User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.03.02.01

(ហេតុគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 03 02 01 បាលី cs-km: abh.ds.03.02.01 អដ្ឋកថា: abh.ds.03.02.01_att PTS: ?

(ហេតុគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(ហេតុគោច្ឆកំ)

[១៨៩] ពួកធម៌ជាហេតុ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកត ហេតុ ៣ កាមាវចរហេតុ ៩ រូបាវចរហេតុ ៦ អរូបាវចរហេតុ ៦ អបរិយាបន្នហេតុ ៦។

[១៩០] បណ្តាហេតុទាំងនោះ កុសលហេតុ (ហេតុនៃកុសល) ៣ តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។

បណ្តាកុសលហេតុទាំងនោះ អលោភៈ តើដូចម្តេច។ ការមិនជាប់ចំពាក់ ការមិនជាប់ស្អិត ភាពនៃចិត្តមិនជាប់ចំពាក់ក្នុងអារម្មណ៍ ការមិនត្រេកអរ ការមិនរីករាយ ភាពនៃចិត្តមិនត្រេកអរក្នុងអារម្មណ៍ ការមិនសំឡឹងរំពៃ សេចក្តីមិនលោភ ជាកុសលមូលណា នេះហៅថាអលោភៈ។

បណ្តាកុសលមូលទាំងនោះ អទោសៈ តើដូចម្តេច។ ការមិនប្រទូស្ត អាការមិនប្រទូស្ត ភាពនៃចិត្តមិនប្រទូស្តក្នុងអារម្មណ៍ ការមេត្រី ការរាប់អាន ភាពនៃចិត្តរាប់អាន ការអាណិត ការប្រព្រឹត្តិអាណិត ភាពនៃចិត្តអាណិត ការស្វែងរកនូវប្រយោជន៍ ការអនុគ្រោះ ការមិនគុំគួន ការមិនបៀតបៀន សេចក្តីមិនប្រទូស្ត ជាកុសលមូលណា នេះហៅថា អទោសៈ។

បណ្តាកុសលមូលទាំងនោះ អមោហៈ តើដូចម្តេច។ ការដឹងច្បាស់ក្នុងទុក្ខ ដឹងច្បាស់ក្នុងទុក្ខសមុទ័យ ដឹងច្បាស់ក្នុងទុក្ខនិរោធ ដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម និងខាងចុង ដឹងច្បាស់ក្នុងពួកធម៌ ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ (បដិច្ចសមុប្បន្នធម៌) និងបញ្ញា ការដឹងច្បាស់ ការសន្សំ ការប្រមូល ការពិចារណាធម៌ ការចំណាំ ការចំណាំជាប់ ការចំណាំស្និទ្ធ ភាពជាបណ្ឌិត ការឈ្លាសវៃ ការប្រសប់ ការប៉ិនប៉ៅ ការគិតគូរ ការពិចារណា ប្រាជ្ញាដូចជាផែនដី ប្រាជ្ញាទម្លាយនូវកិលេស ធម្មជាតិសម្រាប់ណែនាំ ការយល់ ការឃើញច្បាស់ ការដឹងខ្លួនច្បាស់លាស់ ការចាក់ធ្លុះ ការដឹងច្បាស់ ឥន្រ្ទិយគឺបញ្ញា កំឡាំងគឺបញ្ញា គ្រឿងសស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា សេចក្តីមិនវង្វេង សេចក្តីពិចារណាធម៌ សេចក្តីឃើញត្រូវណា ដែលមានសភាពបែបនេះ នេះហៅថា អមោហៈ។ នេះកុសលហេតុ ៣។

[១៩១] បណ្តាហេតុទាំងនោះ អកុសលហេតុ ៣ តើដូចម្តេច។ លោភៈ ទោសៈ និងមោហៈ។

បណ្តាអកុសលហេតុទាំងនោះ លោភៈ តើដូចម្តេច។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងល់ងប់ ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិនាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ធម្មជាតិឲ្យសត្វប្រកបដោយទុក្ខ ធម្មជាតិចាក់ស្រែះសត្វទុក បណ្តាញ ការបង្ហូរ ការផ្សាយទៅកាន់អារម្មណ៍ផ្សេងៗ ចំណងចងសត្វទុក ការផ្សាយទៅក្នុងអារម្មណ៍ ធម្មជាតិញ៉ាំងសត្វឲ្យចំរើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ភព ធម្មជាតិដូចជាព្រៃ ដូចជាព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាឡោះអាល័យ ផៅពង្សតទៅ ការប៉ុនប៉ង ការប្រាថ្នា ភាពនៃចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ងផ្សព្វ ប៉ុនប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុនប៉ងបុត្រ ប៉ុនប៉ងជីវិត ធម្មជាតិឆ្លេឆ្លា ឆ្លេឆ្លាជ្រុល ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា អាការឆ្លេឆ្លា ភាពនៃចិត្តឆ្លេឆ្លា ការរុលត្បុល អាការរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចងបានឲ្យសម្រេចប្រយោជន៍ ការត្រេកអរខុសគន្លងធម៌ ការលោភហួសកំណត់ ការត្រេកត្រអាល ការចង់បានមិនឈប់ ការប្រាថ្នា សេចក្តីស្រឡាញ់ ការប្រាថ្នាព្រម ប្រាថ្នាក្នុងកាម ប្រាថ្នាក្នុងភព ប្រាថ្នាប្រាសចាកភព ប្រាថ្នាក្នុងរូបភព ប្រាថ្នាក្នុងអរូបភព ប្រាថ្នាក្នុងនិរោធ ប្រាថ្នារូប ប្រាថ្នាសំឡេង ប្រាថ្នាក្លិន ប្រាថ្នារស ប្រាថ្នាផ្សព្វ ប្រាថ្នាធម៌ កិលេសដូចជាជំនន់ គ្រឿងប្រកប គ្រឿងចងក្រង គ្រឿងប្រកាន់មាំ គ្រឿងរារាំងទួទៅ គ្រឿងរារាំងមិនសល់ គ្រឿងបិទបាំង គ្រឿងចង គ្រឿងសៅហ្មងខ្លាំង គ្រឿងដេកចាំ គ្រឿងស្ទាក់ ដំណើរ តណ្ហាដូចជាវល្លិ ប្រាថ្នាផ្សេងៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ហេតុជាដែនកើតនៃទុក្ខ អន្ទាក់នៃមារ នុយនៃមារ អារម្មណ៍នៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្រគឺតណ្ហា ការសំឡឹងរំពៃ សេចក្តីលោភ ជាអកុសលមូលណា នេះហៅថាលោភៈ។

បណ្តាអកុសលមូលទាំងនោះ ទោសៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ។ បេ។ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។ បេ។ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ថាជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អាត្មាអញ។ បេ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។ បេ។ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏គំនុំកើតឡើងក្នុងទីមិនគួរ ការគុំគួននៃចិត្ត ការគុំគួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញាប់ញ័រ ការក្រោធខ្លាំង ក្រោធញាប់ញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត សេចក្តីវិនាស អាការវិនាស ភាពនៃចិត្តវិនាស ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ទោសៈ។

បណ្តាអកុសលមូលទាំងនោះ មោហៈ តើដូចម្តេច។ ការមិនដឹងច្បាស់ក្នុងទុក្ខ មិនដឹងច្បាស់ក្នុងទុក្ខសមុទ័យ មិនដឹងច្បាស់ក្នុងទុក្ខនិរោធ មិនដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម និងខាងចុង មិនដឹងច្បាស់ក្នុងពួកធម៌ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹងច្បាស់ ការមិនឃើញ ការមិនត្រាស់ដឹង ការមិនយល់ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានផ្ទៀងផ្ទាត់ ការមិនចុះចិត្តស៊ប់ ការមិនរំពឹងមើល ការមិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់ស្ទាក់ស្ទើរ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា (ការមិនដឹងច្បាស់) អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរ គឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា មោហៈ។ នេះអកុសលហេតុ ៣។

[១៩២] បណ្តាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្តេច។ អលោភៈ អទោសៈ និងអមោហៈ ខាងវិបាកនៃកុសលធម៌ផង ខាងកិរិយាអព្យាកតធម៌ផង នេះអព្យាកតហេតុ ៣។

[១៩៣] បណ្តាហេតុទាំងនោះ កាមាវចរហេតុ ៩ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ នេះកាមាវចរហេតុ ៩។

បណ្តាហេតុទាំងនោះ រូបាវចរហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះរូបាវចរហេតុ ៦។

បណ្តាហេតុទាំងនោះ អរូបាវចរហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះអរូបាវចរហេតុ ៦។

[១៩៤] បណ្តាហេតុទាំងនោះ អបរិយាបន្នហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះអបរិយាបន្នហេតុ ៦។

បណ្តាហេតុទាំងនោះ កុសលហេតុ ៣ តើដូចម្តេច។ អលោភៈ អទោសៈ និងអមោហៈ។

បណ្តាកុសលហេតុទាំងនោះ អលោភៈ តើដូចម្តេច។ សេចក្តីមិនប្រាថ្នាជាប់ ការមិនជាប់ចំពាក់ ភាពនៃចិត្តមិនជាប់ចំពាក់ សេចក្តីមិនត្រេកអរខ្លាំង ការមិនត្រេកអរ ភាពនៃចិត្តមិនត្រេកអរ ការមិនសំឡឹងរំពៃ សេចក្តីមិនលោភ ជាកុសលមូលណា នេះហៅថា អលោភៈ។

បណ្តាកុសលហេតុទាំងនោះ អទោសៈ តើដូចម្តេច។ សេចក្តីមិនប្រទូស្ត អាការមិនប្រទូស្ត ភាពនៃចិត្តមិនប្រទូស្ត។ បេ។ ការមិនគុំកួន ការមិនបៀតបៀន ការមិនខឹង ជាកុសលមូលណា នេះហៅថា អទោសៈ។

បណ្តាកុសលហេតុទាំងនោះ អមោហៈ តើដូចម្តេច។ ការដឹងច្បាស់ក្នុងកងទុក្ខ ដឹងច្បាស់ក្នុងទុក្ខសមុទ័យ ដឹងច្បាស់ក្នុងទុក្ខនិរោធ ដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម និងខាងចុង ដឹងច្បាស់ក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ និងបញ្ញា ការដឹងច្បាស់ ការសន្សំ ការប្រមូល ការពិចារណាធម៌ ការចំណាំ ការចំណាំស្និទ្ធ ការចំណាំចំពោះខ្លួន ភាពជាបណ្ឌិត ការឈ្លាសវៃ ប្រសប់ ប៉ិនប៉ៅ គិតគូរ ពិចារណា ប្រាជ្ញាដូចផែនដី ប្រាជ្ញាទម្លាយនូវកិលេស ធម្មជាតិសម្រាប់ដឹកនាំ ការយល់ឃើញច្បាស់ ដឹងខ្លួនច្បាស់ លាស់ ចាក់ធ្លុះ បញ្ញា ឥន្រ្ទិយគឺបញ្ញា កំឡាំងគឺបញ្ញា គឿងសស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ អង្គនៃការត្រាស់ដឹងគឺការពិចារណាធម៌ អង្គនៃមគ្គ មគ្គបរិយាបន្នៈណា មានសភាពបែបនេះ នេះហៅថា អមោហៈ។ នេះកុសលហេតុ ៣។ បណ្តាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្តេច។ អលោភៈ អទោសៈ និងអមោហៈ ខាងវិបាកនៃពួកកុសលធម៌ នេះអព្យាកតហេតុ ៣។ នេះអបរិយាបន្នហេតុ ៦។

នេះពួកធម៌ជាហេតុ។

[១៩៥] ពួកធម៌មិនមែនហេតុ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនហេតុ។

[១៩៦] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅជាមួយនឹង​ហេតុ ដោយធម៌ទាំងនោះ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ ប្រព្រឹត្តទៅជាមួយនឹងហេតុ។

ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ ពួកធម៌ណា មិនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ។

[១៩៧] ពួកធម៌ប្រកបដោយហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយហេតុ។

ពួកធម៌ប្រាសចាកហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកហេតុ។

[១៩៨] ពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង តើដូចម្តេច។ លោភៈជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយមោហៈ ឯមោហៈជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយលោភៈ ទោសៈជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយមោហៈ ឯមោហៈជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយទោសៈ អលោភៈ អទោសៈ និងអមោហៈ ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុទាំងនោះផង ទៅវិញទៅមក នេះពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង។

ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយធម៌ទាំងនោះ រៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ។

[១៩៩] ពួកធម៌ជាហេ​តុផង ប្រកបដោយហេតុផង តើដូចម្តេច។ លោភៈជាហេតុផង ប្រកបដោយហេតុផង ដោយមោហៈ ឯមោហៈជាហេតុផង ប្រកបដោយហេតុផង ដោយលោភៈ ទោសៈជាហេតុផង ប្រកបដោយហេតុផង ដោយមោហៈ ឯមោហៈជាហេតុផង ប្រកបដោយហេតុផង ដោយទោសៈ អលោភៈ អទោសៈ អមោហៈ ជាហេតុផង ប្រកបដោយហេតុទាំងនោះផង ទៅវិញទៅមក នេះពួកធម៌ជាហេតុផង ប្រកបដោយហេតុផង។

ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ។

[២០០] ពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ ពួកធម៌ ណា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយធម៌ទាំងនោះ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ។

ពួកធម៌មិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ ពួកធម៌ណា មិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ ​។

 

លេខយោង

km/tipitaka/abh/ds/abh.ds.03.02.01.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann