(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 03 02 11 បាលី cs-km: abh.ds.03.02.11 អដ្ឋកថា: abh.ds.03.02.11_att PTS: ?
(ឧបាទានគោច្ឆកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ឧបាទានគោច្ឆកំ)
[២៨០] ពួកធម៌ ជាឧបាទាន (សេចក្តីប្រកាន់មាំ) តើដូចម្តេច។ ឧបាទាន ៤ គឺ កាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន។
[២៨១] បណ្តាឧបាទានទាំងនោះ កាមុបាទាន តើដូចម្តេច។ សេចក្តីប្រាថ្នាចំពោះកាម ការត្រេកអរចំពោះកាម ការរីករាយចំពោះកាម ការអន្ទះសាចំពោះកាម សេចក្តីស្រឡាញ់ចំពោះកាម ការរោលរាលចំពោះកាម ការជ្រុលជ្រប់ចំពោះកាម ការងុលងប់ចំពោះកាម ណា ក្នុងកាមទាំងឡាយ នេះហៅថា កាមុបាទាន។
[២៨២] បណ្តាឧបាទានទាំងនោះ ទិដ្ឋុបាទាន តើដូចម្តេច។ ការយល់ថា ទានដែលបានឲ្យហើយមិនមានផល បូជាធំមិនមានផល បូជាតូចមិនមានផល ផលវិបាកនៃកម្មដែល បុគ្គលធ្វើល្អ ឬធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតា មិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងប្រាប់បាន ក៏មិនមាន និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋុបាទាន។ លើកលែងតែសីលព្វតុបាទាន និងអត្តវាទុបាទានចេញ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋុបាទានដែរ។
[២៨៣] បណ្តាឧបាទានទាំងនោះ សីលព្វតុបាទាន តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅ អំពីសាសនានេះ (ប្រកាន់ថា) សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតុបាទាន។
[២៨៤] បណ្តាឧបាទានទាំងនោះ អត្តវាទុបាទាន តើដូចម្តេច។ បុថុជ្ជន ជាអ្នកមិនចេះដឹង ក្នុងលោកនេះ មិនធ្លាប់ឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនទូន្មានខ្លួន ក្នុងអរិយធម៌ មិនធ្លាប់ឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញរូបថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ ឃើញវេទនាថាជាខ្លួន ឃើញខ្លួនថាមានវេទនាខ្លះ ឃើញវេទនាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវេទនាខ្លះ ឃើញសញ្ញាថាជាខ្លួន ឃើញខ្លួនថាមានសញ្ញាខ្លះ ឃើញសញ្ញាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសញ្ញាខ្លះ ឃើញសង្ខារថាជាខ្លួន ឃើញខ្លួនថាមានសង្ខារខ្លះ ឃើញសង្ខារថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសង្ខារខ្លះ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា អត្តវាទុបាទាន។
នេះ ពួកធម៌ជាឧបាទាន។
[២៨៥] ពួកធម៌មិនមែនជាឧបាទាន តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាឧបាទាន។
[២៨៦] ពួកធម៌ជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់ឧបាទាន។
ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ មគ្គ ជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន។
[២៨៧] ពួកធម៌ប្រកបដោយឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយឧបាទាន។
ពួកធម៌ប្រាសចាកឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកឧបាទាន។
[២៨៨] ពួកធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ ឧបាទានទាំងនោះឯង ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង។
ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ ពួកធម៌ណាជាប្រយោជន៍ដល់ឧបាទាន ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន។
[២៨៩] ពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង តើដូចម្តេច។ ទិដ្ឋុបាទាន ជាឧបាទានផង ប្រកបដោយឧបាទានផង ដោយកាមុបាទាន កាមុបាទានជាឧបាទានផង ប្រកបដោយឧបាទានផង ដោយទិដ្ឋុបាទាន សីលព្វតុបាទានជាឧបាទានផង ប្រកបដោយឧបាទានផង ដោយកាមុបាទាន កាមុបាទានជាឧបាទានផង ប្រកបដោយឧបាទានផង ដោយសីលព្វតុបាទាន អត្តវាទុបាទានជាឧបាទានផង ប្រកបដោយឧបាទានផង ដោយកាមុបាទាន កាមុបាទានជាឧបាទានផង ប្រកបដោយឧបាទានផង ដោយអត្តវាទុបាទាន នេះពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង។
ពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន។
[២៩០] ពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន។
ពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ មគ្គ ជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង។