(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 03 02 05 បាលី cs-km: abh.ds.03.02.05 អដ្ឋកថា: abh.ds.03.02.05_att PTS: ?
(គន្ថគោច្ឆកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(គន្ថគោច្ឆកំ)
[២៣៦] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្តៈ) តើដូចម្តេច។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ1) ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ [សភាវៈចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺសេចក្តីប្រកាន់ខ្ជាប់ ដោយយល់ថា នេះទៀង ការយល់ដទៃ ជាមោឃៈ។]។
[២៣៧] បណ្តាគន្ថៈទាំងនោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងុលងប់ ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិនាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ការញ៉ាំងសត្វឲ្យប្រកបដោយទុក្ខ ធម្មជាតិចាក់ស្រែះសត្វ បណ្តាញ ការបង្ហូរទៅ ការផ្សាយទៅកាន់អារម្មណ៍ ចំណងចងសត្វទុក ការផ្សាយទៅក្នុងអារម្មណ៍ ធម្មជាតិញ៉ាំងសត្វឲ្យចំរើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ភព ធម្មជាតិដូចជាព្រៃ ដូចជាព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាលោះអាល័យផៅពង្សតទៅ សេចក្តីប៉ុនប៉ង អាការប៉ុនប៉ង ភាពនៃចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ងផ្សព្វ ប៉ុងប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុងប៉ងបុត្រ ប៉ុនប៉ងជីវិត ធម្មជាតឆ្លេឆ្លា ឆ្លេឆ្លាជ្រុលពេក ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា អាការឆ្លេឆ្លា ភាពនៃចិត្តឆ្លេឆ្លា ការរុលត្បុល ការប្រព្រឹត្តិរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចង់ឲ្យសម្រេចប្រយោជន៍ ការត្រេកអរខុសគន្លងធម៌ ការលោភហួស កំណត់ ការត្រេកត្រអាល ការចង់បានមិនឈប់ សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាព្រម ការប្រាថ្នាក្នុងកាម ប្រាថ្នាក្នុងភព ប្រាថ្នាប្រាសចាកភព ប្រាថ្នាក្នុងរូបភព ប្រាថ្នាក្នុងអរូបភព ប្រាថ្នាក្នុងនិរោធ ប្រាថ្នារូប ប្រាថ្នាសំឡេង ប្រាថ្នាក្លិន ប្រាថ្នារស ប្រាថ្នាផ្សព្វ ប្រាថ្នាធម៌ កិលេសដូចជំនន់ គ្រឿងប្រកប គ្រឿងចងក្រង គ្រឿងប្រកាន់មាំ គ្រឿងរារាំងទួទៅ គ្រឿងរារាំងមិនសល់ គ្រឿងបិទបាំង គ្រឿងចង គ្រឿងចូលទៅជិតសៅហ្មង គ្រឿងដេកត្រាំ គ្រឿងស្កាត់ដំណើរ តណ្ហាដូចជាវល្លិ ការប្រាថ្នាផ្សេងៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ហេតុជាដែនកើតនៃទុក្ខ អន្ទាក់នៃមារ នុយនៃមារ អារម្មណ៍នៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្ទគឺតណ្ហា ការសំឡឹងរំពៃ សេចក្តីជាប់ចំពាក់ ជាអកុសលមូល នេះហៅថា អភិជ្ឈាកាយគន្ថៈ។
[២៣៨] បណ្តាគន្ថៈទាំងនោះ ព្យាបាទកាយគន្ថៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជា ប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។ បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។ បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។ បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។ បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏ គំនុំកើតឡើងក្នុងហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចចិត្ត ការប្រទូស្តនៃចិត្ត ការក្រេវក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃចិត្តព្យាបាទ ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ព្យាបាទកាយគន្ថៈ។
[២៣៩] បណ្តាគន្ថៈទាំងនោះ សីលព្វតបរាមាសកាយគន្ថៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ ប្រកាន់ថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត ទាំងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសកាយគន្ថៈ។
[២៤០] បណ្តាគន្ថៈទាំងនោះ ឥទំសច្ចាភិនិវេសកាយគន្ថៈ តើដូចម្តេច។ ការប្រកាន់ថា លោកទៀង ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាលោកមិនទៀង ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាលោកមានទីបំផុត ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាលោកមិនមានទីបំផុត ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាជីវិតនោះ គឺសរីរៈនោះ ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាជីវិតដទៃ សរីរៈដទៃ ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាសត្វស្លាប់ទៅកើតទៀត ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាសត្វស្លាប់ទៅមិនកើតទៀត ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មាន ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស ណា ដែលមានសភាពបែបនេះ នេះហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈ មួយទៀត មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈដែរ វៀរតែសីលព្វតបរាមាសកាយគន្ថៈចេញ។
នេះពួកធម៌ជាគន្ថៈ។
[២៤១] ពួកធម៌មិនមែនគន្ថៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនគន្ថៈ។
[២៤២] ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលគន្ថៈគប្បីដោតក្រង។
ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង។
[២៤៣] ពួកធម៌ប្រកបដោយគន្ថៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយគន្ថៈ។
ពួកធម៌ប្រាសចាកគន្ថៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកគន្ថៈ។
[២៤៤] ពួកធម៌ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង តើដូចម្តេច។ គន្ថៈទាំងនោះឯង ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង។
ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ តើដូចម្តេច។ ពួកធម៌ណា ដែលគន្ថៈគប្បីដោតក្រង ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ។
[២៤៥] ពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង តើដូចម្តេច។ សីលព្វតបរាមាសកាយគន្ថៈ ជាគន្ថៈផង ប្រកបដោយគន្ថៈផង ដោយអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ ជាគន្ថៈផង ប្រកបដោយគន្ថៈផង ដោយសីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ ជាគន្ថៈផង ប្រកបដោយគន្ថៈផង ដោយអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ ជាគន្ថៈផង ប្រកបដោយគន្ថៈផង ដោយឥទំសច្ចាភិនិវេសកាយគន្ថៈ នេះពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង។
ពួកធម៌គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនគន្ថៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនគន្ថៈ។
[២៤៦] ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង។
ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រង។