User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.09

ឥទ្ធិបាទវិភង្គ (ទី៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 09 បាលី cs-km: abh.vb.09 អដ្ឋកថា: abh.vb.09_att PTS: ?

ឥទ្ធិបាទវិភង្គ (ទី៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. ឥទ្ធិបាទវិភង្គោ)

(សុត្តន្តភាជនីយ ទី១)

(១. សុត្តន្តភាជនីយំ)

[២៥១] ឥទ្ធិបាទ ៤ គឺ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និង​បធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ ១។

(ឆន្ទិទ្ធិបាទ ទី១)

(១. ឆន្ទិទ្ធិបាទោ)

[២៥២] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើឆន្ទៈ ឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាព​នៃចិត្ត​មានអារម្មណ៍​មូល​តែមួយ នេះហៅថា ឆន្ទសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិន​ទាន់កើត មិន​ឲ្យកើតឡើង ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវពួកអកុសលធម៌ ដ៏លាមកដែលកើតហើយ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ​​ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើត​ឡើង​ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាង​ពួក​កុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យ​វិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើនពេញលេញ ធម៌ទាំងនេះ ហៅថា បធានសង្ខារ។ ឆន្ទសមាធិនេះផង បធាន​សង្ខារ នេះផង ដល់នូវការរាប់ថា ឆន្ទសមាធិ និងបធានសង្ខារ ព្រោះប្រមូលរួបរួម នូវ​ធម៌​នោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។

[២៥៣] បណ្តាធម៌ទាំងនោះ ឆន្ទៈ តើដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមាន​សេចក្តី​ប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នាធម៌ជាកុសលណា នេះហៅថា ឆន្ទៈ។ បណ្តា​ធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅ ការខ្ជាប់ខ្ជួន ការ​ឋិតនៅ​ស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការ​ស្ងប់រម្ងាប់ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណានៃចិត្ត នេះហៅថា សមាធិ។ បណ្តាធម៌​ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុង​ចិត្ត ការឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តី​សង្វាត​មិនបន្ធូរបន្ថយ មិនដាក់ចោលនូវសេចក្តីប្រាថ្នា មិនទម្លាក់ធុរៈ​ចេញ ផ្គងទុកនូវ​ធុរៈ វីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា នេះហៅថា បធានសង្ខារ។ ភិក្ខុ​ជា​អ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយ​ឆន្ទៈនេះផង ដោយសមាធិ​នេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើប​ពោល​ថា ប្រកបដោយឆន្ទសមាធិ និង​បធានសង្ខារ​ដោយប្រការដូច្នេះ។

[២៥៤] ពាក្យថា ឥទ្ធិ បានដល់ ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេច​​ព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើ​ឲ្យ​ជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ​វេទនាខន្ធ ​សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើប​ពោលថា​ចំរើននូវឥទ្ធិបាទ។

(វីរិយិទ្ធិបាទ ទី២)

(២. វីរិយិទ្ធិបាទោ)

[២៥៥] ចុះភិក្ខុចំរើននូវឥទ្ធិបាទ​ ប្រកដោយវីរិយសមាធិ និង​បធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើវីរិយៈឲ្យជាអធិបតី រមែងបាននូវសមាធិ បាន​នូវភាពនៃចិត្ត​មានអារម្មណ៍មូល​តែមួយ នេះហៅថា វីរិយសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែល​មិនទាន់កើត មិនឲ្យ​កើត​ឡើង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតហើយ។ បេ។ ដើម្បី​ញុំាង​ពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង។ បេ។ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលកើតហើយ ឲ្យ​ឋិត​នៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ ធម៌ទាំងនេះ ហៅថា បធានសង្ខារ។ វីរិយសមាធិនេះ​ផង បធានសង្ខារទាំងនេះផង ដល់​នូវការ​រាប់ថា វីរិយសមាធិ និងបធាន​សង្ខារ ព្រោះប្រមូល​រួបរួមនូវធម៌នោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។

[២៥៦] បណ្តាធម៌ទាំងនោះ វីរិយៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុង​ចិត្ត។ បេ។ សម្មាវាយាមៈណា នេះហៅថា វីរិយៈ។ បណ្តាធម៌ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅ ការខ្ជាប់ខ្ជួន ការឋិតនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិន​រាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ​ណានៃចិត្ត នេះហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធ​ព្យាយាម​ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈណា នេះ​ហៅថា បធានសង្ខារ។ ភិក្ខុ​ជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយវីរិយៈនេះផង ដោយ​សមាធិនេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបហៅថា ប្រកបដោយ​វីរិយសមាធិ និងបធានសង្ខារ ដោយប្រការដូច្នេះ។

[២៥៧] ត្រង់ពាក្យថា ឥទ្ធិ បានដល់ ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​​ធ្វើឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ​វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នេះ។ ពាក្យថា ចំរើន​នូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើន​នូវឥទ្ធិបាទ។

(ចិត្តិទ្ធិបាទ ទី៣)

(៣. ចិត្តិទ្ធិបាទោ)

[២៥៨] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើចិត្តឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាព​នៃចិត្តមាន​អារម្មណ៍​មូល​តែមួយ នេះហៅថា ចិត្តសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្ខាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ​កើត​ឡើង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតហើយ។ បេ។ ដើម្បី​ញុំាង​កុសល​ធម៌ទាំងឡាយ ដែលមិនទាន់កើត ឲ្យកើតឡើង។ បេ។ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ ធម៌​ទាំងនេះ​ហៅថា បធានសង្ខារ។ ចិត្តសមាធិនេះ​ផង បធានសង្ខារនេះផង ដល់នូវការ​រាប់ថា ចិត្តសមាធិ និងបធានសង្ខារ ព្រោះប្រមូលរួបរួម​នូវធម៌នោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។

[២៥៩] បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ បណ្តា​ធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។ បេ។ សម្មាសមាធិណា នេះ​ហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។ បេ។ សម្មាវាយាមៈណា នេះហៅថា បធានសង្ខារ។ ភិក្ខុ​ជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយចិត្តនេះផង ដោយសមាធិនេះផង ដោយ​បធានសង្ខារនេះផង ព្រោះហេតុ​នោះ ទើបពោលថា ចិត្តសមាធិ និងបធានសង្ខារ ដោយ​ប្រការដូច្នេះ។

[២៦០] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេច​ព្រម ការបាន ការបានចំពោះ​ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់​ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ វេទនាក្ខន្ធ សញ្ញាខន្ធ សង្ខាក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យថា ចំរើន​នូវ​ឥទ្ធិបាទ គឺ ភិក្ខុ គប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើបពោល​ថា ចំរើននូវឥទ្ធិបាទ។

(វីមំសិទ្ធិបាទ ទី៤)

(៤. វីមំសិទ្ធិបាទោ)

[២៦១] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើនូវវីមំសាឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាពនៃចិត្តមាន​អារម្មណ៍​មូល​តែមួយ នេះហៅថា វីមំសាសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែល​មិនទាន់កើត មិនឲ្យកើតឡើង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមកដែលកើត​ហើយ។ បេ។ ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង។ បេ។ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាង​ពួក​កុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ ធម៌ទាំងនេះហៅថា បធានសង្ខារ។ វីមំសាសមាធិនេះផង បធានសង្ខារ​ទាំងនេះ​ផង ដល់នូវការរាប់ថា វីមំសាសមាធិ និងបធានសង្ខារ ព្រោះប្រមូលរួបរួមនូវធម៌​នោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។

[២៦២] បណ្តាធម៌ទាំងនោះ វីមំសា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា នេះហៅថា វីមំសា។ បណ្តាធម៌ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅនៃចិត្ត។ បេ។ សម្មាសមាធិណា នេះ​ហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុង​ចិត្ត។ បេ។ សម្មាវាយាមៈណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយវីមំសា​នេះផង ដោយសមាធិនេះផង ដោយបធានសង្ខារ​នេះ​ផង ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដោយប្រការដូច្នេះ។

[២៦៣] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេច​ព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យថា ចំរើននូវ​ឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។

ចប់ សុត្តន្តភាជនីយ។

(អភិធម្មភាជនីយ ទី២)

(២. អភិធម្មភាជនីយំ)

[២៦៤] ឥទ្ធិបាទ ៤ គឺភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និង​បធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធានសង្ខារ ១។

(ឆន្ទិទ្ធិបាទ ទី១)

(១. ឆន្ទិទ្ធិបាទោ)

[២៦៥] ចុះភិក្ខុ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ តើ​ដូច​ម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា​គ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បី​ដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ហើយចូលកាន់បឋម​ជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និង​​បធានសង្ខារ។

[២៦៦] បណ្តាធម៌ទាំងនោះ ឆន្ទៈ តើដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តី​ប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នាធម៌ជា​កុសលណា នេះហៅថា ឆន្ទៈ។ ​បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។ បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សមាធិ។ បណ្តាធម៌ទាំង​នោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះ​ហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយឆន្ទៈនេះផង ដោយ​សមាធិ​នេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោលថា ប្រកប​ដោយឆន្ទសមាធិ និង​បធានសង្ខារ ដោយប្រការដូច្នេះ។

[២៦៧] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេច​ព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺការពាល់​ត្រូវ។ បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យ​ថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើប​ពោលថា ចំរើននូវ​ឥទ្ធិបាទ។

(វីរិយិទ្ធិបាទ ទី២)

(២. វីរិយិទ្ធិបាទោ)

[២៦៨] ចុះភិក្ខុ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវ​លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា​គ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវ​ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីរិយសមាធិ និង​បធានសង្ខារ។

[២៦៩] បណ្តាធម៌ទាំងនោះ វីរិយៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះ​ហៅថា វីរិយៈ។ បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។ បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា សមាធិ។ បណ្តាធម៌ទាំង​នោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅ​​ក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយវីរិយៈ​នេះ​ផង ដោយសមាធិ​នេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោល​ថា ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ដោយប្រការដូច្នេះ

[២៧០] ពាក្យថា ឥទ្ធិ គឺ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការសម្រេចព្រម​ ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់​ត្រូវ កិរិយាធ្វើឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ ការពាល់ត្រូវ។ បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គលមាន​សភាព​ដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌​ទាំងឡាយ​នោះ ព្រោះហេតុ​នោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។

(ចិត្តិទ្ធិបាទ ទី៣)

(៣. ចិត្តិទ្ធិបាទោ)

[២៧១] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ តើដូចម្តេច។ ក្នុងសម័យណា​ ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា​គ្រឿង​​ដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះ​នូវទិដ្ឋិទាំងឡាយ ដើម្បី​ដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ហើយចូល​កាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ។

[២៧២] បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ ណា នេះហៅថា ចិត្ត។ បណ្តាធម៌​ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។ បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា​ សមាធិ។ បណ្តាធម៌​ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុង​ចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយចិត្តនេះផង ដោយសមាធិ​នេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោលថា ប្រកប​ដោយចិត្តសមាធិ និង​បធានសង្ខារ​ដោយប្រការដូច្នេះ។

[២៧៣] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើ​ឲ្យ​ជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ ការ​ពាល់ត្រូវ។ បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គលមានសភាព​ដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ​នោះ ព្រោះ​ហេតុ​នោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។

(វីមំសិទ្ធិបាទ ទី៤)

(៤. វីមំសិទ្ធិបាទោ)

[២៧៤] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ តើ​ដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន​ ជា​និយ្យានិកធម៌​ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន​ ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ។

[២៧៥] បណ្តាធម៌ទាំងនោះ វីមំសា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះ​ហៅថា វីមំសា។ បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។ បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយវីមំសានេះផង ដោយសមាធិ​នេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ ដោយប្រការដូច្នេះ។

[២៧៦] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយាធ្វើ​ឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ ការ​ពាល់ត្រូវ។ បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គល​មានសភាពដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។

[២៧៧] ឥទ្ធិបាទ ៤ យ៉ាង គឺ ឆន្ទិទ្ធិបាទ ១ វីរិយិទ្ធិបាទ ១ ចិត្តិទ្ធិបាទ ១ វីមំសិទ្ធិបាទ ១។

[២៧៨] បណ្តាឥទ្ធិបាទទាំងនោះ ឆន្ទិទ្ធិបាទ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមាន​សេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នា​ធម៌ជាកុសលណា នេះហៅថា ឆន្ទិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឆន្ទិទ្ធិបាទ។

[២៧៩] បណ្តាឥទ្ធិបាទទាំងនោះ វីរិយិទ្ធិបាទ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ការប្រារព្ធព្យាយាម​ ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា វីរិយិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​វីរិយិទ្ធិបាទ។

[២៨០] បណ្តាឥទ្ធិបាទទាំងនោះ ចិត្តិទ្ធិបាទ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ​ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណធាតុនោះណា នេះហៅថា ចិត្តិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ចិត្តិទ្ធិបាទ។

[២៨១] បណ្តាឥទ្ធិបាទទាំងនោះ វីមំសិទ្ធិបាទ​ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌​ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំង​ឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ បញ្ញា ការដឹងច្បាស់។ បេ។ អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា វីមំសិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​វីមំសិទ្ធិបាទ។

ចប់ អភិធម្មភាជនីយ។

(បញ្ហាបុច្ឆកៈ ទី៣)

(៣. បញ្ហាបុច្ឆកំ)

[២៨២] ឥទ្ធិបាទ ៤ គឺ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ​ ប្រកបដោយ​ឆន្ទសមាធិ និង​បធានសង្ខារ ១ វីរិយសមាធិ … ១ ចិត្តសមាធិ … ១ ចំរើននូវឥទ្ធិបាទ ប្រកប​ដោយវីមំសា​សមាធិ និង​បធានសង្ខារ ១។ បណ្តាឥទ្ធិបាទទាំង ៤ ឥទ្ធិបាទជាកុសលប៉ុន្មាន ជា​អកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

(តិក)

(១. តិកំ)

[២៨៣] ឥទ្ធិបាទ ៤ ជាកុសលតែមួយយ៉ាង ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនា តែមានវិបាកធម៌ជាប្រក្រតី ដែលកិលេសមានតណ្ហាជា​ដើមមិន​កាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង ទាំងមិនគួរដល់នូវ​សេចក្តី​សៅហ្មងក៏មាន ប្រកបដោយវិតក្កៈ និងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏មាន មិនមានវិតក្កៈ មិនមានវិចារៈ​ក៏មាន​ ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខ​ក៏មាន ច្រឡំដោយឧបេក្ខា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា​ ជាធម៌មានហេតុដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាគ្រឿង​ដល់​នូវ​ការមិនសន្សំ (នូវកិលេសវដ្តៈ) ជារបស់សេក្ខៈ ជាធម៌មានប្រមាណ​មិនមាន មាន​អារម្មណ៍ប្រមាណមិនមាន ជាធម៌ដ៏ឧត្តម មានសភាពត្រូវ និង​ទៀង មិនមែន​មានមគ្គ​ជា​អារម្មណ៍ មានមគ្គជាហេតុ មិនមែនមានមគ្គជាអធិបតីក៏មាន កើតឡើង​ហើយក៏​មាន មិនទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើតឡើងក៏មាន ជា​អតីតក៏មាន ជា​អនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជា​អតីត​ផង ថាមាន​អារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជា​ខាងក្រៅក៏មាន ខាងក្នុង ទាំងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិនប្រកប​ដោយ​ការ​ឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។

(ទុក)

(២. ទុកំ)

[២៨៤] វីមំសិទ្ធិបាទ ​ជាហេតុ ឥទ្ធិបាទ ៣ មិនមែនជាហេតុ។ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយនឹង​​ហេតុ ប្រកបដោយហេតុ។ វីមំសិទ្ធិបាទ ជាហេតុផង ប្រព្រឹត្តទៅ​ជាមួយនឹងហេតុ​ផង ឥទ្ធិបាទ ៣ មិនគួរពោលថា​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គឺគ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ វីមំសិទ្ធិបាទ ជាហេតុផង ប្រកប​ដោយ​ហេតុផង ឥទ្ធិបាទ ៣ មិនគួរពោលថា ជាហេតុ ទាំងប្រកប​ដោយហេតុឡើយ គ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនជាហេតុ។​ ឥទ្ធិបាទ ៣ មិនមែនជាហេតុ គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ វីមំសិទ្ធិបាទ មិនគួរពោលថា មិនមែនជាហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹងហេតុផង ថាមិនមែនជាហេតុ ទាំងឥតហេតុផង។

[២៨៥] ឥទ្ធិបាទ ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយការ​ឃើញ មិនមានការប៉ះពាល់ ជាអរូប ជាលោកុត្តរ ដែលគប្បីដឹង​ដោយវិញ្ញាណណាមួយ (មាន​ចក្ខុវិញ្ញាណជាដើម) មិនគប្បីដឹង​ដោយវិញ្ញាណ​ណាមួយ។ ឥទ្ធិបាទ ៤ មិនមែន​អាសវៈ ទាំងមិនមាន​អាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជា​អាសវៈ​ផងទេ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកប​ដោយ​អាសវៈ តែមិនមែនជាអាសវៈផងឡើយ គឺជាធម៌ប្រាសចាក​អាសវៈ ទាំងមិន​មានអាសវៈ។ ឥទ្ធិបាទ ៤ មិនមែនសញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។

[២៨៦] ឥទ្ធិបាទ ៤ ប្រកបដោយអារម្មណ៍។ ឥទ្ធិបាទ ៣ មិនមែនចិត្ត ចិត្តិទ្ធិបាទ ជាចិត្ត។ ឥទ្ធិបាទ ៣ ជាចេតសិក ចិត្តិទ្ធិបាទ មិនមែនចេតសិក។ ឥទ្ធិបាទ ៣ ប្រកបដោយចិត្ត ចិត្តិទ្ធិបាទ មិនគួរពោលថា ប្រកបដោយចិត្តផង ថាប្រាសចាក​ចិត្តផង​ឡើយ។ ឥទ្ធិបាទ ៣ ច្រឡំដោយចិត្ត ចិត្តិទ្ធិបាទ មិនគួរពោលថា ច្រឡំដោយចិត្តផង ថាមិន​ច្រឡំ​ដោយចិត្តផងទេ។ ឥទ្ធិបាទ ៣ តាំងឡើងអំពីចិត្ត ចិត្តិទ្ធិបាទ មិនមែនតាំង​ឡើងអំពីចិត្ត។ ឥទ្ធិបាទ ៣ កើតជាមួយនឹងចិត្ត ចិត្តិទ្ធិបាទ មិនមែន​កើតជាមួយនឹងចិត្ត។ ឥទ្ធិបាទ ៣ ប្រព្រឹត្តទៅតាមចិត្ត ចិត្តិទ្ធិបាទ មិនមែន​ប្រព្រឹត្តទៅតាមចិត្ត។ ឥទ្ធិបាទ ៣ ច្រឡំ ទាំង​តាំងឡើងអំពីចិត្ត ចិត្តិទ្ធិបាទ មិនច្រឡំ មិនតាំងឡើង​អំពីចិត្ត។ ឥទ្ធិបាទ ៣ ច្រឡំ ទាំង​តាំងឡើង ទាំងកើតជាមួយនឹងចិត្ត ចិត្តិទ្ធិបាទ មិនច្រឡំ មិនតាំង​ឡើង មិនកើតជាមួយនឹងចិត្ត។ ឥទ្ធិបាទ ៣ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ចិត្តិទ្ធិបាទ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។ ឥទ្ធិបាទ ៣ ជាខាងក្រៅ ចិត្តិទ្ធិបាទ ជាខាងក្នុង។ ឥទ្ធិបាទ ៤ មិនមែនឧបាទាន ដែលកិលេស មានតណ្ហា និង​ទិដ្ឋិ​ជាដើម​មិនកាន់​យកហើយ។

[២៨៧] ឥទ្ធិបាទ ៤ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។ មិនគួរលះដោយ​ទស្សនៈ មិនគួរលះដោយ​ភាវនា មានហេតុមិនគួរលះដោយទស្សនៈ មាន​ហេតុមិនគួរ​លះដោយភាវនា ប្រកបដោយវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន​ប្រកប​ដោយ​វិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយ​បីតិ​ក៏មាន មិនច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន មិនច្រឡំ​ដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន មិនច្រឡំដោយឧបេក្ខា តែមិនមែនជា​កាមាវចរ មិនមែន​ជា​រូបាវចរ មិនមែនជាអរូបាវចរ ជាអបរិយាបន្នៈ ជានិយ្យានិកៈ ជានិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ ឥទ្ធិបាទវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.09.txt · ពេលកែចុងក្រោយ: 2024/08/13 12:12 និពន្ឋដោយ 127.0.0.1