User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.00

(ធម្មសង្គណី) មាតិកា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 00 បាលី cs-km: abh.ds.00 អដ្ឋកថា: abh.ds.00_att PTS: ?

(ធម្មសង្គណី) មាតិកា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(មាតិកា)

(តិកមាតិកា (ទី១))

(១. តិកមាតិកា)

[១] ពួកធម៌ជាកុសល1) ពួកធម៌ជាអកុសល2) ពួកធម៌ជាអព្យាក្រឹត3) ពួកធម៌ប្រកបដោយសុខវេទនា4) ពួកធម៌ប្រកបដោយទុក្ខវេទនា5) ពួកធម៌ប្រកបដោយ​វេទនា​មិនជាទុក្ខ មិនជាសុខ6) ពួកធម៌ជាវិបាក7) ពួកធម៌មានវិបាកជាប្រក្រតី ពួកធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពួកធម៌ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជា​ប្រយោជន៍​ដល់ឧបាទាន8) ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេស​ មានតណ្ហា​ជាដើម កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ដែល​មិនមាន​កម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍​ដល់​ឧបាទាន ពួកធម៌ដែលសៅហ្មង ទាំងគួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ដែលមិន​សៅហ្មង តែគួរដើម្បីដល់​នូវសេចក្តី​សៅហ្មង ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដើម្បី​ដល់នូវ​សេចក្តីសៅហ្មង ពួកធម៌ប្រកប​ដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ9) ពួកធម៌គ្មានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌គ្មាន​វិតក្កៈ ទាំងគ្មានវិចារៈ ពួកធម៌ប្រកបដោយបីតិ10) ពួកធម៌​ប្រកបដោយសុខ11) ពួកធម៌ប្រកបដោយឧបេក្ខា12) ពួកធម៌ដែល​ត្រូវលះ​ដោយ​ទស្សនៈ13) ពួកធម៌​ដែល​ត្រូវលះដោយភាវនា14) ពួកធម៌ដែលមិន​ត្រូវលះ​ដោយទស្សនៈ មិនត្រូវលះដោយភាវនា ពួកធម៌មានហេតុ​ដែលត្រូវ​លះដោយទស្សៈ ពួកធម៌​មាន​ហេតុដែលត្រូវលះ​ដោយភាវនា ពួកធម៌មានហេតុដែល​មិនត្រូវលះដោយទស្សនៈ មិនត្រូវ​លះដោយភាវនា ពួកធម៌ដល់នូវការ​សន្សំកពូនឡើង​ដោយ​កម្មក្កិលេស ពួកធម៌មិនដល់នូវ​ការ​សន្សំ​កពូនឡើង ពួកធម៌មិនមែន​ជាដល់នូវ​ការសន្សំ​កពូនឡើង មិនមែនជាមិន​ដល់នូវការ​សន្សំ​កពូនឡើង ពួកធម៌ជារបស់​សេក្ខបុគ្គល ពួកធម៌ជា​របស់អសេក្ខបុគ្គល ពួកធម៌មិនមែន​ជារបស់សេក្ខបុគ្គល មិនមែន​ជារបស់អសេក្ខបុគ្គល ពួកធម៌មានសភាពតូចឆ្មារ ពួកធម៌ដល់​នូវសភាពធំ ពួកធម៌​ប្រមាណ​មិនបាន ពួកធម៌មាន​អារម្មណ៍តូចឆ្មារ ពួកធម៌មានអារម្មណ៍​ដល់​នូវសភាពធំ ពួកធម៌មាន​អារម្មណ៍ប្រមាណមិនបាន ពួកធម៌ដ៏ថោកទាប ពួកធម៌យ៉ាងកណ្តាល ពួកធម៌ដ៏ឧត្តម ពួកធម៌មានសភាពខុស និងទៀង ពួកធម៌មានសភាពត្រូវ និងទៀង ពួកធម៌​មិនទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌​មានមគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី ពួកធម៌​កើតឡើងហើយ ពួកធម៌មិនទាន់កើតឡើង ពួកធម៌ដែលប្រុងនឹងកើតឡើង ពួកធម៌​ជាអតីត (កន្លងទៅហើយ) ពួកធម៌ជាអនាគត (មិន​ទាន់មកដល់) ពួកធម៌ជាបច្ចុប្បន្ន (កើត​ឡើង​ចំពោះមុខ) ពួកធម៌មានអារម្មណ៍ជាអតីត ពួកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌មាន​អារម្មណ៍​ជាបច្ចុប្បន្ន ពួកធម៌ជាខាងក្នុង ពួកធម៌​ជាខាងក្រៅ ពួកធម៌ជាខាងក្នុង និងខាងក្រៅ ពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌មាន​អារម្មណ៍ខាងក្រៅ​ ពួកធម៌​មានអារម្មណ៍ខាងក្នុង និងខាងក្រៅ ពួកធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ពួកធម៌មិន​ប្រកប​ដោយការឃើញ តែប្រកបដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការឃើញ មិនប្រកប​ដោយការប៉ះពាល់។

ចប់ តិកមាតិកា ២២។

(ទុកមាតិកា (ទី២))

(២. ទុកមាតិកា)

(ហេតុគោច្ឆកៈ)

(ហេតុគោច្ឆកំ)

[២] ពួកធម៌ជាហេតុ15) ពួកធម៌មិនមែនជាហេតុ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌​មិន​ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកប​ដោយហេតុ ពួកធម៌ប្រាសចាកហេតុ ពួកធម៌ជា​ហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិន​មែន​ជាហេតុ ពួកធម៌ជាហេតុផង ប្រកប​ដោយហេតុផង ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌មិនមែន​ជា​ហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌មិនមែន​ជាហេតុផង មិនប្រព្រឹត្តទៅជា​មួយនឹង​ហេតុផង។

ចប់ ពួកហេតុ។

(ចូឡន្តរៈទុកៈ)

(ចូឡន្តរទុកំ)

[៣] ពួកធម៌ប្រកបដោយបច្ច័យ16) ពួកធម៌មិនមានបច្ច័យ ពួកធម៌មានបច្ច័យតាក់តែង ពួកធម៌​ឥតបច្ច័យតាក់តែង ពួកធម៌ប្រកបដោយការឃើញ ពួកធម៌មិនប្រកបដោយការឃើញ ពួកធម៌​ប្រកប​ដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការប៉ះពាល់ ពួកធម៌មានរូប ពួកធម៌​មិន​មានរូប ពួកធម៌ជាលោកិយ17) ពួកធម៌ជាលោកុត្តរៈ18) ពួកធម៌គួរដឹងច្បាស់ដោយវិញ្ញាណនីមួយ គឺចក្ខុវិញ្ញាណ ឬសោតវិញ្ញាណជាដើម ពួកធម៌ដែល​មិនគួរ​ដឹងច្បាស់ដោយវិញ្ញាណនីមួយ។

ចប់ ចូឡន្តរៈទុកៈ។

(អាសវគោច្ឆកៈ)

(អាសវគោច្ឆកំ)

[៤] ពួកធម៌ជាអាសវៈ19) ពួកធម៌មិនមែនជាអាសវៈ ពួកធម៌​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌​មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ប្រកប​ដោយ​អាសវៈ ពួកធម៌ប្រាសចាក​អាសវៈ ពួក​ធម៌​ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ពួកធម៌គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយ​នឹង​អាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង ពួកធម៌​គ្រាន់តែ​ប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅ​ជាមួយ​នឹង​អាសវៈ ពួកធម៌ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយ​នឹងអាសវៈផង។

ចប់ ពួកអាសវៈ។

(សំយោជនគោច្ឆកៈ)

(សំយោជនគោច្ឆកំ)

[៥] ពួកធម៌ជាសញ្ញោជនៈ (ធម៌ចងសត្វទុកក្នុងវដ្ដៈ) ពួកធម៌មិនមែនជាសញ្ញោជនៈ ពួកធម៌​ជា​ប្រយោជន៍ ឬសមគួរដល់សញ្ញោជនៈ ពួកធម៌មិនមែនជាប្រយោជន៍ ឬមិនសម​គួរដល់​សញ្ញោជនៈ ពួកធម៌ប្រកបដោយសញ្ញោជនៈ ពួកធម៌ប្រាសចាកសញ្ញោជនៈ ពួកធម៌ជា​សញ្ញោជនៈ​ផង ជាប្រយោជន៍ដល់សញ្ញោជនៈផង ពួកធម៌គ្រាន់តែជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ពួកធម៌ប្រាសចាក​សញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍​ដល់​សញ្ញោជនៈ ពួកធម៌ប្រាសចាកសញ្ញោជនៈផង មិនជា​ប្រយោជន៍​ដល់សញ្ញោជនៈផង។

ចប់ ពួកសញ្ញោជនៈ។

(គន្ថគោច្ឆកៈ)

(គន្ថគោច្ឆកំ)

[៦] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិ និងបដិសន្ធិ) ពួកធម៌​មិនមែន​ជាគន្ថៈ ពួកធម៌ដែលគន្ថៈគប្បីដោតក្រង ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង ពួកធម៌​ប្រកបដោយគន្ថៈ ពួកធម៌ប្រាសចាកគន្ថៈ ពួកធម៌ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈ ពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង ពួកធម៌គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈ ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បី​ដោត​ក្រង ពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផង។

ចប់ ពួកគន្ថៈ។

(ឱឃគោច្ឆកៈ)

(ឱឃគោច្ឆកំ)

[៧] ពួកធម៌ជាឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្ដៈ) ពួកធម៌មិនមែនជាឱឃៈ ពួកធម៌​ដែលឱឃៈ​គប្បីប្រព្រឹត្តកន្លង ពួកធម៌ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌​ប្រកប​ដោយ​ឱឃៈ ពួកធម៌ប្រាសចាកឱឃៈ ពួកធម៌​ជាឱឃៈផង ដែលឱឃៈគប្បីប្រព្រឹត្តកន្លងផង ពួកធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លង តែមិនមែន​ជា​ឱឃៈ ពួកធម៌ជាឱឃៈផង ប្រកប​ដោយ​ឱឃៈផង ពួកធម៌គ្រាន់តែប្រកបដោយឱឃៈ តែមិន​មែនជាឱឃៈ ពួកធម៌ប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លង ពួកធម៌ប្រាសចាកឱឃៈផង ឱឃៈមិនគប្បីប្រព្រឹត្តកន្លងផង។

ចប់ ពួកឱឃៈ។

(យោគគោច្ឆកៈ)

(យោគគោច្ឆកំ)

[៨] ពួកធម៌ជាយោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្ដៈ) ពួកធម៌មិនមែនជាយោគៈ ពួកធម៌​ដែលយោគៈគប្បីប្រព្រឹត្តកន្លង ពួកធម៌ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌ប្រកប​ដោយ​យោគៈ ពួកធម៌ប្រាសចាកយោគៈ ពួកធម៌ជាយោគៈផង ដែលយោគៈ​គប្បីប្រព្រឹត្ត​កន្លងផង ពួកធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លង តែមិនមែនជាយោគៈ ពួកធម៌ជាយោគៈផង ប្រកប​ដោយ​យោគៈផង ពួកធម៌គ្រាន់តែប្រកបដោយយោគៈ តែមិនមែនជាយោគៈ ពួកធម៌​ប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លង ពួកធម៌ប្រាសចាកយោគៈផង ដែលយោគៈ​មិនគប្បីប្រព្រឹត្តកន្លងផង។

ចប់ ពួកយោគៈ។

(នីវរណគោច្ឆកៈ)

(នីវរណគោច្ឆកំ)

[៩] ពួកធម៌ជានីវរណៈ (ធម៌រួបរឹតចិត្តសត្វ) ពួកធម៌មិនមែនជានីវរណៈ ពួកធម៌ជាប្រយោជន៍​ដល់​នីវរណៈ ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ប្រកបដោយនីវរណៈ ពួកធម៌​ប្រាសចាក​នីវរណៈ ពួកធម៌ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង ពួកធម៌ជា​ប្រយោជន៍​ដល់នីវរណៈ តែមិនមែនជានីវរណៈ ពួកធម៌ជានីវរណៈផង ប្រកបដោយ​នីវរណៈ​ផង ពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ ពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់​នីវរណៈ​ផង។

ចប់ ពួកនីវរណៈ។

(បរាមាសគោច្ឆកៈ)

(បរាមាសគោច្ឆកំ)

[១០] ពួកធម៌ជាបរាមាសៈ (សេចក្តីប្រកាន់ខុស) ពួកធម៌មិនមែនជាបរាមាសៈ ពួកធម៌ដែល​បរាមាសៈស្ទាបអង្អែល (ធម៌ដែលជ្រោកជ្រាកដោយបរាមាសៈ) ពួកធម៌ដែលពួក​បរាមាសៈ​មិនបានស្ទាបអង្អែល ពួកធម៌ប្រកបដោយបរាមាសៈ ពួកធម៌ដែលប្រាសចាកបរាមាសៈ ពួកធម៌​ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង ពួកធម៌គ្រាន់តែ​បរាមាសៈ​ស្ទាប​អង្អែល តែមិនមែនជាបរាមាសៈ ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល ពួកធម៌​ប្រាសចាកបរាមាសៈផង បរាមាសៈមិនបានស្ទាបអង្អែលផង។

ចប់ ពួកបរាមាសៈ។

(មហន្តរទុកៈ)

(មហន្តរទុកំ)

[១១] ពួកធម៌ប្រកបដោយអារម្មណ៍ ពួកធម៌មិនមានអារម្មណ៍ ពួកធម៌ជាចិត្ត ពួកធម៌មិន​មែនជាចិត្ត ពួកធម៌ជាចេតសិក ពួកធម៌មិនមែនជាចេតសិក ពួកធម៌ប្រកបដោយចិត្ត ពួកធម៌​ប្រាសចាកចិត្ត ពួកធម៌ច្រឡូកច្រឡំដោយចិត្ត ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត ពួកធម៌​តាំងឡើងដោយចិត្ត ពួកធម៌មិនតាំងឡើងដោយចិត្ត ពួកធម៌កើតជាមួយនឹងចិត្ត ពួកធម៌​មិនកើតជាមួយនឹងចិត្ត ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត ពួកធម៌​ច្រឡូកច្រឡំតាំងឡើងដោយចិត្ត ពួកធម៌មិនច្រឡូកច្រឡំមិនតាំងឡើងដោយចិត្ត ពួកធម៌​ច្រឡូកច្រឡំតាំងឡើងកើតជាមួយនឹងចិត្ត ពួកធម៌មិនច្រឡូកច្រឡំមិនតាំងឡើងមិនកើតជា​មួយនឹងចិត្ត ពួកធម៌ច្រឡូកច្រឡំតាំងឡើងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌មិនច្រឡូកច្រឡំ​មិនតាំងឡើងមិនប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ជាខាងក្នុង ពួកធម៌ជាខាងក្រៅ ពួកធម៌ជាឧបាទា ​(ឧបាទាយរូប) ពួកធម៌មិនមែនជាឧបាទា ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ។

ចប់ មហន្តរទុកៈ។

(ឧបាទានគោច្ឆកំៈ)

(ឧបាទានគោច្ឆកំ)

[១២] ពួកធម៌ជាឧបាទាន (សេចក្តីប្រកាន់មាំ) ពួកធម៌មិនមែនជាឧបាទាន ពួកធម៌​ជា​ប្រយោជន៍​ដល់ឧបាទាន ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ប្រកបដោយឧបាទាន ពួកធម៌ប្រាសចាកឧបាទាន ពួកធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង ពួកធម៌​គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ពួកធម៌ជាឧបាទានផង ប្រកប​ដោយ​ឧបាទានផង ពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ពួកធម៌​ប្រាសចាក​ឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ប្រាសចាកឧបាទានផង មិនជា​ប្រយោជន៍​ដល់ឧបាទានផង។

ចប់ ពួកឧបាទាន។

(កិលេសគោច្ឆកៈ)

(កិលេសគោច្ឆកំ)

[១៣] ពួកធម៌ជាកិលេស (ធម៌សៅហ្មង) ពួកធម៌មិនមែនជាកិលេស ពួកធម៌គួរ​ដើម្បីដល់​នូវ​សេចក្តីសៅហ្មង ពួកធម៌មិនគួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ដែលមិនសៅហ្មងហើយ ពួកធម៌ប្រកបដោយកិលេស ពួកធម៌ប្រាសចាកកិលេស ពួកធម៌​ជាកិលេសផង គួរដើម្បីដល់នូវសេចក្តីសៅហ្មងផង ពួកធម៌គ្រាន់តែគួរដើម្បីដល់​នូវ​សេចក្តីសៅហ្មង តែមិនមែនជាកិលេស ពួកធម៌ជាកិលេសផង សៅហ្មងហើយផង ពួកធម៌​គ្រាន់តែ​សៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ជាកិលេសផង ប្រកបដោយ​កិលេស​ផង ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស ពួកធម៌ប្រាសចាកកិលេស តែគួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ប្រាសចាកកិលេសផង មិនគួរដើម្បីដល់​នូវសេចក្តី​សៅហ្មងផង។

ចប់ ពួកកិលេស។

(បិដ្ឋិទុកៈ)

(បិដ្ឋិទុកំ)

[១៤] ពួកធម៌ដែលគួរលះបង់ដោយទស្សនៈ (សោតាបត្តិមគ្គ) ពួកធម៌ដែលមិនគួរ​លះបង់​ដោយទស្សនៈ ពួកធម៌ដែលគួរលះបង់ដោយភាវនា (មគ្គ ៣ ខាងលើ) ពួកធម៌​ដែល​មិនគួរ​លះបង់ដោយភាវនា ពួកធម៌មានហេតុដែលគួរលះបង់ដោយទស្សនៈ ពួកធម៌មិនមាន​ហេតុដែល​គួរលះបង់ដោយទស្សនៈ ពួកធម៌មានហេតុដែលគួរលះបង់ដោយភាវនា ពួកធម៌​មិនមាន​ហេតុដែលគួរលះបង់ដោយភាវនា ពួកធម៌ប្រកបដោយវិតក្កៈ (ការត្រិះរិះ) ពួកធម៌​មិនមានវិតក្កៈ ពួកធម៌ប្រកបដោយវិចារៈ (ការពិចារណា) ពួកធម៌មិនមានវិចារៈ ពួកធម៌​ប្រព្រឹត្ត​ទៅជាមួយនឹងបីតិ (ការត្រេកអរ) ពួកធម៌មិនមានបីតិ ពួកធម៌ប្រកបដោយបីតិ ពួកធម៌​មិន​ប្រកប​ដោយបីតិ ពួកធម៌ប្រកបដោយសុខ ពួកធម៌មិនប្រកបដោយសុខ ពួកធម៌​ប្រកប​ដោយ​ឧបេក្ខា ពួកធម៌មិនប្រកបដោយឧបេក្ខា ពួកធម៌ជាកាមាវចរ (ប្រព្រឹត្តទៅក្នុងកាម) ពួកធម៌​មិនមែន​ជាកាមាវចរ ពួកធម៌ជារូបាវចរ ពួកធម៌មិនមែនជារូបាវចរ (ប្រព្រឹត្តទៅក្នុងរូប) ពួកធម៌​ជាអរូបាវចរ (ប្រព្រឹត្តទៅក្នុងអរូប) ពួកធម៌មិនជាអរូបាវចរ ពួកធម៌ជាបរិយាបន្នៈ (រាប់បញ្ចូល​ក្នុងតេភូមិកវដ្ដៈ) ពួកធម៌ជាអបរិយាបន្នៈ ពួកធម៌ជានិយ្យានិកៈ (ធម៌កាត់នូវវដ្ដមូល ធ្វើ​ព្រះនិព្វាន​ឲ្យជាអារម្មណ៍ ហើយចេញចាកវដ្ដៈ) ពួកធម៌មិនមែនជានិយ្យានិកៈ ពួកធម៌ទៀង ពួកធម៌មិនទៀង ពួកធម៌ប្រកបដោយឧត្តរៈ (ការរើឡើងនៃខ្លួន) ពួកធម៌មិនមានឧត្តរៈ ពួកធម៌​ប្រកប​ដោយរណៈ (សត្រូវ) ពួកធម៌មិនមានរណៈ។

ចប់ បិដ្ឋិទុកៈ។

ចប់ អភិធម្មមាតិកា។

(សុត្តន្តិកទុកមាតិកា)

(សុត្តន្តិកទុកមាតិកា)

[១៥] ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា ពួកធម៌​ប្រៀប​ដូចផ្លេកបន្ទោរ20) ពួកធម៌ប្រៀបដូចពេជ្រ21) ពួកធម៌ពាល22) ពួកធម៌បណ្ឌិត23) ពួកធម៌ខ្មៅ24) ពួកធម៌ស25) ពួកធម៌ដុតកំដៅ26) ពួកធម៌មិនដុតកំដៅ ពួកធម៌ជាឈ្មោះ ពួកធម៌ជាគន្លងនៃឈ្មោះ ពួកធម៌ជានិរុត្តិ27) ពួកធម៌ជាគន្លងនៃនិរុត្តិ ពួកធម៌ជាបញ្ញត្តិ ពួកធម៌ជាគន្លងនៃបញ្ញត្តិ នាម28) និងរូប29) អវិជ្ជា30) និងភវតណ្ហា31) ភវទិដ្ឋិ32) និងវិភវទិដ្ឋិ33) សស្សតទិដ្ឋិ34) និងឧច្ឆេទទិដ្ឋិ35) អន្តវាទិដ្ឋិ36) និងអនន្តវាទិដ្ឋិ37) បុព្វន្តានុទិដ្ឋិ38) និងអបរន្តានុទិដ្ឋិ39) សេចក្តីមិនខ្មាសបាប និងសេចក្តីមិនក្តៅ​នឹងបាប សេចក្តីខ្មាសបាប និងសេចក្តីក្តៅនឹងបាប ភាពនៃបុគ្គលប្រដៅក្រ​ និងភាពនៃ​បុគ្គល​មាន​មិត្រអាក្រក់ ភាពនៃបុគ្គលប្រដៅងាយ និងភាពនៃបុគ្គលមានមិត្រល្អ សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ និងសេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ សេចក្តីឈ្លាស​ក្នុង​សមាបត្តិ និង​សេចក្តី​ឈ្លាស​ក្នុងការចេញចាកសមាបត្តិ សេចក្តីឈ្លាសក្នុងធាតុ និង​សេចក្តី​ឈ្លាសក្នុងការធ្វើ​ទុក​ក្នុង​ចិត្ត សេចក្តីឈ្លាសក្នុងអាយតនៈ និងសេចក្តី​ឈ្លាសក្នុង​បដិច្ចសមុប្បាទ សេចក្តីឈ្លាសក្នុងហេតុ និងសេចក្តីឈ្លាសក្នុងការមិនមែនជាហេតុ សេចក្តី​ត្រង់ និងសេចក្តីទន់ភ្លន់ សេចក្តីអត់សង្កត់ និងសេចក្តីស្លូត សេចក្តីរាក់ទាក់ និងការ​ស្រុះស្រួល​ទទួល ការមិនរក្សាទ្វារក្នុងឥន្ទ្រិយ និងសេចក្តីមិនដឹងប្រមាណក្នុងភោជន ការរក្សាទ្វារក្នុង​ឥន្ទ្រិយ និងសេចក្តីដឹងប្រមាណក្នុងភោជន សេចក្តីភ្លេចស្មារតី និងសេចក្តីមិនដឹងខ្លួន ស្មារតី និងសេចក្តីដឹងខ្លួន កំឡាំង គឺ​ការពិចារណា និងកំឡាំងភាវនា សមថៈ40) និងវិបស្សនា41) និមិត្តរបស់​សមថៈ និងនិមិត្តនៃការផ្គងឡើង ការផ្គងឡើង និង​សេចក្តី​មិនរាយមាយ វិបត្តិនៃសីល និងវិបត្តិនៃទិដ្ឋិ ការបរិបូណ៌នៃសីល និងការបរិបូណ៌នៃទិដ្ឋិ សេចក្តីបរិសុទ្ធិ​នៃ​សីល និងសេចក្តីបរិសុទ្ធិនៃទិដ្ឋិ សេចក្តីបរិសុទ្ធិនៃទិដ្ឋិ និងសេចក្តីព្យាយាមរបស់បុគ្គលដែល​មាន​ទិដ្ឋិសមគួរ សេចក្តីសង្វេគក្នុងទីដែលគួរសង្វេគទាំងឡាយ និងសេចក្តីព្យាយាមដោយ​ឧបាយនៃ​បុគ្គលដែលមានសេចក្តីសង្វេគ សេចក្តីមិនសន្តោសក្នុងកុសលធម៌ទាំងឡាយ និង​សេចក្តីមិនធូរថយក្នុងព្យាយាម វិជ្ជា និងវិមុត្តិ សេចក្តីដឹងក្នុងធម៌42) ជាគ្រឿង​អស់​ទៅនៃ​កិលេស និងសេចក្តីដឹងក្នុងធម៌43) ដែលធ្វើកិលេសមិនឲ្យកើតឡើងទៀត។

ចប់ សុត្តន្តមាតិកា។

ចប់ មាតិកា។

 

លេខយោង

1)
ធម៌ក្នុងទីនេះ សំដៅយកសភាវៈមិនមែនសត្វ មិនមែនជីវិត, កុសល ក្នុងទីនេះ ប្រែថា ធម្មជាតមិនមានទោស ១ មានផលជាសុខ ១ បានខាងកុសលក្នុងភូមិ​ទាំង ៤ គឺ​កាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ លោកុត្តរភូមិ ១។
2)
អកុសល ប្រែថា ធម្មជាតប្រកបដោយទោស ១ មានផលជាទុក្ខ ១។
3)
អព្យាក្រឹត ព្រះមានបុណ្យមិនសំដែងដោយសភាពជាកុសល និងអកុសល អព្យាក្រឹតនេះ មានលក្ខណៈឥតផល។
4)
សោយអារម្មណ៍ជាទីសប្បាយ។
5)
សោយអារម្មណ៍ដ៏លំបាក។
6)
ឧបេក្ខាវេទនា។
7)
ផលរបស់កុសល និងអកុសល។ (ដីកា)។
8)
សេចក្តីប្រកាន់មាំ។
9)
វិតក្កៈ ប្រែថា ត្រិះរិះ វិចារៈ ប្រែថា ពិចារណា។
10)
សេចក្តីត្រេកអរ ឬឆ្អែតកាយ ឆ្អែតចិត្ត។
11)
សេចក្តីសប្បាយកាយ សប្បាយចិត្ត។
12)
សេចក្តីព្រងើយកន្តើយ ជាកណ្តាល មិនជាសុខ មិនជាទុក្ខ។
13)
ការឃើញ គឺសំដៅយកសោតាបត្តិមគ្គ។
14)
ការចំរើន សំដៅយក សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ។
15)
ឫសគល់ ឬថា មេនាំបណ្តាលឲ្យកើតផល។
16)
បច្ច័យ ប្រែថា ជាដែនអាស្រ័យ ហើយប្រព្រឹត្តទៅនៃផល គឺជាហេតុនាំឲ្យកើតផលដូចគ្នានឹងហេត។
17)
លោកិយ ប្រែថា ប្រព្រឹត្តទៅក្នុងលោក។ លោក-សព្ទ ក្នុងទីនេះ សំដៅយកវដ្តៈ។
18)
លោកុត្តរៈ ប្រែថា ឆ្លងចាកលោក។
19)
អាសវ-សព្ទនេះ ប្រែថា ហូរទៅ គឺហូរទៅតាមចក្ខុទ្វារជាដើម ឬហូរតាម​ផ្លូវធម៌ រហូតដល់គោត្រភូ ហូរតាមឱកាស រហូតដល់ភវគ្គព្រហ្ម មួយទៀត អាសវ-សព្ទ ជាឈ្មោះរបស់គ្រឿងត្រាំ មានមេរ័យជាដើម អាសវធម៌ដូចគ្នានឹងមេរ័យជាដើមនោះ, មួយទៀត អាសវៈ ប្រែថា ញុំាងសង្សារទុក្ខវែងឆ្ងាយឲ្យកើតឡើង មួយទៀត អាសវ-សព្ទ ជាឈ្មោះអសុចិ គ្រឿងស្មោកគ្រោគទាំងពួង, សវ-សព្ទ ប្រែថា ហូរទៅ អសុចិ ហូរទៅជាប្រក្រតី ហៅថា អាសវៈ។
20)
ធម៌ដែលមានកំឡាំងរស្មីស្តួចស្តើង មិនអាចនឹងកំចាត់ងងឹត គឺកិលេសបាន។
21)
ធម៌ដែលមានកំឡាំងរស្មីក្លៀវក្លាអាចនឹងកំចាត់ងងឹត គឺកិលេសបាន។
22)
ធម៌តាំងនៅក្នុងមនុស្សពាល ឬធ្វើមនុស្សឲ្យទៅជាពាលវិញ។
23)
ធម៌តាំងនៅក្នុងបណ្ឌិត ឬធ្វើមនុស្សឲ្យទៅជាបណ្ឌិតវិញ។
24)
ធម៌ធ្វើចិត្តឲ្យអាប់ឥតរស្មី។
25)
ធម៌ធ្វើចិត្តឲ្យមានរស្មីភ្លឺថ្លា។
26)
ធម៌ញុំាងសត្វឲ្យក្តៅក្នុងលោកនេះ និងលោកខាងមុខ។
27)
ប្រែថា ការពោលដោយមិនសល់ សំដៅយកពាក្យវិគ្គហៈ ឬវិគ្រោះ អធិប្បាយប្រាប់ហេតុ ប្រាប់ផល ដូចពាក្យថា សភាវៈ​ណាតាក់តែងសត្វ សភាវៈនោះ ហៅថា សង្ខារ ជាដើម។
28)
ប្រែថា ឈ្មោះ មួយទៀតថា ទន់ទោរ ឬបង្អោនទៅ។
29)
ប្រែថា វិនាស ឬលំបាក។
30)
ប្រែថា មិនដឹងអរិយសច្ចទាំង ៤។
31)
សេចក្តីប្រាថ្នាក្នុងភព ឬសេចក្តីប្រាថ្នាប្រកបដោយសស្សតទិដ្ឋិ។
32)
សេចក្តីយល់ឃើញថាសត្វកើតទៀត ហើយទៀង។
33)
សេចក្តីយល់ឃើញថា សត្វមិនកើតទៀត។
34)
សេចក្តីយល់ឃើញថា ខ្លួន និងលោក ជាសភាវៈទៀង
35)
សេចក្តីយល់ឃើញថា សត្វសូន្យ មិនកើតទៀត។
36)
សេចក្តីយល់ឃើញថា លោកមានទីបំផុត។
37)
សេចក្តីយល់ឃើញថា លោកមិនមានទីបំផុត។
38)
សេចក្តីយល់ឃើញតាមចំណែកនៃខន្ធខាងដើម។
39)
សេចក្តីយល់ឃើញតាមចំណែកនៃខន្ធខាងចុង។
40)
សភាវៈ​រម្ងាប់នូវធម៌ជាសត្រូវ។
41)
ធម្មជាតិឃើញដោយអាការផ្សេងៗ។
42)
អរិយមគ្គ។
43)
អរិយផល
km/tipitaka/abh/ds/abh.ds.00.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann