User Tools

Site Tools


Translations of this page?:
km:dictionary:ជួន_ណាត_ឧ

មាតិកា

វចនានុក្រម ជួន ណាត [ឧ]

— —

និវេទនិ

ព័ត៌មាន​ខាង​លើ​គឺ​សម្រាប់​បង្ហាញ​នៅ​លើ​ទំព័រ​ដែល​មាន​ពាក្យ​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វចនានុក្រម សូម​មើល សន្ទស្សន៍​និង​សេចក្តី​ផ្តើម.

ថេនថ៍

[ឧ]

ឧក

ឧក៖ (អុក) កិរិយាសព្ទ៖ ស្ដីឲ្យ, ស្ដីបន្ទោស; ជេរ; ត្រួតត្រាលើពេញអំណាចឥតកោតញញើត (ច្រើនសរសេរ អុក ជាង) ពីម្សិលមិញលោកអភិបាលស្រុកអុកខ្ញុំសន្ធឹក ពីរឿងប្រាក់ពន្ធស្រូវ។
ព. ប្រ អុកចត្រង្គ ចាប់កូនចត្រង្គប៉ែកខាងខ្លួនមួយកូនទង្គិចលើក្ដារចត្រង្គត្រង់ក្រឡាដែលត្រូវអុក ស្រែកថា អុក! (ច្រើនប្រើសំឡេងខ្ពស់វែង អុ៎ក!)។ ចួនកាលលេងចត្រង្គក៏ហៅ អុកចត្រង្គ ដែរ
រវល់តែអុកចត្រង្គទាល់ៗល្ងាច គ្មានរកស៊ីធ្វើការអ្វីទេ!។ អុកគូទ ទង្គិចគូទដូចគេចាប់បុកទៅលើអ្វីៗ។

ឧកញ៉ា

ឧកញ៉ា៖ (អុក–) នាមសព្ទ៖ ពាក្យប្រើជាឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី ព្រះ សំដៅសេចក្ដីថា «អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន» (មកពីពាក្យខ្មែរ ឧក ឬ អុក «ត្រួតត្រាពេញអំណាច» + បា. ញា «ដឹង; ចេះ; ស្គាល់»), ប្រើតាមលំដាប់ថ្នាក់ស័ក្ដិធំតូចថា លោកអ្នកឧកញ៉ា…, អ្នកឧកញ៉ា…, ឧកញ៉ា….(មាននិយាយក្នុងច្បាប់ទម្រង់ស័ក្ដិ)។ មានអត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. «ព្រះព្រហ្ម; ព្រះឥសូរ» + បា. ញា «ដឹង; ចេះ; ស្គាល់» សំដៅសេចក្ដីថា «អ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ» (តាមលទ្ធិខ្មែរសម័យបុរាណ); អត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧក្ត «ពោល, ស្ដី, និយាយ, ថា» + បា. ញា សំដៅសេចក្ដីថា «អ្នកស្គាល់ការស្ដីនិយាយ» (ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរ គង់នៅប្រើជា ឧកញ៉ា ដូចគ្នា ផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ)។ កាលក្នុង ព.ស. ២៤៥៨ គ.ស. ១៩១៤ គណៈកម្មការបង្កើតវចនានុក្រមខ្មែរ បានផ្ដើមប្រឹក្សាគ្នាជាដំបូងបង្អស់ អំពីអក្សរ ៤ តួ គឺ ឧ៊, ឪ, ឱ, ឳ (អុក, អុវ ឬ អូវ, អោ, អៅ) នេះ ក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថា ឧ៊ បុរាណយក (៊) នេះដែលហៅថា សក់ក មកដាក់ពីលើជាតួប្រកបជាជំនួស ក (ឧក) ត្រូវលែងប្រើ ត្រូវប្រើ ឧក វិញ (ឧកហ្មឺន… ឧកញ៉ា)។ ឱ ដែលប្រកបនឹង យ ជា ឱយ ឬ អោយ នេះត្រូវកុំប្រើ ត្រូវប្រើ ឱ្យ ដូចពីដើមទុកថាជា អញ្ញត្រសព្ទ។ ឪ និងឳ ដែលយកចុងឬកន្ទុយ វ មកដាក់ពីលើជា ឪ, ឳ (អុវ, អៅ) ត្រូវទុកឲ្យនៅដូចពីដើម (មើលក្នុងពាក្យ , , តាមលំដាប់ទៀតផង)។ សៀមសម័យបុរាណយកពាក្យ ឧក ទៅប្រើជា អក, សរសេរជា អ្ចក ប្រើជាពាក្យនាំមុខឋានន្តរមន្ត្រីគ្រប់ថ្នាក់ជា អ្ចកហ្មឺន, អ្ចកខុន អ្ចកហ្លួង, អ្ចកព្រះ, អ្ចកញា (អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា)។ អ្ចក នេះ សៀមប្រើជាពាក្យហៅបិតាមាតាថា ព្ច់អ្ចក, ម់អ្ចក ផងក៏បាន (អ.ថ. ផអក, ម៉ែអក «ឪពុកបង្កើត, ម្ដាយបង្កើត»)។ លាវប្រើពាក្យ ព់អ្ចក, ម់អ្ចក នេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកា ផងក៏បាន។

ឧកហ្លួង

ឧកហ្លួង៖ (អុក–) នាមសព្ទ៖ ពាក្យប្រើជាឋានន្តរនៃមន្ត្រីពួកសូទ្រៈ (អ្នកងារ) ក្នុងសម័យបុរាណ, មាននាទីជាអ្នកត្រួតត្រាពួកសូទ្រៈគ្នាឯង ប៉ុន្តែនៅក្រោមបង្គាប់មន្ត្រីមុខក្រសួងដែលខ្លួនត្រូវឡើង។ សៀមសម័យបុរាណប្រើជា អ្ចកហ្លួង អ.ថ. អកហ្លួង (ឧកហ្លួង) ប៉ុន្តែមិនប្រើចំពោះពួក សូទ្រ: ទេ (មើលក្នុងពាក្យ ឧកញ៉ា)។

ឧកាស!

ឧកាស!៖ (អ៊ុកាសៈ) និបាតសព្ទ៖ (បា.ស.; បា. ឱកាស) ពាក្យគោរពសម្រាប់ផ្ដើមមុនបង្អស់ក្នុងវេលារៀបនឹងសូមអ្វីៗ ឬប្រកាសសេចក្ដីណាមួយ, ដោយសេចក្ដីថា «សូមគោរព!; សូមទាន!, សូមទានគោរព!; សូមមេត្តា!, សូមមេត្តាប្រោស!; ទានប្រោស!, សូមទានប្រោស!» (សម្រាប់ប្រើតែខាងសាសនា តាមសេចក្ដីពេញចិត្តឬធ្លាប់ប្រើ) ឧកាសៈ! បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្ស ទាំងគូរ័ត្នរុង-រឿងឫទ្ធិរង្សី។ ល។ (កាព្យសរសើរព្រះបាទបុរាណ)។
ប្រើជា ឱកាស ឬ ឱកាសៈ! ក៏បាន (អ.ថ. អោកាសៈ «សូមឱកាស!, សូមទានឱកាស!»។ ព.កា. សម្រាប់ឲ្យប្រើពាក្យ ឧកាសៈ! និង ឱកាសៈ! ថា
ឧកាសៈ! យើងខ្ញុំ សូមបង្គំឆ្ពោះត្រ័យរ័ត្ន សូមយើងមានវិវឌ្ឍន៍ និងក្ដីសុខស្ងប់សព្វកាល។ សូមឲ្យមានទ្រព្យធន ច្រើនលើសលន់ពន់វិសាល សូមគុណអភិបាល ប្រជាជាតិឲ្យឃ្លាតទុក្ខ។ ឬថា : ឱកាសៈ! យើងខ្ញុំ មកជួបជុំព្រមព្រៀងគ្នា សូមពោលពាក្យប្ដេជ្ញា ថានឹងកាន់ចិត្តសច្ចំ។ ចំពោះប្រទេសជាតិ មាតុភូមិរាជបល្ល័ង្ក ពុទ្ធសាសនំ យើងសូមកាន់ដោយគោរព។

ឧកាសៈ!

ឧកាសៈ!៖ មើលក្នុងពាក្យ ឧកាស!

ឧក្កដ្ឋ

ឧក្កដ្ឋ៖ (អ៊ុក-ក័ត-ឋៈ) គុណសព្ទ៖ (បា. ឧក្កដ្ឋ; សំ. ឧក្ក្ឫឞ្ត) ឧក្រិដ្ឋ គឺ ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងរឹតត្បិត; ខ្ពស់, យ៉ាងខ្ពស់; ឧត្តម, ប្រសើរផុត; ចម្បង; កន្លង, ក្រៃលែង, លើសលែង, លើសលន់; ល្អប្រពៃ; ល្អកន្លង។ ឧក្កដ្ឋការណ៍ ដំណើរឬរឿងឧក្រិដ្ឋ (រឿងធំ, រឿងធ្ងន់)។ ឧក្កដ្ឋទោស ទោសឧក្រិដ្ឋ (ទោសធ្ងន់)។ ឧក្កដ្ឋធម៌ ធម៌ឧត្តម។ ឧក្កដ្ឋបរិច្ឆេទ កំណត់, កម្រិត, ការប្រិត យ៉ាងតឹង។ ឧក្កដ្ឋបាត្រ បាត្រខ្នាតធំ (បាត្រយ៉ាងធំ)។ ឧក្កដ្ឋប្បញ្ញត្តិ បញ្ញត្តិយ៉ាងតឹង (ការហាមដោយដាច់ខាត)។ ឧក្កដ្ឋប្បដិបត្តិ ឬ ឧក្កដ្ឋប្បដិបទា ប្រតិបត្តិឬបដិបទាយ៉ាងតឹង (ការកាន់តឹង)។ ឧក្កដ្ឋប្បមាណ ខ្នាតយ៉ាងធំ, (ខ្នាតធំ)។ ឧក្កដ្ឋភាព ភាពឧត្តម។ ល។ (មើលក្នុងពាក្យ ឧក្រិដ្ឋ និង ឧក្រឹដ្ឋ ទៀតផង)។

ឧក្កដ្ឋៈ

ឧក្កដ្ឋៈ៖ មើលក្នុងពាក្យ ឧក្កដ្ឋ

ឧក្កដ្ឋ–

ឧក្កដ្ឋ–៖ មើលក្នុងពាក្យ ឧក្កដ្ឋ

ឧក្កដ្ឋិសព្ទ

ឧក្កដ្ឋិសព្ទ៖ (អ៊ុក-ក័ត-ឋិស័ប) នាមសព្ទ៖ (បា. និង សំ. ក្ល.; បា. ឧក្កដ្ឋិសទ្ទ; សំ. ឧត្ក្ឫឞ្តិ + ឝព្ទ «សំឡេងខ្ពស់គ្រលួចឡើងលើ») សូរហ៊ោ មហាជនមានសេចក្ដីអស្ចារ្យខ្លាំងក៏បានធ្វើឧក្កដ្ឋិសព្ទជាឯកប្បហារ។
(ព.កា.)
ឧក្កដ្ឋិសព្ទ លាន់ឮអឺងអាប់ តើមានការណ៍អ្វី សូរស័ព្ទចម្លែក ជ្រែកសោតិន្រ្ទីយ៍ គួរគ្នាយើងម្នីម្នារត់ទៅមើល។ ចាស់ព្រឹទ្ធាចារ្យ ប្រាប់ថាឥតការណ៍ ប្លែកទេកុំផ្អើល ពួកក្មេងលេងឈូង ទេតើកុំព្រើល ឲ្យរត់ទៅមើល វាលេងត្រង់ណា?

ឧក្កាបាត

ឧក្កាបាត៖ (អ៊ុក-កា–) នាមសព្ទ៖ (បា. ឬ សំ.) គប់ភ្លើងដែលធ្លាក់ពីអាកាស គឺកេតុធ្លាក់ឬកេតុដំដួល
មានឧក្កាបាត (បារ. Aérolithe)។

ឧក្រិដ្ឋ

ឧក្រិដ្ឋ៖ (អុក-ក្រិត) គុណសព្ទ៖ (បា. ឬ សំ. ក្ល.; សំ. ឧត្ក្ឫឞ្ត; បា. ឧក្កដ្ឋ) ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងម៉ឺងម៉ាត់។ ល។ (មើលក្នុងពាក្យ ឧក្កដ្ឋឧក្កដ្ឋៈ)។ ទោសឧក្រិដ្ឋ ឬ ឧក្រិដ្ឋទោស ទោសធ្ងន់។ បទឧក្រិដ្ឋ បទល្មើសឬដំណើរល្មើសដែលប៉ះទៅលើទោសឧក្រិដ្ឋ អំពើនុះចូលក្នុងបទឧក្រិដ្ឋ។
សាលាឧក្រិដ្ឋ សាលាតុលាការជំនុំជម្រះទោសឧក្រិដ្ឋ (ហៅសាលឧក្រិដ្ឋ ក៏បាន)។ ប្រើជា កិ.វិ. ក៏បាន ប្រព្រឹត្តឧក្រិដ្ឋ ឬ កាន់ឧក្រិដ្ឋ ប្រព្រឹត្តឬកាន់យ៉ាងតឹង។ ល។
(ព.កា.)
រីពាក្យឧក្រឹដ្ឋ ប្រើបានតាមចិត្ត ផ្សំនឹងគុណទោស ឆ្ពោះភាពធ្ងន់តឹង ប្រឹងឬសន្ដោស ដែលហួសកំណោស ហៅឧក្រឹដ្ឋបាន។

ឧក្រឹដ្ឋ

ឧក្រឹដ្ឋ៖ មើលក្នុងពាក្យ ឧក្រិដ្ឋ

ឧគ្គហនិមិត្ត

ឧគ្គហនិមិត្ត៖ (អ៊ុក-គៈហៈនិមិត) នាមសព្ទ៖ (បា.; សំ. ឧទ្រ្គហ + និមិត្ត) គ្រឿងសម្គាល់ដែលអ្នកចម្រើនកសិណកម្មដ្ឋានសង្កេតយកបាន គឺរូបកសិណដែលជាក់ច្បាស់ដល់ដួងចិត្តនៃយោគី ទោះជាធ្មេចភ្នែកទៅក៏នៅតែឃើញជាក់ច្បាស់ដូចកាលដែលបើកភ្នែកសម្លឹង
កើតឧគ្គហនិមិត្ត (ព.ពុ.)។

ឧគ្ឃោសនា

ឧគ្ឃោសនា៖ (អ៊ុក-ឃោសៈន៉ា) នាមសព្ទ៖ (បា.; សំ. ឧទ្ឃោឞណា) ការស្រែកប្រកាស, ការប្រកាសសេចក្ដីពេញសំឡេង : ធ្វើឧគ្ឃោសនាឲ្យបានឮរាល់គ្នា។ ឧគ្ឃោសនាសព្ទ សូរសព្ទនៃឧគ្ឃោសនា (ប្រើជា ឧគ្ឃោសនសព្ទ ក៏បាន)។ ឧគ្ឃោសនាការ (< ឧគ្ឃោសនា + អាការ) អាការនៃឧគ្ឃោសនា។ ល។

ឧច្ច

ឧច្ច៖ (អ៊ុច-ចៈ) គុណសព្ទ៖ (សំ.បា.) ខ្ពស់; គ្រលួច, ឧត្តម។ ឧច្ចកុល ឬ –កូល ត្រកូលខ្ពស់, ត្រកូលឧត្តម។ ឧច្ចគិរី ឬ –បព៌ត ភ្នំខ្ពស់។ ឧច្ចគោត្ត ឬ –គោត្រ គោត្រខ្ពស់, គោត្រឧត្តម ឬឧត្តមគោត្រ។ ឧច្ចគ្រឹះ ឬ –គ្រឹហា ផ្ទះខ្ពស់។ ឧច្ចព្រឹក្ស ដើមឈើខ្ពស់។ ឧច្ចវ័ន ព្រៃស្រោង។ ឧច្ចសព្ទ ឬឧច្ចាសព្ទ សូរស្រែកខ្លាំង; សូរហ៊ោ។ ឧច្ចាសនៈ ឬ ឧច្ចាសន៍ អាសនៈខ្ពស់ (និយាយក្លាយជា ឱច្ចាសន៍ ក៏មាន, អ.ថ. ឱច-ចាស ឬឱចាស, ច្រើនប្រើជា កិ.វិ. ឬ គុ. សំដៅសេចក្ដីថា «ខ្ពស់, ខ្ពស់ជាង»: កូន, ឯងកុំអង្គុយឱច្ចាសន៍លើចាស់ទុំ!, ទីឱច្ចាសន៍)។ ឧច្ចសយនៈ ឬឧច្ចាសយនៈ ទីដេកខ្ពស់ (ប្រើជា ឧច្ចសយនា ឬ ឧច្ចាសយនា ក៏បាន)។ ឧច្ចាសយនៈ (ព.ពុ.) ឈ្មោះសិក្ខាបទទី៨នៃអដ្ឋង្គិកសីលឬឈ្មោះសិក្ខាបទទី៩ នៃសីលដប់ (ហៅឲ្យពេញថា ឧច្ចាសយនមហាសយនៈ) មានការវៀរទីដេកដ៏ខ្ពស់ដ៏ប្រសើរដែលទាស់នឹងបញ្ញត្តិ ហៅកាត់ខ្លីត្រឹមតែ ឧច្ចា ក៏បាន : សីលឧច្ចា។ ល។

ឧច្ច–

ឧច្ច–៖ មើលក្នុងពាក្យ ឧច្ច

ឧច្ចា–

ឧច្ចា–៖ មើលក្នុងពាក្យ ឧច្ច

ឧច្ចារ

ឧច្ចារ៖ (អ៊ុច-ចារ៉ៈ) នាមសព្ទ៖ (សំ.បា. ឧច្ចារ) លាមក, វច្ចៈ (ព.សា. អាចម៍)
ទល់ឧច្ចារៈ ទល់លាមក។ បន្ទោឧច្ចារៈ បត់ជើងធំ។ បន្ទោឧច្ចារៈបស្សាវៈ បត់ជើងធំតូច។ ឧច្ចារកិច្ច កិច្ចដោយឧច្ចារៈ គឺការបន្ទោឧច្ចារៈ។ ឧច្ចារដ្ឋាន ឬ –ស្ថាន ទីសម្រាប់បន្ទោឧច្ចារៈ; បង្គន់បត់ជើងធំ, វច្ចដ្ឋាន, វច្ចកុដិ។ ឧច្ចារមគ្គ ឬ –ទ្វារ ទ្វារបាត ឬទ្វារធំ។ ឧច្ចាររោគ រោគរាករូស; រោគដែលបណ្ដាលពីឧច្ចារៈ (មានក្លន, ប្រដិតជាដើម)។ ល។

ឧច្ចារៈ

ឧច្ចារៈ៖ មើលក្នុងពាក្យ ឧច្ចារ

ឧច្ចារ–

ឧច្ចារ–៖ មើលក្នុងពាក្យ ឧច្ចារ

ឧច្ចិនកម្ម

ឧច្ចិនកម្ម៖ (អ៊ុច-ចិ-ន៉-ក័ម) នាមសព្ទ៖ (បា.) ការជ្រើសរើស, ការជ្រើសតាំង, ការសម្រិតសម្រាំង ធ្វើឧច្ចិនកម្ម; ឧច្ចិនកម្មនៃគណៈកម្មការជម្រះបញ្ជី។
ការបោះឆ្នោតជ្រើសរើសរូបមនុស្សដើម្បីឋានៈអ្វីនីមួយ ក៏អាចហៅថា ឧច្ចិនកម្ម បានដែរ
ឧច្ចិនកម្មតំណាងរាស្ត្រ។

ឧច្ឆេទ

ឧច្ឆេទ៖ (អ៊ុច-ឆេទៈ) នាមសព្ទ៖ (សំ.បា.) ការកាត់ផ្ដាច់; ដំណើរដាច់សូន្យ។ ឧច្ឆេទទិដ្ឋិ ការយល់ឃើញថាមនុស្សសត្វទាំងអស់សុទ្ធតែស្លាប់ទៅហើយសូន្យលែងកើតទៀត (ព.ពុ. រាប់ចូលក្នុងពួកមិច្ឆាទិដ្ឋិមានទោសធ្ងន់)។ ឧច្ឆេទវាទ សម្ដីនិយាយផ្ដាច់ឬនិយាយដាច់ស្រេច, សម្ដីមិនពាំត្រណោត។ ព.ពុ. សម្ដីនិយាយប្រកាន់ឧច្ឆេទទិដ្ឋិ។ ឧច្ឆេទវាទិន ឬ –វាទី អ្នកដែលនិយាយមិនពាំត្រណោត។ ព.ពុ. អ្នកដែលនិយាយប្រកាន់ឧច្ឆេទទិដ្ឋិ (បើស្ត្រីជា ឧច្ឆេទវាទិនី)។ ឧច្ឆេទសម្មាន (–ស័ម-ម៉ាន) អ្នកដែលជាប់សេចក្ដីរាប់អានគ្នា គឺអ្នកដែលធ្លាប់តែរាប់អានគ្នាហើយបែរជាលែងរាប់អានគ្នាទៅវិញ (បើស្ត្រីជា ឧច្ឆេទសម្មានា)។ ឧច្ឆេទសម្មានភាព ដំណើរដាច់សេចក្ដីរាប់អានគ្នា។ ល។

ឧច្ឆេទ–

ឧច្ឆេទ–៖ មើលក្នុងពាក្យ ឧច្ឆេទ

ឧជុ

ឧជុ៖ (អ៊ុ-ជុ) គុណសព្ទ៖ (បា.; សំ. ឫជុ) ត្រង់; ទៀងត្រង់; ស្លូតត្រង់។ ឧជុកម្ម អំពើត្រង់។ ឧជុការណ៍ ហេតុ ឬ ដំណើរត្រង់។ ឧជុចិត្ត ចិត្តត្រង់, ចិត្តស្លូតត្រង់, ចិត្តសុចរិត។ ឧជុជន ឬ –បុគ្គល ជនឬបុគ្គលស្លូតត្រង់។ ឧជុប្បដិបត្តិ ប្រតិបត្តិត្រង់ គឺការប្រព្រឹត្តឬកាន់ត្រឹមត្រង់តាមគន្លងធម៌, តាមលំអានច្បាប់។ ឧជុប្បដិបន្ន (អ៊ុជុប-ប៉ៈដិប៉័ន ឬ –ប័ន) អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌, តាមលំអានច្បាប់ (បើស្ត្រីជា ឧជុប្បដិបន្នា (អ៊ុជុប-ប៉ៈដិប៉័ន-ន៉ា)។ ឧជុភាព ភាពត្រង់; ភាវៈឬសេចក្ដីស្លូតត្រង់។ ឧជុមគ្គ ផ្លូវត្រង់។ ឧជុវាចា ឬ-វាទ, –កថា សម្ដីត្រង់។ ឧជុវាទី អ្នកដែលតែងតែនិយាយត្រង់ (បើស្ត្រីជា ឧជុវាទិនី)។ ឧជុសណ្ឋាន សណ្ឋានត្រង់; ដែលមានសណ្ឋានត្រង់។ ឧជុសន្ដាន សន្ដានចិត្តត្រង់; អ្នកដែលមានសន្ដានចិត្តត្រង់។ ល។

ឧជុ–

ឧជុ–៖ មើលក្នុងពាក្យ ឧជុ

ឧជ្ឈាន

ឧជ្ឈាន៖ (អ៊ុច-ឈានៈ, ព.កា. អ៊ុច-ឈាន) នាមសព្ទ៖ (បា.; សំ. ឧទ្ធ្យាន) ការសម្លឹងរំពៃទោសដើម្បីរិះគន់គេ, ការនិយាយអាក្រក់ពីគេ, ការពោលទោសគេ, ការនិយាយដើមគេ; សេចក្ដីរិះគន់គេ។ (ព.កា.) : កុំប្រើឧជ្ឈាន ព្រោះនាំឲ្យមាន កំហុសលើខ្លួន បើបានជាជ្រុល ម្ដងហើយកុំផ្ទួន ក្រែងលោគាប់ជួន ដល់បង់កេរ្តិ៍ឈ្មោះ។ ឧជ្ឈានកម្ម (អ៊ុច-ឈានៈក័ម) ន. (បា.) ការពោលទោសគេ គឺការនិយាយរិះគន់ឬនិន្ទាត្មះតិះដៀលគេដោយមានហេតុឬដោយឥតហេតុ : ឧជ្ឈានកម្មរបស់បុថុជ្ជនមានសមហេតុសមផលខ្លះ ឥតសមហេតុសមផលខ្លះ។ ឧជ្ឈានប្បហាន (–ន៉ាប់-ប៉ៈ–) ការលះឧជ្ឈានភាព។ ឧជ្ឈានភាព (អ៊ុច-ឈានៈភាប) ភាវៈឬដំណើរនិយាយអាក្រក់ពីគេ។ ឧជ្ឈានសញ្ញា (អ៊ុច-ឈានៈស័ញ-ញ៉ា) សេចក្ដីកួចកាន់ក្នុងការរិះគន់គេ, ការរំពៃទោសគេដោយសេចក្ដីរិះគន់។ ឧជ្ឈានសញ្ញី អ្នកដែលប៉ិនឬហៃខាងការរិះគន់គេ (បើស្ត្រីជា ឧជ្ឈានសញ្ញិនី)។ ល។

ឧជ្ឈាន–

ឧជ្ឈាន–៖ មើលក្នុងពាក្យ ឧជ្ឈាន

ឧដុង្គ

ឧដុង្គ៖ (អ៊ុដុង) គុណសព្ទ៖ (ពាក្យប្រើក្លាយមកពី សំ.បា. ឧត្តុង្គ) ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ; ថ្លៃថ្លា។ ន. ឈ្មោះរាជធានីចាស់មួយរបស់កម្ពុជរដ្ឋ ស្ថិតនៅចន្លោះទិសពាយ័ព្យនិងទិសឧត្តរនៃក្រុងភ្នំពេញ ជានគរទី ១ មុនបន្ទាប់នគរភ្នំពេញសព្វថ្ងៃនេះ : ក្រុងឧដុង្គមានភ្នំព្រះរាជទ្រព្យជាលម្អ មើលពីចម្ងាយទៅឃើញត្រដែតត្រដឹម (ហៅឲ្យពេញថា ក្រុងឧដុង្គមានជ័យ ឬ ក្រុងឧដុង្គឮជ័យ; គួរសរសេរ ឧត្តុង្គ អ.ថ. អ៊ុត-ដុង, ប៉ុន្តែធ្លាប់ប្រើជា ឧដុង្គ យ៉ាងនេះយូរមកហើយ)។ ឧដុង្គឧត្តម ឧត្តមលើសលែង, ប្រសើរកន្លង (សរសេរជា ឧត្តុង្គឧត្តម ក៏បាន)។

ឧដ្ឋាន

ឧដ្ឋាន៖ (អ៊ុត-ឋាន) នាមសព្ទ៖ (បា. ឧដ្ឋាន; សំ. ឧត្ថានឧត្សាន) ការក្រោក; ការក្រោកពីដេក; សេចក្ដីព្យាយាមក្លៀវក្លា, សេចក្ដីខំប្រឹងពេញកម្លាំង សេចក្ដីក្រវើនឬក្រវើនក្រតើនធ្វើការដោយមិនខ្ជិលច្រអូស : មនុស្សមានឧដ្ឋានៈ តែងចួបប្រទះប្រយោជន៍ជាដរាបពុំដែលខាន។ ព.សុ. អ្នកមានឧដ្ឋាន តែងបានទ្រព្យធន។ (ព.កា.) : ឧដ្ឋានគឺព្យាយាម មិនទីមទាមដោយក្ដីខ្ជិល មិនក្រាញឲ្យរេចរិល អាចរំកិលបង្វិលការ។ ជាគុណធម៌ថ្លៃ អ្នកឈ្លាសវៃ មានវិចារណ៍ ពុំដែលមានថ្លោះការ ព្រោះដោយសារមានឧដ្ឋាន។ អ.ថ. អ៊ុត-ឋាន៉ៈ, ដូចជា ឧដ្ឋានកាល ឬ –វេលា កាលឬវេលាដែលត្រូវក្រោក។ ឧដ្ឋានភាព ភាវៈនៃឧដ្ឋានៈ។ ឧដ្ឋានវន្ត (–វ័ន) អ្នកដែលមានឧដ្ឋានៈ (បើស្ត្រីជា ឧដ្ឋានវន្តី ឬ –វតី)។ ឧដ្ឋានសញ្ញា ការកំណត់វេលាដែលត្រូវភ្ញាក់ឬត្រូវក្រោកពីដេក : គួរធ្វើឧដ្ឋានសញ្ញារាល់ពេលដែលរៀបដេក។ ឧដ្ឋានសម្បទា ការបរិបូណ៌ដោយសេចក្ដីខំប្រឹងពេញកម្លាំង : ឧដ្ឋានសម្បទា ជាជំនួយជួយឲ្យភ័ព្វព្រេងសំណាងចេញមុខឲ្យផល (មើលក្នុងពាក្យ សម្បទា ផង)។ ឧដ្ឋានសម័យ សម័យដែលត្រូវក្រោក; សម័យដែលត្រូវខំប្រឹងប្រែងធ្វើកិច្ចការដោយពេញកម្លាំង (ព.កា.) : ប្រទះឧដ្ឋានសម័យ ត្រូវប្រឹងកែខៃឲ្យទាន់គេ កុំនៅទម្រន់ដោយធ្វេសទ្វេ គេភ្ញាក់ពីដេកយើងត្រូវភ្ញាក់។ គេផ្ដើមកិច្ចការយើងត្រូវផ្ដើម កុំអើតអើមត្រាតែខ្លួនធ្លាក់ ព្រយុងចំហុងផុងខូចល័ក្ខណ៍ រអាក់រអួលដួលសន្លប់។ ល។

ឧដ្ឋានៈ

ឧដ្ឋានៈ៖ (អ៊ុត-ឋាន៉ៈ) (មើលក្នុងពាក្យ ឧដ្ឋាន)។

ឧដ្ឋាន–

ឧដ្ឋាន–៖ មើលក្នុងពាក្យ ឧដ្ឋាន

ឧណ្ណា

ឧណ្ណា៖ (អ៊ុន-ណា) នាមសព្ទ៖ (បា.; សំ. ឧណ៌ា) រោមចៀម, រោមពពែឬរោមសត្វចតុប្បាទពួកចៀមពួកពពែ; សរសៃពីងពាង; រោមប្រជុំចិញ្ចើម គឺរោមដែលដុះនៅត្រង់ចន្លោះចិញ្ចើមទាំងពីរ។ ឧណ្ណានាភី (បា. –នាភិ) ពីងពាង។ ឧណ្ណាពស្ត្រ ឬ –ព័ស្ត្រ (–ពស់ ឬ ព័ស) សំពត់រោមចៀម។ ឧណ្ណាម័យ ដែលធ្វើដោយរោមចៀម, ដែលយករោមចៀមធ្វើ : កម្រាលឧណ្ណាម័យ។ ឧណ្ណាលោម រោមប្រជុំចិញ្ចើម។ ឈ្មោះវត្តធំមួយក្នុងក្រុងភ្នំពេញ, មានចេតិយបុរាណធំមួយនៅខាងក្រោយឧបោសថាគារ មានចេតិយធំបន្ទាប់ ៥ ព័ទ្ធជុំវិញ តភ្ជាប់នឹងចេតិយធំ; ក្នុងចេតិយធំនោះ តាមសេចក្តីដំណាលថា គេបញ្ចុះរោមប្រជុំចិញ្ចើមនៃព្រះមហាថេរមួយអង្គមាននាមពុំប្រាកដ …។ លុះដល់មកពុទ្ធសករាជ ២៤២៣ សម្ដេចព្រះមហាសង្ឃរាជព្រះនាម ទៀង (សុវណ្ណកេសរៈ) បានបញ្ចុះព្រះបរមសារីរិកធាតុនៃព្រះសក្យ មុនីសម្មាសម្ពុទ្ធមួយព្រះអង្គតូចក្នុងចេតិយធំកណ្ដាល, ព្រះបរមធាតុនោះ ព្រះសិរីសុមង្គលាចារ្យ ជាសង្ឃនាយកនៅលង្កា ទ្វីបបានចាត់មហាថេរមួយរូបឈ្មោះ នាថវីរិយ ឲ្យនាំមកថ្វាយ (តាមអក្សរចារឹកនៅលើមាត់ទ្វារចេតិយទាំងគូខាងមុខចេតិយធំ)។ ពាក្យនេះខ្មែរប្រើជា រ.ស. ថា ព្រះឧណ្ណាលោម « រោមប្រជុំចិញ្ចើមព្រះសម្ពុទ្ធឬក្សត្រិយ៍ (ដែលកម្រមនុស្សណាមាន)។

ឧណ្ណា–

ឧណ្ណា–៖ មើលក្នុងពាក្យ ឧណ្ណា

ឧណ្ហ

ឧណ្ហ៖ (អ៊ុន-ហៈ) គុណសព្ទ៖ (បា.; សំ. ឧឞ្ណ) ក្ដៅ។ ព.ផ្ទ. សីត ឬ សីតល។ (ខ្មែរអ.ថ. អ៊ុន) សំដៅសេចក្ដីថា «ក្ដៅបន្តិចៗ, ក្ដៅសង្អន់ៗ»: ទឹកក្ដៅឧណ្ហៗ (ដើម្បីកុំឲ្យច្រឡំ, សរសេរជា ឧណ្ហ៍ ក៏បាន : ក្ដៅឧណ្ហ៍ៗ)។ ឧណ្ហកាល ឬ –សម័យ កាលឬសម័យក្ដៅ, រដូវក្ដៅ។ ឧណ្ហចិត្ត ឬ –ហទ័យ ចិត្តក្ដៅ, ចិត្តរហេវរហាវ; ចិត្តកំពុងក្ដៅ។ ឧណ្ហ៍ចិត្ត កក់ក្ដៅក្នុងចិត្ត, នឹកសង្ឃឹម។ ឧណ្ហដ្ឋាន ទីឬកន្លែងក្ដៅ។ ឧណ្ហប្បទេស ប្រទេសក្ដៅ។ ឧណ្ហភ័យ ការខ្លាចក្ដៅ។ ឧណ្ហភាព ភាវៈក្ដៅ, កម្ដៅ។ ឧណ្ហភិត (បា. –ភីត) អ្នកខ្លាចក្ដៅ, អ្នកដែលចាញ់ក្ដៅ។ ឧណ្ហមាត្រ ប្រដាប់សម្រាប់ស្ទង់មើលធាតុអាកាស ដើម្បីឲ្យដឹងក្ដៅត្រជាក់; កែវស្ទង់របស់ពេទ្យសម្រាប់ស្ទង់មើលនូវអាការក្ដៅត្រជាក់ក្នុងរូបកាយអ្នកជំងឺ។ ឧណ្ហរង្សី (បា. –រំសិ) ព្រះអាទិត្យ។ ឧណ្ហរោគ ឬ ឧណ្ហាពាធ ជំងឺក្ដៅ។ ឧណ្ហវាទ ខ្យល់ដែលបក់ដោយទាំងចំហាយក្ដៅមកផង។ ឧណ្ហវេលា វេលាក្ដៅ, ពេលកំពុងក្ដៅ។ ឧណ្ហាការ អាការក្ដៅ។ ឧណ្ហាលុ ដែលមានក្ដៅច្រើន; ប្រទេសដែលមានក្ដៅច្រើន : ប្រទេសឧណ្ហាលុ; មនុស្សចាញ់ក្ដៅ; ដែលចាញ់ក្ដៅ។ ឧណ្ហោទក (អ៊ុន-ហោទៈកៈ ឬ –ទក់; បា. < ឧណ្ហ + ឧទក «ទឹក») ទឹកក្ដៅ (ម. ផ្ទ. សីតោទក)។ ល។

ឧណ្ហ–

ឧណ្ហ–៖ មើលក្នុងពាក្យ ឧណ្ហ

ឧណ្ហ៍–

ឧណ្ហ៍–៖ មើលក្នុងពាក្យ ឧណ្ហ

ឧណ្ហា–

ឧណ្ហា–៖ មើលក្នុងពាក្យ ឧណ្ហ

ឧណ្ហោ–

ឧណ្ហោ–៖ មើលក្នុងពាក្យ ឧណ្ហ

ឧណ្ហីស

ឧណ្ហីស៖ (អ៊ុន-ហិស) នាមសព្ទ៖ (បា.; សំ. ឧឞ្ណិឞ)។ គ្រឿងប្រដាប់សីសៈ; មកុដ; ឈ្នួតក្បាល; ក្បាំងមុខ; របៃ; ក្បាលជណ្ដើរ; មង្គល។ ព្រះឧណ្ហីស មកុដរាជ្យ (រាប់ចូលក្នុងរាជកកុធភណ្ឌទាំង ៥)។

ឧតុ

ឧតុ៖ (អ៊ុ-តុ) នាមសព្ទ៖ (បា.; សំ. ឫតុ) រដូវ។ ឧតុកាល កាលរដូវ គឺកាលដែលគួរតាមរដូវ : ធ្វើបុណ្យឲ្យទានតាមឧតុកាល (ប្រើជា ឧតុសម័យ ក៏បាន)។ ឧតុនិយម ឬ –និយាម ដំណើរកំណត់រដូវ; រដូវមួយៗដែលមានកាលកំណត់ផ្សេងពីគ្នា; កាលអនុលោមតាមរដូវ : ស្លៀកពាក់តាមឧតុនិយម។ ឈ្មោះក្រុមរាជការមានភារកិច្ចខាងពិនិត្យនូវបាតុភូតដែលកើតមានតាមរដូវឰដ៏បរិយាកាសដូចជា ផ្គរ, ភ្លៀង, រន្ទះ, ខ្យល់ព្យុះ, អ័ព្ទជាដើម : ក្រុមឧតុនិយម។ ឧតុនី ឬ ឧតុមតី (សំ. ឫតុមតី) ស្ត្រីមានរដូវ។ ឧតុបរិណាម (–ប៉ៈរ៉ិ–) ដំណើរផ្លាស់រដូវឬប្រែប្រួលរដូវ : ជំងឺឧតុបរិណាម ជំងឺដែលកើតព្រោះដំណើរផ្លាស់រដូវ (ហៅ ឧតុបរិណាមជាពាធ (–ប៉ៈរ៉ិណាម៉ៈ–) ក៏បាន; បា. < ឧតុបរិណាមជ + អាពាធ)។ ឧតុបរិយោសានចុងរដូវ។ ឧតុមុខ ដើមរដូវ។ ឧតុរាជ ស្ដេចរដូវ គឺវសន្តរដូវ (រដូវឈើជម្រុះស្លឹកហើយបញ្ចេញត្រួយបញ្ចេញផ្កា។ មើលក្នុងពាក្យ វសន្តរដូវ ផង)។ ឧតុវិបរិត ឬ –វិបល្លាស ដំណើរផ្លាស់ប្រែអាកាសធាតុក្នុងរដូវនីមួយ (ដូចជារដូវក្ដៅប្រែទៅជាត្រជាក់ជាដើម)។ ឧតុសន្ធិ តំណរដូវ។ ឧតុសន្និបាត សម័យដែលរដូវមួយទល់គ្នានឹងរដូវមួយ។ ឧតុសមុដ្ឋាន សមុដ្ឋាននៃរដូវ (មានក្ដៅ, រងាជាដើម): ប្រើថ្នាំរម្ងាប់រោគតាមឧតុសមុដ្ឋាន។ ល។ (មើលក្នុងពាក្យ ឫតុ និង រដូវ ផង)។

ឧតុ–

ឧតុ–៖ មើលក្នុងពាក្យ ឧតុ

ឧត្ដម

ឧត្ដម៖ (អ៊ុត-ដំ) គុណសព្ទ៖ (សំ.បា.) ខ្ពស់, ខ្ពង់ខ្ពស់; កន្លង; ល្អ; ប្រសើរ; ថ្លៃថ្លា; បរិបូណ៍; សម្បូណ៍ ថ្នាក់ឧត្ដម ថ្នាក់ខ្ពស់។ ប្រសើរឧត្ដម ប្រសើរកន្លង។ ផលស្រូវឧត្ដម ផលស្រូវបរិបូណ៌ឬសម្បូណ៍។ ពូជពង្សឧត្ដម ឬពង្សពូជ– ពូជពង្សខ្ពង់ខ្ពស់។ ឧដុង្គឧត្ដម ឬឧត្ដុង្គ– ខ្ពង់ខ្ពស់លើសលែង។ ល។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុត-តៈម៉ៈ, ចួនថា អ៊ុត-ដំ. ម៉ៈ ឬ អ៊ុត-ដំ ក៏មានខ្លះ (តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដមគតិ គតិឧត្ដម គឺដំណើរកើតល្អ; ចិត្តគំនិតខ្ពង់ខ្ពស់ អធ្យាស្រ័យដែលដុះដាលចេញមក ដើម្បីរិះរកសេចក្ដីសុខ-ចម្រើន, គោលបំណងចង់ឲ្យបានល្អប្រពៃ, … មនុស្សមានឧត្តមគតិ រមែងបានជាទីស្រឡាញ់នៃមហាជន។
ឧត្តមគន្ធ ក្លិនប្រសើរ។ ឧត្តមគោត្ត ឬ –គោត្រ គោត្រខ្ពស់។ ឧត្តមគ្រឹហា ឬ –គ្រឹះ ផ្ទះល្អ, មានតម្លៃ។ ឧត្តមង្គ ឬឧត្តមាង្គ (–ម៉័ង, – ម៉ង់ ឬ–ម៉ាង) ក្បាល, ត្បូង។ ឧត្តមជាតិ ជាតិខ្ពស់។ ឧត្តមបុរិសៈ ឬ –បុរស បុរសខ្ពង់ខ្ពស់។ ព.វ.សំ. បា. បុរិសៈ ទី៣ ត្រង់ ខ្ញុំ, អញ, យើង។ ឧត្តមភាព ភាព ឧត្ដម។ ឧត្ដមភូមិ ថ្នាក់ខ្ពស់ ជាន់ខ្ពស់។ ឧត្ដមភេទ (បា. –វេស; សំ. –វេឝ) ភេទឧត្តម។ ព.ពុ. បព្វជិតភេទ។ ឧត្តមមន្ត្រី (អ៊ុត-ដំ–) មន្ត្រីថ្នាក់ខ្ពស់; មន្ត្រីរដ្ឋបាលថ្នាក់ខ្ពស់។ ឧត្តមវង្ស ឬ-ពង្ស វង្សខ្ពស់, ពូជខ្ពស់។ ឧត្តមវិជ្ជា ឬ –វិទ្យា វិជ្ជាជាន់ខ្ពស់។ ឧត្ដមស័ក្តិ ស័ក្តិខ្ពស់។ ឧត្ដមសេនានី មេទាហានជាន់ខ្ពស់ ចាប់តាំងពីថ្នាក់ឧត្ដមសេនីយ៍ត្រីទៅដល់សេនាប្រមុខ។ ឧត្តមសេនីយ៍ ឋានន្តរមេទាហានជាន់ខ្ពស់ជាមេបញ្ជាការកងទ័ព។ ឧត្តមសេនីយ៍ត្រី ឧត្តមសេនីយ៍ដែលមានឋានន្តរសក្តិក្រោមឧត្ដមសេនីយ៍ទោ។ ឧត្ដមសេនីយ៍ទោ ឧត្តមសេនីយ៍ជាចន្លោះឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ឯក។ ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍មានឋានន្តរសក្ដិខ្ពស់ជាងឧត្តមសេនីយ៍ទោនិងឧត្តមសេនីយ៍ត្រី។ ឧត្តមានុភាព អានុភាពខ្ពង់ខ្ពស់ឬខ្លាំងក្រៃ។ ឧត្តមាភិសេក អភិសេកខ្ពង់ខ្ពស់ (មើលក្នុងពាក្យ សមណុត្តមាភិសេក ផង)។ ល។ ព.កា. ប្រើជា ឧត្តម :, ឧត្ដមា, ឧត្តមោ, ឧត្ដមំ (–មុ័ង) ក៏បាន។

ឧត្ដម–

ឧត្ដម–៖ មើលក្នុងពាក្យ ឧត្ដម។ ព.កា. ធៀបឧត្ដមសព្ទថា
ព្រះសម្ពុទ្ធោ ព្រះអង្គឧត្តមោ មានធម៌ឧត្ដមំ ទោះបីមានជន និគ្រន្ថប្រឆាំង ប្រទើសប្រទាំង ក៏ចាញ់តេជះ។ ក្នុងលោកឥតទ្វី មានតែមុនី ពេញទីជាព្រះ ប្រទានសុខស្ងប់ ឲ្យសត្វបានឈ្នះ ឲ្យបានលាកលះ នូវក្ដីសល់វ៉ល់។

ឧត្ដមៈ

ឧត្ដមៈ៖ មើលក្នុងពាក្យ ឧត្ដម

ឧត្ដមា

ឧត្ដមា៖ មើលក្នុងពាក្យ ឧត្ដម

ឧត្ដមោ

ឧត្ដមោ៖ មើលក្នុងពាក្យ ឧត្ដម

ឧត្ដមំ

ឧត្ដមំ៖ មើលក្នុងពាក្យ ឧត្ដម

ឧត្ដរ

ឧត្ដរ៖ (អ៊ុត-ដ) គុណសព្ទ៖ (សំ.បា.) ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាងលើ; ខាងខ្ពស់; ខាងជើង; ខាងឆ្វេង; ខាងចុង; ខាងក្រោយ ទិសឧត្ដរ ទិសខាងជើង។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុត-តៈរ៉ៈ (ចួនថា អ៊ុត-ដ តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដរកាយ រាងកាយប៉ែកខាងលើ; រូបកាយខ្ពស់។ ឧត្ដរកាល អនាគតកាល។ ឧត្ដរកុរុ ឬ ឧត្ដរកុរុទ្វីប ឈ្មោះមហាទ្វីបមួយនៅក្នុងទិសាភាគខាងជើងភ្នំសិនេរុ (តាមភូមិសាស្ត្របុរាណ); ខ្មែរច្រើនហៅក្លាយជា ឧត្ដរករោទ្វីប (អ៊ុត-ដ-កៈរ៉ោ–) ឧត្ដរទិសា ភាគ ប៉ែកទិសខាងជើង។ ឧត្ដរនិកាយ ពួកខាងជើង គឺពួកពុទ្ធសាសនិកខាងលទ្ធិមហាយាន (ព.ផ្ទ. ទកិ្ខណនិកាយ)។ ឧត្ដរប័ដ សំពត់សម្រាប់ពានា ឬសំពត់បង់ក, សំពត់ដណ្ដប់ (ហៅឧត្ដរពស្ត្រ ឬ –ព័ស្ត្រ ក៏បាន)។ ឧត្ដរលុប ឬ–លោប (ព.វ.) លុបអក្សរឬបទខាងចុង, ដូចជា អាដានាដិយៈ > អាដានា; ឪពុក > ឪ ជាដើម។ ឧត្ដរាព័ត៌ ឬ ឧត្ដរាវដ្ដ ដំណើរវិលទៅខាងឆ្វេង ដើរជាឧត្ដរាព័ត៌ ដើរវិលទៅខាងឆ្វេងជុំវិញទីណាមួយ : ហែសពជាឧត្ដរាព័ត៌បីជុំបារាំកំពូលរួចហើយលើកសពទៅតម្កល់លើជើងថ្ករ (តាមទម្លាប់ខ្លះ)។ ព.ផ្ទ. ទក្ខិណាព័ត៌ ឬ ទក្ខិណាវដ្ត។ ឧត្ដរាភិមុខ ដែលមានមុខបែរចំទៅខាងជើង។ ឧត្ដរាសង្គ (–សង់) សំពត់ពានា, សំពត់បង់ក (វេវ. ឧត្តរប័ដ, ឧត្ដរពស្រ្ត)។ ព.. ពុ. ចីពរ : ភិក្ខុតម្រួតឧត្ដរាសង្គជាមួយនឹងសង្ឃាដី ហើយឃ្លុំជាបរិមណ្ឌល ដើរចូលទៅក្នុងភូមិ។ ឧត្តរាសាឍ (ឈ្មោះនក្សត្រទី ២១; ខែអាឍាធក្រោយ; ខ្មែរធ្លាប់ប្រើតែ ទុតិយាសាឍ។ បុព្វាសាឍ ឈ្មោះនក្សត្រទី ២០; ខែអាសាឍមុន; ខ្មែរធ្លាប់ប្រើតែ បឋមាសាឍ ឬប្រថមាសាឍ។ ល។ ព.កា. ប្រើជា ឧត្ដរៈ, ឧត្ដរា, ឧត្តរោ, ឧត្ដរំ (អ.ថ. –រ៉័ង) ក៏បាន តាមគួរដល់ការប្រកប; ផ្លាស់ រ ជា ល > ឧត្ដល, ឧត្ដលា, ឧត្ដលោ ក៏បាន (អ.ថ. អ៊ុត-ដល់, –តៈល៉ា, -តល៉ោ)។

នាមសព្ទ៖ (សំ.បា.) ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាងលើ; ខាងខ្ពស់; ខាងជើង; ខាងឆ្វេង; ខាងចុង; ខាងក្រោយ ទិសឧត្ដរ ទិសខាងជើង។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុត-តៈរ៉ៈ (ចួនថា អ៊ុត-ដ តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដរកាយ រាងកាយប៉ែកខាងលើ; រូបកាយខ្ពស់។ ឧត្ដរកាល អនាគតកាល។ ឧត្ដរកុរុ ឬ ឧត្ដរកុរុទ្វីប ឈ្មោះមហាទ្វីបមួយនៅក្នុងទិសាភាគខាងជើងភ្នំសិនេរុ (តាមភូមិសាស្ត្របុរាណ); ខ្មែរច្រើនហៅក្លាយជា ឧត្ដរករោទ្វីប (អ៊ុត-ដ-កៈរ៉ោ–) ឧត្ដរទិសា ភាគ ប៉ែកទិសខាងជើង។ ឧត្ដរនិកាយ ពួកខាងជើង គឺពួកពុទ្ធសាសនិកខាងលទ្ធិមហាយាន (ព.ផ្ទ. ទកិ្ខណនិកាយ)។ ឧត្ដរប័ដ សំពត់សម្រាប់ពានា ឬសំពត់បង់ក, សំពត់ដណ្ដប់ (ហៅឧត្ដរពស្ត្រ ឬ –ព័ស្ត្រ ក៏បាន)។ ឧត្ដរលុប ឬ–លោប (ព.វ.) លុបអក្សរឬបទខាងចុង, ដូចជា អាដានាដិយៈ > អាដានា; ឪពុក > ឪ ជាដើម។ ឧត្ដរាព័ត៌ ឬ ឧត្ដរាវដ្ដ ដំណើរវិលទៅខាងឆ្វេង ដើរជាឧត្ដរាព័ត៌ ដើរវិលទៅខាងឆ្វេងជុំវិញទីណាមួយ : ហែសពជាឧត្ដរាព័ត៌បីជុំបារាំកំពូលរួចហើយលើកសពទៅតម្កល់លើជើងថ្ករ (តាមទម្លាប់ខ្លះ)។ ព.ផ្ទ. ទក្ខិណាព័ត៌ ឬ ទក្ខិណាវដ្ត។ ឧត្ដរាភិមុខ ដែលមានមុខបែរចំទៅខាងជើង។ ឧត្ដរាសង្គ (–សង់) សំពត់ពានា, សំពត់បង់ក (វេវ. ឧត្តរប័ដ, ឧត្ដរពស្រ្ត)។ ព.. ពុ. ចីពរ : ភិក្ខុតម្រួតឧត្ដរាសង្គជាមួយនឹងសង្ឃាដី ហើយឃ្លុំជាបរិមណ្ឌល ដើរចូលទៅក្នុងភូមិ។ ឧត្តរាសាឍ (ឈ្មោះនក្សត្រទី ២១; ខែអាឍាធក្រោយ; ខ្មែរធ្លាប់ប្រើតែ ទុតិយាសាឍ។ បុព្វាសាឍ ឈ្មោះនក្សត្រទី ២០; ខែអាសាឍមុន; ខ្មែរធ្លាប់ប្រើតែ បឋមាសាឍ ឬប្រថមាសាឍ។ ល។ ព.កា. ប្រើជា ឧត្ដរៈ, ឧត្ដរា, ឧត្តរោ, ឧត្ដរំ (អ.ថ. –រ៉័ង) ក៏បាន តាមគួរដល់ការប្រកប; ផ្លាស់ រ ជា ល > ឧត្ដល, ឧត្ដលា, ឧត្ដលោ ក៏បាន (អ.ថ. អ៊ុត-ដល់, –តៈល៉ា, -តល៉ោ)។

ឧត្ដរ-

ឧត្ដរ-៖ មើលក្នុងពាក្យ ឧត្ដរ

ឧត្ដរៈ

ឧត្ដរៈ៖ មើលក្នុងពាក្យ ឧត្ដរ

ឧត្ដរា

ឧត្ដរា៖ មើលក្នុងពាក្យ ឧត្ដរ

ឧត្ដរោ

ឧត្ដរោ៖ មើលក្នុងពាក្យ ឧត្ដរ

ឧត្ដរំ

ឧត្ដរំ៖ មើលក្នុងពាក្យ ឧត្ដរ

ឧត្តរទិស

ឧត្តរទិស៖ (អ៊ុត-តៈរ៉ៈ ទឹស) នាមសព្ទ៖ (បា.) ទិសខាងឆ្វេងដៃ គឺទិសខាងជើង (ឧត្តរ)។

ឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ (អ៊ុត-ដ-) នាមសព្ទ៖ ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តសៀមរាបហើយតែងតាំងឡើងពីឆ្នាំ ១៩៦៦ (ព្រះរាជក្រមលេខ ២៨២-បរ ចុះថ្ងៃទី១ មីនា ១៩៦៦)។

ឧត្តរានុទិស

ឧត្តរានុទិស៖ (អ៊ុត-តៈរ៉ានុទឹស) នាមសព្ទ៖ (បា.) អនុទិសជាចន្លោះនៃទិសឧត្តរនិងទិសបូព៌ គឺទិសឦសាន (មើលក្នុងពាក្យ អនុទិស ទៀតផង)។

ឧត្តរិ

ឧត្តរិ៖ (អ៊ុត-តៈរ៉ិ) កិរិយាវិសេសន៍៖ (បា. ឧត្តរិ ឬ ឧត្តរឹ; សំ. ច្រ. ប្រ. ជា ឧត្តរឹ) ក្រៃលែង, លើសលែង, លើសទៅទៀត; ច្រើនលើសទៅទៀត; ដែលជាងគេ; តទៅ, តទៅទៀត; ទៀត; ខាងលើ សម្ដីឧត្តរិ សម្ដីលើសពីធម្មតា។ ខ្មែរប្រើសំដៅសេចក្ដីថា «សម្ដីលើសពីហេតុពិត, សម្ដីបំផ្លើស, សម្ដីភូតភរ» ក៏មាន។ មនុស្សឧត្ដរិ មនុស្សវិសេសក្រៃលែងជាងមនុស្សធម្មតា (ឧត្តរិមនុស្ស)។ ខ្មែរប្រើជា » មនុស្សអ្នកអួតអាងហួសហេតុ, មនុស្សភូតភរ «។
ឧត្ដរិគមនាគម ការទៅមកបន្តគ្នាមិនដាច់។ ឧត្តរិត្រីមាស លើសពីបីខែ, ជាងបីខែ។ ឧត្ដរិទ្វិរត្ត លើសពីពីរយប់, ជាងពីរយប់។ ឧត្តរិភង្គ (–ភ័ង-គៈ ឬ ភ័ង) ឈ្មោះសម្លខាប់មួយប្រភេទ (លោកអ្នកចេះបាលីខ្លះយល់ថា សម្លការី ប៉ុន្តែតាមសេចក្ដីពន្យល់ក្នុងវិន័យថា ឧត្តរិភង្គនេះជា ព្យញ្ជនាហារ គឺជាម្ហូបខាប់ឬម្ហូបគោក បែបដូចជា ម្ហូបភ្លា ទេដឹង?)។ ឧត្តរិមគ្គ មគ្គថ្នាក់លើ (ព.ពុ.)។ ឧត្តរិមនុស្ស មនុស្សអ្នកមានគុណវិសេសលើសលែងជាងមនុស្សធម្មតា គឺមនុស្សអ្នកបានសម្រេចធម្មវិសេសមានឈានជាដើម រហូតដល់មគ្គផលនិព្វាន : ព្រះអរហន្តជាឧត្តរិមនុស្សក្នុងលោក។ ឧត្តរិមនុស្សធម្ម ធម៌របស់ឧត្តរិមនុស្ស។ ឧត្តរិលាភ លាភដ៏លើសលុប; លាភដែលចេះតែបានច្រើនៗមិនដាច់; លាភសម្រាប់ឧត្តរិមនុស្ស; លាភដែលមនុស្សសាមញ្ញមិនអាចនឹងបាន។ ល។

គុណសព្ទ៖ (បា. ឧត្តរិ ឬ ឧត្តរឹ; សំ. ច្រ. ប្រ. ជា ឧត្តរឹ) ក្រៃលែង, លើសលែង, លើសទៅទៀត; ច្រើនលើសទៅទៀត; ដែលជាងគេ; តទៅ, តទៅទៀត; ទៀត; ខាងលើ សម្ដីឧត្តរិ សម្ដីលើសពីធម្មតា។ ខ្មែរប្រើសំដៅសេចក្ដីថា «សម្ដីលើសពីហេតុពិត, សម្ដីបំផ្លើស, សម្ដីភូតភរ» ក៏មាន។ មនុស្សឧត្ដរិ មនុស្សវិសេសក្រៃលែងជាងមនុស្សធម្មតា (ឧត្តរិមនុស្ស)។ ខ្មែរប្រើជា » មនុស្សអ្នកអួតអាងហួសហេតុ, មនុស្សភូតភរ «។
ឧត្ដរិគមនាគម ការទៅមកបន្តគ្នាមិនដាច់។ ឧត្តរិត្រីមាស លើសពីបីខែ, ជាងបីខែ។ ឧត្ដរិទ្វិរត្ត លើសពីពីរយប់, ជាងពីរយប់។ ឧត្តរិភង្គ (–ភ័ង-គៈ ឬ ភ័ង) ឈ្មោះសម្លខាប់មួយប្រភេទ (លោកអ្នកចេះបាលីខ្លះយល់ថា សម្លការី ប៉ុន្តែតាមសេចក្ដីពន្យល់ក្នុងវិន័យថា ឧត្តរិភង្គនេះជា ព្យញ្ជនាហារ គឺជាម្ហូបខាប់ឬម្ហូបគោក បែបដូចជា ម្ហូបភ្លា ទេដឹង?)។ ឧត្តរិមគ្គ មគ្គថ្នាក់លើ (ព.ពុ.)។ ឧត្តរិមនុស្ស មនុស្សអ្នកមានគុណវិសេសលើសលែងជាងមនុស្សធម្មតា គឺមនុស្សអ្នកបានសម្រេចធម្មវិសេសមានឈានជាដើម រហូតដល់មគ្គផលនិព្វាន : ព្រះអរហន្តជាឧត្តរិមនុស្សក្នុងលោក។ ឧត្តរិមនុស្សធម្ម ធម៌របស់ឧត្តរិមនុស្ស។ ឧត្តរិលាភ លាភដ៏លើសលុប; លាភដែលចេះតែបានច្រើនៗមិនដាច់; លាភសម្រាប់ឧត្តរិមនុស្ស; លាភដែលមនុស្សសាមញ្ញមិនអាចនឹងបាន។ ល។

ឧត្តរិ-

ឧត្តរិ-៖ មើលក្នុងពាក្យ ឧត្តរិ

ឧត្ដល

ឧត្ដល៖ ពាក្យប្រើក្លាយមកពីឧត្ដរ, ឧត្ដរា, ឧត្ដរោ ដោយផ្លាស់ រ ជា ល (មើលក្នុងពាក្យ ឧត្ដរ)។

ឧត្ដលា

ឧត្ដលា៖ មើលក្នុងពាក្យ ឧត្ដរ

ឧត្ដលោ

ឧត្ដលោ៖ មើលក្នុងពាក្យ ឧត្ដរ

ឧត្តាន

ឧត្តាន៖ (អ៊ុត-តាន) គុណសព្ទ៖ (សំ.បា.) រាក់; ផ្ងារ; ងាយ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីជ្រើសរើសប្រើ, ដូចជាកាព្យថា សព្ទនេះឧត្តាន ពុំចាំបាច់មាន ការពន្យល់ឡើយ មានន័យរាក់ៗ ងាយយល់ស្រាប់ហើយ ពុំបាច់សួរឆ្លើយ គេក៏យល់បាន។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុត-តាន៉ៈ, ដូចជា ឧត្តានកថា ពាក្យងាយយល់។ ឧត្តានការណ៍ ហេតុឬដំណើរងាយ។ ឧត្តានចិន្តា ឬ –មតិ គំនិតរាក់។ ឧត្តានភាព ភាពរាក់ ឬងាយ។ ឧត្តានសេយ្យា ការដេកផ្ងារ, ដំណេកផ្ងារ។ ល។

ឧត្តាន–

ឧត្តាន–៖ មើលក្នុងពាក្យ ឧត្តាន

ឧត្តាស

ឧត្តាស៖ (អ៊ុត-តាសៈ) នាមសព្ទ៖ (បា. ឬ សំ.) សេចក្ដីខ្លាចខ្លាំង, សេចក្ដីតក់ស្លុត (សរសេរជា ឧត្តាសៈ ឬ ឧត្រាសៈ ក៏បាន)។ សម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការប្រើ, ដូចជាកាព្យថា
ដើរក្នុងព្រៃជ្រៅ ក្រឡេកមើលទៅ ឃើញសត្វរមាស ឈរស្ពឹងពីមុខ ក៏កើតឧត្រាស ឃើញក្ដីវិនាស នៅជិតបង្កើយ។ ឧត្តាសការណ៍ ឬ ឧត្រាស– ហេតុឬដំណើរដែលគួរឲ្យខ្លាចខ្លាំង។ ឧត្តាសចិត្ត ឬ ឧត្រាស– ចិត្តតក់ស្លុត។ ឧត្តាសដ្ឋាន, ឧត្រាសស្ថាន ឬ ឧត្តាសនីយដ្ឋាន ទីដែលគួរឲ្យខ្លាចខ្លាំង។ ឧត្តាសភាព ឬ ឧត្រាស– ភាពនៃសេចក្ដីតក់ស្លុត, ដំណើរតក់ស្លុត។ ល។

ឧត្រាស

ឧត្រាស៖ (អ៊ុត-ត្រាសៈ) (មើលក្នុងពាក្យ , ឧត្តាស)។

ឧត្តាស–

ឧត្តាស–៖ មើលក្នុងពាក្យ ឧត្តាស

ឧត្តាសនីយដ្ឋាន

ឧត្តាសនីយដ្ឋាន៖ មើលក្នុងពាក្យ ឧត្តាស

ឧត្ដុង្គ

ឧត្ដុង្គ៖ (អ៊ុត-ដុង) គុណសព្ទ៖ (បា.សំ.) ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ, ថ្លៃថ្លា
ឧត្ដុង្គឧត្ដម ឧត្ដមលើសលែង, ប្រសើរកន្លង (សរសេរជា ឧដុង្គឧត្ដម តាមទម្លាប់ប្រើរៀងមកក៏បាន។ មើលក្នុងពាក្យ ឧដុង្គ ទៀតផង)។

ឧត្បល

ឧត្បល៖ (អ៊ុត-ត្បល់, ត.ទ. ស្រ. អ៊ុត-ត្បុល) នាមសព្ទ៖ (សំ. ឬ បា.) បទុមជាតិ; ព្រលិត; លំចង់ ក្នុងស្រះស្រីនោះមានកុមុទឧត្បលចង្កុលណី …។
ឧប្បលក្រហម រត្តុប្បល។ ឧប្បលខៀវ នីលុប្បល។ ឧប្បលស សេតុប្បល។ អ.ថ. អ៊ុត-ត្ប៉ៈ ល៉ៈ ឬ អ៊ុប-ប៉ៈ ល៉ៈ, ដូចជា ឧត្បលបត្រ ឬ ឧប្បលបត្ត (–បាត់) ស្លឹកឧត្បល។ ឧត្បលវ័ន ឬ ឧប្បល– ព្រៃឧត្បល។ ឧត្បលស្រ័ស ត្រពាំងមានឧត្បល។ ល។

ឧត្បល–

ឧត្បល–៖ មើលក្នុងពាក្យ ឧត្បល

ឧត្បាត

ឧត្បាត៖ (អ៊ុត-ត្បាត) នាមសព្ទ៖ (សំ. ឬ បា.) ហេតុឬភាពអាក្រក់ដែលបណ្ដាលកើតឡើងខុសពីធម្មតា; ផ្នូលនៃគ្រោះកាច, នៃហេតុអាក្រក់; អាភេទ; ចង្រៃ កើតឧត្បាតក្នុងស្រុក។
ខ្មែរប្រើជា គុ. ផងក៏មាន សត្វឧត្បាត, មនុស្សឧត្បាត, សម្ដីឧត្បាត សត្វ, មនុស្ស, សម្ដីដែលជាអាភេទឬជាផ្នូល, ជាចង្រៃ (ដូចជាគោមានជើង៥, មនុស្សត្រងិលដៃទាំងពីរ គឺគ្មានដៃទាំងពីរពីកំណើត, សម្ដីពួកក្មេងដែលបណ្ដាលជាផ្នូលអាក្រក់ ជាដើម)។
ព.កា. បញ្ជាក់ពី ឧត្បាត ថា
ពុទ្ធសាសនា មានន័យចែងថា ឧត្បាតចង្រៃ កើតមានព្រោះកម្ម ដែលពុំប្រពៃ ឥតមានហេតុអ្វី ក្រៅពីកម្មឡើយ។ កម្មចាស់ឬថ្មី ជាកម្មអប្រីយ៍ ដែលសត្វធ្វើហើយ កម្មនោះផ្តល់ផល- ឲ្យពុំកន្ដើយ កម្មនោះអស់ហើយ ក៏លែងផ្តល់ផល។

ឧត្រាសៈ

ឧត្រាសៈ៖ មើលក្នុងពាក្យ ឧត្តាស

ឧត្រាស–

ឧត្រាស–៖ មើលក្នុងពាក្យ ឧត្តាស

ឧត្សាហៈ

ឧត្សាហៈ៖ មើលក្នុងពាក្យ ឧស្សាហៈឧស្សាហ៍

ឧត្សាហ–

ឧត្សាហ–៖ មើលក្នុងពាក្យ ឧស្សាហៈឧស្សាហ៍

ឧត្សាហ៍

ឧត្សាហ៍៖ មើលក្នុងពាក្យ ឧស្សាហៈឧស្សាហ៍

ឧទក

ឧទក៖ (អ៊ុទៈកៈ ឬ អ៊ុទក់) នាមសព្ទ៖ (សំ.បា.) ទឹក (ប្រើជា ឧទកំ ក៏មាន, អ.ថ. អ៊ុទៈក័ង)។ ឧទកកាល ឬ –សម័យ កាលឬសម័យមានទឹក គឺរដូវមានភ្លៀង។ ឧទកកិច្ច ការដែលត្រូវប្រើទឹក។ ឧទកកីឡា ឬ –ក្រីឌ័ន, –ក្រីឌា ការលេងទឹក, ល្បែងហែលទឹក។ ឧទកគម្ភីរ ជម្រៅទឹក, ទឹកជ្រៅ។ ឧទកដ្ឋាន, –ស្ថាន ឬ ឧទកប្បទេស, –ប្រទេស ទីដែលមានទឹក; ទីដក់ទឹក។ ឧទកណ្ណព (–កន់-នប់) មហាសមុទ្រ។ ឧទកទាន ទានទឹក។ ឧទកធារ ឬ –ធារា ធារទឹក, ទនៃទឹក គឺខ្សែឬសំណុំទឹកដែលធ្លាក់ចុះ។ ឧទកន្តរណ៍ (អ៊ុទៈកន់-ដ) ការឆ្លងទឹក។ ឧទកបរិយន្ត (អ៊ុទៈកៈប៉ៈរ៉ិ-យ័ន ឬតាមទម្លាប់ចាស់បុរាណខ្លះថា អ៊ុទក់-ប-រ៉ិយន់) កិច្ចដែលមានទឹកជាទីបំផុត គឺកិច្ចដែលស្រេចត្រឹមការលាងទឹក។ ប្រទេសជាទីបំផុតត្រឹមទឹកទ្រដី, ផ្ទៃផែនដីដែលមានទឹកជាទីបំផុត គឺទីបំផុតនៃទឹកទ្រដីទល់នឹងខ្យល់ទ្រទឹក : សីមាដែលសង្ឃបានសន្មតហើយដោយត្រឹមត្រូវ អាចជ្រួតជ្រាបដល់ឧទកបរិយន្ត (ព.វិ. ពុ.)។ (តាមលទ្ធិពុទ្ធិកថា ទឹកទ្រដីខ្យល់ទ្រទឹក, កាលបើមានហេតុអ្វីមួយដែលអស្ចារ្យខ្លាំង ក៏បណ្ដាលឲ្យផែនដីត្រង់ទីណាមួយ កម្រើកញាប់ញ័រដល់ឧទកបរិយន្ត គឺកម្រើកពីលើចុះទៅក្រោមដល់ត្រឹមទឹកទ្រដី)។ ឧទកបាត្រ ពាងទឹក, អាងដាក់ទឹក។ ឧទកពិន្ទុ តំណក់ទឹក។ ឧទកភ័យ ភ័យអំពីទឹក គឺភ័យដែលកើតអំពីទឹកលិចឬអំពីលង់ទឹក។ ឧទកម័យ ដែលសុទ្ធតែទឹក។ ឧទកវារី ទឹកសម្រាប់ក្សត្រិយ៍ទ្រង់ស្រង់ (សំ.បា. ឧទក » ទឹក «, វារិ » ទឹក « ដែរ ប៉ុន្តែខ្មែរផ្សំប្រើសន្មតជាពាក្យខ្ពស់)។ ឧទកសាដក (–ដក់) សំពត់ងូត (រ.ស. ព្រះឧទកសាដក)។ ឧទកសាស្ត្រ វិជ្ជាស្ទង់ទឹក (ក្នុងមហាសមុទ្រជាដើម)។ ឧទកសោត ឬ –ស្រោត័ស ខ្សែទឹក។ ល។

ឧទក-

ឧទក-៖ មើលក្នុងពាក្យ ឧទក

ឧទកំ

ឧទកំ៖ មើលក្នុងពាក្យ ឧទក

ឧទយ

ឧទយ៖ (អ៊ុទៈយៈ) នាមសព្ទ៖ (សំ.បា. ឧទយ) ការលេចឡើង, ការរះ (នៃព្រះអាទិត្យជាដើម) ឧទ័យនៃព្រះអាទិត្យ, ឧទ័យនៃព្រះចន្ទ្រ។
សេចក្ដីចម្រើន; ចំណេញ។ ខ្មែរប្រើជា កិ. ក៏មាន » រះ « ព្រះអាទិត្យឧទ័យ ព្រះអាទិត្យរះ (ព.ផ្ទ. អស្ដង្គត)។
ឧទយកាល ឬ –វេលា, –សម័យ ពេលថ្ងៃរះ (អរុណោទ័យ ឬសុរិយោទ័យ)។ ឧទយប្បទេស ឬ –ប្រទេស ប្រទេសថ្ងៃរះ គឺប្រទេសដែលនៅខាងកើតគេបំផុត។ ឧទយភាព ភាពនៃថ្ងៃរះ; ដំណើរចំណេញ; ភាពនៃសេចក្ដីចម្រើន។ ឧទយលាភ ការបានចំណេញ; ការបានសេចក្ដីចម្រើន។ ល។ ខ្មែរប្រើពាក្យ ឧទយ ឬ ឧទ័យ នេះជាឋានន្តរនៃមន្ត្រីក៏មាន, ដូចជា ឧទ័យធិរាជ (< ឧទយ + អធិរាជ, គួរជា ឧទយាធិរាជ), ឧទ័យវង្សា, វង្សាឧទ័យ, ធម៌ឧទ័យ, ជំនិតឧទ័យ, ភក្ដីឧទ័យ ជាដើម។ ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា សុរិយោទ័យ, អរុណោទ័យ, សុខោទ័យ ជាដើម (មើលក្នុងពាក្យ ទាំងនេះ)។

ឧទ័យ

ឧទ័យ៖ (អ៊ុទៃ) (មើលក្នុងពាក្យ ឧទយ)។

ឧទយ–

ឧទយ–៖ មើលក្នុងពាក្យ ឧទយឧទ័យ

ឧទរ

ឧទរ៖ (អ៊ុ-ទ) នាមសព្ទ៖ (សំ.បា.) ពោះ, ផ្ទៃ។ រ.ស. ព្រះឧទរ។ ប្រើជាឥស្សរសព្ទនិងសមណសព្ទក៏បាន : ព្រះតេជព្រះគុណមិនសូវសប្បាយឧទរ (កុំប្រើពាក្យ ព្រះ)។ អ.ថ. អ៊ុទៈរៈ, ដូចជា ឧទរការណ៍ ហេតុនៃពោះ គឺដំណើរគ្រាន់តែចម្អែតពោះ : នៅបម្រើគេដោយឧទរការណ៍ នៅបម្រើគេដោយគ្រាន់តែចម្អែតអត្មាប៉ុណ្ណោះ។ ប្រើដូចជា គុ. ក៏បាន : របរឧទរការណ៍ របរគ្រាន់តែចម្អែតពោះ។ ឧទរបាត្រ ក្រពះ។ ឧទរប្បមាណ ឬ –ប្រមាណ ការស្មានឬស្ទង់ឲ្យល្មមតែមួយចម្អែត : បរិភោគដោយឧទរប្បមាណ (ប្រើដូចជា គុ. ក៏បាន : អាហារឧទរប្បមាណ អាហារមានចំនួនត្រឹមតែមួយឆ្អែត)។ ឧទររោគ ឬ ឧទរាពាធ រោគឈឺពោះ, ជំងឺពោះ។ ល។

ឧទរ–

ឧទរ–៖ មើលក្នុងពាក្យ ឧទរ

ឧទរា–

ឧទរា–៖ មើលក្នុងពាក្យ ឧទរ

ឧទរិយៈ

ឧទរិយៈ៖ (អ៊ុទៈរិយៈ) នាមសព្ទ៖ (បា. ឧទរិយ) អាហារថ្មី។ រ.ស. ព្រះឧទរិយៈ ឬ ព្រះឧទរិយំ។ ឧទរិយសមុដ្ឋាន រោគដែលកើតបណ្ដាលពីអាហារថ្មី (មានអាហារមិនរលាយជាដើម)។

ឧទរិយំ

ឧទរិយំ៖ (អ៊ុទៈរិយ៉័ង) (មើលក្នុងពាក្យ ឧទរិយៈ)។

ឧទាន

ឧទាន៖ (អ៊ុទាន) នាមសព្ទ៖ (សំ. < ឧត៑ >ឧទ៑ «ខ្ពស់; ឮខ្លាំង» + អាន៑ » ការដកដង្ហើមចេញ «; បា. < ឧ + ទ- អាគម + អាន » ការបញ្ចេញសំឡេងឮខ្លាំង «) កាបន្លឺ, ការកម្ទរ គឺការបន្លឺឬកម្ទរសម្ដីឮខ្លាំងៗដោយមានអំណរឬទុក្ខព្រួយ, ដោយមានសេចក្ដីអស្ចារ្យ, ដោយមានកំហឹងជាដើម បញ្ចេញឧទានកណ្ដាលប្រជុំជន។
ព.ពុ. ឈ្មោះគម្ពីរសុត្តន្តបិដកមួយផ្នែក ក្នុងពួកខុទ្ទកនិកាយ ដែលនិយាយអំពីឧទានកថានៃព្រះសម្មាសម្ពុទ្ធ គម្ពីរឧទាន។
ឈ្មោះអង្គមួយប្រភេទ រាប់ចូលក្នុងអង្គ ៩ នៃពុទ្ធសាសនា។ ព.វ. សូរលាន់មាត់ឬសម្រែកសត្វជាដើម, ដូចជា អា៎!, អូ៎យ!, យី!, យីអើ!; ខ្វកៗ!, ចេចៗ! ជាដើមហៅថា ឧទាន ឬ ឧទានសព្ទ (ប្រើអក្សរសង្ខេបក្នុងវចនានុក្រមនេះថា ឧ.)។ បើរៀងភា្ជប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុទានៈ, ដូចជា ឧទានកថា ឬ –វាចា សម្ដីជាឧទាន។ ឧទានសញ្ញា ឬ វិម្ហយសញ្ញា (វិម-ហៈយៈ–) គ្រឿងសម្គាល់របស់ឧទានឬរបស់វិម្ហយៈ, ជាពាក្យសន្មតហៅវណ្ណយុត្តមួយយ៉ាងរបស់អ្នកប្រទេសអឺរ៉ុប (!) នេះសម្រាប់ប្រើដាក់ពីខាងចុងពាក្យឧទានអស្ចារ្យជាដើម, ដូចជា ឱ! ពុទ្ធោ ពុទ្ធោ!; ឱ! រូបអើយរូប! លំបាកអ្វីម្ល៉េះទេ!; អុញន៏! ខូចអស់រលីង!; ទៅៗ! (មើលក្នុងពាក្យ វិម្ហយៈវិម្ហ័យ ផង)។ ឧទានសព្ទ សព្ទជាឧទាន; សូរសំឡេងឧទាន។ ល។ (ព.កា.) : ឧទានសព្ទ សម្ដីថ្លែងប្រាប់ ឲ្យបានដឹងថា បន្លឺឮៗ ជាសព្ទសញ្ញា អ្នកឮយល់ថា ព្រួយឬត្រេកអរ។ ព្រះពុទ្ធគ្រប់អង្គ បានត្រាស់ភ្លាមទ្រង់ បន្លឺអំណរ ថាអញបានរួច ផុតការណ៍វឹកវរ ជរានិងមរណ៍ ក៏អស់មានហើយ។ ដ្បិតអញបានឆ្លង រួចផុតរំលង សាគរដល់ត្រើយ អម្រឹតនិព្វាន ត្រឹមជាតិនេះហើយ ឱសុខស្ងប់អើយ យូរណាស់ទើបបាន!។ ល។

ឧទាន–

ឧទាន–៖ មើលក្នុងពាក្យ ឧទាន

ឧទាហរណ–

ឧទាហរណ–៖ មើលក្នុងពាក្យ _ឧទាហរណ៍

ឧទាហរណ៍

ឧទាហរណ៍៖ (អ៊ុទា-ហ) នាមសព្ទ៖ (សំ.បា. ឧទាហរណ; សំ. < ឧត៑ > ឧទ៑ » ខ្ពស់; ឡើង « + អាហរណ » ការនាំមក «; បា. < ឧ + ទ- អាគម + អាហរណ) ការលើកឡើងឲ្យឃើញ, ការនាំមកពន្យល់ឬចង្អុលឲ្យឃើញ; ព័ស្តុតាង, បែបយ៉ាង, តួយ៉ាង; គ្រឿងអាង, សំអាង ពាក្យមានឧទាហរណ៍; នាំឧទាហរណ៍មកសម្ដែងឲ្យឃើញច្បាស់; ដូចមានឧទាហរណ៍ថា…។
ឧទាហរណ៍បរិយាយ បរិយាយដោយមានឧទាហរណ៍ផង។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា ឧទាហរណ (អ៊ុទាហៈរៈណៈ), ដូចជា ឧទាហរណកថា កថាមានឧទាហរណ៍ជាអាងឬកថាជាឧទាហរណ៍។ ឧទាហរណ៍គំរូ ឧទាហរណ៍ជាបែបយ៉ាងជាក់ស្ដែងចង្អុលឲ្យឃើញច្បាស់ក្រឡែត (បារ. exemple typique)។ ឧទាហរណនិទស្សន៍ (–និទស់) ការចង្អុលឧទាហរណ៍ឲ្យឃើញ, ការទាញយកបែបយ៉ាងមកជាអាង។ ឧទាហរណនិទាន ឬ –វត្ថុ និទាន ឬរឿងជាតួយ៉ាង។ ល។

ឧទុម្ពរ

ឧទុម្ពរ៖ (អ៊ុទុម-ព) នាមសព្ទ៖ (សំ.បា.) ល្វា
ឧទុម្ពរជាពួកវនស្បតិព្រឹក្ស, គេតែងយកឈើឧទុម្ពរមកធ្វើជារាជាសនៈក្នុងព្រះរាជពិធីរាជាភិសេកតាមរជ្ជប្បវេណីយូរអង្វែងមកហើយ …។

ឧទេន

ឧទេន៖ (អ៊ុ-ទេន) (មើលក្នុងពាក្យ ហត្ថិលិង្គ)។

ឧទ្ទាន

ឧទ្ទាន៖ (អ៊ុត-ទាន) នាមសព្ទ៖ (សំ.បា.) ការចង; ការដោតក្រង; ចំណង; ត្រណោត; ចង្កោម; ចង្កោមឬកម្រងសេចក្ដី; បញ្ជីមាតិកាឬបញ្ជីរឿង
ឧទ្ទាននៃបព្វជ្ជាខន្ធកៈ បញ្ជីមាតិកានៃបព្វជ្ជាខន្ធកៈ (បុរាណរៀបរៀងឧទ្ទានតែត្រង់ទីបំផុតនៃសេចក្ដីឬរឿងមួយៗ)។

ឧទ្ទាម

ឧទ្ទាម៖ (អ៊ុត-ទាម) គុណសព្ទ៖ (សំ. ឧត៑ > ឧទ៑ + ទម; បា. + ទម » ដែលមានដំបូន្មានរើឡើង «) ដែលអស់ទូន្មានបាន, ដែលបង្វឹកមិនកើត; ដែលឡើងកម្លាំងឡើងចិត្ត, ទ្រើសកម្លាំងទ្រើសចិត្ត, ទ្រើសឃ្នង, ឡើងចាងមិនស្ដាប់ឱវាទមិនស្ដាប់ច្បាប់; ខ្មាំងចំពោះរាជការផែនដី ក្របីឧទ្ទាម ក្របីឡើងក ទ្រើសកម្លាំងពិបាកប្រើ ឬក្របីដែលលែងចោលយូរនៅតែក្នុងព្រៃផ្លាងចាប់យកមកប្រើមិនកើត។ សេះឧទ្ទាម សេះដែលទម្រើសទាល់តែឡើងកម្លាំង, សេះរោង។ មនុស្សឧទ្ទាម មនុស្សទ្រើសឃ្នងពួននៅតែក្នុងព្រៃ ឬមនុស្សដែលតាំងខ្លួនជាខ្មាំងក្បត់ផែនដី (ប្រើជា ន. ក៏បាន : បង្រ្កាបពួកឧទ្ទាមដែលចូលមករាតត្បាតនៅជាយដែន)។ ស្រែឧទ្ទាម ស្រែដែលគេបោះបង់ចោលទៅជាព្រៃខ្លះ។ ឧទ្ទាមឡើងរាជ្យ មនុស្សខ្មាំងឡើងចាង ឬខ្មាំងឡើងបានជាស្ដេចសោយរាជ្យ។
(ព.កា.)
កូនប្រុសទម្រើស ទាល់តែឡើងទ្រើស ទៅជាឧទ្ទាម នាំឲ្យរដ្ឋា- ភិបាលគំរាម វាមិនស្ដាប់តាម ម៉ែឪព្រួយខ្លាំង។ ជួននាំបះបោរ ជួនទៅជាចោរ ឃោរឃៅប្រឆាំង គួរម៉ែឪស្ដាយ កូនប្រុសត្រឡាំង មិនគួរភ័ន្តភាំង ដល់ម្ល៉ឹងទៅសោះ។ ឧទ្ទាមឡើងចាង ព្រោះវាមានអាង ព្រៃជួយរំដោះ ពេលថ្ងៃលាក់ខ្លួន ពេលយប់ផុតគ្រោះ វាចូលភូមិព្រោះ អ្នកភូមិខ្លាចវា។

ឧទ្ទិន

ឧទ្ទិន៖ (អ៊ុត-ទិន) នាមសព្ទ៖ (សំ.) ថ្ងៃត្រង់ (ព.កា.)។ ឧទ្ទិនកាល ឬ –វេលា, –សម័យ (អ៊ុត-ទិនៈ –) ពេលដែលព្រះអាទិត្យឋិតនៅចំពីខាងលើ, ពេលថ្ងៃត្រង់។

ឧទ្ទិស

ឧទ្ទិស៖ (អ៊ុត-ទឹស) កិរិយាសព្ទ៖ (បា.; សំ. ឧទ្ទិឝ) សំដៅទៅរក, សំដៅចំពោះ, ឆ្ពោះត្រង់, តម្រង់ទៅរក; បម្រុងត្រង់, បម្រុងចំពោះ, ធ្វើបម្រុងឬដើម្បី ឧទ្ទិសសង្ឃ ចំពោះសង្ឃ។ ឧទ្ទិសផលបុណ្យចំពោះទៅមតកបុគ្គល បញ្ចេញវាចាផ្សាយផលបុណ្យចំពោះទៅអ្នកដែលធ្វើមរណកាលទៅហើយ។
(ព.កា.)
ពុទ្ធសាសនា ឲ្យបុត្រធីតា ឬញាតិសន្ដាន ឧទ្ទិសភាគផល កុសលបុណ្យទាន ឆ្ពោះអ្នកចែកឋាន បាត់បង់ទៅហើយ។

ឧទ្ទេស

ឧទ្ទេស៖ (អ៊ុត-ទេស) នាមសព្ទ៖ (បា.; សំ. ឧទ្ទេឝ) ការសម្ដែង; ការនិយាយពន្យល់; សេចក្ដីពន្យល់; ពាក្យអធិប្បាយ, សេចក្ដីអធិប្បាយ; បាលី; មាតិកា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុត-ទេសៈ, ដូចជា ឧទ្ទេសន័យ ទំនងនៃសេចក្ដីពន្យល់។ ឧទ្ទេសបទ បទនៃឧទ្ទេស។ ឧទ្ទេសភត្ត ភត្តដែលសង្ឃឬភត្តុទ្ទេសក៏ចាត់ភិក្ខុឲ្យទៅទទួល (ព.វិ. ពុ.)។ ឧទ្ទេសសិក្សា ការរៀនបាលី ឬការរៀនសេចក្ដីអធិប្បាយ។ ឧទ្ទេសាចារ្យ អាចារ្យអ្នកបង្រៀនបាលី (មើលក្នុងពាក្យ អាចារ្យ ផង)។ ល។

ឧទ្ទេស–

ឧទ្ទេស–៖ មើលក្នុងពាក្យ ឧទ្ទេស

ឧទ្ទេសក

ឧទ្ទេសក៖ (អ៊ុត-ទេសក់) នាមសព្ទ៖ (បា. ឧទ្ទេសក; សំ. ឧទេឝក) អ្នកសម្ដែង; អ្នកពន្យល់; អ្នកអធិប្បាយ (បើស្ត្រីជា ឧទ្ទេសិកា)។

ឧទ្ទេសកៈ

ឧទ្ទេសកៈ៖ (អ៊ុត-ទេសៈកៈ) (មើលក្នុងពាក្យ ឧទ្ទេសក)

ឧទ្ទេសា–

ឧទ្ទេសា–៖ មើលក្នុងពាក្យ ឧទ្ទេស

ឧទ្ទេសិកា

ឧទ្ទេសិកា៖ មើលក្នុងពាក្យ ឧទ្ទេសក

ឧទ្ទោសិត

ឧទ្ទោសិត៖ (អ៊ុត-ទោសិត) នាមសព្ទ៖ (បា.) ឃ្លាំងដាក់របស់, រោងដាក់អីវ៉ាន់; ឃ្លាំងក្នុងវត្តសម្រាប់ដាក់ភណ្ឌៈផ្សេងៗជារបស់សង្ឃ, ឃ្លាំងសង្ឃ។ ឧទ្ទោសិតបាល (–សិតៈ–) អ្នករក្សាឃ្លាំងដាក់របស់, ឆ្មាំឃ្លាំងដាក់អីវ៉ាន់ (បើស្ត្រីជា ឧទ្ទោសិតបាលី ឬ–បាលិកា អ.ថ. -ប៉ាល៉ី ឬ –ប៉ាល៉ិកា)។ ព.កា. បញ្ជាក់អំពីចរិយានៃ ឧទ្ទោសិតបាលថា : ឧទ្ទោសិតបាល ពុំត្រអាលប៉ុន្មានទេ ប្រយ័ត្នឥតធ្វេសទ្វេ ខ្លាចក្រែងគេលួចរបស់។ រាល់ថ្ងៃរែងព្រួយគិត ខំពិនិត្យទ្រព្យទាំងអស់ ជួនក្រែងមានរលស់ ឬគង់នៅសព្វគ្រប់ទេ។

ឧទ្ធច្ច

ឧទ្ធច្ច៖ (អ៊ុត-ធ័ច-ចៈ) នាមសព្ទ៖ (បា. ឧទ្ធច្ច; សំ. ឱទ្ធត្យ អ.ថ. អោ-ធ័ត-ត្យៈ) សេក្ដីរាយមាយ : មានឧទ្ធច្ចៈ។ ឧទ្ធច្ចចិត្ត ចិត្តរាយមាយ។ ឧទ្ធច្ចប្បហាន ការលះឧទ្ធច្ចៈ។ ឧទ្ធច្ចសន្និច្ច័យ ឬ –សន្និធិ ការអប់រំសន្សំឧទ្ធច្ចៈឲ្យចម្រើនក្នុងសន្ដាន។ ឧទ្ធច្ចសម្បយុត្ត ចិត្តដែលប្រកបដោយឧទ្ធច្ចៈ។ ល។

ឧទ្ធច្ចៈ

ឧទ្ធច្ចៈ៖ មើលក្នុងពាក្យ ឧទ្ធច្ច

ឧទ្ធច្ច–

ឧទ្ធច្ច–៖ មើលក្នុងពាក្យ ឧទ្ធច្ច

ឧទ្ធទេហិក

ឧទ្ធទេហិក៖ (អ៊ុត-ធៈ–) នាមសព្ទ៖ (បា. ឧទ្ធទេហិក; សំ. ឱធ៌្វទេហិក អ.ថ. អោរ-ធ្វៈ–) ទានដែលធ្វើចំពោះមតកបុគ្គល ត្រង់ថ្ងៃដែលបុគ្គលនោះទទួលមរណភាព ធ្វើឧទ្ធទេហិកចំពោះមាតា (លទ្ធិពុទ្ធសាសនាសំដៅទក្ខិណានុប្បទាន)។
ព.កា. សម្រាប់អ្នកពេញចិត្តធ្វើ ឧទ្ធទេហិក ជាទក្ខិណានុប្បទានថា
ឧទ្ធទេហិក ជាទានរំលឹក គុណុត្តមា នៃបុព្វជន មាតាបិតា ជីដូនជីតា ដែលចែកឋានទៅ។ ជាទក្ខិណា- ទានដ៏ថ្លៃថ្លា ឧទ្ទិសសំដៅ បើបានទទួល ជាភ័ព្វកូនចៅ អាចបានបុណ្យក្រៅ ពីនោះទៅទៀត។

ឧទ្ធទេហិកៈ

ឧទ្ធទេហិកៈ៖ (អ៊ុត-ធៈ–) (មើលក្នុងពាក្យ ឧទ្ធទេហិក)

ឧទ្ធរណ៍

ឧទ្ធរណ៍៖ (អ៊ុត-ធ) នាមសព្ទ៖ (សំ.បា. ឧទ្ធរណ) ការរើឡើង; ការរើសើ, ការរើធ្វើជាថ្មីទៀត។ ខ្មែរប្រើពាក្យនេះជាឈ្មោះសាលាឬសាលតុលាការទី ២ សម្រាប់រើជំនុំជម្រះអធិករណ៍ដែលគូក្ដីម្ខាងពុំសុខចិត្តនឹងសេចក្ដីវិនិច្ឆ័យនៃចៅក្រមសាលាដំបូង ហើយប្ដឹងសុំឲ្យរើជំនុំកាត់សេចក្ដីម្ដងទៀត សាលាឧទ្ធរណ៍, ប្ដឹងឧទ្ធរណ៍។
ប្រើជា កិ. ក៏មាន » សើរើ, រើប្ដឹងជាថ្មីទៀត « សុំឧទ្ធរណ៍ទៀត។
(ព.កា.)
សាលាដំបូងវិនិច្ឆ័យ កាត់ក្ដីត្រឹមត្រូវដោយយុត្តិធម៌ ប៉ុន្តែអ្នកចាញ់ឡើងឧទ្ធរណ៍ នាំវរឲ្យខូចឈ្មោះចៅក្រម។ ឧទ្ធរណ៍រើសើជម្រះទៅ ឃើញនៅដូចមុនឥតច្រឡំ ប៉ុន្តែអ្នកក្ដីថាពុំសម ក៏ខំឡើងសាលវិនិច្ឆ័យ។

ឧទ្យាន

ឧទ្យាន៖ (អ៊ុត-ទ្យាន) នាមសព្ទ៖ (សំ. < ឧត៑ > ឧទ៑ + យាន; បា. ឧយ្យាន » ទីសម្រាប់កម្សាន្តមានដើមឈើខ្ពស់ៗដែលគេចូលដល់ គេដើរបណ្ដើរងើយមើលលើបណ្ដើរ «) សួនដែលមានឈើខ្ពស់ៗមានផ្កាផ្លែនិងលម្អគួរឲ្យចង់ដើរមើលកម្សាន្តចិត្ត, សួនមានឈើជាម្លប់សម្រាប់ដើរលេងកែអផ្សុក (ខ្មែរច្រើនប្រើក្លាយជា ឱទ្យាន)។ ឧទ្យានបាល (អ៊ុត-ទ្យានៈបាល) អ្នករក្សាឬអ្នកថែឧទ្យាន (បើស្ត្រីជា ឧទ្យានបាលី ឬ –បាលិកា អ.ថ. –ប៉ាល៉ី ឬ ប៉ាល៉ិកា)។ ឧទ្យានព្រឹក្ស ឬ –ទ្រុម ឈើក្នុងឧទ្យាន។ ល។ មើលក្នុងពាក្យ ឧយ្យាន ទៀតផង។

ឧទ្យោគ

ឧទ្យោគ៖ (អ៊ុត-ទ្យោក) នាមសព្ទ៖ (សំ.) ឧត្សាហៈ, ព្យាយាម, សេចក្ដីខំប្រឹង, សេចក្ដីខ្មីឃ្មាត : មានឧទ្យោគរឹងប៉ឹង។ ឧទ្យោគភាព (–គៈភាប) ភាពនៃឧទ្យោគ។

ឧន្មាគ៌ា

ឧន្មាគ៌ា៖ (អ៊ុន-មារ-គា) នាមសព្ទ៖ (សំ. ឧន្មាគ៌; បា. ឧម្មគ្គ) ផ្លូវខុស, ផ្លូវអាក្រក់, ផ្លូវទុច្ចរិត; ផ្លូវឆ្វេង; មារយាទអាក្រក់
រីឧន្មាគ៌ា ចូរអ្នករាល់គ្នា ចៀសវាងកុំដើរ ព្រោះជាផ្លូវខុស ពុំគាប់ប្រសើរ ប្រសិនបើដើរ នឹងភ្លាត់ជើងដួល។

ឧបករណ៍

ឧបករណ៍៖ (អ៊ុប៉ៈក) នាមសព្ទ៖ (សំ.បា. ឧបករណ៍) សេចក្ដីទំនុកបម្រុង, ការជួយទប់ទល់គ្នា មានឧបករណ៍ទៅវិញទៅមក។
គ្រឿងទប់ទល់, គ្រឿងប្រុង, គ្រឿងប្រកបផ្សំគ្នា ឧបករណ៍រទេះ គ្រឿងរទេះ។
គ្រឿងចិញ្ចឹមជិវិត, មុខការរបរ, ផ្លូវធ្វើការរកស៊ី ខំប្រឹងរកឧបករណ៍ផ្គត់ផ្គង់បម្រុងអាត្មានិងគ្រួសារ។
គ្រឿងប្រើប្រាស់ជិតដៃ (គ្រឿងដៃ), គ្រឿងប្រដាប់សម្រាប់ធ្វើការ, គ្រឿងហត្ថកម្ម ខ្វះខាតឧបករណ៍ប្រើប្រាស់។
គ្រឿងចក្រឬគ្រឿងម៉ាស៊ីនដែលប្រើក្នុងសម័យបច្ចុប្បន្ននេះក៏ចាត់ជា ឧបករណ៍ ដែរ។ (ព. កា)
មុខការរបរ ត្រូវមានឧបករណ៍ ទុកជាជំហរ បើខ្វះឧបករណ៍ អំណរសាទរ ក៏ពុំបវរ ផុតមុខផុតក្រោយ។ មាននេះខ្វះនោះ មុខការលេះលោះ ពុំផ្ដល់អំណោយ ទោះបីផ្ដល់ខ្លះ ទ្រព្យធនក៏ខ្សោយ គួរជនកុំធ្លោយ ឲ្យខ្វះឧបករណ៍។

ឧបការ

ឧបការ៖ (អ៊ុប៉ៈការ) នាមសព្ទ៖ (សំ.បា. ឧបការ) ការទំនុកបម្រុង, ការផ្គត់ផ្គង់, ការផ្ចុងផ្ដើម; ការអនុលោមតាម; ប្រយោជន៍, គុណប្រយោជន៍ : មាតាបិតាមានឧបការៈច្រើនចំពោះបុត្រធីតាៗ ត្រូវធ្វើបដិការៈចំពោះមាតាបិតាវិញ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុប៉-ការៈ, ដូចជា ឧបការកិច្ច ឬ–ក្រឹត្យ កិច្ចទំនុកបម្រុង។ ឧបការគុណ គុណដែលមានព្រោះបានទំនុកបម្រុង (ហៅ គុណូបការៈ ក៏បាន)។ ឧបការធម្ម ឬ –ធម៌ ធម៌ជាឧបការៈ, ធម៌មានគុណប្រយោជន៍។ ល។

ឧបការៈ

ឧបការៈ៖ (អ៊ុប៉ៈការៈ) (មើលក្នុងពាក្យ ឧបការ)។

ឧបការ–

ឧបការ–៖ មើលក្នុងពាក្យ ឧបការ

ឧបការិណី

ឧបការិណី នាមសព្ទ៖ មើលក្នុងពាក្យ ឧបការី

ឧបការី

ឧបការី៖ (អ៊ុប៉ៈការ៉ី) នាមសព្ទ៖ (បា.; សំ. ឧបការិន៑) អ្នកទំនុកបម្រុង, អ្នកផ្គត់ផ្គង់ឬផ្ចុងផ្ដើម (បើស្ត្រីជា ឧបការិណី ឬ ឧបការិនី) ព.កា. ថា
ឧបការី ឧបការិណី គួរជនកុំធ្លោយ បំភ្លេចគុណគេ ក្រែងខ្លួននឹងខ្សោយ ត្រូវធ្វើអំណោយ តបគុណគេវិញ។ អ្នកលុបគុណគេ កន្តើយធ្វេសទ្វេ ពុំដែលចំណេញ ច្រើនតែហិនហោច ទ្រព្យធនប្រាសចេញ ទើបនឹកទន្ទេញ ដោយក្ដីស្ដាយក្រោយ។

ឧបកិច្ច

ឧបកិច្ច៖ (អ៊ុប៉ៈកិច) នាមសព្ទ៖ (បា. ឧប » ចូលជិត « + កិច្ច » ការដែលត្រូវធ្វើ «; សំ. ឧប + ក្ឫត្យ) កិច្ចដែលត្រូវធ្វើភ្លាមៗ; កិច្ចផ្ទាល់ខ្លួន។

ខ្មែរប្រើសំដៅសេចក្ដីថា » ការបំប្លែងដំណើរ, បំប្លែងកិច្ច, ការបំបៀតបំបែរកិច្ច; ការនិយាយបញ្ឆៀងតម្រូវតាមដំណើរដែលត្រូវការ, ការធ្វើដោយសន្មតិ, សន្មតិតាមត្រូវការ « ធ្វើឧបកិច្ចស្ទោះសំបកឈើធ្វើថ្នាំ។
ប្រើជា កិ. ក៏មាន មុននឹងជីកយកឫសឈើនុះ ត្រូវតែឧបកិច្ចសិន ; និយាយឧបកិច្ចយកអ្នកតាធ្វើសម្លាញ់ (ព.កា. ប្រើជា ឧបក្រឹត្យ ក៏បាន)។
ព.កា. បញ្ជាក់ពាក្យ ឧបកិច្ច និងពាក្យ ឧបក្រឹត្យ ថា
ឧបកិច្ចនិងពាក្យឧបក្រឹត្យ អ្នកប្រើពេញចិត្តប្រើពាក្យណា ទាំងពីរនេះមានន័យដូចគ្នា ចង់ប្រើពាក្យណាក៏ប្រើចុះ។

ឧបក្កិលេស

ឧបក្កិលេស៖ (អ៊ុប៉័ក-កិល៉ែស) នាមសព្ទ៖ (បា.; សំ. ឧបក្លេឞ) គ្រឿងសៅហ្មង, សេចក្ដីមិនបរិសុទ្ធ, មន្ទិល, មន្ទិលសៅហ្មង; គ្រឿងសៅហ្មងចិត្ត; គ្រឿងនាំឲ្យស្រអ័ព្ទ, ឲ្យអ័ព្ទពន្លឺ, ឲ្យអ័ព្ទអន់
ផ្សែង, ពពក, អ័ព្ទ ជាដើម ជាឧបក្កិលេសនៃព្រះអាទិត្យព្រះចន្ទ្រ; អភិជ្ឈា, ព្យាបាទ, សេចក្ដីក្រោធ ជាដើម ជាឧបក្កិលេសនៃចិត្ត។

ឧបក្រម

ឧបក្រម៖ (អ៊ុប៉ៈក្រំ) នាមសព្ទ៖ (សំ.; បា. ឧបក្កម) ការផ្គងព្យាយាម, ព្យាយាមធ្វើ ឧបក្រមនៃការលួច។
ការលុកលុយ, ការចូលលុក ឧបក្រមនៃពួកខ្មាំង។
(ព.កា.)
ពួកខ្មាំងខិតខំ ធ្វើឧបក្រម រុករានភូមិស្រុក នៅពេលគេដេក កំពុងលន់លក់ វាចូលសម្រុក ទាល់តែមានគ្រោះ។

ឧបក្រឹត្យ

ឧបក្រឹត្យ៖ (អ៊ុប៉ៈក្រិត) មើលក្នុងពាក្យ ឧបកិច្ច។

ឧបក្រោស

ឧបក្រោស៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (សំ. ឧបក្រោឝ; បា. ឧបក្កោស) ការពោលទោសគេ, ការតិះដៀលគេ, ដំណៀល; ការជេរប្រទេចគេ។ ប្រើជា គុ. ផងក៏បានខ្លះ ពាក្យឧបក្រោស ពាក្យតិះដៀលគេ។
(ព.កា.)
កុំធ្វើឧបក្រោស ឲ្យកើតជាទោស បង្ខាតប្រយោជន៍ ច្រើនមានកំហុស នាំឲ្យហិនហោច ឈឺចិត្តផ្សាខ្លោច ព្រោះតែឧបក្រោស។

ឧបឃាត

ឧបឃាត៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (សំ.បា.) ការបៀតបៀនគេដោយកាយ; ការប្រហារជីវិតគេ
ធ្វើឧបឃាត។

ឧបឃាតក

ឧបឃាតក៖ (អ៊ុប៉ៈឃាដក់) នាមសព្ទ៖ (សំ.បា. ឧបឃាតក) អ្នកបៀតបៀនគេដោយកាយ; អ្នកប្រហារជីវិតគេ (បើស្ត្រីជា ឧបឃាតិកា)។ ឧបឃាតកកម្ម (–តៈកៈ–) អំពើប្រហារជីវិតគេ។ ព.ពុ. អកុសលកម្មពីព្រេងនាយដែលជាប់តាមមកចេញមុខឲ្យផលផ្ដាច់ជីវិតឲ្យមានអាយុខ្លី (ដូចយ៉ាងស្លាប់ដោយធ្លាក់ពីលើចុងឈើ, ដោយលង់ទឹក, ដោយដំរីព្រេចជាដើម)។ វេវ. ឧបច្ឆេទកកម្ម។

ឧបឃាតកៈ

ឧបឃាតកៈ៖ (អ៊ុប៉ៈឃាតៈកៈ) (មើលក្នុងពាក្យ ឧបឃាតក)។

ឧបឃាតិកា

ឧបឃាតិកា៖ មើលក្នុងពាក្យ ឧបឃាតក

ឧបចារ

ឧបចារ៖ (អ៊ុប៉ៈចា) នាមសព្ទ៖ (សំ.បា. ឧបចារ) ការចូលជិត; ទីជិត; ព្រំ; ខេត្ត : ឧបចារស្រុក ព្រំស្រុក (គាមូបចារ)។ ឧបចារវត្ត ព្រំវត្ត (អារាមូបចារ): ឧបចារវត្តត្រឹមរបងព័ទ្ធជុំវិញ។ ឧបចារកិរិយា ឬ –ក្រិយា ឫកពាឬសណ្ដាប់ធ្នាប់គួរសម, ត្រឹមត្រូវ។ ឧបចារបទ ពាក្យគួរសម, សម្ដីមានច្បាប់។ ឧបចារសមាធិ សមាធិដែលជិតដល់អប្បនា (ព.ពុ.)។ ល។

ឧបចារៈ

ឧបចារៈ៖ (អ៊ុប៉ៈចារ៉ៈ) (មើលក្នុងពាក្យ ឧបចារ)។

ឧបចារ–

ឧបចារ–៖ មើលក្នុងពាក្យ ឧបចារ

ឧបច្ឆេទ

ឧបច្ឆេទ៖ (អ៊ុប៉័ច-ឆេទៈ ឬ –ឆែត) នាមសព្ទ៖ (សំ.បា.) ការផ្ដាច់បង់, ការផ្ដាច់ផ្ដិល; ការដាច់ស្រឡះ។

ឧបច្ឆេទក

ឧបច្ឆេទក៖ (អ៊ុប៉័ច-ឆេ-ទៈកៈ) នាមសព្ទ៖ (សំ.បា.) អ្នកផ្ដាច់បង់, អ្នកផ្ដាច់ផ្ដិល; អ្នកធ្វើឲ្យដាច់ស្រឡះ។ ឧបច្ឆេទកកម្ម (ព.ពុ.) អកុសលកម្មពីព្រេងនាយដែលអន្ទោលជាប់តាមមកចេញមុខឲ្យផលផ្ដាច់ជីវិត។ ព.កា. ថា : រីឧបច្ឆេទកកម្ម រង់ចាំផ្ដល់ផលផ្ដាច់ជីវិត គឺទោសបាណាតិបាតពិត ដែលញ៉ាំងជីវិតគេឲ្យខ្លី។ បាណាតិបាតកម្មកាច អាចផ្ដាច់ជីវិតកូនក្មេងខ្ចី មិនឲ្យរស់យូរតើព្រោះអ្វី? ព្រោះថ្វីដៃខ្លួនក្នុងបុពេ្វ។ វេវ. ឧបឃាតកកម្ម។ ព.ផ្ទ. ឧបត្ថម្ភកកម្ម។ ឧបច្ឆេទមរណៈ សេចក្ដីស្លាប់មុនកំណត់អាយុ គឺស្លាប់ដោយឧបច្ឆេទកកម្មមកផ្ដាច់អាយុ (ព.ពុ.។ មើលក្នុងពាក្យ ឧបឃាតកកម្ម ផង)។

ឧបច្ឆេទក–

ឧបច្ឆេទក–៖ មើលក្នុងពាក្យ ឧបច្ឆេទក

ឧបជាតិច្ឆន្ទ

ឧបជាតិច្ឆន្ទ៖ (អ៊ុប៉ៈជាតិច-ឆ័ន) នាមសព្ទ៖ (សំ.បា. ឧបជាតិ + ឆន្ទ) ឆន្ទឬកាព្យមានលំនាំសូរសព្ទបទលាយគ្នាដោយឥន្ទវជីរនិងឧបេន្ទវជីរ គឺត្រង់បាទទី ១ និងទី ៤ ដូចឧបេន្ទវជិរច្ឆន្ទ ត្រង់បាទទី ២ និងទី ៣ ដូចឥន្ទវជិរច្ឆន្ទ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយស្រួល ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទ គឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន១១អក្សរ; ត្រង់បាទទី ១ និងទី ៤ : អក្សរទី១, ២, ៣ ជា ជ-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ៣ ជាលហុ ទី២ ជាគរុ, អក្សរទី ៧, ៨, ៩ ក៏ជា ជ-គណៈ ដែរ (អក្សរទី ១, ៣, ៧, ៩ ជាលហុ ទី២, ៨ ជាគរុ); អក្សរទី ៤, ៥, ៦ ជា ត-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ២ ជាគរុ ទី ៣ ជាលហុ (គរុដើម គរុកណ្ដាល លហុចុង); ត្រង់បាទទី ២ និងទី ៣ : អក្សរទី ១, ២, ៣ ជា ត-គណៈ, អក្សរទី ៤, ៥, ៦ ក៏ជា ត-គណៈដែរ; អក្សរទី ៧, ៨, ៩ ជា ជ-គណៈ; អក្សរទី ១០, ១១ ជា គរុ; បាទទី ១ និងទី ៤ ដូចគ្នា, បាទទី ២ និងទី ៣ ដូចគ្នា (ពាក្យប្រាប់មេឧបជាតិច្ឆន្ទនេះថា អនន្តរោទី-រិតលក្ខណា ចេ, បាទា វិមិស្សា ឧបជាតិយោ តា, ឯវំ កិលញ្ញាសុបិ មិស្សតាសុ, វទន្តិ ជាតី-ស្វិទមេវ នាមំ)។

ឧបជីវិក

ឧបជីវិក៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (សំ.បា.) អ្នកដែលចូលនៅអែបអាងចិញ្ចឹមជីវិតដោយសារគេឲ្យទទេៗ : ពួកឧបជីវិក; បើស្រ្តីជា ឧបជីវិកា (មើលក្នុងពាក្យ ឧបជីវិន ផង)។ បព្វជិតឧបជីវិក ឬ ឧបជីវិកបព្វជិត (–កៈ–) អ្នកដែលបួសក្នុងសាសនាគ្រាន់តែចិញ្ចឹមជីវិតប៉ុណ្ណោះ ពុំគិតដល់ការខុសត្រូវតាមច្បាប់សាសនាឡើយ។ ឧបជីវិកាបព្វជ្ជា ការបួសព្រោះឃើញទំនងងាយចិញ្ចឹមជីវិត។ (ព.កា.) : ឧបជីវិក រាល់ពេលបាយទឹក គិតតែពោះខ្លួន មួយឆ្អែតមួយឆ្អែត ឲ្យតែគ្រប់ធួន ពុំសូវនឹកស្ងួន ប្រណីគេឡើយ។

ឧបជីវិកា

ឧបជីវិកា៖ មើលក្នុងពាក្យ ឧបជីវិក

ឧបជីវិន

ឧបជីវិន៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (សំ. ឧបជីវិន៑; បា. ឧបជីវី) អ្នកដែលរស់ដោយសារគេចិញ្ចឹម (បើស្ត្រីជា ឧបជីវិនី)។ ព.កា. ថា
ឧបជីវី ខ្ជិលពុំរកស៊ី ដោយអាងតែគេ ចិញ្ចឹមរាល់ថ្ងៃ ឥតបីរិះរេ ឲ្យបួសថាទេ ព្រោះខ្ជិលរៀនធម៌។ អ្នកបួសក៏ដែរ បើគ្មានចិត្តបែរ រកសីលបវរ គិតតែពីឆាន់ ដោយក្ដីត្រេកអរ ឃ្លាតចាកសីលធម៌ ក៏ពុំប្រពៃ។

ឧបជីវី

ឧបជីវី៖ មើលក្នុងពាក្យ ឧបជីវិន

ឧបជីវិនី

ឧបជីវិនី៖ មើលក្នុងពាក្យ ឧបជីវិន

ឧបជ្ឈា

ឧបជ្ឈា៖ (អ៊ុប៉័ច-ឈា ប៉ុន្តែ ឧបជ្ឈាមិនដែលប្រើទេ) នាមសព្ទ៖ (បា. ឧបជ្ឈា ឬ ឧបជ្ឈាយ; សំ. ឧបាធ្យាយ) គ្រូបង្រៀនធម៌ ឬ គ្រូបង្រៀនច្បាប់។ ព.ពុ. ព្រះថេរៈដែលភិក្ខុឬសាមណេរសូមនិស្ស័យប្រគល់ខ្លួនឲ្យលោកត្រួតត្រាស្ដីថា ទូន្មានបង្រៀនប្រដៅតាមច្បាប់ពុទ្ធសាសនា គឺលោកគ្រូអ្នកពិនិត្យមើលការខុសត្រូវរបស់សទ្ធិវិហារិក (ក្នុងវិន័យពុទ្ធសាសនាថា លុះតែភិក្ខុដែលមានវស្សាយ៉ាងតិចត្រឹម១០ ហើយចេះធម៌វិន័យល្មមដល់ឋានៈជាឧបជ្ឈាយ៍ ទើបអាចធ្វើជាឧបជ្ឈាយ៍បាន): លោកដែលជាគ្រូរបស់សទ្ធិវិហារិក ហៅថា ឧបជ្ឈាយ៍ (មើលក្នុងពាក្យ សទ្ធិវិហារិក ផង)។ ឧបជ្ឈាយវត្ត (–យៈ–) វត្តប្រតិបត្តិដែលសទ្ធិវិហារិកត្រូវធ្វើចំពោះឧបជ្ឈាយ៍របស់ខ្លួន (ជាគូគ្នានឹង សទ្ធិវិហារិកវត្ត)។

ឧបជ្ឈាយ៍

ឧបជ្ឈាយ៍៖ មើលក្នុងពាក្យ ឧបជ្ឈា

ឧបញ្ញាសកថា

ឧបញ្ញាសកថា៖ (អ៊ុបុ័ញ-ញ៉ាសៈកៈថា) នាមសព្ទ៖ (បា. ឬ សំ.) ពាក្យប្រាប់ដំណើរទំនង ឬពាក្យបូរបាច់ប្រាប់ក្នុងខាងដើមនៃគម្ពីរឬសៀវភៅ; ពាក្យផ្ដើម, អារម្ភកថា (ដែលប្រើសេចក្ដីវែង)។

ឧបដ្ឋាក

ឧបដ្ឋាក៖ (អ៊ុបុ័ត -ឋាក) នាមសព្ទ៖ (បា.; សំ. ឧបស្ថាយិន៑) អ្នកនៅជិតឲ្យហៅប្រើ, អ្នកនៅបង្ហាញមុខឲ្យប្រើប្រាស់, អ្នកបម្រើ; អ្នកគាល់បម្រើ; កូនក្មួយ នៅធ្វើជាឧបដ្ឋាកចៅហ្វាយនាយ។ ភិក្ខុជាឧបដ្ឋាកគ្រូ ភិក្ខុជាអ្នកបម្រើព្រះថេរៈជាគ្រូ។
អ្នកទំនុកបម្រុង, អ្នកផ្គត់ផ្គង់, អ្នកផ្គង់ចតុប្បច្ច័យឬផ្គង់ចង្ហាន់ (ព.ពុ.) ញោមឧបដ្ឋាក ឧបាសកឬទាយកជាអ្នកផ្គត់ផ្គង់បព្វជិត (បើស្ត្រីជា ឧបដ្ឋាយិកា)។
ខ្មែរប្រើជា កិ. ក៏មាន «បម្រើ» បងអញ្ជើញចុះ! ខ្ញុំនៅឧបដ្ឋាកម៉ែ។
បើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ, ដូចជា គិលានុបដ្ឋាក អ្នកបម្រើជំងឺ, អ្នកថែទាំទ្រាំមនុស្សឈឺ (បើស្រ្តីជា គិលានុបដ្ឋាយិកា ; បារ. Infirmier, Infirmiére)។ ចុល្លុបដ្ឋាក ឬ ចូឡុបដ្ឋាក អ្នកបម្រើបម្រាស់, កូនក្មួយអ្នកបង្ហាញមុខឬអ្នកដើរតាមឲ្យប្រើប្រាស់តាមការ។ ពុទ្ធុបដ្ឋាក អ្នកបម្រើព្រះពុទ្ធ ព្រះមហា អានន្ទជាពុទ្ធុបដ្ឋាក។
មាតុបដ្ឋាក បុត្រអ្នកបម្រើឬអ្នកផ្គត់ផ្គង់មាតា (បើបុត្រីជា មាតុបដ្ឋាយិកា)។ រាជុបដ្ឋាក អ្នកគាល់បម្រើព្រះរាជា (បើស្ត្រីជា រាជុបដ្ឋាយិកា (ប្រើជា រាជូ– ក៏បាន)។ ល។

ឧបដ្ឋាន

ឧបដ្ឋាន៖ (អ៊ុប៉័ត-ឋាន) នាមសព្ទ៖ (បា.; សំ. ឧបស្ថាន) ការបម្រើ, ការបម្រើបម្រាស់; ការទំនុបម្រុង ឬ ផ្គត់ផ្គង់។ ខ្មែរប្រើជា កិ. ក៏មាន «បម្រើ, ទំនុកបម្រុង, ផ្គត់ផ្គង់» បុត្រធីតាត្រូវឧបដ្ឋានមាតាបិតា។ ឧបដ្ឋានសាលា (–ន៉ៈ–) សាលាសម្រាប់ប្រើប្រាស់, សាលាសម្រាប់ប្រជុំគ្នាធ្វើទាន; សាលាសម្រាប់វត្ត។

ឧបដ្ឋាយិកា

ឧបដ្ឋាយិកា៖ មើលក្នុងពាក្យ ឧបដ្ឋាក

ឧបឌ្ឍ

ឧបឌ្ឍ៖ (អ៊ុប៉័ត-ឍៈ) គុណសព្ទ៖ (បា.; សំ. ឧបធ៌) ជិតកន្លះ, ជិតពាក់កណ្ដាល (មើលក្នុងពាក្យ អឌ្ឍ ផង)។ ឧបឌ្ឍកម្ម ឬ –កិច្ច ការដែលធ្វើជិតបានពាក់កណ្ដាល, ជិតពាក់កណ្ដាលការ។ ឧបឌ្ឍទិន ជិតកន្លះថ្ងៃ។ ឧបឌ្ឍបថ (–បត់) ជិតពាក់កណ្ដាលផ្លូវ។ ឧបឌ្ឍភាគ ជិតកន្លះភាគ។ ឧបឌ្ឍមាស ជិតកន្លះខែ។ ល។

ឧបឌ្ឍ–

ឧបឌ្ឍ–៖ មើលក្នុងពាក្យ ឧបឌ្ឍ

ឧបត្ថម្ភ

ឧបត្ថម្ភ៖ (អ៊ុប៉័ត-ថ័ម) នាមសព្ទ៖ (បា.; សំ. ឧបស្ដម្ភ) ការទំនុកបម្រុង, គ្រឿងទំនុកបម្រុង; ការទល់ទ្រ, គ្រឿងទល់ទ្រ; ពំនាក់, ទីពំនាក់; គ្រឿងពឹងផ្អែក, បង្អែក មានឧបត្ថម្ភ។
ខ្មែរប្រើជា កិ. ក៏មាន «ទំនុកបម្រុង; ទល់ទ្រ; គាំទ្រ; ពឹងផ្អែក» ឧបត្ថម្ភគ្នា; ជួយឧបត្ថម្ភឲ្យមានមុខការរបរ។
ច្រើនប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ, ដូចជា មិត្តូបត្ថម្ភ ឬ មិត្តោបត្ថម្ភ ឧបត្ថម្ភរបស់ឬអំពីមិត្ត។ រាជូបត្ថម្ភ ឧបត្ថម្ភអំពីឬរបស់ព្រះរាជា។ ឥស្សរូបត្ថម្ភ ឧបត្ថម្ភរបស់ឬអំពីឥស្សរជន។ ល។

ឧបត្ថម្ភក

ឧបត្ថម្ភក៖ (អ៊ុប៉័ត-ថ័ម-ភក់) នាមសព្ទ៖ (បា. ឧបត្ថម្ភក; សំ. ឧបស្ដម្ភក) អ្នកទំនុកបម្រុង; អ្នកទល់ទ្រ; អ្នកគាំទ្រ; អ្នកដែលជាទីពឹងផ្អែកឬជាទីពំនាក់ ខ្ញុំមានបងប្រុសជាឧបត្ថម្ភក (បើស្រ្តីជា ឧបត្ថម្ភិកា)។ ឧបត្ថម្ភកកម្ម (–ភៈកៈ–) កុសលកម្មពីព្រេងនាយដែលចេញមុខទំនុកបម្រុងឲ្យបានសេចក្ដីសុខ-ចម្រើន។
ព.កា. ថា រីឧបត្ថម្ភកកម្ម ជួយគាំទ្រសត្វឲ្យបានសុខ ទំនុកបម្រុងឲ្យរីកមុខ និរទុក្ខនិរភ័យជានិរន្តរ៍។
កម្មនេះជាតួបុណ្យកុសល រែងផ្ដល់ផលល្អមិនអាប់អន់ មានភាពជាកម្មដ៏សោភ័ណ ផ្ដល់សុខគ្រប់គ្រាន់ឲ្យសប្បាយ។ មិនត្រឹមតែផ្ដល់សុខឲ្យកូន អាចជូនក្ដីសុខឲ្យដល់ម្ដាយ អាពុកនិងញាតិផងទាំងឡាយ ឲ្យបានសប្បាយដោយសារផង។ ព.ផ្ទ. ឧបឃាតកម្ម, ឧបបីឡកកម្ម។ (ព.ពុ.)។ ឧបត្ថម្ភកជន ឬ –បុគ្គល (– ភៈកៈ–) ជនឬបុគ្គលអ្នកទំនុកបម្រុង។ សាសនូបត្ថម្ភក អ្នកទំនុកបម្រុងសាសនា។ ល។

ឧបត្ថម្ភកៈ

ឧបត្ថម្ភកៈ៖ (អ៊ុប៉័ត-ថ័ម-ភៈកៈ) (មើលក្នុងពាក្យ ឧបត្ថម្ភក)។

ឧបត្ថម្ភក–

ឧបត្ថម្ភក–៖ (ម. ក្នុង ព. ឧបត្ថម្ភក)។

ឧបត្ថម្ភិកា

ឧបត្ថម្ភិកា៖ (ម. ក្នុង ព. ឧបត្ថម្ភក)។

ឧបទិស

ឧបទិស៖ (អ៊ុប៉ៈទឹស) នាមសព្ទ៖ (សំ. ឧបទិឝ; បា. ឧបទិសា) ទិសកណ្ដាល គឺ ភាគកណ្ដាលនៃទិសទាំង ៨, ឧបរិមទិសនិងហេដ្ឋិមទិស (ទិសលើនិងទិសក្រោម)។

ឧបទេស

ឧបទេស៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (បា.; សំ. ឧបទេឝ) ការពន្យល់, ការណែនាំ, ការឲ្យន័យឲ្យទំនង; ការបញ្ចេះ, ការប្រៀនប្រដៅ ឲ្យឧបទេស, ធ្វើតាមឧបទេសរបស់គ្រូ។
ពាក្យប្រៀនប្រដៅរបស់គ្រូអាចារ្យតៗមក ឧបទេសបុរាណ (ហៅ បោរាណុបទេស ក៏បាន, អ.ថ. ប៉ោរ៉ា–)។
(ព.កា.) ឧបទេសបុរាណ ដែលចាស់ព្រេងបាន ពន្យល់ទុកមក គួរបច្ឆាជន គន់គិតរាវរក កុំបីកាន់យក សេចក្ដីព្រាវៗ។
ម្យ៉ាងថា
ធ្វើការធ្វេសៗ គ្មានឧបទេស ពីគ្រូណាសោះ ច្រើនតែភ្លាំងភ្លាត់ វិបត្តិការនោះ បើពុំដូច្នោះ ក៏គង់មានឆ្គង។

ឧបទ្ទវ

ឧបទ្ទវ៖ (អ៊ុប៉័ត-ទៈវៈ) នាមសព្ទ៖ (បា.; សំ. ឧបទ្រវ) ឧបទ្រព។ ឧបទ្ទវការណ៍ ឬ –ហេតុ ដំណើរឬហេតុនៃឧបទ្រព, ហេតុដែលនាំឲ្យកើតឧបទ្រព។ ឧបទ្ទវន្តរាយ ឧបទ្រពនិងអន្តរាយ ឬអន្តរាយដែលកើតអំពីឧបទ្រព។ ឧបទ្ទវភ័យ ភ័យអំពីឧបទ្រព, ដំណើរខ្លាចឧបទ្រព។ ឧបទ្ទវភាព ភាពនៃឧបទ្រព។ ឧបទ្ទវមូល មូលហេតុនៃឧបទ្រព។ ឧបទ្ទវមោក្ខ ការរួចចាកឧបទ្រព។ ល។

ឧបទ្ទវ–

ឧបទ្ទវ–៖ មើលក្នុងពាក្យ ឧបទ្ទវ

ឧបទ្រព

ឧបទ្រព៖ (អ៊ុប៉ៈទ្រប់) នាមសព្ទ៖ (សំ. ឧបទ្រវ, ខ្មែរប្រើ វ > ព; បា. ឧបទ្ទវ) ចង្រៃ; អពមង្គល; គ្រោះកាច, ភ័យ, អន្តរាយឬភយន្តរាយ ដែលកើតមានក្នុងបច្ចុប្បន្នទាន់ភ្នែក; ហេតុអាក្រក់ មានឧបទ្រព, ជម្រះឧបទ្រព, រម្ងាប់ឧបទ្រព។
ខ្មែរប្រើជា គុ. ផងក៏មាន
ចង្រៃឧបទ្រព ឬ ឧបទ្រពចង្រៃ ចង្រៃអាក្រក់, ចង្រៃរួបរឹត។ ផ្ទះឧបទ្រព ឬ ទីឧបទ្រព ផ្ទះឬទីដែលមានចង្រៃ។ មនុស្សឧបទ្រព មនុស្សគគ្រក់។

ឧបទ្វីប

ឧបទ្វីប៖ (អ៊ុប៉័ត-ទ្វីប ឬ អ៊ុប៉ៈទ្វីប) នាមសព្ទ៖ (សំ.; បា. ឧបទ្ទីប) (សំ.; បា. ឧបទ្វីប) កោះតូច; កោះរង, កោះបន្ទាប់កោះធំ។

ឧបធិ

ឧបធិ៖ (អ៊ុប៉ៈធិ) នាមសព្ទ៖ (សំ.បា.) កិលេស, កិលេសជាគ្រឿងទាក់ទិន; ដំណើរឆបោក, ប្រវ័ញ្ចន៍, ការបញ្ឆោត; កិរិយាកោងកាច។ ឧបធិក្ខ័យ, –ក្ស័យ ឬ –សង្ខ័យ ដំណើរអស់ឧបធិ; ព្រះនិព្វាន។ ឧបធិព័ន្ធន៍ ចំណងកិលេស។ អ្នកដែលជាប់ចំណងកិលេស, បុថុជ្ជន។ ឧបធិវិវេក ការស្ងាត់ចាកកិលេស។ (ព.ពុ.)។ ល។

ឧបធិ–

ឧបធិ–៖ មើលក្នុងពាក្យ ឧបធិ

ឧបធិក

ឧបធិក៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (សំ.បា.) អ្នកឆបោក, អ្នកបោកប្រាស, អ្នកប្រវ័ញ្ចន៍, អ្នកបំបាត់គេ (បើស្ត្រីជា ឧបធិកា)។ ព.កា. ថា
ឧបធិកនឹកតែពីបោកប្រាស់ ទោះបីចាស់ហើយក៏មិនចាល ថែមទាំងបានស្រីខូចត្រកាល ឧបធិកាជាប្រពន្ធ។ រឹតតែត្រូវគ្នាជាធ្លុងមួយ មិនព្រួយរកស៊ីយល់ថាធ្ងន់ ដូចគ្នាទាំងទ្វីប្ដីប្រពន្ធ ទុជ៌នទាំងនេះឥតក្រែងច្បាប់។ ជាប់គុកច្រើនដងក៏មិនខ្មាស ច្រឡាសត្រូវតែតម្រួតចាប់ ចាប់ចុះកុំឲ្យតែសម្លាប់ ចាប់ញយបោកញយជាប់គុកញយ។

ឧបធិកា

ឧបធិកា៖ មើលក្នុងពាក្យ ឧបធិក

ឧបនាយក

ឧបនាយក៖ (អ៊ុប៉ៈនាយក់) នាមសព្ទ៖ (សំ.បា.) នាយកបន្ទាប់ ឬនាយករងពីមហានាយកឬក៏ពីអធិបតីមក, មហានាយករង (ថ្នាក់ខ្ពស់ជាង អនុនាយក)
ឧបនាយករដ្ឋមន្ត្រី។ បើស្ត្រីជា ឧបនាយិកា។

ឧបនាយិកា

ឧបនាយិកា៖ មើលក្នុងពាក្យ ឧបនាយក

ឧបនាហៈ

ឧបនាហៈ៖ (អ៊ុប៉ៈន៉ាហៈ) នាមសព្ទ៖ (សំ.; បា. ឧបនាហ) ដំណើរចងកំហឹង, ការផ្ងំកំហឹងឲ្យងំនៅជានិច្ច; ការចងគំនុំឬចងពៀរ ឧបនាហៈជាឧបក្កិលេសនៃចិត្ត តែងធ្វើចិត្តឲ្យក្ដៅពុំសូវស្រាក (ព.ពុ.)។
ព.កា. ប្រើជា ឧបនាហ៍ (អ៊ុប៉ៈន៉ា) ក៏បាន, ដូចជាកាព្យថា
ឧបនាហ៍ជាភ្នក់ភ្លើងដ៏ធំ ចេះតែក្ដៅងំនៅជានិច្ច មិនឆាប់ក៏យូរតែងទង្គិច នាំឲ្យលង់លិចបែកសាមគ្គី។ បើខឹងឆេវឆាវតែមួយភ្លែត មិនកជាហេតុក្ដៅវក់វី កំហឹងក៏ស្រាលស្រាកឃ្លាតពី- គំនុំគុំគួនទៅឯងៗ។

ឧបនិធិ

ឧបនិធិ៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (សំ.បា.) របស់ដែលផ្ញើទុក, បញ្ញើ, របស់បញ្ចាំ។

ឧបនិមន្តន៍

ឧបនិមន្តន៍៖ (អ៊ុប៉ៈនិមន់) នាមសព្ទ៖ (បា. ឧបនិមន្តន; សំ. ឧបនិមន្ត្រណ) ការចូលនិមន្តឬចូលអញ្ជើញផ្ទាល; ការនិមន្តឬអញ្ជើញទុកមុន
ធ្វើឧបនិមន្តន៍។

ឧបនិស័ទ

ឧបនិស័ទ៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (សំ. ឧបនិឞទ៑; បា. ឧបនិសា) ការកំបាំង, អាថ៌កំបាំង។

វេទាន្ត; ឈ្មោះគម្ពីរស័ក្តិសិទ្ធិមួយយ៉ាងរបស់ពួកព្រាហ្មណ៍។

ឧបនិសា

ឧបនិសា៖ មើលក្នុងពាក្យ ឧបនិស័ទ

ឧបនិស្សយ–

ឧបនិស្សយ–៖ មើលក្នុងពាក្យ ឧបនិស្ស័យ

ឧបនិស្ស័យ

ឧបនិស្ស័យ៖ (អ៊ុប៉ៈនិស-សៃ) នាមសព្ទ៖ (បា. ឧបនិស្សយ) កុសលធម៌ដែលដេកឬអាស្រ័យនៅក្នុងខន្ធសន្ដាន គឺកុសលដែលបានកសាងសន្សំអប់រំទុកមក, សំណាង, ភ័ព្វព្រេងសំណាង; ចំណុចចិត្ត មានឧបនិស្ស័យបរិបូណ៍ មានកុសលក្រាស់ក្រែល។
ក្នុងគម្ពីរពុទ្ធសាសនាថា ឧបនិស្ស័យមាន ៣ យ៉ាង គឺ ១- ទានូបនិស្ស័យ សំណាងដែលបានសាងទុកមក ដោយការបរិច្ចាគទ្រព្យធ្វើទាន; ២- សីលូបនិស្ស័យ សំណាងដែលបានសាងទុកមកដោយការរក្សាសីល; ៣-ភាវនូបនិស្ស័យ សំណាងដែលបានសាងទុកមកដោយភាវនា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧបនិស្សយ (អ.ថ. អ៊ុប៉ៈនិស-សៈយ៉ៈ), ដូចជា ឧបនិស្សយការណ៍ ហេតុឬដំណើរនៃឧបនិស្ស័យឬក៏ជាឧបនិស្ស័យ។ ឧបនិស្សយធម៌ ធម៌ជាឧបនិស្ស័យ (កុសលធម៌)។ ឧបនិស្សយពល (–ពល់) កម្លាំងនៃឧបនិស្ស័យ។ ឧបនិស្សយភាព ភាពនៃឧបនិស្ស័យ។ ឧបនិស្សយសម្បត្តិ ការបរិបូណ៌ដោយឧបនិស្ស័យ។ ឧបនិស្សយសម្បន្ន (–សំប័ន) អ្នកដែលបរិបូណ៌ដោយឧបនិស្ស័យ (បើស្ត្រីជា ឧបនិស្សយសម្បន្នា)។ ល។

ឧបន្យាសកថា

ឧបន្យាសកថា៖ មើលក្នុងពាក្យ ឧបញ្ញាសកថា

ឧបបាតិក

ឧបបាតិក៖ (អ៊ុប៉ៈ) គុណសព្ទ៖ (បា.) ដែលកើតឯង; សត្វដែលចាប់កំណើតឯងៗ : កំណើតឧបបាតិក (ហៅ ឧបបាតិកជាតិ ឬ ឧបបាតិកកំណើត ក៏បាន)។ ឧបបាតិកសត្ត ឬ ឱប– សត្វដែលឧប្បត្តិកកើតឯង ដោយអំណាចកម្លាំងកុសលឬអកុសលបណ្ដាលឲ្យកើត (ឥតមាតាបិតា, ឥតមេឥតបា): ទេវតាពួកខ្លះនិងសត្វនរកជាដើមជាឧបបាតិកសត្ត។

នាមសព្ទ៖ (បា.) ដែលកើតឯង; សត្វដែលចាប់កំណើតឯងៗ : កំណើតឧបបាតិក (ហៅ ឧបបាតិកជាតិ ឬ ឧបបាតិកកំណើត ក៏បាន)។ ឧបបាតិកសត្ត ឬ ឱប– សត្វដែលឧប្បត្តិកកើតឯង ដោយអំណាចកម្លាំងកុសលឬអកុសលបណ្ដាលឲ្យកើត (ឥតមាតាបិតា, ឥតមេឥតបា): ទេវតាពួកខ្លះនិងសត្វនរកជាដើមជាឧបបាតិកសត្ត។

ឧបបីឡកកម្ម

ឧបបីឡកកម្ម៖ (អ៊ុប៉ៈប៉ីឡៈកៈក័ម) នាមសព្ទ៖ (បា.; សំ. ឧបបីឌក + កម៌ន៑) អកុសលកម្មពីព្រេងនាយ ដែលជាប់តាមមកផ្ដល់បៀតបៀនឲ្យបាននូវសេចក្ដីទុក្ខលំបាកវិនាសទ្រព្យធនជាដើម ត្រូវឧបបីឡកកម្មមកផ្ដល់ឲ្យវិនាសហិនហោច។ ព.កា. ថា
រីឧបបីឡកកម្ម គយឃ្លាំបៀតបៀនផ្ដល់ក្ដីទុក្ខ តាមហេតុដែលធ្វើស៊ុកគ្រលុក ញ៉ាំងសុខឲ្យប្រាសចេញពីគេ។ ប្រភពមកពីវិហេសា ជាកម្មខ្លាំងក្លាក្នុងបុព្វេ តាមមកផ្ដល់ផលមិនតិចទេ ធ្វើគេយ៉ាងណាផ្ដល់យ៉ាងនោះ។ ព.ផ្ទ. ឧបត្ថម្ភកកម្ម។

ឧបភោគ

ឧបភោគ៖ (អ៊ុប៉ៈភោក) នាមសព្ទ៖ (សំ.បា.) គ្រឿងសម្រាប់ប្រើប្រាស់ជិតខ្លួន (ជាគូគ្នានឹង បរិភោគ): មានគ្រឿងឧបភោគនិងគ្រឿងបរិភោគគ្រប់គ្រាន់។ ឧបភោគភណ្ឌ (–គៈភ័ន) របស់ឬអីវ៉ាន់សម្រាប់ប្រើប្រាស់ជិតៗខ្លួន (ហៅ ឧបភោគព័ស្តុ ឬ –វត្ថុ ក៏បាន)។ ព.កា. បញ្ជាក់ពី ឧបភោគ -បរិភោគ ដែលត្រូវតែមាន : គ្រឿងឧបភោគនិងបរិភោគ ក្នុងលោកគេតែងតែផ្គត់ផ្គង់ បើគ្មានភណ្ឌៈនេះបម្រុង ផ្ចុងផ្ដើមជានិច្ចនឹងវិនាស។ ទោះបីអ្នកបួសរស់ដោយសារ- សីលផ្នួសធម៌អាថ៌ក៏រទាស រទែងសុំគេដោយឥតខ្មាស គ្រាន់តែមិនផ្ដាសប៉ុណ្ណោះឯង។ គួរសុំទើបសុំបើមិនគួរ ពុំហ៊ានសួរឲ្យគេចំបែង សុំគេតាមភាពជាគម្ដែង ឈ្មោះថាអ្នកស្វែងមួយបែបដែរ។

ឧបមា

ឧបមា៖ (អ៊ុ ឬ អុ-ប៉ៈម៉ា) នាមសព្ទ៖ (សំ.បា.) សេចក្ដីប្រៀប, សេចក្ដីប្រៀបធៀប, ការប្រៀបប្រដូច, ការប្រដូច, ការប្រៀបផ្ទឹម, ការទាញយកដំណើរឬហេតុជាដើមមកប្រៀប, មកប្រដូច ឲ្យងាយយល់ : មានឧបមាថា …; មានឧបមាដូចជា… (ក្នុងសេចក្ដីធំ ប្រើជាគូគ្នានឹងពាក្យ ឧបមេយ្យ)។ ខ្មែរប្រើជា កិ. ក៏មាន » ប្រៀប, ប្រៀបប្រដូច « : ខ្ញុំសូមឧបមាឲ្យឃើញ, ដូចជា …។ ប្រើជា គុ. ក៏មាន » ដែលប្រៀប, ដែលប្រដូច « : ពាក្យឧបមា (ហៅ ឧបមាកថា ក៏បាន)។ ឧបមាជោតកៈ ឬ ឧបមាវាចកៈ និបាតសព្ទបំភ្លឺសេចក្ដីដោយឧបមាឬប្រាប់សេចក្ដីឧបមា, ប្រើពាក្យថា » ដូចជា, ប្រៀបដូចជា, យ៉ាងដូចជា, ដូចយ៉ាង, យ៉ាងណាមិញ, ដូចម្ដេចមិញ « (ព.វ.)។ ព.កា. ថា : ឧបមាកុំថាអប្បមា ប្រសិនបើថាខូចសេចក្ដី ព្រោះមានប្រភពជាបាលី គួរស្ដីឲ្យត្រូវតាមអក្សរ។

ឧបមាតា

ឧបមាតា៖ (អ៊ុប៉ៈមាដា) នាមសព្ទ៖ (បា. < ឧបមាតុ; សំ. ឧបមាត្ឫ) ស្រី្តអ្នកចិញ្ចឹមរក្សា (ដូចម្ដាយ), ភីលៀង; ព.កា. ថា : បើនាងទៅណា ឧបមាតា តែងតាមទៅផង ពុំដែលបោះបង់ ខ្លាចក្រែងមានហ្មង ទើបតែនេះម្ដង នាងបងពុំទៅ។ ឧបមាតាភិបាល ការថែរក្សារបស់ឧបមាតា ឬ –ដូចជាឧបមាតា។

ឧបមាន

ឧបមាន៖ (អ៊ុប៉ៈម៉ាន៉ៈ ឬ –ម៉ាន) នាមសព្ទ៖ (សំ.បា.) ឧបមា (ព.កា.)។ ឧបមានកថា ពាក្យប្រៀប។ ឧបមានត្ថនិបាត និបាតសព្ទប្រាប់សេចក្ដីឧបមា (ឧបមាវាចកៈ)។ ឧបមាបទ បទប្រៀប; ពាក្យឧបមា។ ឧបមានុបមេយ្យ ឧបមាន និងឧបមេយ្យ។(ពាក្យ ឧបមា និង ឧបមាន ទាំងពីរនេះជាវេវចនៈ ប្រើជាជំនួសគ្នាបាន ប៉ុន្តែ ឧបមាន ច្រើនប្រើក្នុងកាព្យ, ទាំងពាក្យ ឧបមាឧបមេយ្យ និង ឧបមានុបមេយ្យ ក៏ជាវេវចនៈនឹងគ្នាដែរ)។

ឧបមេយ្យ

ឧបមេយ្យ៖ (អ៊ុប៉ៈម៉ៃ) គុណសព្ទ៖ (បា.; សំ. ឧបមេយ) ដែលគួរឬអាចប្រៀបធៀបគ្នាបាន, ដែលជាគូគ្នានឹងឧបមា
សេចក្ដីឧបមេយ្យ។ ប្រើក្លាយជា ឧបមៃយ ក៏មាន (–ម៉ៃ)។ ន. សេចក្ដីដែលគួរប្រៀបធៀបគ្នាបាន, សេចក្ដីជាគូគ្នានឹងឧបមា : អ្នកត្បាញសំពត់ចេះតែជឿនការទៅមុខ, យ៉ាងណាមិញ; អាយុរបស់សព្វសត្វចេះតែលឿនទៅមុខ ក៏យ៉ាងនោះដែរ (សេចក្ដីក្នុងសង្កាត់ដើមជា ឧបមា, សង្កាត់ចុងជា ឧបមេយ្យ)។ ឧបមេយ្យកថា ពាក្យឧបមេយ្យ។ ឧបមេយ្យជ្ជោតកៈ ឬ ឧបមេយ្យវាចកៈ, ឧបមេយ្យត្ថនិបាត និបាតសព្ទបំភ្លឺសេចក្ដីឧបមេយ្យឬ ប្រាប់សេចក្ដីឧបមេយ្យ; ប្រើពាក្យថា » ក៏យ៉ាងនោះឯង, ក៏យ៉ាងនេះដែរ, ក៏ដូច្នោះឯង, ក៏ដូច្នោះដែរ « (ព.វ.)។

ឧបមៃយ

ឧបមៃយ៖ មើលក្នុងពាក្យ ឧបមេយ្យ

ឧបយមមង្គល

ឧបយមមង្គល៖ (អ៊ុប៉ៈយៈមៈមង់-គល់) នាមសព្ទ៖ (សំ.បា. ឧបយម ឬ សំ. ឧបយាម + មង្គល) វិវាហមង្គល, មង្គលការគូបុរសស្ត្រី
ធ្វើឧបយមមង្គល (ហៅ ឧបយាមមង្គល ក៏បាន; ព.ទេ. ឬពាក្យតែងសេចក្ដីរាយ ដើម្បីឲ្យសម្បូរពាក្យប្រើ)។

ឧបយុវរាជ

ឧបយុវរាជ៖ (អ៊ុប៉ៈយុវៈរាច) នាមសព្ទ៖ (បា. ឬ សំ.ស.) ក្សត្រិយ៍ដែលកំពុងទ្រង់ព្រះយៅវ៍ (ក្សត្រិយ៍កំលោះ) ដែលមានឋានៈជាឧបរាជទី ១ ឬឧបរាជស្ដាំ
ព្រះបាទសម្ដេចព្រះនរោត្តម សីហនុវរ្ម័ន ជាព្រះមហាក្សត្រិយ៍ប្រទេសកម្ពុជាទ្រង់ប្រកបដោយព្រះទសពិធរាជធម៌, ដោយហេតុឋិតនៅក្នុងរាជសម្បត្តិ ព្រះអង្គពុំអាចញ៉ាំងប្រទេសជាតិដែលកំពុងច្របូកច្របល់ ព្រោះតែមានគណៈបក្សច្រើនហួសប្រមាណ ឲ្យមានដំណើរប្រកបដោយវឌ្ឍនភាពបាន, ទ្រង់ក៏បានសម្រេចព្រះរាជហ្ឫទ័យប្រកាសដាក់រាជ្យនៅថ្ងៃទី ២ មីនា ព.ស. ២៤៩៩ គ.ស. ១៩៥៥ ស្ដេចចុះមកទទួលព្រះតំណែងជា សម្ដេចព្រះឧបយុវរាជវិញ ដោយបានបង្កើតអង្គការចលនាបង្រួបបង្រួមជាតិមួយ ឲ្យឈ្មោះថា » សង្គមរាស្ត្រនិយម « ជាលទ្ធិសង្គមនិយមពុទ្ធសាសនា ដែលមានព្រះអង្គជាព្រះអគ្គមហាប្រធាន ហើយដែលមានលក្ខន្តិកៈ ចុះថ្ងៃទី ២២ មីនា ព.ស. ២៤៩៩ គ.ស. ១៩៥៥ បើកឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ឋានៈ ចូលជាសមាជិក។ តាំងពីអង្គការនេះបានកើតប្រាកដឡើង ក្រោមការដឹកនាំដ៏វាងវៃបំផុតរបស់ព្រះអង្គ, សមិទ្ធិគ្រប់វិស័យក៏បានរីកចម្រើនកើនឡើងជាលំដាប់, ប្រជាពលរដ្ឋទាំងបព្វជិត ទាំងគ្រហស្ថក៏មានស្វាមីភ័ក្តិទទួលគោរពយ៉ាងក្រៃលែង បានប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍; ប្រជាពលរដ្ឋដែលមានរដ្ឋសភាជាតំណាង ព្រមទាំងព្រះរាជរដ្ឋាភិបាលបានថ្វាយព្រះឋានៈព្រះអង្គជាសម្ដេចព្រះប្រមុខរដ្ឋតរៀងមក។ ល។

ឧបយោគ

ឧបយោគ៖ (អ៊ុប៉ៈយោក) នាមសព្ទ៖ (សំ.បា.) ការប្រកបចូលគ្នា; ការសមប្រកប, សេចក្ដីកើតការ, ការសម្រេចប្រយោជន៍; ដំណើរប្រព្រឹត្តទៅស្រួល; ការប្រើប្រាស់។ ព.វ. ទុតិយាវិភត្តិនាម (ហៅ ឧបយោគវចនៈ ក៏បាន)។

ឧបយៅវរាជ

ឧបយៅវរាជ៖ មើលក្នុងពាក្យ ឧបយុវរាជ

ឧបរាជ

ឧបរាជ៖ (អ៊ុប៉ៈរ៉ាច ឬ អុប៉ៈ–) នាមសព្ទ៖ (សំ.បា.) ព្រះរាជាបន្ទាប់ គឺក្សត្រិយ៍ដែលមានរាជស័ក្តិរងបន្ទាប់ក្សត្រិយ៍ទ្រង់រាជ្យ
សម្តេចព្រះឧបរាជ ឬ សម្តេចព្រះមហាឧបរាជ (តាមបវេណីក្នុងកម្ពុជរដ្ឋ, នាទីរបស់សម្តេចព្រះមហាឧបរាជជាឋានៈសម្រាប់ត្រី ទាំងមន្ត្រីធំតូចសម្រាប់ព្រះអង្គ ក៏តាំងក្នុងឋានៈសម្រាប់ត្រីដែរ។ មើលក្នុងពាក្យ សមណសក្តិ ទៀតផង)។

ឧបរាជ្យ

ឧបរាជ្យ៖ (អ៊ុប៉ៈរ៉ាច) នាមសព្ទ៖ (សំ.; បា. ឧបរជ្ជ) សម្បត្តិឬមុខក្រសួងរបស់ក្សត្រិយ៍ឧបរាជ។ ប្រើជា គុ. ក៏បាន » ដែលជារបស់ក្សត្រិយ៍ឧបរាជ «
មុខក្រសួងឧបរាជ្យ, ខេត្តឡើងឧបរាជ្យ។

ឧបរិម

ឧបរិម៖ (អ៊ុប៉ៈរ៉ិម៉ៈ) កិរិយាវិសេសន៍៖ (បា.; សំ. ឧបរិឞា្តត៑) ខាងលើ, ខ្ពង់ខ្ពស់ (ព.ផ្ទ. ហេដ្ឋិម)។ ឧបរិមដ្ឋាន ទីខាងលើ (ព.ផ្ទ. ហេដ្ឋិមដ្ឋាន)។ ឧបរិមបរិច្ឆេទ ការកំណត់យ៉ាងខ្ពស់, យ៉ាងលើគេបំផុត (ព.ផ្ទ. ហេដ្ឋិមបរិច្ឆេទ)។ ឧបរិមបរិយាយ បរិយាយដ៏ខ្ពង់ខ្ពស់ (ព.ផ្ទ. ហេដ្ឋិមបរិយាយ)។ ឧបរិមភាគ ប៉ែកខាងលើ (ព.ផ្ទ. ហេដ្ឋិមភាគ)។ ឧបរិមភូមិ ថ្នាក់ឬជាន់ខាងលើ (ព.ផ្ទ. ហេដ្ឋិមភូមិ)។ ល។

គុណសព្ទ៖ (បា.; សំ. ឧបរិឞា្តត៑) ខាងលើ, ខ្ពង់ខ្ពស់ (ព.ផ្ទ. ហេដ្ឋិម)។ ឧបរិមដ្ឋាន ទីខាងលើ (ព.ផ្ទ. ហេដ្ឋិមដ្ឋាន)។ ឧបរិមបរិច្ឆេទ ការកំណត់យ៉ាងខ្ពស់, យ៉ាងលើគេបំផុត (ព.ផ្ទ. ហេដ្ឋិមបរិច្ឆេទ)។ ឧបរិមបរិយាយ បរិយាយដ៏ខ្ពង់ខ្ពស់ (ព.ផ្ទ. ហេដ្ឋិមបរិយាយ)។ ឧបរិមភាគ ប៉ែកខាងលើ (ព.ផ្ទ. ហេដ្ឋិមភាគ)។ ឧបរិមភូមិ ថ្នាក់ឬជាន់ខាងលើ (ព.ផ្ទ. ហេដ្ឋិមភូមិ)។ ល។

ឧបរិម–

ឧបរិម–៖ មើលក្នុងពាក្យ ឧបរិម

ឧបរិមទិស

ឧបរិមទិស៖ (អ៊ុប៉ៈរ៉ិម៉ៈទឹស) នាមសព្ទ៖ (បា.) ទិសខាងលើ (ក្នុងពួកទិស១០)។ ព.ផ្ទ. ហេដ្ឋិមទិស។

ឧបរោធ

ឧបរោធ៖ (អ៊ុប៉ៈរោត) នាមសព្ទ៖ (សំ.បា.) ការបិទ, ការរាំង, ការខ្ចប់, ការខាំង; ការបិទឬខ្ចប់ផ្លួវមិនឲ្យចេញចូលបាន : ធ្វើឧបរោធ។ (ព.កា.) : កុំធ្វើឧបរោធ ឲ្យកើតក្ដីក្រោធ នាំឲ្យបែកគ្នា នៅភូមិជាមួយ ត្រូវជួយរក្សា ឲ្យមានសុខា កើតសាមគ្គី។ សាមគ្គីជាមូល ឲ្យមានសុខស្រួល មិនខ្ទាំខ្ទេចខ្ទី ចម្រើនធនទ្រព្យ គួរគាប់ពេញទី គួរជនសម្ភី ប្រាស្រ័យរកគ្នា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុប៉ៈរោធៈ, ដូចជា ឧបរោធកម្ម អំពើបិទផ្លូវ។ ឧបរោធការណ៍ ហេតុឬដំណើរនៃការបិទផ្លូវ។ ឧបរោធកាល ឬ –សម័យ កាលឬសម័យដែលត្រូវបិទផ្លូវ។ ឧបរោធភាព ភាពនៃការបិទផ្លូវ។ ល។

ឧបរោធ–

ឧបរោធ–៖ មើលក្នុងពាក្យ ឧបរោធ

ឧបលក្ខិត

ឧបលក្ខិត៖ (អ៊ុប៉ៈល័ក-ខិត) គុណសព្ទ៖ (បា.; សំ. ឧបលក្សិត) ដែលបានកំណត់ទុកស្រេចហើយ, ដែលបានកំណត់ទុកទៀងទាត់ហើយ; ដែលបានសន្មតគត់ដារស្រេចហើយ : ពាក្យឧបលក្ខិត, ដំណើរឧបលក្ខិត។ ឧបាយកលឧបលក្ខិត (–កល់អ៊ុបល់-ល័ក-ខិត ឬ –អ៊ុបុល-ល័ក-ខិត) ឧបាយកលដែលបានកំណត់ទុករួចស្រេចហើយ (ច្រើនសំដៅសេចក្ដីថា » ឧបាយកលក្រឡិចក្រលៀត « : ប្រើឧបាយកលឧបលក្ខិតយ៉ាងល្អិត ទាល់តែកើតការដូចបំណង)។ ឧបលក្ខិតកាល ឬ –សម័យ (អ៊ុប៉ៈ-ល័ក-ខិតៈ–) កាលឬសម័យ, វេលា ដែលបានកំណត់ទៀងទាត់ហើយ ឬដែលបានសន្មតគត់ដារស្រេចហើយ : បុណ្យវិសាខបូជានៅថ្ងៃ ១៥ កើត ខែពិសាខរៀងរាល់ឆ្នាំ ឈ្មោះថាជាឧបលក្ខិតកាល ឬ ឧបលក្ខិតសម័យ។ ឧបលក្ខិតហេតុ ឬ –ការណ៍ (អ៊ុប៉ៈល័ក-ខិតៈ–) ហេតុ, ការណ៍, ដំណើរ, រឿងដែលកំណត់បានស្រេចហើយ។ ល។

ឧបលក្ខិត–

ឧបលក្ខិត–៖ មើលក្នុងពាក្យ ឧបលក្ខិត

ឧបលិង្គ

ឧបលិង្គ៖ (អ៊ុប៉ៈលិង) នាមសព្ទ៖ (សំ.) ផ្នូលអាក្រក់, ផ្នូលគ្រោះកាចឬចង្រៃ គឺផ្នូលដែលបណ្ដាលឲ្យឃើញមុនថានឹងមានគ្រោះកាចឬនឹងមានចង្រៃចូលមកឲ្យទោស : មានឧបលិង្គឲ្យឃើញជាមុន។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ.ថ. អ៊ុប៉ៈលិង-គៈ, ដូចជា ឧបលិង្គការណ៍ ហេតុនៃផ្នូលអាក្រក់។ ឧបលិង្គលក្ខណៈ លក្ខណៈនៃឧបលិង្គ។ ឧបលិង្គសមុដ្ឋាន សមុដ្ឋាននៃឧបលិង្គ។ ល។ ប្រើជា ព.កា. ថា : ឧបលិង្គសមុដ្ឋាន ចេញឲ្យឃើញបានថាពុំស្រួល នាំឲ្យវរចិត្តឆ្អិនក្ដៅក្ដួល រំជួលជូរមុខជាទុក្ខក្រៃ។ គិតជួយរំដោះគ្រោះឲ្យផង ដើម្បីឲ្យឆ្លងផុតចង្រៃ បើរង់បង្អង់ឲ្យយូរថ្ងៃ ក្រែងលោចង្រៃរួបរឹតបាន។

ឧបលិង្គ–

ឧបលិង្គ–៖ មើលក្នុងពាក្យ ឧបលិង្គ

ឧបវាទ

ឧបវាទ៖ (អ៊ុប៉ៈវាត) នាមសព្ទ៖ (សំ.បា.) ការពោលតិះដៀល, ការពោលទោស, ពាក្យតិះដៀល, ពាក្យពោលទោស។ ប្រើជា គុ. ក៏មាន : ពាក្យឧបវាទ ពាក្យតិះដៀល។ ព.កា. ដាស់សា្មរតី : ឧបវាទជាពាក្យគួរចៀសវាង បើភ្លាត់គួររាងលែងពោលទៀត ព្រោះជាសម្ដីនាំចង្អៀត បើចេះតែឆ្លៀតនាំព្រួយចិត្ត។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុប៉ៈវាទ ដូចជា ឧបវាទការណ៍ ហេតុនៃឧបវាទ។ ឧបវាទន្តរាយ (–ទ័ន-តៈរ៉ាយ) អន្តរាយដែលកើតមានព្រោះការពោលតិះដៀលព្រះអរហន្ត (ព.ពុ.)។ ឧបវាទទោស ទោសដែលកើតព្រោះឧបវាទ។ ឧបវាទភ័យ ភ័យដែលកើតអំពីឧបវាទ; ការខ្លាចឧបវាទ (ព.ផ្ទ. អនុបវាទ)។ ល។

ឧបវាទ–

ឧបវាទ–៖ មើលក្នុងពាក្យ ឧបវាទ

ឧបវាទិនី

ឧបវាទិនី៖ មើលក្នុងពាក្យ ឧបវាទី

ឧបវាទី

ឧបវាទី៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (បា.) អ្នកដែលហៃខាងការនិយាយតិះដៀលគេ; អ្នកនិយាយពាក្យឧបវាទ (បើស្រ្តីជា ឧបវាទិនី)។

ឧបវេសន៍

ឧបវេសន៍៖ (អ៊ុប៉ៈវេស) នាមសព្ទ៖ (បា. ឧបវេសន; សំ. ឧបវេឝន) ការអង្គុយសម្រាក; ការឈប់សម្រាក; ការសម្រាកលំហែកម្លាំង ធ្វើឧបវេសន៍។ វេលាឧបវេសន៍ វេលាសម្រាក។
(ព.កា.)
ធ្វើការងារធ្ងន់ កុំឲ្យជក់លន់ ត្រូវមានឧបវេសន៍ មួយដងមួយកាល សម្រាលកុំធ្វេស ព្រោះធ្វេសប្រហែស នាំឲ្យមានរោគ។ ជំងឺជិះជាន់ ផឹកថ្នាំមិនគ្រាន់ តែងនាំឲ្យស្ទោក ធ្វើការលែងកើត ដ្បិតឈឺជាំជោក បានជាចាស់លោក ហៅរោគសង់ផ្ទះ។

ឧបសគ្គ

ឧបសគ្គ៖ (អ៊ុប៉ៈស័ក) នាមសព្ទ៖ (បា. ឧបសគ្គ; សំ. ឧបសគ៌) ឧបទ្រព, ចង្រៃ; គ្រឿងទើសទាក់, គ្រឿងជំទាស់, គ្រឿងរារាំងដំណើរ : ពីម្សិលមិញ ខ្ញុំមកមិនរួច ព្រោះមានឧបសគ្គ។ (ព.កា.) : ឧបសគ្គជាថ្នាក់នាំជំទាស់ រារាំងឲ្យងាស់ស្ទោកកិច្ចការ ទោះជនកំពុងកាន់ធម៌អាថ៌ អាចារ្យក៏ដោយដូចជាគ្នា។ ព.វ. ឈ្មោះសព្ទពួកមួយ សម្រាប់ប្រើចំពោះតែជាបុព្វបទរៀងភ្ជាប់ពីខាងដើមនាមសព្ទនិងកិរិយាសព្ទតាមគួរដល់ការប្រកប, ដូចជា អតិ, អនុ, អភិ ជាដើម : អតិកល្យាណ, អតិជាតបុត្ត; អនុគ្រោះ, អនុជ, អនុជាតបុត្ត; អភិរោធ, អភិវន្ទ, អភិវាទ។ ល។ (មើលក្នុងពាក្យ ទាំងនេះ និង បុព្វបទ)។ ឧបសគ្គការណ៍ ឬ –ហេតុ (–ស័ក-គៈ–) ហេតុជាគ្រឿងជំទាស់។ ឧបសគ្គនិបាត (–ស័ក-គៈ–) និបាតសព្ទជាឧបសគ្គៈ (ព.វ.)។ ឧបសគ្គសព្ទ (–ស័ក-គៈ–) សព្ទជាឧបសគ្គៈ (ព.វ.)។ ល។

ឧបសគ្គៈ

ឧបសគ្គៈ៖ (អ៊ុប៉ៈស័ក-គៈ) (មើលក្នុងពាក្យ ឧបសគ្គ)។

ឧបសគ្គ–

ឧបសគ្គ–៖ មើលក្នុងពាក្យ ឧបសគ្គ

ឧបសម្ប័ទ

ឧបសម្ប័ទ៖ (អ៊ុប៉ៈសំប័ត) នាមសព្ទ៖ (សំ.បា. ឧបសម្បទា, ឬ សំ. ឧបសម្បទ៑ ក៏មានខ្លះ) ការដល់នូវភាពជាភិក្ខុ ឬការបានជាភិក្ខុភាព គឺការបួសជាភិក្ខុ ឬការបំបួសសាមណេរឲ្យបានជាភិក្ខុ (ដោយញត្តិចតុត្ថកម្មវាចាតាមលក្ខណប្បញ្ញត្តិក្នុងវិន័យពុទ្ធសាសនា): បានឧបសម្ប័ទ, សម្រេចឧបសម្បទានៅវេលា …។ ឧបសម្ប័ទ ខ្មែរប្រើជា កិ. ឬ គុ. ក៏មានខ្លះ » បួសភិក្ខុ, បំបួសភិក្ខុ « : ទៅបុណ្យឧបសម្ប័ទនាគ…។ ឧបសម្បទន្តេវាសិក សិស្សសូត្រ (មើលក្នុងពាក្យ អន្តេវាសិក)។ ឧបសម្បទាកម្ម ការបំបួសសាមណេរឲ្យបានជាភិក្ខុភាព។ ឧបសម្បទាចារ្យ លោកគ្រូសូត្រ (មើលក្នុងពាក្យ អាចារ្យ)។ ឧបសម្បទា-បេក្ខ, –បេក្ស ឬ –បេក្ខៈ (–ប៉េក–) សាមណេរអ្នក សូមឧបសម្បទា (នាគអ្នកសូមផ្នូសជាភិក្ខុ): មានឧសម្បទាបេក្ខៈ ៤ រូប។ ល។

ឧបសម្បទា

ឧបសម្បទា៖ (អ៊ុប៉ៈស័ម-ប៉ៈទា) (មើលក្នុងពាក្យ ឧបសម្ប័ទ)។

ឧបសម្បទ–

ឧបសម្បទ–៖ មើលក្នុងពាក្យ ឧបសម្ប័ទឧបសម្បទា

ឧបសម្បទា–

ឧបសម្បទា–៖ មើលក្នុងពាក្យ ឧបសម្ប័ទឧបសម្បទា

ឧបសម្បន្ន

ឧបសម្បន្ន៖ (អ៊ុប៉ៈស័ម-ប័ន ឬ –សំ-ប័ន) គុណសព្ទ៖ (សំ.បា. ឧបសម្បន្ន) ដែលបានឧបសម្បទាហើយ; សាមណេរដែលបានឧបសម្បទាហើយ (ភិក្ខុ); បើស្ត្រីជា ឧបសម្បន្នា (ភិក្ខុនី)។ ព.ផ្ទ. អនុបសម្បន្ន; អនុបសម្បន្នា។ ឧបសម្បន្នភាព (–ប៉័ន-ន៉ៈ–) ភាពជាឧបសម្បន្ន (ភិក្ខុភាព ឬ ភិក្ខុភាវៈ)។

នាមសព្ទ៖ (សំ.បា. ឧបសម្បន្ន) ដែលបានឧបសម្បទាហើយ; សាមណេរដែលបានឧបសម្បទាហើយ (ភិក្ខុ); បើស្ត្រីជា ឧបសម្បន្នា (ភិក្ខុនី)។ ព.ផ្ទ. អនុបសម្បន្ន; អនុបសម្បន្នា។ ឧបសម្បន្នភាព (–ប៉័ន-ន៉ៈ–) ភាពជាឧបសម្បន្ន (ភិក្ខុភាព ឬ ភិក្ខុភាវៈ)។

ឧបសម្បន្នា

ឧបសម្បន្នា៖ (អ៊ុប៉ៈស័ម-ប៉ុន-ន៉ា) មើលក្នុងពាក្យ ឧបសម្បន្ន។

ឧបសេនាបតី

ឧបសេនាបតី៖ (អ៊ុប៉ៈសេន៉ាប៉ៈដី) នាមសព្ទ៖ (សំ.បា. ឧបសេនាបតិ) សេនាបតីបន្ទាប់, សេនាបតីរង ឬជំទប់សេនាបតី
ក្នុងមហាសន្និបាតនោះ មានអស់លោកសេនាបតី និងឧបសេនាបតី នូវអស់មន្ត្រីជាលំដាប់និងជនានុជនជាច្រើនប្រហែលជាងមួយពាន់នាក់។

ឧបស្ស័យ

ឧបស្ស័យ៖ (អ៊ុប៉័ស-ស័យ) នាមសព្ទ៖ (បា. ឧបស្សយ) ផ្ទះ, គ្រឹះស្ថាន; សាលាសម្នាក់។

ឧបហាស

ឧបហាស៖ (អ៊ុប៉ៈ–) នាមសព្ទ៖ (សំ.បា.) ការសើចសប្បាយ, ការសើចក្អាកក្អាយ; ការរីករាយសប្បាយឥតបើគិត : ធ្វើឧបហាស។ (ព.កា.) : ពេលគេឈឺចាប់ ឬមានគេស្លាប់ កុំធ្វើឧបហាស ត្រូវមើលមុខក្រោយ កុំធ្លោយផ្ដេសផ្ដាស រីឯឧបហាស សម្រាប់ពេលផ្សេង។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុប៉ៈហាសៈ, ដូចជា ឧបហាសភាព ភាពនៃឧបហាស។ ឧបហាសសព្ទ សូរសើចក្អាកក្អាយ។ ឧបហាសហេតុ ឬ –ការណ៍ហេតុដែលនាំឲ្យសើចកក្អាកកក្អាយ។ ឧបហាសាការ អាការនៃឧបហាស។ ល។

ឧបហាស–

ឧបហាស–៖ មើលក្នុងពាក្យ ឧបហាស

ឧបហាសា–

ឧបហាសា–៖ មើលក្នុងពាក្យ ឧបហាស

ឧបហេតុ

ឧបហេតុ៖ (អ៊ុប៉ៈហែត ឬអុប-ប៉ៈ–) នាមសព្ទ៖ (សំ.បា.) ហេតុជិត, ហេតុដែលប្រាកដនៅមុខ, ដំណើរឬទំនងដែលបណ្ដាលឲ្យឃើញនៅមុខ មានឧបហេតុឲ្យឃើញច្បាស់។
(ព.កា.)
ឧបហេតុចម្លែកស្ដែងពិតៗ ពិនិត្យសង្កេតទៅឃើញច្បាស់ បើតាមធ្លាប់ដឹងថាល្អណាស់ ចាស់ៗតែងទាយថាមានលាភ។

ឧបាទវ៍

ឧបាទវ៍៖ (អ៊ុបាត) នាមសព្ទ៖ (ពាក្យប្រើក្លាយមកពី បា. ឧបទ្ទវ) ឧបទ្រព មានឧបាទវ៍។
(ព.កា.)
ឧបាទវ៍ក៏គឺឧបទ្រព ងងឹតដូចយប់ពុំប្រាកដ ជាតួចង្រៃកើតពីបទ ប្រព្រឹត្តទុច្ចរិតឥតមានក្រែង។ យើងមើលឧបាទវ៍ពុំឃើញច្បាស់ ព្រោះក្រាស់ដោយក្ដីភ័ន្តវង្វេង សុចរិតជាធម៌ដាច់សង្វែង ប្រព្រឹត្តជាក់ស្ដែងគ្មានឧបាទវ៍។

ឧបាទាន

ឧបាទាន៖ (អ៊ុប៉ា–) នាមសព្ទ៖ (សំ.បា.) ការប្រកាន់មាំ, ការប្រតោងចិត្តគំនិត, សេចក្ដីប្រកាន់ជាប់ស្អិត, សេចក្ដីជំពាក់ចិត្ត;… : តណ្ហាជាបច្ច័យនៃឧបាទានៗ ជាបច្ច័យនៃភព… (ព.ពុ.)។ ពូជ; គ្រឿងឆេះ; គ្រឿងដុត, ឧស; ស្បៀង, អាហារ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុប៉ាទានៈ, ដូចជា ឧបាទានការណ៍ ឬ –ហេតុ ហេតុនៃឧបាទាន, ឧបហេតុ។ ឧបាទានក្ខន្ធ ខន្ធ៥គឺ រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ជាគ្រឿងតោងនៃចិត្ត (ព.ពុ.)។ ឧបាទាននិរោធ សេចក្ដីរលត់ឧបាទាន (ព.ពុ.)។ ឧបាទានសមុទ័យ កំណើតនៃឧបាទាន, ហេតុដែលនាំឲ្យកើតឧបាទាន : តណ្ហាជាឧបាទានសមុទ័យ (ព.ពុ.)។ ល។ (ព.កា. ធៀបបដិច្ចសមុប្បាទ ជា ព.ពុ.) : ឧបាទានមានព្រោះតែតណ្ហា ឲ្យទាក់ទងគ្នាទៅរកភព ប្រតោងព្រយឹតឥតមានឈប់ រីភពទាក់ទងទៅរកជាតិ។ ឯជាតិជរាហើយនិងមរណ៍ ឈរតោងយឹតគ្នាពុំដែលឃ្លាត ទុក្ខសោកក៏មានតជាអាទិ៍ បដិច្ចុប្បាទជាប់តគ្នា។ មានអវិជ្ជាជាប្រភព ងងឹតដូចយប់គ្រប់វេលា ឲ្យសត្វកើតស្លាប់បន្តគ្នា កើតស្លាប់ស្លាប់កើតជាប់មិនដាច់។ …

ឧបាទាន–

ឧបាទាន–៖ មើលក្នុងពាក្យ ឧបាទាន

ឧបាទិន្នក

ឧបាទិន្នក៖ (អ៊ុប៉ាទិន-នៈកៈ) គុណសព្ទ៖ (បា. ឧបាទិន្នក) ដែលមានវិញ្ញាណចូលអាស្រ័យនៅ។ ន. សង្ខារឬអ្វីៗដែលមានវិញ្ញាណ : សត្វលោកទាំងអស់ជាឧបាទិន្នក : (ហៅ ឧបាទិន្នកជាតិ, –រូប ឬ –សង្ខារ ក៏បាន)។ ព.ផ្ទ. អនុបាទិន្នក។

ឧបាទិន្នកៈ

ឧបាទិន្នកៈ៖ មើលក្នុងពាក្យ ឧបាទិន្នក

ឧបាទិសេសនិព្វាន

ឧបាទិសេសនិព្វាន៖ (អ៊ុប៉ាទិសេសៈ–) នាមសព្ទ៖ (បា.) ការរលត់កិលេសនៅសល់ខន្ធ គឺការបានសម្រេចអរហត្តផល (ហៅ សឧបាទិសេសនិព្វាន ឬ កិលេសនិព្វាន ក៏បាន, ជាគូគ្នានឹង អនុបាទិសេសនិព្វាន ឬខន្ធនិព្វាន។ ព.ពុ.)។

ឧបាទិសេសបរិនិព្វាន

ឧបាធ្យាយ

ឧបាធ្យាយ៖ (អ៊ុប៉ា–) នាមសព្ទ៖ (សំ.) ឧបជ្ឈាយ៍ (ព.ពុ.)។ គ្រូបង្រៀនធម៌ ឬគ្រូបង្រៀនច្បាប់។ ខ្មែរលុប ឧ នៅត្រឹមតែ បាធ្យាយ ក៏មាន បាធ្យាយរបស់ខ្ញុំ ឧបជ្ឈាយ៍របស់ខ្ញុំ។ គ្រូបាធ្យាយ គ្រូឧបជ្ឈាយ៍ ឬគ្រូនិងឧបជ្ឈាយ៍ (បទសន្ធិ, < សំ. គុរុ + ឧបាធ្យាយ > គុរូបាធ្យាយ, គុរូ ខ្មែរប្រើជា គ្រូ > គ្រូបាធ្យាយ)។
(ព. កា .)
រីគ្រូបាធ្យាយ អាចឲ្យពណ្ណរាយ មានរូបរស្មី អាចឲ្យរុងរឿង អស់បញ្ចិន្រ្ទីយ៍ ស្មើព្រះជននី ជនកសោតហោង (សាស្ត្រាច្បាប់ក្រម)។

ឧបាយ

ឧបាយ៖ (អ៊ុ–) នាមសព្ទ៖ (សំ.បា.) ល្បិច, លិ្បចល្បង, កិច្ចកល; ផ្លូវគំនិត; កលមាយា : មានឧបាយល្អ, ប្រើឧបាយ។ (ព.កា.) : ឧបាយកម្ចាយប្រាប់ការណ៍ពិត ប៉ុន្តែគំនិតស្រួចស្រាល់ជាង បើមានប្រាជ្ញាក្លាវៃវាង ច្រើនតែមិនឃ្វាងចាកប្រយោជន៍។ ឧបាយកល ឬកលឧបាយ ល្បិចល្បងយ៉ាងល្អិត; ឧបាយបញ្ឆោត។ ឧបាយកល ឧបលក្ខិត ឧបាយកលក្រឡិចក្រលៀត (មើលក្នុងពាក្យ ឧបលក្ខិត ទៀតផង)។ ឧបាយកោសល្ល (អ៊ុប៉ាយ៉ៈកោសល់) សេចក្ដីឈ្លាសវៃក្នុងការប្រើឧបាយ : ឈ្នះសឹកដោយឧបាយកោសល្លរបស់សេនាប្រមុខ។ (ព.កា.) : ឧបាយកោសល្ល រមែងតែងផ្ដល់ នូវជ័យជម្នះ គួរពួកយោធា មានស្រីតេជះ សម្ភីកុំលះ ឧបាយកោសល្ល។ ឧបាយបញ្ឆោត ការបញ្ឆោតដោយឧបាយ។ ឧបាយព្យូហ៍សឹក ព្យូហ៍សឹកដោយឧបាយ។ ល។

ឧបាយាស

ឧបាយាស៖ (អ៊ុប៉ាយ៉ាស) នាមសព្ទ៖ (សំ.បា.) សេចក្ដីចង្អៀតចិត្ត, សេចក្ដីតឹងចិត្តខ្លាំង, សេចក្ដីតានតឹងចិត្ត មានឧបាយាស (ហៅ ឧបាយាសធម៌ ឬ ឧបាយាសភាព ក៏បាន, អ.ថ. –យ៉ាសៈ–)។
ព.កា. ថា
ឧបាយាសកើតពីជរា- មរណៈដែលជាធម៌រួបរឹត សម្ពុទ្ធសាស្ដាទ្រង់ពិនិត្យ ឃើញពិតឥតល្អៀងឃ្លៀងឃ្លាតឡើយ។

ឧបាសក

ឧបាសក៖ (អ៊ុបាសក់) នាមសព្ទ៖ (សំ.បា.) អ្នកអង្គុយជិតឲ្យប្រើប្រាស់, អ្នកបម្រើ, អ្នកប្រដិតប្រជីបម្រើបម្រាស់, សិស្សសាសនា។ ព.ពុ. អ្នកដល់ព្រះរត្នត្រ័យជាទីពឹងឬជាទីរឭក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ (ខ្មែរហៅកាត់ខ្លីថា បាសក សំដៅសេចក្ដីថា «គ្រហស្ថ»; បើស្រ្តីជា ឧបាសិកា, ហៅកាត់ខ្លីថា សិកា «គ្រហស្ថស្រី») ព.ពុ. បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុប៉ាសៈកៈ ដូចជា ឧបាសកគុណ គុណធម៌សម្រាប់ឧបាសកឬរបស់ឧបាសក។ ឧបាសកប្បដិបត្តិ ឬ –ប្រតិបត្តិ ប្រតិបត្តិរបស់ឧបាសក។ ឧបាសកភាព ភាពជាឧបាសក។ ឧបាសកសម្បតិ្ត ឬ –សម្បទា ការបរិបូណ៍ដោយឧបាសកគុណ។ ឧបាសកសីល សីលសម្រាប់ឧបាសក គឺនិច្ចសីល, ឧបោសថសីល ឬអតិរេកសីល (សីល ៥, សីល ៨ ឬ សីល ១០)។ (ព.កា.) : ឧបាសកផ្ទុយគ្នាពីទាយក ដែលគ្រាន់តែជក់ចិត្តឲ្យទាន ប៉ុន្តែគេអាចហៅរួមបាន បាសកទាយកទាយិកា។ ព្រោះសុទ្ធតែពួកសប្បុរស មានចិត្តស្រស់បស់ឆ្ពោះសាស្នា កាន់សីលឲ្យទានរួបរួមគ្នា សាមគ្គីសមគ្គាបង្កើតសុខ។

ឧបាសក–

ឧបាសក–៖ (ម. ក្នុង ព. ឧបាសក)។

ឧបាសិកា

ឧបាសិកា៖ (ម. ក្នុង ព. ឧបាសក)។

ឧបាហន

ឧបាហន៖ (អ៊ុប៉ាហៈន៉ៈ –ហន់) នាមសព្ទ៖ (បា.; សំ. ឧបាហន៑) ស្បែកជើងឬស្បែកជើងមួយសម្រាប់ (ព. ខ្ព. ឬ ព.កា.)។ ព.កា. ថា
ឧបាហនាដែលគេធ្វើដោយស្បែក ប្លែកគ្នាពីពាក្យបាទុកា ដែលមានពុទ្ធប្បញ្ញត្តិថា ភិក្ខុសាមណេរមិនត្រូវប្រើ។ បាទុកាប្រែថាទ្រនាប់ជើង រដ្ឋយើងសព្វថ្ងៃមិនសូវប្រើ ព្រោះឮខ្លេកខ្លូកពុំជាបើ ស្រាប់តែលែងប្រើឯងៗទៅ។

ឧបាហនា

ឧបាហនា៖ (អ៊ុប៉ាហៈន៉ា) (មើលក្នុងពាក្យ ឧបាហន)។

ឧបេក្ខា

ឧបេក្ខា៖ (អ៊ុប៉េក-ខា) នាមសព្ទ៖ (បា. ឬ សំ.) ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា តាំងចិត្តជាឧបេក្ខា។
ខ្មែរប្រើជា គុ. ក៏មាន ចិត្តឧបេក្ខា ចិត្តជាកណ្ដាល, ចិត្តព្រងើយកន្តើយ។ ឧបេក្ខាសម្បយុត្ត ឬ–សហគត (អ៊ុប៉េក-ខាស័ម-ប៉ៈ-យុត ឬ –សៈហៈគត់) ចិត្តជាឧបេក្ខា។
ឧបេក្ខា ឬ ឧបេក្សា នេះជាប័ក្ខពួកនៃព្រហ្មវិហារធម៌បួន, រាប់រួមគឺ មេត្តា ការរាប់អានជិតដិតស្និទ្ធស្នាលនឹងគ្នា, ករុណា ការអាណិតអាសូរគ្នាទៅវិញទៅមក, មុទិតា ការរីករាយជានិច្ចចំពោះសេចក្ដីសុខ-ចម្រើននៃអ្នកដទៃ, ឧបេក្ខា ការតាំងចិត្តជាកណ្ដាលៗស្មើៗ។ ព្រហ្មវិហារធម៌ទាំងបួននេះជាប្រភពនៃសន្តិភាពនិងវឌ្ឍនភាពក្នុងលោក … (ព.ពុ.)។ ព.កា. ថា មេត្តា-ករុណា-មុទិតា ឧបេក្ខាទាំងបួននេះសោភា ប្រសិនបើជនទាំងអស់គ្នា អាចកាន់រក្សាឲ្យដិតដល់។ សមលោកទាំងមូលបានសុខស្ងប់ ត្រឡប់ជាឥតជ្រួលច្របល់ ព្រោះធម៌បួននេះបញ្ចេញផល ផ្ដល់សន្តិសុខឲ្យជានិច្ច។ សូម្បីដាច់តែមេត្តាមួយ ទុក្ខព្រួយតែងតែប៉ះទង្គិច ឈឺចាប់ក្ដីផ្សាជាងឃ្មុំទិច លិចលង់ហិនហោចជាអនេក។ (មើលក្នុងពាក្យ ព្រហ្មវិហារ ក្នុងមេពាក្យ ព្រហ្ម ទៀតផង)។

ឧបេក្សា

ឧបេក្សា៖ (អ៊ុប៉េក -ក្សា ឬក៏អ៊ុបែក-ខា, –ក្សា) (មើលក្នុងពាក្យ ឧបេក្ខា)។

ឧបេន្ទវជិរច្ឆន្ទ

ឧបេន្ទវជិរច្ឆន្ទ៖ (អ៊ុប៉េន-ទៈវៈជិរ័ច-ឆ័ន) នាមសព្ទ៖ (បា. ឧបិន្ទវជិរ ឬឧបេន្ទវជិរ; សំ. ឧបេន្ទ្រវជ្រ) ឆន្ទឬកាព្យមានដំណើរសូរសព្ទបទលាំៗគ្នានឹងឥន្ទវជិរច្ឆន្ទ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាងសម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយ, ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទ គឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗមាន ១១ អក្សរ, ត្រង់អក្សរ ទី ១, ២, ៣ ជា ជ-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ៣ ជាលហុ ទី ២ ជាគរុ, អក្សរ ទី ៧, ៨, ៩ ក៏ជា ជ-គណៈ ដែរ (អក្សរទី ១, ៣, ៧, ៩ ជាលហុ ទី២, ៨ ជាគរុ); ត្រង់អក្សរទី ៤, ៥, ៦ ជា ត-គណៈ គឺគណៈដែលមានអក្សរ ទី ១ និង ទី ២ ជាគរុ ទី ៣ ជាលហុ (គរុដើម គរុកណ្ដាល លហុចុង); ត្រង់អក្សរ ទី ១០ និងទី ១១ ជាគរុ; ទាំងបួនបាទមានកំណត់ដូចគ្នា (ពាក្យប្រាប់មេឧបេន្ទវជិរច្ឆន្ទនេះថា ឧបាទិកា សា វ ជតា ជគា កោ)។ មើលក្នុងពាក្យ ឥន្ទវជិរច្ឆន្ទ ផង។

ឧបេន្ទវជីរ

ឧបេន្ទវជីរ៖ (អ៊ុប៉េន-ទៈវៈជី) (មើលក្នុងពាក្យ ឧបេន្ទវជិរច្ឆន្ទ)។

ឧបោសថ

ឧបោសថ៖ (អ៊ុប៉ោសៈ-ថៈ ឬ –បោសត់; តាមទម្លាប់ថា –បោសុត) នាមសព្ទ៖ (បា.; សំ. ឧបោសធ) សីលសម្រាប់រក្សាជម្រះចិត្ត។ ព.ពុ. សំដៅអដ្ឋង្គិកសីល (សីល៨): សីលឧបោសថ, រក្សាឧបោសថ។ ថ្ងៃសម្រាប់រក្សាឧបោសថសីល (ថ្ងៃសីល): ថ្ងៃឧបោសថ។ ការប្រជុំស្ដាប់បាតិមោក្ខរាល់តែកន្លះខែនៃភិក្ខុសង្ឃ (តាមលក្ខណៈក្នុងវិន័យ): សង្ឃប្រជុំគ្នាធ្វើឧបោសថ; ច្រើននិយាយថា ឧបោសថ៍ (អ៊ុបោស): ធ្វើឧបោសថ៍; ប្រើជា កិ. ឬ គុ. ក៏បាន : ទៅឧបោសថ៍, ខានឧបោសថ៍; រោងឧបោសថ៍, គ្រែឧបោសថ៍, ថ្ងៃឧបោសថ៍។ ឈ្មោះត្រកូលឬពូជដំរីពួកមួយ : ដំរីឧបោសថ។ ប្រើជា ឧបោសថៈក៏បាន។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. អ៊ុប៉ោសៈថៈ, ដូចជា ឧបោសថកម្ម ការធ្វើឧបោសថ (នៃភិក្ខុសង្ឃ); ការរក្សាឧបោសថសីល។ ឧបោសថកាល កាលកំណត់ដែលត្រូវធ្វើឬត្រូវរក្សាឧបោសថសីល (ថ្ងៃឧបោសថ គឺថ្ងៃសីល)។ ឧបោសថង្គ : អង្គនៃឧបោសថសីល។ ឧបោសថតិថី ឬ –ទិន ថ្ងៃឧបោសថ (ឧបោសថកាល)។ ឧបោសថរតនារាម (–រៈតៈន៉ារ៉ាម) វត្តព្រះកែវក្នុងក្រុងភ្នំពេញសព្វថ្ងៃនេះ។ ឧបោសថសមាទាន ការទទួលឧបោសថសីល, ការកាន់ឧបោសថសីល។ ឧបោសថសីល សីលឧបោសថ (លទ្ធិពុទ្ធសាសនា សំដៅអដ្ឋង្គិកសីល; លទ្ធិក្រៅពីពុទ្ធសាសនាសំដៅសីលផ្សេង)។ ល។

ឧបោសថ–

ឧបោសថ–៖ មើលក្នុងពាក្យ ឧបោសថ

ឧបោសថៈ

ឧបោសថៈ៖ មើលក្នុងពាក្យ ឧបោសថ

ឧបោសថ៍

ឧបោសថ៍៖ មើលក្នុងពាក្យ ឧបោសថ

ឧបោសថាគារ

ឧបោសថាគារ៖ (អ៊ុប៉ោសៈថាគា) នាមសព្ទ៖ (បា. < ឧបោសថ + អាគារ) រោងឧបោសថ៍ គឺអាគារដែលមានពទ្ធសីមា សម្រាប់ភិក្ខុសង្ឃប្រជុំគ្នាធ្វើសង្ឃកម្មមានឧបោសថកម្មនិងបវារណាកម្មជាដើម – សព្វថ្ងៃនេះខ្មែរហៅ ឧបោសថាគារថា វិហារ តាមទម្លាប់ហៅតៗគ្នាមក, វិហារ នេះកាលបើមាន ពទ្ធសីមា ហើយ លុះតែសង្ឃបានឲ្យសូត្របាលីញតិ្តទុតិយកម្មវាចាមួយចប់សន្មតតាមពុទ្ធានុញ្ញាតរួចហើយ ទើបឡើងជា ឧបោសថាគារ ពេញលក្ខណៈបាន។ ក្នុងអាវាសមួយត្រូវសន្មត ឧបោសថាគារ ឲ្យមានតែមួយ បើមានពីរត្រូវសូត្រដកឈ្មោះ ឧបោសថាគារ មួយចេញ (ព.វិ. ពុ. ក្នុងឧបោសថក្ខន្ធកៈ)។ ឧបោសថាគារវត្ត (–រៈវ័ត) កិច្ចវត្តដែលត្រូវថែទាំរោងឧបោសថ (មានការបោសសម្អាតជាដើម, ការថែវិហារ)។ ល។

ឧបោសថិក

ឧបោសថិក៖ (អ៊ុប៉ោសៈថិកៈ) គុណសព្ទ៖ (បា. ឧបោសថិក) ដែលជាប់ទាក់ទងដោយថ្ងៃឧបោសថ ឬដែលមានក្នុងថ្ងៃឧបោសថ។ ន. អ្នករក្សាឧបោសថសីល (បើស្ត្រីជា ឧបោសថិកា)។ ព.កា. ថ្លែងពីអធ្យាស្រ័យនៃ ឧបោសថិក ក្នុងថ្ងៃមួយយប់មួយ : ឧបោសថិក គេអាចបង្វឹក- ចិត្តឲ្យឃ្លាតឆ្ងាយ ពីកាមគុណ មិនឲ្យរាយមាយ កិច្ចការសម្ទាយ គេឈប់មិនធ្វើ។ ថ្ងៃមួយយប់មួយ ឈប់គិតមិនព្រួយ គេតាំងចិត្តស្មើ នឹកឆ្ពោះតែសីល ហើយនិងអំពើ អ្វីដែលគួរធ្វើ ទើបធ្វើតាមគួរ។ ឧបោសថិកជន ជនអ្នកកាន់ឧបោសថសីល។ ឧបោសថិកទាន ទានដែលគេឲ្យក្នុងថ្ងៃសីល។ ឧបោសថិកភត្ត ភត្តដែលទាយកប្រគេនដល់បព្វជិតក្នុងថ្ងៃសីល។ ឧបោសថិកលាភ លាភដែលបព្វជិតត្រូវបានក្នុងថ្ងៃសីល (តាមកតិការបស់សង្ឃជាដើម)។ ល។

ឧបោសថិកៈ

ឧបោសថិកៈ៖ មើលក្នុងពាក្យ ឧបោសថិក

ឧបោសថិក–

ឧបោសថិក–៖ មើលក្នុងពាក្យ ឧបោសថិក

ឧបោសថិកា

ឧបោសថិកា៖ មើលក្នុងពាក្យ ឧបោសថិក

ឧប្បត្តិ

ឧប្បត្តិ៖ (អ៊ុប-ប៉័ត-តិ ឬ អ៊ុប-ប័ត) នាមសព្ទ៖ (បា.; សំ. ឧត្បត្តិ) ការកើត, ការកើតឡើង; ការចាប់ជាតិ, កំណើត។ ខ្មែរប្រើជា កិ. ក៏មាន » កើត, ចាប់កំណើត « : អស់ជីវិតទៅឧប្បត្តិជាបុត្រនៃសេដ្ឋី។ ឧប្បត្តិកថា ពាក្យដែលបណ្ដាលកើតឡើង។ ឧប្បត្តិការណ៍ ឬ –ហេតុ ហេតុដែលបណ្ដាលឲ្យកើតឡើង, មូលហេតុ។ ឧប្បត្តិកេតនៈ ឬ –កេតន៍ (–កែត) ស្រុកកំណើត, ជាតិភូមិ (ហៅ ឧប្បត្តិដ្ឋាន ឬ ឧប្បត្តិភូមិ ក៏បាន)។ ឧប្បត្តិភាព ភាវៈនៃឧប្បត្តិ។ ល។

ឧប្បត្តិ–

ឧប្បត្តិ–៖ មើលក្នុងពាក្យ ឧប្បត្តិ

ឧប្បត្ដិក

ឧប្បត្ដិក៖ (អ៊ុប-ប៉ៈដិក ឬ –ដឹក) នាមសព្ទ៖ (បា.ស.; បា. ឧប្បត្តិ; សំ. ឧត្បត្តិ) ការកើត; ការចាប់ជាតិ (មើលក្នុងពាក្យ ឧប្បត្តិ ផង)។

ខ្មែរប្រើសំដៅសេចក្ដីថា » ការកើតឯង; ការចាប់កំណើតឥតមាតាបិតា, ឥតមេបា; ឧបបាតិក « ឧប្បត្តិកនៃពួកដង្កូវ។
ប្រើជា កិ. ក៏មាន » កើតឯង « អ្នកខ្លះស្លាប់ទៅឧប្បត្តិកជាទេវតា, ខ្លះទៅឧប្បត្តិកជាប្រេត, ខ្លះជាពស់ថ្លាន់។
សន្មតឲ្យជា ឧប្បត្តិកមនុស្សម្នាក់ឲ្យធ្វើជាយក្ស ម្នាក់ទៀតធ្វើជាស្វា។
ឧប្បត្តិកអាចារ្យ សន្មតឬតាំងឲ្យជាអាចារ្យ។ ប្រើជា គុ. ក៏មាន » ដែលបណ្ដាលកើតឡើង; ដែលប្រតិដ្ឋផ្សំ, ដែលសន្មតថា« ពាក្យឧប្បត្តិក, សេចក្ដីឧប្បត្តិក។
(ព.កា.)
សម្ដីឧប្បត្តិកឡើងឯងៗ គួរក្រែងកុំអាលប្រញាប់ថា- តាមភ្លាមត្រូវតែពិចារណា បើពិតសឹមថាកុំធ្វេសធ្លោយ។ ដ្បិតពាក្យឧប្បត្តិកសឹងតែភ្លាត់ ចេញតែពីមាត់ជនកម្សោយ មនុស្សល្ងង់ជ្រុលជឿលុះថ្ងៃក្រោយ នាំឲ្យអ្នកផងគេមើលងាយ។

ឧប្បល

ឧប្បល៖ មើលក្នុងពាក្យ ឧត្បល

ឧប្បាត

ឧប្បាត៖ មើលក្នុងពាក្យ ឧត្បាត

ឧព្វេធ

ឧព្វេធ៖ (អ៊ុប-ពេត) នាមសព្ទ៖ (បា.) កម្ពស់; ចំពោះតែកម្ពស់អំពីផ្ទៃដីឬអំពីផ្ទៃទឹកទៅឯអាកាស ដូចជាកម្ពស់ភ្នំឬកម្ពស់កោះក្នុងលម្ហសមុទ្រជាដើម (បារ. Altitude)
ជួរភ្នំមានឧព្វេធ ខ្ពស់ត្រដែតឯអាកាស ក្រឡេកមើលឃើញដាស សុទ្ធតែឈើធំស្រោងស្រាង។

ឧភតោ

ឧភតោ៖ (អ៊ុភៈ-) និបាតសព្ទ៖ (បា.; សំ. ឧភតស៑, ឧភយតស៑) ទាំងពីរ, ខាងទាំងពីរ, ទាំងពីរខាង, អំពីខាងទាំងពីរ, តាមខាងទាំងពីរ។ ឧភតោច័ណ្ឌ កាចទាំងពីរខាង (កាចដូចគ្នា)។ ឧភតោចណ្ឌាល ជាចណ្ឌាលទាំងពីរខាង (ជាចណ្ឌាលដូចគ្នា)។ ឧភតោធារ ដែលមានមុខមុតទាំងពីរខាង : កាំបិតឧភតោធារ, សស្ត្រាឧភតោធារ (ព្រះខ័ន)។ ឧភតោបរិសុទ្ធិ បរិសុទ្ធិទាំងពីរខាង។ ឧភតោពាហ៍ (បា. –វាហ) ដែលហូរបែកជាពីរផ្លូវ : ប្រឡាយឧភតោពាហ៍។ ឧភតោព្យញ្ជនក ឬ –ព្យញ្ជនកៈ (–ព្យ័ញ-ជៈនក់ ឬ – ជៈ នៈ កៈ) អ្នកដែលមានភេទជាពីរ គឺចួនកាលជាបុរសចួនកាលជាស្ត្រី : មនុស្សឧភតោព្យញ្ជនក (មាននិយាយក្នុងវិនយបិដកពុទ្ធសាសនា)។ ឧភតោភាគ ទាំងពីរចំណែក, ចំណែកទាំងពីរ។ ឧភតោភាគី អ្នកមានឬបានចំណែកទាំងពីរខាង (ឥត្ថី. ជា ឧភតោភាគិនី)។ ឧភតោភេទ ការបែកជាពីរ។ ឧភតោសុជាត អ្នកដែលកើតអំពីមាតាបិតាមានពូជពង្សស្មើគ្នា : ក្សត្រិយ៍ឧភតោសុជាត (ក្សត្រិយ៍សុទ្ធ)។ ព.កា. ធៀប : រីព្រះមហាសត្ត ព្រះនាមសិទ្ធត្ថ ឧភតោសុជាត តព្រះរាជវង្ស មហាក្សត្រិយ៍នរនាថ តាំងពីព្រះបាទ ឱកាកៈមក។ ឧភតោសុទ្ធិ បរិសុទ្ធិទាំងពីរខាង។ ឧភតោសុទ្ធិសរណគមន៍ (ព.វិ. ពុ.) ត្រៃសរណគមន៍ដែលបរិសុទ្ធទាំងអ្នកឲ្យទាំងអ្នកទទួល គឺពោលបាលីត្រឹមត្រូវទាំងពីរនាក់ (សរណគមន៍សម្រាប់សាមណេរ)។ ល។

ឧភតោ–

ឧភតោ–៖ មើលក្នុងពាក្យ ឧភតោ

ឧភយ

ឧភយ៖ (អ៊ុភៈ-យៈ) គុណសព្ទ៖ (សំ.បា.) ទាំងពីរ, ទាំងគូ។ ព.កា. ប្រើជា ឧភយៈ, ឧភ័យ, ឧភយា, ឧភយោ, ឧភយំ (–យ៉័ង) ក៏បាន, ដូចកាព្យគំរូថា : ខ្ញុំឃើញយាយតា ទាំងឧភយា បណ្ដើរគ្នាទៅ តាដោលឈើច្រត់ យាយទូលផ្លែព្នៅ គាត់ប្រាប់ថាទៅ ធ្វើបុណ្យឆ្លងថ្នល់។ ខ្ញុំឮថាគាត់ សំដៅទៅវត្ត ឥឡូវបានដល់– ទៅវត្តស្រេចហើយ កំពុងខ្វាយខ្វល់ ធ្វើបុណ្យឆ្លងថ្នល់ ដូចថាហើយតើ។ ឬមួយបែបថា : រាជបុត្រា ទាំងឧភយា នាំគ្នាចេញទៅ រករៀនវិជ្ជា នាប្រទេសក្រៅ ព្រះទ័យសំដៅ វិជ្ជាពាណិជ្យ។ ឧភយជន ជនទាំងពីរនាក់។ ឧភយត្ថេនកៈ អ្នកលួចទាំងពីរបែប គឺលបលួចកោរសក់កោរពុកមាត់ពុកចង្កាហើយស្លៀក ដណ្ដប់កាសាវព័ស្ត្រខ្លួនឯងធ្វើខ្លួនជាសាមណេរផង ថែមទាំងក្លែងធ្វើភិក្ខុទៀតផង, បុគ្គលបែបនេះជា ថេយ្យសំវាសកៈ ហើយ ពុំអាចបួសក្នុងព្រះពុទ្ធសាសនាបានឡើយ (ព.វិ. ពុ.។ មើលក្នុងពាក្យ ថេយ្យសំវាស និង ថេយ្យសំវាសកៈ ទៀតផង)។ ឧភយទ្យុស ថ្ងៃទាំងពីរអមថ្ងៃនេះ គឺថ្ងៃម្សិលមិញនិងថ្ងៃស្អែក។ ឧភយពង្ស ឬ –វង្ស វង្សទាំងពីរ។ ឧភយពាក្យ ឬ –វាក្យ ពាក្យទាំងពីរ គឺពាក្យរបស់ជាតិដទៃនិងពាក្យរបស់ជាតិខ្លួន : សៀវភៅឧភយពាក្យ (ហៅ ឧភយភាសា ក៏បាន)។ ឧភយពាក្យបរិវត្តន៍ ឬ-វាក្យបរិវត្តន៍ (–ក្យៈប៉ៈរ៉ិវ័ត) ការប្រែពីភាសាមួយទៅជាឬមកជាភាសាមួយ (ហៅត្រឹមតែ វាក្យបរិវត្តន៍ ក៏បាន)។ ល។

សំខ្យាសព្វ៖ (សំ.បា.) ទាំងពីរ, ទាំងគូ។ ព.កា. ប្រើជា ឧភយៈ, ឧភ័យ, ឧភយា, ឧភយោ, ឧភយំ (–យ៉័ង) ក៏បាន, ដូចកាព្យគំរូថា : ខ្ញុំឃើញយាយតា ទាំងឧភយា បណ្ដើរគ្នាទៅ តាដោលឈើច្រត់ យាយទូលផ្លែព្នៅ គាត់ប្រាប់ថាទៅ ធ្វើបុណ្យឆ្លងថ្នល់។ ខ្ញុំឮថាគាត់ សំដៅទៅវត្ត ឥឡូវបានដល់– ទៅវត្តស្រេចហើយ កំពុងខ្វាយខ្វល់ ធ្វើបុណ្យឆ្លងថ្នល់ ដូចថាហើយតើ។ ឬមួយបែបថា : រាជបុត្រា ទាំងឧភយា នាំគ្នាចេញទៅ រករៀនវិជ្ជា នាប្រទេសក្រៅ ព្រះទ័យសំដៅ វិជ្ជាពាណិជ្យ។ ឧភយជន ជនទាំងពីរនាក់។ ឧភយត្ថេនកៈ អ្នកលួចទាំងពីរបែប គឺលបលួចកោរសក់កោរពុកមាត់ពុកចង្កាហើយស្លៀក ដណ្ដប់កាសាវព័ស្ត្រខ្លួនឯងធ្វើខ្លួនជាសាមណេរផង ថែមទាំងក្លែងធ្វើភិក្ខុទៀតផង, បុគ្គលបែបនេះជា ថេយ្យសំវាសកៈ ហើយ ពុំអាចបួសក្នុងព្រះពុទ្ធសាសនាបានឡើយ (ព.វិ. ពុ.។ មើលក្នុងពាក្យ ថេយ្យសំវាស និង ថេយ្យសំវាសកៈ ទៀតផង)។ ឧភយទ្យុស ថ្ងៃទាំងពីរអមថ្ងៃនេះ គឺថ្ងៃម្សិលមិញនិងថ្ងៃស្អែក។ ឧភយពង្ស ឬ –វង្ស វង្សទាំងពីរ។ ឧភយពាក្យ ឬ –វាក្យ ពាក្យទាំងពីរ គឺពាក្យរបស់ជាតិដទៃនិងពាក្យរបស់ជាតិខ្លួន : សៀវភៅឧភយពាក្យ (ហៅ ឧភយភាសា ក៏បាន)។ ឧភយពាក្យបរិវត្តន៍ ឬ-វាក្យបរិវត្តន៍ (–ក្យៈប៉ៈរ៉ិវ័ត) ការប្រែពីភាសាមួយទៅជាឬមកជាភាសាមួយ (ហៅត្រឹមតែ វាក្យបរិវត្តន៍ ក៏បាន)។ ល។

ឧភយ–

ឧភយ–៖ មើលក្នុងពាក្យ ឧភយ

ឧភយៈ

ឧភយៈ៖ មើលក្នុងពាក្យ ឧភយ

ឧភ័យ

ឧភ័យ៖ មើលក្នុងពាក្យ ឧភយ

ឧភយា

ឧភយា៖ មើលក្នុងពាក្យ ឧភយ

ឧភយោ

ឧភយោ៖ មើលក្នុងពាក្យ ឧភយ

ឧភយំ

ឧភយំ៖ មើលក្នុងពាក្យ ឧភយ

ឧភយោរាជ

ឧភយោរាជ៖ (អ៊ុភៈយោរាច) នាមសព្ទ៖ (សំ.បា.ស.; សំ.បា. ឧភយ » ទាំងពីរ « + រាជ «ព្រះរាជា» ខ្មែរប្រើ យ > យោ = » ព្រះរាជាទាំងពីរព្រះអង្គ «) ក្សត្រិយ៍ដាក់រាជ្យ គឺក្សត្រិយ៍ទ្រង់រាជ្យដែលផ្ទេររាជសម្បត្តិប្រទានទៅព្រះរាជបុត្រឬទៅក្សត្រិយ៍ជាព្រះរាជវង្សអង្គណាមួយឲ្យសោយរាជ្យជាតំណាងព្រះអង្គ ហើយទ្រង់ទទួលរាជស័ក្តិជាក្សត្រិយ៍កណ្ដាលជួយដាស់តឿន ក្រើនរំឭកក្សត្រិយ៍ទ្រង់រាជ្យនិងក្សត្រិយ៍ឧបរាជទាំងពីរព្រះអង្គ ឲ្យស្ថិតនៅក្នុងទសពិធរាជធម៌ជាដើម
សម្ដេចព្រះឧភយោរាជ (តាមបវេណីក្នុងកម្ពុជរដ្ឋ, នាទីរបស់សម្ដេចព្រះឧភយោរាជជាឋានៈសម្រាប់ទោ ទាំងមន្ត្រីធំតូចសម្រាប់ព្រះអង្គ ក៏តាំងក្នុងឋានៈសម្រាប់ទោដែរ។ មើលក្នុងពាក្យ សាមណស័ក្តិ ទៀតផង)។

ឧភយោរាជ្យ

ឧភយោរាជ្យ៖ (អ៊ុភៈយោរាច) នាមសព្ទ៖ (សំ.ស.; សំ. ឧភយ » ទាំងពីរ « + រាជ្យ » ដែលជាព្រះរាជទ្រព្យ « ខ្មែរប្រើ យ > យោ) សម្បត្តិឬមុខក្រសួងរបស់ក្សត្រិយ៍ឧភយោរាជ។

ប្រើជា គុ. ក៏បាន » ដែលជារបស់ក្សត្រិយ៍ឧភយោរាជ «
មុខក្រសួងឧភយោរាជ្យ, ខេត្តឧភយោរាជ្យ (មើលក្នុងពាក្យ ឧភយោរាជ ទៀតផង)។

ឧមា

ឧមា៖ (អ៊ុម៉ា) នាមសព្ទ៖ (សំ.បា.) សេចក្ដីស្ងប់, សេចក្ដីរាបទាប; សុខសាន្ត, សុខសម្រាន្ត; លម្អ; កិត្តិយស; ពន្លឺ។ (បា. ឧម្មា) កប្បាស; កន្ទ្រាំងបាយ-ស។ នាមជាយានៃព្រះឥសូរ : ព្រះនាងឧមាភគវតីកល្យាណី ស្រីវរលក្សណ៍ (ព.បុ.)។ ឧមានិមិត្ត ឬ ឧមាយោនី ថ្មដែលឆ្លាក់ជារូបនិមិត្តនៃនាងឧមា (ខ្មែរក្នុងបុរាណសម័យច្រើនហៅថ្មនោះថា បំពង់ខ្ចី ជាគូគ្នានឹងថ្ម សិវលិង្គ ដែលហៅថាអង្គ។ មើលក្នុងពាក្យ សិវលិង្គ ក្នុងពាក្យ សិវៈ និងអង្គ ន. ទៀតផង)។

ឧម្មង្គ

ឧម្មង្គ៖ (អ៊ុម-ម៉ង់ ឬតាមទម្លាប់ថា អ៊ុម-ម៉ុង) នាមសព្ទ៖ (បា.; សំ. ឧន្មាង្គ?) រូងដែលជីកលុងក្នុងដីឬក្នុងភ្នំជាផ្លូវដើរបាន : ជីកឧម្មង្គ, ដើរក្នុងឧម្មង្គ, ឧម្មង្គផ្លូវអយស្ម័យយាន (ព.សា. ច្រើនហៅ អុងមុង្គ)។ ព.កា. បញ្ជាក់ឲ្យអានថា អ៊ុម-ម៉ង់ (បទពំនោល): រីផ្លូវអយស្ម័យយាន ខ្លះតែងតែមាន ឧម្មង្គក្នុងភ្នំដែលទើស។ ព្រោះចៀសមិនផុតត្រូវតែជ្រើស យល់ថាអាចរើស យកត្រង់តួភ្នំនេះចុះ។ គេគាស់រំលីងថ្មនុះ គេចោះទម្លុះ ឲ្យកើតជាផ្លូវឧម្មង្គ។ អយស្ម័យយានបើកត្រង់ ចូលតាមឧម្មង្គ ចេញផុតពីភ្នំទៅស្រួល។ ឧម្មង្គចោរ (អ៊ុម-ម៉ង់គៈ–) ចោរដែលជីកដីជារូងក្រោមជើងជញ្ជាំងផ្ទះរាប ទម្លុះចូលលួចយកទ្រព្យរបស់ក្នុងផ្ទះ។

ឧម្មត្តក

ឧម្មត្តក៖ (អ៊ុម-ម៉័ត-ដក់) នាមសព្ទ៖ (បា. ឧម្មត្ត ឬ ឧម្មត្តក; សំ. ឧន្មត្តឧន្មត្តក) ឆ្កួត : មនុស្សឧម្មត្តកៈ (ព.គ. ថា មនុស្សវិកលចរិត ឬ មនុស្សខូចចរិត)។ ព.កា. ប្រើជា ឧម្មត្តកោ ក៏បាន; ស្ត្រីឧម្មត្តិកា។ ឧម្មត្តកភាព ភាវៈឬភាពជាឧម្មត្តកៈ, ភាពវិកលចរិត : គ្នាប្រព្រឹត្តល្មើសដោយឧម្មត្តកភាពទេ កុំចាប់ទោសកំហុសគ្នា។ ឧម្មត្តក –សព្ទនេះ គេអាចប្រើរៀងពីខាងចុងសព្ទដទៃជាបទសន្ធិផ្សំជាសមាសនាមក៏បាន តាមគួរដល់ការប្រកបប្រើ, ដូចជា កាមុម្មត្តកៈ ឆ្កួតកាម; ចិត្តុម្មត្តកៈ ឆ្កួតចិត្ត; ទិដ្ឋុម្មត្តកៈ ឆ្កួតទិដ្ឋិ; បិត្តុម្មត្តកៈ ឆ្កួតប្រមាត់; យក្ខុម្មត្តកៈ ឬ បិសាចុម្មត្តកៈ ឆ្កួតព្រោះខ្មោចចូល; សុរុម្មត្តកៈ ឆ្កួតស្រា; អក្ខធុត្តុម្មត្តកៈ ឆ្កួតល្បែងស៊ីសង; អបាយមុខុម្មត្តកៈ ឆ្កួតអបាយមុខ; ឥត្ថុម្មត្តកៈ ឆ្កួតស្រី។ ល។

ឧម្មត្តកៈ

ឧម្មត្តកៈ៖ (អ៊ុម-ម៉័ត-តៈកៈ) (មើលក្នុងពាក្យ ឧម្មត្តក)។

ឧម្មត្តកោ

ឧម្មត្តកោ៖ (អ៊ុម-ម៉័ត-តៈកោ) គុណសព្ទ៖ មើលក្នុងពាក្យ ឧម្មត្តកឧម្មត្តកៈ។ ព.កា. ថា
ប្រុសឧម្មត្តកោឈរនៅធ្មឹង រំពឹងពីអ្វីពុំស្ដីថា ស្រាប់តែមានស្រីឧម្មត្តិកា ស្ទុះឆ្លាមកវាយប្រុសនោះដួល។

ឧម្មត្តិកា

ឧម្មត្តិកា៖ (អ៊ុម-ម៉័ត –តិកា) (មើលក្នុងពាក្យ ឧម្មត្តកឧម្មត្តកៈ)។

ឧយ្យាន

ឧយ្យាន៖ (អ៊ុយ-យាន) នាមសព្ទ៖ (បា.; សំ. ឧទ្យាន) ឧទ្យាន។ ព.កា. បញ្ជាក់អត្ថន័យថា : បាលីថាឧយ្យាន មានសេចក្ដីថាគេដើរ ងើយមើលឈើបណ្ដើរ តាមដំណើរគេចូលទៅ។ ខ្មែរប្រើជាឱទ្យាន តាមលំអានពាក្យស្រួលហៅ សេចក្ដីក៏សំដៅ ថាឧយ្យាននោះដដែល។ ឧយ្យានបាល (–នៈបាល) អ្នករក្សាឬអ្នកថែឱទ្យាន (បើស្ត្រីជា ឧយ្យានបាលី ឬ –បាលកា អ.ថ. –ប៉ាល៉ី ឬ –ប៉ាលៈកា)។ មើលក្នុងពាក្យ ឱទ្យាន ទៀតផង។

ឧយ្យាមភាព

ឧយ្យាមភាព៖ (អ៊ុយ-យាមៈ-ភាប) នាមសព្ទ៖ (បា. ឧយ្យាម; សំ. ឧទ្យាម + ភាវ) ភាវៈនៃព្យាយាម, សេចក្ដីខំប្រឹង, វីរិយភាព មានឧយ្យាមភាព, រៀនសូត្រដោយឧយ្យាមភាព។
(ព.កា.) ឧយ្យាមភាព ញ៉ាំងការទន់ទាប ឲ្យឡើងខ្ពស់បាន កម្ចាត់ក្ដីទុក្ខ មិនឲ្យរុករាន ទោះបីទុក្ខមាន ក៏មានស្ដើងស្ដួច។
វេវ. វីរិយភាព។ ព.ផ្ទ. អលសភាព។

ឧយ្យោធិក

ឧយ្យោធិក៖ (អ៊ុយ-យោធិកៈ ឬ –ធិក) នាមសព្ទ៖ (បា.) ទីដែលគេកំពុងច្បាំងគ្នា, សមរភូមិ, រណដ្ឋាន, រណភូមិ, យុទ្ធដ្ឋាន
មានពុទ្ធប្បញ្ញត្តិហាមមិនឲ្យភិក្ខុទៅកាន់ឧយ្យោធិកជារណដ្ឋានឡើយ; ពុទ្ធប្បញ្ញត្តិនេះជាសាធារណៈដល់សហធម្មិកឯទៀតផងដែរ (ព.វិ. ពុ.)។

ឧរគ

ឧរគ៖ (អ៊ុរ៉ៈគៈ) នាមសព្ទ៖ (សំ.បា. ឧរគ » សត្វទៅដោយទ្រូង, សត្វលូន «) ពស់, នាគ (ហៅ ឧរង្គ ឬ ឧរង្គម ក៏បាន)។ ឧរគជាតិ ឬ –សត្ត, –សត្វ សត្វលូន; ទីឃជាតិ (ហៅ ឧរង្គជាតិ,–សត្ត, –សត្វ ឬ ឧរង្គម– ក៏បាន។ វេវ. សរីស្រឹប ឬ សិរឹសបសត្ត)។

ឧរគៈ

ឧរគៈ៖ មើលក្នុងពាក្យ ឧរគ

ឧរង្គ

ឧរង្គ៖ (អ៊ុរ៉ង់-គៈ, អ៊ុរ៉ង់-គៈមៈ) មើលក្នុងពាក្យ ឧរគ។

ឧរង្គម

ឧរង្គម៖ (អ៊ុរ៉ង់-គំ) មើលក្នុងពាក្យ ឧរគ។

ឧរច្ឆ័ទ

ឧរច្ឆ័ទ៖ (អ៊ុរ៉ាច់-ឆាត់) នាមសព្ទ៖ (បា. ឧរច្ឆទ < ឧរ » ទ្រូង « + ឆទ » បិទ; បាំង; រាំង «; សំ. ឧរឝ្ឆទ < ឧរស៑ + ឆទ, ស៑ > ឝ៑; ឬ សំ. < ឧរស៑ » ទ្រូង « + ត្រាណ » ទីពំនាក់; គ្រឿងការពារ «; បា. ឧរត្តាណ < ឧរ + តាណ) គ្រឿងរារាំងទ្រូងឬគ្រឿងការពារទ្រូង គឺក្រោះ, អាវក្រោះ។ ពាក់ឧរច្ឆ័ទ ពាក់ក្រោះ។ ព.កា. ថា
ពួកពលពាក់ឧរស្ត្រាណ សុទ្ធសឹងក្លាហាន បានចូលប្រឡូកយកជ័យ។

ឧរស្ត្រាណ

ឧរស្ត្រាណ៖ (អ៊ុរ៉ាស់ស្ត្រាន) (មើលក្នុងពាក្យ ឧរច្ឆ័ទ)។

ឧរា

ឧរា៖ (អ៊ុរ៉ា) នាមសព្ទ៖ (បា. ឧរ; សំ. ឧរស៑) ទ្រូង (ព.កា. ប្រើជា ឱរា ក៏មាន, តាមស្រួលមាត់) ហៃកូនពុំងា ម្ដាយតឹងឱរា ស្ទើរប្រេះសញ្ជែក ត្រូវកូនស្ដាប់ម្ដាយ កុំឲ្យទឹកភ្នែក- ម្ដាយហូរច្រើនពេក ណាកូនមាសម្ដាយ។
រ.ស. ព្រះឧរា ឬ ព្រះឱរា។ កាព្យមួយយ៉ាងថា
គេរត់ចោលទៅ ឧរាឯងក្ដៅ ឈឺផ្សាឥតស្រាក នៅតែម្នាក់ឯង កណ្ដែងលំបាក អញត្រូវសម្រាក ឯណាទៅអើយ! (អ្ហើយ, កុំថា អឺយ)។

ឧរុបតី

ឧរុបតី៖ (អ៊ុរុប៉ៈដី) នាមសព្ទ៖ (សំ. ឧរុបតិ < ឧរុ » ផែនដី; ធំបំផុត « + បតិ » ម្ចាស់ « = ម្ចាស់ផែនដី) ក្សត្រិយ៍ទ្រង់រាជ្យ, ព្រះរាជា។ (ព.កា.)
ក្សត្រិយ៍ក្សាន្តឧរុបតី ទ្រង់ឃ្មាតខ្មីរក្សារដ្ឋ ពុំដែលធ្វេសភ្លាំងភ្លាត់ ទ្រង់ប្រយ័ត្នជានិរន្តរ៍។ ទ្រង់កាន់រាជធម៌ ដ៏បវរពុំឲ្យអន់ ប្រព្រឹត្តពុំដែលភ័ន្ត ភ័យអាសន្នសាបសូន្យឈឹង។

ឧរ៉ៃ

ឧរ៉ៃ៖ (អ៊ុឬអោ–) នាមសព្ទ៖ (ព.បុ.) មាសឆ្អិន; មាសទឹកដប់ មាសឧរ៉ៃ (ច្រ. ប្រ. ក្នុងកាព្យ)។
សម្រាប់ប្រើជា ព.ប្រ. ធៀបអ្វីៗឬមនុស្សជាទីស្រឡាញ់ថាដូច ឱរ៉ៃ, ដូច ព.កា. ថា
ហៃស្ងួនឱរ៉ៃថ្លៃកម្សត់ គួរអត់ទ្រាំទៅកុំសោកឡើយ ធ្វើម្ដេចយើងកើតក្នុងលោកហើយ កោះត្រើយនៅត្រង់សីលនិងធម៌។ គួរយើងខំស្រាវជ្រាវរាវរក ជ្រើសយកតែគុណដ៏បវរ គង់យើងនឹងបាននូវអំណរ ដែលសីលនិងធម៌ផ្ដល់សុខឲ្យ។

ឧល្កាបាត

ឧល្កាបាត៖ មើលក្នុងពាក្យ ឧក្កាបាត

ឧល្លង្ឃន–

ឧល្លង្ឃន–៖ មើលក្នុងពាក្យ ឧល្លង្ឃនៈ

ឧល្លង្ឃនៈ

ឧល្លង្ឃនៈ៖ (អ៊ុល-ល៉ង់-ឃៈនៈ) នាមសព្ទ៖ (សំ.បា. ឧល្លង្ឃន) ការលោត, ការផ្លោះ។ ខ្មែរប្រើជា កិ. សម្រាប់ រ.ស.
ទ្រង់ព្រះឧល្លង្ឃនៈ ទ្រង់លោត, ទ្រង់ផ្លោះ (ប្រើជា ទ្រង់ព្រះឧល្លង្ឃនាការ ក៏បាន អ.ថ. –ឃៈនា–)។ ឧល្លង្ឃនកីឡា ឬ –ក្រីឌា ល្បែងលោតឬផ្លោះ។ ឧល្លង្ឃនកោសល្ល កាប៉ិនឬពូកែលោត, ពូកែផ្លោះ។ ឧល្លង្ឃវិទ ឬ -វិទូ អ្នកចេះឧល្លង្ឃនវិទ្យា។ ឧល្លង្ឃនវិជា្ជ, –វិទ្យា ឬ –សិប្បៈ, –សិល្ប វិជ្ជាហាត់លោត, ហាត់ផ្លោះ, ហាត់លោតហក់។ ល។

ឧល្លោកនៈ

ឧល្លោកនៈ៖ (អ៊ុល-លោ ឬ ល៉ោកៈ-ន៉ៈ) នាមសព្ទ៖ (សំ.បា. ឧល្លោកន) ការងើបមើលឬងើយមើល, ការក្រឡេកមើល។ ខ្មែរប្រើជា កិ. សម្រាប់ រ.ស.
ទ្រង់ព្រះឧល្លោកនៈ ទ្រង់សម្លឹង (ប្រើជា ទ្រង់ព្រះឧល្លោកនាការ ក៏បាន, អ.ថ. –កៈន៉ា–)។

ឧស

ឧស៖ (អុស) នាមសព្ទ៖ (បា. ឧស ; សំ. ឧឞ «ឆេះ») ឈើសម្រាប់ដុត (សម្រាប់ប្រើការដុតចម្អិនអាហារជាដើម)
រកឧស, បាច់អុស, គំនរអុស (ច្រើនសរសេរ អុស ជាង)។

ឧសភ

ឧសភ៖ (អ៊ុសប់) នាមសព្ទ៖ (បា. ឧសភ; សំ. ឫឞភ) គោឈ្មោល, គោឡើងក, គោបា (ច្រើននិយាយថា គោឧសភ)។

ឈ្មោះខែទី ២ នៃសុរិយគតិ; សព្វថ្ងៃប្រើជា ឧសភា ត្រូវនឹងខែម៉េបារាំងសែស (ប្រើក្លាយជា ព្រឹសភៈ ក៏មាន។ មើលក្នុងពាក្យ រាសី ផង)។

ឈ្មោះរង្វាស់ឬមាត្រាវាស់មួយយ៉ាង (ប្រើក្នុងបុរាណសម័យ) ប្រវែងឬចម្ងាយ ២០ យដ្ឋិ (១៤០ហត្ថ):
ចម្ងាយមួយឧសភ (មើលក្នុងពាក្យ លិក្ខា ឬលិក្សា ទៀតផង)។ គុ. ឧត្តម, ខ្ពង់ខ្ពស់; ចម្បង; លើសលែង។ ឧសភរាជ ស្ដេចគោ គឺគោឈ្មោលដែលចម្បងជាងគោទាំងពួង។ ខ្មែរហៅគោព្រះរាជទ្រព្យសម្រាប់ទឹមក្នុងព្រះរាជពិធីវប្បមង្គល (ច្រត់ព្រះនង្គ័ល) ថា គោឧសភរាជ ដោយសំដៅសេចក្ដីថា » គោព្រះរាជទ្រព្យ « ឬ » គោឧត្តម, គោមង្គល «។ ឧសភសព្ទ សូរគោឈ្មោលយំឬរោទ៍, យោបំគោឧសភ : ចម្ងាយមួយឧសភសព្ទ។ បុរិសាសភៈ (បា. < បុរិស + ឧសភ > អាសភ) បុរសឧត្តម; ព្រះសព្វញ្ញុពុទ្ធ។ រថេសភៈ (បា. < រថ + ឧសភអាសភ < ឧសភ) អ្នកជាប្រមុខនៃរថានឹក (មេទ័ពទាហានរថ); ក្សត្រិយ៍ទ្រង់រាជ្យ។ ល។ ព.កា. ប្រើជារថេសភ (–សប់) ក៏បាន, ដូចកាព្យថា : មទ្រីទេវីនាងទូលថា បពិត្របិតារថេសភ ខ្ញុំម្ចាស់សូមតាមទៅគោរព ព្រះវេស្សន្តរជាស្វាមី។ ព្រោះបើមិនទៅនៅឯអាយ ជាស្ត្រីមេម៉ាយពុំគប្បី ខ្ញុំម្ចាស់ត្រូវទៅតាមស្វាមី បុត្រាបុត្រីត្រូវទៅដែរ។ (តាមសេចក្ដីក្នុងមហាជាតក៍ ទានកណ្ឌ)។

ឧសភៈ

ឧសភៈ៖ (អ៊ុសៈភៈ) (មើលក្នុងពាក្យ ឧសភ)។

ឧសា

ឧសា៖ (អ៊ុ–) នាមសព្ទ៖ (សំ. ឧឞា) ពន្លឺបំព្រាងជិតព្រឹក, វេលាភ្លឺស្រាង, ពេលបំព្រាង, ពេលក្រហមឯកើត (ហៅ ឧសាកាល, ឧសាសម័យ ឬ ឧសាប្រភាត ក៏បាន)។ វេវ. បុព្វណ្ហកាល, បុព្វណ្ហសម័យ, អរុណោទ័យ។ សម្រាប់ប្រើក្នុងកាព្យ, ដូចជា
នៅពេលឧសា ដែលព្រះសុរិយា បញ្ចេញរង្សី អស់ទាំងជនផង ទោះប្រុសទោះស្រី ទោះទាំងបក្សី ក៏ភ្ញាក់ពីដេក។ ធ្លាប់ធ្វើការអ្វី ជាប្រក្រតី តាមដោយចិត្តត្រេក ទោះការនោះធ្ងន់ ពេកពន់ស្កះស្អេក ធម្មតាវែកញែក ឲ្យខានពុំបាន។

ឧសុការ

ឧសុការ៖ (អ៊ុ-) (មើលក្នុងពាក្យ ឥសុការ)។

ឧសុម

ឧសុម៖ (អ៊ុសុម៉ៈ) នាមសព្ទ៖ (បា. ឬ សំ. ឧឞ្ម័ន៑ឩឞ្មន៑) ចំហាយ, ចំហាយក្ដៅ, ចំហាយភ្លើង, កម្សួល, អៃ។ អក្សរឧស្ម័ន (ព.វ.) អក្សរដែលមានខ្យល់សំឡេងដូចជា ហួច, មាន ៣ តួគឺ ឝ, ឞ, ស បើរាប់ ហ្វ មួយផ្សំផងជា៤តួ។ ឧសុមកោដ្ឋក៍ (–កោត) បន្ទប់ដែលមានជើងក្រានដុតភ្លើងបង្ហប់ឲ្យមានចំហាយក្ដៅ (សម្រាប់ការពាររងារជាដើម)។ ឧសុមពល (–ពល់) កម្លាំងឧស្ម័ន។ ឧសុមមន្ទីរ ឬ ឧសុមាគារ (–ម៉ា–) ផ្ទះដែលមានចំហាយភ្លើងក្ដៅសព្វ (ដូចយ៉ាងរោងភ្លើង, រោងចក្រជាដើម)។។ ឧសុមរថ ឬ រថឧស្ម័ន រថដែលលឿនដោយកម្លាំងឧស្ម័ន (ពាក្យសន្មតប្រើតាមសម័យនិយម)។ ល។ (ព.កា.) : ឧស្ម័នសំខាន់ខាងចំហាយ ឲ្យចេញផ្សព្វផ្សាយគាំពារធាតុ ទោះមនុស្សទោះសត្វកាលបើឃ្លាត ឧស្ម័នហើយប្រាសចាកជីវិត។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាឧស្ម័នអស់សូន្យពិត អាយុវិញ្ញាណក៏គ្មានឫទ្ធិ៍ ជីវិតក៏សូន្យកាយស្ដូកស្ដឹង។ គេបោះបង់ខុសពីកាលមុន ទោះបីមានគុណគួរគេដឹង ជារូបដេកស្ដូកឥតការប្រឹង ស្ដូកស្ដឹងដូចកល់អង្កត់ឧស។

ឧស្ម័ន

ឧស្ម័ន៖ (អ៊ុស-ស្មាន់) (មើលក្នុងពាក្យ ឧសុម)។

ឧស្សវ–

ឧស្សវ–៖ (មើលពាក្យ ឧស្សវៈ)។

ឧស្សវៈ

ឧស្សវៈ៖ (អ៊ុស-សៈវ៉ៈ) នាមសព្ទ៖ (បា. ឧស្សវ; សំ. ឧត្សវ) មហោស្រព : ទៅមើលឧស្សវៈ (ម. ប្រ.)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧស្សវ (អ៊ុស-សៈវ៉ៈ), ដូចជា ឧស្សវកាល ឬ –សម័យ កាលឬសម័យមានមហោស្រព។ ឧស្សវកីឡា ការលេងមហោស្រព។ ឧស្សវដ្ឋាន ទីមហោស្រព; ទីដែលតាំងរបស់សម្ងាចឲ្យមហាជនមើលតាមកាលកំណត់ (ពិព័រណ៌)។ ឧស្សវពិធី ឬ –វិធី ពិធីលេងសប្បាយតាមទេសកាល; ពិធីតាំងរបស់សម្ងាចឲ្យមហាជនមើលមានកំណត់កាល (ពិព័រណ៌)។ ឧស្សវមន្ទីរ, –មាល, –សាលា រោងរបាំ, រោងល្ខោន; រោងតាំងរបស់សម្ងាចឲ្យមហាជនមើលមានកាលកំណត់។ ឧស្សវសន្និបាត ការប្រជុំក្នុងទីមានមហោស្រព។ ល។

ឧស្សហ–

ឧស្សហ–៖ មើលក្នុងពាក្យ ឧស្សាហៈឧស្សាហ៍

ឧស្សាហៈ

ឧស្សាហៈ៖ (អ៊ុស-សាហៈ) នាមសព្ទ៖ (បា. ឧស្សាហ; សំ. ឧត្សាហ) សេចក្ដីឱហាត, សេចក្ដីខ្មីឃ្មាតឬសង្វាត, ការខំប្រឹងមិនខ្ជិល, មិនច្រអូស មានឧស្សហៈ, មានឧស្សាហ៍ធ្វើការ (ប្រើជា ឧត្សាហៈ ឬ ឧត្សាហ៍ ក៏បាន, អ.ថ. អ៊ុត-ត្សាហៈ ឬ អ៊ុត-ត្សា ឬក៏ អ៊ុត-សាហៈ, អ៊ុត-សា។ ប្រើក្លាយជា ឱសាហ៍ ក៏មាន)។
ខ្មែរប្រើជា កិ. ក៏បាន » ឱហាត, សង្វាត, ខំប្រឹង « ឧស្សាហ៍ធ្វើការ, ឧស្សហ៍រៀនសូត្រ (ច្រើននិយាយថា ឱសាហ៍ ជាង)។ រ.ស.: ទ្រង់ព្រះឧស្សាហ៍។
ប្រើជា គុ. ក៏មាន » ដែលមានព្យាយាម, ដែលជាអ្នកឱហាត, សង្វាត, ខំប្រឹង « មនុស្សឧស្សាហ៍, ក្មេងឱសាហ៍ (ព.ផ្ទ. ខ្ជិល)។ ព.កា. ប្រដៅកូន : ហៃកូនរាល់គ្នា ត្រូវមានឧស្សាហ៍ កុំខ្ជិលច្រអូស កម្ជិលទ័លក្រ ដូចដើរដួលស្រូស សុំគេងងូស ព្រលូសកេរ្តិ៍ឈ្មោះ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧស្សាហ ឬ ឧត្សាហ (អ៊ុស-សាហៈ ឬ អ៊ុត-ត្សាហៈ) ដូចជា : ឧស្សាហកម្ម ការដែលកើតមានឡើងដោយសេចក្ដីខិតខំប្រឹងធ្វើ។ ព.ស.ស. ការធ្វើរបស់អ្វីៗឲ្យកើតបានជាជំនួញទូទៅ, ការបង្កើតរបស់ប្រើប្រាស់តាមសម័យនិយម : រោងឧស្សាហកម្ម។ ឧស្សាហករ, –ការ ឬ ឧត្សាហ– អ្នកធ្វើឧស្សាហកម្ម, ជាងឧស្សាហកម្ម : ពួកឧស្សាហករ (បើស្ត្រីជា ឧស្សាហការិកា)។ ឧស្សាហកិច្ច ឬ ឧត្សាហក្រឹត្ស ការរវល់ដោយឧស្សាហកម្ម។ ឧស្សាហជន ឬ ឧត្សាហ– ជនអ្នកមានឧស្សាហៈ។ ឧស្សាហពល ឬ ឧត្សាហ– (–ពល់) កម្លាំងនៃឧស្សាហៈ។ ឧស្សាហភាព ឬ ឧត្សាហ– ភាពឬដំណើរនៃឧស្សាហៈ; ភាពជាអ្នកមានឧស្សាហៈ។ ឧស្សាហូបនីយកម្ម (–ប៉ៈនីយៈ–) ការលៃលកកែខៃធ្វើឲ្យបានកើតទៅជាឧស្សាហកម្ម។ ល។

មហុស្សាហៈ ឬ មហុស្សាហ៍ (បា. < មហា + ឧស្សាហ) ឧស្សាហៈធំ, ឧស្សាហ៍ច្រើន, ព្យាយាមធំ, ព្យាយាមមាំ។ ល។

ឧស្សាហ៍

ឧស្សាហ៍៖ (អ៊ុស-សា) (មើលក្នុងពាក្យ ឧស្សាហៈ)។

ឧឡារ

ឧឡារ៖ (អ៊ុឡារ៉ៈ ឬ –ឡា) គុណសព្ទ៖ (បា.; សំ. ឧឌារឧទារ) ខ្ពស់, ខ្ពង់ខ្ពស់; ថ្លៃ, មានតម្លៃ; ថ្លៃថ្លា; ថ្កើង, ថ្កើងថ្កាន, ថ្កុំថ្កើង; រុងរឿង; ឧត្តម, ប្រសើរ; អធិកអធម; លើសលន់; បរិបូណ៌, ច្រើន។ មើលក្នុងពាក្យ ឱឡារិក ផង។ ឧឡារកម្ម អំពើឬកិច្ចការខ្ពង់ខ្ពស់។ ឧឡារចរិត អ្នកដែលមានឫកខ្ពស់ឬមានឫកថ្លៃ (បើស្ត្រីជា ឧឡារចរិតា)។ ឧឡារបូជា ការបូជាដ៏លើសលន់។ ឧឡារពលី ពលីការដ៏លើសលុប។ ឧឡារភណ្ឌ ឬ –វត្ថុ របស់មានតម្លៃ។ ឧឡារភាព ភាពខ្ពស់, ភាពឧត្តម។ ឧឡារមេធា ប្រាជ្ញាខ្ពស់, ប្រាជ្ញាឆើត។ ឧឡារមេធី អ្នកមានប្រាជ្ញាខ្ពស់ (បើស្ត្រីជា ឧឡារមេធិនី)។ ឧឡារសត្ត សត្វឧត្តម (មនុស្សខ្ពង់ខ្ពស់)។ ព.ពុ. ពោធិសត្វ។ ល។

ឧឡារ–

ឧឡារ–៖ មើលក្នុងពាក្យ ឧឡារ

ឧឡុរាជ

ឧឡុរាជ៖ (អ៊ុ–) នាមសព្ទ៖ (បា. < ឧឡុ » ផ្កាយ « + រាជ » ស្ដេច «; សំ. ឧឌុ– » ស្ដេចនៃពួកផ្កាយ «) ព្រះចន្ទ្រ។

km/dictionary/ជួន_ណាត_ឧ.txt · ពេលកែចុងក្រោយ: 2023/01/24 14:24 និពន្ឋដោយ Johann