km:ptf:dhamma:sacca:sacca4:samma-ditthi:kamma

ការ​ធ្វើ​​​ដោយ​​ចេតនា៖ កម្ម

Intentional action

សង្ខេប

​​ការ​​ពន្យល់​អំពីការ​ធ្វើ​​​ដោយ​​ចេតនា គឺ​កម្ម ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

ការ​ធ្វើ​​​ដោយ​​ចេតនា

កម្ម

អានដោយ ឧបាសិកា វិឡា

និយមន័យ

«… ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ចេតនា ថាជាកម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត។ …» sut.an.06.063

ពិចារណា​ជានិ​ច្ច៖ សកម្មភាព​របស់​អ្នក​គឺ​ជា​របស់​អ្នក

«ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា 'អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ ១។'…»

«… (អរិយសាវកនោះ ពិចារណា) ថា មិនមែនតែអាត្មាអញ តែម្នាក់ឯងទេ ដែលមានកម្ម ជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្ម ជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះ ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ពួកសត្វនឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។ …»

sut.an.05.057

កម្ម​គួរ​ដឹង និង​​យល់

«ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ចេតនា ថាជាកម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កម្មនាំឲ្យទទួលផល ក្នុងនរកក៏មាន កម្មនាំឲ្យទទួលផល ក្នុងកំណើតតិរច្ឆានក៏មាន កម្មនាំឲ្យទទួលផល ក្នុងបិត្តិវិស័យក៏មាន កម្មនាំឲ្យទទួលផល ក្នុងមនុស្សលោកក៏មាន កម្មនាំឲ្យទទួលផល ក្នុងទេវលោកក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវវិបាក របស់កម្មទាំងឡាយ ថាមាន ៣ ប្រការ គឺវិបាករបស់កម្ម ក្នុងបច្ចុប្បន្ន ១ វិបាករបស់កម្ម ក្នុងអត្តភាពបន្ទាប់ ១ វិបាករបស់កម្ម ក្នុងអត្តភាពជាលំដាប់តៗ ទៅ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កម្ម ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់កម្ម គឺ សម្មាទិដ្ឋិសម្មាសង្កប្បៈសម្មាវាចាសម្មាកម្មន្តៈសម្មាអាជីវៈសម្មាវាយាមៈសម្មាសតិសម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកម្មយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់កម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កម្ម យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មបុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។

sut.an.06.063

ពិចារណា​លើ​កម្ម ដែលនឹងធ្វើ នីង​ធ្វើ នីង​បាន​ធ្វើ (ព្រះពុទ្ធប្រដៅកូនប្រុសពៅ)

»… ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កញ្ចក់ មានប្រយោជន៍​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កញ្ចក់មានប្រយោជន៍ ខាងការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើ​កម្ម​ដោយកាយ ពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើ​កម្ម​ដោយវាចា ពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើ​កម្ម​ដោយចិត្ត។

[មុនពេលធ្វើ៖] ម្នាលរាហុល បើអ្នកចង់ធ្វើអំពើណាមួយ ដោយកាយ អ្នកត្រូវពិចារណា​មើល នូវកាយកម្មនោះសិនថា អាត្មាអញ ចង់ធ្វើអំពើណាដោយកាយ តើកាយកម្ម​របស់​អាត្មាអញនេះឯង ប្រព្រឹត្តទៅដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែក គឺខ្លួនឯង និងអ្នកដទៃ​ផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ចង់ធ្វើអំពើណាដោយកាយ កាយកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង កាយកម្ម​នេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើ​អំពើដោយកាយ ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នកបានពិចារណា​មើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើ​ណា​ដោយ​កាយ កាយកម្ម​របស់​អាត្មាអញនេះ មិនប្រព្រឹត្តទៅដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើអំពើដោយកាយ យ៉ាងនេះចុះ។

[ពេលកំពុងធ្វើ៖] ម្នាលរាហុល បើទុកជាអ្នកកំពុងធ្វើអំពើដោយកាយ អ្នកត្រូវតែពិចារណា​មើល នូវកាយកម្មនោះ​ឯងថា អាត្មាអញ កំពុងធ្វើអំពើណាដោយកាយ តើកាយកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើអំពើណាដោយកាយ កាយកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀត​បៀន​បុគ្គលទាំងពីរចំណែកផង កាយកម្ម​នេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មាន​ផល​ជាទុក្ខ ម្នាលរាហុល អ្នកត្រូវលះបង់កាយកម្ម ដែលមានទំនងយ៉ាងនេះចេញ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើ​ណា​ដោយ​កាយ កាយកម្ម​របស់​អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀត​បៀន​​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មាន​ផល​ជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើឲ្យរឿយៗ នូវកាយកម្ម ដែល​មានទំនង យ៉ាងនេះចុះ។

[បន្ទាប់ពីបានធ្វើរួច៖] ម្នាលរាហុល បើអ្នកបានធ្វើអំពើដោយកាយរួចហើយ អ្នកត្រូវ​ពិចារណា​មើលកាយកម្មនោះ​ថា អាត្មាអញ បានធ្វើអំពើណាដោយកាយ តើកាយកម្ម​របស់​អាត្មាអញ​នេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នក បានពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ បានធ្វើកាយកម្មណា កាយកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង កាយកម្ម​នេះ ជា​អកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវសំដែងបើក បង្ហើបប្រាប់​នូវកាយកម្ម ដែលមានទំនងយ៉ាងនេះ ចំពោះគ្រូ ឬចំពោះ​សព្រហ្មចារីបុគ្គល​ទាំងឡាយ ជាអ្នកប្រាជ្ញ លុះអ្នកសំដែង បើកបង្ហើបប្រាប់រួចហើយ អ្នកគប្បី​ដល់នូវ​ការសង្រួមតទៅ។ ម្នាលរាហុល ប្រសិនបើអ្នកបានពិចារណា​មើលទៅ ដឹងយ៉ាងនេះ​វិញ​ថា អាត្មាអញ បានធ្វើអំពើ​ណា​ដោយ​កាយ កាយកម្ម​របស់​អាត្មាអញនេះ មិន​ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាង​សេចក្តី​សុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ទាំងឡាយ ជាកុសល ហើយនៅដោយបីតិ និងបាមោជ្ជៈនោះឯង។

… [ដូច​គ្នា​​នឹង​​ការ​​ប្រព្រឹត្ត​​ដោយវាចា និង​ផ្លូវចិត្ត] …

…[កម្ម​ដោយចិត្ត បន្ទាប់ពីបានធ្វើរួច] ម្នាលរាហុល បើអ្នកបានធ្វើអំពើដោយចិត្ត​រួចហើយ អ្នកត្រូវ​ពិចារណា​មើល នូវមនោកម្មនោះ​ឯង​ថា អាត្មាអញ បានធ្វើនូវអំពើណា ដោយចិត្តហើយ តើមនោកម្ម​ របស់​អាត្មាអញ​នេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរ​ចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណា​មើល​ទៅ ដឹងយ៉ាងនេះថា អាត្មាអញ បានធ្វើអំពើ​ណា ដោយចិត្តហើយ មនោកម្ម ​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរ​ចំណែកផង មនោកម្ម​នេះ ជា​អកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាល​រាហុល អ្នកត្រូវធុញទ្រាន់ នឿយណាយ ខ្ពើមរអើម ចំពោះមនោកម្ម ដែលមានទំនង​យ៉ាងនេះ លុះអ្នកធុញ​ទ្រាន់ នឿយណាយ ខ្ពើមរអើមហើយ ត្រូវដល់នូវ​ការសង្រួម​តទៅ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះ​វិញ​ថា អាត្មាអញ បានធ្វើនូវអំពើ​ណា​ដោយចិត្តហើយ មនោកម្ម​ របស់​អាត្មាអញនេះ មិន​ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាង​សេ​ចក្តី​សុខ មានផល​ជា​សុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ជា​កុសល​ទាំងឡាយ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះចុះ។

ម្នាលរាហុល ព្រោះថាសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែល​កន្លង​ទៅហើយ បានជម្រះកាយកម្ម ជម្រះវចីកម្ម ជម្រះមនោកម្ម ពួកសមណព្រាហ្មណ៍​ទាំងអស់នោះ សុទ្ធតែបានពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះ​កាយ​កម្ម ពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះ​វចីកម្ម ពិចារណា ត្រិះរិះ​មើល​សព្វ យ៉ាងនេះហើយ ទើបជម្រះ​មនោកម្មដែរ។ ម្នាលរាហុល សមណៈ ឬ​ព្រាហ្មណ៍​ណាមួយ ក្នុងកាលដ៏មិនទាន់មានមក និងជម្រះកាយកម្ម និងជម្រះវចីកម្ម និង​ជម្រះ​មនោកម្ម ក៏ពួក​សមណៈ ឬព្រាហ្មណ៍ទាំង​អស់នោះ នឹងពិចារណា ត្រិះរិះមើលសព្វ យ៉ាង​នេះហើយ ទើបជម្រះ​កាយកម្ម ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះ​វចីកម្ម ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះមនោកម្មដែរ។ ម្នាល​រាហុល សមណៈ ឬ​ព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ ជម្រះកាយកម្ម ជម្រះ​វចីកម្ម ជម្រះមនោកម្ម ពួក​សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តែងពិចារណា ត្រិះរិះមើលសព្វ​គ្រប់ យ៉ាងនេះ​ហើយ ទើបជម្រះ​កាយកម្ម ពិចារណា ត្រិះរិះមើលសព្វគ្រប់ហើយ ទើបជម្រះ​វចីកម្ម ពិចារណា ត្រិះរិះមើលសព្វគ្រប់ហើយ ទើបជម្រះ​មនោកម្មដែរ។

ម្នាលរាហុល ព្រោះ​ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកត្រូវ​សិក្សាថា អាត្មាអញ នឹងពិចារណា ត្រិះរិះ​មើល​សព្វហើយ ទើបជម្រះវចីកម្ម អាត្មាអញ នឹង​ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះ​មនោកម្ម ដូច្នេះ ម្នាលរាហុល អ្នកត្រូវសិក្សាយ៉ាងនេះចុះ។

sut.mn.061

វត្ថុ​​គួរ​​ឲ្យ​​រីករាយ ៥ យ៉ាង ដែល​​ត្រូវ​​ទទួល​​ដោយ​​កម្ម​កុសល

«… ម្នាលគហបតី ធម៌ ៥ យ៉ាង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតី អាយុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ ពណ៌សម្បុរ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ សុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ យស ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ ស្ថានសួគ៌ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១។ ម្នាលគហបតី ធម៌ទាំង ៥ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក។ ម្នាលគហបតី តថាគត មិនពោលនូវការបានចំពោះធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រ ក្នុងលោកទាំង ៥ ព្រោះការបន់ស្រន់ ឬព្រោះការប្រាថ្នាទេ។ ម្នាលគហបតី បើការបានចំពោះនូវធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រ ក្នុងលោកទាំង ៥ នេះ នឹងមានហើយ ព្រោះការបន់ស្រន់ ឬព្រោះការប្រាថ្នា នរណាមួយ ក្នុងលោកនេះ អាចញ៉ាំងនរណា ឲ្យសាបសូន្យបាន។

ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នានូវអាយុ មិនគួរបន់ស្រន់ ឬមិនគួរត្រេកអរនឹងអាយុ ឬក៏ព្រោះហេតុ នៃអាយុឡើយ។ ម្នាលគហបតី បដិបទាប្រព្រឹត្តទៅ ដើម្បីបាននូវអាយុ ដែលអរិយសាវក អ្នកប្រាថ្នានូវអាយុ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបាននូវអាយុ អរិយសាវកនោះ បានប្រតិបតិ្តហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវអាយុ។ អរិយសាវកនោះ ជាអ្នកបានអាយុទិព្វ ឬអាយុជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាពណ៌សម្បុរ… សុខ… យស… ស្ថានសួគ៌…»

sut.an.05.043

កម្ម​​ដ៏​ប្រពៃ​​បំផុត​​នៃ​​កម្ម​​ទាំង​​ឡាយ៖ ការ​បញ្ចប់​កម្

«ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្មទាំង ៤យ៉ាង តើដូចម្ដេចខ្លះ។

ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅ ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។

ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ ប្រកបដោយទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។

ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារមិនមានទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មស មានវិបាកស។

ម្នាលភិក្ខុទាំងឡាយ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស។

ម្នាលភិក្ខុទាំងឡាយ ចុះកម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ សេចក្ដីយល់ត្រូវសេចក្ដីត្រិះរិះត្រូវវាចាត្រូវការធ្វើត្រូវការចិញ្ចឹមជីវិតត្រូវសេចក្ដីព្យាយាមត្រូវសេចក្ដីរឭកត្រូវការធ្វើចិត្តឲ្យនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម។ …»

sut.an.04.237


km/ptf/dhamma/sacca/sacca4/samma-ditthi/kamma.txt · ពេលកែចុងក្រោយ: 2024/03/07 13:18 និពន្ឋដោយ Johann