User Tools

Site Tools


Translations of this page?:
km:dictionary:ជួន_ណាត_ឱ

វចនានុក្រម ជួន ណាត [ឱ]

— —

និវេទនិ

ព័ត៌មាន​ខាង​លើ​គឺ​សម្រាប់​បង្ហាញ​នៅ​លើ​ទំព័រ​ដែល​មាន​ពាក្យ​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វចនានុក្រម សូម​មើល សន្ទស្សន៍​និង​សេចក្តី​ផ្តើម.

ថេនថ៍

[ឱ]

ឱទ្យាន

ឱទ្យាន៖ ពាក្យប្រើក្លាយមកពី ឧទ្យាន (មើលក្នុងពាក្យ នេះ)។

ឱន

ឱន កិរិយាសព្ទ៖ (បា. ឱនម) ទន់ចុះ, បន្ទន់ទៅមុខ, បន្ទន់ទៅរក
ឱនកាយថ្វាយបង្គំ, ឱនក្បាល, មានចិត្តឱនទៅរកសុចរិត, ស្រូវឱន, ដើរឱន។ ព.ទ.បុ. ឱនដាក់គ្រាប់ ការប្រព្រឹត្តឱនលំទោនតែងតែមានសេចក្ដីគួរគាប់ (ប្រៀបដូចស្រូវដែលឱនតែងតែមានគ្រាប់ពេញលេញ)។ ឬថា ឱនដាក់គ្រាប់ងើយស្កក; មួយទៀតថា ងើយស្កក ឱនជ្រងកដាក់គ្រាប់ ការធ្វើឫកពាក្រអឺតក្រអោងឬឆ្ងើយៗ តែងតែមានសេចក្ដីហ្មងឆ្គង, ការឱនលំទោន រមែងតែបានសេចក្ដីគាប់ប្រសើរ។ ឱនក្រាប ឱនៗក្រាបៗ។ ឱនថយ (មើលក្នុងពាក្យ អូនថយ ក្នុងពាក្យ ឩន ឬ អូន គុ.)។ ឱនលំទោន (មើលក្នុងពាក្យ លំទោន)។ ឱនអង្គ បន្ទន់ខ្លួនទៅមុខ, ឱនកាយគោរព (ច្រើនប្រើក្នុងកាព្យ)។ អាប់ឱន (មើលក្នុងពាក្យ អាប់ គុ.)។

ឱប

ឱប កិរិយាសព្ទ៖ យកដៃទាំងពីរព័ទ្ធរួបចូលដិតដល់ទ្រូង; ដេកគងដៃម្ខាងទៅលើអ្វីៗ ទាញរឹតចូលដិតដល់ទ្រូង : ឈរឱបសសរ, ដេកឱបបង្វេច។ រ.ស. ថា ទ្រង់ព្រះអាលិង្គន : (ទ្រង់ឱប)។ ឱបក្បាលជង្គង់ យកដៃទាំងពីររួបព័ទ្ធរឹតក្បាលជង្គង់របស់ខ្លួន : អង្គុយឱបក្បាលជង្គង់។ ឱបក្រសោប (ព.ប្រ.) គ្រប់គ្រងរក្សាទុក : យកមនុស្សខូចមកឱបក្រសោបទុកឲ្យនៅក្នុងផ្ទះ។ ឱបគំរង់ (ព.ប្រ.) មិនលះអំពើអាក្រក់ចោល; រាប់រកកាន់ជើងមនុស្សអាក្រក់។ ឱបដៃ យកដៃទាំងពីររួបគ្នាផ្ទាប់នឹងទ្រូងរបស់ខ្លួន : ឈរឱបដៃ។ ឱបដៃឱបជើង (ព.ប្រ.) សុំពឹងផ្អែកឬជ្រកកោនដោយទទូចមិនលែងឬមិនព្រមទៅណា។ ឱបរឹត ឱបផងរឹតផង, ឱបយ៉ាងជិត។ ឱបអរ (ព.ប្រ.) រាប់អានឬធ្វើបដិសណ្ឋារៈដោយមានអំណរក្រៃពេក (ហាក់ដូចជានឹងស្ទុះទៅឱប)។ ឱបអរសាទរ រាប់អានដោយមានអំណរក្រៃពេកព្រមទាំងមានសេចក្ដីគោរពផង។ ឱបអសុភ (ព.ប្រ.) ឱបក្រសោបមនុស្សអាក្រក់ទុកជាគ្នា; មិនលះអំពើអាក្រក់ចោល (ឱបគំរង់)។ ព.ពុ. ត្រេកត្រអាលភ្លេចខ្លួនទៅរករូប, សំឡេង, ក្លិន, រស, សម្ផស្ស។ ល។

ឱបក្កមិកាពាធ

ឱបក្កមិកាពាធ៖ (–ប៉័ក-កៈមិ–) នាមសព្ទ៖ (បា.; សំ. ឪបក្រមិក + អាពាធ) ជំងឺដែលកើតអំពីអ្នកដទៃប្រហារ (មានវាយ, កាប់, ចាក់ជាដើម), ជំងឺរបួស, ជំងឺត្រូវរបួស។

ឱបបាតិក

ឱបបាតិក៖ មើលក្នុងពាក្យ ឧបបាតិក

ឱបម្មសំសន្ទនា

ឱបម្មសំសន្ទនា៖ (–ប៉័ម-ម៉ៈស័ង-សន-ទៈនា) នាមសព្ទ៖ (បា.) ការផ្ទៀងផ្ទាត់ដោយប្រៀបធៀប, ការផ្ទៀងតម្រូវដោយល្អិតល្អ ធ្វើឱបម្មសំសន្ទនា, សៀវភៅមានឱបម្មសំសន្ទនា។
(ព.កា.)
ឱបម្មសំ - សន្ទនា ជាភារកិច្ចដ៏សំខាន់ ដែលកម្មការីត្រូវប្រកាន់ ប្រយ័ត្នក្រែងភ័ន្តមានកំហុស។

ឱភាស

ឱភាស នាមសព្ទ៖ (បា.; សំ. អវកាស) ពន្លឺ : ឱភាសព្រះអាទិត្យ ពន្លឺព្រះអាទិត្យ (ហៅ សុរិយោភាស ក៏បាន); ឱភាសព្រះចន្ទ្រ ពន្លឺព្រះចន្ទ្រ (ហៅ ចន្ទោភាស ក៏បាន។ សេចក្ដីពន្យល់ឲ្យភ្លឺ, ការឲ្យន័យឬឲ្យទំនង, ការសម្ដែងអាការកិរិយាឲ្យដឹងច្បាស់ : ធ្វើឱភាសឲ្យយល់ការណ៍។ ឱភាសនិមិត្ត ឬ –សញ្ញា (–សៈ–) គ្រឿងបំភ្លឺឲ្យយល់, ការឲ្យន័យបំភ្លឺឲ្យយល់ : ធ្វើឱភាសនិមិត្ត។

កិរិយាសព្ទ៖ (បា.; សំ. អវភាស « ភ្លឺច្បាស់; បំភ្លឺ; ពន្យល់ ») បង្គាប់បញ្ជា, ត្រួតត្រា
ឱភាសលើ… ត្រួតត្រាលើ…។ ឱភាសមន្រ្តី មន្រ្តីរឿនហ្លួង។

នាមសព្ទ៖ សរីរប្រទេសដំរីត្រង់ប្រជុំដើមស្មាឬគល់ស្មាទាំងពីរ
ឱភាសដំរី។ (ពាក្យទំនើបថ្មីហៅ កន្លែងចិនយំ ព្រោះមានរឿងតំណាលថា មានចិនឆៅម្នាក់កំពុងដើរតាមផ្លូវ, ឃើញគេបរដំរី ក៏សុំគេជិះដោយសារផង, គេឲ្យជិះលើខ្នងដំរី មិនហ៊ានជិះ សុំជិះពីក្រោយខ្នងគេ, លុះដំរីវាដើរទៅ ត្រង់ប្រជុំគល់ស្មាដំរីនោះចេះតែខ្ពស់ទាបៗ លើកដាក់ៗ, ចិនឆៅក៏យកដៃទាំងពីរជ្រែងទប់ខ្លួន, ថែមទាំងដំរីកាន់តែដើរលឿនឡើងទៀត, ទ្រាំពុំបាន ក៏សុំអង្វរឲ្យគេឈប់ ខ្លួននឹងចុះ, គេមិនព្រមឈប់, ចិនឆៅនោះក៏យំ ស្រែកថា ងាប់ហើយ! ងាប់ហើយ! … ; ឱភាសដំរីក៏មានឈ្មោះថា កន្លែងចិនយំ រៀងមក)។

ឱម!

ឱម! នាមសព្ទ៖ (សំ. ឱម៑) ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ ៣ តួគឺ អ.ឧ.ម., អ + ឧ > ឱ + ម > ឱម ឬ ឱ្ម ; អ. គឺ វិស្ណុ, ឧ. គឺសិវៈ, ម. គឺ ព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រហ្មណិក សម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្តិសិទ្ធិ ៣ អង្គគឺ ព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម ; ប្រើរៀងក្នុងខាងដើមបទវេទ, មន្ត និងសេចក្ដីសូត្រផ្សេងៗ ឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដី ឬក៏ប្រកាសជ័យជម្នះ (ត្រូវគ្នានឹងពាក្យ ជយោ!) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ (ត្រូវគ្នានឹងពាក្យ សាធុ!) ក៏មាន។ ខ្មែរសម័យបុរាណប្រើជា ឱម! ឬ ឱ្ម! តាមបែបដើម, លុះចំណេរកាលតមក ច្រើនប្រើក្លាយជា ឩម (អូម), សម្រាប់រៀងក្នុងខាងដើមមន្តអាគម។ ឱម > អាម ក៏មាន; ខ្មែរក្នុងអបរសម័យ ច្រើនប្រើ អាម ជាបរិវារសព្ទរបស់ ឩម, និយាយថា ឩមអាម (មើលក្នុងពាក្យ ឩម! និង អាម ទៀតផង)។ ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះ យកពាក្យ ឱម! មកប្រើជា រត្នត្រ័យសង្ខេប គឺ អ.ឧ.ម. ដូចបែបដើមដែរ ប៉ុន្តែសំដៅសេចក្ដីថា អ. គឺអរហំសម្មាសម្ពុទ្ធ, ឧ. គឺឧត្តមធម៌, ម. គឺ មហាសង្ឃ (ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ); នមស្ការថា នមោ ឱមស្ស! សូមនមស្ការចំពោះ អ.ឧ.ម. គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ!; ឬថា នមោ ឱមរតនត្តយស្ស! សូមនមស្ការចំពោះ អ.ឧ.ម. រត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ!។

ឧទានសព្ទ៖ (សំ. ឱម៑) ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ ៣ តួគឺ . អ ឧ.ម., អ + ឧ > ឱ + ម > ឱម ឬ ឱ្ម ; អ. គឺ វិស្ណុ, ឧ. គឺសិវៈ, ម. គឺ ព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រហ្មណិក សម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្តិសិទ្ធិ ៣ អង្គគឺ ព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម ; ប្រើរៀងក្នុងខាងដើមបទវេទ, មន្ត និងសេចក្ដីសូត្រផ្សេងៗ ឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដី ឬក៏ប្រកាសជ័យជម្នះ (ត្រូវគ្នានឹងពាក្យ ជយោ!) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ (ត្រូវគ្នានឹងពាក្យ សាធុ!) ក៏មាន។ ខ្មែរសម័យបុរាណប្រើជា ឱម! ឬ ឱ្ម! តាមបែបដើម, លុះចំណេរកាលតមក ច្រើនប្រើក្លាយជា ឩម (អូម), សម្រាប់រៀងក្នុងខាងដើមមន្តអាគម។ ឱម > អាម ក៏មាន; ខ្មែរក្នុងអបរសម័យ ច្រើនប្រើ អាម ជាបរិវារសព្ទរបស់ ឩម, និយាយថា ឩមអាម (មើលក្នុងពាក្យ ឩម! និង អាម ទៀតផង)។ ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះ យកពាក្យ ឱម! មកប្រើជា រត្នត្រ័យសង្ខេប គឺ អ.ឧ.ម. ដូចបែបដើមដែរ ប៉ុន្តែសំដៅសេចក្ដីថា អ. គឺអរហំសម្មាសម្ពុទ្ធ, ឧ. គឺឧត្តមធម៌, ម. គឺ មហាសង្ឃ (ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ); នមស្ការថា នមោ ឱមស្ស! សូមនមស្ការចំពោះ អ.ឧ.ម. គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ!; ឬថា នមោ ឱមរតនត្តយស្ស! សូមនមស្ការចំពោះ អ.ឧ.ម. រត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ!។

ឱមសត្ត

ឱមសត្ត៖ (អោ-មៈ-សាត់) នាមសព្ទ៖ (បា.) សត្តថោកទាប គឺជនអ្នកប្រព្រឹត្តអំពើអាក្រក់មានទុច្ចរិត ១០ ជាដើម (ប្រើជា –សត្វ ក៏បាន)។ ព.កា. ថា
ឱមកសត្ត រែងមានវិបត្តិ ដោយក្ដីរងទុក្ខ នេះហើយនោះទៀត ចង្អៀតឥតសុខ ពុំបានស្រណុក ក្នុងថ្ងៃណាមួយ។ (វេវ. លាមកសត្ត ឬ –សត្វ ; ព.ផ្ទ. អនោមសត្ត ឬ អនោមកសត្ត ឬក៏ –សត្វ)។

ឱមកសត្ត

ឱមកសត្ត៖ (អោ-មៈកៈ-សាត់) (មើលក្នុងពាក្យ ឱមសត្ត)។

ឱ្យ

ឱ្យ កិរិយាសព្ទ៖ (ជាអញ្ញត្រសព្ទ ដោយអនុវត្តតាមការពិភាក្សា ហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាល ព.ស. ២៤៥៩ គ.ស. ១៩១៥ ថាត្រូវប្រើជា ឱ្យ យ៉ាងនេះ មិនយល់ព្រមឲ្យប្រើជា ឱយ ឬ អោយ ឡើយ; មើលក្នុង និទាន Introduction ផង) ធ្វើអំណោយ គឺលះអ្វីៗដល់អ្នកដទៃ ឱ្យប្រាក់, ឱ្យស្បៀង, ឱ្យទ្រព្យរបស់, ឱ្យគ្រឿងស្លៀកពាក់។
ប្រើ, បង្គាប់, ញ៉ាំង
ឱ្យធ្វើ, ឱ្យរៀន, ឱ្យទៅ, ឱ្យមក។ ឱ្យកាន់ការ ឱ្យទទួលកាន់មុខការ។ ឱ្យការណ៍ ប្រាប់ដំណើរការណ៍, ប្រាប់រឿងហេតុ : សាក្សីឆ្លើយឱ្យការណ៍តាមពិត។ ឱ្យជើង ហុចជើងម្ខាងឱ្យចាប់ : អ្នកចំបាប់ឱ្យជើងគ្នាម្ដងម្នាក់។ លើកជើងហុចបញ្ជោះឬបញ្ឈឺចិត្តចំពោះមុខដោយសេចក្ដីព្រហើនមើលងាយ : វាហ៊ានឱ្យជើងខ្ញុំ។ ឱ្យដៃ បើកដៃឱ្យហ៊ានធ្វើ។ ហុចដៃបញ្ជោះឬបញ្ឈឺចិត្តដោយមានសេចក្ដីមើលងាយ ឬក៏ហុចដៃចំអកឡកឱ្យគ្នា : វាហ៊ានឱ្យដៃខ្ញុំ; អ្នកច្រៀងតឱ្យដៃគ្នា (និយាយថា ហុចដៃឱ្យគ្នា ក៏បាន)។ ឱ្យដំណឹង ប្រាប់ដំណឹង។ ឱ្យតម្រួយ ប្រាប់តម្រួយ។ ឲ្យន័យ ពន្យល់។ ឱ្យនាម ឬ ឱ្យឈ្មោះ សន្មតនាម ឬ តាំងឈ្មោះ។ ឲ្យឧបាយ ប្រាប់ឧបាយ។ ឱ្យអំណាច បើកអំណាច, ប្រគល់អំណាច។ ល។ (មើលក្នុងពាក្យ ឧក និង ទៀតផង ព.កា. បញ្ជាក់ អញ្ញត្រសព្ទ ថាៈ អញ, អ្នក, នេះ, នោះ, ឱ្យ, ហោង កុំឱ្យសរសេរតាមសូរថា អាញ់, នាក់, និះ, នុះ, ឱយ, អ្ហង ថា : រីពាក្យអញអ្នក នេះនោះបញ្ជាក់ ដល់ឱ្យនិងហោង ពោលជាពាក្យកាព្យ ឱ្យងាយចាំចង សរសេរម្ដងៗ កុំភ្លាត់តាមសូរ។) ប៉ុណ្ណេះជាអាទិ៍ ប្រើកុំឱ្យឃ្លាត យកផ្សេងជាថ្នូរ អញ្ញត្រសព្ទ មិនត្រូវផ្លាស់ប្ដូរ ទោះបីមានសូរ ឮផ្សេងក៏ដោយ។

ឱរស

ឱរស៖ (–រ៉ស់) នាមសព្ទ៖ (បា.; សំ. ឪរស) បុត្របង្កើត (កូនប្រុសបង្កើត)។ ខ្មែរប្រើពាក្យនេះចំពោះតែរាជសព្ទ
សម្តេចព្រះឱរសាធិរាជ, សម្តេចព្រះបរមរាជឱរស, សម្តេចព្រះរាជឱរស, ព្រះរាជឱរស, ព្រះឱរស (ហៅតាមលំដាប់ថ្នាក់ខ្ពស់ទាប)។ ព.កា. ថា : នាងទេវីទាំងអស់ ឥតឱរសដូចជាគ្នា ហេតុនេះព្រះរាជា ទ្រង់រំពឹងដល់រដ្ឋា។ ឥតពីព្រះអង្គទៅ បើឥតបុត្រនិងធីតា ដូច្នេះតើនរណា នឹងគ្រប់គ្រងរដ្ឋតទៅ។ ជិនោរស (ព.ប្រ.) បុត្រនៃព្រះជិនស្រី ឬ ពុទ្ធជិនោរស បុត្រនៃព្រះពុទ្ធជិនស្រី (សមណសក្យបុត្តិយ៍)។

ឱរា

ឱរា៖ (–រ៉ា) មើលក្នុងពាក្យ ឧរា

ឱរ៉ុប

ឱរ៉ុប នាមសព្ទ៖ (បារ. អឺរ៉ូប៉ឺ Europe) ឈ្មោះមហាទ្វីបមួយ ក្នុងចំនួនមហាទ្វីបទាំង ៥ ក្នុងមនុស្សលោក ទ្វីបឱរ៉ុប, ប្រទេសឱរ៉ុប (ច្រើនតែប្រើយ៉ាងនេះយូរមកហើយ ប៉ុន្តែតាមកំណើតពាក្យ គួរប្រើជា អឺរ៉ុប ឬ អឺរ៉ូប វិញត្រូវជាង)។
ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងទ្វីបឱរ៉ុបនោះ, បុរសហៅ អឺរ៉ូប្យាំង (បារ. Européen), ស្ត្រីហៅ អឺរ៉ូប្យែន (បារ. Européenne), ប៉ុន្តែសាធារណជនជាតិខ្មែរច្រើនតែហៅថា ឱរ៉ុបៗ ដូចគ្នា
ប្រុសឱរ៉ុប, ស្រីឱរ៉ុប; ជាតិឱរ៉ុប (មើលក្នុងពាក្យ មហាទ្វីប ផង)។

ឱរ៉ូប

ឱរ៉ូប៖ មើលក្នុងពាក្យ ឱរ៉ុប

ឱរ៉ៃ

ឱរ៉ៃ៖ មើលក្នុងពាក្យ ឧរ៉ៃ

ឱវាទ

ឱវាទ៖ (–វ៉ាត) នាមសព្ទ៖ (បា. អវ > ឱ; សំ. អវវាទ) ដំបូន្មាន, អនុសាសន៍ : ឱ្យឱវាទ, ស្ដាប់ឱវាទ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. –វ៉ាទៈ, ដូចជា ឱវាទការកៈ ឬ –ការី អ្នកធ្វើតាមឱវាទ (បើស្ត្រីជា ឱវាទការិកា ឬ –ការិណី)។ ឱវាទទាន (–វ៉ាត-ទាន) ការឱ្យឱវាទ។ ឱវាទទាយក (–យក់) អ្នកឱ្យឱវាទ (បើស្ត្រីជា ឱវាទទាយិកា)។ ឱវាទប្បដិគ្គាហក (–ទ័ប-ប៉ៈដិក-គាហៈកៈ ឬ –ហក់) អ្នកទទួលឱវាទ, អ្នកកាន់តាមឱវាទ (បើស្ត្រីជា ឱវាទប្បដិគ្គាហិកា)។ ឱវាទប្បាតិមោក្ខ ឬ ឱវាទបាតិមោក្ខ (ព.ពុ.) បាតិមោក្ខជាឱវាទគឺបាលីបីគាថាកន្លះដែលព្រះសព្វញ្ញុពុទ្ធទ្រង់ប្រទានឱវាទប្រកាសពុទ្ធសាសនាដោយសង្ខេប : ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឱវាទប្បាតិមោក្ខ ជាដំបូងបង្អស់ក្នុងខាងដើមនៃបឋមពោធិកាល (មើលក្នុងពាក្យ មាឃបូជា ផង)។ ឱវាទានុសាសន៍ ឬ ឱវាទានុសាសនី ការទូន្មានប្រៀនប្រដៅរឿយៗ។ ល។ ពុទ្ធោវាទ ឱវាទព្រះពុទ្ធ។ សុន្ទរោវាទ ឱវាទល្អ។ សុភាសិតោវាទ ឱវាទជាសុភាសិត។ អាចរិយោវាទ ឱវាទអាចារ្យ។ ល។

ឱវាទ–

ឱវាទ–៖ មើលក្នុងពាក្យ ឱវាទ

ឱវាទា–

ឱវាទា–៖ មើលក្នុងពាក្យ ឱវាទ

ឱសថ

ឱសថ៖ (–សត់, តាមទម្លាប់ថា –សុត) នាមសព្ទ៖ (បា. ឱសថ ឬ ឱសធ; សំ. ឱឞធ) ថ្នាំរម្ងាប់រោគ, ថ្នាំបំបាត់រោគ (ពាក្យសម្រាប់ប្រើចំពោះឥស្សរជន): ខ្ញុំប្របាទម្ចាស់យកឱសថមកជូនព្រះតេជព្រះគុណ។ រ.ស. ព្រះឱសថ។ ប្រើជា ឱសធ ឬ ឱសធៈ ក៏បាន អ.ថ. –សៈថៈ ឬ –សៈធៈ ដូចជា ឱសថកម្ម ឬ ឱសធ– ការធ្វើឬផ្សំថ្នាំរម្ងាប់រោគ។ ក្រុមឱសថកម្ម ក្រុមពេទ្យអ្នកផ្សំថ្នាំឬអ្នកឲ្យថ្នាំ។ ឱសថការី គ្រូពេទ្យអ្នកផ្សំឱសថ; អ្នកប្រកបមុខរបរលក់ឱសថដែលគេផ្សំរួចស្រេចស្រាប់ (ឥត្ថី. ឱសថការិនី)។ ឱសថដ្ឋាន (អោសៈថាត់-ឋាន) ឬ –ស្ថាន (អោសៈថ័ស-ស្ថាន) ទីកន្លែងឬផ្ទះលក់ឱសថ; កន្លែងផ្សំឱសថ។ ឱសថមន្ទីរ ឬ ឱសធ– ផ្ទះលក់ថ្នំារម្ងាប់រោគ។ ឱសថាល័យ (–សៈថាល៉ៃ) មន្ទីរពេទ្យសាធារណៈសម្រាប់ពិនិត្យអាការរោគ, ចែកថ្នាំសង្កូវឬព្យាបាលរោគឲ្យបណ្ដាជនទួទៅ : ឱសថាល័យព្រះអង្គឌួង។ ឱសថូបករណ៍ ឧបករណ៍សម្រាប់ផ្សំធ្វើឱសថ, រុក្ខជាតិដែលគេយកមកផ្សំថ្នាំសង្កូវ។ ល។

ឱសថៈ

ឱសថៈ៖ (–សៈថៈ) (មើលក្នុងពាក្យ ឱសថ)។

ឱសធ–

ឱសធ–៖ មើលក្នុងពាក្យ [[ឱសថ]]

ឱសធៈ–

ឱសធៈ–៖ មើលក្នុងពាក្យ ឱសថ

ឱសានវាទ

ឱសានវាទ៖ (ឱសាន៉ៈវាត) នាមសព្ទ៖ (បា. < ឱសាន + វាទ) ពាក្យសម្ដីក្រោយបង្អស់; ការដាក់កំហិតក្រោយបំផុត, ខសន្យាជាដាច់ខាតចុងក្រោយបង្អស់, សេចក្ដីស្នើយ៉ាងច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ក្រោយបំផុតរបស់រដ្ឋណាមួយ ដែលផ្ញើដាក់កំហិតដល់រដ្ឋមួយទៀតថា បើមិនយល់ព្រមទទួលតាមសេចក្ដីស្នើរបស់ខ្លួនទេ ខ្លួននឹងធ្វើយ៉ាងនេះឬយ៉ាងនោះ ឬក៏អាចនឹងបណ្ដាលឲ្យកើតមានសង្គ្រាមនឹងគ្នាក៏សឹងមាន
ផ្ញើឱសានវាទ, បានឆ្លើយតបនឹងឱសានវាទរបស់បក្សពួកម្ខាង។

ឱសាហ៍

ឱសាហ៍៖ មើលក្នុងពាក្យ ឧស្សាហៈឧស្សាហ៍

ឱស្ឋ

ឱស្ឋ៖ (អោស) នាមសព្ទ៖ (សំ. ឱឞ្ឋ; បា. ឱដ្ឋ) រឹមបបូរមាត់, បបូរមាត់។ ខ្មែរប្រើថា « មាត់ » ; ប្រើជា រ.ស. ព្រះឱស្ឋ។ នួនព្រះឱស្ឋ ក្រមួនមាត់។ មួយព្រះឱស្ឋ មួយម៉ាត់។ លាន់ព្រះឱស្ឋ លាន់មាត់។ ល។

ឱស្រព

ឱស្រព៖ (–ស្រប់) នាមសព្ទ៖ (សំ. ឧត្សវ; បា. ឧស្សវ) ល្បែងរបាំ, របាំយ៉ាងតូច (មើលក្នុងពាក្យ មហោស្រព ទៀតផង)។

ឱហាត

ឱហាត កិរិយាសព្ទ៖ សង្វាតជានិច្ច, សម្ភី
ឱហាតរៀន, ឱហាតធ្វើការ។ គុ. ដែលមានសេចក្ដីសង្វាតជានិច្ច, ដែលសម្ភី : មនុស្សឱហាត (ព.កា.): រីមនុស្សឱហាត សម្ភីសង្វាត ព្យាយាមមាំមួន កាន់ការអ្វីៗ កាន់យ៉ាងខ្ជាប់ខ្ជួន រមែងញ៉ាំងខ្លួន ឲ្យមានទ្រព្យធន។ ឬមួយបែបថា : ហៃបុត្រធីតា រីឯប្រាជ្ញា ពុំមែនកើតឯង លុះតែឱហាត រៀនសូត្រជាក់ស្ដែង ទើបខ្លួនយើងឯង ប្រទះប្រាជ្ញា។ ដូងទុំមានប្រេង ដាក់ចោលលេងៗ ឥតស្លឲ្យវា បញ្ចេញប្រេងឲ្យ បានប្រេងពីណា រីឯប្រាជ្ញា ក៏ដូច្នោះដែរ។

ឱឡារិក

ឱឡារិក គុណសព្ទ៖ (បា.; សំ. ឱឌារិក) គ្រោតៗ, គ្រោតគ្រាត; ច្បាស់លាស់។ ព.ផ្ទ. សុខុម ធំដុំ, យ៉ាងធំ, ហ៊ឹកហ៊ាក់ : ធ្វើបុណ្យខណ្ឌសីមាដ៏ឱឡារិកអធិកអធម (មើលក្នុងពាក្យ ឧឡារ ទៀតផង)។ ឱឡារិករូប រូបគ្រោតគ្រាត; រូបដែលច្បាស់លាស់ (ព.ផ្ទ. សុខុមរូប)។

ឱឡិគល្ល

ឱឡិគល្ល៖ (អោឡិគាល់) នាមសព្ទ៖ (បា.) ប្រឡាយបង្ហូរទឹកសម្អុយ ឬរណ្ដៅទឹកសម្អុយ
ក្នុងក្រុងធំៗ ត្រូវតែមានឱឡិគល្ល កុំឲ្យមានការស្មោកគ្រោក។ សម្រាប់ប្រើក្នុងកាព្យ, ដូចជា ក្រុងធំត្រូវមានឱឡិគល្ល ទើបគ្មានកង្វល់ដោយស្មោកគ្រោក បើគ្មានច្រើនតែមានមេរោគ កំចោកពួកជនឲ្យឈឺចាប់។ ទោះបីក្រុងតូចៗក៏ដោយ បើធ្លោយពុំមានត្រូវប្រញាប់ ខ្នះខ្នែងធ្វើភ្លាមឲ្យបានឆាប់ កុំឲ្យរោគចាប់ឆ្លងរាលដាល។

ឱះ!

ឱះ!៖ មើលក្នុងពាក្យ អុះ!អុ៎ះ!

ឱះឱ!

ឱះឱ!៖ មើលក្នុងពាក្យ អុះ!អុ៎ះ!

km/dictionary/ជួន_ណាត_ឱ.txt · ពេលកែចុងក្រោយ: 2023/01/24 14:17 និពន្ឋដោយ Johann