User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.15.01

(សុត្តន្តភាជនីយ ទី១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 15 01 បាលី cs-km: abh.vb.15.01 អដ្ឋកថា: abh.vb.15.01_att PTS: ?

(សុត្តន្តភាជនីយ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. សុត្តន្តភាជនីយំ)

(សង្គហវារ ទី១)

(១. សង្គហវារោ)

[១១] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុង​អត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

(សច្ចវារ ទី២)

(២. សច្ចវារោ)

[១២] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងទុក្ខ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹងក្នុងការកើតឡើងនៃទុក្ខ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការ​រលត់ទុក្ខ ​ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទី​រលត់ទុក្ខ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុង​អត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

(ហេតុវារ ទី៣)

(៣. ហេតុវារោ)

[១៣] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងហេតុ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តី​ដឹងផលនៃហេតុ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុង​ធម៌ និងអត្ថនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

(ធម្មវារោ ទី៤)

(៤. ធម្មវារោ)

[១៤] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ធម៌ទាំងឡាយណា កើត ចំរើន លូតលាស់ ដុះដាល ចំរុងចំរើន កើតប្រាកដហើយ សេចក្តីដឹងក្នុងធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយនោះ កើត​ ចំរើន លូតលាស់ ដុះដាល ចំរុងចំរើន កើតប្រាកដហើយ អំពីធម៌ទាំងឡាយណា សេចក្តីដឹងក្នុងធម៌​ទាំងឡាយ​នោះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និង​ធម៌​នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

(បដិច្ចសមុប្បាទវារ ទី៥)

(៥. បដិច្ចសមុប្បាទវារោ)

[១៥] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងជរា និងមរណៈ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការកើតឡើងនៃជរា និងមរណៈ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការរលត់នៃជរា និងមរណៈ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[១៦] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងជាតិ។ បេ។ សេចក្តីដឹងក្នុងភព។ បេ។ សេចក្តីដឹងក្នុងឧបាទាន។ បេ។ សេចក្តីដឹងក្នុងតណ្ហា។ បេ។ សេចក្តីដឹង​ក្នុងវេទនា។ បេ។ សេចក្តីដឹងក្នុងផស្សៈ។ បេ។ សេចក្តីដឹងក្នុងសឡាយតនៈ។ បេ។ សេចក្តីដឹងក្នុងនាមរូប។ បេ។ សេចក្តីដឹងក្នុងវិញ្ញាណ។ បេ។ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការកើតឡើងនៃសង្ខារ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការរលត់នៃ​សង្ខារ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទី​រលត់នៃសង្ខារ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

(បរិយត្តិវារ ទី៦)

(៦. បរិយត្តិវារោ)

[១៧] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តាបដិសម្ភិទាទាំង ៤ នោះ ធម្មប្បដិសម្ភិទា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ នេះឈ្មោះថា ធម្មប្បដិសម្ភិទា ភិក្ខុ​នោះ ដឹងនូវសេចក្តីនៃភាសិតនោះៗ ថា នេះសេចក្តីនៃភាសិតនេះ នេះសេចក្តីនៃ​ភាសិតនេះ នេះឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

ចប់ សុត្តន្តភាជនីយ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.15.01.txt · ពេលកែចុងក្រោយ: 2024/08/13 12:13 និពន្ឋដោយ 127.0.0.1