Right speech
ការពន្យល់អំពីការយល់ត្រូវ ដោយព្រះសូត្រ ដូចតទៅ ពាក្យរបស់ព្រះពុទ្ធ។
ការយល់ត្រូវគឺជាអង្គទី ១ នែអង្គទាំង ៨ នៅអរិយមគ្គនេះ ហើយនឹងជាសមាជិករបស់ចំណែកនែបញ្ញាខន្ធ។
«ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិនៃបុគ្គលណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ កុំមានពៀរនិងគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួនឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកមានសេចក្តីយល់ត្រូវ
…គឺជាមនុស្ស យល់ឃើញនូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន ពួកសត្វទាំងឡាយ ជាឱបបាតិកកំណើតមាន ពួកសមណញ្រហ្មណ៍ក្នុងលោក ដែលជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខដោយប្រាជ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មាន ១។»…
«…ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដឹងច្បាស់ ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីប្រជុំឲ្យកើតទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីរលត់ទៅនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងបដិបទាទៅកាន់ធម៌ជា ទីរលត់នៃទុក្ខណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ។
»…ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន លោកនេះមិនមាន បរលោកមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ ជាអ្នកព្រមព្រៀងប្រតិបត្តិត្រឹមត្រូវ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក្នុងលោកនេះមិនមាន ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈជាសឹកសត្រូវដោយត្រង់ (ខុសទីទៃពីគ្នា) ពោលទៅរកសមណព្រាហ្មណ៍ទាំងនោះវិញថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មាន លោកនេះមាន បរលោកមាន មាតាមានគុណ បិតាមានគុណ សត្វទាំងឡាយ ជាឱបបាតិកៈមាន ពួកសមណព្រាហ្មណ៍ ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិត្រឹមត្រូវ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក្នុងលោកនេះមាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងឡាយនេះ ពោលពាក្យជាសឹកសត្រូវដោយត្រង់ ទៅរកគ្នានឹងគ្នា មែនឬ។ ព្រះករុណាព្រះអង្គ។
ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ការបូជាតូច មិនមានផល។បេ។ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួនឯង នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក៏មិនមាន ហេតុនោះ ក៏ប្រាកដដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) ក៏លះបង់នូវកុសលធម៌ទាំង៣នេះគឺ កាយសុចរិត វចីសុចរិត មនោសុចរិត ហើយសមាទាន ប្រព្រឹត្តអកុសលធម៌ទាំង៣នេះគឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ការប្រព្រឹត្តិនោះ ព្រោះហេតុដូចម្តេច ព្រោះថា ពួកសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនឃើញទោស នៃអកុសលធម៌ទាំងឡាយ ដ៏លាមក ដ៏សៅហ្មង ព្រមទាំងមិនឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែកនៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ បុគ្គលមានសេចក្តីយល់ឃើញបរលោក ដែលមានប្រាកដមែនថា បរលោកមិនមានវិញ សេចក្តីយល់ឃើញរបស់អ្នកនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ បុគ្គលត្រិះរិះ នូវបរលោក ដែលមានប្រាកដមែនថា បរលោកមិនមានទៅវិញ សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថាមិច្ឆាសង្កប្បៈ។ បុគ្គលពោលវាចា ចំពោះបរលោក ដែលមានពិតប្រាកដមែនថា បរលោកមិនមានទៅវិញ វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។ បុគ្គលពោលបរលោក ដែលបរលោក ដែលមានពិតមែនថា បរលោកមិនមានវិញ បុគ្គលនោះ ឈ្មោះថា ធ្វើសឹកសត្រូវ ចំពោះព្រះអរហន្តទាំងឡាយ ជាអ្នកជ្រាបច្បាស់ នូវបរលោក។ បុគ្គលណា ពន្យល់អ្នកដទៃ ឲ្យយល់បរលោក ដែលមានពិតមែនថា បរលោក មិនមានវិញ ការពន្យល់នោះ របស់បុគ្គលនោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ គឺពន្យល់ខុសចាកព្រះសទ្ធម្ម ហើយលើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ ដោយអសទ្ធម្មសញ្ញត្តិនោះ។ មួយវិញទៀត បុគ្គលលះបង់នូវភាវៈ ជាអ្នកមានសីលល្អ ក្នុងកាលមុន ហើយតាំងទុកនូវភាវៈ ជាអ្នកទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជាអសទ្ធម្មសញ្ញត្តិ ហៅថា លើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ។ ធម៌ជាអកុសល ដ៏លាមក មានច្រើនទាំងអម្បាលនេះ កើតឡើងព្រម ព្រោះមានមិច្ឆាទិដ្ឋិជាបច្ច័យយ៉ាងនេះ។
ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍នោះ ដូច្នេះថា បើបរលោកមិនមានទេ បុរសបុគ្គលដ៏ចំរើននេះ បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងធ្វើខ្លួនឲ្យសួស្តីបានយ៉ាងនេះ បើបរលោកមានមែន បុរសបុគ្គលដ៏ចំរើននេះ បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ មុខជានឹងទៅកើត ក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក យ៉ាងនេះមិនខាន។ បើបរលោក មិនមានដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ លោកតិះដៀល ក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គល ដ៏ចំរើននេះ ជាអ្នកទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជានត្ថិកវាទ។ បើបរលោកមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលចាញ់ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយ តិះដៀល ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ នឹងទៅកើត ក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ អបណ្ណកធម៌ ដែលបុគ្គលធ្វើមិនពេញលេញ សមាទានមិនល្អហើយ រមែងផ្សាយទៅតាមវាទៈ របស់ខ្លួនដោយចំណែកមួយ ហើយវៀរបង់ នូវហេតុជាទីតាំង នៃកុសលយ៉ាងនេះ។
(តំណភ្ជាប់ឆ្លង៖ អរិយមគ្គ)
«…ម្នាលភិក្ខុទាំងឡាយ ឯសម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គល ដឹងច្បាស់នូវមិច្ឆាទិដ្ឋិ ថាជាមិច្ឆាទិដ្ឋិ ដឹងច្បាស់នូវសម្មាទិដ្ឋិ ថាជាសម្មាទិដ្ឋិ។ សេចក្តីដឹងនោះ ជាសម្មាទិដ្ឋិ របស់បុគ្គលនោះ។
ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីយល់ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល គ្រឿងបូជាតូច មិនមានផល គ្រឿងបូជាធំ មិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ សត្វជាឱបបាតិកៈកំណើត មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលព្រមព្រៀង ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ត្រាស់ដឹងនូវលោកនេះ និងលោកខាងមុខ មិនមាន នេះឈ្មោះថា មិច្ឆាទិដ្ឋិ។ …
…បុគ្គលនោះព្យាយាម ដើម្បីលះបង់នូវមិច្ឆាទិដ្ឋិ បំពេញនូវសម្មាទិដ្ឋិ។ សេចក្តីព្យាយាមនោះ ឈ្មោះថា សម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់នូវមិច្ឆាទិដ្ឋិ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាទិដ្ឋិ។ សតិនោះ ជាសម្មាសតិរបស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវសម្មាទិដ្ឋិ ដោយប្រការដូច្នេះឯង។…»
«…ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីយល់ខុស រមែងមានតម្រិះខុស បុគ្គលអ្នកមានតម្រិះខុស រមែងមានវាចាខុស បុគ្គលអ្នកមានវាចាខុស រមែងមានការងារខុស បុគ្គលអ្នកមានការងារខុស រមែងមានការចិញ្ចឹមជីវិតខុស បុគ្គលអ្នកចិញ្ចឹមជីវិតខុស រមែងមានសេចក្តីព្យាយាមខុស បុគ្គលអ្នកមានសេចក្តីព្យាយាមខុស រមែងមានការរលឹកខុស បុគ្គលអ្នកមានការរលឹកខុស រមែងមានការដំកល់ចិត្តខុស បុគ្គលអ្នកដំកល់ចិត្តខុស រមែងមានការដឹងខុស បុគ្គលអ្នកមានការដឹងខុស រមែងមានការរួចខុស។ ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យនូវមិច្ឆត្តៈយ៉ាងនេះឯង។ …»
«…ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ បានសមាទាននូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ បានសមាទាននូវវចីកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាប្រយោជន៍ដើម្បីសេចក្តីសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ។
ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្តី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងផែនដីសើម ស្រូបយកនូវរសបឋវីធាតុណាផង ស្រូបយកនូវរសអាបោធាតុណាផង រសទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីរសឆ្ងាញ់ មានរសផ្អែម មានរសមិនបានច្រឡំ (ដោយរសដទៃ) យ៉ាងណាមិញ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ល្អ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ បានសមាទាន នូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង… បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គល ដែលប្រកបដោយសម្មាទិដ្ឋិ ជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាប្រយោជន៍ ដើម្បីសេចក្តីសុខ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ។»
«… ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងសាសនានេះ ជាអ្នកមិនបានចេះដឹង មិនបានឃើញ នូវព្រះអរិយៈទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាសក្នុងអរិយធម៌ មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ មិនបានឃើញនូវសប្បុរសទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាសក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងមិនដឹងច្បាស់ ក្នុងធម៌ដែលគួរធ្វើទុកក្នុងចិត្ត មិនដឹងច្បាស់ ក្នុងធម៌ដែលមិនគួរធ្វើទុកក្នុងចិត្ត។ …
…បុថុជ្ជននោះ ធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះថា អំពីអតីតកាល អាត្មាអញ បានកើតដែរឬ ៗអំពីអតីតកាល អាត្មាអញ មិនបានកើតទេ (មួយយ៉ាងទៀត) អំពីអតីតកាល អាត្មាអញ មានជាតិជាអ្វី ឬអំពីអតីតកាល អាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច អំពីអតីតកាល អាត្មាអញ កើតជាជាតិអ្វី ឬមួយអាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញ នឹងកើតទៀតដែរឬ ៗក្នុងអនាគតកាល អាត្មាអញ នឹងមិនកើតទៀតទេ (មួយយ៉ាងទៀត) ក្នុងអនាគតកាល អាត្មាអញនឹងកើតជាជាតិអ្វី ឬក្នុងអនាគតកាល អាត្មាអញនឹងមានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញនឹងមានជាតិជាអ្វី ឬមានសណ្ឋានទ្រង់ទ្រាយដូចម្តេច (មួយយ៉ាងទៀត) បុថុជ្ជននោះ ប្រារព្ធនូវបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ ហើយមានសេចក្តីសង្ស័យក្នុងខ្លួនថា ឥឡូវនេះ អាត្មាអញមាន ឬមិនមានទេ ឬឥឡូវនេះ អាត្មាអញ មានជាតិជាអ្វី មានសណ្ឋានទ្រង់ទ្រាយដូចម្តេច តើសត្វនេះ មកអំពីណាហ្ន៎ សត្វនោះ នឹងទៅកាន់ទីណាវិញហ្ន៎។
កាលបុថុជ្ជននោះធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះហើយ បណ្តាទិដ្ឋិទាំង៦ ទិដ្ឋិណាមួយ គង់កើតឡើងបាន។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា ខ្លួនរបស់អាត្មាអញមាន១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា ខ្លួនរបស់អាត្មាអញមិនមាន១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួន ដោយសភាវៈថា ជាខ្លួនពិត ១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញដឹងច្បាស់ នូវសភាវៈមិនមែនខ្លួន ដោយសភាវៈថាជាខ្លួនពិត ១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួនឯង ដោយសភាវៈថា មិនមែនខ្លួនពិត ១។ ពុំនោះសោត បុថុជ្ជននោះ មានសេចក្តីយល់ឃើញយ៉ាងនេះថា ខ្លួនរបស់អាត្មាអញ ដែលត្រូវទទួល រមែងទទួលនូវផលកម្មល្អ និងអាក្រក់ ក្នុងកំណើតនោះៗ តែខ្លួនរបស់អាត្មាអញនោះ ជាសភាវៈទៀងទាត់ប្រាកដ ឋិតថេរ ជាសភាវៈមិនប្រែប្រួល តាំងនៅមាំ ដូចជាសស្សតិវត្ថុ (ព្រះអាទិត្យ និងព្រះចន្ទ្រ ជាដើម) ដូច្នោះឯង១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណើរ គឺទិដ្ឋិ ញាតស្បាត គឺទិដ្ឋិ ផ្លូវឆ្ងាយដាច់ស្រយាល គឺទិដ្ឋិ ចំរូង គឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ ចំណងគឺទិដ្ឋិ។
ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលជាប់ដោយចំណងគឺទិដ្ឋិ ជាអ្នកមិនចេះដឹង តថាគតហៅថា ជាអ្នកមិនបានរួចស្រឡះចាក ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ និងឧបាយាសទុក្ខ ទាំងមិនរួចចាកទុក្ខ (ក្នុងវដ្តៈទាំងអស់)។…
ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក ដែលជាអ្នកបានចេះដឹង បានឃើញនូវព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាសក្នុងអរិយធម៌ បានទូន្មានខ្លួនល្អ ក្នុងអរិយធម៌ បានឃើញនូវសប្បុរសទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាសក្នុងសប្បុរិសធម៌ បានទូន្មាននូវខ្លួនល្អ ក្នុងសប្បុរិសធម៌ រមែងដឹងច្បាស់នូវធម៌ ដែលគួរធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្ត។…
…អរិយសាវ័កនោះ ធ្វើទុកក្នុងចិត្តដោយឧបាយថា នេះកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះតណ្ហា ជាដែនឲ្យកើតកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះនិព្វានធម៌ ជាទីរំលត់នូវកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះសេចក្តីប្រតិបត្តិ ដើម្បីដល់នូវព្រះនិព្វាន ជាទីរំលត់នូវកងទុក្ខ។ កាលអរិយសាវ័កនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយយ៉ាងនេះហើយ សំយោជនៈទាំងឡាយ៣ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វត្តបរាមាស ក៏សាបសូន្យទៅ។ កាលអរិយសាវ័កនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយយ៉ាងនេះហើយ សំយោជនៈទាំងឡាយ៣ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វត្តបរាមាស ក៏សាបសូន្យទៅ។
…[ព្រះកច្ចានគោត្រមានអាយុថា] «បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះសម្មាទិដ្ឋិ តើកើតមាន ដោយហេតុប៉ុន្មានយ៉ាង។
ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវចំណែកពីរយ៉ាងគឺ អត្ថិភាព (សស្សតទិដ្ឋិ)១ នត្ថិភាព (ឧច្ឆេទទិដ្ឋិ)១។ ម្នាលកច្ចានៈ នត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវហេតុជាទីកើតនៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ។ ម្នាលកច្ចានៈ អត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវទីរលត់នៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែជាប់ចំពាក់ដោយឧបាយ ឧបាទាន និងសេចក្តីប្រកាន់មាំ ចំណែកខាងអរិយសាវ័កនេះ រមែងមិនចូលទៅដល់ មិនប្រកៀកប្រកាន់ មិនអធិដ្ឋាន នូវឧបាយ និងឧបាទាន នូវការតាំងទុកនៃចិត្ត នូវសេចក្តីប្រកាន់មាំ និងអនុសយក្កិលេសនោះៗថា ខ្លួនរបស់អាត្មាអញ ដូច្នេះឡើយ។ ឧបាទានក្ខន្ធទុក្ខ កាលកើត ក៏កើតឡើង ឧបាទានក្ខន្ធទុក្ខ កាលរលត់ ក៏រលត់ទៅ ព្រោះហេតុនោះ ទើបអរិយសាវ័កមិនសង្ស័យ មិនងឿងឆ្ងល់ឡើយ។ ញាណរបស់អរិយសាវ័កនោះ រមែងមានក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ ដោយមិនបាច់ជឿពាក្យបុគ្គលដទៃឡើយ។ ម្នាលកច្ចានៈ សម្មាទិដ្ឋិ កើតមានដោយហេតុប៉ុណ្ណេះឯង។
រកមើលជំនួយ | អំពីនេះ | ទំនាក់ទំនង | វិសាលភាពនៃអំណោយធម៌ | កិច្ចសហការ
អនុមោទនា បុណ្យកុសល!