(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 03 02 12 បាលី cs-km: abh.ds.03.02.12 អដ្ឋកថា: abh.ds.03.02.12_att PTS: ?
(កិលេសគោច្ឆកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(កិលេសគោច្ឆកំ)
[២៩១] ពួកធម៌ជាកិលេល (គ្រឿងសៅហ្មង) តើដូចម្តេច។ កិលេសវត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ។
[២៩២] បណ្តាកិលេសវត្ថុទាំងនោះ លោភៈ តើដូចម្តេច។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងុលងប់ចិត្ត ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិនាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ការញ៉ាំងសត្វឲ្យប្រកបដោយទុក្ខ ធម៌ជាតិចាកស្រេះសត្វទុក បណ្តាញ ការបង្ហូរទៅ ការផ្សាយទៅកាន់អារម្មណ៍ផ្សេងៗ ចំណងចងសត្វទុក ការផ្សាយទៅកាន់អារម្មណ៍ ធម្មជាតិញ៉ាំងសត្វឲ្យចំរើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ភព ធម្មជាតិដូចជាព្រៃ ដូចព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាលោះអាល័យផៅពង្សតទៅ សេចក្តីប៉ុនប៉ង អាការប៉ុនប៉ង ភាពនៃចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ងផ្សព្វ ប៉ុនប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុនប៉ងបុត្រ ប៉ុនប៉ងជីវិត ធម្មជាតិឆ្លេឆ្លា ឆ្លេឆ្លាជ្រុល ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា អាការឆ្លេឆ្លា ភាពនៃចិត្តឆ្លេឆ្លា ការរុលត្បុល អាការប្រព្រឹត្តរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចង់បានឲ្យសម្រេចប្រយោជន៍ ការត្រេកអរខុសគន្លងធម៌ ការលោភហួសកំណត់ ការត្រេកត្រអាល ការចង់បានមិនឈប់ សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាព្រម សេចក្តីប្រាថ្នាក្នុងកាម ប្រាថ្នាភព ប្រាថ្នាប្រាសចាកភព ប្រាថ្នាក្នុងរូបភព ប្រាថ្នាក្នុងអរូបភព ប្រាថ្នាក្នុងនិរោធ ប្រាថ្នារូប ប្រាថ្នាសំឡេង ប្រាថ្នាក្លិន ប្រាថ្នារស ប្រាថ្នាផ្សព្វ ប្រាថ្នាធម៌ កិលេសដូចជាជំនន់ គ្រឿងប្រកប គ្រឿងចងក្រង គ្រឿងប្រកាន់មាំ គ្រឿងរារាំងទួទៅ គ្រឿងរារាំងមិនសល់ គ្រឿងបិទបាំង គ្រឿងចង គ្រឿងចូលទៅជិតសៅហ្មង គ្រឿងស្ទាក់ដំណើរ តណ្ហាដូចជាវល្លិ ប្រាថ្នាផ្សេងៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ហេតុជាដែនកើតនៃទុក្ខ អន្ទាក់នៃមារ នុយនៃមារ អារម្មណ៍នៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្ទគឺតណ្ហា ការសំឡឹងរំពៃ សេចក្តីជាប់ចំពាក់ ជាអកុសលមូល ណា នេះហៅថា លោភៈ។
[២៩៣] បណ្តាកិលេសវត្ថុទាំងនោះ ទោសៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។ បេ។ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។ បេ។ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។ បេ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។ បេ។ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬគំនុំកើតឡើង ក្នុងហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចនៃចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត សេចក្តីវិនាស អាការវិនាស ភាពនៃចិត្តវិនាស ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ទោសៈ។
[២៩៤] បណ្តាកិលេសវត្ថុទាំងនោះ មោហៈ តើដូចម្តេច។ ការមិនដឹងច្បាស់ក្នុងទុក្ខ មិនដឹងច្បាស់ក្នុងទុក្ខសមុទ័យ មិនដឹងច្បាស់ក្នុងទុក្ខនិរោធ មិនដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង មិនដឹងច្បាស់ក្នុងខន្ធទាំងជាចំណែកខាងដើម និងខាងចុង មិនដឹងច្បាស់ក្នុងពួកធម៌ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹងច្បាស់ ការមិនឃើញ ការមិនត្រាស់ដឹង ការមិនភ្ញាក់រលឹក ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក ការមិនចុះចិត្តស៊ប់ ការមិនរំពឹងមើល ការមិនបានពិចារណា អំពើមិនជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃសេចក្តីល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងជ្រប់ ការភ្លេចភ្លាំង អវិជា្ជ ជំនន់គឺអវិជា្ជ ការប្រកបគឺអវិជា្ជ អនុស័យគឺអវិជា្ជ ការស្កាត់ដំណើរគឺអវិជា្ជ គន្លឹះគឺអវិជា្ជ ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា មោហៈ។
[២៩៥] បណ្តាកិលេសវត្ថុទាំងនោះ មានះ តើដូចម្តេច។ សេចក្តីប្រកាន់ថា អញប្រសើរ (ជាងគេ) ប្រកាន់ថា អញស្មើ (នឹងគេ) ប្រកាន់ថា អញថោកទាប (ជាងគេ) សេចក្តីប្រកាន់ អាការប្រកាន់ ភាពនៃចិត្តប្រកាន់ ការលើកខ្លួន ការប៉ោងឡើង អាការដូចទង់ជ័យ ការតំកើង ភាពនៃចិត្តប្រាថ្នាដូចដងទង់ណា ដែលមានសភាពបែបនេះ នេះហៅថា មានះ។
[២៩៦] បណ្តាកិលេសវត្ថុទាំងនោះ ទិដ្ឋិ តើដូចម្តេច។ (ការយល់) ថា លោកទៀងក្តី ថាលោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ថាជីវិតនោះគឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈដទៃក្តី ថាសត្វស្លាប់ទៅកើតទៀតក្តី ថាសត្វស្លាប់ទៅមិនកើតទៀតក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋិ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋិដែរ។
[២៩៧] បណ្តាកិលេសវត្ថុទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យ ចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យចំពោះសិក្ខា ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងដើម ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះខន្ធ ទាំងជាចំណែកខាងដើម និងខាងចុង ងឿងឆ្ងល់សង្ស័យចំពោះធម៌ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងសេចក្តីងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់ ការយល់ស្ទាក់ស្ទើរ ការសង្ស័យ ការបែកចិត្តជាចំពាមពីរ ការបែកជាផ្លូវពីរ ការកន្ទះរា ការប្រកាន់យកចំណែកដ៏ច្រើន ការសាញប្រដាញ ការសាន់វាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆា។
[២៩៨] បណ្តាកិលេសវត្ថុទាំងនោះ ថីនៈ តើដូចម្តេច។ ភាពនៃចិត្តមិនស្រួល មិនគួរដល់ការងារ ការជ្រប់នៅ ការសម្ងំនៅ សេចក្តីរួញរា អាការរួញរា ភាពនៃចិត្តរួញរា សេចក្តីធុញទ្រាន់ អាការធុញទ្រាន់ ភាពនៃចិត្តធុញទ្រាន់ណា នេះហៅថា ថីនៈ។
[២៩៩] បណ្តាកិលេសវត្ថុទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ ភាពនៃចិត្តរវើរវាយ ការមិនស្ងប់រម្ងាប់ ការរាយមាយនៃចិត្ត ការភ័ន្តភាំងនៃចិត្តណា នេះហៅថា ឧទ្ធច្ចៈ។
[៣០០] បណ្តាកិលេសវត្ថុទាំងនោះ អហិរិកៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាសដោយអំពើដែលគួរខ្មាស មិនខ្មាសដោយការភប់ប្រសប់នូវអកុសលធម៌ដ៏លាមក នេះហៅថា អហិរិកៈ។
[៣០១] បណ្តាកិលេសវត្ថុទាំងនោះ អនោត្តប្បៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយអំពើដែលគួរតក់ស្លុត មិនតក់ស្លុតដោយការភប់ប្រសព្វនូវអកុសលធម៌ដ៏លាមក នេះហៅថា អនោត្តប្បៈ។
នេះពួកធម៌ជាកិលេស។
[៣០២] ពួកធម៌មិនមែនកិលេស តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនកិលេស។
[៣០៣] ពួកធម៌គួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គួរដល់សេចក្តីសៅហ្មង។
ពួកធម៌មិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ មគ្គជាអរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនគួរដល់សេចក្តីសៅហ្មង។
[៣០៤] ពួកធម៌ដែលសៅហ្មង តើដូចម្តេច។ អកុសលមូល ៣ យ៉ាង គឺ លោភៈ ទោសៈ មោហៈ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងអកុសលមូល មានលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកុសលមូល មានលោភៈជាដើមនោះ នេះពួកធម៌ដែលសៅហ្មង។
ពួកធម៌ដែលមិនសៅហ្មង តើដូចម្តេច។ ពួកធម៌ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ដែលមិនសៅហ្មង។
[៣០៥] ពួកធម៌ប្រកបដោយកិលេស តើដូចម្តេច។ ពួកធម៌ណាប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយកិលេស។
ពួកធម៌ប្រាសចាកកិលេស តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកកិលេស។
[៣០៦] ពួកធម៌ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង។
ពួកធម៌គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេស តើដូចម្តេច។ ពួកធម៌ណា គួរដល់សេចក្តីសៅហ្មងដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេស។
[៣០៧] ពួកធម៌ជាកិលេសផង សៅហ្មងផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង សៅហ្មងផង។
ពួកធម៌គ្រាន់តែសៅហ្មង តែមិនមែនកិលេស តើដូចម្តេច។ ពួកធម៌ណា សៅហ្មងដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែសៅហ្មង តែមិនមែនកិលេស។
[៣០៨] ពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង តើដូចម្តេច។ លោភៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មានះជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមានះ ទិដ្ឋិជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទិដ្ឋិ វិចិកិច្ឆាជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយថីនៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ លោភៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មានះជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមានះ ទិដ្ឋិជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទិដ្ឋិ វិចិកិច្ឆាជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយថីនៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ លោភៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មានះជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមានះ ទិដ្ឋិជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទិដ្ឋិ វិចិកិច្ឆាជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយថីនៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ អនោត្តប្បៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ លោភៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មានះជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមានះ ទិដ្ឋិជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទិដ្ឋិ វិចិកិច្ឆាជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយថីនៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ នេះពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង។ ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស។
[៣០៩] ពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង។
ពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង។