Virtue
ការពន្យល់អំពីសីលធម៌ដោយព្រះសូត្រ ដូចតទៅ ពាក្យរបស់ព្រះពុទ្ធ។
Sila (virtue, moral conduct) is the cornerstone upon which the entire Noble Eightfold Path is built. The practice of sila is defined by the middle three factors of the Eightfold Path: Right Speech, Right Action, and Right Livelihood
Practicing Buddhists voluntarily undertake a particular set of training rules appropriate to their life-situation:
…[ព្រះអានន្ទ៖] បពិត្រព្រះអង្គដ៏ចំរើន ពួកសីលជាកុសល មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
[ព្រះដ៏មានព្រះភាគ៖] ម្នាលអានន្ទ ពួកសីលជាកុសល មានអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស។
បពិត្រព្រះអង្គដ៏ចំរើន ចុះអវិប្បដិសារៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ (សេចក្តីរីករាយ) ជាប្រយោជន៍ មានបាមុជ្ជៈជាអានិសង្ស។
បពិត្រព្រះអង្គដ៏ចំរើន ចុះបាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តីឆ្អែតចិត្ត) ជាប្រយោជន៍ មានបីតិជាអានិសង្ស។
បពិត្រព្រះអង្គដ៏ចំរើន ចុះបីតិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ម្នាលអានន្ទ បីតិ មានបស្សទ្ធិ (សេចក្តីស្ងប់) ជាប្រយោជន៍ មានបស្សទ្ធិ ជាអានិសង្ស។
បពិត្រព្រះអង្គដ៏ចំរើន ចុះបស្សទ្ធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ម្នាលអានន្ទ បស្សទិ្ធ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស។
បពិត្រព្រះអង្គដ៏ចំរើន ចុះសុខៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ម្នាលអានន្ទ សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស។
បពិត្រព្រះអង្គដ៏ចំរើន ចុះសមាធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
មា្នលអានន្ទ សមាធិ មានយថាភូតញ្ញាណទស្សនៈ (វិបស្សនាញាណទន់ខ្ចី) ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស។
បពិត្រព្រះអង្គដ៏ចំរើន ចុះយថាភូតញ្ញាណទស្សនៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ម្នាលអានន្ទ យថាភូតញ្ញាណទស្សនៈ មាននិព្វិទា និងវិរាគៈ (វិបស្សនាញាណដ៏មានកំឡាំង និងមគ្គ) ជាប្រយោជន៍ មាននិព្វិទា និងវិរាគៈ ជាអានិសង្ស។
បពិត្រព្រះអង្គដ៏ចំរើន ចុះនិព្វិទា និងវិរាគៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ម្នាលអានន្ទ និព្វិទា និងវិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ (អរហត្តផល និងបច្ចវេក្ខណញ្ញាណ) ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស។…
…ម្នាលភិក្ខុទាំងឡាយ ទានទាំង ៥ យ៉ាងនេះ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅ អស់រាត្រីយូរ ដឹងថាជាវង្សនៃ (កល្យាណជន) ជារបស់មានមកក្នុងកាលមុន ជារបស់មិនរោយរាយ ជារបស់មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ (ក្នុងកាលឥឡូវនេះ) និងមិនខ្ចាត់ខ្ចាយ (ក្នុងអនាគត) ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ។ ទាន ៥ យ៉ាង តើដូចម្តេចខ្លះ។
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាអ្នកវៀរចាកបាណាតិបាត ឈ្មោះថាឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបាន លុះឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែក នៃសេចក្តីមិនមានភ័យ មិនមានពៀរ មិនមានទុក្ខ មានប្រមាណមិនបានវិញ។ ម្នាលភិក្ខុទាំងឡាយ នេះជាទាន ទី១ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹងថាជាវង្សនៃ (កល្យាណជន) ជារបស់មានមកក្នុងកាលមុន ជារបស់មិនរោយរាយ មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ នឹងមិនខ្ចាត់ខ្ចាយ ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៤ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។
ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន។…
…លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ។…
…លះបង់មុសាវាទ វៀរចាកមុសាវាទ។…
…លះបង់សុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលភិក្ខុទាំងឡាយ អរិយសាវក វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ឈ្មោះថាឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបាន លុះឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែក នៃសេចក្តីមិនមានភ័យ មិនមានពៀរ មិនមានទុក្ខ មានប្រមាណមិនបានវិញ ម្នាលភិក្ខុទាំងឡាយ នេះជាទាន ទី៥ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹងថាជាវង្សនៃ (កល្យាណជន) ជារបស់មានមកក្នុងកាលមុន មិនរោយរាយ មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ នឹងមិនខ្ចាត់ខ្ចាយ ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៨ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។…
…ម្នាលគហបតីទាំងឡាយ អានិសង្សនៃបុគ្គលមានសីល នៃសីលសម្បទានេះ មាន៥ប្រការ។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលមានសីល ដល់ព្រមដោយសីល ក្នុងលោកនេះ រមែងបានគំនរទ្រព្យដ៏ធំ ដែលមានសេចក្តីមិនប្រមាទជាហេតុ នេះជាអានិសង្សទី១ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល ដល់ព្រមដោយសីល តែងផ្សាយទៅសព្វទិស នេះជាអានិសង្សទី២ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល ទោះចូលទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាបុគ្គលមានសេចក្តីក្លៀវក្លា ចូលទៅដោយការមិនអៀនអន់ នេះជាអានិសង្សទី៣ នៃបុគ្គលមានសីល នៃសីលសម្បទា។ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល ជាបុគ្គលមិនវង្វេង ធ្វើមរណកាល នេះជាអានិសង្សទី៤ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល លុះបែកធ្លាយរាងកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងកើតក្នុងលោក គឺមនុស្សសុគតិ និងឋានសួគ៌ នេះជាអានិសង្សទី៥ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃបុគ្គលមានសីល នៃសីលសម្បទា មាន៥ប្រការនេះឯង។…
…ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះ ជាអានិសង្សនៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។
ម្នាលគហបតិទាំងឡាយ បុគ្គលមានសីល ឬបរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរ នៃសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាថ។ នេះជាអានិសង្សទី១ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។
ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះ ឮខ្ចរខ្ចាយទៅ។ នេះជាអានិសង្សទី២ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។
ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏ក្លៀវក្លា មិនឱនមុខចុះ គឺថា មិនក្រអឹមក្រអៀម ហើយដើរចូលទៅ។ នេះជាអានិសង្សទី៣ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។
ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះវេលាទៀបស្លាប់ ក៏មិនវង្វេងស្មារតីឡើយ។ នេះជាអានិសង្សទី៤ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។
ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះរំលាងខន្ធបន្ទាប់អំពីមរណៈ រមែងទៅកាន់មនុស្សលោក ឬទេវលោក។ នេះជាអានិសង្សទី៥ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។
ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះឯង ជាអានិសង្សនៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។
…ម្នាលព្យគ្ឃបជ្ជៈ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណា ពួកជនណា ទោះគហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើនដោយសីលក្ដី ចាស់ហើយ តែចំរើនដោយសីលក្ដី បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា ដែលនៅក្នុងស្រុក ឬនិគមនោះ កុលបុត្រនោះ តែងឈរ ចរចា សាកច្ឆាជាមួយនឹងពួកជនទាំងនោះ តែងសិក្សានូវសទ្ធាសម្បទានឹងពួកជនអ្នកបរិបូណ៌ដោយសទ្ធា តាមសមគួរ សិក្សានូវសីលសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសីល តាមសមគួរ សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា។…
…បពិត្រមហានាម អរិយសាវ័ករលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ រមែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តតាំងនៅល្អ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចំរើន ឋិតក្តី គប្បីចំរើន គង់ក្តី គប្បីចំរើន ផ្ទំក្តី គប្បីចំរើន ផ្គូរផ្គងការងារក្តី គប្បីចំរើន គ្រប់គ្រងនូវទីផ្ទំដែលចង្អៀត ដោយព្រះរាជបុត្តក្តី គប្បីចំរើននូវទេវតានុស្សតិនេះបានដែរ។
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គល អ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍ អ្នកដទៃផង ១។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត ជាអ្នកវៀរចាកអទិន្នាទាន ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទាន ជាអ្នកវៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារ ជាអ្នកវៀរចាកមុសាវាទ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកមុសាវាទ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនវៀរចាកបាណាតិបាត ចំពោះខ្លួន តែបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត។បេ។ ជាអ្នកមិនវៀរចាកហេតុជាទីតាំង នៃ សេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួន តែបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនវៀរចាកបាណាតិបាតចំពោះខ្លួន ទាំងមិនបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត។បេ។ ជាអ្នកមិនវៀរចាក ហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួន ទាំងមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាតផង វៀរចាកអទិន្នាទានចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទានផង វៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារផង វៀរចាកមុសាវាទចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរ ចាកមុសាវាទផង វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យផង។
ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។
See also:
ជំនួយ | ដំណឹង | ចូរទាក់ទង់ | ទំហំពីធម្មទាន | សហការ
អនុមោទនាបុញ្ញកុសល!