User Tools

Site Tools


Translations of this page?:
km:ptf:dhamma:sacca:index

អរិយ​សច្ច ៤៖ ចត្តារិ អរិយ សច្ចានិ

Four Noble Truths

សង្ខេប

ការ​​ពន្យល់​​អំពី​​អរិយ​សច្ច ៤ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

អរិយ​សច្ច ៤

ចត្តារិ អរិយ សច្ចានិ

អានដោយ ?

បំបែក​ចេញ​ដោយ​សេរី

«…ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបាន​ចាក់ធ្លុះនូវអរិយសច្ចទាំង៤។ អរិយសច្ចទាំង៤នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច

ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច​នោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច​​ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច​ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាំចនាំសត្វ​អំពី​ភព​មួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីក្នុងកាលឥឡូវនេះ ក៏មិនមានឡើយ។…»

sut.dn.16

ស្នាមជើងដំរី

«…ដូច្នេះថា នែអ្នកទាំងឡាយមានអាយុ ស្នាមជើង​ទាំង​ឡាយណាមួយ របស់ពួកសត្វ ដែលនៅលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ តែង​ប្រជុំចុះ ក្នុងស្នាមជើងដំរី ស្នាមជើងដំរី ប្រាកដជាវិសេសជាង​ស្នាមជើងនៃសត្វ​ទាំងអម្បាលនោះ ព្រោះស្នាមជើងដំរីនោះ ជាស្នាមជើងធំ ដូចម្តេចមិញ ម្នាលអ្នកទាំង​ឡាយ​មានអាយុ កុសលធម៌ទាំងឡាយណានីមួយ កុសលធម៌ទាំងអស់នោះ តែង​សង្គ្រោះចូលក្នុងអរិយសច្ចទាំង៤ ដូច្នេះឯង អរិយសច្ចទាំង៤ តើដូចម្តេចខ្លះ គឺ ទុក្ខអរិយ​សច្ច១ ទុក្ខសមុទយអរិយសច្ច១ ទុក្ខនិរោធអរិយសច្ច១ ទុក្ខនិរោធគាមិនី​បដិបទា​អរិយ​សច្ច១។ …»

sut.mn.028

កិច្ច​​មួយ​ដែល​​ទាក់​​ទង​​នឹង​​អរិយ​សច្ច​ ៤​ និមួយៗ

[ព្រះពុទ្ធនិយាយអំពីការត្រាស់ដឹងរបស់គាត់៖]

«…ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ទុក្ខនេះហៅថា អរិយសច្ច ដែលតថាគត បាន កំណត់ដឹង ហើយ។ …»

«…ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ ប្រាជ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា តណ្ហា ជាហេតុឲ្យកើតទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត លះចោល ហើយ។ …»

«… ម្នាលភិក្ខុទាំងឡាយ ចក្ខុកើត ឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ ហើយ។ …»

«… ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត ចំរើន ហើយ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ញាណទស្សនៈ (ការដឹង និងការឃើញ) មានបរិវដ្ដ (វិល) ៣ មានអាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់តថាគតនៅមិនទាន់បរិសុទ្ធតាមពិតត្រឹមណា ភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង ចំពោះសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ត្រឹមណោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែញាណទស្សនៈ មានបរិវដ្ដ ៣ មានអាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់តថាគត បរិសុទ្ធតាមពិតក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង ចំពោះសម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលណោះ។ មួយទៀត ញ្ញាណទស្សនៈ កើតឡើងដល់តថាគតថា វិមុត្តិ គឺ អរហត្តផល របស់តថាគត មិនកម្រើកឡើយ ជាតិនេះផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។ …»

sut.sn.56.011

សូម​មើល​ផង​ដែរ៖

km/ptf/dhamma/sacca/index.txt · ពេលកែចុងក្រោយ: 2024/11/02 08:51 និពន្ឋដោយ Johann