km:ptf:dhamma:sacca:sacca4:samma-samadhi:jhana

ការស្រូបយកចិត្ត៖ ឈាន

Jhana

សង្ខេប

​​អំពីការ​ឈាន ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

ការស្រូបយកចិត្ត

ឈាន

អានដោយ ឧបាសិកា វិឡា

ការស្រូបយកចិត្ត គឺ​ជា​ស្ថានភាព​នៃ​ការ​ផ្តោត​អារម្មណ៍​ខ្លាំង​​នៅ​ពេល​ឧបសគ្គ​ (នីវរណធម៌) រលាយ​បាត់។ ឈាន​ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ សម្មាសមាធិ

និយមន័យ (ជា​មួយ​ការ​ប្រៀប​ធៀប)

បឋមជ្ឈាន [ឈាន ទី១]

«… ភិក្ខុក្នុងសាសនានេះ ស្ងាត់​ចាកកាម​ទាំង​ឡាយ ប្រាកដ​ជា​ស្ងាត់​ចាក​ធម៌​ទាំង​​ឡាយ ជា​អកុសល​ហើយ ក៏​ចូល​ដល់បឋមជ្ឈាន។ ភិក្ខុនោះក៏ ញ៉ាំងករជកាយនេះ ឲ្យជ្រូតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ…

ម្នាលភិក្ខុទាំងឡាយ ដូចអ្នកផ្ងូតទឹកក្តី បុគ្គលអ្នកជំនួយការនៃអ្នកផ្ងូតទឹកក្តី ដែលឈ្លាសវៃ រោយលំអិតសម្រាប់ងូត ក្នុងភាជនៈសម្រិទ្ធិ ហើយប្រោះព្រំដោយទឹក រួចហើយក៏សូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ងូត (នោះ) ក៏ស្អិតចាប់ចូលគ្នាស្អិតល្មួត ទាំងខាងក្នុងខាងក្រៅ មិនបានរាត់រាយខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ក៏យ៉ាងនោះឯង។ …»

ទុតិយជ្ឈាន [ឈាន ទី២]

«… មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ រួច​ហើយ ក៏​​បាន​ចូល​ដល់ទុតិយជ្ឈាន។ ភិក្ខុនោះ ក៏ញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ មិនមានឡើយ …

ម្នាលភិក្ខុទាំងឡាយ ដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងកើត នៃអន្លង់ទឹកនោះ ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងជើង ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងត្បូង ក៏មិនមាន ទាំងភ្លៀង ក៏មិនបានបង្អុរចុះនូវធារទឹកដោយស្រួល ក្នុងអន្លង់ទឹកនោះ តាមកាលវេលាឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើង អំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយក៏ញ៉ាំងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាបឆ្អែតដីបរិបូណ៌ផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ ប្រទេសបន្តិចបន្តួច នៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ មិនមានឡើយ ក៏យ៉ាងនោះឯង។ …»

តតិយជ្ឈាន [ឈាន ទី៣]

«… មួយទៀត ភិក្ខុព្រោះនឿយណាយ ចាកបីតិ ​ជា​បុគ្គល​ព្រងើយ មាន​​សតិ មាន​សេចក្តី​ដឹងច្បាស់​នៅ​ ​សោយ​សុខ​ដោយ​កាយ​ផង អរិយ​បុគ្គល​ទាំងឡាយ តែង​​សំដែង​​នូវ​បុគ្គល បានដល់តតិយជ្ឈាន។ ភិក្ខុនោះ ក៏ញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយសុខ ឥតមានបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយសុខ ដែលគ្មានបីតិ មិនមានឡើយ …

ម្នាលភិក្ខុទាំងឡាយ ដូចជាទីដែលដុះព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចំរើនក្នុងទឹក មិនទាន់លូតឡើងផុតអំពីទឹក លិចទៅក្នុងទឹក រស់នៅអាស្រ័យទឹក បទុមជាតទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ តាំងអំពីឫស មើម រហូតដល់ចុង ប្រទេសបន្តិចបន្តួច នៃវារិជាតទាំងអស់ ដែលជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយសុខ ឥតមានបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយសុខ ដែលគ្មានបីតិ មិនមានឡើយ ក៏យ៉ាងនេះឯង។ …»

ចតុត្ថជ្ឈាន [ឈាន ទី៤]

«… មួយទៀត ភិក្ខុព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះ​រំលត់​នូវ​សោមនស្ស និង​ទោមនស្ស អំពី​មុន​ផង​​ ក៏បានដល់ចតុត្ថជ្ឈាន។ ភិក្ខុនោះ អង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផង មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសយកសំពត់សស្អាត មកអង្គុយទទូរអស់ទាំងក្បាល ប្រទេសបន្តិចបន្តួចនៃកាយទាំងអស់ របស់បុរសនោះ ឈ្មោះថា មិនផ្សាយដោយសំពត់សស្អាត មិនមានឡើយ យ៉ាងណាមិញ …

ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផូរផង់ មិនមានឡើយ ក៏យ៉ាងនោះឯង។ …»

sut.an.05.028

គ្មានឈានសម្រាប់ អ្នក​កំណាញ់ និងអកតញ្ញូ

«… ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ (៦) យ៉ាង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវបឋមជ្ឈាន … នូវទុតិយជ្ឈាន … នូវតតិយជ្ឈាន … នូវចតុត្ថជ្ឈាន … នូវសោតាបត្តិផល … នូវសកទាគាមិផល … នូវអនាគាមិផល … នូវអរហត្តឡើយ។ ធម៌ ៥ (៦) យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ (កំណាញ់ធម៌ ១) ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ (៦) យ៉ាងនេះ មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ (៦) យ៉ាង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ធម៌ ៥ (៦) យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ (កំណាញ់ធម៌ ១) ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ (៦) យ៉ាងនេះឯង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។

sut.an.05.v26

ជំនាញ​ឈាន គឺ​ជា​​ការបង្ហាញ​នៃ​បញ្ញា

»… ម្នាលព្រាហ្មណ៍ តថាគត ក៏តែងបញ្ញត្តិ នូវបុគ្គលដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ៤ ថាជាមហាបុរសដែរ។ ប្រកបដោយធម៌ ៤ តើដូចម្តេច។

ម្នាលព្រាហ្មណ៍ បុគ្គលក្នុងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ពួកជនច្រើនគ្នា បានដម្កល់ហើយ ក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌…

បុគ្គលនោះ ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏ត្រិះរិះ នូវវិតក្កៈនោះបាន មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ ប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេច នូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ។

បុគ្គលជាអ្នកបានដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ជាអ្នកបានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ មិនខុសវេលាកំណត់ នូវ ឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន

បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង។

ម្នាលព្រាហ្មណ៍ តថាគត មិនអនុមោទនា មិនហាមឃាត់ពាក្យរបស់អ្នកទេ។ ម្នាលព្រាហ្មណ៍ តថាគត តែងបញ្ញត្តិនូវជន ដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ នេះឯង ថាជាមហាបុរស។

sut.an.04.035

ការពិនិត្យ និងប្រាជ្ញា ដើរ​ជា​មួយ​គ្នា

ការពិនិត្យមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញា ប្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការពិនិត្យ និងប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។

sut.kn.dhp.372

ឈាន និងវិបស្សនា ដើរ​ជា​មួយ​គ្នា​ដែរ

ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ព្យាករនូវការដល់ព្រះអរហត្ត ក្នុងសំណាក់ខ្ញុំ ដោយមគ្គទាំង ៤ ឬបណ្ដាមគ្គទាំង ៤ នុ៎ះ មគ្គណាមួយ ដោយអាការទាំងពួង។ មគ្គទាំង ៤ គឺអ្វីខ្លះ។

ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនវិបស្សនា មានសមថៈ ជាប្រធាន កាលលោកចំរើនវិបស្សនា មានសមថៈជាប្រធាន មគ្គក៏កើតឡើង។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើនឡើង នូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈទាំងឡាយបាន ទាំងអនុស័យក៏អស់ទៅ។

ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចំរើនសមថៈ មានវិបស្សនា ជាប្រធាន កាលលោកចំរើនសមថៈ មានវិបស្សនា ជាប្រធាន មគ្គក៏កើតឡើង។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈបាន ទាំងអនុស័យក៏អស់ទៅ។

ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចំរើនសមថៈ និងវិបស្សនា ជាគូនឹងគ្នា កាលលោកចំរើនសមថៈ និងវិបស្សនា ជាគូនឹងគ្នា មគ្គក៏កើតឡើង។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈបាន ទាំងអនុស័យក៏អស់ទៅ។

ម្នាលអាវុសោទាំងឡាយ មួយទៀត ចិត្តរបស់ភិក្ខុ ដែលឧទ្ធច្ច (វិបស្សនូបក្កិលេស ១០) ក្នុងសមថៈ និងវិបស្សនាធម៌ កួចកាន់មាំ ម្នាលអាវុសោទាំងឡាយ ដល់សម័យដែលចិត្តឈប់នឹង ស្ងប់ស្ងៀម មានអារម្មណ៍ខ្ពស់ឯក នៅខាងក្នុង ជាសមាធិ មគ្គរមែងកើតឡើង ដល់ភិក្ខុនោះ។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើន នូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើន នូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈទាំងឡាយបាន ទាំងអនុស័យ ក៏អស់ទៅ។

ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ជាភិក្ខុនីក្ដី ព្យាករនូវការដល់ព្រះអរហត្ត ក្នុងសំណាក់ខ្ញុំ ដោយមគ្គទាំង ៤ នេះ ឬក៏បណ្ដាមគ្គទាំង ៤ នោះ ដោយមគ្គណាមួយ ដោយអាការទាំងពួងបាន។

sut.an.04.170

ផលមិន​សម្រេច​​​បើ​​ប្រតិបត្តិ​​ដោយ​​គ្មាន​​អរិយធម៌

«… ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ ក៏បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់សម្រាន្តនៅ។ កុលបុត្តនោះ ក៏ត្រេកអរនឹងបឋមជ្ឈាននោះ ស្រឡាញ់បឋមជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយបឋមជ្ឈាននោះ ឋិតនៅក្នុងបឋមជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងបឋមជ្ឈាននោះ ជាអ្នកនៅច្រើន ដោយបឋមជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកព្រហ្មកាយិកទេវតា។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា ប្រមាណ ១ កប្ប ព្រហ្មបុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជននោះ ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆាន កំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា ក៏ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានដល់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងទុតិយជ្ឈាននោះ ស្រឡាញ់ទុតិយជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយទុតិយជ្ឈាននោះ ឋិតនៅក្នុងទុតិយជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងទុតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងទុតិយជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកទេវតា ជាន់អាភស្សរៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតាជាន់អាភស្សរៈ ប្រមាណ ២ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ក៏ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះ សេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះនឿយណាយ ចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានស្មារតីដឹងខ្លួនផង បាននូវសុខ ដោយនាមកាយផង រមែងបានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ជាអ្នកព្រងើយកន្តើយ មានស្មារតីនៅជាសុខ។ បុគ្គលនោះ ក៏ត្រេកអរនឹងតតិយជ្ឈាននោះ ស្រឡាញ់តតិយជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយតតិយជ្ឈាននោះ ឋិតនៅក្នុងតតិយជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងតតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងតតិយជ្ឈាននោះ មិនសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ ក៏ទៅកើតជាមួយនឹងពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់សុភកិណ្ហៈ ប្រមាណ ៤ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ពួកទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុ របស់ពួកទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះវិនាសទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានសុខ មិនមានទុក្ខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពីឧបេក្ខា សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងចតុត្ថជ្ឈាននោះ ស្រឡាញ់ចតុត្ថជ្ឈាននោះ ដល់នូវសេចក្តីតេ្រកអរ ដោយចតុត្ថជ្ឈាននោះ ឋិតនៅក្នុងចតុត្ថជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងចតុត្ថជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងចតុត្ថជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកទេវតា ជាន់វេហប្ផលៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់វេហប្ផលៈ ប្រមាណ ៥០០ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ ក៏រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ …»

sut.an.04.123

ផល​សម្រេច​​​បើ​​ប្រតិបត្តិ​​ដោយ​​​មានអរិយធម៌

«… ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រាន្តនៅ។ ធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនរបស់ខ្លួន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឧបបត្តិ (ការកើត) មិនបានទួទៅដល់បុថុជ្ជនទាំងឡាយឡើយ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។បេ។ បានដល់ចតុត្ថជ្ឈាន សម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មាននៅក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនជារបស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ …»

sut.an.04.123

កុំ​ប្រកប​រឿយៗ នូវ​សេចក្តី​ប្រមាទ

អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្តីសុខដ៏ទូលាយ។

sut.kn.dhp.027

សូម​មើល​ផង​ដែរ៖

km/ptf/dhamma/sacca/sacca4/samma-samadhi/jhana.txt · ពេលកែចុងក្រោយ: 2024/11/22 05:36 និពន្ឋដោយ Johann