(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 12 01 បាលី cs-km: abh.vb.12.01 អដ្ឋកថា: abh.vb.12.01_att PTS: ?
(សុត្តន្តភាជនីយ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. សុត្តន្តភាជនីយំ)
[៣៤៥] ភិក្ខុក្នុងសាសនានេះ ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ សម្រេចឥរិយាបថ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញភ័យក្នុងទោសទាំងឡាយ មានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ មានទ្វារគ្រប់គ្រងក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកដឹងប្រមាណក្នុងភោជន ប្រកបរឿយៗក្នុងការព្យាយាមជាគ្រឿងភ្ញាក់រលឹក ក្នុងពេលមុនរាត្រី និងក្រោយរាត្រី ប្រកបរឿយៗក្នុងការព្យាយាមចំរើននូវធម៌ទាំងឡាយ ជាចំណែកនៃការត្រាស់ដឹង ជាប់មិនដាច់ ចាស់ក្លា។ ភិក្ខុនោះ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរទៅមុខ និងការឈានថយក្រោយ ធ្វើសេចក្តីដឹងខ្លួនក្នុងការក្រឡេកមើលទៅមុខ និងការក្រឡេកមើលទៅទិសផ្សេងៗ ធ្វើសេចក្តីដឹងខ្លួនក្នុងការបត់ដៃជើង និងការលាតដៃជើង ធ្វើសេចក្តីដឹងខ្លួនក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ ធ្វើសេចក្តីដឹងខ្លួនក្នុងការបរិភោគភោជន ការផឹកទឹក ការទំពារស៊ីខាទនីយៈ និងការជញ្ជប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈបស្សាវៈ ធ្វើសេចក្តីដឹងខ្លួនក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម។ ភិក្ខុនោះ គប់រកទីសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច គល់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃញាតស្បាត ទីវាល គំនរចំបើង ទីមិនមានសំឡេង ទីមិនគឹកកង ទីប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃជន ទីស្ងាត់កំបាំងរបស់មនុស្ស ទីសមគួរដល់ការពួនសម្ងំ។ ភិក្ខុនោះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តម្កល់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ លះបង់អភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា លះបង់ព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះនូវប្រយោជន៍ដល់សត្វមានជីវិតទាំងអស់ ជម្រះចិត្តឲ្យស្អាតចាកព្យាបាទ និងសេចក្តីប្រទូស្ត លះបង់ថីនមិទ្ធៈ ជាអ្នកប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ជាពន្លឺ ជាអ្នកមានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កច្ចៈ ជាអ្នកមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ខាងក្នុងសន្តាន ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ជាអ្នកឆ្លងចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។ ភិក្ខុនោះ លុះលះបង់នីវរណៈទាំង ៥ នេះ ដែលជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើបញ្ញាឲ្យមានកម្លាំងថយ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតិកើតមានខាងក្នុងសន្តាន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ភិក្ខុនោះ ព្រោះនឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង ទទួលសុខដោយនាមកាយផង ក៏ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយទាំងឡាយតែងសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ជាអ្នកប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ ភិក្ខុនោះ ព្រោះលះសុខផង ព្រោះលះទុក្ខផង ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតិមានអារម្មណ៍មិនមែនទុក្ខមិនមែនសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ភិក្ខុនោះ ព្រោះកន្លងរូបសញ្ញា ព្រោះអស់ទៅនៃបដិឃសញ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញាដោយសព្វគ្រប់ ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ភិក្ខុនោះ ព្រោះកន្លងអាកាសានញ្ចាយតនជ្ឈានដោយសព្វគ្រប់ ក៏ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ភិក្ខុនោះ ព្រោះកន្លងវិញ្ញាណញ្ចាយតនជ្ឈានដោយសព្វគ្រប់ ក៏ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមាន ភិក្ខុនោះ ព្រោះកន្លងអាកិញ្ចញ្ញាយតនជ្ឈានដោយសព្វគ្រប់ ក៏ចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។
ចប់ មាតិកា។
[៣៤៦] ត្រង់ពាក្យថា នេះ គឺ ក្នុងការឃើញនេះ ក្នុងការគាប់ចិត្តនេះ ក្នុងការចូលចិត្តនេះ ក្នុងការប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម៌ និងវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ព្រោះហេតុនោះ ទើបពោលថា នេះ។
[៣៤៧] ត្រង់ពាក្យថា ភិក្ខុ គឺ ឈ្មោះថាភិក្ខុ ព្រោះឈ្មោះ ឈ្មោះថាភិក្ខុ ព្រោះការប្តេជ្ញា ឈ្មោះថាភិក្ខុ ព្រោះសូម ឈ្មោះថាភិក្ខុ ព្រោះជាអ្នកសូម ឈ្មោះថាភិក្ខុ ព្រោះជាអ្នកចូលទៅកាន់ទីត្រាច់ទៅដើម្បីសូម ឈ្មោះថាភិក្ខុ ព្រោះជាអ្នកទ្រទ្រង់សំពត់កាត់ដាច់ ឈ្មោះថាភិក្ខុ ព្រោះទម្លាយអកុសលធម៌ទាំងឡាយដ៏លាមក ឈ្មោះថាភិក្ខុ ព្រោះហេតុទម្លាយអកុសលធម៌ទាំងឡាយដ៏លាមក ឈ្មោះថាភិក្ខុ ព្រោះការលះកិលេសទាំងឡាយដោយចំណែក ឈ្មោះថាភិក្ខុ ព្រោះការលះកិលេសទាំងឡាយដោយមិនមានចំណែក បុគ្គលជាសេក្ខៈឈ្មោះថាភិក្ខុ បុគ្គលជាអសេក្ខៈឈ្មោះថាភិក្ខុ បុគ្គលជាសេក្ខៈក៏មិនមែន ជាអសេក្ខៈក៏មិនមែន ឈ្មោះថាភិក្ខុ បុគ្គលប្រសើរឈ្មោះថាភិក្ខុ បុគ្គលចំរើនឈ្មោះថាភិក្ខុ បុគ្គលផូរផង់ឈ្មោះថាភិក្ខុ បុគ្គលមានខ្លឹមឈ្មោះថាភិក្ខុ បុគ្គលដែលសង្ឃព្រមព្រៀងគ្នាឲ្យឧបសម្បទា ដោយញត្តិចតុត្ថកម្ម ដែលមិនកម្រើកគួរដល់ហេតុ ឈ្មោះថាភិក្ខុ។
[៣៤៨] ត្រង់ពាក្យថា បាតិមោក្ខ បានដល់សីល ការតាំងមាំ កិច្ចខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការដល់នូវកុសលធម៌ទាំងឡាយ។ ពាក្យថា សំវរៈ គឺការមិនកន្លងដែលប្រព្រឹត្តទៅក្នុងកាយ ការមិនកន្លងដែលប្រព្រឹត្តទៅក្នុងវាចា ការមិនកន្លងដែលប្រព្រឹត្តទៅក្នុងកាយ និងក្នុងវាចា។ ពាក្យថា ជាអ្នកសង្រួម គឺជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយការសង្រួម ក្នុងបាតិមោក្ខនេះ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ។
[៣៤៩] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ត្រាច់ទៅ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៥០] ត្រង់ពាក្យថា បរិបូណ៌ដោយអាចារៈ និងគោចរ អធិប្បាយថា អាចារៈក៏មាន អនាចារៈក៏មាន។ បណ្តាអាចារៈ និងអនាចារៈនោះ អនាចារៈ តើដូចម្តេច។ ការប្រព្រឹត្តិកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា អនាចារៈ សូម្បីភាពនៃភិក្ខុទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា អនាចារៈ គឺ ភិក្ខុខ្លះ ក្នុងសាសនានេះ ចិញ្ញឹមជីវិតដោយការឲ្យឫស្សីខ្លះ ឲ្យស្លឹកឈើខ្លះ ឲ្យផ្កាឈើខ្លះ ឲ្យផ្លែឈើខ្លះ ឲ្យគ្រឿងលំអិតសម្រាប់លាបខ្លះ ឲ្យឈើស្ទន់ខ្លះ ដោយភាពជាអ្នកបន្ទាបបន្ទន់កាយខ្លះ ដោយការពោលវាចាដូចជាសម្លសណ្តែកបាយខ្លះ ដោយការបីថ្នមកូនរបស់ត្រកូលខ្លះ ដោយការបម្រើត្រកូលដោយកំលាំងស្មងខ្លះ ដោយមិច្ឆាអាជីវៈណាមួយ ដែលព្រះពុទ្ធទ្រង់តិះដៀលហើយខ្លះ នេះហៅថា អនាចារៈ។ បណ្តាអនាចារៈ និងអាចារៈនោះ អាចារៈ តើដូចម្តេច។ ការមិនប្រព្រឹត្តិកន្លងប្រកបដោយកាយ ការមិនប្រព្រឹត្តិកន្លងប្រកបដោយវាចា ការមិនប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា អាចារៈ សូម្បីការសង្រួមក្នុងសីលទាំងអស់ ក៏ឈ្មោះថា អាចារៈ គឺ ភិក្ខុខ្លះ ក្នុងសាសនានេះ មិនចិញ្ចឹមជីវិតដោយការឲ្យឫស្សី មិនចិញ្ចឹមជីវិតដោយការឲ្យស្លឹកឈើ មិនចិញ្ចឹមជីវិតដោយការឲ្យផ្កាឈើ មិនចិញ្ចឹមជីវិតដោយការឲ្យផ្លែឈើ មិនចិញ្ចឹមជីវិតដោយការឲ្យគ្រឿងលំអិតសម្រាប់លាប មិនចិញ្ចឹមជីវិតដោយការឲ្យឈើស្ទន់ មិនចិញ្ចឹមជីវិតដោយការបន្ទាបបន្ទន់កាយ មិនចិញ្ចឹមជីវិតដោយការពោលវាចាដូចជាសម្លសណ្តែកបាយ មិនចិញ្ចឹមជីវិតដោយការបីថ្នមកូនរបស់ត្រកូល មិនចិញ្ចឹមជីវិតដោយការបម្រើត្រកូលដោយកំលាំងស្មង មិនចិញ្ចឹមជីវិតដោយមិច្ឆាអាជីវៈណាមួយ ដែលព្រះពុទ្ធទ្រង់តិះដៀលហើយ នេះហៅថា អាចារៈ។ ពាក្យថា គោចរ មានសេចក្តីថា គោចរក៏មាន អគោចរក៏មាន។ បណ្តាគោចរ និងអគោចរនោះ អគោចរ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកត្រាច់ទៅកាន់ទីនៃស្ត្រីពេស្យាខ្លះ ត្រាច់ទៅកាន់ទីនៃស្ត្រីមេម៉ាយខ្លះ ត្រាច់ទៅកាន់ទីនៃស្ត្រីក្រមុំខ្លះ ត្រាច់ទៅកាន់ទីនៃមនុស្សបណ្ឌកខ្លះ ត្រាច់ទៅកាន់ទីនៃភិក្ខុនីខ្លះ ត្រាច់ទៅកាន់រោងសុរាខ្លះ ជាអ្នកច្រឡូកច្រឡំដោយពួកស្តេច ដោយពួកមហាមាត្ររបស់ស្តេច ដោយពួកតិរ្ថិយ ដោយពួកសាវ័ករបស់តិរិ្ថយ ឬដោយការច្រឡូកច្រឡំនឹងគ្រហស្ថមិនសមគួរ មួយទៀត ត្រកូលណាដែលមិនមានសទ្ធា មិនជ្រះថ្លា មិនមែនជាអណ្តូង ជាអ្នកជេរប្រទេចផ្តាសា មិនប្រាថ្នាសេចក្តីចំរើន មិនប្រាថ្នាប្រយោជន៍ មិនប្រាថ្នាសេចក្តីសប្បាយ មិនប្រាថ្នាសេចក្តីក្សេមចាកយោគៈ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឡើយ ភិក្ខុនោះ ចូលចិត្តគប់រក ចូលទៅជិត កាន់ត្រកូលទាំងឡាយមានសភាពដូច្នោះ នេះហៅថា អគោចរ។ បណ្តាគោចរ និងអគោចរទាំងនោះ គោចរ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកមិនត្រាច់ទៅកាន់ទីនៃស្ត្រីពេស្យា មិនត្រាច់ទៅកាន់ទីនៃស្ត្រីមេម៉ាយ មិនត្រាច់ទៅកាន់ទីនៃស្ត្រីក្រមុំ មិនត្រាច់ទៅកាន់ទីនៃមនុស្សបណ្ឌក មិនត្រាច់ទៅកាន់ទីនៃភិក្ខុនី មិនត្រាច់ទៅកាន់រោងសុរា ជាអ្នកមិនច្រឡូកច្រឡំដោយពួកស្តេច ដោយពួកមហាមាត្ររបស់ស្តេច ដោយពួកតិរ្ថិយ ដោយពួកសាវ័ករបស់តិរ្ថិយ ឬដោយការច្រឡូកច្រឡំនឹងគ្រហស្ថ មិនសមគួរ មួយទៀត ត្រកូលណា មានសទ្ធា ជ្រះថ្លា ជាអណ្តូង រុងរឿងដោយសំពត់កាសាវៈ ដែលផ្សព្វផ្សាយដោយខ្យល់នៃឥសី ជាអ្នកប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាព្រះនិព្វានជាធម៌ក្សេមចាកយោគៈ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ភិក្ខុនោះ ចូលចិត្តគប់រក ចូលទៅជិត កាន់ត្រកូលទាំងឡាយមានសភាពដូច្នោះ នេះហៅថា គោចរ។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយអាចារៈនេះផង ដោយគោចរនេះផង ព្រោះហេតុនោះ ទើបពោលថា ភិក្ខុនោះ បរិបូណ៌ដោយអាចារៈ និងគោចរ។
[៣៥១] ត្រង់ពាក្យថា ឃើញភ័យក្នុងទោសទាំងឡាយមានប្រមាណតិច មានសេចក្តីថា បណ្តាពាក្យទាំងនោះ ទោសមានប្រមាណតិច តើដូចម្តេច។ ទោសទាំងឡាយ ណា មានប្រមាណតិច ស្តួចស្តើង ស្រាល ដល់នូវអំពើស្រាល គួរធ្វើសេចក្តីសង្រួម គួរធ្វើការប្រយ័ត្ន គួរធ្វើការកើតឡើងនៃចិត្ត ជាទោសជាប់ចំពោះដោយមនសិការៈ ទាំងនេះហៅថា ទោសមានប្រមាណតិច ភិក្ខុ ជាអ្នកឃើញទោសក្នុងទោសទាំងឡាយមានប្រមាណតិចនេះផង ឃើញភ័យផង ឃើញកំហុសផង ឃើញការរលាស់ខ្លួនចេញផង ព្រោះហេតុនោះ ទើបពោលថា ឃើញភ័យ ក្នុងទោសទាំងឡាយមានប្រមាណតិច។
[៣៥២] ត្រង់ពាក្យថា សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ មានសេចក្តីថា បណ្តាពាក្យទាំងនោះ សិក្ខា តើដូចម្តេច។ សិក្ខា មាន ៤ គឺ ភិក្ខុសិក្ខា របស់ពួកភិក្ខុ ១ ភិក្ខុនីសិក្ខា របស់ពួកភិក្ខុនី ១ ឧបាសកសិក្ខា របស់ពួកឧបាសក ១ ឧបាសិកាសិក្ខា របស់ពួកឧបាសិកា ១ ទាំងនេះហៅថា សិក្ខា បុគ្គលសមាទានក្នុងសិក្ខាទាំងឡាយនេះ ដោយសព្វគ្រប់ អស់កាលទាំងពួង ដោយប្រការទាំងពួង អស់កិច្ចគ្រប់យ៉ាង មិនមានសល់ ឥតសេសសល់ ហើយប្រព្រឹត្ត ព្រោះហេតុនោះ ទើបពោលថា សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ។
[២៥៣] ត្រង់ពាក្យថា មានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ អធិប្បាយថា ភាពនៃបុគ្គលអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយក៏មាន ភាពនៃបុគ្គលអ្នកមានទ្វារមិនគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយក៏មាន។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលអ្នកមានទ្វារមិនគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គលជាអ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុឥន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ លិទ្ធភ្លក្សរស់ដោយអណ្តាត។ បេ។ ពាល់ត្រូវផ្សព្វដោយកាយ។ បេ។ ដឹងច្បាស់នូវធម៌ដោយចិត្តហើយ ជាអ្នកកាន់យកនូវនិមិត្ត ជាអ្នកកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គលជាអ្នកមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ មិនរក្សាមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ការមិនថែទាំ មិនគ្រប់គ្រង មិនរក្សា មិនសង្រួមនូវឥន្រ្ទិយទាំង ៦ នេះ ណា នេះហៅថា ភាពនៃបុគ្គលមានទ្វារមិនគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ ជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គលជាអ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត។ បេ។ ពាល់ត្រូវផ្សព្វដោយកាយ។ បេ។ ដឹងច្បាស់នូវធម៌ដោយចិត្តហើយ ជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គលជាអ្នកមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិន សង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ការថែទាំ គ្រប់គ្រង រក្សា សង្រួមនូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ភាពនៃបុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយភាពនៃខ្លួនជាអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយនេះ ព្រោះហេតុនោះ ទើបពោលថា មានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ។
[៣៥៤] ត្រង់ពាក្យថា អ្នកដឹងប្រមាណក្នុងភោជន អធិប្បាយថា ការដឹងប្រមាណ ក្នុងភោជនក៏មាន ការមិនដឹងប្រមាណក្នុងភោជនក៏មាន។ បណ្តាធម៌ទាំងនោះ ការមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មិនបានពិចារណាដោយឧបាយ ហើយបរិភោគអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីប្រដាប់ ដើម្បីស្អិតស្អាង សេចក្តីមិនសន្តោស សេចក្តីមិនដឹងប្រមាណ សេចក្តីមិនពិចារណា ក្នុងភោជននោះណា នេះហៅថា ការមិនដឹងប្រមាណក្នុងភោជន។ បណ្តាធម៌ទាំងនោះ ការដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយបរិភោគអាហារ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បី ប្រដាប់ មិនមែនដើម្បីស្អិតស្អាង (គឺបរិភោគ) ដើម្បីតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះព្រហ្មចារ្យ គឺអាត្មាអញ នឹងបន្ទោបង់វេទនាចាស់ផង នឹងញុំាងវេទនាថ្មីមិនឲ្យកើតឡើងផង ការត្រាច់ទៅក្តី សេចក្តីមិនមានទោស មានមិនច្រអូសកាយជាដើមក្តី កិរិយានៅជាសុខ (ដោយឥរិយាបថទាំង ៤) ក្តី នឹងមានដល់អាត្មាអញ សេចក្តីសន្តោស សេចក្តីដឹងប្រមាណ សេចក្តីពិចារណាក្នុងភោជននោះណា នេះហៅថា ការដឹងប្រមាណក្នុងភោជន។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយសេចក្តីដឹងប្រមាណក្នុងភោជននេះ ព្រោះហេតុនោះ ទើបពោលថា អ្នកដឹងប្រមាណក្នុងភោជន។
[៣៥៥] ចុះភិក្ខុជាអ្នកប្រកបរឿយៗ ក្នុងការព្យាយាមជាគ្រឿងភ្ញាក់រឭក ក្នុងពេលមុនរាត្រី និងក្រោយរាត្រី តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យស្អាត ចាកធម៌ទាំងឡាយដែលរារាំង ដោយការដើរទៅមក ដោយការអង្គុយ អស់មួយថ្ងៃ ញុំាងចិត្តឲ្យស្អាត ចាកធម៌ទាំងឡាយដែលរារាំង ដោយការដើរទៅមក ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចសីហសេយ្យាដោយចំហៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងដោយជើង ជាអ្នកមានស្មារតីដឹងខ្លួន ធ្វើទុកក្នុងចិត្តចំពោះឧដ្ឋានសញ្ញា ហើយក្រោកក្នុងបច្ឆិមយាមនៃរាត្រី ញុំាងចិត្តឲ្យស្អាតចាកធម៌ទាំងឡាយ ដែលរារាំងដោយការដើរ ដោយការអង្គុយ ភិក្ខុជាអ្នកប្រកបរឿយៗ ក្នុងការព្យាយាមជាគ្រឿងភ្ញាក់រឭក ក្នុងពេលមុនរាត្រី និងក្រោយរាត្រី យ៉ាងនេះឯង។
[៣៥៦] ត្រង់ពាក្យថា ជាប់មិនដាច់ បានដល់ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សេចក្តីព្យាយាមត្រូវ ប្រព្រឹត្តទៅក្នុងចិត្ត។ ពាក្យថា ចាស់ក្លា បានដល់បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សេចក្តីយល់ត្រូវ។
[៣៥៧] ត្រង់ពាក្យថា ប្រកបរឿយៗ ក្នុងការព្យាយាមចម្រើននូវធម៌ទាំងឡាយ ជាចំណែកនៃការត្រាស់ដឹង មានសេចក្តីថា បណ្តាធម៌ទាំងនោះ ពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច។ ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ធម្មវិចយសម្ពោជ្ឈង្គ វីរិយសម្ពោជ្ឈង្គ បីតិសម្ពោជ្ឈង្គ បស្សទ្ធិសម្ពោជ្ឈង្គ សមាធិសម្ពោជ្ឈង្គ ឧបេក្ខាសម្ពោជ្ឈង្គ នេះហៅថា ធម៌ជាចំណែកនៃការត្រាស់ដឹង ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន ចំពោះពួកធម៌ជាចំណែកនៃការត្រាស់ដឹងទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រកបរឿយៗ ក្នុងការព្យាយាម ចំរើននូវធម៌ទាំងឡាយ ជាចំណែកនៃការត្រាស់ដឹង។
[៣៥៨] ចុះភិក្ខុជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរទៅមុខ និងការដើរថយក្រោយ ធ្វើសេចក្តីដឹងខ្លួនក្នុងការក្រឡេកមើលទៅមុខ និងការក្រឡេកមើលទៅទិសផ្សេងៗ ធ្វើសេចក្តីដឹងខ្លួន ក្នុងការបត់ដៃជើង និងការលាតដៃជើង ធ្វើសេចក្តីដឹងខ្លួន ក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ ធ្វើសេចក្តីដឹងខ្លួន ក្នុងការបរិភោគភោជន ការផឹកទឹក ការទំពារស៊ីខាទនីយៈ និងការជញ្ជប់ (ភេសជ្ជៈ) ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈ បស្សាវៈ ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឈានដើរទៅមុខ មានស្មារតីដឹងខ្លួន ឈានថយក្រោយ មានស្មារតីដឹងខ្លួន ក្រឡេកមើលទៅមុខ មានស្មារតីដឹងខ្លួន ក្រឡេកមើលទៅទិសផ្សេងៗ មានស្មារតីដឹងខ្លួន បត់ដៃជើងមានស្មារតីដឹងខ្លួន លាតដៃជើងមានស្មារតីដឹងខ្លួន ជាអ្នកមានស្មារតីធ្វើសេចក្តីដឹងខ្លួន ក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការបរិភោគ ការផឹក ការទំពារស៊ី ការជញ្ជាប់ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈ បស្សាវៈ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ និងការស្ងៀម។ ពាក្យថា មានស្មារតី សេចក្តីថា បណ្តាធម៌ទាំងនោះ ស្មារតី តើដូចម្តេច។ ការរលឹក ការនឹកឃើញ ការរលឹកចំពោះសតិ សេចក្តីរលឹក សេចក្តីចាំបាន សេចក្តីមិនភ្លេច សេចក្តីមិនវង្វេង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា នេះហៅថា ស្មារតី។ ពាក្យថា អ្នកដឹងខ្លួន មានសេចក្តីថា បណ្តាធម៌ទាំងនោះ ការដឹងខ្លួន តើដូចម្តេច បញ្ញា ការដឹងច្បាស់ ការរំពឹង ការពិនិត្យ ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកំណត់ចំពោះ ភាពជាបណ្ឌិត ការឈ្លាសវៃ គំនិតដ៏ល្អិត គំនិតទូលាយ ការពិចារណា ឃើញច្បាស់ បញ្ញាដូចជាផែនដី បញ្ញាធ្លុះធ្លាយ បញ្ញាឱនទៅ បញ្ញាឃើញវិសេស សេចក្តីដឹងខ្លួន សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ កាំបិត គឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា គ្រឿងបំភ្លឺគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវណា នេះហៅថា សេចក្តីដឹងខ្លួន។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមហើយដោយសតិនេះផង ដោយសម្បជញ្ញៈនេះផង ដោយប្រការដូច្នេះ។ ភិក្ខុឈានដើរទៅមុខ មានស្មារតីដឹងខ្លួន ឈានថយក្រោយ មានស្មារតីដឹងខ្លួន ក្រឡេកមើលទៅមុខ មានស្មារតីដឹងខ្លួន ក្រឡេកមើលទៅទិសផ្សេងៗ មានសេចក្តីដឹងខ្លួន បត់ដៃជើង មានស្មារតីដឹងខ្លួន លាតដៃជើង មានស្មារតីដឹងខ្លួន មានស្មារតីធ្វើសេចក្តីដឹងខ្លួនក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ មានស្មារតី ធ្វើសេចក្តីដឹងខ្លួនក្នុងការបរិភោគ ការផឹក ការទំពារស៊ី ខាទនីយៈ និងការជញ្ជាប់ មានស្មារតីធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈបស្សាវៈ មានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម។
[៣៥៩] ត្រង់ពាក្យថា ស្ងាត់ សេចក្តីថា បើសេនាសនៈនៅក្នុងទីជិត តែសេនាសនៈនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះឈ្មោះថាស្ងាត់។ បើសេនាសនៈនៅក្នុងទីឆ្ងាយ តែសេនាសនៈនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះឈ្មោះថា ស្ងាត់។
[៣៦០] ត្រង់ពាក្យថា សេនាសនៈ គឺ គ្រែ ឈ្មោះថា សេនាសនៈ តាំងឈ្មោះថា សេនាសនៈ ពូកឈ្មោះថាសេនាសនៈ ខ្នើយឈ្មោះថាសេនាសនៈ វិហារឈ្មោះថា សេនាសនៈ អឌ្ឍយោគឈ្មោះថាសេនាសនៈ ប្រាសាទ ឈ្មោះថា សេនាសនៈ ប៉ម ឈ្មោះថា សេនាសនៈ រោង ឈ្មោះថា សេនាសនៈ ទីពួន ឈ្មោះថា សេនាសនៈ គុហា ឈ្មោះថា សេនាសនៈ គល់ឈើឈ្មោះថាសេនាសនៈ គុម្ពឫស្សី ក៏ឈ្មោះថាសេនាសនៈ ពុំនោះសោត ពួកភិក្ខុដែលចូលទៅក្នុងទីណា ទីទាំងអស់នុ៎ះ ក៏ឈ្មោះថា សេនាសនៈដែរ។
[៣៦១] ត្រង់ពាក្យថា គប់រក គឺភិក្ខុ រមែងគប់រក ឈមទៅ ចូលចិត្ត អាស្រ័យ ពឹងពាក់ ចំពោះសេនាសនៈដ៏ស្ងាត់នេះ ព្រោះហេតុនោះ ទើបពោលថា គប់រក។
[៣៦២] ត្រង់ពាក្យថា ព្រៃ គឺ ទីទាំងអស់នុ៎ះ ដែលចេញផុតអំពីសសរគោលខាងក្រៅ ឈ្មោះថា ព្រៃ។
[៣៦៣] ត្រង់ពាក្យថា គល់ឈើ គឺគល់ឈើហ្នឹងឯង។ ភ្នំ គឺភ្នំប្រាកដមែន។ ជ្រោះ គឺជ្រោះប្រាកដមែន។ គុហាភ្នំ គឺគុហាភ្នំប្រាកដមែន។ ព្រៃស្មសាន គឺព្រៃស្មសានប្រាកដ មែន។ ទីវាល គឺទីវាលប្រាកដមែន។ គំនរចំបើង គឺគំនរចំបើងប្រាកដមែន។
[៣៦៤] ពាក្យថា ព្រៃញាតស្បាតនុ៎ះ ជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលឆ្ងាយ។ ពាក្យថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលជាដងព្រៃ។ ពាក្យថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលគួរខ្លាច។ ពាក្យថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលប្រកបដោយសេចក្តីព្រឺរោម។ ពាក្យថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលមានក្នុងទីបំផុត។ ពាក្យថាព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលមិនមែនជាឧបចារៈរបស់មនុស្ស។ ពាក្យថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលបុគ្គលសម្ងំនៅបានដោយក្រ។
[៣៦៥] ត្រង់ពាក្យថា ទីមិនមានសំឡេង គឺថា បើសេនាសនៈ នៅក្នុងទីជិត តែសេនាសនៈនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះ ឈ្មោះថា ទីមិនមានសំឡេង។ បើសេនាសនៈ នៅក្នុងទីធ្ងាយ តែសេនាសនៈនោះ មិនច្រឡូកច្រឡំ ដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះឈ្មោះថា ទីមិនមានសំឡេង។
[៣៦៦] ត្រង់ពាក្យថា ទីមិនគឹកកង គឺទីណា មិនមានសំឡេង ទីនោះឈ្មោះថា ទីមិនគឹកកង ទីណាមិនគឹកកង ទីនោះឈ្មោះថា ទីប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃ ជន ទីណាដែលប្រាសចាកខ្យល់ កើតអំពីសរីរៈនៃជន ទីនោះឈ្មោះថា ទីស្ងាត់កំបាំង របស់មនុស្ស ទីណាដែលស្ងាត់កំបាំងរបស់មនុស្ស ទីនោះឈ្មោះថាទីសមគួរដល់ការ ពួនសម្ងំ។
[៣៦៧] ត្រង់ពាក្យថា ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តីទៅកាន់ផ្ទះស្ងាត់ក្តី គឺ ភិក្ខុជាអ្នកនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី។
[៣៦៨] ត្រង់ពាក្យថា អង្គុយផ្គត់ភ្នែន គឺភិក្ខុជាអ្នកអង្គុយផ្គត់ភ្នែន។
[៣៦៩] ត្រង់ពាក្យថា តាំងកាយឲ្យត្រង់ គឺភិក្ខុជាអ្នកមានកាយត្រង់ ឋិតនោះ តម្កល់នៅមាំមួន។
[៣៧០] ត្រង់ពាក្យថា តំកល់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) សេចក្តីថា បណ្តាធម៌ទាំងនោះ សតិ តើដូចម្តេច។ ការរលឹក ការនឹកឃើញ។ បេ។ សេចក្តីរលឹកត្រូវ ណា នេះហៅថា សតិ សតិនេះ ដែលបុគ្គលតំកល់ទុកហើយ តាំងទុកល្អហើយ ត្រង់ទីបំផុតនៃច្រមុះក្តី ត្រង់និមិត្តនៃមាត់ក្តី ព្រោះហេតុនោះ ទើបពោលថា តំកល់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។
[៣៧១] ត្រង់ពាក្យថា លះបង់អភិជ្ឈាក្នុងលោក មានសេចក្តីថា បណ្តាធម៌ទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាធម៌ទាំងនោះ លោក តើដូចម្តេច។ ឧបាទានក្ខន្ធទាំង ៥ ឈ្មោះថា លោក នេះហៅថា លោក។ អភិជ្ឈានេះ ជាធម្មជាតិស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ក្នុងលោកនេះ ព្រោះហេតុនោះ ទើបពោលថា លះបង់អភិជ្ឈាក្នុងលោក។
[៣៧២] ត្រង់ពាក្យថា មានចិត្តប្រាសចាកអភិជ្ឈា មានសេចក្តីថា បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថាចិត្ត ចិត្តនេះ ជាធម្មជាតិមានអភិជ្ឈាទៅប្រាសហើយ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រាសចាកអភិជ្ឈា។
[៣៧៣] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ត្រាច់ទៅ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៧៤] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា មានសេចក្តីថា បណ្តាធម៌ ទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងណានៃចិត្ត នេះហៅថា អភិជ្ឈា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកអភិជ្ឈានេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្ត ឲ្យស្អាតចាកអភិជ្ឈា។
[៣៧៥] ត្រង់ពាក្យថា លះបង់ព្យាបាទ និងសេចក្តីប្រទូស្ត អធិប្បាយថា ព្យាបាទក៏មាន សេចក្តីប្រទូស្តក៏មាន។ បណ្តាធម៌ទាំងនោះ ព្យាបាទ តើដូចម្តេច។ សេចក្តីគុំគួន ចងគំនុំ ថ្នាំងថ្នាក់ អាក់អន់ កម្រើក ញាប់ញ័រ កម្រើកខ្លាំង ខឹង ខឹងខ្លាំង ខឹងខ្លាំងក្រៃពេកនៃចិត្ត ចង្អៀតចិត្ត ប្រទូស្តក្នុងចិត្ត ក្រោធ អាការក្រោធ ភាពក្រោធ ខឹង អាការខឹង ភាពខឹង ចង្អៀតចិត្ត អាការចង្អៀតចិត្ត ភាពចង្អៀតចិត្ត ស្រពន់ចិត្ត អាក់អន់ចិត្ត ភាពនៃចិត្តកាច សេចក្តីខឹង ភាពនៃចិត្តមិនត្រេកអរណា នេះហៅថា ព្យាបាទ។ បណ្តាធម៌ទាំងនោះ សេចក្តីប្រទូស្ត តើដូចម្តេច។ សេចក្តីព្យាបាទ គឺ សេចក្តីប្រទូស្ត សេចក្តីប្រទូស្តគឺសេចក្តីព្យាបាទ។ ព្យាបាទនេះផង សេចក្តីប្រទូស្តនេះផង ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះព្យាបាទ និងសេចក្តីប្រទូស្ត។
[៣៧៦] ត្រង់ពាក្យថា មានចិត្តមិនព្យាបាទ សេចក្តីថា បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត ចិត្តនេះ ជាធម្មជាតិមិនគុំគួន ព្រោះហេតុនោះ ទើបពោលថា មានចិត្តមិនព្យាបាទ។
[៣៧៧] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៧៨] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តីប្រទូស្ត អធិប្បាយថា ព្យាបាទក៏មាន សេចក្តីប្រទូស្តក៏មាន។ បណ្តាធម៌ទាំងនោះ ព្យាបាទ តើដូចម្តេច។ សេចក្តីគុំគួន ចងគំនុំ ថ្នាំងថ្នាក់ អាក់អន់ កម្រើក ញាប់ញ័រ កម្រើកខ្លាំង ខឹង ខឹងខ្លាំង ខឹងខ្លាំងក្រៃពេកនៃចិត្ត ចង្អៀតចិត្ត ប្រទូស្តក្នុងចិត្ត ក្រោធ អាការក្រោធ ភាពក្រោធ ខឹង អាការខឹង ភាពខឹង ចង្អៀតចិត្ត អាការចង្អៀតចិត្ត ភាពចង្អៀតចិត្ត ស្រពន់ចិត្ត អាក់អន់ចិត្ត ភាពនៃចិត្តកាច សេចក្តីខឹង ភាពនៃចិត្តមិនត្រេកអរណា នេះហៅថា ព្យាបាទ។ បណ្តាធម៌ទាំងនោះ សេចក្តីប្រទូស្ត តើដូចម្តេច។ សេចក្តីព្យាបាទ គឺសេចក្តីប្រទូស្ត សេចក្តីប្រទូស្តគឺសេចក្តីព្យាបាទ។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាំងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកព្យាបាទ និងសេចក្តីប្រទូស្ត ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាតចាកព្យាបាទ និងសេចក្តីប្រទូស្ត។
[៣៧៩] ត្រង់ពាក្យថា លះបង់ថីនៈ និងមិទ្ធៈ សេចក្តីថា ថីនៈ ក៏មាន មិទ្ធៈក៏មាន។ បណ្តាធម៌ទាំងនោះ ថីនៈ តើដូចម្តេច។ ភាពនៃចិត្តមិនស្រួល ភាពនៃចិត្តមិនគួរដល់ភាវនា កម្ម អាការក្រាញ អាការកៀចក្រាញ ការរួញរា អាការរួញរា ភាពនៃចិត្តរួញរា ការរួញ ថយ អាការរួញថយ ភាពនៃចិត្តរួញថយណា នេះហៅថា ថីនៈ។ បណ្តាធម៌ទាំងនោះ មិទ្ធៈ តើដូចម្តេច។ ភាពនៃកាយមិនស្រួល ភាពនៃកាយមិនគួរដល់ភាវនាកម្ម សេចក្តីងងុយ ការងោកងក់ ការរលត់សូន្យខាងក្នុង ការជ្រប់ចុះ ការលក់ ការស្រពោនចុះ ការលក់ស៊ប់ អាការលក់ ភាពនៃការលក់ណា នេះហៅថា មិទ្ធៈ។ ថីនៈនេះផង មិទ្ធៈនេះផង ជាធម្មជាតិស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់ថីនៈ និងមទ្ធៈ។
[៣៨០] ពាក្យថា ជាអ្នកប្រាសចាក ថីនៈ និងមិទ្ធៈ ដូច្នេះ ព្រោះភាពនៃថីនៈនិងមិទ្ធៈនោះ លោកលះបង់ ខ្ជាក់ចេញ រួចស្រឡះ បន្សាត់បង់ រលាស់ចេញ បន្សាត់បង់ ទាំងរលាស់ចេញអស់ហើយ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកប្រាសចាកថីនៈនិងមិទ្ធៈ។ ពាក្យថា សម្រេចឥរិយាបថ។ បេ។ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៨១] ត្រង់ពាក្យថា មានសេចក្តីសំគាល់ជាពន្លឺ សេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសំគាល់ តើដូចម្តេច។ សញ្ញា អាការសំគាល់ ភាពនៃការសំគាល់ណា នេះហៅថា សេចក្តីសំគាល់ សញ្ញានេះ ជាពន្លឺ ដែលរបើកហើយ បរិសុទ្ធ ផូរផង់ ព្រោះហេតុនោះ ទើបពោលថា មានសេចក្តីសំគាល់ជាពន្លឺ។
[២៨២] ត្រង់ពាក្យថា ជាអ្នកមានសតិ និងសម្បជញ្ញៈ សេចក្តីថា បណ្តាធម៌ទាំងនោះ សតិ តើដូចម្តេច។ ការរលឹក ការនឹកឃើញ។ បេ។ ការរលឹកត្រូវណា នេះហៅថា សតិ។ បណ្តាធម៌ទាំងនោះ សម្បជញ្ញៈ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ ការយល់ត្រូវណា នេះហៅថា សម្បជញ្ញៈ។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយសតិនេះផង ដោយសម្បជញ្ញៈនេះផង ព្រោះហេតុ នោះ ទើបពោលថា អ្នកមានសតិ និងសម្បជញ្ញៈ។
[៣៨៣] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាត ចាកថីនៈ និងមិទ្ធៈ សេចក្តីថា ថីនៈក៏មាន មិទ្ធៈក៏មាន។ បណ្តាធម៌ទាំងនោះ ថីនៈ តើដូចម្តេច។ ភាពនៃចិត្តមិនស្រួល។ បេ។ ភាពនៃចិត្តរួញថយ ណា នេះហៅថា ថីនៈ។ បណ្តាធម៌ទាំងនោះ មិទ្ធៈ តើដូចម្តេច។ ភាពនៃកាយមិនស្រួល។ បេ។ ភាពនៃការលក់ ណា នេះហៅថា មិទ្ធៈ។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៌ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាំងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកថីនៈ និងមិទ្ធៈនេះ ព្រោះហេតុនោះ ទើប ពោលថា ជម្រះចិត្តឲ្យស្អាត ចាកថីនៈ និងមិទ្ធៈ។
[៣៨៤] ត្រង់ពាក្យថា លះបង់ឧទ្ធច្ចៈ និងកុក្កុច្ចៈ សេចក្តីថា ឧទ្ធច្ចៈក៏មាន កុក្កុច្ចៈក៏មាន។ បណ្តាធម៌ទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ សេចក្តីអណ្តែតអណ្តូងនៃចិត្ត ការមិនស្ងប់រម្ងាប់ ការរាយមាយនៃចិត្ត ភាពនៃចិត្តភ្ញាក់ផ្អើលណា នេះហៅថា ឧទ្ធច្ចៈ។ បណ្តាធម៌ទាំងនោះ កុក្កុច្ចៈ តើដូចម្តេច។ សេចក្តីសំគាល់ថាគួរក្នុងវត្ថុដែលមិនគួរ សំគាល់ថាមិនគួរក្នុងវត្ថុដែលគួរ សំគាល់ថាជាទោសក្នុងវត្ថុដែលមិនមានទោស សំគាល់ថាមិនមានទោសក្នុងវត្ថុដែលជាទោស សេចក្តីរពឹស អាការរពឹស ភាពនៃចិត្តរពឹស សេចក្តីក្តៅក្រហាយ នៃចិត្ត សេចក្តីសាំញុំាំនៃចិត្ត ណា នេះហៅថា កុក្កុច្ចៈ។ ឧទ្ធច្ចៈនេះផង កុក្កុច្ចនេះផង ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់ឧទ្ធច្ចៈ និងកុក្កុច្ចៈ។
[៣៨៥] ពាក្យថា ជាអ្នកមិនរាយមាយដូច្នេះ ព្រោះភាពនៃឧទ្ធច្ចៈ និងកុក្កុច្ចៈនោះ លោកលះបង់ ខ្ជាក់ចេញ រួចស្រឡះ បន្សាត់បង់ រលាស់ចោល ព្រោះហេតុនោះ ទើបពោលថា ជាអ្នកមិនរាយមាយ។
[៣៨៦] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៨៧] ត្រង់ពាក្យថា ខាងក្នុងសន្តាន បានដល់ធម្មជាតដែលជាក់ច្បាស់ខាងក្នុងសន្តាន។ ពាក្យថា មានចិត្តស្ងប់រម្ងាប់ សេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ ណា នេះហៅថា ចិត្ត ចិត្តនេះ ជាធម្មជាតស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ ខាងក្នុងសន្តាន ព្រោះហេតុនោះ ទើបពោលថា មានចិត្តស្ងប់រម្ងាប់ខាងក្នុងសន្តាន។
[៣៨៨] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចៈ និងកុក្កុច្ចៈ សេចក្តីថា ឧទ្ធច្ចៈ ក៏មាន កុក្កុច្ចៈក៏មាន។ បណ្តាធម៌ទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ សេចក្តីអណ្តែត អណ្តូងនៃចិត្ត ការមិនស្ងប់រម្ងាប់ ការរាយមាយនៃចិត្ត ភាពនៃចិត្តភ្ញាក់ផ្អើលណា នេះ ហៅថា ឧទ្ធច្ចៈ។ បណ្តាធម៌ទាំងនោះ កុក្កុច្ចៈ តើដូចម្តេច។ សេចក្តីសំគាល់ថាគួរ ក្នុងវត្ថុដែលមិនគួរ។ បេ។ សេចក្តីសាំញុំានៃចិត្តណា នេះហៅថា កុក្កុច្ចៈ។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាងចិត្តនេះ ឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកឧទ្ធច្ចៈ និងកុក្កុច្ចៈ នេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចៈ និងកុក្កុច្ចៈ។
[៣៨៩] ត្រង់ពាក្យថា លះបង់វិចិកិច្ឆា សេចក្តីថា បណ្តាធម៌ទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពងឿងឆ្ងល់ ការប្រាសចាកគំនិត ការសន្ទិះសង្ស័យ ការកន្ធែកចិត្ត ការបែកផ្លូវពីរ ការសង្ស័យ ការកាន់យកចំណែកច្រើន យ៉ាង ការអង្គឺអង្គែ ការអល់អែក ការមិនកាន់យកជាកំណត់ ភាពនៃចិត្តរឹងត្អឹង ការរសេមរសាមនៃចិត្តណា នេះហៅថា វិចិកិច្ឆា។ វិចិកិច្ឆានេះ ជាធម្មជាតស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់វិចិកិច្ឆា។
[៣៩០] ត្រង់ពាក្យថា ជាអ្នកឆ្លងផុតចាកវិចិកិច្ឆា គឺភិក្ខុជាអ្នកឆ្លង ឆ្លងឡើង ឆ្លង កាត់ នូវវិចិកិច្ឆានេះ ហើយទៅកាន់ត្រើយ ដល់ត្រើយ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកឆ្លងផុតចាកវិចិកិច្ឆា។
[៣៩១] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៩២] ត្រង់ពាក្យថា អ្នកមិនមានសេចក្តីងឿងឆ្ងល់ ក្នុងពួកធម៌ជាកុសល គឺភិក្ខុមិនងឿងឆ្ងល់ មិនសន្ទិះ ក្នុងពួកធម៌ជាកុសល ដោយវិចិកិច្ឆានេះ គឺជាអ្នកមិនសង្ស័យ ឥតមានសេចក្តីងឿងឆ្ងល់ ប្រាសចាកសេចក្តីសង្ស័យ ព្រោះហេតុហោះ ទើបពោលថា អ្នកមិនមានសេចក្តីងឿងឆ្ងល់ ក្នុងពួកធម៌ជាកុសល។
[៣៩៣] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។ សេចក្តីថា បណ្តាធម៌ទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់។ បេ។ ភាពនៃចិត្តរឹងត្អឹង ការរសេមរសាមនៃចិត្តណា នេះហៅថា វិចិកិច្ឆា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យស្រឡះ ឲ្យរបូតចេញ ចាកវិចិកិច្ឆានេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។
[៣៩៤] ត្រង់ពាក្យថា លះបង់នីវរណៈទាំង ៥ នេះ សេចក្តីថា នីវរណៈទាំង ៥ នេះ ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់នីវរណៈទាំង ៥ នេះ។
[៣៩៥] ត្រង់ពាក្យថា ជាគ្រឿងសៅហ្មងនៃចិត្ត គឺ នីវរណៈទាំង ៥ នេះ ជាគ្រឿងសៅហ្មងនៃចិត្ត។
[៣៩៦] ត្រង់ពាក្យថា ជាគ្រឿងធ្វើបញ្ញាឲ្យមានកម្លាំងថយ គឺបញ្ញាដែលមិនទាន់កើត ក៏មិនកើតឡើងផង បញ្ញាដែលកើតឡើងហើយ ក៏រលត់ទៅវិញផង ព្រោះនីវរណៈ ទាំង ៥ នេះ ព្រោះហេតុនោះ ទើបពោលថា ជាគ្រឿងធ្វើបញ្ញាឲ្យមានកម្លាំងថយ។
[៣៩៧] ត្រង់ពាក្យថា ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ សេចក្តីថា បណ្តាធម៌ទាំងនោះ កាមទាំងឡាយ តើដូចម្តេច។ ឆន្ទៈ ឈ្មោះថាកាម រាគៈ ឈ្មោះថាកាម ឆន្ទរាគៈ ឈ្មោះថាកាម ការត្រិះរិះ ឈ្មោះថាកាម រាគៈ ឈ្មោះថាកាម ការត្រិះរិះ និងរាគៈ ឈ្មោះថាកាម កិលេសទាំងនេះ ហៅថា កាម។ បណ្តាធម៌ទាំងនោះ ពួកធម៌ជាអកុសល តើដូចម្តេច។ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ពួកកិលេសទាំងនេះ ហៅថា អកុសលធម៌។ ភិក្ខុជាអ្នកស្ងាត់ចាកកាមទាំងនេះផង ចាកអកុសលធម៌ទាំងនេះផង ព្រោះហេតុនោះ ទើបពោលថា ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយដោយប្រការដូច្នេះ។
[៣៩៨] ត្រង់ពាក្យថា ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានសេចក្តីថា វិតក្កៈក៏មាន វិចារៈក៏មាន។ បណ្តាធម៌ទាំងនោះ វិតក្កៈ តើដូចម្តេច។ ការត្រិះរិះ ការរិះគិត តម្រិះ រំពឹង ជញ្ជឹង ការលើកឡើងនូវចិត្ត សម្មាសង្កប្បៈណា នេះហៅថា វិតក្កៈ។ បណ្តាធម៌ទាំងនោះ វិចារៈ តើដូចម្តេច។ ការត្រួតត្រា ពិចារណា ពិចារណារឿយៗ ពិនិត្យមើល សម្រឹងរឿយៗនៃចិត្ត សង្កេតឃើញរឿយៗនៃចិត្តណា នេះហៅថា វិចារៈ។ ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកមព្រមដោយវិតក្កៈនេះផង ដោយវិចារៈនេះផង ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយប្រការដូច្នេះ។
[៣៩៩] ត្រង់ពាក្យថា កើតក្នុងវិវេក គឺ វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា នៃចិត្ត ធម៌ទាំងនោះ កើត ដុះដាល លូតលាស់ ចម្រើន កើតប្រាកដ ក្នុងវិវេកនេះ ព្រោះហេតុនោះ ទើបពោលថា កើតក្នុងវិវេក។
[៤០០] ត្រង់ពាក្យថា បីតិ និងសុខ សេចក្តីថា បីតិក៏មាន សុខក៏មាន។ បណ្តាធម៌ទាំងនោះ បីតិ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត រីករាយ សប្បាយ ស្រស់ស្រាយ ញញឹម ស្រស់បស់ ត្រេកអរ អណ្តែតអណ្តូង ភាពនៃចិត្តត្រេកអរណា នេះហៅថា បីតិ។ បណ្តាធម៌ទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនាជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា សុខ។ សេចក្តីសុខនេះ ជាធម្មជាតប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំ ប្រកបដោយបីតិនេះ ព្រោះហេតុនោះ ទើបពោលថា បីតិ និងសុខ។
[៤០១] ត្រង់ពាក្យថា បឋម គឺទីមួយ ដោយលំដាប់នៃកិរិយារាប់ បុគ្គលរមែងចូលកាន់ឈានទីមួយនេះ ព្រោះហេតុនោះ ទើបពោលថា បឋម។
[៤០២] ត្រង់ពាក្យថា ឈាន គឺ វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតានៃចិត្ត។
[៤០៣] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវបឋមជ្ឈាន។
[៤០៤] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤០៥] ត្រង់ពាក្យថា ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ សេចក្តីថា វិតក្កៈក៏មាន វិចារៈក៏មាន។ បណ្តាធម៌ទាំងនោះ វិតក្កៈ តើដូចម្តេច។ ការត្រិះរិះ ការរិះគិត។ បេ។ សម្មាសង្កប្បៈណា នេះហៅថា វិតក្កៈ។ បណ្តាធម៌ទាំងនោះ វិចារៈ តើដូចម្តេច។ ការត្រួតត្រា ពិចារណា ពិចារណារឿយៗ ពិនិត្យមើល សម្រឹងរឿយៗនៃចិត្ត សង្កេតឃើញរឿយៗនៃចិត្តណា នេះហៅថា វិចារៈ។ វិតក្កៈនេះផង វិចារៈនេះផង ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ដោយប្រការដូច្នេះ។
[៤០៦] ត្រង់ពាក្យថា ខាងក្នុងសន្តាន គឺជាក់ច្បាស់ខាងក្នុងសន្តាន។ ពាក្យថា ជ្រះថ្លាស៊ប់ គឺ សទ្ធា អាការជឿ អាការចុះចិត្តស៊ប់ សេចក្តីជ្រះថ្លាក្រៃលែង។
[៤០៧] ត្រង់ពាក្យថា មានសភាពជាចិត្តខ្ពស់ឯក បានដល់ ការឋិតនៅនៃចិត្ត។ បេ។ សម្មាសមាធិ។
[៤០៨] ត្រង់ពាក្យថា មិនមានវិតក្កៈ មិនមានវិចារៈ សេចក្តីថា វិតក្កៈក៏មាន វិចារៈក៏មាន។ បណ្តាធម៌ទាំងនោះ វិតក្កៈ តើដូចម្តេច។ ការត្រិះរិះ ការរិះគិត។ បេ។ សម្មាសង្កប្បៈណា នេះហៅថា វិតក្កៈ។ បណ្តាធម៌ទាំងនោះ វិចារៈ តើដូចម្តេច។ ការត្រួតត្រា ពិចារណា ពិចារណារឿយៗ ពិនិត្យមើល សម្រឹងរឿយៗនៃចិត្ត សង្កេតឃើញរឿយៗនៃចិត្តណា នេះហៅថា វិចារៈ។ វិតក្កៈនេះផង វិចារៈនេះផងជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា មិនមានវិតក្កៈ មិនមានវិចារៈ ដោយប្រការដូច្នេះ។
[៤០៩] ត្រង់ពាក្យថា កើតក្នុងសមាធិ គឺសេចក្តីជ្រះថ្លាស៊ប់ បីតិ សុខ ឯកគ្គតានៃចិត្ត ធម៌ទាំងនោះ កើត ដុះដាល លូតលាស់ ចម្រើន កើតប្រាកដហើយ ក្នុងសមាធិនេះ ព្រោះហេតុនោះ ទើបពោលថា កើតក្នុងសមាធិ។
[៤១០] ត្រង់ពាក្យថា បីតិ និងសុខ សេចក្តីថា បីតិក៏មាន សុខក៏មាន។ បណ្តាធម៌ទាំងនោះ បីតិ តើដូចម្តេច។ បីតិ (សេចក្តីឆ្អែតចិត្ត) ការរីករាយ។ បេ។ ភាពនៃចិត្តត្រេកអរណា នេះហៅថា បីតិ។ បណ្តាធម៌ទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សុខវេទនា នេះហៅថា សុខ។ សុខនេះ ជាធម្មជាតិប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំ ប្រកបដោយបីតិនេះ ព្រោះហេតុនោះ ទើបពោលថា បីតិ និងសុខ។
[៤១១] ត្រង់ពាក្យថា ទុតិយៈ គឺគំរប់ពីរ ដោយលំដាប់នៃកិរិយារាប់ បុគ្គលចូលកាន់ឈានទីពីរនេះ ព្រោះហេតុនោះ ទើបឈ្មោះថា ទុតិយៈ។
[៤១២] ត្រង់ពាក្យថា ឈាន គឺ សេចក្តីជ្រះថ្លាស៊ប់ បីតិ សុខ ឯកគ្គតានៃចិត្ត។
[៤១៣] ត្រង់ពាក្យថាចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវទុតិយជ្ឈាន។
[៤១៤] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤១៥] ត្រង់ពាក្យថា ព្រោះនឿយណាយចាកបីតិ សេចក្តីថា បណ្តាធម៌ទាំងនោះ បីតិ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត រីករាយ សប្បាយ ស្រស់ស្រាយ ស្រស់បស់ ញញឹម ត្រេកអរ អណ្តែតអណ្តូង ភាពនៃចិត្តត្រេកអរណា នេះហៅថា បីតិ បីតិនេះ ជាធម្មជាតស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា ព្រោះនឿយណាយចាកបីតិ។
[៤១៦] ត្រង់ពាក្យថា ប្រកបដោយឧបេក្ខា សេចក្តីថា បណ្តាធម៌ទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយកន្តើយ អាការព្រងើយកន្តើយ អាការសំឡឹងឃើញជាក់ ភាពនៃចិត្តជាកណ្តាលណា នេះហៅថា ឧបេក្ខា បុគ្គលជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយឧបេក្ខានេះ ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយឧបេក្ខា។
[៤១៧] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤១៨] ត្រង់ពាក្យថា មានស្មារតី ដឹងខ្លួន។ បេ។ បណ្តាពាក្យទាំងនោះ ស្មារតី តើដូចម្តេច។ ការរលឹក ការនឹកឃើញ។ បេ។ ការរលឹកត្រូវណា នេះហៅថា ស្មារតី។ បណ្តាពាក្យទាំងនោះ ការដឹងខ្លួន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សេចក្តីឃើញត្រូវណា នេះហៅថា ការដឹងខ្លួន។ បុគ្គលជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយស្មារតីនេះផង ដោយការដឹងខ្លួននេះផង ព្រោះហេតុនោះ ទើបពោលថា មានស្មារតីដឹងខ្លួន។
[៤១៩] ត្រង់ពាក្យថា ទទួលសុខដោយនាមកាយ។ បណ្តាពាក្យទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនា ជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា សុខ។ បណ្តាពាក្យទាំងនោះ នាមកាយ តើដូចម្តេច។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះហៅថា នាមកាយ។ បុគ្គលទទួលសេចក្តីសុខនេះ ដោយនាមកាយនេះ ព្រោះហេតុនោះ ទើបពោលថា ទទួលសុខដោយនាមកាយ។
[៤២០] ត្រង់ពាក្យថា ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គលអ្នកព្រមព្រៀង ដោយតតិយជ្ឈាននោះ សេចក្តីថា បណ្តាពាក្យទាំងនោះ ព្រះអរិយៈទាំងឡាយ តើដូចម្តេច។ ព្រះពុទ្ធទាំងឡាយក្តី សាវ័កនៃព្រះពុទ្ធទាំងឡាយក្តី ហៅថា ព្រះអរិយៈ ពួកព្រះអរិយៈទាំងនោះ សរសើរ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវបុគ្គលអ្នកព្រមព្រៀងដោយតតិយជ្ឈាននេះ ព្រោះហេតុនោះ ទើបពោលថា ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គលអ្នកព្រមព្រៀងដោយតតិយជ្ឈាននោះ។
[៤២១] ត្រង់បទថា ជាអ្នកប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ សេចក្តីថា បណ្តាពាក្យទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយកន្តើយ អាការព្រងើយកន្តើយ អាការសំឡឹងឃើញជាក់ ភាពនៃចិត្តតាំងនៅជាកណ្តាលណា នេះហៅថា ឧបេក្ខា។ បណ្តាពាក្យទាំងនោះ ស្មារតី តើដូចម្តេច។ ការរឭក ការនឹកឃើញ។ បេ។ ការរឭកត្រូវណា នេះហៅថា ស្មារតី។ បណ្តាពាក្យទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ជាទីត្រេកអរ ជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនាជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្ស នេះហៅថា សុខ។ បុគ្គលប្រកបដោយឧបេក្ខានេះផង ដោយស្មារតីនេះផង ដោយសុខនេះផង ហើយសម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិតឲ្យរស់នៅ ត្រាច់ទៅ សម្រាក នៅ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ។
[៤២២] ត្រង់ពាក្យថា តតិយៈ គឺជាគំរប់បី ដោយលំដាប់នៃកិរិយារាប់ បុគ្គលចូលកាន់តតិយជ្ឈាននេះ ព្រោះហេតុនោះ ទើបឈ្មោះថា តតិយៈ។
[៤២៣] ត្រង់ពាក្យថា ឈាន គឺ ឧបេក្ខា សតិ សម្បជញ្ញៈ សុខ ឯកគ្គតានៃចិត្ត។
[៤២៤] ត្រង់ពាក្យថា ចូល គឺ ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវតតិយជ្ឈាន។
[៤២៥] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤២៦] ត្រង់ពាក្យថា ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង សេចក្តីថា សុខក៏មាន ទុក្ខក៏មាន។ បណ្តាពាក្យទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីកាយសម្ផ័ស្ស សុខវេទនា ជាទីត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា សុខ។ បណ្តាធម៌ទាំងនោះ ទុក្ខ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្ស ទុក្ខវេទនា មិនជាទីត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខ។ សុខនេះផង ទុក្ខនេះផង ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង។
[៤២៧] ត្រង់ពាក្យថា ព្រោះវិនាសទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុន សេចក្តីថា សោមនស្សក៏មាន ទោមនស្សក៏មាន។ បណ្តាធម៌ទាំងនោះ សោមនស្ស តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ជាទីត្រេកអរ ជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនាជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា សោមនស្ស។ បណ្តាធម៌ទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្ស ទុក្ខវេទនាមិនជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា ទោមនស្ស។ សោមនស្សនេះផង ទោមនស្សនេះផង ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ក្នុងកាលមុខ ព្រោះហេតុនោះ ទើបពោលថា ព្រោះវិនាសទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុន។
[៤២៨] ត្រង់ពាក្យថា មិនជាទុក្ខ មិនជាសុខ គឺសេចក្តីត្រេកអរក៏មិនមែន សេចក្តីមិនត្រេកអរក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពីចេតោសម្ផ័ស្សណា ព្រោះហេតុនោះ ទើបពោលថា មិនជាទុក្ខ មិនជាសុខ។
[៤២៩] ត្រង់ពាក្យថា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា សេចក្តីថា បណ្តាធម៌ទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយកន្តើយ អាការព្រងើយកន្តើយ អាការសំឡឹងឃើញជាក់ ភាពនៃចិត្តតាំងនៅជាកណ្តាលណា នេះហៅថា ឧបេក្ខា។ បណ្តាពាក្យទាំងនោះ សតិ តើដូចម្តេច។ ការរឭក រឭកឃើញ។ បេ។ ការរឭកត្រូវណា នេះហៅថា សតិ។ សតិនេះ ជាធម្មជាតិរបើក បរិសុទ្ធ ផូរផង់ ដោយឧបេក្ខានេះ ព្រោះហេតុនោះ ទើបពោលថា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា។
[៤៣០] ត្រង់ពាក្យថា ចតុត្ថៈ គឺ ជាគំរប់ ៤ ដោយលំដាប់នៃកិរិយារាប់ បុគ្គលចូលកាន់ឈានទី ៤ នេះ ព្រោះហេតុនោះ ទើបឈ្មោះថា ចតុត្ថៈ។
[៤៣១] ត្រង់ពាក្យថា ឈាន គឺ ឧបេក្ខា សតិ ឯកគ្គតានៃចិត្ត។
[៤៣២] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវចតុត្ថជ្ឈាន។
[៤៣៣] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ សម្រាកនៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤៣៤] ត្រង់ពាក្យថា ព្រោះកន្លងរូបសញ្ញាដោយសព្វគ្រប់ សេចក្តីថា បណ្តាធម៌ទាំងនោះ រូបសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃការសំគាល់ណា របស់បុគ្គលអ្នកចូលកាន់រូបសមាបត្តិក្តី របស់បុគ្គលអ្នកប្រកប (ដោយរូបសមាបត្តិ) ក្តី របស់បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន (ដោយរូបាវចរសមាបត្តិ) ក្តី នេះហៅថា រូបសញ្ញា បុគ្គលកន្លង ប្រព្រឹត្តកន្លង ឈានកន្លង នូវរូបសញ្ញាទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះកន្លងរូបសញ្ញាដោយសព្វគ្រប់។
[៤៣៥] ត្រង់ពាក្យថា ព្រោះវិនាសទៅនៃបដិឃសញ្ញាទាំងឡាយ សេចក្តីថា បណ្តាធម៌ទាំងនោះ បដិឃសញ្ញា តើដូចម្តេច។ រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា នេះហៅថា បដិឃសញ្ញា បដិឃសញ្ញាទាំងនេះ ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា ព្រោះវិនាសទៅនៃបដិឃសញ្ញាទាំងឡាយ។
[៤៣៦] ត្រង់ពាក្យថា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា សេចក្តីថា បណ្តាធម៌ទាំងនោះ នានត្តសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃការសំគាល់ណា របស់បុគ្គលអ្នកមិនចូលកាន់ (រូបសមាបត្តិ) ជាអ្នកព្រមព្រៀងដោយមនោធាតុក្តី ព្រមព្រៀងដោយមនោវិញ្ញាណធាតុក្តី នេះហៅថា នានត្តសញ្ញា បុគ្គលមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញាទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា។
[៤៣៧] ត្រង់ពាក្យថា អាកាសមិនមានទីបំផុត សេចក្តីថា បណ្តាធម៌ទាំងនោះ អាកាស តើដូចម្តេច។ កន្លែងណា ដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាល មិនប៉ះពាល់ដោយមហាភូតរូបទាំង ៤ នេះហៅថា អាកាស ភិក្ខុតំកល់ តាំងទុកនូវចិត្ត ក្នុងអាកាសនោះ ផ្សាយចិត្តទៅកាន់ទីដែលមិនមានទីបំផុត ព្រោះហេតុនោះ ទើបពោលថា អាកាសមិនមានទីបំផុត។
[៤៣៨] ត្រង់ពាក្យថា អាកាសានញ្ចាយតនៈ បានដល់ពួកធម៌ គឺចិត្ត និងចេតសិក របស់បុគ្គលអ្នកចូលកាន់អាកាសានញ្ចាយតនជ្ឈានក្តី របស់បុគ្គលអ្នកប្រកប (ដោយអាកាសានញ្ចាយតនជ្ឈាន) ក្តី របស់បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន (ដោយអាកាសានញ្ចាយតនជ្ឈាន) ក្តី។
[៤៣៩] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវអាកាសានញ្ចាយតនជ្ឈាន។
[៤៤០] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤៤១] ត្រង់ពាក្យថា ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈានដោយប្រការទាំងពួង គឺភិក្ខុជាអ្នកកន្លង ប្រព្រឹត្តកន្លង ឈានកន្លងនូវអាកាសានញ្ចាយតនជ្ឈាននេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង។
[៤៤២] ត្រង់ពាក្យថា វិញ្ញាណមិនមានទីបំផុត គឺភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះអាកាសនោះឯង ដែលពាល់ត្រូវដោយវិញ្ញាណ ផ្សាយទៅកាន់ទីមិនមានទីបំផុត ព្រោះហេតុនោះ ទើបពោលថា វិញ្ញាណមិនមានទីបំផុត។
[៤៤៣] ត្រង់ពាក្យថា វិញ្ញាណញ្ចាយតនៈ បានដល់ពួកធម៌ គឺចិត្ត និងចេតសិក របស់បុគ្គលអ្នកចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក្តី របស់បុគ្គលអ្នកប្រកប (ដោយវិញ្ញាណញ្ចាយតនជ្ឈាន) ក្តី របស់បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន (ដោយវិញ្ញាណញ្ចាយតនជ្ឈាន) ក្តី។
[៤៤៤] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវវិញ្ញាណញ្ចាយតនជ្ឈាន។
[៤៤៥] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤៤៦] ត្រង់ពាក្យថា ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង គឺភិក្ខុជាអ្នកកន្លង ប្រព្រឹត្តកន្លង ឈានកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាននេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង។
[៤៤៧] ត្រង់ពាក្យថា វត្ថុតិចតួចមិនមាន គឺ ភិក្ខុចំរើនទួទៅ ចំរើនវិសេស នូវវិញ្ញាណនោះឯង ធ្វើឲ្យបាត់វិញ្ញាណ រមែងឃើញថា វត្ថុតិចតួចមិនមាន ព្រោះហេតុនោះ ទើបពោលថា វត្ថុតិចតួចមិនមាន។
[៤៤៨] ត្រង់ពាក្យថា អាកិញ្ចញ្ញាយតនៈ បានដល់ពួកធម៌ គឺចិត្ត និងចេតសិក របស់បុគ្គលអ្នកចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក្តី របស់បុគ្គលអ្នកប្រកប (ដោយអាកិញ្ចញ្ញាយតនជ្ឈាន) ក្តី របស់បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន (ដោយអាកិញ្ចញ្ញាយតនជ្ឈាន) ក្តី។
[៤៤៩] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវអាកិញ្ចញ្ញាយតនជ្ឈាន។
[៤៥០] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។ បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤៥១] ត្រង់ពាក្យថា ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង គឺភិក្ខុជាអ្នកកន្លង ប្រព្រឹត្តកន្លង ឈានកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាននេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង។
[៤៥២] ត្រង់ពាក្យថា នេវសញ្ញីនាសញ្ញី គឺភិក្ខុធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ញាយតនជ្ឈាននោះឯងដោយល្អិត ចំរើននូវសមាបត្តិមានសង្ខារសល់នៅ ព្រោះហេតុនោះ ទើបពោលថា នេវសញ្ញីនាសញ្ញី។
[៤៥៣] ត្រង់ពាក្យថា នេវសញ្ញានាសញ្ញាយតនៈ បានដល់ពួកធម៌ គឺចិត្ត និងចេតសិក របស់បុគ្គលអ្នកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក្តី របស់បុគ្គលអ្នកប្រកប (ដោយនេវសញ្ញានាសញ្ញាយតនជ្ឈាន) ក្តី របស់បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន (ដោយនេវសញ្ញានាសញ្ញាយតនជ្ឈាន) ក្តី។
[៤៥៤] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។
[៤៥៥] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិតឲ្យរស់នៅ ត្រាច់ទៅ សម្រាកនៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
ចប់ សុត្តន្តភាជនីយ។