km:tipitaka:abh:vb:abh.vb.07

សតិប្បដ្ឋានវិភង្គ (ទី៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 07 បាលី cs-km: abh.vb.07 អដ្ឋកថា: abh.vb.07_att PTS: ?

សតិប្បដ្ឋានវិភង្គ (ទី៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. សតិបដ្ឋានវិភង្គោ)

(សុត្តន្តភាជនីយ ទី១)

(១. សុត្តន្តភាជនីយំ)

[១៧៧] សតិប្បដ្ឋាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ​ខាងក្នុង ពិចារណា​នូវ​កាយក្នុងកាយខាងក្រៅ ពិចារណានូវកាយក្នុងកាយខាងក្នុង និង​ខាងក្រៅ សម្រេច​​ឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី (ជាគ្រឿង​កំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណា​នូវ​វេទនាក្នុងវេទនា​ទាំងឡាយខាងក្នុង ពិចារណានូវវេទនាក្នុងវេទនា​ទាំងឡាយខាងក្រៅ ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មាន​ព្យាយាមជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់​អភិជ្ឈា និង​ទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណា​នូវចិត្តក្នុងចិត្តខាងក្នុង ពិចារណានូវចិត្តក្នុងចិត្តខាងក្រៅ ពិចារណា​នូវ​ចិត្តក្នុងចិត្តខាងក្នុង និងខាងក្រៅ សម្រេច​ឥរិយាបថ មានព្យាយាម​ជាគ្រឿង​ដុត​កំដៅ​កិលេស ជា​អ្នក​​ដឹងខ្លួន មានស្មារតី (ជាគ្រឿង​កំណត់) កំចាត់បង់អភិជ្ឈា និង​ទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណានូវធម៌​ក្នុងធម៌ទាំងឡាយខាងក្នុង ពិចារណានូវធម៌ក្នុងធម៌​ទាំងឡាយខាងក្រៅ ពិចារណានូវធម៌​ក្នុងធម៌​ទាំងឡាយខាងក្នុង និងខាង​ក្រៅ សម្រេច​ឥរិយាបថ មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី (ជា​គ្រឿងកំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្ស​ក្នុង​លោក ១។

(កាយានុបស្សនានិទ្ទេស ទី១)

(១. កាយានុបស្សនានិទ្ទេសោ)

[១៧៨] ចុះភិក្ខុពិចារណានូវកាយក្នុងកាយខាងក្នុង តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ពិចារណានូវកាយខាងក្នុង (កាយរបស់ខ្លួន) គឺ ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោមតាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញ​ដោយ​វត្ថុមិន​ស្អាត​មានប្រការផ្សេងៗដូច្នេះថា ក្នុងកាយនេះមាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវកាយនោះ​ឲ្យជានិមិត្ត កំណត់ចុះនូវកាយ ដែល​ខ្លួនកំណត់ទុក​ដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន នូវកាយនោះ ឲ្យជានិមិត្ត កំណត់នូវកាយ ដែលខ្លួនកំណត់​ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្តក្នុង​កាយខាងក្រៅ។

[១៧៩] ចុះភិក្ខុពិចារណានូវកាយក្នុងកាយខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុង​សាសនា​នេះ ពិចារណានូវកាយខាងក្រៅ (កាយរបស់គេ) គឺខាងលើ​តាំងអំពី​បាតជើង​ឡើងទៅ​ ខាង​ក្រោមតាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញ​ដោយ​វត្ថុមិនស្អាត មាន​ប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយរបស់បុគ្គលនោះមាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវកាយនោះឲ្យជានិមិត្ត កំណត់នូវកាយ ដែល​ខ្លួន​កំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន នូវកាយនោះឲ្យនិមិត្ត កំណត់​នូវកាយ ដែលខ្លួនកំណត់ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្តក្នុងកាយខាងក្នុង ទាំងខាងក្រៅ។

[១៨០] ចុះភិក្ខុពិចារណានូវកាយក្នុងកាយ ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ ភិក្ខុ​ក្នុង​សាសនានេះ ពិចារណានូវកាយខាងក្នុង និងខាងក្រៅ (កាយរបស់ខ្លួន ទាំងកាយ​របស់​គេ) គឺ ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោមតាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទ​បាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗដូច្នេះថា ក្នុង​កាយ​មាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ភិក្ខុពិចារណានូវកាយក្នុងកាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជា​គ្រឿងកំណត់) កំចាត់​បង់អភិជ្ឈា និងទោមនស្សក្នុង​លោកយ៉ាងនេះឯង។

[១៨១] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ការពិចារណា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណា​ធម៌ ការឃើញត្រូវណា នេះហៅថា ការពិចារណា ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយបញ្ញា​ជាគ្រឿង​ពិចារណា​នេះ ព្រោះ​ហេតុនោះ ទើបពោលថា ភិក្ខុពិចារណា។

[១៨២] ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាងអត្តភាព​ឲ្យ​រស់នៅ ត្រាច់ទៅ សម្រាក ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។

[១៨៣] សេចក្តីត្រង់ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស។ សំនួរថា ចុះបណ្តា​ពាក្យទាំងនោះ សេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស តើដូចម្តេច។ ការប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សេចក្តីព្យាយាមត្រូវណា នេះហៅថា សេចក្តីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅ​ជិត អែបនែប កៀក​កើយ ប្រដិតប្រជី ប្រកបព្រមដោយព្យាយាម ​ជាគ្រឿង​ដុតកំដៅ​កិលេស​នេះ ព្រោះហេតុ​នោះ ទើបពោលថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស។

[១៨៤] សេចក្តីត្រង់ពាក្យថា ជាអ្នកដឹងខ្លួន។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ពាក្យថា ការដឹងខ្លួន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណា​នូវធម៌ ការឃើញត្រូវណា នេះហៅថា ការដឹងខ្លួន ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយការដឹងខ្លួននេះ ព្រោះ​ហេតុ​នោះ ទើប​ពោលថា ជាអ្នកដឹងខ្លួន។

[១៨៥] សេចក្តីត្រង់ពាក្យថា មានស្មារតី។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ពាក្យថា ស្មារតី តើដូចម្តេច។ ការរឭក ការនឹកឃើញ។ បេ។ ការរឭកត្រូវណា នេះហៅថា ស្មារតី ភិក្ខុជា​អ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយ​ស្មារតីនេះ ព្រោះហេតុនោះ ទើបពោលថា មានស្មារតី។

[១៨៦] សេចក្តីត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា បណ្តា​ពាក្យទាំងនោះ លោក តើដូចម្តេច។ កាយនោះឯង ឈ្មោះថា លោក ឧបាទានក្ខន្ធ​ទាំង ៥ ឈ្មោះថា លោក នេះហៅថា លោក។ បណ្តាពាក្យទាំងនេះ អភិជ្ឈា តើ​ដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា ​អភិជ្ឈា។ បណ្តា​ពាក្យ​ទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅ​ក្នុង​ចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើត​អំពី​ចេតោសម្ផ័ស្ស ទុក្ខវេទនា មិនជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះ​ហៅថា ទោមនស្ស។ ភិក្ខុជាអ្នក​ទូន្មាន កំចាត់បង់ ស្ងប់រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើ​ឲ្យសាបសូន្យ ឲ្យដល់នូវការ​ខូចខាត ឲ្យដល់នូវការហិនហោច ឲ្យរីងស្ងួត ឲ្យ​ហួតហែង ធ្វើឲ្យបាត់បង់ នូវអភិជ្ឈា និង​ទោមនស្សនេះ ក្នុងលោកនេះ ដោយប្រការ​ដូច្នេះ ព្រោះហេតុ​នោះ ទើបពោលថា កំចាត់បង់​អភិជ្ឈា និងទោមនស្សក្នុងលោក។

ចប់ កាយានុបស្សនានិទ្ទេស។

(វេទនានុបស្សនានិទ្ទេស ទី២)

(២. វេទនានុបស្សនានិទ្ទេសោ)

[១៨៧] ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយខាងក្នុង តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ កាលទទួលសុខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា កាល​ទទួល​ទុក្ខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា កាលទទួល​អទុក្ខមសុខ​វេទនា ក៏ដឹង​ច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា កាលទទួលសុខវេទនា ប្រកបដោយ​អាមិសៈ​ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនាប្រកបដោយ​អាមិសៈ​ កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ​ទទួល​សុខវេទនា មិនប្រកបដោយ​អាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយ​អាមិសៈក្តី ក៏ដឹងច្បាស់​ថា អាត្មាអញទទួល​ទុក្ខវេទនា ប្រកបដោយអាមិសៈ កាល​ទទួល​ទុក្ខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹង​ច្បាស់ថា អាត្មាអញ​ទទួល​ទុក្ខវេទនា មិនប្រកប​ដោយអាមិសៈ កាលទទួលអទុក្ខមសុខ​វេទនាប្រកបដោយអាមិសៈ​ក្តី ក៏ដឹងច្បាស់​ថា អាត្មាអញទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាល​ទទួល​អទុក្ខមសុខវេទនា​ មិនប្រកបដោយអាមិសៈក្តី ក៏ដឹង​ច្បាស់ថា អាត្មាអញទទួល​អទុក្ខមសុខវេទនា មិនប្រកប​ដោយអាមិសៈ។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវវេទនានោះ ឲ្យជានិមិត្ត កំណត់នូវវេទនាដែលខ្លួនកំណត់ទុក​ដោយល្អ ភិក្ខុនោះ លុះ​គប់រក អប់រំ ធ្វើឲ្យច្រើន នូវវេទនានោះ ឲ្យជានិមិត្ត កំណត់នូវ​វេទនា ដែលខ្លួន​កំណត់​ទុកដោយ​ល្អ​ហើយ រមែងប្រមូលមកនូវចិត្ត ក្នុងវេទនាខាងក្រៅ។

[១៨៨] ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយខាងក្រៅ តើដូចម្តេច។ ភិក្ខុ​ក្នុង​​សាសនានេះ ដឹងច្បាស់នូវបុគ្គល កាលទទួលសុខវេទនាថា បុគ្គលនេះ ទទួល​សុខ​វេទនា ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនាថា បុគ្គលនេះ ទទួលទុក្ខវេទនា ដឹង​ច្បាស់​នូវ​បុគ្គល កាលទទួលអទុក្ខមសុខវេទនាថា បុគ្គលនេះ ទទួលអទុក្ខមសុខវេទនា ដឹង​ច្បាស់​នូវបុគ្គល​ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួល​សុខវេទនា ប្រកបដោយ​អាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈក្តីថា បុគ្គល​នេះ ទទួលសុខវេទនា មិនប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួល​ទុក្ខវេទនា ប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនា មិន​ប្រកបដោយ​អាមិសៈក្តីថា បុគ្គលនេះ ទទួលទុក្ខវេទនា មិន​ប្រកបដោយអាមិសៈ ដឹង​ច្បាស់​នូវបុគ្គល កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយ​អាមិសៈក្តីថា បុគ្គលនេះ ទទួល​អទុក្ខមសុខវេទនា​ប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួល​អទុក្ខមសុខ​វេទនា មិនប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួល​អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវ​វេទនានោះ ឲ្យជានិមិត្ត កំណត់នូវវេទនា ដែលខ្លួនកំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ​ ធ្វើឲ្យច្រើន នូវវេទនានោះ ឲ្យជានិមិត្ត កំណត់នូវវេទនា ដែលខ្លួនកំណត់ទុកដោយល្អ​ហើយ រមែងប្រមូលមកនូវចិត្ត ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។

[១៨៩] ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុង និងខាងក្រៅ តើ​ដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវសុខវេទនាថា សុខវេទនា ដឹងច្បាស់នូវ​ទុក្ខវេទនាថា ទុក្ខវេទនា ដឹងច្បាស់នូវអទុក្ខមសុខវេទនាថា អទុក្ខមសុខវេទនា ដឹង​ច្បាស់នូវសុខវេទនា ប្រកបដោយអាមិសៈថា សុខវេទនា ប្រកបដោយអាមិសៈ ដឹងច្បាស់​នូវសុខវេទនា​មិនប្រកបដោយ​អាមិសៈថា សុខវេទនា មិនប្រកបដោយអាមិសៈ ដឹង​ច្បាស់នូវទុក្ខវេទនា ប្រកបដោយ​អាមិសៈថា ទុក្ខវេទនាប្រកបដោយអាមិសៈ ដឹងច្បាស់​នូវទុក្ខវេទនា មិនប្រកបដោយ​អាមិសៈ​ថា ទុក្ខវេទនា មិនប្រកបដោយអាមិសៈ ដឹង​ច្បាស់នូវអទុក្ខមសុខវេទនា ប្រកប​ដោយអាមិសៈថា អទុក្ខមសុខវេទនា ប្រកប​ដោយ​អាមិសៈ ដឹងច្បាស់នូវអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ​ថា អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ ភិក្ខុពិចារណា​នូវវេទនា ក្នុងវេទនា​ទាំងឡាយ ខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជា​គ្រឿង​ដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុងលោក យ៉ាងនេះឯង។

[១៩០] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។ បេ។ ពាក្យថា សម្រេចឥរិយាបថ។ បេ។ សេចក្តីត្រង់ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស។ បេ។ សេចក្តីត្រង់ពាក្យ​ថា​ អ្នកដឹងខ្លួន។ បេ។ សេចក្តីត្រង់ពាក្យថា មានស្មារតី។ បេ។ សេចក្តីត្រង់ពាក្យថា កំចាត់បង់​អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ លោក តើដូចម្តេច។​ វេទនានោះឯង ឈ្មោះថា លោក ឧបាទានក្ខន្ធទាំង ៥ ឈ្មោះថា​លោក នេះ​ហៅថា លោក។ បណ្តាពាក្យទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំង​នៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិន​ត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្ត​ទៅក្នុងចិត្ត ការទទួល​អារម្មណ៍មិនជាទី​ត្រេកអរ ជាទុក្ខ ដែល​កើត​អំពីចេតោសម្ផ័ស្ស ទុក្ខវេទនា​មិនជាទីត្រេកអរ ដែលកើតអំពី​ចេតោសម្ផ័ស្ស នេះ​ហៅថា ទោមនស្ស។ ពួកជនក្នុងលោកនេះ ភិក្ខុ ជាអ្នកទូន្មាន កំចាត់បង់​ ស្ងប់ រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ឲ្យដល់នូវការខូចខាត ឲ្យដល់នូវការហិនហោច ឲ្យរីងស្ងួត ឲ្យ​ហួតហែង ធ្វើឲ្យបាត់បង់ នូវអភិជ្ឈា និងទោមនស្សនេះ ក្នុង​លោក​នេះ ដោយប្រការ​ដូច្នេះ ព្រោះហេតុនោះ ទើបពោលថា កំចាត់បង់​អភិជ្ឈា និងទោមនស្សក្នុងលោក។

ចប់ វេទនានុបស្សនានិទ្ទេស។

(ចិត្តានុបស្សនានិទ្ទេស ទី៣)

(៣. ចិត្តានុបស្សនានិទ្ទេសោ)

[១៩១] ចុះភិក្ខុពិចារណានូវចិត្តក្នុងចិត្តខាងក្នុង តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ទោះចិត្ត​ប្រកប​ដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ប្រកបដោយរាគៈ ទោះ​ចិត្ត​ប្រាសចាក​រាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ប្រាសចាករាគៈ ទោះចិត្តប្រកប​ដោយ​ទោសៈ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ប្រកបដោយទោសៈ ទោះចិត្ត​ប្រាសចាក​ទោសៈ ក៏ដឹង​ច្បាស់ថា ចិត្តរបស់អាត្មាអញ ប្រាសចាកទោសៈ ទោះចិត្ត​ប្រកបដោយ​មោហៈ ក៏ដឹងច្បាស់​ថា ចិត្តរបស់អាត្មាអញ ប្រកបដោយមោហៈ ទោះ​ចិត្ត​ប្រាសចាក​មោហៈ ក៏ដឹងច្បាស់ថា ចិត្ត​របស់អាត្មាអញ ប្រាសចាកមោហៈ ទោះ​ចិត្ត​រួញរា ក៏ដឹង​ច្បាស់ថា ចិត្តរបស់អាត្មាអញ​រួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់​ថា ចិត្តរបស់​អាត្មាអញ រាយមាយ ទោះចិត្តជា​មហគ្គតៈ (រូបាវចរ និងអរូបាវចរ) ក៏​ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាមហគ្គតៈ ទោះ​ចិត្ត​មិនមែនជាមហគ្គតៈ (កាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ មិនមែនជាមហគ្គតៈ ទោះចិត្តជា​សឧត្តរៈ (កាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាសឧត្តរៈ ទោះចិត្តជា​អនុត្តរៈ (រូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាអនុត្តរៈ ទោះ​ចិត្ត​តាំង​នៅមាំ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ តាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ ក៏ដឹងច្បាស់​ថា ចិត្តរបស់អាត្មាអញ មិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មា​អញ រួចស្រឡះ ទោះចិត្តមិន​ទាន់រួចស្រឡះ (ចាកអាសវក្កិលេស) ក៏ដឹងច្បាស់ថា ចិត្តរបស់​អាត្មាអញ មិនទាន់​រួចស្រឡះ។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវចិត្តនោះ ឲ្យជា​និមិត្ត កំណត់នូវចិត្ត ដែលខ្លួនកំណត់ទុកដោយល្អ ភិក្ខុ​នោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន នូវ​ចិត្តនោះ ឲ្យជានិមិត្ត កំណត់នូវចិត្ត ដែលខ្លួន​កំណត់​ទុកដោយល្អហើយ រមែងប្រមូលមកនូវ​ចិត្ត ក្នុងចិត្តខាងក្រៅ។

[១៩២] ចុះភិក្ខុពិចារណានូវចិត្ត ក្នុងចិត្តខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ទោះ​ចិត្តរបស់គេ ប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រកប​ដោយ​រាគៈ ទោះ​​ចិត្ត​​របស់គេ ប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រាសចាក​រាគៈ ទោះ​ចិត្តរបស់គេ ប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រកបដោយ​ទោសៈ ទោះ​ចិត្តរបស់គេ ប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រាសចាក​ទោសៈ ទោះ​ចិត្ត​របស់គេ ប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រកបដោយ​មោហៈ ទោះចិត្តរបស់គេ ប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រាសចាក​មោហៈ ទោះចិត្តរបស់គេ រួញរា ​ក៏ដឹងច្បាស់ថា ចិត្តរបស់គេរួញរា ទោះចិត្ត​របស់គេ​រាយមាយ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ រាយមាយ ទោះចិត្តរបស់គេ ជាមហគ្គតៈ ក៏​ដឹង​ច្បាស់ថា ចិត្តរបស់គេជាមហគ្គតៈ ទោះចិត្ត​របស់គេ មិនមែនជាមហគ្គតៈ ក៏ដឹង​ច្បាស់ថា ចិត្តរបស់គេ មិនមែនជាមហគ្គតៈ ទោះចិត្ត​របស់​គេជាសឧត្តរៈ ក៏ដឹងច្បាស់​ថា ចិត្តរបស់​គេ ជាសឧត្តរៈ ទោះចិត្តរបស់គេជាអនុត្តរៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេជា​អនុត្តរៈ ទោះចិត្តរបស់គេតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្ត​របស់គេតាំងនៅមាំ ទោះ​ចិត្ត​របស់គេ មិនតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ មិនតាំងនៅមាំ ទោះចិត្ត​របស់​គេ រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ រួចស្រឡះ ទោះចិត្ត​របស់គេ មិនទាន់​រួចស្រឡះ ក៏ដឹងច្បាស់ ថា ចិត្តរបស់គេ មិនទាន់រួចស្រឡះ។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវចិត្តនោះឲ្យជានិមិត្ត កំណត់នូវចិត្ត ដែលខ្លួនកំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន ចំពោះចិត្តនោះ ឲ្យជានិមិត្ត កំណត់នូវចិត្ត ដែល​ខ្លួន​​កំណត់ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្ត ក្នុងចិត្តខាងក្នុង និងខាងក្រៅ។

[១៩៣] ចុះភិក្ខុពិចារណានូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះ​ចិត្ត​​ប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏​ដឹង​ច្បាស់ថា ចិត្តប្រកបដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាក​ទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយ​មោហៈ ទោះចិត្ត​ប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្ត​រួញរា ក៏ដឹងច្បាស់ថា ចិត្ត​រួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះ​ចិត្ត​ជាមហគ្គតៈ ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ទោះចិត្តមិនមែនជាមហគ្គតៈ ក៏ដឹង​ច្បាស់​ថា ចិត្តមិនមែនជាមហគ្គតៈ ទោះចិត្តជាសឧត្តរៈ ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ទោះ​ចិត្ត​ជាអនុត្តរៈ ក៏ដឹងច្បាស់ថា ចិត្តជា​អនុត្តរៈ ទោះចិត្តតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្ត​តាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ ក៏ដឹង​ច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្ត​រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្ត​មិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្ត​មិនទាន់រួចស្រឡះ ភិក្ខុពិចារណានូវចិត្ត ក្នុងចិត្ត​ខាង​ក្នុង និងខាងក្រៅ សម្រេច​ឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹង​ខ្លួន​ មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក យ៉ាងនេះឯង។

[១៩៤] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។ បេ។ សេចក្តីត្រង់ពាក្យថា សម្រេច​ឥរិយាបថ។ បេ។ សេចក្តីត្រង់ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅ​កិលេស។ បេ។ សេចក្តីត្រង់ពាក្យ​ថា ជាអ្នកដឹងខ្លួន។ បេ។ សេចក្តីត្រង់ពាក្យថា មានស្មារតី។ បេ។ សេចក្តីត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា បណ្តា​ពាក្យ​ទាំងនោះ លោក តើដូចម្តេច។ ចិត្ត​នោះឯង ឈ្មោះថាលោក ឧបាទានក្ខន្ធទាំង ៥ ឈ្មោះថា​ លោក នេះហៅថា លោក។ បណ្តាពាក្យទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅ​ក្នុង​ចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជា​ទុក្ខ ដែលកើត​អំពី​ចេតោសម្ផ័ស្ស ទុក្ខវេទនាមិនជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះ​ហៅ​ថា​ទោមនស្ស។ អភិជ្ឈានេះផង ទោមនស្សនេះផង រមែងមាន ដោយ​ប្រការ​​ដូច្នេះ ពួកជនក្នុងលោកនេះ ជាអ្នកទូន្មាន កំចាត់បង់ ស្ងប់ រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើ​ឲ្យសាបសូន្យ ឲ្យដល់នូវការខូចខាត ឲ្យដល់នូវការហិនហោច ឲ្យរីងស្ងួត ឲ្យហួតហែង ធ្វើ​ឲ្យបាត់បង់ ព្រោះហេតុនោះ ទើបពោលថា កំចាត់​បង់អភិជ្ឈា និងទោមនស្សក្នុង​លោក។

ចប់ ចិត្តានុបស្សនានិទ្ទេស។

(ធម្មានុបស្សនានិទ្ទេស ទី៤)

(៤. ធម្មានុបស្សនានិទ្ទេសោ)

[១៩៥] ចុះភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង តើដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​​នេះ ដឹងច្បាស់នូវកាមច្ឆន្ទៈខាងក្នុង កាលមានថា កាមច្ឆន្ទៈ​ខាងក្នុង​របស់​អាត្មា​អញមាន ឬដឹងច្បាស់នូវកាមច្ឆន្ទៈខាងក្នុង កាលមិនមានថា កាមច្ឆន្ទៈខាងក្នុង​របស់​អាត្មាអញ មិនមាន ការកើតឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះ​ផង ការលះបង់នូវកាមច្ឆន្ទៈដែលកើតឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ​ផង ការមិនកើតតទៅនៃកាមច្ឆន្ទៈ ដែល​ខ្លួនលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវ​ហេតុនោះផង ភិក្ខុដឹងច្បាស់ នូវព្យាបាទខាងក្នុង កាលមាន។ បេ។ នូវថីនមិទ្ធៈខាងក្នុង កាលមាន។ បេ។ នូវ​ឧទ្ធច្ចកុក្កុច្ចៈខាងក្នុង កាលមាន។ បេ។ នូវវិចិកិច្ឆាខាងក្នុង កាលមានថា វិចិកិច្ឆា​ខាងក្នុង​របស់​អាត្មាអញ​មាន​ ឬដឹងច្បាស់នូវវិចិកិច្ឆាខាងក្នុង កាលមិនមានថា វិចិកិច្ឆា​ខាងក្នុង​របស់​អាត្មាអញមិនមាន ការកើតឡើងនៃវិចិកិច្ឆា​ដែលមិនទាន់កើតឡើង ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់នូវវិចិកិច្ឆា ដែលកើតឡើងហើយ ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការមិនកើតតទៅនៃវិចិកិច្ឆាដែលខ្លួន​លះបង់​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវសតិសម្ពោជ្ឈង្គ​ខាងក្នុង កាលមានថា សតិសម្ពោជ្ឈង្គខាងក្នុង របស់អាត្មាអញមាន ឬដឹងច្បាស់នូវសតិ​សម្ពោជ្ឈង្គខាងក្នុង កាលមិនមានថា សតិសម្ពោជ្ឈង្គខាងក្នុង របស់​អាត្មាអញមិនមាន ការកើតឡើងនៃសតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើតឡើង​ហើយ ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការពេញលេញដោយភាវនា​នៃសតិ​សម្ពោជ្ឈង្គ ដែល​កើតឡើងហើយ ដោយហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះ​ផង ដឹងច្បាស់នូវ​ធម្មវិចយសម្ពោជ្ឈង្គខាងក្នុង កាលមាន។ បេ។ នូវវីរិយសម្ពោជ្ឈង្គ​ខាង​ក្នុង កាលមាន។ បេ។ នូវបីតិសម្ពោជ្ឈង្គខាងក្នុង កាលមាន។ បេ។ នូវ​បស្សទ្ធិសម្ពោជ្ឈង្គ​ខាងក្នុង កាលមាន។ បេ។ នូវសមាធិសម្ពោជ្ឈង្គ​ខាងក្នុង កាល​មាន។ បេ។ នូវឧបេក្ខាសម្ពោជ្ឈង្គខាងក្នុង កាលមានថា ឧបេក្ខាសម្ពោជ្ឈង្គ​ខាងក្នុង របស់អាត្មា​អញ​មាន ឬដឹងច្បាស់នូវឧបេក្ខាសម្ពោជ្ឈង្គខាងក្នុង កាលមិនមានថា ឧបេក្ខាសម្ពោជ្ឈង្គ​ខាងក្នុង របស់អាត្មាអញ មិនមាន ការកើតឡើង​នៃ​ឧបេក្ខាសម្ពោជ្ឈង្គ​​ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការពេញលេញ​ដោយភាវនា នៃឧបេក្ខាសម្ពោជ្ឈង្គ ដែល​កើតឡើងហើយ ដោយហេតុ​ណា ក៏ដឹងច្បាស់នូវ​ហេតុនោះផង។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌​នោះ ឲ្យ​ជានិមិត្ត កំណត់នូវ​ធម៌ដែលខ្លួនកំណត់​ទុក​ដោយ​ល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន​នូវធម៌នោះ ឲ្យជា​និមិត្ត កំណត់នូវធម៌ ដែលខ្លួនកំណត់ទុកដោយល្អហើយ រមែង​ប្រមូលមកនូវចិត្ត​ក្នុងធម៌​ទាំងឡាយ ជាខាងក្រៅ។

[១៩៦] ចុះភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយជាខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ដឹងច្បាស់នូវកាមច្ឆន្ទៈរបស់គេ កាលមាន​ថា កាមច្ឆន្ទៈរបស់គេមាន ឬ​ដឹង​ច្បាស់នូវកាមច្ឆន្ទៈរបស់គេ កាលមិនមាន​ថា កាមច្ឆន្ទៈរបស់គេ មិនមាន ការកើត​ឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះ​ផង ការលះបង់នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវ​ហេតុ​នោះ​ផង ការមិនកើតតទៅនៃកាមច្ឆន្ទៈ ដែលគេលះបង់ហើយ ដោយហេតុណា ក៏ដឹង​ច្បាស់​នូវហេតុ​នោះផង ដឹងច្បាស់​នូវព្យាបាទរបស់គេ កាលមាន។ បេ។ នូវ​ថីនមិទ្ធៈ​របស់គេ កាលមាន។ បេ។ នូវឧទ្ធច្ចកុក្កុច្ចៈរបស់គេ កាលមាន។ បេ។ នូវ​វិចិកិច្ឆា​របស់គេ កាលមានថា វិចិកិច្ឆា​របស់គេ មាន ឬ​ដឹងច្បាស់​នូវវិចិកិច្ឆារបស់គេ កាល​មិនមាន​ថា វិចិកិច្ឆា​របស់គេមិនមាន ការកើតឡើងនៃវិចិកិច្ឆាដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុ​នោះ​ផង ការលះបង់នូវវិចិកិច្ឆា ដែលកើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ​ផង ការមិនកើតតទៅនៃវិចិកិច្ឆា​ដែល​គេលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់​នូវសតិសម្ពោជ្ឈង្គរបស់គេ កាលមាន​ថា សតិសម្ពោជ្ឈង្គរបស់គេមាន ឬ​ដឹងច្បាស់​នូវ​សតិសម្ពោជ្ឈង្គ​របស់គេ កាលមិនមាន​ថា សតិសម្ពោជ្ឈង្គរបស់គេ មិនមាន ការ​កើតឡើងនៃសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ហើយ ដោយហេតុណា ក៏ដឹង​ច្បាស់ នូវហេតុនោះផង ការពេញលេញដោយភាវនា នៃសតិ​សម្ពោជ្ឈង្គ ដែលកើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ភិក្ខុ​ដឹងច្បាស់​នូវ​ធម្មវិចយ​សម្ពោជ្ឈង្គ​របស់គេ កាលមាន។ បេ។ នូវវីរិយសម្ពោជ្ឈង្គរបស់គេ កាលមាន។ បេ។​នូវបីតិសម្ពោជ្ឈង្គរបស់​គេ កាលមាន។ បេ។ នូវបស្សទ្ធិសម្ពោជ្ឈង្គរបស់​គេ កាលមាន។ បេ។ នូវសមាធិសម្ពោជ្ឈង្គរបស់គេ កាលមាន។ បេ។ ដឹងច្បាស់​នូវឧបេក្ខា​សម្ពោជ្ឈង្គ​របស់គេ កាលមាន​ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់គេ មាន ឬ​ដឹងច្បាស់នូវ​ឧបេក្ខាសម្ពោជ្ឈង្គរបស់គេ កាលមិនមាន​ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់គេមិនមាន ការ​កើតឡើង​នៃ​ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើងហើយ ដោយហេតុណា ក៏ដឹង​ច្បាស់នូវហេតុនោះ​ផង ការពេញលេញដោយភាវនា​នៃឧបេក្ខាសម្ពោជ្ឈង្គ ដែល​កើត​ឡើងហើយ ដោយ​ហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវ​ធម៌នោះ ឲ្យជានិមិត្ត កំណត់នូវធម៌​ដែលខ្លួន​កំណត់ទុក​ដោយ​ល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើ​ឲ្យច្រើន នូវធម៌នោះ ឲ្យជានិមិត្ត កំណត់នូវ​ធម៌​ដែលខ្លួន​កំណត់​ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្ត ក្នុងធម៌ទាំងឡាយ ខាង​ក្នុង និងខាងក្រៅ។

[១៩៧] ចុះភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅ តើដូចម្តេច។ ភិក្ខុ​ក្នុងសាសនានេះ ដឹងច្បាស់នូវកាមច្ឆន្ទៈ កាលមាន ថាកាមច្ឆន្ទៈមាន ឬដឹងច្បាស់​នូវ​កាមច្ឆន្ទៈ កាលមិនមាន​ថា កាមច្ឆន្ទៈមិនមាន ការកើតឡើងនៃកាមច្ឆន្ទៈ ដែល​មិនទាន់​កើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់​នូវ​កាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង ការ​មិនកើតតទៅ​នៃកាមច្ឆន្ទៈ ដែលលះបង់​ហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ នោះផង ភិក្ខុដឹងច្បាស់ នូវព្យាបាទ កាលមាន។ បេ។ នូវថីនមិទ្ធៈ កាលមាន។ បេ។ នូវឧទ្ធច្ចកុក្កុច្ចៈ កាលមាន។ បេ។ នូវវិចិកិច្ឆា កាលមាន​ថា វិចិកិច្ឆាមាន ឬ​ដឹង​ច្បាស់​នូវ​វិចិកិច្ឆា កាលមិនមាន​ថា វិចិកិច្ឆាមិនមាន ការកើតឡើងនៃ​វិចិកិច្ឆា ដែល​មិនទាន់​កើត​ឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង ការ​លះបង់នូវវិចិកិច្ឆា ដែល​កើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង ការមិនកើត​តទៅ​នៃ​វិចិកិច្ឆា ដែលលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះ​ផង។ ភិក្ខុដឹង​ច្បាស់​នូវសតិសម្ពោជ្ឈង្គ កាលមាន​ថា សតិសម្ពោជ្ឈង្គមាន ឬ​ដឹងច្បាស់​នូវ​សតិ​សម្ពោជ្ឈង្គ កាលមិនមាន​ថា សតិសម្ពោជ្ឈង្គ​មិនមាន ការកើតឡើង​នៃ​សតិ​សម្ពោជ្ឈង្គ​​ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការ​ពេញលេញ​ដោយ​ភាវនា នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវ​ហេតុនោះ​ផង ភិក្ខុដឹងច្បាស់​នូវធម្មវិចយសម្ពោជ្ឈង្គ កាលមាន។ បេ។ នូវវីរិយសម្ពោជ្ឈង្គ កាលមាន។ បេ។ នូវបីតិសម្ពោជ្ឈង្គ កាលមាន។ បេ។ នូវ​បស្សទ្ធិ​សម្ពោជ្ឈង្គ កាលមាន។ បេ។ នូវសមាធិសម្ពោជ្ឈង្គ កាលមាន។ បេ។ នូវឧបេក្ខា​សម្ពោជ្ឈង្គ កាលមាន​ថា ឧបេក្ខា​សម្ពោជ្ឈង្គមាន ឬ​ដឹងច្បាស់នូវឧបេក្ខាសម្ពោជ្ឈង្គ កាលមិនមាន​ថា ឧបេក្ខាសម្ពោជ្ឈង្គ​មិនមាន ការកើតឡើង​នៃឧបេក្ខាសម្ពោជ្ឈង្គ ដែល​មិនទាន់​កើតឡើង ដោយហេតុណា ក៏ដឹង​ច្បាស់នូវហេតុនោះផង ការពេញលេញ​ដោយ​ភាវនា នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ដោយហេតុណា ក៏ដឹង​ច្បាស់​នូវហេតុនោះផង។​ ភិក្ខុ​ពិចារណានូវធម៌ ក្នុងធម៌​ទាំងឡាយខាងក្នុង និង​ខាង​ក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក យ៉ាងនេះឯង។

[១៩៨] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។ ប្រស្នាថា ចុះបណ្តាពាក្យទាំងនោះ ការ​ពិចារណា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា នេះហៅថា ការពិចារណា ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយបញ្ញាជាគ្រឿងពិចារណានេះ ព្រោះ​ហេតុនោះ ទើបពោលថា ភិក្ខុពិចារណា។

[១៩៩] សេចក្តីត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាង​អត្ត​ភាពឲ្យរស់នៅ ត្រាច់ទៅ នៅ សម្រាក ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។

[២០០] សេចក្តីត្រង់ពាក្យថា អ្នកមានព្យាយាមជាគ្រឿងដុតកំដៅកិលេស។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ការព្យាយាមជាគ្រឿងដុតកំដៅកិលេស តើដូចម្តេច។ ការ​ប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សេចក្តីព្យាយាមត្រូវណា នេះហៅថា សេចក្តី​ព្យាយាមជាគ្រឿងដុតកំដៅកិលេស ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកប​ដោយព្យាយាមជា​គ្រឿងដុតកំដៅកិលេសនេះ ព្រោះហេតុនោះ ទើបពោលថា មានព្យាយាម​ជាគ្រឿងដុតកំដៅកិលេស។

[២០១] សេចក្តីត្រង់ពាក្យថា ជាអ្នកដឹងខ្លួន។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ការដឹង​ខ្លួន តើ​ដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវ​ណា នេះហៅថា ការដឹងខ្លួន ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបដោយ​ការ​ដឹង​ខ្លួន​នេះ ព្រោះ​ហេតុនោះ ទើបពោលថា ជាអ្នកដឹងខ្លួន។

[២០២] សេចក្តីត្រង់ពាក្យថា មានស្មារតី។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ស្មារតី តើដូចម្តេច។ គឺ ការនឹករឭក ការនឹករឿយៗ។ បេ។ ការរឭកត្រូវណា នេះហៅថា ស្មារតី ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបដោយស្មារតីនេះ ព្រោះហេតុនោះ ទើប​ពោល​ថា មាន​ស្មារតី។

[២០៣] សេចក្តីត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ លោក តើដូចម្តេច។ ធម៌ទាំងឡាយនោះឯង ហៅថា លោក ឧបាទានក្ខន្ធទាំង ៥ ហៅថា លោក នេះហៅថា លោក។ បណ្តាពាក្យទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនជាទីត្រេកអរ ជា​ទុក្ខ ដែលកើតអំពី​ចេតោសម្ផ័ស្ស ទុក្ខវេទនាមិនជាទីត្រេកអរ ដែលកើតអំពី​ចេតោសម្ផ័ស្សណា នេះហៅថា ទោមនស្ស។ ភិក្ខុជាអ្នកទូន្មាន កំចាត់បង់ ស្ងប់ រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ឲ្យដល់នូវការខូចខាត ឲ្យដល់នូវការហីនហោច ឲ្យ​រីងស្ងួត ឲ្យហួតហែង ធ្វើឲ្យបាត់បង់នូវអភិជ្ឈា និងទោមនស្សនេះ ដោយប្រការ​ដូច្នេះ ក្នុងលោកនេះ ព្រោះហេតុ​នោះ ទើបពោលថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។

ចប់ ធម្មានុបស្សនានិទ្ទេស។

ចប់ សុត្តន្តភាជនីយ។

(អភិធម្មភាជនីយ ទី២)

(២. អភិធម្មភាជនីយំ)

[២០៤] សតិប្បដ្ឋាន ៤។ គឺភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ ១ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ១ ពិចារណានូវចិត្ត ក្នុងចិត្ត ១ ពិចារណានូវធម៌ ក្នុងធម៌​ទាំងឡាយ ១។

[២០៥] ចុះភិក្ខុពិចារណានូវកាយក្នុងកាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​​នេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូល​កាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវកាយក្នុងកាយ ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។ បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយសតិប្បដ្ឋាន។ ចុះភិក្ខុ​ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវ​ការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះ​ថា ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ក្នុងសម័យនោះ ការនឹករឭក ការនឹកឃើញ។ បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន​ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយសតិប្បដ្ឋាន។ ចុះភិក្ខុពិចារណា​នូវចិត្តក្នុងចិត្ត តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើន​លោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិ​ទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវចិត្តក្នុងចិត្ត ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។ បេ។ ការរឭកត្រូវ សតិ​សម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌​ទាំងឡាយ​ដ៏សេស ក៏ឈ្មោះ​ថា ប្រកបដោយសតិប្បដ្ឋាន។ ចុះភិក្ខុពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើន​លោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿង​ដល់​នូវការ​មិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។ បេ។ ការរឭក​ត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សតិប្បដ្ឋាន។ បណ្តាធម៌ទាំង​នោះ សតិប្បដ្ឋាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន​ ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បី​លះទិដ្ឋិទាំងឡាយ ដើម្បី​ដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ហើយចូល​កាន់បឋមជ្ឈាន​ ជា​ទុក្ខាបដិបទា​ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ក្នុង​សម័យ​នោះ ការរឭក ការនឹកឃើញ។ បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំង​ឡាយដ៏សេស ក៏​ឈ្មោះ​ថា ប្រកបដោយសតិប្បដ្ឋាន។

[២០៦] សតិប្បដ្ឋាន ៤។ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ ១ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ១ ពិចារណានូវចិត្ត ក្នុងចិត្ត ១ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ១។

[២០៧] ចុះភិក្ខុពិចារណានូវកាយក្នុងកាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​​នេះ ចំរើនលោកុត្តរជ្ឈាន ជា​និយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បី​លះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ផស្សៈក៏មាន។ បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងប់ស្ងាត់​ចាកកាម​ទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះ​ឯង ដែលលោកបានធ្វើហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវកាយក្នុងកាយ ក្នុងសម័យនោះ ការរឭក ការ​នឹក​ឃើញ។ បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ​ ជាអង្គមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះ​ហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយសតិប្បដ្ឋាន។ ចុះភិក្ខុពិចារណា​នូវវេទនា ក្នុងវេទនា​ទាំងឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវ​ការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ផស្សៈក៏មាន។ បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងប់ស្ងាត់​ចាកកាម​​ទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជា​វិបាក ព្រោះ​ភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ក្នុងសម័យនោះ ការរឭក ការរឭកឃើញ។ បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់​បញ្ចូល​ក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​សតិប្បដ្ឋាន។ ចុះភិក្ខុពិចារណានូវចិត្តក្នុងចិត្ត តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះ​ទិដ្ឋិទាំងឡាយ​ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏មាន។ បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជា​វិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវចិត្តក្នុងចិត្ត ក្នុងសម័យនោះ ការរឭក ការនឹក​ឃើញ។ បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយសតិប្បដ្ឋាន។ ចុះភិក្ខុពិចារណា​នូវធម៌ ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវ​ការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ផស្សៈក៏មាន។ បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន​ ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជា​វិបាក ព្រោះភាព​នៃ​លោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបាន​ធ្វើហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។ បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា នេះហៅថា ​សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សតិប្បដ្ឋាន។ បណ្តាធម៌ទាំងនោះ សតិប្បដ្ឋាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះ​ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏មាន។ បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយ​ចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាព​នៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ក្នុងសម័យនោះ ការ​រឭក ការនឹកឃើញ។ បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សតិប្បដ្ឋាន។

ចប់ អភិធម្មភាជនីយ។

(បញ្ហាបុច្ឆកកៈ ទី៣)

(៣. បញ្ហាបុច្ឆកំ)

[២០៨] សតិប្បដ្ឋាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ មាន​ព្យាយាម​ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់​អភិជ្ឈា និង​ទោមនស្សក្នុង​លោក ១ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ មានព្យាយាមជា​គ្រឿងដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស​ក្នុងលោក ១ ពិចារណានូវចិត្តក្នុងចិត្ត មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជា​អ្នក​ដឹងខ្លួន មានស្មារតី កំចាត់​បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១ ពិចារណា​នូវ​ធម៌ ក្នុងធម៌ទាំងឡាយ ​មានព្យាយាម​ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី​កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១។ បណ្តាសតិប្បដ្ឋានទាំង ៤ សតិប្បដ្ឋាន ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជា​អព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈ1) ប៉ុន្មាន ជាអរណៈ2) ប៉ុន្មាន។

(តិក)

(១. តិកំ)

[២០៩] សតិប្បដ្ឋាន ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ប្រកបដោយសុខ​វេទនា​ក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌​មានវិបាកជា​ប្រក្រតី តែមិនមាន​កម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំង​មិនជា​ប្រយោជន៍ដល់ឧបាទាន តែមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំ​ដោយ​សុខក៏មាន ច្រឡំដោយឧបេក្ខា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយ​ភាវនា មាន​ហេតុដែលមិនគួរលះដោយ​ទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការមិន​សន្សំក៏មាន​ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំ​ក៏មាន ជាសេក្ខៈក៏មាន ជាអសេក្ខៈ ដែលមិនមាន​ប្រមាណ មានអារម្មណ៍ប្រមាណ​មិនបាន ជាធម៌ដ៏ប្រសើរក៏មាន មានសភាពត្រូវ និងទៀង​ក៏មាន មិនទៀង ដែលមាន​មគ្គ​ជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជា​អធិបតីក៏មាន មិនគួរ​ពោល​ថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន កើតឡើងហើយក៏មាន មិនទាន់​កើតឡើងហើយក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជា​អនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាង​ក្នុងទាំងខាងក្រៅ ដែលមានអារម្មណ៍ជាខាងក្រៅ មិនប្រកបដោយការ​ឃើញ ទាំង​មិនប្រកបដោយការប៉ះពាល់ក៏មាន។

(ទុក)

(២. ទុកំ)

[២១០] សតិប្បដ្ឋាន ៤ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយ​ហេតុ មិន​គួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយ​​នឹងហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុ​ឡើយ គ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយ​នឹង​ហេតុ។ សតិប្បដ្ឋាន ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយ​ការ​ឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គួរដឹងដោយ​វិញ្ញាណណាមួយ មិនគួរ​ដឹងដោយវិញ្ញាណណាមួយ។ សតិប្បដ្ឋាន ៤ មិនមែនអាសវៈ មិនមានអាសវៈ ប្រាសចាក​អាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅ​ជាមួយ​​នឹង​អាសវៈផងថា ប្រព្រឹត្តទៅ​ជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈផងទេ មិនគួរពោលថា ជាអាសវៈ ទាំងប្រកប​ដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ គឺជាធម៌ប្រាស​ចាកអាសវៈ ទាំងមិនមានអាសវៈ។ សតិប្បដ្ឋាន ៤ មិនមែនសញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែន​បរាមាសៈ។ បេ។ ប្រព្រឹត្ត​ទៅ​ជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំង​ឡើង​ដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំង​តាំងឡើង​ដោយ​ចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំង​ប្រព្រឹត្តទៅ​តាម​ចិត្ត ជាខាងក្រៅ មិនមែនឧបាទា ដែលកិលេស មានតណ្ហាជាដើមមិនកាន់​យក។ សតិប្បដ្ឋាន ៤ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។ មិនគួរលះដោយ​ទស្សនៈ មិនគួរ​លះ​ដោយភាវនា មានហេតុ​មិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះ​ដោយ​ភាវនា ប្រកបដោយវិតក្កៈ​ក៏មាន មិនមានវិតក្កៈ​ក៏មាន ប្រកបដោយវិចារៈក៏មាន មិន​មាន​វិចារៈក៏មាន ប្រកប​ដោយបីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយបីតិក៏មាន មិន​ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខក៏មាន ច្រឡំដោយ​ឧបេក្ខា​ក៏មាន មិន​ច្រឡំដោយឧបេក្ខា តែមិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែន​អរូបាវចរ ជាអបរិយាបន្នៈ​ក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈ​ក៏មាន ជាអនិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ សតិប្បដ្ឋានវិភង្គ។

 

លេខយោង

1)
ប្រែថា ប្រកបដោយធម៌ជាសត្រូវ ថា ញុំាងសត្វឲ្យកន្ទក់កន្ទេញ ឲ្យស្តាយស្រណោះ។
2)
ប្រែថា ធម៌មិនមែនជាសត្រូវ ថា មិនញុំាងសត្វឲ្យកន្ទក់កន្ទេញ ឬមិនឲ្យស្តាយស្រណោះ។
km/tipitaka/abh/vb/abh.vb.07.txt · ពេលកែចុងក្រោយ: 2024/08/13 12:12 និពន្ឋដោយ 127.0.0.1