User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.11.01

(សុត្តន្តភាជនីយ ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 11 01 បាលី cs-km: abh.vb.11.01 អដ្ឋកថា: abh.vb.11.01_att PTS: ?

(សុត្តន្តភាជនីយ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. សុត្តន្តភាជនីយំ)

[៣១៥] អរិយមគ្គមានអង្គ ៨។ មគ្គមានអង្គ ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។

[៣១៦] បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ការដឹងក្នុងកងទុក្ខ ការ​ដឹង​ក្នុង​ទុក្ខសមុទ័យ ការដឹងក្នុងទុក្ខនិរោធ ការដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា នេះហៅ​ថា សម្មាទិដ្ឋិ។

[៣១៧] បណ្តាអរិយមគ្គទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច។ ការត្រិះរិះក្នុងការ​ចេញ​ចាកកាម ការត្រិះរិះក្នុងការមិនព្យាបាទ ការត្រិះរិះក្នុងការមិនបៀតបៀន នេះហៅ​ថា សម្មាសង្កប្បៈ។

[៣១៨] បណ្តាអរិយមគ្គទាំងនោះ សម្មាវាចា តើដូចម្តេច។ ចេតនាជាហេតុវៀរ ចាក​មុសាវាទ ចេតនាជាហេតុវៀរចាកបិសុណាវាចា ចេតនាជាហេតុវៀរចាកផរុសវាចា ចេតនាជាហេតុវៀរចាកសម្ផប្បលាបៈ នេះហៅថា សម្មាវាចា។

[៣១៩] បណ្តាអរិយមគ្គទាំងនោះ សម្មាកម្មន្តៈ តើដូចម្តេច។ ចេតនាជា​ហេតុវៀរ​ចាក​បាណាតិបាត ចេតនា​ជាហេតុវៀរចាក​អទិន្នាទាន ចេតនាជាហេតុវៀរចាក​កាមេសុមិច្ឆាចារ នេះហៅថា សម្មាកម្មន្តៈ។

[៣២០] បណ្តាអរិយមគ្គទាំងនោះ សម្មាអាជីវៈ តើដូចម្តេច។ អរិយសាវ័ក​ក្នុង​សាសនានេះ លះបង់ការចិញ្ចឹម​ជីវិតខុស សម្រេចជីវិត​ដោយការចិញ្ចឹមជីវិត​ត្រូវ នេះហៅ​ថា សម្មាអាជីវៈ។

[៣២១] បណ្តាអរិយមគ្គទាំងនោះ សម្មាវាយាមៈ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ (សេចក្តីប្រាថ្នា) ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹង​ប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ញុំាង​ឆន្ទៈ​ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួក​អកុសលធម៌​​ដ៏លាមក ដែលកើតឡើងហើយ ញុំាងឆន្ទៈ​ឲ្យកើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ញុំាងឆន្ទៈ​ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាង​ពួក​កុសលធម៌ ដែល​កើតឡើងហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើនពេញលេញ នេះហៅថា សម្មាវាយាមៈ។

[៣២២] បណ្តាអរិយមគ្គទាំងនោះ សម្មាសតិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ពិចារណា​នូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ មានព្យាយាមជាគ្រឿង​ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី​កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណា​នូវចិត្តក្នុងចិត្ត មានព្យាយាម​ជាគ្រឿង​ដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និង​ទោមនស្សក្នុងលោក ពិចារណានូវធម៌​ក្នុងធម៌ទាំងឡាយ មានព្យាយាម​ជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្សក្នុងលោក នេះហៅថា សម្មាសតិ។

[៣២៣] បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខដែលកើតអំពីវិវេក ព្រោះរម្ងាប់​នូវ​វិតក្កៈ និងវិចារៈ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ក្នុងសន្តាន មានភាពនៃចិត្ត​ដ៏ប្រសើរ មិនមានវិតក្កៈ មិនមានវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះការវិនាស​នៃបីតិ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈផង រមែងទទួលនូវសុខដោយ​នាម​កាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយតែងសរសើរថា បុគ្គលដែល​បាន​​តតិយជ្ឈាន តែងមានចិត្តព្រងើយ ជាអ្នកមានស្មារតីនៅជាសុខ ព្រោះការលះបង់​សុខផង ព្រោះការលះបង់ទុក្ខផង ព្រោះការវិនាស​ទៅនៃសោមនស្ស​ និង​ទោមនស្ស​ក្នុង​កាលមុនផង លោកក៏ចូលកាន់ចតុត្ថជ្ឈាន ​ដែលឥតទុក្ខឥតសុខ មានសតិដ៏បរិសុទ្ធ ដោយ​ឧបេក្ខា នេះហៅថា សម្មាសមាធិ។

[៣២៤] អរិយមគ្គមានអង្គ ៨។ អរិយមគ្គមានអង្គ ៨ គឺអ្វីខ្លះ។ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។

[៣២៥] បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ចំរើន​សម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យការប្រាសចាកតម្រេក អាស្រ័យនិរោធ ឈម​ទៅក្នុងការលះបង់។ បេ។ ចំរើនសម្មាសង្កប្បៈ។ បេ។ ចំរើនសម្មាវាចា។ បេ។ ចំរើនសម្មាកម្មន្តៈ។ បេ។ ចំរើនសម្មាអាជីវៈ។ បេ។ ចំរើន​សម្មាវាយាមៈ។ បេ។ ចំរើន​សម្មាសតិ។ បេ។ ចំរើន​សម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យ​ការ​ប្រាសចាក​តម្រេក អាស្រ័យនិរោធ ឈមទៅក្នុង​ការលះបង់។

ចប់ សុត្តន្តភាជនីយ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.11.01.txt · ពេលកែចុងក្រោយ: 2024/08/13 13:29 និពន្ឋដោយ Johann