User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.03.02.04

(សំយោជនគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 03 02 04 បាលី cs-km: abh.ds.03.02.04 អដ្ឋកថា: abh.ds.03.02.04_att PTS: ?

(សំយោជនគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(សំយោជនគោច្ឆកំ)

[២១៩] ពួកធម៌ជាសញ្ញោជនៈ (ធម៌ចងសត្វទុកក្នុងវដ្តៈ) តើដូចម្តេច។ សញ្ញោជនៈ ១០ ប្រការ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ១។

[២២០] បណ្តាសញ្ញោជនៈទាំងនោះ កាមរាគសញ្ញោជនៈ តើដូចម្តេច។ សេចក្តីប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការអន្ទះសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការរោលរាលក្នុងកាម ការជ្រប់ក្នុងកាម ការងប់ចិត្តក្នុងកាម ចំពោះកាមទាំងឡាយ ណា នេះហៅថា កាមរាគសញ្ញោជនៈ។

[២២១] បណ្តាសញ្ញោជនៈទាំងនោះ បដិឃសញ្ញោជនៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។ បេ។ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។ បេ។ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។ បេ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។ បេ។ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ មួយទៀត គំនុំកើតឡើងក្នុងហេតុមិនគួរ ការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញាប់ញ័រ ការក្រោធខ្លាំង ការក្រោធញាប់ញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចចិត្ត ប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត សេចក្តីវិនាស អាការវិនាស ភាពនៃចិត្តវិនាស ការខឹង ការខឹងតប ភាពនៃចិត្តកាច សេចក្តីខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា បដិឃសញ្ញោជនៈ។

[២២២] បណ្តាសញ្ញោជនៈទាំងនោះ មានសញ្ញោជនៈ តើដូចម្តេច។ សេចក្តីប្រកាន់ថា អញប្រសើរ (ជាងគេ) ប្រកាន់ថា អញស្មើ (នឹងគេ) ប្រកាន់ថា អញថោកទាប (ជាងគេ) និងសេចក្តីប្រកាន់ អាការប្រកាន់ ភាពនៃចិត្តប្រកាន់ ចិត្តប៉ោងឡើង ការប៉ោងឡើង អាការដូចជាទង់ ការតំកើង ភាពនៃចិត្តប្រាថ្នាដូចដងទង់ ណា ដែលមានសភាពបែបនេះ នេះហៅថា មានសញ្ញោជនៈ។

[២២៣] បណ្តាសញ្ញោជនៈទាំងនោះ ទិដ្ឋិសញ្ញោជនៈ តើដូចម្តេច។ ការយល់ឃើញថាលោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះគឺសរីរៈនោះខ្លះ ថាជីវិតដទៃសរីរៈដទៃខ្លះ ថាសត្វស្លាប់ទៅកើតទៀតខ្លះ ថាសត្វស្លាប់ទៅមិនកើតទៀតខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស ណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋិសញ្ញោជនៈ វៀរតែសីលព្វតបរាមាសសញ្ញោជនៈចេញ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋិសញ្ញោជនៈដែរ។

[២២៤] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆាសញ្ញោជនៈ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យចំពោះសិក្ខា ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងដើម ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងដើម និងខាងចុង ងឿងឆ្ងល់សង្ស័យចំពោះពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ និងសេចក្តីងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃចិត្តងឿងឆ្ងល់ សេចក្តីយល់ឆ្វេង ការយល់ស្ទាក់ស្ទើរ ការបែកចំពាមពីរ ការបែកផ្លូវពីរ ការសង្ស័យ ការប្រកាន់យកចំណែកច្រើន ការសាញប្រដាញ ការសាន់វាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆាសញ្ញោជនៈ។

[២២៥] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសសញ្ញោជនៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាត គឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់​ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត នេះហៅថា សីលព្វតបរាមាសសញ្ញោជនៈ។

[២២៦]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បណ្តាសញ្ញោជនៈទាំងនោះ ភវរាគសញ្ញោជនៈ តើដូចម្តេច។ សេចក្តីប្រាថ្នា ក្នុងភព តម្រេកក្នុងភព ការរីករាយក្នុងភព ការអន្ទះសាក្នុងភព សេចក្តីស្រឡាញ់ក្នុងភព ការរោលរាលក្នុងភព ការជ្រុលជ្រប់ក្នុងភព ការងប់ចិត្តក្នុងភព ក្នុងភពទាំងឡាយណា នេះហៅថា ភវរាគសញ្ញោជនៈ។

[២២៧] បណ្តាសញ្ញោជនៈទាំងនោះ ឥស្សាសញ្ញោជនៈ តើដូចម្តេច។ សេចក្តីច្រណែន អាការច្រណែន ភាពនៃចិត្តច្រណែន សេចក្តីឈ្នានីស អាការឈ្នានីស ភាពនៃចិត្តឈ្នានីស ក្នុងលាភសក្ការៈ ការគោរព ការរាប់អាន ការសំពះ និងការបូជា របស់បុគ្គលដទៃណា នេះហៅថា ឥស្សាសញ្ញោជនៈ។

[២២៨] បណ្តាសញ្ញោជនៈទាំងនោះ មច្ឆរិយសញ្ញោជនៈ តើដូចម្តេច។ កំណាញ់ ៥ យ៉ាង គឺកំណាញ់អាវាស កំណាញ់ត្រកូល កំណាញ់លាភ កំណាញ់សេចក្តីសរសើរ កំណាញ់ធម៌ និងសេចក្តីកំណាញ់ អាការកំណាញ់ ភាពនៃចិត្តកំណាញ់ ការប្រាថ្នាផ្សេងៗ ការស្វិតស្វាញ ការរឹតត្បិត ភាពនៃចិត្តប្រាថ្នាប្រយោជន៍ដ៏លើសណា ដែលមានសភាពបែបនេះ នេះហៅថា មច្ឆរិយសញ្ញោជនៈ។

[២២៩] បណ្តាសញ្ញោជនៈទាំងនោះ អវិជ្ជាសញ្ញោជនៈ តើដូចម្តេច។ ការមិនដឹងក្នុង ទុក្ខ មិនដឹងក្នុងហេតុនៃទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងផ្លូវប្រតិបត្តិ ជាដំណើរដើម្បីរលត់ទុក្ខ មិនដឹងក្នុងខន្ធចំណែកខាងដើម មិនដឹងក្នុងខន្ធចំណែកខាងចុង មិនដឹងខន្ធចំណែកខាងដើម និងខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនរលឹកឃើញ ការមិនភ្ញាក់រលឹក ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក មិនចុះចិត្តស៊ប់ មិនរំពឹងមើល មិនពិចារណា អំពើមិនជាក់ច្បាស់ ការឈ្វេងយល់បានដោយក្រ ភាពនៃបុគ្គលល្ងង់ ការមិនដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា ជំនន់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជ្ជាសញ្ញោជនៈ។

នេះពួកធម៌ជាសញ្ញោជនៈ។

[២៣០] ពួកធម៌មិនមែនសញ្ញោជនៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ មិនមែនសញ្ញោជនៈ។

[២៣១] ពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ប្រកបដោយ អាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ។

ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ។

[២៣២] ពួកធម៌ប្រកបដោយសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ដែលប្រកប ដោយធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយសញ្ញោជនៈ។

ពួកធម៌ប្រាសចាកសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកសញ្ញោជនៈ។

[២៣៣] ពួកធម៌ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈទាំងនោះឯង ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង។

ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ជាប្រយោជន៍ដល់សញ្ញោជនៈ ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈ។

[២៣៤] ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង តើដូចម្តេច។ កាមរាគសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយបដិឃសញ្ញោជនៈ មានសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយមានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយវិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយសីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយមច្ឆរិយសញ្ញោជនៈ នេះពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង។ ពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈ។

[២៣៥] ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ។

ពួកធម៌ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ។

 

លេខយោង

km/tipitaka/abh/ds/abh.ds.03.02.04.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann