User Tools

Site Tools


Translations of this page?:
km:ptf:dhamma:nekkhamma:index

ការចេញចាកកាម គឺ​ចេញបួស៖ នេក្ខម្ម

Renunciation

សង្ខេប

នេក្ខម្ម​​ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

ការចេញចាកកាម គឺ​ចេញបួស

នេក្ខម្ម

អានដោយ ឧបាសិកា វិឡា

ការ​ដោះដូរ​ដោយ​យុត្តិធម៌

បុគ្គលអ្នកចាស់គ្រាំគ្រា បានដល់ព្រះនិព្វាន ជាគុណជាតមិនចាស់គ្រាំគ្រា អ្នកក្តៅក្រហាយ បានដល់ព្រះនិព្វានជាគុណជាតដ៏ត្រជាក់ ជានិរាមិសសុខ ជាគុណជាតស្ងប់រម្ងាប់ដ៏ក្រៃលែង ជាគុណដ៏ប្រសើរ ជាទីក្សេមចាកយោគៈ។ sut.kn.tha.01.032

បើឃើញសេចក្តីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ។ sut.kn.dhp.290

ផ្ទុយ​ទៅ​នឹង​គំនិត​ធម្មតា

«…លំដាប់នោះ តបុស្សគហបតី បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះតបុស្សគហបតី អង្គុយក្នុងទីសមគួរហើយ បានទូលសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នា។ ព្រះអានន្ទដ៏មានអាយុតបថា ម្នាលគហបតី នេះពាក្យជាប្រធាន ដែលនាំឲ្យជួបព្រះដ៏មានព្រះភាគ ម្នាលគហបតី យើងមកទៅ យើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលរឿងនុ៎ះ ដល់ព្រះដ៏មានព្រះភាគ បើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករដល់យើងយ៉ាងណា យើងនឹងធ្វើតាមយ៉ាងនោះ។ ឯតបុស្សគហបតី ទទួលស្តាប់ព្រះអានន្ទដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ដ៏ចំរើន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ជាមួយនឹងតបុស្សគហបតី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន តបុស្សគហបតីនេះ បាននិយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុ ក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នាណាស់។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ សូម្បីតថាគត កាលនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹង ក្នុងកាលមុន អំពីកាលជាទីត្រាស់ដឹងនៅឡើយ គង់មានសេចក្ដីយល់ឃើញថា នេក្ខម្មៈ ជាគុណជាតប្រពៃ សេចក្ដីស្ងប់ស្ងាត់ ជាគុណជាតប្រពៃ ដូច្នេះដែរ។ ម្នាលអានន្ទ តែកាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោសក្នុងកាមទាំងឡាយ អញមិនទាន់ឃើញទេ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេក្ខម្មៈ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងកាមទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេក្ខម្មៈហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនុ៎ះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោស ក្នុងកាមទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនេក្ខម្មៈហើយ ក៏សេពគប់អានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈឡើង ម្នាលអានន្ទ តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្ដីស្ងប់ស្ងាត់។ …»

sut.an.09.041

បរមសុខ

«… ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភទ្ទិយៈ បានឮថា អ្នកទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយ ៗ ថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះមែនឬ។ ព្រះភទ្ទិយក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភទ្ទិយៈ អ្នកពិចារណាឃើញអំណាចប្រយោជន៍ដូចម្តេច បានជាចូលទៅនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយ ៗ ថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ខ្ញុំព្រះអង្គនៅជាគ្រហស្ថ សោយសុខក្នុងរាជ្យ ការរក្សាខាងក្នុងព្រះរាជវាំង គេបានចាត់ចែងល្អហើយ ការរក្សាខាងក្រៅព្រះរាជវាំង គេក៏ចាត់ចែងល្អហើយ ការរក្សាខាងក្នុងនគរ គេចាត់ចែងល្អហើយ ការរក្សាខាងក្រៅនគរ គេចាត់ចែងល្អហើយ ការរក្សាក្នុងជនបទ គេចាត់ចែងល្អហើយ ការរក្សាខាងក្រៅជនបទ គេចាត់ចែងល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង ដែលគេរក្សាគ្រប់គ្រងយ៉ាងនេះហើយ ក៏នៅតែភ័យ ភ្ញាក់ផ្អើល រង្កៀសតក់ស្លុត បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គតែម្នាក់ឯង ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ក៏លែងភ័យ លែងភ្ញាក់ផ្អើល លែងតក់ស្លុតហើយ ជាអ្នកមានការខ្វល់ខ្វាយតិច ឥតព្រឺព្រួចរោម ចិញ្ចឹមជីវិតដោយបច្ច័យដែលអ្នកដទៃឲ្យ នៅដោយមានចិត្តដូចជាពួកម្រឹក។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញអំណាចប្រយោជន៍នេះហើយ ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សេចក្តីក្រោធ មិនមានក្នុងចិត្តរបស់បុគ្គលណា បុគ្គលនោះឈ្មោះថា កន្លងផុតនូវសេចក្តីចំរើន និងសេចក្តីវិនាស ទេវតាទាំងឡាយ កម្រនឹងបានឃើញបុគ្គលដែលប្រាសចាកភ័យ បានប្រកបដោយសេចក្តីសុខ ឥតសោកនោះឡើយ។ sut.kn.uda.20

គេង​លក់​ស្រួល​ពេល​យប់

»…ម្នាល​កុមារ បើដូច្នោះ តថាគត​នឹង​សួរអ្នក​ ក្នុងដំណើរ​នុ៎ះ ថា​បើ​អ្នក​គាប់​ចិត្ត​យ៉ាង​ណា គប្បី​ព្យាករ​ នូវ​ដំណើរ​នោះ​ យ៉ាងនោះ​ចុះ។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ​ដូចម្ដេច គហបតី ​ឬគហបតិបុត្រ​ ក្នុង​លោក​នេះ មាន​ផ្ទះ​កំពូល​ បូក​លាប​ខាង​ក្នុង​ ទាំង​បូក​លាប​ខាង​ក្រៅ ខ្យល់​ចូល​មិន​រួច មាន​ទ្វារ​ដ៏​ជិត មាន​បង្អួច​បិទ​ជិត​ ក្នុង​ផ្ទះ​នោះ មាន​បល្ល័ង្កក្រាល​ដោយ​កម្រាល​គោណកៈ ក្រាល​ដោយ​កម្រាល​បដិកៈ ក្រាលដោយកម្រាល​បដលិកៈ​ មាន​កម្រាល​ដ៏​ប្រសើរ ជាវិការ​នៃ​ស្បែក​ឈ្មុស ​ មានខ្នើយ​ក្រហម​ទាំង​ពីរ​ខាង ព្រមទាំង​ពិតាន​ក្រហម​ ទាំង​ប្រទីប​ប្រេង​ ក៏​ឆេះ​ភ្លឺក្នុង​ផ្ទះ​នោះ មាន​ប្រពន្ធ​៤​នាក់ នៅ​ផ្គត់​ផ្គង់​បម្រើ ដោយ​សេចក្ដី​គាប់ចិត្ត។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ​ដូច​ម្ដេច បុគ្គល​នោះ ​គួរ​ដេក​ជាសុខ​ ឬទេ ឬ​អ្នកមាន​សេចក្ដី​យល់ ក្នុង​ដំណើរ​នុ៎ះ​ ដូច​ម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏​ចំ​រើន បុគ្គល​នោះ​ គួរ​ដេក​ជាសុខ ពួក​ជនណា ​ដេក​ជា​សុខ ក្នុងលោក បណ្ដា​ជន​ទាំង​នោះ អ្នក​នោះ​ ជាអ្នក​ដេក​ជា​សុខ​មួយ​នឹង​គេដែរ។

ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ដូចម្ដេច គហបតី ឬ​គហបតិបុត្រ​នោះ កើត​សេច​ក្ដី​រសាប់​រសល់ ​ផ្សាយ​ទៅ​ក្នុង​កាយ ​ក្នុង​ចិត្ត ដែល​បណ្ដាល​អំ​ពីរាគៈ គហបតី​ ឬ​គហបតិបុត្រ​នោះ ត្រូវ​សេច​ក្ដី​រសាប់​រសល់ ​ដែល​បណ្ដាលអំ​ពី​រាគៈ​ណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ​ ឬទេ។

យ៉ាង​នឹង​ហើយ ព្រះ​អង្គ។

ម្នាល​កុមារ គហបតី ​ឬ​គហបតិ​បុត្រ​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំ​ពី​រាគៈណា រោល​រាល​ ត្រូវ​ដេក​ជា​ទុក្ខ រាគៈ​នោះ តថាគត​ បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​ហើយ ធ្វើ​មិន​ឲ្យ​កើតទៀត ដូច​ជា​ត្នោត​កំ​បុត​ក ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យមាន​ទី​កើត​តទៅទៀត ​ជាធម្មតា ហេតុ​នោះ ​ទើប​តថាគត​បាន​សិង​ជា​សុខ ម្នាល​កុមារ អ្នក​សំ​គាល់ហេតុ​នោះ ​ដូច​ម្ដេច គហបតី ​ឬគហបតិបុត្រ​ កើត​សេចក្ដី​រសាប់​រសល់ ដែលបណ្ដាល​អំ​ពី​ទោសៈ។ បេ​។ កើត​សេច​ក្ដី​រសាប់​រសល់​ផ្សាយ​ទៅ​ក្នុង​កាយ ក្នុង​ចិត្ត ដែល​បណ្ដាល​អំពី​មោហៈ បុគ្គល​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ ​ឬ​ទេ។

យ៉ាងហ្នឹង​ហើយ ​ព្រះ​អង្គ។

ម្នាល​កុមារ គហបតី ឬគហបតិបុត្រ​នោះ ត្រូវ​សេចក្ដីរសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈ​ណា រោលរាល ត្រូវ​ដេក​ជា​ទុក្ខ មោហៈនោះ តថាគត​ លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិលឫស​គល់​ហើយ ធ្វើ​មិនឲ្យកើត​ទៀត ដូច​ជា​ត្នោតកំបុតក ធ្វើ​ឲ្យវិនាស មិនឲ្យ​មាន​ទី​កើត​តទៅទៀត ​ជា​ធម្មតា ហេតុ​នោះ ទើប​តថាគត ​បាន​សិង​ជា​សុខ។

អ្នក​ណា​មាន​បាប​បន្សាត់​ចោល រំលត់​ទុក្ខ​ហើយ រមែងដេក​ជា​សុខ​សព្វ​កាល បុគ្គល​ណា ​មិន​ជាប់​ជំពាក់ ​ក្នុងកាម​ទាំង​ឡាយ មាន​សេចក្ដី​ត្រជាក់ មិន​មាន​ឧបធិក្កិលេស បាន​ផ្ដាច់​បង់ ​នូវ​តណ្ហា​ទាំង​អស់ បន្ទោបង់​ នូវសេចក្ដី​ក្រវល់​ក្រ​វាយ ក្នុង​ហឫទ័យ បុគ្គល​ស្ងប់ រមែង​ដេក​ជា​សុខ​ ដល់​នូវ​ការ​ស្ងប់​ នៃចិត្ត​បាន។ sut.an.03.035

ធ្វើ​អោយ​ស្ងប់

ពួក​បុថុជ្ជន មាន​ព្យាធិជាធម្មតា មាន​ជរា​ជាធម្មតា មាន​មរណៈ ​ជាធម្មតា ធម្មតា (ខ្លួន​) យ៉ាង​ណា ក៏ត្រូវ​តែមាន​យ៉ាង​នោះ តែ​ខ្ពើម ​(បុគ្គលដទៃ)។ ប្រសិន​បើតថាគត ខ្ពើម​រអើម នូវ​ហេតុ​នោះ ក្នុង​សត្វ​ទាំងឡាយ ដែល​មាន​ធម្មតា យ៉ាង​នេះ សេចក្ដី​ខ្ពើម​រអើម​នោះ មិនសម​គួរ ​ដល់​តថាគត ដែល​នៅ​​យ៉ាង​នោះទេ។ កាល​តថាគត កំពុង​នៅ យ៉ាង​នេះ បាន​ដឹង​នូវ​ធម៌ ដែល​មិន​មាន​ឧបធិ ក៏​បានគ្របសង្កត់សេចក្ដី​ស្រវឹង ព្រោះ​មិនមាន​រោគ ព្រោះវ័យ ព្រោះ​ជីវិត​ទាំងពួងបាន ព្រោះ​ឃើញ​នូវ​នេក្ខម្ម ដោយ​សេចក្ដី​ក្សេម។ កាល​តថាគត​នោះ ឃើញច្បាស់​នូវ​ព្រះ​និព្វាន ក៏កើតឧស្សាហ៍ តថាគត ​មិន​គួរ​ដើម្បី​សេព នូវ​កាម​ទាំងឡាយ ក្នុង​កាល​ឥឡូវ​នេះទេ​ នឹង​មិន​ត្រឡប់​មករក​(កាម) វិញទេ មាន​ព្រហ្មចារ្យប្រព្រឹត្ត​ទៅ​ខាង​មុខ។ sut.an.03.039

មិនខ្លាច

«… ម្នាលព្រាហ្មណ៍ ចុះបុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា មិនខ្លាច មិនតក់ស្លុត នឹងសេចក្ដីស្លាប់ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបា្រសចាកតម្រេក បា្រសចាកសេចក្ដីពេញចិត្ត បា្រសចាកសេចក្ដីស្រឡាញ់ បា្រសចាកសេចក្ដីស្រេកឃ្លាន បា្រសចាកសេចក្ដីក្ដៅក្រហាយ បា្រសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ មិនដែលត្រិះរិះ យ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់ អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទីស្រឡាញ់ដែរ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។…»

sut.an.04.184

សូមមើលបន្ថែមទៀត៖ «Trading Candy for Gold: Renunciation as a Skill,» ដោយ ព្រះឋានិស្សរោ ភិក្ខុ។


km/ptf/dhamma/nekkhamma/index.txt · ពេលកែចុងក្រោយ: 2024/01/22 06:24 និពន្ឋដោយ Johann