km:ptf:dhamma:sacca:sacca4:samma-ditthi:kalyanamittata

មិត្តភាព​គួរ​ឱ្យស​រសើរ៖ កល្យាណមិត្តតា

Admirable friendship

សង្ខេប

ការ​​ពន្យល់​​អំពី​មិត្តភាព​​ល្អ​ ជា​​កត្តា​​ចម្បង​​សម្រាប់​​ការ​​ទទួល​បាន​ នូវ​​ការ​យល់​ឃើញ​ត្រឹមត្រូវ ដោយ​​ព្រះ​​សូត្រ ​ដូច​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

មិត្តភាព​គួរ​ឱ្យស​រសើរ

កល្យាណមិត្តតា

អានដោយ ឧបាសិកា វិឡា

និយមន័យ

«…ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគមណា ពួកជនណា ទោះ​គហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើន​ដោយសីលក្ដី ចាស់ហើយ តែចំរើន​ដោយសីលក្ដី បរិបូណ៌​ដោយ​សទ្ធា [នៅក្នុងគោលការណ៍នៃកម្មផល] បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា ដែល​នៅ​ក្នុង​ស្រុក ឬ​និគមនោះ កុលបុត្រ​នោះ តែងឈរ ចរចា សាកច្ឆាជាមួយនឹង​ពួក​ជនទាំងនោះ តែង​សិក្សា​នូវ​សទ្ធាសម្បទា​នឹងពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាមសមគួរ សិក្សា​នូវ​សីលសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នក​បរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា។…

sut.an.08.054

បុព្វ​ហេតុ សម្រាប់​ការ​អភិវឌ្ឍ​នៃគុណភាពកុសល

»…កាល​​បើ​​ភិក្ខុ​​ជា​​សេក្ខៈ មិន​ទាន់​សម្រេច​អរហត្តផល​នៅ​ឡើយ ហើយ​ប្រាថ្នា​ធម៌​ជា​ទី​ក្សេម ចាក​យោគៈ​ដ៏​ប្រសើរ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ធ្វើ​បច្ច័យ​ខាង​ក្រៅ ឲ្យ​ជា​ហេតុ ហើយ​មិន​ឃើញ​ហេតុ​ដទៃ សូម្បី​តែ​ហេតុ​មួយ ដែល​មាន​ឧបការៈ​ច្រើន​យ៉ាង​នេះ ឲ្យ​ដូច​ជា​ភាព​នៃ​បុគ្គល​មាន​កល្យាណ​មិត្ត​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​កល្យាណ​មិត្ត ទើប​លះ​បង់​អកុសល ចំរើន​កុសល​បាន។…

sut.kn.iti.017

ជ្រើស​រើស​តែភឿន ដោយ​យក​ចិត្ត​ទុកដាក់

«…ដូច​ស្រះទឹកដ៏ធំ មាន​ផ្លូវនៃ​សេចក្ដី​ចំរើន ៤ យ៉ាងផង មាន​ប្រធាន​នៃសេចក្ដី​វិនាស ៤ យ៉ាងផង បុរស​គប្បីបិទ​ខ្ទប់នូវ​ផ្លូវ​នៃសេចក្ដី​វិនាសទាំងនោះ របស់​ស្រះនោះក្ដី គប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះក្ដី ទាំងភ្លៀង ក៏មិនបង្អោរ​នូវធារទឹក​ដោយប្រពៃក្ដី ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាងនេះហើយ ស្រះដ៏ធំ​នោះ នឹង​មានសេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ​ យ៉ាងណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រ​ដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១ ក៏យ៉ាងនោះដែរ។…»

sut.an.08.054

«…អ្នកត្រូវស្គាល់​ពួកមនុស្ស​ ដែលមិនមែនជាមិត្ត គ្រាន់តែ​ជាមិត្តប្លម៤ពួកនេះគឺ

  • អ្នកត្រូវស្គាល់​ពួកមនុស្ស​ ដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម១
  • អ្នកត្រូវស្គាល់​ពួកមនុស្ស​ ល្អតែសំដីថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម១
  • អ្នកត្រូវស្គាល់​មនុស្ស​ ដែល​និយាយចាក់បណ្តោយ ឲ្យគាប់ចិត្តថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម១
  • អ្នកត្រូវស្គាល់មនុស្ស​ ជាសំឡាញ់ ក្នុងការ​វិនាសភោគៈ​ទាំងឡាយថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម១។

…មនុស្សគិតយកតែប្រយោជន៍ខ្លួ​ន មិនមែន​ជាមិត្ត គ្រាន់តែ​ជាមិត្តប្លម (នោះ)
អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺមិត្តគិតយកតែប្រយោជន៍ខ្លួន១
មិត្ត​ប្រាថ្នាយករបស់ច្រើន ដោយ(ឲ្យ)របស់តិចតួច១
ទាល់តែមានភ័យ ទើបជួយ​ធ្វើកិច្ចរបស់​មិត្ត១
សេពគប់មិត្ត ព្រោះ​ហេតុតែប្រយោជន៍១។

…មិត្តគិតយកតែ​ប្រយោជន៍​ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។

»…មិត្តល្អតែសំដី​ មិនមែន​ជាមិត្ត គ្រាន់តែ​ជាមិត្តប្លម អ្នក​ត្រូវស្គាល់ដោយស្ថាន៤ គឺ

  • មិត្តទទួលរាក់ទាក់ដោយ​របស់ដែលកន្លងហើយ១
  • ទទួលរាក់ទាក់​ដោយរបស់ដែល​មិនទាន់មានមក១
  • សង្គ្រោះ​ដោយអំពើឥតប្រយោជន៍ ១
  • កាលកិច្ចទាំងឡាយ កើតឡើងភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត ១

ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។

…មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត ​មិនមែន​ជាមិត្តទេ គ្រាន់តែ​ជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺ
បើមិត្តធ្វើអំពើអាក្រក់ ក៏យល់​ព្រមតាម១
មិត្តធ្វើអំពើល្អ ក៏យល់ព្រមតាម១
ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ១​
ពោលទោស​មិត្ត ក្នុងទីកំបាំង​មុខ១។

…មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែន​ជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។«

sut.dn.31

តម្រូវ​ការ​ជា​មុន សម្រាប់​ការ​ត្រាស់​ដឹង

»…ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយសួរយ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើននូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី១។ …«

sut.an.09.001

ជា​ជីវិត​បរិសុទ្ធ​ទាំង​មូល

…លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់កណ្តាល នៃព្រហ្មចរិយធម៌។

ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល។ ម្នាលអានន្ទ ព្រហ្មចរិយធម៌នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និងចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។

ម្នាលអានន្ទ ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវសម្មាសង្កប្បៈ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាវាចា។បេ។ ចំរើន នូវសម្មាកម្មន្តៈ។បេ។ ចំរើន នូវសម្មាអាជីវៈ។បេ។ ចំរើននូវសម្មាវាយាមៈ។បេ។ ចំរើន នូវសម្មាសតិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលអានន្ទ ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ យ៉ាងនេះឯង។

ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។

sut.sn.45.002

អត្ថប្រយោជន៍​នៃ​មិត្ត​ភាព​ល្អ

»…ម្នាលមេឃិយៈ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានសីល សង្រួមហើយដោយការសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។

ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាព យ៉ាងនេះ គឺ អប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយឲ្យកើតឡើង មានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។

ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងមានប្រាកដដល់ភិក្ខុ ដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាជាគ្រឿងដឹង នូវការកើតឡើង និងសូន្យទៅ ជាប្រាជ្ញាដ៏ប្រសើរ អាចទំលុះទំលាយកិលេស ប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ។…«

sut.kn.uda.31

គុណវុឌ្ឍិរបស់គ្រូធម៌

«ម្នាលអានន្ទ ការសំដែងធម៌ ដល់ជនដទៃ មិនអាចធ្វើបានដោយងាយទេ ម្នាលអានន្ទ កាលភិក្ខុសំដែងធម៌ ដល់ជនដទៃ គប្បីដំកល់ធម៌ ៥ យ៉ាង ឲ្យមានក្នុងខ្លួនសិន ទើបគួរសំដែងធម៌ ដល់ជនដទៃ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។

  • ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងនូវអនុបុព្វីកថា ១
  • ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងដោយលើកអាងហេតុផល ១
  • ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងពាក្យដោយអាស្រ័យសេចក្តីអាណិត (ដល់អ្នកស្តាប់) ១
  • ភិក្ខុត្រូវសំដែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញនឹងមិនសំដែង ព្រោះហេតុនៃអាមិស ១
  • ភិក្ខុត្រូវសំដែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងដោយមិនបានបៀតបៀនខ្លួនឯង និងបុគ្គលដទៃ ១។

ម្នាលអានន្ទ ការសំដែងធម៌ ដល់ជនដទៃ មិនអាចធ្វើបានដោយងាយទេ ម្នាលអានន្ទ កាលភិក្ខុសំដែងធម៌ ដល់ជនដទៃ ត្រូវដំកល់ធម៌ ៥ យ៉ាងនេះ ឲ្យមានក្នុងខ្លួនសិន ទើបគួរសំដែងធម៌ដល់ជនដទៃ។»

sut.an.05.159

រក្សា​សម្ព័ន្ធភាពជាមួយអ្នកឆ្លាតវៃ​

ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុឲ្យកើតសេចក្តីសុខសព្វកាល បុគ្គលគប្បីមានសេចក្តីសុខអស់កាលជានិច្ចបាន ព្រោះមិនជួបប្រទះបុគ្គលពាលទាំងឡាយ។ បុគ្គលអ្នកប្រព្រឹត្តសមគប់ដោយជនពាល រមែងសោកស្តាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខសព្វកាល។ ដូចការនៅរួមជាមួយនឹងសត្រូវ ចំណែកខាងការនៅរួមនឹងធីរជន រមែងជាសុខ ដូចការជួបជុំនៃញាតិទាំងឡាយ ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្តីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈ ជាប្រក្រតីផង មានសីលវត្ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស។ sut.kn.dhp.206

អ្វី​ដែល​បណ្ឌិត​តែង​តែសរ​សើរ

»…ទាន​ជាគុណ​ជាត ដែល​បណ្ឌិត​បញ្ញត្ត​ហើយ ដែល​សប្បុរស​បញ្ញត្ត​ហើយ ​១ ម្នាល​ភិក្ខុ​ទាំងឡាយ បព្វ​ជ្ជា ជាគុណ​ជាតិ ដែល​បណ្ឌិត​បញ្ញត្តហើយ ​១ ដែល​សប្បុរស​បញ្ញត្ត​ហើយ​ ១ មាតា​បិតុបដ្ឋាន (ការបម្រើមាតាបិតា) ជាគុណ​ជាត ដែល​បណ្ឌិត​បញ្ញត្ត​ហើយ ដែលសប្បុរស​បញ្ញត្តហើយ​ ១។…«

sut.an.03.045

មិន​ដែល​ជា​មួយ​នឹងភឿន អាក្រក់​ទេ

ខ្ញុំជាមនុស្សខ្វាក់ មានភ្នែកដែលទោសកំចាត់បង់ហើយ ទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ទោះបីកាលដេក ក៏ខ្ញុំមិនទៅជាមួយនឹងសំឡាញ់ ជាបាបមិត្តទេ។ Thag 95

សូម​មើល​ផង​ដែរ៖


km/ptf/dhamma/sacca/sacca4/samma-ditthi/kalyanamittata.txt · ពេលកែចុងក្រោយ: 2023/09/01 13:35 និពន្ឋដោយ Cheav Villa