km:ptf:dhamma:sacca:sacca4:samma-ditthi:katannu

ដឹង​គុណ និង​ចង់​តប​ស្នង​​សង​​គុណ​​វិញ៖ កតញ្ញូ កតវេទី

Right speech

សង្ខេប

​​ការ​​ពន្យល់​អំពីការ​ដឹង​គុណ (គឺ​បំណុល) និង​ចង់​ប​ស្នង​​សង​​គុណ​​វិញ ដែល​គឺ​ជា​កត្តាមូលដ្ឋាននៃការ​យល់​ត្រូវ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

ដឹង​គុណ និង​ចង់​តប​ស្នង​​សង​​គុណ​​វិញ

កតញ្ញូ កតវេទី

អានដោយ

ជើងរបស់ចិត្ត​បរិសុទ្ធ​

«ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិនៃបុគ្គលណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ កុំមានពៀរនិងគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួនឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកមានសេចក្តីយល់ត្រូវ

…គឺជាមនុស្ស យល់ឃើញនូវសេចក្តីមិនវិបរឹតថា ទានមាន ការបូជាធំ មាន ការបូជាតូច មាន ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន ពួកសត្វទាំងឡាយ ជាឱបបាតិកកំណើតមាន ពួកសមណញ្រហ្មណ៍ក្នុងលោក ដែលជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខដោយប្រាជ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មាន ១។»…

sut.an.10.176

វិធី​តប​ស្នង​គុណ​អ្នក​ឱ្យ

«ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។»

sut.an.02.034

«(សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលណា មិនដឹង​នូវអំពើល្អ ដែលគេ​ធ្វើហើយ នូវ​ប្រយោជន៍​ដែលគេធ្វើ​ហើយ ក្នុងកាល​មុនទេ បុគ្គលនោះ កាលបើ​កិច្ចកើត​ព្រមហើយ ក្នុងកាល​ខាងក្រោយ រមែងមិន​បាននូវ​បុគ្គល​អ្នកធ្វើ (ឧបការគុណ​មុននោះ​ជាគ្នា) ឡើយ។»

sut.kn.jat.090

ជា​មង្គលដ៏ឧត្តម

«… សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព ១ ការប្រព្រឹត្តិបន្ទាបខ្លួន ១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន ១ ភាពនៃបុគ្គលអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើដល់ខ្លួន ១ ការស្តាប់ធម៌តាមកាល ១ (ទាំង ៥) នេះ ជាមង្គលដ៏ឧត្តម។ …»

sut.kn.snp.2.04

កម្រ​ក្នុង​លោក

«ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។ បុគ្គលពីរពួក តើដូចម្តេច។ គឺបុគ្គល ដែលធ្វើឧបការៈទុកមុន ១ បុគ្គលដឹងឧបការៈ ដែលគេធ្វើហើយ ធ្វើតបវិញ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។»

sut.an.02.120

ឥទ្ធិពល​នៃ​ការ​ដឹង និង​មិន​ដឹង​គុណ

«…(ពោធិសត្វទូលព្រះរាជាថា) បុរសប្រាថា្ន (ប្រយោជន៍) ដរាបណា រមែង​គប់រក (នឹងគេ) ដរាបនោះ ជនទាំង​ឡាយ រមែង​លះបង់​ចោលគេ​ក្នុងពេល​ដែល​គេសាបសូន្យ​ចាក​សេចក្តី​ចំរើន​ដូចជា​ក្សត្រ (លះបង់​ចោល) នូវមេដំរី ឈ្មោះ​ឱដ្ឋិព្យាធិ​នោះ។

បុគ្គលណា នឹកមិនឃើញនូវអំពើល្អ​ដែលអ្នក​ដទៃធ្វើ​ហើយ និងប្រយោជន៍​ដែលអ្នក​ដទៃធ្វើ​ហើយ (ដល់ខ្លួន) ក្នុងកាលមុន ប្រយោជន៍​ទាំងឡាយ ដែលបុគ្គល​នោះ​ប្រាថ្នា រមែង​សាបសូន្យ។

បុគ្គលណានឹកឃើញនូវអំពើល្អ​ដែលអ្នកដទៃធ្វើ​ហើយ និងប្រយោជន៍​ដែលអ្នក​ដទៃធ្វើ​ហើយ (ដល់ខ្លួន) ក្នុងកាលមុន ប្រយោជន៍​ទាំងឡាយណា ដែល​បុគ្គល​នោះប្រាថ្នា​ហើយ រមែង​ចំរើន។

ព្រោះហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក​ទាំងឡាយ សូមសេចក្តីចំរើន (កើត​មាន) ដល់អ្នក​ទាំងឡាយ ដែលបាន​អញ្ជើញមក​ជួបជុំ​ក្នុងទីនេះ​ទាំង​អម្បាល​ម៉ាន អ្នកទាំង​អស់គ្នា ចូរជា​អ្នកដឹង​នូវ​ឧបការៈ​ដែលអ្នក​ដទៃបាន​ធ្វើ​ហើយ (ដល់ខ្លួន) អ្នក​ទាំងឡាយ​នឹងបាន​ឋិតនៅ​ក្នុងឋានសួគ៌​អស់កាល​យូរ។

sut.kn.jat.409

ដឹង​គុណ​ត្រូវ ជា​អ្វី​ដែល​បែង​ចែក​បុគ្គល​ល្អ និង​អាក្រក់

»… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។

sut.an.02.033

គ្មានឈានសម្រាប់ អ្នក​កំណាញ់ និងអកតញ្ញូ

«… ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ (៦) យ៉ាង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវបឋមជ្ឈាន … នូវទុតិយជ្ឈាន … នូវតតិយជ្ឈាន … នូវចតុត្ថជ្ឈាន … នូវសោតាបត្តិផល … នូវសកទាគាមិផល … នូវអនាគាមិផល … នូវអរហត្តឡើយ។ ធម៌ ៥ (៦) យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ (កំណាញ់ធម៌ ១) ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ (៦) យ៉ាងនេះ មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ (៦) យ៉ាង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ធម៌ ៥ (៦) យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ (កំណាញ់ធម៌ ១) ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ (៦) យ៉ាងនេះឯង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។

sut.an.05.v26

អំពី​ការ​ប្រើប្រាស់​​គុណដោយ​សទ្ធា​

»… ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច បុរសមានកំឡាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ភិក្ខុប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ណាប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ការប្រើប្រាស់នុ៎ះ ប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះទង់ដែងនោះ ក៏អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ការនុ៎ះ ជាទុក្ខលំបាកវិញ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតពន្យល់អ្នកទាំងឡាយ បុរសមានកំឡាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះទង់ដែងនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ការនុ៎ះ ប្រសើរជាងភិក្ខុទ្រុស្តសីល។បេ។ មានចិត្តជ្រោកជ្រាកនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែគេបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ តែគេបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅនោះទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ។បេ។ មានចិត្តជ្រោកជ្រាក ប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់នោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក (ថែមទៀត)។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា យើងបរិភោគប្រើប្រាស់ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួកបុគ្គលណា បច្ចយទានទាំងនោះ នឹងមានផលច្រើន មានអានិសង្សច្រើន ដល់ពួកបុគ្គលទាំងនោះ ឯបព្វជ្ជារបស់យើងនេះ មានផលមានប្រយោជន៍ (មិនមែនឥតអំពើទេ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍របស់ខ្លួនច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍របស់អ្នកដទៃច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍ទាំងពីរច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង។ ព្រះដ៏មានព្រះភាគ បានទ្រង់ត្រាស់ភាសិតនេះហើយ កាលព្រះដ៏មានព្រភាគ សំដែងវេយ្យាករណ៍នេះចប់ហើយ ពួកភិក្ខុទាំង ៦០ រូប ក្អួតសុទ្ធតែឈាមក្តៅ ៗ តាមមាត់ ពួកភិក្ខុ ៦០ រូបទៀត លះបង់សិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប ព្រោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ សំដែងនូវអំពើដែលគេធ្វើបានដោយក្រ ព្រះដ៏មានព្រះភាគ សំដែងនូវអំពើដែលគេមិនងាយធ្វើកើត ពួកភិក្ខុ ៦០ រូបទៀត មានចិត្តរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ …«

sut.an.07.072

តើ​ការ​ដឹង​គុណ​ចំពោះ​គ្រូ​យ៉ាង​ដូច​ម្តេច?

«បុរសបានដឹងធម៌ អំពីសំណាក់អាចារ្យណា គប្បីបូជាអាចារ្យនោះ ដូចជាទេវតាបូជាព្រះឥន្ទ អាចារ្យអ្នកចេះដឹងច្រើន ដែលមានសិស្សបានបូជាហើយនោះ ជាអ្នកមានចិត្តជ្រះថ្លាក្នុងសិស្សនោះ រមែងធ្វើធម៌ឲ្យជាក់ច្បាស់។ សិស្សនោះ កាលបើបានធ្វើធម៌នោះ ឲ្យតាំងនៅហើយ បានពិចារណា ជាធីរជន ប្រតិបត្តិធម៌សមគួរតាមធម៌ រមែងជាអ្នកដឹង ជាអ្នកធ្វើឲ្យជាក់ច្បាស់ ទាំងជាអ្នកមានបញ្ញាល្អិត បុគ្គលដែលមិនប្រមាទ រមែងសេពគប់អ្នកប្រាជ្ញបែបនោះ។ សិស្សកាលបើសេពគប់នឹងអាចារ្យ ជាអ្នកទន់ទាប ល្ងង់ខ្លៅ មានប្រយោជន៍មិនទាន់សម្រេច មានតែសេចក្តីច្រណែនគេ រមែងមិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ក្នុងសាសនានេះ មិនបានឆ្លងផុតសេចក្តីសង្ស័យ ដល់នូវមរណៈ។ ជនចុះកាន់ទន្លេ មានទឹកច្រើន លំហាចហូរខ្លាំង ជននោះ កាលរសាត់អណ្តែតទៅតាមខ្សែទឹក ធ្វើម្តេចនឹងអាចចម្លងពួកជនឯទៀតបាន យ៉ាងណាមិញ។ បុគ្គលណា មិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនបានស្តាប់សេចក្តី (ក្នុងសំណាក់) នៃពួកពហុស្សូត មិនទាន់យល់ដោយខ្លួនឯង ជាអ្នកមិនទាន់អស់សេចក្តីសង្ស័យ ធ្វើម្តេចនឹងអាចញ៉ាំងជនឯទៀតឲ្យយល់បាន ក៏យ៉ាងនោះដែរ។ បុគ្គលឡើងជិះទូកដ៏មាំ បរិបូណ៌ដោយចែវ និងថ្នោល ជាអ្នកដឹងឧបាយក្នុងការទូកនោះ ជាអ្នកឈ្លាសវៃ មានគំនិត គប្បីចម្លងពួកជនដទៃជាច្រើន ក្នុងទូកនោះបានយ៉ាងណាមិញ ចំណែកបុគ្គលណា ជាអ្នកដល់នូវវេទ មានចិត្តបានអប់រំហើយ ជាពហុស្សូត មិនញាប់ញ័រ (ក្នុងលោកធម៌) បុគ្គលនោះឯង ជាអ្នកចេះដឹង ញ៉ាំងពួកជនដទៃ ដែលជាអ្នកបរិបូណ៌ដោយការត្រងត្រាប់ និងឧបនិស្ស័យឲ្យចេះដឹងបាន ក៏យ៉ាងនោះឯង។»

ព្រោះហេតុនោះ បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមានប្រាជ្ញ ទាំងជាពហុស្សូត បុគ្គលនោះ កាលដឹងសេចក្តីហើយ ប្រតិបត្តិតាម ជាអ្នកដឹងធម៌ច្បាស់ រមែងបាននូវសេចក្តីសុខ។

sut.kn.snp.2.08

គុណ ​៣ មិន​​អាច​សង​វិញ​តាម​អ្វី​បាន​ឡើយ មាន​តែ​ធ្វើ​កិច្ច​ការប៉ុណ្ណោះ

«ម្នាល​ភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) មាន​៣​ពួក​នេះ មាន​ឧបការៈ​ច្រើន ​ដល់​បុគ្គល (ជាសិស្ស)។ បុគ្គល​៣ ពួក​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដល់​នូវ​ព្រះ​ពុទ្ធ ជា​ទីពឹង​ ដល់នូវ​ព្រះ​ធម៌​ ជា​ទីពឹង ដល់​​នូវ​ព្រះ​សង្ឃ ​ជា​ទី​ពឹង ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គល​នេះ​ឈ្មោះ​ថា មាន​ឧបការៈច្រើន ​ដល់បុគ្គលនេះ។ ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត បុគ្គល​ដឹង​ច្បាស់​ តាម​ពិត​ថា នេះជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជាទី​កើត​ឡើង​នៃ​ទុក្ខ ដឹង​ច្បាស់​តាម​ពិតថា នេះជាសេចក្ដី​រលត់​ទៅ​នៃទុក្ខ ដឹង​ច្បាស់តាម​ពិត​ថា នេះបដិបទា ជាដំណើរទៅកាន់ទី​រំលត់ទុក្ខ ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​នេះ​ហៅថា​ មានឧបការៈច្រើន ​ដល់​បុគ្គលនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គល​បាន​ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​ នៃ​អាសវៈទាំង​ឡាយ​ដោយប្រាជ្ញា​ ដ៏ឧត្ដម​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន​នេះ សម្រេច​សម្រាន្តនៅ ព្រោះអាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​នេះ ​ឈ្មោះ​ថា មានឧបការៈច្រើន ​ដល់បុគ្គលនេះ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួក​នេះ ឈ្មោះ​ថា​ មាន​ឧបការៈ​ច្រើន​ ដល់​បុគ្គល។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត តថា​គត​​ពោលថា បុគ្គល​ឯ​ទៀត មាន​ឧបការៈ​ច្រើន ​ដល់បុគ្គលនេះ លើស​ជាង​បុគ្គល​ទាំង​៣ ពួក​នេះ​ទៅទៀត មិនមាន​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយ​វិញ​ទៀត តថាគត​ពោលថា បុគ្គល​នេះ មិន​ងាយ​នឹងតប​គុណ​ ដល់​បុគ្គល​ ទាំង​៣ ពួក​នេះ ដោយ​ការ​ថ្វាយ​បង្គំ ការ​ក្រោក​ទទួល ការធ្វើ​អញ្ជលិកម្ម សមីចិកម្ម និង​ការ​ប្រគេន​ចីវរ បិណ្ឌបាត សេនាសនៈ និង​គ្រឿង​បរិក្ខារ​ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​បាន​ទេ។»

sut.an.03.024

អរិយុ​បោសថៈ​មាន​ន័យ​ថា​រឭក​គុណ

»… ម្នាល​នាង​វិសាខា​ ចុះអរិយុបោសថៈ តើដូចម្ដេច។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្តដែល​សៅហ្មង​ ឲ្យ​ផូរផង់បាន ដោយ​សេចក្ដីព្យាយាម។ ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ដែល​សៅហ្មង ​ឲ្យផូរផង់បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច​។ …«

sut.an.03.071

បពិត្រមហានាម ក្នុងសាសនានេះ ព្រះអង្គគប្បីរលឹកនូវ [គុណ​របស់] ​តថាគត ថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គបំបាក់បង់នូវភពដូច្នេះ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវតថាគតក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវតថាគតហើយ រមែងបានសេចក្តីយល់នូវអត្ថ សេចក្តីយល់នូវធម៌ មានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏បានតាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគត ហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវពុទ្ធានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវ ​[គុណ​របស់] ព្រះធម៌ ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គលទាំង ៨ ពួក ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះធម៌ ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវព្រះធម៌ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានសេចក្តីរីករាយហើយ បីតិ រមែងកើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើក្នុងពួកសត្វ ដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវធម្មានុស្សទិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវ [គុណ​របស់] ព្រះសង្ឃ ថា ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រង់ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិញ្វន ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិគួរដល់សាមីចិកម្ម ព្រះសង្ឃណា បើរាប់ជាគូនៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគនុ៎ះ លោកគួរទទួលរបស់ដែលគេនាំមកបូជា លោកគួរទទួលរបស់ដែលគេបម្រុងទទួលភ្ញៀវ លោកគួរទទួលទក្ខិណាទាន លោកគួរដល់អញ្ជលិកម្ម លោកជាបុញ្ញកេ្ខត្តដ៏ប្រសើររបស់សត្វលោក។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះសង្ឃក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ប្រារព្ធនូវព្រះសង្ឃហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថាអ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសង្ឃានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវ [គុណ​របស់] សីល ទាំងឡាយរបស់ខ្លួនថា សីលមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលជានា ដែលពួកវិញ្ញូជនសរសើរ ជាសីល ដែលតណ្ហា និងទិដ្ឋិ មិនបានស្ទាបអង្អែល ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសីលក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវសីលហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសីលានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវ [គុណ​របស់] ចាគៈ របស់ព្រះអង្គថា ឱហ្ន៎ អាត្មាអញ ចំជាមានលាភ ឱហ្ន៎ អាត្មាអញបានល្អហើយតើ អាត្មាអញមានចិត្ត មានមន្ទិល គឺសេចក្តីកំណាញ់ប្រាសចេញហើយ ក្នុងពួកសត្វ ដែលមានមន្ទិល គឺសេចក្តីកំណាញ់រួបរឹតហើយ បានបរិច្ចាគរួចហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះបង់ គួរឲ្យគេសូមបាន ត្រេកអរ ក្នុងការចែករំលែកទាន នៅគ្រប់គ្រងផ្ទះ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវចាគៈក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈ រួបរឹតចិត្តបាន ឥតមានមោហៈ រួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវចាគៈហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តរីករាយហើយ បីតិតែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវចាគានុស្សតិ។

បពិត្រមហានាម មួយវិញទៀត ព្រះអង្គគប្បីរលឹកនូវ [គុណ​របស់] ពួកទេវតា ថា ពួកទេវតាជាន់ចាតុម្មហារាជិកៈ មានពួកទេវតាជាន់តាវត្តឹង្ស មានពួកទេវតាជាន់យាមៈ មានពួកទេវតាជាន់តុសិត មានពួកទេវតាជាន់និម្មានរតី មានពួកទេវតាជាន់បរនិម្មិតវសវត្តី មានពួកទេវតាដែលរាប់បញ្ចូលក្នុងពួកព្រហ្ម មានពួកទេវតាតពីនោះទៅទៀត ក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយសីល មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសីល មានសភាពដូច្នោះ ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសុតៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយចាគៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានចាគៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយបញ្ញា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើនូវទេវតានុស្សតិ។

sut.an.11.011

មគ្គ​នេះ​គឺ​សម្រាប់​សេរីភាព​ ពី​បំណុលនិងគុណ​ទាំង​អស់

»…សេចក្តីទ័លក្រក្តី ការកាន់យកនូវបំណុលក្តី ហៅថាជាទុក្ខក្នុងលោក បុគ្គលទ័លក្រ កាន់យកនូវបំណុលមកបរិភោគ រមែងលំបាក ព្រោះហេតុនោះ ពួកជនជាម្ចាស់ រមែងដេញតាមបុគ្គលនោះ បុគ្គលនោះ រមែងដល់នូវចំណង ចំណងនេះឯង ជាទុក្ខនៃបុគ្គលអ្នកប្រាថ្នានូវកាម និងលាភទាំងឡាយ។ ក្នុងអរិយវិន័យដូច្នោះដែរ បុគ្គលណា មិនមានសទ្ធា មិនមានហិរិ មិនមានឱត្តប្បៈ ជាអ្នកបំប៉ននូវបាបកម្ម ធ្វើនូវកាយទុច្ចរិតផង វចីទុច្ចរិតផង មនោទុច្ចរិតផង ហើយប្រាថ្នាមិនឲ្យជនដទៃស្គាល់ខ្លួនឡើយ។ បុគ្គលនោះ រមែងញាប់ញ័រដោយកាយ ដោយវាចា ឬដោយចិត្ត ឈ្មោះថា បំប៉ននូវបាបកម្មរឿយៗ ក្នុងទីនោះៗ។ បុគ្គលនោះ មានអំពើអាក្រក់ឥតប្រាជ្ញា កាលដឹងនូវអំពើអាក្រក់របស់ខ្លួន រមែងលំបាកដូចអ្នកទ័លក្រ កាន់យកនូវបំណុលហើយបរិភោគ។ សេចក្តីត្រិះរិះដោយចិត្ត កើតឡើងអំពីសេចក្តីក្តៅក្រហាយ របស់បុគ្គលដែលនៅក្នុងស្រុក ឬនៅក្នុងព្រៃ ក៏ជាទុក្ខ ដូចកូនបំណុល ដែលត្រូវម្ចាស់បំណុលដេញតាមទារ។ បុគ្គលនោះ មានអំពើអាក្រក់ ឥតប្រាជ្ញា កាលដឹងនូវអំពើអាក្រក់របស់ខ្លួន រមែងទៅកាន់កំណើតណាមួយ ឬជាប់នៅក្នុងនរក អ្នកមានប្រាជ្ញា រមែងផុតស្រឡះ ចាកចំណងដែលជាទុក្ខនុ៎ះ។ បុគ្គលញ៉ាំងចិត្តឲ្យជ្រះថ្លាហើយ ឲ្យទានដោយភោគៈ ដែលបានមកដោយធម៌ ការកាន់យកជំនះ ក្នុងធម៌ទាំងពីរនោះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខ ក្នុងបរលោកផង របស់បុគ្គលអ្នកមានសទ្ធា ជាអ្នកស្វែងរកផ្ទះ បុណ្យ គឺការបរិច្ចាគនុ៎ះ រមែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។ ក្នុងអរិយវិន័យ បុគ្គលណា មានសទ្ធាដំកល់នៅ មានហិរិ មានឱត្តប្បៈ មានបញ្ញា សង្រួមក្នុងសីល បុគ្គលនុ៎ះឯង ទើបហៅថា រស់នៅជាសុខ ក្នុងអរិយវិន័យ។ បុគ្គលបាននូវសេចក្តីសុខ ប្រាសចាសអាមិសៈ រមែងដំកល់ចិត្តជាឧបេក្ខា លះបង់នូវនីវរណៈទាំង ៥ ហើយប្រារព្ធសេចក្តីព្យាយាមជានិច្ច បានដល់នូវឈានទាំងឡាយ ជាបុគ្គលមានចិត្តខ្ពស់ឯក មានបញ្ញា មានស្មារតី ចិត្តក៏ផុតស្រឡះដោយប្រពៃ ព្រោះដឹងនូវហេតុនុ៎ះតាមពិត ព្រោះមិនបានប្រកាន់យក ដោយប្រការៈទាំងពួង ក្នុងការអស់ទៅ នៃសំយោជនៈទាំងពួង។ បុគ្គលនោះ លុះមានចិត្តផុតស្រឡះ ដោយប្រពៃហើយ ជាបុគ្គលមិនកក្រើក ដោយលោកធម៌ រមែងមានបច្ចវេក្ខណញ្ញាណថា វិមុត្តិរបស់អាត្មាអញ មិនបានកក្រើក ដូច្នេះ កើតឡើងក្នុងកិរិយាអស់ទៅ នៃភវសំយោជនៈ។ ញាណនុ៎ះឯង ជាញាណដ៏ឧត្តម សេចក្តីសុខក្នុងមគ្គ និងផលនុ៎ះ ជាសុខរកសេចក្តីសុខដទៃក្រៃលែងជាងគ្មាន ឥតមានសេចក្តីសោក ប្រាសចាកធុលី គឺកិលេស ជាទីក្សេម អរហត្តផលនុ៎ះ ជាគុណជាតដ៏ឧត្តម ជាងភាវៈនៃបុគ្គលមិនមានបំណុល។«

sut.an.06.045

សូម​មើល​ផង​ដែរ៖

km/ptf/dhamma/sacca/sacca4/samma-ditthi/katannu.txt · ពេលកែចុងក្រោយ: 2024/11/27 13:41 និពន្ឋដោយ Johann