The Fourth Noble Truth
ការពន្យល់អំពីអរិយសច្ច ទី៤ ដោយព្រះសូត្រ ដូចតទៅ ពាក្យរបស់ព្រះពុទ្ធ។
ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ តើដូចម្ដេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ (មជ្ឈិមាបដិបទា) គឺ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ។ គឺសេចក្ដីយល់ត្រូវ ១ សេចក្ដីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការធ្វើត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្ដីព្យាយាមត្រូវ ១ សេចក្ដីរឭកត្រូវ ១ ការធ្វើចិត្តឲ្យនឹងត្រូវ ១។
[វិសាខឧបាសក គឺស្វាមីអតីតរបស់ ធម្មទិន្នាភិក្ខុនី ថា៖] បពិត្រព្រះនាងជាម្ចាស់ ខន្ធទាំង៣ប្រការ (បញ្ញាខន្ធ ១ សីលក្ខន្ធ ១ សមាធិក្ខន្ធ ១) លោកសង្គ្រោះចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរ ឬអដ្ឋង្គិកមគ្គ ដ៏ប្រសើរ លោកសង្គ្រោះចូល ក្នុងខន្ធ ទាំង៣ប្រការវិញ។
[ធម្មទិន្នាភិក្ខុនី ថា៖] ម្នាលអាវុសោវិសាខ ខន្ធទាំង៣ប្រការ លោកមិនបានសង្គ្រោះចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរទេ ម្នាលអាវុសោវិសាខ តែអដ្ឋង្គិកមគ្គ ទាំង៨ប្រការ ដ៏ប្រសើរ លោកសង្គ្រោះ ចូលក្នុងខន្ធ ទាំង៣ប្រការវិញ ម្នាលអាវុសោវិសាខ សម្មាវាចា (ការនិយាយត្រូវ) ១ សម្មាកម្មន្តៈ (ការធ្វើត្រូវ) ១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ) ១ ធម៌ទាំង (៣) នេះ លោកសង្គ្រោះ ចូលក្នុងសីលក្ខន្ធ សម្មាវាយាមៈ (ការព្យាយាមត្រូវ) ១ សម្មាសតិ (ការរឭកត្រូវ) ១ សម្មាសមាធិ (ការដំកល់ចិត្តមាំត្រូវ) ១ ធម៌ទាំង (៣) នេះ លោកសង្គ្រោះ ចូលក្នុងសមាធិក្ខន្ធ សម្មាទិដ្ឋិ (គឺសេចក្តីឃើញត្រូវ ឬយល់ត្រូវ) ១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ) ១ ធម៌ទំាង (២) នេះ លោកសង្គ្រោះ ចូលក្នុងបញ្ញាខន្ធ។ បពិត្រព្រះនាងជាម្ចាស់ សមាធិ ដូចម្តេច ពួកធម៌ជា សមាធិនិមិត្ត ដូចម្តេច ពួកធម៌ជា សមាធិបរិក្ខារ ដូចម្តេច សមាធិភាវនា ដូចម្តេច។ ម្នាលអាវុសោវិសាខ សភាវៈ ដែលធ្វើចិត្តឲ្យនឹង នៅក្នុងអារម្មណ៍តែមួយ ហៅថា សមាធិ សតិប្បដ្ឋានទាំង៤ ហៅថា សមាធិនិមិត្ត សម្មប្បធាន៤ ហៅថា សមាធិបរិក្ខារ ការធ្វើចិត្តឲ្យតំកល់នឹង ការចំរើន និងការធ្វើឲ្យច្រើន ចំពោះធម៌ទាំងនោះឯង ហៅថា សមាធិភាវនា។
ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស កាលដើរទៅក្នុងព្រៃតូច ព្រៃធំ ឃើញផ្លូវចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុនតែងដើរទៅ។ បុរសនោះ ដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏ប្រទះឃើញក្រុងបុរាណ រាជធានីបុរាណ ដែលពួកមនុស្សជាន់មុន បាននៅអាស្រ័យហើយ ជាកន្លែងបរិបូណ៌ដោយសួរច្បារ បរិបូណ៌ដោយព្រៃ បរិបូណ៌ដោយស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ បុរសនោះ ក៏ក្រាបទូលដល់ព្រះរាជា ឬរាជមហាមាត្យថា សូមទ្រង់មេត្តាប្រោស សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ បានឃើញផ្លូវចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុន ធ្លាប់ដើរទៅរឿយៗ ខ្ញុំព្រះអង្គ បានដើរតាមផ្លូវនោះ កាលខ្ញុំព្រះអង្គដើរទៅតាមផ្លូវនោះ បានឃើញក្រុងបុរាណ រាជធានីបុរាណ ដែលមនុស្សទាំងឡាយជាន់ដើម ធ្លាប់នៅអាស្រ័យ ជាកន្លែងបរិបូណ៌ដោយសួរច្បារ បរិបូណ៌ដោយព្រៃ បរិបូណ៌ដោយស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ បពិត្រព្រះអង្គ សូមព្រះអង្គទ្រង់សាងទីក្រុងនោះឡើង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ឬរាជមហាមាត្យនោះ ក៏កសាងក្រុងនោះ លុះសម័យតមក ក្រុងនោះ ក៏ស្តុកស្តម្ភ សម្បូរ មានរបស់ជាប្រយោជន៍ដល់ជនច្រើន កុះករដោយមនុស្ស ជានគរមានសេចក្តីចម្រើនទូលំទូលាយ។
ម្នាលភិក្ខុទាំងឡាយ ដំណើរនេះក៏ដូច្នោះដែរ តថាគត បានឃើញផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅនោះ តើដូចម្តេច។ ផ្លូវប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់ឃើញត្រូវ១។ សេចក្ដីត្រិះរិះត្រូវ ១។ វាចាត្រូវ ១។ ការធ្វើត្រូវ ១។ ការចិញ្ចឹមជីវិតត្រូវ ១។ សេចក្ដីព្យាយាមត្រូវ ១។ សេចក្ដីរឭកត្រូវ ១។ ការតម្កល់ចិត្តត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅ តថាគតនោះ បានដើរទៅ តាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់នូវហេតុ ជាទីកើតនៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ តថាគត បានដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានស្គាល់ច្បាស់នូវជាតិ។បេ។
បានស្គាល់ច្បាស់នូវភព… បានស្គាល់ច្បាស់នូវឧបាទាន… បានស្គាល់ច្បាស់នូវតណ្ហា… បានស្គាល់ច្បាស់នូវវេទនា…. បានស្គាល់ច្បាស់នូវផស្សៈ… បានស្គាល់ច្បាស់នូវសឡាយតនៈ… បានស្គាល់ច្បាស់នូវនាមរូប… បានស្គាល់ច្បាស់នូវវិញ្ញាណ តថាគត បានដើរទៅតាមផ្លូវនោះ កាលដើរទៅតាមផ្លូវនោះ ក៏បានដឹងច្បាស់ នូវសង្ខារទាំងឡាយ បានដឹងច្បាស់នូវហេតុ ជាទីកើតនៃសង្ខារ បានដឹងច្បាស់នូវទីរលត់នៃសង្ខារ បានដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ លុះតថាគត បានដឹងច្បាស់ នូវធម៌នោះហើយ ក៏បានប្រាប់ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនោះឯង ស្តុកស្តម្ភ សម្បូរ ទូលាយ សម្រាប់ជនច្រើនគ្នាចេះដឹង ជាព្រហ្មចរិយៈក្រាស់ក្រែល ដែលព្រះពុទ្ធទាំងឡាយ ប្រកាសដោយប្រពៃ ដល់ពួកទេវតា និងមនុស្ស ជាកំណត់។
ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោលនូវសមាតាបុត្តិកភ័យ ៣ យ៉ាងនេះឯងថា ជាអមាតាបុត្តិកភ័យ។ ម្នាលភិក្ខុទាំងឡាយ អមាតាបុត្តិកភ័យនេះ មាន៣ យ៉ាង។ អមាតាបុត្តិកភ័យ ៣ យ៉ាង តើដូចម្ដេច។ គឺជរាភ័យ ភ័យព្រោះជរា១ ព្យាធិភ័យ ភ័យព្រោះព្យាធិ១ មរណភ័យ ភ័យព្រោះមរណៈ១។
ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រ ដែលកំពុងជរា យ៉ាងនេះថា អាត្មាអញចាស់ សូមកុំឲ្យបុត្រអាត្មាអញចាស់ឡើយ ចំណែកខាងបុត្រ ក៏មិនបានឃើញមាតា ដែលកំពុងចាស់ យ៉ាងនេះថា អាត្មាអញ សូមកុំឲ្យមាតារបស់អញ ចាស់ឡើយ។
ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រដែលកំពុងមានព្យាធិ យ៉ាងនេះថា អាត្មាអញ មានព្យាធិ សូមកុំឲ្យបុត្ររបស់អាត្មាអញ មានព្យាធិឡើយ ចំណែកខាងបុត្រ មិនបានឃើញមាតា ដែលកំពុងមានព្យាធិ យ៉ាងនេះថា អាត្មាអញ មានព្យាធិ សូមកុំឲ្យមាតារបស់អាត្មាអញ មានព្យាធិឡើយ។
ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រ ដែលស្លាប់យ៉ាងនេះថា អាត្មាអញ រមែងស្លាប់ សូមកុំឲ្យបុត្ររបស់អញ ស្លាប់ឡើយ ចំណែកខាងបុត្រ ក៏មិនបានឃើញមាតា ដែលស្លាប់ យ៉ាងនេះថា អាត្មាអញ រមែងតែស្លាប់ សូមកុំឲ្យមាតារបស់អាត្មាអញ ស្លាប់ឡើយ ម្នាលភិក្ខុទាំងឡាយ អមាតាបុត្តិកភ័យ មាន៣ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ មគ្គ និងបដិបទា រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ ដើម្បីកន្លងបង់ នូវសមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង នូវអមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង។
ម្នាលភិក្ខុទាំងឡាយ មគ្គ តើដូចម្ដេច បដិបទា តើដូចម្ដេច រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ កន្លងបង់ នូវសមាតាបុត្តិកភ័យ ទាំង៣យ៉ាងនេះបានផង នូវអមាតាបុត្តិកភ័យ ទាំង៣ នេះបានផង។ មគ្គ ដែលប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ ១។
ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មគ្គ នេះហៅថា បដិបទា ប្រព្រឹត្តទៅ ដើម្បីលះបង់ ដើម្បីកន្លងបង់ នូវសមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង នូវអមាតាបុត្តិកភ័យ ទាំង៣យ៉ាងនេះផង។
ម្នាលសុភទ្ទ អរិយមគ្គ មានអង្គ៨ មិនមានក្នុងធម្មវិន័យណា សមណៈ ទី១ក្តី (សំដៅយកសោតាបន្នសមណៈ) មិនមានក្នុងធម្មវិន័យនោះ សមណៈទី២ក្តី (សកទាគាមិសមណៈ) មិនមានក្នុងធម្មវិន័យនោះ សមណៈទី៣ក្តី (អនាគាមិសមណៈ) មិនមានក្នុងធម្មវិន័យនោះ សមណៈទី៤ក្តី (អរហន្តសមណៈ) ក៏មិនមានក្នុងធម្មវិន័យនោះដែរ ម្នាលសុភទ្ទ លុះតែអរិយមគ្គ ប្រកបដោយអង្គ៨ មានក្នុងធម្មវិន័យណា សមណៈ(ទី១)ក្តី ទើបមានក្នុងធម្មវិន័យនោះ សមណៈទី២ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី៣ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី៤ក្តី ក៏មានក្នុងធម្មវិន័យនោះដែរ ម្នាលសុភទ្ទ អរិយមគ្គ ប្រកបដោយអង្គ៨ មានតែក្នុងធម្មវិន័យនេះឯង ម្នាលសុភទ្ទ សមណៈ(ទី១) ក៏មានតែក្នុងសាសនា សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ បរប្បវាទ (វាទៈនៃគ្រូដទៃ) អំពីសំណាក់នៃបុគ្គលដទៃ រមែងសូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹងមិនបានសូន្យចាកពួកអរហន្តឡើយ។
រកមើលជំនួយ | អំពីនេះ | ទំនាក់ទំនង | វិសាលភាពនៃអំណោយធម៌ | កិច្ចសហការ
អនុមោទនា បុណ្យកុសល!