➥ — —
ព័ត៌មានខាងលើគឺសម្រាប់បង្ហាញនៅលើទំព័រដែលមានពាក្យដែលមិនមាននៅក្នុងវចនានុក្រម។
សម្រាប់ព័ត៌មានបន្ថែមអំពីវចនានុក្រម សូមមើល សន្ទស្សន៍និងសេចក្តីផ្តើម.
➥ អ៖ សម្រាប់ភាសាសំស្រ្កឹតនិងបាលីប្រើអក្សរនេះជាស្រៈ អានថា អៈ ជាគូគ្នានឹងស្រៈ អា (អ អា មួយគូនេះហៅ អវណ្ណៈ) ជាកណ្ឋជៈ មានសំឡេងកើតក្នុងក។ សម្រាប់ភាសាខ្មែរ ប្រើជាស្រៈក៏មាន ជាព្យញ្ជនៈសំឡេងស្រៈក៏មាន (មើលក្នុងពាក្យ ស្រៈ និង ព្យញ្ជនៈ ផង)។ តាមរបៀបរៀងព្យញ្ជនៈ ៣៣ តួ, បុរាណផ្សំជាមួយនឹងនិគ្គហិត (៰) ជា អំ (ដើម្បីឲ្យឮសំឡេងថា អ័ង) រៀងខាងចុងបំផុត ជាព្យញ្ជនៈទី ៣៣ (ជាទី ៨ ក្នុងសេសវគ្គឬអវគ្គ), បើប្រើ ឝឞ ផង តែមិនប្រើ ឡ ផងទេ អំ ជាព្យញ្ជនៈ ទី ៣៤ (ជាទី ៩ ក្នុងសេសវគ្គ), បើប្រើ ឡ ផង ចាត់ជាព្យញ្ជនៈ ទី ៣៥ (ជាទី ១០ ក្នុងសេសវគ្គ)។ សម្រាប់ភាសាខ្មែរ, (ប្រើដាក់ត្រីសព្ទ (៊) នេះពីលើឲ្យមានសំឡេងជា អ៊ ក៏បាន, ប៉ុន្តែបើផ្សំជាមួយនឹងស្រៈ ិ ី ឹ ឺ ើ អាចប្រើជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ក៏បានដូច ស៊ និង ហ៊ ដែរ។ ប្រើផ្សំពីលើ ហ ឲ្យមានសំឡេងជា អ្ហ អ្ហ៊ ក៏បានដូចជា នៃអ្ហឺ, អាអ្ហែង, ទេអ្ហ៊ៃ ជាដើម។ ប្រើផ្សំលើ ង ជា អ្ង ក៏បាន ចំពោះពាក្យ អ្ងែង (ហងឯង)។ ល។
និបាតសព្ទ៖ (សំ.បា.) ពាក្យបដិសេធ (ផ្លាស់មកពី ន គឺ ន > អ) សម្រាប់ភាសាសំស្រ្កឹតនិងបាលីមានសេចក្ដីថា « មិន, មិនមែន, ពុំ, ឥត » សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដួចជា អកតញ្ញូ (< ន > អ + កតញ្ញូ) « អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ (ចំពោះខ្លួន) »; អភ័ព្វ (< ន > អ + ភព្វ) «ដែលមិនគួរ (ដល់ការ)»; អសុភ (< ន > អ + សុភ) «ដែលមិនល្អ» ជាដើម។ បើសព្ទដែលរៀង អ ភ្ជាប់ជាមួយនោះមានស្រៈនៅខាងដើម ត្រូវផ្លាស់ ន ឬ អ ជា អន៑, ដូចជា អនន្ត (< ន ឬ អ > អន៑ + អន្ត) « ដែលឥតទីបំផុត »; អនាគត (< ន ឬ អ > អន៑ + អាគត) «ដែលមិនទាន់មកដល់ (ដែលនៅឯមុខ)»; អនេក (< ន ឬ អ > អន៑ + ឯក) «ដែលមិនមែនតែមួយ (ច្រើន)» ជាដើម (មើលពាក្យដែលមាន អ ឬ អន៑ នៅខាងដើមតាមលំដាប់អក្សររៀងទៅ)។
នាមសព្ទ៖ (ស. អ្ច អ.ថ. អ «បបុស») ឈ្មោះប៉ីមួយប្រភេទធ្វើដោយដើមបបុសទាំងតួទាំងអណ្ដាត ឬយកដើមបបុសធ្វើតែអណ្ដាត ឯតួធ្វើដោយដើមពកជាដើម : ផ្លុំប៉ីអ។ តាមដោយធ្លាប់បានសង្កេតរូបគំនូរនៅជញ្ជាំងឧបោសថាគារ គឺវិហារនៅខែត្រក្រៅក្នុងប្រទេសសៀម ដែលជាងសៀមគូរក្នុងសម័យបុរាណព្រេងនាយ ឃើញមានរូបអ្នកភ្លេងលេងភ្លេងខ្មែរ មានអ្នកផ្លុំ ប៉ីបបុស, ប្រហែលជាសៀមហៅថា ប៉ីអ ខ្មែរក៏ហៅតាមសៀមដែរទៅទេដឹង? (គួរហៅ ប៉ីបបុស តាមខ្មែរវិញ)។
➥ អ! ឧទានសព្ទ៖ សូរលាន់មាត់ដោយបញ្ជាក់សេចក្ដី ឬ ដោយបាត់ងឿងឆ្ងល់ជាដើម
អ! ដូច្នោះទេឬ? ; អ៎! ឯណោះទេហៈ?; អ៎! អញ្ជើញមក!
➥ អក កិរិយាសព្ទ៖ ចាប់ចំណីអាហារក្រៀម, ផង់ ឬភេសជ្ជៈស្ងួតផង់ជាដើម ពេញទូកដៃ ហាមាត់ធំងើយពម
អកប្រអួល, អកអំបុក, អកថ្នាំផង់។
នាមសព្ទ៖ អជ្ឈុបាតកសត្តមួយប្រភេទ សម្បុរខ្លួនខ្មៅស្រអាប់ មាឌធំកន្តុលបន្តិចជាងកុកខ្មៅ, ឆាបចាប់មច្ឆជាតិជាចំណី; កាលណាព្រាត់គូឬព្រាត់កូន ស្រែកយំគ្រលួចសង្រេងសង្រៃហើរឆ្វៀលឆ្វាត់ខ្ពស់ៗ ទាបៗ ប្រះប្រាណ គួរឲ្យស្រងេះស្រងោចអាណោចអាធម្ម (ហៅ អក តាមសូរវាយំ)។ គេតែងនិយាយប្រៀបថា កើតទុក្ខធំយំបោកខ្លួន ឬយំប្រះប្រាណដូចជាអក។ (ព.កា.) : សត្វអកជាសត្វមានចិត្តស្មោះ អាឡោះអាល័យហួសទំនង នៅពេលដែលព្រាត់បាត់គូគ្រង ទោះព្រាត់រំលងកាលយូរថ្ងៃ។ ស្រែកយំរង្គំមិនសូវស្រាក ក្រៀមក្រំលំបាកពន់ពេកក្រៃ ជួនកាលបោកខ្លួនឲ្យក្សិណក្ស័យ សង្រេងសង្រៃដល់ស្គាំងស្គម។ មនុស្សខ្លះកើតទុក្ខដូចជាអក ច្រើនខកខូចចិត្តដល់ខ្លួនទ្រម ទោះគេពន្យល់ក៏ពុំព្រម រញមត្រាតែមានជំងឺ។ (មើលក្នុងពាក្យ អករ៍ និង ឧកញ៉ា, ឧកហ្លួង)។
នាមសព្ទ៖ ប្រដាប់ធ្វើដោយលោហជាតិផ្សេងៗឬធ្វើដោយប្រាក់, មាសជាដើម មានរាងច្រឡោឬមានសណ្ឋានដូចបំពង់តូច មានមេមានគម្រប សម្រាប់ដាក់កំបោរបៀកម្លូ
កំបោរកន្លះអក, អកកំបោរលង់ហិន, អកកំបោរប្រាក់។
➥ អកតញ្ញុតា៖ (អៈកៈត័ញ-ញុ-តា) នាមសព្ទ៖ (បា.) ភាវៈ, ភាពឬដំណើរ ជាអ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ (ចំពោះខ្លួន)។ ព.ផ្ទ. កតញ្ញុតា។
➥ អកតញ្ញូ៖ (អៈ កៈ ត័ញ-ញូ) នាមសព្ទ៖ (បា., សំ. អក្ឬតជ្ញ) អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ (ចំពោះខ្លួន)។ ប្រើជា គុ. ក៏បាន : មនុស្សអកតញ្ញូ, ចិត្តអកតញ្ញូ (ប្រើបានទាំងបុរសទាំងស្ត្រី)។ ព.កា. ថា : អកតញ្ញូ ព្រះពុទ្ធជាគ្រូ ទ្រង់ត្រាស់ប្រាប់ថា ទោះលើកផែនដី ទាំងមូលឲ្យវា ពុំស្កប់ចិន្ដា នៅតែរករឿង។ ឬមួយបែបទៀតថា : អកតញ្ញូ បំភ្លេចគុណូ-បការៈចោល ទោះអ្នកផ្គត់ផ្គង់ មានគុណជាគោល វាតែងតែថ្កោលទោសជានិរន្តរ៍។ ព្រះពុទ្ធត្រាស់ថា ទោះលើកពសុធា ឲ្យវាគ្រប់គ្រាន់ វាឥតត្រេកអរ នៅតែបំភ័ន្ត បង្អាប់បង្អន់ បំភ្លេចគុណគាប់។ ព.ផ្ទ. កតញ្ញូ។
➥ អកតវេទី៖ (អៈកៈតៈ—) នាមសព្ទ៖ (បា.; សំ. អក្ឫតវេទិន៑) អ្នកដែលមិនតបឬមិនគិតនឹងតបឧបការគុណគេ; បើស្ត្រីជា អកតវេទិនី។ ព.ផ្ទ. កតវេទី, កតវេទិនី។
➥ អកនិដ្ឋ៖ (អៈកៈនិត) នាមសព្ទ៖ (បា.; សំ. អកនិឞ្ធ) ឈ្មោះឋានសុទ្ធាវាសជាន់ទី ៥
ឋានអកនិដ្ឋ; ហៅ អកនិដ្ឋា ក៏បាន (មើលក្នុងពាក្យ សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ទៀតផង)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អៈកៈនិត-ឋៈ, ដូចជា អកនិដ្ឋព្រហ្ម ព្រហ្មក្នុងឋានអកនិដ្ឋ។ អកនិដ្ឋភព ភពឬឋានអកនិដ្ឋ។ ល។
➥ អកប្បិយ៖ (អៈក័ប-ប៉ិយៈ) គុណសព្ទ៖ (បា. អកប្បិយ; សំ. អកល្បិយ) ដែលមិនគួរ, មិនត្រូវទំនង, មិនសមដល់ការ; ដែលមានបញ្ញត្តិហាម : របស់អកប្បិយៈ។ ព.ផ្ទ. កប្បិយ ឬ —យៈ។ អកប្បិយបរិក្ខារ បរិក្ខារដែលមិនគួរប្រើប្រាស់; បរិក្ខារដែលមានពុទ្ធប្បញ្ញត្តិហាមមិនឲ្យបព្វជិតពុទ្ធសាសនិកប្រើប្រាស់។ អកប្បិយភណ្ឌ របស់ជាអកប្បិយៈ។ អកប្បិយភោជន ភោជនដែលមិនគួរបរិភោគ។ អកប្បិយមំសៈ ឬ —មំសំ (—ម៉័ង-សៈ ឬ —ម៉័ង-ស័ង) សាច់ដែលមិនគួរបរិភោគ (យ៉ាងដូចសាច់ដំរី, សេះ, ពស់, ខ្លាជាដើម ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ហាមមិនឲ្យបព្វជិតឆាន់)។ អកប្បិយវត្ថុ វត្ថុជាអកប្បិយៈ គឺអ្វីៗដែលមានបញ្ញត្តិហាមមិនឲ្យប្រើប្រាស់ឬមិនឲ្យបរិភោគ។ អកប្បិយវោហារ សម្ដីដែលមិនគួរនិយាយ; សម្ដីដែលសមណៈមិនត្រូវនិយាយ។ ល។
➥ អកម្មកិរិយា៖ (អៈក័ម-ម៉ៈកិ-រ៉ិយ៉ា) នាមសព្ទ៖ (បា.; សំ. អកម៌ក្រិយា) កិរិយាសព្ទដែលកាលណានិយាយមិនបាច់ដាក់អំពើដែលត្រូវធ្វើមកផងទេ, ដូចជា ដេក, ដួល, ឈរ, អង្គុយ ជាដើម
ដេកលើគ្រែ, ដួលលើផែនដី, ឈរលើរានហាល, អង្គុយក្នុងបន្ទប់; ហៅ អកម្មធាតុ ក៏បាន (ព.វ.)។ ព.ផ្ទ. សកម្មកិរិយា, សកម្មធាតុ។
➥ អកម្មធាតុ៖ (អៈក័ម-ម៉ៈធាត) នាមសព្ទ៖ (បា.; សំ. អកម៌—) មូលឬឫសដើមនៃកិរិយាសព្ទដែលមិនមានកម្ម (ព.វ.)។ ព.ផ្ទ. សកម្មធាតុ (មើលក្នុងពាក្យ អកម្មកិរិយា ទៀតផង)។
➥ អកយំ នាមសព្ទ៖ ឈ្មោះបទភ្លេងមួយប្រភេទ មានលំនាំបទ អណ្ដឺតអណ្ដកគន្លាក់គន្លើនគ្រលួច ស្រដៀងនឹងសូរសព្ទអកយំ
ភ្លេងអកយំ។
➥ អករ៍៖ (អក) នាមសព្ទ៖ (សំ.បា.ស., សំ.បា. អ < ន 'មិន, ពុំ, ឥត' + ករ «ធ្វើ') អ្នកមិនធ្វើការអ្វី។ ពាក្យសម្រាប់ហៅស្ត្រីមានអាយុច្រើន ដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានយសធំជាង យាយ, ចាស់, ទុំ ទាំងពួង ប៉ុន្តែឥតនឿយដោយធ្វើការអ្វីទេ គ្រាន់តែចូលក្រាបបង្គំគាល់ តាមពេលកំណត់ក្នុងព្រះរាជពិធីទំាងពួងម្ដងៗ, ក្រៅពីវេលានោះ គ្រាន់តែនាំក្សត្រីឬចៅចមក្នុងព្រះបរមរាជវាំងទៅមកដោយកិច្ចណាមួយម្ដងៗប៉ុណ្ណោះ។ អករ៍ នេះរមែងជ្រើសរើសយកព្រះស្នំចាស់ៗ ក្នុងរជ្ជកាលមុនៗមកឲ្យធ្វើ ព្រោះជាអ្នកដឹងបែបបទទំនៀមទម្លាប់ច្រើន (សរសេរក្លាយជា អក ក៏មាន)។ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះបរមកោដ្ឋ) ទ្រង់ព្រះមេត្តាប្រោសតាំងស្រ្តីទី អករ៍ ៩ នាក់, ទី យាយ ១២ នាក់, ទី ចាស់ ៤ នាក់, ទី ទុំ ៤ នាក់, រួមជា ២៩ នាក់។ អករ៍ ៩ នាក់នោះតាំងជាទី លោកព្រះ ១, ទី អ្នកព្រះ ៤, ទី អ្នក ៤ គឺ ទី ១-លោកព្រះអករ៍ចមក្សត្រី (ជាអធិបតី), ២-អ្នកព្រះអករ៍មង្គលក្សត្រី, ៣- អ្នកព្រះអករ៍ជាតីឧត្តម, ៤- អ្នកព្រះអករ៍ធីតាភិរម្យ, ៥- អ្នកព្រះអករ៍បទុមវង្សា; ៦- អ្នកអករ៍រាជានុពង្ស, ៧- អ្នកអករ៍រាជវង្សឧត្តលា, ៨- អ្នកអករ៍ឯកអគ្គកញ្ញា, ៩- អ្នកអករ៍សុតាជាតី។ យាយ ១២ នាក់នោះតាំងជាទី លោកអ្នកយាយ ៤, ទី អ្នកយាយ ៤, ទី យាយ ៤ គឺ ១- លោកអ្នកយាយស្រីពិលាស, ២- លោកអ្នកយាយឱភាសសួនស័ក្តិ, ៣- លោកអ្នកយាយនារីអន័គ្ឃ, ៤- លោកអ្នកយាយវរលក្ខណ៍អនេក; ៥- អ្នកយាយទេពកោមល, ៦- អ្នកយាយកុសលភិសេក, ៧- អ្នកយាយបវរអតិរេក, ៨- អ្នកយាយឯកអគ្គក្សត្រី; ៩- យាយបុរាណរាជ្យរម្យ, ១០- យាយសមស័ក្ដិព្រឹទ្ធ, ១១- យាយព្រេងសុចរិត, ១២- យាយព្រឹទ្ធជរា។ ទី ចាស់ បួននាក់គឺ ១- ចាស់រាជអមច្ចា, ២- ចាស់បរិវារក្សត្រ, ៣- ចាស់ជាបរិស័ទ, ៤- ចាស់ចាត់បុរី។ ទី ទុំ ៤ នាក់គឺ ១- ទុំទទួលផ្ចង់, ២- ទុំប្រុងប្រក្រតី, ៣- ទុំគាប់ភក្ដី, ៤- ទុំខ្មីបម្រើ។ ហៅដោយរួបរួមទាំង ៤ ពួកថា អករ៍, យាយ, ចាស់, ទុំ។ (ព.កា. ឲ្យងាយចាំ)
អករ៍យាយចាស់ទុំ ដែលព្រះបរម- កោដ្ឋក្សត្រិយ៍ក្សាន្ត ទ្រង់ប្រោសប្រទាន ងារទាំងប៉ុន្មាន ដើម្បីឲ្យបាន ទុកជាព្រះកេរ្តិ៍។ ក្នុងកាលខាងមុខ គួរជនចាំទុក ឲ្យបានឋិតថេរ កុំឲ្យបាត់សូន្យ គួរកូនចៅខ្មែរ កុំហ៊ានបង្វែរ បំបែរបំបាត់។
➥ អករណីយ៖ (អៈកៈរ៉ៈណីយ៉ៈឬ —ណី; បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. —ណីយ៉ៈ) គុណសព្ទ៖ (បា.) ដែលមិនគួរធ្វើ, ដែលមិនគប្បីឬមិនត្រូវធ្វើ : អំពើនុះជាអករណីយ។ ព.ផ្ទ. ករណីយ។ អករណីយកម្ម អំពើឬការដែលមិនគួរធ្វើ។ អករណីយកិច្ច កិច្ចដែលមិនគួរធ្វើ; កិច្ចដែលសមណៈមិនត្រូវធ្វើដោយដាច់ខាត។ ល។
➥ អកអំបុក នាមសព្ទ៖ ឈ្មោះពិធីមួយប្រភេទ មានការសម្រក់ទៀនលើស្លឹកចេកស្រស់ផ្សងមើលទឹកភ្លៀងក្នុងឆ្នាំភ្នែក បន្ទាប់ឆ្នាំនោះ, បន្ទាប់ពីសម្រក់ទៀនមក នាំគ្នាអកអំបុក, ធ្វើក្នុងវេលាយប់នៃថ្ងៃ ១៥ កើតខែកត្តិក (ហៅ ពិធីសំពះព្រះខែ ក៏បាន)។ ចំណែកខាងព្រះរាជពិធី ធ្វើក្នុងវេលាយប់នោះដែរ, រួមជាមួយគ្នានឹងព្រះរាជពិធីចុះផែ, ក្នុងវេលារសៀលដល់ល្ងាចមានប្រណាំងទូក, វេលាយប់មានបណ្ដែតប្រទីបជ្វាលា, អុជពន្លឺរំសេវផ្សេងៗមានកាំជ្រួចជាដើម …។ ហៅដោយរួបរួមថា ព្រះរាជពិធីចុះផែ កំណត់ ៣ ថ្ងៃ គឺថ្ងៃ ១៤, ១៥ កើតនិងថ្ងៃ ១ រោចខែកត្តិក។ ព.កា. ថា
ថ្ងៃអកអំបុក ពួកខ្មែរអ្នកស្រុក តែងធ្វើពិធី ហៅអកអំបុក សូមសុខសួស្ដី តាមប្រពៃណី បុរាណព្រេងព្រឹទ្ធ។
➥ អកាល៖ (អៈ—) គុណសព្ទ៖ (សំ.បា.) កាលមិនគួរ, កាលខុសប្រក្រតី; ដែលខុសកាល, ដែលពុំជួកាល : វេលានេះជាអកាល។ (ព.កា.) : ជនទាំងអម្បាល គួរស្គាល់អកាល និងកាលវេលា ដែលគួរប្រព្រឹត្ត ឲ្យបានសមជា អ្នកមានប្រាជ្ញា ស្មារតីរឹងប៉ឹង។ ព.ផ្ទ. កាល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អៈកា-ល៉ៈ, ដូចជា អកាលការី អ្នកធ្វើការខុសកាល (ស្ត្រីជា អកាលការិនី)។ អកាលចារី អ្នកទៅមកខុសកាល, អ្នកត្រាច់ខុសកាលវេលា (ស្រ្តីជា អកាលចារិនី)។ អកាលជាត ឬ អកាលភូត អ្វីៗដែលកើតឬដែលមានខុសកាល (ឥត្ថី. អកាលជាតា ឬ អកាលភូតា)។ អកាលញ្ញុតា ភាវៈនៃអ្នកមិនស្គាល់កាល, ការមិនស្គាល់កាល។ អកាលញ្ញូ អ្នកមិនស្គាល់កាលចូលចេញជាដើម។ អកាលបុច្ឆា ការសួរខុសកាល។ អកាលបុស្ប (—បុស) ផ្កាឈើខុសកាលឬខុសរដូវតាមទម្លាប់។ អកាលផល ផ្លែឈើខុសកាលឬខុសរដូវ។ អកាលមរណៈ មរណៈក្នុងកាលមិនសមគួរ, សេចក្ដីស្លាប់មិនត្រូវតាមកាលធម្មតា គឺស្លាប់ដោយអំណាចឧបច្ឆេទកកម្មចូលមកផ្ដាច់ផ្ដិលជីវិត។ អកាលមេឃ មេឃដែលបង្អុរភ្លៀងខុសកាល, ភ្លៀងពុំជួកាល។ អកាលវាទី អ្នកនិយាយស្ដីខុសកាល គឺកាលដែលមិនគួរនិយាយស្ដីក៏និយាយស្ដីដែរ (ស្ត្រីជា អកាលវាទិនី)។ អកាលសន្ទនា សន្ទនាខុសកាល, ការនិយាយប្រាស្រ័យខុសកាល។ ល។
នាមសព្ទ៖ (សំ.បា.) កាលមិនគួរ, កាលខុសប្រក្រតី; ដែលខុសកាល, ដែលពុំជួកាល : វេលានេះជាអកាល។ (ព.កា.) : ជនទាំងអម្បាល គួរស្គាល់អកាល និងកាលវេលា ដែលគួរប្រព្រឹត្ត ឲ្យបានសមជា អ្នកមានប្រាជ្ញា ស្មារតីរឹងប៉ឹង។ ព.ផ្ទ. កាល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អៈកា-ល៉ៈ, ដូចជា អកាលការី អ្នកធ្វើការខុសកាល (ស្ត្រីជា អកាលការិនី)។ អកាលចារី អ្នកទៅមកខុសកាល, អ្នកត្រាច់ខុសកាលវេលា (ស្រ្តីជា អកាលចារិនី)។ អកាលជាត ឬ អកាលភូត អ្វីៗដែលកើតឬដែលមានខុសកាល (ឥត្ថី. អកាលជាតា ឬ អកាលភូតា)។ អកាលញ្ញុតា ភាវៈនៃអ្នកមិនស្គាល់កាល, ការមិនស្គាល់កាល។ អកាលញ្ញូ អ្នកមិនស្គាល់កាលចូលចេញជាដើម។ អកាលបុច្ឆា ការសួរខុសកាល។ អកាលបុស្ប (—បុស) ផ្កាឈើខុសកាលឬខុសរដូវតាមទម្លាប់។ អកាលផល ផ្លែឈើខុសកាលឬខុសរដូវ។ អកាលមរណៈ មរណៈក្នុងកាលមិនសមគួរ, សេចក្ដីស្លាប់មិនត្រូវតាមកាលធម្មតា គឺស្លាប់ដោយអំណាចឧបច្ឆេទកកម្មចូលមកផ្ដាច់ផ្ដិលជីវិត។ អកាលមេឃ មេឃដែលបង្អុរភ្លៀងខុសកាល, ភ្លៀងពុំជួកាល។ អកាលវាទី អ្នកនិយាយស្ដីខុសកាល គឺកាលដែលមិនគួរនិយាយស្ដីក៏និយាយស្ដីដែរ (ស្ត្រីជា អកាលវាទិនី)។ អកាលសន្ទនា សន្ទនាខុសកាល, ការនិយាយប្រាស្រ័យខុសកាល។ ល។
➥ អកិរិយវាទ៖ (អៈកិរ៉ិយ៉ៈវាត) នាមសព្ទ៖ (បា.) ការពោលពាក្យថាបុណ្យបាបដែលធ្វើមិនមែនហៅថាធ្វើទេ គឺថាធ្វើបុណ្យធ្វើបាបមិនមែនបានបុណ្យបានបាបទេ, សម្ដីបដិសេធបុណ្យបាបថាធ្វើទៅឥតអំពើ; អ្នកមិនជឿបុណ្យបាប។ ព.ផ្ទ. កិរិយវាទ។
➥ អកិរិយវាទិនី៖ មើលក្នុងពាក្យ អកិរិយវាទី។
➥ អកិរិយវាទី៖ (អៈកិរ៉ិយ៉ៈ—) នាមសព្ទ៖ (បា.) អ្នកប្រកាន់និយាយបដិសេធបុណ្យបាបថាធ្វើទៅឥតអំពើ, អ្នកប្រកាន់មិនជឿបុណ្យបាប (បើស្ត្រីជា អកិរិយវាទិនី)។ ព.ផ្ទ. កិរិយវាទី, កិរិយវាទិនី។
➥ អកុសល៖ (អៈកុ-សល់) នាមសព្ទ៖ (បា.; សំ. អកុឝល) សេចក្ដីអាក្រក់, បាប, អពមង្គល : អកុសលតាមមកផ្ដល់ គឺបាបតាមមកផ្ដល់, បាបចេញមុខឲ្យផល។ គុ. អាក្រក់, ដែលជាបាប; ដែលមិនឈ្លាស : អំពើអកុសល។ (ព.កា.) : រីអកុសល ជាកម្មតែងផ្ដល់ ក្ដីទុក្ខលំបាក ឲ្យដល់អ្នកធ្វើ មិនឈប់មិនស្រាក កម្មនេះស្រកាក គួរជនផងខ្លាច។ ផ្ទុយពីកុសល ដែលតែងតែផ្ដល់ ក្ដីសុខមិនកាច កម្មនេះល្អលន់ ជាបុណ្យអង់អាច បានជាអ្នកប្រាជ្ញ ពេញចិត្តចង់ធ្វើ។ ជនជឿផលកម្ម មានស្មារតីចាំ ប្រព្រឹត្តអំពើ កុសលកល្យាណ ក្សេមក្សាន្តឥតបើ មានមោះហ្មងលើ មនោទ្វារឡើយ។ ព.ផ្ទ. កុសល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អៈកុសៈល៉ៈ, ដូចជា អកុសលកម្ម កម្មអាក្រក់។ អកុសលកម្មបថ (—ក័ម-ម៉ៈបត់) គន្លងនៃអំពើអាក្រក់ (ផ្លូវបាប, ផ្លូវទុច្ចរិត មាន ១០ យ៉ាងគឺ កាយទុច្ចរិត ៣, វចីទុច្ចរិត ៤, មនោទុច្ចរិត ៣)។ អកុសលកិរិយា កិរិយាអាក្រក់។ អកុសលចរិយា ចរិយាអាក្រក់។ អកុសលចិត្ត ចិត្តជាអកុសល, ចិត្តបាប។ អកុសលចេតនា (—តៈន៉ា) ការតាំងចិត្តជាបាប, គំនិតបាប; គំនិតអាក្រក់។ អកុសលចេតសិក (—តៈសិក) ចេតសិកជាអកុសល គឺអារម្មណ៍ដែលកើតរលត់ព្រមជាមួយនឹងចិត្តជាអកុសល (ក្នុងព្រះអភិធម្មថាមាន ១៤ យ៉ាង)។ អកុសលធម៌ ធម៌ជាអកុសល។ អកុសលធាតុ (—ធាត) ធាតុជាអកុសល គឺនុយបាបឬចំណីបាប។ អកុសលមូល ឫសគល់ឬទីតាំងនៃអកុសល (មាន ៣ យ៉ាងគឺ លោភៈ, ទោសៈ, មោហៈ)។ អកុសលលាភ ការបានបាប។ អកុសលវិតក្ក ការត្រិះរិះទៅរកអំពើអាក្រក់, តម្រិះអាក្រក់។ អកុសលវិបាក ស្នាមគំនូសចិត្តជាអកុសល, គំនូសបាប; ផលបាប។ ល។
➥ អក្ក៖ (អ័ក-កៈ) នាមសព្ទ៖ (បា.; សំ. អក៌) ព្រះអាទិត្យ។ អក្កពន្ធុ (—ព័ន-ធុ) សុរិយគោត្រឬសុរិយពន្ធុ។ អក្កមណ្ឌល សុរិយមណ្ឌល។ អក្កមាលា សុរិយមាលា។ អក្ករង្សី រស្មីព្រះអាទិត្យ។ ល។
➥ អក្កោសន៖ (អ័ក-កោ-សៈន៉ៈ) នាមសព្ទ៖ (បា. អក្កោសន; សំ. អាក្រោឝន) ការជេរ, ពាក្យជេរ, ជំនេរ (ប្រើជា អក្កោសនា ក៏បាន)។ អក្កោសនការណ៍ ឬ —ហេតុ ហេតុឬដំណើរនៃការជេរ។ អក្កោសនភាព ភាវៈជេរ, ដំណើរជេរគ្នា។ អក្កោសនាការ (បា. អក្កោសន + អាការ) អាការជេរ, អាការនៃជំនេរ។ ល។
➥ អក្កោសវត្ថុ៖ (អ័ក-កោ-សៈវ័ត-ថុ) នាមសព្ទ៖ (បា.; សំ. អាក្រោឝ + វស្តុ) វត្ថុនៃការជេរឬវត្ថុជាគ្រឿងជេរ គឺពាក្យជេរប្រដូចថា អាសត្វ!, អាក្របី!; អាឆ្កែ!, អាជ្រូក!, អានរក!, អាប្រេត! ជាដើម។
➥ អក្ខណៈ៖ (អ័ក-ខៈណៈ ឬ អ័ក-ក្សៈណៈ) នាមសព្ទ៖ (បា. អក្ខណ; សំ. អក្សណ) ស្របក់, កាលឬវេលាដែលមិនមែនជាឱកាស, ដែលឃ្វាងចាកប្រយោជន៍, ដែលមិនសមប្រកប; វេលាមិនល្អ; ពេលប្រទះលើគ្រោះកាច
ប្រទះលើអក្ខណៈ, មនុស្សមិនស្គាល់អក្ខណៈ។ ព.ផ្ទ. ខណៈ ឬ ក្សណៈ។
➥ អក្ខទស្ស៖ (អ័ក-ខៈទស់ ឬ —ប៉ាដៈកៈ ឬក៏ —ដក់) នាមសព្ទ៖ (បា.; សំ. អក្សទឝ៌ក ឬ អក្សបាដក) អ្នកពិភាក្សាក្តី, អ្នកជំនុំក្ដី, ចៅក្រម។ អក្ខទស្សដ្ឋាន (អ័ក-ខៈទ័ស-ស័ត-ឋាន) ទីជំនុំក្ដី, សាលាជំនុំ។
➥ អក្ខទេវិនី៖ មើលក្នុងពាក្យ អក្ខទេវី។
➥ អក្សទេវិនី៖ មើលក្នុងពាក្យ អក្ខទេវី។ (មើលក្នុងពាក្យ អក្ខទេវី)។
➥ អក្ខទេវី៖ (អ័ក-ខៈ—) នាមសព្ទ៖ (បា. ឬ សំ. អក្សទេវិន៑) អ្នកលេងល្បែងចេញកូនដើរតាមក្រឡា មានល្បែងបាស្កានិងចត្រង្គជាដើម; អ្នកលេងល្បែងភ្នាល់ឬល្បែងស៊ីសងផ្សេងៗ (ជូតការ ឬ ជូតការី); បើស្ត្រីជា អក្ខទេវិនី ឬ អក្សទេវិនី (ហៅ អក្ខធូត ក៏បាន; បើស្ត្រីជា អក្ខធុត្តី ឬ —ធូតី)។
➥ អក្ខធុត្តី៖ មើលក្នុងពាក្យ អក្ខធូត និង អក្ខទេវី។
➥ អក្ខធូត៖ (អ័ក-ខៈ—) នាមសព្ទ៖ (បា. អក្ខធុត្ត; សំ. អក្សធូត៌) អក្ខទេវី ឬ ជូតការ, ជូតការី (បើស្ត្រីជា អក្ខធូតី ឬ —ធុត្តី)។ ព.កា. ថា
ព្រះពុទ្ធត្រាស់ថា អក្ខធូតា ទោះប្រុសទោះស្រី រែងតែលង់ខ្លួន ផ្ទួនដោយទុក្ខភ័យ វិនាសហិនហៃ ចង្រៃរួបរឹត។ គួរសាធុជន តាំងចិត្តឲ្យធ្ងន់ ក្រាស់ដោយការគិត ឲ្យស្គាល់រាក់ជ្រៅ ក្នុងមួយជីវិត ជនស្លាប់គំនិត រមែងរងទុក្ខ។ ឬមួយបែបទៀតថា : រីធូតមានបី មួយអ្នកលេងស្រី មួយអ្នកលេងស្រា មួយអ្នកប្រព្រឹត្ត អំពើពាលា លេងស៊ីសងគ្នា ហៅអក្ខធូត។
➥ អក្ខន្តី៖ (អ័ក-ខ័ន-តី) នាមសព្ទ៖ (បា. អក្ខន្តិ; សំ. អក្សាន្តិ) ការមិនអត់ទ្រាំ, ដំណើរអត់ធន់ពុំបាន; ដំណើរទប់កំហឹងពុំឈ្នះ ឬដំណើរអត់ខឹងពុំបាន
កើតក្តីបង់ទ្រព្យព្រោះអក្ខន្តី (ប្រើជា អក្ខមា ឬ អក្សមា ក៏បាន)។ ព.ផ្ទ. ខន្តី, ខមា។
➥ អក្ខរ៖ (អ័ក-ខៈរ៉ៈ) នាមសព្ទ៖ (បា. អក្ខរ; សំ. អក្សរ) ស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្ដីនិងសេចក្ដីទាំងពួងប្រើមិនចេះអស់ (អក្សរ) ចែកជាពីរពួកគឺ ស្រៈ និង ព្យញ្ជនៈ (មើលក្នុងពាក្យ ព្យញ្ជនៈ និង ស្រៈ ផង)។ ចំអក្ខរៈ ត្រូវតាមខ្យល់អក្សរមិនល្អៀង។ ព.ប្រ. ត្រូវត្រង់មិនល្អៀង (ព.សា.)។ ពេញអក្ខរៈ ពេញទ្រពងមាត់, ពេញចំហ (ប្រើចំពោះតែសម្ដី): និយាយពេញអក្ខរៈ។ អក្ខរក្រម ឬ អក្សរក្រម (—ក្រំ) លំដាប់អក្សរ។ អក្ខរជននី (—ជៈនៈ—), —តូលិកា ឬ —លេខនី (—ខៈ—) ប៉ាកកៃឬស្លាបប៉ាកកា។ អក្ខជីវក ឬ —ជីវកៈ (—វក់ ឬ —វៈកៈ) ស្មេរ, ស្មៀន (លិបិការ, លេខកៈ); អ្នកតែងសេចក្ដី (បើស្ត្រីជា អក្ខរជីវិកា)។ អក្ខរប័ដ ឬ —បដ្ដ ដំបារប្រាក់ជាដើមដែលសរសេរឬឆ្លាក់អក្សរ។ អក្ខរប្បយោគ (អ័ក-ខៈរ៉័ប-ប៉ៈយោក) ឬ អក្សរប្រយោគ អក្សរផ្ញើជើង ឬ អក្សរគ្រវាត់។ អក្ខរមុខ អ្នករៀនអក្សរ។ អក្ខរវិទូ អ្នកចេះអក្សរហ្មត់ចត់, អ្នកចេះអក្សរសាស្រ្ត (ស្ត្រីក៏ជា អក្ខរវិទូ ដូចគ្នា)។ អក្ខរវិធី បែបវេយ្យាករណ៍និយាយអំពីអក្ខរៈ។ អក្ខរវិន្យាស (—វិន-យាស) ប្រជុំអក្ខរ; អក្ខរៈដែលរៀងតាមលំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ។ អក្ខរវិបត្តិ ការឃ្លៀងឃ្លាតតួឬសំឡេងអក្ខរៈ។ អក្ខរវិបល្លាស ការបំប្លែងអក្សរ (មើលក្នុងពាក្យ វិបល្លាស ផង)។ អក្ខរសម័យ វិធីប្រើអក្សរ, ការសរសេរឬអានអក្សរ; ការសរសេរកើតឬមើលដាច់ : ចេះអក្ខរសម័យ។ អក្ខរសម្បត្តិ ការមិនឃ្លៀងឃ្លាតអក្ខរៈ។ អក្ខរានុក្រម (—រ៉ា-នុ-ក្រំ; បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម) លំដាប់អក្សរ; អក្សរឬពាក្យដែលរៀបរៀងតាមលំដាប់, វចនានុក្រម។ អក្ខរាភិធាន ឬ អក្ខរាភិធានសព្ទ (បា. អក្ខរ + អភិធាន «ឈ្មោះ; ពាក្យ; មេពាក្យ» ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ) មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរ (វចនានុក្រម)។ អក្ខរាវិរុទ្ធ (—វិរុត; បា. < អក្ខរ «អក្សរ» + អវិរុទ្ធ «មិនខុស, ត្រឹមត្រូវ») ការសរសេរអក្សរមិនខុស, សិល្បៈនិងរបៀបដែលសរសេរពាក្យពេចន៍ ឲ្យបានត្រឹមត្រូវក្នុងភាសាណាមួយ។ ល។
➥ អក្ខរៈ៖ (អ័ក-ខៈរ៉ៈ) នាមសព្ទ៖ មើលក្នុងពាក្យ អក្ខរ។
នាមសព្ទ៖ (បា. អក្ខរ; សំ. អក្សរ) ធម្មជាតអស់សង្ខតធម៌ (ព្រះនិព្វាន)។ អក្ខរដ្ឋាន ឋាននិព្វាន។
➥ អក្ខរកោវិទ៖ (អ័ក-ខៈរ៉ៈកោវិត) គុណសព្ទ៖ (បា.) អ្នកឈ្លាសក្នុងអក្សរសាស្រ្ត
អក្ខរកោវិទមានគំនិតឆ្ពោះត្រង់អក្សរសាស្រ្តជានិច្ច (ស្រ្តីជា អក្ខរកោវិទា ឬ អក្ខរកោវិទី)។ ព.កា. ថា : អក្ខរកោវិទ រែងតែរិះគិត ឆ្ពោះត្រង់អក្សរ របស់ជាតិខ្លួន ឲ្យបានបវរ មានចិត្តត្រេកអរ ស្មោះឆ្ពោះត្រង់ជាតិ។
នាមសព្ទ៖ (បា.) អ្នកឈ្លាសក្នុងអក្សរសាស្រ្ត
អក្ខរកោវិទមានគំនិតឆ្ពោះត្រង់អក្សរសាស្រ្តជានិច្ច (ស្រ្តីជា អក្ខរកោវិទា ឬ អក្ខរកោវិទី)។ ព.កា. ថា : អក្ខរកោវិទ រែងតែរិះគិត ឆ្ពោះត្រង់អក្សរ របស់ជាតិខ្លួន ឲ្យបានបវរ មានចិត្តត្រេកអរ ស្មោះឆ្ពោះត្រង់ជាតិ។
➥ អក្ខរប្បភេទ៖ (អ័ក-ខៈរ៉័ប-ប៉ៈភេត) នាមសព្ទ៖ (បា.; សំ. អក្សរប្រភេទ) បែបអក្សរដែលចែកជាគូៗ តាមសូរសំឡេងជាទំនាស់នឹងគ្នា; មាន ៥ គូ ឬ ១០ ប្រភេទគឺ សិថិល «អក្សរមានសំឡេងធូរ» គឺអក្សរដែលឥតខ្យល់ ហ លាយ, មាន ១០ តួគឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព» និង ធនិត «អក្សរមានសំឡេងតឹង» គឺអក្សរដែលមានខ្យល់ ហ លាយផង មាន ១០ តួ គឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ (សំឡេង សំ. និង បា. ថា ក្ហៈ, គ្ហៈ ; ច្ហៈ, ជ្ហៈ ; ដ្ហៈ, ឌ្ហៈ ; ត្ហៈ, ទ្ហៈ ; ប៉្ហៈ, ព្ហៈ« ជាគូ ១; ទីឃៈ «អក្សរមានសំឡេងវែង» និង រស្សៈ «អក្សរមានសំឡេងខ្លី» ជាគូ ១; គរុ «អក្សរមានសំឡេងធ្ងន់ឬយូរ» និង លហុ «អក្សរមានសំឡេងស្រាលឬរហ័ស» ជាគូ ១; និគ្គហិត «អក្សរដែលមាននិគ្គហិតឬដំលើ» និង វិមុត្ត «អក្សរដែលមានសូរសំឡេងហាមាត់បន្តិច» ជាគូ ១; សម្ពន្ធ «អក្សរដែលចងបទភ្ជាប់គ្នាជាសន្ធិ, ដូចជា រាជាណាចក្រ» និង វវត្ថិត «អក្សរដែលកាត់ញែកចេញពីបទសន្ធិ, ដូចជា រាជអាណាចក្រ «អាណាចក្ររបស់ព្រះរាជា» ជាគូ ១ (ព.វ.)។
➥ អក្ខរា៖ (អ័ក-ខៈរ៉ា) នាមសព្ទ៖ (បា. ពហុ. របស់ អក្ខរ «អក្សរ») អក្សរទាំងឡាយ, អក្សរគ្រប់តួ (សម្រាប់ប្រើក្នុងកាព្យឬប្រើជាឋានន្តរស្មៀន, ដូចជា ឃុនវិចិត្រអក្ខរា, ហ្លួងវិសេសអក្ខរា ជាដើម)។ បុរាណច្រើនប្រើសំដៅយកពាក្យកាព្យពីរឿងស្នេហា ឬពីរឿងនឹករលឹកដែលសរសេរផ្ញើទៅគូសង្សារឬកល្យាណមិត្រ ក៏មាន
ផ្ញើអក្ខរា, បានទទួលអក្ខរា។
➥ អក្ខិ៖ (អ័ក-ខិ) នាមសព្ទ៖ (បា.; សំ. អក្សិ) ភ្នែក, កែវភ្នែក។ អក្ខិកាណ ខ្វាក់ភ្នែកម្ខាងឬភ្នែកខ្វាក់ម្ខាង : មនុស្សអក្ខិកាណ។ អក្ខិបខុម (—ប៉ៈ—) រោមភ្នែក (ហៅ អក្ខិលោមា ក៏បាន)។ អក្ខិភេសជ្ជ (—ស័ច-ជៈ ឬ —ស័ច) ថ្នាំភ្នែក។ ល។ (មើលក្នុងពាក្យ អក្សិ ផង)។
➥ អក្ខោ៖ (អ័ក-ខោ) គុណសព្ទ៖ ពាក្យប្រើកាត់ខ្លីមកពី អក្ខោភិនី សំដៅសេចក្ដីថា » ច្រើន, ច្រើនក្រៃ, គរគោក «
មានជាអក្ខោយកទៅណាពុំអស់ (ព.សា.)។
➥ អក្ខោភិនី៖ (អ័ក-ខោ-ភិ—) បកតិសំខ្យា៖ (បា.; សំ. អក្សៅហិណី) សំខ្យាចំនួនមួយរយសែននិន្នហុត។ អក្ខោភិនី ខ្មែរប្រើជា គុ. ក៏មាន សំដៅសេចក្ដីថា «ច្រើនរាប់ពុំអស់»
មានច្រើនជាអក្ខោភិនី (មើលក្នុងពាក្យ អក្ខោហិណី ឬ អក្សៅហិណី ទៀតផង)។
➥ អក្ខោហិណី៖ (អ័ក-ខោ-ភិ— ឬ ហិ-នី) បកតិសំខ្យា៖ មើលក្នុងពាក្យ អក្ខោភិនី។
នាមសព្ទ៖ (បា. ឬ សំ.) កងទ័ពជើងគោកមួយក្បួនធំ (មហាចតុរង្គសេនា) មានទាហានថ្មើរជើង ១០៩. ៣៥០, ទាហានសេះ ៦៥. ៦១០, ដំរី ២១. ៨៧០, រថឬរទេះ ២១. ៨៧០ និងយុទ្ធភណ្ឌគ្រប់ព្រម
កងទ័ពមួយអក្ខោហិណី; ហៅ អក្ខោភិនី ក៏បាន (បែបប្រើក្នុងបុរាណសម័យ)។
➥ អ័ក្ស៖ (អាក់) នាមសព្ទ៖ (សំ. អក្ស; បា. អក្ខ «ស្នូល; ភ្លៅ (មានភ្លៅរទេះជាដើម) » គ្រឿងប្រដាប់របស់ខ្មែរមួយប្រភេទ ធ្វើដោយឈើខ្លឹម មានកាំ, មានរបារ ខាងខ្នង មានសណ្ឋានមូលៗ ខាងពោះមានសណ្ឋានសំប៉ាតៗ រាយរង្វើលៗ ចុងទាំងពីរខាងបញ្ចុះភ្ជាប់នឹងចុងកាំ, មានភ្លៅ (អ័ក្ស) វិលបាន, មានជើងទ្រមាំ, មានដៃសម្រាប់កាន់រវៃឲ្យវិល; ជាប្រដាប់សម្រាប់ផាត់សូត្ររបស់ស្ត្រីខ្មែរ មានតាំងពីក្នុងបុរាណសម័យព្រេងនាយរហូតមក
ម្សិលមិញ ខ្ញុំផាត់សូត្របានមួយអ័ក្ស។ ធ្លាប់សរសេរភ្លាត់ជា អាក់ មកយូរហើយ, គួរសរសេរ អ័ក្ស វិញ ទៀងទាត់តាមកំណើតពាក្យ ព្រោះ អ័ក្ស និង អាក់ គង់មានសំឡេងប៉ុនគ្នាទេ (បារ. ក៏ថា AXE ដូចសំស្រ្កឹត អក្ស «ស្នូល; ភ្លៅ» នេះដែរ)។
➥ អក្សទេវិនី៖ មើលក្នុងពាក្យ អក្ខទេវី។ (មើលក្នុងពាក្យ អក្ខទេវី)។
➥ អក្សរ៖ (អ័ក ឬ អក់-ស) នាមសព្ទ៖ (សំ.; បា. អក្ខរ) អក្ខរៈ។ អក្សរខម អក្សរខ្មែរ (ហៅតាមសៀមដែលយកអក្សរខ្មែរទៅប្រើ, លុះចំណេរកាលតមក ខ្មែរហៅអក្សរមូលដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិច បែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថា អក្សរខម ឬ តួខម, បើចារឬសរសេរតួរាងបែបនោះ ប៉ុន្តែតូចៗ ហៅថា កូនខម)។ អក្សរខ្វៀក អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗមិនពេញតួ សម្រាប់សរសេរខ្វៀកៗរំហ័សការ។ អក្សរគ្រវាត់ ឬ —ក្រវាត់ អក្សរដែលមានជើង រ គ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅ គឺអក្សរដែលផ្សំជាមួយនឹងជើង រ ឬផ្ញើជើង រ ដូចជា ក្រ, គ្រ, ច្រ, ជ្រ ជាដើម។ អក្សរជ្រៀង អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ។ អក្សរបំបែក ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជា ក កា កិ កី កឹ កឺ។ ល។ កុំ កំ កាំ កះ។ អក្សរប្រកប អក្សរដែលសរសេរពីខាងចុងពាក្យ ឥតចេញសំឡេង, ខ្មែរដូចជា កក, កង, ចក, ចង ជាដើម; បា. ឬ សំ. ដូចជា ហរ៑, អន៑, ករ៑, កម៌ន៑, វិទ៑, វិទ្យុត៑ ជាដើម។ អក្សរប្រយោគ អក្សរផ្ញើជើង ឬអក្សរគ្រវាត់ (ហៅ អក្ខរប្បយោគ ក៏បាន)។ អក្សរផ្ញើជើង អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត (អក្សរប្រយោគ), ដូចជា ក្ង, ក្ន, ខ្ច, ខ្ទ ជាដើម។ អក្សរពុម្ព អក្សរដែលសិតជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ។ អក្សរលក្ខណ៍ ឬ អក្សរលក្សណ៍ សំបុត្រសម្គាល់។ អក្សរសព្ទ អក្សរល្អិតៗ ដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ។ អក្សរសាស្រ្ត វិជ្ជាអក្សរ; ក្បួនប្រាប់វិធីអក្សរ, ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ; មុខការខាងនិពន្ធ, …។ អក្សរសាសន៍ សំបុត្រឲ្យដំណឹង; សំបុត្រសំណួរ។ ល។ (មើលក្នុងពាក្យ អប្សរ)។
➥ អក្សិ៖ (អ័ក-ក្សិ) នាមសព្ទ៖ (សំ.; បា. អក្ខិ) ភ្នែក, កែវភ្នែក។ អក្សិគោល រង្វង់ភ្នែក, ប្រឡង់ភ្នែក។ អក្សិតារា កូនក្រមុំភ្នែក។ អក្សិបក្ស្ម័ន (—ប៉័ក-ស្ម័ន) ឬ —លោម័ន រោមភ្នែក (បា. ហៅ អក្ខិបខុម ឬ អក្ខិលោមា)។ អក្សិភេស័ជ ឬ —ភៃសជ្យ (—ស័ច) ថ្នាំភ្នែក (ហៅ អក្ខិភេសជ្ជ ក៏បាន)។ អក្សិភ្រូវ (—ភ្រូ; សំ. —ភ្រុវ ; បា. អក្ខិភូ រោមចិញ្ចើម។ ល។
➥ អគតិ៖ (អៈគៈតិ) នាមសព្ទ៖ (សំ.បា.) ការពុំគួរប្រព្រឹត្ត, សេចក្ដីលម្អៀង : លុះក្នុងអគតិ, វិនិច្ឆ័យក្ដីដោយអគតិ។ អគតិ «សេចក្ដីលម្អៀង» មាន ៤ យ៉ាងគឺ ១- ឆន្ទាគតិ (សំ.បា. < ឆន្ទ + អគតិ) សេចក្ដីលម្អៀងព្រោះស្រឡាញ់; ២- ទោសាគតិ (បា. < ទោស + អគតិ; សំ. ទោឞ + អគតិ) សេចក្ដីលម្អៀងព្រោះស្អប់; ៣- មោហាគតិ (ស.បា. < មោហ + អគតិ) សេចក្ដីលម្អៀងព្រោះល្ងង់, ព្រោះពុំយល់ការខុសត្រូវ; ៤- ភយាគតិ (សំ.បា. < ភយ + អគតិ) សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យខ្លាចអំណាចឬខ្លាចចិត្តគេ។ អគតិគមនៈ ឬ —គមន៍ (—គៈ-មៈនៈ ឬ —គំ) ការលុះក្នុងអគតិ។ អគតិគាមី អ្នកដែលច្រើនតែលុះក្នុងអគតិ (បើស្ត្រីជា អគតិគាមិនី)។ អគតិប្បហាន ឬ —ប្រហាន (—តិប-ប៉ៈ— ឬ —ប្រៈ—) ការលះអគតិ; ការមិនលុះក្នុងអគតិ។ ព.កា. ថា : រីជនសោសិ លុះក្នុងអគតិ ណាមួយឥតដឹង លុះកម្មឲ្យផល ទើបធ្វើភ្នែកស្លឹង គន់គិតរំពឹង ដឹងខ្លួនថាខុស។ គួរអស់ជនផង កុំធ្វើកន្លង ទោះស្រីទោះប្រុស ទោះធំទោះតូច គួរខ្លាចកំហុស អំពើឆ្គងខុស គួរចៀសវាងឆ្ងាយ។
➥ អគន្ធក៖ (អៈគ័ន-ធក់) (សំ.បា. អគន្ធក) ដែលឥតក្លិន។ អគន្ធបុស្ប (—បុស) ផ្កាឥតក្លិន : ផ្កាច្បា, សិរមាន់, ចេកទេស, … ជាអគន្ធកបុស្ប។ ព.កា. ថា : អគន្ធកបុស្ប មានព័ណ៌ត្រសុស ប៉ុន្តែឥតក្លិន ដូចអ្នកចេះច្រើន មារយាទហោចហិន បានខាងតែប៉ិន និយាយព្រោកប្រាជ្ញ។ ខាងធម៌និងសីល រោយរាយរេចរិល អាប់ឥតអំណាច មានត្រឹមតែឈ្មោះ ថាជាអ្នកប្រាជ្ញ អ្នកខ្លៅកោតខ្លាច បំពេញលាភឲ្យ។
➥ អគមនីយ៖ (អៈគៈមៈ-នីយៈ ឬ —នី) នាមសព្ទ៖ (បា.) ហេតុដែលមិនគួរបណ្ដោយចិត្តឲ្យប្រព្រឹត្ត; ការពុំគួរគប់រក។ អគមនីយដ្ឋាន ឬ —វត្ថុ ទីឬវត្ថុដែលពុំគួរគប់រក; ស្ត្រីដែលបុរសពុំគួរសេពសម ឬបុរសដែលស្ត្រីពុំគួរសេពសម។ ល។
➥ អគាធ៖ (អៈគា-ធៈ ឬ —គាត) គុណសព្ទ៖ (សំ.បា.) ដែលពុំអាចស្ទង់បាន, ដែលមានជម្រៅខ្លាំងស្ទង់ពុំដល់, ជ្រៅ។ អគាធការណ៍ ហេតុឬដំណើរដែលជ្រាលជ្រៅពុំអាចស្ទង់បាន។ អគាធចិត្ត ចិត្តដែលពិបាកស្ទង់; អ្នកដែលមានគំនិតជ្រៅគេពិបាកស្ទង់។ អគាធដ្ឋាន ឬ —ស្ថាន ទីឬហេតុដែលពុំអាចស្ទង់បាន។ ល។
➥ អគារ៖ (អៈគា) នាមសព្ទ៖ (សំ.បា.) មន្ទីរ, ផ្ទះ; រោង។ អគារដ្ឋាន ឬ —ស្ថាន ទីផ្ទះ។ អគារភូមិ (—រៈភូម) ជាន់ឬថ្នាក់នៃផ្ទះ។ អគារសិក្សា (—រៈសិក-សា) មន្ទីរសម្រាប់រៀនសូត្រ, សាលារៀន។ ល។
➥ អគារវៈ៖ (អៈគារៈវៈ) នាមសព្ទ៖ (បា. អគារវ; សំ. អ + គៅរវ) ការមិនគោរព; ការមិនយកចិត្តទុកដាក់, មិនអើពើ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អគារវ, ដូចជា អគារវកថា ឬ —វាទ សម្ដីពុំគោរព។ អគារវទោស ទោសដែលមានព្រោះការមិនគោរព, ទោសល្មើស។ ល។
➥ អគុណ៖ (អៈ—) នាមសព្ទ៖ (សំ.បា.) សភាពមិនមែនជាគុណ (ទោស)។ ព.កា. ថា : រីជនពាលស៊ុន ពុំស្គាល់អគុណ ថាគួរចៀសវាង ចេះតែប្រព្រឹត្ត តាមចិត្តពុំរាង ជីកគាស់រំលាង រំលើងឫសគល់។ ទោះប្រាជ្ញប្រាយប្រាប់ នៅតែពុំស្ដាប់ ងងឹតងងល់ ងងើលចចើង ឡើងចាងឥតយល់ ធម៌ព្រះទសពល ស្រោចស្រង់ពុំរូច។ អគុណកថា ឬ —វាទ (—នៈ—) សម្តីដែលជាទោស។ អគុណភាព (—នៈភាប) ភាវៈឬដំណើរជាទោស។ ល។
➥ អគោចរ៖ (អៈ—) នាមសព្ទ៖ (សំ.បា.) ទីដែលមិនគួរទៅ; ទីដែលបព្វជិតពុំគួរទៅ : លំនៅពេស្យា, លំនៅស្ត្រីមេម៉ាយ, លំនៅស្ត្រីចាស់ក្រមុំ, លំនៅភិក្ខុនី, លំនៅបណ្ឌក, ទីប្រជុំផឹកសុរា ឬ រោងលក់សុរា ទាំង ៦ កន្លែងនេះជាអគោចរ, បព្វជិតពុទ្ធសាសនិកពុំគួរទៅឡើយ (ព.ពុ.)។ ព.ផ្ទ. គោចរ។ អគោចរដ្ឋាន ឬ អគោចរភូមិ (—ចៈរ៉ៈ—) ឋានឬភូមិជាអគោចរ; ដោយបរិយាយ, តាមតែទីណាៗក៏ដោយ ដែលយល់ថាពុំគួរត្រាច់ចរទៅ ក៏សុទ្ធតែជា អគោចរដ្ឋាន ទាំងអស់ (ព.កា.) : អគោចរដ្ឋាន គួរតែខានកុំត្រាច់ចរ ព្រោះក្រែងកើតវឹកវរ ដល់ថ្នាក់មរណ៍ក៏សឹងមាន។ ព.ផ្ទ. គោចរដ្ឋាន។ ល។
➥ អគ្គ៖ (អ័ក-គៈ) នាមសព្ទ៖ (បា. ឬ សំ.) កំពូល; ចុង, ចុងដែលខ្ពស់; ចំណែកឬប៉ែកខាងដើមឬខាងមុខបំផុត។ គុ. ខ្ពស់, ខ្ពង់ខ្ពស់, ខ្ពស់បំផុត; លើស, លើសលន់, លើសលុប, ឧត្តម, ប្រសើរ, ប្រសើរបំផុត, ផុតថ្នាក់, ផុតលេខ; ឯក, ជាឯក, យ៉ាងឯក; ធំ, ធំចម្បង, ធំបណ្ដាច់, មុន, មុនបំផុត; មានតម្លៃ; ថ្មោង។ អគ្គជៈ ឬ អគ្រជៈ បងបង្អស់ (បើស្ត្រីជា អគ្គជា ឬ អគ្រជា)។ អគ្គជាយា ឬ អគ្រ— (រ.ស.) ភរិយាធំចម្បង (អគ្គមហេសី ឬ រាជមហេសី)។ អគ្គដ្ឋាន ឬ អគ្រស្ថាន ទីខ្ពស់; តំណែងឬឋានន្តរខ្ពស់បំផុត។ អគ្គទក្ខិណេយ្យបុគ្គល ទក្ខិណេយ្យបុគ្គលខ្ពង់ខ្ពស់ (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត)។ អគ្គទាន ឬ អគ្រ— ទានដ៏ប្រសើរ។ អគ្គទេវី អគ្គមហេសី។ អគ្គទេសាភិបាល ឋានន្តរមន្ត្រីជាន់ខ្ពស់ដែលរដ្ឋាភិបាលនៃប្រទេសមហាអំណាចណាមួយ ចាត់តាំងឲ្យទៅត្រួតត្រាស្រុកចំណុះ ដូចយ៉ាងមន្ត្រីបារាំងដែលត្រួតត្រាឥណ្ឌូចិន ក្នុងសម័យមុនឯករាជ្យជាដើម (បារ. Gouverneur Général)។ អគ្គនាយក នាយកធំ, ចាងហ្វាងធំ។ អគ្គបណ្ឌិត ឬ អគ្រ— បណ្ឌិតខ្ពង់ខ្ពស់, អ្នកប្រាជ្ញថ្នាក់ខ្ពស់។ អគ្គបុគ្គល បុគ្គលថ្នាក់ខ្ពស់។ អគ្គបុរស បុរសឧត្តម។ អគ្គពាហា ដើមដៃ។ អគ្គភាព ភាពឬភាវៈជាធំចម្បង។ អគ្គភូមិ ឬ អគ្រ— ថ្នាក់ខ្ពស់, ជាន់ខ្ពស់។ អគ្គភោជន ឬ អគ្រ— ភោជនមានតម្លៃ; ភោជនថ្មោង។ អគ្គមន្ត្រី ឬ អគ្រ— មន្ត្រីផុតលេខ។ អគ្គមហាបណ្ឌិត មហាបណ្ឌិតថ្នាក់ខ្ពស់។ អគ្គមហាមាត្យ, អគ្គមហាសេនា ឬ អគ្គមហាសេនាបតី, អគ្គមហាសេនាធិបតី (—ប៉ៈដី) អធិបតីនៃសេនាបតី។ អគ្គមហេសី ឬ អគ្រ— មហេសីចម្បង។ អគ្គយាន ឬ អគ្រ— យានប្រសើរបំផុត។ អគ្គយោធី ឬ អគ្រយោធិន សេនាប្រមុខ, ស្ដេចសឹក។ អគ្គរាជ ព្រះរាជាជាធំចម្បង, អធិរាជ។ អគ្គរាជទូត រាជទូតធំ, រាជទូតចម្បង។ អគ្គលេខាធិការ លេខាធិការធំ។ អគ្គវាចា ឬ អគ្រសព្ទ ពាក្យខ្ពស់។ អគ្គសាវ័ក ឬ អគ្រសាវ័ក (—វ៉ាក់) សាវ័កធំ; បើស្រ្តីជា អគ្គសាវិកា ឬ អគ្រស្រាវិកា (មើលក្នុងពាក្យ សាវក ឬ សាវ័ក ផង)។ អគ្គសេនាបតី (—ប៉ៈដី) សេនាបតីធំបណ្ដាច់។ អគ្គាធិការ អធិការធំ។ អគ្គានុរក្ស អនុរក្សធំ, អ្នកត្រួតមើលការខុសត្រូវទួទៅ, អ្នកឃ្លាំមើលពុតឬកិរិយាមារយាទអ្នកធ្វើការផ្សេងៗកុំឲ្យធ្វេសប្រហែសក្នុងមុខការ។ អគ្គាសនៈ (បា. < អគ្គ + អាសន) អាសនៈខ្ពស់ឬប្រសើរ។ ល។ ឯកអគ្គ ឬ —អគ្រ (អែក-អាក់) គុ. ដែលមានតែមួយឬមានតែម្នាក់ប្រសើរជាងគេ (មើលក្នុងពាក្យ ឯក ទៀតផង)។ ល។
➥ អគ្រ៖ (អ័ក-គ្រៈ) នាមសព្ទ៖ មើលក្នុងពាក្យ អគ្គ។ (មើលក្នុងពាក្យ ➥ អគ្គ—៖ (មើលក្នុងពាក្យ អគ្គ ឬ អគ្រ]])។
➥ អគ្គិ៖ (អ័ក-គិ) នាមសព្ទ៖ (បា.; សំ. អគ្និ) ភ្លើង (ខ្មែរប្រើក្លាយជា អគ្គី)។ អគ្គិកីឡា ឬ អគ្គីក្កីឡា, អគ្និក្រីឌា ល្បែងភ្លើង, ល្បែងភ្ញីភ្លើង (មានកាំជ្រួច, កាំជ្រួចរន្ទា, ភ្ញីទៀនជាដើម)។ អគ្គិជ្ជាលា ឬ អគ្និជ្វាលា ពន្លឺភ្លើង, អណ្ដាតភ្លើង។ អគ្គិភ័យ ភ័យអំពីភ្លើងដែលឆេះផ្ទះជាដើម។ អគ្គិសនី (—សៈនី) ឬ អគ្យសនី (អ័ក-គ្យៈសៈនី; បា.ស., បា. អគ្គិ «ភ្លើង» + អសនិ «រន្ទះ» > អគ្យសនិ ឬ អគ្គិសនី «ភ្លើងរន្ទះ; ភ្លើងមេឃ») ភ្លើងអេឡិកទ្រិគ (ពាក្យសន្មតប្រើតាមសម័យនិយម)។ អគ្គិសន្ដាប កម្ដៅភ្លើង, កម្សួលភ្លើង។ អគ្គសិខា អណ្ដាតភ្លើង; គោម, ចង្កៀង។ ល។ (មើលក្នុងពាក្យ អគ្និ ផង)។
➥ អគ្ឃ៖ (អ័ក-ឃៈ) គុណសព្ទ៖ (បា.; សំ. អឃ៌ ឬ អរ្ឃិយ) ដែលមានតម្លៃ។ អគ្ឃភណ្ឌ ឬ អគ្ឃិយ— របស់មានតម្លៃ។ អគ្ឃវត្ថុ ឬ អគ្ឃិយ— វត្ថុមានតម្លៃ។ អគ្ឃវាចា ឬ —វាទ សម្ដីមានតម្លៃឬពាក្យថ្លៃ។ អគ្ឃវាទី អ្នកដែលពេញចិត្តនិយាយតែពាក្យមានតម្លៃ (បើស្ត្រីជា អគ្ឃវាទិនី)។ ល។
➥ អគ្នន្យ័ស្ត្រ៖ (អ័ក-គ្ន័ន-យ័ស) នាមសព្ទ៖ (សំ. < អគ្និ «ភ្លើង» + អន្យ «ដទៃ» + អស្ត្រ «អាវុធ») កាំភ្លើង។ សម្រាប់ប្រើតែក្នុងកាព្យ តាមដោយពួកកវីត្រូវការប្រើ, ដូចជាកាព្យថា
រីអគ្នន្យ័ស្ត្រ ជាគ្រឿងប្រើប្រាស់ សម្រាប់ការពារ ស្រុកទេសខ្លួនប្រាណ កើតមានដោយសារ ពួកជនបរិវារ រដ្ឋរាជ្យផ្ដួចផ្ដើម។ ប្រសិនបើមនុស្ស ទាំងស្រីទាំងប្រុស មានចិត្តជោកសើម ដោយទឹកមេត្តា រាល់តែដង្ហើម អ្នកណានឹងផ្ដើម បង្កើតធ្វើអ្វី។ អគ្នន្យ័ស្ត្រមាន ព្រោះក្ដីឈ្លានពាន នៃជនប្រុសស្រី ដែលដាច់មេត្តា ករុណាពិសី នៅនាលោកីយ៍ ទើបមានគ្រឿងនេះ។
➥ អគ្នន្យុត្បាត៖ (អ័ក-គ្ន័ន-យុត-ត្បាត) នាមសព្ទ៖ (សំ. < អគ្និ «ភ្លើង» + អន្យ «ដទៃ» + ឧត្បាត «ការធ្លាក់ចុះ») ភ្លើងដែលធ្លាក់ចុះពីអាកាស; ថ្មអាចម៍ផ្កាយ, ឧក្កាបាត, កេតុធ្លាក់ (បារ. Aérolithe)។ ព.កា. សម្រាប់កវីប្រើតាមត្រូវការ អគ្នន្យុត្បាត យូរៗឃ្លាតៗ កើតមានម្ដងៗ ចាស់ទុំប្រាប់ថា គួរអស់ជនផង កុំភ័យកុំផ្សង ព្រោះធម្មតាទេ។
➥ អគ្និ៖ (អ័ក-គ្និ) នាមសព្ទ៖ (សំ.; បា. អគ្គិ) ភ្លើង (ប្រើក្លាយជា អគ្នី ក៏មាន)។ អគ្និក្រីឌា ដូចគ្នានឹង អគ្គិកីឡា (មើលក្នុងពាក្យ នេះក្នុងពាក្យ អគ្គិ)។ អគ្និជ្វាលា ដូចគ្នានឹងអគ្គិជ្ជាលា (មើលក្នុងពាក្យ នេះក្នុងពាក្យ អគ្គិ)។ អគ្និទិស (សំ. —ទិឝ) ទិសនៃអគ្និទេព (ទិសអាគ្នេយ៍)។ អគ្និទេព ទេវតាឈ្មោះអគ្និ (តាមលទ្ធិព្រាហ្មណ៍)។ អគ្និប្រស្ត្រ (—ប្រ័ស) ថ្មដែកភ្លើង។ អគ្និមណី (—មៈនី; សំ. —មណិ) កែវកើតពន្លឺភ្លើង; កែវមណីជោតិរស (សន្មតប្រើតាមសម័យនិយម, ហៅកែវអំពូលអគ្គិសនីឬកែវឆ្លុះ (ពិល) ថា អគ្និមណី ឬ អគ្គិមណី ក៏គួរ)។ អគ្និវាណ កូនសរដែលក្ដៅឬភ្លឺព្រោងដូចជាភ្លើង; គ្រាប់កំាភ្លើងដែលបែកផ្ទុះចេញជាភ្លើង (ហៅគ្រាប់ផ្ទុះឬគ្រាប់បែកក្នុង សម័យបច្ចុប្បន្នថា អគ្និវាណ ក៏គួរ)។ អគ្និសិខា (សំ. —ឝិខ, ឝិខា) ដូចគ្នានឹង អគ្គិសិខា (មើលក្នុងពាក្យ អគ្គិ)។ អគ្និហោត្រ ការសាចទឹកដោះថ្លាបូជាភ្លើង; វត្ថុដ៏ឧត្តមសម្រាប់បូជាភ្លើង (តាមលទ្ធិព្រហ្មណ៍)។ ល។
➥ អគ្យាគារ៖ (អ័ក-គ្យា—) នាមសព្ទ៖ (បា. < អគ្គិ «ភ្លើង» + អគារ «រោង; ផ្ទះ», ឥ > យ, លុប គ មួយតួចេញ) រោងភ្លើង
ក្នុងវត្តមួយៗត្រូវមានអគ្យាគារសម្រាប់ដាំទឹកក្ដៅ, សម្រាប់ស្ងោរក្រាក់ខ្នុរជ្រលក់ចីវរ។
➥ អគ្រ៖ (អ័ក-គ្រៈ) នាមសព្ទ៖ មើលក្នុងពាក្យ អគ្គ។ (មើលក្នុងពាក្យ ➥ អគ្រ—៖ (មើលក្នុងពាក្យ អគ្គ ឬ អគ្រ)។
➥ អឃម័យ៖ (អៈឃៈម៉ៃ]]) គុណសព្ទ៖ (សំ.បា. អឃមយ < អឃ «បាប; សេចក្ដីទុក្ខ» + មយ «ដែលសុទ្ធតែ») ដែលសុទ្ធតែបាបឬបរិបូណ៌ដោយសេចក្ដីទុក្ខ, ដែលរងសុទ្ធតែទុក្ខ
មនុស្សអឃម័យ, ចិត្តអឃម័យ។
➥ អឃោស៖ (អៈឃោ-សៈ) គុណសព្ទ៖ (បា.) ដែលមិនគឹកកង, ដែលមានសូរសព្ទមិនកងរំពង។ ន. អក្សរដែលមានសំឡេងមិនគឹកកង, មាន ១១ តួគឺ ក ខ, ច ឆ, ដ ឋ, ត ថ, ប ផ ; ស, បើរាប់ ឝ, ឞ តាម សំ. ផ្សំផងជា ១៣ តួ (ព.វ.)។ ព.ផ្ទ. ឃោស ឬ ឃោសៈ។ អឃោសសព្ទ សូរមិនគឹកកង។
➥ អង់ កិរិយាសព្ទ៖ រង់, រង់ចាំ, ឈប់ចាំ
អង់មួយស្របក់, អង់ចាំ (ពាក្យសាមញ្ញប្រើកាត់ខ្លីមកពីពាក្យ បង្អង់)។
➥ អង់អាច គុណសព្ទ៖ ដែលអាចហាន, ក្លាហាន, ឥតញញើត, ឥតក្រែង, ឥតភ្លឹក
មនុស្សអង់អាច, សម្ដីអង់អាច, ចិត្តអង់អាច។ (ព.កា.) : ធម្មតាអ្នកប្រាជ្ញ មានចិត្តអង់អាច កាន់ធម៌សុចរិត ទោះគេបង្ខំ បំភ័ន្ដគំនិត ឲ្យកាន់ទុច្ចរិត សូវស្លាប់មិនកាន់។
➥ អង្ក៖ (អង់-កៈ) នាមសព្ទ៖ (សំ.បា. អង្ក ឬ អង្កន) គ្រឿងសម្គាល់, គ្រឿងចំណាំ; ស្នាម, ស្នាមគំនូស; ត្រា, ស្នាមត្រា; លេខទំព័រឬអក្សរប្រាប់ទំព័រ, អង្កា (ឱង្កា)។ អង្កវិទ្យា វិទ្យាលេខ, វិជ្ជានព្វន្ដ។
➥ អង្កត់ នាមសព្ទ៖ កន្ទុយឧសឬកំណាត់ឈើតូចខ្លី
អង្កត់ឧស, អង្កត់ឈើ។ (ព.កា.) : រូបប្រាណស្រស់ៗ ស្រាប់តែលោអស់ ជីវិតសូន្យឈឹង ជារូបស្ដឹងស្ដូក ឥតផ្អូកឥតដឹង ដេកផ្ងារសន្ធឹង ដូចជាអង្កត់។ អង្កត់ឧសឈើ គេអាចយកធ្វើ- ការកើតតាមបទ ប្រើជានេះនោះ តាមពេលក្រខ្សត់ ឯរូបរលត់ ឥតខ្លឹមសារឡើយ។ ព.ពុ.។
➥ អង្កត់ខ្មៅ នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទ សំបកខ្មៅ ស្លឹកជុកជិតស្រដៀងនឹងខ្ចាស់ តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើង ថែទាំទុកជាគ្រឿងតាំង។
ឈ្មោះបក្សីមួយប្រភេទ, ពួកកុកឬរនាល, ចំពុះនិងជើងខ្មៅ ស្លាបខ្មៅស្រដៀងនឹងអក ប៉ុន្តែជើងវែងខ្ពស់ចង្គ្រោង។
➥ អង្កន់ កិរិយាសព្ទ៖ (សំ.បា. អង្កន ន. «ស្នាម») អារដោយមុខកាំបិតឲ្យមុតជាស្នាមក្រឡាញជាសង្កាត់ៗ (ច្រើនប្រើចំពោះតែត្រីស្រស់និងសាច់ស្រស់)
អង្កន់ត្រីរួចប្រឡាក់អំបិល។
➥ អង្កបាលិកា៖ (អង់-កៈប៉ាល៉ិកា) នាមសព្ទ៖ (សំ.) ធាត្រី
នាងអង្កបាលិកា នាំធីតាសេដ្ឋីដើរលេងកម្សាន្តក្នុងវេលាល្ងាច។
➥ អង្កបាលី៖ (អង់-កៈប៉ាល៉ី) នាមសព្ទ៖ មើលក្នុងពាក្យ អង្កបាលិកា។
➥ អង្ករ នាមសព្ទ៖ គ្រាប់ស្រូវឬគ្រាប់ធញ្ញជាតិដែលបុកឬកិនយកអង្កាមឬយកសំបកចេញហើយ : អង្ករខ្សាយ, អង្ករដំណើប, អង្ករពោត។ អង្ករដើម អង្ករដែលសម្រាំងយកសុទ្ធតែល្អឥតបាក់គ្រាប់។ អង្ករឈើព្រៃ អង្ករនិងអុសបន្លែជាដើម។ អង្ករលីង អង្ករដែលលីងឲ្យខ្លោចប្រើជាគ្រឿងផ្សំអាហារ។ អង្ករសម្រិត អង្ករដែលស្រិតរួចហើយ។ អង្ករសម្រូប អង្ករដែលគ្រាន់តែបុកឬកិនយកអង្កាមចេញនៅមិនទាន់ស្រិត។ ព.ទុ. បុ. ចាក់អង្ករយកអង្កាម បោះបង់ប្រយោជន៍ធំ បែរទៅយកឯប្រយោជន៍តូចវិញ ឬបោះបង់មនុស្សល្អ បែរទៅរាប់រកយកមនុស្សអាក្រក់ជាគ្នាវិញ។ (ព.កា.) : អសារក្ដីបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ (សាស្ត្រារាជនេតិ)។
➥ អង្កា នាមសព្ទ៖ (សំ.បា. អង្ក, មើលក្នុងពាក្យ នេះ) លេខឬអក្សរដែលសរសេរឬចាររៀងតាមលំដាប់មិនឲ្យច្រឡំទំព័រ, លេខទំព័រឬអក្សរប្រាប់ទំព័រ
អង្កា ១, អង្កា ២, … ឬ អង្កា ក, អង្កា កា, … (ខ្មែរច្រើនហៅក្លាយជា ឱង្កា ប្រើចំពោះតែសាស្ត្រាស្លឹករឹត, ស្លឹកត្នោតឬក្រាំង)។
➥ អង្កាញ់ នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទផ្កាលឿង ខ្លឹមខ្មៅ មានរសល្វីង, ផ្កានោបឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបាន រាប់អានថាជាថ្នាំរម្ងាប់រោគផង
សម្លផ្កាអង្កាញ់។
កិរិយាសព្ទ៖ កាងម្រាមដៃម្ខាងឲ្យតឹងចាប់ចុងផ្ទាំងសំពត់ត្រឡប់បត់ចុះបត់ឡើងច្រើនដង ធ្វើឲ្យមានជាផ្នត់
អង្កាញ់ចីពរ។
នាមសព្ទ៖ ជួរឬស្រទាប់រលកតូចៗ
អង្កាញ់រលក (ច្រើនហៅ កង្កាញ់រលក ជាង)។
កិរិយាវិសេសន៍៖ (ព.ប្រ.) ដែលរត់ឬដើរលឿនញាបជើងរមេញ
រត់កង្កាញ់, ដំណើរកង្កាញ់។
គុណសព្ទ៖ (ព.ប្រ.) ដែលរត់ឬដើរលឿនញាបជើងរមេញ
រត់កង្កាញ់, ដំណើរកង្កាញ់។
➥ អង្កាន់ នាមសព្ទ៖ គ្រាប់ស្រូវដែលបុកឬជាន់មិនទាន់របកសំបកចេញ នៅសល់ខ្លះបន្តិចបន្តួចលាយជាមួយនឹងអង្ករដែលអុំយកអង្កាមនិងកន្ទក់ចេញហើយ ស្ទៃអង្ករប្រមូលអង្កាន់។
ព.ប្រ. សេចក្ដីសៅហ្មងដែលមានខ្លះ មិនទាន់បរិសុទ្ធស្អាត
នៅមានអង្កាន់ក្នុងចិត្ត (មើលក្នុងពាក្យ កន្ទក់អង្កាន់ ផង)។
➥ អង្កាប់អង្កើ កិរិយាវិសេសន៍៖ ដែលរអាក់រអួលឬទទាក់ទទាមនាំឲ្យពិបាកច្រើនលើកច្រើនដង
ធ្វើទុក្ខអង្កាប់អង្កើ។
➥ អង្កាម នាមសព្ទ៖ សំបកគ្រាប់ស្រូវដែលរបកចេញ, សំបកអង្ករ គំនរអង្កាម។
ឈ្មោះជីរមួយប្រភេទ ដុះវារលើដី ស្លឹកតូចៗ មូលៗ ក្លិនប្រហើរឈ្ងុយឆ្ងាញ់
ជីរអង្កាមប្រើជាគ្រឿងជ្រក់, ជាគ្រឿងញាំ, ភ្លា ឬ ជារបោយ, ជាអន្លក់។
➥ អង្កាល់ និបាតសព្ទ៖ កាលណា, វេលាណា (ពាក្យសួរ ឬពាក្យឆ្ងល់): ទៅអង្កាល់?, មកពីអង្កាល់?, ដល់ទៅអង្កាល់ទើបឲ្យប្រាក់?។ អង្កាល់ដែល និ. កាលដែល : អង្កាល់ដែលខ្ញុំបានជួបនិយាយជាមួយនឹងគេនោះ ប្រហែលជាម៉ោង ១៦។ អង្កាល់ណា និ. កាលណា : អង្កាល់ណាគេនឹងមកហ្ន៎?។ ល។
➥ អង្កឹ និបាតសព្ទ៖ សម្ដីបដិសេធក្លាយមកពី អង្គឺ «មិន, ពុំ, ឥត» ជាសម្ដីអ្នកស្រុកក្រៅឆ្ងាយនៅចុងកាត់មាត់ញកពួកខ្លះ បើអ្នកដែលមិនធ្លាប់ឮក៏ពុំអាចដឹងជាថាអ្វី
អង្កឹខ្ញុំទេ មិនមែនខ្ញុំទេ, អង្កឹដឹងទេ មិនដឹងទេ (មើលក្នុងពាក្យ អង្គឺ ទៀតផង)។
➥ អង្កឺល កិរិយាវិសេសន៍៖ ដែលងក់ងើបៗខិតចូលបន្តិចៗរឿយៗ; ដែលកម្រើកក្អេលក្អូលៗខ្ពស់ទាបៗរឿយៗ
លលកបូលអង្កឺល។
➥ អង្កុក កិរិយាវិសេសន៍៖ ដែលងក់ងើបៗបន្តិចៗរឿយៗ
ដើរអង្កុក, ខំប្រឹងស្ទូងអង្កុកទាល់ល្ងាច; ដំណើរអង្កុកៗ។
គុណសព្ទ៖ ដែលងក់ងើបៗបន្តិចៗរឿយៗ
ដើរអង្កុក, ខំប្រឹងស្ទូងអង្កុកទាល់ល្ងាច; ដំណើរអង្កុកៗ។
➥ អង្កុញ កិរិយាសព្ទ៖ បង្រួញជើងឬដៃចូល
អង្កុញជើង, អង្កុញដៃ។ អង្កុញចិត្ត (ព.ប្រ.) បង្រួញចិត្ត, បន្ថយគំនិត។
➥ អង្កុល កិរិយាវិសេសន៍៖ ដែលដើរបន្ទន់កាយឱនក្ងុលជើងញាប់ៗ
ដើរអង្កុល; ដំណើរអង្កុលៗ។
គុណសព្ទ៖ ដែលដើរបន្ទន់កាយឱនក្ងុលជើងញាប់ៗ
ដើរអង្កុល; ដំណើរអង្កុលៗ។
➥ អង្កុស នាមសព្ទ៖ (បា.; សំ. អង្កុឝ ឬ អង្កុឝស៑) កង្វេរ (ខ្មែរប្រើជា រ.ស.)
ព្រះអង្កុស (សម្រាប់ព្រះរាជាសម័យបុរាណដែលគង់ព្រះទីន័ងគជេន្ទ្រចូលកាន់សង្រ្គាម)។
➥ អង្កូរ នាមសព្ទ៖ (សំ.បា. អង្កុរ ឬ សំ. អង្កូរ) ពន្លក; ទំពាំង; លំពង់; ខ្នែងខ្ចី។ ខ្មែរច្រើនប្រើតែដែលផ្សំភ្ជាប់ពីខាងចុងសព្ទដទៃ, ដូចជា ព្រឹក្សង្កូរ ឬ រុក្ខង្កូរ (ព្រឹក-ក្ស័ង-កូរ ឬ រុក-ខ័ង—) ពន្លកឈើ; លំពង់ឬខ្នែងឈើខ្ចី។ វេឡុរង្កូរ (—រ៉ង់—; បា. វេឡុ «ឫស្សី» + រ- អាគម + អង្កូរ) ទំពាំងឫស្សី។ ល។ (មើលក្នុងពាក្យ ពុទ្ធង្កូរ ផង)។
➥ អង្កួច នាមសព្ទ៖ គ្រឿងផ្លុំមួយប្រភេទ ធ្វើដោយឫស្សីឬដោយដែកស្ដើង មានអណ្ដាតដូចស្នែងផ្លុំសម្រាប់ផ្លុំលាន់ឮសូរសព្ទខ្ទរស្រួយ
ពួកក្មេងស្រុកព្រៃច្រើនចេះផ្លុំអង្កួច។
កិរិយាសព្ទ៖ ផ្លុំស្នែងជាបទឮសូរតិចៗខ្លាំងៗរលាក់រលែកគួរឲ្យស្រណោះឬស្រងេះស្រងោច
អង្កួចស្នែងតូចធំរងំស៊ាន។ កាលបើអ្នកដើរក្នុងព្រៃជ្រៅផ្លុំស្នែងបង្កូកហៅគ្នាគេហៅ បង្កូកស្នែង បទភ្លេងសុរិន្ទខ្នងភ្នំ ក៏ហៅ បង្កូកស្នែង ដែរ ព្រោះគេផ្លុំស្នែងផ្សំជាមួយនឹងគ្រឿងតន្ត្រីផង ជាភ្លេងសម្រាប់ផ្លុំឲ្យកូនដំរីបារាសវាស្ដាប់ ឲ្យវាស្រងេះស្រងោច …។
នាមសព្ទ៖ ឈ្មោះបទសូត្រមានលំនាំឮស្រដៀងនឹងសូរអង្កួចស្នែង
បទអង្កួចស្នែង។
➥ អង្កួចស្នែង កិរិយាសព្ទ៖ មើលក្នុងពាក្យ អង្កួច . កិ។
នាមសព្ទ៖ មើលក្នុងពាក្យ អង្កួច ន.។
➥ អង្កួច នាមសព្ទ៖ គ្រឿងផ្លុំមួយប្រភេទ ធ្វើដោយឫស្សីឬដោយដែកស្ដើង មានអណ្ដាតដូចស្នែងផ្លុំសម្រាប់ផ្លុំលាន់ឮសូរសព្ទខ្ទរស្រួយ
ពួកក្មេងស្រុកព្រៃច្រើនចេះផ្លុំអង្កួច។
កិរិយាសព្ទ៖ ផ្លុំស្នែងជាបទឮសូរតិចៗខ្លាំងៗរលាក់រលែកគួរឲ្យស្រណោះឬស្រងេះស្រងោច
អង្កួចស្នែងតូចធំរងំស៊ាន។ កាលបើអ្នកដើរក្នុងព្រៃជ្រៅផ្លុំស្នែងបង្កូកហៅគ្នាគេហៅ បង្កូកស្នែង បទភ្លេងសុរិន្ទខ្នងភ្នំ ក៏ហៅ បង្កូកស្នែង ដែរ ព្រោះគេផ្លុំស្នែងផ្សំជាមួយនឹងគ្រឿងតន្ត្រីផង ជាភ្លេងសម្រាប់ផ្លុំឲ្យកូនដំរីបារាសវាស្ដាប់ ឲ្យវាស្រងេះស្រងោច …។
នាមសព្ទ៖ ឈ្មោះបទសូត្រមានលំនាំឮស្រដៀងនឹងសូរអង្កួចស្នែង
បទអង្កួចស្នែង។
➥ អង្កួចស្នែង កិរិយាសព្ទ៖ មើលក្នុងពាក្យ អង្កួច . កិ។
នាមសព្ទ៖ មើលក្នុងពាក្យ អង្កួច ន.។
➥ អង្កួញ កិរិយាសព្ទ៖ បង្រួញដៃឬជើងរវៃចូលដើម្បីនឹងដាល់, តប់, ទាត់, ធាក់
អង្កួញដៃចូលដាល់, អង្កួញដៃគំរាម។
➥ អង្កើក កិរិយាវិសេសន៍៖ ដែលទូលអ្វីៗស្រាលៗដើរប្លើកៗ; ប្លើកៗ ប្លើកចុះប្លើកឡើង
ទូលបង្វេចអង្កើក; ដើរអង្កើកចុះអង្កើកឡើង។
➥ អង្កៀម កិរិយាសព្ទ៖ ខាំឬកកេរមិនដកមាត់ ដើម្បីឲ្យទក់, ឲ្យរេច, ឲ្យដាច់ សុនខអង្កៀមព្រ័ត្រ, ឆ្មាអង្កៀមត្រីងៀត។
បៀមបៅខាំជញ្ជក់ញំៗ កូនបៅអង្កៀមដោះ។
ព.ប្រ. ខំប្រឹងមិនលែង, ខំទទូចធ្វើទាល់តែសម្រេចប្រយោជន៍
ធ្វើការអង្កៀមមិនព្រមលែង។ អង្កៀមចំណេះ ប្រឹងសម្ភីរៀនទាល់តែចេះ។ ល។
➥ អង្កៀមងៀត នាមសព្ទ៖ (ព.ប្រ.) ឈ្មោះបទសូត្រមួយយ៉ាង មានលំនាំសំឡេងរលាក់រលែក គ្រហឹមផ្អឹបធ្មេញប្រៀបប្រដូចនឹងសូរសំឡេងឆ្មាកំពុងអង្កៀមត្រីងៀត គ្រហឹមបណ្ដើរ
បទអង្កៀមងៀត ឬ បទឆ្មាអង្កៀមងៀត។
➥ អង្កេត នាមសព្ទ៖ (បារ. អង្កែតិ៍ Enquête) ការស៊ើបសួរបញ្ជាក់សាក្សី, ដំណើរស៊ើបសួរសង្កេតអ្នកដឹងការណ៍ពិត ធ្វើអង្កេត។
ខ្មែរប្រើជា កិ. ឬ គុ. ក៏មាន
ចាត់អាជ្ញាទៅអង្កេត; អាជ្ញាអង្កេត។ និយាយថា អង្កិត ក៏មាន។
➥ អង្កែលអង្កៃ កិរិយាវិសេសន៍៖ រលេចុះរលេឡើងឬរវើករវ័ណ្ឌពេញពាស
មានពួកមច្ឆាហែបហែលអង្កែលអង្កៃក្នុងស្រះបោក្ខរណី។
➥ អង្កោល នាមសព្ទ៖ (បា.; សំ. អង្កោដ) ឈ្មោះឈើខ្លឹមមួយប្រភេទ សាច់ស្រាយសម្បុរលឿង ខ្លឹមក្រហមក្រមៅ មានរសល្វីង ផ្លែទុំក្រហមក្រមៅ មានក្លិនឆ្អាប ប៉ុន្តែបើច្របាច់យកសំបកចេញហើយលាយច្របល់ដោយគ្រឿងប្រហើរឈ្ងុយ មានគល់ស្លឹកគ្រៃជាដើម បរិភោគបាន ពួកហ្មពេទ្យខ្មែរច្រើនយកខ្លឹមអង្កោល, អង្កាញ់, ហៃសាន ផ្សំជាថ្នាំឆ្នំាងឲ្យផឹករម្ងាប់រោគសរសៃ។
អង្កោលព្រឹក្ស (—ល៉ៈព្រឹក) ដើមអង្កោល។
➥ អង្កាំ នាមសព្ទ៖ គ្រាប់មូលតូចឬល្អិត មានប្រហោងដោតខ្សែបាន, ធ្វើដោយកែវ, ដោយមាសជាដឺម; សម្រាប់ប្រើជាកម្រងឬប៉ាក់វិចិត្រការផ្សេងៗ ឬក៏ប្រើជាគ្រឿងប្រដាប់កាយស្ត្រីក៏មាន
អង្កាំកែវ, អង្កាំមាស, អង្កាំចាន, ស្បែកជើងផ្ទាត់ប៉ាក់អង្កាំចាន, ចងដៃអង្កាំមាស។
➥ អង្ក្រង នាមសព្ទ៖ សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ ប្រភេទគឺ អង្ក្រងទឹក ឬ អង្ក្រងប្រផេះ, អង្ក្រងភ្លើង។
ស្រុះគ្នាដូចអង្ក្រង ស្រុះគ្នាជាឯកច្ឆន្ទ (មិនមើលបំណាំមិនប្រចាំគ្នា)។ ព.កា. ថា
គួរជនប្រុសស្រី នៅនាលោកីយ៍ មានសាមគ្គី ដូចជាអង្ក្រង រ៉ាប់រងនាទី ឲ្យមានវុឌ្ឍី សុខសាន្តបវរ។ សាមគ្គីភេទ បង្កើតជាហេតុ ការណ៍លម្អក់ព័ណ៌ ខូចខាតប្រយោជន៍ ហោចទាំងអំណរ គុណគាប់បវរ វិនាសសូន្យបង់។
➥ អង្ក្រេតអង្ក្រត ឧទានសព្ទ៖ សូរឮក្រេតក្រតៗរឿយៗ។
➥ អង្ក្រេមអង្ក្រម នាមសព្ទ៖ ឈ្មោះវល្លិតូចមួយប្រភេទដើមសាច់ស្វិត ស្លឹកសណ្ឋានស្រដៀងនឹងស្លឹកអម្ពិល ដើមនិងស្លឹកមានរសផ្អែមឈ្លេមឡមៗ គ្រាប់ផ្លែតូចៗមូលៗ កាលណាទុំមានសម្បុរខ្មៅមួយកំណាត់ក្រហមមួយកំណាត់ (មើលក្នុងពាក្យ មក្លាំ ផង)។
➥ អង្គ៖ (អង់) នាមសព្ទ៖ (សំ.បា.) អវយវៈ, រូប, តួរូប, កាយ, រាងកាយ, ខ្លួន, ខ្លួនប្រាណ; ភាគ; ចំណែកនៃរាងកាយ; ប្រភេទ; សេចក្តីដែលចែកឲ្យឃើញចំនួន; រូបសេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើមហេតុ។ អង្គកាយ រូបកាយ, រូបអង្គ, ខ្លួនប្រាណ, តួខ្លួន។ អង្គការ បែបផែន, របៀបរៀបចំកិច្ចការដែលរដ្ឋឬក្រុមរាជការណាមួយបង្កើតឡើងដើម្បីប្រព្រឹត្តទៅកាន់សេចក្ដីចម្រើន; ទីកន្លែងចាត់ការធំៗ : អង្គការនយោបាយ, អង្គការរបស់រដ្ឋ។ អង្គការសហប្រជាជាតិ អង្គការរបស់ប្រជាជាតិរួមគ្នា, អង្គការអន្តរជាតិ ឬជាតិនានាដែលស្ម័គ្រចិត្តប្រតិបត្តិតាមច្បាប់រដ្ឋធម្មនុញ្ញសហប្រជាជាតិ ដើម្បីរក្សាការពារនូវសន្តិភាពនៃពិភពលោក។ អង្គកំណើត អវយវៈសម្រាប់បង្កើតកូន (អង្គជាត)។ អង្គជៈ (អង់-គៈជៈ) បុត្រ (កូនប្រុស)។ អង្គជា (អង់-គៈ—) បុត្រី (កូនស្រី)។ អង្គជាត (អង់-គៈ—) លិង្គ, យោនី (ខ្មាសបុរសឬស្ត្រី)។ អង្គណ ឬ អង្គណៈ (អង់-គន់ ឬ —គៈនៈ) ទីលាន; ទីទួល; ទីលានឬទីវាលសម្រាប់លេងល្បែង, ទីលានកីឡា។ ព.ប្រ. កិលេស, មន្ទិលឬគ្រឿងសៅហ្មងចិត្ត។ អង្គទូត (អង់-ទូត) អង្គការផ្នែកខាងទូត, មុខក្រសួងទូតព្រមទាំងបុគ្គលិកនៃស្ថានទូតផង។ អង្គបញ្ញត្តិ (អង់-ប័ញ-ញ៉ាត់) បញ្ញត្តិដោយមានហេតុជាគ្រឿងកំណត់; ហេតុឬលក្ខណៈដែលលើកឡើងជាគ្រឿងកំណត់បាន។ អង្គបទ (អង់-គៈបត់) មេរៀនដែលប្រែពីភាសាខ្លួនទៅជាភាសាដទៃ (ព.វ.)។ អង្គបរាមាស (អង់-គៈប៉ៈរ៉ាម៉ាស) ការស្ទាបអង្អែលខ្លួនប្រាណ។ អង្គបរិច្ចាគ (អង់-គៈប-រ៉ិច-ចាក) ការលះបង់ខ្លួនឲ្យទានទៅស្មូម។ អង្គប្បច្ចង្គ ឬ អង្គប្បច្ចង្គា (អង់-គ័ប-ប៉័ច-ច័ង ឬ —ប៉័ច-ច័ង-គា; បា. < អង្គ + បតិ-អង្គ, បតិ > បច្ច; សំ. អង្គប្រត្យង្គ ឬ អង្គប្រត្យាង្គ < អង្គ + ប្រតិ-អង្គ, ប្រតិ > ប្រត្យ) អវយវៈតូចនិងធំ, ប៉ែកឬភាគតូចធំនៃរាងកាយ។ អង្គប្បហារ ឬ —ប្រហារ (អង់-គ័ប-ប៉ៈហា ឬ —ប្រៈ—) ការប្រហាររូបកាយ (មានវាយ, កាប់ជាដើម)។ អង្គពិកល ឬ —វិកល (អង-គៈពិ ឬ —វិ-កល់) វិកលអវយវៈ (មានឆែបមាត់, ខ្វាក់ភ្នែកជាដើម)។ អង្គពិការ ឬ —វិការ (អង់-គៈ—) ពិការអវយវៈ (មានបាក់ដៃ, បាក់ជើងជាដើម)។ អង្គភាព (អង់-គៈភាប) ភាពរូបកាយ។ អង្គភេទ (អង់-គៈភេត) ដំណើរផ្សេងរូបកាយគ្នា, ដំណើរមានរូបកាយខុសគ្នា, ការបែកឬបាក់អវយវៈ។ អង្គមង្គានុសារី (អង់-គៈម័ង-គា-នុសារ៉ី; បា. < អង្គ + ម-អាគម + អង្គ + អនុ-សារ៉ី) ខ្យល់ដែលបក់ទួទៅតាមអវយវៈតូចធំ ឲ្យកម្រើកកាយកម្រើកវាចាបាន (ហៅ អង្គានុសារី ក៏បាន < អង្គ + អនុសារី)។ អង្គមន្ត្រី (អង់-គៈ ឬ អង់-មន់-ត្រី) មន្ត្រីថ្នាក់ខ្ពស់ជាអ្នកប្រឹក្សាការផែនដីជាមួយនឹងព្រះរាជា។ អង្គមន្ត្រី សភា សភានៃពួកអង្គមន្ត្រី។ អង្គរក្ខ ឬ—រក្ស (អង់-គៈរ័ក, បុរាណច្រើនថា អង់-គ្រ័ក) ទាហានរក្សាអង្គព្រះរាជា (មើលក្នុងពាក្យ ពល ២ ន. និង រាជង្គរក្ខ ក្នុងពាក្យ រាជ ផង)។ អង្គវិក្ខេប ឬ —វិក្ខេបន៍ (អង់-គៈវិក-ខែប) ដំណើរឬលំនាំងាកបែរ, កម្រើក, លើកដាក់នៃអវយវៈ (មានវាសដៃ, លើកជើងជាដើម)។ អង្គវិជ្ជា ឬ —វិទ្យា (អង់-គៈ—) វិជ្ជាទាយលក្ខណៈរូបកាយ។ អង្គសន្ធិ (អង់-គៈសន់-ធិ) តំណឬសន្លាក់នៃអវយវៈ។ អង្គសមនិធិ (អង់-គៈសៈម៉ៈនិ-ធិ) កំណប់ទ្រព្យស្មើដោយខ្លួនប្រាណ គឺចំណេះវិជ្ជាដែលបានរៀនចេះចាំហើយជាប់នៅនឹងប្រាណជានិច្ច : វិជ្ជាគ្រប់យ៉ាងជាអង្គសមនិធិ។ អង្គសម្ផស្ស (អង់-គៈសំ-ផស់) ការប៉ះ, ទង្គុក, ទង្គិចត្រូវរាងកាយគ្នា។ អង្គសីល (អង់-សិល) ប្រភេទប្រាប់ដំណើរដាច់ឬជាប់សីល (ដូចយ៉ាង បាណាតិបាត មានអង្គ ៥ គឺ ១- សត្វមានជីវិត; ២- ដឹងថាសត្វមានជីវិត; ៣- គិតនឹងសម្លាប់; ៤- តាំងព្យាយាមនឹងសម្លាប់; ៥- សត្វស្លាប់ដោយព្យាយាមនោះ)។ ល។ អង្គាវយវៈ (អង់-គា-វៈយៈវៈ; សំ.បា. អង្គ + អវយវ) អវយវៈទាំងអស់នៃរាងកាយ (ប្រើជា អង្គាព្យព ក៏បាន, អ.ថ. អង់-គា-ព្យប់; កា្លយមកពី អង្គ + អវយវៈ, ផ្លាស់ វ ទាំងពីរតួជា ព, ព ខាងដើមផ្សំនឹង យ ជា ព្យ)។ ល។
នាមសព្ទ៖ អង្គជាតព្រះឥសូរឬសិវលិង្គ។ ខ្មែរសម័យបុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថា អង្គ (ហៅកាត់ខ្លីមកពីពាក្យ អង្គជាត), ហៅថ្មរូបឧមាយោនី (និមិត្តនាងឧមា) ថា បំពង់ខ្ចី; ទឹកដែលស្រោចលើថ្មទាំងពីរប្រភេទនោះ (សូមពរស្រីសួស្តី …) ហៅថា ទឹកអង្គបំពង់ខ្ចី។ ក្នុងសម័យដែលខ្មែរកំពុងកាន់សាសនាព្រាហ្មណ៍ពេញទី, ឥស្សរជននិងប្រជាជន ច្រើនជីកស្រះសាងអង្គទុកជាទីគោរពក្នុងទីប្រជុំជនមួយៗ សឹងនៅមានរូបនិងឈ្មោះជាប់មកដល់សព្វថ្ងៃនេះច្រើនអន្លើ ដូចយ៉ាង អង្គតាសោម, អង្គតារាជ, អង្គស្នួល ជាដើម (មើលក្នុងពាក្យ អង្គ ន. ផង)។
នាមសព្ទ៖ នាក់; រូប; ខ្លួន; ទ្រង់; លោក (សម្រាប់ប្រើចំពោះតែព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះពុទ្ធរូប, ព្រះអរហន្ត, ក្សត្រិយ៍, ទេវតាស័ក្ដិធំ, បព្វជិតថ្នាក់ខ្ពស់, …)
ព្រះពុទ្ធគ្រប់ព្រះអង្គ, … ក្សត្រិយ៍ពីរព្រះអង្គ; មហាថេរច្រើនអង្គ (ប្រើពាក្យ រូប ក៏បាន); លុះព្រះអង្គទ្រង់ជ្រាបហេតុនោះហើយ …។ ល។ (មើលក្នុងពាក្យ រូប ផង។) សម្រាប់ហៅព្រះរាជបុត្រ, ព្រះរាជនត្តាថា ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់។ សម្រាប់ហៅជនដែលជាប់វង្សក្សត្រិយ៍ឆ្ងាយមកហើយថា ព្រះអង្គ, ព្រះវង្ស។ ព្រះអង្គលោក ខ្លួនលោក។ ព្រះអង្គឯង ខ្លួនឯង។ ល្អអស់អង្គ ល្អអស់ទាំងខ្លួន, មានរូបល្អឥតខ្ចោះត្រង់ណា។ ល។ (មើលក្នុងពាក្យ អង្គ ន. ផង)។
បុសសព្វនាម៖ នាក់; រូប; ខ្លួន; ទ្រង់; លោក (សម្រាប់ប្រើចំពោះតែព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះពុទ្ធរូប, ព្រះអរហន្ត, ក្សត្រិយ៍, ទេវតាស័ក្ដិធំ, បព្វជិតថ្នាក់ខ្ពស់, …)
ព្រះពុទ្ធគ្រប់ព្រះអង្គ, … ក្សត្រិយ៍ពីរព្រះអង្គ; មហាថេរច្រើនអង្គ (ប្រើពាក្យ រូប ក៏បាន); លុះព្រះអង្គទ្រង់ជ្រាបហេតុនោះហើយ …។ ល។ (មើលក្នុងពាក្យ រូប ផង។) សម្រាប់ហៅព្រះរាជបុត្រ, ព្រះរាជនត្តាថា ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់។ សម្រាប់ហៅជនដែលជាប់វង្សក្សត្រិយ៍ឆ្ងាយមកហើយថា ព្រះអង្គ, ព្រះវង្ស។ ព្រះអង្គលោក ខ្លួនលោក។ ព្រះអង្គឯង ខ្លួនឯង។ ល្អអស់អង្គ ល្អអស់ទាំងខ្លួន, មានរូបល្អឥតខ្ចោះត្រង់ណា។ ល។ (មើលក្នុងពាក្យ អង្គ ន. ផង)។
➥ អង្គញ់ នាមសព្ទ៖ ឈ្មោះវល្លិមួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗ ក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាងមូលសំប៉ែត កាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងអង្គញ់។
ឆ្អឹងមានសណ្ឋានដូចគ្រាប់អង្គញ់ នៅត្រង់ក្បាលជង្គង់
អង្គញ់ជង្គង់។
➥ អង្គញ់ស្វា នាមសព្ទ៖ ឈ្មោះឈើធំមួយប្រភេទ, ស្លឹកធំៗស្រួចខាងដើមនិងងខាងចុងបន្តិច បណ្ដោយនិងទទឹងស្លឹក ២០ សង់ទីម៉ែត្រ, ផ្លែពាំគ្រាប់ជាសង្កាត់ជាប់គ្នា ផ្លែមួយៗពីរគ្រាប់ក៏មានបីគ្រាប់ក៏មាន, មានគ្រាប់មូលៗទំហំ ៣ សង់ទីម៉ែត្រ, គ្រាប់ទុំមានទ្រង់ទ្រាយនិងសម្បុរក្រហមក្រមៅរលោង ដូចគ្រាប់អង្គញ់សុទ្ធសាធ គ្រាន់តែតូចជាងគ្រាប់អង្គញ់ប៉ុណ្ណោះ, ប៉ុន្តែបើទុកឲ្យយូរទៅមានស្វិតខ្លះ, អង្គញ់ស្វានេះច្រើនដុះក្នុងព្រៃភ្នំនិងព្រៃស្រោង, ដុះបែកជាគុម្ពក៏មាន, ជាឈើមានម្លប់ត្រឈៃល្អ, បើយកគ្រាប់មកដាំនៅទីដទៃក៏បាន, ជាឈើមានប្រយោជន៍ប្រើការរាយរងបាន, ប្រើជាឧសក៏បានការណាស់, ផ្លែទុំជ្រុះគ្រាប់នៅរនោចខែកត្តិកនិងខ្នើតខែមិគសិរ
អង្គញ់ស្វាមានដុះច្រើនណាស់នៅក្រុងព្រះសីហនុ។
➥ អង្គត់៖ (អង់-គត់) នាមសព្ទ៖ ឈ្មោះវល្លិមួយប្រភេទ សម្រាប់ប្រើការជាថ្នាំស្ងោរផឹករម្ងាប់ពិសពុលចំណីអាហារផ្សេងៗ
វល្លិអង្គត់ច្រើនមានសម្បូណ៌ក្នុងខែត្រកំពត (មើលក្នុងពាក្យ អង្គទ ន. ផង)។
➥ អង្គទ៖ (អង់-គត់) នាមសព្ទ៖ មើលក្នុងពាក្យ អង្គត់។
នាមសព្ទ៖ (សំ.បា.) គ្រឿងប្រដាប់ដើមដៃ, កងកន់។
(សំ. អង្គទ (អង់-គត់) ឈ្មោះពានរមួយជាកូននៃពាលីនិងនាងមន្ទោទរី, ជាសេនាព្រះរាម ក្នុងរឿងរាមកេរ្តិ៍)។ ព.ប្រ. ខ្មែរហៅស្វាមួយប្រភេទ មាឌធំ ឥតកន្ទុយ ថា ស្វាអង្គទ (ហៅប្រៀបដោយពានរឈ្មោះ អង្គទ ក្នុងរឿងរាមកេរ្តិ៍)។
ហៅវល្លិមួយប្រភេទថា វល្លិអង្គទ ប៉ុន្តែច្រើនសរសេរ អង្គត់ ជាង (មើលក្នុងពាក្យ នេះ)។
➥ អង្គនា៖ (អង់-គៈ—) នាមសព្ទ៖ (សំ.បា.) ស្ត្រី, នាង (ព.កា.)
ពួកនាងកញ្ញា ជាអង្គនា កំពុងពេញរៀន ខំប្រឹងសង្វាត មិនខ្ជិលអៀនប្រៀន មានចិត្តជាប់ញៀន ឆ្ពោះការសិក្សា។ គំនិតមារយាទ ពុំដែលឃ្លៀងឃ្លាត ខុសចាកក្រឹត្យា ជាស្រីចុះបែប សណ្ដាប់ចរិយា ពេញជាកញ្ញា ត្រឹមត្រូវគួររាប់។
➥ អង្គប់ កិរិយាសព្ទ៖ ទំពាចំណីអាហាររឹងឬស្វិតគប់ៗញំៗព្រោះគ្មានធ្មេញ
អង្គប់អំបុក។
នាមសព្ទ៖ នេសាទុបករណ៍ឬគ្រឿងប្រហារមានគន្លឹះថ្លោះបាន
អង្គប់កណ្ដុរ, ខ្លាជាប់អង្គប់។
➥ អង្គរ៖ (អង់-គ) នាមសព្ទ៖ ពាក្យប្រើឃ្លាតក្លាយមកពី នគរ «ក្រុង, រាជធានី» ហៅចំពោះតែក្រុងនិងសិលាប្រាសាទបុរាណខ្លះ ឬទីតំបន់ជាដើមខ្លះក្នុងកម្ពុជរដ្ឋ : អង្គរធំ នគរធំ (មហានគរបុរាណក្នុងខែត្រសៀមរាប)។ អង្គរបុរី (នគរបុរី) ឈ្មោះទីក្រុងចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ។ អង្គរព្រះជ័យ ឬ អង្គរព្រះជ័យព្រះអារ្យ (នគរ—) ឈ្មោះប្រាសាទបុរាណ នៅខាងលិចជិតកំពង់ចាមក្រុង។ អង្គររាជ (នគររាជ) ឈ្មោះអាណាខេត្តមួយរបស់ខ្មែរ នៅខាងទិសឧត្តរ, បានទៅអាណាខេត្តរបស់សៀមយូរអង្វែងហើយ។ ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ មានដើមកំណើតនៅអាណាខេត្តនគររាជ : ភ្លេងអង្គររាជ (ភ្លេងនគររាជ); ដែលក្លាយលំនាំបទឃ្លាតពីលំនាំដើមខ្លះ ហៅថា អង្គររាជក្លាយ (នគររាជក្លាយ); ដែលតាំងពីក្នុងបុរាណសម័យយូរហើយ, អ្នកស្រុកជើងព្រៃបំប្លែងកែលំនាំបទឲ្យឃ្លាតផ្សេងខ្លះពីលំនាំដើម ហៅថា អង្គររាជជើងព្រៃ (នគររាជជើងព្រៃ)។ អង្គរវត្ត (នគរវត្ត «វត្តរបស់មហានគរ») ឈ្មោះសិលាប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាប្រាសាទរុងរឿងដោយលំអគ្មានពីរ។ ល។ ត្រីងៀតអង្គរ ឬ ងៀតប្រាអង្គរ ត្រីងៀតឬងៀតប្រាដែលនាំមកពីទន្លេសាបប៉ែកខាងខែត្រសៀមរាប។ ទឹកអង្គរបាក់ ទឹកថ្លាដែលហូរត្រឡប់ចេញពីទន្លេសាបនិងបឹងនានាចុះមកវិញក្នុងរដូវសម្រក។ ល។ (មើលក្នុងពាក្យ ប្រាក្រឹត ផង)។
នាមសព្ទ៖ (ព.បុ.) ទីដីជាទួលធំប៉ុន្តែទាបទេ នៅជិតមាត់បឹងធំជ្រៅ មានដើមឈើធំៗខ្ពស់ៗ ជាព្រៃស្ងាត់ គេហៅព្រៃនិងបឹងនោះថា ព្រៃអង្គរ, បឹងអង្គរ ទោះបីចំណេរកាលតមក គេកាប់ព្រៃនោះធ្វើជាចម្ការទៅហើយ ក៏គេនៅតែហៅថា ចម្ការព្រៃអង្គរ, បឹងអង្គរ ឬ បឹងព្រៃអង្គរ តាមឈ្មោះដើមនោះដែរ។
➥ អង្គា នាមសព្ទ៖ អង្គ, រូបកាយ (ព.កា.)
… ទំាងពីរអង្គា ស្ដេចទ្រង់យាត្រា ក្រសាលក្នុងសួន។ ល។ មើលក្នុងពាក្យ អង្គ ន.។
នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទ ផ្កាសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ ប៉ុន្តែក្រអូបស្រាល, ចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ហើយលាស់ជាថ្មី ក្នុងរវាងខែចេត្រពិសាខ; បើកាត់មែកដែលរង្គោះស្លឹកអស់ហើយឬដែលកំពុងចេញផ្កានោបនោះ យកមកត្រាំទឹកក្នុងដបផ្កា អាចចេញត្រួយនិងផ្កាបានយូរថ្ងៃ ដាក់ជាគ្រឿងតាំងរុងរឿងណាស់ (អ្នកស្រុកខ្លះហៅ អង្គាលឿង ខ្លះហៅថា អង្គាសីល)។
➥ អង្គាដី នាមសព្ទ៖ ឈ្មោះឈើស្រុក មានដើមខ្ពស់ស្រោង សំបកក្រាស់ ស្លឹកតូចៗរង្វើលៗ ចេញពីធាង ផ្កាព័ណ៌សក៏មានក្រហមក៏មាន, ផ្កានិងស្លឹកខ្ចីស្រុសប្រើជាអន្លក់ឬធ្វើជាបន្លែស្លស្រឡក់បាន, ជាឈើឆាប់លូតលាស់ខ្ពស់ងាយ។
➥ អង្គាបុស្ប៖ (—បុស) នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទស្លឹកឆែកៗ ស្រួចៗ រង្វើលៗ ចេញពីធាង ផ្កាព័ណ៌សសណ្ឋានស្រដៀងនឹងផ្កាច្រនៀង មានក្លិនក្រអូបឈ្ងប់ខ្លាំង, កាលណាស្ងួតក្រៀម បើដុតឬលាយនឹងថ្នាំជក់ មានក្លិនធុំដូចក្លិនអាភៀន ច្រើនដុះលើដំបូក; គេច្រើនដាំក្នុងវត្តឬក្នុងភូមិប្រើជាលំអដោយម្លប់និងផ្កា។
➥ អង្គារ នាមសព្ទ៖ (សំ.បា.) ធ្យូង។ រ.ស. ព្រះអង្គារធ្យូងដែលសល់ពីការថ្វាយព្រះភ្លើងព្រះបរមសពព្រះសម្មាសម្ពុទ្ធឬព្រះរាជា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អង់-គារៈ ដូចជា អង្គារការ, —ការី ឬ —ក្រឹត អ្នកដុតធ្យូង (បើស្ត្រីជា អង្គារការិកា ឬ អង្គារការិនី)។ អង្គារដ្ឋាន ឬ —ស្ថាន កន្លែងដាក់ធ្យូង។ អង្គារថូប ឬ —ស្តូប ស្ដូបដែលបញ្ចុះព្រះអង្គារ : អង្គារថូបព្រះសព្វញ្ញុពុទ្ធជាទីគោរពនៃពុទ្ធមាមកជន។ អង្គារទារុ ឬ —ព្រឹក្ស ឈើដែលប្រើការដុតធ្យូងបាន។ អង្គារធានិការ ឬ —ធានី ជើងក្រាន; ជើងក្រានធ្យូង។ អង្គារបាត្រី (—ប៉ា—) ជើងក្រានដុតធ្យូង, ឡដុតធ្យូង (ហៅ អង្គារលេណ ឬ អង្គារលេណដ្ឋាន ក៏បាន)។ អង្គារពាណិជ (—និច) អ្នកលក់ធ្យូង។ អង្គារពាណិជ្ជ, —ពាណិជ្យ ឬ —វណិជ្ជា ការឬរបរលក់ធ្យូង, ជំនួញធ្យូង។ ល។
នាមសព្ទ៖ (សំ.បា.) ឈ្មោះផ្កាយព្រះគ្រោះទី ៣ ផ្កាយអង្គារ។
ឈ្មោះថ្ងៃទី ៣ នៃសប្ដាហ៍ ថ្ងៃអង្គារ។
ឈ្មោះយាមទី ៣ នៃត្រៃយាម ព្រះសក្យមុនីទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារយាមអង្គារក្នុងបច្ចូសសម័យថ្ងៃពេញបូណ៌មីខែពិសាខឆ្នាំម្សាញ់ …។
អង្គារទិន, —ពារ ឬ —វារៈ (អង់-គារៈ—) ថ្ងៃអង្គារ (ព.ហ.)។
➥ អង្គារិ៖ (—រិនី) នាមសព្ទ៖ (សំ.) ជើងក្រានតូចដែលលើកចុះលើកឡើងបាន; ជើងក្រានសៀម; អាំងឡូវ ឬ ជើងក្រានអាំងឡូវ។
➥ អង្គាស កិរិយាសព្ទ៖ ឃោស្នាគ្នា, ប្រកាសប្រាប់គា្ន ឲ្យចូលប្រាក់កាសឬទេយ្យទានផ្សេងៗតាមសទ្ធា ក្នុងការធ្វើទាន អង្គាសប្រាក់, អង្គាសអង្ករ។
ប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃដោយការខ្នះខ្នែងលៃលកឲ្យគ្រប់គ្រាន់
ពួកទាយកអង្គាសចង្ហាន់ភិក្ខុសាមណេរ។
គុណសព្ទ៖ ដែលបានមកដោយឃោស្នាគ្នា
ប្រាក់អង្គាស។
➥ អង្គីករណ៍ នាមសព្ទ៖ (សំ. អង្គីករណ ឬ —ការ) ការធ្វើសញ្ញាឬប្ដេជ្ញាដោយព្រមព្រៀងគ្នា; សញ្ញាឬសន្យាដែលធ្វើដោយបានយល់ព្រមជាមួយគ្នា ធ្វើការតាមអង្គីករណ៍; ប្រតិបត្តិតាមអង្គីការ។
➥ អង្គីរស៖ (អង់-គីរស់) នាមសព្ទ៖ (បា. អង្គិ— ឬ អង្គី—; សំ. អង្គិរស៑ ឬជា អង្គិរ, អង្គិរស ក៏មានខ្លះ » អ្នកមានពន្លឺភ្លឺចំាងចេញពីកាយ ») ព្រះនាមព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រះអង្គីរស។
នាមនៃឫសីអ្នកតែងវេទមន្តឬអ្នកតែងពាក្យសម្រាប់សូត្រថ្វាយពរក្នុងវេទ … (លទ្ធិព្រាហ្មណ៍)។
➥ អង្គឺ និបាតសព្ទ៖ (ព.បុ.) មិនគឺ, មិនមែន, មិនមែនជា, ពុំមែនជា; មិនដែល, ពុំដែល : អង្គឺខ្ញុំទេ មិនមែនខ្ញុំទេ; អង្គឺសត្វអង្គឺបុគ្គល ពុំមែនជាសត្វពុំមែនជាបុគ្គល។ អង្គឺក្តី ពុំមែនជាដំណើរ, មិនមែនជាហេតុ។ អង្គឺមាន ពុំដែលមាន, មិនដែលសោះ, ទេសោះ។ ប្រើពាក្យ ឥត ពីខាងដើមផងក៏មាន (សេចក្ដីនៅជាបដិសេធដូចដែល): ឥតអង្គឺមាន ឥតដែលមាន, ទេសោះ (ច្រើនតែប្រើពាក្យ ក៏ ផ្សំពីខាងដើម): ខ្ញុំនឹងដែលបានឃើញរបស់នោះសូម្បីតែម្ដងក៏ឥតអង្គឺមាន។
➥ អង្គឺអង្គែ គុណសព្ទ៖ ដែលស្ទាក់ស្ទើរ, ហ៊ីងហ៊ាង
គំនិតអង្គឺអង្គែ, សម្ដីអង្គឺអង្គែ។
➥ អង្គុក កិរិយាវិសេសន៍៖ ដែលចេះតែលឿនស្មើជំហានអន្រ្ទុកទៅមុខឥតបង្អែបង្អង់
ដើរអង្គុក, ដើរលឿនអង្គុក; ដំណើរអង្គុក។
គុណសព្ទ៖ ដែលចេះតែលឿនស្មើជំហានអន្រ្ទុកទៅមុខឥតបង្អែបង្អង់
ដើរអង្គុក, ដើរលឿនអង្គុក; ដំណើរអង្គុក។
➥ អង្គុកអង្គុល កិរិយាវិសេសន៍៖ ដែលខ្សឹកខ្សួលប៉ផ្អែបជ្រប់មុខ, ដែលកើតទុក្ខជ្រប់
យំអង្គុកអង្គុល, កើតទុក្ខអង្គុកអង្គុល។ ព.កា. កម្ចាត់ទុក្ខថា : ការកើតទុក្ខជ្រុល អង្គុកអង្គុល មមុលមិងមាំង អ្នកមានប្រាជ្ញា គួរតែប្រឆាំង កុំឲ្យចិត្តគាំង ក្នុងក្ដីសោកសៅ។ ព្រះពុទ្ធប្រាប់ថា ត្រូវប្រើប្រាជ្ញា ដេញទុក្ខចេញក្រៅ ត្រូវកុំប្រមូល- ទុក្ខឲ្យក្ដួលក្ដៅ ដេញយូរៗទៅ គង់ទុក្ខឃ្លាតបាន។ ព្រោះក្ដីកើតទុក្ខ តែងដេញក្ដីសុខ ឲ្យឃ្លាតចាកប្រាណ សុខនៅពុំកើត ដ្បិតទុក្ខរុញច្រាន កម្ចាត់ទុក្ខបាន ហៅថាមានសុខ។
➥ អង្គុយ កិរិយាសព្ទ៖ សម្រេចឥរិយាបថមួយ ដោយដាក់អង្គឲ្យគូទផ្ទាល់នឹងទីផ្ទៃឬអាសនៈណាមួយ
អង្គុយច្រហោង, អង្គុយបញ្ឈរជង្គង់, អង្គុយបត់ជើង, អង្គុយពែនភ្នែន។ ល។ អង្គុយធម៌ អង្គុយស្មិងស្មាធិ៍ចម្រើនធម៌។ ល។ (មើលក្នុងពាក្យ ឥរិយាបថ ផង។)
នាមសព្ទ៖ ឈ្មោះសណ្ដែកមួយប្រភេទ ស្លឹក, ផ្លែ, គ្រាប់ ស្រដៀងនឹងសណ្ដែកទ្រើង ប៉ុន្តែដើមទាបៗ មិនវារមិនឡើងទ្រើង
គ្រាប់សណ្ដែកអង្គុយសម្រាប់ប្រើការធ្វើនំចំណី។
➥ អង្គុយចាំតែ និបាតសព្ទ៖ (ព.ប្រ.) រង់ចាំតែ, ចេះតែ (ហាក់ដូចជាអង្គុយរង់ចាំតែ)
មិនគិតធ្វើការរកស៊ីនឹងគេ អង្គុយចាំតែសុំគេ!; គ្មានអ្នកណានឹងអង្គុយតែឲ្យញយៗទេ!; ឥតធ្វើការអ្វីសោះ អង្គុយតែស្ដីឲ្យគេ! (ព.សា.)។ ព.កា. ថា : ខ្លួនឥតធ្វើអ្វី អង្គុយតែស្ដី ត្រួតត្រាលើគេ បន្ទោសញយៗ ថែមៗទ្វេទ្វេ ត្រង់ខ្លួនទទេ ឥតអៀនឥតខ្មាស។
➥ អង្គុយតែ និបាតសព្ទ៖ មើលក្នុងពាក្យ អង្គុយចាំតែ។
➥ អង្គុល កិរិយាវិសេសន៍៖ ដែលសំយុងមុខងងុលចុះក្រោម
ស្រវឹងអង្គុល, សំយុងមុខអង្គុល; មុខយារអង្គុល។ (ព.កា.) : ស្រវឹងអង្គុល យារមុខងងុល ជជ្រុលជជ្រក តេងតាងពេញផ្លូវ ស្ទើរទៅស្ទើរមក ជួនស្រែកគំហក ដាក់កូនប្រពន្ធ។ សើយលាត់ឥតខ្មាស ស្ដីអាសអាភាស ឥតក្រែងចិត្តជន ដែលគេឈរមើល រចល់ច្រើនលន់ កម្លាំងថយអន់ ទ្រេតទ្រោតទ្រីបទ្រាប។ អ្នកប្រាជ្ញពោលថា អ្នកស្រវឹងស្រា រែងមានសភាព អាប់ឱនថយថោក ជ្រោកជ្រាកទន់ទាប ថែមទាំងញ៉ាំងលាភ ឲ្យថយផងដែរ។
គុណសព្ទ៖ ដែលសំយុងមុខងងុលចុះក្រោម
ស្រវឹងអង្គុល, សំយុងមុខអង្គុល; មុខយារអង្គុល។ (ព.កា.) : ស្រវឹងអង្គុល យារមុខងងុល ជជ្រុលជជ្រក តេងតាងពេញផ្លូវ ស្ទើរទៅស្ទើរមក ជួនស្រែកគំហក ដាក់កូនប្រពន្ធ។ សើយលាត់ឥតខ្មាស ស្ដីអាសអាភាស ឥតក្រែងចិត្តជន ដែលគេឈរមើល រចល់ច្រើនលន់ កម្លាំងថយអន់ ទ្រេតទ្រោតទ្រីបទ្រាប។ អ្នកប្រាជ្ញពោលថា អ្នកស្រវឹងស្រា រែងមានសភាព អាប់ឱនថយថោក ជ្រោកជ្រាកទន់ទាប ថែមទាំងញ៉ាំងលាភ ឲ្យថយផងដែរ។
គុណសព្ទ៖ ដែលទើបនឹងផ្ដើមទុំចុងកួរបន្តិចៗ
ស្រូវអង្គុលមេៗ។
➥ អង្គុលៈ៖ (អង់-គុ-លៈ) នាមសព្ទ៖ (សំ.បា. អង្គុល) ម្រាមដៃ; ធ្នាប់ (អង្គុលី)។
ឈ្មោះមាត្រារង្វាស់ប្រមាណ ៧ ធញ្ញមាស
ប្រមាណ ១២ អង្គុលៈ ជាមួយវិទត្ថិ; ហៅ អង្គុលី ក៏បាន (មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង)។
➥ អង្គុលី នាមសព្ទ៖ (សំ.បា. ឬ សំ. ជា អង្គុលិ ក៏មាន) ម្រាមដៃ; ធ្នាប់; អង្គុលៈ (មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ផង)។ អង្គុលីបញ្ចកៈ ឬ —បញ្ចង្គ (—ប៉័ញ-ចៈកៈ ឬ —ប័ញ-ចង់) ម្រាមដៃទាំងប្រាំ។ អង្គុលីប្រណម ឬ —ប្រណម្យ (—ណំ) ប្រណម្យម្រាមដៃ; ក្រពុំម្រាមដៃ។ អង្គុលីផោដនៈ (—ដៈន៉ៈ) ការកាច់ម្រាមដៃឮសូរស្រស។ អង្គុលីមុទ្ទា ឬ —មុទ្រា ចិញ្ចៀនមានត្រា (ចិញ្ចៀនត្រា)។ អង្គុលីយកៈ ឬ អង្គុល្យាភរណៈ (—យៈកៈ ឬ អង់-គុល-យាភៈរៈណៈ) ចិញ្ចៀន។ អង្គុលីលេខ គ្រឿងប្រដាប់វាយពុម្ពអក្សរដោយចុងម្រាមដៃ, ម៉ាស៊ីនវាយអក្សរពុម្ព : រៀនវាយអង្គុលីលេខ។ អង្គុលីវេស្ដ (—វេស-ស្ដៈ ឬ —វេស) ស្រោមម្រាមដៃ (ស្រោមដៃ)។ អង្គុលីសន្ទេស ការផ្ទាត់ម្រាមដៃឲ្យសញ្ញា : ធ្វើអង្គុលីសន្ទេស។ អង្គុលីសម្ភូតក្រចកដៃ។ ល។
➥ អង្គុល្យាភរណៈ៖ មើលក្នុងពាក្យ អង្គុលី។
➥ អង្គែ នាមសព្ទ៖ ឈ្មោះរោគស្បែកមួយប្រភេទ មានអាការគគ្រាតឡើងសម្បុរ-សកើតនៅសរីរប្រទេសដែលមានសក់ឬមានរោម បណ្ដាលឲ្យរមាស់
ក្បាលអង្គែស៊ី, សេះកើតអង្គែ, ឆ្កែកើតអង្គែ។
➥ អង្គំ នាមសព្ទ៖ ប្រដាប់មានសណ្ឋានជាដង្កាប់មាំ មានគ្រឿងរឹតឬបន្ធូរបាន សម្រាប់ចាប់រឹតអ្វីៗដែលធ្វើដោយដែកជាដើម ឲ្យរឹងមិនឲ្យរង្គើក ដើម្បីរូសរម្លីងឬឆាបជាដើម
អង្គំដែក, រឹតដោយអង្គំ។
➥ អង្គ្រ័ក្ស នាមសព្ទ៖ ពាក្យសាមញ្ញ (គ្រាន់តែនិយាយ មិនដែលសរសេរទេ) ប្រើក្លាយឃ្លាតមកពីពាក្យ អង្គរក្ខ ឬ អង្គរក្ស «អ្នករក្សាអង្គ, ទាហានរក្សាអង្គព្រះរាជា» (មើលក្នុងពាក្យ អង្គរក្ខ ឬ អង្គរក្ស ក្នុងពាក្យ អង្គ ន.)។
➥ អង្គ្រង នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទ ដើមស្ទើរជាវល្លិរឹងមានបន្លា ផ្លែមូលៗ
ពួកក្មេងគង្វាលគោស្រុកស្រែ ច្រើនយកផ្លែអង្គ្រងធ្វើជាគ្រាប់កាំភ្លោះបាញ់លេង។
➥ អង្គេ្លស៖ (អង់-គ្លេស) នាមសព្ទ៖ (បារ. អង្គេ្លស៍ Anglais, ឥត្ថី. Anglaise) ជាតិមនុស្សកើតនៅក្នុងកោះមួយប៉ែកក្នុងប្រទេសឬទ្វីបអឺរ៉ុប
ជាតិអង្គ្លេស, ពួកអង្គ្លេស, ប្រទេសអង្គ្លេស (សរសេរជា អង់គ្លេស ក៏បាន)។
➥ អង្ឃាក់ កិរិយាវិសេសន៍៖ ដែលចេញអាការដើរលើកដាក់ៗគគាត
ដើរអង្ឃាក់ចុះអង្ឃាក់ឡើង; ដំណើរអង្ឃាក់ៗ។
គុណសព្ទ៖ ដែលចេញអាការដើរលើកដាក់ៗគគាត
ដើរអង្ឃាក់ចុះអង្ឃាក់ឡើង; ដំណើរអង្ឃាក់ៗ។
➥ អង្ឃើល កិរិយាវិសេសន៍៖ ដែលចេញអាការងងើលលើកដាក់ៗ, ទើលងើល ដើរអង្ឃើលចុះអង្ឃើលឡើង; ដំណើរអង្ឃើលៗ។
ព.ប្រ. គំនិតអង្ឃើល, ចិត្តអង្ឃើល, មនុស្សអង្ឃើល, ឫកពាអង្ឃើល គឺគំនិត, ចិត្ត, មនុស្ស, ឫកពាងងើល, ចចើល ឥតក្រែង (ព.កា.)
ជនពាលងងើល ចេះតែអង្ឃើល ឥតគិតខុសត្រូវ ប្រទូស្ដប្រទាំង ប្រឆាំងរាំងផ្លូវ ក្លាយជាសត្រូវ ជាតិសាសន៍ក៏មាន។ កើតជាមនុស្ស គួរស្គាល់ត្រូវខុស កុំដើរបំពាន បំពារលើច្បាប់ សម្រាប់ទូន្មាន ផ្លូវចិត្តឲ្យបាន សាន្តសុខស្ងប់ឡើយ។
គុណសព្ទ៖ ដែលចេញអាការងងើលលើកដាក់ៗ, ទើលងើល ដើរអង្ឃើលចុះអង្ឃើលឡើង; ដំណើរអង្ឃើលៗ។
ព.ប្រ. គំនិតអង្ឃើល, ចិត្តអង្ឃើល, មនុស្សអង្ឃើល, ឫកពាអង្ឃើល គឺគំនិត, ចិត្ត, មនុស្ស, ឫកពាងងើល, ចចើល ឥតក្រែង (ព.កា.)
ជនពាលងងើល ចេះតែអង្ឃើល ឥតគិតខុសត្រូវ ប្រទូស្ដប្រទាំង ប្រឆាំងរាំងផ្លូវ ក្លាយជាសត្រូវ ជាតិសាសន៍ក៏មាន។ កើតជាមនុស្ស គួរស្គាល់ត្រូវខុស កុំដើរបំពាន បំពារលើច្បាប់ សម្រាប់ទូន្មាន ផ្លូវចិត្តឲ្យបាន សាន្តសុខស្ងប់ឡើយ។
➥ អង្រង់៖ (អង់-រង់) កិរិយាសព្ទ៖ ស្ទៃឬទទាក់គ្រលែង, ចាប់រលាក់ ឲ្យមូលរួមគ្នាឬឲ្យណែន អង្រង់អង្ករ។
អង្រួនឬងក់ងើបៗបន្តិចៗញាប់ៗ
អង្រង់ក្បាល។
➥ អង្រឹង៖ (អង់-រឹង) នាមសព្ទ៖ ប្រដាប់សម្រាប់ដេកយោលឬផ្ដេកកូនតូចយោលឲ្យដេកឆាប់លក់; មានច្រើនបែប : អង្រឹងធ្មៃ, អង្រឹងឫស្សី, អង្រឹងសំពត់។ ល។ អង្រឹងស្នែង អង្រឹងពិសេសមានដងស្នែង សម្រាប់ឥស្សរជនជិះមានមនុស្សសែង : អង្រឹងស្នែងជាយានពិសេសមួយប្រភេទសម្រាប់ឥស្សរជនក្នុងបុរាណសម័យ។
➥ អង្រុត៖ (អង់-រុត) នាមសព្ទ៖ នេសាទុបករណ៍មួយប្រភេទធ្វើដោយបន្ទោះឫស្សីមូលៗ មានរាងក្រឡូម តូចខាងមាត់លើ ធំគាយខាងក្រោម សម្រាប់រុតឬក្រុងមច្ឆជាតិ។ អង្រុតមេឃ (ព. ប្រ) ជើងមេឃជុំវិញ។
➥ អង្រៀតនឹង និបាតសព្ទ៖ ទៀបនឹង, ជិតនឹង, រកកល់នឹង, វិះនឹង, ហៀបនឹង, ស្ទើរនឹង
អង្រៀតនឹងបាន, អង្រៀតនឹងស្លាប់។
➥ អង្រែ៖ (អង់-រែ) នាមសព្ទ៖ ប្រដាប់សម្រាប់បុកទង្គិចទៅក្នុងត្បាល់
អង្រែបុកស្រូវ, អង្រែត្បាល់ថ្ម, អង្រែត្បាល់ជាន់។ ព.ប្រ. ថា : សត្វទាំងឡាយរមែងទង្គុកទង្គិចដោយសេចក្ដីទុក្ខដូចជាអង្រែនិងត្បាល់។ ព.កា. ពន្យល់ឲ្យមនុស្សស្គាល់ក្ដីទុក្ខដែលទង្គុកទង្គិចដូចអង្រែនិងត្បាល់ថា : អង្រែនិងត្បាល់ ប្រតាប់ប្រញាល់ ទង្គិចឥតស្ងួន ប្រៀបដូចពួកសត្វ រងទុក្ខផ្ទួនៗ រាល់រូបរាល់ខ្លួន ចៀសវាងមិនផុត។
➥ អង្រែដែក៖ (អង់-រែ—) នាមសព្ទ៖ ឈ្មោះប្រទាលមួយប្រភេទ ស្លឹកស្រដៀងនឹងម្នាស់តែក្រាស់ៗ សម្បុរប្រផេះឥតបន្លា។
ឈ្មោះឈើមួយប្រភេទ ជាគូគ្នានឹងដើមត្បាល់ដែក
ដើមអង្រែដែក។ ដើមត្បាល់ដែកនិងអង្រែដែក តាមតម្រាពេទ្យសម័យបុរាណថា ប្រើជាថ្នាំរម្ងាប់រោគបានច្រើនយ៉ាង។
➥ អង្វរ៖ (អង់-វ៉) កិរិយាសព្ទ៖ (ស. ប្រើជា អ្ចនវ្ចន អ.ថ. អន់វ៉ន) ពោលពាក្យលំអុតទទូចបន្ទន់ចិត្ត ឲ្យអាណិត, ឲ្យចុះសម្រុង, ឲ្យយល់ព្រម តាមបំណងរបស់ខ្លួន
អង្វរឲ្យយល់ព្រមតាម, អង្វរឲ្យលែងប្រកាន់ទោស។ អង្វរចិត្ត សូមឲ្យចុះចិត្តតាម។
➥ អង្វរករ៖ (អង់-វ៉-ក) កិរិយាសព្ទ៖ លើកដៃសំពះអង្វរឲ្យគេអាណិត; អង្វរងោចៗរឿយៗ
ឯងខុសហើយ ត្រូវតែអង្វករគេទៅ! (មើលក្នុងពាក្យ ករ ផង)។
➥ អង្វែង៖ (អង់-វ៉ែង) គុណសព្ទ៖ វែងឆ្ងាយណាស់ហើយ
យូរអង្វែង, កាលអង្វែង, របស់អង្វែង, អង្វែងឆ្នាំហើយ; សូមឲ្យបានប្រកបដោយសេចក្ដីសុខអស់កាលជាអង្វែងទៅ!
➥ អង្ស៖ (អង់-សៈ) នាមសព្ទ៖ (ស.បា. អំស) ស្មា។ ខ្មែរច្រើនប្រើជា អង្សា; (រ.ស.) : ព្រះអង្សា ស្មាក្សត្រិយ៍។ អង្សកូដ ចង្កួយស្មា (រ.ស.) : ព្រះអង្សកូដ។ អង្សភណ្ឌ គ្រឿងលី, រែក, ពុន, សែង (ហៅ អង្សិកភណ្ឌ ក៏បាន)។ អង្សភារៈ ទម្ងន់ដែលត្រូវនាំទៅមកដោយស្មា គឺអ្វីៗដែលមានទម្ងន់ត្រូវលី, រែក, ពុន, សែង។ អង្សហារ ការនាំអ្វីៗទៅមកដោយស្មា។ អង្សហារក (—រ៉ក់) ឬ —ហារី អ្នកធ្វើការចិញ្ចឹមជីវិតដោយការលីឬរែក, ពុន, សែង។ (បើស្ត្រីជា អង្សហារិកា ឬ —ហារិនី)។ ល។
➥ អង្ស័ក៖ (អង់-ស័ក) នាមសព្ទ៖ (សំ.បា. អំស « ស្មា », អំសក ឬ អំសិក «ដែលទាក់ទងឬជាប់ដោយស្មា ») កាសាវពស្ត្រមួយយ៉ាងសម្រាប់បព្វជិតពុទ្ធសាសនិកសម័យសព្វថ្ងៃពាក់ពាតលើស្មាខាងឆ្វេងព័ទ្ធមកក្រោមក្លៀកខាងស្ដាំ ប្រើជាទ្រនាប់ញើសពីខាងក្នុងឧត្តរាសង្គ, ជាគ្រឿងបរិក្ខាររាយរង ឬបរិក្ខារពិសេស ប្រើក៏បាន មិនប្រើក៏បាន ព្រោះគ្រឿងបរិក្ខារនេះ ពុំមែនជាពុទ្ធានុញ្ញាតទេ … ដូចគ្នានឹង វត្ថពន្ធទ្រូង ដែរ ប្រើក៏បាន មិនបាច់ប្រើក៏បាន ជាចីវររាប់ចូលក្នុង បរិក្ខារចោឡៈ ដែលអដ្ឋកថាប្រាប់ថា បព្វជិតប្រើច្រើនប៉ុន្មានក៏បាន ឥតមានកំហុសទេ (ព.វិ. ពុ.)។ មើលក្នុងពាក្យ វត្ថពន្ធ ផង។
➥ អង្សា៖ (អង់-សា) នាមសព្ទ៖ (សំ.បា. អំស) ស្មា (រ.ស.) ព្រះអង្សា ស្មាក្សត្រិយ៍ (មើលក្នុងពាក្យ អង្ស ឬ អង្សៈ ផង)។
នាមសព្ទ៖ (សំ. អំឝ; បា. អំស) ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុមឬជ្រុង។ ឈ្មោះមាត្រារង្វាស់ល្វែងរាសី … (៣០ អង្សាជា ១ រាសី, ១២ រាសីជា ១ រាសិចក្រ ឬ ១ចក្ររាសី មាន ៣៦០ អង្សា …។ មើលក្នុងពាក្យ រាសិចក្រ និង រាសី ផង)។
កម្រិតគំនូសលេខលើប្រដាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម កម្ដៅឡើងដល់ ៤០ អង្សា។
ពាក្យហៅថ្ងៃទាំង ៧ តាំងពីអាទិត្យដល់សៅរ៍ ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស (តាមក្បួនព្រាហ្មណ៍) ហៅថា អង្សា ឬ អង្សាកំណើត គឺតម្រូវដោយកំណត់ថា ឆ្នាំជូតនិងឆ្នាំមមែ អង្សាអាទិត្យ; ឆ្នាំឆ្លូវ, វក អង្សាចន្ទ្រ; ឆ្នាំខាល, រកា អង្សាអង្គារ; ឆ្នាំថោះ, ច អង្សាពុធ; ឆ្នាំរោង, កុរ អង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់ អង្សាសុក្រ; ឆ្នាំមមី អង្សាសៅរ៍; តាមចាស់ៗ ធ្លាប់ចំណាំមកថា មនុស្សចាស់ជរា ដល់វេលានឹងស្លាប់ ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លួនឬក្នុងថ្ងៃដើមអង្សា (មុនថ្ងៃអង្សា១ថ្ងៃ) ឬក៏ក្នុងថ្ងៃចុងអង្សា (ក្រោយថ្ងៃអង្សាមួយថ្ងៃ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ (មើលក្នុងពាក្យ ជតា ផង)។ (មើលក្នុងពាក្យ អង្សា ន.)។
➥ អង្សាកំណើត៖ មើលក្នុងពាក្យ អង្សា ន.។
➥ អង្សិក៖ (អង់-សិ-កៈ ឬ —សិក) គុណសព្ទ៖ (សំ.បា. អំសិក) ដែលទាក់ទងឬជាប់ដោយស្មា, ដែលនាំយកទៅមកដោយស្មា; អ្វីៗដែលត្រូវលី, រែក, ពុន, សែង។ អង្សិកភណ្ឌ (មើលក្នុងពាក្យ អង្សភណ្ឌ ក្នុងពាក្យ អង្ស ឬ អង្សៈ)។ អង្សិកវត្ថុ វត្ថុដែលត្រូវលីឬរែក, ពុន, សែង។ ល។
នាមសព្ទ៖ (សំ.បា. អំសិក) ដែលទាក់ទងឬជាប់ដោយស្មា, ដែលនាំយកទៅមកដោយស្មា; អ្វីៗដែលត្រូវលី, រែក, ពុន, សែង។ អង្សិកភណ្ឌ (មើលក្នុងពាក្យ អង្សភណ្ឌ ក្នុងពាក្យ អង្ស ឬ អង្សៈ)។ អង្សិកវត្ថុ វត្ថុដែលត្រូវលីឬរែក, ពុន, សែង។ ល។
➥ អង្សុ៖ (អ័ង-សុ) នាមសព្ទ៖ (បា. អំសុ; សំ. អំឝុ) រស្មី។ អង្សុមន្ដ (—ម៉ន់) ឬ អង្សុមាលី អ្នកមានរស្មី ឬអ្នកមានកម្រងរស្មី (ព្រះអាទិត្យ)។ អង្សមាលា កម្រងរស្មី, ខ្សែរស្មី។ ល។
➥ អង្អែល កិរិយាសព្ទ៖ យកដៃពាល់ត្រដុសស្រាលៗរឿយៗ ឬស្ទាបច្បូតចុះច្បូតឡើងស្រាលៗរឿយៗ
អង្អែលខ្នង មាតាអង្អែលបុត្រ (មើលក្នុងពាក្យ បបោសអង្អែល និង ស្ទាប ផង)។
➥ អចល៖ (អៈចៈល៉ៈ) គុណសព្ទ៖ (សំ.បា.) ដែលមិនកម្រើក, មិនកក្រើក, មិនរំភើប; នឹង, នឹងធឹង, នឹងនៅ; ស្ងប់។ ន. ភ្នំ។ អចលគ្រាម ស្រុកដែលស្ងប់ឥតរបះរបោរ, ស្រុកដែលមានសន្តិសុខ។ អចលចិត្ត ចិត្តនឹង, ចិត្តនឹងធឹង; ចិត្តស្ងប់។ អចលភណ្ឌ ភណ្ឌៈដែលលើកយកទៅណាពុំរួច។ អចលរដ្ឋ រដ្ឋសុខស្ងប់។ អចលវត្ថុ អសង្ហារិមវត្ថុ, អចលភណ្ឌ (ខ្មែរច្រើនប្រើជា អចលនវត្ថុ)។ អចលស្សទ្ធា (អៈចៈល៉័សស័ត-ធា) ការជឿស៊ប់ឥតងាកបែរ។ ល។
➥ អចលនៈ៖ (អៈចៈល៉ៈន៉ៈ) នាមសព្ទ៖ (សំ.បា. អចលន) ការមិនកក្រើក, មិនកម្រើក, មិនរំភើប; ការស្ងប់។ អចលនភាព ភាវៈមិនកម្រើក។ អចលនវត្ថុ (អៈចៈល៉ៈន៉ៈវ័ត-ថុ) មើលក្នុងពាក្យ អចល (គួរប្រើជា អចលវត្ថុ វិញ ព្រោះ អចល ជា គុ., អចលន ជា ន., ដែលពុំគួរផ្សំជាមួយនឹងវត្ថុ ជា ន. ដែរ, ឬប្រើ អសង្ហារិមវត្ថុ វិញក៏បាន)។
➥ អចលា៖ (អៈចៈល៉ា) នាមសព្ទ៖ (សំ.បា.) ប្រឹថពី, ពសុធា, ផែនដី (ព.កា.)
សព្វសត្វធម្មតា នៅលើអចលា មហាប្រឹថពី សឹងមានបំណង ប៉ងឲ្យមានក្ដី- សុខរាល់រាត្រី មិនឲ្យអាប់អន់។ ខ្លះបែរជាឃ្វាង ធ្វើខុសច្រងាង ស្លើតស្លក់ស្លោស្លន់ យល់ខុសជាត្រូវ ដើរតាមផ្លូវភ័ន្ដ ពុទ្ធារហន្ត ប្រដៅពុំកើត។
➥ អចិត្ត៖ (អៈចិត) គុណសព្ទ៖ (សំ.) ល្ងង់, ខ្លៅ : មនុស្សអចិត្ត; បើស្ត្រីជា អចិត្តា (ព.កា.)។ អចិត្ត! ល្ងង់! ទើងមើង!។ អចិត្តជន ឬ —បុគ្គល ជនឬបុគ្គលល្ងង់, មនុស្សខ្លៅ។
➥ អចិត្តកៈ៖ (អៈចិត-តៈកៈ) គុណសព្ទ៖ (បា. អចិត្តក) ដែលមិនប្រកបដោយចិត្ត គឺដែលឥតមានបំណង, ដែលមិនក្លែង : សិក្ខាបទនេះជាអចិត្តកៈ (ព.វិ. ពុ.)។ ព.ផ្ទ. សចិត្តកៈ។ អចិត្តកកម្ម អំពើដែលភ្លាត់ភ្លាំងធ្វើដោយឥតក្លែង។ អចិត្តកទោស ទោសដែល សូម្បីឥតក្លែងធ្វើសោះ ក៏ត្រូវតែមាន (ព្រោះកន្លងបញ្ញត្តិ)។ អចិត្តកាបត្តិ (បា. < អចិត្តក + អាបត្តិ) អាបត្តិដែលភិក្ខុ ទោះបីឥតក្លែងធ្វើសោះ ក៏គង់តែត្រូវ (ព្រោះកន្លងពុទ្ធប្បញ្ញត្តិ)។ ល។
➥ អចិត្តិភាព៖ (អចិត-តិ-ភាប) នាមសព្ទ៖ (សំ. អចិត្តិ) ភាវៈឬដំណើរភ្លេចស្មារតី, ការភ័ន្ដស្មារតី; ដំណើរស្រឡាំងកាំង។ ព.កា. សម្រាប់ឲ្យប្រុងស្មារតីថា
អចិត្តិភាព តែងមានដរាប ព្រោះក្ដីប្រមាទ ទ្វេធ្វេសស្មារតី មិនខំសង្វាត បណ្ដោយឲ្យឃ្លាត រវាតការចាំ។
➥ អចិន្តា៖ (អៈចិន-តា ឬ —ដា) នាមសព្ទ៖ (សំ.) ការនឹកពុំឃើញ, ការនឹកពុំដល់; ដំណើរពុំបានជាចាប់ភ្លឹក; ការឥតគំនិត។
➥ អចិន្ត្រសយ៍៖ (អៈចិន-ត្រៃ) គុណសព្ទ៖ (បា. អចិន្តេយ្យ; សំ. អចិន្ត្យ, អចិន្តនីយ) ដែលពុំគួរគិត, ដែលពុំអាចគិតឃើញ, ដែលហួសវិស័យគំនិត (បើទុកជាខំប្រឹងគិតយ៉ាងណា ក៏ពុំអាចឃើញដោយសព្វគ្រប់បាន)។
នាមសព្ទ៖ ហេតុឬដំណើរដែលពុំគួរគិត។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា «មិនចេះអស់ មិនចេះហើយឬរកទីចប់គ្មាន» ក៏មាន, ថា «ជានិច្ច» ក៏មាន ដំណើរនេះជាអចិន្ត្រៃយ៍; ទៅមកជាអចិន្ត្រៃយ៍។
ក្នុងគម្ពីរពុទ្ធសាសនាថា អចិន្ត្រៃយ៍ មាន ៤ យ៉ាងគឺ វិស័យរបស់ព្រះសព្វញ្ញុពុទ្ធ, វិស័យនៃឈាន, ផលនៃកម្ម, ការគិតអំពីលោក ឬ គំនិតនៃសត្វលោក (ទាំង ៤ យ៉ាងនេះជាដំណើរហួសវិស័យគំនិត)។
➥ អចិរ៖ (អៈចិ-រ៉ៈ) គុណសព្ទ៖ (សំ.បា.) ដែលមិនយូរ, ឆាប់, ភ្លាមៗ; ដែលមិនឋិតថេរ។ អចិរកាល កាលឬវេលាមិនយូរ, ពេលខ្លី (ព.ផ្ទ. ចិរកាល ឬ ចីរកាល)។ អចិរដ្ឋិត ឬ —ស្ថិត (—រ៉ាត់-ឋិត ឬ —រ៉ាស់-ស្ថិត) ដែលឋិតនៅឬតាំងនៅមិនយូរ : របស់អចិរដ្ឋិត។ អចិរដ្ឋិតិ ឬ —ស្ថិតិ (—រ៉ាត់-ឋិ-តិ ឬ —រ៉ាស់-ស្ថិ-តិ) ការឋិតនៅឬតាំងនៅមិនយូរ។ អចិរទ្យុតិ, អចិរប្បភា, —ប្រភា, —ភាស ឬ អចិរាភា (—ទ្យុត, —រ៉ាប់-ប៉ៈ ឬ ប្រៈ —, —រ៉ា —) ជោតិភាពដែលមានពន្លឺឬរស្មីមិនយូរ គឺមានពន្លឺភ្លែតៗបាត់ (ផ្លេកបន្ទោរ, មហារីក ឬ ស្វាញាក់ចិញ្ចើម)។ អចិរនិវាស ការនៅមិនយូរប៉ុន្មាន; ការនៅសម្នាក់ឬនៅសម្រាកភ្លាមៗ។ អចិរនិវាសី អ្នកដែលនៅមិនយូរប៉ុន្មាន; ភ្ញៀវដែលមកនៅសម្នាក់មួយពេលពីរពេល (បើស្ត្រីជា អចិរនិវាសិនី)។ ល។
➥ អចេលកៈ៖ (អៈចេល៉ៈកៈ) នាមសព្ទ៖ (សំ. អចេលក) អ្នកមិនស្លៀកសំពត់ គឺអ្នកបួសពួកតិរ្ថិយដែលតមមិនស្លៀកសំពត់ ដោយប្រកាន់តាមលទ្ធិថាការប្រព្រឹត្តដូច្នេះ ជាគ្រឿងកម្ចាត់សេចក្ដីលោភជាដើម (អ្នកបួសអាក្រាត)
ពួកអចេលកៈមានតែក្នុងប្រទេសឥណ្ឌា។ (មើលក្នុងពាក្យ ទិគម្ពរ ផង។)
➥ អចេស្ដា៖ (ជើង ដ, អៈចែស-ស្ដា) នាមសព្ទ៖ (សំ. អចេឞ្ដា) ដំណើរឥតចេស្ដា គឺដំណើរទន់ខ្សោយ, អស់កម្លាំង, អស់ការប្រឹងប្រែង; ដំណើរកម្រើកអវយវៈមិនកើត។ ព.កា. ថា
បណ្ឌិតលោកថា រីអចេស្ដា នាំចិត្តនិងកាយ ឲ្យអន់ទន់ខ្សោយ រាយមាយរសាយ កិច្ចការទាំងឡាយ រមែងកើលគាំង។ ព.ផ្ទ. ចេស្ដា។
➥ អចៃដន្យ នាមសព្ទ៖ (សំ. អចៃតន្យ) ដំណើរមិនបណ្ដាលឲ្យគិតឃើញ, ការបាំងគំនិត ឬការនាំឲ្យបាំងគំនិត
ដំណើរនុះជាអចៃដន្យ។ ព.ផ្ទ. ចៃដន្យ។
➥ អច្ចុត៖ (អ័ច-ចុ-តៈ ឬ —ចុត) គុណសព្ទ៖ (បា.; សំ. អច្យុត) ដែលឥតកម្រើក; ខ្ជាប់ខ្ជួន; នឹងធឹង។ ន. ព្រះនិព្វាន; អ្នកប្រព្រឹត្តធម៌ខ្ជាប់ខ្ជួន, អ្នកមានចិត្តនឹងធឹង វិស្ណុ។ អច្ចុតតាបស ឬ —ឥសី, —ឫសី តាបសឬឥសីអ្នកប្រព្រឹត្តធម៌ខ្ជាប់ខ្ជួន (នាមឥសីមួយរូបក្នុងរឿងមហាវេស្សន្ដរជាតក ដែលជូជកបញ្ឆោតឲ្យប្រាប់ផ្លូវទៅចួបនឹងព្រះវេស្សន្ដរ)។
➥ អច្ចេក៖ (អ័ច-ចេកៈ) គុណសព្ទ៖ (បា.) ដែលប្រញឹកប្រញាប់, រវៀសរវៃ, រួសរាន់, ភ្លាមៗ; ដែលខុសប្រក្រតី។ អច្ចេកចីវរ ចីវរដែលទាយករវៀសរវៃចាត់ចែងប្រគេនបព្វជិត ព្រោះគេឃើញការមិនទៀងនៃជីវិតរបស់គេ (ព.វិ. ពុ.)។ អច្ចេកទាន ទានដែលគេរវៀសរវៃឲ្យ ព្រោះគេឃើញថា ជីវិតរបស់គេមិនទៀង។ អច្ចេកយាត្រា យាត្រារូសរាន់។ ល។
➥ អច្ឆរា៖ (អ័ច-ឆៈរ៉ា) នាមសព្ទ៖ (បា.; សំ. អប្សរស៑) ស្រីអប្សរ, ស្រីសួគ៌។ អច្ឆរាទេពី ឬ —ទេវី (ព.ប្រ.) ទេពីមានលម្អដូចជាស្រីអប្សរ។
➥ អច្ឆរិយ៖ (អ័ច-ឆៈរ៉ិ-យៈ) គុណសព្ទ៖ (បា.; សំ. អាឝ្ចយ៌) ដែលគួរស្ងើចក្រៃពេក; ដែលគួរទះដៃស្ងើចសរសើរ; ដែលគួរស្ញែងក្រៃពេក (អស្ចារ្យ)។ អច្ឆរិយការណ៍ ឬ —ហេតុ ការណ៍ឬហេតុជាអស្ចារ្យ។ អច្ឆរិយបុគ្គល បុគ្គលអស្ចារ្យ។ អច្ឆរិយបុរស បុរសអស្ចារ្យ។ អច្ឆរិយមនុស្ស មនុស្សអស្ចារ្យ, មនុស្សឧត្តមបំផុតឥតមានពីរ : ព្រះសព្វញ្ញុពុទ្ធជាអច្ឆរិយមនុស្ស។ អច្ឆរិយវត្ថុ វត្ថុដែលគួរកោតសរសើរ, វត្ថុដែលគួរឲ្យស្ងើចក្រៃពេក។ ល។
➥ អច្ឆាទនៈ៖ (អ័ច-ឆាទៈនៈ) នាមសព្ទ៖ (បា. អច្ឆាទន; សំ. អាច្ឆាទ ឬ អាច្ឆាទន) គ្រឿងបិទបាំងរាងកាយ គឺសំពត់ស្លៀកដណ្ដប់, គ្រឿងស្លៀកដណ្ដប់គ្រប់យ៉ាង, សម្លៀកបំពាក់
—ខ្វះអច្ឆាទភណ្ឌ។
➥ អច្ឆាទភណ្ឌ៖ (អ័ច-ឆាទៈភ័ន) នាមសព្ទ៖ មើលក្នុងពាក្យ អច្ឆាទនៈ។
➥ អច្ឆាវ័ទ កិរិយាសព្ទ៖ (សំ. អច្ឆាវទ៑) គោរព, ធ្វើឬសម្ដែងសេចក្ដីគោរព; គំនាប់។
នាមសព្ទ៖ ការសម្ដែងសេចក្ដីគោរព; ការគំនាប់
ធ្វើអច្ឆាវ័ទ។
➥ អច្ឆិទ្ទវុត្តិនី៖ មើលក្នុងពាក្យ អច្ឆិទ្ទវុត្តី។
➥ អច្ឆិទ្ទវុត្តី៖ (អ័ច-ឆិត-ទៈវុត-តី) នាមសព្ទ៖ (បា.) អ្នកដែលប្រព្រឹត្តធ្វើការងារជាប់ជានិច្ច; អ្នកប្រព្រឹត្តសេចក្ដីល្អជានិច្ច (បើស្ត្រីជា អច្ឆិទ្ទវុត្តិនី)។
➥ អច្ឆិទ្រព្រឹត្តិ៖ (អ័ច-ឆិត-ទ្រៈព្រឹត) នាមសព្ទ៖ (សំ. —វ្ឫត្តិ; បា. អច្ឆិទ្ទវុត្តិ) ការប្រព្រឹត្តមិនដាច់, ដំណើរធ្វើការងារជាប់ជានិច្ច (ច្រើននិយាយតែពីការល្អ)
មនុស្សមានអច្ឆិទ្រព្រឹត្តិតែងបានសម្រេចប្រយោជន៍សមតាមបំណង។ ព.កា. ថា : អច្ឆិទ្រព្រឹត្តិ ជនជាបណ្ឌិត ពេញចិត្តរាល់ប្រាណ រមែងកាន់យក ពុំឲ្យខាតខាន ព្រោះនាំឲ្យបាន ប្រយោជន៍ខ្ពង់ខ្ពស់។
➥ អជដាកាស៖ (អៈជៈ—) នាមសព្ទ៖ (សំ.បា. អជដា «ដែលឥតមានអ្វីទើសទែង» + អាកាស) អាកាសល្ហល្ហេវឬធ្លុងត្លេវ, អាកាសវាលធំធេងសន្លឹមលន្លឹមបែកផ្សែង
ខ្យល់អជដាកាស ខ្យល់ទ្រទឹក។
➥ អជនប្រទេស៖ (អៈជៈនៈ—) នាមសព្ទ៖ (សំ. អជន «ដែលឥតមនុស្ស; ស្ងាត់» + ប្រទេឝ) ប្រទេសឥតមនុស្ស, ឋានស្ងាត់; ព្រៃសុទ្ធ, ព្រៃធំទុគ៌មស្ងាត់។
➥ អជ្ឈត្តសន្ដាន៖ (អ័ច-ឈ័ត-តៈសន់-ដាន) នាមសព្ទ៖ (បា. អជ្ឈត្ត + សន្ដាន; សំ. អធ្យាត្ម) សន្ដានចិត្តរបស់ខ្លួន; វិស័យនៃខ្លួន
តាមអជ្ឈត្តសន្ដានរៀងខ្លួន។
➥ អជ្ឈត្តិកទាន៖ (អ័ច-ឈ័ត-តិ-កៈ—) នាមសព្ទ៖ (បា.) ទានដែលប្រព្រឹត្តទៅខាងក្នុង គឺការឲ្យទានខ្លួនឬឲ្យទានបុត្រភរិយាទៅស្មូម
ព្រះវេស្សន្ដរទ្រង់ពេញព្រះទ័យនឹងធ្វើអជ្ឈត្តិកទាន។
➥ អជ្ឈាចារ៖ (អ័ច-ឈាចា) នាមសព្ទ៖ (បា.) ការប្រព្រឹត្តកន្លងបញ្ញត្តិ, ការប្រព្រឹត្តខុសច្បាប់; មារយាទអាក្រក់
មនុស្សមានអជ្ឈាចារគេពិបាកស្ដីថាណាស់។ វេវ. វីតិក្កម ឬ វីតិក្រម។
➥ អជ្ឈាស័យ៖ (អ័ច-ឈាសៃ) នាមសព្ទ៖ (បា. អជ្ឈាសយ < អធិ «សង្កត់» + អា-សយ «ដេកអាស្រ័យនៅ, ដេកក្រាញនៅ», អធិ > អជ្ឈ; សំ. អធ្យាឝយ) សភាវៈដែលដេកអាស្រ័យនៅក្នុងចិត្ត (អធ្យាស្រ័យ) គឺបំណង, ចំណង់ចិត្ត, ចំណុចចិត្ត; អារម្មណ៍ (ម. ប្រ., ច្រ. ប្រ. អធ្យាស្រ័យ ជាង)។
➥ អជ្ឈុប្បាតកៈ៖ (អ័ច-ឈុប-ប៉ាតៈកៈ) នាមសព្ទ៖ (បា. អជ្ឈុប្បាតក + សត្ត, < អធិ > អជ្ឈ + ឧប្បាតក) សត្វបក្សីដែលរកស៊ីដោយការឆាបឆក់
អក, ខ្លែង, ប្រមង់, រអាត, ស្ទាំង, … ជាអជ្ឈុប្បាតកៈ ឬជា អជ្ឈុបាតកសត្ត។
➥ អជ្ឈុប្បាតកសត្ត៖ (អ័ច-ឈុប-ប៉ាដក់ ឬ —ស័ត) នាមសព្ទ៖ មើលក្នុងពាក្យ អជ្ឈុប្បាតកៈ។
➥ អជ្ឈេសនា៖ (អ័ច-ឈេសៈន៉ា) នាមសព្ទ៖ (បា.) ការអញ្ជើញ, សម្ដីអញ្ជើញ; ការអារាធនា, ការនិមន្ដ, សម្ដីនិមន្ដ; ការអង្វរ
ធ្វើអជ្ឈេសនា។
➥ អញ៖ (អាញ់) បុសសព្វនាម៖ ខ្ញុំ (ជាអញ្ញត្រសព្ទ)។
ពាក្យសម្រាប់ហៅខ្លូនឯង ជាសម្ដីកូនក្មេង និយាយទៅរកកូនក្មេងផងគ្នា ឬមនុស្សចាស់និយាយទៅរកកូនក្មេង, និយាយទៅរកមនុស្សស្មើភាពដែលស្និទ្ធស្នាល ឬក៏អ្នកធំនិយាយទៅរកអ្នកតូចដោយស្និទ្ធស្នាល ឯងទៅចុះ អញមិនទាន់ទៅទេ!។
ខ្មែរបុរាណព្រេងនាយប្រើជាពាក្យខ្ពស់, មានពាក្យក្នុងសិលាចារឹកថា វ្រះកម្រតាងអញ (—ក័ម-ម្រ៉ៈ—) គឺព្រះតេជព្រះគុណរបស់ខ្ញុំ ឬលោកអ្នកធំរបស់ខ្ញុំ។ អញខ្ញុំ; អញខ្ញុំព្រះអង្គ; អញខ្ញុំម្ចាស់ ខ្ញុំ; ខ្ញុំព្រះអង្គ; ខ្ញុំម្ចាស់ (ព.បុ. ប្រើតែក្នុងសម័យព្រេងនាយ)។ អញឯង ខ្ញុំឯង។
➥ អញ្ចង៖ (អាញ់-ចង) នាមសព្ទ៖ នេសាទុបករណ៍មួយប្រភេទមានក្រឡាដូចមងតែមានដងទាំងពីរខាង សម្រាប់កាន់ដឹកវាត់ឲ្យជាប់មច្ឆជាតិក្នុងទឹកមានជម្រៅល្មមដើរបាន
ដឹកអញ្ចង។
➥ អញ្ចាច៖ (អាញ់-ចាច) គុណសព្ទ៖ ដែលរាចពាសពេញតែរាក់មើលឃើញស្ងាចត្រដាច (ចំពោះតែទឹក)
ទឹកជន់សាយចូលវាលអញ្ចាច, ភ្លៀងដក់ទឹកអញ្ចាចៗតាមវាលស្រែ, ទឹករាចអញ្ចាចៗ (ប្រើជា ចិញ្ចាច ក៏មាន, សំដៅសេចក្ដីថា «ដែលមើលទៅឃើញទឹកសស្ងាចឬភ្លឺស្ងាច»)។
➥ អញ្ចាញ៖ (អាញ់-ចាញ) នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទ ដើមតូច មែកសាងញ៉ាង ស្លឹករង្វើលៗ ផ្កាលឿង ផ្លែមូលៗស្ដួចខាងក្បាល សណ្ឋានកដប វេលាទុំមានសម្បុរលឿង ផ្លែចាស់ប្រើការធ្វើជាតំណាប់បាន
ដើមអញ្ចាញច្រើនដុះក្នុងទំនាប ឬ ក្នុងព្រៃរនាម។
នាមសព្ទ៖ ស្នាមក្រឡាញៗនៅបាតដៃបាតជើង, ម្រាមដៃម្រាមជើង អញ្ចាញដៃ, អញ្ចាញជើង (លាយដៃ, លាយជើង)។
សាច់ដែលស្ទបស្រោបអវ:យវៈ ឬសាច់ដែលជ្រួញៗខ្ពស់ៗទាបៗស្រោបអវយវៈឯទៀត
អញ្ចាញធ្មេញ, អញ្ចាញក្រចក។
➥ អញ្ចាប៖ (អាញ់-ចាប) គុណសព្ទ៖ ដែលរាចឬហូររាក់រហែលៗ (ចំពោះតែទឹក)
ទឹកភ្លៀងរាចវាលស្រែអញ្ចាបៗ, ទឹកហូរអញ្ចាបៗ (ពាក្យនេះកាលណាបើនិយាយផ្ទួនថា អញ្ចាបៗ មានន័យស្រដៀងគ្នានឹងពាក្យ អញ្ចាចៗ ដែរ ស្ទើរជាវេវចនៈនឹងគ្នា)។
➥ អញ្ចូចៗ៖ (អាញ់ចូច-អាញ់ចូច) កិរិយាវិសេសន៍៖ ដែលមានអាការដំណើរខ្ញូចៗស្មើៗ
ដើរអញ្ចូចៗ; ដំណើរអញ្ចូចៗ (មើលក្នុងពាក្យ អញ្ជចៗ ឬ អញ្ជតៗ ផង)។
គុណសព្ទ៖ ដែលមានអាការដំណើរខ្ញូចៗស្មើៗ
ដើរអញ្ចូចៗ; ដំណើរអញ្ចូចៗ (មើលក្នុងពាក្យ អញ្ជចៗ ឬ អញ្ជតៗ ផង)។
➥ អញ្ជចៗ៖ (អាញ់—) កិរិយាវិសេសន៍៖ ដែលមានអាការដំណើរបន្ទន់ជង្គង់ជតៗខ្ពស់ៗទាបៗ
ដើរអញ្ជចៗ, រតអញ្ជតៗ; ដំណើរអញ្ជតៗ (និយាយថា អញ្ចូចៗ ក៏មាន)។
គុណសព្ទ៖ ដែលមានអាការដំណើរបន្ទន់ជង្គង់ជតៗខ្ពស់ៗទាបៗ
ដើរអញ្ជចៗ, រតអញ្ជតៗ; ដំណើរអញ្ជតៗ (និយាយថា អញ្ចូចៗ ក៏មាន)។
➥ អញ្ជ័ន៖ (អ័ញ-ជ័ន) នាមសព្ទ៖ (សំ.បា. អញ្ជន «ការបន្តក់ទឹកថ្នាំ; ថ្នាំទឹកសម្រាប់បន្តក់; ថ្នាំបន្តក់ភ្នែក; ឈ្មោះឈើមួយប្រភេទ; ឈ្មោះវល្លិមួយប្រភេទ; … ») ឈ្មោះវល្លិមួយប្រភេទ ដើមទន់ល្អួត ស្លឹកមូលៗល្អិតៗផ្កាមានព័ណ៌ផ្សេងៗ ប៉ុន្តែក្នុងកម្ពុជរដ្ឋច្រើនតែព័ណ៌ខៀវស្រស់
គេច្រើនដាំអញ្ជ័នឲ្យវារឡើងរបងភូមិ ឬឲ្យវារឡើងតោរណៈភូមិ។
➥ អញ្ជលិ៖ (អ័ញ-ជៈ—) នាមសព្ទ៖ (បា. ញ្ជលិ ឬប្រើជា អញ្ជលី ក៏មាន; សំ. អញ្ជលិ) ក្រពុំម្រាមដៃ (ទាំង ១០), ការផ្គុំម្រាមដៃទាំង ១០ គោរព : ប្រណម្យអញ្ជលី, លើកកំបង់អញ្ជលីប្រណម្យ (ពាក្យកាព្យប្រើក្លាយកាត់ខ្លីត្រឹមតែ ជុលី ក៏មាន : ប្រណម្យជុលី ដាក់លើសិរសី … «)។ អញ្ជលិកម្ម ឬ —ករ ការធ្វើអញ្ជលី គឺការលើកក្រពុំម្រាមដៃទាំង ១០ សំពះគោរព។ អញ្ជលិករណីយ (—កៈរ៉ៈណី) បុគ្គលដែលគួរឲ្យលើកអញ្ជលីសំពះគោរព (បុគ្គលដែលគួរឲ្យគេចង់សំពះ): អរិយបុគ្គលជាអញ្ជលិករណីយ។ ល។
➥ អញ្ជុល៖ (អាញ់-ជុល) នាមសព្ទ៖ (ព.បុ.) ម្ជុល
អញ្ជុលទុកឲ្យគង់ ប្រាក់ក្នុងថង់ទុកឲ្យជា ប្រើខ្ញុំមើលចិត្តវា ទោះកាចជាមើលឲ្យស្ដែង (សាស្ត្រាច្បាប់កេរ្តិ៍កាល)។
➥ អញ្ជើញ៖ (អាញ់-ជើញ) កិរិយាសព្ទ៖ ជូនដំណឹងឬហៅរកដោយគោរព ចំពោះឥស្សរជនជាគ្រហស្ថមានក្សត្រិយ៍ជាដើម ឬចំពោះសាធារណជនជាគ្រហស្ថដែលត្រូវប្រើពាក្យគួរសមទៅរក អញ្ជើញសម្ដេច, អញ្ជើញព្រះអង្គម្ចាស់, អញ្ជើញអស់លោក, អញ្ជើញពួកចាស់ទុំ ; … (ចំពោះបព្វជិតប្រើពាក្យថា និមន្ដ)។
ប្រើជាពាក្យបង្គាប់ឬអង្វរឲ្យទៅ, ឲ្យចូលជាដើម អញ្ជើញស្ដេច!, អញ្ជើញព្រះតេជព្រះគុណ!, អញ្ជើញលោក!, អញ្ជើញ!; …។
កិ.នុ. ប្រើជាជំនួយកិរិយាសព្ទពួកខ្លះ សម្រាប់និយាយទៅរកជនដែលត្រូវគោរព ព្រះតេជព្រះគុណអញ្ជើញទៅណា?, អញ្ជើញលោកចូល!, អញ្ជើញពិសា!; …។
ចំពោះក្សត្រិយ៍ ប្រើពាក្យថា ស្ដេច, យាង ក៏មាន (តាមគួរដល់ដំណើរសេចក្ដី) ទ្រង់ស្ដេចទៅណាក្រាបទូល? ; សូមស្ដេចព្រះករុណា …។
អញ្ជើញគ្រឿង នាំយកគ្រឿងដែលព្រះរាជាទ្រង់ប្រើប្រាស់ទៅដាក់ជិតព្រះអង្គ។ ពួកអញ្ជើញគ្រឿង ពួកមហាតលិកអ្នកអញ្ជើញគ្រឿង។ ល។ (គួរប្រយ័ត្នកុំនិយាយថា អន់ជើញ ឲ្យធ្លាប់មាត់)។
➥ អញ្ញត្រ៖ (អ័ញ-ញ៉ាត់-ត្រៈ) និបាតសព្ទ៖ (បា.; សំ. អន្យត្រ) ទីទៃ, ទីទៃផ្សេងពីគេ, ដោយឡែក, ផ្សេង, ផ្សេងដោយឡែក។ បា.ស. អញ្ញត្រភណ្ឌ ឬ —វត្ថុ ភណ្ឌៈឬវត្ថុផ្សេងៗ, ដោយឡែក។ អញ្ញត្រសព្ទ សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ (ដើម្បីរក្សាបែបដើមឲ្យគង់នៅ), ដូចជា នេះ, នោះ, ស្តេច, សម្ដេច, ស្រេច, សម្រេច, អញ, អ្នក (មានសំឡេងជា និះ, នុះ, ស្ដាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់); ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជា ខែមីនា (—នា) ថា (—ន៉ា), ព័ត៌មាន (ព័រ-តៈម៉ាន) ថា ព័រ-ដ៏មាន, វត្តមាន (វ័ត-តៈម៉ាន) ថា វ័ត-តៈមាន ជាដើម នេះក៏ជា អញ្ញត្រសព្ទដែរ ពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ។ ព.កា. ប្រាប់មិនឲ្យហ៊ានកែឬលុបអញ្ញត្រសព្ទ ថា
អញ្ញត្រសព្ទ ប្រើតាមទម្លាប់ ចាស់ព្រឹទ្ធព្រេងនាយ សរសេរយ៉ាងនេះ គេស្ដីឲ្យក្លាយ សូរសព្ទឃ្លាតឆ្ងាយ ពីការសរសេរ។ ដូចអញថាអាញ់ ពួកប្រាជ្ញមិនក្នាញ់ មិនហ៊ានបំបែរ មិនលុបលាងចោល មិនថ្កោលទោសដែរ បែបនេះពាក្យខ្មែរ សឹងមានក្រាស់ក្រែល។ ទោះជនជាតិណា នៅក្នុងលោកា ក៏គេពុំដែល ហ៊ានលុបលាងចោល ព្រោះថ្កោលថាក្អែល ថាជាដំណែល ខុសគួរលុបឡើយ។
➥ អញ្ញត្រសព្ទ៖ (អ័ញ-ញ៉ាត់-ត្រៈសាប់) នាមសព្ទ៖ មើលក្នុងពាក្យ អញ្ញត្រ។
➥ អញ្ញថាភាព៖ (អ័ញ-ញ៉ៈថាភាប) នាមសព្ទ៖ (បា. —ភាវ) ភាវៈទីទៃឬផ្សេងពីគ្នា, ដំណើរផ្ទុយគ្នាឬជាទំនាស់នឹងគ្នា; វិបល្លាស; ការប្រែប្រួល
ខុសជាអញ្ញថាភាពនឹងត្រូវ។
➥ អញ្ញបទ៖ (អ័ញ-ញ៉ៈ-បត់) នាមសព្ទ៖ (បា.; សំ. អន្យ—) បទដទៃ គឺបទដែលស្ទុះចេញពីក្នុងវិគ្គហៈទៅជាប្រធាន (ពាក្យប្រើក្នុងវេយ្យាករណ៍សំស្ក្រឹតនិងបាលី)។
➥ អញ្ញវាទកម្ម៖ (អ័ញ-ញ៉ៈវាទៈក័ម) នាមសព្ទ៖ (បា.) សម្ដីពោលគេចកែផ្សេងទីទៃពីការណ៍ពិត គឺបើគេសួរពីរឿងអ្វីមួយខ្លួនក៏បែរជាឆ្លើយឬនិយាយបន្លែបន្លប់ពីរឿងឬពីហេតុដទៃទៅវិញ
អ្នកជាប់ចោទឬអ្នកធ្វើជាសាក្សីគេ ត្រូវឆ្លើយឬត្រូវនិយាយតាមការណ៍ពិត មិនត្រូវធ្វើអញ្ញវាទកម្មឡើយ ទើបរាប់ថាជាមនុស្សកាន់សុចរិតពិតត្រង់។
➥ អញ្ញាត៖ (អ័ញ-ញ៉ា-តៈ) គុណសព្ទ៖ (បា.; សំ. អជ្ញាត) ដែលមិនដឹង, មិនស្គាល់, មិនចេះ, មិនយល់; ល្ងង់; ដែលគេមិនស្គាល់; ពុំប្រាកដ។ អញ្ញាតកុលវង្ស (—កុ-ល៉ៈវង់) អ្នកដែលមានវង្សត្រកូលពុំប្រាកដ។ អញ្ញាតកេត ឬ —វាស អ្នកដែលមានលំនៅពុំប្រាកដ; មនុស្សសាត់អណ្ដែត។ អញ្ញាតក្រឹត អ្នកដែលធ្វើអ្វីៗស្មានៗ ព្រោះពុំយល់ការ។ អញ្ញាតជន (—ជន់) មនុស្សដែលគេពុំស្គាល់។ អញ្ញាតសីល អ្នកដែលមានសណ្ដាប់ធ្នាប់ឬសំបុកទ្រយុកយ៉ាងណាគេពុំអាចដឹងបាន។ ល។
➥ អញ្ញាតកជន៖ (អ័ញ-ញ៉ា-តៈកៈជន់) នាមសព្ទ៖ (បា. អញ្ញាតក; សំ. អជ្ញាតក) ជនដែលមិនមែនជាញាតិ; អ្នកដទៃ, អ្នកកន្ទៀត។ ព.ផ្ទ. ញាតិ។
➥ អញ្ញាតកវេស៖ (អ័ញ-ញ៉ា-តៈកៈវេស) នាមសព្ទ៖ (បា.) ការភៀសខ្លួនមិនឲ្យគេស្គាល់
ដោះខ្លួនចេញទៅនៅស្រុកដទៃដោយអញ្ញាតកវេស។
➥ អញ្ញាតកវេសក៖ (អ័ញ-ញ៉ា-តៈកៈវេសក់ ឬ —សៈកៈ) នាមសព្ទ៖ (បា.) អ្នកភៀសខ្លួន
មានអញ្ញាតកវេសកមកពីបរទេស; មនុស្សនោះជាអញ្ញាតកវេសក ព្រមទាំងប្រពន្ធជាអញ្ញាតកវេសិកាមកជាមួយគ្នាផងដែរ។
➥ អញ្ញូបត្ថម្ភិត៖ (អ័ញ-ញូ-ប៉័ត-ថ័ម-ភិត) នាមសព្ទ៖ ដូចគ្នានឹង អញ្ញោបត្ថម្ភិត ដែរ។
➥ អញ្ញោបត្ថម្ភិត៖ (អ័ញ-ញោ-ប៉័ត-ថ័ម-ភិត) នាមសព្ទ៖ (បា. អញ្ញុប— ឬ អញ្ញូប—, អញ្ញោប— < អញ្ញ «ដទៃ, ឯទៀត» + ឧបត្ថម្ភិត «ដែលគេទំនុកបម្រុង», ឧ > ឩ ឬ ឧ > ឱ) អ្នកដែលនៅក្នុងការទំនុកបម្រុងនៃអ្នកដទៃ; ប្រទេសដែលមានក្សត្រិយ៍ទ្រង់រាជ្យ ប៉ុន្តែនៅក្នុងការទំនុកបម្រុងនៃប្រទេសដទៃ (ប្រើជា អញ្ញូបត្ថម្ភិត ក៏បាន ឧ > ឩ)។ បារ. Protectorat ប្រូតេកតូរ៉ាត៍។
➥ អដវិក៖ (អៈដ—) នាមសព្ទ៖ (សំ.បា.) អ្នករក្សាដងព្រៃ, មេព្រៃ, វនបាល, អដវីបាល; មុខការថែរក្សាព្រៃ, ក្រសួងមេព្រៃ។ អដវិកាធិបតី អធិបតីក្រសួងមេព្រៃ។
➥ អដវី៖ (អៈដៈ—) នាមសព្ទ៖ (សំ.បា.) ដងព្រៃ; ព្រៃធំ។ អដវីកម្មករ អ្នកធ្វើការស៊ីឈ្នួលថែរក្សាព្រៃ។ អដវីបាល វនបាល។ អដវីបិសាច វនបិសាច។ អដវីប្រទេស វនប្រទេស។ ល។
➥ អដ្ដប្រតិភូ៖ (អ័ត-ដៈប្រៈ—) នាមសព្ទ៖ (បា.សំ.) អ្នកធានារឿងក្ដី, អ្នកថណាយក្ដី, អ្នកកាន់ក្ដី, ស្មាក្ដី (ព.កា.)
អដ្ដប្រតិភូ ត្រូវជាវិញ្ញូ ដឹងការណ៍ខុសគាប់ កុំល្មោភតែលាភ ក្រសាវប្រញាប់ កាន់ក្ដីខុសច្បាប់ ស្លាប់ប្រយោជន៍ខ្លួន។ មើលក្នុងពាក្យ ប្រតិភូ ផង។
➥ អដ្ឋ៖ (អ័ត-ឋៈ) បកតិសំខ្យា៖ (បា; សំ. អឞ្ដ) ប្រាំបី (៨)។ អដ្ឋង្គិក (អ័ត-ឋ័ង-គិ-កៈ ; បា. < អដ្ឋ «ប្រាំបី» + អង្គិក «ដែលមានអង្គ») ដែលមានអង្គ ៨, សម្មាមគ្គ (មើលក្នុងពាក្យ សម្មា)។ អដ្ឋង្គិកសីល សីលមានសិក្ខាបទ ៨ (សីល៨)។ អដ្ឋង្សៈ (អ័ត-ឋ័ង-សៈ; បា. អដ្ឋំស < អដ្ឋ «ប្រាំបី» + អំស «ភាគ; ជ្រុង; ភាគនៃមុម») ដែលមានភាគឬជ្រុង ៨ (ប្រំាបីភាគឬ៨ជ្រុង)។ អដ្ឋទិស ទិសប្រាំបី។ អដ្ឋបទ (—បត់) ដែលមានជើង ៨ (ក្ដារចត្រង្គឬក្ដារបាស្កា; ល្បែងចត្រង្គឬបាស្កា ជាដើម)។ អដ្ឋរស្ស (—រ៉ស់) ប្រាំបីជ្រុង : វិហារអដ្ឋរស្ស ឈ្មោះវិហារមួយធំលើភ្នំព្រះរាជទ្រព្យ (ក្រុងឧដុង្គមានជ័យ; អ្នកខ្លះធ្លាប់សរសេរជា អដ្ឋារស «១៨» ឥតពាក្យថា «ជ្រុង»)។ អដ្ឋស័ក ស័កទី ៨ នៃឆ្នាំ។ អដ្ឋសិក្ខាបទ ឬ —សីល សិក្ខាបទឬសីល ៨ (អដ្ឋង្គិកសីល)។ ល។
➥ អដ្ឋកថា៖ (អ័ត-ឋៈកៈ—) នាមសព្ទ៖ (បា. < អត្ថ—, ត្ថ > ដ្ឋ; សំ. អថ៌—) ពាក្យអធិប្បាយសេចក្ដីឲ្យងាយយល់, ពាក្យពន្យល់; វចនាធិប្បាយ; ពាក្យអធិប្បាយបាលី; គម្ពីរអធិប្បាយបាលី : ចេញអដ្ឋកថាពន្យល់, អដ្ឋកថាវិនយបិដក (មើលក្នុងពាក្យ អត្ថ ផង)។ អដ្ឋកថាចារ្យ (—បា; បា.សំ. < អដ្ឋកថា + អាចាយ៌; បា. អដ្ឋកថាចរិយ; សំ. អថ៌កថាចាយ៌) អាចារ្យអ្នកអធិប្បាយសេចក្ដីដែលលំបាកយល់ឲ្យងាយយល់; អាចារ្យអ្នកតែងគម្ពីរអដ្ឋកថា។ អដ្ឋកថាន័យ ន័យក្នុងគម្ពីរអដ្ឋកថា។ ល។
➥ អដ្ឋបរិក្ខារ៖ (អ័ត-ឋៈបរ៉ិក-ខា) នាមសព្ទ៖ (បា.) គ្រឿងប្រើប្រាស់ ៨ យ៉ាង សម្រាប់ព្រះពុទ្ធនិងបព្វជិតពុទ្ធសាសនិកត្រូវមានគឺ សង្ឃាដី, ឧត្តរាសង្គ (ចីពរ), អន្តរវាសក (ស្បង់), កាយពន្ធនៈ (វត្ថពន្ធចង្កេះ), បាត្រ (ព្រមទាំងស្លោកនិងយោគផង), កាំបិតកោរ (ព្រមទាំងថ្មសំលៀងផង), ម្ជុល (ព្រមទាំងបំពង់ម្ជុលនិងចេសផង), តម្រងទឹក (ទាំងតួនិងសំពត់សម្រាប់ត្រងផង); ឯបរិក្ខារក្រៅពីនេះក៏ជាគ្រឿងប្រើប្រាស់ដែរ ហៅថា បរិក្ខារពិសេស ពុំរាប់ថាជាអដ្ឋបរិក្ខារឡើយ (ព.វិ. ពុ.)។ មើលក្នុងពាក្យ បរិក្ខារ ផង។
➥ អដ្ឋបាន៖ (អ័ត-ឋៈបាន) នាមសព្ទ៖ (បា.) ទឹក ៨ ប្រភេទ ដែលបព្វជិតពុទ្ធសាសនិកគួរឆាន់ក្នុងវេលាវិកាលបាន គឺទឹកដែលធ្វើដោយផ្លែស្វាយ, —ដោយផ្លែព្រីង, —ដោយផ្លែចេកមានគ្រាប់, —ដោយផ្លែចេកឥតគ្រាប់, —ដោយផ្លែស្រគំ, —ដោយផ្លែច័ន, —ដោយមើមឬឫសនៃជលជាតិមានក្រឳឈូកជាដើម, —ដោយផ្លែមាក់ប្រាង។ មាន ៨ ប្រភេទដទៃទៀតគឺ ទឹកដែលធ្វើដោយផ្លែសង្ឃ័រ, —ដោយផ្លែពុទ្រាតូច, —ដោយផ្លែពុទ្រាធំ, —ដោយទឹកដោះគោរាវ, —ដោយប្រេងល្ងជាដើម, —ដោយទឹកដោះស្រស់, —ដោយទឹកបបរ, —ដោយរសជាតិនៃវត្ថុស្រស់ពួកខ្លះមានបន្លែជាដើម (សម្រាប់បព្វជិតមានជំងឺ)។ ហៅចំពោះឈ្មោះមួយៗ ឬហៅត្រឹមតែ ទឹកបាន ប៉ុណ្ណេះក៏បាន។
➥ អដ្ឋិ៖ (អ័ត-ឋិ) នាមសព្ទ៖ (បា.; សំ. អស្ថិ) ឆ្អឹង; លលាដ៍គ្រាប់ផ្លែ។ រ.ស. ព្រះអដ្ឋិ ឆ្អឹងក្សត្រិយ៍, អដ្ឋិធាតុក្សត្រិយ៍។ អដ្ឋិកល្យាណ (—កល់-យ៉ាន) លម្អឆ្អឹង (លម្អធ្មេញ)។ អដ្ឋិចម្មជាតិ ឬ —ចម្មសត្ត (—ច័ម-ម៉ៈ—) សត្វដែលមានឆ្អឹងជាស្បែក គឺសត្វដែលមានតែស្នូកឬសំបករូប ឥតស្បែក : អណ្ដើក, ក្ដាម, បង្កង, … ជាអដ្ឋិចម្មជាតិ។ អដ្ឋិធាតុ ឆ្អឹងដែលធ្វើឈាបនកិច្ចសុសហើយ (ប្រើចំពោះតែអដ្ឋិឥស្សរជនថ្នាក់ខ្ពស់ តាំងពីសេនាបតីឬរដ្ឋមន្ត្រីចុះមក): រើសអដ្ឋិធាតុ, តម្កល់អដ្ឋិធាតុ, បញ្ចុះអដ្ឋិធាតុ។ អដ្ឋិភក្ខ ឬ —ភ័ក្ខ សត្វដែលអង្កៀមឆ្អឹងជាអាហារ : សុនខ, ចចក, … ជាអដ្ឋិភក្ខ។ អដ្ឋិមិញ្ជៈ ឬ —មិញ្ជា ខួរក្នុងឆ្អឹង។ អដ្ឋិសង្ខលិក (—សង់-ខៈលិក) ឬ —សង្ឃាត រាងឆ្អឹង, គម្រោងឆ្អឹង។ អដ្ឋិសណ្ឋាន សណ្ឋានឆ្អឹង; រាងឆ្អឹង។ ល។
➥ អឌ្ឍ៖ (អ័ត-ឍៈ) គុណសព្ទ៖ (បា.; សំ. អធ៌) កន្លះ; ពាក់កណ្ដាល។ អឌ្ឍទិន កន្លះថ្ងៃ។ អឌ្ឍភាគ កន្លះភាគ។ អឌ្ឍមណ្ឌល កន្លះឬពាក់កណ្ដាលមណ្ឌល។ អឌ្ឍមាស កន្លះខែ។ អឌ្ឍរត្ត ឬ —រត្តិ (—រ័ត) កន្លះយប់, ពាក់កណ្ដាលយប់ (អធ្រាត្រ)។ អឌ្ឍសត្តាហៈ ឬ —សប្ដាហ៍ កន្លះសត្តាហៈ (កន្លះអាទិត្យ)។ ល។
➥ អឌ្ឍចន្ទ៖ (អ័ត-ឍៈច័ន) នាមសព្ទ៖ (បា.; សំ. អធ៌ + ចន្ទ្រ) ព្រះចន្ទ្រពាក់កណ្ដាលវង់ ឬព្រះចន្ទ្រកន្លះភាគ។
ព.ប្រ. ស្នាមគំនូស, ស្នាមចម្លាក់ឬអ្វីៗដែលមានសណ្ឋានដូចព្រះចន្ទ្រកន្លះភាគ; (ប្រើដូចជា គុ. ក៏បាន) គំនូសអឌ្ឍចន្ទ, សណ្ឋានអឌ្ឍចន្ទ។
ជណ្ដើរមានសណ្ឋានកាំដូចព្រះចន្ទកន្លះភាគ
អឌ្ឍចន្ទប្រាសាទ, អឌ្ឍចន្ទខឿនចេតិយ (រ.ស. ប្រើក្លាយតាមរជ្ជសម័យ, សូម្បីជណ្ដើរប្រាសាទឬដំណាក់ក្សត្រិយ៍ ដែលមានសណ្ឋានមិនដូចព្រះចន្ទកន្លះភាគទេក៏ហៅ អឌ្ឍចន្ទ ដែរ)។
➥ អឌ្ឍយោគ៖ (អ័ត-ឍៈយោក) នាមសព្ទ៖ (បា.) ផ្ទះមានដំបួលសណ្ឋានស្រដៀងនឹងចំអេងស្លាបគ្រុឌ; ផ្ទះមានដំបូលតែម្ខាង, បង្ហា។
➥ អណូ៖ (អៈណូ) គុណសព្ទ៖ (សំ.បា. អណុ) តូច, តូចឆ្មារ; ល្អិតណាស់។ ន. ឈ្មោះមាត្រាវាស់មួយយ៉ាងចំនួន ៣៦ បរមាណូ (មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង)។ អណូប្រមាណ ប្រមាណប៉ុនអណូ, ប្រមាណមួយអណូ
តូចឆ្មារណាស់ជាអណូប្រមាណ។
➥ អណ្ដាក់អណ្ដល់ កិរិយាវិសេសន៍៖ ដែលទម្រាំតែដល់ចេះតែលើកដាក់ៗ ច្រើនលើកច្រើនដង; ដែលតតាក់តតាំច្រើនដង
ធ្វើការអណ្ដាក់អណ្ដល់; ដំណើរអណ្ដាក់អណ្ដល់។
គុណសព្ទ៖ ដែលទម្រាំតែដល់ចេះតែលើកដាក់ៗ ច្រើនលើកច្រើនដង; ដែលតតាក់តតាំច្រើនដង
ធ្វើការអណ្ដាក់អណ្ដល់; ដំណើរអណ្ដាក់អណ្ដល់។
➥ អណ្ដាត នាមសព្ទ៖ ជិវ្ហា គឺអវយវៈមួយយ៉ាងនៅក្នុងមាត់ជាអាយតនៈខាងក្នុង ជាគូគ្នានឹងរសដែលជាអាយតនៈខាងក្រៅសម្រាប់គ្រលៀសគ្រលៀវ … (រ.ស. ហៅ ព្រះជិវ្ហា)។
វត្ថុមានរូបសណ្ឋានជាឡត មានមាត់ស្រប៉ើក សម្រាប់ផ្លុំឲ្យលាន់ឮសូរសព្ទ អណ្ដាតប៉ី, អណ្ដាតស្រឡៃ។
សាច់ឈើជាដើមមានសណ្ឋានស្រប៉ើក សម្រាប់ភ្ជិតឬគ្របបិទឲ្យជិតស្រួល លកអណ្ដាតក្ដារញីឈ្មោល, អណ្ដាតគម្របផ្តិល, អណ្ដាតគម្របប្រអប់។
ព.ប្រ. កម្សួលភ្លើងដែលចេញពន្លឺធ្លោឡើង អណ្ដាតភ្លើង។ ល។
អណ្ដាតត្រកួត ឬ អណ្ដាតពីរ, អណ្ដាតព្រែក គុ. (ព.ប្រ.) ដែលប្រើសម្តីរើរុះម្ដងដូច្នេះម្ដងដូច្នោះយកជាការប្រាកដពុំបាន មនុស្សអណ្ដាតត្រកួត ឬ —ពីរ, —ព្រែក។
ព.សុ. អណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត (គួរតែប្រយ័ត្នមាត់ កុំនិយាយឲ្យភ្លាត់ខុស)។
ស្លាប់ព្រោះអណ្ដាត ស្លាប់ព្រោះមាត់, ព្រោះសម្ដី។
ល្អព្រោះអណ្ដាត ល្អព្រោះមាត់, ព្រោះសម្ដី។
➥ អណ្ដាតគោ នាមសព្ទ៖ (ព.ប្រ.) ឈ្មោះតិណជាតិគោកមួយប្រភេទ ដើមរឹង ស្លឹករង្វើលៗ សណ្ឋានជាស្លឹករុក្ខជាតិគគ្រាតស្អិត (ស្រដៀងនឹងផ្ទៃអណ្ដាតគោ)
ឫសអណ្ដាតគោ ពេទ្យខ្មែរបុរាណច្រើនប្រើផ្សំជាថ្នាំឆ្នាំង …។
➥ អណ្ដាតឆ្កែ នាមសព្ទ៖ (ព.ប្រ.) ឈ្មោះត្រីឥតស្រកាមួយប្រភេទ រូបស្ដើងសណ្ឋានស្រដៀងនឹងអណ្ដាតឆ្កែ មានភ្នែកតែមួយ ត្រីអណ្ដាតឆ្កែ។
សាច់ដូងដែលនៅខ្ចីជ្រាយ
ដូងអណ្ដាតឆ្កែ។
➥ អណ្ដាតឆ្លាម នាមសព្ទ៖ (ព.ប្រ.) សំពត់ឬអ្វីមួយដែលលៀនលយសំយុងចុះក្រោមឬស្រប៉ើក
ស្លៀកសំពត់ទម្លាក់អណ្ដាតឆ្លាម។
➥ អណ្ដាតត្រកួត នាមសព្ទ៖ (ព.ប្រ.) ឈ្មោះឈើមួយប្រភេទប្រើការធ្វើជាថ្នាំរម្ងាប់រោគ (តាមតម្រាពេទ្យខ្មែរបុរាណ)។
គុណសព្ទ៖ ដែលមានសម្ដីរើរុះ; (មើលក្នុងពាក្យ អណ្ដាត)។
➥ អណ្ដាតសមុទ្រ នាមសព្ទ៖ (ព.ប្រ.) ឆ្អឹងទ្រូងត្រីមឹកមានរូបសណ្ឋានស្រដៀងនឹងអណ្ដាត សម្បុរ-ស សាច់រឹងច្រាញគគ្រាតៗ ប្រើការជាថ្នាំត្រជាក់ ឬប្រើការដុសខាត់លោហជាតិជាដើម
ដើររើសអណ្ដាតសមុទ្រដែលរលកបោកផាត់មកទើរលើដីនារ។
➥ អណ្ដាប់ នាមសព្ទ៖ ថ្នាក់, ជាន់, លំដាប់។ ព.សា. រណ្ដាប់។
គុណសព្ទ៖ ដែលមិនមែនជាប្រមុខ, សាធារណៈ; សាមញ្ញ; ដែលជាបរិវារគេ
ភិក្ខុអណ្ដាប់ ឬ លោកអណ្ដាប់ ភិក្ខុសាមញ្ញ។
➥ អណ្ដាប់អណ្ដា នាមសព្ទ៖ (ព.សា.) រណ្ដាប់រណ្ដា, រណ្ដាប់ផ្សេងៗ
រៀបអណ្ដាប់អណ្ដាទេយ្យទាន។
➥ អណ្ដាប់អណ្ដោយ នាមសព្ទ៖ (ព.សា.) លំដាប់លំដោយ
ត្រូវអង្គុយតាមអណ្ដាប់អណ្ដោយ (មើលក្នុងពាក្យ លំដោយ)។
➥ អណ្ដឺតអណ្ដក កិរិយាវិសេសន៍៖ អំពីអាការយំខ្សឹកខ្សួលខ្សេតខ្សតៗប៉ផ្តឺតប៉ផ្តក់រឿយៗ
យំអណ្ដឺតអណ្ដក។
➥ អណ្ដូង នាមសព្ទ៖ រណ្ដៅធំជ្រៅដែលកើតពីជីក : អណ្ដូងទឹក, អណ្ដូងប្រោះត្រី។ អណ្ដូងត្បូង រណ្ដៅដែលជីករកត្បូង; ហៅតាមសៀមថា ប្ច់ អ.ថ. ប (បត្បូង)។ អណ្ដូងប្រេង អណ្ដូងដែលមានប្រេង : អណ្ដូងប្រេងកាត។ អណ្ដូងយោង អណ្ដូងជ្រៅដែលដងទឹកដោយយោង។ អណ្ដូងលោហជាតិ ឬ —លោហធាតុ អណ្ដូងឬរណ្ដៅដែលជីកយកលោហៈ, លោហាករ។ ល។
➥ អណ្ដើក នាមសព្ទ៖ អដ្ឋិចម្មសត្តពួកមួយ មានស្នូកនិងពោះ (ទ្រូង) ក្រាស់រឹងសណ្ឋានជាក្រឡាៗ មានជើងបួន ខ្លីៗ ក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺ អណ្ដើកក្អែក, អណ្ដើកបិទមុខ ឬ —ក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់។ ល។ (ព.ប្រ.) : ម្ដាយអណ្ដើក ម្ដាយណាដែលគ្រាន់តែបង្កើតកូនមកហើយក៏បោះបង់ចោលមិនបីបាច់រក្សា, អ្នកប្រាជ្ញលោកពោលដោយឧបមាថា ម្ដាយនោះឯងដូចជាមេអណ្ដើកដែលគ្រាន់តែបញ្ចេញស៊ុត ហើយក៏កកាយដីលុបកប់ស៊ុតហើយបោះបង់ចោលឥតនឹកនាដូច្នោះដែរ; លទ្ធិពុទ្ធពោលថា ទោះបីយ៉ាងនេះក៏ដោយ មាតានោះក៏ឈ្មោះថាជា ម្ដាយ នៃកូននោះហើយ, កាលបើកូននោះបានស្គាល់ថាជា ម្ដាយបង្កើតរបស់ខ្លួន ក៏ត្រូវតែកូននោះជា កតវេទី ឬ កតវេទិនី ចំពោះម្ដាយនោះដែរ។ ព.ផ្ទ. ម្ដាយមាន់ មានអត្ថន័យថា ម្ដាយដូចជាមេមាន់។ ឧបជ្ឈាយ៍អណ្ដើក និង ឧបជ្ឈាយ៍មាន់ ក៏មានន័យដូចគ្នានឹង ម្ដាយអណ្ដើក, ម្ដាយមាន់ ដែរ។
នាមសព្ទ៖ ឈ្មោះរោគមួយប្រភេទ កើតក្នុងពោះបណ្ដាលអំពីគ្រុនតត្រំតត្រើយយូរឬគ្រុនចាញ់ កើតអណ្ដើក។
បន្ទះឈើដែលកាប់កាត់ពុះបកយកសាច់ក្រៅជាកំណាត់ធំៗខ្លីៗដើម្បីនឹងបាំងសាច់ខាងក្នុងឲ្យរាប
បកអណ្ដើកឈើ។
➥ អណ្ដើកមាស នាមសព្ទ៖ សុខុមសត្វមួយប្រភេទ សម្បុរលឿងពព្រុស មានស្លាបហើរបាន ចូលចិត្តស៊ីស្លឹកល្ពៅ, តាសក់ជាដើម
អណ្ដើកមាសស៊ីស្លឹកល្ពៅរេចរិលអស់។
➥ អណ្ដើរ នាមសព្ទ៖ (ព.បុ.) ជណ្ដើរ (គួរនឹងយកសេចក្ដីថា បានជាហៅ អណ្ដើរ ព្រោះសម្រាប់ដើរបង្អន់ជើងឡើងចុះ; បានជាហៅ ជណ្ដើរ ព្រោះសម្រាប់ជាន់ដើរឡើងចុះ; ប៉ុន្តែតាមលក្ខណៈនិងសណ្ឋាន, ពាក្យទាំងពីរនេះមានសេចក្ដីត្រូវគ្នាតែមួយយ៉ាង គឺសំដៅសេចក្ដីថា «ប្រដាប់មានកាំជាជាន់ៗឬជាថ្នាក់ៗ សម្រាប់ឡើងចុះ» ប៉ុណ្ណោះឯង; សម័យបច្ចុប្បន្ននេះច្រើនប្រើពាក្យ ជណ្ដើរ ជាង)។
➥ អណ្ដែង នាមសព្ទ៖ ឈ្មោះត្រីរំអិល ក្បាលសំប៉ែត មានពុកមាត់ មានធ្មុងពីរ មានពិស កាលណាមុតសាច់មនុស្សឈឺចាប់ពើត; ត្រីអណ្ដែងមាន ២ ប្រភេទគឺ អណ្ដែងងាំង មាឌតូចជាងអណ្ដែងទន់ ក្បាលធំទ្រងាងសាច់ហាប់; អណ្ដែងទន់ មាឌធំជាងអណ្ដែងងាំងសាច់ទន់ជ្រាយ។
➥ អណ្ដែត កិរិយាសព្ទ៖ ឋិតនៅលើទឹក; រសាត់ឬលឿនលើទឹកដោយកម្លាំងខ្សែទឹក; រសាត់ឬលឿននាអាកាស ដោយកម្លាំងខ្យល់ ផ្តិលអណ្ដែតទឹកក្នុងពាង; សំណាត់អណ្ដែតតាមខ្សែទឹកទន្លេ, ប៉ុយគរសាត់អណ្ដែតទៅតាមខ្យល់។ ព.ផ្ទ. លិច។
ហើបឡើង ស្ទូចឈើហុបឲ្យអណ្ដែតខ្ពស់ឡើង។
ព.ប្រ. បានរួចផុតពីក្រទៅជាមានឬពីទាបទៅជាខ្ពស់, ពីតូចទៅជាធំ បុណ្យសំណាងជួយឲ្យអណ្ដែតឡើង។
គុ. (ព.ប្រ.) ស្រស់ថ្លា; មានបុណ្យសំណាងល្អ ឈាមអណ្ដែត។
ឈ្លាសវៃ, វាងវៃ ប្រាជ្ញាអណ្ដែត។
អណ្ដែតចិត្ត ព្រឺព្រួចចិត្តខ្ពស់ឡើង។ អណ្ដែតត្រសែត អណ្ដែតត្រដឹមត្រដែតលឿនលយឯអាកាស។ អណ្ដែតរំពេ (ព.ប្រ.) ចេញឃ្លាតចាកជាតិភូមិឬលំនៅដើម ដើរខ្ចាត់ភ្លាត់ដាច់សង្វែងពីទីមួយទៅទីមួយ ប៉ុន្តែមិនមានសេចក្ដីលំបាកពេកទេ (ប្រៀបដូចសត្វរំពេ ដែលហើរលើលំហសមុទ្រ)។ អណ្ដែតអណ្ដូង (ព.ប្រ.) អណ្ដែតខ្ពស់ស្រឡូងលន្លោច ឬ អណ្តែតខ្ពស់ៗទាបៗ; នឹកស្រងោចលន្លោចចិត្ត។ ល។
➥ អណ្ដោត នាមសព្ទ៖ ឈើឬដែកជាដើមដែលមានមុខស្រួចវែងសម្រាប់ដោត, សម្រាប់ជង់។ ប្រើជា គុ. ក៏បាន
ឈើអណ្ដោត, ដែកអណ្ដោត។
➥ អណ្ឌៈ៖ (អន់-ឌៈ) នាមសព្ទ៖ (បា. អណ្ឌ; សំ. អាណ្ឌ ឬជា អណ្ឌ ក៏មាន) ស៊ុត (ពងសត្វ មានពងមាន់, ពងទាជាដើម) អណ្ឌៈបក្សី (ព. ខ្ព. ប្រើជា ស៊ុត ក៏បាន)។
អវយវៈមួយប៉ែកនៅត្រង់ខាងក្រោមអង្គជាតបុរស (ព. ខ្ព.; ព.សា. ពងស្វាស ឬ ពងល្វា) ហើមអណ្ឌៈ។
អណ្ឌៈធំ អណ្ឌៈកោប (ពងកោប)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អណ្ឌ អ.ថ. អន់-ឌៈ; ដូចជា អណ្ឌកោស សំបកស៊ុត; ស្បែកអណ្ឌៈ។ អណ្ឌជៈ សត្វដែលកើតអំពីស៊ុត (ហៅ អណ្ឌជសត្ត ឬ —សត្វ ក៏បាន)។ អណ្ឌជៈកំណើត កំណើតអំពីស៊ុត (ហៅ ទ្វិជសត្វ ក៏បាន)។ អណ្ឌពិកល ឬ —វិកល ពិកលអណ្ឌ (មានកោបជាដើម)។ អណ្ឌពិការ ឬ —វិការ ពិការអណ្ឌៈ។ អណ្ឌរោគ រោគកើតនៅអណ្ឌៈ (មានស្រែងកង្កែបជាដើម)។ អណ្ឌសណ្ឋាន ឬ អណ្ឌាការ (< អណ្ឌ + អាការ) ដែលមានសណ្ឋានឬអាការដូចរាងស៊ុត; សណ្ឋានស៊ុត; រាងពងក្រពើ។ អណ្ឌាស័យ ចំណែកសរីរាវយវៈសត្វដែលកកើតបានជាពង, លំនៅនៃពង; ផ្នែកខាងក្នុងនៃគ្រាប់រុក្ខជាតិដែលជាទីដុះពូជ។ ល។
➥ អណ្ណព៖ (អ័ន-នប់) នាមសព្ទ៖ (បា. អណ្ណវ; សំ. អណ៌វ) សមុទ្រ។ អណ្ណវប្បទេស ឬ —ប្រទេស លំហសមុទ្រ។ មហណ្ណព មហាសមុទ្រ (មើលក្នុងពាក្យ នេះទៀតផង)។ ល។
➥ អណ្ណាម៖ (អ័ន-ណាម) នាមសព្ទ៖ ឈ្មោះដែនឬប្រទេសមួយក្នុងប្រជុំឥណ្ឌូចិន មានក្រុងវ៉េជារាជធានី ប្រទេសអណ្ណាម, ព្រះរាជាក្រុងអណ្ណាម (សម័យបច្ចុប្បន្ន ហៅវៀតណាមកណ្ដាល)។
មនុស្សដែលមានសញ្ជាតិក្នុងប្រទេសនោះក៏ហៅ អណ្ណាម ដែរ
ជាតិអណ្ណាម, ពួកអណ្ណាម គឺពួកវៀតណាមកណ្ដាល (សំដៅសេចក្ដីថា ជាតិយួន, ពួកយួនកណ្ដាល)។
➥ អត កិរិយាសព្ទ៖ ស្រែកថ្ងូររនរន្ថាន់ហាក់ដូចជាត្អូញ (ចំពោះតែមាន់ញី)
មេមាន់អតរកកល់ពង (រកកល់បញ្ចេញស៊ុត)។
ឧទានសព្ទ៖ សូរមាន់ញីអត។
➥ អត់ កិរិយាសព្ទ៖ ទ្រាំ, ធន់, ធន់ទ្រាំ; ខំទប់ : អត់កំហឹង, ខំអត់មិនស្ដីតតប។ អត់ងងុយ ទ្រាំងងុយ។ អត់ធន់ អត់ទ្រាំ, ប៉ិនធន់, ប៉ិនទ្រាំ។ អត់ធ្មត់ (មើលក្នុងពាក្យ ធ្មត់)។ អត់សង្កត់ ខំទប់ចិត្តមិនឲ្យកម្រើក។ អត់អាស្រ័យ មិនប្រកាន់ដោយដាច់ខាត; ប្រថុយយក, ប្រថុយប្រើ (ក្លាយមកពី អត់អធ្យាស្រ័យ)។ អត់ឱន បន្ទន់ចិត្តអត់ទ្រាំ; ខំទ្រាំអត់មិនប្រកាន់ទោស។ ព.កា. ថា : អត់ឱនឥតទោស ធ្វើចិត្តសន្ដោស បង្កើតជាទ្រព្យ មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្ដីពុំគាប់ ជាគន្ធពិដោរ។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។ អត់ឲ្យ ទ្រាំឲ្យ, បណ្ដោយឲ្យ : អត់ឲ្យគេថាសិនចុះ!។ ល។ (ព.កា.) : អត់ឲ្យបណ្ដោយឲ្យឡើងចាង តែក្នុងរវាងកាលដ៏ខ្លី អត់ឲ្យយូរពេកច្រើនអប្រីយ៍ ស្ដីថាហួសពេកច្រើនបានទោស។ អត់ឲ្យយ៉ាងច្រើនត្រឹមបីដង កុំឲ្យកន្លងព្រោះសន្ដោស ក្រែងនឹងប្រែក្លាយជារឿងថ្លោស នាំឲ្យរឱស្ឋកែលែងកើត។
និបាតសព្ទ៖ ពាក្យបដិសេធ ប្រាប់សេចក្ដីថា «ឥត, មិន, គ្មាន, មិនមាន»; ប្រើជា កិ. ក៏បាន : អត់ទេ គ្មានទេ; អត់អ្វីឲ្យ គ្មានអ្វីឲ្យ។ អត់ឃ្លាន ឃ្លានព្រោះគ្មានអ្វីបរិភោគ។ ស្រុកអត់ឃ្លាន ស្រុកអត់បាយ។ អត់ឃ្លានមានបើស៊ី គ្មានអ្វីបរិភោគក៏ទ្រាំអត់ មានក៏បរិភោគ : អត់ឃ្លានមានបើស៊ី សុខទុក្ខជាមួយគ្នា។ អត់បាយ គ្មានបាយ; មិនបានបរិភោគបាយ។ ស្រុកអត់បាយ ស្រុកកើតទុរ្ភិក្ស។ អត់បើ និ. ពុំសមបើ : អត់បើនាំឲ្យរវល់។ អត់បើអត់ និ. ម្នៅៗ : អត់បើអត់ ទៅស្ដីថាឲ្យគេ ទាល់តែមានរឿងឈ្លោះប្រកែក!។ អត់បើអ្វីទេ មិនមានរឿងហេតុអ្វីទេ, ឥតទាស់អ្វីទេ (ព.សា. អត់បើអីទេ)។ ល។
➥ អតប្បា៖ (អៈត័ប-ប៉ា) នាមសព្ទ៖ (បា.) ឈ្មោះឋានព្រហ្មសុទ្ធាវាសជាន់ទី ២
ឋានអតប្បា (មើលក្នុងពាក្យ សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ផង)។
➥ អតិ៖ (អៈតិ) និបាតសព្ទ៖ (សំ.បា.) កន្លង; ក្រៃ, ពេក, ក្រៃពេក, ពន់ពេក, ក្រៃលែង; លើស, លើសលែង, ហួស, ហួសពេក; ផុត, បំផុត, ណាស់។ និបាតសព្ទ (ឬបា. ហៅ ឧបសគ្គ, សំ. ហៅ ឧបសគ៌) ជាបុព្វបទសម្រាប់ប្រើចំពោះតែរៀងភ្ជាប់ពីខាងដើមនាមសព្ទឬកិរិយាសព្ទ, ដូចជា អតិកថា សម្ដីហួសហេតុ; អតិពាក្យ។ អតិកល្យាណ (—កល់-យ៉ាន) មានលម្អក្រៃពេក (បើស្ត្រីជា អតិកល្យាណី)។ អតិក្រិស ស្គមណាស់; ក្ដៀបពេក។ អតិក្រឹត ធ្វើល្មើស។ អតិក្រោធ ក្រោធខ្លាំង។ អតិគម្ភីរ ជ្រៅក្រៃពេក។ អតិគម្ភីរភាព (—គ័ម-ភី-រៈ—) ភាវៈជ្រៅក្រៃពេក។ អតិគារវវាចា សម្ដីគោរពជាអតិបរមា។ អតិចណ្ឌាល កាចក្រៃពេក។ អតិចរិយា ឬ —ចារ ការប្រព្រឹត្តកន្លង; ការផិតក្បត់ចិត្តស្វាមីឬក្បត់ចិត្តភរិយា។ អតិចារិនី ស្រីផិតប្ដី។ អតិជាតបុត្ត ឬ —បុត្រ (—ជាតៈ—) កូនប្រសើរកន្លង។ អតិតរុណ (—តៈរុន) ក្មេងពេក; ខ្ចីណាស់ (ឥត្ថី. អតិតរុណី)។ អតិទាន អំណោយយ៉ាងធំ។ អតិទារុណ អាក្រក់ក្រៃ; កាចឆ្នើម (បើស្ត្រីជា អតិទារុណី)។ អតិទុក្ករ ដែលកម្រធ្វើកើត, ដែលធ្វើបានដោយកម្រក្រៃពេក។ អតិទុក្ខ ទុក្ខខ្លាំង, សេចក្ដីព្រួយខ្លាំង។ អតិទុគ្គត ឬ —គ៌ត (—គត់) ទុគ៌តក្រៃពេក, ក្រីក្រពន់ពេក។ អតិទេព ទេពតាស័ក្តិធំ។ អតិបរមា (—ប៉ៈរ៉ៈម៉ា) ន. ឬ គុ. (បា. < អតិ + បរម គុ.) កម្រិតយ៉ាងច្រើន, យ៉ាងខ្ពស់, យ៉ាងឆ្ងាយបំផុត; យ៉ាងច្រើនបំផុត, យ៉ាងក្រៃលែង, ដ៏លើសលុបបំផុត : អតិបរមានៃសីតុណ្ហភាពនៅប្រទេសកម្ពុជា គឺ ៤១ អង្សា; គប្បីខិតខំធ្វើការនេះ ឲ្យបានលទ្ធផលជាអតិបរមា (បារ. Maximum)។ ព.ផ្ទ. អប្បបរមា។ អតិបរិមាណ (—បៈរ៉ិម៉ាន) បរិមាណយ៉ាងក្រៃលែង, ចំនួនយ៉ាងច្រើនឬយ៉ាងខ្ពស់បំផុត (មើលក្នុងពាក្យ បរិមាណ ផង)។ អតិពាក្យ ឬ —វាក្យ ពាក្យពោលកន្លង គឺពាក្យជេរ, ពាក្យមើលងាយ, ពាក្យហួសហេតុ, អតិកថា។ អតិពាល ក្មេងណាស់; ល្ងង់ពេក (បើស្ត្រីជា អតិពាលា)។ អតិព្រឹទ្ធ ចាស់ណាស់ (បើស្ត្រីជា អតិព្រឹទ្ធា)។ អតិភោក្ដា (ជើង ដ) បរិភោគហួសប្រមាណ, ស៊ីច្រើនហួស។ អតិមធូរ (—មៈធូ; សំ.បា. —មធុរ) ផ្អែមណាស់; ឆ្ងាញ់ណាស់; ពីរោះណាស់។ អតិមហ័គ្ឃ (—មៈហ័ក) ដែលមានតម្លៃច្រើនក្រៃពេក។ អតិមហន្ត (—មៈហន់) ធំកន្លង, ធំណាស់ (ឥត្ថី. អតិមហន្តី)។ អតិមានះ មានះក្រៃពេក, ប្រកាន់ហួសពេក។ អតិមុខរ ឬ —មុខរៈ (—មុ-ខ ឬ —មុខៈរ៉ៈ) មុខរឹងឬមាត់រឹងក្រៃពេក (បើស្ត្រីជា អតិមុខរា អ.ថ. —មុ-ខៈរ៉ា)។ អតិមូល ថ្លៃហួសពេក។ អតិវិសាល ទូលាយណាស់។ អតិវិសេស ប្លែកពេក, ប្លែកក្រៃលែងជាងប្រក្រតី។ អតិវិសេសគុណនាម គុណនាមដែលមានដំណើរប្លែកក្រៃលែងជាងប្រក្រតី, ដូចជា ខ្ពស់សន្លឹម, ជ្រៅស្រឡូង ជាដើម; សន្លឹម, ស្រឡូង ជា អតិវិសេសគុណនាម។ អតិសន្ដាប ក្ដៅខ្លាំង។ អតិស័យ ច្រើនក្រៃ, ច្រើនណាស់។ អតិសាយ័ណ្ហ ល្ងាចពេក, ល្ងាចណាស់។ អតិសុខុម សុខុមក្រៃពេក។ អតិសុខុមទស្សន៍ (—មៈទស់) ប្រដាប់សម្រាប់ឆ្លុះមើលនូវអតិសុខុមប្រាណ។ អតិសុខុមប្រាណ សត្វមានជីវិតយ៉ាងតូចល្អិតជាទីបំផុត ដែលគេអាចមើលឃើញបានតែដោយសារអតិសុខុមទស្សន៍។ អតិសុខុមសាស្ត្រ វិទ្យាសាស្ត្រផ្នែកខាងការសិក្សាពីអតិសុខុមប្រាណ។ អតិសុខុមាល (—ម៉ាល) ដែលធ្លាប់តែស្រណុកក្រៃពេក (មើលក្នុងពាក្យ សុខុមាល ផង)។ អតិសោភ័ណ ល្អកន្លង (ឥត្ថី. អតិសោភនា ឬ —សោភា)។ ល។
➥ អតិថិ៖ (អ:តិ—) នាមសព្ទ៖ (សំ.បា. អតិថិ) ភ្ញៀវ, ភ្ញៀវពន្លឺ។ អតិថិគារវៈ (—រៈវៈ) ការគោរពភ្ញៀវ, ការគួរសមចំពោះភ្ញៀវ (ប្រើជា អតិថិគោរព ក៏បាន)។ អតិថិធម៌ ច្បាប់ទទួលភ្ញៀវ, ច្បាប់គួរសមទៅរកភ្ញៀវ (ហៅ អតិថិវិន័យ ក៏បាន)។ អតិថិពលី (—ពៈលី) ពលិការដល់ភ្ញៀវ, ការទទួលភ្ញៀវ; ហៅ អតិថិក្រិយា, —បូជា ឬ —សក្ការៈ ក៏បាន (មើលក្នុងពាក្យ ពលី ផង)។ អតិថិវត្ត សណ្ដាប់ធ្នាប់ឬបែបបទរបស់ភ្ញៀវឬរបស់អ្នកទទួលភ្ញៀវ។ អតិថិវេស្ម័ន, —មន្ទីរ ឬ —គ្រឹះ ផ្ទះសម្រាប់ទទួលភ្ញៀវ។ អតិថិសន្និបាត ការប្រជុំភ្ញៀវ។ ល។
➥ អតិរេក៖ (អៈតិរ៉ែក) គុណសព្ទ៖ (សំ.បា.) ច្រើនក្រៃ, ច្រើនលើស; ដែលលើសពីកំណត់, ដែលហួសពីចំនួន, ពិសេស; ហ៊ឹកហ៊ាក់, អធិកអធម របស់អតិរេក របស់លើសពីកំណត់; របស់ពិសេស; ប្រាក់អតិរេក ប្រាក់រង្វាន់ពិសេសដែលត្រូវថែមឲ្យ។ ខ្មែរប្រើពាក្យនេះជា កិ. ក៏មាន, សំដៅសេចក្ដីថា «តោងទាមយក, ជ្រៀតបៀតយក; ទាមចំណែក»: ខ្ញុំមិនអតិរេកក្នុងរឿងនេះទេ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អៈតិរ៉េកៈ, ដូចជា អតិរេកចីវរ ចីវរដែលលើសពីចំនួនប្រើប្រាស់តាមពុទ្ធានុញ្ញាត (ព.វិ. ពុ.) : ភិក្ខុត្រូវវិកប្បអតិរេកចីវរទុកនឹងភិក្ខុផងគ្នា (មើលក្នុងពាក្យ វិកប្ប ផង)។ អតិរេកភណ្ឌ របស់លើសពីចំនួន; ភណ្ឌៈពិសេស។ អតិរេកលាភ លាភដោយឡែក គឺលាភដែលកើតមានខុសពីប្រក្រតីដែលធ្លាប់តែបាន។ អតិរេកហិរញ្ញ ឬ —ហិរណ្យ (—រ៉ាញ់ ឬ —រ៉ាន់) ប្រាក់បន្ថែម។ ល។
➥ អតិសារ៖ (អៈតិសារ៉ៈ ឬ —សា) នាមសព្ទ៖ (សំ.បា.) រោគមួល ឬ រោគមួលឈាម
រោគអតិសារ (ហៅ អតិសាររោគ ក៏បាន, អ.ថ. —រ៉ៈ—)។
➥ អតីត៖ (អៈដិត) គុណសព្ទ៖ (សំ.បា.) ដែលកន្លងទៅហើយ, ដែលហួសទៅហើយ; ដែលមានពីក្នុងកាលព្រេងនាយ; ដែលស្លាប់ហើយ : រឿងអតីត។ ប្រើជា ន. ក៏បានខ្លះ : ក្នុងអតីត, ពីអតីត, ដឹងអតីតអនាគត។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃត្រូវអានថា អៈតីតៈ ដូចជា អតីតកាល កាលដែលកន្លងទៅហើយ។ កាលប្រាប់ដំណើរដែលកន្លងទៅហើយ, ដែលរួចហើយ (ខ្មែរប្រើពាក្យ ហើយ ពីខាងចុង ឬប្រើពាក្យបាន ពីខាងដើមជាគ្រឿងសម្គាល់): ទៅហើយ, ឲ្យហើយ, បានឲ្យ, បានឲ្យហើយ (ព.វ.)។ អតីតជន ជនដែលស្លាប់បាត់ទៅហើយ។ អតីតជាតិ ឬ —ភព ជាតិមុន ឬភពមុន។ អតីតនិទាន ឬ —វត្ថុ និទានឬរឿងដែលកន្លងទៅហើយ។ អតីតភាព ភាពនៃអ្វីៗដែលចាស់, ដែលកន្លងទៅហើយ។ អតីតមន្ត្រី មន្ត្រីចាស់ (មន្ត្រីដែលឈប់លែងធ្វើរាជការហើយ)។ អតីតសម័យ សម័យពីដើម, អតីតកាល។ អតីតរដ្ឋមន្ត្រី (អៈដិត—) រដ្ឋមន្ត្រីចាស់ (រដ្ឋមន្ត្រីដែលឈប់លែងធ្វើរាជការហើយ)។ អតីតហេតុ ហេតុដែលកន្លងទៅហើយ, ហេតុពីមុន។ ល។
➥ អតេកិច្ឆ៖ (អៈតេកិច-ឆៈ) គុណសព្ទ៖ (បា. អតេកិច្ឆ; សំ. អ + ចិកិត្ស) ដែលមិនគួររក្សាបាន, ដែលអស់កែបាន, ដែលកែខៃលែងកើត : ទោសនុះជាអតេកិច្ឆា។ ព.ផ្ទ. សតេកិច្ឆ, សតេកិច្ឆា។ អតេកិច្ឆបុគ្គល បុគ្គលដែលមានទោសធ្ងន់ឥតអ្នកណាជួយបន្ធូរបន្ថយឬជួយសម្រាលបានឡើយ។ អតេកិច្ឆភាព ភាពឬដំណើរកែលែងកើត។ អតេកិច្ឆរោគ រោគដែលពេទ្យអស់កែបាន (ហៅ អតេកិច្ឆាពាធ ក៏បាន)។ អតេកិច្ឆាបត្តិ (បា. < អតេកិច្ឆ + អាបត្តិ) អាបត្តិដែលភិក្ខុត្រូវហើយនឹងនៅជាភិក្ខុភាវៈតទៅទៀតពុំបាន (អាបត្តិបារាជិក)។ ល។
➥ អតេកិច្ឆា—៖ មើលក្នុងពាក្យ អតេកិច្ឆ។
➥ អត្ត៖ (អ័ត-តៈ) នាមសព្ទ៖ (បា.; សំ. អាត្មន៑) ខ្លួន; ចិត្ត (អាត្ម័ន, អាត្មា)។ អត្តកិលមថានុយោគ (—កិ-ល៉ៈម៉ៈ—) ការប្រកបព្យាយាមតឹងហួសពេកឲ្យនឿយលំបាកខ្លួនឥតផលប្រយោជន៍ (ជាវត្តប្រតិបត្តិរបស់និគ្រន្ថតិរ្ថិយពួកខ្លះ)។ អត្តឃាត ការសម្លាប់ខ្លួនឯង (ហៅ អត្តឃាតកម្ម ឬ អត្តវិនិបាតកម្ម អ.ថ. —ប៉ាតៈ— «ការធ្វើខ្លួនឲ្យឃ្លាតចាកជីវិត» ក៏បាន)។ អត្តទត្ថ (—ទ័ត) ប្រយោជន៍ចំពោះខ្លួន, ប្រយោជន៍ផ្ទាល់ខ្លួន។ អត្តទត្ថបុគ្គល (—ទ័ត-ថៈ—) បុគ្គលដែលខ្វល់ខ្វាយឬដែលគិតប្រយោជន៍ផ្ទាល់ខ្លួន។ អត្តទត្ថភាព ភាពនៃប្រយោជន៍ចំពោះខ្លួន, ការដែលគិតតែប្រយោជន៍ខ្លួនឯង។ អត្តទន្ត (—ទ័ន-តៈ ឬ —ទ័ន) អ្នកទូន្មានខ្លួន, អ្នកបង្វឹកចិត្ត បើស្ត្រីជា អត្តទន្តី)។ អត្តបរិហារ ឬ —ព្យាបាល ការរក្សាឬថែទាំខ្លួន។ អត្តពលកម្ម ឬ —កិច្ច (—ពៈលៈ—) អំពើឬកិច្ចការដែលកើតអំពីកម្លាំងខ្លួន។ អត្តភាព ភាវៈរបស់ខ្លួន; ខ្លួនទាំងមូល; ធម្មតារបស់ខ្លួន; និស្ស័យនៃខ្លួន; អាត្មាភាព។ អត្តលេខ លេខប្រចំាខ្លួន, លេខសម្គាល់ខ្លួននៃទាហានជាដើម។ អត្តសន្និយាតន៍ (—សន់-ន៉ិយ៉ាត) ការប្រគល់ខ្លួនឲ្យនៅក្នុងអំណាចគេ។ អត្តសញ្ញាណ (—ស័ញ-ញ៉ាន) គ្រឿងសម្គាល់ខ្លួន; សញ្ញាដែលអាចសម្គាល់បានថាព័ត៌មាននោះៗពិតជាមាន ឬត្រូវចំលើរូបបុគ្គល ឬក៏វត្ថុណាមួយ : មនុស្សនិងសត្វ តែងមានអត្តសញ្ញាណផ្ទាល់ខ្លួនជាដរាប។ (បារ. Indentité)។ អត្តសញ្ញាណប័ណ្ណ ឬ —បត្រ លិខិតផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ។ អត្តសម្មាបណិធិ (—ស័ម-ម៉ា-ប៉ៈណិ-ធិ) ការតាំងខ្លួនឲ្យល្អ គឺការតាំងចិត្តប្រតិបត្តិតាមធម៌ តាមច្បាប់។ អត្តហេតុ ព្រោះហេតុខ្លួន; ការឃើញប្រយោជន៍ផ្ទាល់ខ្លួន។ អត្តាធីន (បា. < អត្ត + អធីន «ការឋិតនៅក្នុងអំណាចខ្លួន; ការពឹងផ្អែកខ្លួន; … ») អ្នកដែលមានអំណាចលើខ្លួនឯង (សេរីឬស្វៃរិន, ស្វៃរី)។ អត្តាធីនភាព (—នៈ—) សេរីភាពឬស្វៃរីភាព។ អត្តានុវាទភ័យ (—ទៈ—; បា. < អត្ត + អនុវាទ «ការពោលទោស; ការតិះដៀល» + ភយ) ភ័យអំពីការតិះដៀលខ្លួនឯង គឺការខ្លាចក្រែងខ្លួនធ្វើអំពើអាក្រក់ហើយ នឹងកើតក្ដៅក្រហាយនឹកស្ដាយក្រោយស្រឡេតចិត្ត។ អត្តាភិបាល (បា. < អត្ត + អភិបាល «ការរក្សា, ថែទាំ») ដូចគ្នានឹង អត្តបរិហារ, អត្តព្យាបាល ដែរ។ អត្តុក្កង្សនកថា (អ័ត-តុក-ក័ង-សៈន៉ៈកៈថា; បា. < អត្ត + ឧក្កំសន «ការលើកសរសើរ» + កថា) សម្ដីលើកខ្លួន។ អត្តុក្កង្សនភាព ភាវៈឬការលើកតម្កើងខ្លួន។ ល។
➥ អត្តៈ៖ (អ័ត-តៈ) នាមសព្ទ៖ (បា. អត្ត; សំ. អាត្មន៑ «ខ្លួន; ចិត្ត») ឈ្មោះក្បួនឬវិជ្ជាកែនលេខទាយលក្ខណៈ, ទាយភ័ព្វព្រេងសំណាង និងគ្រោះថ្នាក់សុខទុក្ខរបស់មនុស្ស
ហោរទាយតាមជើងអត្តៈ, វាយអត្តៈ, លេខអត្តៈ។
➥ អត្តខាត់៖ (អ័ត-តៈខាត់) គុណសព្ទ៖ (ស. ប្រើជា អ័តគ័ត អ.ថ. អ័ត-តៈខាត់) ដែលខ្វះខាត, មិនសូវបរិបូណ៌, មិនគ្រប់គ្រាន់
ម្ហូបអត្តខាត់ (ព.សា. ប្រើជា អត្តិខាត់ ក៏មាន អ.ថ. អ័ត-តិ-ខាត់; គួរលែងប្រើ)។
➥ អត្តនោបទ៖ (អ័ត-តៈន៉ោបត់) នាមសព្ទ៖ (បា.; សំ. អាត្មនេបទំ) បទដើម្បីខ្លួន។
ឈ្មោះដំណើរកិរិយាសព្ទជាកម្មវាចកនិងភាវវាចក (ព.វ.)។ ព.ផ្ទ. បរស្សបទ។
➥ អត្តនោម័តិ៖ (អ័ត-តៈន៉ោម៉ាត់) នាមសព្ទ៖ (បា. អត្តនោ «នៃខ្លួន» + មតិ «គំនិត, ការយល់ឃើញ») គំនិតនៃខ្លួន; ការយល់ឃើញដោយគំនិតរបស់ខ្លួន
និយាយតាមអត្តនោម័តិ, សេចក្ដីនេះជាអត្តនោម័តិ។
➥ អត្តនោមត្យាធិប្បាយ៖ (អ័ត-តៈន៉ោម៉ាត់-ត្យា-ធិប-បាយ) នាមសព្ទ៖ (បា. < អត្តនោ «នៃខ្លួន» + មតិ «គំនិត; ការយល់ឃើញ» + អធិប្បាយ «សេចក្ដីពន្យល់ », មតិ > មត្យ + អធិប្បាយ) អធិប្បាយតាមអត្តនោម័តិ គឺអធិប្បាយតាមគំនិតរបស់ខ្លួន ក្រៅពីសំនួនសេចក្ដីក្នុងគម្ពីរដីកាឬក្បួនច្បាប់។
➥ អត្តិខាត់—៖ មើលក្នុងពាក្យ អត្តខាត់។
➥ អត្ថ៖ (អ័ត) នាមសព្ទ៖ (បា.; សំ. អាថ៌) ប្រយោជន៍; សេចក្ដី; សេចក្ដីពន្យល់; ពាក្យប្រែស្រាយ; សេចក្ដីចម្រើន; គតិ; រឿង, ហេតុ, ការណ៍; ដំណើរ; ផល; ផលប្រយោជន៍; បំណង; សេចក្ដីប្រាថ្នា; ទ្រព្យ, សម្បត្តិ; របស់; វត្ថុ; អីវ៉ាន់; កិច្ច, កិច្ចការ; ធុរៈ, រវល់; …។ ស្គាល់អត្ថ ស្គាល់ដំណើរ; ស្គាល់សេចក្ដី។ រៀនអត្ថ រៀនសេចក្ដីអធិប្បាយ, រៀនអដ្ឋកថា។ ព.សា. រៀនប្រែបាលី។ ចេះអត្ថប្រែ (ព.សា.) ចេះប្រែស្រាយអធិប្បាយសេចក្ដីចេញពីបាលីបាន។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ័ត-ថៈ, ដូចជា អត្ថកាម អ្នកមានបំណងល្អ; អ្នកចង់ឲ្យមានសេចក្ដីចម្រើន; អ្នកផ្គងដំណើរការណ៍សំដៅផលប្រយោជន៍។ អត្ថកោវិទ អ្នកឈ្លាសឬជំនាញក្នុងអត្ថ។ អត្ថគវេសនា (—គៈវេសៈន៉ា) ការស្វែងរកប្រយោជន៍ឬរកទ្រព្យ។ អត្ថគ្រឹះ ផ្ទះដាក់អីវ៉ាន់, ឃ្លាំងដាក់របស់។ អត្ថចរិយា ការប្រព្រឹត្តឲ្យកើតផលប្រយោជន៍ឬឲ្យកើតសេចក្ដីចម្រើន។ អត្ថចិន្ដា គំនិតគិតឲ្យមានប្រយោជន៍ ឬឲ្យមានសេចក្ដីចម្រើន, ឲ្យកើតទ្រព្យ។ អត្ថញ្ញុតា ការស្គាល់ផលរបស់ហេតុ។ អត្ថញ្ញូ អ្នកស្គាល់ផលរបស់ហេតុ។ អត្ថទាន ការឲ្យប្រយោជន៍។ អត្ថទោស ដំណើរខុសសេចក្ដីឬខុសបំណង។ អត្ថន័យ ការពន្យល់សេចក្ដី, ការរាយរាប់ពីលក្ខណៈនៃវត្ថុផ្សេងៗ : តាមអត្ថន័យនេះ; ពាក្យនេះមានអត្ថន័យយ៉ាងណា?។ អត្ថបដិរូប (បា. អត្ថ «សេចក្ដី, ន័យ» + បដិរូប > អត្ថប្បដិរូប «ប្រដូច, ប្រៀបធៀប») សេចក្ដីប្រៀបធៀប, ន័យប្រដូច គឺន័យរបស់ពាក្យដែលបង្វិលបញ្ចៀសពីន័យត្រង់ៗ ដូចជាពាក្យថា «ស៊ី» តាមអត្ថានុរូប គឺន័យត្រង់ៗទៅតាមដំណើរដើមថា «បរិភោគភោជនាហារ» តែបើគេយកទៅប្រើជាសេចក្ដីប្រៀបប្រដូចវិញ បែរជាមានន័យផ្សេងពីន័យដើម ដូចជា «ស៊ីគ្នា» គឺសមគ្នា, ត្រូវគ្នា, «ស៊ីថ្លៃ» គឺយកតម្លៃច្រើន។ «ស៊ីថោក» គឺយកតម្លៃថោក យ៉ាងនេះជាដើម ហៅថា អត្ថបដិរូប (គួរប្រើជា អត្ថប្បដិរូប)។ ព.ផ្ទ. អត្ថានុរូប។ អត្ថបតី (—ប៉ៈដី) ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យច្រើន។ អត្ថបទ សេចក្ដីអធិប្បាយនៃរឿងអ្វីនីមួយៗ; សេចក្ដីជាខ្លឹមសាររបស់អ្នកនិពន្ធ; សេចក្ដីដែលចុះផ្សាយក្នុងសារពត៌មានផ្សេងៗ។ អត្ថប្បយោគ (អ័ត-ថ័ប-ប៉ៈយោក) ឬ —ប្រយោគ ការចាយទ្រព្យឲ្យកើតប្រយោជន៍។ អត្ថប្រយោជន៍ (អ័ត-ថៈ—) អ្វីៗដែលមានផលប្រយោជន៍, ប្រយោជន៍ដែលគួរប្រាថ្នា, គួរចង់បាន។ អត្ថរស (—រស់) ដំណើរសេចក្ដី។ អត្ថរូប រូបសេចក្ដី។ អត្ថលាភ ការបានប្រយោជន៍; ការបានទ្រព្យ។ អត្ថវណ្ណនា ការពន្យល់សេចក្ដី, អដ្ឋកថា។ អត្ថវិជ្ជា ឬ —សាស្រ្ត វិជ្ជាឬសាស្ត្រសម្រាប់រៀនឲ្យស្គាល់កិច្ចការចិញ្ចឹមជីវិត និងការគ្រប់គ្រងស្រុកទេស។ អត្ថវិញ្ញាបនី (—ប៉ៈន៉ី) សម្ដីបញ្ជាក់សេចក្ដី។ អត្ថវិនាស ការខូចប្រយោជន៍។ អត្ថវិនិច្ឆ័យ ការកាត់សេចក្ដី។ អត្ថវិបត្តិ ឬ —វិប័ទ វិបត្តិសេចក្ដី ឬវិប័ទប្រយោជន៍។ អត្ថសង្គហៈ, —សង្រ្គោះ ឬ —សន្និច័យ ការប្រមូលឬសន្សំទ្រព្យសម្បតិ្ត។ អត្ថសម្ពន្ធ ការត្រូវបានទ្រព្យសម្បាច់។ អត្ថសម្ពន្ធិន ឬ —សម្ពន្ធី អ្នកដែលត្រូវបានទ្រព្យសម្បាច់ (បើស្ត្រីជា អត្ថសម្ពន្ធិនី)។ អត្ថសាធក (—ធៈកៈ ឬ —ធក់) អ្នកសម្រេចសេក្ដី; អ្នកដែលបានសម្រេចផលប្រយោជន៍ (បើស្ត្រីជា អត្ថសាធិកា)។ អត្ថសិរី សិរីជាទ្រព្យ; ទ្រព្យមានសិរី; ការមានទ្រព្យស្ដុកស្ដម្ភ។ អត្ថាធិប្បាយ (បា. អត្ថ + អធិប្បាយ) អធិប្បាយសេចក្ដី។ អត្ថានុរូប (បា. អត្ថ «ន័យ, សេចក្ដី» + អនុរូប «សមទៅតាម, ត្រូវតាមទំនង») ន័យរបស់ពាក្យដែលសមទៅតាមសេចក្ដី, ន័យរបស់ពាក្យត្រង់ៗ, ន័យដែលមិនបង្វិលបញ្ចៀសខុសឃ្លាតចាកសេចក្ដីដើម គឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រដូច។ ព.ផ្ទ. អត្ថបដិរូប។ ល។
➥ អត្ថង្គត៖ (អ័ត-ថង់-គត់) ដូចគ្នានឹង អស្ដង្គត ដែរ។ អត្ថង្គតកាល (អ័ត-ថង់-គ តៈ—) ដូចគ្នានឹង អស្ដង្គតកាល ដែរ។
➥ អត្ថិភាព៖ (អ័ត-ថិ-ភាប) នាមសព្ទ៖ (បា. អត្ថិភាវ; សំ. អស្តិភាវ) ភាវៈមាន, ភាពនៃអ្វីៗដែលមាន, ការមាន
កាលពីដើម គាត់ធ្លាក់ចុះក្នុងនត្ថិភាព, ប៉ុន្តែឥឡូវនេះ គាត់បានចូលក្នុងអត្ថិភាពហើយ។ ព.ផ្ទ. នត្ថិភាព។ ព.កា. ថា : រីនត្ថិភាព បានសាបរលាប រលាយបាត់ទៅ ទើបអត្ថិភាព បានជ្រាបចូលជ្រៅ ពីថ្ងៃនេះទៅ នឹងរីកមុខមាត់។ អត្ថិភាពកើត ចាកដើមកំណើត គឺការនឿយហត់ ព្យាយាមរឹងប៉ឹង ខំប្រឹងខំអត់ ធ្វើអ្វីប្រាកដ- ជាធ្វើនោះមែន។