្រភេទ មានត្របកច្រើនស្រទាប់, អ្នកស្រុកខ្លះហៅ ឈូកមួយរយស្រទាប់។ សតបទី (–ប៉ៈ–) សត្វដែលមានជើងច្រើន, ក្អែប។ សតបទីជាតិ (–ប៉ៈទីជាត) ជាតិសត្វមានជើងច្រើន, សត្វពួកក្អែប (ហៅ សតបទីសត្ត ឬ –សត្វ ក៏បាន)។ សតប្បមាណ ឬ –ប្រមាណ (សៈត័ប-ប៉ៈ ឬ ប្រៈ-មាន) ចំនួនមួយរយ។ សតមូលី វល្លិមានមើមច្រើន, វល្លិសាមសិប។ សតរង្សី ឬ សតតេជះ អ្នកដែលមានរស្មីច្រើនឬមានតេជះច្រើន (ព្រះអាទិត្យ)។ សតវត្ស ឬ សតវត្សរ៍ (–វ័ត) ឆ្នាំមួយរយ; កាលកំណត់មួយជុំរយឆ្នាំឬមួយខួបរយឆ្នាំ : គ្រិស្ដសករាជតាំងក្នុងខាងដើមសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ គឺតាំងឆ្នាំទី ១ ពីក្នុងកាលពុទ្ធសករាជ ៥៤៣ (ក្រោយពុទ្ធសករាជ ៥៤២ ឆ្នាំ); មើលក្នុងពាក្យ វត្ស និង វត្សរ៍ ផង។ សតាង្គ (សៈតាង; បា. សតង្គ < សត + អង្ត; សំ. ឝតាង្គ < ឝត + អង្គ «ចំណែក») ចំណែកមួយរយ។ ល។

សត–

សត–៖ (ម. ក្នុង ព. សត)។

សតនាគនហុត

សតនាគនហុត៖ (សៈតៈនាគៈនៈហ៊ុត) នាមសព្ទ៖ (បា. សត «រយ», នាគ «ដំរី», នហុត «ម៉ឺន» = ម៉ឺននៃដំរីមួយរយ គឺដំរីមួយលាន) នគរលានជាង (ក្រុងហ្លួងព្រះបាង), ហៅ ក្រុងស្រីសតនាគនហុត (មើលក្នុងពាក្យ លានជាងផង)។

សតាង្គ

សតាង្គ៖ (ម. ក្នុង ព. សត)។

សតិ

សតិ៖ (សៈតិ) នាមសព្ទ៖ (បា.; សំ. ស្ម្ឫតិ) ស្មារតី គឺសេចក្ដីនឹកឃើ

km/dictionary/ជួន_ណាត_ស.txt · ពេលកែចុងក្រោយ: 2023/06/04 13:55 និពន្ឋដោយ Johann