User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.01.07

(អព្យាកតវិបាក)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 07 បាលី cs-km: abh.ds.01.07 អដ្ឋកថា: abh.ds.01.07_att PTS: ?

(អព្យាកតវិបាក)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(អព្យាកតវិបាកោ)

(បញ្ចវិញ្ញាណ មានវិបាកជាកុសល)

(កុសលវិបាកបញ្ចវិញ្ញាណានិ)

[៣៣៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ចក្ខុវិញ្ញាណ ជាវិបាក ច្រឡំដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជា​កាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ ឬក៏ពួក​អរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួក​ធម៌​ជាអព្យាក្រឹត។

[៣៣៩] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៣៤០] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ដែលប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរ​ដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខ​មិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមាន​ក្នុងសម័យ​នោះ។

[៣៤១] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការចងចាំ ភាពចំណាំ ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​សញ្ញា កើតមានក្នុងសម័យនោះ។

[៣៤២] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា ការគិត ភាពគិត ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​ចេតនា កើតមានក្នុងសម័យនោះ។

[៣៤៣] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត កើតមាន​ក្នុងសម័យនោះ។

[៣៤៤] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនទុក្ខមិនសុខ ដែលកើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះ​ឧបេក្ខា កើតមានក្នុងសម័យនោះ។

[៣៤៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៣៤៦] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត ការដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​មនិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៤៧] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៤៨] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៤៩] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ នេះពួកធម៌ជាអព្យាក្រឹត។

[៣៥០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ ចក្ខុវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះ​ពួកធម៌ជាអព្យាក្រឹត។ បេ។

[៣៥១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន ក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមាន​ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៣៥២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ សោតវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតឡើងហើយ ព្រោះបានធ្វើ បានសន្សំ នូវកម្មជា​កាមាវចរកុសល។ បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើង​ហើយ។ បេ។ ជីវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើងហើយ។ បេ។ កាយវិញ្ញាណ ច្រឡំដោយសុខ មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ សុខិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើត​មានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។

[៣៥៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៣៥៤] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្ត​ទៅ​ក្នុងកាយ សេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនា​ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។

[៣៥៥] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តី​ចាំបាន ដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យ​នោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។

[៣៥៦] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការ​តាក់តែង ដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យ​នោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[៣៥៧] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងនូវអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត​កើត​មានក្នុងសម័យនោះ។

[៣៥៨] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពី​សម្ផ័ស្ស​នៃកាយ វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យ​នោះ នេះសុខកើតមានក្នុងសម័យនោះ។

[៣៥៩] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា​របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៣៦០] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើត​មានក្នុងសម័យនោះ។

[៣៦១] សុខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្ត​ទៅ​ក្នុងកាយ សេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែល​កើតអំពីសម្ផ័ស្សនៃកាយ វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុង​សម័យនោះ នេះសុខិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៦២] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៦៣] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ នេះពួកធម៌ជាអព្យាក្រឹត។

[៣៦៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ កាយវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួក​អរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួក​ធម៌ជាអព្យាក្រឹត។ បេ។

[៣៦៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់​ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមាន​ក្នុងសម័យ​នោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ បញ្ចវិញ្ញាណ មានវិបាកជាកុសល។

(មនោធាតុ មានវិបាកជាកុសល)

(កុសលវិបាកមនោធាតុ)

[៣៦៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើត​ឡើង​ហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌​ដទៃ​ណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អព្យាក្រឹត។

[៣៦៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះ​ពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៣៦៨] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់​ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពី​សម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។

[៣៦៩] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តី​ចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​សញ្ញា កើតមានក្នុងសម័យនោះ។

[៣៧០] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការ​តាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[៣៧១] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើតមាន​ក្នុង​សម័យ​នោះ។

[៣៧២] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើងណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុង​សម័យ​នោះ។

[៣៧៣] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះ​វិចារៈ កើតមានក្នុងសម័យនោះ។

[៣៧៤] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។

[៣៧៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្តក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៣៧៦] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ។

[៣៧៧] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះ ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៧៨] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៧៩] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ នេះពួកធម៌ជាអព្យាក្រឹត។

[៣៨០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។

[៣៨១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតា​របស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ មនោធាតុ មានវិបាកជាកុសល។

(កុសលវិបាកសោមនស្សសហគតមនោវិញ្ញាណធាតុ)

(កុសលវិបាកមនោវិញ្ញាណធាតុសោមនស្សសហគតា)

[៣៨២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយ​សោមនស្ស មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌​ជាអព្យាក្រឹត។

[៣៨៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៣៨៤] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរ ដល់ធម៌នោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមាន​ក្នុងសម័យនោះ។

[៣៨៥] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការសំគាល់ ការ​ចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យ​នោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។

[៣៨៦] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុង​សម័យ​នោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[៣៨៧] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើតមាន​ក្នុងសម័យនោះ។

[៣៨៨] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើងណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុង​សម័យ​នោះ។

[៣៨៩] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះ​វិចារៈ កើតមានក្នុងសម័យនោះ។

[៣៩០] បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួលចិត្ត សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវ​អំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអរនៃចិត្តណា ក្នុងសម័យនោះ នេះបីតិ កើតមានក្នុង​សម័យ​នោះ។

[៣៩១] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្ស​នៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈនៃចិត្តណា ក្នុងសម័យនោះ នេះសុខ​កើត​មាន​ក្នុងសម័យនោះ។

[៣៩២] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់​ចិត្តក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៣៩៣] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើត​មានក្នុងសម័យនោះ។

[៣៩៤] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្ត​ទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែល​កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃ​ចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៩៥] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៩៦] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ។ នេះពួកធម៌ជាអព្យាក្រឹត។

[៣៩៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួក​ធម៌ជាអព្យាក្រឹត។ បេ។

[៣៩៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះ​សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌​ជាអព្យាក្រឹត។ បេ។

ចប់ កុសលវិបាកសោមនស្សសហគតមនោវិញ្ញាណធាតុ។

(កុសលវិបាកឧបេក្ខាសហគតមនោវិញ្ញាណធាតុ)

(កុសលវិបាកមនោវិញ្ញាណធាតុឧបេក្ខាសហគតា)

[៣៩៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើង​ហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អព្យាក្រឹត។

[៤០០] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៤០១] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរ​ដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមាន​ក្នុង​សម័យនោះ។

[៤០២] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការសំគាល់ ការចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។

[៤០៣] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា ការត្រិះរិះ ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[៤០៤] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត​កើតមានក្នុងសម័យនោះ។

[៤០៥] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្តណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុង​សម័យ​នោះ។

[៤០៦] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការ​ពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។

[៤០៧] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។

[៤០៨] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា​របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៤០៩] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​មនិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៤១០] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើត​អំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៤១១] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៤១២] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។

[៤១៣] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។

[៤១៤] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ កុសលវិបាកឧបេក្ខាសហគតមនោវិញ្ញាណធាតុ។

(មហាវិបាក ៨)

(អដ្ឋមហាវិបាកា)

[៤១៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយ​សោមនស្ស ប្រកបដោយញាណ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជា​កាមាវចរកុសល។ បេ។ ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយ​សង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាក​ញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ​ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូប​ជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏បា្ររព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។ បេ។ នេះពួកធម៌ជា​អព្យាក្រឹត។ បេ។

[៤១៦] អលោភៈ មានអព្យាក្រឹតជាមូល។ បេ។ អទោសៈ មានអព្យាក្រឹតជាមូល។ បេ។ អមោហៈ មានអព្យាក្រឹតជាមូល។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។

ចប់ មហាវិបាក ៨។

(រូបាវចរវិបាក)

(រូបាវចរវិបាកា)

[៤១៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌​ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជារូបាវចរកុសលនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់​បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។

ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានដីជា​កសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជារូបាវចរកុសលនោះឯង បានលះបង់សុខផង។ បេ។ បានដល់បញ្ចមជ្ឈាន មានដីជា​កសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យ​នោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។

ចប់ រូបាវចរវិបាក។

(អរូបាវចរវិបាក)

(អរូបាវចរវិបាកា)

[៤១៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង​អរូបភព ព្រោះកន្លងនូវពួករូបសញ្ញា ដោយប្រការទាំងពួង កំចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកប​ដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបាន​ធ្វើ បានសន្សំ នូវកម្មជាអរូបាវចរកុសលនោះឯង​ ព្រោះកន្លងនូវពួករូបសញ្ញា ដោយប្រការ​ទាំងពួង កំចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា បានលះបង់នូវសុខ​ផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។​

[៤១៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង​អរូបភព ព្រោះកន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសល​ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះ​កន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់​ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤២០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើត​ក្នុងអរូបភព ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសល ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លង​នូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤២១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង អរូបភព ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌​ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់​ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ អរូបាវចរវិបាក។

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.07.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann