➥ — —
ព័ត៌មានខាងលើគឺសម្រាប់បង្ហាញនៅលើទំព័រដែលមានពាក្យដែលមិនមាននៅក្នុងវចនានុក្រម។
សម្រាប់ព័ត៌មានបន្ថែមអំពីវចនានុក្រម សូមមើល សន្ទស្សន៍និងសេចក្តីផ្តើម.
➥ ឪ៖ (អូវ) នាមសព្ទ៖ ពាក្យប្រើកាត់ខ្លីជាឧត្តរលោប មកពីពាក្យ ឪពុក សម្រាប់សាធារណជនហៅ បិតា របស់ខ្លួនដោយសេចក្ដីស្មោះស្មើ អញ្ជើញឪពិសាទៅ ទាន់ក្ដៅៗ!។
ខ្មែរសម័យពីដើម ហៅមាបង្កើតឬមាឆ្ងាយថា ឪ ដែរក៏មាន, សម័យសព្វថ្ងៃក៏នៅមានប្រើខ្លះ។ ខ្មែរប្រើក្នុងសម័យបុរាណ ប្រើពាក្យ ឪ នេះដោយយកសក់កន្ទុយ វ មកដាក់ពីលើ ឧ មិនប្រើជា ឧវ, ទាំង ឧក និង ឱយ ក៏ប្រើជា ឧ៊ ឱ្យ ដែរ, សព្វថ្ងៃនេះយើងក៏នៅតែប្រើ ឪ និង ឱ្យ តាមបែបបុរាណនោះដែរ យើងកែតែ ឧ៊ ជា ឧក ប៉ុណ្ណោះ (មើលក្នុងពាក្យ ឪ តាមលំដាប់ទៅ និង ពាក្យ ឧក, ឱ្យ ផង)។
➥ ឪជំ៖ (អូវ–) នាមសព្ទ៖ ឈ្មោះវល្លិមួយប្រភេទ ឡើងតោងដើមឈើរស់ មានឫសចាប់លើសំបកឈើនោះ (ដូចឫសម្លូ), ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែ-ញស្រុក
វល្លិឪជំ (អ្នកស្រុកខ្លះហៅ ឪជុំ)។
➥ ឪជ្រឹង៖ (អូវ–) នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទ សំបកក្រាស់ស្វិតមានសរសៃ (ខ្មែរសម័យពីដើម ច្រើនប្រើធ្វើក្រដាសក្រាស់ៗ)
ដើមឪជ្រឹង, ក្រដាសឪជ្រឹង។
➥ ឪណុល នាមសព្ទ៖ ឈ្មោះវល្លិមួយប្រភេទ ដើមរឹង ស្លឹកធំៗ ដុះបែកជាគុម្ព ផ្លែស្រដៀងនឹងត្រឡាចខ្លូត ប៉ុន្តែខ្លីៗជាងមានជ័រស
ផ្លែឪណុលមានរសជាតិពុល។
➥ ឪទឹន នាមសព្ទ៖ ក្រឡមាត់តូចល្មមតែក្ដោបដៃម្ខាងលូកបាន បាតតូច រាងរីកកំប៉េងត្រង់កណ្ដាល សម្រាប់ដាក់ទឹកត្រីជាដើម : ទិញស្រាមួយឪទឹននិងទឹកត្រីបីឪទឹន។ មនុស្សឱបឪទឹន មនុស្សជាប់សុរា ខានពុំបាន លែងពុំរួច (ព.ពុ.)។ ឪទឹនបំផ្លាញ (ព.ប្រ.) សុរាបំផ្លាញ គឺផឹកស្រាស៊ីចាយត្រាតែហិនហោចទ្រព្យសម្បត្តិ : មនុស្សឪទឹនបំផ្លាញ, ហិនហោចព្រោះឪទឹនបំផ្លាញ, ខូចកេរ្តិ៍ឈ្មោះ ព្រោះឪទឹនបំផ្លាញ (ព.សា.)។
➥ ឪពុក៖ (អូវ–) នាមសព្ទ៖ បិតា : ឪពុក (ប្រើជា អាពុក ក៏បាន; ឥណ្ឌាថា អាវុកៈ, មើលក្នុងពាក្យ អាពុក ទៀតផង)។ ប្រើជាឧត្តរលោបទុកត្រឹមតែ ឪ ក៏បាន; ប្រើជាអាទិលោបទុកត្រឹមតែ ពុក ក៏បាន (ប្រើជាពាក្យ ទំយើ)។ ឪពុកក្មេក ឪពុករបស់ប្ដីឬរបស់ប្រពន្ធ។ ឪពុកចិញ្ចឹម បុរសអ្នកចិញ្ចឹមរក្សាដោយប្ដេជ្ញាសន្មតថាជាឪពុក។ ឪពុកចុង ប្ដីក្រោយរបស់ម្ដាយ។ ឪពុកធម៌ ដែលសុំធ្វើជាឪពុកដោយសេចក្ដីស្រឡាញ់រាប់អានតាមគន្លងធម៌។ ឪពុកធំ បងប្រុសរបស់ឪពុកឬរបស់ម្ដាយ។ ឪពុកមា ប្អូនប្រុសរបស់ឪពុកឬម្ដាយ (ច្រើនហៅត្រឹមតែ មា ឬ ពូ)។
➥ ឪម៉ៃ នាមសព្ទ៖ ឈ្មោះសត្វសារិកាមួយប្រភេទ មាត្រនិងសម្បុរស្រដៀងនឹងប្រចៀច ចំពុះលឿងខាងចុង ត្រចៀកសម្បុរលឿង
សារិកាឪម៉ៃ (មើលក្នុងពាក្យ សារិកា ទៀតផង)។
➥ ឪឡ៖ (អូវ–) នាមសព្ទ៖ ឈ្មោះបក្សីរាត្រីចរ ពួកគូក, មាន ២ ប្រភេទគឺ ឪឡស្លឹក, ឪឡធំ។
ឈ្មោះវល្លិមួយប្រភេទដើមតូច សំបកស្ដើងរលើប សាច់ស្វិត ស្លឹកឆែកៗ ឡើងព័ទ្ធដើមឈើ ឫសល្អិតៗ សម្បុរខ្មៅ
វល្លិឪឡ ចាស់ទុំខ្មែរច្រើនយកវល្លិឪឡនេះ ទាំងដើម ទាំងស្លឹក ទាំងឫស ហាលឲ្យស្ងួតហើយស្ងោរផឹក ជាថ្នាំកែជំងឺក្រំ ឈឺខ្លួនប្រាណ ច្រើនតែប្រកប។
➥ ឪឡឹក៖ (អូវ–) នាមសព្ទ៖ ឈ្មោះដំណាំមួយប្រភេទ ដើមជាវល្លិបោះទងវារលើដី ផ្លែធំៗ មិនសមនឹងទង មានពូជច្រើនប្រភេទផ្សេងៗគ្នា, សម្រាប់ប្រើជាអាហារ
ជ្រក់ក្ដឹបឪឡឹក, បន្លែក្ដឹបឪឡឹក, ឪឡឹកនិងត្រីងៀតផាត់។
➥ ឪឡុង៖ (អូវ-) នាមសព្ទ៖ ឈ្មោះសារិកាមួយប្រភេទ សម្បុរខ្មៅ ចំពុះនិងជើងលឿង ទងត្រចៀកយារ សំឡេងក្រអួន
សារិកាឪឡុង (មើលក្នុងពាក្យ សារិកា ទៀតផង)។
➥ ឩកា៖ (អ៊ូ–) នាមសព្ទ៖ (បា.; សំ. យូក) ចៃ។
ឈ្មោះរង្វាស់បុរាណមួយប្រភេទ ទំហំមួយខ្លួនចៃ គឺទំហំ ៧ លិក្ខា
ប្រាំពីរឩកាជាមួយធញ្ញមាស (មើលក្នុងពាក្យ លិក្ខា ឬលិក្សា ទៀតផង)។
➥ ឩដ្ឋ៖ (អូត) នាមសព្ទ៖ (បា. ឱដ្ឋ; សំ. ឧឞ្ត្រ) សត្វចតុប្បាទពួកសត្វរើអៀង, មានពីរប្រភេទគឺ អូដ្ឋបូគពីរ អូដ្ឋមានកំពូកខ្ពស់សណ្ឋានជាបូគមួយគូមុខក្រោយ នៅលើខ្នងមានរោមក្រាស់សំកុល; អូដ្ឋបូគមួយ អូដ្ឋមានកំពូកខ្ពស់តែមួយ ត្រង់កណ្ដាលខ្នងមានរោមបន្តិចបន្តួច ស្ទើរតែស្បែកទទេ។ អូដ្ឋទាំងពីរប្រភេទនេះ ជាសត្វមានកម្លាំងរឹងប៉ឹង មានអំណត់ប៉ិនធន់ទ្រាំអត់សម្រេកគម្លាននិងកម្ដៅថ្ងៃជាដើម, មានប្រយោជន៍ប្រើជាយានជំនិះ ឬប្រើជាពាហានៈដឹកនាំភណ្ឌៈក្នុងប្រទេសដែលមានផ្លូវលំបាក ដូចយ៉ាងផ្លូវកាត់វាលខ្សាច់ធំៗឬសមុទ្រខ្សាច់ជាដើម
នៅប្រទេសអាស៊ីភាគកណ្ដាល, តួក៌េស្ដង់ និងអាហ្វ្រិគ គេច្រើនប្រើអូដ្ឋជាងសត្វពាហនៈឯទៀត។
➥ ឩន៖ (អ៊ូន) គុណសព្ទ៖ (សំ.បា. ឩន) ដែលខ្វះ, មិនគ្រប់, ថយចំនួន, អន់ជាង; ថោកថយឬថយថោក, ទន់ទាប : ឩនមួយ ខ្វះមួយ។ អូនជាងគេ អន់ឬទន់ទាបជាងគេ។ អូនថយ ឬ ឱនថយ ថយខ្សោយជាង, ទន់ទាប។ ឩនភាព (អូន៉ៈ–) ភាពដែលខ្វះ, មិនគ្រប់។ ដំណើរប្រាក់ចំណូលដែលថយចំនួន មិនធួនល្មមនឹងទប់ទល់ប្រាក់ចំណាយបាន។ ឩនវីសតិ (អ៊ូន៉ៈវីសៈ–) ម្ភៃខ្វះមួយ (១៩)។ អាប់អូន ឬ អាប់ឱន អាប់អន់ទន់ទាប, ដែលខ្វះលម្អ, ឥតស្រីសួស្ដី, ថយថោក។
➥ ឩម!៖ (អូម ឬ អូម៉ៈ) និបាតសព្ទ៖ ជា ឧ. (សំ.) ពាក្យលាន់មាត់ ដោយមានសេចក្ដីក្រោធខ្លាំង, ដោយគំរាមដាក់ជាដើម។ ខ្មែរប្រើជាពាក្យផ្ដើមមន្តអាគម (អ.ថ. អូម ឬ អូម៉ៈ), ក្លាយមកពី ឱម! (មើលក្នុងពាក្យ នេះ)។ ឱមអាម (មើលក្នុងពាក្យ អាម)។ បុរាណសរសេរ ឱ្ម គឺ អ - ឧ . ម > ឱម ឬ ឱ្ម មានអត្ថន័យថា «ព្រះឥសូរ, ព្រះនារាយណ៍, ព្រះព្រហ្ម»។ លុះចំណេរកាលតមក, ពួកពុទ្ធសាសនិកខាងលទ្ធិអាចរិយវាទខ្លះក៏យក ឱម ឬ ឱ្ម នេះមកប្រើផងដែរថា ឱមនមស្ករ៍! ឬ ឱម នមោ! «សូមនមស្ការចំពោះ ឱម គឺ អ = អរហន្តសម្មាសម្ពុទ្ធ!; ឧ = ព្រះឧត្តមធម៌!; ម = មហាសង្ឃគណៈ! »; (គេប្រតិបត្តិបែបនេះ ដើម្បីកុំឲ្យចាញ់លទ្ធិព្រាហ្មណិកដែលមានពាក្យ ឱម ឬ ឱ្ម ជាបែប នមស្ការ គឺឲ្យពុទ្ធសាសនិកជនដឹងថាខាងលទ្ធិពុទ្ធសាសនិកក៏មាន ឱម ឬ ឱ្ម ដូចលទ្ធិព្រាហ្មណិកដែរ មិនចាញ់ប្រៀបគ្នាទេ)។ ល។
➥ ឩរព្យ៖ (អ៊ូរ៉ាប់) នាមសព្ទ៖ (សំ. ឩរវ្យ « អ្នកកើតពីឧរុព្រហ្ម », វ > ព) វេស្សៈ ឬវៃស្យៈ, ព្រៃងារ (មើលក្នុងពាក្យ វណ្ណ ឬ វណ្ណៈ ន. ទៀតផង)។
➥ ឩរុ៖ (អ៊ូ–) នាមសព្ទ៖ (សំ.បា. ឩរុ) ភ្លៅ។ រ.ស. ព្រះឩរូ។ ស្នាប់ព្រះឩរូ ខោស្នាប់ភ្លៅ, ខោក្នុង។ ឩរុជ ឬ ឩរុជៈ អ្នកកើតពីឩរុព្រហ្ម (ឩរព្យ, វៃស្យៈ)។
➥ ឩសវ័ត៖ (អ៊ូសៈវាត់) គុណសព្ទ៖ (បា. ឩឞវត៑; បា. ឩសវន្តុ) ដែលមានដីប្រៃ; ប្រទេស, ទី, តំបន់ ដែលមានដីប្រៃ។
នាមសព្ទ៖ (បា. ឩឞវត៑; បា. ឩសវន្តុ) ដែលមានដីប្រៃ; ប្រទេស, ទី, តំបន់ ដែលមានដីប្រៃ។
➥ ឯ៖ (អែ) និបាតសព្ទ៖ ខាង; ចំណែកខាង; នា; ឰដ៏; ត្រង់
ឯកើត, ឯលិច (ឯឡិច), ឯជើង, ឯត្បូង; ខាងកើត, ខាងលិច (ខាងឡិច), ខាងជើង, ខាងត្បូង (កុំនិយាយថា កើត, លិច, ជើង, ត្បូង ត្រូវប្រើ ឯ ឬ ខាង ផ្សំជាដរាប)។ ឯក្រោម ខាងក្រោម។ ឯលើ ខាងលើ។ ឯក្រោយ ខាងក្រោយ។ ឯមុខ ខាងមុខ។ ឯខ្ញុំ ចំណែកខាងខ្ញុំ, ខាងខ្ញុំ។ ឯណា? ត្រង់ណា? : នៅឯណា? ឯណេះ ឬឯនេះ ខាងណេះ ឬខាងនេះ។ ឯណោះ ឬឯនោះ ខាងណោះ ឬខាងនោះ។ ឯភ្នែក ឬ ឯមុខ ខាងមុខ, ឯអនាគត។ ឯអាកាស នាអាកាស ឬឰដ៏អាកាស។ ល។
➥ ឯក៖ (អែក) សំខ្យាសព្វ៖ (សំ.បា.) មួយ; ម្នាក់។ គុ. ដែលមានតែមួយឬតែម្នាក់, ឥតមានពីរ, ឥតពីរ; ទីមួយ, លេខមួយ; ឧត្តម, ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ, ប្រសើរផុត; លើសលែង, លើសលន់, កន្លង; ចម្បង; សំខាន់; ដែលដាច់គេ, បណ្ដាច់; ផុត, បំផុត; ស្រស់, ឆើត; ឆ្នើម; ថ្លៃថ្លា; ឥតមានប្រៀប; ដែលតែម្ដង; ដែលព្រមគ្នា : ឯកអគ្គ ឬ –អគ្រ (–អាក់) ប្រសើរឯក។ ឯកអង្គ អង្គប្រសើរផុត; អ្នកដែលមានខ្លួនប្រសើរផុត (ព.កា.) : ក្សត្រិយ៍ក្សាន្តឯកអង្គ ស្ដេចយាងតម្រង់ ទៅកាន់ប្រាសាទ រាជនិវេសន៍ ប្រសើរស្អាងស្អាត ដល់ហើយព្រះបាទ ទ្រង់ស្ដេចចូលក្នុង។ ពាក្យបណ្ដៅបុរាណថា : ឯកអង្គទ្រង់នាមឯកខ្ពស់អនេក ទាបជាងស្មៅ តើគឺអ្វី? –ភ្នំ– ត្រូវហើយ។ ឯកឧក ឬ ឯកឧគ្គ (ឯកអុក) ឲកញ៉ាទីមួយឬខ្ពង់ខ្ពស់កន្លង។ ឯកឧត្តម ឧត្តមលើសលែង។ ឯកឯង តែឯង, តែម្នាក់ឯង : មនុស្សឯកឯង; នៅឯកឯង។ ចំណេះឯក ចំណេះខ្ពស់។ ជាឯក ជាទីមួយ : ទុកជាឯក ទុកថាជាទីមួយឬជាលេខមួយ។ តួឯក តួឆើត, តួស្រស់ : ល្ខោនតួឯក។ ប្រសើរឯក ប្រសើរផុត។ ល្អឯក ល្អផុត។ សម្រាប់ឯក សម្រាប់ទីមួយ ឬតំណែងទីមួយ : មន្ត្រីសម្រាប់ឯក។ ល។ អ.ថ. អេកៈ ឬតាមទម្លាប់ថា អែកៈ ក៏មានខ្លះ (សំ. ឰក ឬ ឰក្យ អ.ថ. អែកៈ ឬ –ក្យៈ), ដូចជា ឯកកោលាហល (–ល៉ាហល់) ដំណើរជ្រួលជ្រើមព្រមគ្នា។
ឯកគ្គតា (អេក័ក-គៈ–) ដំណើរតាំងនៅមូលស្លុងក្នុងអារម្មណ៍តែមួយ, ដំណើរមូលចិត្តស្លុងក្នុងអារម្មណ៍តែមួយ (ហៅ ឯកគ្គតាចិត្តក៏បាន)។
ឯកចក្ខុ ឬ –ចក្សុ ភ្នែកតែម្ខាង; អ្នកដែលមានភ្នែកតែម្ខាង (ខ្វាក់ម្ខាង)។ ព.កា. ប្រើជា ឯកច័ក្សុ ក៏បាន, អ.ថ. –ចាក់។ ឯកចរ ការត្រាច់ឬដើរម្នាក់ឯង។
ឯកចារិន ឬ –ចារី អ្នកដែលត្រាច់ឬដើរតែម្នាក់ឯង (បើស្ត្រីជា ឯកចារិណី ឬ –រិនី)។
ឯកចិត្ត ចិត្តមួយ; គំនិតតែមួយ; គំនិតត្រូវគ្នាតែមួយ; អ្នកដែលមានគំនិតត្រូវគ្នាតែមួយ : ពួកឯកចិត្ត ពួកអ្នកត្រូវគំនិតគ្នាខ្មែរប្រើសំដៅសេចក្ដីថា « ស្រេចនឹងចិត្ត, សេរី, សេរីភាព » ក៏មាន : មនុស្សឯកចិត្ត, នៅស្រណុកឯកចិត្ត, មនុស្សស្រណុកឯកចិត្ត។
ឯកច្ឆត្រ (–ក័ច-ឆ័ត) ដែលមានស្វេតច្ឆត្រតែមួយ គឺមានក្សត្រិយ៍ទ្រង់រាជ្យតែមួយព្រះអង្គ មានរាជានុភាពពេញទី : ប្រទេសឯកច្ឆត្រ ប្រទេសឯករាជ្យ។
ឯកច្ឆន្ទ (–ក័ច-ឆ័ន) ចំណង់តែមួយ; បំណងតែមួយ; បំណងត្រូវគ្នាតែមួយ; ដែលមានបំណងត្រូវគ្នាមួយ, ដែលព្រមចិត្តគ្នា : ខំប្រឹងធ្វើការដោយឯកច្ឆន្ទ, ព្រមគ្នាជាឯកច្ឆន្ទ; ពួកឯកច្ឆន្ទ។ ខ្មែរប្រើក្លាយជា ឯកច្ឆាន្ទ សំដៅសេចក្ដីថា « ស្រេចលើខ្លួន, សេរី, អត្តាធីន » : មនុស្សឯកច្ឆាន្ទ។
ឯកជន ជនម្នាក់, មនុស្សម្នាក់។ ចំពោះតែខ្លួនមួយ : ការឯកជន ការចំពោះតែមនុស្សម្នាក់ៗ។
ឯកជាតិ ជាតិមួយ, មួយជាតិ (កំណើតមួយ)។ ឯកទត្ត (–ទ័ត) អ្វីៗដែលគេត្រូវឲ្យចំពោះតែបុគ្គលម្នាក់ : របស់ឯកទត្ត។
ឯកទិដ្ធិ ដែលមានទិដ្ធិត្រូវគ្នា; អ្នកដែលមានសេចក្ដីយល់ឃើញត្រូវគ្នា។
ឯកទិន ថ្ងៃមួយ, មួយថ្ងៃ; ពាក្យសន្មតហៅសន្លឹកក្រដាសដែលមានចុះថ្ងៃខែ សម្រាប់មើលបានតែមួយថ្ងៃៗ ហើយត្រូវបើកបកសន្លឹកថ្ងៃដែលកន្លងផុតទៅនោះចោលចេញ ក្នុងមួយថ្ងៃមួយសន្លឹករៀងរាល់ថ្ងៃ ដើម្បីនឹងមើលថ្ងៃខែតៗគ្នាជាលំដាប់ទៅ : មើលឯកទិន, ទិញឯកទិន។
ឯកទិស ទិសមួយ, ទិសម្ខាង; ទិសឬផ្លូវដែលតម្រូវឲ្យអ្នកបើកបររថយន្តឬយានផ្សេងៗ ប្រកាន់យកបានតែម្ខាងៗគឺថាបានតែទៅ ឯមកបញ្ច្រាសមិនបាន ឬបានតែមក ឯទៅមិនបាន។
ឯកទុក្ខ ទុក្ខត្រូវគ្នា; អ្នកដែលមានទុក្ខត្រូវគ្នា។
ឯកទេស ភាគមួយ, ចំណែកមួយដែលត្រូវលើកឬទាញយកមកនិយាយផ្សេងដោយឡែក : និយាយដោយឯកទេសពិសេស, ប្លែក : វត្ថុឯកទេស។ ឯកធីតា កូនស្រីតែមួយ។
ឯកធ្យាស្រ័យ ឬ ឯកជ្ឈាស័យ អធ្យាស្រ័យត្រូវគ្នា; អ្នកដែលមានអធ្យាស្រ័យត្រូវគ្នា។
ឯកន័យ ន័យមួយ; ដែលមានន័យតែមួយ, មានន័យត្រូវគ្នា : សេចក្ដីនេះជាឯកន័យ; ពាក្យទាំងនេះជាឯកន័យ។
ឯកនាម ឈ្មោះត្រូវគ្នា; អ្នកដែលមាននាមត្រូវគ្នាដែលរស់ដោយសារអាហារដូចគ្នា : សត្វលោកទាំងអស់ជាឯកនាម ព្រោះសុទ្ធតែរស់ដោយសារអាហារដូចគ្នា។
ឯកនិន្នាទ ដែលមានដំណើរគឹកកងឬកងរំពងតែមួយ, ដែលមានសូរសព្ទកងរំពងរួមគ្នាតែមួយ : សម្រែកហ៊ោឯកនិន្នាទ។
ឯកនេត្ត ឬ –នេត្រ ដូចគ្នានឹង ឯកចក្ខុ។
ឯកន្តសុខ ដែលសុទ្ធតែសុខ។
ឯកន្តបរមសុខ ដែលសុទ្ធតែសុខយ៉ាងក្រៃលែង។
ឯកបថ (–បត់) ផ្លូវឬគន្លងតែមួយ; ដែលមានផ្លូវឬគន្លងតែមួយ; ដែលមានផ្លូវឬលំអានត្រូវគ្នា។
ឯកបទ បទមួយ; ដែលមានបទតែមួយ។
ឯកបទិក ឬ –បទី ផ្លូវជើង។ ឯកបុគ្គល ឬ –បុរស បុគ្គលស្រួចឆ្នើម ឬបុរសប្រសើរផុត។
ឯកបុត្ត ឬ –បុត្រ កូនប្រុសតែមួយ។
ឯកប្បហារ (–ក័ប-ប៉ៈហា) ឬ –ប្រហារ ប្រហារតែម្ដងដំណើរព្រមគ្នា, ស្មើគ្នា : នាំគ្នាចូលចោមចាប់ជាឯកប្បហារ; រត់ខ្នាប់ជាឯកប្បហារ។ ឯកភក្ដី (ជើង ដ, អ.ថ.–ភ័ក-ក្ដី) សេចក្ដីស្រឡាញ់ស្មោះរួមចិត្តគំនិតគ្នាចំពោះទៅលើបុគ្គលម្នាក់; ដែលមានភក្ដីចំពោះតែទៅលើបុគ្គលម្នាក់ : អាណាប្រជាជនទាំងអស់ត្រូវមានចិត្តស្មោះស្ម័គ្រឯកភក្ដីចំពោះព្រះបរមក្សត្រិយ៍របស់ខ្លួន (ប្រើជា ឯកភក្ដិ ឬ –ភ័ក្ដិ ក៏បាន, អ.ថ. –ភ័ក)។
ឯកភត្តិក ឬ -ភក្ដិកៈ, ឯកភោជិន ឬ –ភោជី អ្នកដែលបរិភោគភោជនាហារក្នុងមួយថ្ងៃ (មួយថ្ងៃមួយយប់) តែម្ដង; (ព.ពុ. ចំពោះអ្នកដែលបរិភោគមួយថ្ងៃតែម្ដង ក្នុងវេលាពីព្រឹកទល់នឹងថ្ងៃត្រង់); បើស្ត្រីជា ឯកភត្តិកា ឬ ឯកភោជិនី។
ឯកភរិយា ភរិយាទីមួយ, ភរិយាធំ, ប្រពន្ធដើម (ហៅ ឯកបត្នី ក៏បាន)។ ឯកភាគ ចំណែកមួយ, មួយចំណែក។ ឯកភាព ឬ ឰក–, ឰក្យ– ភាពមួយ, ភាពត្រូវគ្នា; ដែលមានបែបបទ, សណ្ដាប់ធ្នាប់, សម្លៀកបំពាក់, ឫកពា ត្រូវគ្នា : ប្រទេសឯកភាព, ស្រុកឯកភាព។
ឯកភោជន ភោជនតែមួយមុខ។
ឯកមគ្គ ឬ –មាគ៌ា ផ្លូវមួយ។ ឯកមតិ ឬ –ម័តិ គំនិតតែមួយ; អ្នកដែលមានគំនិតត្រូវគ្នា។
ឯកមាស មួយខែ។
ឯករត្តិ, –រាត្រី ឬ ឰករាត្រី, ឰករាត្រ (–រាត) មួយយប់។
ឯករស រសតែមួយ; ដែលមានរសត្រូវគ្នា : ទឹកមហាសមុទ្រជាឯករស; រិមុត្តិសុខជាឯករស។
ឯករាជ (អែក-កៈ-រាច) ស្ដេចឯក; ដែលមានស្ដេចសោយរាជ្យឬអ្នកគ្រប់គ្រងប្រទេសមួយមិនជាចំណុះប្រទេសណា។
ឯករាជ្យ (–រាច) ឬ ឰក្យរាជ្យ រាជ្យឯក, រាជ្យនៃស្ដេចឯក; ភាពនៃរដ្ឋឬប្រទេសដែលមានសិទ្ធិនិងសេរីភាពពេញបរិបូរ ក្នុងការគ្រប់គ្រងខ្លួនឯងមិនមែនជាចំណុះនៃប្រទេសដទៃ : គ្រប់គ្រងឯករាជ្យ, ការពារឯករាជ្យ។
ឯករូប ដែលមានរូបដូចគ្នា។
ឯកលាភ លាភឯក; លាភចំពោះតែបុគ្គលម្នាក់ ឬលាភដែលត្រូវបានតែម្ដងប៉ុណ្ណោះ។
ឯកវចនៈ (ព.វ.) ពាក្យប្រាប់ចំនួនតែមួយឬតែម្នាក់, ដូចជា តុមួយ, កៅអីមួយ, ក្មេងម្នាក់ ជាដើម (ព.ផ្ទ. ទ្វិវចនៈ, ពហុវចនៈ)។
ឯកវណ្ណ ឬ –ព័ណ៌ ព័ណ៌ឯក; ព័ណ៌តែមួយ; ដែលមានព័ណ៌ឬសម្បុរដូចគ្នា។
ឯកស័ក ស័កទីមួយ (នៃឆ្នាំ): ឆ្នាំកុរឯកស័ក។
ឯកស័ក្ដិ ឬ ឰក– ស័ក្ដិស្មើគ្នា; ដែលមានស័ក្ដិស្មើគ្នា : មន្ត្រីឯកស័ក្ដិ។
ឯកសណ្ឋាន សណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប; សម្លៀកបំពាក់តែបែបមួយដែលគេតម្រូវឲ្យកងយោធាឬសិស្សសាលាជាដើមប្រើប្រាស់ជាកាតព្វកិច្ច : ស្លៀកពាក់ឯកសណ្ឋាន, ប្រើប្រាស់គ្រឿងប្រដាប់ជាឯកសណ្ឋានដែលមានសណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប : ខោអាវឯកសណ្ឋាន, សម្លៀកបំពាក់ឯកសណ្ឋាន។
ឯកសព្ទ សូរឮតែមួយដដែលៗ (ដូចយ៉ាងសូរសំឡេងចង្រិតនិងរៃជាដើម)។
ឯកសារ ដែលសុទ្ធតែខ្លឹម; ដែលមានខ្លឹមដូចគ្នា (បុរាណប្រើសំដៅសេចក្ដីថា «សំបុត្រសន្យាសម្លាក់សំខាន់» ក៏មាន : សំបុត្រឯកសារ)។
ឯកសិទ្ធិ សិទ្ធិតែមួយ; អំណាចដោយឡែក; អត្ថប្រយោជន៍ដាច់មុខតែម្នាក់ឯង : បានទទួលឯកសិទ្ធិ, មានឯកសិទ្ធិ។
ឯកសេស សព្ទដែលលុបទុកឲ្យនៅសល់តែមួយ; ហៅ ឯកសេសន័យ ក៏បាន (ព.វ.សំ. បា.)។
ឯកអគ្គារហន្ត ឬ ឯកអគ្គារហា (អែក-អ័ក-គារៈហន់ ឬ –រៈហា; បា. < ឯក + អគ្គ + អរហន្ត ឬ –អរហា) ព្រះអរហន្តប្រសើរឯក ឬព្រះអរហន្តប្រសើរផុត។ ព.កា. និយាយពីបុគ្គល ១០ ប្រភេទដែលជនពុំត្រូវប្រទូស្តថា : ព្រះពុទ្ធព្រះបច្ចេក និងឯកអគ្គារហា អគ្គសាវកា និងមាតាបិតាផង។ គ្រូនិងសាស្រ្តាចារ្យ និងទាយកឥតមោះហ្មង និងអ្នកទេស្នាផង កុំយង់ឃ្នងឆ្គងប្រមាថ។ បុគ្គលទាំងដប់នេះ គួរប្រាជ្ញរិះរេសម្អាត ត្រូវកុំបីប្រមាថ គួរឱហាតរៀនឲ្យចាំ។ ថាមិនត្រូវប្រទូស្ត ឬរឹងរូសធ្វើឲ្យឆ្គាំ- ឆ្គងខុសក្រែងនឹងនាំ- ឲ្យបានទុក្ខឃើញទាន់ហន់។ ល។ ព.កា. ប្រើជា ឯកា, ឯកោ, ឯកំ (–ក័ង) ក៏បាន, ដូចជា : ឯកោ-ឯកានិងឯកំ កវីសម្រាំងតែងកាព្យា ដូចកាព្យថាឯកោរាជា ឯកាទេវីរដ្ឋឯកំ។ ទាំងបីពាក្យនេះសុទ្ធតែឯក ឥតមានចម្លែកឲ្យភ័ន្តភាំង ប្រើតាមជើងកាព្យចួនមិនគាំង ឯកោឯកំឬឯកា។
ឯកាធិបតី អធិបតីក្នុងប្រទេសមួយៗ; មន្រ្តីស័ក្ដិធំដែលជាអធិបតីត្រួតត្រារាជការអាណាព្យាបាលក្នុងប្រទេសមួយៗ (ត្រូវនឹងពាក្យបារ. រ៉េស៊ីដង់ត៍ ស៊ុប៉េរីយើរ Résident Supérieur)។
ឯកាធិបតីសភា ទីធ្វើការនៃឯកាធិបតី។
ឯកាធិបតេយ្យ ឬ ឯកាធិបតៃយ (–ប៉ៈតៃ) មុខការ, មុខក្រសួង, នាទី, អំណាចនៃឯកាធិបតី។
ឯកាយនមគ្គ ឬ –មាគ៌ា (–យ៉ៈន៉ៈម័ក ឬ –មារ-គា) ផ្លូវឯក, ផ្លូវសម្រាប់បុគ្គលឯក, ផ្លូវទៅកាន់ព្រះនិព្វាន; ផ្លូវដែលទៅមកបានតែម្នាក់ៗ (ឥតមានអ្នកណាជូនឬកំដរអ្នកណាបានឡើយ): ផ្លូវព្រះនិព្វានជាឯកាយនមគ្គ; ការស្លាប់កើតជាឯកាយនមគ្គ (ព.ពុ.)។
ឯការម្មណ៍ អារម្មណ៍តែមួយ; អារម្មណ៍ដែលមូលស្លុងតែមួយ។ ឯកាសនិកង្គ (–សៈន៉ិក័ង-គៈ) ឈ្មោះធុតង្គមួយប្រភេទ, ក្នុងពួកធុតង្គ១៣, មានលក្ខណៈឲ្យបរិភោគភោជនក្នុងមួយថ្ងៃបានតែក្នុងមួយបង្គុយ (ព.ពុ.)។
ឯកោទិភាព (បា. ឯក + ឧទិ + ភាវ) ភាពជាចិត្តខ្ពស់ឯក គឺសមាធិចិត្តក្នុងទុតិយជ្ឈាន (ព.ពុ.)។ ល។ ព.កា. ប្រាប់អំពីការផ្សំ ឯក-សព្ទ ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប : រីសព្ទថាឯក ផ្សំបានអនេក នឹងសព្ទដទៃ ស្រេចនឹងអ្នកប្រើ គេចេះប្រើលៃ ឲ្យតែប្រពៃ កុំឲ្យមានឆ្គង។
នាមសព្ទ៖ ប្រដាប់មួយប្រភេទមានដងសណ្ឋានស្រដៀងនឹងដងធ្នូ ប៉ុន្តែតូចរៀវ មានស្លាបតែមួយ មានសាយ, សម្រាប់ដាក់ស៊កភ្ជាប់នៅក្បាលខ្លែងព្នង, លាន់ឮសូរសព្ទឆ្លើយរងំ ដោយកម្លាំងខ្យល់ប៉ះត្រូវ : យប់មិញគេបង្ហើរខ្លែងបួនប្រាំឮតែសូរឯកឆ្លើយគ្នារងំ (ហៅ ឯកខ្លែង ក៏បាន)។
ឯកង៉ាវ ឈ្មោះឯកខ្លែងមួយប្រភេទ មានតែស្លាបភ្ជាប់ឥតសាយ ធ្វើដោយស្លឹករឹតសកឲ្យស្ដើង ចងភ្ជាប់នឹងចុងដងឮសូររនង៉ាវៗ។
➥ ឯកតោ៖ (អេកៈ–) និបាតសព្ទ៖ (បា.; សំ. ឯកតស៑) ខាងម្ខាង, តែម្ខាង, ខាងម្នាក់; ជាមួយ, ជាមួយគ្នា, ដំណាលគ្នា។ ព.ផ្ទ. ឧភតោ។ ឯកតោគមន៍ (–គំ) ដំណើរទៅជាមួយគ្នា។
ឯកតោគមនាគមន៍ (–គៈមៈនាគំ) ដំណើរទៅមកជាមួយគ្នាឬដំណាលគ្នា។
ឯកតោធារ ដែលមានមុខតែម្ខាង : សស្ត្រាឯកតោធារ (ព.ផ្ទ. ឧភតោធារ)។
ឯកតោសុទ្ធិ បរិសុទ្ធិតែខាងម្ខាង, បរិសុទ្ធិតែអ្នកម្ខាង : ត្រ័យសារណគមន៍សម្រាប់គ្រហស្ថជាឯកតោសុទ្ធិ (ព.ពុ.។ ព.ផ្ទ. ឧភតោសុទ្ធិ)។ ល។
➥ ឯកសេសន័យ៖ (អេកៈសេសៈនៃ ឬអេកៈសែសៈ–) នាមសព្ទ៖ (បា.) ន័យរបស់ពាក្យសេសមួយ គឺសព្ទជាគូនឹងគ្នាដែលគេលុបមួយចេញទុកឲ្យនៅសល់តែមួយ, ដូចជា កូនប្រុស និងកូនស្រី លុបពាក្យ ប្រុស និង ស្រី ចេញទុកត្រឹមតែពាក្យ កូន ត្រូវប្រើជា ពហុវចនៈ ថា កូនទាំងឡាយ ឬថា អស់ទាំងកូន ឬក៏ថា កូនទាំងអស់គ្នា។ ខាងបាលីថា បុត្តា ឬ បុត្តេ … (ព.វ. សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ)
ហៃកូនទាំងឡាយ នាំគ្នាមកអាយ ស្ដាប់ពាក្យអាពុក អាពុកនឹងផ្ដាំ ឲ្យឯងចាំទុក តំណទៅមុខ ចូរចាំកុំភ្លេច។ (មើលក្នុងពាក្យ បុត្តា ទៀតផង។)
➥ ឯកអគ្គរដ្ឋទូត៖ (អែក-អ័ក-គៈ-រ័ត-ឋៈទូត) នាមសព្ទ៖ (បា.ស.) រដ្ឋទូតឬរាជទូតថ្នាក់ខ្ពស់ (សុទ្ធតែមានឋានៈជា ឯកឧត្តម, ដែលប្រើអក្សរសង្ខេបថា ឯ.ឧ.)។
➥ ឯកអគ្គរាជទូត៖ (អែក-អ័ក-គៈ-រាជៈ–) (មើលក្នុងពាក្យ ឯកអគ្គរដ្ឋទូត)។
➥ ឯកឧកញ៉ា នាមសព្ទ៖ ពាក្យសម្រាប់ប្រើរៀងពីខាងដើមឋានន្តរនៃមន្ត្រីមានស័ក្ដិខ្ពស់
ឯកឧត្ដមនាយករដ្ឋមន្ត្រី, ឯកឧត្ដមឧត្ដមសេនីយឯក…។ ទាំងពីរពាក្យ ប្រើអក្សរសង្ខេបថា ឯ.ឧ. ដូចគ្នា (បារ. Excellence, Son–, S.E.)។ ប៉ុន្តែ ឯកឧកញ៉ា ប្រើតែក្នុងរជ្ជកាលសម័យបុរាណព្រេងនាយ, គេនិយាយកាត់ខ្លីថា លោកឯកឧក, សម័យបច្ចុប្បន្ននេះ ប្រើពាក្យ ឯកឧត្តម (ឯ.ឧ.)។
➥ ឯង៖ (អែង) បុសសព្វនាម៖ អ្នក។ ពាក្យសម្រាប់ហៅមនុស្សក្មេងជាងឬតូចទាបជាង ក្នុងទីចំពោះមុខ
ឯងទៅណា? ; ឯងទាំងអស់គ្នា កុំអាលទៅណា!។ អាឯង ព.សា. ប្រើជា អាអ្ហែង; ហងឯង ព.សា. ប្រើជា អ្ងែង, និយាយថា អាអ្ហែងទៅណា?; អ្ងែងមកពីណា? (សម្រាប់ប្រើក្នុងការនិយាយស្ដីធម្មតាឬក្នុងរឿងប្រលោមលោកជាដើម)។
និបាតសព្ទ៖ ចំពោះខ្លួន, ផ្ទាល់ខ្លួន, លើខ្លួន, ពីខ្លួន, ពីទំនើងខ្លួន ខ្លួនឯង, ឯកឯង, ម្នាក់ឯង។
ដែលជារបស់ខ្លួន របស់ឯង, គ្នាឯង។
ស្រាប់, ស្រេចស្រាប់; តាមសញ្ជាតិ, តាមធម្មតា; ដែលមិនបាច់ធ្វើ, មិនបាច់ទិញជាដើម ត្រពាំងកើតឯង, ឈើដុះឯង, របស់បានឯង, ចេះឯង; ការនុះវាឯងៗទេ!។
មែន, ពិត, មែនពិត, គត់; ហោង
ដូច្នោះឯង, នុ៎ះឯង; តែប៉ុណ្ណេះឯង។ ល។
➥ ឯតទគ្គៈ៖ (អេ-តៈទ័ក-គៈ) នាមសព្ទ៖ (បា. ឯតទគ្គ < ឯត « នេះ; នុះ » + ទ –អាគម + អគ្គ « ខ្ពស់, ខ្ពង់ខ្ពស់, ឧត្តម; លើស »; សំ. ឯតទគ្រ < ឯតត៑ > ឯតទ៑ + អគ្រ « បុគ្គលនុះលើសគេ ») អ្នកដែលគេលើកថាលើសលែងឬប្រសើរជាងគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ : គ្រូបង្រៀននុះ រាជការលើកជាឯតទគ្គៈខាងវិជ្ជាលេខ (បើស្ត្រីជា ឯតទគ្គា)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឯតទគ្គ (អេ-តៈទ័ក-គៈ), ដូចជា ឯតទគ្គដ្ឋាន ទីជាឯតទគ្គៈ។ ឯតទគ្គបុគ្គល ឬ –បុរស បុគ្គលឬបុរសជាឯតទគ្គៈ។ ឯតទគ្គភាព ភាពជាឯតទគ្គៈ។ ល។ (ព.កា.) : ពួកសាស្ត្រាចារ្យ ដែលនៅធ្វើការ ក្នុងវិទ្យាល័យ នុះគេសុទ្ធតែ មានវិទ្យាថ្លៃ ទាន់កាលសម័យ នៃការសិក្សា។ ខ្លះមានចំណេះ ខ្ពស់ដល់ថ្នាក់ចេះ ឯតទគ្គា គួរបុត្រធីតា កូនចៅរាល់គ្នា ឲ្យមានវិជ្ជា ឯតទគ្គៈ។
➥ ឯវំ៖ (អេវ៉័ង ឬ អែ–) និបាតសព្ទ៖ (បា.; សំ. ឯវម៑) យ៉ាងនេះ, ដូច្នេះ; យ៉ាងហ្នឹង, យ៉ាងហ្នឹងហើយ, មែនហើយ; ដោយប្រការដូច្នេះ, ដោយប្រការដូច្នោះ; ដូចសេចក្ដីដែលថាមកហើយនោះ; មានឧបមេយ្យដូច្នោះ;…។ ខ្មែរប្រើសំដៅសេចក្ដីថា » ចប់តែប៉ុណ្ណេះ, អស់សេចក្ដីតែប៉ុណ្ណេះ » (ព.ទេ.)។ ព.ប្រ. ប្រើជាពាក្យសាមញ្ញថា «ស្រេច, ស្រេចគ្នាតែប៉ុណ្ណេះ; ស្រេចតែម្ដង!, ហើយតែម្ដង!, ហើយគ្នាតែម្ដង!;…»
អុញ! ឯវំតែម្ដង! អុញ! ហើយគ្នាតែម្ដង!; ណ្ហើយ! ឯវំត្រឹមណឹងចុះ! ណ្ហើយ! បញ្ចប់ត្រឹមប៉ុណ្ណឹងចុះ!
➥ ឯ.ឧ.៖ (អែ-អ៊ុ) អក្សរសង្ខេបបំប្រួញអំពី ឯកឧត្តម (អែក-អ៊ុត-ដំ) ន. ពាក្យខ្ពស់ជាឋានន្តរស័ក្តិនៃនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី, ឯកអគ្គរាជទូត ឬរដ្ឋមន្ត្រី ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសព្រះរាជទាន ឯកឧត្តមនាយករដ្ឋមន្ត្រី។ ល។ ប្រើបំប្រួញខ្លីត្រឹមតែ ឯ.ឧ. នាយករដ្ឋមន្រ្តី។
បុ.ស. សម្រាប់និយាយចំពោះមុខលោកថា សូមឯកឧត្តមមេត្តាមានបញ្ជាឲ្យចាត់ការនេះឲ្យទាន។
កាលពីក្នុងបុរាណសម័យព្រេងនាយ ខ្មែរប្រើ ឯ.ឧ. នេះជាឋានន្តរស័ក្តិនៃសេនាបតីដែរ ប៉ុន្តែមានសេចក្ដីថា ឯកឧកញ៉ា។ ខ្មែរបុរាណព្រេងនាយសរសេរជា ឯកឧ៊ (ឯក-ឧក) គឺឯកឧកញ៉ា។
T: *
➥ ឰ! ឧទានសព្ទ៖ (សំ. ឰ! « នែ!, ហេ!, ហ៊េ!, យី!, យើ! ») ពាក្យលាន់មាត់ ដោយមានសេចក្ដីអស្ចារ្យ, ដោយភ្ញាក់, ភ័យ, ស្លន់ ឬដោយសេចក្ដីក្រោធ, ដោយឈឺខ្លាំងជាដើម (លាន់មាត់ថា អៃ៎!, អៃយ៉ា!, អៃយ៉ូ!, អៃយ៉ូយ!, អៃយ៉ូះ!, អៃយ៉ះ!, ឬ អៃ៎យ៉ា! … ក៏មាន)។
➥ ឰដ៏ និបាតសព្ទ៖ និបាតសព្ទប្រាប់ទី មិនមែនពេញជា ក្នុង ឬ លើ, ក្រោម គឺប្រាប់ថា « ត្រង់, នា, នៅនា, ឯ «
រោមដុះឰដ៏ទ្រូង, ហ្វូងបក្សីហើរឰដ៏អាកាស (ព.កា. ប្រើត្រឹមតែ ឰ ក៏បាន)។ អែបនឹង : ប្រតិទិនព្យួរឰដ៏ជញ្ជាំង (ម. ប្រ., ច្រ. ប្រ. នូវ ឬ នៅ, នឹង ជាង)។
➥ ឰរាវ័ត៖ (–រ៉ាវាត់) នាមសព្ទ៖ (សំ. ឰរាវត) ឰរាវ័ណឬឯរាវ័ណ។
ឈ្មោះដំរីក្បាលបីឬដំរីប្រចាំទិសឧត្តរ (តាមលទ្ធិព្រាហ្មណិក)។
ឈ្មោះនាគមួយក្នុងរឿងនិទានតំណាល។
➥ ឰសូរ៖ (អៃសូ) គុណសព្ទ៖ (សំ. ឰឝ្វរ ឬ ឰឝ្វយ៌) ឥសូរឬឦសូរ; ឥស្សរិយៈ; មហិស្សរានុភាព, រាជតេជានុភាព, មហារាជានុភាព; មហាតេជានុភាព, មហាអំណាច (សរសេរជា អៃសូរ ឬ អៃសូរ្យ ក៏បាន។ ប្រើជា មហៃសូរ ឬ មហៃសូរ្យ ក៏បាន)។
នាមសព្ទ៖ (សំ. ឰឝ្វរ ឬ ឰឝ្វយ៌) ឥសូរឬឦសូរ; ឥស្សរិយៈ; មហិស្សរានុភាព, រាជតេជានុភាព, មហារាជានុភាព; មហាតេជានុភាព, មហាអំណាច (សរសេរជា អៃសូរ ឬ អៃសូរ្យ ក៏បាន។ ប្រើជា មហៃសូរ ឬ មហៃសូរ្យ ក៏បាន)។
➥ ឱ! ឧទានសព្ទ៖ (សំ.) ពាក្យលាន់មាត់ ដោយមានសេចក្ដីសង្វេគ, ដោយយល់ការជាក់, ដោយត្អូញជាដើម
ឱ! រូបអើយរូប!; ឱ! ដូច្នោះទេឬ? ; ឱ! អ្នកអើយ ខ្ញុំសព្វថ្ងៃត្រដរតែនឹងរស់ទៅទេ!។ ឱហ្ន៎! អើហ្ន៎!។ ប្រើសំឡេងខ្ពស់ជា អោ៎! ក៏មាន : អោ៎! ដូច្នោះទេឬ?
➥ ឱក័ស នាមសព្ទ៖ (សំ. ឱកស៑ ; បា. ឱក) ផ្ទះ, លំនៅ, ទីនៅអាស្រ័យ (ព.កា.)
ពីដើមភ្នំពេញមានឱក័ស តិចណាស់មិនច្រើនដូចសព្វថ្ងៃ ឥឡូវជាក្រុងទាន់សម័យ ឱក័សច្រើនក្រៃអនេកលន់។
➥ ឱកាក នាមសព្ទ៖ (បា. ឱកាក; សំ. ឥក្ស្វាកុ) ឈ្មោះរាជវង្សនៃព្រះបាទមនុ (ក្នុងបឋមកប្ប) ដែលជាប្រថមក្សត្រិយ៍ឬជាដើមរាជវង្សនៃក្សត្រិយ៍ទាំងឡាយតៗមក
វង្សឱកាកៈ ឬ ឱកាកវង្ស (ហៅ ឥក្ស្វាកុ ក៏បាន : វង្សឥក្ស្វាកុ ឬ ឥក្ស្វាកុវង្ស): ព្រះសិទ្ធត្ថ-គោតមគោត្តជាសក្យមុនីឱកាកសន្តតិវង្ស។ (ព.កា.) : ព្រះបាទសុទ្ធោទន៍ គោតមគោត្ត ឱកាកវង្ស មានរាជបុត្រ វិសុទ្ធគឺអង្គ ព្រះសម្ពុទ្ធទ្រង់- ជាលោកនាថ។
➥ ឱកាស នាមសព្ទ៖ (បា.; សំ. អវកាឝ) ហេតុ, ការណ៍; ស្ថាន, ទី, ទីទំនេរ, ចន្លោះ; វេលា, វេលាទំនេរ, ពេលស្រួល; ផ្លូវ, ទំនង; សិទ្ធិជោគ; ការនិយម, ការអនុលោម; សេចក្ដីអនុញ្ញាតឲ្យ; ការយល់ព្រមតាម ឱកាសល្អ ពេលល្អ, ទំនងស្រួល (ព.កា. ប្រើជា អវកាស ក៏បាន)។ ព.កា. ថា : យើងទៅរកគេកុំចូលផ្ដាស ត្រូវសុំឱកាសគេជាមុន កុំស្រាប់តែចូលឲ្យហួសស៊ុន គេពុំដឹងមុនកុំអាលចូល។ នេះគឺជាសុជីវធម៌ បវរដែលលោកតែងអនុកូល ឬអាចហៅថាច្បាប់ចេញចូល ដូច្នេះទៅវិញក៏សឹងបាន។
បើកឱកាសឲ្យ បើកផ្លូវឬទំនងឲ្យ, អនុញ្ញាតឲ្យ; បើកកន្លែងឲ្យ, ឲ្យវេលា។ មានឱកាស មានពេលទំនេរ, មានទីចន្លោះ។ សូមឱកាស សូមពេល។ ល។
ឱកាសទាន (–សៈ–) ការឲ្យឱកាស, ការបើកឱកាសឲ្យ។ ឱកាសប្បដិសេធ ការឃាត់ឬបិទឱកាស។
ឱកាសលោក (–សៈ–) មើលក្នុងពាក្យ ត្រៃលោក។
➥ ឱកាស!៖ (អោកាសៈ) និបាតសព្ទ៖ (បា.សំ.; បា. ឱកាស ន.) សូមឱកាស! ឬសូមទានឱកាស! (ពាក្យសម្រាប់សូមឱកាសដោយសេចក្ដីគោរព)
ឱកាស! ខ្ញុំព្រះករុណាសូមអារាធនា … (ច្រើនប្រើតែខាងសាសនា។ មើលក្នុងពាក្យ ឧកាស! ឬ ឧកាសៈ! ទៀតផង)។
➥ ឱឃ នាមសព្ទ៖ (សំ.បា. ឱយ) អន្លង់; ជំនន់; ទឹកដែលឡើងលិចជ្រៅ; កម្លាំងខ្សែទឹក; ទឹកដែលហូរសំយុងចុះខ្លាំង។
ព.ប្រ. កិលេសដែលពន្លង់សត្វ, មាន ៤ យ៉ាងគឺ ១- កាមោឃៈ អន្លង់កាម; ២- ភវោឃៈ អន្លង់ភព; ៣- ទិដ្ឋោឃៈ អន្លង់ទិដ្ឋិ; ៤- អវិជ្ជោឃៈ អន្លង់អវិជ្ជា (ព.ពុ.)។ ធ្លាក់ឱឃៈ (ព.ប្រ.) ធ្លាក់ក្នុងសេចក្ដីវិនាសធំ។ ហែលក្នុងឱឃៈ (ព.ប្រ.) អន្ទោលកើតស្លាប់ឥតឈប់ឥតស្រាក (ព.ពុ.)។ អាងឱឃៈ (ព.ប្រ.) អាងមានទីជ្រកទីស្នាក់ពឹងពាក់ពំនាក់លើអ្នកធំ (ដូចជាត្រីអាងអន្លង់ទឹកជ្រៅ)។
ឱឃសង្សារ ឬ –សំសារ (–ស័ង-សា) ការអន្ទោលកើតស្លាប់នៅក្នុងអន្លង់ (ទាំងបួន) ព.ពុ.។ ល។
➥ ឱង្ការ នាមសព្ទ៖ (សំ. អោំការ អ.ថ. អោម-ការ៉ៈ » អក្សរ ឱម » ឬ « សូមសូត្ររំឭកចំពោះ ឱម! ») ពាក្យប្រើជារហស្សនាម (នាមកំបាំង) របស់ពួកទេវតាស័ក្តិសិទ្ធិ គឺជាពាក្យហៅបញ្ចៀសមិនឲ្យចំឈ្មោះ ជាវាចាស័ក្តិសិទ្ធិសម្រាប់ពួកព្រាហ្មណិកសូត្រប្រសិទ្ធីឬប្រើក្នុងយញ្ញពិធីផ្សេងៗ, ច្រើនប្រើរៀងត្រង់ខាងចុងប្រយោគពាក្យសូត្រ ថាតែម្ដងៗក៏មាន ថាផ្ទួនពីរដងៗ ឬបីដងៗក៏មាន។ ខ្មែរក្នុងបុរាណសម័យ, កាលដែលកំពុងប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, ប្រើពាក្យនេះជាជំនួស ព្រះបរមនាមនៃព្រះមហាក្សត្រថា ព្រះរាជឱង្ការ សំដៅសេចក្ដីថា «ព្រះរាជា ឬព្រះករុណាជាអម្ចាស់ជីវិតលើត្បូង» (មិនចេញឲ្យចំព្រះបរម នាម) ព្រះបាទសម្ដេចព្រះរាជឱង្ការបរមបពិត្រក្រុងកម្ពុជាធិបតី …។
លុះចំណេរកាលតៗមក, ខ្មែរប្រើពាក្យនេះជាព្រះរាជតម្រាស់នៃព្រះមហាក្សត្រថា ព្រះឱង្ការ ឬ ព្រះរាជឱង្ការ, ព្រះបរមរាជឱង្ការ ប្រើជាប់រៀងដរាបមកដល់សម័យបច្ចុប្បន្ននេះ (មើលក្នុងពាក្យ រាជឱង្ការ ក្នុងពាក្យ រាជ និងពាក្យ ឱម! ទៀតផង)។ ឱង្ការព្រះ ព្រះបន្ទូលព្រះ គឺពុទ្ធវចនៈ ឬពុទ្ធភាសិត (ពាក្យប្រើដោយសន្មតឬឧបកិច្ចជាឈ្មោះមន្តអាគមឬពាក្យរាយសេចក្ដីសម្រាប់សូត្ររម្ងាប់ឬសូត្របង្កក់ប្រសិទ្ធិជាដើម ហៅថា មន្តឱង្ការព្រះ)។
➥ ឱជ នាមសព្ទ៖ (សំ. ឱជស៑; បា. ឱជា) អ្វីៗដែលបង្កើតកម្លាំង, គ្រឿងបង្កើតកម្លាំង, ជំនួយកម្លាំង គឺរសដែលនាំឲ្យមានកម្លាំង, រសឆ្ងាញ់; ជីជាតិ; កម្លាំងកាយ ឬ ទឹកកម្លាំងក្នុងខ្លួន
ឱជដី រសជាតិដី (សរសេរជា ឱជៈ ក៏បាន)។ អែមឱជ ឱជៈផ្អែម។ (ព.កា.) : ចំណីអែមឱជ អ្នកផងបាមោជ្ជ ចាប់ចិត្តរាល់គ្នា ដោយសារអ្នកធ្វើ គេបានសិក្សា រៀនក្នុងសាលា មានគ្រូជំនាញ។ នារីនានា គួររៀនវិជ្ជា មេផ្ទះកុំគ្រាញ កុំក្រាញខ្ជិលរៀន អៀនប្រៀនទូញទាញ ខ្លៅពេករែងលាញ កេរ្តិ៍ឈ្មោះមេផ្ទះ។ ទោះបីខ្លួនធំ វ័យពេញក្រមុំ ក៏គួររូតរះ រៀនធ្វើចំណី ឲ្យចេះជ្រៅជ្រះ នឹងមានតេជះ ឲ្យកើតទ្រព្យធន។ មាន ឱជា ឬមានឱជារស មានរសឆ្ងាញ់ : ម្ហូបមានឱជារស។
ឱជវ័ន្ដ (–ជៈវាន់) មានឱជា; មានកម្លាំងកាយ (ឥត្ថី. ឬស្រ្ដីជា ឱជវន្តី ឬ ឱជវតី)។
បឋវោជៈ ឬ បឋវោជា (ប៉ៈឋៈ–) ឱជៈឬឱជារសដី; ជីជាតិដី។ ល។
➥ ឱដ្ឋជ៖ (អោត-ឋៈជៈ) នាមសព្ទ៖ (បា. ឱដ្ឋជ; សំ. ឱឞ្ឋ្យ) អក្សរដែលមានសូរសំឡេងកើតត្រង់រឹមបបូរមាត់គឺមានសូររះបបូរមាត់ចេញមក, មាន ៧ តួគឺ ឧឩ, បផព, ភម; រួម ប៉, ប៊ និង ហ្វ ត្រង់ដែលមានសូរសំឡេងជា F ដូចជា ហ្វឹក, ហ្វូង នេះផងជា ១០ តួ (អក្សរ វ ជា ទន្តោដ្ឋជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់)។
➥ ឱត កិរិយាសព្ទ៖ ស្រែកពេញសំឡេង ឬស្រែកឮគ្រលួចម្ដងៗ : ឱតពេញសំឡេង ខំឱតឲ្យឮខ្លាំង (មើលក្នុងពាក្យ អូត ផង)។ គុ. ដែលចេញសូរឱត : សំឡេងឱត។ ឱតភ័ន្ត ឱតឲ្យភ័ន្ត, ឱតបំភាន់, ឱតបំភ្លៃ : សំឡេងមានឱតភ័ន្ត សំឡេងមានខ្ពស់មានទាបតាមទំនងបទ (ចំពោះតែការសូត្របទឬច្រៀងនិងភ្លេងតន្ត្រី)។ សម្ដីមានឱតភ័ន្ត សម្ដីមានរបៀបបែបបទត្រឹមត្រូវ, សម្ដីមិនឆ្គង។ មានឱតមានភ័ន្ត មានបែបមានយ៉ាង, មានតិចៗស្មើៗឮខ្លាំងៗ (ចំពោះតែវាចា): សម្ដីមានឱតមានភ័ន្ត, និយាយមានឱតមានភ័ន្ត គឺសម្ដីឬនិយាយស្មើៗតិចៗក៏មាន ឱតសំឡេងឲ្យឮខ្លាំងៗម្ដងៗ ដើម្បីបញ្ជាក់ការណ៍ឲ្យច្បាស់ដោយសង្កាត់ៗ តាមដំណើររឿងហេតុនីមួយៗ អាចឲ្យអ្នកស្ដាប់ក្នុងទីប្រជុំ ភ័ន្តភាំងស្រឡាំងកាំងគាំងកើលគំនិត តវ៉ាពុំកើតឬចប់ស្រេចត្រឹមប៉ុណ្ណេះក៏មាន។ ព.ទ.បុ. ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូទខ្ចាយមានឱតមានភ័ន្ត (ថា … រលាស់ខ្លួនខ្ចាយ … ក៏មាន) និយាយពីអ្នកមានចំណេះវិជ្ជាព្រមទាំងសម្ដីថ្វីមាត់ ប៉ុន្តែធ្វើឫកពាត្រុកៗ ញើបៗបែបហាក់ដូចជាល្ងង់ខ្លៅណាស់, លុះដល់វេលាត្រូវការស្រាប់តែបញ្ចេញប្រាជ្ញឲ្យឃើញជាក់ស្ដែង ក្នុងកណ្ដាលជំនុំចំណោម។ ព.កា. ធៀបពាក្យ ឱតភ័ន្ត ថា : គាត់ហ្នឹងគាត់ធ្វើឫកត្រុកៗ បានជាអ្នកស្រុកខ្លះមើលងាយ ស្រាប់តែដល់គាត់រើកម្ចាយ សម្ដីលែបខាយមានឱតភ័ន្ត។ ពេលនោះអ្នកស្រុកភ្នែកសព្រោង តោងគ្នារយោងស្ងើចគាត់លាន់ ពីព្រោះគាត់មានវោហារគ្រាន់ អ្នកស្ដាប់លូកលាន់គាត់ពុំបាន។
➥ ឱត្តប្ប៖ (អោត-ត័ប-ប៉ៈ) នាមសព្ទ៖ (បា. ឱត្តប្ប; សំ. ឱត្តាប្យ អ.ថ. អោត-តាប្យ៉ៈ) ការខ្លាចបាប, ដំណើរខ្លាចទុច្ចរិត, ដំណើរខ្លាចមិនហ៊ានធ្វើអំពើអាក្រក់, សេចក្ដីតក់ស្លុតជ្រេញរអាចំពោះបាប
មនុស្សមានឱត្តប្បៈ (ជាគូគ្នានឹង ហិរិ, ច្រើនតែប្រើជា ហិរិឱត្តប្បៈ ឬ ហិរោត្តប្បៈ « ហិរិនិងឱត្តប្បៈ «។ មើលក្នុងពាក្យ ហិរិ និង ទេវធម៌ ទៀតផង)។ ព.កា. ធៀបហិរិ - ឱត្តប្បៈ និង សតិ - សម្បជញ្ញៈ ដែលជាពួកប័ក្ខជាមួយគ្នាៈ ហិរិ-ឱត្តប្បៈ ជាធម្មៈប្រសើរក្រៃ ជាធម៌តែងអាស្រ័យ នាំធម៌ពីរឲ្យកើតបាន។ ធម៌នោះគឺសតិ- សម្បជញ្ញៈឲ្យមាន ស្មារតីដឹងខ្លួនប្រាណ នឹកឃើញបានមិនភ្លេចភ្លាំង។ បើធម៌បួនទន់ខ្សោយ ភ្លេចមុខក្រោយរែងតែគាំង គំនិតរឹងក្រទាំង កម្លាំងចិត្តក៏តែងស្បើយ។
➥ ឱទក៖ (–ទៈកៈ) គុណសព្ទ៖ (បា. ឬ សំ.) ដែលរស់នៅក្នុងទឹក : ត្រកួន, កញ្ឆែត… ជាដំណាំឱទក។ ព.កា. រំលឹកឲ្យឧស្សាហ៍ដាំដំណាំឱទក : ដំណាំឱទក ប្រើធ្វើអន្លក់ បន្លែក៏បាន មានស្រះត្រពាំង ខែប្រាំងគង់មាន- ទឹកដក់នៅបាន- យូរត្រូវដាំទៅ។ កុំខ្ជិលច្រអូស ខ្វះដើរងងូស សុំគេអ្នកក្រៅ សុំគេ ញយពេក អ្នកមានមាត់ឆៅ គេស្ដីប្រដៅ គួរខ្មាសគេណាស់។ ដំណាំឱទក ដាំច្រើនអាចលក់ ព្រោះកើតរហ័ស ពុំយូរប៉ុន្មាន បានប្រាក់ច្បាស់ៗ បានជាចាស់ៗ ហៅទ្រព្យផ្គាប់ឆ្នាំង។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. –ទៈកៈ, ដូចជា ឱទកជាតិ ជាតិដំណាំជាដើម ដែលរស់នៅក្នុងទឹក។ ឱទកនិវាប បន្លែទឹក។ ឱទកសញ្ជាតិ ជាតិអ្វីៗដែលកើតឯងក្នុងទឹក។ ឱទកសត្ត ឬ ឱទកសត្វ សត្វដែលកើតក្នុងទឹកហើយរស់នៅក្នុងទឹក។ ល។