(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 03 01 បាលី cs-km: abh.ds.03.01 អដ្ឋកថា: abh.ds.03.01_att PTS: ?
(តិកនិក្ខេប)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(តិកនិក្ខេបំ)
[១៦៣] ពួកធម៌ជាកុសល តើដូចម្តេច។ កុសលមូល ៣ គឺអលោភៈ (ការមិនលោភ) ១ អទោសៈ (ការមិនប្រទូស្ត) ១ អមោហៈ (ការមិនវង្វេង) ១ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកុសលមូល មានអលោភៈ ជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកុសលមូល មានអលោភៈជាដើមនោះ នេះពួកធម៌ជាកុសល។ ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ១ ទោសៈ ១ មោហៈ ១ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងអកុសលមូល មានលោភៈជាដើមនោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីអកុសលមូល មានលោភៈជាដើមនោះ នេះពួកធម៌ជាអកុសល។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកជាកាមាវចរ រូបាវចរ អរូបាវចរ និងអបរិយាបន្នៈ (លោកុត្តរៈ) នៃធម៌ជាកុសល និងអកុសល វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំងពួកធម៌ដែលគ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាក ឬក៏រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ជាអព្យាក្រឹត។
[១៦៤] ពួកធម៌ប្រកបដោយសុខវេទនា តើដូចម្តេច។ វៀរតែសុខវេទនាក្នុងសុខភូមិ ជាកាមវចរ រូបាវចរ និងអបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសុខវេទនានោះ នេះពួកធម៌ប្រកបដោយសុខវេទនា។ ពួកធម៌ប្រកបដោយទុក្ខវេទនា តើដូចម្តេច។ វៀរតែទុក្ខវេទនាក្នុងទុក្ខភូមិ ជាកាមាវចរចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយទុក្ខវេទនានោះ នេះពួកធម៌ប្រកបដោយទុក្ខវេទនា។ ពួកធម៌ប្រកបដោយវេទនា មិនជាទុក្ខ មិនជាសុខ តើដូចម្តេច។ វៀរតែអទុក្ខមសុខវេទនា ក្នុងអទុក្ខមសុខភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ និងអបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនានោះ នេះពួកធម៌ប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ។
[១៦៥] ពួកធម៌ជាវិបាក តើដូចម្តេច។ វិបាក ជាកាមាវចរ រូបាវចរ អរូបាវចរ និងអបរិយាបន្នៈ នៃពួកធម៌ជាកុសល និងអកុសល និងវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាវិបាក។ ពួកធម៌មានវិបាកធម៌ជាប្រក្រតី តើដូចម្តេច។ ពួកធម៌ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌មានវិបាកធម៌ជាប្រក្រតី។ ពួកធម៌មិនមែនវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី តើដូចម្តេច។ ពួកធម៌គ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាក រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។
[១៦៦] ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ វិបាកប្រកបដោយអាសវៈ ជាកាមាវចរ រូបាវចរ អរូបាវចរនៃធម៌ជាកុសល និងអកុសល វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ និងកម្មស្សកតត្តារូប (រូបដែលកម្មកំពុងធ្វើ) នេះពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយអាសវៈ ជាកាមាវចរ រូបាវចរ អរូបាវចរ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ឬពួកធម៌គ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាក ឬក៏រូបដែលមិនមែនកម្មស្សកតត្តារូប នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ អបរិយាបន្នមគ្គ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។
[១៦៧] ពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ១ ទោសៈ ១ មោហៈ ១ ទាំងពួកកិលេស ដែលតំាំងនៅជាមួយគ្នានឹងលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតំាងឡើងអំពីលោភៈជាដើមនោះ នេះពួកធម៌ដែលសៅហ្មង ទំាងគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ អបរិយាបន្នមគ្គ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង។
[១៦៨] ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ តើដូចម្តេច។ វៀរតែវិតក្កៈ និងវិចារៈ ក្នុងសវិតក្កសវិចារភូមិ ជាកាមាវចរ រូបាវចារ អបរិយាបន្នៈចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវិតក្កវិចារៈនោះ នេះពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ។ ពួកធម៌គ្មានវិតក្កៈ មានត្រឹមតែវិចារៈ តើដូចម្តេច។ វៀរតែវិចារៈ ក្នុងអវិតក្កវិចារមត្តភូមិ ជារូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវិចារៈនោះ នេះពួកធម៌គ្មានវិតក្កៈ មានត្រឹមតែវិចារៈ។ ពួកធម៌គ្មានវិតក្កៈ ទាំងគ្មានវិចារៈ តើដូចម្តេច។ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ក្នុងអវិតក្កាវិចារភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌គ្មានវិតក្កៈ ទាំងគ្មានវិចារៈ។
[១៦៩] ពួកធម៌ប្រកបដោយបីតិ តើដូចម្តេច។ វៀរតែបីតិក្នុងបីតិភូមិ ជាកាមាវចរ រូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយបីតិនោះ នេះពួកធម៌ប្រកបដោយបីតិ។ ពួកធម៌ប្រកបដោយសុខ តើដូចម្តេច។ វៀរតែសុខក្នុងសុខភូមិ ជាកាមាវចរ រូបាវចរ អបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសុខនោះ នេះពួកធម៌ប្រកបដោយសុខ។ ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ វៀរតែឧបេក្ខាក្នុងឧបេក្ខាភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយឧបេក្ខានោះ នេះពួកធម៌ប្រកបដោយឧបេក្ខា។
[១៧០] ពួកធម៌គួរលះដោយទស្សនៈ តើដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។
[១៧១] បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានទូន្មានខ្លួនក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញរូបថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ យល់ឃើញវេទនាថាជាខ្លួន ឃើញខ្លួនថាមានវេទនាខ្លះ ឃើញវេទនាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវេទនាខ្លះ យល់ឃើញសញ្ញាថាជាខ្លួន ឃើញខ្លួនថាមានសញ្ញាខ្លះ ឃើញសញ្ញាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសញ្ញាខ្លះ យល់ឃើញសង្ខារថាជាខ្លួន ឃើញខ្លួនថាមានសង្ខារខ្លះ ឃើញសង្ខារថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសង្ខារខ្លះ យល់ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ (ការយល់ឃើញ) ដំណើរគឺទិដ្ឋិ ញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការប្រកបទុកគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ស្អិត ការប្រកាន់លើសលុប ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ ការប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថាសក្កាយទិដ្ឋិ។
[១៧២] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យក្នុងសិក្ខា ងឿងឆ្ងល់សង្ស័យក្នុងខន្ធខាងដើម ងឿងឆ្ងល់សង្ស័យក្នុងខន្ធខាងចុង ងឿងឆ្ងល់សង្ស័យក្នុងខន្ធខាងដើម និងខន្ធខាងចុង ងឿងឆ្ងល់សង្ស័យក្នុងពួកធម៌ដែលកើតឡើងព្រោះអាស្រ័យនូវបច្ច័យនោះៗ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពងឿងឆ្ងល់ ការយល់ស្ទាក់ស្ទើរ ការសង្ស័យ ការបែកចិត្តជាពីរ ការបែកចិត្តជាពីរផ្លូវ ការសង្ស័យ ការប្រកាន់យកចំណែកដ៏ច្រើន ការសាញ ប្រដាញ ការសាន់វ៉ាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆា។
[១៧៣] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ ញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ចំពោះ ការប្រកាន់លើសលុប ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ ការប្រកាន់ក្នុងការស្វែងរកខុសថា សេចក្តីបរិសុទ្ធិដោយសីល សេចក្តីបរិសុទ្ធិដោយវ័ត សេចក្តីបរិសុទ្ធិដោយសីល និងវ័តដូច្នេះ ណា មានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។
[១៧៤] សញ្ញោជនៈទាំង ៣ នេះ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌ត្រូវលះដោយទស្សនៈ (សោតាបត្តិមគ្គ)។ ពួកធម៌ត្រូវលះដោយភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេសសល់ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងកិលេសមានលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសមានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេសមានលោភៈជាដើមនោះ នេះពួកធម៌ត្រូវលះដោយភាវនា។ ពួកធម៌មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា តើដូចម្តេច។ ពួកធម៌ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា។
[១៧៥] ពួកធម៌មានហេតុត្រូវលះដោយទស្សនៈ តើដូចម្តេច។ សញ្ញោជនៈ ៣ យ៉ាងគឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។ បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បេ។ នេះហៅថាសក្កាយទិដ្ឋិ។ បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បេ។ នេះហៅថា វិចិកិច្ឆា។ បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ បេ។ នេះហៅថា សីលព្វតបរាមាសៈ។ សញ្ញោជនៈ ទាំង ៣ នេះ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងកិលេសមានលោភៈជាដើមនោះ វេទនាខន្ខ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈ។ សញ្ញោជនៈទាំង ៣ យ៉ាង គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ នេះពួកធម៌ត្រូវលះដោយទស្សនៈ លោភៈ ទោសៈ មោហៈ ដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈ។ ពួកធម៌មានហេតុត្រូវលះដោយភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេសសល់ នេះពួកធម៌មានហេតុត្រូវលះដោយភាវនា ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសមានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយភាវនា។ ពួកធម៌មានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា។
[១៧៦] ពួកធម៌ដល់នូវការសន្សំកពួនឡើងដោយកម្មក្កិលេស តើដូចម្ដេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដល់នូវការសន្សំកពូនឡើងដោយកម្មក្កិលេស។ ពួកធម៌មិនដល់នូវការសន្សំកពូនឡើង តើដូចម្ដេច។ មគ្គ ៤ និងអបរិយាបន្នៈ នេះពួកធម៌មិនដល់នូវការសន្សំកពូនឡើង។ ពួកធម៌មិនមែនជាដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង តើដូចម្ដេច។ វិបាក ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈនៃធម៌ជាកុសល និងអកុសល វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ទាំងពូកធម៌ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាក រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង។
[១៧៧] ពួកធម៌ជារបស់សេក្ខបុគ្គល តើដូចម្ដេច។ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៣ ខាងក្រោម នេះពួកធម៌ជារបស់សេក្ខបុគ្គល។ ពួកធម៌ជារបស់អសេក្ខបុគ្គល តើដូចម្ដេច។ អរហត្តផលខាងលើ នេះពួកធម៌ជារបស់អសេក្ខបុគ្គល។ ពួកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល តើដូចម្ដេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។
[១៧៨] ពួកធម៌មានសភាពតូចឆ្មារ តើដូចម្ដេច។ ពួកធម៌ជាកាមាវចរទាំងអស់ ជាកុសល អកុសល អព្យាក្រឹត និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌មានសភាពតូចឆ្មារ។ ពួកធម៌ដល់នូវសភាពធំ តើដូចម្ដេច។ ពួកធម៌ជារូបាវចរ អរូបាវចរ ជាកុសល អកុសល អព្យាក្រឹត និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដល់នូវសភាពធំ។ ពួកធម៌ប្រមាណមិនបាន តើដូចម្ដេច។ មគ្គជាអបរិយាបន្នៈ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌ប្រមាណមិនបាន។
[១៧៩] ពួកធម៌មានអារម្មណ៍តូចឆ្មារ តើដូចម្ដេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌មានសភាពតូចឆ្មារ នេះពួកធម៌មានអារម្មណ៍តូចឆ្មារ។ ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ តើដូចម្ដេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ ដល់នូវសភាពធំ នេះពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ។ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន តើដូចម្ដេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ប្រមាណមិនបាន នេះពួកធម៌មានអារម្មណ៍ប្រមាណមិនបាន។
[១៨០] ពួកធម៌ដ៏ថោកទាប តើដូចម្ដេច។ អកុសលមូល ៣ យ៉ាងគឺ លោភៈ ទោសៈ និងមោហៈ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងអកុសលមូល មានលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីអកុសលមូល មានលោភៈជាដើមនោះ នេះពួកធម៌ដ៏ថោកទាប។ ពួកធម៌ជាកណ្ដាល តើដូចម្ដេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាកណ្ដាល។ ពួកធម៌ដ៏ឧត្តម តើដូចម្ដេច។ មគ្គជាបរិយាបន្នៈ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌ដ៏ឧត្តម។
[១៨១] ពួកធម៌មានសភាពខុស និងទៀង តើដូចម្ដេច។ អនន្តរិកកម្ម ៥ និងនិយតមិច្ឆាទិដ្ឋិ នេះពួកធម៌មានសភាពខុស និងទៀង។ ពួកធម៌មានសភាពត្រូវ និងទៀង តើដូចម្ដេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌មានសភាពត្រូវ និងទៀង។ ពួកធម៌មិនទៀង តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនទៀង។
[១៨២] ពួកធម៌មានមគ្គជាអារម្មណ៍ តើដួចម្តេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវអរិយមគ្គ នេះពួកធម៌មានមគ្គជាអារម្មណ៍។ ពួកធម៌មានមគ្គជាហេតុ តើដូចម្តេច។ វៀរតែអង្គនៃមគ្គ របស់បុគ្គលដែលព្រមព្រៀង ដោយអរិយមគ្គចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយមគ្គនោះ នេះពួកធម៌មានមគ្គជាហេតុ។ សម្មាទិដ្ឋិរបស់បុគ្គលដែលព្រមព្រៀងដោយអរិយមគ្គ ជាមគ្គផង ជាហេតុផង វៀរលែងតែសម្មាទិដ្ឋិចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយមគ្គ និងហេតុនោះ នេះពួកធម៌មានមគ្គជាហេតុ។ អលោភៈ អទោសៈ អមោហៈ របស់បុគ្គលដែលព្រមព្រៀងដោយអរិយមគ្គ នេះពួកធម៌មានមគ្គជាហេតុ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយមគ្គជាហេតុនោះ នេះពួកធម៌មានមគ្គជាហេតុ។ ពួកធម៌មានមគ្គជាអធិបតី តើដួចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះធ្វើនូវអរិយមគ្គឲ្យជាអធិបតី នេះពួកធម៌មានមគ្គជាអធិបតី។ វៀរលែងតែវីមំសា របស់បុគ្គលដែលព្រមព្រៀងដោយអរិយមគ្គ កាលចំរើននូវមគ្គ មានវីមំសាជាអធិបតីចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវីមំសានោះ នេះពួកធម៌មានមគ្គជាអធិបតី។
[១៨៣] ពួកធម៌កើតឡើងហើយ តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ កើតហើយ មានហើយ កើតព្រមហើយ វិលមកកើតហើយ ត្រឡប់កើតហើយ កើតប្រាកដហើយ កើតឡើងហើយ កើតឡើងព្រមហើយ តាំងឡើងហើយ តាំងឡើងព្រមហើយ កើតហើយ សង្គ្រោះហើយ ដោយចំណែកនៃធម៌ដែលកើតហើយ នេះពួកធម៌កើតឡើងហើយ។ ពួកធម៌មិនទាន់កើតឡើង តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលមិនទាន់កើត មិនទាន់មាន មិនទាន់កើតព្រម មិនទាន់វិលមកកើត មិនទាន់ត្រឡប់មកកើត មិនទាន់កើតប្រាកដ មិនទាន់កើតឡើង មិនទាន់កើតឡើងព្រម មិនទាន់តាំងឡើង មិនទាន់តាំងឡើងព្រម មិនទាន់កើតឡើង ដែលសង្គ្រោះហើយដោយចំណែកនៃធម៌ ដែលមិនទាន់កើតឡើង នេះពួកធម៌មិនទាន់កើតឡើង។ ពួកធម៌បំរុងនឹងកើតឡើង តើដូចម្តេច។ វិបាក ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នៃធម៌ជាកុសល និងអកុសល ដែលមានវិបាកមិនទាន់ចាស់ក្លា វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ និងកម្មស្សកតត្តារូប ដែលបំរុងនឹងកើតឡើង នេះពួកធម៌បំរុងនឹងកើតឡើង។
[១៨៤] ពួកធម៌ជាអតីត តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកន្លងហើយ រលត់ទៅហើយ ប្រាសទៅហើយ ប្រែប្រួលទៅហើយ វិនាសទៅហើយ វិនាសទៅយូរហើយ កើតឡើងហើយប្រាសទៅវិញហើយ កន្លងទៅហើយ ដែលសង្គ្រោះដោយចំណែកនៃធម៌ដែលកន្លងហើយ នេះពួកធម៌ជាអតីត។ ពួកធម៌ជាអនាគត តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលមិនទាន់កើត មិនទាន់មាន មិនទាន់កើតព្រម មិនទាន់វិលមកកើត មិនទាន់ត្រឡប់មកកើត មិនទាន់កើតប្រាកដ មិនទាន់កើតឡើង មិនទាន់កើតឡើងព្រម មិនទាន់តាំងឡើង មិនទាន់តាំងឡើងព្រម មិនទាន់មកដល់ ដែលសង្គ្រោះដោយចំណែកនៃធម៌ដែលមិនទាន់មកដល់ នេះពួកធម៌ជាអនាគត។ ពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកំពុងកើតមាន កើតព្រម វិលមកកើត ត្រឡប់មកកើត កើតប្រាកដ កើតឡើង កើតឡើងព្រម តាំងឡើង តាំងឡើងព្រម កើតឡើងចំពោះមុខ ដែលសង្គ្រោះដោយចំណែកនៃធម៌ដែលកើតឡើងចំពោះមុខ នេះពួកធម៌ជាបច្ចុប្បន្ន។
[១៨៥] ពួកធម៌មានអារម្មណ៍ជាអតីត តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ដែលកន្លងហើយ នេះពួកធម៌មានអារម្មណ៍ជាអតីត។ ពួកធម៌មានអារម្មណ៍ជាអនាគត តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើង ព្រោះប្រារព្ធនូវធម៌ដែលមិនទាន់មកដល់ នេះពួកធម៌មានអារម្មណ៍ជាអនាគត។ ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ដែលកើតឡើងចំពោះមុខ នេះពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន។
[១៨៦] ពួកធម៌ជាខាងក្នុង តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលតាំងនៅក្នុងសន្តាន តាំងនៅក្នុងខ្លួន ទៀងទាត់ ជារបស់ចំពោះបុគ្គលម្នាក់ ប្រកាន់ខ្ជាប់ក្នុងសរីរៈនៃពួកសត្វនោះៗ នេះពួកធម៌ជាខាងក្នុង។ ពួកធម៌ជាខាងក្រៅ តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលតាំងនៅក្នុងសន្តាន តាំងនៅក្នុងខ្លួន ទៀងទាត់ ជារបស់ចំពោះបុគ្គលម្នាក់ ប្រកាន់ខ្ជាប់ក្នុងសរីរៈនៃពួកសត្វដទៃ នៃបុគ្គលដទៃនោះៗ នេះពួកធម៌ជាខាងក្រៅ។ ពួកធម៌ខាងក្នុងទាំងខាងក្រៅ តើដូចម្តេច។ ប្រជុំនៃខន្ធទាំងពីរនោះ (ខន្ធខាងក្នុង និងខន្ធខាងក្រៅ) នេះពួកធម៌ខាងក្នុង ទាំងខាងក្រៅ។
[១៨៧] ពួកធម៌មានអារម្មណ៍ខាងក្នុង តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្តនិងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ខាងក្នុង នេះពួកធម៌មានអារម្មណ៍ខាងក្នុង។ ពួកធម៌មានអារម្មណ៍ខាងក្រៅ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ខាងក្រៅ នេះពួកធម៌មានអារម្មណ៍ខាងក្រៅ។ ពួកធម៌មានអារម្មណ៍ខាងក្នុង ទាំងខាងក្រៅ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ខាងក្នុង និងខាងក្រៅ នេះពួកធម៌មានអារម្មណ៍ខាងក្នុង ទាំងខាងក្រៅ។
[១៨៨] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់។ ពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ នេះពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់។ ពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ រូបដែលជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងអសង្ខតធាតុ នេះពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
ចប់ ពួកតិកៈ។