User Tools

Site Tools


Translations of this page?:
km:ptf:tisarana

ប្រជុំនៃទីពឹង ៣ ប្រភេទ៖ ត្រៃសរណៈ (តិសរណៈ)

The Threefold Refuge

សង្ខេប

ទីពឹង ៣​​ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

ប្រជុំនៃទីពឹង ៣ ប្រភេទ

ត្រៃសរណៈ (តិសរណ)

អានដោយ ឧបាសក សុខវិបុល

ទីពឹង ដែលប្រសើរណាស់

«មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាក ទុក្ខទាំងពួងឡើយ។ លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ចទុក្ខសមុទយសច្ចនិរោធសច្ច កន្លងទុក្ខអរិយមគ្គប្រកបដោយអង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វាន ដែលជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញាដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន។» sut.kn.dhp.188-192

ការរួបរួមនៃរតនៈ ៣ (តិរតន) ដោយ ជញ្ជឹងគិតដល់

«… បពិត្រមហានាម ក្នុងសាសនានេះ ព្រះអង្គគប្បីរលឹកនូវតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គបំបាក់បង់នូវភពដូច្នេះ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវតថាគតក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវតថាគតហើយ រមែងបានសេចក្តីយល់នូវអត្ថ សេចក្តីយល់នូវធម៌ មានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏បានតាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគត ហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវពុទ្ធានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គលទាំង ៨ ពួក ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះធម៌ ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវព្រះធម៌ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានសេចក្តីរីករាយហើយ បីតិ រមែងកើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើក្នុងពួកសត្វ ដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវធម្មានុស្សទិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះសង្ឃថា ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រង់ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិញ្វន ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិគួរដល់សាមីចិកម្ម ព្រះសង្ឃណា បើរាប់ជាគូនៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគនុ៎ះ លោកគួរទទួលរបស់ដែលគេនាំមកបូជា លោកគួរទទួលរបស់ដែលគេបម្រុងទទួលភ្ញៀវ លោកគួរទទួលទក្ខិណាទាន លោកគួរដល់អញ្ជលិកម្ម លោកជាបុញ្ញកេ្ខត្តដ៏ប្រសើររបស់សត្វលោក។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះសង្ឃក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ប្រារព្ធនូវព្រះសង្ឃហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថាអ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសង្ឃានុស្សតិ។ …»

sut.an.11.011

រូបមន្ត​​ភាសា​បាលី​ស​ម្រាប់​ ពំនាក់​ជា​គ្រឿង​រក្សា​ខ្លួន ៣ យ៉ាង (ត្រៃសរណៈ)

(ខគម្ពីរ​ទាំង​នេះ ធម្មតា​ត្រូវ​បាន​សូត្រ​មុន​នឹង​ទទួល​សិក្ខាបទ សីល ៥។)

«ពុទ្ធំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក
ធម្មំ សរណំ គច្ឆាម
ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក
សង្ឃំ សរណំ គច្ឆាមិ។
ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក។

ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់ពីរដងផង
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់ពីរដងផង
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។
ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់ពីរដងផង។

តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់បីដងផង
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់បីដងផង
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។
ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់បីដងផង។»

sut.kn.khp.1

ជា​រង្វាន់​នៃ​បុញ្ញ​កុសល​របស់អ្នក

«…ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុង​សាសនានេះ ជាអ្នក​ដល់នូវ​ព្រះពុទ្ធ​ជាទីពឹង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃកុសល ជាអាហារនៃ​សេចក្តីសុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃ​សេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បី​សួគ៌ ទី១ រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បីសេចក្តី​ពេញចិត្ត ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។

ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត អរិយសាវក ជាអ្នកដល់​នូវព្រះធម៌​ជាទីពឹង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ ទី២។បេ។ រមែង​ប្រព្រឹត្តទៅ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់​នូវ​ព្រះសង្ឃ​ជាទីពឹង នេះជា​អានិសង្សនៃ​បុណ្យ អានិសង្ស​នៃ​កុសល ជាអាហារនៃ​សេចក្តី​សុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៣ រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។…»

sut.an.08.039

ជម្រក​ពី​ការ​ឈឺចាប់

«… បើ​អ្នក​ខ្លាច​សេចក្ដីទុក្ខ បើ​សេចក្ដីទុក្ខ​មិន​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទេ អ្នក​កុំធ្វើ​បាបកម្ម ទោះបី​ក្នុង​ទីវាលក្ដី ក្នុង​ទី​កំបាំងក្ដី។ បើ​អ្នក​នឹង​ធ្វើ​ ឬកំពុងធ្វើ​នូវ​បាបកម្ម សូម្បី​អ្នក​ហោះ​រត់​ទៅ ក៏​មិនរួច​ចាក​ទុក្ខ។ បើ​អ្នក​ខ្លាច​សេចក្ដីទុក្ខ បើសេចក្ដី​ទុក្ខ មិន​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ អ្នក​ចូរ​ដល់​នូវ​ព្រះ​ពុទ្ធ​ជាតាទិបុគ្គល​ផង នូវ​ព្រះ​ធម៌ផង នូវ​ព្រះ​សង្ឃ​ផង ជា​ទី​ពឹងចុះ ចូរសមាទាសីល​ទាំង​ឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និង​ការ​សមាទាន​សីលនោះ នឹងញ៉ាំង​អ្នក​ឲ្យ​រួច​ចាក (ទុក្ខ)។» sut.kn.thi.12.01

តើ​អ្នក​រក​ទី​រឭក​ក្នុងអ្វី?

«… កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សិង្គាលកគហបតិបុត្ត បានក្រាបបង្គំទូល ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែង​ហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាមនុស្ស ផ្ងាររបស់ដែល​គេផ្កាប់ ឬដូចគេបើកបង្ហាញ របស់ដែល​បិទបាំង ឬក៏ដូចគេប្រាប់ផ្លូវ​ ដល់អ្នកវង្វេងទិស ពុំនោះ​សោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ​ទាំងឡាយ រមែងឃើញ ​នូវរូបទាំងឡាយ

ខ្ញុំព្រះអង្គនោះ​ សូមដល់​នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាសរណៈ ចាប់ដើមតាំងពីថ្ងៃនេះទៅ សូម​ព្រះមាន​ព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់​ដើមតាំងពីថ្ងៃនេះរៀងទៅ។»

sut.dn.31

សូមមើលបន្ថែមទៀត៖


km/ptf/tisarana.txt · ពេលកែចុងក្រោយ: 2024/02/10 16:24 និពន្ឋដោយ Johann