Nibbana
ការពន្យល់អំពីព្រះនិព្វាន ដោយព្រះសូត្រ ដូចតទៅ ពាក្យរបស់ព្រះពុទ្ធ។
«និព្វាន» គឺជាផលនៃការរំដោះជាទីបំផុត និងការរំដោះចេញពីទុក្ខទាំងអស់ ហើយសេរីភាព ដែលមិនញ័រទេ។ វាជាគោលដៅចុងក្រោយនៃសេចក្តីប្រៀនប្រដៅទាំងអស់ របស់ព្រះពុទ្ធ។
«…បុគ្គលណាដឹងច្បាស់ នូវរបស់ខ្លួន និងរបស់ជនដទៃ ក្នុងលោក រមែងមិនមានសេចក្ដីញាប់ញ័រ ក្នុងអារម្មណ៍នីមួយទេ តថាគតពោលថា បុគ្គលនោះ ស្ងប់រម្ងាប់ ប្រាសចាកផ្សែង គឺ ទុច្ចរិត មិនមានសេចក្ដីទុក្ខ មិនមានតណ្ហា បានឆ្លងជាតិ និងជរាហើយ ដូច្នេះនេះ ដែលតថាគតពោលហើយ ក្នុងបុណ្ណកប្បញ្ហា បរាយនវគ្គ សំដៅហេតុនុ៎ះឯង។»
«ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្តីស្ងប់ មិនមាន។
សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង (អ្នកប្រាជ្ញ) ដឹងច្បាស់សេចក្តីនុ៎ះ តាមពិតហើយ (រមែងធ្វើឲ្យច្បាស់) នូវព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង។
លាភមានការមិនមានរោគ ជាយ៉ាងក្រៃលែង ទ្រព្យមានសេចក្តីសន្តោស ជាយ៉ាងក្រៃលែង ញាតិមានសេចក្តីស្និទ្ធស្នាល ជាយ៉ាងក្រៃលែង ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង។»
«…នៃអរិយបុគ្គលទាំងឡាយ មានការពិនិត្យ ជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាតដ៏ប្រសើរបំផុត។…»
«…ម្នាលភិក្ខុទាំងឡាយ អាយតនៈ នោះ រមែងមានពិត ដីមិនមាន ទឹកមិនមាន ភ្លើងមិនមាន ខ្យល់មិនមាន អាកាសានញ្ចាយនៈមិនមាន វិញ្ញាណញ្ចាយតនៈ មិនមាន អាកិញ្ចញ្ញាយតនៈមិនមាន នេវសញ្ញានាសញ្ញាយតនៈមិនមាន លោកនេះ មិនមាន លោកមុខមិនមាន ព្រះចន្ទ និងព្រះអាទិត្យទាំងពីរក៏មិនមាន ក្នុងព្រះនិព្វានណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលព្រះនិព្វាននោះថា មិនមានដំណើរមក មិនមានដំណើរទៅ មិនមានការតាំងនៅ មិនមានការច្យុតិ មិនមានការកើត មិនមានទីជាទីតាំង មិនប្រព្រឹត្តទៅ មិនមានអារម្មណ៍ ព្រះនិញ្វននោះ ជាទីបំផុតនៃទុក្ខតែម្យ៉ាង។»
«…ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានឈ្មោះថា អជាតៈ [មិនកើត] ឈ្មោះថា អភូតៈ [មិនក្លាយជា] ឈ្មោះថា អកតៈ [មិនបង្កើត] ឈ្មោះថា អសង្ខតៈ [មិនសាងសង់] មានប្រាកដ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើព្រះនិព្វាននោះឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ មិនមានទេ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូប ដែលប្រាកដនូវហេតុ ដែលធ្វើនូវបច្ច័យដែលតាក់តែង ក្នុងលោកនេះ ក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វាន ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ រមែងមានប្រាកដ ព្រោះហេតុណា ហេតុនោះ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូបក៏ប្រាកដ នូវហេតុដែលគួរធ្វើ នូវបច្ច័យជាទីតាក់តែង ក៏រមែងប្រាកដ។»
«…ទឹក ដី ភ្លើង ខ្យល់ រមែងមិនតាំងនៅក្នុងនិព្វានធាតុណា ពួកផ្កាយមាននាមថា សុក្កៈ (មានពន្លឺ) រមែងមិនភ្លឺ ទាំងព្រះអាទិត្យក៏មិនរុងរឿង ក្នុងនិព្វានធាតុនោះ ព្រះចន្ទ ក៏មិនមានពន្លឺក្នុងនិព្វានធាតុនោះ ទាំងងងឹតក៏មិនមាន ក្នុងនិព្វានធាតុនោះទេ។ ព្រាហ្មណ៍មាននាមថាមុនី ព្រោះមោនប្បដិបត្តិ ដឹងច្បាស់នូវព្រះនិព្វាន ដោយខ្លួនឯង ក្នុងកាលណា រមែងរួចចាករូបផង អរូបផង សុខទុក្ខផង ក្នុងកាលនោះ។
»… គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់លើកអាចម៍ដីបន្តិច ដោយចុងព្រះនខៈ រួចទ្រង់ត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច អាចម៍ដីបន្តិច ដែលតថាគត ចាប់លើកដោយចុងក្រចកនេះ និងមហាប្រឹថពីនេះ តើណាច្រើនជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីច្រើនជាង អាចម៍ដីបន្តិច ដែលព្រះអង្គចាប់លើក ដោយចុងព្រះនខៈនុ៎ះ មានប្រមាណតិចណាស់ អាចម៍ដីបន្តិច ដែលព្រះអង្គចាប់លើក ដោយចុងព្រះនខៈ យកទៅប្រៀបធៀបនឹងមហាប្រឹថពី មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។
ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច បុគ្គលជាអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានសេចក្តីទុក្ខ ដែលអស់ទៅ រីងស្ងួតទៅ ច្រើនជាង ឯសេចក្តីទុក្ខដែលសល់នៅ សំដៅយកត្រឹម ៧អត្តភាព មានប្រមាណតិចណាស់ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែក ដោយការប្រៀបធៀបនឹងកងទុក្ខអំពីមុន ដែលអស់ទៅ សាបសូន្យទៅឡើយ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌ មានប្រយោជន៍ច្រើនយ៉ាងនេះ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។
[វច្ឆគោត្តបរិព្វាជក៖] «…កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ចុះភិក្ខុដែលមានចិត្តរួចស្រឡះហើយ យ៉ាងនេះ នឹងកើតទៀតក្នុងទីណា ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា កើតទៀត ដូច្នេះ មិនគួរទេ។ កាលខ្ញុំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែមិនកើតទៀតទេឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា មិនកើតទៀតដូច្នេះ ក៏មិនគួរ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែកើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះ ក៏មិនគួរ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះ ក៏មិនគួរ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ដល់នូវសេចក្តីមិនដឹង ក្នុងដំណើរនេះ ដល់នូវសេចក្តីងេងងោង ក្នុងដំណើរនេះ។ វាចាណារបស់ខ្ញុំ ដែលជាវាចាអាចញុំាងសេចក្តីជ្រះថ្លា ឲ្យកើតមាន ដោយពាក្យចរចាមុន របស់ព្រះគោតមដ៏ចំរើន ឥឡូវនេះ វាចានោះ របស់ខ្ញុំ ក៏បាត់អស់ទៅ។
ម្នាលវច្ឆៈ គួរតែអ្នកមិនដឹង គួរតែអ្នកងេងងោង ម្នាលវច្ឆៈ ព្រោះធម៌នេះ ជាធម៌ដ៏ជ្រៅ ជាធម៌ដែលបុគ្គលឃើញបានដោយកម្រ ជាធម៌ត្រាស់ដឹងបានដោយកម្រ ជាធម៌ដ៏ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីត្រាច់ចុះនៃវិតក្កៈបាន ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន ធម៌នោះ ខ្លួនអ្នកដែលមានទិដ្ឋិដទៃ មានសេចក្តីពេញចិត្តដទៃ មានសេចក្តីគាប់ចិត្តដទៃ មានសេចក្តីព្យាយាមក្នុងទីដទៃ មានអាចារ្យក្នុងទីដទៃ រមែងដឹងបានដោយកម្រ ម្នាលវច្ឆៈ បើដូច្នោះ តថាគតនឹងត្រឡប់សួរអ្នក ក្នុងដំណើរនេះវិញ ដំណើរនោះ គួរដល់អ្នកយ៉ាងណា អ្នកគប្បីដោះស្រាយ នូវដំណើរនោះ យ៉ាងនោះចុះ ម្នាលវច្ឆៈ អ្នកសំគាល់នូវដំណើរនោះ ដូចម្តេច បើភ្លើងឆេះ ក្នុងទីចំពោះមុខអ្នក អ្នកគប្បីដឹងថា ភ្លើងនេះឆេះក្នុងទីចំពោះមុខ អាត្មាអញដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន បើភ្លើងឆេះ ក្នុងទីចំពោះមុខខ្ញុំ ខ្ញុំគប្បីដឹងថា ភ្លើងនេះឆេះក្នុងទីចំពោះមុខអាត្មាអញ។ ម្នាលវច្ឆៈ បើគេសួរអ្នកយ៉ាងនេះថា ភ្លើងណាឆេះ ក្នុងទីចំពោះមុខអ្នក ភ្លើងនេះឆេះ ព្រោះអាស្រ័យអ្វី ម្នាលវច្ឆៈ បើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន បើគេសួរខ្ញុំយ៉ាងនេះថា ភ្លើងណាឆេះ ក្នុងទីចំពោះមុខអ្នក ភ្លើងនេះឆេះ ព្រោះអាស្រ័យអ្វី បពិត្រព្រះគោតមដ៏ចំរើន បើគេសួរយ៉ាងនេះ ខ្ញុំគប្បីដោះស្រាយ យ៉ាងនេះថា ភ្លើងណាឆេះ ក្នុងទីចំពោះមុខខ្ញុំ ភ្លើងនេះឆេះឡើង ព្រោះអាស្រ័យនូវកំញម គឺស្មៅ និងឧស។ ម្នាលវច្ឆៈ បើភ្លើងនោះរលត់ទៅ ក្នុងទីចំពោះមុខ (អ្នក) អ្នកគប្បីដឹងថា ភ្លើងនេះរលត់ហើយ ក្នុងទីចំពោះមុខអាត្មាអញដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន បើភ្លើងនោះ រលត់ទៅ ក្នុងទីចំពោះមុខខ្ញុំ ខ្ញុំគប្បីដឹងថា ភ្លើងនេះរលត់ហើយ ក្នុងទីចំពោះមុខអាត្មាអញ។ ម្នាលវច្ឆៈ ចុះបើគេសួរយ៉ាងនេះថា ភ្លើងណា ដែលរលត់ហើយ ក្នុងទីចំពោះមុខអ្នក ភ្លើងនោះ ទៅអំពីទីនេះទៅហើយ ទៅកាន់ទិសណា ខាងកើត ឬខាងលិច ខាងជើង ឬខាងត្បូង ម្នាលវច្ឆៈ បើគេសួរយ៉ាងនេះ តើអ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរនឹងដោះស្រាយបានទេ បពិត្រព្រះគោតមដ៏ចំរើន ដ្បិតថា ភ្លើងនោះ ឆេះ ព្រោះអាស្រ័យនូវកំញម គឺស្មៅ និងឧសណា ដល់នូវកិរិយារាប់ថា រលត់ទៅមិនមានអាហារ ដូច្នេះ ព្រោះអស់ទៅនៃកំញម គឺស្មៅ និងឧសនោះផង ព្រោះមិនមានកិរិយានាំចូលទៅជិត នូវវត្ថុដទៃផង។
ម្នាលវច្ឆៈ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយរូបណា រូបនោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជារូបមានកិរិយាមិនកើតឡើងតទៅទៀត ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃរូប ជាអ្នកជ្រៅ (ដោយគុណ) មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បានដោយកម្រយ៉ាងនេះឯង។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀតទេ ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយវេទនាណា វេទនានោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជាវេទនាមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃវេទនា ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀត ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយសញ្ញាណា សញ្ញានោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជាសញ្ញាមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃសញ្ញា ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀតទេ ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន ថាមិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយសង្ខារទាំងឡាយណា សង្ខារទាំងឡាយនោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជាសង្ខារមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃសង្ខារ ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀត ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន ថាមិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយវិញ្ញាណណា វិញ្ញាណនោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជាវិញ្ញាណមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃវិញ្ញាណ ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។…»
«…ព្រះអរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។…»
(ឯកសារយោង៖ សំសារ)
«ជនពួកខ្លះ កើតក្នុងគភ៌មនុស្ស ពួកអ្នកមានអំពើអាក្រក់ ទៅកាន់នរក ពួកអ្នកមានគតិល្អ ទៅកាន់ឋានសួគ៌ ពួកអ្នកមិនមានអាសវៈ បរិនិព្វាន។»
រកមើលជំនួយ | អំពីនេះ | ទំនាក់ទំនង | វិសាលភាពនៃអំណោយធម៌ | កិច្ចសហការ
អនុមោទនា បុណ្យកុសល!