km:tipitaka:abh:ds:abh.ds.03.03

(សុត្តន្តិកទុកនិក្ខេប)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 03 03 បាលី cs-km: abh.ds.03.03 អដ្ឋកថា: abh.ds.03.03_att PTS: ?

(សុត្តន្តិកទុកនិក្ខេប)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(សុត្តន្តិកទុកនិក្ខេបំ)

[៣៣៦] ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃវិជា្ជ តើដូចម្តេច។ ពួកធម៌ប្រកបដោយវិជ្ជា នេះពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកវិជ្ជា។ ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា តើដូចម្តេច។ ពួកធម៌ប្រកបដោយអវិជា្ជ នេះពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា។

[៣៣៧] ពួកធម៌ប្រៀបដូចផ្លេកបន្ទោរ តើដូចម្តេច។ បញ្ញា ក្នុងអរិយមគ្គ ៣ ខាងក្រោម នេះពួកធម៌ប្រៀបប្រដូចផ្លេកបន្ទោរ។ ពួកធម៌ប្រៀបដូចពេជ្រ តើដូចម្តេច។ បញ្ញាក្នុងអរហត្តមគ្គខាងលើ នេះពួកធម៌ប្រៀបដូចពេជ្រ។

[៣៣៨] ពួកធម៌ពាល តើដូចម្តេច។ អហិរិកៈ និងអនោត្តប្បៈ នេះពួកធម៌ពាល សូម្បីអកុសលធម៌ទាំងអស់ ក៏ជាពួកធម៌ពាលដែរ។ ពួកធម៌បណ្ឌិត តើដូចម្តេច។ ហិរិ និងឱត្តប្បៈ នេះពួកធម៌បណ្ឌិត សូម្បីកុសលធម៌ទាំងអស់ ក៏ជាពួកធម៌បណ្ឌិតដែរ។

[៣៣៩] ពួកធម៌ខ្មៅ តើដូចម្តេច។ អហិរិកៈ និងអនោត្តប្បៈ នេះពួកធម៌ខ្មៅ សូម្បីអកុសលធម៌ទាំងអស់ ក៏ជាពួកធម៌ខ្មៅដែរ។ ធម៌ស តើដូចម្តេច។ ហិរិ និងឱត្តប្បៈ នេះពួកធម៌ស សូម្បីកុសលធម៌ទាំងអស់ ក៏ជាពួកធម៌សដែរ។

[៣៤០] ពួកធម៌ដុតកំដៅ តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត នេះពួកធម៌ដុតកំដៅ សូម្បីអកុសលធម៌ទាំងអស់ ក៏ជាពួកធម៌ដុតកំដៅដែរ។ ពួកធម៌មិនដុតកំដៅ តើដូចម្តេច។ កាយសុចរិត វចីសុចរិត មនោសុចរិត នេះពួកធម៌មិនដុតកំដៅ សូម្បីកុសលធម៌ទាំងអស់ ក៏ជាពួកធម៌មិនដុតកំដៅដែរ។

[៣៤១] ពួកធម៌ជាអធិវចនៈ (ឈ្មោះ) តើដូចម្តេច។ ការរាប់ ការដឹងដោយប្រពៃ ការតាំងទុក ការនិយាយឈ្មោះ ការធ្វើនូវឈ្មោះ ការតំកល់ទុកនូវឈ្មោះ លំនាំពាក្យពោល ព្យព្ជានៈ ការនិយាយចំឈ្មោះណា នៃពួកធម៌នោះៗ នេះពួកធម៌ជាអធិវចនៈ។ ឯពួកធម៌ទាំងអស់ ក៏ជាគន្លងនៃអធិវចនៈដែរ។

[៣៤២] ពួកធម៌ជានិរុត្តិ (ពាក្យពោល) តើដូចម្តេច។ ការរាប់ ការដឹងដោយប្រពៃ ការតាំងទុក ការនិយាយឈ្មោះ ការធ្វើនូវឈ្មោះ ការតំកល់ទុកនូវឈ្មោះ លំនាំពាក្យពោល ព្យព្ជានៈ ការនិយាយចំឈ្មោះណា នៃពួកធម៌នោះៗ នេះពួកធម៌ជានិរុត្តិ។ ឯពួកធម៌ទាំងអស់ ក៏ជាគន្លងនៃនិរុត្តិដែរ។

[៣៤៣] ពួកធម៌ជាបញ្ញត្តិ តើដូចម្តេច។ ការរាប់ ការដឹងដោយប្រពៃ ការតាំងទុក ការនិយាយឈ្មោះ ការធ្វើនូវឈ្មោះ ការតំកល់ទុកនូវឈ្មោះ លំនាំពាក្យពោល ព្យញ្ជនៈ ការនិយាយចំឈ្មោះណា នៃពួកធម៌នោះៗ នេះពួកធម៌ជាបញ្ញត្តិ។ ពួកធម៌ទាំងអស់ ក៏ជាគន្លងនៃបញ្ញត្តិដែរ។

[៣៤៤] បណ្តាធម៌ទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ វិញ្ញាណក្ខន្ធ និងអសង្ខតធាតុ នេះហៅថា នាម។ បណ្តាលធម៌ទាំងនោះ រូប តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូបទាំងបួន ៤ នេះហៅថា រូប។

[៣៤៥] បណ្តាធម៌ទាំងនោះ អវិជា្ជ តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។ បេ។ គន្លឹះគឺអវិជា្ជ សេចក្តីវង្វេង ជាអកុសលមូលណា នេះហៅថាអវិជា្ជ។ បណ្តាធម៌ទាំងនោះ ភវតណ្ហា តើដូចម្តេច។ ការប្រាថ្នាក្នុងភព។ បេ។ ការចុះចិត្តស៊ប់ក្នុងភព ចំពោះភព ទាំងឡាយណា នេះហៅថា ភវតណ្ហា។

[៣៤៦] បណ្តាធម៌ទាំងនោះ ភវទិដ្ឋិ (ការយល់ឃើញថាសត្វកើតទៀត) តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី នឹងកើតមាន និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ភវទិដ្ឋិ។ បណ្តាធម៌ទាំងនោះ វិភវទិដ្ឋិ (សេចក្តីយល់ឃើញថាសត្វមិនកើតទៀត) តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី នឹងមិនកើតមាន និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា វិភវទិដ្ឋិ។

[៣៤៧] បណ្តាធម៌ទាំងនោះ សស្សតទិដ្ឋិ (សេចក្តីយល់ថាខ្លួន និងលោកទៀង) តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី ទៀងទាត់ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សស្សតទិដ្ឋិ។ បណ្តាធម៌ទាំងនោះ ឧច្ឆេទទិដ្ឋិ (សេចក្តីយល់ថាសត្វសូន្យមិនកើតទៀត) តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី ដាច់សូន្យ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ឧច្ឆេទទិដ្ឋិ។

[៣៤៨] បណ្តាធម៌ទាំងនោះ អន្តវាទិដ្ឋិ (សេចក្តីយល់ថាលោកមានទីបំផុត) តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី មានទីបំផុត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា អន្តវាទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អនន្តវាទិដ្ឋិ តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី មិនមានទីបំផុត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា អនន្តវាទិដ្ឋិ។

[៣៤៩] បណ្តាធម៌ទាំងនោះ បុព្វន្តានុទិដ្ឋិ (សេចក្តីយល់តាមចំណែកនៃខន្ធខាងដើម) តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ព្រោះប្រារព្ធនូវខន្ធជាចំណែកខាងដើម នេះហៅថា បុព្វន្តានុទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អបរន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើងព្រោះប្រារព្ធនូវខន្ធជាចំណែកខាងចុង នេះហៅថា អបរន្តានុទិដ្ឋិ។

[៣៥០] បណ្តាធម៌ទាំងនោះ អហិរិកៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាសដោយអំពើដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះ នូវធម៌ជាអកុសលដ៏លាមក នេះហៅថា អហិរិកៈ។ បណ្តាធម៌ទាំងនោះ អនោត្តប្បៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនក្តៅក្រហាយ ដោយអំពើដែលគួរក្តៅក្រហាយ មិនក្តៅក្រហាយដោយការជួបប្រទះនូវធម៌ជាអកុសលដ៏លាមក នេះហៅថា អនោត្តប្បៈ។

[៣៥១] បណ្តាធម៌ទាំងនោះ ហិរិ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាសដោយអំពើដែលគួរខ្មាស ខ្មាសដោយការជួបប្រទះនូវធម៌ ជាអកុសលដ៏លាមក នេះហៅថា ហិរិ។ បណ្តាធម៌ទាំងនោះ ឱត្តប្បៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលក្តៅក្រហាយដោយអំពើដែលគួរក្តៅក្រហាយ ក្តៅក្រហាយដោយការជួបប្រទះនូវធម៌ជាអកុសលដ៏លាមក នេះហៅថា ឱត្តប្បៈ។

[៣៥២] បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលដែលគេប្រដៅក្រ តើដូចម្តេច។ សេចក្តីប្រដៅក្រ ការស្តីថាក្រ ភាពនៃបុគ្គលដែលគេប្រដៅក្រ ភាពនៃបុគ្គលប្រកាន់យកខាងខុស ភាពនៃបុគ្គលត្រេកអរក្នុងធម៌ជាសត្រូវ ការមិនអើពើ ភាពនៃបុគ្គលមិនយកចិត្តទុកដាក់ ភាពនៃបុគ្គលមិនគោរព ភាពនៃបុគ្គលមិនទទួលស្តាប់បង្គាប់ ចំពោះសហធម្មិកជន ដែលស្តី ប្រដៅ នេះហៅថា ភាពនៃបុគ្គលដែលគេប្រដៅក្រ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានមិត្រអាក្រក់ តើដូចម្តេច។ ពួកបុគ្គលណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច ជាមនុស្សកំណាញ់ គ្មានប្រាជ្ញា ការសេព ការជិតដិតនឹងគ្នា ការត្រូវគំនិតគ្នា ការគប់រកគ្នា ការស្របគំនិតគ្នា សេចក្តីស្រឡាញ់គ្នា ការជិតស្និទ្ធនឹងគ្នា ភាពនៃបុគ្គលមូលមិត្រនឹងគ្នា ណា នៃបុគ្គលទាំងនោះ នេះហៅថា ភាពនៃបុគ្គលមានមិត្រអាក្រក់។

[៣៥៣] បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលដែលគេប្រដៅងាយ តើដូចម្តេច។ ការប្រ ដៅងាយ ការស្តីថាងាយ ភាពនៃបុគ្គលដែលគេប្រដៅងាយ ភាពនៃបុគ្គលមិនកាន់យកខាងខុស ភាពនៃបុគ្គលមិនត្រេកអរ ចំពោះធម៌ជាសត្រូវ សេចក្តីអើពើ ភាពនៃបុគ្គលយកចិត្តទុកដាក់ ភាពនៃបុគ្គលប្រកបដោយសេចក្តីគោរព ភាពនៃបុគ្គលប្រកបដោយការទទួលស្តាប់បង្គាប់ ចំពោះសហធម្មិកជនដែលស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលប្រដៅងាយ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានមិត្រល្អ តើដូចម្តេច។ បុគ្គលណា ជាអ្នកមានសទ្ធា មានសីល ចេះដឹងច្រើន មានចាគៈ មានប្រាជ្ញា ការសេព ការជិតដិតនឹងគ្នា ការត្រូវគំនិតគ្នា ការគប់រកគ្នា ការស្របគំនិតគ្នា សេចក្តីស្រឡាញ់គ្នា ការជិតស្និទ្ធនឹងគ្នា ភាពនៃបុគ្គលមូលមិត្រនឹងគ្នាណានៃបុគ្គលទាំងនោះ នេះហៅថា ភាពនៃបុគ្គលមានមិត្រល្អ។

[៣៥៤] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងអាបត្តិ តើដូចម្តេច។ ពួកអាបត្តិមានកងនៃអាបត្តិ ៥ ក្តី ពួកអាបត្តិមានកងនៃអាបត្តិ ៧ ក្តី សេចក្តីឈ្លាសក្នុងអាបត្តិ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះអាបត្តិទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងអាបត្តិ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលអ្នកឈ្លាសក្នុងការចេញចាកអាបត្តិ តើដូចម្តេច។ សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិទាំងនោះ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា នេះហៅថា សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ។

[៣៥៥] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងសមាបត្តិ តើដូចម្តេច។ សមាបត្តិ ប្រកបដោយវិតក្កៈ និងវិចារៈក៏មាន សមាបត្តិមិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន សមាបត្តិមិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន សេចក្តីឈ្លាសក្នុងសមាបត្តិ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះសមាបត្តិទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងសមាបត្តិ។ បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាស​ក្នុងការចេញចាកសមាបត្តិ តើដូចម្តេច។ សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិទាំងនោះ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា នេះហៅថា សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ។

[៣៥៦] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងធាតុ តើដូចម្តេច។ ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ សេចក្តីឈ្លាសក្នុងធាតុ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះធាតុទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងធាតុ។ បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត តើដូចម្តេច។ សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះធាតុទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត។

[៣៥៧] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងអាយតនៈ តើដូចម្តេច។ អាយតនៈ ១២ គឺ ចក្ខាយតនៈ រូបាយតនៈ សោតាយតនៈ សទ្ទាយតនៈ ឃានាយតនៈ គន្ធាយតនៈ ជិវ្ហាយតនៈ រសាយតនៈ កាយាយតនៈ ផោដ្ឋព្វាយតនៈ មនាយតនៈ ធម្មាយតនៈ សេចក្តីឈ្លាសក្នុងអាយតនៈ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះអាយតនៈទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងអាយតនៈ។ បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទ តើដូចម្តេច។ សង្ខារកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ នាមរូបកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតឡើង ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតឡើង ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះបដិច្ចសមុប្បាទធម៌នោះ នេះហៅថា សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទ។

[៣៥៨] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងឋានៈ (ហេតុ) តើដូចម្តេច។ ពួកធម៌ណាៗ ជាហេតុ ជាបច្ច័យនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះឋានៈ ព្រោះអាស្រ័យនូវហេតុប្បច្ច័យនោះៗ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ការយល់ត្រូវណា ចំពោះធម៌ទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងឋានៈ។ បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងអដ្ឋានៈ (មិនមែនជាហេតុ) តើដូចម្តេច។ ពួកធម៌ណាៗ មិនមែនជាហេតុ មិនមែនជាបច្ច័យនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះថា អដ្ឋានៈ ព្រោះអាស្រ័យនូវហេតុប្បច្ច័យនោះៗ ការដឹងច្បាស់ ការយល់ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះធម៌ទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងអដ្ឋានៈ។

[៣៥៩] បណ្តាធម៌ទាំងនោះ ភាពត្រង់ តើដូចម្តេច។ ភាពនៃអាការត្រង់ ការមិនឆ្មើងឆ្មៃ ការមិនវៀចវេរ ការមិនកោងកាចណា នេះហៅថា ភាពត្រង់។ បណ្តាធម៌ទាំងនោះ ភាពទន់ភ្លន់ តើដូចម្តេច។ ភាពនៃអាការទន់ភន់ ដំណើរទន់ភ្លន់ ការមិនរឹងរូស ការមិន​ក្រអឺតក្រអោង ការមានចិត្តរាបទាបណា នេះហៅថា ភាពទន់ភ្លន់។

[៣៦០] បណ្តាធម៌ទាំងនោះ សេចក្តីអត់សង្កត់ តើដូចម្តេច។ សេចក្តីអត់ធន់ ភាពអត់ធ្មត់ ការអត់សង្កត់ ភាពមិនកាច មិនព្រហើន ភាពនៃចិត្តរីករាយណា នេះហៅថា សេចក្តីអត់សង្កត់។ បណ្តាធម៌ទាំងនោះ​ សេចក្តីស្លូត តើដូចម្តេច។ ការមិនប្រព្រឹត្តិល្មើសកាយ ការមិនប្រព្រឹត្តិល្មើសវាចា ការមិនប្រព្រឹត្តិល្មើសកាយ និងវាចា ណា នេះហៅថា សេចក្តីស្លូត។ សូម្បីការសង្រូមក្នុងសីលទាំងអស់ ក៏ហៅថា សេចក្តីស្លូតដែរ។

[៣៦១] បណ្តាធម៌ទាំងនោះ សេចក្តីរាក់ទាក់ តើដូចម្តេច។ វាចាណា ជាវាចាពកកន្ទួល ពុកស្អុយ វាចាមិនជាទីពេញចិត្តអ្នកដទៃ ជាវាចាដាលវ៉ាលដល់អ្នកដទៃ ជាសំដីជិតការក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិ បុគ្គលក៏លះបង់នូវវាចាបែបនោះចេញ វាចាណាមិនជាទោស ជាវាចាសុខដល់ត្រចៀក ជាទីស្រឡាញ់ ជាទីពេញចិត្ត ជាវាចានៃអ្នកក្រុង ជាទីត្រេកអរនៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន បុគ្គលក៏ជាអ្នកនិយាយចំពោះ វាចាបែបនោះ បានដល់ការពោលពាក្យពីរោះ ការពោលពាក្យផូរផង់ ការពោលពាក្យមិនទ្រគោះ នេះហៅថាសេចក្តីរាក់ទាក់ បណ្តាធម៌ទាំងនោះ ការទទួលរាក់ទាក់ តើដូចម្តេច។ ការទទួលរាក់ទាក់មាន ២ យ៉ាង គឺ ការទទួលរាក់ទាក់ ដោយអមិសៈ ១ ការទទួលរាក់ទាក់ដោយធម៌ ១ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទទួលរាក់ទាក់ ដោយការទទួលរាក់ទាក់ដោយអមិសៈ ឬដោយការទទួលរាក់ទាក់ដោយធម៌ នេះហៅថា ការទទួលរាក់ទាក់។

[៣៦២] បណ្តាធម៌ទាំងនោះ ការមិនរក្សាទ្វារក្នុងឥន្រ្ទិយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ លិទ្ធភ្លក្សដោយអណ្តាត។ បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។ បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយ និងសេចក្តីមិនគ្រប់គ្រង អាការមិនគ្រប់គ្រង ការមិនរក្សា ការមិនសង្រួមនូវឥន្ទ្រិយទាំង ៦ នេះណា នេះហៅថា ការមិនរក្សាទ្វារក្នុងឥន្រ្ទិយ។ បណ្តាធម៌ទាំងនោះ ការមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានពិចារណាដោយឧបាយប្រាជ្ញា ហើយបរិភោគអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីប្រដាប់ ដើម្បីស្អិតស្អាង សេចក្តីមិនសន្តោស ការមិនដឹងប្រមាណ ការមិនពិចារណាក្នុងភោជននោះណា នេះហៅថា ការមិនដឹងប្រមាណក្នុងភោជន។

[៣៦៣] បណ្តាធម៌ទាំងនោះ ការរក្សាទ្វារក្នុងឥន្ទ្រិយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត។ បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។ បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ និងសេចក្តីគ្រប់គ្រង អាការគ្រប់គ្រង ការរក្សា ការសង្រួមនូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ការរក្សាទ្វារក្នុងឥន្រ្ទិយ។ បណ្តាធម៌ទាំងនោះ ការដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដោយឧបាយប្រាជ្ញា ហើយទើបបរិភោគនូវអាហារ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាង គឺបរិភោគដើម្បីតាំងនៅនៃកាយនេះ ដើម្បីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះនូវព្រហ្មចរិយធម៌តែប៉ុណ្ណោះ អាត្មាអញនឹងកំចាត់បង់នូវវេទនាចាស់ផង នឹងមិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្តិទៅនៃឥរិយាបថក្តី ការមិនមានទោសក្តី ការនៅជាសុខសប្បាយក្តី នឹងមានដល់អញ សេចក្តីសន្តោស ការដឹងប្រមាណ ការពិចារណាដូច្នេះ ក្នុងភោជននោះ ណា នេះហៅថា ការដឹងប្រមាណក្នុងភោជន។

[៣៦៤] បណ្តាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្តេច។ ការគ្មានស្មារតី ការនឹកមិនឃើញ ការភ្លេចស្មារតី ការមិនមានស្មារតី ការមិនរលឹក ការមិនបានចាំទុក ការភ្លេចភ្លាំង និងការវង្វេងណា នេះហៅថា ការភ្លេចស្មារតី។ បណ្តាធម៌ទាំងនោះ​ សេចក្តីមិនដឹងខ្លួន តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។ បេ។ គន្លឹះគឺអវិជា្ជ សេចក្តីវង្វេង ជាអកុសលមូលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។

[៣៦៥] បណ្តាធម៌ទាំងនោះ ស្មារតី តើដូចម្តេច។ ការមានស្មារតី ការនឹកឃើញ ការនឹករលឹក ស្មារតី សេចក្តីរលឹក ការចាំទុក ការមិនភ្លេចភ្លាំង ការមិនវង្វេង សតិ (ការរលឹក) ឥន្រ្ទិយគឺសតិ ពលៈគឺសតិ ការនឹកត្រូវ​ណា នេះហៅថា ស្មារតី។ បណ្តាធម៌ទាំងនោះ ​សេចក្តីដឹងខ្លួន តើដូចម្តេច។ ប្រាជ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ​ណា នេះហៅថា សេចក្តីដឹងខ្លួន។

[៣៦៦] បណ្តាធម៌ទាំងនោះ កំឡាំងគឺការពិចារណា តើដូចម្តេច។ ប្រាជា្ញ ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ណា នេះហៅថា កំឡាំងគឺការពិចារណា។ បណ្តា​ធម៌ទាំងនោះ កំឡាំងគឺភាវនា តើដូចម្តេច។ ការគប់រក ការអប់រំ ការធ្វើឲ្យច្រើននូវពួកកុសលធម៌ណា នេះហៅថា កំឡាំងគឺភាវនា សូម្បីពោជ្ឈង្គទាំង ៧ ក៏ហៅថា កំឡាំងគឺភាវនាដែរ។

[៣៦៧] បណ្តាធម៌ទាំងនោះ សមថៈ (សភាពរម្ងាប់ធម៌ជាសត្រូវ) តើដូចម្តេច។ ការឋិតនៅនៃចិត្ត។ បេ។ ការកំកល់ចិត្តត្រូវណា នេះហៅថា សមថៈ។ បណ្តាធម៌ទាំងនោះ វិបស្សនា (ធម្មជាតិឃើញដោយអាការផ្សេងៗ) តើដូចម្តេច។ ប្រាជ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណា សេចក្តីយល់ត្រូវណា នេះហៅថា វិបស្សនា។

[៣៦៨] បណ្តាធម៌ទាំងនោះ និមិត្តគឺសមថៈ តើដូចម្តេច។ ការឋិតនៅនៃចិត្ត។ បេ។ ការតំកល់ចិត្តត្រូវណា នេះហៅថា និមិត្តគឺសមថៈ។ បណ្តាធម៌ទាំងនោះ និមិត្តគឺការផ្គងឡើង តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រកបដោយចិត្ត។ បេ។ ព្យាយាមត្រូវណា នេះហៅថា និមិត្តគឺការផ្គងឡើង។

[៣៦៩] បណ្តាធម៌ទាំងនោះ ការផ្គងឡើង តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រកបដោយចិត្ត។ បេ។ ព្យាយាមត្រូវណា នេះហៅថា ការផ្គងឡើង។ បណ្តាធម៌ទាំងនោះ ការមិនរាយមាយ តើដូចម្តេច។ ការឋិតនៅនៃចិត្ត។ បេ។ ការតំកល់ចិត្តត្រូវណា នេះហៅថា ការមិនរាយមាយ។

[៣៧០] បណ្តាធម៌ទាំងនោះ វិបត្តិនៃសីល តើដូចម្តេច។ ការប្រព្រឹត្តិល្មើសប្រកបដោយកាយ ការប្រព្រឹត្តិល្មើសប្រកបដោយវាចា ការប្រព្រឹត្តិល្មើសប្រកបដោយកាយ និងវាចាណា នេះហៅថា វិបត្តិនៃសីល សូម្បីទ្រុស្តសីលទាំងអស់ ក៏ហៅថា វិបត្តិនៃសីលដែរ។ បណ្តាធម៌ទាំងនោះ វិបត្តិនៃទិដ្ឋិ តើដូចម្តេច។ (សេចក្តីយល់ឃើញ) ថា ទានដែលគេឲ្យហើយ មិនមានផល បូជាធំមិនមានផល បូជាតូចមិនមានផល​ ផលវិបាកនៃកម្មដែលគេធ្វើល្អ ធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈកំណើតមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជា្ញដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងបាន ក៏មិនមាន និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា វិបត្តិនៃទិដ្ឋិ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា វិបត្តិនៃទិដ្ឋិដែរ។

[៣៧១] បណ្តាធម៌ទាំងអស់ ការបរិបូណ៌ដោយសីល តើដូចម្តេច។ ការមិនប្រព្រឹត្តិល្មើសប្រកបដោយកាយ ការមិនប្រព្រឹត្តិល្មើសប្រកបដោយវាចា ការមិនប្រព្រឹត្តិល្មើសប្រកបដោយកាយ និងវាចា នេះហៅថា ការបរិបូណ៌ដោយសីល សូម្បីការសង្រួមក្នុងសីលទាំងអស់ ក៏ហៅថា ការបរិបូណ៌ដោយសីលដែរ។ បណ្តាធម៌ទាំងនោះ ការបរិបូណ៌ដោយទិដ្ឋិ តើដូចម្តេច។ (សេចក្តីយល់ឃើញ) ថា ទានដែលគេឲ្យហើយ មានផល បូជាធំមានផល បូជាតូចមានផល​ ផលនៃវិបាកនៃកម្មដែលគេធ្វើល្អ និងធ្វើអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈកំណើត មាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជា្ញដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងបាន មាន និងប្រាជា្ញ ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ត្រូវ​ណា ដែលមានសភាពបែបនេះ នេះហៅថា ការបរិបូណ៌ដោយទិដ្ឋិ សូម្បីសម្មាទិដ្ឋិទាំងអស់ ក៏ហៅថា ការបរិបូណ៌ដោយ ទិដ្ឋិដែរ។

[៣៧២] បណ្តាធម៌ទាំងនោះ ការបរិសុទ្ធិនៃសីល តើដូចម្តេច។ ការមិនប្រព្រឹត្តល្មើសប្រកបដោយកាយ ការមិនប្រព្រឹត្តល្មើសប្រកបដោយវាចា ការមិនប្រព្រឹត្តល្មើសដោយកាយ និងវាចា នេះហៅថា ការបរិសុទ្ធិនៃសីល សូម្បីការសង្រួមក្នុងសីលទាំងអស់ ក៏ហៅថា ការបរិសុទ្ធិនៃសីលដែរ។ បណ្តាធម៌ទាំងនោះ ការបរិសុទ្ធិនៃទិដ្ឋិ តើដូចម្តេច។ កម្មស្សកតញ្ញាណ (ការដឹងច្បាស់កម្មជារបស់ខ្លួន) សច្ចានុលោមិកញ្ញាណ (ការដឹងច្បាស់ អនុលោមតាមសច្ចៈ ៤ ) ការដឹងច្បាស់ របស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ការដឹងច្បាស់របស់បុគ្គលអ្នកព្រមព្រៀងដោយផល (នេះហៅថា ការបរិសុទ្ធិនៃទិដ្ឋិ)។

[៣៧៣] ពាក្យថា ការបរិសុទ្ធិនៃទិដ្ឋិ បានដល់ប្រាជ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិន វង្វេង ការពិចារណាធម៌ ការឃើញត្រូវ។ ពាក្យថា សេចក្តីព្យាយាមនៃបុគ្គល ដែលមានទិដ្ឋិ សមគួរ បានដល់សេចក្តីប្រារព្ធព្យាយាមប្រកបដោយចិត្ត។ បេ។ ការព្យាយាមត្រូវ។

[៣៧៤] ពាក្យថា សង្វេគ បានដល់ជាតិភ័យ ជរាភ័យ ព្យាធិភ័យ មរណភ័យ។ ពាក្យថា ទីដែលគួរសង្វេគ បានដល់ ជាតិ ជរា ព្យាធិ មរណៈ។ ពាក្យថា សេចក្តីព្យាយាម ដោយឧបាយប្រាជា្ញ នៃបុគ្គលដែលមានសង្វេគ សេចក្តីថា ភិក្ខុក្នុងសាសនានេះ ញ៉ាំងសេចក្តីប៉ុនប៉ងឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គង់ចិត្តទុក តាំងព្យាយាម ដើម្បីញ៉ាំងអកុសលធម៌ដ៏លាមកដែលមិនទាន់កើត មិនឲ្យកើត ញ៉ាំងសេចក្តីប៉ុនប៉ងឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យា យាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីលះបង់អកុសលធម៌ដ៏លាមកដែលកើតហើយ ញ៉ាំងសេចក្តីប៉ុនប៉ងឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញ៉ាំង កុសលធម៌ដែលមិនទាន់កើត ឲ្យកើតឡើង ញ៉ាំងសេចក្តីប៉ុនប៉ងឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីឋិតនៅ ដើម្បីមិនវិនាស ដើម្បីចម្រើនក្រៃលែង ដើម្បីធំទូលាយ ដើម្បីចម្រើន ដើម្បីបរិបូណ៌ឡើង នៃកុសលធម៌ដែលកើតហើយ។

[៣៧៥] ពាក្យថា សេចក្តីមិនសន្តោសក្នុងកុសលធម៌ បានដល់សេចក្តីប្រាថ្នាក្រៃលៃង នៃបុគ្គលអ្នកមិនត្រេកអរក្នុងការចំរើននូវកុសលធម៌។ ពាក្យថា សេចក្តីមិនបន្ធូរបន្ថយក្នុងព្យាយាម បានដល់ការធ្វើដោយគោរព ការធ្វើរឿយៗ ការធ្វើមិនឈប់ ការប្រព្រឹត្តិមិនរួញរា ការមិនដាក់ចោលនូវសេចក្តីប៉ុនប៉ង ការមិនដាក់ចោលនូវធុរៈ ការសេព ការអប់រំ ការធ្វើឲ្យរឿយៗ ក្នុងការចំរើននូវកុសលធម៌។

[៣៧៦] ពាក្យថា វិជ្ជា បានដល់វិជ្ជា ៣ គឺ បុពេ្វនិវាសានុស្សតិញ្ញាណវជ្ជា ១ សត្តានំចុតុបបាតញ្ញាណវិជ្ជា ១ អាសវក្ខយញ្ញាណវិជា្ជ ១។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ គឺ ការរួចស្រឡះនៃចិត្ត ១ ព្រះនិពា្វន ១។

[៣៧៧] ពាក្យថា សេចក្តីដឹងក្នុងធម៌ជាគ្រឿងអស់ទៅនៃកិលេស បានដល់សេចក្តីដឹងនៃបុគ្គល ដែលព្រមព្រៀងដោយមគ្គ។ ពាក្យថា សេចក្តីដឹងក្នុងធម៌ដែលធ្វើកិលេសមិនឲ្យកើតឡើងទៀត បានដល់សេចក្តីដឹងនៃបុគ្គលដែលព្រមព្រៀងដោយផល។

ចប់ និក្ខេបក័ណ្ឌ។

 

លេខយោង

km/tipitaka/abh/ds/abh.ds.03.03.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann