km:ptf:dhamma:sacca:sacca4:samma-ajivo:index

មាតិកា

ការ​ចិញ្ចឹម​ជីវិត​ត្រូវ៖ សម្មា អាជីវោ

Right Livelihood

សង្ខេប

ការ​​ពន្យល់​​អំពី​​ការ​​ចិញ្ចឹម​​ជីវិត​​ត្រូវ​​ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

ការ​ចិញ្ចឹម​ជីវិត​ត្រូវ

សម្មា អាជីវោ

អានដោយ ព្រះ​ខេមានន្ទ

ការ​ចិញ្ចឹម​ជីវិត​ត្រូវគឺ​ជា​អង្គ​ទី ៥ នែ​អង្គទាំង ៨ នៅអរិយមគ្គនេះ ហើយ​នឹង​ជា​សមាជិក​របស់​​ចំណែកនែ​សិល​​ខន្ធ

និយមន័យ

«…ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ លះបង់ នូវការចិញ្ចឹមជីវិតខុស សម្រេចការចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាអាជីវៈ។…»

sut.sn.45.008

ការ​ចិញ្ចឹមជីវិត តាម​អោយ​មាន​លំ​នឹង​ស្មើគ្មា

«ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ដឹងច្បាស់នូវ​ការចំរើននៃ​ភោគៈទាំងឡាយផង ដឹងច្បាស់​នូវការវិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ។»

«ម្នាល​ព្យគ្ឃបជ្ជៈ ប្រៀបដូច​ជនអ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នកថ្លឹង​ជញ្ជីងក្ដី លើកនូវ​ជញ្ជីង​ថ្លឹងហើយ ក៏ដឹងថា ទន់​ទៅខាង​ម្ខាងផង បះឡើង​ខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​អ្នកដឹងច្បាស់​នូវការ​ចំរើន​នៃភោគៈទាំងឡាយ​ផង ដឹងច្បាស់នូវ​ការវិនាសទៅ នៃ​ភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជិវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច ហើយចិញ្ចឹម​ជីវិតច្រើន​លើស​លុប អ្នកផង​តែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា។…»

sut.an.08.054

ទាក់​ទង នឹង​អង្គ​ផ្សេងៗ នៃ​អរិយមគ្គ

(តំណ​ភ្ជាប់​ឆ្លង៖ អរិយមគ្គ)

«…ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវ​មិច្ឆាអាជីវៈ ថាជាមិច្ឆាអាជីវៈ ដឹងច្បាស់នូវសម្មាអាជីវៈ ថាជាសម្មាអាជីវៈ។ សេចក្តីដឹងច្បាស់​នោះ ជា​សម្មាទិដ្ឋិ របស់បុគ្គលនោះ។…

…បុគ្គលនោះ ព្យាយាម ដើម្បីលះបង់​នូវមិច្ឆាអាជីវៈ បំពេញនូវ​សម្មាអាជីវៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់​នូវ​មិច្ឆាអាជីវៈ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាអាជីវៈ ហើយសម្រេចសម្រាន្តនៅ។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌​ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវ​សម្មាអាជីវៈនោះ ដោយ​ប្រការដូច្នេះ។…»

sut.mn.117

ការចិញ្ចឹមជីវិតខុសសម្រាប់ ឧបាសក ឧបាសិកា

«ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ។ ជំនួញ ៥ យ៉ាង តើដូចម្តេច។ គឺការជួញគ្រឿងសស្រា្តវុធ ១ ការជួញសត្វ 1) ១ ការជួញ (សត្វដែលគេសម្លាប់យក) សាច់ ១ ការជួញគ្រឿងស្រវឹង ១ ការជួញថ្នាំពិស ១។ ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ ប្រការនេះឯង ឧបាសកមិនគួរធ្វើឡើយ។»

sut.an.05.177

ការ​ចិញ្ចឹម​ជីវិត​ខុស សម្រាប់​សាមណេ និង​ព្រាហ្មណ៍

… មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​​នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែងប្រកបរឿយៗនូវការធ្វើពីជគាម និងភូតគាម​ឲ្យ​វិនាស មានសភាពដូច្នេះ។ ពីជគាម និង​ភូតគាមនោះ តើដូចម្តេចខ្លះ។ គឺមើម ឬឫសជាពូជ១ ដើមជាពូជ១ ថ្នាំងជាពូជ១ ចុង ឬត្រួយជាពូជ១ គ្រាប់ជាពូជ១ ជាគំរប់៥។ ភិក្ខុជាអ្នកវៀរចាកការធ្វើពីជគាម និង​ភូតគាម​ឲ្យ​វិនាស មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។ …គឺសន្សំបាយទុក១ សន្សំទឹកទុក១ សន្សំសំពត់ទុក១ សន្សំយានទុក១ សន្សំទីដេកទុក១ សន្សំ​គ្រឿង​ក្រអូបទុក១ សន្សំគ្រឿងអាមិសៈទុក១។ … ល្បែង​ជា​សត្រូវ ដល់​កុសលធម៌នោះ តើដូចម្តេច។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហា​ភារតៈ និងរាមកេរ្តិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង៤ខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែង​រ៉ាវ​ខ្លះ ល្បែង​លាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់​គ្នាខ្លះ កែះជល់​គ្នាខ្លះ មានជល់​គ្នាខ្លះ ចាបជល់​គ្នាខ្លះ ល្បែង​គុណ​ដំបង​ខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពលខ្លះ ទីលំនៅកងទ័ពខ្លះ ទីមើល​ពួក​សេនា​ដែល​ប្រកបដោយអង្គ៤​ខ្លះ។ ភិក្ខុជាអ្នក​វៀរចាកការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ មានសភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះ។ … [បញ្ជីបន្ត​ទៅ​មុខ​ទៀត…]

sut.dn.02

តើ​អ្នក​ចង់​ក្លាយ​ជា​ទាហាន​ទេ? ប្រហែល​ពិចារណា​នេះ​ជា​មុន...

«…គ្រានោះ យោធាជីវគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់។ បេ។ លុះយោធាជីវគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធានលើអាចា្យជាន់មុន និយាយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម យោធាជីវៈនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ អស់វារៈ ២ ដង។បេ។ យោធាជីវគាមណី ក្រាបបង្គំទូលចំពោះព្រះដ៏មានបុណ្យ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធាន លើអាចា្យជាន់មុន និយាយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម យោធាជីវៈនោះ លុះទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ (ម្នាលគាមណី តថាគត មិនបានដោះស្រាយនឹងអ្នកជាប្រាកដ) ព្រោះតថាគត បានឃាត់អ្នកហើយថា ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគតនឹងសំដែងឲ្យអ្នកស្តាប់។ ម្នាលគាមណី យោធាជីវៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ចិត្តរបស់យោធាជីវៈនោះ កាលពីមុន តែងកាន់អំពើអាក្រក់ ដំកល់ទុកអាក្រក់ថា ចូរឲ្យពួកសត្វទាំងនេះស្លាប់ទៅ ហិនហោចទៅ សាបសូន្យទៅ វិនាសទៅ ឬថា កុំឲ្យមានឡើយ ដូច្នេះ។ ពួកជនដទៃ ក៏សំឡាប់បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែង ព្យាយាម លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសរជិតនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងសរជិតទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុរសបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ នរក ឬតិរច្ឆានណាមួយមិនខាន។

កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ យោធាជីវគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគតមិនបានថា ឲ្យអ្នកឯងយ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនយំពីព្រោះរឿង ដែលទ្រង់ត្រាស់ នឹងខ្ញុំព្រះអង្គ យ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកយោធាជីវៈ ជាអាចារ្យ ប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោតកុហក ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញ យោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះយោធាជីវៈនោះ ទម្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ យោធាជីវៈគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ភ្លឺច្បាស់ណាស់ព្រះអង្គ ភ្លឺច្បាស់ណាស់ព្រះអង្គ។ បេ។ ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។»

sut.sn.42.003

តើ​អ្នក​ចង់​ក្លាយ​ជា​តួកុន​ប្រុស​ទេ? ប្រហែល​ពិចារណា​នេះ​ជា​មុន...

«…គ្រានោះ នដគាមណី ឈ្មោះ តាលបុត្ត ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះតាលបុត្តនដគាមណី អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះដ៏មានព្រះភាគ ត្រាស់ដូចម្តេច។ ព្រះអង្គត្រាស់ថា ណ្ហើយគាមណី រឿងនុ៎ះ លើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។

តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ អាចារ្យ ប្រធានលើអាចារ្យ ក្នុងកាលមុននិយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។

ម្នាលគាមណី តថាគតមិនបានដោះស្រាយនឹងអ្នកជាប្រាកដ ព្រោះតថាគត បានឃាត់អ្នកហើយថា ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនោះ នឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគត នឹងសំដែងឲ្យស្តាប់។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាករាគៈ ជាសត្វជាប់ចំណង គឺរាគៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យឲ្យកើតរាគៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយរាគៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកទោសៈ ជាសត្វជាប់ចំណង គឺទោសៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យ ឲ្យកើតទោសៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយទោសៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកមោហៈ ជាសត្វជាប់ចំណង គឺមោហៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យឲ្យកើតមោហៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយមោហៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ អ្នកលេងរបាំនោះ ជាអ្នកស្រវឹង ជាអ្នកប្រមាទ ដោយខ្លួនឯង ឋិតនៅក្នុងសេចក្តីប្រមាទ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯបហាសនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា អ្នកលេងរបាំ ឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងបហាសទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ នរក ឬតិរច្ឆានណាមួយមិនខាន។

កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តាលបុត្តនដគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគតមិនបានថាឲ្យអ្នកឯង យ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកឯងកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនយំពីព្រោះរឿង ដែលទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោត កុហកខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងបហាសទេវតា។ តាលបុត្តនដគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ច្បាស់ណាស់ព្រះអង្គ ច្បាស់ណាស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ឬប្រាប់ផ្លូវ ដល់មនុស្សវង្វេង ពុំនោះ ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ឲ្យអ្នកមានភ្នែក មើលឃើញរូបបាន យ៉ាងណាមិញ។ ធម៌ដែលព្រះដ៏មានព្រះភាគ ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានបុណ្យផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។ តាលបុត្តនដគាមណី ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។ លុះព្រះតាលបុត្តដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ជាបុគ្គលម្នាក់ឯង ចេញចាកពួក មិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះតាលបុត្តដ៏មានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

sut.sn.42.002

តើ​​ការ​​រក​​ប្រាក់​​ចិញ្ចឹម​​ជីវិត​​ដោយ​​ការ​​ជួញ​​ដូរ​​នឹង​​ធម៌​​គួរ​​​ឬ​​ទេ?

សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍ មាននង្គ័លចំនួន ៥០០ ប្រកបក្នុងកាលសាបព្រោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់យាងសំដៅទៅត្រង់កន្លែងការងារ របស់កសិភារទ្វាជព្រាហ្មណ៍។ សម័យនោះឯង ការអង្គាសបាយ របស់កសិភារទ្វាជព្រាហ្មណ៍ ក៏កំពុងប្រពឹត្តទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ឆៀងចូលទៅកាន់ទីអង្គាសបាយ (របស់កសិភារទ្វាជព្រាហ្មណ៍) លុះចូលទៅដល់ហើយ ក៏ទ្រង់ឈរនៅក្នុងទីដ៏សមគួរ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុងទ្រង់ឈរនៅ ដើម្បីបិណ្ឌបាតហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គ ភ្ជួររាស់ផង សាបព្រោះផង លុះភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគ។ បពិត្រព្រះសមណៈ ចំណែកព្រះអង្គ ចូរភ្ជួររាស់សាបព្រោះ លុះព្រះអង្គភ្ជួររាស់ សាបព្រោះហើយ ចូរបរិភោគចុះ។

ម្នាលព្រាហ្មណ៍ តថាគតក៏ភ្ជួររាស់ផង សាបព្រោះផង លុះតថាគតភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគដែរ។ បពិត្រព្រះសមណៈ យើងខ្ញុំមិនបានឃើញនឹមក្តី នង្គ័លក្តី្ត ផាលក្តី ជន្លួញក្តី សត្វបំរើក្តី របស់ព្រះគោតមដ៏ចំរើនសោះ ប៉ុន្តែហេតុអ្វីបានជាព្រះគោតមដ៏ចំរើននិយាយយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគតភ្ជួររាស់ផង សាបព្រោះផង លុះភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគដែរ។

លំដាប់នោះ កសិភារទ្វាជញ្រហ្មណ៍ បានពោលចំពោះព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គប្តេជ្ញាថាជាអ្នកភ្ជួររាស់ ប៉ុន្តែយើងមិនឃើញនូវការភ្ជួររាស់របស់ព្រះអង្គសោះ យើងសួរនូវការភ្ជួររាស់ សូមព្រះអង្គបា្រប់ឲ្យយើងដឹងនូវការភ្ជួររាស់របស់ព្រះអង្គ។

(ព្រះអង្គត្រាស់ថា)

តថាគត មានសទ្ធាជាពូជ មានតបធម៌ ជាភ្លៀង មានប្រាជ្ញាជានឹម និងនង្គ័ល តថាគត មានហិរិជាចន្ទោល មានចិត្តជាខ្សែ មានសតិជាផាល និងជន្លួញ។ តថាគត គ្រប់គ្រងកាយ គ្រប់គ្រងវាចា សង្រួមនូវអាហារក្នុងផ្ទៃ ធ្វើនូវការជម្រះ (នូវស្មៅ គឺកិលេស) ដោយសច្ចៈ តថាគត មានការស្ងប់ស្ងៀមជាគ្រឿងឈប់សម្រាក។ វីរិយៈរបស់តថាគត ជាគ្រឿងនាំទៅនូវធុរៈ ជាហេតុនាំឲ្យបាននូវព្រះនិព្វានដ៏ក្សេមចាកយោគៈ ទៅកាន់ទីដែលគេទៅ មិនសោកសៅ ជាទីដែលគេមិនត្រឡប់វិញ។ ការភ្ជួររាស់ដែលតថាគតភ្ជួររាស់ហើយយ៉ាងនេះ ជាគុណជាតិមានផលមិនចេះស្លាប់ទេ បុគ្គលធ្វើនូវការភ្ជួររាស់បែបនុ៎ះ ទើបរួចចាកទុក្ខទាំងពួង។

គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ ក៏ដោះបាយដាក់ក្នុងភាជន៍សំរិត ដ៏ធំ បង្អោនចូលទៅថ្វាយព្រះមានព្រះភាគថា

សូមព្រះគោតមដ៏ចំរើន សោយបាយាសចុះ ព្រះគោតមដ៏ចំរើន ក៏ជាអ្នកភ្ជួររាស់ ព្រោះថា ព្រះគោតមដ៏ចំរើន រមែងភ្ជួររាស់ ចំពោះការភ្ជួររាស់ ដែលមានផលមិនចេះស្លាប់។

ភោជនដែលតថាគតពោលហើយដោយគាថា ជាវត្ថុមិនគួរដល់ការបរិភោគទេ ម្នាលព្រាហ្មណ៍ នេះមិនមែនជាទំនៀមរបស់ពួកជនអ្នកឃើញច្បាស់ (នូវអាជីវបារិសុទ្ធិ) ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវភោជន ដែលពោលហើយដោយគាថា ម្នាលព្រាហ្មណ៍ កាលបើធម៌មាននៅ ការស្វែងរកនេះ ជាការប្រព្រឹត្តិចិញ្ចឹមជីវិត។ អ្នកចូរផ្គត់ផ្គង់ ចំពោះលោកអ្នកស្វែងនូវគុណធំ បរិបូណ៌ដោយគុណសព្វគ្រប់ មានអាសវៈអស់ហើយ ស្ងប់រម្ងាប់ចាកកុក្កុច្ចៈ ដោយវត្ថុដទៃ និងបាយទឹកផងចុះ ព្រោះថា ការផ្គត់ផ្គង់នោះ ជាបុញ្ញក្ខេត្តរបស់បុគ្គលអ្នកប្រាថា្នបុណ្យ។

បពិត្រព្រះគោតមដ៏ចំរើន បើដូច្នេះ តើខ្ញុំព្រះអង្គឲ្យនូវបាយាសនេះដល់បុគ្គលណាវិញ។ ម្នាលព្រាហ្មណ៍ តថាគត មិនឃើញបុគ្គលដែលបរិភោគបាយាស ដល់នូវការសុះរលាយល្អ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសទេ វៀរលែងតែតថាគត ឬសាវ័កនៃតថាគតចេញ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់បាយាសនោះ ក្នុងទីដែលគ្មានវត្ថុស្រស់ ឬទម្លាក់ទៅក្នុងទឹក ដែលគ្មានសត្វទៅចុះ។ គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ក៏ទម្លាក់បាយាសនោះ ទៅក្នុងទឹកដែលគ្មានសត្វ។ លំដាប់នោះ បាយាសនោះ ដែលព្រាហ្មណ៍ទម្លាក់ចុះទៅក្នុងទឹកហើយ ក៏ឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម។ ដុំដែកដែលឆេះក្តៅអស់មួយថ្ងៃ ដែលគេដាក់ចុះក្នុងទឹក រមែងឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម យ៉ាងណាមិញ បាយាសដែលព្រាហ្មណ៍ទម្លាក់ទៅក្នុងទឹក ក៏ឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម ក៏យ៉ាងនោះដែរ។…»

sut.kn.snp.1.04

បុគ្គលមិនគប្បីប្រឹងប្រែង ក្នុងអំពើលាមកទាំងពួងទេ បុគ្គលមិនគប្បីជាបុរសនៃបុគ្គលដទៃ មិនគប្បីរស់នៅព្រោះអាស្រ័យអ្នកដទៃ មិនគប្បីប្រព្រឹត្តធម៌ (ដើម្បីលាភ) ដូចការជួញប្រែទេ។«

sut.kn.uda.52

អត្ថប្រយោជន៍ ៥​យ៉ាង​នៃ​ការ​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ សម្រាប់អ្នកចិញ្ចឹម​​ផ្ទះ

…ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលគហបតី ការកាន់យកនូវភោគៈនេះ មាន ៥ យ៉ាង។ ៥យ៉ាង ដូចម្តេចខ្លះ។

ម្នាលគហបតី អរិយសាវក ក្នុងលោកនេះ មានភោគទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ហើយញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតា បិតាឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងបុរសទាំងឡាយឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ នេះជាការកាន់យក នូវភោគៈ ទី១។

ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំ ដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ រមែងញ៉ាំងមិត្រអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី២។

ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំ ដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ទុកការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពីជនមិនជាទីស្រឡាញ់ អំពីអ្នកទាមទារមត៌ក ហើយក៏ធ្វើខ្លួនឲ្យដល់សួស្តី ព្រោះភោគៈទាំងឡាយនោះ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៣។

ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម សន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ហើយជាអ្នកធ្វើនូវពលី ៥ ប្រការ គឺ ញាតិពលី ១ អតិថិពលី ១ បុព្វបេតពលី ១ រាជពលី ១ ទេវតាពលី ១ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៤។

ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ពួកសមណព្រាហ្មណ៍ណា ប្រាសចាកសេចក្តីប្រមាទ ព្រោះស្រវឹង តាំងនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មានតែខ្លួនឯងម្នាក់ រម្ងាប់តែខ្លួនឯងម្នាក់ រំលត់ (កិលេស) ចំពោះខ្លួនម្នាក់ ហើយដំកល់ទុក នូវទក្ខិណាទាន ដ៏ខ្ពង់ខ្ពស់ ជាធម្មជាត ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ចំពោះពួកសមណព្រាហ្មណ៍ មានសភាពដូច្នោះ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៥។

ម្នាលគហបតី ទាំង ៥ នេះឯង ជាការកាន់យក នូវភោគៈទាំងឡាយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ របស់អរិយសាវកនោះ ដល់នូវកិរិយាអស់ទៅ ព្រោះហេតុដែលបុគ្គលគប្បីកាន់យក ចំពោះហេតុ ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុទាំងឡាយណា ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អាត្មាអញ កាន់យកនូវហេតុទាំងឡាយនោះផង ភោគៈទាំងឡាយរបស់អាត្មាអញ ក៏ដល់នូវកិរិយាអស់ទៅផង ដូច្នោះ ហេតុនោះ អរិយសាវកនោះ មិនមានសេចក្តីស្តាយក្រោយសោះឡើយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ អរិយសាវកនោះ ចំរើនឡើង ព្រោះហេតុដែលគប្បីកាន់យក ចំពោះហេតុដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុទាំងឡាយណា ដែលអញគប្បីកាន់យក នូវភោគៈទាំងឡាយ អាត្មាអញ នឹងកាន់យកនូវហេតុទាំងនោះផង ភោគៈទាំងឡាយ របស់អញ ចំរើនឡើងផង ហេតុដូច្នោះនោះ អរិយសាវកនោះ ជាអ្នកឥតមានសេចក្តីស្តាយក្រោយសោះឡើយ។ អរិយសាវក ឥតមានសេចក្តីស្តាយក្រោយ ដោយហេតុទាំងពីរយ៉ាង។

ភោគៈទាំងឡាយ ដែលអាត្មាអញ បានបរិភោគហើយ មិត្រ អាមាត្រ អាត្មាអញ បានចិញ្ចឹមហើយ អាត្មាអញ បានកន្លងផុត អំពីសេចក្តីអន្តរាយហើយ ទក្ខិណាដ៏ប្រសើរបំផុត អាត្មាអញ បានឲ្យហើយ មួយទៀត ពលីទាំង ៥ អាត្មាអញបានធ្វើហើយ ពួកព្រហ្មចារី អ្នកមានសីល ជាអ្នកសង្រួម អាត្មាអញ បានដំកល់ទានទុកហើយ បណ្ឌិតអ្នកនៅគ្រប់គ្រងផ្ទះ ប្រាថ្នាភោគៈ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិនបានក្តៅក្រហាយតាមក្រោយ អាត្មាអញ បានធ្វើហើយ សត្វ គឺនរជន កាលរលឹកឃើញហេតុនុ៎ះ ឈ្មោះថា ជាអ្នកឋិតនៅក្នុងអរិយធម៌ ពួកបណ្ឌិត តែងសរសើរបុគ្គលនុ៎ះ នាលោកិយនេះ បុគ្គលនោះ ដល់ទៅបរលោក រមែងរីករាយ ក្នុងស្ថានសួគ៌។

sut.an.05.041

អត្ថប្រយោជន៍នៃការចិញ្ចឹមជីវិតបន្សុត

«ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍​ណាមួយ ដែលមានវចីកម្មមិនបរិសុទ្ធ។បេ។ ដែល​មានមនោកម្មមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត ឬ​ព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅ​អកុសល ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអាជីវៈ​មិនបរិសុទ្ធនោះឯង។ ឯតថាគត មិនមែនជាមានអាជីវៈ​មិនបរិសុទ្ធ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះទេ តថាគត ជាអ្នកមានអាជីវៈ​បរិសុទ្ធមែន។ ពួក​ព្រះអរិយៈណា ដែលមានអាជីវៈ​បរិសុទ្ធ រមែងសេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុង​ព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាល​ព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវ​អាជីវៈដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួន​ហើយ ទើបតថាគត បានដល់នូវ​សួស្តីដោយច្រើន គួរនឹង​នៅក្នុងព្រៃបាន។

ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍​ណាមួយ ដែលមានវចីកម្មមិនបរិសុទ្ធ។បេ។ ដែល​មានមនោកម្មមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត ឬ​ព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅ​អកុសល ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអាជីវៈ​មិនបរិសុទ្ធនោះឯង។ ឯតថាគត មិនមែនជាមានអាជីវៈ​មិនបរិសុទ្ធ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះទេ តថាគត ជាអ្នកមានអាជីវៈ​បរិសុទ្ធមែន។ ពួក​ព្រះអរិយៈណា ដែលមានអាជីវៈ​បរិសុទ្ធ រមែងសេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុង​ព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាល​ព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវ​អាជីវៈដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួន​ហើយ ទើបតថាគត បានដល់នូវ​សួស្តីដោយច្រើន គួរនឹង​នៅក្នុងព្រៃបាន។…

sut.mn.004

ការ​រស់​នៅ​ដ៏ថ្លៃថ្នូ

អធិប្បាយពាក្យថា បានហើយ មិនគប្បីធ្វើនូវការសន្សំទុកទេ ត្រង់ពាក្យថា បាន គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះហើយ មិនមែន (បាន) ដោយការកុហក គឺញុំាងសត្វលោកឲ្យភាន់ភាំង មិនមែនដោយការពោលពាក្យរាក់ទាក់ មិនមែនដោយការធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀង មិនមែនដោយការកិនកំទេចនូវគុណគេ មិនមែនដោយការស្វែងរកលាភដោយលាភ មិនមែនដោយការឲ្យឈើ មិនមែនដោយការឲ្យឫស្សី មិនមែនដោយការឲ្យស្លឹកឈើ មិនមែនដោយការឲ្យផ្កាឈើ មិនមែនដោយការឲ្យផ្លែឈើ មិនមែនដោយការឲ្យលំអិតសម្រាប់ងូត មិនមែនដោយការឲ្យលំអិតសម្រាប់លាប មិនមែនដោយការឲ្យដីស្អិត មិនមែនដោយការឲ្យឈើស្ទន់ មិនមែនដោយការឲ្យទឹកសម្រាប់លប់មុខ មិនមែនដោយការពោលលើកតម្កើងអ្នកដទៃ មិនមែនដោយការពោលពាក្យមិនពិត ដូចសម្លសណ្តែកបាយ មិនមែនដោយការថ្នាក់ថ្នម (នូវកូនត្រកូល) មិនមែនដោយការចូលទៅអង្គុយលើតាំងក្នុងផ្ទះយ៉ាងរហ័ស មិនមែនដោយវត្ថុវិជ្ជា (ការចេះទាយនូវទីភូមិស្ថាន) មិនមែនដោយតិរច្ឆានវិជ្ជា មិនមែនដោយអង្គវិជ្ជា (ការចេះទាយអវយវៈ) មិនមែនដោយនក្ខត្តវិជ្ជា (ការចេះទាយនក្ខត្តឫក្ស) មិនមែនដោយការទៅធ្វើខ្លួនជាទូត មិនមែនដោយការទៅធ្វើខ្លួនជាអ្នកនាំដំណឹងដែលគេផ្តាំ មិនមែនដោយការធ្វើជាអ្នកបំរើគេដោយស្មង មិនមែនដោយវេជ្ជកម្ម មិនមែនដោយនវកម្ម មិនមែនដោយការឲ្យដុំបាយដោយដុំបាយ មិនមែនដោយការឲ្យទៅឲ្យមក គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះហើយ ដោយធម៌ដ៏ស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) បានហើយ។ ពាក្យថា មិនគប្បីធ្វើនូវការសន្សំទេ គឺមិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីបង្កើត មិនគប្បីបង្កើតចំពោះនូវការសន្សំបាយ ការសន្សំទឹក ការសន្សំសំពត់ ការសន្សំយាន ការសន្សំទីដេក ការសន្សំគ្រឿងក្រអូប ការសន្សំអាមិសៈ ហេតុនោះ (ទ្រង់ត្រាស់ថា) បានហើយ មិនគប្បីធ្វើនូវការសន្សំទេ។

sut.kn.man.14


1)
អដ្ឋកថា ថា៖ មនុស្ស
km/ptf/dhamma/sacca/sacca4/samma-ajivo/index.txt · ពេលកែចុងក្រោយ: 2023/05/09 17:23 និពន្ឋដោយ Johann