User Tools

Site Tools


Translations of this page?:
km:ptf:dhamma:dana:index

ចិត្តសប្បុរស៖ ទាន ចាគៈ

Generosity

សង្ខេប

ការធ្វើ​ទាន​​ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

ចិត្តសប្បុរស

ទាន ចាគៈ

អានដោយ ព្រះ​ខេមានន្ទ

ជា រតនសម្បត្តិ

«…ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺចាគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ បានបរិច្ចាគរួចហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករំលែកទាន រមែងនៅគ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺចាគៈ។…»

sut.an.07.006

តម្រូវ​ការ​ជាមុន​សម្រាប់​ការ​រំដោះ

«ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ (៦) យ៉ាង មិនគួរដើម្បីបានបឋមជ្ឈាន… នូវទុតិយជ្ឈាន … នូវតតិយជ្ឈាន … នូវចតុត្ថជ្ឈាន … នូវសោតាបត្តិផល … នូវសកទាគាមិផល … នូវអនាគាមិផល … នូវអរហត្ត។ ធម៌ ៥ (៦) យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស (លំនៅ) ១ កំណាញ់ត្រកូល (អ្នកឧបត្ថម្ភ) ១ កំណាញ់លាភ (សម្បត្តិ ទ្រព្យ) ១ កំណាញ់គុណ (ជំនាញ) ១ កំណាញ់ធម៌ (ចំណេះដឹងអំពីផ្លូវទៅកាន់សេរីភាព) ១ …ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ទាំង ៥ (៦) យ៉ាងនេះ មិនគួរដើម្បីបានបឋមជ្ឈាន… នូវអរហត្ត ឡើយ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ (៦) យ៉ាងនេះ គួរដើម្បីបានបឋមជ្ឈាន។ ធម៌ ៥ (៦) យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១ …ជាមនុស្សអកតញ្ញូ អកតវេទី ១។។ ម្នាលភិក្ខុទំាងឡាយ បុគ្គលលះបង់ធម៌ទាំង ៥ (៦) យ៉ាងនេះ គួរដើម្បីបានបឋមជ្ឈាន។

sut.an.05.256 , sut.an.05.257 - sut.an.05.264

រង្វាន់​នៃការ​ផ្តល់​ឱ្យ

«ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺជាទីស្រឡាញ់ ជាទីគាប់ចិត្តជនច្រើន ១ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក ១ មានកិត្តិស័ព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះអានិសង្ស ក្នុងទានទាំង ៥ យ៉ាង។»

sut.an.05.035

[ព្រះមានព្រះភាគទ្រង់ត្រាស់តបថា] »…ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកកាមេសុមិច្ឆាចារ វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកមនុស្ស បុគ្គលនោះ តែងស្វាក់នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ វៀរស្រឡះ ចាកមុសាវាទ វៀរស្រឡះ ចាកបិសុណាវាចា វៀរស្រឡះ ចាកផរុសវាចា វៀរស្រឡះ ចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកមនុស្ស ត្រង់ដែលបុគ្គលជាអ្នកឲ្យបាយទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ទៅជាអ្នកស្វាក់ នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ វៀរស្រឡះ ចាកបាណាតិបាត។បេ។ មានសេចក្តីយល់ត្រូវ ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាបទៅ ក៏ទៅកើតជាមួយពួកទេវតា ទេវតានោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត។បេ។ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយពួកទេវតា ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណនាំឲ្យបុគ្គលនោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ម្នាលញ្រហ្មណ៍ ក៏ធម្មតា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ។ ជាណុស្សោណិញ្រហ្មណ៍ ទូលថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចម្លែកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនេះ គួរណាស់តែឲ្យទាន គួរណាស់តែធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ព្រោះថា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ។

ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើញ្រហ្មណ៍ ដំណើរនុ៎ះ យ៉ាងហ្នឹងឯង អើញ្រហ្មណ៍ ដំណើរនុ៎ះ យ៉ាងហ្នឹងឯង អើញ្រហ្មណ៍ អ្នកឲ្យទាន មិនមែនជាគ្មានផលទេ។ ជាណុស្សោណិញ្រហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។

sut.an.10.177

កុំ​មើល​ស្រាល​អំណាច​នៃ​អំណោយ​តូចៗ

«…ម្នាល​វច្ឆៈ ចំ​ណែក​ខាង​តថាគត ពោល​យ៉ាង​នេះថា សូម្បី​ពួក​សត្វ​មាន​ជីវិត​ណា ដែល​នៅ​ក្នុង​អណ្ដូង​ស្មោក​គ្រោកក្ដី រណ្ដៅស្មោក​គ្រោក​ក្ដី ជន​ណា​ចាក់​នូវ​ទឹក​លាង​ចាន​ក្ដី ទឹក​លាង​ឆ្នាំង​ក្ដី ក្នុងទីស្មោកគ្រោកនោះ ដោយ​គិត​ថា ពួក​សត្វ​ណា មាន​ក្នុង​ទី​ស្មោក​គ្រោកនោះ សត្វ​ទាំង​នោះ ចូរញុំាង​ជីវិត ​ឲ្យ​រស់​នៅ ដោយកាក​អាហារ​នោះចុះ

ម្នាល​វច្ឆៈ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ តថាគតហៅថា ហេតុ​ជា​ទី​មក​ នៃបុណ្យ ចាំ​បាច់​ពោល​ទៅ​ថ្វី ​ដល់​ពួក​មនុស្ស។ ម្នាល​វច្ឆៈ តថាគត​គ្រាន់តែ​ពោល​ថា ទាន​ដែល​ឲ្យ​ដល់​បុគ្គល​មាន​សីល មាន​ផល​ច្រើន ដល់បុគ្គល​ទ្រុស្ត​សីល មិន​ដូច្នោះ​ទេ។…»

sut.an.03.058

អ្វី​ដែល​មិន​ត្រូវ​បាន​ផ្តល់​ឱ្យ គឺ​បាត់​បង់

«…បុគ្គលជញ្ជូននូវភាជន៍ណា អំពីផ្ទះដែលភ្លើងកំពុងឆេះ ពុំនោះសោត ភ្លើងមិនទាន់ឆេះនូវវត្ថុណា ក្នុងផ្ទះនោះ ភាជន៍ និងវត្ថុនោះ ជាប្រយោជន៍នៃបុគ្គលនោះឯង សត្វលោកដែលជរា និងមរណៈឆេះយ៉ាងនេះ ត្រូវតែនាំទ្រព្យចេញ ដោយទានកុំខាន ទានដែលបុគ្គលឲ្យហើយ ឈ្មោះថា នាំចេញដោយល្អ វត្ថុដែលបុគ្គលឲ្យហើយ ជាវត្ថុមានសុខជាផល វត្ថុដែលបុគ្គលមិនឲ្យហើយ ជាវត្ថុមិនមានសុខជាផលទេ ពួកចោរតែងនាំទៅ ពួករាជការតែងរឹបយក ភ្លើងតែងឆេះវិនាសទៅ ពុំនោះសោត វេលាស្លាប់ទៅ ក៏រមែងលះបង់នូវសរីរៈ និងរបស់ដែលបុគ្គលធ្លាប់ហួងហែង អ្នកប្រាជ្ញដឹងនូវសេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង បុគ្គលឲ្យទាន ទាំងបរិភោគ ឲ្យសមគួរតាមសភាពហើយ គេមិនដែលនិន្ទាទេ តែងបានទៅកើតក្នុងឋានសួគ៌។»

sut.sn.01.041

ដើម្បីយកឈ្នះ កំណាញ្ញ

បុគ្គលគប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្តីមិនក្រោធ គប្បីផ្ចាញ់មនុស្សអសប្បុរស ដោយសប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ដោយការឲ្យ គប្បីផ្ចាញ់មនុស្សនិយាយពាក្យមិនពិត ដោយពាក្យពិត។ sut.kn.dhp.223

ព្រោះសេចក្តីកំណាញ់ និងសេចក្តីប្រមាទ បានជានរជនឲ្យទានមិនកើត យ៉ាងនេះ ទាន កាលបើបុគ្គលដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យគួរតែឲ្យ។ sut.sn.01.032

បុគ្គល កំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយ មិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញ តែងអនុមោទនាទាន ព្រោះហេតុនោះ លោកតែងបានសេចក្តីសុខ ក្នុងលោកខាងមុខ។ sut.kn.dhp.177

ផ្តល់​ឱ្យ​សូម្បី​តែ​អាហារ​តែ​មួយ​គត់​ដែល​នៅ​សល់

«បើ​សត្វ​ទាំង​ឡាយ គប្បី​ដឹង​ផល នៃ​ការ​ចែក​រលែក ថា​មាន​ផល​ច្រើន ដូច​ព្រះ​ពុទ្ធ​ទ្រង់​ស្វែង​រក​គុណ​ដ៏​ធំ ត្រាស់​ទុក​ហើយ​យ៉ាង​នេះ សត្វ​ទាំង​ឡាយ មាន​ចិត្ត​ជ្រះ​ថ្លា គប្បី​បន្ទោបង់​មន្ទិល គឺ​សេចក្ដី​កំណាញ់​ចេញ ទាន​ដែល​គេ​ឲ្យ​ហើយ ដល់​ព្រះ​អរិយៈ​ទាំង​ឡាយ​ណា រមែង​មាន​ផល​ច្រើន បុគ្គល​ទាំង​ឡាយ គួរ​ឲ្យ​ទាន​ដល់​ព្រះ​អរិយៈ​ទាំង​នោះ ក្នុង​កាល​ដ៏​គួរ មួយ​ទៀត ជន​ច្រើន​នាក់ ឲ្យ​បាយ​ជា​ទក្ខិណា​ទាន ដល់​ទក្ខិណេយ្យ​បុគ្គល​ទាំង​ឡាយ ទាយក​ទាំង​ឡាយ លុះ​ច្យុត​អំពី​អត្តភាព​ជា​មនុស្ស​នេះ​ហើយ រមែង​ទៅ​កាន់​ឋានសួគ៌ ទាយក​ទាំង​នោះ លុះ​ទៅ​កាន់​ឋានសួគ៌ ជា​អ្នក​មាន​ចំណង់​ក្នុង​កាម រមែង​រីករាយ ក្នុង​ស្ថាន​សួគ៌​នោះ សត្វ​ទាំង​ឡាយ មិន​កំណាញ់ រមែង​សោយ​ផល នៃ​ការ​ចែក​រលែក។ »

sut.kn.iti.026

ឱកាស​ត្រឹមត្រូវ​សម្រាប់​ការ​ផ្តល់​ឱ្យ

«ពួកជនមានបញ្ញា ដឹងភាសិតរបស់អ្នកប្រាជ្ញ មានសេចក្តីកំណាញ់ប្រាសចេញហើយ មានចិត្តជ្រះថ្លាហើយ រមែងឲ្យទាន ក្នុងកាលគួរ ទានដែលបុគ្គលឲ្យ តាមកាលគួរ ចំពោះព្រះអរិយបុគ្គលទាំងឡាយ ដែលជាបុគ្គលមានកាយ និងចិត្ត ប្រកបដោយតាទិគុណ ទក្ខិណាទានរបស់បុគ្គលនោះ ជាទានមានផលបរិបូណ៌។ ពួកជនណា អនុមោទនា ឬធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងទក្ខិណាទាននោះ ទក្ខិណាទាន របស់អ្នកទាំងនោះ នឹងបានឈ្មោះថា ជាទានថយថោក ព្រោះតែអនុមោទនា ឬធ្វើការខ្វល់ខ្វាយនោះក៏ទេ ពួកជនទាំងនោះ ជាអ្នកបានចំណែកបុណ្យដែរ។ ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ជាទានមានផលច្រើន បុគ្គលមានចិត្តមិនបានរួញរា គប្បីឲ្យទាន ចំពោះបុគ្គលនោះ ព្រោះថា បុណ្យទាំងឡាយ រមែងជាទីពឹងនៃពួកសត្វ ក្នុងលោកខាងមុខ។»

sut.an.05.036

ដើម្បី​​ទទួល​​បាន​​រង្វាន់​​ខ្ពស់​​បំផុត តើ​​យើង​​គួរ​​ឲ្យ​​អ្នក​​ណា?

«ម្នាល​វច្ឆៈ ចំ​ណែក​ខាង​តថាគត ពោល​យ៉ាង​នេះថា សូម្បី​ពួក​សត្វ​មាន​ជីវិត​ណា ដែល​នៅ​ក្នុង​អណ្ដូង​ស្មោក​គ្រោកក្ដី រណ្ដៅស្មោក​គ្រោក​ក្ដី ជន​ណា​ចាក់​នូវ​ទឹក​លាង​ចាន​ក្ដី ទឹក​លាង​ឆ្នាំង​ក្ដី ក្នុងទីស្មោកគ្រោកនោះ ដោយ​គិត​ថា ពួក​សត្វ​ណា មាន​ក្នុង​ទី​ស្មោក​គ្រោកនោះ សត្វ​ទាំង​នោះ ចូរញុំាង​ជីវិត ​ឲ្យ​រស់​នៅ ដោយកាក​អាហារ​នោះចុះ ម្នាល​វច្ឆៈ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ តថាគតហៅថា ហេតុ​ជា​ទី​មក​ នៃបុណ្យ ចាំ​បាច់​ពោល​ទៅ​ថ្វី ​ដល់​ពួក​មនុស្ស។ ម្នាល​វច្ឆៈ តថាគត​គ្រាន់តែ​ពោល​ថា ទាន​ដែល​ឲ្យ​ដល់​បុគ្គល​មាន​សីល មាន​ផល​ច្រើន ដល់បុគ្គល​ទ្រុស្ត​សីល មិន​ដូច្នោះ​ទេ។ ព្រោះ​បុគ្គល​មាន​សីល​នោះ លះ​អង្គ​៥ ប្រកប​ដោយ​អង្គ​៥។

លះ​អង្គ​៥ ដូចម្ដេច។ គឺ​ជា​អ្នក​លះ​កាម​ច្ឆន្ទៈ ១ លះ​ព្យាបាទៈ ១ លះ​ថីនមិទ្ធៈ ​១ លះឧទ្ធច្ចកុក្កុច្ចៈ ១ លះ​វិចិកិច្ឆា​ ១។ នេះ​ឈ្មោះ​ថា​ លះ​អង្គ​៥។ បុគ្គល​ប្រកប​ដោយ​អង្គ​៥​ តើ​ដូច​ម្ដេច។ គឺ​ជា​អ្នក​ប្រកប​ដោយ​សីល​ក្ខន្ធ ​ជា​អសេក្ខៈ ១ ប្រកប​ដោយ​សមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​បញ្ញា​ខន្ធ ​ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនក្ខន្ធ ជា​អសេក្ខៈ ១។

បុគ្គល​ប្រកប​ដោយ​អង្គ​ ទាំង​៥​នេះ។ តថាគត​ពោល​ថា ទាន​ដែល​បុគ្គលឲ្យ​ ចំពោះ​បុគ្គល​អ្នក​លះ​អង្គ​៥ ​ប្រកប​ដោយ​អង្គ​៥ ​​មាន​ផល​ច្រើន ដោយប្រការ​ដូច្នេះ។ »

sut.an.03.058

«ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួល​នូវ​ចតុប្បច្ច័យ ដែល​គេនាំ​មកបូជា គួរទទួល​នូវចតុប្បច្ច័យ​ដែលគេ​តាក់តែង​ដើម្បីភ្ញៀវ គួរទទួល​នូវ​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ដែលសត្វលោក​គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃក្រៃលែង​ជាងគ្មាន។

បុគ្គល ៨ ពួក ​តើដូចម្ដេច។ គឺ​បុគ្គល​ជា​សោតាបន្ន ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជាសកទាគាមី ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់​ច្បាស់​សកទាគាមិផល ១ បុគ្គល​ជាអនាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​អនាគាមិផល ១ បុគ្គល​ជាអរហន្ដ ១ បុគ្គលជា​អ្នក​ប្រតិបត្តិ ដើម្បីអរហត្ត ១។

ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ទាំង៨ ពួកនេះឯង ជាអ្នកគួរ​ទទួល​នូវចតុប្បច្ច័យ​ដែលគេនាំ​មកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រក​ខេត្តដទៃ ក្រៃលែង​ជាងគ្មាន។…»

sut.an.08.059

តើ​​មនុស្ស​​បរិសុទ្ធ​​ផ្ដល់​​អំណោយ​​យ៉ាង​​ដូច​ម្ដេច?

«ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយសទ្ធា ១ ឲ្យទានដោយគោរព ១ ឲ្យទានតាមកាលគួរ ១ ឲ្យទានដោយចិត្តអនុគ្រោះ ១ ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ១។…»

sut.an.05.148

អត្ថប្រយោជន៍ផ្សេងៗគ្នាជាច្រើន

[សីហសេនាបតី] «បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចនឹងបញ្ញត្តផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯងបានឬទេ។

ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសីហៈ អាចបញ្ញត្តបាន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ដោយហេតុណា ហេតុនេះឯង ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។

ម្នាលសីហៈ មួយទៀត ពួកសប្បុរស អ្នកមានចិត្តស្ងប់រម្ងាប់ រមែងរាប់រកទាយកអ្នកម្ចាស់ទាន ម្នាលសីហៈ បើពួកសប្បុរស មានចិត្តស្ងប់រម្ងាប់ តែងរាប់រកទាយកអ្នកម្ចាស់ទាន ដោយហេតុណា ហេតុនេះ ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។

ម្នាលសីហៈ មួយទៀត កិតិ្តស័ព្ទដ៏ពីរោះ របស់ទាយកអ្នកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ម្នាលសីហៈ ឯកិត្តិស័ព្ទដ៏ពីរោះ របស់ទាយកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ដោយហេតុណា ហេតុនេះឯង ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។

ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ម្នាលសីហៈ បើទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណាក៏ដោយ ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏ក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ដោយហេតុណា ហេតុនេះ ជាផលទាន ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។

ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលសីហៈ បើទាយកម្ចាស់ទាន បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដោយហេតុណា ហេតុនេះ ជាផលទាន មានក្នុងលោកខាងមុខ។

កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ សីហសេនាបតី បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤ប្រការ ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគ សំដែងប្រាប់ហើយនេះ ខ្ញុំព្រះអង្គ មិនបាច់ជឿព្រះដ៏មានព្រះភាគ ត្រង់ផលទានទាំងនោះទេ ខ្ញុំព្រះអង្គ បានដឹងផលទានទាំងនុ៎ះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាទាយកម្ចាស់ទាន ពួកសប្បុរសអ្នកមានចិត្តស្ងាប់រម្ងាប់ តែងរាប់រកខ្ញុំព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន កិត្តិស័ព្ទដ៏ពីរោះរបស់ខ្ញុំ ក៏លាន់ឮថា សីហសេនាបតី ជាអ្នកឲ្យទាន ជាអ្នកធ្វើបុណ្យ អ្នកឧបដ្ឋាកសង្ឃ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស។ បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤ ប្រការ ដែលបុគ្គល គប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគ សំដែងហើយនេះ ខ្ញុំព្រះអង្គ មិនបាច់ជឿព្រះដ៏មានព្រះភាគ ត្រង់ផលទានទាំងនោះទេ ដ្បិតខ្ញុំព្រះអង្គ ដឹងនូវផលទានទាំងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ដែលព្រះដ៏មានព្រះភាគ បានត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនេះរួចហើយថា ម្នាលសីហៈ ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ខ្ញុំព្រះអង្គ មិនដឹងហេតុនុ៎ះមែន ក៏ប៉ុន្តែថា ខ្ញុំព្រះអង្គ ចេះតែជឿព្រះដ៏មានព្រះភាគ ក្នុងផលទាននោះ។

ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។…»

sut.an.05.034

ការ​ជម្រុញ​ច្រើន អត្ថប្រយោជន៍​ជា​ច្រើន

«…ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត ទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមានអានិសង្សច្រើន ក៏មាន ម្នាលសារីបុត្ត ទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្សច្រើន ក៏មាន។

បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន តែមិនមានអានិសង្សច្រើន បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន មានអានិសង្សច្រើន។

ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹងនូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ។ បុគ្គលនោះ ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងឧបករណ៍ដល់ប្រទីបជាទាន ចំពោះសមណៈ ឬញ្រហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់នូវហេតុនោះដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទាន មានសភាពបែបនេះដែរឬ។

មានព្រះអង្គ។

ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា ឲ្យទានទាំងប្រកបដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹងនូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ លុះបុគ្គលនោះ ឲ្យទាននោះរួចហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាជាធំ ក្នុងជាន់ចាតុម្មហារាជិកៈ។ លុះបុគ្គលនោះ អស់កម្មនោះហើយ ក៏បានមកកាន់អត្តភាពនេះ បាននូវឫទ្ធិនោះ យសនោះ អធិបតេយ្យនោះទៀត។

ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ មិនឲ្យទានប្រកបដោយតណ្ហា មិនឲ្យទានទាំងចិត្តជាប់ជំពាក់ មិនឲ្យទានទាំងសំឡឹងនូវការសន្សំទុក មិនឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគចំណែកខ្លះ ឲ្យទានដោយគិតថា ទានជាការល្អ។បេ។ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញមិនគួរដើម្បីញុំាងវង្ស របស់ត្រកូលបុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរញុំាងវង្សត្រកូលបុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ចំណែកខ្លះ ឲ្យទានដោយគិតថា អាត្មាអញចម្អិន (បាយ) ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីមិនឲ្យទានដល់ជនដែលមិនទាន់ចម្អិន ទាំងមិនឲ្យទានដោយគិតថា អាត្មាអញចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីមិនឲ្យទាន ដល់ជនមិនទាន់ចម្អិន ចំណែកខ្លះ ឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីជាន់មុនទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និងការចែករលែកនេះ នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីជាន់មុនទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាននឹងការចែករលែក នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ចំណែកខ្លះ ឲ្យទានដោយគិតថា កាលអាត្មាអញ ឲ្យទាននេះ ចិត្តក៏រមែងជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏រមែងកើតឡើង ទាំងមិនឲ្យទានដោយគិតថា កាលអាត្មាអញឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏រមែងកើតឡើង ចំណែកខ្លះ ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត។ បុគ្គលនោះ តែងឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងឧបករណ៍ដល់ប្រទីប ជាទានដល់សមណៈ ឬញ្រហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់នូវហេតុនោះដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទានមានសភាពយ៉ាងនេះដែរឬ។

មាន ព្រះអង្គ។

ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា មិនឲ្យទានប្រកបដោយតណ្ហា មិនឲ្យទានទាំងចិត្តជាប់ជំពាក់ មិនឲ្យទាន ទាំងសំឡឹងនូវការសន្សំទុក មិនឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ ទាំងមិនឲ្យទានដោយគិតថា ទានជាការល្អ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរញុំាងវង្សត្រកូលបុរាណ ដែលជីដូនជីតាធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីនឹងមិនឲ្យទាន ដល់ពួកបុគ្គលមិនចម្អិន ទាំងមិនឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីទាំងនោះគឺ ឥសី ឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និងការចែករលែកនេះ នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទានដោយគិតថា កាលអាត្មាអញឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏កើតឡើង ចំណែកខ្លះ ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត លុះបុគ្គលនោះ ឲ្យទាននោះរួចហើយ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងព្រហ្មកាយិកទេវតា បុគ្គលនោះ ញុំាងផលកម្មនោះ ញុំាងឫទ្ធិនោះ ញុំាងយសនោះ ញុំាងអធិបតេយ្យនោះ ឲ្យអស់ហើយ ជាអនាគាមី មិនមកកាន់ភពនេះទេ

ម្នាលសារីបុត្ត នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន តែមិនមានអានិសង្សច្រើន ម្នាលសារីបុត្ត នេះឯងជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន មានអានិសង្សច្រើន។»

sut.an.07.052

អំណោយដ៏អស្ចារ្យបំផុត

ធម្មទាន ឈ្នះអាមិសទានទាំងពួង ធម្មរស ឈ្នះរសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះសេចក្តីត្រេកអរទាំងពួង ការអស់តណ្ហា ឈ្នះទុក្ខទាំងពួង។

sut.kn.dhp.354

សូម​មើល​ផង​ដែរ៖


km/ptf/dhamma/dana/index.txt · ពេលកែចុងក្រោយ: 2023/05/26 02:07 និពន្ឋដោយ Johann