km:ptf:dhamma:sacca:sacca4:samma-vayamo:index

សេចក្ដី​ព្យាយាម​ត្រូវ៖ សម្មាវាយាមៈ

Right Effort

សង្ខេប

ការ​​ពន្យល់​​អំពី​​សេចក្ដី​ព្យាយាម​ត្រូវ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

សេចក្ដី​ព្យាយាម​ត្រូវ

សម្មាវាយាមោ

សេចក្តីព្យាយាម​ត្រូវ​គឺ​ជា​អង្គ​ទី ៦ នៃ​អង្គ​ទាំង ៨ នៅក្នុងអរិយមគ្គនេះ ហើយ​នឹង​ជា​សមាជិក​របស់​​ចំណែកនៃ​សមាធិ​​ខន្ធ

និយមន័យ (សម្មប្បធានៈ ការ​ប្រឹង​ប្រែង​ត្រូវ​ទាំង​ ៤)

«ម្នាលភិក្ខុទាំងឡាយ សម្មាវាយាមៈ តើដូចម្តេច។

[] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ញ៉ាំងឆន្ទៈ ឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំង ព្យាយាមមាំ ដើម្បីញ៉ាំងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន

[] ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ

[] ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង

[] ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យតាំងនៅ មិនឲ្យភ្លេចភ្លាំងទៅវិញ ឲ្យចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាយាមៈ។»

sut.sn.45.008

លះ​​អកុសល​​ចេញ ចូរ​ចំរើន​កុសល​ចុះ

«ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គង់អាចនឹងលះអកុសលចេញបាន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មិនអាចនឹងលះអកុសលនោះចេញបានទេ តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអ្នកទាំងឡាយ អាចនឹងលះអកុសលចេញបាន បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ ម្នាលភិក្ខុទាំងឡាយ បើអកុសលនេះ ដែលបុគ្គលលះរួចហើយ នៅតែប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដដែល តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអកុសល ដែលបុគ្គលលះរួចហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចកី្តសុខមែន បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនកុសលចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អាចនឹងចំរើនកុសលបាន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មិនអាចនឹងចំរើន កុសលនុ៎ះបានទេ តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនកុសលចុះ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអ្នកទាំងឡាយ អាចនឹងចំរើនកុសលបាន បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនកុសលចុះ ម្នាលភិក្ខុទាំងឡាយ បើកុសលនេះ ដែលបុគ្គលចំរើនហើយ នៅតែប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចកី្តទុក្ខដដែល តថាគត ក៏មិនគប្បីពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនកុសលឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែកុសល ដែលបុគ្គលចំរើនហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចកី្តសុខ បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនកុសលចុះ។»

sut.an.02.019

ការ​​លះ​បង់​​ចោល​​នូវ​អង្​គមគ្គ​ខុស

«បុគ្គលនោះព្យាយាម ដើម្បីលះបង់នូវមិច្ឆាទិដ្ឋិ បំពេញនូវ​សម្មាទិដ្ឋិ។ សេចក្តីព្យាយាមនោះ ឈ្មោះថា សម្មាវាយាមៈ របស់បុគ្គលនោះ។

«បុគ្គលនោះ ព្យាយាម ដើម្បីលះបង់នូវមិច្ឆាសង្កប្បៈ ដើម្បីបំពេញនូវ​សម្មាសង្កប្បៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។

«បុគ្គលនោះ ព្យាយាម ដើម្បីលះបង់ ​នូវមិច្ឆាវាចា បំពេញនូវ​សម្មាវាចា។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់​បុគ្គលនោះ។

«បុគ្គលនោះ ព្យាយាម ដើម្បីលះបង់ នូវមិច្ឆាកម្មន្តៈ ដើម្បីបំពេញនូវ​សម្មាកម្មន្តៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។

«បុគ្គលនោះ ព្យាយាម ដើម្បីលះបង់​នូវមិច្ឆាអាជីវៈ បំពេញនូវ​សម្មាអាជីវៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។

sut.mn.117

ដូច​ជា​ការ​កែ​សំរួល​ឧបករណ៍​ភ្លេង

លំដាប់នោះ ព្រះសោណៈដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ [បន្ទាប់​​ពី​ដើរ​សមាធិ​​រហូត​ ដល់​​ស្បែក​​ជើង​​បែក​​ចេញ​​ឈាម] មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង យ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវករបស់ព្រះដ៏មានព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថាជាសាវក ដែលមានព្យាយាមតឹងតែងមួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់អញ ក៏មិនរួចស្រឡះ ចាកកងអាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ភោគសម្បត្តិ និងធ្វើនូវបុណ្យទាំងឡាយបានដែរ បើដូច្នោះ គួរតែអញលានូវសិក្ខា វិលត្រឡប់មកកាន់ហីនភេទ ប្រើប្រាស់នូវភោគសម្បត្តិ និងធ្វើបុណ្យទាំងឡាយវិញ។

លំដាប់នោះ ព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់ នូវសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសោណៈដ៏មានអាយុ ដោយព្រះហ្ឫទ័យព្រះអង្គ ក៏ស្រាប់តែបាត់អំពីភ្នំគិជ្ឈកូដ មកប្រតិស្ថាន ក្នុងទីចំពោះមុខ នៃព្រះសោណៈដ៏មានអាយុ នាព្រៃសីតវន ដូចបុរសមានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើពុទ្ធាសនៈ ដែលគេក្រាលថ្វាយ។ ឯព្រះសោណៈដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរយ៉ាងនេះថា នែសោណៈ ក្រែងអ្នកសម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះក្នុងចិត្ត កើតឡើងយ៉ាងនេះថា ពួកភិក្ខុណាមួយ … នូវភោគសម្បត្តិផង ធ្វើនូវបុណ្យទាំងឡាយផង ដូច្នេះមែនឬ។ ព្រះសោណៈដ៏មានអាយុ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា នែសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច ខ្លួនអ្នក កាលនៅជាគ្រហស្ថអំពីដើម ជាអ្នកឈ្លាសវៃ ក្នុងការដេញខ្សែពិណដែរឬ។

ព្រះករុណា ព្រះអង្គ។

ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក តឹងពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។

មិនដូច្នោះទេ ព្រះអង្គ។

ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក ធូរពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។

មិនដូច្នោះទេ ព្រះអង្គ។

ម្នាលសោណៈ មួយទៀត សម័យណា ខ្សែពិណរបស់អ្នក មិនតឹងពេក មិនធូរពេកទេ តាំងនៅក្នុងគុណដ៏ស្មើល្មម គឺសំឡេងជាកណ្តាល សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។

ព្រះករុណា ព្រះអង្គ។

ម្នាលសោណៈ ព្យាយាមដែលតឹងពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអណ្តែតអណ្តូងចិត្ត ព្យាយាមដែលធូរពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីខ្ជិលច្រអូស ក៏យ៉ាងនោះដែរ ម្នាលសោណៈ ព្រោះហេតុនោះ អ្នកចូរតាំងសេចក្តីព្យាយាម ឲ្យស្មើល្មមផង ចូរតាំងនូវឥន្រ្ទិយទាំងឡាយ (មានសិទ្ធិន្រ្ទិយ ជាដើម) ឲ្យស្មើគ្នាផង ចូរកាន់យកនូវនិមិត្ត ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយដែលស្មើល្មមនោះផង។

ព្រះសោណៈដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានព្រះសោណៈដ៏មានអាយុ ដោយឱវាទនេះហើយ ក៏ស្រាប់តែបាត់អំពីព្រៃសីតវន ទៅប្រាកដលើភ្នំគិជ្ឈកូដ ដូចជាបុរសដ៏មានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។

គ្រាសម័យជាខាងក្រោយមក ព្រះសោណៈដ៏មានអាយុ ក៏បានតាំងនូវសេចក្តីព្យាយាម ឲ្យស្មើល្មមផង តាំងនូវឥន្រ្ទិយទាំងឡាយ ឲ្យស្មើគ្នាផង បានកាន់យកនូវនិមិត្ត ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយ ដែលស្មើល្មមនោះផង។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ គេចចេញចាកពួក ទៅនៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតបំផ្លាញ (នូវកិលេស) មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលមានព្រហ្មចរិយៈ ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ហើយបានដឹងច្បាស់ថា ជាតិ (របស់អញ) អស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ មានសេចក្តីសរសើរថា បណ្តាពួកព្រះអរហន្តទាំងឡាយ ព្រះសោណៈដ៏មានអាយុ រាប់ថាជាអរហន្តមួយដែរ។

sut.an.06.055

បធាន (សេចក្តីព្យាយាម) ៤

ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះ មាន ៤ យ៉ាង។ បធានទាំង ៤ យ៉ាង តើដូចម្តេច។ គឺ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១។ ម្នាលភិក្ខុទាំងឡាយ សំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវសេចក្តីសង្រួម ក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … ជញ្ជាបរសដោយអណ្តាត ពាល់ត្រូវនូវផ្សព្វដោយកាយ … ដឹងនូវធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យក នូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គលដែលមិនបានសង្រួម នូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួម ក្នុងមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន។ ម្នាលភិក្ខុទាំងឡាយ បហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវកាមវិតក្កៈ ដែលកើតឡើងហើយ ព្យាបាទវិតក្កៈ ដែលកើតឡើងហើយ … វិហឹសាវិតក្កៈ ដែលកើតឡើងហើយ … មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ កើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បហានប្បធាន។ ម្នាលភិក្ខុទាំងឡាយ ភាវនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវធម្មវិចយសម្ពោជ្ឈង្គ … ចំរើននូវវីរិយសម្ពោជ្ឈង្គ … ចំរើននូវបីតិសម្ពោជ្ឈង្គ … ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ … ចំរើននូវសមាធិសម្ពោជ្ឈង្គ … ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាទុកនូវសមាធិនិមិត្ត គឺអដ្ឋិកសញ្ញា បុឡវកសញ្ញា វិនីលកសញ្ញា វិបុព្វកសញ្ញា វិច្ឆិទ្ទកសញ្ញា ឧទ្ធុមាតកសញ្ញា1) ដ៏ល្អ ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុរក្ខនាបធាន។ ម្នាលភិក្ខុទាំងឡាយ បធាន មាន ៤ យ៉ាងប៉ុណ្ណេះ។

សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធានទាំង ៤ យ៉ាងនេះ ព្រះពុទ្ធជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់សំដែងហើយ ដែលភិក្ខុក្នុងសាសនានេះ មានព្យាយាម ដុតកំដៅកិលេស បានដល់នូវអរហត្ត ជាធម៌អស់ទៅនៃទុក្ខ។

sut.an.04.014


km/ptf/dhamma/sacca/sacca4/samma-vayamo/index.txt · ពេលកែចុងក្រោយ: 2023/04/05 09:23 និពន្ឋដោយ Cheav Villa